រក្សាសិទ្ធិដោយអ្នកនិពន្ធ
វគ្គទី១
សែនកំសត់
ព្រលឹមស្រាងៗ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ទឹកសមុទ្រចាប់ផ្តើម
នាជតាមធម្មជាតិដូចសព្វមួយដង។ ព្រះអាទិត្យ កំពុងបញ្ចេញរស្មី ដ៏ត្រកាលចាំង
ច្រាល មកលើឆ្នេរខ្សាច់ដ៏ហាប់ណែន។ ទេសចរខ្មែរ និងបរទេស កំពុងរត់តាម
បណ្តោយឆ្នេរហាត់ប្រាណ ដើម្បីសុខភាព។ យុវជនខ្លះ កំពុងទាត់បាល់ប្រកួត
ប្រជែងគ្នាយ៉ាងស្វិតស្វាញលើឆ្នេរខ្សាច់ផងដែរ។ យុវនារី ខ្លះកំពុងឈរថត ផ្តិត
យកទេសភាពស្រស់ត្រកាលនៃផ្ទៃសមុទ្រកម្ពុជា។ អ្នកខ្លះទៀត បានចុះហែល
និងកំពុងហែលទឹកដ៏ត្រជាក់ ក្នុងសមុទ្រខៀវស្រងាត់មួយនេះ នាព្រលឹមអុល។
ខ្លះ ដើរចាប់កូនត្រី ក្តាម និងខ្យងជាការលេងកំសាន្ត។ ចំណែកឯអ្នកខ្លះទៀតកំពុង
ដើរកាន់ដៃគ្នាទាំងគូរៗយ៉ាងត្រសង មើលទៅហាក់បីដូចមានសេចក្តីសុខណាស់។
– ឱ ពុទ្ធោអើយ! ហេតុអ្វីបានគេជាមានឱកាសលំហែកាយសប្បាយរីករាយបែប
នេះ។ ជីវិតខ្ញុំម្តេចខុសពីគេ! សំណាងកំពុងដើរឈ្ងោកមុខ បោះជំហ៊ានមួយៗតាម
បណ្តាយឆ្នេរខ្សាច់វែងអន្លាយ។ ពេលខ្លះ សំណាង ទាត់ទឹកសមុទ្រឮសូរខ្ចាយហាក់
កំពុងខឹងនឹងព្រហ្មលិខិត។ មាណពរូបនេះ មានអាយុប្រហែល១៧ឆ្នាំ។ គេមាន
អាការៈស្លេកស្លាំង សម្បុរស្រអែម និងសក់ក្រហមរិញៗ។ នាយបានដើរទៅវិញទៅ
មកនៅម្តុំនេះជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ មាណពយើង ខុសប្លែកពីធម្មតា។ ភ្នែករំពៃ
ក្រឡេកក្រឡាប់ ហាក់កំពុងប្រម៉ាញ់រកមើលអ្វីមួយ។
– ពូ! ខាត់ស្បែកជើងទេពូ? សំណាង កំពុងភ័យព្រួយ ព្រោះគ្មានគេហៅខាត់ស្បែក
ជើងឡើយ។
– ព្រះអើយ! ថ្មើរនេះហើយ ខ្ញុំរកលុយមិនបានមួយពាន់រៀលផង។ តើឲ្យខ្ញុំបានលុយ
ឯណា ទិញថ្នាំជូនពុក។
លោក សុខណាក់ គឺជាឪពុករបស់សំណាង។ គាត់ធ្លាប់ជាកម្មករនៅកំពង់ផែក្រុង
ព្រះសីហនុនេះ។ ១៥ឆ្នាំមកហើយ គាត់ បានចាកចេញពីប្រពន្ធរបស់គាត់។ ពេល
នេះគាត់ ឈឺជាទម្ងន់ដោយសារតែធ្វើការហួសកម្លាំង ក្រោមភ្លៀងផ្គរជាច្រើនឆ្នាំ។
វគ្គទី២
វាសនាស្រពោន
នៅចោមចៅជាយក្រុងភ្នំពេញ ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីយប់មិញ
អរុណោទ័យមានពន្លឺភ្លឺត្រកាល។ រុក្ខជាតិ និងបុប្ផាក្នុងសួនរីកស្រស់បំព្រង។ ម៉ោង
៦.០០ព្រឹក ស្នូរជួង ម៉ឺងៗៗៗៗ បានលាន់ឮសូររណ្តំ ឆ្លងកាត់ចេញពីអាគារបាយ ចំ
កណ្តាលមណ្ឌល «ពន្លឺអនាគតកុមារ» ទៅដល់អគារខាងក្រោយដែលយុវកំព្រា
ស្នាក់នៅ។
– មកៗ ពួកយើង! លោកគ្រូមកហើយ។
យុវជនកំព្រា ជាមួយកាបូបសម្លៀកបំពាក់សំពីងសំពោងនាំគ្នាដើរមកតម្រង់ជួរតាម
ក្រុមនីមួយៗដោយទឹកមុខសប្បាយរីករាយ។
– សួស្តី! កូនៗទាំងអស់គ្នា!
អ្នកស្រីផល្លីប្រធានមណ្ឌលក្មេងកំព្រានេះ និយាយទៅកាន់ក្មេងកំព្រាទាំងនោះ។
– ថ្ងៃនេះ ពូរ៉ប ឪពុកធម៌របស់រស្មីនឹងនាំកូនៗទាំងអស់គ្នាទៅលេងក្រុងព្រះសីហនុ។
ដូច្នេះ កូនៗត្រូវមានសណ្តាប់ធ្នាប់ល្អ ត្រូវមានវិន័យសមរម្យជាពលរដ្ឋថ្លៃថ្នូរ ឮទេ?
– ច៎ា/បាទ!
យុវកំព្រា លើកដៃសំពះឆ្លើយព្រមគ្នាដោយសេចក្តីគោរព។ ពូរ៉ប ម្ចាស់ជំនួយ ជាតិ
អាមេរិកាំង ឈរក្បែរលោកគ្រូអ្នកគ្រូ។ គាត់និយាយខ្មែរ បានប៉ៃឡាំៗរដាក់រដុប
– យើង ត្រូវប្រយ័ត្នប្រយែង ត្រូវចេះគ្រប់គ្រងកូនក្រុមខ្លួនឯងឲ្យបានម៉ត់ចត់។ ការ
ពារប្រសើរជាងព្យាបាល។ នេះគឺជាសុវត្ថិភាពក្នុងដំណើរកំសាន្តរបស់យើង។
– មួយទៀត វាគឺជាកាតព្វកិច្ចរបស់យើងក៏ដូចជាពលរដ្ឋទូទៅផងដែរ។ យើងទាំង
អស់គ្នាត្រូវចេះរក្សាបរិស្ថានឲ្យបានស្អាតល្អ មិនត្រូវចោលកាកសំណល់រាយ
ប៉ាយនៅទីកំសាន្តទេ។
លោកគ្រូបានចូលរូមប្រាប់ដល់សិស្សមុនចេញដំណើរ។
“ក្មួយៗដឹងទេ? ខែវស្សានេះ សមុទ្រកំពុងសោម មានរលកធំៗណាស់។ ដូច្នេះ មិនត្រូវហែលទៅជ្រៅទេ!” ពូរ៉បបានបន្ថែម។
…………………………………………………………………………………………..
រថយន្តក្រុង៤៥កៅអី បានចេញដំណើរនៅម៉ោង៦.៣០នាទីព្រឹក សំដៅក្រុងព្រះ
សីហនុ ត្រូវចំណាយរយៈពេលអស់៤ម៉ោង។ នៅលើរថយន្ត យុវកំព្រាគ្មានកង្វល់អ្វី
បន្តិចសោះឡើយ។ ពួកគេទះដៃ ហ៊ោរកញ្ជ្រៀវ គយគន់មើលទេសភាពដ៏ស្រស់
ត្រកាលតាមបង្អួចរថយន្ត។ គេមានសេចក្តីសុខណាស់។ ពួកគេពុំដែលបានចេញ
ពីមណ្ឌល ហ្វឹកហ្វឺននេះអស់ជាច្រើនខែ។ កាលនៅក្នុងមណ្ឌល ពួកគេគ្មានពេល
ណានិយាយស្តីលេងសើចច្រើនទេ។ ពួកគេគិតតែពីខំរៀនសួត្រ។ ប៉ុន្តែថ្ងៃនេះ ពួក
គេលេងឲ្យអស់ដៃម្តង គឺគេចែកគ្នានិយាយរឿងកំប្លែងពីនេះពីនោះមិនចេះចប់។
យុវកំព្រាម្នាក់បាននិយាយ៖
- មានមីងម្នាក់ចូលចិត្តធ្វើបុណ្យណាស់។ គាត់គិតថាត្រូវសន្សំកុសលឲ្យបានច្រើន
សំរាប់ជាតិក្រោយ។ ថ្ងៃមួយ គាត់បានរៀបចំម្ហូបអាហារយ៉ាងឆ្ងាញ់និងយកទៅ
ប្រគេនព្រះចៅអធិការវត្តនៅម៉ោង១១ព្រឹកនេះ។ ភ្លាមនោះ អាចយ កូនរបស់មីង
នោះបានមកពីរត់លេង។ ដោយឃ្លានបាយពេក វាក៏បើកម្ហូបដែលគ្របទុកនោះ
បរិភោគ។ មីង ផាន់ ម្តាយអាចយ ក្រឡេកឃើញបែបនេះ។ គាត់ខឹងខ្លាំងណាស់។
គាត់ស្រែកជេរកូនថា អាចោររំបល់លយក៏ ម្តេចក៏ឯងឆាន់មុនលោក លោកមិនទាន់
ទាំងច្រាសច្រំផង។
សំឡេងសើចកខឹកកើតមានឡើងពេញក្នុងឡាន ព្រោះពួកគេហួសចិត្តនឹងម៉ែអា
ចយ ដែលខឹងកូនពេកបែរជានិយាយខុស។ យុវកំព្រាបានបន្តៈ
– មីងនោះក៏យកម្ហូបថ្មីទៅប្រគេនព្រះសង្ឃ។ ខណៈគាត់កំពុងថ្វាយបង្គំចៅអធិការ
វត្តបម្រុងនឹងប្រគេនអាហារទៅព្រះសង្ឃនោះ អា ចយ បានទៅដល់ផងដែរ ព្រោះ
វាបានរត់តាមក្រោយ។ នៅនឹងកន្លែងមុខព្រះអធិការ មីងផាន់ បានក្រឡេកឃើញ
អា ចយ ស្រាតននលគក។ គាត់ក៏លាន់មាត់យកដៃគោះទ្រូងថា លោកអើយលោក!
ម៉េចក៏មិនស្លៀកខោ។ ភ្លាមនោះ ព្រះចៅអធិការមានសង្ឃដិកាតបយ៉ាងរហ័សថា
– អត្មាពិតជាមិនហ៊ានស្លៀកទេ ព្រោះខុសនឹងវិន័យសង្ឃ។
សំឡេងសើចក្អឹលម្តងទៀត។ រីឯអ្នកនិយាយបានបន្តៈ
– ស្អែកឡើង ចៅអធិការអង្គនោះត្រូវនិមន្តទៅបុណ្យសង្ឃទាននៅផ្ទះគេឆ្ងាយពីវត្ត។
តាមផ្លូវទៅផ្ទះបុណ្យ ព្រះអង្គត្រូវនិមន្តឆ្លងកាត់ទំនាបអូរមួយ។ ដោយស្ងាត់កំបាំង
និងដោយចៃដន្យផង សង្ឃអង្គនោះបានប្រទះឃើញដើមកន្ទួតមួយដើមមានផ្លែប្រក់
មែក។
ព្រះអង្គក៏នឹកឃ្លាន ហើយងាកឆ្វេងងាកស្តាំ ទំនងជាគ្មានគេឃើញ ក៏សម្រេចចិត្ត
ឡើងដើមមាននោះ ដើម្បីបេះឆាន់។ ហៀបនឹងឈោងព្រះហស្តបេះ សំឡេងបុរស
និងនារី បានចេញពីព្រៃគម្ពោត។
– បងសម្លាញ់ អូនពិបាកចិត្តណាស់។ ឥឡូវនេះ ម៉ាក់ ប៉ា អូន ពួកគាត់បានដឹងរឿង
យើងអស់ហើយ។
– អូនកុំព្រួយពេក! នរណានៅលើ អ្នកនោះត្រូវទទួលខុសត្រូវ។
– ចៅអធិការ ឮភ្លាម ភ័យស្លន់ស្លោស្រែកឆ្លើយតបវិញថា៖
– ទេ! អាត្មាមិនដឹងអីទេ។
មានសង្ឃដីកាហើយ ព្រះអង្គក៏លោតចុះ និងនិមន្តដើរបន្តរហូតដល់ផ្ទះបុណ្យ។
ក្រោយពីសូត្រមន្ត និងវេរភត្តរួចរាល់ ព្រះអង្គត្រូវឆាន់នៅទីនោះ។
ដោយម្ចាស់បុណ្យជាអ្នកមានធូរធារ ចង្ហាន់ត្រូវបានរៀបចំយ៉ាងល្អ។ ក្នុងនោះយើង
ឃើញមានសាប៊ូព៌ណបានរចនាឆ្លាក់យ៉ាងស្អាតក្នុងគោលបំណងឲ្យសង្ឃអង្គ
នោះ លាងដៃនឹងសាប៊ូ ដើម្បីអនាម័យ មុននឹងឆាន់អាហារ។ ផ្ទុយទៅវិញ ចៅអធិការ
ពុំបានចាប់អារម្មណ៍ថា ជាសាប៊ូទេ។ តែបែរជាគិតថា វាជាបង្អែមទៅវិញ។ ក្រោយពី
ព្រះអង្គឆាន់អាហាររួច ក៏លើកយកបង្អែមនោះ ឆាន់ដាក់ចូលក្នុងមាត់។ ភ្លាមនោះ
ម្ចាស់ផ្ទះក្រឡេកឃើញក៏ស្រែកឡើង!
– តេជគុណ!……សាប៊ូទេតើ?
ចៅអធិការហួសចិត្តខ្មាសអៀនយ៉ាងខ្លាំង មិនដឹងឆ្លើយដូចម្តេចក៏មានសង្ឃដិកា
ឆ្លើយតបថា៖
– អាត្មាដឹងដែរតើ! តែទម្លាប់អាត្មាឲ្យតែឆាន់បាយហើយតែងតែយកសាប៊ូ
លាងបំពង់ក !
សំឡេងសើចគគ្អឹលកើតឡើងជាច្រើនពុំសូវដាច់ ធ្វើឲ្យបរិយាកាសក្នុងរថយន្តដឹក
អ្នកដំណើរកំសាន្តនេះ គ្មានអ្នកណាម្នាក់ងងុយគេងឡើយ តែទោះជាយ៉ាងនេះ
ក៏ដោយនាងវាសនា ពុំបានសើចកក្អឹកដូចយុវកំព្រាដទៃទៀតទេ។ យុវតីរូបនេះ
មានទឹកមុខស្រពាប់ស្រពោនក្រៀមក្រំ ហាក់មានអាថ៌កំបាំងអ្វីម៉្យាងក្នុងជីវិត។
– នែ! វាសនា ម្តេចក៏ឯងមិនសើចសោះអញ្ចឹង?
ណារី ដែលអង្គុយនៅជាប់នាងបានអង្រួនស្មាសួរ។
– តើឯងមានរឿងអី?
– ខ្ញុំគ្មានរឿងអ្វីទេ!
ទោះជា វាសនា ពុំហាស្តីនិយាយការពិតណាយ៉ាងក៏ដោយ តែការនេះបានបង្ហាញ
ថា មាណវីពិតជាមានរឿងលាក់ក្នុងចិត្ត។ ភ្លាមនោះសំឡេងហ៊ោកញ្ជៀវបានលាន់
ឮឡើង។
– ហេ! ដល់ហើយ !។
នៅមានត…