វាសនាអភ័ព្វ
និពន្ធដោយ ប៉ិច សង្វាវ៉ាន
រក្សាសិទ្ធិគ្រប់យ៉ាង
រឿងនេះកើតឡើងពីការស្រមៃដ៏សុទ្ធសាទរបស់អ្នកនិពន្ធ។ បើមាននាម ឬសកម្មភាពតួអង្គក្នុងរឿងនេះស្រដៀង ឬដូចឈ្មោះនឹងរឿងផ្ទាល់ខ្លួនរបស់លោកអ្នកនាង សូមមេត្តាចាត់ទុកជាការចៃដន្យមួយទៅចុះ។ អ្នកនិពន្ធគ្មានចេតនានឹងបញ្ឆិតបញ្ឆៀងដល់ជនណាម្នាក់ឡើង។
សូមអរគុណ!
សិស្សខ្ញុំទាំងអស់កំពុងតែឈ្ងោកមុខធ្វើតែងសេចក្តីយ៉ាងស្ងាត់ស្ងៀម ស្រាប់តែពេលនោះ នារីជំទង់ម្នាក់ មានអាយុប្រមាណ១២ឆ្នាំ ដើរចូលមកក្នុងថ្នាក់ខ្ញុំជាមួយស្ត្រីចំណាស់មួយរូប។ ស្ត្រីនោះឧទានឡើងទម្លុះភាពស្ងៀមស្ងាត់នៃថ្នាក់ខ្ញុំ៖
-ជម្រាបសួរអ្នកគ្រូ លោកនាយកវិទ្យាល័យបញ្ជាឱ្យខ្ញុំជូនចៅស្រីមករៀននៅថ្នាក់អ្នកគ្រូ។ នាង ឈ្មោះ វាសនា ។
ខ្ញុំសម្លឹងភក្ត្រនាងវាសនា ចំពេលដែលសិស្សថ្មីនេះលើកដៃសំពះជម្រាបសួរខ្ញុំយ៉ាងសុភាពទន់ភ្លន់ និងដោយទឹកមុខស្រពោន។
ខ្ញុំទទួលសិស្សថ្មី ហើយចាត់ចែងឱ្យនាងអង្គុយនៅតុមួយពីមុខតុរបស់ខ្ញុំ។ រួចហើយខ្ញុំហុចក្រដាសមួយសន្លឹកឱ្យវាសនាបំពេញព័ត៌មានខ្លះដែលខ្ញុំចង់ដឹង។ នៅពេលដែលវាសនាឈ្ងោកបំពេញលិខិតព័ត៌មាន ខ្ញុំឃើញនាងនៅស្ទាក់ស្ទើរហាក់ដូចជាពិបាកបំពេញសំណួរនៅលើក្រដាសនេះ។
មួយស្របក់ក្រោយមក នាងវាសនាយកក្រដាសដែលនាងបំពេញរួចហើយមកហុចឱ្យខ្ញុំ។ ពេលនោះជាពេលសម្រាក។ ខ្ញុំហៅវាសនាមកសួរក្រោយពីបានដឹងព័ត៌មានដែលខ្ញុំបានអានចប់ហើយ។
– វាសនា ម៉េចបានជាមុខនាងក្រៀមម្ល៉េះ?
សិស្សថ្មីនេះ មិនបានឆ្លើយសំណួរខ្ញុំ ដើម្បីបំបាត់ចម្ងល់ខ្ញុំ។ ខ្ញុំក៏បន្ថែមសម្តីលើកទឹកចិត្តនាងឱ្យមានការកក់ក្តៅ។
-នាងកុំភ័យអី។ នាងចូលរៀនក្រោយគេមែន តែមិត្តភក្តិដែលអង្គុយក្បែរនាងមិនមានចិត្តកំណាញ់ទេ។ គេមុខជាឱ្យនាងខ្ចីសៀវភៅមេរៀនមកចម្លង។ បើសិនជានាងឆ្ងល់ត្រង់កន្លែងណា ខ្ញុំនឹងជួយពន្យល់នាងបន្ថែម នាងកុំញញើតសួរខ្ញុំឱ្យសោះ។ នេះនាមបណ្ណរបស់ខ្ញុំ ដែលមានលេខទូរសព្ទផង។ នាងយកទុកចុះកុំទើសទាល់អី។
-ច៎ា! អរគុណអ្នកគ្រូ!
-នាងអាចប្រាប់ខ្ញុំបានទេ ហេតុអ្វីបានជានាងមិនបំពេញឈ្មោះនិងមុខងារម្ដាយរបស់នាងផង?
-អ្នកគ្រូ… ខ្ញុំសូមទោស… ខ្ញុំឥតមាន… ម្តាយទេ។
ចម្លើយនេះញ៉ាំងឱ្យខ្ញុំភ្ញាក់។ ខ្ញុំសម្លឹងមុខនាងយ៉ាងពិនិត្យពិច័យ ទើបសួរថា៖
-បានសេចក្តីថា ម្តាយនាងស្លាប់ហើយឬ?
-ច៎ា ទេ អ្នកគ្រូ ម្តាយខ្ញុំនៅរស់។ គាត់នៅឯប្រទេសសិង្ហបុរី។ លោកប៉ាមានប្រសាសន៍ថា ម្តាយខ្ញុំជាតារាភាពយន្ត… តែខ្ញុំពុំដែលស្គាល់មុខម្តាយខ្ញុំសោះ។ តាំងពីតូចមក ខ្ញុំរស់នៅតែជាមួយលោកប៉ានិង មេដោះ។ មេដោះខ្ញុំទើបតែស្លាប់ចោលខ្ញុំប៉ុន្មានថ្ងៃនេះ។ ខ្ញុំស្ដាយគាត់ណាស់អ្នកគ្រូ ព្រោះគាត់ស្រឡាញ់ថ្នាក់ថ្នមខ្ញុំជាងមាតាបង្កើតរបស់ខ្ញុំទៅទៀត។ ផ្ទុយទៅវិញ ម្តាយខ្ញុំបង្កើតទៅចោលទុកឱ្យខ្ញុំនៅកំព្រាជាមួយលោកប៉ា… អ្នកគ្រូ! ជីវិតខ្ញុំអភ័ព្វណាស់!
ដោយសារខ្ញុំឮនាងនិយាយទាំងអួលដើមក ខ្ញុំក៏លែងហ៊ានសួរនាងទៀត។
* *
*
ខ្ញុំចេះតែនឹកឃើញរឿងរ៉ាវដែលសិស្សថ្មីខ្ញុំរៀបរាប់ឱ្យខ្ញុំស្តាប់។ ខ្ញុំមានមនោសញ្ចេតនាអាណិតនាងវាសនាយ៉ាងខ្លោចចិត្ត។ ខ្ញុំចេះតែស្រមៃឃើញរង្វង់ភក្ត្រវាសនាដែលក្រៀមស្រពោន ចេះតែឮសម្តីនាងត្អូញត្អែរ ហើយហាក់ឃើញកែវភ្នែកដែលមានទុក្ខនេះគ្រប់ពេលវេលា។ ខ្ញុំនឹកអនិច្ចា ហើយមាននិស្ស័យចង់ប្រោសប្រណីជួយនាងនេះឱ្យបានស្គាល់ភាពកក់ក្តៅខាងផ្លូវចិត្ត។ ខ្ញុំជឿថា នាងវាសនា ជាក្មេងកំព្រាដួងចិត្តម្នាក់ដោយខ្វះការថ្នាក់ថ្នម និងសេចក្តីស្នេហាពីមាតាបង្កើតយ៉ាងពិតប្រាកដ។
នៅក្នុងថ្នាក់ ខ្ញុំសម្គាល់ឃើញ វាសនាជាសិស្សម្នាក់យកចិត្តទុកដាក់ក្នុងការរៀនសូត្រណាស់។ នាងមានឫកពាសុភាពរាបសាទន់ភ្លន់។ អត្តចរិតនេះបណ្តាលឱ្យវាសនាក្លាយជាសិស្សសំណព្វម្នាក់របស់ខ្ញុំ។ រីឯវាសនាវិញ នាងក៏ដូចជាមាននិស្ស័យចំពោះខ្ញុំដែរ។ ហេតុនេះហើយបានជាធ្វើឱ្យនាង និងខ្ញុំមានការជិតស្និទ្ធ។
+ +
+
ពេលវេលាចេះតែកន្លងទៅមុខ។ ព្រឹកថ្ងៃអាទិត្យមួយ វាសនាបានមកលេងខ្ញុំដល់ផ្ទះ។ ខ្ញុំចំណាំឃើញថា គ្រប់ប្រយោគវាចាដែលនាងនិយាយរកខ្ញុំ នាងតែងរំឭកពីម្ដាយនាងជានិច្ច។
-អ្នកគ្រូ! ចិត្តអ្នកគ្រូល្អណាស់! បើខ្ញុំម្តាយមានចិត្តដូចអ្នកគ្រូ ខ្ញុំពុំដឹងជាសប្បាយយ៉ាងណាទេ តែខ្ញុំជាមនុស្សគ្មានសំណាងសោះ។ ខ្ញុំឆ្ងល់ណាស់អ្នកគ្រូ តើម្តាយខ្ញុំ នឹកខ្ញុំ ដូចខ្ញុំនឹកនិងត្រូវការគាត់ឬទេ? តើម៉ាក់ខ្ញុំចង់ឃើញខ្ញុំ ដូចខ្ញុំអន្ទះសាចង់ឃើញគាត់ដែរឬទេ?
-តើអ្នកគ្រូត្រូវឆ្លើយយ៉ាងណា បើអ្នកគ្រូពុំទាន់ធ្លាប់ធ្វើជាម្តាយគេនៅឡើយ តែអ្នកគ្រូជឿថា ធម្មតាចិត្តមាតាក្នុងលោកតែងតែគិតនិងស្រឡាញ់កូនណាស់។ មាតាណាក៏តែងមានកង្វល់ជាអចិន្ត្រៃយ៍ពីអនាគតវាសនារបស់បុត្រធីតា។ នៅក្នុងលោកនេះ មានមាតាអភ័ព្វច្រើនណាស់ដែលខំននាលតស៊ូជម្នះធម្មជាតិបង្ហូរញើសដើម្បីរកស៊ីចិញ្ចឹមនិងផ្តល់អនាគតឱ្យបុត្រធីតារបស់ខ្លួន។ អ្នកគ្រូមិនយល់ទឹកចិត្តមាតារបស់នាងទេ បើគាត់នៅរស់ គាត់ត្រូវតែស្វែងចង់ឃើញនាង។ ត្រង់ហ្នឹងហើយ ដែលអ្នកគ្រូនឹកថា ប្រហែលម៉ាក់របស់នាងស្លាប់ទៅហើយទេដឹង? តែណ្ហើយចុះ ទោះជាយ៉ាងណាក៏ដោយ បើម្តាយនាងនៅរស់ នាងគង់តែមានសំណាងជួបគាត់ថ្ងៃណាមួយមិនខាន។ នាងកុំតូចចិត្តពេក។ តាមពិត នាងនៅមានឪពុកម្នាក់ដែលស្រឡាញ់និងគិតដល់នាងណាស់។ ប៉ុណ្ណេះក៏ចាត់ជាភ័ព្វល្អទៅហើយដែរ បើប្រៀបជាមួយក្មេងកំព្រាដទៃទៀតក្នុងពិភពលោកយើងនេះ។ កុំគិតច្រើនពេក កុំបណ្តោយឱ្យអារម្មណ៍រវើរវាយផ្តេសផ្តាស។ សំខាន់ ត្រូវនាងខំផ្ចង់ស្មារតីឱ្យមូល ខំរៀនសូត្រឱ្យពូកែ និងវែងឆ្ងាយទៅមុខណ៎ា។
ខ្ញុំពោលលួងលោមសិស្សនេះទាំងខ្លោចផ្សា។ វាសនាសម្លឹងមុខខ្ញុំដោយក្រសែភ្នែកដ៏សែនកម្សត់ញ៉ាំងឱ្យចិត្តខ្ញុំកាន់តែអាណិតនាងខ្លាំងឡើងៗ។ ក្រោយពីសម្លឹងមុខខ្ញុំយ៉ាងយូរ នាងក៏ថ្លែងទៀតថា៖
-អ្នកគ្រូ ខ្ញុំចេះតែនឹកថា ម្តាយខ្ញុំមានរូបរាង មុខមាត់ និងសម្តីដូចអ្នកគ្រូអ៊ីចឹង! តើថ្ងៃណា ខ្ញុំបានជួបម្តាយខ្ញុំ?
ខ្ញុំរឹតតែរន្ធត់ចិត្ត។ នេះហើយឬទឹកចិត្តកណ្តែងកណ្តោចនៃក្មេងដែលខ្វះសេចក្តីស្នេហាពីមាតារបស់ខ្លួន។ ខ្ញុំឈរធ្មឹងពិចារណា«តើនៅក្នុងលោកយើងនេះ មានកុមារកំព្រាប៉ុន្មាននាក់? តើនាងរងាយ៉ាងណា? នាងពុំដែលស្គាល់សេចក្តីស្នេហា ខ្វះការកក់ក្តៅខាងផ្លូវចិត្ត ខ្វះការគ្រប់គ្រងថ្នាក់ថ្នមលួងលោម ខ្វះការអប់រំពីមាតា ដែលនាងត្រូវការចាំបាច់បំផុត… ឱ! ក្មេងកំព្រាទាំងឡាយក្នុងលោកអើយ!»
ខ្ញុំផ្តោតនេត្រាខ្ញុំទៅលើរង្វង់ភក្ត្រដ៏ក្រៀមស្រពោននៃវាសនាម្តងទៀត។ ខ្ញុំហាក់ដូចជាឮសម្រែកដួងចិត្តសិស្សនេះយំទួញគួរឱ្យខ្លោចផ្សាជាពន់ពេក។ ឱ! ហេតុអ្វីក៏ខ្ញុំមាននិស្ស័យចំពោះក្មេងនេះដល់ម្លឹង? មនុស្សធម៌ដែលជានិស្ស័យកំណើតរបស់ខ្ញុំរីកដាលធំឡើងៗជាលំដាប់ពេញបេះដូងខ្ញុំ។ ម្តងៗ ខ្ញុំហាក់ដូចជាចង់ស្គាល់មាតានាងវាសនាណាស់។ តើជានារីបែបណា? មានមុខមាត់ និងចិត្តគំនិតដូចម្តេចបានជាដាច់ចិត្តបោះបង់ឈាមដ៏ល្អរបស់ខ្លួនដោយគ្មាននឹកនាសោះយ៉ាងនេះ?។
* *
*
មួយឆ្នាំក្រោយមក វាសនាលែងជាសិស្សខ្ញុំទៀតហើយ។ នាងបានឡើងថ្នាក់ទី៥ទំនើបជាតិ (១) តែខ្ញុំនៅតែមានចិត្តរាប់អានក្មេងស្រីនេះដូចពីមុនដដែល។ ជាច្រើនដងណាស់មកហើយ ដែលវាសនាតែងតែទទូចអញ្ជើញខ្ញុំឱ្យទៅលេងផ្ទះនាង។ តែកន្លងមក ខ្ញុំរកលេសដោះស្រាយមិនព្រមទៅឡើយ។ តាមពិតទៅ ខ្ញុំប្រកាន់បន្តិចផង ព្រោះខ្ញុំជាស្រីក្រមុំ។ ខ្ញុំមិនចូលចិត្តទៅទីកន្លែងណាដែលមានប្រុសកំលោះ ឬបុរសពោះម៉ាយទេ។ ជាពិសេសទៅទៀត ខ្ញុំខ្លាចបិតានាងវាសនាយល់ច្រឡំលើចិត្តមេត្តាធម៌ដ៏ស្មោះរបស់ខ្ញុំចំពោះបុត្រីលោកផង។ ប៉ុន្តែ មិនដឹងចៃដន្យអ្វី នៅថ្ងៃមួយនោះ រថយន្តខ្ញុំខូច ត្រូវដាក់ឱ្យយានដ្ឋានជួសជុល។ នៅពេលចេញពីសាលា ខ្ញុំប្រុងឡើងជិះត្រីចក្រយាន (ស៊ីក្លូ) ស្រាប់តែ វាសនារត់ចេញមកកាត់ពីមុខ ហើយឃាត់ខ្ញុំ។
-អ្នកគ្រូ ខ្ញុំសូមអញ្ជើញអ្នកគ្រូជិះឡានជាមួយខ្ញុំវិញ។
ខ្ញុំហារមាត់ប្រុងប្រកែក ស្រាប់តែខ្ញុំឮវាចាបុរសម្នាក់ពោលមកខ្ញុំយ៉ាងពិរោះស្រទន់។
-បាទ! សូមអ្នកគ្រូអញ្ជើញជិះឡានជាមួយយើងវិញ ទាន!
-អ្នកគ្រូ នេះលោកប៉ាខ្ញុំ។
-អូហ៍! ច៎ា! ជម្រាបសួរលោក!
-បាទ! ជម្រាបសួរអ្នកគ្រូ! បើអ្នកគ្រូមិនយល់ទាស់ទេ ខ្ញុំនិងកូនស្រីសូមជូនអ្នកគ្រូទៅផ្ទះម្តង។
ខ្ញុំប្រកែកយ៉ាងណា ក៏បិតានិងបុត្រីនេះនៅតែទទូចហៅខ្ញុំឱ្យជិះរថយន្តជាមួយទាល់តែបាន។ ខ្ញុំលំបាកនិងរំខានក្នុងចិត្តជាពន់ពេក។
មួយស្របក់បន្ទាប់មក រថយន្តបានមកដល់ផ្ទះខ្ញុំ។ ជាការគួរសម ខ្ញុំអញ្ជើញអ្នកទាំងពីរឡើងផ្ទះខ្ញុំ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ នាងវាសនាដើរមើលរូបភាពផ្សេងៗដែលតាំងនៅលើជញ្ជាំង ជាឱកាសឱ្យបិតានាងចាប់ផ្តើមនិយាយឡើង៖
-ថ្ងៃនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានស្គាល់អ្នកគ្រូ។ វាសនាកូនស្រីខ្ញុំ តាំងពីបានចូលរៀនថ្នាក់អ្នកគ្រូមក នាងហាក់ដូចជាមានការប្រែប្រួលច្រើន ទាំងចម្រើនក្នុងការសិក្សា ទាំងរីករាយ ទាំងផ្លូវចិត្ត។ នាងឧស្សាហ៍និយាយសរសើរអ្នកគ្រូប្រាប់ខ្ញុំញឹកញយ។
-លោកដឹងទេ វាសនាជាក្មេងម្នាក់គួរឱ្យអាណិតណាស់។ នាងថ្លែងទុក្ខសោករបស់នាងប្រាប់ខ្ញុំគ្មានចន្លោះទេ។
-បាទ ពិតមែន កូននេះអភ័ព្វណាស់។ នាងព្រាត់ម្តាយតាំងពីអាយុមួយឆ្នាំ។ ចំណែកខ្ញុំ ជាអ្នកកាសែតតែងតែមានបេសកកម្មចេញទៅខេត្តញឹកញាប់។ ម្ល៉ោះហើយ កូនស្រីខ្ញុំរស់នៅជាមួយមេដោះច្រើនជាងនៅជាមួយខ្ញុំ។ ឥឡូវនាងកាន់តែធំឡើងហើយ។ ខ្ញុំតែងតែគិតដល់អនាគតនាងគិតដល់ពេលនាងពេញរូបរាងឡើង។ វាសនាទាមទារឱ្យខ្ញុំរកមាតាដ៏ល្អម្នាក់ឱ្យនាង។ នេះជាវ័យដែលនាងត្រូវការវត្តមាននរណាម្នាក់ដែលមានភេទដូចគ្នា គ្រាន់នឹងអាចពិភាក្សាបញ្ហាផ្សេងៗដែលនាងមិនអាចនិយាយជាមួយខ្ញុំកើត។
ពេលនោះ វាសនាស្ទុះសំដៅមករកបិតានាង។ នាងចាប់ទាញដៃបិតាបណ្តើរមកឈរនៅចំពីមុខកន្លែងព្យួររូបថតខ្ញុំ ហើយនិយាយ៖
-លោកប៉ា មើលនេះ រូបថតអ្នកគ្រូខ្ញុំស្អាតណាស់ មែនទេលោកប៉ា? រូបថតអ្នកគ្រូដូចរូបម៉ាក់ខ្ញុំឬទេ?
សែនហួសចិត្ត បិតានាងគ្រវីក្បាលមួយៗ ហើយសម្លឹងមុខខ្ញុំយ៉ាងយូរ។ ខ្ញុំអៀនស្ទើរតែរត់ចេញពីទីនេះ ហើយនឹកក្នុងចិត្តថា រូបខ្ញុំឯណាអាចប្រដូចស្មើនឹងតារាភាពយន្តដែលជាមាតានាងវាសនាបាននោះ?។
*
* *
(១) ថ្នាក់ទី៨បច្ចុប្បន្ន Classe de Cinquième
នៅមានត…