រឿងខ្លី ៖ ព្រោះតែអ្នក ភាគទី១ និង ភាគទី២ និពន្ធដោយ ប៉ិច សង្វាវ៉ាន

គំនូរនេះជាអំណោយរបស់សារព័ត៌មាន «នគរធំ»
សម្រាប់រឿងខ្លីរបស់ខ្ញុំដែលបានចុះផ្សាយក្នុង
កាសែតនោះ

រក្សាសិទ្ធិគ្រប់យ៉ាង

ឆ្នាំ​១៩៧៨…

គឺ​ជា​ឆ្នាំ​ដែល​សមាគម​អ្នក​ស្នេហាអរិយធម៌ខ្មែរ​នៃទី​ក្រុង​ស្រ្តាស់​បួរ​រៀប​ចំពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ជា​លើក​ដំបូងបង្អស់។

ចំពោះ​និមល​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ថ្ងៃ​ដ៏ខ្មៅ​ងងឹត​បំផុត ជា​ថ្ងៃ​ដែល​បណ្តាល​ឲ្យ​នាង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជាង​ថ្ងៃ​ណា​ទាំង​អស់។

អតីត​កាល​ដ៏​មហា​សែន​ចុក​ចាប់​ក្នុង​របប​ប៉ុល​ពត​ខ្មែរ​ក្រហម​ប្រល័យ​ពូ​ជ​សាសន៍​លេច​ធ្លោ​ជា​ថ្មី​ក្នុង​អារម្មណ៍​របស់​និមល។ រូប​ភាព​ដ៏​ស្លុត​រន្ធត់​​ទាំង​ប៉ុន្មាន​ ដែល​និមល​​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក បញ្ចាំង​ពេញ​ខួរ​ក្បាល​នាង​ប្រៀប​ដូចជា​ឆាក​ឈុត​ក្នុង​ខ្សែ​ភាព​យន្ត​ជា​បន្ត​បន្ទាប់។

និមល​នឹក​ឃើញ​មេ​កងសារឿន​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​លើ​រូប​លោក​ទិវ័ន ជា​បង​​ថ្លៃ​របស់​នាង។ អាសារឿន​ចិត្ត​កំណាច​ឃោរ​ឃៅ​បាន​វះ​ដើមទ្រូង​លោក​ទីវ័ន​យក​ថ្លើម​មក​ដោត​ចុង​កាំ​បិត​ស្រួច​ ហើយ​លើក​ឡើង​បង្ហាញ​ប្រជាជន​ ដោយ​ស្រែក​អាក្រោស​បរិហារ​កំហុស​លោកទិវ័ន​អំពី​បទ​វិទ្ធង្ស​នា​សេដ្ឋ​កិច្ច​ ព្រោះតែ​លោកទិវ័ន​បាន​លួ​ច​ផ្លែ​ដូង​មួយ​ប៉ុណ្ណោះ។ អំពើ​ទារុណ​កម្ម​ដ៏​សែន​ព្រៃផ្សៃ​នេះ​បញ្ចាំង​ភ្លឹប​ភ្លែត​ក្នុង​អារម្មណ៍​និមល។ និមល​ហាក់​ឃើញ​ឆាក​ដ៏​សែន​រន្ធត់​នោះ​ស្រស់ៗ។ នាង​ឃើញ​រូប​កាយ លោកទិវ័នដែល​ប្រកាច់​ត្រុលៗ ដែលសល់​តែ​ដង្ហើម​ផ្តឹកៗត្រូវ​​មេពេជ្ឈ​ឃាត​សារឿន​​យក​ខ្សែ​ចង​ក​អូ​ស​ទាញ​ច្រើន​ជុំ​គួរ​ឲ្យ​វេទនា​ពន់​ពេក​ក្រៃ។ អ្នក​ស្រី​កល្យាណី​ជា​បង​បង្កើត​របស់​និមល​ដែល​ត្រូវ​ជា​ភរិយា​ លោកទិវ័នឱប​សព​ប្តី ស្រែក​ទ្រហ៊ោ​យំ​ទួញ​ ហើយ​ស្រែក​ជេរ​អង្គ​ការ​លុះ​ត្រា​តែដាច់​ខ្យល់​ស្លាប់ ​ដោយ​ស្នា​​ដៃ​របស់​យោធា​ខ្មែរ​ក្រហម​បាញ់​សម្លាប់។ ​សព​លោកទិវ័ន និង​អ្នក​ស្រី​កល្យាណី​បាន​បន្សល់​ឈាម​មួយតំណក់ គឺ​រូប​កុមារជីវ៉ា​ដែល​កាល​ណោះ​ទើបតែ​មាន​វ័យ​បួន​ឆ្នាំ។ និមល​នឹក​ដល់​មាតា​បិតា​របស់​នាង ដែលបាន​ស្លាប់​ចោល​នាង​ក្នុង​របប​កុម្មុយ​នីស្ត​ខ្មែរ​ក្រហម​អមនុស្ស​ធម៌នេះ​ដែរ ដោយ​សារ​​តែការ​អត់​ឃ្លាន និង​ជំងឺ​ប្រចាំ​កាយ​គ្មាន​ឱសថ​ព្យាបាល។

សព្វ​ថ្ងៃនេះ ក្នុង​គ្រួសារ​នាង នៅសល់​តែ​រូប​នាង​ និង​ជីវ៉ា​ក្មួយ​កម្សត់​របស់​នាង​តែ​ប៉ុណ្ណោះ។ និមល​ចិញ្ចឹម​បីបាច់​ក្មួយ​កំព្រា​ដូច​ជា​មាតា​មួយ​រូប​ពិតៗ។ អ្ន​ក​ផង​តែង​យល់ថា និមល​ជា​ស្រីមេ​ម៉ាយ​មាន​កូន​មួយ។ ប៉ុន្តែ​និមល​មិន​ខ្វល់​ខ្វាយនឹង​ពាក្យ​មនុស្ស​ទាំង​ឡាយ​នោះ​ទេ។  អ្វី​ដែល​សំខាន់​នោះ គឺ​នាង​ចង់​ធ្វើ​បង្គោល​ និង​ជាម្លប់​ដ៏​ត្រជាក់​សម្រាប់​ក្មួយ​កំព្រា​របស់​នាង។

ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៃ​ទី​ក្រុង​ស្រ្តាស់បួរ មាន​តែ​កំលោះ​សុភា​ជា​សង្សារ​ម្នាក់​គត់​ ដែល​បាន​ដឹង​រឿង​ពិតរបស់​នាង​ និង​ជីវ៉ា។ សុភា​បាន​ដឹង​រឿង​នេះ​ច្បាស់​នៅ​ពេល​ដែល​គេ​សុំ​ស្រឡាញ់​និមល​ដំបូង​​។ ចំពោះ​និមល​ សុភា​ជា​មនុស្ស​សំខាន់​តែម្នាក់ដែល ដឹង​រឿង​ពិត​របស់​នាង​គ្រប់​គ្រាន់​ពេក​ណាស់​ទៅ​ហើយ។ អ្នក​ដទៃ​មិន​សំខាន់​អ្វី​សម្រាប់​រូប​នាង​ទេ ព្រោះ​នាង​ដឹង​ច្បាស់​ស្រេច​ថា បើ​គេ​ចូល​ចិត្ត​និយាយ​អាក្រក់​ពី​រូប​នាង នាង​ក៏​មិន​អាច​បិទ​មាត់​គេ​ជិត​​ដែរ។ សុភាសំខាន់​ជាង​នរណាទាំងអស់ ព្រោះ​សុភា​ត្រូវ​រួម​រស់​ជា​មួយ​នឹងនា​ង​ក្នុង​អនាគត​កាល។ បើ​គេ​នៅតែ​ស្រឡាញ់​រូប​នាង ហើយ​មិន​ចាត់​ទុក​រូប​ក្មួយ​កំព្រា​របស់​នាង​ជា​ឧបសគ្គ ​នោះទើប​នាង​ព្រម​ស្ម័គ្រ​ចិត្ត​ និង​រួមរស់​ជាមួយ​សុភា​។ ផ្ទុយ​ទៅ​វិញ នាង​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​ ដើម្បី​ចិញ្ចឹម​ព្យាបាល​ជីវ៉ា​ក្មួយ​កម្សត់​តែ​មួយ​រហូត​ដល់​ជីវ៉ា​រក​អនាគត​ដោយ​ខ្លួន​ឯង​បាន។

និមល​អង្គុយ​ស្តាប់ព្រះសង្ឃ​សូត្រ​ធម៌​ទាំង​ក្រៀម​ក្រំ​។ ភក្រ្ត​នាង​ស្រពោន… នឹក​ឃើញ​អតីត​កាល​ដ៏​មហា​សែន​ខ្លោច​ផ្សា​នេះ ទឹក​ភ្នែក​ពីរ​បី​តំណក់​រមៀល​ចាក​គ្រាប់​ភ្នែក​របស់​នាង។ សុភា​នៅ​អង្គុយ​ជិត​ជាប់​និមល​ឃើញ​អាការៈ​បែប​នេះ ក៏​ខ្សឹប​សួរ​និមល​ ៖

-អូន​មិន​ស្រួល​ខ្លួន​ឬ​និមល?

និមល​ឥ​ត​ចេញ​វាចា។ ស្រី​ងាក​មុ​ខ​សម្លឹង​ភក្រ្ត​បុរស​ជា​សង្សារ​ដោយ​ក្រសែ​ភ្នែក​ក្រៀម​ក្រំ។ សុភា​​និយាយ​ខ្សឹប​ៗ​ដាក់​ត្រចៀកនិមល។

-យើង​មិនបាច់​នៅ​ទីនេះ រហូត​ដល់​ចប់ពិធី​បុណ្យ​ទេ​អូន។ បើ​មិន​ស្រួល​ខ្លួន​ តោះ​ក្រោក​ឡើង យើង​ទៅផ្ទះ​វិញ។

កញ្ញា​និមល​ក្រោក​ឡើង ដឹក​ដៃ​ក្មួយ​ជីវ៉ា​ដើរ​ចេញ​ពី​បន្ទប់​បុណ្យ​តាម​សុភា។

ក្នុង​រថយន្ត​ក្រុង សុភា​នាំ​នាង​និយាយ​មុន។

-អូ​នមាន​រឿង​អ្វី​ប្រាប់​បង​ផង?

-ហ៊ឺ!

និមល​ដក​ដង្ហើម​ធំ​យ៉ាង​វែង​មួយ ទើប​និយាយ​ប្រាប់​សង្សារ​មួយៗ​ថា៖

-ខ្ញុំ​ពិ​បាក​ចិត្ត​ណាស់ថ្ងៃ​នេះ។ ខ្ញុំ​នឹក​ដល់​អ្នក​ម៉ាក់​ លោកប៉ា នឹក​ដល់​អ្នក​បង​កល្យាណី​ និង​បង​ទិវ័នណាស់។ កាល​ណា​ខ្ញុំ​នឹក​ដល់​បង​ទាំង​ពីរ​របស់​ខ្ញុំ ខ្ញុំ​រឹត​តែ​អាណិត​អាសូរ​ក្មួយ​ជីវ៉ា​ខ្លាំង​ឡើង។ ខ្ញុំ​និយាយ​មិន​អស់​សេចក្តី​ទេ បង​សុភា។ ប្រសិន​បើ​បង​នៅក្នុង​ចិត្ត​ខ្ញុំ ទើប​បង​ដឹង​​ថា ខ្ញុំ​ពិបាក​ចិត្ត​ប៉ុណ្ណា?

-កុំ​ព្រួយ​ពេក​អូន​បង​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​ការ​ធ្វើ​ ហើយ​បង​ខំ​សន្សំ​លុយ​ទុក​រៀប​ការ​យើង​ទាំងពីរ​ឆាប់​ៗ​នេះ។ បង​មិន​ទុក​ឲ្យ​អូន​រង់​ចាំ​បង​យូរ​ត​ទៅ​ទៀត​ទេ។ ឱ! ប្រហែល​ជា​អូន​ធុញ​ទ្រាំ​​ចាំ​បង​យូរ​ហើយ​មើល​ទៅ?

-ខ្ញុំ​មិន​ធុញទេ ក្នុង​ការ​រង់​ចាំ​បង ​តែ​អូន​គិត​ថា បើ​យើង​រៀប​ការ​រួច​ យើង​អាច​ធ្វើ​សំបុត្រ​យក​ជីវ៉ា​មក​ធ្វើ​ជា​កូន​របស់​យើង​ពេញ​លក្ខណៈ​ច្បាប់។ ខ្ញុំ​ឮ​វិញ្ញាណ​បង​ស្រី​ខ្ញុំ​តឿន​ផ្តាំ​ខ្ញុំ​​ឲ្យ​ខ្ញុំ​ចិញ្ចឹម​បីបាច់​ជីវ៉ា​ ​ដូច​កូន​ខ្ញុំ​បង្កើត​។ ខ្ញុំ​អាណិត​ក្មួយ​កំព្រា​ខ្ញុំ​ណាស់។ ក្រៅ​ពី​យើង​ គ្នា​គ្មាន​ទី​ពឹង​ទេ។

-អូន​កុំ​ព្រួយ ទ្រាំ​ចាំ​បង​ប៉ុន្មាន​ខែ​ទៀត​ណ៎ា យើង​នឹង​រៀប​ការ​ជា​ប្តី​ប្រពន្ធ។ យើង​នឹង​ធ្វើ​សំបុត្រ​ស្នាម​យក​ជីវ៉ា​ជា​កូន​យើង។ ជីវ៉ា​នឹង​ក្លាយ​ជា​កូន​យើង​ស្របច្បាប់។ បង​នឹង​ជួយ​បំពេញ​បំណង​អូន​មិន​ឲ្យ​អូន​ខក​ចិត្ត!

-ខ្ញុំ​អរគុណ​បង​ណាស់ ដែល​មាន​ចិត្ត​ធម៌។ ខ្ញុំ​អរគុណ​បង​ក្នុង​នាម​គ្រួសារ​អូន​ទាំង​មូល។

និមល​ធូរ​ទ្រូង​ខ្សាក។ ទុក្ខ​អំពល់​ដែល​នៅ​ដក់​ក្នុង​ចិត្ត​របស់​នាង​ទាំង​ប៉ុន្មាន​ហាក់​ដូចជា​រសាយ​បាត់​អស់​ទៅ​។ ពាក្យ​ពេចន៍អះ​អាង​របស់​សុភា​ ញ៉ាំ​ងឲ្យ​ស្រស់​ស្រី​រំភើប​រីក​រាយ​រក​អ្វី​ប្រៀបប្រដូច​ឲ្យ​ស្មើ​ពុំ​បាន​ឡើយ។ និមល​ជា​នារី​ម្នាក់​ដែល​មាន​ចរិយា​ស្ងប់​ស្ងៀម។ នាង​មិន​បាន​បង្ហាញ​អំណរ​នេះ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​អាកប្បកិរិយា​ឡើយ។ ឆោម​ស្រស់​គ្រាន់​តែ​បញ្ចេញ​ស្នាម​ញញឹម​លើ​បបូរ​មាត់​ដ៏​ស្រស់​ប្រឹម​ប្រិយ៍​អស់​ពី​ដួង​ចិត្ត​ប៉ុណ្ណោះ។ និមល​សង្ឃឹម​ទុក​ជា​មុន​ថា ប៉ុន្មាន​ខែ​ទៀត​ជីវ៉ា​ក្មួយ​ប្រុស​កម្សត់​តែ​មួយ​​នាង​លែង​មាន​ឈ្មោះ​ជា​កុមារ​កំព្រា​ទៀត​ហើយ។ ជីវ៉ានឹង​​ក្លាយ​ជា​កូន​នាង​ និង​សុភា។ ​ ​ និមល​គ្មានចិត្តគ្មានចិត្តលោភ​លន់​ប្រាថ្នាសម្បត្តិ​​មហាសាល​​ទេ។ បំណង​ធំបំផុត​របស់នាងមាន​តែ​ម្យ៉ាង​គត់ គឺ​ប្រាថ្នា​ឲ្យ​ជីវ៉ា​មាន​មាតា​បិតា​ហៅ​ថា «ប៉ា-ម៉ាក់» ដូច​កុមារ​ទាំង​ឡាយ។ និមល​ខ្លោច​ផ្សា​ណាស់ កាល​ណា​នាង​ឮជីវ៉ា​ប្រាប់​នាង​ថា មិត្ត​ជីវ៉ា​នៅ​សាលា​មាន​មាតា​បិតា​គ្រប់​ៗ​គ្នា។ ចុះ​ហេតុអ្វី​បាន​ជា​ជីវ៉ា​គ្មាន​ឪពុក​ម្តាយ​ដូច​អស់​កុមារ​ឯ​ទៀត?។ តើ​មាតា​បិតា​របស់គ្នាទៅ​ណា​បាត់​ទៅ​ បាន​ជា​ទុក​ឲ្យ​ជីវ៉ានៅ​ជា​មួយ​ម្តាយ​មីង? ឱ! នេះ​ហើយ​ឬ​ចិត្ត​រងា​នៃ​ក្មេង​កំព្រា​អើយ! ការ​ផ្តល់​ភាព​កក់​ក្តៅ​ពិត​ជា​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ឲ្យ​កុមារ​មាន​លំ​នឹង​ល្អ​ក្នុង​ជីវិត។

​និមល​ផ្តល់ក្តី​ស្រឡាញ់​លាយ​ក្តី​មេត្តា​ដល់​រូប​ជីវ៉ា​កុមារ​កំព្រា។ រូប​នាង​ក៏​កំព្រាដែរ​។ នាង​យល់​ណាស់​ចិត្ត​កូន​កំព្រា។ តើ​កូន​កំព្រា​ខ្វះ​អ្វី​ខ្លះក្នុង​ជីវិត? កូន​កំព្រា​មិន​ខុស​ពី​ចក​ដែល​រសាត់​កណ្តាល​មហា​សាគរ ពុំ​ដឹង​ថ្ងៃ​ណារ​សាត់​ដល់​កោះ​ត្រើយទេ។ នាង​គិត​ថា​រូប​នាង​កំព្រា​មែន តែ​នាង​ធំពេញវ័យ។ នាង​មាន​គំនិត​ចាស់​ទុំ​ចេះ​គិត​គូរ​ពិចារ​ណា អាច​ ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​បាន។ តែជីវ៉ា​នៅតូច​នៅ​ស្ទើរ​ណាស់ អាយុ​ទើប​បាន​៧ឆ្នាំ មិន​ទាន់​អាច​​ទី​ពឹង​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ គឺ​នៅ​អាស្រ័យ​ពឹងពាក់លើ​គេ​​ទាំង​ស្រុង។ បើ​គ្មាន​រូប​នាង​ជា​ទី​ពំនាក់​សម្រាប់​ជីវ៉ា​ទេ ជីវិត​ជីវ៉ា​អាច​ជួប​ប្រទះ​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង ទោះ​បី​នៅ​ស្រុក​បារាំង​សង្គម​បារាំង​មិន​បណ្តោយ​ឲ្យ​កុមារ​កំព្រា​រសាត់​អណ្តែត​អនាថា​ពិត​មែន តែ​និមល​ចង់​ឱប​ក្រសោប​រក្សា​គ្រប់​គ្រង​ក្មួយ​បង្កើត​របស់​នាង​ជំនួស​បង​ស្រី​របស់​នាង។ នាង​មិន​ចង់​ឲ្យជីវ៉ា​ទៅ​អ្នក​ដទៃ​ចិញ្ចឹម​ទេ ទោះ​ជា​អ្នក​នោះ​មាន​ទ្រព្យ​សម្បត្តិ​សម្បូណ៌​ហូរ​ហៀរ​យ៉ាង​ណា​ក៏​ដោយ។

និមល​ងាកមើល​មុខ​ក្មួយ​កម្សត់​។ ទឹក​មុខ​ជីវ៉ាស្លូត​គួរ​ឲ្យ​អាណិត​ពន់​ពេក។ ឫកពា​ជីវ៉ា​​សុភាព​រាប​សា​។ ជីវ៉ា​ជា​ក្មេង​ម្នាក់​ស្តាប់​បង្គាប់​ចាស់​ទុំ។ គេ​និយាយ​ស្តី​មួយៗ​ ហើយ​ចេះ​ថ្លឹង​ថ្លែង ថ្វី​ត្បិត​តែគេ​ទើប​មាន​អាយុ​៧ឆ្នាំ​មែន។ គេ​មិន​ដែល​ប្រព្រឹត្តអំពើ​អ្វី​ធ្វើ​ឲ្យ​ម្តាយ​មីង​ពិបាក​ម្តង​ណា​សោះ​ តែ​ក៏​ពុំ​មែន​ជាកុមារ​ម្នាក់​បណ្តោយ​ឲ្យ​អ្នក​ផង​ជិះ​ជាន់​ញី​ញក់​តាម​ទំនើង​ចិត្ត​ដែរ ពោល​គឺ​ជីវ៉ា​ជា​កុមារ​មាន​ចិត្ត​អង់​អាច​មិន​ចុះ​ចាញ់​អ្វី​ៗ​ ដែល​ជីវ៉ា​យល់​ថា​មិន​ត្រឹម​ត្រូវ​ ខុ​ស​ពី​ការ​ពិត​ជា​ដាច់​ខាត។

និមល​បំពេញ​ភារៈកិច្ច​ជា​មាតាមួយ​​រូប​ ជំនួស​អ្នក​ស្រី​កល្យាណី​ជា​បង​ស្រី​ឥត​ខ្ចោះ​ តាំង​​ពី​ស្រុក​ខ្មែរ​ រហូត​មក​ដល់​ប្រទេស​បារាំង។

ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​រួច និមលនិង​សុភា​គូ​ស្វា​មី​ភរិយា​ថ្មោង​ថ្មី នាំ​ក្មួយ​កំព្រា​មក​នៅ​ផ្ទះ​ជួល​ថ្មី​នៅ​គ្រូ​ណង់​បួរ (Cronenbourg) ។ ផ្ទះ​អាប់​ប៉ាតឺ​ម៉ងដែល​ជួល​នោះ​មាន​បី​បន្ទប់​ អាច​ជា​ទ្រនំ​តូច​មួយ​ផ្តល់​ផា​សុក​ភាព​ដល់ជីវិត​ទាំងបី។

សុភា​រក​ការងារបានហើយ។ គេធ្វើ​ការជា​ជាង​ភ្លើង​ ក្នុង​មន្ទីរ​ពេទ្យ​លី​យោ​ទៃ (Lyautey) ដែល​ជា​មន្ទីរ​ពេទ្យ​យោធា​មួយនៅស្រ្តាស់បួរ។ ចំណែក​និមល​ជាភរិយា​កំពុង​រក​ការងារ ព្រោះ​នាង​ទើប​តែ​បំពេញ​កម្ម​សិក្សា​ចប់​ផ្នែក​គណនេយ្យ។ និមល​មិនទាន់មាន​ការ​ពិសោធ​ន៍ក្នុង​ជំនាញ​ថ្មី​នេះនៅឡើយ។​ នេះ​ជា​បញ្ហា​មួយ​ចោទ​ឡើង​ដែរ។ ការ​នេះ​នាំ​ឲ្យ​និមល​អស់​សង្ឃឹម។ ​​ជា​ជន​ភៀស​ខ្លួន​ នាង​មិនរើសអើងនិង​ប្រកាន់រកតែការងារល្អទេ។ ការ​ងារអ្វី​ក៏​នាងសុខ​ចិត្ត​ធ្វើ​ដែរ លើក​លែង​របរ​ពេស្យា​កម្ម​មួយ​ចេញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នាង​នៅ​មិន​ទាន់​រក​ការ​បាន​នៅ​ឡើយ។ នាង​ខ្លាច​ចិត្ត​សុភា​ណាស់ ព្រោះ​នាង​មាន​បន្ទុក​ចិញ្ចឹម​ក្មួយ​កំព្រា​។ ប្រាក់​ជំនួយ​រដ្ឋ​បារាំង​ជួយ​ខ្លះ​មែន​ តែ​នាង​មិន​ត្រូវ​រំពឹង​លើ​ប្រាក់នេះ​ទេ ត្រូវ​តែ​ស្វះ​ស្វែង​រក​ការ​ងារ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង។ នាង​មិន​ចង់​ឲ្យ​គេ​យល់ថា នាង​ជា​មនុស្ស​បញ្ញើ​ក្អែក ជា​មនុស្ស​ខ្ជិល​ច្រអូស ដេក​រង់​ចាំ​ប្រាក់​ជំនួយ​រដ្ឋ​ចិញ្ចឹម​នោះ​ទេ។ ណាមួយ​និមល​ជា​មនុស្ស​គិត​គូរ​វែង​ឆ្ងាយ​ណាស់។ ​នាង​ជា​មនុស្សប្រុង​ប្រយ័ត្ន​​បំផុត។​ នាងមិន​ចូល​ចិត្ត​បណ្តោយ​ជីវិត​ឲ្យរសាត់ទៅតាម​យថា​កម្ម​ឡើយ។ នាង​យល់​ថា​ បើ​នាង​មិន​ប្រឹង​ជួយ​ខ្លួន​ឯង​ទេ តើ​នរណា​ជួយ​នាង​រួច​? ​ទោះ​ជា​មាន​ថ្ងៃ​ខ្លះ នាង​មាន​ជំនឿ​ផ្តេក​ផ្តួល​លើព្រះ​អាទិទេព​ក៏​នាង​គិត​ថា ទាល់​តែ​នាង​ខំប្រឹង​ខ្លួន​ឯង​ណាស់​ដែរ ទើប​ព្រះ​អាច​ជួយ​សម្រេច​បាន។ សុភា​សិត​ស្រី​ហិ​តោទេស​មួយ​ថែង​ថា «គ្មាន​សត្វ​ម្រឹគ​ណា​បោល​​ចូ​ល​ក្នុង​មាត់​សីហៈ​ដែល​កំពុង​ដេក​លក់​នោះ​ទេ» គឺ​បាន​ន័យ​ថា បើ​សត្វ​ម្រឹគ​គិត​តែ​ពី​ដេក​មិន​ក្រោក​រក​អាហារ​សោះ គ្មាន​សត្វ​ម្រឹគ​ណា​មួយ​បោល​ចូល​ក្នុង​មាត់​សត្វ​ដែល​​កំពុងដេក​បិទ​មាត់ជិត​នោះ​ទេ។

យ៉ាង​ណា​មិញក្នុង​លោក​យើង​នេះគ្មាន​អ្វី​ទៀត​ទាត់​ឡើយ។

ថ្ងៃ​មួយ​ នៅ​ពេល​ដែល​និមល​ត្រឡប់​មក​ពី​ភ្នាក់​ងារ​ជាតិ​ការងារ​ដែល​ពាក្យ​បារាំង​ហៅ​កាត់​ថា  Pôle Emploi និមល​រួស​រាន់​រៀប​ចំ​ធ្វើ​ម្ហូប​អាហារ​ថ្ងៃ​ត្រង់​ ព្រោះ​ប្តី​ និង​ក្មួយ​ត្រឡប់​ចូល​ផ្ទះ​បរិភោគ​អាហារ។ លោក​សុភា​បោះ​ជំហាន​ស្រាលៗ​មក​ជិត​និមល​ រួច​ទម្លាក់​កាសែត​ចុះ​នៅ​លើ​តុ ហើយ​ស្រវា​ឱប​ភរិយា​ពី​ខាង​ក្រោយ​បញ្ចេញ​វា​ចា​​ថា៖

-​ឲ្យ​​បង​សុំ​ថ្នាក់​ថ្នម​បន្តិច​សិន​បាន​ទេ។

និមល​រើ​បម្រះ។ នាង​ហាក់​ធុញ​ទ្រាន់​ស្វាមី ​ដែល​ចូល​ចិត្ត​រំខាន។ នាង​ក៏ថ្លែង​វាចា​បែប​សោះ​អង្គើយ​៖

-មិន​ដឹង​ថា​ស្អីទេ បង​សុភា​ចូល​ចិត្ត​ឆាឆៅ​អូន​ណាស់។ អូន​ខ្លាច​ធ្វើ​បាយ​ទឹក​មិន​ទាន់​។ ជីវ៉ា​មក​​ដល់​ឥឡូវ​ហើយ វា​មុខ​ជា​ឃ្លាន។

សុភា​ថ្លោះ​ទឹក​មុខ​ភ្លាម។ គេ​នឹក​អន់​ចិត្ត​មួយ​រំពេច ក៏​ឆ្លើយ​ទៅ​ភរិយា​វិញ។

-កាល​នៅសង្សារ អូន​ប្រកាន់​ខ្លួន​ប៉ះ​មិន​បាន។ ឥឡូវ​ យើងរៀប​ការ​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​ហើយ​ក៏អូន​នៅដដែល។ អូន​ឯង​រឹង​រូស​ណាស់។ នេះ​មក​ពី​អូន​ឯង​មិន​ស្រឡាញ់​បង។

-បើ​អូ​ន​មិន​ស្រឡាញ់​បង​ អូន​រៀប​ការ​ជាមួយ​បង​ធ្វើ​អ្វី?

-អូន​រៀប​ការ​ជាមួយ​បង​ ព្រោះ​តែ​អូន​ចង់​ឲ្យ​ជីវ៉ា មាន​ឪពុក​ដូច​អូន​ធ្លាប់​ប្រាប់​បង។

-ត្រូវ​ហើយ អូន​មាន​គំនិត​អីចឹង​មែន ប៉ុន្តែបងគួរ​តែ​យល់​ឲ្យវែង​ឆ្ងាយ​ជាងនេះ។ អូន​ពិត​ជា​ចង់​​បាន«បិតា»ម្នាក់​ឲ្យ​ជីវ៉ា​ហៅ​មែន​ តែបើ​អូន​គ្មាន​​ចិត្ត​ស្រឡាញ់​បង​បន្តិច​សោះ ​អូនមិន​​រៀប​ការ​​ជាមួយ​បង​ពេញ​ច្បាប់​ឲ្យ​ជាប់​ចំណង​ទេ? ម៉េច​បាន​ជាបង​គិត​ថា ​អូន​មិន​ស្រឡាញ់​បង​?

-អូន​ស្រឡាញ់​បង​តិច​ជាង​ស្រឡាញ់​ជីវ៉ា។ អូន​គិត​ជីវ៉ា​ច្រើន​ជាង​គិត​បង។

-បង​ច្រណែន​មែន​ទេ? ម៉េច​បាន​ជាបង​មាន​ចិត្ត​អីចឹង?

-តាំង​ពី​យើង​រៀប​ការ ពេលណា​បង​ចង់​ស្និទ្ធ​ស្នាល​ជាមួយ​អូន​ម្តងៗ បង​តែង​តែ​ឃើញ​រូបជីវ៉ា នៅ​ពាំងរា​រាំង​កណ្តាល​រូប​យើង​ទាំងពីរជានិច្ច។ ជីវិត​ប្តី​ប្រពន្ធ​យើង​មិនធម្មតា ដូច​ជា​មាន​​របង​រា​រាំង​ឃា​ឃាំង​យើង​ទាំង​ពីរ​ដែលធ្វើ​ឲ្យ​បង​ទើស​ទាល់​ណាស់។

-បង​ដុះ​គំនិត​នេះ​ពេញ​ខួរ​ក្បាល​ ធ្វើ​ម្តេច​អូន​ប្តូរ​គំនិត​បង​កើត។ បង​យល់​ខុស​ទាំង​អស់… ហ៊ឺ! អូន​សែន​ហួស​ចិត្ត ខក​ចិត្ត​ណាស់ ដឹង​ថា បង​ច្រណែន​ជីវ៉ា។ គ្នា​គ្មាន​យល់​អ្វី​សោះ​ក្រៅ​ពី​សុំ​ក្តី​ស្រឡាញ់​ពី​យើង​ និង​រំពឹង​លើ​យើង​ទាំង​ស្រុង ហើយ​ទុក​យើង​ជា​ឪពុក​ម្តាយ។

សុភា​គាំង​វាចា។ គេដើរ​ចេញ​ពី​ផ្ទះ​បាយ​ទៅ​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ធ្វើ​ព្រងើយ។ រំពេច​នោះ ជីវ៉ា​បើក​ទ្វារ​ចូល​ក្នុង​ផ្ទះ។ កុមារកម្សត់​លើកដៃ​ជម្រាប​សួរ​តាម​ទម្លាប់​ប្រក្រតី​ ដែល​និមល​បាន​ប្រដៅ។ នេះជាកាយវិការដែលនាង​ធ្លាប់​បាន​ប្រព្រឹត្ត​ជា​មួយ​មាតាបិតា​របស់​នាង កាល​នាង​នៅ​កុមារី។

-ជម្រាប​សួរ​ប៉ាប៉ា ជីវ៉ា​មក​ពីសាលា​រៀន​ហើយ។

លោក​សុភា​ដែល​កំពុង​ទោមនស្ស​ទោម្នេញ​ ធ្វើ​ឬក​មិន​ឮ​កុមារ​ជីវ៉ានិយាយ។ លោក​​អង្គុយ​អាន​កា​សែតធ្វើ​ព្រងើយ។ លោក​តាម​មើល​ជីវ៉ា​ដើរ​ចូល​ផ្ទះ​បាយ​ទាំង​គ្នាន់​ខ្នាញ់។ក្នុង​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់គ្រួសារ​នេះបរិភោគ​ទាំង​ក្រៀម​ក្រោះ គឺ​មាន​តែ​ជីវ៉ា​ម្នាក់​ដែល​បរិភោគ​ឆ្ងាញ់​ជាង​គេ។ ជីវ៉ា​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់។ ​ជីវិត​​កុមារ​កំព្រា​នេះ ​ដូច​ជា​រី​ក​ថ្លា​ជាង​ពី​មុន​ច្រើន។ ជីវ៉ា​សប្បាយ​ចិត្ត​ណាស់ ដែ​លម្តាយ​មីង និង​ឪពុក​មា​ស្រឡាញ់​ខ្លួន​ខ្លាំង ​ហើយ​​យល់​ព្រម​​អនុញ្ញាតឲ្យ​ជីវ៉ា​ហៅ​ថា «ប៉ាប៉ា ​ម៉ា​ម៉ង់»។

លុះ​ស្វាមី​ និង​ជីវ៉ា​ចេញ​ទៅធ្វើ​ការ​ និង​ទៅ​សាលា​រៀនអស់ទៅ​ និមល​នៅ​ផ្ទះ​ម្នាក់​ឯង។ នាងនឹក​ឃើញ​វាចា​ស្វាមី​ឡើង​វិញ។ នាង​គិត​ថា ស្វាមី​របស់​នាង​មិន​ស្រឡាញ់​ជីវ៉ា​ដូច​ដែល​នាង​ធ្លាប់​សង្ឃឹម​ និង​ជឿ​ជាក់​សោះ។ និមល​នឹក​តូច​ចិត្ត​ណាស់។ ទឹក​ភ្នែក​ស្រក់​មក​តក់ៗ។ នាង​ចង់​ឲ្យ​ស្វាមី​យល់​ចិត្ត​នាង​ឲ្យ​ច្បាស់​ថា សេចក្តី​ស្នេហា​របស់​នាង​ចំពោះ​រូប​ស្វាមី​ឥត​ប្រែ​ប្រួល​បន្តិចឡើយ។ ជីវ៉ា​គ្មាន​ដឹង​អ្វី​ទេ។ ​វត្តមាន​របស់​ជីវ៉ា​ក្នុង​ផ្ទះ​នេះពុំ​មែន​ជា​ឧបសគ្គ​ជា​ដាច់​ខាត​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍របស់​នាង និង​ស្វាមី ដែល​ជា​បុរស​តែ​មួយ​គត់​​ប្រចាំ​ជីវិត​របស់​នាង។

**********

ភាគទី២

ថ្ងៃនេះ លោក​សុភា គិត​គូរ​ការ​ចំណាយ​សព្វ​សារពើ​ដែល​កត់​លើ​គល់​សន្លឹក​មូល​ប្ប​ទាន​ប័ត្រ។ លោក​​រអ៊ូរទាំ​ថា៖

-ស្បែក​ជើង​ជីវ៉ា​២០អ៊ឺរូ ខោជីវ៉ា​១៣​អ៊ឺរូ ល្បែង​ជីវ៉ា​២៥​អ៊ឺរូ ​សរុប ទាំង​អស់​៥៨ អ៊ឺរូ​ សម្រាប់​តែជីវ៉ា​ម្នាក់​ឯង​។ ឱ! ព្រះ​អើយ​! ប្រាក់​ខែ​របស់​បង​តែម្នាក់ បើ​អូន​ចាយ​ឥត​សំ​ចៃ​យ៉ាង​ហ្នឹង ​ធ្វើ​ម៉េច​​ទៅ?

-បង​សុភា ក្មេង​ឆាប់​ធំ​ណាស់ ខោអាវនិងស្បែកជើងចង្អៀត​អស់​ហើយ។

-ចុះល្បែង? ល្បែង​នៅ​មាន​គគោក អូន​ទិញ​ថ្មី​ទៀត។ ២០​អ៊ឺរូ​ឯលិច ២០​អ៊ឺរូ​ឯកើត​ ថ្លៃ​ឈ្នួល​ផ្ទះ​ផង​ ថ្លៃភ្លើង​ផង ទូរស័ព្ទផង ថ្លៃធានា​រ៉ាប់​រង​រថយន្ត ម្ហូប​អាហារ​សព្វគ្រប់​ បង​រែក​ឯណា​រួច។ អូន​ដឹង​ស្រាប់​ហើយ ឈ្នួល​ផ្ទះ​យើង​ថ្លៃ…។

-បង​មាន​​ចិត្ត​ចង្អៀត​ចង្អល់​ណាស់។ បង​ស្តាយ​ប្រាក់​បន្តិច​បន្តួច​ប៉ុណ្ណឹង​ តើ​អូន​រំពឹង​លើបង​ម្តេច​បាន? ណ្ហើយ​ចុះ! ចាំ​អូន​មាន​ប្រាក់​ខែ អូន​សង​បង​វិញ… អូន​មិន​នឹក​ស្មាន​ថា បង​គិតគូរ​ត្រឹម​ចំណាយ​ប៉ុណ្ណឹង។

-តែនេះ មិន​មែន​ជាការ​ចំណាយ​ផ្ទាល់ខ្លួនអូន​​ទេ?

-មិន​មែន​សម្រាប់​​ផ្ទាល់ខ្លួនអូន​​មែន​ តែ​សម្រាប់​ជីវ៉ា​ក៏​ដូច​ជា​សម្រាប់​អូន​ដែរ។ ជីវ៉ា​ជា​ក្មួយ​​អូន។ ចិញ្ចឹម​វា​មិន​មែន​មាន​ត្រឹម​បាយ​ទឹក​ប៉ុណ្ណោះ​ទេ។ វា​ត្រូវ​ការ​ស្លៀក​ពាក់​ដូច​យើង​អីចឹង​ដែរ។ តាំង​ពី​យើង​រៀប​ការ​មក អូ​នមិន​ដែលចា​យវាយ​លុយ​បង​ខ្ជះ​ខ្ជាយ​ម្តង​ណា​ទេ តែ​នេះជា​ការ​ចំណាយ​ចាំ​បាច់ និងម្តងម្កាល…

-ហ៊ឹ! និយាយប៉ះ​ជីវ៉ា​បន្តិច​មិន​បាន​ទេ​ អូន​ឯង​ការ​ពារ​ភ្លាម។

ជីវ៉ា​មិន​បាន​ដឹង​ឮ​ពី​ទំនាស់​រវាង​មាតា​បិតា​ចិញ្ចឹម​ទេ ព្រោះ​ជីវ៉ា​នៅលេង​ក្នុង​បន្ទប់​ដំណេកផ្ទាល់។ កុមាររត់​វឹង​ចេញ​ពី​បន្ទប់​មក​អង្គុយ​នៅចំ​កណ្តាល​និមល​ និង​លោក​សុភា ប្រកបដោយ​ទឹក​​មុខ​ញញឹម​ញញែម។ ជីវ៉ា​ចាប់​​ដៃ​បិតា​ចិញ្ចឹម​បបួល​ឲ្យ​ល្បែងថ្មី​ជាមួយខ្លួន។ លោក​​សុភា​ដែល​កំពុង​តែ​គ្នាន់​ខ្នាញ់​កុមារ​តូច​នេះ​ស្រាប់ ក៏រលាស់​ដៃ​ចេញ ហើយ​​បណ្តេញ​ជីវ៉ា​ឲ្យ​ចេញ​ឆ្ងាយ។

-ចេញ!​ ទៅ​លេង​ឯណា​ឯណី​ឲ្យ​ឆ្ងាយ​ពី​មុខ​ពីមាត់​អញ​ទៅ។ កុំ​រំខាន​អញៗ​ធុញ​ទ្រាន់​ណាស់!

ជីវ៉ា​ធ្លាក់​ទឹក​មុខ​ចង់​យំ កាល​បើ​បាន​ឮ​សំដីគ្រោត​គ្រាត​របស់​បិតា​ចិញ្ចឹមលើកទីមួយ។ កុមារកំព្រាច្រម៉ក់​រត់​ចេញវឹង​ចូល​​ក្នុង​បន្ទប់​ពួន​យំ​ហាក់​ដូច​ជា​តូច​ចិត្ត​ខ្លាំងណាស់។  និមល​ច្រឡោត​ភ្លាម ហើយ​បន្ទោស​ស្វាមី។

–  ជីវ៉ា​ស្រឡាញ់​បង​ណាស់ បង​ដឹង​ទេ? បង​កំពុងតែ​ធ្វើ​ឲ្យ​ក្មេង​ខូច​ទឹកចិត្ត។ អូន​ស្តាយ​ណាស់ ដែល​បាន​រៀប​ការ​ជាមួយ​បង ព្រោះតែ​អូ​នយល់​ថា បងជា​មនុស្ស​ចិត្ត​ល្អ។ បង​មិន​មែន​ជា​សុភា​របស់​អូន​ដូច​ពី​មុន​ទេ។ បើ​អូន​ដឹង​ថា បង​ចិត្ត​ចង្អៀត​ចង្អល់​បែប​ហ្នឹង អូន​មិន​ត្រូវ​ការ​បង​ទេ។

-បង​ក៏អីចឹង​ដែរ។ បង​មិន​ស្មាន​ថា សេចក្តី​ស្នេហា​របស់​យើង​កាន់​តែ​ក្រៀម​ស្វិត​ទៅ​ៗ ព្រោះ​តែ​មាន​ជីវ៉ា​ជា​ឧបសគ្គ។

-ឧបសគ្គ? បង​ថា ជីវ៉ា​ជា​ឧបសគ្គ? ជីវ៉ា​មិន​មែន​ជា​ឧបសគ្គ​ដូច​បង​យល់​ឃើញ​ទេ។ វា​គ្មាន​​ដឹង​អី​ទេ?

-វា​ពិត​ជា​ឧប​សគ្គ។ វា​នៅ​រារាំង​ពាំង​កណ្តាល​យើង​គ្រប់​ពេល​វេលាគ្រប់​សកម្មភាព​ទាំង​អស់​។​

-មិន​ពិត​ទេ បង​សុភា ម៉េច​ក៏​បង​យល់​ខុសអីចឹង?

និមល​អន់​ចិត្ត​ស្វាមី​ ដែល​រក​រឿង​នាង​ហើយ​យក​ជីវ៉ា​មក​ធ្វើ​ជា​មូល​ហេតុ។ នាង​នឹក​ថា នាង​ខំ​ស្រឡាញ់​រូប​គេ​ គ្មាន​គិត​អ្វីទាំង​អស់។ នេះ​ព្រោះ​តែ​នាង​ទុកចិត្ត ហើយ​ជឿជាក់​ថា គេ​ចេះ​ផ្គាប់​ចិត្ត​នាង​ឲ្យ​នាង​​សប្បាយ​រីក​រាយមានសេចក្តីសុខ។ គេ​ចេះ​ផ្តល់​អ្វីៗ​ដែល​នាង​ចូល​ចិត្ត​។ ជាពិសេស​ គេ​មាន​ចិត្ត​ធម៌​អាណិត​ស្រឡាញ់​ជីវ៉ា​ដូច​នាង​ដែរ។ នាង​មិន​នឹក​ស្មាន​ម្តងណាសោះថា ចិត្ត​គេ​ខ្វះមេត្តា​ធម៌ចំពោះ​កុមារ​ជីវ៉ា​ ​ក្មួយ​កំព្រា​កម្សត់​របស់នាងយ៉ាង​នេះ​សោះ។ គេ​ភ្លេច​ពាក្យ​សន្យា​របស់​គេ​មុន​ថ្ងៃ​រៀប​ការ​អស់ហើយ។គេ​ធ្វើ​ឲ្យ​នាង​ខឹង។គេ​ធ្វើ​ឲ្យ​នាង​យំ ធ្វើ​ឲ្យ​ទ្រូង​នាង​ចង្អៀត​រាល់​ថ្ងៃ។ គេ​បង្ក​រឿងរក​លេស​ស្អប់​ជីវ៉ា ដែ​លគ្នា​គ្មាន​បាន​ប្រព្រឹត្ត​អំពើ​អ្វី​ឆ្គាំ​ឆ្គង​ ក្រៅ​ពី​ទុក​គេ​ជា​បិតា​ម្នាក់។ តើ​ឲ្យ​និមល​បោះ​បង់​ចោល​ជីវ៉ា​ ​ ដើម្បី​បំពេញ​ចិត្ត​ស្វាមី​ ដែល​ធ្វើ​ជា​មិន​យល់​ចិត្ត​នាង​សោះ​យ៉ាង​នេះម្តេច​កើត។ ទេ! ទោះ​បី​ជា​ស្រឡាញ់​ស្វាមី​យ៉ាង​ណា នាង​​និមល​ពិត​ជា​មិន​អាច​លះ​បង់​ជីវ៉ា​កំព្រា ទៅ​ឲ្យ​មនុស្ស​ចិត្ត​ធម៌​ណា​ម្នាក់ជួយ​ចិញ្ចឹម​ព្យាបាលជំនួស​នាង​បាន​ជា​ដាច់​ខាត។

និមល​អាក់​អន់​ចិត្ត រក​ហាមាត់​ចេញ​ស្តី​ជាមួយ​ស្វាមី​មិន​បាន។ និមល​ខឹង​ស្វាមី​  មិន​ខ្ចី​មើល​មុខ​មើល​មាត់​ស្វាមី​ មិ​នរួម​តុ​បាយ​ជាមួយ​ដូច​សព្វ​ដង។ នាង​ដឹង​ដែរថា នេះ​ជាគុណ​វិបត្តិ​មួយ​របស់​នាង។ កាល​ណា​ខឹង​ហើយ​គឺ​អាក្រក់​ណាស់។ ខុស​ពី​សុភា​ដែល​ខឹង​ហើយរញ៉ិករញ៉ុកជាមួយនាងភ្លាម។

**********

          ថ្ងៃ​មួយ​ ជីវ៉ា​ត្រឡប់​ពីសាលា​រៀន​វិញ​។ កុមារមាន​ទឹក​មុខ​ស្រមេម​ស្រមាម​ដាម​ស្នាម​ជាំ​ជិត​មាត់។ កុមារ​តូច​យំ​​ឈឺ​ស្នាម​របួស​ផង​ភ័យ​ផង​ ដោយ​ឃើញ​ឈាម​ហូរ។ និមល​ឃើញ​ភ្លាម​តក់​ស្លុត​ណាស់​។ នាងស្ទុះ​រក​សំឡី​ដាក់​អាល់កុល​មក​ជូត​សម្អាត​ស្នាម​របួស​ឲ្យ​ក្មួយ​ហើយសួរ​ថា៖

-ថី​បាន​ជា​បែក​ម៉ាត់​ចេញ​ឈាម​អីចឹង​ជីវ៉ា។ អ្នក​ណា​ធ្វើ​អី​ឯង?

ជីវ៉ា​មិន​តប​ឆ្លើយ​ទេ ។គេ​យំ​កាន់​តែខ្លាំង​ឡើង​ៗ​ហាក់​ដូច​ជា​ខឹង​ខ្លាំង​ណាស់។ និមល​សង្ខើញ​ដេញ​ដោល​សួរ​ទៀត។

-វាថី? អ្នក​ណា​វាយ​ឯង​បែក​មាត់ ម៉េច​ក៏​មិន​ឆ្លើយ?

ជីវ៉ា​មិន​ព្រម​ឆ្លើយ​ ពុំ​ដឹង​ជា​​គេគិត​ឃើញ​ដូច​ម្តេ​ច​បាន​ជា​រឹង​រូស​ មិន​ព្រម​ឆ្លើយ​​ប្រាប់​ការ​ពិត​​​។ ការ​យំ​យែក​របស់​ជីវ៉ា​ធ្វើ​ឲ្យ​ថ្លង់​រំខាន​លោក​សុភា​នៅ​ក្នុង​បន្ទប់។ លោក​​សុភា​ចេញ​ពី​ក្នុង​បន្ទប់​បញ្ចេញ​ទឹក​មុខ​មាំ។ គេ​ស្ទុះ​ចាប់​ស្មា​ជីវ៉ា​អង្រួន​ពីរ​បី​ដង​ហើយ​​ស្រែកគំហក​ឲ្យ​ជីវ៉ា។

-ក្បាលរឹង​ម្ល៉េះ! ម៉េច​មិន​ឆ្លើយ នៅ​ទួញ​ឡែៗ ថ្លង់​ណាស់សឹងតែបែកក្រដាសត្រចៀក។ មើល​ចុះ​ មុខ​វា​ស្រមាម​ប៉ាក។ ឯងបង្ក​ហេតុ​ជា​មួយ​នរណា​? មាន​រឿង​អី​ជាមួយ​អ្នក​ណា​អ្ហៈ​ជីវ៉ា?

ពាក្យ​សម្លុត​របស់​លោក​សុភា​ធ្វើ​ឲ្យ​ជីវ៉ា​រឹត​តែ​រួញ​ខ្លួន​ភិត​ភ័យ​ ហើយ​តក់​ស្លុត​លើស​ដើម។ ជីវ៉ា​កាន់​តែ​លែង​ហ៊ាន​និយាយ​ការ​ពិត​ ព្រោះ​គិត​ឃើញ​ថា បើ​គេ​ដឹង​គេ​មុខ​ជា​ខឹង​ថែម។

-ជីវ៉ាប្រាប់​ឲ្យ​ត្រង់។ ឯង​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា? នៅសាលា​មាន​រឿង​អ្វី?

-បាទ!

-ឆ្លើយ «បាទ» មួយ​ម៉ាត់​មិន​គ្រប់​គ្រាន់​ទេ។ រឿង​អី… និយាយ​ភ្លាម លោក​សុភា​គំហក។

-និយាយ​ទៅ​ជីវ៉ា ម៉ាក់ និង​ប៉ា​ចាំ​ស្តាប់​ចង់​ដឹង​យូរ​ហើយ។

នាងនិមល​​ជំរុញ​។ ជីវ៉ា​អេះ​អុញ ខំ​ខាំ​មាត់​ឈប់​យំ។ មួយ​ស្របក់​ក្រោយ​មក ទើបជីវ៉ា​និយាយ​តិចៗទាំង​ញញើត​ញញើម​ ៖

-ពួកម៉ាកជីវ៉ា​ទាំងអស់​គ្នា​ថា ប៉ាប៉ា​ចិត្ត​អាក្រក់ ប៉ាប៉ា​កាច។​ប៉ាប៉ា​អត់​ស្រឡាញ់​ជីវ៉ាទេ ។ ពួកវាថា ជីវ៉ា​មិន​មែន​ជា​កូន​បង្កើត​របស់​ប៉ាប៉ា…

ចម្លើយ​របស់​ជីវ៉ា​ធ្វើ​ឲ្យ​លោក​សុភា​កាន់​តែ​ងឿង​ឆ្ងល់។ លោក​សម្រួលចិត្តបន្ទន់​វាចា​សួរ​ជីវ៉ា​។

-គ្រាន់តែ​ប៉ុណ្ណឹង​ ម៉េច​ក៏​ដល់​ថ្នាក់​បែក​មាត់​ចេញ​ឈាម?

-បាទ! ប៉ាប៉ា ​ជីវ៉ា​បាន​ប្រកែក​ថា ប៉ាប៉ា​ចិត្ត​ល្អ​មិន​មែន​ចិត្ត​អាក្រក់​ដូច​ពាក្យ​ពួក​វាថា​ទេ។ ពួក​វា​នៅ​តែ​រឹង​និយាយ​ពាក្យ​ដដែល​ៗ។ ជីវ៉ា​ហាម​យ៉ាង​ណា​វា​មិន​ព្រម​ស្តាប់។ ជីវ៉ា​ខឹង​ខ្លាំង​ពេក​ក៏​ទះ​ពួក​វា​មួយ​ដៃ​ម្នាក់។ ប៉ាប៉ា​ ជីវ៉ា​ម្នាក់​ឯង​ត​តាំង​ជា​មួយ​ពួក​វា​មិន​ឈ្នះ។ ពួក​វា​ពួត​ដៃ​គ្នា​ព្រួត​វា​យ​ជីវ៉ា​ម្នាក់​មួយ​ដៃ​ៗ​វិញ។ ជីវ៉ា​ខឹង​វា​យ​កូន​បារាំង។ ប៉ាប៉ា! ​កុំ​ខឹងជីវ៉ា​ណា។ ជីវ៉ា​អត់​ចង់​វាយ​កូន​បារាំង​ទេ តែ​ជីវ៉ា​ខឹង​ណាស់ក… ទ្រាំ​មិន​បាន…។

និយាយ​រួច​ភ្លាម ជីវ៉ា​ស្ទុះ​ទៅ​ឱប​លោក​សុភា​ ហើយ​និយាយ​អង្វរ​លន់​តួ​គួរ​ឲ្យ​មេត្តា​អ្វី​ម្ល៉េះ!។

-ប៉ាប៉ា! ជីវ៉ាខុស​ហើយ! ជីវ៉ា​សូម​ទោស​ណ៎ា។ ប៉ាប៉ា! អត់​ទោស​ឲ្យ​ជីវ៉ា​ផង​ណ៎ា។

សម្តី​របស់​កុមារ​ជីវ៉ា​បណ្តាល​ឲ្យ​លោក​សុភា​រន្ធត់​ចិត្ត​អាណិត​កូន​ចិញ្ចឹម​ជា​ពន់​ពេក។ លោក​ខ្លោច​​ចិត្ត​អាណិត​ជីវ៉ា ប្រវា​ទាញ​ប្រាណ​ដ៏​តូច​របស់​ជីវ៉ា​មក​ឱប​យ៉ាង​ណែន​ដោយ​ក្តី​ករុណា​អស់​ពី​​ជម្រៅ​ដួង​​ចិត្ត ហើយ​ពោល​លួង​លោម​កូន៖

-ពុទ្ធោ​អើយ! ជីវ៉ា​កូន​ប៉ា។ កូន​រង​គ្រោះ​បែក​មាត់ពក​មុខ​​ដោយសារ​តែ​កូន​ជួយ​ការពារ​ប៉ា កុំ​ឲ្យ​គូ​កន​យល់​ខុស​មក​លើប៉ា។ កូន​ល្អ​ណាស់។ កូន​ពិ​ត​ជា​ស្រឡាញ់​ប៉ា​​មែន។ ប៉ា​ទេ ដែល​ខុស​ ដែល​អាក្រក់​សម​ឲ្យមិត្ត​រួម​ថ្នាក់​កូន​ដៀល​ប៉ា និង សម​តាម​ពាក្យ​ម៉ាក់​កូន​ថា​ឲ្យ​ប៉ា​មែន។ កូន​ស្រឡាញ់​ប៉ា​ប៉ុណ្ណា?

-បាទ! កូន​ស្រឡាញ់​ប៉ាប៉ា និង​ម៉ាម៉ង់​ស្មើ​គ្នា ស្រឡាញ់​ខ្លាំង​ដូច​គ្នា។

និមល​សែន​រំភើប​ កាល​បើ​បាន​ឮ​ពាក្យ​ជីវ៉ា និង​ស្វាមី​របស់​នាង​ បញ្ចេញ​សេចក្តី​ស្រឡាញ់​ប្រាប់​គ្នា​ទៅវិញ​ទៅ​

មក។ ជា​ពិសេស​នាង​បាន​ដឹង​ថា ស្វាមី​របស់​នាង​ស្រឡាញ់​ជីវ៉ា​ដូច​នាង​ដែរ។     នៅ​ទី​ណា​ក៏​ដោយ​ឲ្យ​តែ​​មានសេចក្តី​ស្រឡាញ់​ និង​ការ​សន្តោស​គ្នា​ទៅវិញ​ទៅមក ព្រមទាំងការជម្រុះ​ចិត្ត​ច្រណែន​និន្ទា​ឲ្យ​ចេញ​ពី​សន្តានចិត្ត​ សេចក្តី​សុខ​ប្រាកដ​ជា​កើត​មាន ដូច​នៅ​ទីនេះ​ក្នុង​ផ្ទះ​របស់​និមល​ សុភា និង​ជីវ៉ា​នេះ។ ​សេចក្តី​សុខ​សាន្ត និង​សន្តិភាព​ចាំង​រស្មី​ចិញ្ចែង​ឡើងវិញហើយចាប់ពីនាទីនេះទៅ។ និមល​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ។ នាង​គេច​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​ ដើម្បី​ពួន​យំបង្ហូរ​ឲ្យ​អស់​ទឹក​ភ្នែក​សោកា​ដែល​នៅ​ត្រាំ​ត្រែងក្នុង​ដួង​ចិត្ត​របស់​នាង តាំង​ពី​មាន​ទំនាស់​រវាង​រូប​នាង និង​លោក​សុភា​ជា​ស្វាមី​មក។

មួយ​ស្របក់​ក្រោយ​មក លោក​សុភា​យល់​ការណ៍ ក៏ដើរ​តាម​ភរិយា ហើយ​ពោល​ពាក្យ​លួង​លោម​ភរិយា​យ៉ាង​ផ្អែម​ល្ហែម៖

-និមល​មាស​បង! បង​ខុស​ហើយ។ បង​បាន​ធ្វើ​ឲ្យ​អូន​ពិបាក​ចិត្ត​ច្រើន​ណាស់។ អត់​ទោស​ឲ្យ​បង​ផង​ណ៎ា​អូន។ អ្វី​ៗ​ទាំង​អស់​កន្លង​មក បណ្តាល​មក​ពី​ចិត្ត​ចម្កួត​របស់​បង​។ នេះ​មក​ពី​បង​ស្រឡាញ់​អូន​ពេក។ បង​ចង់​ឲ្យ​អូន​នៅជិត​បង​រាល់​ពេល​វេលា។ បងចង់​បីបម​ថ្នាក់​ថ្នម​អូន​ឲ្យ​អស់​ពី​ដួង​ចិត្ត​ ទើប​បង​មាន​គំនិត​ខ្មៅមួយ​យល់​ឃើញ​ថា បើ​នៅផ្ទះនេះ ​មាន​តែ​យើង​ពីរនាក់​ នោះ​សេចក្តី​ស្រឡាញ់​មិន​​រំលែក​បែង​ចែកទៅអ្នក​ណា​ទៀតទេ។ បង​មាន​ចិត្ត​បុគ្គល​និយម ​(អត្ត​ទត្ថ​បុគ្គល​) ពេក​ហើយ​។ បងគិតមិនដល់ថា បើ​បង​មិន​ចូល​ចិត្ត​ជីវ៉ា​បាន​សេចក្តី​ថា បង​មិន​បាន​បំពេញ​ចិត្ត​ភរិយា​សម្លាញ់របស់​បងទេ។ ជីវ៉ា និង​អូន​ស្រឡាញ់​​បង​ពិត​មែន​ បង​យល់​ហើយ។ ការ​ច្រណែន​ធ្វើ​ឲ្យ​យើង​គិត​ខ្លី។ ការ​ច្រណែន​ជា​ពូជ​របស់​ពៀរ​នៅក្នុង​លោក។ ណ្ហើយ​ចុះ! យើង​បំភ្លេច​រឿង​រ៉ាវ​មិន​ល្អ​នេះ​ចោល​ទៅ។ ពីថ្ងៃ​នេះទៅ បង​តាំង​ខ្លួន​ជា​បិតា​ដ៏​ល្អ​ដូច​​បិតា​បង្កើត​របស់​ជីវ៉ា និង​ជា​ស្វាមី​ដ៏​វិសេស​ម្នាក់​របស់​អូន។

និយាយ​រួច​ លោក​សុភា​ថើប​ទឹក​ភ្នែក​ភរិយា​ដែលដក់នៅ​លើ​ផែន​ថ្ពាល់​មិន​ទាន់​ស្ងួត​អស់។ លោក​លើក​កាយ​ដ៏​ស្រឡូន​របស់​ភរិយា​មក​ឱប​រឹត​យ៉ាង​ណែន​។ និមល​សែន​រំភើប​ជា​ពន់​ពេក។ ស្រស់​​​ស្រី​ញញឹម​ទាំង​ទឹក​ភ្នែក​សើម​លើ​ថ្ពាល់ ហើយ​និយាយ​តប​ទៅ​ស្វាមី​ម្ចាស់​ជីវិត​វិញ។

-អូន​អរណាស់​ ​ដឹង​ថា បង​យល់​ចិត្ត​អូន​ និង​ចិត្ត​ជីវ៉ា។ ទោះ​បី​ជា​អូន​មាន​ជីវ៉ា អូន​នៅតែ​ស្រឡាញ់​បង​ជា​និច្ច។ អូន​មិន​មែន​ស្រឡាញ់​ជីវ៉ា​ជាង​បង​ម្តង​ណាទេ។ អូន​អាណិត​ជីវ៉ា​ណាស់ ហើយ​អូន​មាន​ភារៈ​ចិញ្ចឹម​បី​បាច់​ជីវ៉ា។ ក្នុង​វង្ស​ត្រកូល​របស់​អូន​ នៅ​សល់​តែរូប​អូន​ និង​ជីវ៉ា​ប៉ុណ្ណោះ។ រូប​ជីវ៉ា​តែ​ម្នាក់​អាច​ធ្វើ​ឲ្យ​ចិត្ត​កំព្រា​រងា​របស់​អូន​បាន​កក់​ក្តៅ អាច​បំបាត់​ការ​នឹក​រលឹក​ អ្នក​មាន​គុណ​របស់​អូន​ទាំង​ទ្វេ និង​បង​ស្រី​របស់​អូន​ដែរ។ តាំង​ពីអាយុ​៤ឆ្នាំ​​ជីវ៉ា​នៅ​ជា​មួយ​អូន​ជានិច្ច។ គ្នា​គិត​ថា អូន​ជា​ម្តាយ​របស់​គ្នា ថ្វី​បើ​អូន​មិន​បាន​បង្កើត​រូប​គ្នា​មែន។

-​បង​យល់​ហើយ បង​ដឹង​ទាំង​អស់។ បង​សរសើរ​អូ​នណាស់ ដែល​បាន​បំពេញ​ និង​កំពុង​បំពេញ​កាតព្វ​កិច្ច​ជា​អាណា​ព្យាបាល​ដ៏​ល្អ​បំផុត និង​សុខ​ចិត្ត​ទទួល​ពាក្យ​គ្រោត​គ្រាត​ចំអក​រិះ​គន់គ្រប់​បែប​យ៉ាង​ពី​សង្គម។  ឃើញ​ដូច្នេះ ​ហើយ​បាន​ជាបង​តាម​ស្រឡាញ់​អូន​សុំ​អូន​រៀប​ការ​ជាមួយ​អូន។ បាន​សេចក្តី​ថា យើង​មាន​ចិត្ត​ដូច​គ្នា តែ​សេចក្តី​ស្នេហា​ដ៏​លើស​លប់​លើ​រូប​អូន​ប្រទាញ​​បង​ឲ្យ​គិតខុស​ទៅវិញ។ ខុស​មក​ពី​ច្រណែន​មិន​សម​ហេតុ​សម​ផល។ កំហុស​នេះ​អាច​សម្លាប់​ស្នេហ៍​យើង​បាន បើ​គ្មាន​គ្រោះ​ថ្នាក់​របស់​ជីវ៉ា​ទេ។

-យើង​បិទ​ទំព័រ​ចាស់ ដែល​ប្រឡាក់​ស្នាម​ក្រវេម​ក្រវាម​នោះ​ចោល​ទៅ។ ចាប់​ពី​នាទីនេះ​ទៅ យើង​ទាំង​បី​នាក់​យល់​ចិត្ត​គ្នា​ច្បាស់​លាស់​ហើយ។ នេះ​ហើយ​ជា​គ្រឹះ​នៃ​សុភមង្គល​របស់​គ្រួសារ​យើង។    គ្មាន​មនុស្ស​ចិត្ត​បាប​ចិត្ត​នរក​ណា​មក​បំផ្លាញ​សុភមង្គលគ្រួសារយើងបាន​ឡើយ​ មែន​ទេ​បង?

-មែន​ហើយ​អូន​! បង​សុំ​តែ​ម្យ៉ាង​គត់​ គឺ​សូម​ឲ្យ​អូន​ស្រឡាញ់​បង​ដូច​កាល​យើង​នៅជា​សង្សារ​អីចឹង​ណ៎ា។

-សង្សារ​បាន​ត្រឹម​ចិត្តប៉ុណ្ណោះ អូន​ស្រឡាញ់​បង​ម្លឹង។ ប្តី​ប្រពន្ធ​បាន​ដល់​កាយ​រឹត​តែ​ស្រឡាញ់​ខ្លាំង​ថែម​ទៀត​មិន​ថា​អីចឹង​ឬបង?

ទឹក​ភ្នែក​ពី​រ​ដំណក់​ ជា​ទឹក​ភ្នែក​សុភមង្គល​បាន​រមៀល​ធ្លាក់​ពី​នេត្រា​របស់​គូ​ស្វាមី​ភរិយានេះ ហាក់​បី​​ដូច​ជា​ហូរ​មក​ជម្រះ​ក្តី​មន្ទិល​ និង​ក្តី​សៅ​ហ្មង​ទាំង​ប៉ុន្មាន​គ្មាន​សល់​សូម្បី​ប៉ុន​ល្អង​ធូលី។ រីឯ​កុមារ​ជីវ៉ា​វិញ​ក៏​មាន​ចិត្ត​ស្ងប់​ឡើង​វិញ មិន​បារម្ភ​ទៀត​ទេ​ទៅ​លើ​អំពើ​របស់​គេ​ដែល​បា​នវាយ​កូន​បារាំង ព្រោះ​តែ​មិន​អាច​ទ្រាំ​ខឹង​និងការពារបិតាធម៌ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក្តី ម៉ាក់​ប៉ាចិញ្ចឹម​របស់​គេ​បាន​អភ័យ​ទោស​ឲ្យ​គេ​ហើយ។

និមល​ចូល​​ក្នុង​បន្ទប់​ជីវ៉ា​ ហើយ​ពន្យល់​ណែ​នាំ​អប់​រំ​ដោយ​​សម្តី​ពីរោះ​ពិសា​ថា៖

-ជីវ៉ា! កូន​ម៉ាក់ ម៉ាក់ និង​ប៉ា​របស់​កូន​ពេញ​ចិត្ត​ និង​រំភើប​ចិត្តណាស់ អំពី​ការ​ដែល​កូន​បាន​ការ​ពារ​ប៉ាប៉ា​មិន​ឲ្យ​អ្នក​ដទៃ​មើល​ងាយ។ នេះ​ជា​អំពើ​ល្អ​មួយ​ដែល​កូន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​។​ ប៉ុន្តែ ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ កូន​ខំ​រៀន​ហាត់​ចិត្ត និង​ទម្លាប់​ចិត្ត​សន្តោស​ប្រណី​អត់​ឱន​ឲ្យ​គេ​ណ៎ា​។ កូន​កុំ​វាយ​កូន​បារាំង​ ឬ​មិត្ត​រួម​ថ្នាក់​ ឬក៏​អ្នក​ណា​ផ្សេងទៀត ខ្លាច​គេ​វាយបកតប​មក​វិញ​នាំ​ឲ្យ​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ…។

ជីវ៉ា​ស្តាប់​ម្តាយ​មីង​បង្កើត ដែល​ជា​ម្តាយ​ចិញ្ចឹម​របស់​ខ្លួន ដោយ​ក្រសែ​ភ្នែក​ស្រទន់ ហើយ​ងក់​ក្បាល​ស្រប​តាម​ពាក្យ​អ្នក​ម្តាយ។ និមល​ជា​ម្តាយ​ចិញ្ចឹម​ឱន​ថើប​ថ្ងាស​កូន​មួយ​ខ្សឺត ហើយ​បិទ​ភ្លើង​បន្ទប់​ទុក​ឲ្យ​ជីវ៉ា​គេង។

ជីវ៉ា​ធ្មេច​ភ្នែក​សម្ងំ​គេង បំភ្លេច​រឿង​មិន​ល្អ​ពី​ថ្ងៃ ហើយ​សន្មតតាំង​ចិត្ត​ថា​ខំ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​កាន់​តែ​ល្អ ដើម្បីឲ្យ​មាតា​បិតា​ និង​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ពេញ​ចិត្ត​ និង​សរសើរ​ថែម​ទៀត​ផង៕

សរសេរចប់នៅសាន់ន័រថ្ងៃទី២២ខែសីហាឆ្នាំ១៩៨៥

កែសម្រួលនៅម៉ុងទីញីប្រទេសបារាំងថ្ងៃទី១៩កុម្ភៈ២០០៣

កែសម្រួលជា​ថ្មីនៅម៉ុងទីញីប្រទេសបារាំងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១២

Advertisements

5 responses to “រឿងខ្លី ៖ ព្រោះតែអ្នក ភាគទី១ និង ភាគទី២ និពន្ធដោយ ប៉ិច សង្វាវ៉ាន

  1. រីករាយថ្ងៃកាន់បិណ្ឌទី ២ អ្នកមីង ! ឆាកជីវិតមនុស្សម្នាក់ៗ សុទ្ធតែខុសៗគ្នា ហើយសុទ្ធសឹងតែជារឿងដែលមិនទៀងទាត់ មិនអាចប៉ាន់ស្មានបានមុន

  2. ព្រោះតែអ្នក ជា​រឿង​ប្រលោម​លោក​ខ្នាត​ខ្លី​ថ្មី​មួយ​ទៀត​របស់​អ្នក​និពន្ធ​ប៉ិច​សង្វា​វ៉ាន ក្នុង​ប្រលោម​លោក​ខ្នាត​ខ្លី​ផ្សេងៗ​ទៀត​ដែល​ខ្ញុំបា​នអាន។ ខ្លឹម​សារ​ពិសេស​នៅ​ក្នុង​រឿង «ព្រោះតែអ្នក»ដែល​យើង​អាច​ទាញ​យក​មក​ធ្វើ​ការ​សិក្សា​រៀន​សូត្រ គឺ​អ្នក​និពន្ធ​បាន​សរសេរ​ផ្តោត​ទៅ​លើ​ការ​អប់រំ ទូន្មាន ទំនាក់​ទំនង​ល្អ​រវាង​ប្ដី​ប្រពន្ធ​ដោយ​ត្រង់​តែ​ម្ដង។

    និមល​ជា​កូន​កំព្រា​ក្នុង​របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម ឳពុក​ម្ដាយ​នាង​ត្រូវ​ស្លាប់ ដោយ​ការ​អត់​ឃ្លាន​ បង​ស្រី បង​ថ្លៃ​នាង​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​សំលាប់​យ៉ាង​អណោច​អធម្ម​។ និមល​ព​ក្មួយ​ប្រុស​កូន​បង​ស្រី​ឆ្លង​ដែន រត់​ភៀស​ខ្លួន​មក​រស់​នៅទី​ក្រុង​ស្រ្តាស់​បួរ​ប្រទេស​បារាំង។ នាង​បាន​សំរេច​ចិត្ដ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​សុភា​ដែល​តាម​សុំ​ស្រឡាញ់​នាង។ ស្នេហា និមល និង សុភា មាន​ការ​រកាំ​រកុះ​គ្នា ​ព្រោះ​សុភា​ច្រណែន​ប្រចណ្ឌ​ថា និមល​ស្រឡាញ់​ក្មួយ​ជីវ៉ា​របស់​នាង ច្រើន​ជាង​ស្រឡាញ់​ខ្លួន ហើយសុភា​ដែល​ធ្លាប់​តែ​ជា​សុភាព​បុរស​ម្នាក់ ប្រកប​ដោយ​សំដី​ផ្អែម​ល្អែម ប្រែ​ក្លាយ​ទៅ​ជា​បុរស​គំរោះ​គំរើយ​ម្នាក់​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​និមល និងសុភា ជួបនូវ​វិបត្ដិ​គ្រួសារ​រង​ទុក្ខ​សោក​ស្ទើរ​តែ​ទ្រាំ​ពុំ​បាន​។

    ពិត​មែន​ហើយ ការ​គ្រប់​គ្រង​គ្រួសារ​ឲ្យមាន​សេចក្ដី​សុខ​ទៅ​បាន គឺ​ជា​ការ​តព្វ​កិច្ច​យ៉ាង​សំខាន់​បំផុត​សម្រាប់​បុរស និង​ស្រ្ដីដែល​ចុះ​សំរុង​ជ្រើស​រើស​គ្នា​ធ្វើ​ជា​គូ​គ្រង។ ក្នុង​កិច្ច​ការ​នេះ​គេ​ត្រូវ​ចេះ​អត់​ធ្មត់​សន្ដោស​ប្រោស​ប្រណីគ្នា ហើយ​ត្រូវ​ចៀស​វាង នូវ​អំពី​ក្ដៅ​ក្រហាយ​ទាំង​ឡាយ​ណា ​ដែល​ជា​កត្ដា​នាំ​ទុក្ខ​មក​ឲ្យ​គ្រួសារ ហើយ​ដែល​ជា​កត្ដា​សំខាន់​បំផុត ធ្វើ​ឲ្យ​បាក់​បែក​ប្ដី​ប្រពន្ធ​គ្នា​តែ​ម្ដង។

    ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ក្នុង​គ្រួសារ មិន​មែន​បណ្ដាល​មក​ពី​រឿង​ធំៗ​នោះ​ទេ គឺ​កើត​មក​តែ​ពី​រឿង​កំប៉ិច​កំប៉ុក​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ នៅ​ក្នុង​រឿងរាមកេរ្ដិ៍ ដោយ​គ្រាន់​តែ​នាង​សិតា​គូរ​រូប​អសុរ  ព្រះ​រាម ដែល​អួត​អាង​ថា ជា​អវតា ដ៏​សំខាន់​មួយ​របស់​ព្រះវិស្ណុ​នោះ ក៏​នៅ​តែ​មាន​ក្ដី​ប្រចណ្ឌ ​មើល​ងាយ​ស្នេហា​នាង​សិតា​ រហូត​ក្លាយ​ជា​ទំនាស់​បាក់​បែក​គ្នា​គ្មាន​ថ្ងៃ​ជួប។ យ៉ាង​ណា​មិញ​ការ​ទាស់​ទែង​គ្នា​រវាង​និមល នឹង​ស្វាមី ​ក្នុង​«រឿង​ព្រោះ​តែ​អ្នក» មិន​មែន​កើត​ចេញ​ពី​រឿង​ធំ​ដុំ​ឯ​ណា។ ការ​ស្រឡាញ់​រញ៉ិច​រញ៉ុក​របស់​ប្ដី ជួប​នឹង​ការ​សោះ​អង្កើយ​របស់​ប្រពន្ធ ដោយ​សំអាង​ទៅ​លើ​កត្ដា​ផ្សេងៗ ធ្វើ​ឲ្យ​ម្នាក់ៗ ភ្លេច​ក្ដី​ស្រឡាញ់​បរិសុទ្ធ​អស់​រលីង ហើយ​ងក់​ងរ​រក​រឿង យក​តែ​ត្រូវ​រៀងៗ​ខ្លួន​ទៅ។

    ច្បាប់​ប្រុស អប់រំ​បុរស​ឲ្យ​ចេះ​ប្រកាន់​នូវ​ឥរិយាបថ​ស្លូត​បូត​សុភាព​រាប​សារ​សម​សួន ច្បាប់​ស្រី អប់រំ​ស្ដ្រី​ឲ្យ​ប្រកាន់​នូវ​​ឥរិយាបថទន់​ភ្លន់​សុភាព​ ​ចេះ​យក​ចិត្ដ​ទុក​ដាក់ ក្នុង​ការ​ញ៉ិក​ញ៉ុក​របស់​ប្ដី រហូត​ដល់​ការ​រួម​រក្ស មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ប្ដី​អាក់​អន់​ស្រពន់​ចិត្ដ​ឡើយ។ មើល​ទៅ​នៅ​ក្នុង​សង្គម​បចុប្បន្ន​ហាក់​ដូច​ជា​ពាក្យ​ទូន្មាន​នេះ គៀប​សង្កត់​តែ​ទៅ​លើ​ស្ដ្រី​ជា​ភរិយា​យ៉ាង​ខ្លាំង​ក្រៃ​លែង​ ឲ្យ​ត្រូវ​តែ​គោរព​ប្ដីគ្រប់​ប្រការ តែ​គឺ​ជា​ក្បួន​ចិត្ដ​សាស្ត្រ​ម្យ៉ាង​ដែល​ជា​មូលដ្ឋាន​នៃ​អរិយធម៌​ វប្បធម៌​ខ្មែរ ​ក្នុងការ​អប់រំ​បុរស​ស្ដ្រី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អរ​វាង​គ្រួសារ​ប្ដី​ប្រពន្ធ​គ្នា​យ៉ាង​ពិត​ប្រាកដ។ ចរិយា​សុភាព​រាបសារ ​ទន់​ភ្លន់ សំដី​ផ្អែម​ពីរោះ​ គឺ​ជា​ប្រពន្ធ​សីល​ធម៌​នៃ​មនុស្ស​ជាតិ​គ្រប់​ជាតិ​សាសន៍ ហើយ​ជា​ពិសេស គឺ​ជា​ប្រពន្ធ​អរិយ​ធម៌​វប្ប​ធម៌​របស់​ខ្មែរ​យើង​តែ​ម្ដង​ ហើយ​ដែល​យើង​ចាត់​ទុក​ថា គឺ​ជា​សោ​ភណ្ឌ​សាស្ដ្រ​មួយ​ប្រភេទ​អាច​កែ​លំអ​សង្គម​មនុស្ស​ឲ្យ​រស់​នៅ​យ៉ាង​ប្រពៃ​ស្ងប់​សុខ​បាន ។ ពាក្យ​ខ្មែរ​តែង​ពោល​ថា ក្ដៅ​ស៊ី​រាក់​ ត្រជាក់​ស៊ី​ជ្រៅ ឬ ទឹក​ត្រជាក់​ត្រី​កុម ឬ សសន្សឹមៗ កុំ​បំបោល ជា​ដើម។

    បន្ថែម
    ខ្ញុំ​សូម​មេត្ដា​អភ័យ នៅ​ក្នុង​សេចក្ដី​វិភាគ​របស់​ខ្ញុំ​នៅ​ក្នុង រឿង​ខ្យល់​សមុទ្រ មាន​ការ​សរសេរ​​អក្ខរា​វិរុទ្ធ ខុស​​ដោយ​អចេតនា​មួយ​ចំនួន​ដូច​ជា
    សម្ពៀតអាកាស = សម្ពាធអាកាស, តេនសយនា = ទែនសយនា, ពិរោះ = ពីរោះ, អភ័ព្ទ = អភ័ព្វ, និមួយៗ = នីមួយៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s