បទវិភាគលើរឿងស្រមោលស្នហ៍ ដោយ​លោក ​កែវ ឈុន

រឿង «ស្រមោលស្នេហ៍» គឺជារឿងមួយដែលអ្នកនិពន្ធ បានលាតត្រដាងអំពីសង្គមរបៀបរបបរស់នៅបែបបញ្ចឹមប្រទេស។ សំណាងតួអង្គដ៏សំខាន់មួយដែលចូលចិត្ដដើរលេងរាំរាជ តាមក្លិបតាមបារ សប្បាយឥតឈប់ឈរហើយធ្លាក់ខ្លួនចូលទៅក្នុងសេចក្ដីស្នេហ៍ ពុះកញ្ជ្រោលជាច្រើនលើកច្រើនសារ។

ដំបូង សំណាងបានចាប់ចិត្ដស្នេហាទៅលើនាងប៉ាទីនយ៉ា អង់ស្សេឡា នារីកូនកាត់ អេស្បាញ៉ុល សៀម នាងមិនមែនជានារីក្រមុំទេ នាងមានអាយុបង សំណាងដល់ទៅជិត ១០ឆ្នាំឯណោះ ហើយថែមទាំងមានប្ដីទៅហើយទៀតផង។ ស្នេហាពុះកញ្ជ្រោលរោលរាល ឃើញភ្លាមស្រឡាញ់ភ្លាម មិនអាចអត់ទ្រាំបាន គេទាំងពីរនាក់បានរួមរក្សស្នេហាគ្នាឡើងស្ថានសួគ៌លោកិយ ទាំងសំណាងខ្លួនឯង មានការស្រពិចស្រពិលថា នារីកូនកាត់សៀមដ៏ស៊ីវិល័យ ក្នុងរឿងស្នេហាមិនចាញ់នារីអឺរ៉ុបមួយនេះ គ្រាន់តែចង់សាកល្បងភ្លក្សរសជាតិស្នេហ៍ ជាមួយប្រុសក្មេងតែប៉ុណ្ណោះក៏ដោយ តែសំណាងស្រឡាញ់នាងយ៉ាងប្ដូរផ្ដាច់។

នៅពេលដែលនាងប៉ាទីនយ៉ាត្រឡប់ទៅបាងកកវិញ សំណាងបានទៅទាក់ទងស្រឡាញ់គ្នាជាមួយនាង អង់រីយ៉ែត នាងមានប្ដី ថែមទាំងមានកូនមួយទៀតផង។ សេចក្ដីស្នេហារបស់សំណាងម្ដងនេះ ជាសេចក្ដីស្នេហាដែលកើតដោយក្ដីមនោសញ្ចេតនាអាណិតអាសូរចំពោះនាង អង់រីយ៉ែត ដែលប្ដីនាងជាអ្នកប្រមឹក ធ្វើបាបជិះជាន់ ប្រើអំពើហឹង្សាលើនាងគ្រប់ពេលវេលា។ ទំនាក់ទំនងស្នេហាយ៉ាងជិតស្និតស្អិតរមួត សំណាង និង នាងអង់រីយ៉ែតបានរួមរស់នៅជាមួយគ្នាដោយគ្មានអ្វីរំខានឡើយ។ ស្នេហាដ៏ទាន់សម័យ ដែលសង្គមខ្មែរយើងពុំទាន់អាចទទួលយកបានមួយនេះ គឺនាងអង់រីយ៉ែត ត្រូវបែងចែកសេចក្ដីស្នេហាទៅលើមនុស្សដល់ទៅ ៣នាក់ គីប្ដី កូនប្រុស និង សំណាងគូកំណាន់ជាទីស្រឡាញ់របស់នាង។ ឯសំណាងវិញ ចង់ហួងហែងទាមទាសេចក្តីស្នេហានេះតែម្នាក់ឯង ដោយតវ៉ាឲ្យនាងអង់រីយ៉ែត ត្រូវតែលែងលះជាមួយប្ដីកំណាចរបស់នាងឲ្យដាច់ស្រឡះតែម្ដងទៅ។

នៅពេលដែលរង់ចាំការលែងលះប្ដីរបស់នាងអង់រីយ៉ែតមិនទាន់ដាច់ស្រេច ហើយចេះតែអូសបន្លាយពេលវេលាយូរទៅៗ សំណាងក៏ហាក់រសាយចិត្ដ គេត្រឡប់មកនៅបារីសវិញ ហើយបានទាក់ទងស្នេហាជាមួយនារីខ្មែរម្នាក់ គឺនាងតារាវី ។ នាងជានារីខ្មែរម្នាក់ ប្រកាន់ទំនៀមទម្លាប់ខ្មែរ ឥតភ្លើតភ្លើតទៅតាមសង្គមជឿនលឿនបរទេសឡើយ។ នាងមានអំណោយទានគួរឲ្យស្រឡាញ់ជាពន់ពេកណាស់។ សំណាងបានស្ដីដណ្ដឹងរៀបការជាឧត្ដមភរិយាដោយសុខសាន្ដ។

រឿង «ស្រមោលស្នេហ៍» មានន័យឥទ្ធិពលយ៉ាងខ្លាំងទៅលើស្នេហា

យ៉ាងស៊ីជម្រៅដែលអ្នកនិពន្ធបានទាញយកមកបង្ហាញថា៖
ស្នេហាលាក់កំបាំងលឿនរហ័សរបស់សំណាង មិនបានធ្វើឲ្យសំណាងស្វែងរកសេចក្ដីសុខបានឡើយ។ នាងប៉ាទីនយ៉ា ត្រឡប់ទៅរូមរស់ជាមួយប្ដីនាងឯបាងកកវិញបាត់ទៅ ហើយយូរៗម្ដងស្រមោលស្នេហ៍នេះចូលមកលងសំណាងឲ្យឆ្កួតវង្វេងយ៉ាងគួរអនិច្ចា។ ស្នេហាសម័យទំនើបរបៀបអ៊ឺរ៉ុប អាមេរិក របស់អង់រីយ៉ែត ដែលគេអះអាងថា ជាស្នេហាធម្មតាមិនប្រកាន់ ហើយបើទោះបីជាស្នេហានេះកើតមកពីក្ដីស្រឡាញ់បរិសុទ្ធចិត្ដ លាយលំទៅដោយមនោសញ្ចេតនាអាណិតអាសូរគ្នាយ៉ាងណាក៏ដោយ ក៏សេចក្ដីស្នេហានេះ គ្រាន់តែជាស្រមោលស្នេហ៍ ដែលចូលមកលងពួកគេឲ្យស្ថិតនៅក្នុងវិប្បដិសារី យ៉ាងគួរឲ្យអណោចអធម្ម អន្លង់អន្លោចយ៉ាងក្រៃលែង ។ នាងអង់រីយ៉ែតហាក់ដូចជាត្រូវទទួលរងកម្ម បាត់បង់សេចក្ដីស្នេហានេះច្រើនជាងគេ គឺបាត់បង់ប្ដី បាត់បង់ប្រុសកំណាន់ចិត្ដជាទីស្នេហា ពោលគឺនាងបាត់លំនឹងជីវិត សឹងតែទាំងអស់តែម្ដង។ សំណាងនឹកសោកស្ដាយពីទង្វើស្នេហា ភ្លើតភ្លើនរបស់គេ ជាមួយនាងប៉ាទីនយ៉ាផង ហើយស្លុងស្លុតចិត្ដយ៉ាងខ្លាំង ចំពោះនាងអង់រីយ៉ែតជាទីដ៏សែនស្រឡាញ់ផង ធ្វើឲ្យគេធ្លាក់ចូលក្នុងចង្កូមបិសាច គឺស្រមោលស្នេហ៍ ដែលតាមលងគេគ្មានពេលស្រាកស្រាន្ត។ នាងតារាវី បរិសុទ្ធចិត្ដ បរិសុទ្ធស្នេហ៍ នាងទទួលបានសុភមង្គលក្នុងរឿងស្នេហា តែនាងក៏រកាំរំខានក្នុងចិត្ដមិនតិចដែរ ដោយនាងនឹកអាណិតអង់រីយ៉ែត ដែលជាស្រីដូចគ្នា ដូចវាចារបស់អ្នកនិពន្ធលើកសរសេរក្នុងវគ្គនេះថា «មនុស្សស្រីទូទៅ ទោះជាសាសន៍ណាក៏ដូចសាសន៍ណាដែរ តែងមានមនោសញ្ចេតនាទន់ជ្រាយនៅចំពោះហេតុការណ៍អាក្រក់ដែលធ្លាក់មកលើខ្លួន ជាពិសេសក្នុងបញ្ហាស្នេហា។ »

ស្រមោលស្នេហ៍ ដែលតាមលង សំណាង ប៉ាទីនយ៉ា អង់រីយ៉ែត មានអត្ថរសយ៉ាងធំធេង ឬថាជាដំណើរនាំផ្លូវសម្រាប់យុវជន យុវតីគ្រប់រូបឲ្យប្រុងប្រៀបស្មារតី ឲ្យមានសតិបញ្ញា ឲ្យគិតពិចារណាគ្រប់ជ្រុងជ្រោយថា បើទោះបីជា សេចក្ដីស្នេហា ជាបាតុភូតធម្មជាតិកើតឡើងសម្រាប់មនុស្សសត្វប្រុសស្រីមិនអាចទប់បាន ហើយគេមិនចាំបាច់ត្រូវការស្វែងរកស្នេហាដាច់ខាត ស្នេហាបរិសុទ្ធ ដូចស្នេហានាងប៉ាទីនយ៉ា ឬ ស្នេហាសំណាងចំពោះនាងអង់រីយ៉ែត ដែលម្នាក់ៗសុទ្ធតែមានវ័យខុសគ្នា មានប្ដី មានកូន យ៉ាងណាក៏ដោយ ក៏គេមិនត្រូវមើលស្រាលក្នុងសេចក្ដីស្នេហានេះបានឡើយ ព្រោះថា បើស្នេហានេះបាត់បង់ទៅវិញកាលណា វាគឺជាស្ថាននរកលោកិយតែម្ដង។ ស្នេហានាងកាកី ផ្លាស់ប្ដូរពីប្រុសមួយទៅប្រុសមួយ ត្រូវគេកាត់ទោសប្រហារជីវិតបង់ អសោចកេរ្ដិ៍រហូតសព្វថ្ងៃទៀត។ ព្រះរាមដែលមើលងាយសេចក្ដីស្នេហារបស់នាងសិតា ក៏ត្រូវទោសទណ្ទកម្មបាត់បង់នាងសិតា យ៉ាងគ្មានថ្ងៃត្រឡប់វិលវិញឡើយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s