វិស្សមកាលនៅប្រទេសកាណាដា​ ដោយប៉ិច សង្វាវ៉ាន

វិស្សមកាល២០១២នេះ ជាឱកាសនាំជំហានយើងឲ្យទៅមើលទីតាំងលំនៅរបស់

កូនពីរនាក់ក្នុងប្រទេសកាណាដា។​     ពួកគេស្រឡាញ់ប្រទេសកាណាដា ហើយ

សម្រេចចិត្តចាកចេញពីប្រទេសបារាំង   ទៅរស់នៅក្នុងប្រទេសដ៏ធំទូលំទូលាយ

នេះ។

កាលដែលខ្ញុំនៅបម្រើការងារជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តជាតិក្នុងរយៈ

១៨ឆ្នាំ   ខ្ញុំមិនដែលបានទទួលព័ត៌មានអំពីប្រទេសកាណាដាដូចជាប្រទេសឯ

ទៀតសោះ។  ប៉ុន្តែ  ខ្ញុំបានទទួលសារអេឡិចត្រូនិចពីអ្នកស្តាប់ដ៏មានភក្តីភាព

មួយរូបដែលរស់នៅក្នុងក្រុង«ម៉ុងរ៉េអាល់​ គឺ​ លោក​អ៊ុន ឃ្លី។​  លោកតែងតែផ្ញើ

សារមកខ្ញុំជារឿយៗ កាលណាលោកពេញចិត្ត  «នាទីជួបជាមួយអ្នកចម្រៀង

ក្នុងប្រទេសកម្ពុជា»​ និង «នាទីអក្សរសិល្ប៍ខ្មែរ»របស់ខ្ញុំ។

នៅមធ្យមសិក្សា តាមរយៈមេរៀនបារាំងមួយក្នុងសៀវភៅ «COURS DE

LANGUES ET CIVILISATION FRANCAISE » ដែលនិពន្ធដោយ  G.

MAUGER  ខ្ញុំបានស្គាល់ឈ្មោះទីក្រុង«ម៉ុងរ៉េអាល់»ជាលើកដំបូងក្នុងជីវិត។  

លោកគ្រូបង្រៀនផ្នែកអក្សរសាស្ត្របារាំងបានពន្យល់ប្រាប់សិស្សទាំងអស់

ថាឈ្មោះក្រុង«ម៉ុងរ៉េអាល់»នេះ គេសរសេរថា«ម៉ុងត្រេអាល់» «MONTREAL»

តែគេអានថា «ម៉ុងរ៉េអាល់»។

​ប្រសិនជាកូនខ្ញុំពីរនាក់មិនទៅរស់នៅទីនេះទេ​ ប្រហែលជាខ្ញុំមិននឹកនាចង់មក

ទស្សនាទីក្រុងនេះទេមើលទៅ?  ក្នុងពេលដើរទស្សនាក្រុង   «ម៉ុងរ៉េអាល់»  ខ្ញុំ

មានអារម្មណ៍ថា មិនពិបាកប្រាស្រ័យទាក់ទងដូចជាដើរនៅប្រទេសចិន  វៀត

ណាម  ថៃ  លាវ  ម៉ាឡេស៊ី  សាំងហ្គាពួរ សហរដ្ឋអាមេរិកទេ      ព្រោះនៅក្រុង

«ម៉ុងរ៉េអាល់»នេះតែម្តង គេប្រើភាសានិងអក្សរបារាំងសឹងតែទូទៅ។ មកដល់

ទីនេះ ខ្ញុំនឹកឃើញនៅពេលឈរចាំឡើងយន្តហោឆ្ពោះទៅប្រទេសកាណាដា

ខ្ញុំបានជួបស្វាមីភរិយាខ្មែរមួយគូរដែលជួបស្គាល់លោក​អ៊ុន ឃ្លី អ្នកស្តាប់ដ៏មាន

ភក្តីភាពរបស់ខ្ញុំដែរ។    លោកនោះបានប្រាប់ខ្ញុំថា ឆ្នាំ២០១២ នេះ កូនខ្មែរនៅ

ប្រទេសបារាំងប្រមាណ៣០០នាក់បានចេញទៅសិក្សាក្នុងប្រទេសកាណាដា។

នេះជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល ព្រោះខ្ញុំមិនដែលនឹកគិតថា យុវជនខ្មែរដែល

កើតនិងរស់នៅក្នុងប្រទេសបារាំង និងដែលមានប្រព័ន្ធសង្គមកិច្ច​ល្អជាងគេ នាំ

គ្នាចាប់ចិត្ត និងចូលចិត្តប្រទេសកាណាដានេះសោះ។   ដំណឹងនេះហាក់ដូចជា

ជួយសម្រាលគំនិតខ្ញុំដែលតែងតែសួរថា ​ហេតុអ្វីបានជាកូនជាទីស្រឡាញ់របស់

ខ្ញុំទៅរស់នៅឆ្ងាយពីយើង។ ដល់បានស្គាល់ និង  ឃើញមហាប្រទេសដ៏ល្អនេះ

ផ្ទាល់ភ្នែក   ខ្ញុំហាក់ដូចជាមានការកក់ក្តៅ​លែងគិត លែងសូវបារម្ភច្រើន លែង

សួរ ​លែងឆ្ងល់ច្រើន  ដូចពីពេលមុនទៀតហើយ។​

ថ្ងៃ២៧​សីហា២០១២ ​ក្នុងទិក្រុង ម៉ុងរ៉េអាល់
ថ្ងៃនោះ ខ្យល់ខ្លាំងណាស់ ឡើងប៉ើងសក់អស់ (រូបថត៖ ប៉ិច សង្វាវ៉ាន)

ក្នុងក្រុងម៉ុងរ៉េអាល់ នៅខាងក្រោយខ្នងយើង ជាកន្លែងចុះទៅជិះមេត្រូរថភ្លើងក្រោមដី។
ស្មានតែនៅរដ្ឋធានីប៉ារីសទេតើ ព្រោះដូចគ្នាបេះបិទ  (រូបថត៖ ប៉ិច សង្វាវ៉ាន)

ទីក្រុងអូតាវ៉ា OTTAWA រដ្ឋធានីនៃប្រទេសកាណាដា​

ខ្ញុំចាប់អារម្មណ៍ទីក្រុង«អូតាវ៉ា» កាលពីសាមសិបឆ្នាំមុន   តាមរយៈខ្សែអាត់

ចម្រៀងខ្មែរដែលផលិតនៅក្រុងនេះ។  ប៉ុន្តែ ខ្ញុំមិនធ្លាប់បានស្រមៃទីក្រុងនេះទេ។

ទីក្រុង «អូតាវ៉ា»មានទំហ៊ំតូច និងហាក់ដូចជាមានសម្រស់ចាញ់ទីក្រុង«ម៉ុងរ៉េ

អាល់»មែន តែបើគេដើរកំសាន្តក្នុងសង្កាត់ហិរញ្ញវត្ថុ និង សង្កាត់រដ្ឋសភាជាតិ

នោះ គេច្បាស់ជាគិតថា រដ្ឋធានីនៃប្រទេសកាណាដានេះល្អស្អាត និងទំនើប

មិនចាញ់ទីក្រុង«ម៉ុងរ៉េអាល់»ទេ។

ក្នុងទីក្រុង «អូតាវ៉ា» ខ្ញុំកត់សំគាល់ឃើញគេដាក់ឈ្មោះដងវិថីតូចធំទាំងអស់

ជាអក្សរបារាំងផង អក្សរអង់គ្លេសផង។​ នៅទីនេះ គេតម្រូវឲ្យបុគ្គលិករដ្ឋការ

ចេះភាសាពីរ(bilingue) គឺ បារាំង និងអង់គ្លេស។ ប៉ុន្តែ ប្រជាជននៅរដ្ឋធានី

«អូតាវ៉ា»និយមនិយាយភាសាអង់គ្លេសមិនដូចនៅ «ម៉ុងរេអាល់»ទេ។

ចំពោះខ្ញុំ ជនជាតិកាណាដានិយាយអង់គ្លេស ស្រួលស្តាប់  ស្រួលយល់

ជាងជនជាតិអាមេរិកាំង។

​ថតខែកញ្ញាឆ្នាំ២០១២ ៖ភោជនីយដ្ឋាននេះស្ថិតនៅទីក្រុង «អូតាវ៉ា»។
លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលពិសារ។
(រូបថត៖​ប៉ិច​សង្វាវ៉ាន)

ហាងខ្មែរនៅទីរដ្ឋធានី«អូតាវ៉ា»

ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១២
នៅមុខហាងខ្មែរ GRACE OTTAWA ក្នុងទីក្រុង អូតាវ៉ា
(រូបថត៖ ប៉ិច សង្វាវ៉ាន)

នៅ «អូតាវ៉ា» យើងបានស្គាល់ហាងខ្មែរបី គឺហាងលក់គ្រឿងទេស «GRACE

OTTAWA»មួយ។ យើងបានទិញ អង្ករ១បាវក្នុងហាងនេះ ។ អ្នកកាន់ហិបប្រាក់

គិតលុយ​ ក្រោយពីបានដឹងថាយើងនៅប្រទេសបារាំង គាត់ក៏បានដំណាលប្រាប់

យើងថា ម្ចាស់ហាងនេះក៏ជាអ្នកមកពីប្រទេសបារាំងដែរ។ ​មុននឹងចូលហាងនេះ

​កូនប្រសារខ្ញុំបាននាំយើងចូលទៅយកស្បែកជើងដែលដាក់ក្នុងហាងខ្មែរមួយទៀត

ឲ្យជួសជុល គឺ ​«CAPITAL SHOE CLINIC» ។ ហាងនេះមិនត្រឹមតែជួសជុលស្បែក

ជើងទេ តែមានលក់វត្ថុផ្សេងៗសម្រាប់ស្បែកជើង។ ហាងនេះស្អាតបង្គួរ មានដាក់កៅ

អីសាឡុងពីរសម្រាប់ភ្ញៀវអង្គុយចាំ។  ម្ចាស់ហាងឈ្មោះ លោក សុគន្ធ ។​ លោក សុគន្ធ

មានវ័យចំណាស់បន្តិចមែន  តែមានភក្ត្រស្រស់ស្អាត ទឹកមុខញញឹមរាក់ទាក់រួសរាយ

ណាស់។ ដឹងថាយើងជាខ្មែរ​   លោកលើកដៃសំពះសួរយើង  ហើយនិយាយប្រាប់យើង

ថា មុនពេលសេដ្ឋកិច្ចធ្លាក់ចុះ ហាងលោកមានបុគ្គលិកដល់ទៅជាងម្ភៃនាក់។ ប៉ុណ្ណឹង

ហើយ​ធ្វើការសឹងមិនចង់ទាន់។ ឥឡូវនេះ នៅសល់បុគ្គលិកតែ៤នាក់ប៉ុណ្ណោះ។

ឆ្លើយសំណួរខ្ញុំ ដែលសួរថា តើហាងដូចនេះមានតែមួយទេ ឬ បានជាហាងលោក

មានភ្ញៀវច្រើនម្លឹង? ។​ លោក​សុគន្ធឆ្លើយថា ៖ មានហាងច្រើន តែ​គេធ្វើមិនបាន

រហ័ស​និងមិនសូវល្អដូចហាងលោក។ នៅខាងក្នុងហាង មានបុរសខ្មែរមុខស្រស់

ម្នាក់ទៀតកំពុងបំពេញកិច្ចការ តែភ្នែកសម្លឹងមកយើង ហើយលើកដៃជម្រាបសួរ

យើងពីចម្ងាយ។ពេលយើងលាចេញពីហាង លោកសុគន្ធលើកដៃប្រណម្យ។​ នេះ

ជាកាយវិការដ៏ល្អមួយដែលខ្ញុំលួចសរសើរក្នុងចិត្ត ពីព្រោះខ្ញុំមិនដែលប្រទះទាល់

តែសោះនៅប្រទេសបារាំង ក៏ដូចជានៅឯប្រទេសខ្មែរយើងដែរ។

មុននឹងចេញពីរដ្ឋធានី«អូតាវ៉ា»​ដើម្បីត្រឡប់ទៅស្នាក់នៅផ្ទះកូនប្រុសពៅនៅឯ

ក្រុង «ម៉ុងរ៉េអាល់» ជាទីដែលយើងត្រូវឡើងយន្តហោះត្រឡប់មកប្រទេសបារាំង

វិញ យើងបានទៅសង្កាត់ចិន CHINATOWN នៅ«អូតាវ៉ា» ដើម្បីរកទិញឆ្នាំងដាំ

បាយអគ្គីសនីផ្ញើកូនដែលទើបនឹងចូលផ្ទះថ្មី។ យើងបានចូលហាងមួយលក់ទំនិញ

អាស៊ីដែលមានយីហោថា«BANGKOK»។ មុននឹងចូលហាងនេះ យើងយើងគិតថា

ម្ចាស់ហាងប្រាកដជាជនជាតិថៃ។ តាមពិត គាត់ជាកូនចៅចិនទេតើ។ គាត់ជាអ្នក

ស្រុកសិរីសោភ័ណ ប្រទេសយើងសោះ។ ខ្ញុំចេះតែឆ្ងល់ ហេតុអ្វីបានជាគាត់ដាក់

យីហោហាងគាត់ថា« BANGKOK »មិនដាក់ថា«សិរីសោភ័ណ»បែរជាដាក់ឈ្មោះ

ក្រុងគេទៅវិញ។ ម្ចាស់ហាងនេះអាយុប្រហែលចិតសឹបឆ្នាំ ​តែគាត់នៅធ្វើការក្នុង

ហាងគាត់ ​ព្រោះកាត់ថាបើជួលគេ​ត្រូវចំណាយប្រាក់ខែបុគ្គលិក១ម៉ោង​១០ទៅ១៤

ដុល្លារកាណាដា។ គាត់និយាយថា កូនគាត់ពីរនាក់ក៏បើកហាងដូចគ្នាដែរនៅក្នុង

សង្កាត់នេះ។ ឲ្យតែជួបខ្មែរយើងម្តងៗយើងតែងតែឆ្លៀតសំណេះសំណាលពីនេះ

ពីនោះមិនខានឡើយ។ ស្វាមីខ្ញុំ បានសួរពីសុវត្ថិភាពក្នុងមុខរបរនេះ ថា «ធ្លាប់មាន

គេប្លន់ឬទេ?»។ ម្ចាស់ហាងឆ្លើយថា «មិនដែលមានទេ»។ បើសិនជាមាន គ្រាន់តែ

ចុចតែកណ្តឹងនេះភ្លាម(គាត់ចង្អុលទៅកន្លែងដាក់កណ្តឹងអាសន្ន) ប៉ូលីសមកដល់

ភ្លែត។ គួរឲ្យកក់ក្តៅណាស់។    ស្វាមីខ្ញុំសួរទៀតថា  «​តើមានឲ្យលុយប៉ូលីសទេ?​

គាត់ថា «អត់ទេ»។ ម្ចាស់ហាងបញ្ជាក់បន្ថែមថា៖ « ​នៅទីនេះស្រួលណាស់ដើរ

ដល់យប់ជ្រៅដល់ណាណី ក៏មិនដែលមានរឿងអីដែរ »​ ។

ទឹកជ្រោះ NIAGARA FALLS

ទឹកជ្រោះNiagara ហូរទម្លាក់ខ្លួនជារាងក្រចកសេះ
មើលពី Skylon Tower​​” 3 RET
(រូបថត៖ វិរៈសិទ្ធ ប៉ិច)

មុននឹងទៅដល់ទីនេះ យើងបានជិះរថយន្តក្រុងរយៈពេលប្រាំម៉ោងកន្លះពីរដ្ឋធានី

«អូតាវ៉ា» ទៅទស្សនាទីក្រុងសេដ្ឋកិច្ច«TORONTO តូរុងតូ»សិន។ ក្រុងដ៏ធំនេះ

មានសភាពអ៊ូអរជាងក្រុង«ម៉ុងរេអាល់»និងក្រុង«អូតាវ៉ា»ដែលយើងបានទស្សនា

រួចហើយ។       យើងដើរទស្សនាក្រុងនេះ ​ហើយជិះតាក់ស៊ីត្រឡប់មកសណ្ឋាគារ

«SUPER 8​»ដែលស្ថិតនៅក្នុងសង្កាត់ចិនCHINATOWN វិញ។ យើងចូលចិត្តនៅ

សង្កាត់ចិន ព្រោះមានគុយទាវ និងម្ហូបចិនបរិភោគ។ សង្កាត់ចិននេះធំ តែដូចជាមិន

សូវអ៊ូអរដើរប្រជ្រៀតគ្នាដូចនៅសង្កាត់ CHINATOWN នាទីក្រុង ញ៉ូវយ៉ក នៃសហ

រដ្ឋអាមេរិកទេ។ ជាហូរហែ នៅលើចិញ្ចើមថ្នល់ធំទូលាយខាងមុខហាងលក់ទំនិញ

អាស៊ីនិមួយៗ  គេឃើញរានលក់បន្លែផ្លែឈើគ្រប់មុខ ហាងលក់សម្លៀកបំពាក់ លក់

ទំនិញប្រើប្រាស់ ហាងលក់វត្ថុសម្រាប់ធ្វើអំណោយតូចៗដែលមានតម្លៃថោកៗ។   

 នៅក្នុងភោជនីយដ្ឋាននិមួយៗ គេឃើញតែជនជាតិចិនចូលមកបរិភោគពេញ។

 នៅយប់ចុងក្រោយក្នុងទីក្រុង «តូរង់តូ» យើងបានចូលភោជនីយដ្ឋានមួយដែល

មានព្យួរទាខ្វៃក្នុងទូកញ្ចក់រណេងរណោងគួរឲ្យស្រក់ទឹកមាត់។ យើងបរិភោគមីរ

សាច់ទាយ៉ាងឆ្ងាញ់។ ទាខ្វៃនៅក្រុង «តូរ៉ង់តូ»​ មានរសជាតិឆ្ងាញ់ណាស់ឆ្ងាញ់ដូច

ទាខ្វៃនៅរដ្ឋធានី «ប៉ារីស» ប្រទេសបារាំងដែរ  គឺមិនដូចទាខ្វៃនៅទីក្រុង«ប៉េកាំង»

​ប្រទេសចិនដែលគ្មានរស់ជាតិនោះទេ។ 

សណ្ឋាគារ SUPER 8 នៅCHINATOWN ក្រុងTORONTO
រូបថត៖​ប៉ិច​ សង្វាវ៉ាន

នៅខាងក្រោមសណ្ឋាគារនេះមានហាងជាច្រើនលក់វត្ថុគ្រប់បែបយ៉ាង។ អាវ

យឺតគ្រប់ពណ៌ដាក់អក្សរ   និងរូបសំគាល់ប្រទេសកាណាដាមិនសូវថ្លៃទេ​ បើ

ប្រៀបនឹងអាវប្រភេទនេះនៅប្រទេសបារាំង​កន្លែងទេសចរណ៍។  តែសូម

ប្រយ័ត្ន ការទិញទំនិញសព្វសារពើ និង ការបរិភោគក្នុងភោជនីយដ្ឋាន គេ

ត្រូវគិតតាក់សេវ៉ាបន្ថែម១៥%លើថ្លៃទំនិញនិងថ្លៃអាហារលើគួរឲ្យភ្ញាក់ផ្អើល

ដែរ។ មិនដូចនៅប្រទេសបារាំងទេ បរិភោគរួច យើងចង់ឲ្យឬមិនឲ្យថ្លៃសេវា

បម្រើតាមចិត្តសទ្ធានិងសប្បុរសរបស់យើង​ ដូចគ្នាដែរ ការទិញទំនិញនៅ

ក្នុងប្រទេសបារាំង   ហាងគិតបន្ថែមតាក់ជាស្រេចនៅលើតម្លៃវត្ថុនិមួយៗ។  

យើងឃើញតម្លៃវត្ថុណាមួយប៉ុន្មាន គឺប៉ុណ្ណឹងហើយ។ ស្រួលចិត្តឥតភ្ញាក់ផ្អើល

ដូចនៅកាណាដា និង ​សហរដ្ឋអាមេរិកទេ។

នៅថ្ងៃចេញដំណើរទៅទស្សនាទឹកជ្រោះ« នីញ៉ាហ្គារា»យើងចេញដំណើរពី

សណ្ឋាគារ តាមយានមួយដូចយានឡំប្រឺតានៅភ្នំពេញ មុនសម័យកម្ពុជាប្រជា

ធិបតេយ្យ។ អ្នកបើកយាននេះរាងកន្ធាត់ និយាយឡូឡាដូចមនុស្សស្រវឹងខួប។ 

យើងចេះតែនឹកថា​ហេតុអីក៏សណ្ឋាគារដែលយើងបង់ថ្លៃដំណើរទេសចរណ៍ទៅ

មើលទឹកជ្រោះនេះជួលយានកញ្ចាស់ដឹកជនទេសចរដូច្នេះ  ជាពិសេសនៅក្នុង

ប្រទេសកាណាដាមួយទាំងមូល។ តាមពិតមិនមែនដូច្នោះឯណា ។  យាននេះ

គ្រាន់តែបើកប្រមូលមនុស្សដើម្បីដឹកយកទៅផ្ទេរដាក់រថយន្តទេសចរណ៍ធំនៅ

ត្រង់កន្លែងមួយទៀតប៉ុណ្ណោះ។ ពេលឆែកសំបុត្រឡើងរថយន្ត យើងបង្ហាញ

លិខិតឆ្លងដែន។ ដឹងថាយើង​កាន់លិខិតឆ្លងដែនបារាំង សូហ្វ័រនិយាយភាសា

បារាំងជាមួយយើង។ យើងអរ ព្រោះទើបតែបានឮគេនិយាយបារាំងលើកទី

មួយនៅក្រុង​«តូរុងតូ»។  សូហ្វ័រនេះប្រាប់យើងថា គាត់រស់នៅ«QUEBEC

កេបេច» ​Québecois។​  ក្នុងដំណើរឆ្ពោះទៅទស្សនាទឹកជ្រោះ «NIAGARA

FALLS»​  ​ខ្ញុំឮគេនិយាយពន្យល់ពីកន្លែងសំខាន់រូឥតអាក់ជាភាសាអង់គ្លេស។

ខ្ញុំមិនឃើញមានមគ្គុទេសន៍ម្នាក់ទៀត ដូចដំណើរទៅប្រទេសចិននិងប្រទេស

មួយចំនួនផ្សេងៗដែលក្រុមហ៊ុនទេសចរណ៍នៅភ្នំពេញបានរៀបចំនោះទេ។​

ខ្ញុំយល់ថា​   អ្នកបើករថយន្តទេសចរណ៍ត្រូវចេះប្រវត្តិកន្លែងសំខាន់ៗផងដែរ

ដើម្បពិពណ៌នាឲ្យភ្ញៀវស្តាប់ មិនមែនត្រឹមតែដឹកទេសចរប៉ុណ្ណោះទេ។ ប្រសិន

បើស្តាប់ភាសាអង់គ្លេសយល់ខ្ទេចអស់ដូចភាសាបារាំង ម្ល៉េះសមដំណើរកំសាន្ត

នេះនឹងផ្តល់ចំណេះដឹងបន្ថែមដល់ខ្ញុំ លើការមើលឃើញច្បាស់ផ្ទាល់ភ្នែកនូវទី

កន្លែងល្អនៅក្នុងប្រទេសកាណាដា។​ ខ្ញុំមិនបានដឹងថា ការធ្វើដំណើរឆ្ពោះទៅ

«NIAGARA FALLS»មានរយៈពេលប៉ុន្មានទេ ស្រាប់តែដល់គោលដៅ។ គិត

ទៅ ចូលដល់ខែកញ្ញាទៅហើយ នៅមានទេសចរជាច្រើនរថយន្តទៅទស្សនា

ទីនោះទៀត។ ធាតុអាកាសល្មម គួរឲ្យរីករាយដើរទស្សនានិងថតរូប។  ​ជាអ្នក

ស្រឡាញ់ចូលចិត្តថតរូបដូចខ្ញុំ    បើនៅពីក្មេងវិញ ពុំដឹងជាថតច្រើនទុកជាអនុ

ស្សាវរីយ៍យ៉ាងណាទេ       កាលបើបានទៅដល់ទីមួយ ដែលមានទេសភាពល្អ

ប្រណិតយ៉ាងនេះ។ ណ្ហើយ កុំខ្ចីសូញសាញ បំណាច់ទៅដល់ហើយ ត្រូវតែថត

រូបទុកមើលលេង ដើម្បីឲ្យខ្លួនឯង និងកូនចៅឃើញដំណាក់កាលនៃជីវិតដែល

ចេះតែបន្តទៅមុខឥតថយក្រោយបានទេ។ កូនខ្ញុំទាំងពីរ រូបខ្ញុំ និងស្វាមីខ្ញុំបាន

ឃើញទឹកជ្រោះ«នីយ៉ាហ្ការ៉ា»ហើយក្នុងខែកញ្ញាឆ្នាំ២០១២នេះ។មកដល់ទីនេះ

នឹកឃើញដល់លោក អ៊ុន ឃ្លី   អ្នកស្តាប់ដ៏មានភក្តីភាពរបស់ខ្ញុំ   ដែលធ្លាប់បាន

អញ្ជើញ និងធានាជូនខ្ញុំទស្សនាទីនេះកាលពីប៉ុន្មានឆ្នាំមុន។​ យើងមកដល់ហើយ

មិនបាច់នរណាជូនទេ ។​   អ្នកស្តាប់វិទ្យុបារាំងមួយរូបនេះមិនបានដឹងទេ     ព្រោះ

លោកទៅរស់នៅធ្វើការស្រុកខ្មែរឯណោះ។ ពេលឈរមើលនៅលើផ្លូវពីខាងលើ

ខ្ញុំមានអារម្មណ៍ថា​ ដំណក់ទឹកសាចខ្ទាតមកលើខ្ញុំ។

យើងឈរពីចម្ងាយនៅលើផ្លូវ​ មើលទឹកជ្រោះនៅពីក្រោយខ្នងមិនសូវឃើញច្បាស់ទេ
(រូបថត៖ប៉ិច សង្វាវ៉ាន)

ឱ!  ព្រះជាម្ចាស់! លោកបានបង្កើតធម្មជាតិល្អចម្លែកអ្វីម្ល៉េះសម្រាប់រាល់ប្រទេស

ក្នុងពិភពលោក។  គ្រាន់តែទឹកជ្រោះនេះ  ប្រទេសកាណាដាទាញបានកម្រៃមិន

តិចទេពីជនទេសចរដែលមកពីគ្រប់ជ្រុងជ្រោយក្នុងលោក។ នៅត្រង់នេះ  យើង

ឃើញសណ្ឋាគារល្អស្អាតខ្ពស់ៗឈរជ្រងោរង់ចាំទទួលភ្ញៀវពីគ្រប់ទិសទី។

ក្រោយពីការស្រស់ស្រូបបន្តិចបន្តួច យើងនិងទេសចរច្រើនសាសន៍បានឈរ

បន្តគ្នាចាំចុះជិះនាវាទៅមើលទឹកជ្រោះឲ្យបានជិត។ ម្នាក់បានទទួលអាវភ្លៀង

សម្រាប់ពាក់ការពារកុំឲ្យទទឹក។

ថតមុនចុះជិះនាវាមើលទឹកជ្រោះ
(រូបថត៖ប៉ិច សង្វាវ៉ាន)

នាវា Maid of the Mist នៅខាងមុខ American Falls de Niagara 3 RET
(រូបថត៖វិរៈសិទ្ធ ប៉ិច)

ឃើញកម្លាំងទឹកហូរកួចខ្លាំងយ៉ាងនេះ ខ្ញុំជាមនុស្សខ្លាចទឹកចេះតែគិតផ្តេសផ្តាស

និងភ័យប៉ផ្អុកតែម្នាក់ឯង  នឹកថា​ បើសិនជាធ្លាក់ចូលទឹកជ្រៅដែលហូរធ្លាក់ទម្លាក់

បោកខ្លួនឈូឆរយ៉ាងខ្លាំងម៉្លឹងៗ មុខជាត្រូវទឹកគួចរសាត់វិលវល់គ្មានសង្ឃឹមរស់ទេ។

ម៉្លោះហើយ ខ្ញុំអធិស្ឋានសុំឲ្យសុខសប្បាយទាំងអស់គ្នា។ ពេលនាវាបើកកាត់ចំពីមុខ

ទឹកធ្លាក់ ហើយជះសាចទទឹកមុខ ជនទេសចរទាំងអស់នាំគ្នាស្រែកឡើងព្រមគ្នា។

ខ្ញុំញញើតដកខ្លួនមកអង្គុយជិតលោកយាយម្នាក់សាសន៍ឥណ្ឌៀនៅលើហឹបធំមួយ។

យើងមើលមុខគ្នាបញ្ជាក់ពីការភិតភ័យក្នុងរយៈពេលមួយភ្លែតនោះ។ នាវាបកត្រឡប់

ចូលច្រាំងវិញ។​ យើងនាំគ្នាដោះអាវភ្លៀងពណ៌ខៀវដាក់ចោលក្នុងធុងសម្រាម  ហើយ

ដើរឡើងគោកទាំងអស់គ្នាប្រកបដោយសុវត្ថិភាព។ យើងនៅសល់ពេលមានពេល

ទម្រាំដល់ម៉ោងណាត់ ដើម្បីជិះរថយន្តទស្សនាបន្តក្នុងភូមិដ៏ល្អមួយដែលមានការ

រៀបចំយ៉ាងល្អប្រណិតលំអដោយបុប្ផាចំរុះពណ៌ទម្លាក់ខ្លួនពីលើសរសរដងគោម

តាមមែកយារថ្លាក់សំយ៉ុងចុះមកក្រោមគួរឲ្យទាក់នេត្រា។ ​នេះជាសិល្បៈលំអផ្កា

នៃប្រទេសកាណាដាក្នុងទីសារធារណៈដែលខ្ញុំមិនធ្លាប់ប្រទះក្នុងប្រទេសបារាំង

និងប្រទេសមួយចំនួនដែលខ្ញុំបានធ្វើទស្សនកិច្ចកន្លងមក។    នេះប្រហែលជាខ្ញុំ

ស្រឡាញ់ផ្កាបានជាសង្កេតឃើញនិងបរិយាយពីផ្កា ព្រោះខ្ញុំគ្មានគំនិតចេះដាំផ្កា

ល្អប្លែកដូច្នេះ។ ចេញពីភូមិដ៏ស្អាតនេះ អ្នកបើករថយន្តបាននាំយើងទាំងអស់គ្នា

ទៅមើលកន្លែងធ្វើនិងសុរាដែលស្ថិតនៅតាមផ្លូវត្រឡប់ទៅទីក្រុង«តូរុងតូ»វិញ។

យើងបានភ្លក់ស្រាដែលគេចាក់ជូនភ្ញៀវទេសចរ។ ខ្ញុំមិនទម្លាប់ញ៉ាំស្រាទេ តែបាន

ភ្លក្សស្រាក្រហមមួយស្វាមីខ្ញុំ ម្នាក់មួយកូនកែវដែរ ព្រោះចង់ដឹងជាតិស្រាដែលគេ

ផលិតក្នុងប្រទេសកាណាដា។​ ប៉ុន្តែខ្ញុំមិនបានទិញស្រានៅទីនោះ  ដោយហេតុថា

ប្រទេសបារាំងជាប្រទេសដែលល្បីខាងធ្វើសុរាឆ្ងាញ់ទៅហើយ។យើងត្រឡប់

ទៅដល់ទីក្រុង«តូរុងតូ» វិញនៅវេលាម៉ោង៧យប់។ ដល់ពេលបាយល្ងាចល្មម

តែយើងមិនបានបរិភោគបាយទេ​ គឺចង់ភ្លក្សមីរសាច់ទាខ្វៃដូចបានសរសេររៀប

រាប់ខាងលើ។ កុំឲ្យពិបាកធ្វើម្ហូប នៅពេលទៅដល់ទីក្រុង «អូតាវ៉ា» វិញ យើង

បានទិញទាខ្វៃធំមួយថ្លៃតែ២០ដុល្លារកាណាដាប៉ុណ្ណោះ គឺប្រហែលជា២០ដុល្លារ

អាមេរិកដែរ ​

 

3 responses to “វិស្សមកាលនៅប្រទេសកាណាដា​ ដោយប៉ិច សង្វាវ៉ាន

  1. ជម្រាបសួរអ្នកម៉ាក់លោកប៉ាជាទីគោរព,

    កូនៗក្មួយៗ ពិតជារីករាយណាស់ នៅពេលបាន​ឃើញស្មាមញញឹម​របស់លោកទាំងពីរ និងបងៗជាថ្មី។ ដើមឡើយបាន​ទទួល​តែរូប​ថតផ្ញើមកតាមសារអេឡិចត្រូនិច តែពេល​នេះ​បាន​ឃើញរូបថត​ដែលដាក់ក្នុង​ប្លុកតែម្តង។

    សូមចូលរួមរីករាយជាមួយ និងភាព​សុខដុមរមនា របស់លោកទាំងពីរ និងក្រុមគ្រួសារផង។ កូនៗ ក្មួយៗ នៅឯនាយ​មាន​សេចក្តីសុខធម្មតា។

    ដោយក្តីគោរពស្រឡាញ់,

    ពីកូន
    ជំនោរ

    • បាត់ដំណឹងពីជំនោរយូរ ស្មានតែភ្លេចអ្នកម៉ាក់នឹងលោកប៉ាទៅហើយ
      ​ស្រាប់តែលេចធ្លោនៅទីនេះ។ នៅកាណាដា ខំចាំដំណឹងពីកូន និង
      បញ្ញា ហើយនឹកតូចចិត្ត ព្រោះអ្នកឯទៀតគេបានឆ្លើយភ្លាម ក្រោយ
      ពីបានទទួលសារអ្នកម៉ាក់ភ្លាម។ កាលថ្ងៃនោះ ម៉ាក់បានសុំឲ្យកូនៗ
      ឯទៀតបញ្ជូនសំបុត្របន្ត ព្រោះកុមព្យូទ័រតូចច្រម៉ក់និងស្រាលរបស់
      ម៉ាក់ដែលមិនសូវប្រើ ទុកសម្រាប់តែយកតាមខ្លួននិងប្រើតែពេលធ្វើ
      ដំណើរ វាមិនចេញអាស័យដ្ឋានកូន។

      • បាទអ្នកម៉ាក់,

        កូននឹកគ្រប់ពេលវេលា នឹកហើយ​មិន​ហ៊ាន​សរសេរ​ទៅទេខ្លាច​រំខាន​ម៉ាក់ ព្រោះ​ចាប់តាំងពី​បាន
        ​ដំណឹង​ចុងក្រោយ​ថាអ្នកម៉ាក់​មាន​សុខភាព​មិនរឹង​មាំកាល​នោះ ក៏សម្រេចចិត្ត​ចាំ​ស្តាប់ដំណឹង
        ​ពី​ម៉ាក់លោកប៉ា​តាម​រយៈ​ប្អូន ឧត្តម និង​កន្និដ្ឋា វិញ។

        តែយ៉ាងណា​កូនៗ​ក៏សូមអភ័យ​ទោសផង​ដែរ ដែល​មិន​បាន​សរសេរ​ផ្ញើជូនអ្នកម៉ាក់ភ្លាម​ៗ​​នោះ។

        ពេលនេះ​កូនជាប់ដៃជាមួយ​គម្រោង​ស្រាវជ្រាវវប្បធម៌ថ្មីបួនគម្រោងនៅខេត្តស្រិន្ទ្រ​ប្រទេសថៃឡងដ៍
        ហើយបាន​បញ្ចប់ពីររួចហើយគឺ “របកគំហើញ​រឿងទុំទាវ នៅលើអតីតទឹកដីខ្មែរ” និង “ទុំទាវ ច្បាប់
        ស្រិន្ទ្រ ៖ ឥទ្ធិពលភាសានិងសង្គម” គម្រោង​ទាំង​ពីរ​នេះ​នឹង​ទៅចូលរួម​ធ្វើ​បទ​បង្ហាញ នៅខេត្ត
        សៀមរាប ថ្ងៃទី​៨-៧ ធ្នូ ក្នុង​សិក្ខាសាលា​​របស់​មជ្ឃមណ្ឌលស្រាវជ្រាវ​ជាន់ខ្ពស់អាស៊ី។កូននឹងរវល់
        ជាប់ជានិច្ច​ហើយ…

        សូមឱ្យ​អ្នកម៉ាក់លោកប៉ាមានសុខភាព​បរិបូរណ៍,

        ពីកូន
        ជំនោរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s