ការលើកឋានៈនារីភេទ ដោយ​ លោក​ស្រី​​បណ្ឌិតសាស្ត្រាចារ្យ សេដ្ឋា ឌុក រ៉ាស៊ី

Sétha_été 2013(ស្រង់ចេញពីព្រឹត្តិប័ត្រ Le Salut Khmer – លេខ៨៥ ​ខែកញ្ញា ឆ្នាំ១៩៩៤) 

សកម្ម​ភាពអន្តរជាតិអំពី​លក្ខណៈ​ស្ត្រីជា​ទូទៅ​

ចាប់តាំង​ពីក្រោយ​ចម្បាំង​លោក​​លោកលើក​ទី​២​មក ប្រមាណ​ជា​ង​៤០ឆ្នាំ​ហើយ អង្គការ​មាន​សមត្ថកិច្ច​នៃ​អង្គការ​សហប្រជាជាតិ អ.ស.ប. បាន​ធ្វើ​ការ​យ៉ាងខ្លាំង​ខ្លា​ដើម្បីដំឡើង​លក្ខណៈ​ស្ត្រី​ក្នុង​វិស័យ​ផ្សេងៗ​និង​បំបាត់​ការ​រើស​អើង (discrimination) ប្រឆាំង​នារីភេទ។ ក្នុង​ឆ្នាំ​១៩៤៩ អង្គការ​បា​នសម្រេច​តាក់​តែង​អនុសញ្ញា​អន្តរជាតិ (convention)​ ដើម្បី​សមភាព​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​នយោបាយ។ អនុសញ្ញា​នេះ​បាន​ទទួល​ការ​ចុះ​ហត្ថលេខា​ និង​ការ​យល់​ព្រម​ពី​មហា​សន្និបាត (ម.ស.) អ.ស.ប. នាថ្ងៃ​ទី២០ ខែ​ធ្នូ​ ឆ្នាំ​១៩៥២។

អនុសញ្ញា​បី​ទៀត ក៏​បាន​ទទួល​ការ​យល់​​ស្រប​សម្រេច​ពី​ អង្គការសហប្រជាជាតិ អ.ស.ប. តាម​កិច្ច​ការ​នៃ​ គណៈ​កម្ម​ការ​អំពីលក្ខណៈ​នារីភេទ (Commission de la condition de la femme)លើ៖

– ​ការ​រើស​យក​សញ្ជាតិ​នៃ​ស្រី​មាន​ប្តី​ (ម.ស. ឆ្នាំ​១៩៥៣)

– អនុសញ្ញា​លើ​ការ​សុខ​ចិត្ត​ព្រម​ក្នុង​អាពាហ៍​ពិពាហ៍ (ម.ស. ឆ្នាំ​១៩៦២)

– ហើយ​ដែល​ភ្ជាប់​នឹង​សំណើ​រឿង​ដដែល​នេះ នា ម.ស. ឆ្នាំ​១៩៦៥ ។

 

ការ​ប្រកាសលើក​ការ​បំបាត់​ភាព​រើស​អើង​ប្រឆាំង​នារីភេទបាន​ទទួល​ការ​យល់​ស្រប​​ពី​ម.ស. ឆ្នាំ​១៩៦៧​ក្នុង​សេចក្តី​សម្រេច​ទី២២៦៣ (résolution 2263, XXII)។ បន្ត​ពី​នេះ​ មាន​អនុ​សញ្ញា​ស្តី​អំពី​ការ​បំបាត់​រាល់​ទម្រង់នៃ​ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ នា​ ម.ស. ឆ្នាំ​១៩៧៩។ ស្រប​នឹង​ន័យ​សមភាព​នឹង​ការ​មិន​រើស​អើស​គណៈ​កម្ម​ការ​អ.ស.ប. សិក្សា​លក្ខណៈ​​នារី​ភេទ​បាន​ធ្វើ​សំណើ​គ្រប់​វិស័យ​ ដូច​ជា​សិទ្ធិ​បង្រៀន​គ្រប់​ជាន់​ថ្នាក់, សិទ្ធិ​ក្នុង​ផ្លូវ​សេដ្ឋកិច្ច​, ការ​ធានា​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​សម្រាប់​ស្ត្រី​មាន​ទាំង​ប្រាក់​ខែ​ ឬ​ប្រាក់​បំណាច់​ស្មើ​គ្នា​នឹង​បុរស (le droit à un salaire égal pour un travail égal), សភាព​ផ្សេងៗ​ក្នុង​ច្បាប់​គ្រួសារ​ ហើយ​នឹង​របៀប​គ្រប់​គ្រង​សម្បត្តិ។

បន្ទាប់​មក ដើម្បីទប់​ទល់​កុំ​ឱ្យ​មាន​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​មាន​ដើម​គំនិត​យ៉ាង​ច្រើន​បាន​កើត​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល (Organisation non gouvernementale ou O.N.G.), ពី​រដ្ឋាភិបាល​នឹង​ពី​សហគម​អន្តរជាតិ។ គណៈ​កម្មការ​ខាង​លក្ខណៈ​នារីភេទ ក៏​មាន​ តួនាទី​​ថ្មី ៖ ជា​អង្គការ​រៀប​ចំ​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ​ពីរ :

១. ទិវា​អន្តរជាតិ​សម្រាប់​ស្ត្រី​

បាន​កើត​ចេញ​ពី​សន្និសីទ​ពិភព​លោក នៅ​ម៉េច​ស៊ីកូ ឆ្នាំ១៩៧៥ ក្នុង​សេចក្តី​សម្រេច​​ទី​៣៥២០ (résolution 3520, xxx)។ រៀង​រាល់​ឆ្នាំ​ គេ​កំណត់​ថា ថ្ងៃ​៨មីនា ជា​ទិវា​អន្តរជាតិ​សម្រាប់​នារីភេទ។

២. ការ​ប្រកាស​គម្រោង​ការណ៍​១០ឆ្នាំ​​សម្រាប់​ស្ត្រី​

      [Proclamation de la Déclaration des Nations Unies pour la femme (1976 – 1985)]

លើ​គោល​ការណ៍​បី៖ សមភាព​ វឌ្ឍនភាព និង​សន្តិភាព (Egalité, Développement et Paix) ។ ទាក់​ទង​នឹង​ «គម្រោង​ការណ៍​១០ឆ្នាំ»នេះ មាន​សន្និសីទ​ពិភព​លោក​៣​ដង​រួច​មក​ហើយ គឺ​សន្និសីទ​នៅ​ម៉េច​ស៊ីកូ ក្នុង​ឆ្នាំ​១៩៧៥ នៅ​កូប៉ិនហាគ (ទី​ក្រុង​ ប្រទេស​ដាណឺម៉ាក់) ក្នុង​ឆ្នាំ​១៩៨០ នៅ​ណា្យរ៉ូប៊ី (ទី​ក្រុង​ ប្រកេន្យា) នាឆ្នាំ​១៩៨៥។

ក្នុង​ឆ្នាំ​ក្រោយ​នេះ សន្និសីទ​ពិភព​លោក​ទី​៤​អំពី​នារីភេទ​ (4ème Conférence Mondiale sur les Femmes) នឹងប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជា​មានិត ក្នុង​ខែ​កញ្ញា​១៩៩៥។

ប្រតិទិន​នៃ​ព្រឹត្តិការណ៍​នោះ​ មាន​ចែក​ជា​ពីរ ៖ សន្និបាត​រវាង​សមាគម​ក្រៅ​រដ្ឋាភិបាល​ (Forum des O.N.G.) ពី​ថ្ងៃ​៣០ សីហា ទៅ​៨ កញ្ញា​ ១៩៩៥ នឹង​សន្និសីទ​ពិភព​លោក​ទី​៤​អំពី​ស្ត្រី​ ពី​ថ្ងៃ​៤ ទៅ​ថ្ងៃ​ ១៥ កញ្ញា​ឆ្នាំ​ដដែល។

១៩៩៣ – ៩៤ នៅ​ក្រុង​នានា​ក្នុង​ពិ​ភព​លោក។ គណៈកម្ម​ការ​ អ.ស.ប. អំពី​លក្ខណៈនារីភេទ ក្នុង​ការ​ប្រជុំ​ទី​៣៨ ឆ្នាំ​១៩៩៤ នេះ​បាន​ចេញ​ជា​គម្រោង​ការណ៍​ដែល​ទុក​ជា​សេចក្តី​ព្រាង​ វេទី១ (Draft Platform for Action) រៀប​រៀង​ដោយ​ លោក​អគ្គ​លេខា​ធិការ (document E/CN6/1994/10) ជាមួយ​នឹង​ការ​សង្កេត​​ពី​គណៈ​កម្ម​ការ​សិក្សា​រឿង​នេះ។

នាទីស្ត្រី​ខ្មែរ

តាម​ទំនៀម​ទម្លាប់​ស្ត្រីខ្មែរ​ មាន​តួនាទី​«ម្យ៉ាង»ក្នុង​ជីវិត​នាង​ ទោះបី​ខាង​ផ្លូវ​ច្បាប់​ខ្លះ ស្ត្រី មាន​សិទ្ធិ​ស្មើបុរស​ក៏​ដោយ​ ដូច​ជា​វិស័យន​យោបាយ សង្គម​កិច្ច​ និង​សេដ្ឋកិច្ច​ ជា​ដើម។

តួនាទី​«ម្យ៉ាង»​នោះ​ គឺ​អ្វី​ខ្លះ​ទៅ​?

–  ក្នុង​វិស័យ​អប់រំ (domaine éducatif)

ជំនាន់​ដើម​ (៥០ – ៦០ ឆ្នាំ​មុននេះ) លើក​លែង​តែ​គ្រួសារ​ពិសេស​ខ្លះ​ចេញ​ ឪពុ​កម្តាយ​ច្រើន​គិត​ដល់​កូន​ប្រុស​មុន។ រីឯ​កូន​ស្រី​វិញ ឬ​មួយ​ មិន​បាច់​រៀន​ទេ ឬ​មួយ រៀន​បន្តិច​បន្តួចបាន​ហើយ។ ដោយ​មិន​បាន​គិត​ឱ្យ​ជ្រៅ​ជ្រះថា បើ​ស្រី​មាន​តម្រិះទៅ​អាច​មាន​ប្រយោជន៍​ដល់​ខ្លួន​ គ្រួសារ​ខ្លួន​នឹង​ដល់​សង្គម ពី​ព្រោះ​បើ​យើង​ឥត​តម្រិះ លំបាក​នឹង​រក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ដែរ ហើយ​លំបាក​ឱ្យ​គេ​ទទួល​ស្គាល់​​តួនាទី​របស់​យើង។ សរុប​សេចក្តី​ទៅ​ ធ្វើ​ដូច្នេះ គឺ​ឱ្យ​ស្រី​នៅ​ក្រោយ​បុរសរហូត​។ ឥឡូវ​នេះ មាន​ការ​ចម្រើន​ខ្លះ​ហើយ ក្នុង​ការអនុវត្ត​សិទ្ធិ​ស្មើ​ភាព​គ្នា​ផ្នែក​អប់រំ​សិក្សា លើក​លែង​តែ​លក្ខណៈ​ទុក្ខរកម្ម​ ដែល​យើង​ចែង​ក្នុង​វគ្គ​ខាង​ក្រោម​បំផុតនៃ​ជំពូក​នេះ។

–      ក្នុង​ជីវភាព​គ្រួសារ​ (vie de famille)

ស្រី​មាន​ប្តី​មាន​កាតព្វ​កិច្ច​៣ធំ​ : ជា​មេផ្ទះ​ ជា​ភរិយា«គ្រប់​លក្ខណ៍» (ល្អ​ឥតខ្ចោះ) ជា​ម្តាយ​ចេះ​អប់រំ​យក​ចិត្ត​ទុក​ដាក់​កូន​ខ្លួន​ ដើម្បី​គ្នា​កសាង​អនាគត​ក្នុង​លក្ខណៈ​ល្អ។

ស្រី​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ក្នុង​សុភមង្គល​គ្រួសារ។ ពាក្យ​ស្លោក​«សំណាប​​យោង​ដី​ ស្រី​យោង​ប្រុស» មិន​មែន​គ្មានន័យ​ទេ ព្រោះ​ស្រី​អាច​យោង​ប្រុស​ឱ្យ​ល្អ​ឬ​អាក្រក់​បាន។ ដោយ​យល់​តួនាទី​ខ្លួន​យ៉ាង​នេះ បា​នជា​ស្រី​មាន​ប្តី​ច្រើន​ខំប្រឹង​ដើម្បី​ឱ្យ​មាន​សំណាង​ល្អ។

ស្រី​នៅ​លី​វ​ច្រើន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​កំណើត​ខ្លួន។

–      ក្នុង​ជីវភាព​មុខ​ងារ​ (vie professionnelle)

តាមការ​សង្កេត​មក​ ស្រី​ខ្មែរបាន​បង្ហាញ​ថ្វី​ដៃ​ខាង​បច្ចេក​ទេស​ និង​ការ​ប៉ិន​ប្រសប់​​គ្រាន់​បើ​ដែរ។ មុខ​ងារ​ក្នុងរដ្ឋ​ការដែល​ចូល​ចិត្ត​ធ្វើ​ច្រើន​ខាង​ក្រសួង​អប់រំ​ បន្ទាប់​មក​នៅ​ក្រសួង​សង្គម​កិច្ច ឬ​សុខាភិបាល ជា​ដើម។ ពេទ្យ ឬ​ឱសថ​ការី កាន់​តែ​​មាន​ច្រើន​ឡើង ខាង​មេធាវី​ ពុំ​សូវ​មាន​ទេ។ រីឯ​មុខ​ងារ​ក្រៅ​រដ្ឋ​ការ​វិញ​ ស្រី​ខ្មែរ​មាន​​តួនាទី​សំខាន់​ក្នុងសេដ្ឋកិច្ច​ ក៏​ប៉ុន្តែ​ជា​មេសហ​គ្រាសធំ​ៗ​ពុំ​សូវ​មាន​ទេ។ រីឯ​ក្នុង​កសិកម្ម​វិញ ដែល​ជា​សកម្មភាព​ធំ​នៅ​ស្រុក​ខ្មែរ​ស្រី​ច្រើន​ជា​អ្នក​ដក​ស្ទូង ច្រូតកាត់ នៅ​តំបន់​ណា​ដែល​មិន​ទាន់​មាន​ម៉ាស៊ីន​នៅឡើយ។ ស្រី​ដែល​ជា​មេផ្ទះ​ ម្ចាស់​ដី​ ច្រើន​ជា​អ្នក​ចាត់​ចែង​ក្នុង​ការ​គ្រប់​គ្រង​សម្បត្តិ​ទ្រព្យ​ មនុស្ស​ម្នា (អ្នក​ដែល​ជួយ​ធ្វើ​ការ​ស្រែ​ ឬ​ធ្វើ​ការ​ផ្ទះ) និង​ចាត់​ចែង​ឱ្យ​កិច្ច​ការ​ទាំង​ឡាយ​ប្រកប​ទៅ​ស្រួល។

ក្នុង​បច្ចុប្បន្ន​នេះ​ដោយ​ជីវភាព​គ្រួសារ​ ស្ត្រី​ខ្មែរ​មាន​សកម្មភាព​​លើស​លុប​ មាន​ការ​ជួយ​ទ្រ​ទ្រង់​គ្រួសារ​ខាង​ផ្លូវ​សម្ភារៈ ស្រី​នៅ​ឯក​ឯង​ទៅ​ជា​មេគ្រួសារ ។ល។

–      ក្នុង​ជីវភាព​សង្គម​អ្នក​ស្រុក​ និង​ នយោបាយ​ (vie civile et politique)

ស្រី​ខ្មែរ​ច្រើន​ធ្វើ​សកម្មភាពក្នុង​ផ្លូវ​មនុស្សធម៌។ រីឯ​ករណី​យកិច្ច​ ក្នុង​ឋានៈ​ជា​បុរីជន​ (citoyen) វិញ​ច្រើន​មិន​សូវ​ចេញ​មុខ​មាត់​នៅ​អឹម​អៀម​ណាស់។

តើ​មាន​ស្រី​ខ្មែរ​ប៉ុន្មាន​នាក់​ជា​ចៅសង្កាត់ ឬ​មេភូមិ ឬ​ក៏​ចៅហ្វាយ​ស្រុក-ខេត្ត​ឬ​ក្រុង? ប៉ុន្មាន​នាក់​ចេញ​មុខ​ការ​ពារ​បរិដ្ឋាន (environnement) ?ប៉ុន្មាននាក់​មាន​ដើម​គំនិត​តាក់​តែង​ច្បាប់​ធំៗសម្រាប់​សង្គម​? ប៉ុន្មាន​នាក់​ជា​វីរជន ក្នុង​ការ​តស៊ូ​មុត​មាំ​ដើម្បី​ប្រយោជន៍​ជាតិ។

–      លក្ខណទុក្ខរកម្ម​នៃ​នារីខ្មែរ​ (vie des femmes martyrisées)

និយាយ​អំពី​លក្ខណៈ​ស្រ្តី​ខ្មែរ​តែង​ជំពាក់​ជំពិនជា​មួយ​ស្ថាន​ភាព​នយោ​បាយ​​​របស់​ស្រុក​ទេស។ ដោយ​ស្រុក​យើង​មាន​សង្គ្រាម​អស់​ពីរ​ទសវត្សរ៍​ មិន​ទាន់​ចប់​ផងនឹង​ដោយ​ស្រុក​ខ្មែរ​ មិន​សូវ​ប្រកាន់​ក្បួន​ប្រជាធិបតេយ្យ​ឱ្យ​ហ្មត់​ចត់​នឹងគ្មាន​នីតិនិយម​នៅឡើយ ការ​រំលោភ​ទៅ​លើ​ស្ត្រី​ភេទ​ មាន​ច្រើន​បែប​យ៉ាងណាស់ មិន​អាច​រ៉ាយ​រ៉ាប់​ជា​ពិស្តារ​ទេ (សូម​អាន​របាយ​ការណ៍របស់​សមាគម​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ ដែល​ធ្វើ​នៅ​ដើម​ឆ្នាំ​១៩៩៤)។

ជា​ត្រួសៗ ក្មេងស្រី​ខ្លះ មិន​បាន​ទៅ​រៀន​ព្រោះ​ជួន​កាល​គ្រួសារ​ក្រី​ក្រ​ពេក​។ ជួន​កាល​កំព្រា​អនាថា។ ខ្លះ​ទៀត​ ធ្វើ​ការ​ហួស​កម្លាំង​ ដើម្បី​គ្រាន់​តែ​មួយ​រស់។ ​ស្ត្រី​ជំទង់​ខ្លះ​ត្រូវ​ចោរ​បង្ខំ​យក​ទៅ​លក់​ខ្លួន​ ធ្វើ​ពេស្យាចារ ឬ​មួយ​សុខ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ព្រោះ​គ្មាន​របរ​ផ្សេងទៀត​ជំនួស។ ឯ​ស្ត្រី​ពេញ​វ័យ​ ដឹង​ក្តី​ ជួន​កាល​ត្រូវ​គេ​បោក ឥត​ប្រណី ដោយ​គ្នា​មិន​សូវ​មាន​ប្រាជ្ញា​ផង តែ​ជា​ពិសេស​ដោយ​គ្មាន​ច្បាប់​ណា​ធានា​អះអាង​ផង។

សព្វ​ថ្ងៃ​នេះ​ស្រុក​ខ្មែរពុំ​ទាន់មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​ដល់​ប្តី​ណា​ធ្វើ​បាប​វាយធាក់​ប្រពន្ធ គ្មាន​ច្បាប់​ណា​បង្ខំ​ឱ្យ​ប្តី​ជួយ​ចិញ្ចឹម​កូន​ពេល​លែង​លះ​គ្នា។

ម្ល៉ោះ​ហើយ​ ស្ត្រី​កម្សត់​ទាំង​នោះ​ ត្រូវ​ទទួល​ទុក្ខរ​កម្ម​ឥត​ប្រណី រក​នរណា​ទី​ពឹង​ពំនាក់​គ្មាន សង្ឃឹម​ទៅ​លើ​សេវា​កម្ម​សាធារណៈ (Service public) គ្មាន​ទេ​នៅ​ស្រុក​ខ្មែរយើង។ មាន​ច្រក​មួយ​ដែរ​គឺ​ទៅប្តឹង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ឬ​ អ.ស.ប. ឱ្យ​ជួយ​ដោះ​ស្រាយ​ តែអង្គការ​ទាំង​អស់​នោះ​ក៏​មាន​កម្រិត​ដែរ​ក្នុង​លទ្ធភាព​របស់​ខ្លួន។

ឧបសគ្គ​នៃ​ការ​ប្រើ​សិទ្ធិ

ទោះ​បី​រដ្ឋ​ទាំងឡាយដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អន្តរ​ជាតិ​ អំពីសមភាព​រវាង​បុរសនិង​នារី ក្នុង​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច​ និង​ន​យោបាយក៏​ដោយ​ ក៏​ការអនុវត្ត​តែង​មាន​ប្រទះ​នូវ​ឧបសគ្គ​នានាដែល​យើង​អាច​កត់​សម្គាល់​ខ្លះៗ​ដូច​ត​ទៅ៖

១. នាទី​សំខាន់ក្នុងគ្រួសារ

     ស្រ្តី​ភាពច្រើន​សុខ​ចិត្ត​ធ្វើ​ពលិកម្ម​ដើម្បី​គ្រួសារ​ គឺ​ទោះ​បី​ខ្លួន​ត្រូវ​ធ្វើ​ការ​ក្រៅ​ច្រើន​ក៏​ដោយ​ ក៏​មិន​ចោល​កិច្ច​ការ​ផ្ទះ​និង​កូន​ខ្លួន​ឡើយ។ ម្ល៉ោះ​ហើយ​ច្រើន​រក​ការងារ​ណា​ដែល​មិន​ស្រូវ​យក​ពេលវេលា​(សម្រាប់គ្រួសារ) អស់ ទោះបី​ខ្លួន​មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​ធ្វើ​ការឯទៀតដែល​សំខាន់​ជាង​ឬ​ដែល​បាន​ប្រាក់​ខែ​ច្រើន​ជាង​ក៏​ដោយ​​។ ដូច្នេះ​ហើយ​បាន​ជា​គេ​និយាយ​ថា ស្រី​ធ្វើ​«Double journée» (ក្នុង​មួយ​ថ្ងៃ​ៗ​កិច្ចការ​ស្មើ​សម្រាប់​ពីរ​ថ្ងៃ) ៖ ណាមួយ​មុខ​របរ​ផង ណាមួយ​កិច្ច​ការរ​ផ្ទះ​ផង ហើយ​បើ​ធ្វើ​នយោបាយ​ថែម​ទៀត​អាច​ទៅជា «Triple journée»តែ​ម្តង​។ ដល់​ឃើញ​ស្រី​មិន​សូវ​កាន់​កាប់​ការ​ធំៗ អ្នក​ខ្លះ​សន្និដ្ឋាន​រហ័ស​ពេក​ថា ដោយមកពី​ស្ត្រី​អន់​ជាងបុរស​ខាង​ប្រាជ្ញា។ សិទ្ធិ​ស្មើ​ភាព​គ្នា​ក៏​មាន​តែ​ក្នុង​ក្រដាសទៅ។

២. ដោយសារ​មាន​បុរេនិច្ឆ័យ (préjugé)​លើ​ភេទ

     បុរេ​និច្ឆ័យ​នេះ ជា​ការ​មិន​ទំនង​ទេ ព្រោះ​គ្មាន​មូល​ដ្ឋាន​មាំ​ទាំឡើយ។ គេ​សំអាង​ទៅ​លើ​ភាព​ទន់​ខ្សោយ​របស់​ស្ត្រី​ភេទ គេ​មិន​បា​នយក​កត្តា​ផ្សេងទៀត​មក​ចូលរួម​ពិចារណា​ផង​ ដូច​ការ​ប៉ិនប្រសប់ ការ​ពុះ​ពារ ការ​អត់​ធ្មត់ ដែល​សរុប​ទៅ​គឺ ​ធន​ធាន​មនុស្ស (ressources humaines)។ ប្រាជ្ញា​ឈ្លាសវៃ​ មិន​មែន​យោង​ទៅ​តាម​ភេទ​គឺ​តាម​គុណ​សម្បត្តិ​មនុស្ស​ម្នាក់ៗ​។ គុណ​សម្បត្តិ​នេះ​ទៀត មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​ទេ គឺអាច​កើត​ឡើង​ដោយ​​ការ​កសាង​តម្រិះវិជ្ជា ហើ​យ​យក​តម្រិះនោះ មក​ប្រើ​ដោយ​ត្រឹមត្រូវ​សម​ស្រប។

៣. ដោយ​ទំនៀម​ទម្លាប់​មិន​ល្អ​

     មិន​ថា​ឡើយ​ក្នុង​សង្គម​ណា ឬ​ប្រទេស​ណា​ឡើយ។ ដូច​ជា​នៅ​ក្នុង​សាសនា​ខ្លះ​ មាន​ទំនៀម​ទម្លាប់​តឹង​តែង​លើ​ស្ត្រី​ខ្លាំង​ណាស់​។ ក្នុង​សង្គម​ខ្មែរ​ ចិត្ត​គំនិត​ខ្លះ​ បាន​ផ្លាស់​ប្តូរ​ដែរ​ តែ​ទុក្ខរកម្ម​នៃ​នារី​ភេទ​មួយ​ចំណោម​មិន​ត្រូវ​ទុក​ឱ្យ​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​ឡើយ។

៤. ដោយសារ​មាន​អនាធិបតេយ្យ​ក្នុង​ស្រុក

     ស្រុក​ខ្មែរ​យើង​ ដូច​ចែង​ក្នុង​វគ្គ​ទុក្ខរកម្ម​ស្រាប់ ការ​គ្រប់​គ្រង​រដ្ឋ​មិន​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ​នៅ​ឡើយ​ ហើយ​មាន​ការ​ខ្វះ​​យុត្តិធម៌​ ក្នុង​សង្គម​ច្រើន​ណាស់ ធ្វើ​ឱ្យ​ម្នាក់​ៗរស់​នៅ​ឯកាអនាថា ទៅ​តាម​យថា​កម្ម។ ស្ត្រី​ភេទ​ក៏​ទទួល​កម្ម​ដ៏​ធ្ងន់​ធ្ងរ​នេះ​ដែរ។

សង្ខេប​សេចក្តី​ទៅ ការ​បំបាត់​ឬ​បន្ថយ​បុរេនិច្ឆ័យ​ និង​ការ​ប្តូរ​ចិត្ត​គំនិត​អប់រំ​ស្មារតី​​ ​អាច​អាច​ធ្វើ​បាន​ តាម​សន្តាន​ចិត្ត​ប្រឹង​ប្រែង​របស់​យើង​ម្នាក់​ៗ​​ តែ​ត្រូវ​ការ​ពេលវេលា​យូរ​ ដែល​ជា​បន្ទាន់​ យើង​ត្រូវ​តែ​ចេះ​ដឹង​ទាំ​ង​អស់​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ដឹង​ខាង​អក្សរ​សាស្ត្រ​ និង​ចេះ​ដឹង​ទូទៅ (culture générale)។ រី​ឯ​អនាធិបតេយ្យ​វិញ ជា​ឧប​សគ្គ​យ៉ាង​ធំ​បំផុត​ ដែល​ត្រូវ​ការ​សុឆន្ទៈ និង​សមត្ថភាព​ពី​អ្នក​ដឹក​នាំ​រដ្ឋ​ផង និងត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ជា​សកម្ម​ពី​បុរី​ជន​ទាំង​អស់​ផង។ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ អ្នក​តូច​តាច​ដែល​ទទួល​រង​គ្រោះ និង​លំបាក​ចិញ្ចឹម​ជីវិត​ខ្លួន​នោះ មិន​អាច​មាន​កម្លាំង​ចិត្ត​ទៅ​ពុះ​ពារ​រឿង​នេះ​បាន​ទេ រីឯ​អ្នក​មាន​អំណាច​វិញ​អ្នក​ខ្លះ​ឥត​រវល់​ អើ​ពើ​ទេ​ ព្រោះ​​យល់​ថា ឱ្យ​តែ​ស្រួល​គឺ​បានហើយ។ នៅ​សល់​តែ​អ្នក​ឯទៀត​ដែល​មាន​កម្លាំង កាយ​និង​ចិត្ត​គ្រប់​គ្រាន់​ មាន​គំនិត​សុចរិត យុត្តិធម៌ មាន​សុឆន្ទៈ​យ៉ាង​ខ្លាំងខ្លា​​ អ្នក​ទាំង​អស់​នេះ ហើយ​​អាច​នឹង​ធ្វើ​អ្វី​ដើម្បី​នឹង​កែសង្គម​ឱ្យ​ប្រសើរ​។ យើង​ម្នាក់​ៗ​មាន​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​សង្គម​ជាតិ ដើម្បី​ឱ្យ​ស្រុក​យើង​ទៅ​ជា​រដ្ឋ​នីតិនិយម ហើយ​ឱ្យ​ប្រជា​ជន​ទៅ​ជា​មនុស្ស​រស់​ក្នុង​សភាព​ថ្លៃ​ថ្នូរ​ និង​ទាន់​សម័យ​ផង៕


par Mme MEAS Sétha

Enseignant-chercheur, Université Paris VI

 

វាយ​បញ្ចូល​ក្នុង​កុំ​ព្យូទ័រ​ដោយ​ លោកស្រី ហង់ វិលវ័ណ្យ

វាយ​អត្តបទ​សម្រាប់​ការ​ផ្សាយ​តាម​បណ្តាញ​អ៊ិនធ័រណិត ​ដោយ ហេង ឧត្ដម

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s