រឿងខ្លី ៖ ស្រមោលស្នេហ៍ ភាគទី១ និពន្ធដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

គំនូររឿងស្រមោលស្នេហ៍ផ្សាយក្នុងសារព័ត៌មាននគរធំនៅសរអា (អំណោយនគរធំចំពោះខ្ញុំ ប៉ិច សង្វាវ៉ាន)

ចេញផ្សាយលើកទី១នៅឆ្នាំ១៩៩០ ក្នុងប្រទេសបារំាង  (រូបថត ៖ ប៉ិច សង្វាវ៉ាន)

  ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយយល់ថា ដំណេកពីយប់មិញមិនស្កប់ស្កល់ឡើយ។ ស្រីខំរកនឹកពីសុបិននិមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹកមិនឃើញ។

 នាងគិតថា ប្រហែលជាមានជំងឺអ្វីមួយហើយមើលទៅ ឬ ខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិនដឹង បានជាខួរនាងលែងចង់ទទួលអ្វីទាំងអស់។

 វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រលោមលោកបារាំងដែលដាក់លើតុក្បាលដំណេក រឿង Le HORLA របស់អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះធ្វើឲ្យនាងនឹកឃើញយុវវ័យរបស់នាងនៅភ្នំពេញ។ យុវតីនិយមអានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿង ដែលសរសេរចុះផ្សាយក្នុងទស្សនាវដ្តី «កម្សាន្តចិត្ត»យ៉ាងជក់ចិត្ត ។ កាលនោះ កញ្ញាវ៉ាសីតាអន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល  វ៉ាសីតានឹកឃើញអនុស្សាវរីយ៍ទាំងប៉ុន្មានដែលបានបញ្ចាំងរូបភាពរស់រវើកបន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជាចៅស្រីសំណព្វចិត្តតែមួយរបស់ជីដូន។ នាងនឹកឃើញ រាល់ពេលឈប់សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។ ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូន

មួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារីវ៉ាសីតា ឆ្ងល់នឹងទូមួយដែលនាងពុំដែលឃើញជីដូននិងបងជីដូនមួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាងមានសេរីភាពពេញលេញ។ នាងចង់ប្រើសេរីភាពរបស់នាងម្តង។ ភ្នែករំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅទេ កុមារីអាយុ៨ឆ្នាំក៏ប្រថុយបើកទ្វារទូនោះមើល។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្សចូលចិត្តចង់ដឹងនិងចង់ចេះ កុមារីវ៉ាសីតាក៏រើសៀវភៅទាំងនោះចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿង TINTIN និង ប្រលោមលោកខ្មែរជាច្រើន ដូចជារឿង នាងសក់ក្រអូប របស់អ្នកនិពន្ធ ប៊ីវ ឆៃលាង រឿង ចោរភ្នំត្បែង រឿងបែបប៉ូលីសស៊ើបអង្កេតជាច្រើនទៀតដែលនាងភ្លេចឈ្មោះអ្នកនិពន្ធអស់ទៅហើយ ព្រមទាំងទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»។ វ៉ាសីតា ពុំដែលដឹងថា នាងចូលចិត្តអានឡើយ ក៏ប៉ុន្តែដោយភិនភាគនេះ ទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»នេះ ទាក់ទាញអារម្មណ៍ កុមារីក៏យកមកអានរៀងរាល់ពេលដែលជីដូននិងបងជីដូនមួយមិននៅផ្ទះ។ ការលបអានដូច្នេះ មកពីនាងដឹងច្បាស់ថា វ័យនាងពុំមែនជាវ័យត្រូវអានអត្ថបទបែបនោះទេ។ កុមារីនេះ ឥតរវល់អានព័ត៌មានទេ ។ នាងជក់ចិត្តអានប្រលោមលោករបស់អ្នកនិពន្ធ រឹម គិន ដូចជារឿង«សមាភាវី» ដែលជារឿងសែនកម្សត់អង្រួនបេះដូងនាងឲ្យខ្លោចផ្សាឥតប្រៀបផ្ទឹមបាន។ នាងក៏ចេះតែតាមដានអានអត្ថបទរបស់អ្នកនិពន្ធនេះដដែល ដូចជារឿង «មើលព្រះចន្ទ្រា» រឿង «ស្រីកំព្រា» យ៉ាងចាប់អារម្មណ៍ជក់ជាប់ចិត្តក្រៃលែង។ លុះអានរួចហើយ នាងយកសៀវភៅទៅទុកចំកន្លែងដើមវិញ មិនឲ្យជីដូន និងបងស្រីជីដូនមួយចាប់ថ្នាក់បានម្តងណាឡើយ។ តាំងពីពេលនោះឯងហើយ ដែលវ៉ាសីតាមានជំនក់ចិត្តអានសៀវភៅប្រលោមលោកខ្មែរដោយមិនទាន់ចេះ និងយល់ន័យថា អ្វីហៅថាអក្សរសាស្ត្រអក្សរសិល្ប៍នៅឡើយ។

អានសៀវភៅខ្មែរចប់អស់គ្មានសល់ វ៉ាសីតាយល់ថា ការលបលួចអានស្ងាត់ៗដូច្នេះ ដូចជាពិបាកខ្លាំងណាស់ ទើបនាងសុំការអនុញ្ញាតពីបងស្រីជីដូនមួយដើម្បីយកសៀវភៅមកអានតាមចំណង់ស្រួលបួល។ បងស្រីនាងក៏យកសៀវភៅបារាំង ដែលខ្សែរឿងគំនូរផាត់ពណ៌ គឺរឿង TINTIN មកឲ្យនាងអានកម្សាន្ត។

រៀងរាល់ព្រឹក នៅពេលភ្ញាក់ពីគេង សីតាតែងតែចុះទៅមុខផ្ទះបេះផ្កាម្លិះនៅមាត់ជណ្តើរយកមកដោតនឹងធាងដូងទុកជូនជីដូនសម្លាញ់ថ្វាយព្រះ។ អំពីនេះគ្មាននរណាប្រើនាងទេ។ ប៉ុន្តែ សីតាដឹងច្បាស់ថា ជីដូននាងស្រឡាញ់ថ្នាក់ថ្នមនាងណាស់។ នាងក៏ស្រឡាញ់ជីដូនវិញអស់អំពីដួងចិត្ត។ កុមាររីវ៉ាសីតា ហាក់ដឹងថា នាងស្រឡាញ់ជីដូនជាងមាតាបិតានាងផង។

ពេលរសៀល កុមារីអាយុ៨ឆ្នាំនេះគេងយោលអង្រឹងមើលសៀវភៅរឿង TINTIN ជក់អារម្មណ៍ពីខ្សែមួយទៅខ្សែមួយដោយសេរីឥតទើសទាល់ដូចមុនទៀតឡើយ។  នាងអានអក្សរបារំាងមិនទាន់យល់អស់ទេ តែរូបភាពអាចឲ្យនាងកាត់យល់សាច់រឿងខ្លះៗ។

ភ្លឹកភាន់ភាំងទៅរកអនុស្សាវរីយ៍ពីកុមារភាព វ៉ាសីតា ធ្លាក់សៀវភៅ «Le HORLA» ពីដៃខ្ពោកទៅលើពូក។ ស្រីឥតរវល់រើសសៀវភៅភ្លាមទេ។ នាងបិទភ្នែក ព្រោះចង់ឲ្យស្រមោលអតីតកាលនេះរស់រវើកជាថ្មីឡើងវិញក្រែងអាចលួងលោមចិត្តឲ្យបានសប្បាយរីករាយខ្លះ។ វ៉ាសីតាយល់ថា ការរស់លើទឹកដីគេសព្វថ្ងៃ ហាក់មិនទាន់មានន័យសោះ។ ការនឹកស្រុកក៏កាន់តែនឹកខ្លាំងឡើងៗ។ ការឈឺចាប់កាន់តែឈឺ។ ជីវិតជនភៀសខ្លួន មិនមែនងាយឯណា។ ទោះជានាងនិងគ្រួសារបានមករស់នៅទីនេះយូរឆ្នាំមកហើយក្តី ក៏ប៉ុន្តែការខំកសាងជីវភាពពីសូន្យ នៅលើទឹកគេ ដែលរងាទាំងចិត្តទាំងកាយ ហាក់ដូចជាពុំទាន់ទទួលការកក់ក្តៅនៅឡើយ។

កំពុងតែស្លុងអារម្មណ៍ពិចារណាអំពីបញ្ហាជីវភាពបច្ចុប្បន្ន ស្រាប់តែទូរសព្ទរោទិ៍ញាប់រន្ថើន។ ស្រីមិនចូលចិត្តលើកទូរសព្ទសោះ។ ការធុញទ្រាន់សំឡេងទូរសព្ទនៅកន្លែងធ្វើការបណ្តាលឲ្យនាងឈឺត្រចៀកណាស់ទៅហើយ។ គ្មាននរណាលើកជំនួសបានទេនៅពេលនេះ ព្រោះស្វាមីនិងបុត្រធីតាទៅធ្វើការនិងទៅសាលាទាំងអស់គ្នា។ ចំពោះនាង គឺមានតែថ្ងៃចន្ទនេះមួយ ដែលវ៉ាសីតាស្ងប់ចិត្តស្ងប់គំនិត។ ជាថ្ងៃដែលមិនអ៊ូអរ។ ថ្ងៃដែលអាចឲ្យនាងរស់ក្នុងភាពឯកឯងបាន ពោលឲ្យចំគឺ អាចឲ្យនាងបានសម្រាកពេញលេញទាំងចិត្តទាំងកាយ។ បើពុំនោះទេ នាងអាចមានពេលសរសេរឆ្លើយឆ្លងសំបុត្រទៅមិត្តភក្តិគ្មានសំឡេងអ្វីមករំខានអារម្មណ៍ ។ កល្យាណី ស្រដីរអ៊ូថា៖

–      ឱ! លោកអ្នកណាអើយ! មិនអាណិតមេត្តាខ្ញុំឲ្យខ្ញុំស្គាល់ការសម្រាកខ្លះផង។ ក្នុងមួយសប្តាហ៍ៗ ខ្ញុំមានតែថ្ងៃចន្ទនេះមួយទេ។ ព្រះម្ចាស់ថ្លៃអើយ! ខ្ញុំធុញទ្រាន់នឹងជីវិតខ្ញុំអ្វីម្ល៉េះ!

ទូរសព្ទនៅតែរោទិ៍ដដែល ទ្រាំមិនបាននាងក៏ស្ទុះទៅលើកស្តាប់។

–      អាដាឬ? ជម្រាបសួរ!

ស្រីស្គាល់ជាក់ជាសំឡេងមិត្តនារីនាង នាងក៏ឆ្លើយតប។

–      អូហ៍! សុជាតាទេឬ? សុខសប្បាយទេ សុជាតា?

សុជាតាគឺជាមិត្តនារីនាង ដែលមានហាងជំនួញមួយនៅក្រុងស្រ្តាស់បួរនេះ ។ លោកស្រីសុជាតាបានថ្លែងរៀបរាប់សុំទោស ចំពោះការរំខាននេះ។ លោកស្រីបបួល វ៉ាសីតាទៅដើរលេងនៅប្រទេសអាល្លឺម៉ាញ ព្រោះប្អូនប្រុសរបស់លោកស្រីមកពីបារីសចង់ស្គាល់ប្រទេសអាល្លឺម៉ាញ។ វ៉ាសីតា សួរលោកស្រីសុជាតា។

–      ចុះបើជាតាទៅដើរលេង តើបាននរណាមើលហាង?

មិត្តនារីនាងឆ្លើយ៖

–      ដាឯងអាចជម្រាបសុំពឹងអ្នកម៉ាក់អាដាឯងមើលហាងជំនួសខ្ញុំបានទេ? ធ្វើការយូរៗទៅ ខ្ញុំធុញថប់ណាស់។ ខ្ញុំឆ្លៀតដើរលេងខ្លះ ខំៗតុកស៊ីកងាប់ហើយណ៎ាអាដា។ បើអ្នកមីងសុខចិត្ត អាដាឯងគេងថ្ងៃមួយស្រឡេតសិនទៅ ចាំម៉ោងពីរកន្លះសឹមយើងចេញទៅ។អាដាឯងមកជួបខ្ញុំនៅឯហាងម៉ោងពីរកន្លះណ៎ា។

–             ច៎ា! ហ៊ឺ អីចឹងឬ? វ៉ាសីតាឆ្លើយរៀងស្ទាក់ស្ទើរ ព្រោះនាងមិនអាចឆ្លើយបដិសេដ។

–             វ៉ាសីតា ពុំមែនជាអ្នកចូលចិត្តដើរទាល់តែសោះ។ ចំពោះនាង ការដើរលេងគ្មានបានការអ្វីទាំងអស់។ តើមានអ្វីប្លែក? ស្រុកបារាំងក៏ដូចស្រុកអាល្លឺម៉ាញ គ្មានអ្វីគួរឲ្យចង់គយគន់ទេ។  ដើម្បីបំពេញចិត្តមិត្តនារី ជាពិសេសកុំឲ្យខ្លួនឈ្លើយមិនចុះសម្រុងនឹងជីវិតនៅស្រុកគេ វ៉ាសីតាក៏ព្រមតាមការបបួលរបស់មិត្តនារីដោយគ្មានចិត្តត្រេកត្រអាលបន្តិចសោះ។

………………………………………………………………………………………………………………..

នៅក្នុងរថយន្តតូចម៉ាកតូយូតារបស់ ប្អូនប្រុសរបស់លោកស្រីសុជាតាឈ្មោះសំណាង គេឃើញមាននារីម្នាក់ទៀតដែរឈ្មោះថា កន្និដ្ឋា។ លោកស្រីកន្និដ្ឋាត្រូវជាមិត្តរបស់វ៉ាសីតា និងសុជាតា។ រថយន្តបរលឿនទៅមុខតាមការបើកបរដ៏ប៉ិនប្រសប់របស់យុវជនឈ្មោះ សំណាង។ សំឡេងចម្រៀងសម័យបែបDisco លាន់ឮទ្រហឹងពេញរថយន្ត។ លោកស្រីសុជាតាស្គាល់ចិត្តវ៉ាសីតាច្បាស់ថា នាងមិននិយមចម្រៀងសម័យឆុងឆាំងទាំងនោះទេ ក៏ស្រដីឡើង ៖

–      វ៉ាសីតាអើយ! ប្អូនប្រុសខ្ញុំ ចូលចិត្តស្តាប់ចម្រៀងប្រភេទនេះណាស់។

ឮគេនិយាយប៉ះពាល់ខ្លួន សំណាងសួរភ្លាម ៖

–      អីចឹង ខ្ញុំបិទ?

–      កុំបិទ! បងកំពុងតែពីរោះ (លោកស្រីកន្និដ្ឋាឆ្លើយកាត់ភ្លាម)។ យី! ប្អូនសំណាងប្រសប់ជ្រើសរើសបទចម្រៀងណាស់ ត្រូវចិត្តបងតែម្តង។

សំណាងមិនអស់ចិត្តខ្លាចរំខានវ៉ាសីតា ក៏សួរបញ្ជាក់ម្តងទៀត។

–      តើខ្ញុំឈប់ចាក់ចម្រៀងឬយ៉ាងណាបងជាតា?

លោកស្រីសុជាតាងាកមើលមុខវ៉ាសីតា។ ទោះបីពុំមែនជាការនិយមរបស់នាងក្តី តែវ៉ាសីតាគិតថា បើនាងមិនចូលចិត្តស្តាប់តែម្នាក់ឯង មិនគួរហាមឃាត់អ្នកដទៃ ដែលគេកំពុងតែពីរោះទេ។ ស្រី ក៏ស្រដីដោយចិត្តស្មោះត្រង់ថា៖

–      មិនអីទេ! សូមប្អូនសំណាងកុំព្រួយអី! ជាឱកាសមួយអាចឲ្យបងបានស្តាប់ បានស្គាល់ខ្លះផងចម្រៀងឌីស្កូនោះ។

–      ស្មានមិនដល់ថា សីតាឯង វាសម្រែដល់ម្លឹង។ រូបរាងមុខមាត់ហ្នឹងសមជាអ្នកឆើតឆាយខ្លះដែរ។

–      ឃើញទេ! កុំថាតែអ្នកដែលមិនស្គាល់ខ្ញុំ សូម្បីតែអ្នកបង កន្និដ្ឋា ក៏យល់ច្រឡំមកលើរូបខ្ញុំដែរ។ កាលខ្ញុំនៅក្រមុំ មិត្តភក្តិទាំងអស់គ្នាមិនជឿថា ខ្ញុំមិនចេះរាំបារាំងទេ។ ឥឡូវ ដល់អ្នកបងទៀតហើយ ដែលស្មានខុស ។ និយាយទៅវាកាន់តែបែកវែងឆ្ងាយ។ តាំងពីខ្ញុំមករស់នៅក្នុងខេត្តនេះ ខ្ញុំឮពាក្យចចាមអារាមថា ខ្ញុំនេះប្រកាន់ខ្លួន វាយឫកខ្ពស់ ប្រកាន់វណ្ណៈ គ្រប់បែបយ៉ាងហើយ។

–      រួចចុះ អូនយកចិត្តទុកដាក់ពាក្យមនុស្សធ្វើអី។ ចំណែកបងវិញ បងមិនឈឺក្បាលទេ អ្នកណាថាអីថាទៅ។យើងមិនអាចបិទមាត់គេបានទេ ។ គ្មាននរណាដឹង និងស្គាល់ខ្លួនយើងជាងខ្លួនយើងនោះទេ។ មិនថាអីចឹង?

–      ប្រាកដហើយអ្នកបង! ខ្ញុំគ្រាន់តែហួសចិត្តទេតើ។

–      ជឿបងទៅ កុំខ្វល់ជាមួយមនុស្សមាត់ឥតគម្របនោះ។ ពួកវាទំនេរពេក ដើរតែលេងផ្ទះគេ ហើយនិយាយដើមគេទ្រុល។ និយាយតាមត្រង់ បងមិនដែលទាក់ទងខ្មែរទេអូន។  មានរឿងម្តងនៅមូលូហ៍ (Mulhouse) បងចោះត្រចៀករៀងចាលតែម្តង។ សព្វថ្ងៃ បងនៅសល់មិត្តភាពតែជាមួយគ្រួសារអូនឯង និងអូនសុជាតាតែប៉ុណ្ណឹង។

យុវជន សំណាង ស្តាប់គេនិយាយគ្នាជាយូរមកហើយ ក៏ថ្លែងវាចាម្តង។

–      ខ្ញុំឮតែអ្នកបងនិយាយតែអំពីរឿងមនុស្សមាត់អាក្រក់។ ខ្ញុំៗមិនទាក់ទងខ្មែរទើបស្រួល។ ពួកម៉ាក់ខ្ញុំសុទ្ធតែបារាំងទាំងអស់។ និយាយតាមត្រង់ ខ្ញុំមិនដែលស្គាល់បរិយាកាសនិងរបៀបរបបខ្មែរទេ ថ្វីត្បិតតែខ្ញុំជាខ្មែរ…

–      ណ្ហើយ! សំណាងឯងនេះ បងដឹងហើយ  ញ៉ែតែស្រីបារាំង។

ឮលោកស្រីសុជាតាចំអន់ មុខសំណាងឡើងក្រហមភ្លាម។ គេសងវាចាទៅបងស្រីវិញថា ៖

–      បងជាតា! ម៉េចក៏ហែកកេរ្តិ៍ខ្ញុំកណ្តាលវាលអីចឹង?

–      អុញនុះ! អៀនខ្លួនស្រេច។  គោខ្មៅដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ (លោកស្រីកន្និដ្ឋាបន្ថែម)

–      មិនពិតទេ ខ្ញុំជាប្រុសបានអត់ការអីទេ អ្នកបង កន្និដ្ឋា អើយ!

–      បើអាងតែអត់ការអីទេនោះ ប្អូនសំណាងចេះតែដើរធ្វើបាបគេទៅឬ? (លោកស្រីកន្និដ្ឋាសួរ)

–      ខ្ញុំមិនដែលធ្វើបាបនរណាទេ មានតែគេនាំគ្នាធ្វើបាបខ្ញុំ។

–      អៃយ៉ា អូនជាតានិងអូនដា ជួយស្តាប់ សំណាងកាន់តែបញ្ចេញរឿងគេតិចៗហើយទេតើ។

–      បងកន្និដ្ឋា ច្បាស់ជាចង់ដឹងរឿងខ្ញុំហើយ។ ខ្ញុំនិងនិយាយរឿងខ្ញុំជូនបងស្តាប់ចុះ។

និយាយបានត្រឹមពាក្យនេះ រថយន្តបានមកដល់គោលដៅធ្វើឲ្យសំណាងខាននិយាយរឿងផ្ទាល់ខ្លួន។

s            s

s

ស្អែកឡើង សំណាងស្គាត់មកជួប វ៉ាសីតា នៅក្នុងហាងរបស់បងស្រី។ ឃើញនាងរវល់វក់វីម្នាក់ឯង យុវជននេះមានចិត្តជួយឥតប្រកាន់ខ្លួន។

សំណាង ផ្តើមវាចាសួរនាង វ៉ាសីតា ៖

–      តើបងស្រីខ្ញុំបាននិយាយរឿងខ្ញុំជម្រាបបងឬទេ?

–      អត់ទេ សំណាង!

–      ម្សិលមិញ ខ្ញុំបានជ្រុលមាត់ថា និយាយរឿងខ្ញុំជម្រាបបងៗ។ បើបងចង់ស្តាប់ ខ្ញុំសូមនិទានរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។

«កាលពីប្រាំឆ្នាំមុន ខ្ញុំអាយុម្ភៃបីឆ្នាំ។ ថ្ងៃមួយនោះជាថ្ងៃបុណ្យខួបអាពាហ៍ពិពាហ៍របស់ប៉ា និងម៉ាក់។ គ្រួសារខ្ញុំបានអញ្ជើញភ្ញៀវប្រហែលសាមសឹបប្លាយនាក់។ ភាគច្រើនជាមិត្តរបស់ប៉ា ។

កាលណោះ ខ្ញុំមិនទាន់ជាប់ជំពាក់ចិត្តលើនារីណាម្នាក់ឡើយ។ ក្នុងថ្ងៃបុណ្យនោះ ខ្ញុំមានភារៈ

ជាអ្នកបម្រើភ្ញៀវ។ ខ្ញុំជួយលើកចានម្ហូបអាហារមកដាក់ជូនភ្ញៀវ ពីតុមួយទៅតុមួយ ។

ស្រាប់តែមកដល់តុមួយដែលស្ថិតនៅក្បែរទ្វារមាត់របងឯណោះ ខ្ញុំស្រឡាំងកាំងឈរភ័ន្តភាំងហាក់ដូចជាមានអ្វីមួយមកឃាត់ទប់រាងកាយខ្ញុំមិនឲ្យកម្រើកបាន។ ពេលនោះ ខ្ញុំបានឃើញនារីស្អាតម្នាក់ដែលពុំអាចរកនរណាមកប្រៀបផ្ទឹមបាន។ ចំពោះភ្នែកខ្ញុំ នាងពិតជាទេពអប្សរម្នាក់ដែលធ្វើឲ្យខ្ញុំស្ទើរតែទន់ជង្គង់។ រ៉ូបវែងប៉ាក់ផ្កាតូចៗពណ៌សរឹតតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងថែមទៀត។ ខ្ញុំយល់ថា នារីនេះមានរសនិយមចេះស្លៀកពាក់។ ក្នុងរត្តិកាល រ៉ូបវែងសនេះបានលើកសម្រស់នារីឲ្យល្អផ្តាច់គេ មិនចាញ់នាង Cendrillon ឬ Blanche neige ក្នុងរឿងនិទានបារាំងឡើយ។ នៅត្រង់ត្រចៀកឆ្វេង កល្យាណីសៀតផ្កាកូលាបក្រហមមួយផង។ កេសាខ្មៅរលើបប្រះស្មា លើកវង្វង់ភក្រ្តនេះឲ្យរឹតតែមានរស្មី។ ខ្ញុំឈរភាំងសម្លឹងនាងភាំងភ្លេចខ្លួន។ ឆោមស្រស់ញញឹមដាក់ខ្ញុំយ៉ាងផ្អែមត្រជាក់។ ខ្ញុំហាក់ខ្មាសអៀនពេក ក៏លើកដៃសំពះសួរភ្ញៀវដ៏ប្រឹមប្រិយនេះ។

–      ប្អូនត្រូវជាកូនលោក វង្សាឬ?

ម្ចាស់រូបសម្បត្តិដ៏បវរនេះ បញ្ចេញសំនៀងសួរខ្ញុំជាភាសាបារាំង។ ឮសូរកល្យាណីសួរដល់ឈ្មោះលោកប៉ា ខ្ញុំរឹតតែសង្ស័យ។ តើនាងជាអ្នកណា? ប្រាកដជាភ្ញៀវរបស់ប៉ា ឬម៉ាក់។ ជាភ្ញៀវបែបណា? ខ្ញុំកាន់តែសង្ស័យលើចំណោទរាប់រយបញ្ហាដែលចាប់ឧប្បត្តិកឡើងតាំងពីខ្ញុំបានឃើញនាងភ្ញាម។

ខ្ញុំឆ្លើយ «បាទ» ដោយសំឡេងស្រទន់។ ស្រស់បវរឃើញខ្ញុំមានអាការៈចម្លែក ក៏ហៅខ្ញុំជាភាសាបារាំងដដែល ៖

–      អញ្ជើញប្អូនអង្គុយជាមួយខ្ញុំមក។ តុខ្ញុំនៅទំនេរមិនទាន់ពេញទេ។

ខ្ញុំគោរពតាមសេចក្តីអញ្ជើញរបស់ភ្ញៀវរូបស្រស់។ ដូចគេខ្ទាស់អណ្តាតខ្ញុំជាប់ ខ្ញុំភ័យផងអរផង ព្រោះមិនដឹងរកពាក្យអ្វីនិយាយបាន ក្រៅពីអង្គុយសម្លឹងមុខនាង។ បើតាមខ្ញុំស្មាន បវរនារីនេះមានអាយុប្រហែលសាមសិបប្លាយឆ្នាំ តែពុំដឹងជាសញ្ជាតិអ្វី ថាយួនក៏ពុំមែន ចិនក៏ពុំមែន សាសន៍អឺរ៉ុបក៏ពុំត្រូវ បើថាជាខ្មែរក៏រឹតតែខុស។ នាងមានសម្បុរសជ្រះ។ គេពិបាកស្មានថា នាងសាសន៍អ្វីឲ្យប្រាកដពុំបាន។

បទភ្លេងសម័យលាន់ឮរំពងពីបទមួយទៅបទមួយ។ គូរាំប្រុសស្រីចេះតែឡើងរាំបន្តបន្ទាប់គ្នាយ៉ាងសប្បាយរីករាយ។ ខ្ញុំក៏ប្រថុយអញ្ជើញនារីរូបស្រស់ឡើងរាំនឹងគេដែរ។ កល្យាណីឥតប្រកែកឡើយ។ ចង្វាក់ស្លូវ(Slow)បានបន្លឺឡើងគួរឲ្យព្រឺព្រួច។ កល្យាណីស្ថិតក្នុងហត្ថាខ្ញុំ ហើយយោលយោគទៅតាមបទភ្លេង។ ខ្ញុំឆ្លៀតឱកាសសួរភ្ញៀវចម្លែក។

–      សូមទោស លោកស្រីមានសញ្ជាតិអ្វី ? ឈ្មោះអ្វីដែរបាទ?

–      ច៎ាះ ខ្ញុំជាកូនកាត់សៀមនិងអេស្បាញ៉ុល។ ខ្ញុំឈ្មោះ ប៉ាទីនយ៉ា អង់ស្សេឡា (Patinya Angella)។

–      លោកស្រីនៅទំនេរទេឬ បានជាអញ្ជើញមកតែម្នាក់ឯង?

–      ច៎ាះ! ខ្ញុំមានគ្រួសារហើយ។ ស្វាមីខ្ញុំជាមិត្តភក្តិជិតដិតរបស់លោកវង្សា បិតារបស់ប្អូន។ គាត់នៅឯបាងកកឯណោះ។ ខ្ញុំមកតែម្នាក់ឯង។ ប្អូនមិនដែលឮប៉ាប្អូននិយាយពីគ្រួសារយើងទេឬ?

–      ឱ! ប្រហែលជាធ្លាប់ឮដែរ ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់នឹងរឿងរ៉ាវរបស់ប៉ាខ្ញុំប៉ុន្មានទេ…

ខ្ញុំដឹងថា កាយខ្ញុំញាប់ញ័រនៅពេលដែលខ្ញុំឱបកាយនាងរាំ។ ប្រហែលជាលើកទីមួយក៏ពុំដឹង ដែលខ្ញុំ រាំជាមួយស្រីរូបស្អាតដូច ប៉ាទីនយ៉ា។ បុរសដទៃច្រណែនមិនតិចទេមើលទៅ។

រាត្រីនោះ ខ្ញុំរសាប់រសល់ពេញផ្ទៃពូក។ ក្លិនផ្កាកូលាបក្រហមដែលស្រីសៀតសក់លាយនឹងក្លិនទឹកអប់ម៉ាក Miss DIOR ហាក់ដូចជានៅក្រអូបភាយពេញនាសាខ្ញុំនៅឡើយ។ ប៉ាទីនយ៉ា! ប៉ាទីនយ៉ា! ខ្ញុំទន្ទេញឈ្មោះនាងខ្លាចភ្លេច។

                 

 



នៅមានត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s