រឿងខ្លី ៖ ព្រោះរឿងអ្វី? ភាគទី២ និពន្ធដោយ ប៉ិច សង្វាវ៉ាន

ននននននននននននន

តាំងពីថ្ងៃប្រកែកគ្នានោះមក ខ្ញុំក៏មិនបានទៅរកវិល័យដូចសព្វមួយដងឡើយ។ ប៉ុន្តែខ្ញុំខិតខំដើររកជួលផ្ទះឲ្យវិល័យប្អូនស្រីខ្ញុំ។ ខ្ញុំបានពឹងពាក់អ្នកស្រី ហ្វួនីញេ(FOURNIER) ដែលជាអ្នកជួំនួយផ្នែកសង្គមកិច្ចនៅសង្កាត់ដែលខ្ញុំរស់នៅ ដោយបានលាតត្រដាងជម្រាបគាត់អំពីបញ្ហាគ្រប់បែបយ៉ាង។ អ្នកស្រីហ្វួនីញេជាមនុស្សគួរឲ្យចូលចិត្ត និងគួរឲ្យគោរពណាស់។ អ្នកស្រីគ្មានគំនិតប្រកាន់ពណ៌សម្បូរជាតិសាសន៍ឡើយ។ អ្នកស្រីបានទទួលខ្ញុំយ៉ាងរាក់ទាក់ ហើយយកចិត្តទុកដាក់គិតគូរបញ្ហារបស់ខ្ញុំ។ រំពេចនោះ អ្នកស្រីបានទូរសព្ទទាក់ទងទៅខាអង្គការខាងចែកទីលំនៅដែលមានឈ្នួលផ្ទះថោកល្មម (H.L.M. = Habitattion à Loyer Modéré)ឥតបង្អង់។ វាសនាល្អ គេបានឆ្លើយប្រាប់ថា មានផ្ទះពីរបន្ទប់ទំនេរនៅចុងខែនេះ។  តម្លៃឈ្នួលថោកល្មមប្រហាក់ប្រហែល និងតម្លៃបន្ទប់ស្ទុយឌីយោ(Studio)ឯកជន។

ដំណឹងនេះបណ្តាលឲ្យខ្ញុំត្រេកអរជាពន្លឹក។ ខ្ញុំប្រញាប់សម្តែងអំណរគុណអ្នកស្រីហ្វូនីញេទាំងរំភើបរីករាយ រួចក៏រូតរះលាអ្នកស្រីដើម្បីនាំដំណឹងពិសេសនេះទៅប្រាប់វិល័យប្អូនស្រីរបស់ខ្ញុំ។

លុះទៅដល់ហ្វ័យេសូណាកូត្រា ខ្ញុំគោះទ្វារបន្តប់វិល័យទាំងអារម្មណ៍ច្រាសច្រាលយ៉ាងក្រៃលែង។ ខ្ញុំគោះម្តងស្ងាត់ គោះម្តងទៀតស្ងាត់…។ គោះលើកទីបីក៏នៅតែស្ងាត់ដដែល ទើបខ្ញុំប្រថុយរុញទ្វារបន្ទប់ចូលទៅ។ នេត្រាខ្ញុំសម្លឹងឆ្ពោះទៅក្នុងបន្ទប់។ ខ្ញុំឃើញវិល័យគេងផ្គាប់មុខស្ងៀមស្ងាត់ហ្នឹងថ្កល់នៅលើគ្រែ។ បេះដូងខ្ញុំចាប់ផ្តើមលោតញាប់ខុសសង្វាក់ប្រក្រតី។ ខ្ញុំស្ទុះយ៉ាងលឿនដូចគេហោះសំដៅទៅរកប្អូនស្រីខ្ញុំ។ ខ្ញុំលូកដៃស្ទាបខ្លួននាង វិល័យនៅតែមិនកម្រើកដដែល។ ខ្ញុំមានអារម្មណ៍រំជើបរជួលតក់ស្លុតឥតឧបមា។ ខ្ញុំស្ទាបកម្លាំងជីបចរ(Pouls) កដៃនាង។ បេះដូងនាងនៅលោតជាធម្មតា។ គំនិតខ្មៅដែលគិតស្មានថា ប្អូនស្រីខ្ញុំសម្លាប់ខ្លួនក៏រសាយពីអារម្មណ៍ខ្ញុំបន្តិចម្តងៗ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា វិល័យកំពុងនិទ្រាលក់យ៉ាងស្កប់ស្កល់។ ខ្ញុំក៏ចាប់អង្រួនស្មានាងស្រែកដាស់នាងឲ្យភ្ញាក់ឡើង។

វិល័យភ្ញាក់ន បើកភ្នែកមីរព្រឹមៗ ហាមាត់ស្ងាបយ៉ាងធំ រួចលើកខ្នងដៃស្តាំទៅជូតភ្នែក ហើយពត់ខ្លួនទំនងដូចជាខ្ជិលច្រអូសយ៉ាងខ្លាំង រួចទើបបង្ហើបបបូរមាត់បញ្ចេញវាចាបង្អូសមួយៗមកកាន់ខ្ញុំ។

–      ម៉ោងប៉ុន្មានហើយបងសិក្ខា?

–      ម៉ោងដប់មួយព្រឹកហើយណ៎ា។ នែ៎! គេងអីក៏ទ្រមក់ម្លឹងៗ!

–      ខ្ញុំឈឺក្បាលពេកក៏លេបថ្នាំគេងមួយគ្រាប់ទៅ លក់ស្រួលអលស់យ៉ាង។

–      លេបថ្នាំគេងផង! នៅក្មេង កុំទម្លាប់ប្រើថ្នាំគេងមិនល្អទេ។ អ្នកណាឲ្យឯងឲ្យលេបថ្នាំហ្នឹង? គ្រូពេទ្យណាបញ្ជាឲ្យទិញថ្នាំគេង?

–      គ្មានពេទ្យណាបញ្ជាទេ។ ខ្ញុំសុំគេនៅបន្ទប់ជិតខាងទេតើ។

–      រួចអូនឯងគេងយប់អត់ចាក់សោរទ្វារអញ្ចឹង?

–      ខ្ញុំអត់ចាក់សោរទ្វារ? ចេះតែថាហើយបងឯង!

–      ចេះតែថាយ៉ាងម៉េច! បើអូនចាក់សោរទ្វារ បងចូលក្នុងផ្ទះអូនម៉េចកើត។ អូនឯងនេះ មិនចេះប្រយ័ត្នប្រយែងខ្លួនសោះ។ ខ្លួននៅក្រមុំ មិនត្រូវប្រហែសរបៀបនេះទេ។ ប្រយ័ត្នប្រុសៗចាប់ធ្វើបាបណ៎ា! មនុស្សចេញចូលហ្វ័យេស្រេចនឹងចិត្ត ។មិនដឹងអ្នកណាអាក្រក់ អ្នកណាល្អខ្លះ។ ចុះបើមានមនុស្សខូចចូលមកចាប់រំលោភ តើធ្វើដូចម្តេចទៅ?

ឮវាចាបំភ័យចុងក្រោយរបស់ខ្ញុំកាលណា វិល័យបែបស្វាងពីការងងុយងោកដែលបណ្តាលមកពីជាតិថ្នាំ។ នាងក៏ស្ទុះងើបភ្លែតអង្គុយឡើងហើយបញ្ចេញទឹកមុខជូរហួញដាក់ខ្ញុំ។ ខ្ញុំឃើញដូច្នោះទៅជាហួសគិតចង់សើចទៅវិញ។ ស្រាប់តែនាងសួរខ្ញុំថា៖

–      បងឯងមកទេសនាប្រដៅខ្ញុំទៀតហើយឬ? ឃើញមុខបងឯង ខ្ញុំខ្លាចណាស់។

ឮដូច្នោះ ខ្ញុំសើចហួសចិត្ត។ ភ្លាមនោះ ខ្ញុំក៏និយាយប្រាប់នាងពីដំណឹងល្អ។ វិល័យសប្បាយចិត្ត។ ទឹកមុខញញឹម ស្ទុះងើបពីពូកមកឱបកខ្ញុំ ដើម្បីថ្លែងអំណរគុណ ដោយដាក់បបូរមាត់លើផែនថ្ពាល់ខ្ញុំថើបឮសូរជឹបៗដូចបារាំង។

*            *

*

          អ្នកស្រីហ្វួនីញេ  មិនត្រឹមតែរកជួលផ្ទះឲ្យវិល័យប៉ុណ្ណោះទេ អ្នកស្រីបានទាក់ទងទៅខាងអង្គការជំនួយកាតូលីក (Secours catholique)សុំគ្រែ តុ ទូ ចង្រ្កាន ទូទឹកកកដាក់ក្នុងផ្ទះប្អូនស្រីទៀត។

កាលបើឃើញគេជួយឈឺឆ្អាល ជួយដោះទុក្ខធុរៈយើងដូច្នេះ ខ្ញុំកោតសរសើរគេខ្លាំងណាស់។ បើប្រៀបធៀបនឹងខ្មែរដូចគ្នាខ្លះ មិនថាអ្នកមកស្រុកបារាំងមុន ឬអ្នកខ្លះមកក្រោយទេ កុំថាឡើយដល់ទៅជួយឈឺឆ្អាលគ្នានោះ សូម្បីតែនៅក្នុងបន្ទប់ហ្វ័យេក្បែរគ្នាក៏មិនដែលទាំងរាប់រករាក់ទាក់រកគ្នាផង។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរយើងខ្លះមិនចោលការចែវចូវ-អេចអូច និយាយដើមពីនេះពីនោះទេ ហើយប្រកាន់គំនិត «អាត្មានិយម» និង«បក្សពួកនិយម»។ ជួនកាល ឈ្លោះប្រកែកគ្នា បង្កាច់បង្ខូចគ្នាប្តឹងផ្តល់លោកចាងហ្វាងហ្វ័យេផង។ បើមិនរឿងនេះ ក៏រឿងនោះដែរ មានរឿងហេតុមិនឈប់ឈ ចម្លែកខុសពីជនភៀសខ្លួនលាវ និងយួន។ លទ្ធផលដែលបានមក គឺខ្ខូចឈ្មោះខ្មែរគួរឲ្យស្តាយ។ បញ្ហាទាំងនេះបណ្តាលឲ្យអ្នកត្រួតត្រាក្នុងហ្វ័យេស្អប់និងមើលងាយ ហើយមិនសូវយកចិត្តទុកដាក់បញ្ហាខ្មែរយើង។ បុព្វហេតុទាំងអស់នេះ គឺមកពីខ្មែរយើងខ្លះមិនចេះការពារកិត្តិយសជនជាតិខ្លួន។ នេះជារូបភាពមួយមិនល្អទាល់តែសោះ។ ។ ឱ! ខ្មែរយើងខ្លះអើយ! តើកាលណាឡើយចេះភ្ញាក់រលឹក? ចេះស្គាល់តម្លៃខ្លួនឯងឲ្យច្បាស់លាស់? ខំសម្របខ្លួនឲ្យចេះរស់នៅថ្លៃថ្នូរដូចជនភៀសខ្លួនដទៃទៀត? ហ៊ឺ! គឺជាបញ្ហាមួយគួរឲ្យឈឺចាប់ណាស់។

–      បងសិក្ខា! បងរវល់តែភាំងទៅណាហ្នឹង?

វិល័យសួរខ្ញុំដូចទាញខ្ញុំឲ្យភ្ញាក់ព្រើតចេញពីការត្រិះរិះ។ រំពេចនោះ ស្រាប់តែលេចបុរសខ្មែរម្នាក់ សុភាពស្លូតបូតម្នាក់ ទឹកមុខស្រស់ស្រាយ អើតតាមមាត់ទ្វារបន្ទប់វិល័យ រួចនិយាយមកកាន់ប្អូនស្រីខ្ញុំ៖

–      សួស្តីវិល័យ! ដាច់ចិត្តទៅចោលខ្ញុំហើយហ្នឹង?

–      អូហ៍! ខ្ញុំគិតទៅលាសូភាឯងដែរតើ! សូភា! នេះបងសិក្ខាបងប្រុសខ្ញុំ។

–      បាទ ជម្រាបសួរលោក!

សូភាលើកដៃជម្រាបសួរខ្ញុំយ៉ាងរាក់ទាក់។ វិល័យណែនាំឲ្យយើងស្គាល់គ្នា។

–      បងសិក្ខា! នេះគឺសូភាដែលខ្ញុំតែងតែដំណាលជម្រាបបងនោះណ៎ា។ បន្ទប់សិក្ខានៅក្បែរបន្ទប់ខ្ញុំដែរ។ យើងទាំងពីរធ្លាប់នៅក្នុងជំរុំថៃជាមួយគ្នា។

–      ចូលមកខាងក្នុងអង្គុយលេងសិន សូភា (ខ្ញុំពោលទៅកាន់សូភា)

–      បាទ! អរគុណលោក! វិល័យបានចេញពីហ្វ័យេមុនខ្ញុំហើយ។ កុំភ្លេចខ្ញុំណ៎ា!

–      ខ្ញុំមិនភ្លេចទេមនុស្សដូចសូភាឯងដែលតែងតែជួយឈឺឆ្អាលខ្ញុំគ្រប់ពេលវេលា។ នេះអាស័យដ្ឋានផ្ទះថ្មីរបស់ខ្ញុំ។ ខ្ញុំមិនទាន់មានទូរសព្ទទេ។ បើសូភាចង់ទៅលេងខ្ញុំៗស្វាគមន៍ជានិច្ច។

–      បាទ! អរគុណ! ខ្ញុំជួយជញ្ជូនអីវ៉ាន់ណ៎ា!

–      មិនអីទេសូភា ខ្ញុំគ្មានអីវ៉ាន់ច្រើនប៉ុន្មានទេ។ ខ្ញុំអរគុណហើយ។ សូភាឯងខំរៀនឲ្យប្រឡងជាប់ណ៎ា។ បើមានដំណឹងការងារសម្រាប់ខ្ញុំ កុំភ្លេចប្រាប់ខ្ញុំផង។

–      បាទ! ខ្ញុំមិនភ្លេចទេ។

ខ្ញុំចង់ទុកឱកាសឲ្យសូភា និងវិល័យសំណេះសំណាលលាគ្នា ទើបខ្ញុំក៏និយាយទៅកាន់ប្អូនស្រី។

–      វិល័យ! បងយកអីវ៉ាន់នេះទៅដាក់ក្នុងឡានមុន។ ខោអាវដែលកាកបាទក្រហមចែកឲ្យ បើអូនមិនចង់យកទៅតាមទាំងអស់កុំបោះចោក។ អូនឲ្យគេបន្តទៀតទៅ ឮទេ!

–      ច៎ាៈបង!

–      សូភា! អង្គុយលេងជាមួយប្អូនស្រីខ្ញុំសិនចុះ។ ខ្ញុំយករបស់អស់ទាំងនេះទៅមុនសិន។

–      ចាំខ្ញុំជួយជញ្ជូនលោកដែរ។

–      មិនបាច់ទេ។ អរគុណច្រើន។

ខ្ញុំក៏ជញ្ជូនអីវ៉ាន់នេះ ចុះចេញពីបន្ទប់វិល័យ។ នៅពេលដែលខ្ញុំចេញផុតពីមាត់ទ្វារបន្ទប់ ខ្ញុំឮសូភានិងវិល័យនិយាយគ្នា៖

–      ខ្ញុំសង្ឃឹមថា កាលណាសូភារៀនចប់ភ្លាម សូភាច្បាស់ជារកការបានធ្វើមិនខាន?    យ៉ាងណាក៏សូភាគ្រាន់បើជាងខ្ញុំដែរ ព្រោះបានទទួលការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈមួយ។ ខ្ញុំឯណេះទើបពិបាកជាង។

–      គ្មាននរណាស្រណុកជាងអ្នកណាទេវិល័យ។ បញ្ហាការងារជាបញ្ហាទូទៅរបស់ជនជាតិបារាំង។ ចំណែកយើងជាខ្មែរ បញ្ហានេះរឹតតែចោទខ្លាំងឡើងថែមទៀត។ ការដណ្តើមប្រជែងគ្នាក្នុងផ្សារការងារពុំមែនជាចំណោទតូចតាចចំពោះយើងជាបរទេសនោះទេ បើតាមយោបល់របស់ខ្ញុំ។

–      តើគិតធ្វើអីស្រួលហ្ន៎?

–      គ្មានអ្វីស្រួលទេ។ បើចង់ឲ្យស្រួលស្រណុកដូចយើងរស់នៅក្នុងស្រុកយើងពីដើមនោះ វាមិនងាយទេ ក្រែងតែយើងមានសញ្ញាបត្រខ្ពង់ខ្ពស់ មានតំណែងធំដុំ មានស្ថានភាពមាំទាំនោះមិនដឹង។ ចំពោះខ្ញុំឲ្យតែមានការធ្វើក៏ចាត់ជាសំណាងធំណាស់ទៅហើយ។មានតែខន្តីអំណត់តស៊ូនោះឯង ដែលអាចនាំយើងឲ្យឆ្លងកាត់ឧបសគ្គនានាឆ្ពោះទៅរកបំណង និងសម្រេចគោលដៅ។ វិល័យ! ខ្ញុំសួរវិល័យមួយបានទេ មុននឹងយើងឃ្លាតឆ្ងាយពីគ្នា។

–      សួររឿងអី? សួរមកចុះសូភា!

–      ខ្ញុំ!… ខ្ញុំធ្លាប់បានស្នើចិត្តវិល័យយូរណាស់មកហើយ។ កាលនៅក្នុងជំរុំថៃ វិល័យឆ្លើយថាចាំមកដល់ស្រុកបារាំង។ យើងទាំងពីរនាក់ក៏បានស្នាក់នៅស្រុកគេយូរដែរ។  វិល័យនៅតែព្រងើយកន្តើយតោះតើយដាក់ខ្ញុំដដែល ឬមួយក៏វិល័យគិតឃើញថា ខ្ញុំមិនទាន់មានស្ថានភាពការងារជាប់លាប់? ឬមួយក៏វិល័យអាក់អន់ចិត្តនឹងខ្ញុំរឿងអ្វី?

–      អត់ទេ! និយាយឲ្យចំទៅ  មកពីខ្ញុំមិនទាន់ទុកចិត្តខ្លួនឯងតែម្តង។

–      យើងមានអនុស្សាវរីយ៍ជាមួយគ្នារាប់មិនអស់។ តើវិល័យនឹកឃើញខ្លះទេ?

–      ខ្ញុំមិនភ្លេចទេ ប៉ុន្តែខ្ញុំមិនចង់ទាន់ឲ្យខ្លួនខ្ញុំជាប់ចំណងគ្រួសារនៅឡើយ។ ខ្ញុំភ័យខ្លាចចំណងនេះរឹតរួតចិត្ត និងកាយខ្ញុំពុំអាចឲ្យខ្ញុំឆ្លៀតរកការសប្បាយក្នុងជីវិតថ្មីរបស់ខ្ញុំក្នុងប្រទេសទីបីនេះណ៎ាសូភា។ ខ្ញុំជាមនុស្សម្នាក់ចូលចិត្តសប្បាយណាស់។

–      ចុះបើយើងទុកគ្នាជាសង្សារ? វិល័យនៅតែមានសេរីភាពដដែលទេតើ។

–      ទោះយ៉ាងណាក៏សេរីភាពនេះមិនគ្រប់គ្រាន់តាមចិត្តខ្ញុំដែរ។

–      ខ្ញុំគ្មានគំនិតបំបិទសិទ្ធិសេរីភាពរបស់វិល័យទេ។

–      ក៏ប៉ុន្តែសេរីភាពនោះមិនពេញលេញដូចខ្ញុំមានសព្វថ្ងៃនេះដែរ។

–      ខ្ញុំមិនបង្ខំចិត្តវិល័យទេ។ សូមវិល័យដឹងថា ចិត្តដែលជ្រុលស្នេហ៍លើវិល័យទៅហើយ ខ្ញុំនៅតែស្នេហ៍ជានិច្ច។ ខ្ញុំមិនអាចបំភ្លេចវិល័យពីដូងចិត្តខ្ញុំបានដាច់ខាត។

–      ខ្ញុំយល់ចិត្តសូភាឯងហើយ។ ខ្ញុំក៏អាណិតសូភាឯងណាស់ ប៉ុន្តែខ្ញុំមិនហ៊ានសន្យាអ្វីទាំងអស់នៅពេលនេះ។ វាសនាអនាគតរបស់យើងម្នាក់ៗមើលមិនឃើញទេ។ សូភាមានគុណសម្បត្តិ និងរូបសម្បត្តិគួរជាទីប្រាថ្នារបស់នារីគ្រប់រូប។ ខ្ញុំគិតថា រូបខ្ញុំមិនសក្តិសមធ្វើជាគូជីវិតរបស់សូភាទេ។ សូភាឃើញស្រាប់ហើយទេតើ ចិត្តខ្ញុំមិនដូចកាលខ្ញុំនៅក្នុងស្រុកថៃទៀតទេ។

–      យើងទាំងអស់គ្នារស់នៅក្រោមឥទ្ធិពលវប្បធម៌របស់គេ។ ជួនកាលយើងប្រែប្រួលប្តូរអាកប្បកិរិយាខ្លះដោយមិនដឹងខ្លួន។ ការប្តូរផ្លាស់បន្តិចបន្តួច វាជាការធម្មតាទេតើ។

–      ប៉ុន្តែបងសិក្ខា បងប្រុសរបស់ខ្ញុំគាត់បានសម្គាល់ឃើញខ្ញុំផ្លាស់ប្តូរចិត្តគំនិត និងអត្តចរិតច្រើនណាស់។

–      នេះមកពីគាត់ជាបងបង្កើត។ គាត់ស្គាល់ចិត្តស្គាល់អត្តចរិតរបស់វិល័យគ្រប់យ៉ាង។ ឧបមាថា វិល័យដូរឫកពាតែបន្តិច ចំពោះគាត់ក៏ទៅជាដូរច្រើនដែរ។ ចំណែកខ្ញុំ ខ្ញុំជាមនុស្សមានអធ្យាស្រ័យអត់ឱនច្រើន។ ខ្ញុំមិនសូវចាប់អារម្មណ៍រឿងនេះប៉ុន្មានទេ។ និយាយអីចឹង ខ្ញុំមានរឿងល្អមួយប្រាប់វិល័យ។

–      រឿងការងាររបស់ខ្ញុំនោះឬ?

–      ហ្នឹងហើយ! មានហាងលក់ស្បែកជើងមួយត្រូវការជ្រើសរើសអ្នកលក់ម្នាក់ដែលមានរូបរាងស្អាតបាត។ ខ្ញុំជឿថា រូបរាងប្រហែលវិល័យ ច្បាស់ជាគេព្រមទទួលយកហើយ។

–      ចាំខ្ញុំទូរសព្ទសួរមើល៍!

–      នេះជាអាស័យដ្ឋាន និងលេខទូរសព្ទរបស់ហាងនោះ។

–      ខ្ញុំអរគុណសូភាយ៉ាងច្រើន។ បងប្រុសខ្ញុំគាត់ត្រឡប់មកវិញហើយ។ ខ្ញុំលាសូភាសិនហើយណ៎ា។

–      លាហើយវិល័យ… ចាំជួបគ្នាថ្ងៃក្រោយ ។

សូភាលាវិល័យប្អូនស្រីខ្ញុំទាំងក្រៀមក្រំ ហាក់បីដូចជាភ័យខ្លាចបាត់វិល័យមួយជីវិតដូច្នោះ។

ខ្ញុំបានជួយរៀបចំលំនៅថ្មីរបស់វិល័យរៀងរាល់ចុងសប្តាហ៍។ ពេលមួយ វិល័យនិយាយចំអន់លេងជាមួយខ្ញុំថា៖

–      បងប្រហែសជាកំពុងនឹកភ្នកទៅរកអានីប្រពន្ធសម្លាញ់របស់បងហើយមើលទៅ។ ណ្ហើយចុះ បងផ្អាកត្រឹមនេះសិនទៅ ចាំថ្ងៃក្រោយសឹមរៀបបន្តទៀត។ ខ្ញុំមិនបង្ខំអីទេ បងដឹងស្រាប់ហើយ ខ្ញុំគ្មានភ្ញៀវណាមកលេងទេត

ខ្ញុំមិនបានឆ្លើយតបទៅវិល័យវិញទេ ពីព្រោះអារម្មណ៍ទាំងមូលកំពុងតែអណ្តែតហោះហើយទៅរកឪពុកម្តាយខ្ញុំនៅឯស្រុកខ្មែរឯណោះ។ ខ្ញុំនឹកដល់បណ្តាំម្តាយខ្ញុំដែលតែងតែផ្តាំថា កុំឲ្យឈ្លក់វង្វេងនឹងសម្រស់ស្រីបរទេស។ ម៉ែចង់ឲ្យខ្ញុំយកភិរិយាខ្មែរ ចង់ឲ្យខ្ញុំជួយលើកស្ទួយកិត្តិយសនារីខ្មែរ។ ការដែលខ្ញុំមិនបានគោរពតាមបំណងរបស់អ្នកនេះហើយ ដែលចេះតែធ្វើឲ្យខ្ញុំមានវិប្បដិសារីមិនល្ហែល្ហើយសោះ។ អានីភរិយារបស់ខ្ញុំជានារីបារាំងក៏ពិតមែន តែនាងមានឫកពាសុភាពរាបសាជាងនារីខ្មែរយើងខ្លះផង គ្រាន់តែនាងមានការរិះគិតខុសប្លែកពីជនជាតិយើងខ្លះតែប៉ុណ្ណោះ។ នេះគឺជាការធម្មតាទេតើ ជាតិសាសន៍នីមួយៗតែងតែមានលក្ខណៈ កម្រិតគំនិតប្រាជ្ញា របៀបរិះគិត (Mentalité) ប្លែកអំពីគ្នាដែរ។  ខ្ញុំដាច់ចិត្តរៀបការជាមួយអានីមកពីខ្ញុំហាក់ដូចជាជិនឆ្អន់នឹងសង្គមខ្មែរយើងដែលមិនព្រមប្តូរគំនិតគិតសម្លឹងតែ ប្រាក់កាស មាសពេជ្រកែវកង បុណ្យសក្តិខ្ពង់ខ្ពស់ ហើយខ្ញុំក៏ធ្លាប់ប្រទះឃើញនារីខ្មែរយើងខ្លះហក់លោត ជក់បារីនៅតែតៀមកាហ្វេ ឬក៏នៅតែកន្លែងរាំរែក។ ខ្លះទៀត ដើរប្រកៀកប្រកើយកៀកកិតគ្នាជាមួយបុរសបរទេសឥតចេះខ្មាសអៀន… សឹងតែជាងស្រីសាសន៍អឺរ៉ុប។

នឹកដល់នេះ ខ្ញុំគិតដល់វិល័យភ្លាម។ វិល័យមិនសូវគិតរាក់ជ្រៅសោះ។ នាងចម្លងយកវប្បធម៌គេមកដាក់ខ្លួនរហ័សណាស់។ ការដុះគំនិតចង់ដើរឲ្យជឿនលឿនតាមសម័យរបស់សង្គមសព្វថ្ងៃនេះ មិនអាចមានអ្នកណាម្នាក់ទប់ចិត្តវិល័យឈ្នះសោះឡើយ។

វិល័យយល់ថា អ្វីៗរបស់សាសន៍គេសុទ្ធសឹងតែល្អទាំងអស់។ ម្ល៉ោះហើយ នាងខំចម្លងយករូបភាព និងចិត្តគំនិតរបស់គេមកស្រោបរូបកាយ និងចិត្តគំនិតនាងទាំងអស់។

ខ្ញុំគិតបណ្តើរ ភ្នែកសម្លឹងផ្តោតទៅលើរង្វង់វង់ភ័ក្រ្តដ៏ស្រស់ប្រិមប្រិយ៍របស់វិល័យបណ្តើរ។ ឃើញដូច្នោះវិល័យផ្តើមនិយាយ៖

–      ណេះបង ពិសាទឹកមួយកែវសិនទៅឲ្យមានកម្លាំង។ ម្តេចបានជាថ្ងៃហ្នឹង បងសម្លឹងមើលមុខខ្ញុំមិនពព្រិចភ្នែយ៉ាងនេះ? មុខខ្ញុំប្រឡាក់អ្វីឬ? ឱ! មែនហើយ! ខ្ញុំទើបតែយកដៃគគ្រិចទៅជូតញើសលើមុខអម្បាញ់មិញ។

–      ហាស ហាស (ខ្ញុំសើចតិចៗ)

–      ម៉េចក៏សើច? ថីបានជាបងឯងមើលមុខខ្ញុំ។

–      ទៅឆ្លុះកញ្ចក់មើលមុខអូនឯងទៅមើល៍!

 វិល័យងើបភ្លែតទៅឆ្លុះកញ្ចក់មើលមុខនាង។ ឃើញច្បាស់ហើយ វិល័យក៏ស្ទុះមកគក់ខ្ញុំយ៉ាងខ្នាញ់ ហើយនិយាយ៖

–      មុខខ្ញុំគ្មានប្រឡាក់ស្នាមអ្វីសោះ។ បងឯងនឹកឃើញរឿងអី? ប្រាប់ខ្ញុំភ្លាម លឿនប្រាប់ខ្ញុំភ្លាមមក!

–      វិល័យដឹងទេ មុខអូនស្រស់ណាស់ណ៎ា

–      ទើបតែថ្ងៃនេះ ខ្ញុំឮបងសរសើរខ្ញុំ!

–     រាងអូនក៏ល្អ ខ្ពស់ស្រឡះមិនចាញ់នារីអឺរ៉ុបប៉ុន្មានទេ។ រីឯសម្បុរ ក៏ស្រស់ល្អ។ រូបរាង មុខមាត់ល្អបែបហ្នឹង បើអូនរក្សាឫកពាឲ្យស្រគត់ស្រគំទន់ភ្លន់សុភារាបសាដូចពីក្មេង កាលនៅស្រុកយើងនោះ បងជឿថាអូនរីតតែល្អជាងនេះរាប់រយដងទៅទៀត។

វិល័យឮពាក្យខ្ញុំហើយ មិនបានឆ្លើយតបមកខ្ញុំវិញឡើយ។ នាងបែរជាពេបម៉ាត់ ញាក់ស្មា ញាក់ចិញ្ចើមព្រើតៗដាក់ខ្ញុំទំនងដូចជាចង់ចំអកសួរខ្ញុំឲ្យខ្ញុំវិញថា ខ្ញុំមានគំនិតបុរាណនិយមហួសសម័យ នាងងើបឈរឡើង ដៃទាញតម្រឹមជាយអាវ រួចពត់ដងខ្លួនធ្វើព្រងើយ ហើយក៏សួរខ្ញុំ។

–      បងចង់ស្តាប់ចម្រៀងទេ?

–      ថីក៏មិនចង់! ចាក់ចម្រៀងខ្មែរយើងទៅ!

–      ងាប់ហើយ! នៅស្រុកបារាំងស្គាប់ចម្រៀងខ្មែរ? មិនដឹងជាពីរោះស្អីទេ ឮតែត្អូញនេះត្អូញនោះនាំឲ្យតែចិត្តអស់សង្ឃឹម។ ខ្ញុំមិនចូលចិត្តស្តាប់ទេ។ បងឯងនេះជោរណាស់។ ស្មានតែនៅជាមួយអានីបងហ៊ានទារឲ្យអានីចាក់ចម្រៀងខ្មែរស្តាប់ឬ?

–      អុញនុះ! វិល័យយល់ច្រឡំស្រេច។ អានីប្រពន្ធបងចូលចិត្តស្តាប់ចម្រៀងខ្មែរយើងណាស់ ។នាងស្តាប់មិនយល់មែន តែនាងសរសើរអ្នកចម្រៀងខ្មែរយើងណាស់និងឲ្យតម្លៃសិល្បករទាំងនោះទៀតផង។ មិនមែនដូចជាអូនង កូនខ្មែរទាំងសាច់ទាំងឈាមគិតតែបន្តុះបង្អាប់អ្វីៗរបស់ខ្មែរយើងនោះទេ។ ឲ្យតែរបស់គេ អូនយល់ថាល្អទាំងអស់។ ចំណែករបស់ខ្មែរយើងវិញ ទោះជាល្អយ៉ាងណាក៏អូនដៀលថាមិនកើតដែរ។ ការមិនចេះជួយលើកទឹកចិត្តខ្មែរគ្នាឯងននេះហើយដែលធ្វើឲ្យខ្មែរមិនអាចចម្រើនលូតលាស់នឹងគេ ព្រោះតែខ្វះការលើកទឹកចិត្ត និងការជួយគាំទ្រពីសំណាក់ជនជាតិឯងនេះតែម្តង…។

–      ចុះបើបងមានគំនិតខ្មែរនិយមម្លឹងៗ ម៉េចក៏បងមិនយកប្រពន្ធខ្មែរទៅ? នេះមិនមកពីបងឃើញស្រីសាសន៍គេល្អជាងស្រីសាសន៍យើងទេឬ?

–      បងគ្មានគំនិតដូច្នោះទេ។ ទាំងនេះមកពីបងពុំចង់បានស្រីខ្មែរដែលពាក់ស្រោមស្រីបរទេស បានជាបងសុខចិត្តយកនារីបរទេសដែលចេះស្គាល់តម្លៃលក្ខណៈខ្មែរយើង វាប្រសើរជាង…។ បងគ្រាន់តែប្រាប់អូនមួយម៉ាត់ បងគ្មានស្តាយក្រោយបន្តិចទេ ដែលបានរៀបការជាមួយអានី។ ផ្ទុយទៅវិញ បើបងការប្រពន្ធខ្មែរដែលមានចិត្តដូចវិល័យឯងនោះ បងច្បាស់ជាចុកទ្រូងស្លាប់ជាមិនខាន។

–      ណ្ហើយ! ឈប់និយាយវែងឆ្ងាយទៅ។ ថ្ងៃនេះ ខ្ញុំឡើងមកនៅផ្ទះថ្មី។ ការឈ្លោះទាស់ទែងគ្នានាំឲ្យមានអពមង្គល។

ពាក្យពេចន៍ដ៏គំរោះគំរើយដាក់ខ្ញុំជារៀមច្បងពិតជាលក្ខណៈប្រាសចាកការអប់រំ និងខ្វះសេចក្តីគោរពចំពោះខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំក្តៅស្លឹកត្រចៀកង៉ឺង គិតថាបើវិល័យអាយុជាងដប់ឆ្នាំនោះហើយហ៊ានពោលពាក្យបែបហ្នឹងរកខ្ញុំ ខ្ញុំច្បាស់ជាទ្រាំមិនបាន ខ្ញុំជ្រុលដៃទះកំភ្លៀងប្រដៅឲ្យរាងចាលមិនខាន។

*            *

*

នៅមានត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s