ដំណើរផ្សងព្រេងនៃគ្រួសារខ្ញុំចេញពីវាលពិឃាត(វគ្គទី១) និពន្ធដោយ ប៉ិច​​ សង្វាវ៉ាន

រឿងពិតរបស់ក្រុមគ្រួសារខ្ញុំ

រក្សាសិទ្ធិគ្រប់យ៉ាង

វគ្គទី១

ចូលឆ្នាំថោះ​

១៧​ មេសា ១៩៧៥

ភ្នំពេញធ្លាក់ក្នុងកណ្តាប់ដៃខ្មែរក្រហម

ស្ថានការណ៍ក្នុងប្រទេសកាន់តែវឹកវរខ្លាំងឡើងៗតាំងពីមុនចូលឆ្នាំថោះម្ល៉េះ។  ពួកខ្មែរ

ក្រហមបានផ្លោងនិងបំផ្ទុះគ្រាប់បែកនៅជាយក្រុងភ្នំពេញកាន់តែញឹកញាប់ឡើង។ ម្តងឭថា

គ្រាប់បែកផ្ទុះនៅក្បែរស្ថានទូតចិន ម្តងនៅផ្សារដើមគរ ម្តងទៀតនៅទួលទំពូង ។ល។ ឯ

ទំនិញសព្វសារពើក៏ឡើងថ្លៃដូចសន្ទុះព្រួញ។អតិផរណា និង អសន្តិសុខស្ទើរតែគ្រប់ទិសទី

បានទាញទម្លាក់ទឹកចិត្តនិងជីវភាពនៃបណ្តាជនភ្នំពេញឲ្យធ្លាក់ទឹកចិត្តនិងស្គាល់ភាពយ៉ាប់

យ៉ឺនស្រឺតៗក្រោមសូន្យ។ ពួកខ្មែរក្រហមបានឃោសនាថា នឹងវាយយកភ្នំពេញឲ្យបានក្នុង

ពេលចូលឆ្នាំថោះ ។ ម៉្លោះហើយ សាលារៀន អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ

មួយចំនួនធំដែលមានជាអាទិ៍ មហាវិទ្យាល័យគរុកោសល្យ​នៅក្រុងភ្នំពេញត្រូវបានបិទទ្វារ

បណ្តោះអាសន្នតាំងពីមុនថ្ងៃចូលឆ្នាំថ្មីម៉្លេះ​ដោយខ្លាចគ្រាប់រ៉ុក្កែត។ មិនខុសពីអ្នកភ្នំពេញឯ

ទៀតដែរ ក្រុមគ្រួសារខ្ញុំស្គាល់តែក្តីព្រួយបារម្ភជាប្រចាំ។ យើងគិតពីអាយុជីវិតដែលមិនដឹង

ជាត្រូវវិនាសនៅថ្ងៃណា ពេលណា ម៉ោងណា ពីព្រោះសេចក្តីស្លាប់នៅជំហមចាំ លើក្បាល

យើងជាអចិន្ត្រៃយ៍រកតែរំលែកកូនចិត្តតូចមួយឲ្យស្រឡះមិនបានដើម្បីរង់ចាំទទួលទេវតាថ្មី

ដូចក្នុងគ្រាដែលប្រទេសកម្ពុជាមានសន្តិភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ដើម្បីបំពេញកិច្ច

តាមទំនៀមទម្លាប់ដូចរាល់ឆ្នាំ​ នៅថ្ងៃច័ន្ទ១៤មេសា១៩៧៥ ដែលជាថ្ងៃចូលឆ្នាំថ្មី ខ្ញុំបានជួយ

 អ្នកម្តាយខ្ញុំរៀបចំគ្រឿងសក្ការៈ មានធូបទៀន ផ្កាភ្ញី និងផ្លែឈើម្ហូបម្ហានំចំណីទទួលទេវតា

ថ្មី។ នៅថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារខ្ញុំបានអញ្ជើញជីដូនខ្ញុំនៅទួលគោក និងម្តាយ

ក្មេកខ្ញុំនៅច្បារអំពៅមកចូលរួមក្នុងការជប់លៀងបន្តិចបន្តួច ក្នុងភូមិគ្រឹះយើងដែលស្ថិតនៅ

លេខ៣៩ វិថីសម្តេចល្វីឯម ក្នុងសង្កាត់បឹងកេងកង ក្រុងភ្នំពេញ។

***

ពិធីជប់លៀងតូចនេះប្រព្រឹត្តទៅសោះកក្រោះគ្មានចិត្តរីករាយបន្តិចឡើយ​។ នៅវេលាថ្ងៃ

ត្រង់ ក្នុងពេលដែលយើងទាំងអស់គ្នាកំពុងតែបរិភោគ រិទ្ធីប្អូនប្រុសខ្ញុំដែលទើបនឹងមកពីដើរ

លេងបាននាំដំណឹងមិនល្អមួយមកប្រាប់យើងទាំងត្រហេបត្រហប ៖

-គ្រាប់បែកផ្ទុះក្នុងក្រសួងការពារជាតិ។ ចរាចរត្រូវបិទពេញ២៤ម៉ោង។ នៅតាមផ្លូវ មនុស្ស

ច្រើនណាស់កំពុងតែនាំគ្នាជញ្ជូនឥវ៉ាន់ចូលមកកណ្តាលក្រុងភ្នំពេញ។ ពួកគេថា ខ្មែរក្រហម

ចូលមកដល់ទួលគោកហើយ។

ដំណឹងនេះធ្វើឲ្យយើងស្លុតចិត្ត តែខ្ញុំមានចិត្តមួយមិនទាន់ជឿសម្តីប្អូនប្រុសខ្ញុំនៅឡើយ។

ខ្ញុំក៏ឆ្លើយ៖

– មែនឬ? មិនជឿទេ ឯងភរ។

– បើអ្នកបងមិនជឿខ្ញុំទេ បើកវិទ្យុស្តាប់ទៅ។ វិទ្យុច្បាស់ជាផ្សាយដំណឹងនេះមិនខាន។ មែន

 តាំងពីព្រឹក យើងមិនបានបើកវិទ្យុស្តាប់សោះ ដោយហេតុថាឆ្នាំនេះវិទ្យុជាតិមិនបានរៀបចំ

កម្មវិធីពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរដូចពីឆ្នាំមុនៗទេ។ ខ្ញុំក្រោកចេញទៅយកវិទ្យុថ្មពិល

មកដាក់នៅជិតខ្លួន ហើយនាំគ្នាចាំស្តាប់ព័ត៌មាន។ ភ្លាមនោះ យើងឮវិទ្យុផ្សាយឲ្យដឹងថា៖

«ដោយមានគ្រាប់ផ្លោងធ្លាក់នៅក្រសួងការពារជាតិនិងនៅទួលគោក  វិទ្យុជាតិសូមប្រកាសបិទ

ចរាចរ២៤ម៉ោងទល់នឹង២៤ម៉ោង។ សូមបងប្អូនរួមជាតិនៅទួលគោកមេត្តារក្សាសភាពរៀបរយ

កុំជ្រួលច្របល់ ហើយកុំចាកចោលផ្ទះសម្បែងឲ្យសោះ។ ដើម្បីរក្សាសន្តិសុខជូនបងប្អូន ក្រសួង

ការពារជាតិសន្យាតស៊ូការពារបងប្អូនរួមជាតិដរាបដល់នាទីចុងក្រោយ…»។ល។ 

ខ្ញុំព្រឺក្បាលខ្ញាកឡើងសម្បុរគង្គក់សព្វសាច់ក្រោយពីបានស្តាប់វិទ្យុជាតិការប្រកាសអាសន្ននេះ។

ក្រុមគ្រួសារដែលកំពុងតែបរិភោគធ្លាក់ទឹកមុខគ្រប់គ្នាលែងបរិភោគចូល។ ជីដូនខ្ញុំជ្រួលច្របល់ជាង

គេព្រោះគាត់អញ្ជើញមកផ្ទះយើងតែម្នាក់ឯង មិនបានយកកូនស្រីពៅរបស់គាត់មកជាមួយទេ។ មីង

ថុននៅផ្ទះតែម្នាក់ឯងឯទួលគោក ។ ជីដូនខ្ញុំមានប្រសាសន៍ទៅកាន់ស្វាមីខ្ញុំទាំងទឹកមុខក្រៀមក្រំ។

– ចៅឈុន ចៅបើកឡានជូនយាយទៅយកមីងថុនពីទូលគោកបានទេ?។

– គេបិទផ្លូវអស់ហើយលោកយាយ យើងមិនអាចទៅណាមកណាបានទេ។

ពួកយើងឆ្លើយព្រមគ្នាជម្រាបជីដូន។ជីដូនខ្ញុំអន្ទះសាណាស់មិនបានស្តាប់ចម្លើយពួកយើងទេ។

គាត់ចុះយ៉ាងលឿនទៅខាងក្រោមហើយចូលទៅអង្គុយចាំក្នុងរថយន្តជាស្រេច។  ឃើញដូច្នោះ

ស្វាមីខ្ញុំនិងលោកប៉ាខ្ញុំក៏ដាច់ចិត្តប្រថុយជូនលោកយាយទៅ។  រថយន្តចេញពីផ្ទះតែមួយស្របក់

ក៏បកក្រោយត្រឡប់មកផ្ទះវិញ។ ស្វាមីខ្ញុំបានរៀបរាប់ឲ្យដឹងថា ទៅដល់ផ្សារថ្មីប៉ូលីសប៉េអឹមដែល

នៅឈរយាមព្រោងព្រាតនៅម្តុំផ្សារធំថ្មីបានឃាត់មិនឲ្យរថយន្តបន្តទៅមុខជាដាច់ខាត។

***

ស្អែកឡើង នៅថ្ងៃ១៧មេសា ចរាចរក៏បើកជាធម្មតា។ ម្តងនេះ រិទ្ធីប្អូនប្រុសខ្ញុំជិះម៉ូតូឌុបលោក

យាយទៅយកមីងថុននិងឥវ៉ាន់ខ្លះពីទួលគោកមកផង។ ថ្ងៃនោះ  ខ្ញុំក៏បានតឿនស្វាមីខ្ញុំឲ្យទៅ

ធ្វើការដែរ។ ប៉ុន្តែ មួយសន្ទុះធំក្រោយមក ស្វាមីខ្ញុំត្រឡប់មកផ្ទះវិញហើយនិយាយប្រាប់ខ្ញុំតាម

ដំណើរដើមទង៖

– ពីយប់មិញ យើងមិនបានដឹងសោះថាមានភ្លើងឆេះដេប៉ូស្តុកសាំងរបស់ស៊ែលនៅគីឡូលេខ៦។

ក្រុមគ្រួសារនៃបុគ្គលិកស៊ែលជាច្រើននាក់បាននាំគ្នារត់មកស្នាក់នៅពាសពេញការិយាល័យក្នុងទី

ស្នាក់ការក្រុមហ៊ុន។ ប៊ុយរ៉ូបងក៏មានគេនៅពេញដែរ។ អូនដឹងទេ?  នៅតាមផ្លូវ បងឃើញបណ្តាជន

ច្រើនណាស់នាំគ្នារត់ចូលមកកណ្តាលក្រុងភ្នំពេញ។ បងសួរគេៗថា ពួកយោធាខ្មែរក្រហមចូលមក

ដល់មន្ទីរពេទ្យកាល់ម៉ែត្រ និង ចូលដល់ម្តុំស្ថានីយ៍វិទ្យុជាតិហើយ។

– ឱ ! ស្រេចហើយបង (ខ្ញុំឆ្លើយទាំងអស់សង្ឃឹម)  ពួកខ្មែរក្រហមច្បាស់ជាវាយយកភ្នំពេញបាន

យ៉ាងងាយ។ ហ៊ឺ!ខ្ញុំពិបាកចិត្តណាស់បង។ ​ជីវិតពួកយើងមិនដឹងយ៉ាងណាយ៉ាងណីទេ។ ខ្ញុំអាណិត

អាណិតតែកូនយើងស្រីគុជ (ឈ្មោះនៅផ្ទះរបស់សង្វានីដា) និង ប្រុសធំ  (ឈ្មោះហៅនៅផ្ទះរបស់

សង្វាមុនីរក្ស បច្ចុប្បន្នប្តូរមកបញ្ញាហ្សេរ៉ាល់វិញ) កូនយើងនៅតូចៗណាស់។  ស្រីគុជទើបតែមាន

អាយុ២ឆ្នាំ៤ខែ១០ថ្ងៃ។ ប្រុសធំនៅតូចណាស់។ គ្នាទើបតែមានអាយុបាន១ឆ្នាំ៥ខែ១៣ថ្ងៃប៉ុណ្ណោះ។

យើងមិនគួរបង្កើតគ្នាមកក្នុងពេលប្រទេសយើងមានកលិយុគសោះ។ ម្សិលមិញ ខ្ញុំឮគេថា នៅពេល

ពួកខ្មែរក្រហមចូលមកដល់តាខ្មៅ វាបានកាប់សម្លាប់អ្នកស្រុកអ្នកភូមិសាហាវណាស់។ មើលទៅ

ពួកយើងអ្នកភ្នំពេញច្បាស់ជាត្រូវពួកធ្មិលឥតសាសនានេះធ្វើទារុណកម្មឥតប្រណីឡើយ។ និយាយ

ចប់ ខ្ញុំក្រឡេកមើលទឹកមុខក្រុមគ្រួសារទាំងមូល។ ម្នាក់ៗស្ងៀមស្ងាត់ស្រងូតស្រងាត់ឥតចេញស្តី។

ទឹកមុខក្រៀមស្រពាប់ស្រពោនទាំងអស់គ្នា។ លោកប៉ាខំកម្លាចិត្តខ្លួនឯង។ លោកមានប្រសាសន៍

ទៅកាន់កូនៗ។

– មើលទៅបែបមិនស្រួលទេ។ ពួកឯងនាំគ្នារៀបចំឥវ៉ាន់ទៅ។ ប៉ាដូចជាចង់យកអាថៃ ( ឬ ស្រីមុំ

ឈ្មោះហៅនៅផ្ទះរបស់ព្រហ្ម វ៉ាន់មុនី ដែលត្រូវជាប្អូនស្រីបន្ទាប់ខ្ញុំ) និង ស្រីតូច (ព្រហ្ម ​វិជ្ជីឡា)

ទៅដាក់ឯស្ថានទូតបារាំង ព្រោះឯងទាំងពីរមានសំបុត្រស្នាមបារំាងមុនគេ។  អ្នកម្តាយខ្ញុំដែល

គ្មានយោបល់តាំងពីមានព្រឹត្តការណ៍នេះក៏មានប្រសាសន៍បន្ថែមថា៖

– កុំភ្លេចយកភួយនិងមុងទៅតាមផង។

មានប្រសាសន៍បណ្តើរ អ្នកម្តាយបើកទូយកកន្ទេលនីឡុងជាច្រើនចេញមកចងជាបង្វិចបណ្តើរ។

ខ្ញុំមិននឹកស្មានថា អ្នកម្តាយបានទិញកន្ទេលនីឡុងទុកបង្ការសោះ។ យើងទាំងអស់គ្នាដែលកំពុង

តែហេងហាងមិនដឹងជាចង់យកអ្វីខ្លះទេ។ ពេលនោះ ខ្ញុំទន់ដៃទន់ជើងហើយមានអារម្មណ៍យ៉ាង

ម៉េចមិនដឹងទេ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាឡើយ។

 ***

ក្ឌាំង ! ក្ឌាំង ! ស្នូរគ្រាប់បែកដែលលាន់ឮទ្រហ៊ឹងនៅជិតបង្កើយ បានកន្ទ្រាក់អារម្មណ៍យើងឲ្យភ្ញាក់

ស្រឡាំងកាំង។ ខ្ញុំចេញមកខាងក្រៅតែនៅក្នុងរបងផ្ទះហើយអើតមើលទៅផ្លូវមុខផ្ទះយើង។ ជន

ប្រុសស្រីចំនួនបីបួននាក់ជញ្ជូនឥវ៉ាន់ដើរដូចរត់ទ័ព។ ចំណែក ព្រះសង្ឃពីរបីអង្គកាន់វ៉ាលីសនិមន្ត

ប្រញាប់ប្រញាល់លឿនស្លេវហាក់ដូចជាភិតភ័យណាស់។ ខ្ញុំសួរពូម្នាក់។ គាត់ឆ្លើយថា ខ្មែរក្រហម

បានបំផ្ទុះគ្រាប់បែកនៅក្នុងវត្តលង្កាដើម្បីបណ្តេញសង្ឃចេញពីអារាម។ ទន្ទឹមនោះ មានរថយន្ត​ ម៉ូតូ

និងទោចក្រយានដែលដាក់ទង់ជ័យពណ៌សបើកបរច្រវ៉ាត់ច្រវ៉ែងយ៉ាងលឿន នៅតាមវិថីសម្តេចល្វី

ឯមកាត់មុខផ្ទះខ្ញុំ។ ខ្ញុំចូលមកក្នុងផ្ទះជម្រាបអ្នកម្តាយ។ អ្នកម្តាយបានរកក្រណាត់សមួយដុំធំល្មម

ហុចឲ្យខ្ញុំយកមកចងនៅចំរឹងរបងដែកនៃយ៉រានហាលខាងមុខ ជាន់ខាងលើដើម្បីការពារខ្លួនកុំឲ្យ

ពួកយោធាខ្មែរក្រហម យល់ថាយើងប្រឆាំងខុសគេនៅក្នុងភូមិបឹងកេងកង។ យើងសម្ងំនៅក្នុងផ្ទះ

ស្ងាត់មាត់ច្រៀប  ហើយនៅក្រវ៉ែលមិនចេញឆ្ងាយពីវិទ្យុទេដើម្បីចាំស្តាប់ការផ្សាយព័ត៌មានបន្ត។

ចាំបាត់​ !ចាំបាត់ ! ​ស្ងាត់ឈឹងយើងកាន់តែជ្រួលច្របល់ខ្វាយខ្វល់ឡើង។ មួយម៉ោងពីរម៉ោងកន្លង

ផុតទៅ។ ស្ងាត់សូន្យយ៉ាងនេះ បែបមិនស្រួលទេមើលទៅប្រហែលមានការបង្ហូរឈាមក្នុងស្ថានីយ

វិទ្យុជាតិទេដឹង? ចម្ងល់និងការស្មានតែងតែមានក្នុងចិត្តខ្ញុំជានិច្ច។ ម្នាក់ៗមានយោបល់ប្លែកៗ។​ ភ្លាម

នោះ វិទ្យុជាតិផ្សាយសម្លេងមួយក្រឡូវៗ មិនមែនសម្លេងពិរោះដែលយើងធ្លាប់ឮរាល់ដងគួរឲ្យចង់

ស្តាប់មុនព្រឹត្តការណ៍គួរឲ្យភ័យខ្លាចនេះទេ។សម្លេងនោះបានថ្លែងប្រកាសម៉ឺងម៉ាត់ៗថា ​«យើងកង

ប្រដាប់អាវុធកម្ពុជា ប្រកាសយកភ្នំពេញបាន នៅវេលាម៉ោង៩ព្រឹកនៅថ្ងៃ១៧មេសា១៩៧៥

ដោយការវាយសម្រុកមិនមែនដោយការចរចាទេ»។

ខ្ញុំព្រឺក្បាលឡើងសម្បុរគីង្គក់ ហើយក្រឡកចិត្តនិងខ្វល់ខ្វាយរកពាក្យអ្វីមកប្រដូចមិនបានក្នុងពេល

នោះ។ ចំណែកប្អុនប្រុសខ្ញុំពីរនាក់គឺ ព្រហ្ម រិទ្ធី និង ព្រហ្ម កេណ្ឌីបានចេញពីផ្ទះរត់ទៅមើលទិដ្ឋភាព

កងប្រដាប់អាវុធខ្មែរក្រហម។ ពេលត្រឡប់មកវិញរិទ្ធីបានរៀបរាប់ថា«យោធាខ្មែរក្រហមស្លៀកពាក់

ខោអាវពណ៌ខ្មៅ និងពាក់ស្បែកជើងកង់ឡានខ្មៅដើរចូលក្រុងភ្នំពេញ នៅតាមដងវិថី មុនីវង្សហើយ

ដើរកាត់មុខ«វិទ្យាល័យ១៨មីនា»អតីត«វិទ្យាល័យព្រះយុគន្ធរ»សំដៅឆ្ពោះទៅទិសខាងជើង។

 

បំពងកយើងស្ទះលែងនឹកឃ្លានបាយទឹកអ្វីទាំងអស់។ នៅទ្រឹងរៀងខ្លួន ស្ងាត់មាត់ឈឹង។ ឯត្រចៀក

ប្រុងស្តាប់ព័ត៌មានតាមវិទ្យុ ​តែវិទ្យុជាតិមិនបានផ្សាយព័ត៌មានថ្មីទៀតទេ ក្រៅពីចាក់ភ្លេងបូរាណនិង

បទចម្រៀង«បដិវត្តន៍ខ្មែរក្រហម»មហាលោតផ្លោះមហាអស្ចារ្យតែប៉ុណ្ណោះ។ ខ្ញុំរសេះរសោះដៃជើង

ដូចគេចាប់ដកសរសៃសសូង។ កូនទាំងពីរតូចៗមិនទាន់យល់ការណ៍បន្តិចទេ។ ពួកគេមិនហារមាត់

សូម្បីមួយអឺសឡើយ ស្លូតណាស់គួរឲ្យអាណិតនិងស្រឡាញ់ ។ រំលងថ្ងៃត្រង់បន្តិច វិទ្យុជាតិប្រកាស

ព័ត៌មានថ្មីផ្សាយដោយសម្លេងថ្មីចម្លែកមួយទៀត។

យើងឧត្តមសេនិយត្រី ម៉ី ស៊ីចនសូមប្រកាសចំពោះនាយទាហាន និងពលទាហានទាំងអស់

នៅក្រុងភ្នំពេញ និងនៅទីរួមខេត្តឲ្យទម្លាក់អាវុធចុះ…»

មួយស្របក់ធំក្រោយមក យើងឮសេចក្តីប្រកាសថ្មីមួយថែមទៀត៖

«ឧត្តមសេនិយត្រី លន់ ណុន និងសម្តេចសង្ឃបានអញ្ជើញនិងនិមន្តមកកាន់មន្ទីរឃោសនាការ

ហើយ។ យើងសូមអំពាវនាវរដ្ឋមន្រ្តី​និងនាយទាហានទាំងអស់ចូលមកកាន់មន្ទីរឃោសនាការបន្ត

បន្ទាប់គ្នា…»

ប្រហែលជា១០​ឬ១៥នាទីម្តង វិទ្យុជាតិចាក់ផ្សាយសេចក្តីថ្លែងអំពាវនាវទាំងពីរខាងលើនេះឆ្លាស់គ្នា

ជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អំពាវនាវហៅឈ្មោះការីវិទ្យុពីរបីរូប និងលោកអ៊ិត សារេត

នាយកទីភ្នាក់ងារព័ត៌មានខ្មែរឲ្យចូលខ្លួនជាប្រញាប់ដែរ។

ក្នុងទិវានោះក្រុមគ្រួសារខ្ញុំទាំងមូលរួមទាំងជីដូននិងម្តាយមីងពៅ ម្តាយក្មេកខ្ញុំ ព្រមទាំងនាងតាក់

អ្នកបម្រើខ្ញុំសម្ងំស្ងាត់ស្ងៀមពួននៅក្នុងផ្ទះដែលបិទទ្វារជិតឈឹង។ យូរៗ ខ្ញុំលបអើតតាមបង្អួចនៅ

ខាងក្រោម​មើលទៅ«វិថីល្វីឯម»មុខផ្ទះ។ ស្ងាត់សូន្យដូចនៅទីរហោស្ថាន គ្មានចរាចរដូចពីព្រឹកទេ។

ប៉ុន្តែ  តាំងពីព្រឹករហូតដល់យប់  យើងឮសូរស្នូរកាំភ្លើងរប៉េះរប៉ោះឥតដាច់ក្នុងភូមិបឹងកេងកង។ការ

ភិតភ័យដែលបានទន្ទា្រនដួងចិត្តយើងពេញមួយថ្ងៃហាក់ដូចជាអន់ថយទៅវិញខ្លះ។ ប្អូនស្រីៗរបស់

ខ្ញុំពីរបីនាក់និងខ្ញុំបានចេញមកអង្គុយយោលអង្រឹងដែកនៅរានហាលខាងមុខដើម្បីស្រូបយកខ្យល់

អាកាសឲ្យស្រឡះមុខមាត់និងខួរ។ យើងជជែកគ្នាលេងហាក់បីដូចជាគ្មានព្រឹត្តការណ៍អ្វីបានកើត

ឡើងសោះកាលពីព្រឹកមិញ។ រហូតមកទល់ពេលនោះ ស្នូរកាំភ្លើងនៅតែលាន់ឮមិនទាន់ដាច់នៅ

ឡើយ។

 

ក្នុងរាត្រី១៧មេសានោះ ប្រហែលជាខួរក្បាល និងចិត្តខ្ញុំហត់នឿយដោយការគិតផងភិតភ័យពេក

ផង ខ្ញុំទទួលទានដំណេកលក់ស្កប់ល្អណាស់។ ប៉ុន្តែ ដំណេកដ៏ស្កប់ស្កល់នេះត្រូវបានដាច់ដោយ

មានសម្លេងមនុស្សប្រុសស្រីនិយាយឡូឡានៅចំពីមុខផ្ទះខ្ញុំ។  ជនស្រីប្រុសដែលបានស្រែកនោះ

គ្មាននរណាក្រៅពីជនបដិវត្តន៍ខ្មែរក្រហមទេ។ ខ្ញុំភ្ញាក់ក្រញ៉ាងដាច់ការលង់លក់។ ក្តីតក់ស្លុតបាន

ចូលមកលុកទន្ទ្រានអារម្មណ៍ខ្ញុំជាថ្មី។ ខ្ញុំងាកមើលស្វាមីនិងកូនទាំងពីរដែលកំពុងតែលង់លក់

ស្រួលណាស់។ ខ្ញុំមិនហ៊ានកម្រើកខ្លួនទេ។ ត្រចៀកផ្ទៀងប្រុងស្តាប់ជានិច្ច។ ដើមទ្រូងញ័រចម្រប់។

នារីបដិវត្តន៍ស្រែកជំទាលឡូងៗកោកៗដូចមនុស្សឥតពូជចូលមកក្នុងផ្ទះខ្ញុំទាំងកណ្តាលយប់ស្ងាត់។

ទ្រនិចនាឡិកាចង្អុលម៉ោងជាង១០យប់ទៅហើយ។

– ម្ចាស់ផ្ទះបើកទ្វារ ! ម្ចាស់ផ្ទះបើកទ្វារ ! អ្នកនៅខាងលើចុះមកក្រោមភ្លាម។ បើមិនចុះ ប្រយ័ត្ន

បាញ់!

សំដីកំបុតកំបុយ និងពាក្យថាបាញ់នេះ ញ៉ាំងឲ្យទ្រូងខ្ញុំញ័រចម្រប់។ ខ្ញុំរឹតតែលែងហ៊ានប្រែប្រាណ

បើកតែភ្នែកភ្លឹសៗចាំស្តាប់តទៅទៀត។  សង្វាក់បេះដូងលោតញាប់ខុសពីប្រក្រតី។ នេះជាលើក

ដំបូងក្នុងជីវិត ដែលខ្ញុំទើបតែប្រទះភាពអាសន្ន និងតក់ស្លុតយ៉ាងហ្នឹង។ យប់នេះ គ្មានចរន្តអគ្គីសនី

ទេ។ ជារាត្រីរនោច  តែខ្ញុំបានឃើញពន្លឺពិលភ្លឹបភ្លែតៗដែលពួកវាបញ្ចាំងទៅចំហៀងខាងកើតផ្ទះ

ធ្វើឲ្យខ្ញុំកាន់តែភ័យស្ទើរតែជ្រុះបេះដូងដកដង្ហើមលែងដល់គ្នា។ ខ្ញុំប្រញាប់ចុះពីលើពូកលបៗ ទៅផ្លុំ

ពន្លត់ចង្គៀងប្រេងកាត ទើបខ្ញុំដាច់ចិត្តដាស់ស្វាមី។ គេហ៍ស្ទុះឡើងក្រញ៉ាង។យើងនិយាយគ្នាខ្សិបៗ

ហើយស្រវ៉ាចាប់កូនបីម្នាក់មួយ។  យើងឱនចុះក្បែរគ្រែ សសៀរយឺតៗសំដៅទៅបើកទ្វារបន្ទប់ឆ្លង

ចេញទៅកាន់បន្ទប់វ៉ាន់មុនីហៅស្រីមុំប្អូនស្រីខ្ញុំដែលបានភ្ញាក់ហើយកំពុងអង្គុយចាំស្តាប់ព្រឹត្តិការណ៍

ជាស្រេច។​ យើងនាំគ្នាចូលទៅបន្ទប់ដែលម្តាយក្មេកខ្ញុំសម្រាន្ត។ម្នាក់ៗមានទឹកមុខស្លេកស្លាំងស្លន់

ស្លោ។ នឹកឃើញតែម្យ៉ាងគត់ ថាជីវិតយើងត្រូវអស់យប់ហ្នឹងហើយ។ ខ្ ញុំបានបញ្ជូនស្វាមីខ្ញុំឲ្យទៅ

ពិគ្រោះជាមួយលោកប៉ាថាតើយើងត្រូវតែចុះទៅខាងក្រោមតាមការគំរាមរបស់ខ្មែរក្រហមឬទេ? ​

លោកប៉ាបានផ្តាំតាមស្វាមីខ្ញុំថា«​នៅស្ងៀម កុំមាត់កុំក និងកុំចេញទៅក្រៅឲ្យសោះ»។  មិនទាន់អស់

ចិត្តស្វាមីខ្ញុំ មុនីប្អុនស្រីខ្ញុំ និងនាងតាក់លបអើតមើលហេតុការណ៍ឲ្យបច្បាស់នឹងភ្នែក។ កូនទាំងពីរ

របស់ខ្ញុំភ្ញាក់ហើយ។ ខ្ញុំបីបំបៅប្រុសធំដែលទើបតែមានអាយុជាងមួយខួប។ ប្រុសធំសម្លឹងមុខខ្ញុំ​។

មាត់ចង់ពេបបន្តិច។ ខ្ញុំលួងកូន៖«កុំយំណ៎ាកូនខ្លាចគេបាញ់»។ ប្រុសធំចេះណាស់សម្ងំស្ងៀម។

 ចំណែកអ្នកទាំងបីដែលបានចេញទៅឈ្លបការណ៍នោះ ត្រឡប់មកវិញហើយរៀបរាប់ថា៖

– ពួកអ្នកផ្ទះខាងមុខផ្ទះយើងត្រូវពួកបដិវត្តន៍ដេញទាំងយប់យួរចានឆ្នាំងរណេងរណោង។ ពួក

ធ្មិលឲ្យទុកទ្វារផ្ទះបើកចំហធ្លុង។ យើងនៅមិនទាន់អស់ងងុយនៅឡើយ ក៏នាំគ្នាចូលកាន់ដំណេក

បន្តទៀតរៀងៗខ្លួនដក់ជាប់ក្តីព្រួយបារម្ភក្នុងចិត្ត ហើយខ្លាចថ្ងៃស្អែក ថ្ងៃថ្មី ថ្ងៃដែលមិនដឹងថានឹង

មានហេតុការណ៍អ្វីកើតឡើងចំពោះគ្រួសារយើងទៀត?៕

នៅមានត

 

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s