រឿងខ្លី ៖ ខ្យល់សមុទ្រ ភាគទី៤ (ភាគបញ្ចប់) និពន្ធដោយ ប៉ិច សង្វាវ៉ាន

អំណោយពីសារព័ត៌មាន នគរធំ នៅសរអា
រក្សាសិទ្ធិ ដោយ​ប៉ិច​ សង្វាវ៉ាន

ចំណង​ស្នេហា​រវាង​ខ្ញុំ​និង​អូន​ទេវីវណ្ណកាន់តែ​មាំ​ឡើង​មួយ​ថ្ងៃ​បន្តិច​ៗ​។ សេចក្តី​ស្នេហា​របស់​យើងចម្រើន​ធំធាត់​លូត​លាស់​​រហ័ស​ទៅ​បាន​អាស្រ័យ​មក​ពី​យើង​មាន​សន្តាន​ចិត្ត និង​គោល​បំណង​… ពោល​​ឲ្យ​ចំ​គឺ​ឧត្តម​គតិ​ដូច​គ្នា​ច្រើន។

រដូវ​នីមួយ​ៗ​​កន្លង​ផុត​ទៅ​…

រដូវ​រងា​ចូល​មកហើយ។ ថ្ងៃ​អពាហ៍​ពិពាហ៍​របស់​យើង​ដែល​យើង​ទាំង​ពីរ​សន្មតជា​ «មហាទិវា» ​បោះជំហ៊ានមក​ដល់។

ទេវីវណ្ណ តែ​ង​កាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នាង​ផ្ទាស់​ប្តូរ​គ្រឿង​សម្លៀក​បំពាក់​ទៅតាម​ពិធី​នី​មួយ​ៗ។ ទេវីស្រី​ស្លៀកពាក់ឈុត​របៀប​ណា​ក៏​សម​ទាំង​អស់។ ជា​ពិសេស​នៅ​ពេល​សំពះផ្ទឹម​សែន​ចង​ដៃ អូន​ទេវីវណ្ណ​ប្រដាប់​ដោយ​គ្រឿង​បូរាណ។ ទេវី​រឹតតែស្រស់ស្អាតក្នុងឈុតបូរាណពណ៌​មាស​ចាំ​ងចិញ្ចាច សមម៉្លេះ​នឹង​​ដង​ខ្លួន​ស្តើង​ ខ្ពស់​មិន​ខ្ពស់ ទាប​មិន​ទាប។ កេសា​បួង​​​ភ្នួងម៉ូដអង់​គ្លេស លម្អដោយ​បុប្ផា​ស្រស់​លើក​សម្រស់រង្វង់​ភក្ត្រ​រាង​ពង​ក្រពើ​សាច់ម៉ដ្ឋ​ខៃដែលត្រូវ​​​​គ្រឿង​សំអាងបន្ថែម។ ទេវីវណ្ណបណ្តូល​ចិត្ត​ខ្ញុំ​​ប្រែ​ក្លាយ​ ​ជា​ទេពធីតា​​ពិត​ប្រាកដ​ក្នុង​ទិវា​នោះ​ ។

នៅ​លើ​កម្រាល​ពណ៌​មាស យើង​អង្គុយ​ផ្ទឹម​កៀក​កិត​ជិត​គ្នា​រង់​ចាំ​មាតា​បិតា​ និង​ញាតិ​មិត្ត​ចង​ដៃ​ជូន​ពរ​ជ័យ​សេរី​មង្គល​ជា​បន្ត​បន្ទាប់​គ្នា។ អ្នក​ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ឲ្យ​ពរ ៖

–      កូន​ទាំង​ពីរ​​រក្សា​ និង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​ ​ខាំ​​ចេក​របូត​ ខាំ​ពោត​របេះរៀង​ៗ​ខ្លួន​ណ៎ាកូនណ៎ា។

ចំណែក​លោកពូ​កុសល​ ​នៅ​ឯ​ទីក្រុង​នីស​ក៏​បានអញ្ជើញ​ចូល​រួម​ដែរ។ លោក​ពូ​មាន​ប្រ​សាសន៍​​​​​ ៖

–      ពូសប្បាយ​ចិត្ត​ណាស់ ដែល​ក្មួយ​ឧត្តម​ និង​ក្មួយ​ស្រី​ទេវីវណ្ណ​មានចិត្ត​ស្មគ្រស្មោះ​ចំពោះ​គ្នា​និង​គ្នា ហើយ​​រៀប​ការតាម​គន្លង​ប្រពៃ​ណី​ខ្មែរ​យើង។ សូម​ឲ្យ​ក្មួយប្រុស​ស្រី​​មាន​សេរី​សួស្តី​ សុភមង្គល​ សុខ​ក្សេម​ក្សាន្ត ​ត្រជាក់​ត្រជុំ​ដូច​ទឹក​អប់​បំពង់​ខ្ចី​ ។

អ្នក​មីង​ភរិយា​លោក​ពូ​កុសលដែលអង្គុយទន្ទឹមស្វាមី​ឲ្យ​ពរយើង​បន្ត៖​

–      អ្នក​មីង សូម​ឲ្យ​ក្មួយ​សម្លាញ់​ទាំង​ពីរ​ចេះ​ស្រឡាញ់ ​ចេះ​អត់​ឱន​គ្នា។ បើ​ប្តី​ខឹង​ឲ្យ​ប្រពន្ធ​ខំ​អត់។ បើ​ប្តី​ខ្សត់​ឲ្យ​ប្រពន្ធ​ខំ​រក។ ​ទៅ​ណាមក​ណា​​មានគេស្រឡាញ់​រាប់​​អាន​យក​ជា​គ្នាជានិច្ច។​ សូម​ឲ្យ​ក្មួយ​មាន​ជោគ​ជ័យគ្រប់ជំហ៊ានជីវិត ​ឈ្នះ​អស់​មារសត្រូវ​គ្រប់​ទិស​ទី​ ​សម្បូរណ៍​ទ្រព្យ​សម្បត្តិ​ហូរ​ហៀណ៎ា!។

ខ្ញុំ​និង​អូន​ទេវី​ ​ឆ្លើយ​ទទួល​ព្រម​គ្នា ៖

–      សាធុ! សាធុ!

ភ្ញៀវ​ទាំង​ឡាយ​​​បាចស្រទាប់ផ្កា​កូលាបដែលប្រើ​ជំនួស​ផ្កា​ស្លា​​លើ​យើង​ទាំង​ពីរ​នាក់។ ​​ខណៈនោះ ចិន្តា​​​ខ្ញុំ​រំភើប​​ស្រាល​ឥត​ឧបមា។

ខ្ញុំ​លួច​សម្លឹង​មើល​អូន​ទេវីវណ្ណ។ ស្រី​ស្អាត​សែន​ស្អាតម៉្លេះទេ!។​ ​ចិត្ត​ខ្ញុំ​ជ្រួល​ច្របល់​ចង់​ស្ទុះ​ទៅ​​លួង​លោម​ថ្នាក់​ថ្នម​មួយ​រំពេច។

មង្គល​ការ​របស់​យើង​បាន​ចប់​សព្វ​គ្រប់​ដោយពិធី​ជប់​លៀង​​ក្នុងភោជនីយដ្ឋាន។

រាត្រី​នោះ​ឯង​ជា​រាត្រី​សុភមង្គល​របស់​យើង។

នៅក្នុង​បន្ទប់​ដំណេក​រ​បស់​អូន​ទេវី ដែល​រៀបចំ​យ៉ាងមានរបៀប​​រៀប​រយ​គួរ​ឲ្យទាក់​ភ្នែកនិងចិត្ត​ បេះ​ដូង​ខ្ញុំ​ញាប់​ញ័រ​រំភើប។ ​ ​ខ្លួន​ខ្ញុំហាក់​បី​ដូច​ជា​កំពុង​ស្ថិត​ក្នុងឋាន​​សួគ៌ា​ល័យ។

នៅ​​ពីមុខ​ទូ​សំអាង ភរិយាខ្ញុំ​អង្គុយដក​ផ្កា​ចេញពីសក់នាង ហើយ​ចាប់​រុះភ្នួង​សក់​ចេញ។ ខ្ញុំ​ឈរ​ពី​ក្រោយ​ខ្នង​ភរិយា​ ​ដាក់​ដៃ​លើ​ស្មា​កន្និដ្ឋា​ទាំង​ចិត្ត​ស្រឡាញ់​ខ្នាញ់​ស្ទើរ​លេប។

–      កុំអាល​រុះ​សក់​ចេញ​ ទុក​អីចឹង​សិន​ហើយ​។ មាសស្នេហ៍​បង​ល្អ​អ្វី​ម៉្លេះ​ទេ! ល្អដូច​ជា​រាជនី​ក្នុង​រឿង​ព្រេង​និទាន​។

ធីតា​សើច​បញ្ចេញ​ធ្មេញ​សស្គុស​រៀប​ស្មើ​ត្រឹម​។ កាល​ណានាង​សើច នាង​រឹត​តែ​ល្អ។ ទេវី​យក​ដៃ​ស្តាំ​អង្អែល​​ខ្នង​ដៃ​ខ្ញុំ​ថើៗ ហើ​យពោ​ល​ពាក្យ​យ៉ាង​ពីរោះ ៖

–      បង​ចូល​ចិត្ត​បញ្ចោរ​អូន​ម្ល៉េះទេ។

ខ្ញុំ​លើកបី​កាយ​ស្រី​បង្វិល​មួយ​ជុំ​យ៉ាង​ថ្នម​ៗ ហើយដាក់​លើ​សយនា។

–      ទេវី​មាស​បង! យើង​មាន​សេរីភាព​ពេញ​លេញ​ហើយអូន។ យើង​ជា​ភរិយា​ស្វាមី​ពេញ​លក្ខណៈ​ច្បាប់​ហើយ។ ចាប់​តាំងពី​ថ្ងៃ​នេះ​តទៅ គ្មាន​អ្វីជាឧបសគ្គធ្វើ​ឲ្យ​យើង​បារម្ភ​​ទៀត​ទេ។

ខ្ញុំ​​និទានសុបិន​​ខ្ញុំ​ជាមួយ​ទេវីវណ្ណ​នៅ​មាត់​សមុទ្រ​ទីក្រុង​​ NICE ឲ្យ​នាង​ស្តាប់។​ កែវ​​​​ពិសី​ស្រី​ឆោម​យង់បិទនេត្រា​ស្តាប់​ខ្ញុំ​និទាន​ការ​យល់​សប្តិ​ដោយ​ញញឹម​ពេញចិត្ត។ នាង​រឹត​តែ​ជឿ​លើ​សេចក្តី​ស្នេហា​ដ៏​មុះ​មុត​របស់​ខ្ញុំ​លើរូប​នាង។ ស្រីងើបពីពូកហើយស្រវា​ឱប.ក​ខ្ញុំ រួច​និយាយពាក្យផ្អែមល្ហែមថា ៖

–      បង​ឧត្តម! ម្ចាស់​ជីវិត​អូន​តែ​មួយ…

គ្រាប់​ព្រិល​​សាច​តាម​កម្លាំង​វាយោ​ប៉ះ​កញ្ចក់​បង្អួច​លាន់​ឮ​ប្រស់ៗ។ សត្តនិករ​ទូទៅ​និទ្រា​លក់​អស់​ទៅ​ហើយ។

តើ​នឹង​មាន​រាត្រី​​ណា ​ដែល​ត្រកាល​ស្មើ​នឹង​រាត្រី​ចន្ទ​ទឹក​ឃ្មុំ ​ដែល​ជា​រាត្រី​សុភមង្គល​របស់​យើង​នោះ​​? ខ្ញុំ​​ច្រៀងច​ម្រៀង​ បទ​«ទ្រព្យគាប់ចិន្តា»​ ​របស់​លោក​ស៊ីន ស៊ី​​សា​មុត

រហ៊ឹមៗ​បំពេរ​ឆោម​ពិសី​ភរិយា​ថ្មោង​ថ្មី​ថ្លៃ​វរលក្ខណ៍​របស់ខ្ញុំ​ ដែល​មាន​ទំនុក​ច្រៀងដូចតទៅ៖

«បើ​សិន​អូន​ឲ្យ​របស់​អ្វី​ប្រគល់​មក​បង

ស្រស់​ពៅ​នួន​ល្អង​បង​សូម​ទទួល​តែ​មួយ​ប៉ុណ្ណោះ

ទោះ​អូន​ឲ្យ​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់

ក៏​បង​ទទួល​ដោយស្មោះ​

តែ​បង​ទទួល​យក​តែ​មួយ​ប៉ុណ្ណោះ​ជាទ្រព្យ​គាប់​ចិន្តា​ប្រចាំ​ជីវិត

ស្លាប់​រស់​មិន​គិត​រក្សា​ឲ្យ​គង់ ​គឺ​ស្នេហា​ដែល​អូន​ប្រគល់​ទុក​ឲ្យប្រុសបង។

អ្វី​ក្រៅ​ពីនោះ​ដែល​ពៅ​ស្រី​ស្រស់​ឲ្យ​ប្រុស​បង​ដែរ

ពេញចិត្ត​ទាំងអស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ធ្លាប់​តែត្រកង

ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ខែ​ច្រើន​ថ្ងៃ​កន្លង

បង​ក៏​នៅ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រឡាស់​ផ្លាស់​ពី​ស្នេហ៍ៗ​យើង​ទេ​អូន

រឿង​រ៉ាវ​អភ័ព្វ​អណ្តែត​ចោល​តាម​ក្បូន​ ចោល​ឱឆ្ងាយ​រ៉ាយ​រ៉ាប់​

ជាថ្មី​រឿង​ស្រី​និង​បង។» 

ទេវីវណ្ណ​ស្ថិត​ក្នុង​រង្វង់​ហត្ថា​ខ្ញុំ​យ៉ាង​សែន​សុខ។

 

*               *

*

ភរិយាបណ្តូលចិត្ត​ខ្ញុំ​បា​ន​ចាក​ចេញពី​គេហដ្ឋានមាតាបិតា​នាង​នៅ​អាកហ្សង់​ទើយARGENTEUIL មក​តាម​ខ្ញុំ​នៅ​ទីក្រុង​បារីស រដ្ឋធានីនៃប្រទេសបារាំង។

ផ្ទះ​ខ្ញុំមិន​សូវ​មាន​របៀប​រៀប​រយ​ប៉ុន្មានទេ តែត្រូវ​ទេវីវណ្ណ​រៀប​ចំ​តាក់​តែង​ឲ្យ​មាន​សណ្តាប់​ធ្នាប់​គាប់​ភ្នែក​ប្រកប​​ដោយ​ផាសុកភាព។ ផាសុកភាពដ៏មនោរម្យក្នុងផ្ទះនិង

លក្ខណៈស្រ្តីមេផ្ទះដ៏ល្អដែរបស់ភរិយាខ្ញុំជាធ្នាក់ទាក់ចិត្តខ្ញុំមិនចង់ចេញទៅណាទេ គឺចង់តែនៅជិតភរិយាបណ្តូលចិត្តខ្ញុំឥតនឿយណាយ។

នៅ​ក្នុង​បន្ទប់​ដំណេក​របស់​ខ្ញុំ ទេវី​វណ្ណភ្ញាក់​ផ្អើល​ ​នៅពេល​ឃើញ​ផ្ទាំង​គំនូរ​រូប​នាង​អង្គុយ​​លើ​ដុំ​សិលា​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ខ្ញុំ​បានគូរ​រចនា​ឡើងទៅ​តាមទំហំ​ក្តី​ស្នេហ៍​ និង​ទំហំ​ក្តី​នឹក​រលឹក​របស់​ខ្ញុំ​ចំពោះ​រូប​នាង។  កល្យាណីស្ទុះ​ឱប​.ក​ខ្ញុំ​ ហើយ​ឧទាន​ទាំង​រំភើប​រីក​រាយ​ ៖

–      បង​ជាវិចិត្រ​ករ​ផង​ហ្ន! ម្តេច​ក៏​បង​មិន​ប្រាប់​ឲ្យ​អូន​ដឹង​ពី​មុន?។ បងលា​ក់​អូ​នរឿងមួយទៀត ​នេះ​នែ៎​ ស្អីហ្នឹង​បង?

ស្រី​លើក​សំណុំ​ក្រដាស​ច្រើន​ដុំ​បង្ហាញ​ខ្ញុំ​។ ​គ្មាន​អ្វីក្រៅ​ពី​សំណុំ​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ​ឡើយ។

–      បង​មិន​ត្រឹម​តែ​ជា​វិចិត្រករ​ប៉ុណ្ណោះ​ទេ បង​ជា​អ្នក​និពន្ធ​ទៀតផង។ អូន​សប្បាយ​ចិត្ត​ណាស់។ ប្តី​សម្លាញ់ អូន​រឹត​​តែ​ស្រឡាញ់​បង​ទ្វេឡើង។

យើង​ឱប​រឹត​គ្នា​យ៉ាងណែន​ហាក់​បី​ដូច​ជា​ចង់​ឲ្យ​រូប​កាយ​យើង​ទាំង​ពីរ​អង្គារលាយ​ចូល​គ្នា​តែ​មួយ​គត់​​។

ចាប់​តាំងពី​ថ្ងៃ​នោះមក ទេវីវណ្ណ​បា​នស្វះ​ស្វែង​រក​ជាវ​សៀវភៅ​ខ្មែរដែល​មាន​នៅ​សេស​សល់​​​​ខ្លះ ​ហើយ​ដែល​បានបោះ​ពុម្ព​ផ្សាយ​លក់​ជា​ថ្មី​នៅក្រុង​បារីស​មកដំកល់​ទុកប្រចាំ​បណ្ណាល័យ​គ្រួសារ ព្រម​ទំាង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ភក្តិ​នាង​ឲ្យ​គេ​ដឹង​ និង​​យក​ចិត្ត​ទុក​ដាក់​ផង។ ជាពិសេស​ នាង​​ជួយជ្រោមជ្រែង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង​ក្នុង​ការ​ផ្សាយ​លក់​ទស្សនាវដ្តី​ និង​សៀវភៅខ្មែរ​ផ្សេងៗ ថែម​ទាំង​ជួយ​ជាវ​ទុកធ្វើ​អំណោយ​អនុស្សាវរីយ៍ជូនចំពោះ​បង​ប្អូន​ញាតិ​មិត្ត​ ដើម្បី​ជួយ​ការ​ពារ​លើក​តម្កើង​ ទ្រទ្រង់​អក្សរ​សាស្ត្រ​ជាតិ​ជាតិយើង​ឲ្យ​ងើប​ស្គាល់​ពន្លឺ និង​ចម្រើន​ឡើង​វិញ។

មិន​តែប៉ុណ្ណោះ ឧត្តមភរិយា​សម្លាញ់​តែ​មួយ​របស់​ខ្ញុំ​​ឆ្លៀត​ពេល​ទំនេរ​​ នៅ​ចុង​សប្តាហ៍​ចែក​ចាយ​​ចំណេះ​ស្តួច​ស្តើង​ខាង​ផ្នែក​សិល្បៈ​របាំ​ខ្មែរ​ដោ​យបង្ហាត់​បុត្រ​ធីតា​ខ្មែរយើង​ ដើម្បី​​បំផុស​បំផុល​ព្រលឹង​ខ្មែរឲ្យ​រស់​រវើក​ឡើងវិញ និងដើម្បី​ទាក់​ទាញ​ចិត្ត​បរទេស​ឲ្យ​ជួយ​ឈឺ​ឆ្អាល ​​ជួយ​ការ​ពារ​វប្ប​ធម៌​អារ្យ​ធម៌​ខ្មែរ​ក្នុង​គ្រាដែលជនជាតិខ្មែ​មួយចំនួនវេទនា​ចិត្តព្រាត់​ស្រុក​ទេសមកជ្រកកោនស្រុកបារាំងនេះ។

នៅទីណា​ក៏​ដោយ​ ឲ្យ​តែ​មាន​ខ្មែរ​ដែល​មាន​ឧត្តម​គតិ​និងស្មារតីជា​តិនិយម ភរិយា​ខ្ញុំ​តែង​តែ​ស្មគ្រ​ចិត្ត​ជួយ​ចូកជួយ​​​ចែវជួយ​ជា​កម្លាំង​ ជាគំនិត​ទៅ​តាមសមត្ថភាពរបស់​នាង​ពុំ​ដែលរុញរាឬ​អាក់​ខាន​ទេ។ បើ​​គេ​រាប់​រក​នាង ត្រូវ​ការ​ពឹង​ពាក់​នាង​ៗ​ក៏​រាប់​រក​ នឹង​ជួយ​គេ​ស្មោះ​អស់​ពី​ដួង​ចិត្តវិញត​ឥត​ខ្លាច​នឿយ​ហត់បន្តិចឡើយ​​។

ប៉ុន្តែ​ ផ្ទុយ​ទៅវិញ នាង​ស្អប់ខ្ពើម​បំផុត​មនុស្ស​ខ្មែរ​ ឬ ជន​បរទេស​ណា​ដែល​រាក់ទាក់រាប់រក​នាង​ដើម្បីស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នាង​តែ​ង​តែចៀ​​ស​ចេញ​ឆ្ងាយ​ពី​ក្រុម​ជន​ប្រភេទ​នេះ ឬជំពូក​ជន​ ​ដែល​មាន​បំណង​ចង់​ទាក់​ទាញ​ចិត្ត​គំនិត​នាង​ឲ្យ​ភ្លេច​ដើម​កំណើត​ខ្មែរ​ ហើ​យយក​នាង​ជាឈ្នាន់ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួននិងមហិច្ឆតា​របស់​ពួកគេ។

ថ្ងៃ​មួយ ​ភរិយា​និយាយ​​មក​កាន់​ខ្ញុំយ៉ាងម៉ត់ចត់។

–      បង! ឱកាស​ល្អ​មក​ដល់​ហើយ។ អូន​សូម​រួម​ចំណែក ​ ​សូម​គាំទ្រ​សកម្ម​ភាព​​បង​ និង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង។ អូន​ត្រៀម​ខ្លួន​ចាំ​ជួយ​បង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់។ បង​ដឹង​ទេ? អូន​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​យើង​ណាស់។ កាល​អូន​ជាប់​ក្នុង​របប​កុម្មុយ​នីស​ខ្មែរ​ក្រហម​នៅឃុំ​ត្រើយ​ស្លា ​​ស្រុកកោះធំ​ អូន​បាន​ឃើញ​ពួកខ្មែរក្រហម​ប្រមូល​សៀវភៅ​​ដុត​ចោល​ទាំង​គំនរៗ។ កាល​​​ណោះ ​អូនឈឺចាប់អួលផ្សារណាស់ ស្រក់​ទឹក​ភ្នែក​តក់​ៗ ​ព្រោះអូនស្តាយ​សៀវភៅ​ទាំង​នោះ​ពេក។ អូននឹកថា ពពួកជន នខ្វាក់ទាំងនេះឥតស្គាល់តម្លៃសៀវភៅទេ។ វាហែកវចនានុក្រមបារាំងខ្មែរយកទៅមូរបារីជក់ គួរឲ្យក្តៅក្រហាយណាស់។ ​ក្នុងអតីតកាល ពីមួយ​ជំនាន់​ទៅ​មួយ​​ជំនាន់​ ពេល​ដែល​ប្រទេស​យើងផ្លាស់​ប្តូរ​របប​នយោបាយ​ម្តងៗ ស្រុក​យើង​ធ្លាក់​ចុះ​ដុន​ដាប។ សៀវភៅ គម្ពីរ ឯកសារ​នានា​ត្រូវ​គេ​ដុត​បំផ្លាញចោលខ្ទេចខ្ទីរ​អស់​ ឬបើពុំនោះទេ​ក៏​ត្រូវ​សត្រូវ​ជិង​ខាង​​ចូល​លុក​លុយ​ក្នុង​ប្រទេស​យើង ​រួចនាំ​គ្នា​ដឹក​ជញ្ជូន​ឯកសារផ្សេងៗយក​ទៅទុក​ក្នុង​ប្រទេស​គេ​អស់​រលីង។ វប្បធម៌​អក្សរ​សាស្រ្ត​ខ្មែរ​ត្រូវ​អាប់​ឱន​អស់​រស្មី​បន្តិច​ម្តង​ៗ។ ហេតុនេះ សូម​បង​ខំ​សរសេរ​ទៅ ទោះ​ជាសរសេរពីអ្វីឬ​រឿង​អ្វី​ក៏​ដោយ គ្រាន់​នឹង​ចងសំណេរទាំងនោះទុក​ជា​ទំព័រ​សាក្សី​នៃ​ជីវិត​ខ្មែរ ទោះ​បី​ជាបងមិនទាន់​បាន​បោះ​ពុម្ព​ភ្លាម​ៗ​ក៏​ដោយ​។

–       ត្រូវ​ហើ​យទេវីវណ្ណអូន! បងពេញចិត្តសម្តីអូនណាស់ បង​ក៏​យល់​ដូច​អូន​ដែរ។ ក្នុង​រយៈ​ពេល​ដែល​ខ្មែរយើង​និរាស​ស្រុកមកជ្រកកោនលើទឺកដីបរទេសនេះ យើង​ត្រូវ​សរសេរ​អត្ថបទ​ផ្សេង​ៗ​ទោះ​ជា​រឿង​ប្រលោម​លោក​ក្តី ​កំណាព្យ​ក្តី​ រឿងពិតក្នុងរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ ដើម្បី​បោះ​គោល​ព្រលឹង​​​​ខ្មែរ​ដែល​កាន់​ទុក្ខ​សោក។ បើ​សិនជាថ្ងៃល្អ​ណា​មួយ​​មក​ដល់​ យើង​នឹង​ប្រមូល​អត្ថបទ​ផ្សេង​ៗមក​ចង​ក្រង​ឡើង​ ដើម្បី​​ចង​ភ្ជាប់​ទំព័រ​អក្សរសាស្ត្រខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៧៥ ត​ទៅ​អនា​គត​។ បើ​មិន​ដូច្នោះ​ទេ អក្សរ​សាស្ត្រ​​យើង​ នឹង​មាន​ប្រហោង​ខ្មៅ​មួយយ៉ាងធំ​ដែល​កូន​ចៅ​យើង​មិនដឹងមិន​យល់នៅ​ថ្ងៃ​ក្រោយឡើយ។

–      ​ក្នុង​បច្ចុប្បន្ន​កាល​នេះ អូន​សោក​ស្តាយ​ណាស់ កាល​ណាដឹងថា​ សារពត៌​មាន​ខ្មែរ និង​ព្រឹត្តិបត្រ​ខ្មែរមួយចំនួន​បញ្ឈប់​សកម្មភាព​ម្តង​មួយ​ៗ​ដោយ​ ​បញ្ហាកង្វះ​ថវិកា ដោយហេតុថា​​ពុំ​សូវ​មាន​អ្នក​​ជា​វ​អាន។ តើ​អក្សរសាស្ត្រ​ខ្មែរ​នឹង​ទៅជា​យ៉ាង​ណា​ក្នុង​អនាគតកាល?

–      ​ព្រោះ​តែ​បង​មា​នចិត្ត​អួល​ផ្សា​ដូច​អូន​ហើយ ទើប​បាន​ជា​បង​ចេះ​តែ​ខំ​ឆ្លៀត​ពេលទំនេរពីការងារចិញ្ចឹមជីវិត​បន្ត​សកម្មភាព​អក្សរសាស្រ្ត​ខ្មែរ​ និង​ខំ​ជម្នះ​ឧបសគ្គ​គ្រប់​​បែប​យ៉ាង​ជាមួយ​អ្នក​បង​កល្យាណី​ ដើម្បី​បង្កើត​ស្នា​ដៃ​ថ្មីៗ។ បង​លួច​ផ្សង​និងសន្សំក្តី​សង្ឃឹម​លាក់​ទុក​ក្នុង​ចិត្ត​ថា បើ​បងប្អូន​ខ្មែរចូល​ចិត្តស្តាប់​ភាសាខ្មែរ​តា​ម​វិទ្យុអាស៊ី (RADIO ASIE) និង វិទ្យុ​បារាំងអន្តរជាតRFI (RADIO FRANCE INTERNATIONALE) បង​ប្អូន​ទាំង​នោះ​មិន​កំណាញ់​ចំណាយ​ប្រាក់​កាស​បន្តិច​បន្តួចដើម្បីជួយ​ជាវ​លើក​ទឹក​ចិត្ត​អ្នក​ធ្វើសកម្មភាពអក្សរសាស្ត្រ​ ឬ​អ្នក​និពន្ធ​នោះ​ទេ។ តើ​អូន​ជឿ​ដូច​បង​ខ្លះ​​ទេ​អូន?

–      ច៎ាះ! អូន​ជឿទៀត​ថា បង​​ប្អូន​ខ្មែរដែល​ហ៊ាន​ចំណាយ​លុយ​ទិញ​សំបុត្រ​រាំ​លេង ​ស្តាប់​ភ្លេង​កំសាន្តសប្បាយ​តែ​មួយ​រាត្រី​ គេក៏​ប្រហែល​មិន​ស្តាយប្រាក់​ជួយ​ជាវសៀវភៅ​ខ្មែរមួយដែល​គេ​អាច​រក្សា​ទុក​មួយ​ជីវិត​នោះ​ដែរ។ អូន​យល់ថា ​គេ​នាំ​គ្នា​ជួយ​លើកទឹកចិត្ត​អ្នក​ចម្រៀង​ឲ្យ​រស់​បាន គេ​គួរតែ​ជួយចូក​ចែវ​អ្នក​និពន្ធ​ឲ្យ​មាន​កម្លាំងបម្រើ​អក្សរសាស្ត្រ​ជាតិ​ផងដែរ។ អក្សរ​សាស្ត្រ​ និង​សិល្បៈ​​ជា​មែក​ធាង​នៃ​វប្បធម៌ជាតិយើង។ ​វប្បធម៌ជាព្រលឹងជាតិមែនទេបង?

ពេល​វេលា​ចេះតែ​ដើរ​លឿន​ទៅមុ​ខឥត​រង់​ចាំ​យើង​រាល់​គ្នាឡើយ។ អូនទេវីវណ្ណ ​និង​ខ្ញុំ​មិនបណ្តោយ​ឲ្យ​ពេល​វេលារសាត់​ចោល​យើង​ឥត​ប្រយោជន៍​ទេ។ យើង​តែង​តែខំ​ឆ្លៀត​ពេល​ ​បម្រើ​អក្សរ​សាស្រ្ត​និង​សិល្បៈ​ខ្មែរ​ដោយ​​រីករាយ​សុទ្ធ​ចិត្ត ទោះ​បី​ជា​មិនបាន​ទទួល​កម្រៃក៏​ដោយ​។  យើង​ចង់​រក្សា​ទំនៀម​ទម្លា​ប់​ វប្បធម៌​ អក្សរ​សាស្ត្រ​ និង​ជួយ​ថែ​ឫសកែវខ្មែរ​ឲ្យ​រឹង​មាំ​ឡើង​​ជា​ស្ថាពរ។

បើ​ទោះ​ណា​សកម្មភាព​របស់​យើង​បា​ន​ត្រូវ​ជន​មួយ​ក្តាប់​តូច​យក​ជើង​រាទឹក បង្ខូច​បង្កាច់ ពេប​ជ្រាយ​និន្ទាឈ្នានីស​ ជាន់​ពន្លិច​យើង​ ឬលាបពណ៌​យើង​ទៅ​តាម​គំនិត​រវើរវាយ​របស់ពួក​គេ ​ក៏​យើង​ខំ​ខាំ​មាត់​សង្កត់​ចិត្ត​ឥត​តូចចិត្ត​សោះ។ យើង​គិត​ថា ក្នុង​ជីវិត​ យើង​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិចឡើយ។

មិន​យូរ​ប៉ុន្មាន អ្ន​កដែល​បាន​យល់​ខុស​លើ​រូប​យើង ​មុខ​ជា​​ភ្ញាក់​រលឹកនិងខ្មាសខ្លួនឯងមិន​ខាន។ សំខាន់​បំផុត​  ឲ្យ​តែ​យើង​មាន​ជំហរ​នឹងនរ​ត្រង់​ផ្លូវ​ល្អ យើង​ច្បាស់​ជា​ទទួល​បាន​ជោគជ័យ​​ពិត​ប្រាកដនៅថ្ងៃណាមួយ។ ឧត្តម​គតិ​របស់​យើង​ គឺខិត​ខំ​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ដួង​ព្រលឹង​ ពូជ​អម្បូរ​ខ្មែរ​ ថែ​រក្សា​កេរ្តិ៍​មរតក​ដ៏​ឆ្នើម​របស់​ដូន​តា​យើង​ឲ្យ​ស្ថិត​ស្ថេរ​ជា​ស្ថាពរ​…។

ក្នុងពេល​​អួរ​អាប់និងហត់នឿយ​ម្តងៗ ខ្ញុំ​ចាប់​ហ្គីតា​មក​ដេញ​លេង​ជា​បទភ្លេង​ផ្សេងៗ​ មាន«បទខ្យល់សមុទ្រ» និង​«​បទទ្រព្យគាប់ចិន្តា» ដែល​បកស្រាយដោយ ​លោក ស៊ីន ស៊ីសាមុត ​តារាចម្រៀងឯកខ្មែរយើង ដែលគេប្រសិទ្ធនាមជូនថាអធិរាជសម្លេងមាស។ ខ្ញុំដេញហ្គីតាផងច្រៀង​បំពេរ​ទេវីម្ចាស់ជិវិតខ្ញុំផងដើម្បី​រំឮក​អនុស្សាវីរីយ៍​ដ៏ត្រកាលរបស់យើង​នៅក្រុង NICE ។ ទេវី​វណ្ណចូលចិត្ត​ស្តាប់តន្រ្តីនិងចម្រៀងខ្មែរណាស់។ ធីតាតែង​តែ​ច្រៀង​លេង​ជាមួយ​ខ្ញុំ។ នេះ​ហើយ​ជាពេល​សម្រាក​​របស់យើង​។ ចិត្ត​យើង​ទាំង​ពីរ​ដូចគ្នា។​ សូមចុចស្តាប់និងទស្សនាបទទាំងនេះលើខ្សែដំណខាងក្រោម៖

ខ្យល់សមុទ្រ រៀបរៀងដោយ​កុលាបស៖ http://www.youtube.com/watch?v=lXs7fTc1ZJI

 

 

(ដកស្រង់ចេញពីផលិតកម្មផ្កាយព្រឹក)

*             *

*

កន្លង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​និង​ទេវីវណ្ណបាន​បុត្រី​មួយ​រូប​ដែលយើងដាក់នាមឲ្យ​ថា ខេមរាវតី។

សព្វ​ថ្ងៃ ខេមរាវតី កូន​ស្រី​បណ្តូល​ចិត្ត​របស់​យើង អាយុ​ប្រាំ​បី​ឆ្នាំ​ហើយ។ ​វតី​មាន​នេត្រា​ធំៗ ។ សម្បុរ​​​នាង​ស្រអែម។ ទម្រង់​មុខ​មាត់​របស់​នាង​កាត់មក​រក​ខ្ញុំ។ ប៉ុន្តែ ​ចរិយា​ឫក​ពា ​កាត់​រក​ទេវី​វណ្ណ​ជា​មាតា។ បុត្រីយើង​មា​នចរិយាសុភាព​ស្រគត់​ស្រគំ ។ នាង​ចូល​ចិត្ត​អាន​សៀវភៅ​ដូច​​​មាតា​ដែរ។

នៅ​សាលា​រៀន វតីរៀន​ពូកែ។ ជាសិស្សដ៏​ជាទីពេញចិត្ត​របស់លោកគ្រូអ្នកគ្រូ​។ ​ ​អ្នកគ្រូ និង​មាតា​នៃសិស្ស​ខ្លះ​ ​ចង់​ស្គាល់​យើងដែល​ជា​មាតា​បិតារបស់ខេមរាវតី។  ​ឪពុ​ក

ម្តាយកូន​​បារាំង​ម្នាក់​បាន​មក​ដល់​ទីលំនៅ​យើង​ ហើយ​សុំអនុញ្ញាត​ ​នាំ​យក​ខេម​រាវតី​​ទៅ​លេង​ផ្ទះ​គេ​រាល់​រសៀល​ថ្ងៃពុធ​ក្នុង​គោល​បំណង​ចង់​ឲ្យ​បុត្រី​របស់​គេ​យក​តម្រាប់​តាម​ខេមរាវតី។

នៅផ្ទះ ទេវីវណ្ណ​និង​ខ្ញុំ​និយាយ​តែ​ភាសា​ខ្មែរ​ជាមួយ​បុត្រី​សម្លាញ់។ ចំណែកខេមរា​វតីវិញ នាង​និយាយ​តែ​ភាសា​ខ្មែរដែលជាភាសា​កំណើតរបស់​យើង​​ពីរោះ។ យើង​​រីក​រាយ​ឥត​ឧបមា។

សរុប​សេចក្តីទៅ អ្វីៗ​ដែល​យើង​បានត្រួស​ត្រាយ និង​ខំ​បូ​ជា​ពលិកម្ម​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំកន្លងមក​ ក្លាយជា​គំរូសម្រាប់​បុត្រី​របស់​យើង។ ខេមរាវតី​ជ្រួត​ជ្រាប​ស្មារតី​ជាតិបន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​ ដូច​ជា​ចូល​ចិត្ត​អ្វីៗ​ដែល​ជា​លក្ខណៈ​ខ្មែរ​ពេញ​ក្រអៅ​បេះ​ដូងនាង។

យើង​សង្ឃឹមយ៉ាង​មុត​មាំ​​ថា ក្នុងអនាគតកាល ខេមរាវតី ​បុត្រី​បណ្តូលបណ្តាច់ដែលជាដួង​ព្រលឹង​របស់​យើង​នឹង​​ចេះ​ស្រឡាញ់​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ជាតិ និង​ជួយ​ថែ​ពន្លឺ​ចង្កៀងវប្បធម៌​អារ្យ​ធម៌​ខ្មែរ​មិន​ឲ្យ​រលត់​ឡើយ៕

 

ស្ត្រាស់បួរ ថ្ងៃទី ២១ សីហា ១៩៨៣

កែសម្រួលឡើងវិញ នៅ

ម៉ុងទីញីឡេគ័រម៉េយ​ ប្រទេសបារាំងនៅ ថ្ងៃ ខែសីហា ឆ្នាំ២០១២

 

 

4 responses to “រឿងខ្លី ៖ ខ្យល់សមុទ្រ ភាគទី៤ (ភាគបញ្ចប់) និពន្ធដោយ ប៉ិច សង្វាវ៉ាន

  1. «ខ្យល់សមុទ្រ» ខ្យល់ គឺ​ជា​សភាវៈ​បក់​រំជួល​នៃ​អាកាស ធ្វើ​ឲ្យ​កំរើក​ យោល​យោគ​ទៅ​តាម​កម្លាំង​ខ្សោយ ឬ​ខ្លាំង ​ទៅ​តាម​ចរន្ដ​សម្ពៀត​អាកាស​នោះ ។  សមុទ្រ គឺ​ជា​ទី​វាល​ទឹក ធំ​ធេង​ជ្រាល​ជ្រៅ​ល្ហល្ហេវ​លន្លឹម​បាត់​ត្រើយ ធ្វើ​ខ្យល់​អាច​បក់​បោក​មក​ដោយ​សេរី ហើយ​នាំ​មក​នូវ​សម្ពៀត​អាកាស​ត្រជាក់​បរិសុទ្ធ ដែល​មនុស្ស​សត្វ​នានា អាច​ស្រូប​ដក​ដង្ហើម​យក​ភាព​បរិសុទ្ធ​នេះ បាត់​ក្ដី​កង្វល់ បាត់​ក្ដី​នឿយ​ហត់​ផ្សេងៗ ភ្លឺ​ថ្លា​គំនិត រីក​រាយ​សប្បាយ​​បាន​យ៉ាង​ល្អ។ អ្នក​និពន្ធ​ ដែល​មាន​មាន​ចិត្ដ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សង្គម បញ្ហា​អក្សរ​សាស្ដ្រ ទំនៀម​ទំលាប់ ដែល​ជា​តំលៃ​ជាតិ​ខ្លួន​ ហើយ​តែង​និពន្ធ សរសេរ​ពី​ទឹក​ចិត្ដ​របស់​ប្រជាជន​ពិតៗ ក្នុង​សម័យ​ដែល​ខ្លួន​រស់​នៅ អោយ​មើល​ឃើញ​ពី​កំហុស ​ពីការ​រីក​ចំរើន ឬ​ការ​ចុះ​ឱន​ថយ​ទាំង​ឡាយ​ ហើយ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ នៅ​ទី​នេះ​អ្នក​និពន្ធ​អោយ​ឈ្មោះ​រឿង​ថា «រឿងខ្យល់សមុទ្រ» គឺ​ជា​រឿង​មួយ​ដែល​អ្នក​និពន្ធ​និទាន​អំពី​ពន្លក​ស្នេហា​ដ៏​បរិសុទ្ធ​ ដូច​ខ្យល់​សមុទ្រ ​ដែល​បាន​បក់​បោក​មក​បបោស​អង្វែល កំលោះ​ឧត្ដម និង នាង​ក្រមុំ​ទេវី​វណ្ណ អោយ​លង់​លក់​លើ​តេន​សយនា​ស្នេហ៍ដ៏​សែន​សុខ សែន​សប្បាយ​រក​អ្វី​ប្រៀប​ពុំ​បាន។

    នៅ​ក្នុង​រឿង​ស្នេហា ដ៏​សុខ​សាន្ដ​នេះ ​អ្នក​និពន្ធ​បាន​សរសេរ​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​សីល​ធម៌​សង្គម ​សីលធម៌​ស្នេហា វប្បធម៌ អក្សរ​សាស្ត្រ ដោយ​ត្រង់​ៗ​តែ​ម្តង ហើយ​ដែល​ធ្វើ​ឲ្យ​សាច់​រឿង​មាន​អត្ថ​រស​ពិរោះ​ជក់​ចិត្ដ​យ៉ាង​ខ្លាំង​តែ​ម្តង ព្រោះថា ប្រជា​ជន​យើង អរិយ​ធម៌ វប្ប​ធម៌​ជាតិ​យើង ដែល​បាន​តស៊ូ​ទប់​ទល់​ នឹង ការ​ឈ្លាន​ពាន​ឥត​ឈប់​ឈរ អំពី​អ្នក​ជិត​ខាងអ​សប្បុរស​ធម៌ តាំង​ពី​ច្រើន​សតវត្ស​រ៍រួច​មក​ហើយ តែ​មិន​ព្រម​ចុះ​ចាញ់ ​មិន​ព្រម​ទំលាក់​អាវុធ​ចុះ​ញ៉ម នឹង វាស​នា​អភ័ព្ទ​របស់​ខ្លួន​នោះ នេះ​ជា​វាសនា​ដ៏​ឧត្ដុង្គ​ឧត្ដម​ខ្លាំង​ណាស់​ចំពោះ​យើង​ជា​ខ្មែរ​គ្រប់ៗ​គ្នា។ អត្ថរស​ដ៏​សំខាន់ៗ​ពីរ​យ៉ាង ដែល​យើង​អាច​ទាញ​ចេញ​ពី​សាច់​រឿង​ទុក​ជា​គ្រឿង​សិក្សា​រៀន​សូត្រ​គឺ:

    «ស្នេហាបរិសុទ្ធ» ស្នេហា​វា​ជា​បាតុ​ភូត​ម្យ៉ាង​ដែល​អាច​កើត​ឡើង​គ្រប់​ពេល​វេលា គ្មាន​ឋានៈ វណ្ណៈ ឬ​អាច​ហាម​បាន​អ្វី​ទាំង​អស់ នៅ​ក្នុង​សម័យ​ចាស់​បូរាណ ទំនៀម​ទំលាប់​ហាក់​តឹង​តែង​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ស្នេហា ហើយ​ថែម​ទាំង​ត្រូវ​បែង​ចែក​វណ្ណៈ ឋានៈ មាស​ប្រាក់ កិត្ដិយស​ទៀត​ផង។ នៅ​ក្នុង​រឿង​ប្រាសាទ​នាង​នាង​ខ្មៅ នាង​ខ្មៅ​មាន​ស្នេហា ស្រឡាញ់​ជា​មួយ​បុរស​ក្រី​ក្រ​ម្នាក់ ត្រូវ​បិតា​នាង ដាក់​ទោស​ប្រហារ​ជីវិត។ ស្នេហា​ទុំ​ទាវ​ត្រូវ​បែក​បាក់គ្នា​រហូត​ក្ស័យ​ជីវិត ព្រោះ​ម្ដាយ​នាង​ទាវ​លោភ​លន់ ចង់​បាន​កិត្ដិយស លុយ​កាក់​មាស​ប្រាក់​យ៉ាង​ច្រើន​ហួស​ហេតុ​ពេក។ ស្នេហា​ព្រោះ​តែ​ការ​យល់​ច្រលំ​ចិត្ដ​គ្នា ដែល​កើត​ចេញ​មក​ពី​កត្ដា​ជា​ច្រើន​យ៉ាង ដូច​ជា​កត្ដា​​ស្នេហា​ជាតិ​ជា​ដើម ដូច​ស្នេហា​ទីឃាវុធ នឹង​នាង​ក្រមុំ​សៀម​ចន្ទមណី ក្នុង​រឿង​មាលា​ដួង​ចិត្ដ បណ្ដាល​ឲ្យ​គូស្នេហ៍​វិស​តែ​បែក​បាក់​គ្នា​ទាំង​ស្រុង​តែ​ម្ដង។​ ប៉ុន្ដែ​សេចក្ដី​ស្នេហា​បរិសុទ្ធ របស់​នាង​ត្រចើង​ដោះ​ក្រាល នឹង ចៅ​ព្រាន​ប្រមាញ់​វឹង​សុង ជា​ស្នេហា​ផ្អែម​ត្រជាក់​កើត​ចេញ​ពី​ក្ដី​ស្រលាញ់​ស្មោះ​ឥត​ងាក​រេ បើ​ទោះ​ជា​មាន​មាស​ប្រាក់​លុយ​កាក់ កិត្ដិ​យស ​រហូត​ព្រះ ​មហាក្សត្រ ​គ្រប់គ្រង​​ផែន​ដី​ក៏​ដោយ ក៏​តាដុង យាយ​ជ័យ​មិន​ឈ្លក់​វង្វេង​លោភ​លន់ នឹង ទ្រព្យ​សម្បត្ដិ លើក​កូន​ស្រី​ឲ្យ​ទៅ​ព្រះ​មហា​ក្សត្រ ដែល​តាម​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង​នោះ​ទេ យាយ​តា យល់​ចិត្ដ​កូន​ស្រី​យ៉ាង​ច្បាស់ ហើយ​សុខ​ចិត្ដ​ពង្រត់​កូន​ស្រី ​គឺ​នាង​ត្រចើង​ដោះ​ក្រាល ឲ្យ​បាន​រៀប​ការ​ជា​មួយ​គូស្នេហ៍​របស់​នាង​ គឺ​ចៅ​ព្រាន​ប្រមាញ់​វឹងសុង​ដោយ​សុទ្ធ​ចិត្ដ​វិញ។ ​ យ៉ាង​ណា​មិញ ភាព​កក់​ក្ដៅ​ក្នុង​ផ្លូវ​ចិត្ដ​នៃ​គូស្នេហ៍​ក្នុង​រឿង​ខ្យស់​សមុទ្ទ គឺ​ជា​ជោគ​ជ័យ​យ៉ាង​ ធំ​ធេង​ រវាង​កំលោះ ​ឧត្ដម និង នាង​ក្រមុំ​ទេវីវណ្ណ ដែល​មាន​ភាព​ជឿ​ជាក់ ​ពិត​ប្រាកដ​ ​នៅ​ក្នុង​ផ្លូវ​ចិត្ដ​រៀងៗ​ខ្លួន​ ឥត​ងាក​រេ​ តាំង​ពី​ស្នេហា​គេ​ទាំង​ពីរ​ប៉ិច​ពន្លក រហូត​បាន​រៀប​ការ ជា​ស្វាមី​ភរិយា មាន​បុត្រ​ រួម​សុខ​រួម​ទុក្ខ នឹង គ្នា​ជា​រៀង​រហូត គឺ​ជា​ស្នេហា​ផ្អែម​ត្រជាក់ នៃ​ស្ថាន​សួគ៌​លោកិយ​តែ​ម្តង។

    «វប្បធម៌ អរិយធម៌ អក្សរ​សាស្រ្ដ ភាសា » នៅ​ក្នុង​សម័យ​អតីត​កាល ចាស់​ៗបូរាណ​ខ្មែរ​យើង​ហាក់​ពុំ​សូវ​យក​ចិត្ដ​ទុក​ដាក់ ក្នុង​រឿង​សិក្សា​រៀន​សូត្រ​អក្សរ​ឲ្យ​បាន​ច្រើន​គ្នា​នោះ​ទេ ហើយ​ជា​ពិសេស វិបត្ដិ​នេះ​បាន​ធ្លាក់​ទៅ​លើ​កូន​ស្រីៗ​តែ​ម្តង ឳពុក​ម្ដាយ​ខ្លះ​មិន​ឲ្យ​កូន​ស្រី​ទៅ​រៀន​ទេ ព្រោះ​ខ្លាច​កូន​ស្រី​រៀន​ចេះ​ទៅ អាច​មាន​ទំនាក់​ទំនង​ស្នេហា​ភ្លើត​ភ្លើន ជាមួយ​បុរសៗ ធ្វើ​ឲ្យ​អាប់​យស​អាប់​កេរ្ដិ៍​ឈ្មោះ​នៅ​វង្ស​ត្រកូល​ខ្លួន​ក្នុង​សង្គម។ វិបត្ដ​នេះ​វា​មិន​មែន​ត្រឹម​តែ​មិន​ឲ្យ​តំលៃ ទៅ​លើ​ការ​រៀន​សូត្រ​អក្សរ​លេខ​ទេ ប៉ុន្ដែ​ចាស់ៗ​បូរាណ​ខ្មែរ​យើង​ក៏​មិន​ឲ្យ​តំលៃ​ទៅ​លើ សិល្បៈ តួ​សម្ដែង ច្រៀង​រាំ រឿង​ប្រលោម​លោក​រឿង​និទាន​បែប​មាន​ស្នេហា ជា​ដើម​ផង​ដែរ ការ​យល់​ច្រលំ​បែប​នេះ​វា​សឹង​តែ​ក្លាយ​ជា​ទំនៀម​ទំលាប់ ហើយ​ដុះ​រីក​ជាប់​នៅ​ក្នុង​សន្ដាន​ចិត្ដ​ខ្មែរ​ស្ទើរ​គ្រប់ៗ​គ្នា​ទាំង​អស់​តែម្តង​។ នៅ​ក្នុង​រឿងខ្យល់​សមុទ្រ អ្នក​និពន្ធ​ដាក់​តួ​អង្គ​និមួយ​ៗ សុទ្ធ​តែ​ជា​អ្នក​សិល្បៈ មាន​ទឹក​ចិត្ដ​ស្រឡាញ់​ វប្បធម៌ អរិយ​ធម៌​ខ្មែរ​យ៉ាងស្វិត​ស្វាញ ស្អិត​រមួត​តែ​ម្ដង។ តាំង​ពី​កុមារី​បុប្ផារដ្​អ្នក​សិល្បៈ​សម្ដែង  ពូកុសល ចូល​ចិត្ដ​តាំង​ក្បាច់​ចម្លាក់​ខ្មែរ​លំអ​នៅ​ក្នុង​ផ្ទះ នាង​ទេវីវណ្ណ ចូល​ចិត្ដ​ភាសាខ្មែរ អាន​រឿង​អាន​អក្សរ​សាស្ដ្រ​ខ្មែរ​ ឧត្ដម្ភ​អ្នក​និពន្ធ​ នាង​កល្យាណី​អ្នក​ផ្ដើម​គំនិត​ដ៏​ឆ្នើម​ក្នុង​ការ​បង្កើត​ទស្សនាវដ្ដី​ខ្មែរ បោះ​ពុម្ព​សៀវ​ភៅ​ខ្មែរ​ជា​ដើម។ ក្នុង​ន័យ​នៃ​សាច់​រឿង​ទាំង​អស់​នេះ​ធ្វើ​អោយ​អ្នក​អាន​រំភើប​ញាប់​ញ័រ​តាម​សាច់​រឿង​ជា​អនេក ព្រោះ​អ្នក​និពន្ធ​បាន​ប្រើ​វិធី​សាស្ដ្រ​តែង​និពន្ធដ៏​ឆ្នើម​ម្យ៉ាង​ ក្នុង​ការ​ដាស់​សតិ​សម្ប​ជញ្ញៈ​អ្នក​អាន​អោយ​ភ្ញាក់​រលឹក​ឡើង ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​ភាព​ព្រងើយ​កន្ដើយ ​និង ជួយ​លើក​ស្ទួយ សីល​ធម៌ វប្ប​ធម៌ ភាសា អក្សរ​សាស្ដ្រ​ខ្មែរ ឲ្យ​រីក​ចម្រើន​លូត​លាស់​យ៉ាង​ពិត​ប្រាកដ។

    • ហេតុអ្វីបានជាខ្ញុំ អ្នកនិពន្ធរឿង “ខ្យល់សមុទ្រ” នឹង រឿងខ្លីៗទាំងប៉ុន្មានផ្សាយក្នុងប្លក់

      នេះ តែងតែលើកយកបទវិភាគរបស់លោក កែវ ឈុនចុះផ្សាយនៅលើទំព័រប្លុកខ្ញុំនេះ

      មិនដែលខាន? នេះព្រោះតែ ខ្ញុំមិនអាចព្រងើយកន្តើយក្នុងការចែករំលែកអ្វីៗទាំង

      អស់ដែលខ្ញុំបានទទួលជូនក្មួយៗ និងប្រិយមិត្តអ្នកអានដ៏មានភក្តីភាពរបស់ខ្ញុំបាន

      ឡើយ។ អ្នកអានដ៏មានភក្តីភាព និងមានឧត្តមគតិមួយរូបដូចលោក កែវ ឈុន មិន

      មែនគ្រាន់តែអាន ដើម្បីកំសាន្តអារម្មណ៍ រួចបិទកុំព្យូទ័រទេ តែ​លោកបានអានយ៉ាង

      យកចិត្តទុកដាក់បំផុត។ លោកយល់ច្បាស់អំពីអត្ថន័យនៃរឿង”ខ្យល់សមុទ្រ” គ្រប់

      ចំណុចគ្មានចន្លោះត្រង់ណាឡើយ។

      បទវិភាគដ៏មានខ្លឹមសាររបស់លោកនេះ គឺជាវិភាគទានដ៏ថ្លៃថ្លាក្នុងកិច្ចរួមចំណែក

      ជាពិសេសដែលជាជំនួយដ៏សំខាន់មួយ និងដ៏កម្រមួយ​សម្រាប់ជាប្រយោជន៍ចំពោះ

      ក្មួយៗអ្នកសិក្សាអក្សរសាស្ត្រដំបូងដែលរៀនវិភាគអត្ថបទអក្សរសិល្ប៍ខ្មែរ៕

      ខ្ញុំសូមថ្លែងអំណរគុណលោកជាអតិបរមា និងសូមគោរពសរសើរលោកដោយសុទ្ធ

      ចិត្ត ដែលមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យអក្សរសាស្រ្តវប្បធម៌ខ្មែរយើង៕

  2. ជា​កិត្ដិយល​ដ៏​ធំ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​រាល់ៗ សំនេរ​របស់​ខ្ញុំ
    ត្រូវ​បាន​ពេញ​ចិត្ដ លើក​សរសើរយ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​លើក​ យក
    ​មក​ដាក់​ប្រកាស​នៅ​លើ​ទំព័រ​របស់​ម្ចាស់​អ្នក​និពន្ធ​ផ្ទាល់​ទៀត​ផង​។

    ខ្ញុំ​រំភើប សប្បាយ​ចិត្ដ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។ សូម​អរគុណ​យ៉ាង​ច្រើន
    ​អនេក ហើយ​សូម​ឲ្យ​ទឹក​ចិត្ដ​ស្រឡាញ់ សូម​ឲ្យ​អក្សរ​សាស្ដ្រ​ខ្មែរ រីក​ចំរើន
    ​ថ្កុំ​ថ្កើង​ ​រុង​រឿង​អណ្ដែត​ត្រសែត​ខ្ពង់​ខ្ពស់​ ក្នុង​ពពក​នៃ​ពន្លឺ​ត្រចាស់​ត្រចង់​ជា​និច្ច។

  3. ខ្ញុំសូមអរគុណនិងថ្លែងអណរអរគុណយ៉ាងធំធេងបំផុតសម្រាប់អ្នកនិពន្ធក៏ដូចជាអ្នកផ្សព្វផ្សាយរឿង ខ្យល់សមុទ្យ ជារឿងមួយដែលអប់រំខ្លាំងបំផុតអោយកូនខ្មែរចេះស្រឡាញ់ជាតិ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ អរិយធម៌ របស់ខ្មែរយើង ។ ជាចុងក្រោយខ្ញុំសូមជូនពរអោយអ្នកនិពន្ធ និងអ្នកផ្សព្វផ្សាយជួបតែសេចក្តីសុខ សុភមង្គល ជារៀងរហូតទៅ ពីខ្ញុំឈ្មោះ ឈុន មុនីវន្ត័ កូនខ្មែរម្នាក់ដែលរស់ភូមិត្រពាំងខ្ទុំ ឃុំ វាលពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ សូមអរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s