ពីសិស្សម្នាក់…និពន្ធដោយ សុខ ចាន់ផល

@រក្សាសិទ្ធិដោយ អ្នកនិពន្ធ@

SOK CHANPHAL 164226_3043843471054_695482799_nនេះជាកំណត់ហេតុយូរមកហើយ ជាអារម្មណ៍ខ្ញុំកាលរៀនថ្នាក់ទី១២។ សំណៅដំបូងគឺជាអក្សរដៃ ក្រោយមកក៏វាយអត្ថបទ Limon មិនគិតថាប្រកាសឱ្យគេអានទេ ព្រោះសរសេរមិនសូវល្អ តែពេលនេះចង់ឱ្យគេអាន ទុកជាស្នាដៃអនុស្សាវរីយ៍មួយ និយាយពីអារម្មណ៍សិស្សម្នាក់ ធ្លាប់បាក់ទឹកចិត្តនឹងការរៀនសូត្រ…

ពីសិស្សម្នាក់…

សត្វអំពិលអំពែកនៅតែចង់ឱ្យគេដឹងថា ខ្លួនពេលយប់ទើបមានសម្រស់។ តើទឹកចិត្តបែបនេះមានប្រយោជន៍អ្វី? អំពិលអំពែកអើយ! តើសម្រស់ស្រស់ស្អាតពិតជាមានន័យណាស់ទៅឬ? អ្នកសប្បាយចិត្តចុះ! ពិភពលោក ទាំងមូលប្រហែលជាទទួលស្គាល់ថា សម្រស់របស់អ្នកស្រស់ស្អាតហើយ។ សូម្បីតែរូបខ្ញុំក៏ប្រាថ្នាចង់មើលរូបអ្នក ហើយសរសើរសម្រស់របស់អ្នក ថាមិនចាញ់នឹងសម្រស់របស់ហ្វូងផ្កាយនៅលើមេឃឡើយ។ សូមអ្នកកុំបារម្ភថ្វី! បើ ទោះជានៅក្នុងពេលថ្ងៃអ្នកមិនអាចបង្ហាញសម្រស់ពន្លឺរបស់អ្នក ឱ្យធម្មជាតិទាំងអស់បានដឹងក៏ដោយ ក៏អ្នកនៅមានរូបខ្ញុំម្នាក់ ដែលចាំប្រាប់ដល់គេឯងថា អ្នកនឹងស្រស់ស្អាតក្នុងរាត្រីកាលដែរ។

          សុភមង្គលផ្លូវចិត្តគឺជាបំណងប្រាថ្នារបស់មនុស្សជាតិ។ ខ្ញុំគិតថា បើសត្វអំពិលអំពែកនៅតែមានគំនិតខ្លាចគេមិនដឹងពីសម្រស់របស់ខ្លួនទៀត ពួកវានឹងគ្មានសន្តិភាពក្នុងផ្លូវចិត្តបានទេ។ ទស្សនៈរបស់អ្នកដទៃពិតជាមាន ឥទ្ធិពលខ្លាំងណាស់សម្រាប់សត្វលោក។ ហេតុអ្វីក៏សត្វអំពិលអំពែកចាំបាច់ខ្វល់ខ្វាយពីទឹកចិត្តរបស់អ្នកដទៃខ្លាំងម៉្លេះ បើការពិតនៅតែជាការពិតនោះ?

          ឃ្លាថា “ការពិតនៅតែជាការពិត”នេះ បើនិយាយហើយមិនយកមកពិចារណានោះ វាធ្វើឱ្យខ្ញុំនៅមិនសុខសោះ។ ពេលខ្លះខ្ញុំតែងសួរខ្លួនឯងថា “តើខុសឬត្រូវ ពិតឬមិនពិត សំខាន់ដែរឬទេ?” នៅក្នុងលោកនេះ ប្រាកដជាមានការពិត ហើយការពិតនោះប្រាកដតែជាការពិតតែមួយ។ ហេតុដែលធ្វើឱ្យខ្ញុំស្មុគ្រស្មាញដល់ថ្នាក់នេះ គឺព្រោះតែខ្ញុំតែងមានការគិតទៅលើភាពត្រូវឬខុស ពិតឬមិនពិត ផ្ទុយពីអ្នកដទៃ។ អ្វីដែលខ្ញុំយល់ថាខុស បែរជាអ្នកដទៃយល់ថាត្រូវទៅវិញ។ បើទោះជាខ្ញុំឈប់ប្រកែករកខុសត្រូវជាមួយគេក៏ដោយ តែខួរក្បាលខ្ញុំនៅតែរឹង មិនព្រមយល់ស្របតាមគំនិតរបស់គេសោះ។ តាមពិតខ្ញុំមិនហ៊ានទុកចិត្តថា គំនិតខ្លួនឯងត្រឹមត្រូវប្រាកដនោះទេ ប៉ុន្តែគ្រាន់តែមិនដឹងថា គំនិតអ្នកណាត្រឹមត្រូវប្រាកដប៉ុណ្ណោះ។ ទោះបីខ្ញុំខំយកគំនិតដែលប្រឆាំងនឹងខ្ញុំនោះមកពិចារណា ក៏ចុងក្រោយខ្ញុំនៅតែទទួលយកវាពុំបាន។

          រហូតមកទល់ពេលនេះខ្ញុំបានជួបរឿងជាច្រើន ដែលមិនទាន់ស្គាល់ការពិតរបស់វាឱ្យអស់ចិត្តបាន។ ក្នុងចំណោមមនុស្សមួយរយនាក់ដែលមានគំនិតខុសៗគ្នា រឿងខុសឬត្រូវ ពិតឬមិនពិត ក៏នឹងមានចំនួនមួយរយយ៉ាងដែរ។ តើគេអាចកំណត់ឱ្យអ្នកណាម្នាក់ត្រឹមត្រូវជាងគេបានដែរឬទេ? បញ្ហានេះលំបាកខ្លាំងណាស់! បើសិនជាមានអាជ្ញាកណ្តាលម្នាក់ជាអ្នកសម្រេចថា ម្នាក់ណាត្រឹមត្រូវលើសគេ តើអ្នកគួរទុកចិត្តអជ្ញាកណ្តាលនោះឬទេ? ហើយតើសម្អាងលើអ្វីទើបអ្នកទុកចិត្តគាត់? បើគាត់ក៏មានគំនិតមួយផ្សេងពីគេដែរនោះ។

          ខាងលើនេះគឺជាអារម្មណ៍រវើរវាយផ្តេសផ្តាសរបស់ខ្ញុំ។ ខ្ញុំគឺជាមនុស្សគិតច្រើនណាស់ ដែលទម្លាប់មួយនេះ ផ្តល់ឱ្យខួរក្បាលខ្ញុំរវល់ធ្វើការស្ទើរតែគ្មានពេលសម្រាក។ ដោយសារតែមួយថ្ងៃៗខ្ញុំគិតតែពិចារណាវែកញែកហួសហេតុនេះហើយ ទើបខ្ញុំខាតពេលច្រើន រកពេលរៀនមេរៀនសាលាស្ទើរមិនបាន។ នៅសល់ពីរថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំដល់ពេលប្រឡងឆមាសលើកទីពីរហើយ តែខ្ញុំនៅតែពុំទាន់ចេះអ្វីច្បាស់លាស់សម្រាប់ការប្រឡងនេះសោះ។ ខ្ញុំជាមនុស្សខ្ជិលណាស់ ទាល់តែទឹកប៉ះចុងច្រមុះ ទើបគិតខំរកវិធីដោះស្រាយ។ ខ្ញុំគិតថានឹងយកពេលតែពីរថ្ងៃនេះខំប្រឹងរៀនសម្រាប់ការប្រឡង ប៉ុន្តែខ្ញុំនៅតែចង់ខ្ជិលដដែល។ គិតទៅ! ខ្ញុំសរសើរមិត្តខ្ញុំដែលខំប្រឹងរៀនណាស់។ ប៉ុន្តែមិនយល់សោះ ហេតុអ្វីគេចាំបាច់កុហកខ្ញុំថាគេមិនដែលខំរៀនទៅវិញ? តើចិត្តរបស់គេគិតយ៉ាងណាហ្ន៎?

          ខណៈនេះម៉ោងប្រហែលជាជិតប្រាំបួនព្រឹកហើយ។ នៅក្នុងបន្ទប់រៀនរបស់ខ្ញុំមានសិស្សចំនួនប្រាំនាក់កំពុងផ្តុំគ្នាជជែក។ ម៉ោងនេះយើងសម្រាកដោយសារគ្រូអវត្តមាន។ ពួកគេទាំងប្រាំនោះជួនកាលងាកមកខ្ញុំដែលអង្គុយស្ងៀមម្នាក់ឯង។ តាមពិតមុននេះខ្ញុំនិយាយច្រើនណាស់ តែឥឡូវក៏ទៅជាហត់លែងចង់ហាមាត់ទៀត។ បើចង់ប្រាប់គេថា ខ្ញុំមានអត្តចរិតយ៉ាងម៉េចប្រាកដនោះ គឺវាពិបាកណាស់។ អាកប្បកិរិយារបស់ខ្ញុំប្រហែលជាប្រែប្រួលតាមធាតុអាកាសទេដឹង។ មួយសន្ទុះមុននេះ ខ្ញុំមានឫកពាលរលាមគួរឱ្យខ្មាស។ ដល់ឥឡូវ ខ្ញុំក្លាយជាអ្នកតាថ្មអង្គុយសំកុកម្នាក់ឯងទៅវិញ។ យ៉ាងណា ខ្ញុំគួរតែទៅអង្គុយចូលរួមពិភាក្សាខ្លះជាមួយមិត្តទាំងប្រាំនាក់នោះ។ អង្គុយតែឯងបែបនេះវាគួរឱ្យរអៀសខ្លួនយ៉ាងម៉េចទេ។

          ពួកគេទាំងអស់សុទ្ធតែជាសិស្សរៀនពូកែជាងគេប្រចាំសាលា ដូចនេះកិច្ចសន្ទនារបស់ពួកគេគឺគ្មានអ្វីក្រៅពីរឿងរៀនសូត្រ ឬរឿងប្រឡងប្រណាំងគ្នានោះទេ។ ប៉ុន្តែប្លែកណាស់ដែលខ្ញុំស្រាប់តែឮពួកគេនិយាយថា បន្ទប់ប្រឡងរបស់ពួកគេម្នាក់ៗ គ្មានអ្នកណាពូកែដែលអាចពឹងពាក់បានសោះ។ គំនិតរបស់ពួកគេមានន័យថា ទោះជាគេមានចំណេះយ៉ាងណាក៏ដោយ ក៏គេត្រូវអង្គុយក្បែរអ្នកចេះដូចគ្នា ដើម្បីអាចជួយគ្នាទៅវិញទៅមក ធ្វើឱ្យលទ្ធផលនៃការប្រឡងទទួលបានជោគជ័យ។

          ចំពោះរូបខ្ញុំវិញគិតផ្ទុយពីគេស្រឡះ។ ខ្ញុំមិនចង់ឱ្យអ្នកសិក្សាប្រែពាក្យថា “ប្រឡង” ទៅជា “ចម្លង” នោះទេ ព្រោះទង្វើនេះធ្វើឱ្យខ្ញុំស្រណោះដល់បុព្វបុរសខ្មែរ ដែលខិតខំបង្កើតពាក្យសម្តីឱ្យកូនខ្មែរនិយាយ។ ហេតុអ្វី កូនខ្មែរនៅជំនាន់ខ្ញុំចង់ប្តូរពាក្យដូនតាយ៉ាងនេះ? ការប្រឡងត្រូវតែជាការបញ្ចោញសមត្ថភាពចំណេះដឹងរបស់សិស្ស ដែលខំប្រឹងរៀនសូត្រ។ ហេតុអ្វីក៏បេក្ខជនប្រឡងគិតសំខាន់តែលើលទ្ធផលប្រឡងទៅវិញ? ចុះបើពួកគេទទួលបាន លទ្ធផលល្អៗ តែវាមិនមែនជាសមត្ថភាពចំណេះដឹងរបស់ពួកគេពិតប្រាកដនោះ តើពួកគេសប្បាយរីករាយក្នុងការ ទទួលជោគជ័យក្លែងក្លាយនេះដែរឬទេ?

          ដូចដឹងស្រាប់ហើយ ខ្ញុំមានចំណេះដឹងសម្រាប់ការប្រឡងខ្សោយខ្លាំងណាស់! បើប្រៀបធៀបនឹងចំណេះដឹងមិត្តទាំងប្រាំនាក់នោះវិញ ស្ទើរតែមិនអាចផ្ទឹមគ្នាបាន។ ហេតុអ្វីខ្ញុំបែរជាគិតឃើញយ៉ាងនេះ? ពេលនេះតើខ្ញុំគួរបញ្ចេញយោបល់យល់ឃើញរបស់ខ្លួននេះឬទេ បើខ្ញុំគិតខុសគេតែម្នាក់ឯងអ៊ីចឹង? ទោះជាម្នាក់ឯងក៏ខ្ញុំគួរតែសម្តែង ប្រាប់ដល់មនុស្សទូទៅឱ្យគេដឹងដែរ មិនគប្បីសំងំគិតតែម្នាក់ឯងឡើយ។ ជួនកាលពេលបានឮយោបល់ខ្ញុំ ពួកគេអាចយល់ស្របនឹងខ្ញុំក៏ថាបាន។ ជួនកាលពេលទទួលមតិរិះគន់ពីគេ ខ្ញុំអាចភ្ញាក់រឭកថាខ្លួនឯងយល់ខុសក៏ថាបាន។ ក្រែងខ្ញុំតែងតែចង់បានការពិតតែមួយដូចគ្នាអេះ? ឥឡូវនេះគឺជាឱកាសល្អសម្រាប់រកភាពត្រឹមត្រូវមួយ រវាងគំនិតផ្ទុយគ្នាពីរ របស់ខ្ញុំនិងពួកគេទាំងប្រាំនាក់នេះហើយតើ! ចាំមើល៍ៗ តើអាចរកឃើញថា គំនិតអ្នកណាត្រឹមត្រូវប្រាកដនិយមជាងគេបានឬទេ?

          រៀបនឹងហាមាត់ថ្លែងពីទស្សនៈផ្ទាល់ខ្លួននេះប្រាប់ដល់ពួកគេទៅហើយ ស្រាប់តែសំឡេងជួងបន្លឺឡើង។ កិច្ចពិភាក្សាក៏ត្រូវបញ្ចប់ទាំងខ្ញុំមិនទាន់បាននិយាយអ្វីមួយម៉ាត់។ សិស្សទាំងឡាយនាំគ្នាចូលក្នុងថ្នាក់ជាបន្តបន្ទាប់។ ខ្ញុំក៏ត្រូវលេបយោបល់ដែលចង់បញ្ចោញនោះទុកក្នុងពោះសិន ហើយដើរទៅរកតុអង្គុយទាំងមិនទាន់អស់ចិត្ត។

          លោកគ្រូបង្រៀនម្នាក់បានដើរចូលមកក្នុងថ្នាក់ទាំងសិស្សដើរតាមពីក្រោយបួនប្រាំនាក់។ ពួកសិស្សដែលនៅក្នុងថ្នាក់ស្រេចក៏ក្រោកឈរគំនាប់លោកគ្រូ ហើយសិស្សដែលកំពុងដើរចូលពីក្រោយលោកគ្រូក៏ស្រែកឱ្យអង្គុយចុះ ជំនួសលោកគ្រូ។ ក្រឡេកទៅលោកគ្រូវិញ គាត់មានរាងស្គមរឃាំង ស្លៀកពាក់ចាស់ៗ ទម្លាក់អាវសំយាកពីក្រៅខោ ពាក់ស្បែកជើងស៊កសឹកបាតហើយរហែកដុំៗ។ ប៉ុន្តែសិស្សគ្រប់គ្នាស្រឡាញ់ចូលចិត្តគាត់ណាស់ ព្រោះគាត់ជាប់ឈ្មោះថាជាគ្រូស្រួលជាងគេប្រចាំថ្នាក់។ ចូលថ្នាក់ដប់នាទីហើយគាត់មិនទាន់បង្រៀនមេរៀនទេ។ សិស្សជជែកគ្នាលាន់ទ្រហឹង ដូចកំពុងនៅផ្សារត្រី។ មានសិស្សប្រុសពីរនាក់ទើបតែដើរចូលមកក្នុងថ្នាក់សំពះលោកគ្រូសុំចូលរៀន។ លោកគ្រូម្នាក់នេះគាត់ចិត្តល្អរកគ្មាន។ គាត់មិនចេះប្រើវិន័យសាលាធ្វើបាបសិស្សទេ។ ក្នុងវចនានុក្រមរបស់គាត់គឺមានតែពាក្យយោគយល់លើសលប់ពាក្យច្បាប់ទម្លាប់។ ខ្ញុំសង្កេតឃើញជាច្រើនដងដែលគាត់មិនចាប់អារម្មណ៍នឹងកំហុសឆ្គងរបស់សិស្ស។ បើទោះជាមានសិស្សខ្លះនិយាយឈ្លើយមាក់ងាយដាក់គាត់ ក៏គាត់ធ្វើជាស្តាប់មិនឮដែរ។

          ដោយសារតែកៀកដល់ពេលប្រលងឆមាស មេរៀនរបស់លោកគ្រូម៉ោងនេះ គឺគាត់ផ្តោតសំខាន់ទៅលើការប្រឡងនោះឯង។ សិស្សប៉ុន្មាននាក់ដែលខ្វល់ខ្វាយចំពោះការប្រឡងខាងមុខ បានស្នើសុំឱ្យលោកគ្រូបង្ហើបពីសំណួរខ្លះៗ ដែលអាចចេញក្នុងវិញ្ញាសាប្រឡង។ ទោះជាលោកគ្រូមិនអាចដឹងពីវិញ្ញាសារបស់ក្រសួងអប់រំ តែនិស្ស័យជាមនុស្សចិត្តល្អ គាត់នៅតែខំប្រឹងជួយប្រាប់សិស្សឱ្យអស់ពីសមត្ថភាព។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតគឺគាត់បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន កាលសម័យប្រឡងរបស់គាត់ប្រាប់ដល់សិស្ស។ ជួនកាលលោកគ្រូនិយាយកំប្លែងៗធ្វើឱ្យសិស្សសើចគិលៗ…។ គាត់ប្រាប់សិស្សថា ពេលប្រឡង បេក្ខជនត្រូវឆ្លាតទៅតាមទេពកោសល្យរៀងៗខ្លួន។ ពោលគឺអ្នកខ្លះប៉ិនចម្លងគេរហ័ស អ្នកខ្លះមុខក្រាស់សួរគេ និងសមត្ថភាពពិសេសប្រចាំត្រកូលគឺត្រូវចេះលាក់ព្រុយយ៉ុង (Brouillon) កន្លែងណា មិនឱ្យគេចាប់បាន។ រួចគាត់បង្ហាត់បង្ហាញល្បិចផ្សេងៗដែលគាត់ចេះ ហើយពន្យល់សិស្សថា កុំឱ្យខ្មាសអ្នកណា ឱ្យតែប្រឡងជាប់ បើធ្លាក់ទើបវាខ្មាសគេ។

          សុភាសិតដ៏ពីរោះមួយឃ្លាដែលស្តាប់ហើយធ្វើឱ្យខ្ញុំរំភើបបាត់មាត់បាត់កនោះ គឺលោកគ្រូបានប្រដៅសិស្សថា “ថោកមួយថ្ងៃ ថ្លៃមួយជីវិត”។ សុភាសិតមួយបទនេះពិតជាមានអត្ថន័យខ្លាំងណាស់ ប្រាកដនិយមខ្លាំងណាស់។ សិស្សទាំងអស់សើចសាទរទទួលស្គាល់សុភាសិតសំណព្វចិត្តរបស់ពួកគេ។ លោកគ្រូចាប់ផ្តើមសម្លឹងចំមុខខ្ញុំ រួចបកស្រាយសុភាសិតមួយនេះឱ្យខ្ញុំយល់កាន់តែច្បាស់។ គាត់ថាពេលប្រឡងកុំចង់ធ្វើសិស្សពូកែអី គ្មានអ្នកណាសរសើរទេ។ គាត់ថាទៀតថា កុំថាឡើយត្រឹមតែប្រឡងបាក់ឌុប ដែលបេក្ខជនយកព្រុយយ៉ុងចូលនោះ ទោះជាប្រឡងដល់ថ្នាក់ខ្ពស់ណាក៏គេនៅតែមានលាក់ព្រុយយ៉ុងខ្លះដែរ គឺវាដូចសុភាសិតមួយទៀតពោលថា “ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើររង”។

          លោកគ្រូជាមនុស្សចាស់។ គាត់ដើរក្នុងសង្គមយូរជាងខ្ញុំ ដឹងរឿងសង្គមច្រើនជាងខ្ញុំ។ ប៉ុន្តែពាក្យពេចន៍ទាំងប៉ុន្មានរបស់គាត់ វាធ្វើឱ្យខ្ញុំស្ងួតបំពង់កចែស ហើយប្រឹងលេបទឹកមាត់ក្អឹកៗ។ ឱ! គំនិតមួយដែលខ្ញុំមិនយល់ស្របតាមសិស្សទាំងប្រាំនាក់មុននេះ ត្រូវកប់បាត់ឈឹងក្នុងពិភពអន្ធកាលមួយ ដែលខ្ញុំលែងហ៊ានរំឭកប្រាប់អ្នកណាទៀតហើយ។ ឱ! បើគ្រប់គ្នាសុទ្ធតែមានគំនិតដូចមនុស្សនៅជុំវិញខ្លួនខ្ញុំនេះ តើវិស័យអប់រំនៅប្រទេសខ្មែរនឹងទៅជាយ៉ាងណា?

          ខ្ញុំជិះកង់មកផ្ទះបណ្តើរ… គិតបណ្តើរ… ខ្ញុំសួរខ្លួនឯងដដែលទៀតថា “តើខុសត្រូវ ពិតមិនពិត សំខាន់ដែរឬទេ?” តើវាពិតជាអាស្រ័យទៅតាមបុគ្គលម្នាក់ៗយល់ឃើញមែនឬ? អ្វីដែលគេយល់ថាជាការត្រឹមត្រូវ តើវាជាការត្រឹមត្រូវហើយមែនទេ? បើពិតដូចន័យខាងលើនេះ ខ្ញុំពុំគួរគិតជ្រៅតទៅទៀតទេ… ខ្ញុំដឹងហើយ! ដោយសារមនុស្សមានគំនិតទស្សនៈខុសគ្នា ពួកគេក៏ជ្រើសរើសខ្សែជីវិតខុសៗគ្នា។ ប្រហែលជាលោកគ្រូនិងមិត្តរួមថ្នាក់របស់ខ្ញុំ ទាំងអស់សុទ្ធតែមានទស្សនៈជីវិតស្រដៀងគ្នា ទើបពួកគេមានក្តីសប្បាយរីករាយស្រដៀងៗគ្នា ហើយមានមនសិការក្នុងជីវិតក៏ស្រដៀងៗគ្នា រួចក៏យល់ថាអ្វីដែលពួកគេកំពុងធ្វើគឺជារឿងត្រឹមត្រូវបំផុត។

          នឹកឃើញកាលប្រលងឆមាសលើកទីមួយ ក្នុងម៉ោងប្រឡងតែងតែមានបេក្ខជនម្នាក់ដើរប្រមូលប្រាក់យកទៅជូនអនុរក្ស ជាសំណូកដើម្បីឱ្យអនុរក្សនោះជួយទុកឱកាសឱ្យពួកគេអាចបើកមើលព្រុយយ៉ុង ឬក៏ចម្លងគ្នាបានស្រួល។ សិស្សគ្រប់គ្នាចាប់ផ្តើមរៀនប្រព្រឹត្តអំពើពុករលួយជាបណ្តើរៗ ដូចខ្លាចថ្ងៃក្រោយពេលចូលធ្វើការងារប្រព្រឹត្តអំពើពុករលួយចាញ់គេ។ ខ្ញុំជាកូនអ្នកក្រីក្រម្នាក់។ ខ្ញុំគ្មានប្រាក់សម្រាប់សូកអនុរក្សអ៊ីចឹងទេ តែកាលណោះខ្ញុំក៏ត្រូវបង្ខំចិត្ត លូកយកប្រាក់ចេញពីហោប៉ៅ ហុចទៅឱ្យគេទាំងស្តាយស្រណោះ។ ខ្ញុំមិនចង់ធ្វើខ្លួនឱ្យខុសពីគេ ឬក៏ឱ្យគេហៅថា ជាមនុស្សឆ្វេងតែឯងឡើយ។ ទង្វើនោះចំពោះគេគ្រាន់តែរឿងធម្មតា ហើយគេមិនដឹងថាវាជាសម្ពាធគាបសង្កត់មនសិការខ្ញុំដល់កម្រិតណានោះទេ! តើដល់ពេលប្រឡងឆមាសលើកទីពីរ និងប្រឡងបាក់ឌុប ខ្ញុំគួរតែឱ្យប្រាក់ទៅអ្នកដើរប្រមូលទៀតឬអត់? ខ្ញុំមិនបានទទួលប្រយោជន៍ពីសំណូកនោះសោះ ហើយបានតែខាតប្រាក់ទទេ។ ខ្ញុំកំណត់ក្នុងចិត្តថា ពេលប្រឡងខាងមុខខ្ញុំមិនយកសំណៅឯកសារអ្វីចូលក្នុងបន្ទប់ប្រឡងឡើយ ហើយខ្ញុំក៏មិនខ្វល់នឹងបេក្ខជន ដែលប្រព្រឹត្តល្មើសច្បាប់ប្រឡងទាំងអស់នោះដែរ។ តើមានប្រយោជន៍អ្វីដែលខ្ញុំត្រូវធ្វើដូចជាពួកគេនោះ?

          ប្រហែលជាគេឆ្ងល់ថា ហេតុអ្វីខ្ញុំចាំបាច់ធ្វើខុសគេបែបនេះ? ខ្ញុំក៏ចង់ប្រាប់ពួកគេដែរថា នេះគឺជាមនសិការរបស់ខ្ញុំ។ បើសិនជាខ្ញុំប្រព្រឹត្តខុសពីមនសិការ ខ្ញុំនឹងមិនស្ងប់ចិត្តឡើយ។ មនុស្សដ៏ច្រើនលើសលប់សើចចំអកថា ខ្ញុំល្ងង់ខ្លៅ តែខ្ញុំនៅតែស្រឡាញ់ភាពល្ងង់ខ្លៅរបស់ខ្លួន ហើយខ្ញុំនឹងរក្សាភាពល្ងង់ខ្លៅនេះរហូត។ ខ្ញុំស្រលាញ់ភាពស្មោះត្រង់ស្មើជីវិត បើខ្ញុំមិនធ្វើខ្លួនស្មោះត្រង់ តើចាំឱ្យអ្នកណាគេធ្វើឱ្យមើល? ខ្ញុំត្រូវដឹងថា នៅក្នុងពិភពលោករបស់ខ្ញុំ ក្នុងប្រទេសជាតិរបស់ខ្ញុំ ពិតជាមានភាពស្មោះត្រង់ដែលខ្ញុំស្រឡាញ់ ព្រោះមានរូបខ្ញុំដែលស្មោះត្រង់។ មួយទៀតខ្ញុំក៏ចង់ឱ្យអន្តរជាតិដឹងថា ពេលសិស្សខ្មែរប្រឡងយកសញ្ញាបត្រ គឺសិស្សខ្មែរប្រព្រឹត្តតាមបទបញ្ជានៃការប្រឡងរបស់ប្រទេសខ្មែរយ៉ាងសុក្រិត។ សញ្ញាបត្រប្រទេសខ្មែរគឺជាសញ្ញាបត្រមានតម្លៃជាអន្តរជាតិ។ វិស័យអប់រំនៅប្រទេសខ្មែរល្បីល្បាញលើសកលលោក។ ប្រទេសខ្មែរសម្បូរធនធានមនុស្ស សម្បូរអ្នកចេះដឹង ជាប្រទេសជាតិថ្លៃថ្នូរ ដែលមនុស្សជាតិកោតសរសើរ។

          …គំនិតរបស់សិស្សម្នាក់នេះ តើមានអ្នកណាចាប់អារម្មណ៍ដែរទេ? សិស្សម្នាក់នេះស្រឡាញ់ការសិក្សាណាស់ តែក៏ត្រូវអស់សង្ឃឹមចំពោះការសិក្សាច្រើនដងមកហើយដែរ។ បើគ្រាន់តែប្រលងបាក់ឌុបធ្វើឱ្យខ្វល់ចិត្តយ៉ាងនេះទៅហើយ ចុះទម្រាំប្រឡងរកការងារធ្វើទៀតនោះ តើយ៉ាងណា? ខ្ញុំសូមបួងសួងឱ្យស្ថានការណ៍នៅថ្ងៃអនាគតបានប្រសើរ កុំឱ្យសិស្សដទៃពិបាកចិត្តដូចខ្ញុំទៀត។ សូមឱ្យក្តីព្រួយបារម្ភរបស់ខ្ញុំទាំងអម្បាលម៉ានឈប់កើតមាននៅក្នុងការប្រឡងរបស់ប្រទេសខ្មែរ។ សូមឱ្យប្រទេសខ្មែរឈប់មានអំពើពុករលួយគ្រប់រូបភាព ទាំងក្នុងវិស័យអប់រំ និងគ្រប់វិស័យ។ សូមឱ្យប្រជាជនខ្មែរស្គាល់ខុសស្គាល់ត្រូវ ស្រឡាញ់ភាពស្មោះត្រង់ ស្រឡាញ់តម្លាភាព។ សូមឱ្យប្រទេសខ្មែរ ក្លាយទៅជាអារ្យប្រទេសមួយលើពិភពលោក។

 

សុខ ចាន់ផល

chanphalsok@yahoo.com

 

Advertisements

One response to “ពីសិស្សម្នាក់…និពន្ធដោយ សុខ ចាន់ផល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s