រក្សាសិទ្ធិ
(បទពាក្យ៧)
ប៉ាកការៀបរាប់ភ្ជាប់សេចក្តី
កវីសាកល្បងក្រងឃ្លាកាព្យ
ចារិកពីម្តាយទោះតូចទាប
ពាក្យគួរពុំរាបជ្រាបសេចក្តី។
កវីវ័យក្មេងតែងពាក្យពេចន៍
រំលេចជាតួប្តូរសម្តី
បង្ហាញដល់បុត្រទាំងប្រុសស្រី
កវីរៀបរាប់ជីវិតម៉ែ។
ចាប់តាំងពីកូនមានកំណើត
ក្នុងឧទ្ទរកើតនៅនឹងម៉ែ
តែងតែខ្វល់គ្មានពេលល្ហែ
ខ្លាចក្រែងមាសស្នេហ៍កូនបាត់ទៅ។
ធ្វើទុក្ខបុកម្នេញម្តាយគ្មានស្បើយ
ដង្ហក់ដង្ហើយក្នុងយប់ជ្រៅ
ម្តាយខំរក្សាស្រស់ពាលពៅ
គង់វង់រស់នៅក្នុងផ្ទៃមាតុ។
ថ្នាក់ថ្នមបីបមមិនឲ្យប៉ះ
ថែទាំល្អល្អះមិនឲ្យឃ្លាត
ខ្លាចមាសស្ងួនក្តៅរោគបៀនបៀត
ជីវិតកូនទៀតនៅក្នុងផ្ទៃ។
គ្រប់ខែប្រសូតចាកឧទ្ទរ
ម្តាយសែនត្រេកអរឃើញភ័ក្ត្រថ្លៃ
ពេលកូនបានឃើញពន្លឺថ្ងៃ
ជីវិតម្តាយថ្លៃស្ទើរតែសូន្យ។
ម៉ែជាដុំពេជ្ររបស់កូន
ម៉ែថ្នាក់ថ្នមស្ងួនឥតបីល្ហែ
បីបាច់រូបកូនរាប់ឆ្នាំខែ
ដួងចិត្តអ្នកម៉ែសែនថ្កើងថ្កាន។
វេហាធំធេងលើសអ្វីៗ
ប៉ុន្តែមិនអាចប្រៀបម្តាយបាន
បើកូនៗឈឺមិនសំរាន្ត
ម៉ែថ្នមកល្យាណជិតជាប់កាយ។
ម៉ែយល់ពីទុក្ខធុរៈកូន
នឹមនួនម៉ែតែងស្ទាបរាងកាយ
ក្រែងកូនក្តៅខ្លួនឬផ្តាសាយ
កូនទៅទីឆ្ងាយម្តាយគ្មានស្បើយ។
កាលស្ងួននៅតូចម៉ែថ្នមថ្នាក់
ម្តាយមិនធ្លាប់ដាក់កូនចោលឡើយ
ទោះបីរវល់ម្តេចក៏ដោយ
ម៉ែអើយកូនតែងជាប់ទ្រូងម៉ែ។
ទឹកដោះម្តាយថ្លៃតម្លៃខ្ពស់
ផ្អែមឆ្ងាញ់តឹងពោះច្រើនថ្ងៃខែ
កូនបឺតស្រូបជាតិពីខ្លួនម៉ែ
បុត្រមានផ្កាផ្លែរាងកាយថ្លោស។
កូនធំដឹងក្តីស្រដីថា
កូនទៅសាលាម៉ែនៅចុះ
កូនសាងកិត្តិយសឲ្យបានខ្ពស់
នឹងបានរួមរស់ក្បែរម្តាយថ្លៃ។
ទោះមេឃភ្លៀងផ្គរម៉ែខិតខំ
ម៉ែសន្សំប្រាក់ជាកម្រៃ
ផ្ញើឲ្យរូបកូនរៀនគ្មានសំចៃ
តើនរណាឆ្មៃភ្លេចអ្នកម្តាយ។
ម៉ែខំភ្ជួររាស់ច្រូតដកស្ទូង
ម៉ែញ័របេះដូងហេវហត់ណាយ
តែម៉ែតស៊ូលះបង់កាយ
ចំណាយអ្វីៗដល់រូបកូន។
ម៉ែទ្រាំលំបាករងវេទនា
ជីវិតកំព្រាស្ងាត់ឈឹងសូន្យ
លក់នំត្នោតទៀនចិញ្ចឹមកូន
លក់ត្រាវត្រកួនននោងស្ពៃ។
ម៉ែដើរត្រុកៗជើងទទេរ
ម្តាយមិនត្រូវទេខោអាវថ្លៃ
ផាមួងហូលប៉ាក់មូដថ្មីៗ
ម្តាយថ្លៃក្រគ្មានប្រើហ្នឹងគេ។
ម៉ែអើយម៉ែខ្ញុំសែនអភ័ព្វ
ជីវិតអួរអាប់អ្វីម៉្លេះទេ
ម៉ែត្រដររស់ធ្វើខ្ញុំគេ
បោកគក់គ្មានល្ហែសន្សំប្រាក់៕
២៨/០៨/២០០៣ (រាត្រីម៉ោង៩.០០)
ដោយ ឡឹក ជំនោរ
(អត្ថបទកំណាព្យដែលសរសេរក្នុងសៀវភៅចាស់មួយ ហើយទើបរើសឃើញ)