រក្សាសិទ្ធិគ្រប់យ៉ាង
លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។
តាមរយៈ កិច្ចការជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសាជាមួយគ្នាជាច្រើនឆ្នាំ និងតាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថាលោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវមើលរំលងឡើយ។
លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត» (២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។
ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។
ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់លោកចំពោះត្រួសត្រាយវិថីនៃអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរយើងបន្ថែមទៀត។ ដោយយល់យ៉ាងច្បាស់ពីសេចក្តីព្យាយាមរបស់លោកនិងសេចក្តីខិតខំលះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោកបានអនុញ្ញាតនិងផ្តល់រូបថតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោក ក្នុងគេហទំព័ររបស់ខ្ញុំនេះ។
ជាសំណាងល្អ ខ្ញុំបានសូមសេចក្តីយល់ព្រមពីលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ដើម្បីដកស្រង់និងចុះផ្សាយនូវ«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ាន់ឌី កាអុន» ពីសៀវភៅរបស់លោក ដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០» និង«អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ»។
ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយសម្រួលកិច្ចការខ្ញុំ ដោយបានវាយអត្ថបទ និងជួយផ្ទៀងផ្ទាត់ ព្រមទាំងរៀបចំថតរូបគម្របសៀវភៅស្នាដៃរបស់លោក វ៉ានឌី កាអុន។
តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរជីវិតរបស់លោកវ៉ានឌី កាអុន។
លោកវ៉ានឌី កាអុន
កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។
នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។
នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖
– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
– សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
-Thmenh Chey en français, étude, Phnom Penh 1973
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ ១៩៧៤
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
-Réflexion sur la littérature khmère en français, étude, Phnom Penh 1981
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
-Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
-Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។
ប្រភព៖
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០២, ទំព័រទី៤៤៨-៤៥០។
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ កវីនិពន្ធនិងកម្រងអត្ថបទ, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០៧, ទំព័រទី៤១៤-៤២១។
លោកវ៉ាន់ឌី កាអុន និងភរិយា (រូបថត៖ វ៉ានឌី កាអុន)
ក.ក.ន.សម្រង់ចំណងជើងស្នាដៃដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗរបស់អ្នកនិពន្ធបន្ថែម និងថតចម្លងក្របសៀវភៅ ព្រមទាំងវាយអត្ថបទសម្រាប់ផ្សាយក្នុងទំព័រអ៊ិនធឺណិត ដោយ ហេង ឧត្តម។
ជំរាបសួរអ៊ុំស្រី ខ្ញុំពិតជាចង់បានឯកសារនិពន្ធទាំងនេះយកមកអានខ្លាំងណាស់, អ្នកអ៊ុំអាចចែករំលែកដល់ខ្ញុំបានដែរឬទេ?
ខ្ញុំពិតជាចង់ឃើញឯកសាទាំងនេះដល់កូនខ្មែរគ្រប់រូប ដើម្បីកូនខ្មែរគ្រប់រូបសុទ្ធតែជាអ្នកចេះដឹងគ្រប់ៗគ្នាដើម្បីប្រទេសយើងមានការរីកចំរើនដូចប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសក្នុងពិភពលោក។
ការរក្សាសិទ្ធ ពិតជាមាន តែចំពោះមុខគឺដើម្បីអោយកូនខ្មែរគ្រប់រូបមានចំនេះដឹងគ្រប់ៗរូប។
សៀវភៅខ្មែរមិនខ្វះទេ តែនៅពេលស្វែងរកពិតជាពិបាកនឹងរកដើម្បីយកមកអានខ្លាំងណាស់។
ខ្ញុំឃើងនៅស្រុកគេឯកសារជាភាសាគេគឺមិនខ្វះទេ ទាំងតាមបណ្ណាគា តាមអ៊ីនធីណេតជាដើម ព្រោះគេមានគំនិតដូចៗគ្នា គឺត្រូវចេះចែករំលែកគ្នាមិនថាតាមនាក៏ដោយ។
ខ្ងុំបានអានសៀវភៅ ប្រវត្តិសាស្ដ្រខ្មែរ និង សុបិននិងការពិត របស់លោក ។ ការវិភាគរបស់លោក មានលក្ខណសុីជំរៅ និងគ្រប់ជ្រុងជ្រោយ
សៀវភៅដែលជាស្នាដៃរបស់លោកវ៉ាន់ឌី កាអុន
ទាំងនេះប្រហែលជាមានផ្សាយលក់នៅក្នុងបណ្ណាគារអន្តរជាតិភ្នំពេញ។ ខ្ញុំគ្មានទេ ក្មួយ ពីព្រោះខ្លួនខ្ញុំក៏ផ្តាំឱ្យគេទិញផ្ញើពីភ្នំពេញបានត្រឹមតែពីរក្បាលប៉ុណ្ណោះដែរ។
ពិតណាស់ លោកវ៉ាន់ឌីកាអុន គឺជាបញ្ញាជនអក្សរសាស្ដ្រម្នាក់ ដែលមានចរន្ដកំលាំងចុងប៉ាការ និងផ្នាត់គំនិត វិលឆេះដូចម៉ាស៊ីនគ្រឿងចក្រមួយដែលឆេះឥតឈប់ឈរ។ ស្នាដៃដ៏រស់រវើក ទាំងផ្នែកការសិក្សាស្រាវជ្រាវសរសេរអំពីប្រវត្ដិសាស្ដ្រជាតិមាតុភូមិ ក៏ដូចជាការអានសៀវភៅធំៗ របស់ជាតិ របស់បារាំង យ៉ាងច្រើនឥតគណនា ហើយលើកយកមកធ្វើបទសិក្សាវិភាគចែកជូនដល់ជននានុជនគ្រប់ជាន់ថ្នាក់អោយបានជ្រួតជ្រាបទៀតផង។
ទោះបីជាអាជីពអ្នកនិពន្ធពុំនាំចំណូលថវិការយ៉ាងធំធេងយ៉ាងណាក៏ដោយ ក៏អ្នកនិពន្ធវ៉ាន់ឌីកាអុន មិនដែលនឹករុញរា នឿយណាយម្ដងណាសោះឡើយ។ វីរភាពដ៏ថ្លៃថ្លានេះ នឹងស្ថិតនៅជាអមតៈ មិនរលុបសាបសូនបាត់ទៅណាឡើយ ហើយគឺជាកំលាំងចលករមួយ ដាស់សតិអារម្មណ៍កូនខ្មែរគ្រប់រូបអោយភ្ញាក់រលឹក ទាំងខាងបញ្ញាស្មារតី ទាំងផ្នែកការសិក្សា អោយមានភាពរឹងប៉ឹង មិនអោយទន់ជ្រាយរវេបរវប ពោលគឺអោយចេះរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរប្រពៃ មានសមត្ថភាព មានចំណេះចេះដឹងនៅក្នុងសង្គម ភូមិសាស្ដ្រ ប្រវត្ដិសាស្ដ្រ អក្សសិល្ប៍ជាតិគ្រប់បែបយ៉ាង។
ព្រះពុទ្ធជាម្ចាស់ទ្រង់បានស្វះស្វែងរកធម៌ដើម្បីត្រាស់ដឹង អស់កាលកប្បយ៉ាងយូរមិនដែលរាថយ រហូតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ហើយត្រូវបានមហាជន ឱនក្រាបថ្វាយបង្គំ និងលើកសរសើរពីវិរភាពរបស់ព្រះអង្គគ្មានបុគ្គលណាមួយប្រៀបស្មើបានឡើយ។ យ៉ាងណាមិញការព្យាយាមយ៉ាងស្វិតស្វាញខ្លាំងមហិមារបស់អ្នកនិពន្ធវ៉ាន់ឌីកាអុន ក៏ជាវីរៈជនម្នាក់ដែលគួរគោរពស្ញប់ស្វែញយ៉ាងខ្លាំងក្រៃលែងដូច្នោះផងដែរ។
សូមលោកមានសុខភាពល្អ ដើម្បីត្រួសត្រាយផ្លូវដល់សិក្ខាកាមទាំងឡាយ អោយបានយូរអង្វែងតទៅកុំបីអាក់ខានឡើយ។
Pingback: ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន (Vandy Kaonn) | ជ្រុងមួយ
អាត្មាភាពព្រះនាម ផុនស៊ីនូ(ឆ័យ) អាត្មាមានមោទនភាពក្រៃលែង ចំពោះការនិពន្ធសៀវភៅរបស់ លោក គ្រូ វ៉ាន់ ឌីកាអុន លោកគ្រូ ធ្វើឱ្យអាត្មាភាពយល់ភាពមិនច្បាស់លាស់ក្នុងចិត្ត ប្រែក្លាយជាមនុស្សមានពន្លឺក្នុងខ្លួន។ ថ្វីត្បិត អាត្មាភាពនិងលោក គ្រូ មិនដែលបានជួបគ្នាក៏ដោយ ប៉ុន្តែ អាត្មាភាពទុកលោកគ្រូ ជាគ្រូ របស់អាត្មាភាពដ៏ល្អ១រូបក្នុងចិត្ត ។
ខ្ញុំចង់បានសៀវភៅរបស់គាត់
ខ្ញុំនឹងជម្រាបលោកវ៉ានឌី កាអុនពីបំណងរបស់លោក៕
ខ្ញុំចង់បានសៀវរបស់លោកវ៉ាន់ឌីកាអុនទាំងអស់នេះតើត្រូវធ្វើយ៉ាងណា?អាចផ្ញើមកបានទេហើយអស់ប៉ុន្មាន?សូមតបមកវិញផងសូមអរគុណ។
Thank you very much
ទាល់តែទាក់ទងលោកផ្ទាល់។ ថ្មីៗនេះ ខ្ញុំបានសរសេរទៅលោក ប៉ុន្តែលោកមិនបានឆ្លើយតបមកខ្ញុំវិញទេ។ ខ្ញុំមិនហ៊ានរំខានលោកទៀតឡើយ៕