មួយ​រយ​ក្លិន មួយ​រយរដូវ Cent parfums, cent saisons ដោយលោក គីម ខូវនី

@ រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ

 

ក្រោក​ឡើង​នាង​ មុន​ពេល​អរុណរះ ហើយ​នាង​មក​ជា​មួយ​ខ្ញុំ

ខ្ញុំ​ចង់​ឲ្យ​នាង​ឃើញ​មេឃ​លាង​ស្អាត​ដោយ​ទឹក​ភ្លៀង​ពេល​រាត្រី​

យើង​ដក​ដង្ហើម​យក​ក្លិន​ធម្មជាតិ​មិន​ទាន់​ស្អុយ​ដោយ​មនុស្ស​លោក​

ហើយ​យើង​បើក​ទូអារម្មណ៍ ទាញ​យក​អនុស្សាវរីយ៍​មក​អង្អែល​។

ខ្ញុំ​នឹក​ឃើញ​ពី​ក្លិន​ផ្កា​រំដួល​ឈួល​នាសា​ នៅ​ក្បែរ​ប្រាសាទ​ព្រះ​ខ័ន

ពី​ក្លិន​ផ្សែង​ធូប​និង​ទៀន​នៅ​មុខ​ព្រះបាទ​នាភ្នំគូលែន

​ពី​ក្លិន​ប្រចៀវ​ដែល​ទំ​ប្រប​លើ​គ្នា​តាម​ថែវ​ប្រាសាទ​អង្គរ​វត្ត​

ពី​ក្លិន​ស្លឹក​ឈើទុំ​រលួយរលាយ​ជាមួយ​ដី​តាម​ផ្លូវ​តូច​ទៅ​តាព្រហ្ម។

ខ្ញុំ​នឹក​ឃើញ​ពី​ក្លិន​ភក់​ពេល​កុមារ​ប្រជុំ​គ្នា​ រុតត្រី​ក្នុង​ត្រពាំង​

ពី​ក្លិន​ស្វាយ​ទុំ​ពេញ​កញ្ច្រែង​អ្នក​លក់​តាម​ផ្សារ​ក្រុង​តាខ្មៅ

ពី​ក្លិន​ប្រហុក​ដែល​គ្រួសារ​កសិករ​ទាំង​រទេះ​មក​ធ្វើ​តាម​ផ្លូវ​ទៅ​ព្រែក​ភ្នៅ

ពី​ក្លិន​ក្តាម​ប្រៃ​ពេញ​ទាំង​ពាងនៅផ្សារ​ក្រុង​កំពត។

ខ្ញុំ​នឹក​ឃើញ​ពី​ក្លិន​ត្នោត​ទុំ​ដែល​គេ​បេះ​មក​ធ្វើ​នំ​អាកោ

ពី​ក្លិន​ស្ពៃ​ជ្រក់​លក់​ក្នុង​ពាង​នៅ​ផ្សារ​ច្បារ​អំពៅ​

ពី​ក្លិន​សម្ល​កកូរ​សាច់​ទា​ក្បែរ​មាត់​ស្ទឹង​នៅ​ផ្សារ​បាត់​ដំបង

ពី​ក្លិន​អំបុក​ស្រូវ​ថ្មី ពេលខ្យល់​ខែ​កត្តិក​ធ្លាក់​ពី​ខាង​ជើង។​

ខ្ញុំ​នឹក​ឃើញ​ពី​ក្លិន​សារាយ​ពេល​សមុទ្រ​នាច​នៅ​ឆ្នេរ​ខ្សាច់​កែប

ពី​ក្លិន​មាន់​អាំង​ដែល​កុមារី​កាន់​លក់​ពេល​រថយន្ត​ចូលដល់​ផ្សារ​ត្រាំខ្នារ

ពី​ក្លិន​ចេក​អាំង​ដែល​ដូន​ចាស់​អង្គុយ​លក់​ក្បែរកំផែង​វត្ត​លង្កា

ពី​ក្លិន​ស្ករ​ត្នោត​ដាក់​ពាង​តម្រៀប​ជួរ​នៅ​ផ្សារ​បែក​ចាន។

ខ្ញុំ​នឹក​ឃើញ​ពី​ក្លិន​ដី​ដែល​ទទួល​ទឹក​ភ្លៀង​គ្រា​ដំបូង

ពី​ក្លិន​ម្អម​ដុះ​ប្រប​ទឹក​តាម​ស្រែ​ពេញ​សំណាប​បៃ​តង​ខ្ចី

ពី​ក្លិន​ជ័រ​ដើម​កៅស៊ូ​ដុះ​ត្រង់​ជួរ​តាម​ចម្ការ​មេមត់

ពី​ក្លិន​ទឹក​អប់​ខ្មែរ​នឹង​ម្សៅ​ខ្មែរ​នៅតាម​ផ្សារ​ស៊ីញែក។

ហើយ​ខ្ញុំ​នឹក​ឃើញ​ជាមួយ​នាង

ក្លិន​បុប្ផាគ្រប់​យ៉ាង​ដែល​អណ្តែត​តាម​ផ្លូវ​នរោត្តម​ពេល​រាត្រី

ក្លិន​ផ្សែង​ធូប​និង​ទៀន​នៅ​មុខ​ព្រះអង្គ​ដងកាល​រាល់​ថ្ងៃ​សីល

ក្លិន​ម្ហូប​និង​នំ​ពេល​ភ្ជុំ​បិណ្ឌ​នៅវត្ត​ស្ទឹង​មាន​ជ័យ

និង​ក្លិន​សក់​នាង​ដែល​វាយោ​បក់​ផាត់​លើ​ភ័ក្ត្រខ្ញុំ។

កុម្ភៈ ១៩៨០

គីម ខូវនី​

Advertisements

One response to “មួយ​រយ​ក្លិន មួយ​រយរដូវ Cent parfums, cent saisons ដោយលោក គីម ខូវនី

  1. អរគុណអ្នកបងធំ

    Sent from my iPhone

    >

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s