ខ្ញុំ និង ការនិពន្ធទំនុកច្រៀង ដោយ សុខ ចាន់ផល

_MG_7281ពេលមានគេសួរថា ម៉េចក៏ខ្ញុំចេះសរសេរចម្រៀង ខ្ញុំក៏ខំរកនឹកពីដើមហេតុ។ រឿងខ្លះបើមិនកត់ទុកពិតជាត្រូវពេលវេលាធ្វើឱ្យភ្លេចមិនខាន។ ខ្ញុំចាប់ផ្ដើមនឹកឃើញរឿងមួយសិន គឺពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំចេះចាប់អារម្មណ៍នឹងពាក្យពេចន៍អ្នកប្រាជ្ញ ដោយលួចគិតថា ចង់ក្លាយដូចជាពួកគាត់ អាចសរសេរឃ្លាឱ្យគេឯងគិត រួចក៏ចេះតែសរសេរគំនិតដែលខ្លួនឯងនឹកឃើញទុក ទាំងដែលគិតថា មនុស្សសម័យនេះទៅហើយ ទោះនឹកឃើញអ្វីក៏ក្រោយគេដែរ ក្រោយមកទៀតខ្ញុំក៏យល់ថា មិនមែនឱ្យតែចង់ធ្វើគឺសុទ្ធតែអាចធ្វើបានទេ ហើយអ្នកប្រាជ្ញទាំងនោះក៏ប្រហែលជាគ្មានចេតនាឱ្យអ្នកណាចាំឈ្មោះខ្លួនក៏ថាបាន ដោយពួកគាត់គ្រាន់តែធ្វើអ្វីដែលខ្លួនចង់ធ្វើទាន់ពេលមិនទាន់ស្លាប់។ មនុស្សជាអ្នកធ្វើ ព្រះជាអ្នកសម្រេច ឬក៏អាចនិយាយថា ខ្ញុំជាអ្នកធ្វើ អ្នកជាអ្នកសម្រេច។

បន្តមកទៀតខ្ញុំក៏នឹកត្រឡប់ទៅកាន់តែឆ្ងាយទៀត ទៅដល់ពេលដែលចាប់ផ្ដើមចូលចិត្តស្ដាប់ចម្រៀងខ្លាំង។ ពេលនោះខ្ញុំចូលរៀនអនុវិទ្យាល័យ ហើយដោយរំភើបនឹងបទចម្រៀងពេក នៅថ្នាក់ទី៨ ខ្ញុំក៏បានសរសេរទំនុកច្រៀងទីមួយ តាមលំនាំបទចម្រៀងដែលខ្ញុំចូលចិត្ត។ វាមិនបានការអីទេ ហើយដែលខ្ញុំធ្វើនៅពេលនោះក៏ព្រោះខ្ញុំមានសៀវភៅគំនូរមួយ ទើបចង់ចេះសរសេរចម្រៀងដាក់ក្នុងសៀវភៅនោះដែរ។ សរសេរចម្រៀងមិនបានល្អទេ តែក៏អាចយកទៅច្រៀងបាន តែគំនូរដែលខ្ញុំគូរគឺល្អណាស់

ខ្ញុំដូចជាបានសរសេរចម្រៀងមួយឬក៏ពីរបទ រួចក៏ទុកកិច្ចការនេះចោល រហូតដល់ខ្ញុំចូលរៀនថ្នាក់ទីប្រាំបួន។ កាលហ្នឹងខ្ញុំរៀនកំណាព្យឆាប់ចេះណាស់ ឬក៏អាចនិយាយថា កំណាព្យគ្មានអីលំបាកយល់ផង គ្រាន់តែសរសេរឱ្យជួនៗទៅបានហើយ។ នោះជាទុនមួយដែលខ្ញុំបានមកពីចូលចិត្តស្ដាប់ចម្រៀង ស្ដាប់បទល្បីៗនាសម័យនោះ ព្រមទាំងបទចម្រៀងសល់ពីសម័យសង្គម ពោលវាជាមេរៀនចាប់ចុងជួនរបស់ខ្ញុំ។ ក្រោយមកខ្ញុំអាចក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរប្រចាំខេត្តក្រចេះ ក៏ព្រោះតែខ្ញុំប៉ិនតែងកំណាព្យ។

ខ្ញុំចាប់ផ្ដើមតែងចម្រៀងម្ដងទៀត ពេលរៀនថ្នាក់ទី១១ គឺតែងឱ្យមិត្តរួមថ្នាក់ច្រៀង មានបទ «ព្រែកកាំពីផ្ដើមស្នេហ៍» នេះជាដើម។

ពេលនោះខ្ញុំចាប់ផ្ដើមយល់ច្បាស់ពីចំណាប់ជួនក្នុងចម្រៀង ហើយពេលស្ដាប់ចម្រៀងចេញថ្មីៗនាសម័យនោះ ខ្ញុំក៏ឱ្យពិន្ទុលើទឹកដៃរបស់អ្នកនិពន្ធ ថាតើអ្នកណាចេះតែងជួនឆ្លងល្បះដូចកំណាព្យ អ្នកណាដែលសរសេរឱ្យតែបាន ដោយមិនខ្វល់ពីក្បួនកំណាព្យ។ ទំនុកច្រៀងហាក់ដូចជាកើតចេញពីកំណាព្យអ៊ីចឹង ពោលបទចម្រៀងអង់គ្លេសគឺមានលំនាំដូចពាក្យកាព្យអង់គ្លេស រីឯចម្រៀងខ្មែរគឺមានលំនាំដូចពាក្យកាព្យខ្មែរ។

ខ្ញុំចាប់ផ្ដើមចេះសរសេរទំនុកច្រៀងតាំងពីពេលនោះ ដែលមានមិត្តភក្តិក្នុងសាលាជាច្រើនគាំទ្រ ប៉ុន្តែអនាគតអាចក្លាយជាអ្នកនិពន្ធទំនុកច្រៀងឬអត់ គ្មានអ្នកណាទាយដឹងទេ។ ខ្ញុំនៅតែបន្តសរសេរចម្រៀងតាមបទចម្រៀងដែលខ្ញុំចូលចិត្ត រហូតដល់ពេលមករៀនសាកលវិទ្យាល័យនៅភ្នំពេញ ហើយមានឱកាសសរសេរទំនុកច្រៀងឱ្យក្រុមហ៊ុនហង្សមាស ពេលខ្ញុំរៀនឆ្នាំទី៣។ ការដែលបានចូលជាអ្នកនិពន្ធទំនុកច្រៀងនេះ ក៏ព្រោះហេតុផលជាច្រើន ហើយដែលសំខាន់គឺខ្ញុំព្យាយាមប្រឡូកក្នុងវិស័យតែងនិពន្ធគ្រប់ប្រភេទ មានទាំងការនិពន្ធប្រលោមលោក និងរឿងខ្លីជាដើម។

ឈាមពេជ្រ

ថ្ងៃទី២០ កុម្ភៈ ២០១០

វា​ជា​អនុស្សាវរីយ៍​សំខាន់​មួយ​ក្នុង​ជីវិត​ខ្ញុំ! ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង តែ​ក៏​ធ្លាប់​បោះ​បង់​វិញ ព្រោះ​គិត​ថា​វា​មិន​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ… ប៉ុន្តែ​​ថ្ងៃ​មួយ​ ខ្ញុំ​ក៏​បាន​ឡើង​កាំ​ជណ្ដើរ​ក្រុមហ៊ុន​ហង្សមាស គឺ លោក​គ្រូ ពេជ្រ ពណ្ណរាយ នាំ​ខ្ញុំ​ទៅ​ទី​នោះ។ អារម្មណ៍​កាល​ណោះ ខ្ញុំ​គ្រាន់​តែ​ខំ​ផ្ដិត​ទិដ្ឋភាព​នៅ​ជុំ​វិញ​ខ្លួន​ឱ្យ​ចាំ គ្មាន​នឹក​ថា​នឹង​អាច​ធ្វើ​ការ​នៅ​ទី​នោះ​ទេ… ខ្ញុំ​យល់​ថា​ ខ្លួន​ឯង​មិន​មែន​ជា​មនុស្ស​មាន​សំណាង​អី​ទេ គ្រាន់​តែ​​គេ​ចារ​មក​ឱ្យ​ខ្ញុំ​ឧស្សាហ៍​ជួប​រឿង​រ៉ាវ​ប្លែកៗ​​តែ​ប៉ុណ្ណោះ ហើយ​គ្រប់​យ៉ាង​វា​គ្រាន់​តែ​ជា​ការ​ឆ្លង​កាត់ ថ្ងៃនេះមាន ថ្ងៃ​ស្អែក​ក៏​បាត់​ទៅ​វិញ… ក៏​យល់​ថា​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​គឺ​ធម្មតា​ គ្មាន​អី​គួរ​ឱ្យ​រំភើប​ខ្លាំង​ អ្វីៗ​សុទ្ធ​តែ​​កើត​ឡើង​ពី​ហេតុផល សូម្បី​តែ​ការ​រាប់​អាន​គ្នា​ក៏​អ៊ីចឹង បើ​យើង​មិន​ល្អ​ បើ​យើង​មិន​ពូកែ គ្មាន​អ្នក​ណា​គេ​​មក​និយាយ​ជាមួយ​យើង​ទេ… វា​ធ្វើ​ឱ្យ​ខ្ញុំ​លែង​ចង់​បាន​អ្វី​ទាំង​អស់… នឿយ​ណាយ… តែ​ក៏​ពេញ​ចិត្ត​ដែល​ខ្លួន​ឯង​កើត​មក​ មិន​សូវ​ឆ្លាត មិន​សូវ​ស្អាត ហើយ​ក៏​ជា​កូន​អ្នក​ក្រ… មាន​ត្រឹម​ខួរក្បាល​ចេះ​វិភាគ​ប៉ុណ្ណឹង​ក៏​ល្អ ព្រោះ​វិភាគ​ដឹង​ថា អ្នក​ឆ្លាត អ្នក​ស្អាត អ្នក​មាន ក៏​គ្មាន​អី​អស្ចារ្យ​ដែរ គឺ​គ្រាន់​តែ​រស់​នៅ​ក្នុង​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

អារម្មណ៍​ប្រែប្រួល អ្វី​ដែល​ខ្ញុំ​គិត​មិន​សុទ្ធតែ​ត្រូវ​ទេ… ខ្ញុំ​ក៏​បាន​ឱកាស​​​​​​សាក​ល្បង​សរសេរ​អត្ថបទ​ចម្រៀង។ ខ្ញុំ​មិន​សូវ​ពូកែ​សរសេរ​ទេ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ឱ្យ​អស់​ពី​ចិត្ត។ ឆាក​ជីវិត​គឺ​បែប​នេះ​ មិន​បាច់​រំភើប​ខ្លាំង​ទេ តែ​ក៏​គួរ​តែ​រៀន​រក​សុភមង្គល​ពី​អ្វី​ដែល​ខ្លួន​បាន​ជួប រៀន​ញញឹម​​នឹង​ធ្វើ​កិច្ចការ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន រៀន​សប្បាយ​ចិត្ត​នឹង​ជោគជ័យ​ចៃដន់​ដែល​ខ្លួន​សម្រេច​បាន។ ខ្ញុំ​ខំ​សរសេរ​​អត្ថបទ​ចម្រៀង​ទាំង​គិត​ថា តើ​​ស្នាដៃ​ធម្មតា​របស់​ខ្ញុំ​នេះ​អាច​ច្រៀង​ដោយ​អ្នក​ចម្រៀង​ល្បីៗ​ក្នុង​ ក្រុមហ៊ុន​នេះ​ឬ​អត់?

អរគុណ​ណាស់ ព្រោះ​នៅ​ពេល​ដែល​បទ​នេះ​ចាក់​តាម​វិទ្យុ​ដំបូង​ក៏​មាន​អ្នក​ស្ដាប់​គាំ​ទ្រ ​ជា​ច្រើន។ ពាក្យពេចន៍​ដែល​ខ្ញុំ​បាន​សរសេរ​អាច​ធ្វើ​ឱ្យ​មនុស្ស​​ច្រើន​នាក់​​យំ… ស្ទើរ​តែ​មិន​ជឿ​ បើ​ទោះ​ជា​ពេល​ខ្លះ​ខ្ញុំ​លេង​លើច ធ្វើ​ដូច​ជា​អួត​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​មិត្ត​ភក្តិ​​ក៏​ដោយ តែ​ក្នុង​ចិត្ត​ខ្ញុំ​ពិត​ជា​មិន​ចង់​ជឿ​ថា​ ស្នាដៃ​ខ្ញុំ​មាន​អ្នក​គាំទ្រ​ឡើយ។

វា​ជា​អត្ថន័យ​ចម្រៀង​ទី​មួយ​របស់​ខ្ញុំ​ដែល​បាន​ចេញ​លក់​ពី​ផលិត​កម្ម​ រស្មីហង្សមាស ហើយ​​វា​ក៏​​​ទទួល​បាន​ការ​គាំទ្រ​​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ​អត្ថបទ​ចម្រៀង​ម្នាក់​រហូត​មក​ដល់ ​ពេល​នេះ។

ឈាមពេជ្រ

ឈាម​ពេជ្រ ​រំលេច​ពី​​ខ្សែ​ជីវិត​តស៊ូ​នៃ​គ្រួសារ​​ស្រ្តី​មេម៉ាយ​ម្នាក់… គាត់​មិន​ចុះ​ចាញ់​ព្យុះ​ភ្លៀង​ជីវិត​ទេ ព្រោះ​គាត់​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​ស្រី​របស់​គាត់​ឱ្យ​ធំ ដើម្បី​​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍ សោត​ឯ​កូន​ប្រុស​របស់​គាត់វិញ ក៏​ដើរ​តាម​គន្លង​ធម៌ ចម្រើន​វ័យ​​ក្នុង​ឧត្តម​គតិ ក្លាយ​ជា​មនុស្ស​ល្អ ស្គាល់​ខុស​ស្គាល់​ត្រូវ រស់​នៅ​​ប្រកប​​ដោយ​ក្តី​ដឹង​គុណ ​និង​ក្ដី​ស្រលាញ់… នេះ​គឺ​ជា​ជីវិត​ដ៏​សាមញ្ញ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប!

គយគន់ដួងខែ នឹកស្រែនឹកស្រុកកំណើត យប់ដប់ប្រាំកើត សង្វេគគិតដល់មាតា ក្រោមមេឃតែមួយ កូនព្រួយខ្លាចម៉ែឯកា ម៉ែនឿយយ៉ាងណា ស្រីង៉ាប្អូនថែម៉ែទេ?

សំបុកឥតបា លោកាកូនមានតែម៉ែ ម៉ែគឺដួងខែ រះក្បែររូបកូនទាំងទ្វេ ផ្ទះខ្ទមកម្សត់កត់បទម៉ែច្រៀងបំពេ ម៉ែលក់ស្រែកេរឱ្យកូនបន្តសិក្សា។

វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុសសម្លឹងឱ្យឆ្ងាយ។

សកលវិទ្យាល័យ និស្ស័យនិស្សិតនៅវត្ត មើលខ្លួនចិត្តឃាត់ ឃុំឃាំងបេះដូងក្នុងកាយ តស៊ូប្រាំឆ្នាំ ចងចាំបណ្ដាំអ្នកម្ដាយ បរិញ្ញានៅឆ្ងាយ ខ្ញុំត្រូវខ្វល់ខ្វាយសិក្សា។

វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា កូនតាំងចិត្តថា យកបរិញ្ញាជូនម៉ែ។

ឱ!ក្ដីបំណង ម៉ែប៉ងក្លាយជាការពិត រនោចជីវិតផ្លាស់ខ្នើតព្រោះមានព្រះខែ កូនក្លាយជាគ្រូ កូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ៍ ដែលកូនថែចិត្តជាយូរ ទៅអភិវឌ្ឍវិស័យអប់រំស្រុកស្រែ វិលជាមួយស្នេហ៍ ទៅថែអ្នកម៉ែមានគុណ…

_MG_8774

Advertisements

2 responses to “ខ្ញុំ និង ការនិពន្ធទំនុកច្រៀង ដោយ សុខ ចាន់ផល

  1. គាត់ពូកែណាស់ ជាពិសេសបទកម្សត់ៗ! ចូលចិត្តទំនុកច្រៀងរបស់គាត់!

  2. បទដែលខ្ញុំចូលចិត្តបំផុត!
    ឈាមពេជ្រ, ក្រៅពីអូនមិនយកប្រពន្ឋ, ស្រលាញ់អូនម្តងទៀតបានទេ, និង ស្រលាញ់គឺលះបង់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s