ជីវប្រវត្តិលោកស្រីបណ្ឌិតសាស្ត្រាចារ្យ សេដ្ឋា ឌុក រ៉ាស៊ី

បឋម​វ័យ

កុមារី មាស សេដ្ឋា កើត​នៅថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៣ នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយ​រៀង ខែត្រ​ស្វាយ​រៀង ដែល​មាន​ស្ថិត​ក្នុង​គ្រួសា​រ​កសិករ​។ ពេល​កុមារី សេដ្ឋា មាន​វ័យ​៧ឆ្នាំ គឺ​វ័យ​ដែល​ត្រូវ​ចូល​រៀន តែ​សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ គួរ​បញ្ជាក់ថា គ្រានោះ​ ក្មេង​ស្រី​មិន​អាច​ទៅ​រៀន​នៅ​វត្ត​អារាម​បា​នឡើយ លើក​លែងតែ​ក្មេង​ប្រុស។

បិតានាម មាស ឃីម (Meas Khim) ​ជា​កសិករដែល​មានគំនិត​ជឿនលឿន មាន​​ជំនឿ​និង​ឱ្យតម្លៃ​លើការ​សិក្សា។ លោកបាន​រៀប​ចំ​សាង​សង់​សាលា​រៀនបឋម​សិក្សា​ចំនួន​ពីរ​ថ្នាក់​​សម្រាប់​កុមារា​កុមារី​ ដោយ​មា​ន​ជំនួយ​​ពី​អ្នក​ភូមិ​ផង​។ បន្ទាប់​ពី​សាងសង់​សាលា​ហើយ ពួកលោក​ក៏​​បាន​ស្នើ​សូមអាជ្ញាធ​រមូលដ្ឋានឱ្យ​ជួយ​រក​​គ្រូ​បង្រៀន​។ លោក មាស ឃីម ជា​មនុស្សហ្មត់ចត់ និង​បំពេញ​កិច្ច​ការ​ដោយ​ស្វាហាប់ ហើយ​តែង​តែ​អប់រំ​កូន​ពី​ព្រះ​ធម៌​តាំងតែ​ពី​ក្មេង​វ័យ​ម្ល៉េះ។

Sétha_Amiens1977លោក​ប្រាប់​កូន​ស្រីដែរថា «ការងារ​គឺ​ការ​កំណត់​ជោគ​ជ័យ​​នៃ​​ជីវិត» ដែល​មាន​សេចក្តីថា «មាន​តែ​កិច្ច​ខិត​ខំប្រឹងប្រែង​ទេ ទើប​អាច​ទទួល​ជោគជ័យ»​ នេះបើតាម​ការ​បង្រៀន​បែប​ព្រះ​ពុទ្ធសាសនា​ហិនយាន។

បិតា​តែង​ទូន្មាន​បុត្រី​ទៀតថា «កូន​ស្រី​ឪពុក ខំ​រៀន​ឱ្យ​បាន​ខ្ពង់​ខ្ពស់​ដើម្បី​ការពារ​ជីវិត​កូន​ស្រី​ឱ្យ​ល្អ ព្រោះ​ចំណេះ​ និង​តម្រិះ​នេះ​ហើយ​ដែល​ជាប់​នឹង​ខ្លួន​កូន​។ ទោះ​បី​នៅ​កន្លែង​ណា​ ក៏​ដោយ​មិនមែន​ដូច​ស្រែ​ចម្ការ​ដែល​កូន​មិន​អាច​យក​ទៅ​តាម​ខ្លួន​​បាន​ទេ»

ឯមាតា​ ឈ្មោះ ម៉ែ សែន (Mè Sen) ជា​ស្ត្រី​ទន់​ភ្លន់។ ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ និង​សមត្ថភាព​នៃ​ការ​បំពេញ​កិច្ច​ការ​កសិកម្ម គាត់​មាន​ស្រែក​អំពែ​យ៉ាង​ធំនិងប្រមូលផល​បាន​​យ៉ាង​ល្អ។

យុវវ័យ និង​ ការសិក្សាអប់រំ​

Sétha_1973

នៅ​ពេល​ បន្ត​វិជ្ជា កញ្ញា មាស សេដ្ឋា ​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​បងប្រុស​ច្បង​ និង​ភរិយា ដែល​ជួយ​ចិញ្ចឹម​មើល​ថែ​កញ្ញា​ជំនួស​ឪពុ​កម្តាយជាមួយ​នឹង​ក្មួយៗ​របស់​នាង​ ដែរ។ នាងកញ្ញា​​ស្នាក់​នៅ​ជាមួយ​គ្រួសារ​បង​ប្រុស​រហូត​ដល់​រៀប​អាពាហ៍ពិពាហ៍។

ចំណូល​ចិត្ត​ពេល​ទំនេរ​របស់​កញ្ញា មាស សេដ្ឋា ​គឺ ស្តាប់​ចម្រៀង តន្ត្រី​ គូរ​គំនូរ និង​តែង​កំណាព្យ។

គ្រា​​យុវវ័យ កញ្ញា សេដ្ឋា ​សិក្សា​នៅ​អនុវិទ្យា​ល័យ​សុរិយោ​វង្ស ក្រុង​ស្វាយ​រៀង។​ក្រោយ​មក​បន្ត​ការ​សិក្សា​នៅវិទ្យាល័យព្រះ​ស៊ី​សុវត្តិ រហូត​​ទទួល​សញ្ញាប័ត្រ​មធ្យម​សិក្សា​ប័ត្រ​ភាគ​ទី​២ (សញ្ញាប័ត្រ​ទុតិយភូមិ​ សម័យ​បច្ចុប្បន្ន​) នៅ​ឆ្នាំ​១៩៦៣។ ដោយ​មាន​ក្តីប្រាថ្នា​​ចង់​ក្លាយ​ជាសាស្ត្រាចារ្យ​នា​ពេល​អនាគត​ យុវតី មាស សេដ្ឋា បាន​ចូល​ឧត្តម​សិក្សា​ ផ្នែក​ S.P.C.N (Sciences Physique Chimie Naturelles) នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្ររូបសាស្ត្រគីមីធម្មជាតិ (សព្វ​ថ្ងៃគឺសាកលវិទ្យាល័យ​សុខាភិបាល​)​​។

 ​នៅ​ឆ្នាំ​១៩៦៤ យុវនិស្សិត មាស សេដ្ឋា ត្រូវ​បាន​តែង​តាំង​ជានិស្សិត​តំណាង​​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ ដើម្បី​ទទួល​គណៈ​ប្រតិភូនិស្សិតមក​ពី​ប្រទេស​​ឥណ្ឌូណេស៊ី​​ដើម្បី​​ទស្សនា​មហាវិទ្យាល័យ​និតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ ដែល​មាន​លោក​ ឌុក រ៉ាស៊ី កាន់ការ​ជា​ព្រឹទ្ធ​បុរស។ ចរន្តរន្ទះស្នេហាបានឆក់ទាញបេះដូងអ្នកទាំងពីរឱ្យចាប់ចិត្តប្រតិព័ទ្ធទៅវិញទៅមក។

ជីវិត​គ្រួសារ

​លោក​​ព្រឹទ្ធ​បុរស​ ឌុក រ៉ាស៊ី និង​យុវនិស្សិត​មាស​សេដ្ឋាបានចាប់​ចិត្ត​ចំពោះ​គ្នា​តាំង​តែពីពេល​​ទទួល​គណៈ​ប្រតិភូ​និស្សិត​ឥណ្ឌូណេស៊ី​​មក​ម្ល៉េះ​។ ទោះ​យ៉ាង​ណាតាំងតែ​ពី​ដើម​មក ​​ចិត្តរបស់យុវ​និស្សិត​ មាស សេដ្ឋា ផ្ទាល់​ មិន​ចូលចិត្ត​​នយោបាយ និង​អ្នក​មានទ្រព្យ​ធន​​ទេ​ ប៉ុន្តែ ​បន្ទាប់ពីបាន​ជួប​​លោកព្រឹទ្ធបុរស ឌុក រ៉ាស៊ី ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​នយោបាយ កញ្ញាមាស​សេដ្ឋា ហាក់​ពុំ​មាន​ការ​ទើស​ទាល់​សោះ ហើយ​បែរ​ជា​មាន​ចិត្ត​ស្នេហា​ទៅ​វិញ​ ដូច​ដែល​ភាសិត​បរទេស​ច្រើន​ពោល​ថា «ស្នេហាធ្វើឱ្យខ្វាក់ និង​គថ្លង់»។ ដូច្នេះ​ ​អាពាហ៍​ពិពាហ៍​​ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​១៩៦៤ ព្រោះ​លោកព្រឹទ្ធបុរស ពុំ​ចង់​នៅ​លីវ ​ឯកា​ត​ទៅទៀត​​ឡើយ​។

ទោះ​បី​រៀបការ​ហើយ​ក្តី​ ក៏​លោកស្រី​ មាស សេដ្ឋា នៅតែ​បន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យ​។ ដោយ​ទទួល​ឥទ្ធិពល​ពីស្វាមី  លោកស្រី​បាន​ចូល​រៀន​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ។ គ្រា​នោះជា​វេលា​មួយ​ដែល​លោក​​ស្រី​ត្រូវ​ទទួល​បន្ទុក​ពីរ​ គឺការ​សិក្សាផង និង​តួនាទី​ជា​ភរិយា​ផង។ ចាប់ពីឆ្នាំ១៩៦៥​ដល់១៩៧១ គូ​ស្វាមី​ភរិយា​នេះមានបុត្រីបុត្រាចំនួន៥នាក់ គឺបុត្រី២នាក់ និង​បុត្រា​៣នាក់​ (អមរា – សុផារា – រ៉ាមុនី- ថារ៉ាវី – រ៉ង់ដាល)។

គួរ​បញ្ជាក់ផងដែរ ស្វាមី​របស់​លោកស្រី​បាន​ផ្តល់​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី តាមរយៈ​ការ​តស៊ូ​ដើម្បី​មាតុភូមិ​ ដើម្បី​ប្រាថ្នា​ឃើញ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ។

អាជីព​វិជ្ជា​ជីវៈ

នៅ​ឆ្នាំ១៩៦៩ លោកស្រី​ មាស សេដ្ឋា បា​នទទួល​សញ្ញាប័ត្រ​ឱសថការីរដ្ឋ នៅ​មហាវិទ្យាល័យ​ឱសថសាស្ត្រ នៅក្រុង​ភ្នំពេញ ហើយ​ចេញ​បង្រៀន​នៅ​មហាវិទ្យាល័យ​នេះ​ផង​ដែរ​រហូតដល់​ឆ្នាំ​១៩៧៣។ លោកស្រី​ មាស សេដ្ឋា និង​កូន​ប្រុស​ស្រី​ទាំង​៥ ​ត្រូវ​​ចេញទៅរស់នៅតាមលោក​ឌុក រ៉ាស៊ីជាស្វាមី​និងបិតា។  ដើម​ឡើយ​ លោកព្រឹទ្ធបុរស ឌុក រ៉ាស៊ី ​មានងារ​​ក្របខណ្ឌ​រដ្ឋ​ការ​ជា​​មន្រ្តី​​ក្រសួង​កិច្ច​ការបរទេស ក្រោយ​មក​ លោកត្រូវ​បាន​តែងតែ​​ជា​ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ ​ប្រចាំចក្រភព​អង់គ្លេស រាជាណាចក្រ​បែលហ្សិក ប្រទេស​ហុលឡង់ និង​រាជាណាចក្រដាណឺម៉ាក។

Sétha_May 1974_The Diplomatist

នៅ​ទីនោះ ក្រៅពី​បំពេញ​ភារៈជា​ភរិយា និង​មាតា លោកស្រី មាស សេដ្ឋា ឆ្លៀត​ខំ​រៀន​ភាសា​អង់គ្លេស នៅ​មហាវិទ្យាល័យ​ឡុងដ៍ខាង​លិច (West London College) រហូត​បាន​ទទួល​សញ្ញាប័ត្រ​ Lower Cambridge Certificate et Proficiency។

នៅ​ខែ​មេសា១៩៧៥ របបសាធារណរដ្ឋ​ខ្មែរ​បាន​ធ្លាក់​ចូលកណ្តាប់​​ដៃ​ខ្មែរ​ក្រហម។ គ្រួសារ​លោក ឌុក រ៉ាស៊ី ពុំ​អាច​ត្រឡប់​ចូល​មាតុភូមិ​ខ្មែរ​ឡើយ ហើយ​បាន​​និរទេស​រស់​នៅ​ប្រទេស​បារាំង។ លោក ឌុក រ៉ាស៊ី បានចូល​​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​ច្បាប់នៅ Amiens។ ចំណែក​ឯ​លោកស្រី​ មាស សេដ្ឋា បាន​ចុះ​ឈ្មោះ​រៀន​មហា​វិទ្យាល័យ​ឱសថសាស្ត្រ។ លោកស្រី ​ទទួលបាន​សញ្ញា​ប័ត្រ​ឱសថ​ការី​រដ្ឋ​បារាំង នៅ​ឆ្នាំ​១៩៨២។ លោកស្រី​ បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​ជីវគីមី។ នៅ​ឆ្នាំ​១៩៨៥ លោកស្រី​ បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​រដ្ឋ​ធម្មជាតិវិទ្យា នៅ​សាកល​វិទ្យាព្យែរ អេ ម៉ារីកួរី ប៉ារីសទី​៦ (l’Université Pierre et Marie Curie-Paris VI)។ លោកស្រី​ បាន​ធ្វើ​​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ Amiens (១៩៧៨ – ១៩៨៧) និង​នៅ​សាកល​វិទ្យាល័យប៉ារីសទី​៦ ផ្នែក « Biochimie et Biologie Moléculaire »  ហើយ​លោក​ស្រី​បន្ត​កិច្ច​ការ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ Gustave Roussy រហូត​ដល់​វ័យ​ចូល​និវត្តន៍​ នៅ​ឆ្នាំ​២០១១។

កិច្ច​ការ​សង្គម និង​ការ​លើក​កម្ពស់​សិទ្ធិស្ត្រី​

ទាក់​ទង​​កិច្ច​ការ​​សង្គម​វិញ លោកស្រី​ មាស សេដ្ឋា ​បា​នជួយ​បំពេញ​កិច្ច​ការ​ព្រឹត្តិ​ប័ត្រ « សង្គ្រោះខ្មែរ » ដែល​ផ្សាយ​ពី​រ​ដង​ក្នុង​មួយ​ខែ​ ចាប់​ពី​ឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤។

ព្រឹត្តិប័ត្រ​នេះ​មាន​លោក ឌុក រ៉ាស៊ី ជា​នាយក​ការ​ផ្សាយ។ « សង្គ្រោះខ្មែរ »
បង្កើត​ដោយ​សមាគម​ដើម្បី​សង្គ្រោះ​អារ្យ​ធម៌​ខ្មែរ​ ដែលផ្សាយ​​អត្ថបទ​ទាក់​ទង​ ព្រឹត្តិការណ៍​សង្គម, ស្ថានភាព​នយោបាយ​ ការពារសិទ្ធិ​មនុស្ស និង បុរីជន។ អត្ថបទ​ខ្លះ​ បានស្តែង​ពី​ស្ថាន​ភាព​សិទ្ធិស្ត្រី​ខ្មែរ​នៅ​ប្រទេសកម្ពុជា និង​វិស័យ​សិក្សា​អប់រំ។

លោកស្រី​ មាស សេដ្ឋា យល់​យ៉ាង​ច្បាស់ថា មាន​តែ​ចំណេះ​វិជ្ជា​​ទេ ដែល​មាន​ភាព​អមតៈ។ ទើបបន្ទាប់ពី​អង្គការ​សហប្រជាជាតិ​មក​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​កម្ពុជា ​លោកស្រី​ និង​សហការីនៃ​សកលវិទ្យាល័យ​ប៉ារីសទី​៦ បាន​បង្កើត​សមាគម​សាកលវិទ្យាល័យ​គ្មាន​ព្រំ​ដែន « Université Sans Frontières » នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ជួយ​សកលវិទ្យាល័យ​ភ្នំពេញ​ និង​គ្រឹះ​ស្ថាន​សិក្សា​ដទៃទៀត​។ លោកស្រី​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ជា​អចិន្ត្រៃយ៍​ផ្នែក Biochimie et Biologie Moléculaireនៅសកលវិទ្យាល័យភ្នំពេញនៅឆរមាស១៩៩៤ ហើយលោកស្រីបានធ្វើកិច្ចការស្រាវជ្រាវនៅវិជ្ជាស្ថានGUSTAVE ROUSSY  ​នៅសាកល​វិទ្យាល័យ​ភ្នំពេញ ក្នុង​​ឆ្នាំ​១៩៩៤។

លោកស្រី​ មាស សេដ្ឋា បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សិក្ខា​សាលា​ជា​ច្រើន​ដូច​ជា​សិក្ខា​សាលា​ការ​លើក​ឋានៈ​នារីភេទ (សូម​អាន​អត្ថបទ ឋានៈ​នារីភេទ ដែល​រៀប​ចំ​ដោយ​លោកស្រី​បណ្ឌិត ផ្ទាល់)​ សិទ្ធិ​របស់​ស្ត្រី​អឺរ៉ុប … ដើម្បីបញ្ជ្រាប​ការ​យល់​ដឹងពី​ស្ថានភាពស្ត្រី​ខ្មែរ​ និង​សិទ្ធិនារី​ ក្នុងបំណង​ប្រាថ្នាឃើញ​នារី​ខ្មែរ​មាន​ការ​ជឿន​លឿន​ដូចស្ត្រី​នៃ​អារ្យ​ប្រទេស​​ផ្សេង​ទៀត​ដែរ៕

វាយ​អត្តបទ​សម្រាប់​ការ​ផ្សាយក្នុងគេហទំព័រខ្ញុំនេះ ​ដោយ ហេង ឧត្ដម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s