រឿងខ្លី ​៖ រទេះនិងគោ និពន្ធដោយ ឡឹក ជំនោរ

1

@រក្សាសិទ្ធិគ្រប់យ៉ាង

ថ្ងៃនេះ ព្រះសុរិយាបញ្ចេញកំដៅយ៉ាងខ្លាំងប្រៀបបីដូចជាខឹងនឹងផែនដី។ នៅកណ្តាល

រាជធានីភ្នំពេញក្តៅស្ទើរតែឆេះស្បែកទៅហើយ។  ពេលឈប់ចាំភ្លើងស្តុបម្តងៗ ខ្ញុំស្ទើរ

តែទ្រាំមិនបាននឹងចំហាយក្តៅនិងផ្សែងដែលភាយចេញពីរថដែលមិនបានត្រួតពិនិត្យ

បច្ចេកទេសត្រឹមត្រូវ។ ខ្ញុំព្យាយាមសម្លឹង​មើលគ្រប់ច្រកល្ហកតាមដងវិថីទាំងឡាយដែល

ពូបើកកង់បីបាននាំខ្ញុំឆ្លង​​​​កាត់។​​  សួនច្បារមួយចំនួនក្នុងរាជធានីឥឡូវបានកែលម្អជាថ្មី

ស្ទើរតែចាំមិនបានទៅហើយ។  សួនច្បារដែលខ្ញុំធ្លាប់ស្គាល់មុនពេលចេញទៅរៀននោះ

ក៏បានប្តូរឈ្មោះថ្មីដែរ។  ពូបើកកង់បីពន្យល់ខ្ញុំពីមូលហេតុផ្សេងៗនៃការផ្លាស់ប្តូរឈ្មោះ

នៃទីកន្លែងទាំងនោះតាមតែគាត់បានដឹង…។   ទីតាំងសំខាន់ៗរបស់រាជធានីខ្លះក៏បាន

ដោះដូរទៅជាការសាងសង់សំណង់អគារខ្ពស់ៗ ទន្ទឹមនឹងការផ្លាស់ប្តូរនេះយើងឃើញ

នៅតាមសួនច្បារមួយចំនួនត្រូវបានកែលម្អជាថ្មី ហើយកសាងរូបសំណាកវីរៈជន និង

អ្នកប្រាជ្ញល្បីរបស់ខ្មែរផងដែរ…នឹកគិតបារម្ភតែពីជោគវាសនារបស់ខ្មែរភ្លេច ក្តៅ ភ្លេច

ធុំក្លិនលូ។ ខ្ញុំក៏សម្រេចចុះពីរថតូចនោះសំដៅហាងកាហ្វេមួយកន្លែងនៅតាមដងមហា

វិថី។ ហាងកាហ្វេមួយនោះមានការតុបតែយ៉ាងប្រណីតដែលនឹកស្មានមិនត្រូវ។ ខ្ញុំឆ្ងល់

នឹងការរចនារបស់ហាងកាហ្វេនោះមែនទែន… មើលទៅម្ខាងនោះ ឃើញតែក្បាច់ខ្មែរ

ដែលរចនាតាមបែបបន្ទាយស្រី…នៅចំកណ្តាលហាងដ៏មានផាសុកភាពនេះ​   មានរូប

សំណាកព្រះបាទជ័យវរ្ម័នទី៧ ធ្វើអំពីថ្មកែវក្នុងភ្នែន​ ភ័ក្ត្រ​ញញឹមប្រកបដោយទសពិធ

រាជធម៌។ ខ្ញុំសម្រេចហៅកាហ្វេមកផឹក។

      “បងប្រុសអញ្ជើញកាហ្វេ…”​  សម្តីបុរសលើកកាហ្វេមកម្នាក់នេះខ្ញុំធ្លាប់ឮពីមុនមក។ 

ខ្ញុំក៏សួរទៅគេពេលដែលគេបែរខ្នងចេញ៖

          “ហ្អេ៎!  បងប្រុសឈប់សិន!”  ឮខ្ញុំហៅ គេងាកមករកម្ចាស់សម្លេងស្ទើរលេះក៖

          “ហ្អេ៎!   លោកគឺមុនី​ មែនទេ?”   គេស្ទុះមកចាប់ដៃខ្ញុំទាំងអំណរ៖

          “មុនីឯងប្លែកច្រើនណាស់ ទៅនៅស្រុកគេប្រហែលជារវល់ខ្លាំងហើយ!”​ 

          “ទេ! ខ្ញុំនឹកស្រុក នឹកស្រែនឹកពុកម៉ែបងប្អូនពេកទើបបែបនេះ  ចុះឯងវិញមក

ធ្វើការនៅទីនេះយូរហើយមែនទេ?”   សំណួររបស់ខ្ញុំមិនធ្វើឱ្យវិសាលដែលជាមិត្ត

រួមថ្នាក់កាលខ្ញុំសិក្សានៅស្រុកខ្មែរនោះឆ្លើយតបភ្លាមៗទេ។

          “វិសាលឥឡូវឯងមានរៀនតនៅទីណាឬទេ?” ខ្ញុំបន្ថែមសំណួរថ្មីមួយទៀត

ដាក់មិត្តចាស់។

          “មុនីឯងជាមនុស្សមានសំណាងមែនទែនដែលបានបន្តការសិក្សានៅឯ

បរទេសនោះ

  ខ្ញុំពេលនេះគ្មានសល់អ្វីទៀតទេក្រៅពីសម្បកខ្លួន និងឈ្មោះឱ្យគេហៅ…” ​

ខ្ញុំមិនយល់នូវអ្វីដែលវិសាលនិយាយចេញមកទាល់តែសោះ…  ខ្ញុំមិនបន្តសំនួរ

ទៀតទេមានតែប្រមូលចម្ងល់ទាំងណោះមកពិចារណា… កាលនៅតូចៗគ្រួសារ

វិសាលជាគ្រួសារមួយដែលមានជីវភាពធូរធាជាងគ្រួសារខ្ញុំទៅទៀត។  ឪពុក

ម្តាយរបស់គេមានសិប្បកម្មស្មូនក្អមឆ្នាំងមួយយ៉ាងធំ និងមានទទេះដឹកឆ្នាំងជា

ច្រើនដែលរចនាក្បាច់ក្បូរបែបខ្មែរយ៉ាងស្អាត ព្រមទាំងគោឡើងកល្អៗជាច្រើន

ក្បាលសម្រាប់អូសរទេះ ។Cart  ចុះពេលនេះហេតុអ្វី

បានជាគេមកធ្វើជាអ្នករត់តុនៅហាងកាហ្វេនេះទៅវិញ? ចម្ងល់របស់ខ្ញុំក៏បាន

បកស្រាយក្រោយពេលដែលវិសាលទៅប្តូរសម្លៀកបំពាក់ឈុតបម្រើហាង

កាហ្វេចេញ។ គេអង្គុយនិយាយដោយខ្សែភ្នែកសម្លឹងទៅឆ្ងាយសែនឆ្ងាយ៖     

     “…រឿងរ៉ាវរបស់ខ្ញុំវែងឆ្ងាយណាស់មុនី… វាជារឿងមួយដែលកូនខ្មែរទាំង

អស់ត្រូវឈឺចាប់នូវអ្វីដែលជាកេរមតករបស់ខ្លួនហើយត្រូវបាត់បង់ចេញពី

ដៃខ្មែរព្រោះតែប្រាក់ដុល្លារនោះ។  ដូចឯងបានឃើញស្រាប់ហើយ ហាង

នេះជាហាងរបស់បរទេស…គេជួលខ្មែរឱ្យគ្រប់គ្រង​ឱ្យគេទិញយកទ្រព្យ

សម្បត្តិដែលជាកេរមរកតរបស់បងប្អូននៅតាមជនបទមកកែច្នៃតុបតែង

ដាក់តាំងតាមហាងកាហ្វេ​  ឬ ភោជនីយដ្ឋាន តាមភូមិគ្រិះធំៗក្នុងទីក្រុង 

ហើយរបស់របរប្រើប្រាស់មួយចំនួនត្រូវបានពួកគេកែច្នៃផាត់ថ្នាំពណ៌

ហើយនាំចេញទៅលក់នៅបរទេស។  នឹកដល់រឿងនេះ ខ្ញុំឈឺចិត្តស្ទើរ

តែមិនចង់រស់ មិនចង់ឃើញអ្វីៗដែលជារបស់ខ្មែរហើយស្ថិតក្នុងកណ្តាប់

ដៃបរទេសនោះទេ… គេរកស៊ីលើក្បាលខ្មែរ កេងចំណេញពីភូមិពីបញ្ញា

កូនខ្មែរគ្រប់រូប… សម្លាញ់ដឹងទេ  ខ្ញុំអង្គុយកើតទុក្ខរហូតឈប់រៀនព្រោះ

តែឪពុករបស់ខ្ញុំលក់មុខរបររបស់គាត់ឱ្យទៅអ្នកដទៃ។  រទេះដ៏ប្រណីត

ដែលជាកេររបស់លោកតាខ្ញុំត្រូវបានគាត់លក់ឱ្យឈ្មួញកណ្តាលមួយ

ក្រុមបានតម្លៃមិនប៉ុន្មានដុល្លារហើយបែរមកទិញគោយន្តដឹកក្អមឆ្នាំង

ជំនួសរទេះគោវិញ។   គោយន្តដឹកក្អមឆ្នាំងទាំងនោះមិនអាចប្រៀបជា

មួយរទេះគោបានឡើយ   ថ្វីបើរទេះវាមិនមែនជាយានទំនើបក៏ដោយ

 ​តែវាជាមរតកដ៏សំខាន់របស់ខេមរជាតិ ហើយវាជាកម្មសិទ្ធិបញ្ញារបស់

ខ្មែរសុទ្ធៗ។ រទេះជាឧបករណ៍ប្រើប្រាស់ខ្មែរដែលខ្មែរបានផលិតវាចេញ

មកសម្រាប់ជីវិតប្រចាំថ្ងៃ រទេះមិនបានបំផ្លាញបរិស្ថានសូម្បីបន្តិច។  

 រទេះ​មិន​បានបញ្ចេញផ្សែងកខ្វក់បំពុលបរិស្ថាន ហើយគោវិញមិនបាច់

ចាក់ប្រេងដូចរថយន្តទៀតផង។  

    “ឯងគិតបានត្រឹមត្រូវណាស់វិសាល… តើមានកូនខ្មែរប៉ុន្មាននាក់ដែល

មានទស្សនៈដូចឯងនេះ?” 

ខ្ញុំកាត់ការពន្យល់របស់វិសាល។ វិសាលមើលមកខ្ញុំ គេដកដង្ហើមវែងហើយ

និយាយបន្ត៖

  “ក្រោយពេលដែលឪពុករបស់ខ្ញុំលក់រទេះនោះមក មានរទេះគោខ្មែរជា

ច្រើនទៀតដែលជាកេរមរតកដូនតារបស់អ្នកស្រុកខ្ញុំត្រូវបានលក់ដូរដូច

ជាគ្រួសាររបស់ខ្ញុំអីចឹងដែរ…  រទេះបាននាំយកមកទីក្រុងដើម្បី​កែច្នៃខាត់

ពណ៌កែប្រែបែបបថ្មី    ​ ហើយយកមកតាំងបង្ហាញភ្ញៀវ នៅតាមភូមិគ្រិះ 

សណ្ឋាគារ ឬហាងនានាក្នុងរាជធានី…”  និយាយរួចវិសាលដាក់មុខចុះ។ 

ខ្ញុំក្រោកចេញពីកន្លែងអង្គុយរួចដើរតាមអែបជញ្ជាំងហាងកាហ្វេមួយ

នោះ។ វិសាលក្រោកដើរតាមក្រោយខ្ញុំហើយចង្អុលទៅលើជញ្ជាំងដែល

គេលម្អដោយឧបករណ៍ផ្សេងៗរបស់រទេះ គេនិយាយទាំងអួលដើម ក៖

“មុនីអើយ… កង់រទេះដែលធ្លាប់តែបរលើដីលើថ្នល់តាមភូមិករស្រុកស្រែ

ពេលនេះត្រូវបានគេយកមកព្យួរតាមជញ្ជាំង និងបញ្ឈរនៅតាមរបងយ៉ាង

សង្ហា។ នឹមដែលធ្លាប់តែដាក់នៅលើកអាចម្ប៉ាអាចម្ប៉ី ពេលនេះត្រូវបាន

គេយកមកចងព្យួរជាប់នឹងជញ្ជាំងទៅវិញ… រទេះដែលធ្លាប់តែដឹកភោគ

ផលរបស់បងប្អូនប្រជាកសិករនោះ ពេលនេះស្រាប់តែរុំស្រោបដោយ

ភ្លើងព័ណ៌ ម៉ាស៊ីនត្រជាក់។  រទេះទាំងនេះមិនបានត្រូវកំដៅថ្ងៃ ខ្យល់

 ភ្លៀងផ្គរទៀតទេ។   រទេះមិនបាននៅជួបជិតជាមួយគូដ៏កម្សត់របស់គេ

ដែលធ្លាប់តែអូសគេឱ្យផ្លាស់ទីគ្រប់កន្លែងនោះទេ… រទេះភ្លេចនូវអ្វីទាំង

អស់ រទេះកំពុងតែព្យាយាមបំភ្លេចជាតិកំណើតរបស់ខ្លួនហើយ…ខ្ញុំខ្លោច

ចិត្តនឹកអាណិតអាចម្ប៉ា    អាចំប៉ីដែលវារស់នៅកំព្រាឯកាគ្មានគូ ធ្លាប់តែ

ទៅណាមកណាទៅតត្រុកនាំមុខរទេះ  ពេលនេះជីវិតរបស់ពួកវាទាំងពីរ

ហាក់ដូចជាគ្មានន័យ    វាមិនត្រូវបានគេបំប៉នទៀតទេ   ព្រោះគេលែង

ត្រូវការប្រើវាតទៅទៀត  ពួកវាម្ង៉ៃៗរង់ចាំតែអន្លូងរបស់ពេជ្ឈឃាតតែ

ប៉ុណ្ណោះ…”

“កាត់​ចិត្តខ្លះទៅវិសាល   ខ្ញុំក៏មិនស្រួលក្នុងចិត្តប៉ុន្មានដែរ ពេលដែលឯង

គិតបែបនេះ តើ​នៅមានកេរមរតកខ្មែរអ្វីខ្លះទៀតដែលត្រូវក្លាយជារ​បស់

ជូញដូរនោះ?” ខ្ញុំយកដៃទះស្មាវិសាលស្រាល។  វិសាលញញឹមតូចស្ងប់

រួចបែរមុខចេញហើយនិយាយបន្ត៖

“មានច្រើនរាប់មិនអស់   ដែលត្រូវបានបំផ្លាញ  និងកំពុងនឹងនាំចេញទៅ

បរទេស…!  ​ប្រហែលជាឯងបានដឹងរួចហើយមើល៍ទៅបរទេសស្រឡាញ់

បំផុតអ្វីជារបស់ខ្មែរ អ្វីៗដែលកើតចេញគំនិតច្នៃប្រឌិតរបស់ខ្មែរដែលជា

ស្នាដៃរបស់ខ្មែរ ពួកគេចង់បានទាំងអស់ សូម្បីតែកូនត្បាល់ថ្មសម្រាប់បុក

គ្រឿងស្ល ខ្នោសកោសដូងឆ្លាក់ជារូបទន្សាយ  ដែលជាកេរលោកយាយ

របស់ខ្ញុំក៏គេសុំទិញយកដែរ”  វិសាលសម្ងំហើយបន្ត៖

“មុនដំបូងពួកគេព្យាយាមប្រមូលយកអ្វីៗដែលជាអត្តសញ្ញាណរបស់ខ្មែរ

គ្រឿងសម្គាល់ជាតិខ្មែរ  ក្រោយមកគេបំបាត់ជាតិខ្មែរទាំងមូលតែម្តង…”

“មែនហើយមុនី! រាប់ចាប់តាំងពីការស្លៀកពាក់ឡើងទៅ…ពេលនេះកុំថា

ឡើយកេរមរតកធំដុំសូម្បីតែហូលផាមូងដែលជាសម្លៀកបំពាក់ដ៏ប្រណីត

របស់ខ្មែរនោះ  ពេលនេះនារីខ្មែរមួយចំនួនកំពុងបំភ្លេចហើយពួកនាងបាន

យកហូលផាមូងទៅប្រើប្រាស់ខុសបែបបថខ្មែរទាំង​ស្រុង ។ ខ្លះក៏ច្នៃចេញ

ជាសំពត់រ៉ូបក្នុងរូបបែបសាច់ក្រណាត់ហូល ខ្លះក៏កាត់ខើចមុខខើចក្រោយ

ពិបាកភ្នែកមែនទែនពេលឃើញម្តងៗ” 

“បើនិយាយពីរឿងការស្លៀកពាក់   ការច្នៃម៉ូដវិញ គេច្នៃរហូតលេង​ឃើញអ្វី

ជាខ្មែរទៅហើយ។ ពេលមានបុណ្យប្រពៃណីជាតិម្តងៗចូលវត្តចូលវ៉ា ពេល

នេះគេស្ទើរតែមិនចង់ដោះមួកចេញពីក្បាលទៅហើយ។  ​ខ្លះស្លៀកខោចូល

វត្តអារាម គេភ្លេចអស់ហើយហូល​ផាមូងអាវប៉ាក់នោះ  ប្រហែលជាពួកគេ

ភ្លេចខ្លួនឯងជាខ្មែរហើយមើល៍ទៅ…”  

“វិសាលហេតុអ្វីបានជាឯងមកអង្គុយជាមួយភ្ញៀវទៅវិញ  បើមិនពេញចិត្ត

ធ្វើការនៅទីនេះទេ នោះផ្លូវឯងអាចចេញទៅបាន!!!”

 ជនបរទេសម្នាក់វ័យពាក់កណ្តាលមនុស្សនិយាយភាសាខ្មែរមិនសូវច្បាស់

 ស្តីឱ្យវិសាល។  ខ្ញុំហូតលុយដាក់លើតុរួចនាំវិសាលដើរចេញ៖

“តោះវិសាលទៅជាមួយខ្ញុំ… ទៅធ្វើការជាមួយខ្ញុំក៏បាន” យើងទាំងពីរហៅ

រថកង់បីជិះមើលជុំវិញរាជធានីដ៏កំសត់…ម៉ោងប្រហែលប្រាំមួយល្ងាចទៅ

ហើយ…  វិសាល និង ខ្ញុំក៏បន្តទៅហូបអីលេងនៅឯត្រើយម្ខាង។  

“វិសាលឯងញ៉ាំអីកូម្មង់ទៅ…”  

“ទឹកដូងបានហើយ!  ខ្ញុំមានអារម្មណ៍មិនសូវល្អសោះល្ងាចនេះ”  និយាយ

ដល់រឿងទឹកដូងខ្ញុំនឹកដល់អនុស្សាវរីយ៍រវាងវិសាលនិងម្ចាស់ចំការដូង

ក្រអូប។ ខ្ញុំចោលសំណួរទៅវិសាលម្តងទៀត។

“យ៉ាងម៉េចហើយម្ចាស់ចំការដូងផ្អែមរបស់ឯងនោះ… ថ្ងៃណាបាននាំនាង

ចូលរោងការវ៉ីយ?”  សំនួរ

នេះធ្វើឱ្យវិសាលប្រលែងដង្ហើមយ៉ាងធំចេញពីសួត៖

“មុនីអើយ!  ថាអាចម្ប៉ាអាចម្ប៉ីវាជាសត្វ  តែខ្ញុំវិញមានវិប្បត្តិដូចគ្នានឹង

ពួកវាដែរ…  វាត្រូវព្រាត់ពីរទេះព្រោះតែរទេះត្រូវបានគេទិញយកមកទី

ក្រុង ។  ចំណែកគូស្នេហ៍របស់ខ្ញុំក៏ត្រូវមករស់នៅក្រោមភ្លើងពណ៌​

បញ្ចេញ​សាច់បង្ហាញរាងនៅទីក្រុងដែរ…”  

ខ្ញុំតក់ស្លុតនឹងអ្វីដែលវិសាលនិយាយចេញមកជាខ្លាំង។ ខ្ញុំក្រវីក្បាល

តិចៗមុននឹងសម្លឹងមុខមិត្ត។

“ហេតុអ្វីបានជាមានរឿងនេះកើតឡើង  គ្រួសាររបស់នាងក៏គ្មានខ្វះ

ខាតអ្វីដែរ?”

“មែនហើយនាងគ្មានអ្វីត្រូវខ្វះខាតទេ… ព្រោះតែការភ្លើតភ្លើនជាមួយ

សម្ភារៈនិយមនោះ នាងភ្លេចការរៀនសូត្រហើយមកធ្វើជាកម្មការិនី

នៅរោងចក្រនៅភ្នំពេញនេះ។  មិនបានប៉ុន្មានផងស្រាប់តែមានជន

បរទេសចូលស្តីដណ្តឹងរៀបការជាមួយនាង..   ព្រោះតែដុល្លាររបស់

ជនសក់ក្រហមនោះធ្វើឱ្យនាងភ្លេចបុរសអ្នកស្រែដូចជារូបខ្ញុំ  ភ្លេច

ស្រុកកំណើត ដែលធ្លាប់រស់សុខសាន្តភ្លេចស្រែថ្លុក ដែលធ្លាប់ស្ទូង

ប្រណាំងគ្នាភ្លេចនង្គ័លធ្លាប់ភ្ជូដីឱ្យ  នាងភ្លេចទាំងរទេះកម្សត់ដែល

ធ្លាប់ដឹកនាងទៅស្រែ… ”

“ឥឡូវវិសាលមានដឹងថានាងរស់នៅទីណាទេ?”

“ជាងពីរឆ្នាំកន្លងមកហើយ ដែលអ្នកផ្ទះរបស់នាងមិនបានទទួល

ដំណឹងពីនិមល… ខ្ញុំក៏មិនដឹងដែរថានាងរស់នៅជាមួយប្តីបរទេស

នោះឬអត់ទេ… ឬមួយនាងគ្រាន់តែជាទំនិញដូចជារទេះ ហើយត្រូវ

លក់ដូរបន្តក៏មិនដឹង!  ឯងដឹងទេ? ដោយសារពិភពលោកជួបវិបត្តិ

សេដ្ឋកិច្ចនោះ បណ្តារោងចក្រសហគ្រាសមួយចំនួននៅស្រុកយើង

ត្រូវបានបិទទ្វារ”

“បើរោងចក្រត្រូវបិទទ្វារបែបនោះតើកម្មករកម្មការិនីរោងចក្រទាំង

នោះបានអ្វីច្រកឆ្នាំង​   ហើយពួកគេទៅធ្វើការរកលុយឯណាដើម្បី

ផ្គត់ផ្គង់ជីវភាពគ្រួសារ?”

“ក្រោយពេលដែលរោងចក្របានបិទពួកគេក៏មិនបានត្រឡប់ទៅផ្ទះ

សម្បែងស្រុកកំណើតវិញដែរ គេក៏ប្តូររបរថ្មីឬ…?”

“របរថ្មីអ្វីទៅក៏អាចរកបានងាយខ្លាំងម្ល៉េះ?”

“គឺរបរអត់ដើមទុនហ្នឹងណា!…  របរដែលយករូបសម្ផស្សជាទុននុះអី!” 

 ប្រយោគចុងក្រោយរបស់វិសាលនេះហើយដែលធ្វើឱ្យខ្ញុំយល់កាន់

ច្បាស់នូវផ្នត់គំនិតរបស់ខ្មែរ និងចរិតដែលមិនអាចទទួលយកបាន

របស់កូនខ្មែរជំនាន់ថ្មីមួយចំនួន។  ខ្ញុំធ្លាប់ឃើញជនបរទេសដែលគេ

ធ្វើបែបនេះ ពួកគេមិនបានគិតដល់បញ្ហាខ្មាសអៀន ប្រពៃណីទំនៀម

ទម្លាប់ ​ស្រាប់​តែថ្ងៃនេះអ្វីៗដែលខ្ញុំបានគិតនោះវាបាននឹងកំពុងតោង

ជាប់ជាមួយកូនខ្មែរទៅវិញ ។  យប់កាន់តែជ្រៅណាស់ទៅហើយដែរ

ខ្ញុំក៏បបួលមិត្តចាស់របស់ខ្ញុំបន្តទៅហាងមួយ។  ហាងចុងក្រោយនេះ

ជាហាងផឹកស៊ីមានស្រីក្មេងកំដរទៀតផង។មិនទាន់តែចូលរកតុបាន

អង្អុយផងស្រាប់តែស្រីក្មេងៗស្លៀកពាក់ខើចលើក្រោមមើលទៅគួរ

ឱ្យព្រឺសម្បុរដើរមកស្វាគមន៍។ 

“បង…!!! ចង់ពិសាអ្វីដែរ”   ពុទ្ធោអើយម្នាក់ៗស្លៀកពាក់ពិបាកមើល

មែនទែន មិនដឹងជាកូនចៅនរណាគេទេ ឱ!អនិច្ចាសិលធម៌ខ្មែរ។

“បៀរអង្គរ…”  ខ្ញុំកូម្មង់ស្រាមកផឹក។  ចំណែកវិសាលភ្នែករបស់គេរំពៃ

គ្រប់ជ្រុងមិនដឹងជារកមើលនរណាទេ។

“ឯងរកមើលអ្វីវិសាល…  តោះលើកកែវឡើងកាត់សាញ”

“ឯងលើកមុនចុះមុនីគ្នាមិនសូវប៉ិនទេ…”  វិសាលជល់កែវហើយដាក់

ចុះវិញ។

“មុនី!  

នោះជានិមលទេតើ  ឯងចាំនាងបានទេ? ”   វិសាលឃើញនិមលកំពុង

អង្អុយជល់កែវកំដរបុរសចំណស់សក់ល្បាយអាចម៍ខ្លាបីនាក់នៅតុម្ខាង

ទៀត  នាងមិនបានឃើញវិសាលនិងមុនីទេ។  និមលស្ថិតក្នុងសំលៀក

បំពាក់អាវស្តើងស្ទើរតែឃើញសាច់ជាមួយនឹងសំពត់ពាក់កណ្តាល​​ភ្លៅ

 សក់ក្រហម ក្រវិលធំ ដៃឆ្វេងរបស់បុរសចំណាស់ម្នាក់នោះកៀកកនាង

ជាប់។  

“គ្នាចំណាំនាងមិនបានទេវ៉ើយ… ​ផាត់ក្រែមថែមម្ស៉ៅ និងស្លៀកពាក់បែប

នេះទៅមើលមិនស្គាល់ទាល់តែសោះ”

      ហេតុអ្វីបានជានាងមកនៅទីនេះទៅវិញ… ពេលនេះនាងឈ្លក់នឹងទឹក

ម៉ាស៊ីន វង្វេងនឹងភ្លើងពណ៌ហើយ ព្រោះតែប្រាក់ដុល្លារធ្វើឱ្យអ្វីៗផ្លាស់ប្តូរ

អស់។ នាងភ្លេចស្រែចម្ការ  ភ្លេចម្អមស្រែ  ភ្លេចកណ្តាប់ស្រូវថ្មី ភ្លេចអនុស្សា

វរីយ៍ក្រោមដើមពុទ្រា  ភ្លេចបាយកញ្ចប់ នាងបោះចោលប្រហុកកប់ដែល

ធ្លាប់ថាឆ្ងាញ់ពិសានោះហើយ…!  អាចំម្ប៉ាអាចម្ប៉ីអើយ!   ឯងគ្មានវាសនា

នឹងនៅក្បែររទេះទៀតទេ។  ពេលនេះរទេះភ្លេចពួកឯងហើយ…!!!

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s