កំណាព្យស្នេហ៍មាស និពន្ធ​ដោយ​ លោក ​គង្គ ប៊ុនឈឿន – Rfi

ខ្ញុំ​សូម​យក​កិច្ច​ការ​របស់​ខ្ញុំកាលពី​ពេល​ដែល​ខ្ញុំ​បំពេញ​ការងារ​នៅវិទ្យុ​បារាំង​អន្តរជាតិ Rfi មក​ចុះ​ផ្សាយ ដើម្បីជាការ​សន្សំ​ស្នាដៃ​របស់​ខ្ញុំ​ឡើង​វិញ និង​ជាការ​ផ្សាយ​ដល់​អ្នក​ស្តាប់អ្នក​អានទាំង​ឡាយ​ ដែល​ខក​ខាន​មិន​បាន​ស្តាប់​វេលា​ផ្សាយ​កាល​មុន។ ការ​ផ្សាយ​ឡើងវិញ​​គ្រានេះ​ ខ្ញុំ​គ្មាន​ចេតនា​ផ្សេង​ក្រៅពី​ចង់​លើក​ស្ទូយ​សិល្បៈ​វប្បធម៌​អក្សរ​សាស្ត្រ​អក្សរ​​សិល្ប៍​ជាតិ​ខ្មែរ​យើង​នោះទេ។

kbc book

 កំណាព្យស្នេហ៍មាស និពន្ធ​ដោយ​លោក​គង្គ ប៊ុនឈឿន

 នៅ​ឆ្នាំ​២០០០ លោក ​គង្គ​​  ប៊ុន​ឈឿន ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញមួយរូប​ បាន​ចេញ​​ផ្សាយ​សៀវភៅ​មួយ​​ដាក់​ចំណង​ជើង​ថា​​ កំណាព្យ​ស្នេហ៍​មាស។ កំណាព្យ​ស្នេហ៍​មាស ជា​កំណត់ហេតុ​ស្នាដៃ​ ឬជា​កម្រង​វណ្ណកម្មទាំង​អស់​របស់លោកគង្គ​​  ប៊ុន​ឈឿន តាំង​ពី​លោក​បាន​ចាប់​ដង​ប៉ាកកា​ប្រឡូក​ក្នុងជីវិត​ទឹក​ខ្មៅ​ ពី​ទស្សវត្សរ៍​១៩៥០​មក ដូច​ជា​ ប្រលោមលោក​ កំណាព្យ​ ​បទ​ភ្លេង ​​​ទំនុក​ច្រៀង​ ​និងរឿង​ភាពយន្ត​វីដេអូ​ជា​ដើម​ ។

ប្រវត្តិ​បទចម្រៀង​អ្នកនិពន្ធ​ជើងចាស់ គង្គ ប៊ុនឈឿន

សូមចុចខាងក្រោម ដើម្បី​ស្តាប់ (ភាគទី១) http://mfi.re/listen/cytawh2mt2no5ko/KONGBUNCHHOEUN_07_11_04.mp3

ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយកាលនៅវិទ្យុ​បារាំង​អន្តរជាតិ Rfi ពីថ្ងៃទី 13/09/2009

 

បំណង​របស់​លោក​ គង្គ​​ ប៊ុន​ឈឿន ក្នុង​ការសរ​សេរ​សៀវភៅ​នេះ​ មាន​៣​​ចំណុច​គឺ​៖

 ទី១-​ លោកចង់រក្សា​ទុកផ្នត់គំនិត​របស់លោក​ ដែល​ជា​ផលចំណែក​នៃ​ការ​ត្រិះរិះ​ពិចារណា​មួយ។

ទី២-    លោកចង់ឲ្យ​អ្នក​អាន​ដឹង​ពិត​ប្រាកដ​ថា ពេលដែល​លោក​រស់​នៅ​ លោក​បាន​ធ្វើអ្វី​ខ្លះ?

ទី​៣-    លោកចង់​បញ្ជាក់​ប្រាប់​មជ្ឈដ្ឋានមួយចំនួន​ដែល​បាន​យកស្នាដៃ​របស់​លោក​ទៅ​ ប្រើ​ប្រាស់​ជា​​​ផ្លូវ​ជំនួញ​ ដោយ​មិន​គោរពសិទ្ធិ​របស់លោក​ជាអ្នក​និពន្ធ​​​ដើមបន្តិច​បន្តួច​សោះ។

តាំង​ឆ្នាំ១៩៦៣ រហូត​មកដល់​ខែ​មេសា​ឆ្នាំ​១៩៧៥ លោក គង្គ ​​ ប៊ុន​ឈឿន ​និពន្ឋទំនុក​ច្រៀង​ និង​​​បទ​ភ្លេង​ បាន​ជាង​ពីររយ​បទ​​។​

ដោយ ​ចេះ​ភ្លេង​ខ្លះៗ​ និង​ចេះ​កាន់​ឧបករណ៍តន្រី្ត ដូច​ជា​ ​វីយូឡុង​​ និង​ហ្គីតាច្បាស់​លាស់​ លោក​គង្គ ប៊ុន​ឈឿន​ តែង​តែ​បង្ហូរ​មនោសញ្ចេតនា​តាម​មន្ត​ស្នេហ៍​នៃ​តន្តី្រ​ និង​តាមរសជាតិ​កំណាព្យ​ទំនុក​ច្រៀង​ លុះ​ត្រា​តែ​ក្លាយ​ទៅ​ជា​ទម្លាប់​។

តាំង​ពី​នៅ​ក្មេង លោក ​គង្គ ប៊ុន​ឈឿន ពេញចិត្ត​អ្នកចម្រៀង​ ស៊ីន ​ស៊ីសាមុត​ និង​អ្នក​និពន្ឋ​ អ្នកបទភ្លេង​ទំនុក​ច្រៀង​ ពៅ ​ស៊ី​ផូ ណាស់។ អ្វីៗ​ដែល​លោក គង្គ ប៊ុន​ឈឿន បានឮក្នង​សម័យ​ ជា​រសជាតិ​ស្រោចស្រប់​បេះដូង​លោក​ឲ្យ​ដុះពន្លក​មនោសញ្ចតនា​កំណាព្យ​ ទំនុក​ច្រៀង​កាន់តែ​ខ្លាំងឡើងៗ​គ្មាន​ស្រកស្រុត​។​

គេចំណាំ​ឃើញ​ថា​ ចម្រៀង​របស់លោក​ គង្គ ប៊ុន​ឈឿន ច្រើនតែ​រៀបរាប់ពី​ខេត្ត​បាត់ដំបង​​ ដែល​ជា​ទឹកដី​កំណើត​របស់​លោក និង​ ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ស្នេហា​របស់​លោក​ក្នុង​យុវវ័យ​ ជា​អាទិ៍​បទ​ស្ពាន​ឈើ​អភ័ព្វ​ ។ ស្ពាន​ឈើ​អភ័ព្វដែល​សព្វ​ថ្ងៃ​នេះ​ គេ​នាំ​គ្នា​ប្តូរ​ដាក់​ថា​ភូមិ​វត្ត​កំផែង​ ខុស​ពី​ចំណង​ជើង​ដើមគួរ​ឲ្យ​ស្តាយ។ ​លោក ​គង្គ ប៊ុន​ឈឿន បញ្ជាក់​ពីមូល​ហេតុ​ដែល​បាន​ជំរុញ​ឲ្យ​លោក​និពន្ធ​បទ​ ស្ពាន​ឈើ​អភ័ព្វ ​និង​ ជំនួប​ចុង​ក្រោយ​របស់​លោក​ជា​មួយ​លោក​ ស៊ីន​ ស៊ី​សាមុត៕

KBC.

 ប្រវត្តិ​បទភ្លេង និងទំនុកច្រៀង

កំណាព្យ​ស្នេហ៍មាស និពន្ធ​ដោយ​លោក គង្គ ប៊ុនឈឿន

 សូមចុចខាងក្រោម ដើម្បី​ស្តាប់ (ភាគទី២) http://mfi.re/listen/oewaj623edpzo9j/KONG_BUN_CHHOEURN01_23-08-09.mp3

ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយកាលនៅវិទ្យុ​បារាំង​អន្តរជាតិ Rfi ពីថ្ងៃទី 30/08/2009

 កំណាព្យ​ ស្នេហ៍​មាស ​ជាកម្រង​ បទ​ភ្លេង​ទំនុក​ច្រៀង​​ដែល​ចេញ​មក​ពីកំណាព្យ។​ កំណាព្យ ដែលលោក​ គង្គ ​ប៊ុនឈឿន បាន​និពន្ធ មាន​អត្ថន័យ​ទោរទន់​ទៅ​រក​រឿងបេះដូង ច្រើន​ជាង​រឿង​ដទៃ​ទៀត។

 អ្នក​ដែល​មាន​រឿង​បេះដូង​ ពេល​ណា​យំ​ក៏​ច្រៀង សប្បាយ​ក៏​ច្រៀង​ ខឹងសម្បារ​មួរ​ម៉ៅ​ក្រេវ​ក្រោធ​ក៏​ច្រៀង​ដែរ។​ ដូច្នេះ ​ចំពោះ​លោក​ គង្គ ​ប៊ុនឈឿន ​ចម្រៀង ឬ កំណាព្យ​ស្នេហ៍​មាស​​គ្មាន​អ្វី​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។

បទ​ភ្លេង និង​ទំនុក​ច្រៀង​របស់​លោក​ គង្គ ​ប៊ុន​ឈឿន​ សុទ្ធ​​តែ​មាន​អាយុ​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅ​តែ​មាន​ប្រជាប្រីយភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

​សូម​អញ្ជើញ​លោក​​ លោក​ស្រី​ នាង​កញ្ញា​ស្តាប់​ចម្រៀង​៣​បទ​ របស់​លោក គង្គ​ ប៊ុនឈឿន ដែល​បក​ស្រាយ​ដោយ​លោក​ស៊ីន​ស៊ី​សាមុត និង​អ្នកស្រី​ រស់ សិរីសុទ្ឋា។

 អ្នក​ខ្លះ​បាន​យក​ចម្រៀង​របស់​លោក​ទៅ​ដាក់​ក្នុង​ខ្សែ ភាព​យន្ត​ ឬ​ខ្សែ​វីដេអូ​ ជា​ចម្រៀង​កាយវិការ ការ៉ាអូខេ​ចេញ​លក់​ព្រោង​ព្រាត​ ឥត​គិត​ដល់​លោក​ គង្គ ​ប៊ុនឈឿន ដែល​ជា​​អ្នក​និពន្ធ​​ដើម​បន្តិច​បន្តួច​ឡើយ សូម្បី​តែ​ដែល​ដឹង​ហើយ​ក៏​នៅ​បំពាន​ដែរ។ ជន​ឱកាស​និយម​មួយ​ចំនួន​ទាំង​នោះ ​ប្រឹង​បឹត​ជញ្ជក់​ញើស​ឈាម​អ្នក​និពន្ធ​ និង​សិល្បករ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​​ដើម្បី​បម្រើ​​ផល​ប្រយោជន៍​វប្បធម៌​ជាតិ​ ឲ្យ​បាក់​ទឹកចិត្ត​ស្ទើរ​តែ​អស់​ឆន្ទៈ​បម្រើ​ការងារ​ដ៏​អភ័ព្វ​នេះ​រលីង។

 នៅ​ក្នុង​ផែនកាណ៍​១០​ឆ្នាំ​របស់​ពិភពលោក​ខាង​វិស័យ​វប្បធម៌ គេបាន​បែង​ចែក​ចំណុច​ វិជ្ជមាន​៤​យ៉ាង​ច្បាស់​លាស់​ថា ៖

 ១- ត្រូវ​ដាក់​វប្បធម៌​ក្នុង​បេះដូង​នៃ​ការ​អភិវឌ្ឍ​

២- ​ពង្រឹង​​ និង​ធ្វើ​ឲ្យ​អត្តសញ្ញាណជាតិ​មាន​ភាពសម្បូណ៌​បែប​

៣- ធ្វើ​ឲ្យ​ការងារ​វប្បធម៌​ ទៅជា​ការងារ​របស់​មនុស្ស​គ្រប់​គ្នា

៤- ជំរុញ​វិស័យ​វប្បធម៌​ ឆ្ពោះ​ទៅ​កាន់​សាមគ្គីភាព​អន្តរជាតិ

 លោក ​គង្គ ​ប៊ុន​ឈឿន សូម​ឲ្យ​សៀវភៅ​នេះ​បាន​ទៅជា​ឯកសារ​សម្រាប់​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ ជា​ពិសេស​ជា​មរតក​ដ៏​មាន​តម្លៃ​សម្រាប់​គ្រួសារ​របស់​លោក​ផ្ទាល់។

 តាម​រយៈ​ឯកសារ​វប្បធម៌​ដ៏​ល្អ​នេះ ខ្ញុំ​សូម​ឧទ្ទិស​ និង​​ចែក​រំលែក​នាទី​ ដែល​ខ្ញុំ​​បាន​រៀប​ចំ​ឡើង​ដោយ​ពឹង​ផ្អែក​លើ​សៀវ​ភៅ​កំណាព្យ​ស្នេហ៍​មាស​​របស់ លោក ​គង្គ ​ប៊ុនឈឿន ​នេះ​ជូន​ប្រីយ​មិត្ត​អ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI។

 ខ្ញុំ ​ប៉ិច ​សង្វាវ៉ាន ​សូម​អញ្ជើញ​លោក​​ លោក​ស្រី​ នាង​កញ្ញា​ស្តាប់​ចម្រៀង​៣​បទ​ដែល​បក​ស្រាយ​ដោយ​លោក​ ស៊ីន ​ស៊ី​សាមុត និង​អ្នកស្រី ​រស់ សិរីសុទ្ធា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s