ផ្ទះ​ឪ LA MAISON DU PERE ដោយលោក គីម ខូវនី

តាម​ចន្លោះ​ចម្រឹង​បង្អួច​អំពី​ថ្ម​ដែល​មាន​ក្បាច់​ចម្លាក់​ឆ្នៃ​ក្រឡឹង​ ភ្នែក​ខ្ញុំ​សម្លឹង​ក្រសោប​ទៅ​លើ​ទេស​ភាព​មួយ​ពេញ​ដោយ​សម្ផស្ស​ទិព្វ។ នៅ​ទិស​ខាង​លិច​មេឃ​ប្តូរ​សម្លៀក​បំពាក់​ពណ៌​ខៀវ​ស្រងាត់​ពោរ​ពេញ​ដោយ​កម្តៅ​ព្រះ​អាទិត្យ​ទៅ​ពណ៌​លឿង​ទុំ​ឆូត​ដោយ​ចំណិត​ពពក​ពណ៌​ក្រម៉ៅ​និង​ក្រហម។ ស្រមោល​ចាប់​រត់​លេង​តាម​កាំ​ជណ្តើរ​ថ្ម ហើយ​ពេញ​តាម​រស្មី​ចុង​ក្រោយ​នៃ​អស្តង្គត​ឲ្យ​រត់​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ។ រូប​ចម្លាក់​នៃ​ថែវ​ជាន់​លើ​ត្រូវ​ពន្លឺ​ក្រហម​ព្រឿង​ចាំង​រំលេច​សម្ផស្ស​មួយ​សន្ទុះ​ខ្លី រួច​ហើយ​ដក​ប្រាណ​ថយ​ទៅក្នុង​ភាព​ងងឹត​ព្រាលៗ។ ខ្ញុំ​ងាក​គយ​គន់​កំពូល​ទាំង​ប្រាំ ដែល​ប្រៀប​ដូច​ក្រោក​ឈរ​តំណាល​គ្នា ដើម្បី​ទទួល​គារវភក្តី​នៃអស្តង្គត​ដែល​យក​រស្មី​ពណ៌​មាស​មក​បំពាក់​​លើ​ក្បាច់​ចម្លាក់​រាង​ត្រី​កោណ ជាហេតុ​ធ្វើ​ឲ្យ​កំពូល​ទាំ​ង​​នោះ​ មាន​សភាព​ដូច​ជា​ភ្នំមាស​សុទ្ធ​ផុស​អណ្តែត​ឡើង។ ខ្ញុំ​មើល​ចុះ​មក​ថ្នាក់​ខាង​ក្រោម ទេសចរ​មួយ​ក្រុម​ព្រម​ទាំង​ព្រះ​ពីរ​ឬ​បី​អង្គ បាន​ចាក​ចេញ​ពី​ចែវ​ជាន់​ក្រោម​បំផុត​ហើយ​ត្រាច់​ទៅ​លើ​ផ្លូវ​ធំ​មួយ​ក្រាល​ដោយ​ផែន​សិលា​អម​ដោយ​ប្រាណ​នាគ។ នៅ​ក្នុង​តួប្រាសាទ​ទាំង​មូល​មាន​នៅ​សល់​តែ​ខ្ញុំ​និង​រូប​ចម្លាក់។ ក្នុង​ពេល​នោះ​ ខ្ញុំ​ចង់​ឮ​សំឡេង​ទន់​ពីរោះ​មួយ​​ចេញ​ពី​បបូរ​មាត់​ញញឹម​នៃស្ត្រី​ទេព​អប្សរ​ស្រែក​ហៅ​ខ្ញុំ តែ​ខ្ញុំ​គ្មាន​​ឮអ្វី​ក្រៅ​ពី​វាយោ​ដែល​បក់​អង្រួន​ចុង​ត្នោត​បួន​ឬ​ប្រាំ​ដើម ដែល​រំយោល​កញ្ចុំ​ ហើយ​ឆ្លុះ​ស្រមោល​បង្អួត​សម្រស់​ជា​មួយ​កំពូល​ប្រាសាទ​ ដែល​ចាំ​ទៅ​លើ​ផ្ទៃ​ទឹក​ហ្នឹង​ថ្កល់​នៃ​អាង​ខាង​លិច។ មុន​នឹង​ខ្ញុំ​ឃ្លាត​ចេញ​ពី​ថែវ​ជាន់​លើ​ ខ្ញុំ​យក​ម្រាម​ដៃ​ស្ទាប​អង្អែល​លា​ប្រាណ​ស្ត្រី​ទេព​អប្សរ​ទាំង​អាល័យ។ លុះ​ខ្ញុំ​ចុះ​មក​ដល់​ថែវ​ជាន់​ក្រោម រូប​ចម្លាក់​រាប់​រយពាន់​រង់ចាំ​ខ្ញុំ​លើ​ផ្ទៃ​ជញ្ជាំង​ដែល​លាត​បណ្តោយ​ព័ទ្ធ​ជុំ​វិញ​តួ​ប្រាសាទ។ ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ភ្នែក​ខ្ញុំ​សម្លឹង​មើល​ក្បាច់​ចម្លាក់​នោះ​ម្រាម​ដៃ​ខ្ញុំ​ក៏​តាម​ដាន​រឿង​រាម​កេរ្តិ៍​ជាមួយ​ទ័ព​ហនុមាន រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ជាមួយ​ត្រី ក្រពើ នាគ និង​រាជសី រឿង​បុរាណ​កាល​សម័យ​ព្រះ​បាទ​សុវិយាវរ្ម័ន​ទី​២ ក្នុង​ពេល​ព្រះ​អង្គ​គង់​លើ​ព្រះ​រាជ​បល្ល័ង្គ​អម​ដោយ​ព្រាហ្ម​ណ៍និង​មន្ត្រី​ ហើយ​និង​រឿង​ដង្ហែរ​ក្បួន​ទ័ព​គគ្រឹក​គគ្រេង។​ នៅ​ពេល​ដែល​ខ្ញុំ​ចុះ​តាម​កាំជណ្តើរ​មក​កាន់​ផ្លូវ​ធំ​ខាង​មុខ​ប្រាសាទ​ ព្រះ​សុរិយា​ហៀប​នឹង​លិច​បាត់​នៅ​ទិស​ខាង​លិច​។​ មេឃ​ដូរ​ពណ៌​ទៅ​ស្វាយ​ស្រគាំ​ ហើយ​រស្មី​លឿង​ស្រាល​មក​លាប​លើ​តួ​ប្រាសាទ​ទាំង​មូល។ ខ្ញុំអង្គុយ​ផ្អែក​លើ​បង្កាន់​ដៃ​រូប​នាគ ហើយ​ខ្ញុំ​រង់​ចាំ​រហូត​ដល់​ពន្លឺ​សេស​សល់​បន្តិច​បន្តួច​ដក​ខ្លួន​ចេញ​ពី​កំពូល​ប្រាសាទ​ ដែល​ស្រមោល​នៅ​តែ​អណ្តែត​ខ្ពស់​ក្នុង​មេឃ​ប្រផេះ​នៃ​រាត្រី​ដែល​ធ្វើ​ដំណើរ​​ចូល​មក។ តារា​មួយ​ឬ​ពីរ​ចាប់​ឆ្លុះ​ក្នុង​មេឃាធ្វើ​​ឲ្យ​បរិយាកាស​ក្នុង​ពេល​នេះ​នៅ​ចំពោះ​មុខ​ប្រាសាទ​អង្គរ​វត្ត​ក្លាយ​ជា​រាត្រី​ទិព្វមាន​តែ​អនុស្សាវរីយ៍​នៃ​ព្រះ​បាទ​សុរិយាវរ្ម័ន​ទី​២​ជា​សាក្សី​ដែល​ទត​ពី​លើ​កំពូល​ប្រាសាទហើយ​ឆ្លង​កាត់​ច្រើន​សតវត្ស​រ៍មក​រក​ខ្ញុំ។ ដោយ​ប្រាសាទ​អង្គរ​វត្ត​បាន​កសាង​ឡើង​ដោយ​កម្លាំងរាស្ត្រ​មហានគរ​ជំនាន់​នោះ ហើយ​រាស្ត្រ​ទាំង​នោះ​ត្រូវ​ជា​ជីដូន​ជីតា​នៃ​ជីទួត​លួត​លា​របស់​ខ្ញុំ។ ខ្ញុំ​សន្និដ្ឋាន​ថា ប្រាសាទ​អង្គរ​វត្តដែលជា​ស្នាដៃ​នៃ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ និង​ជាសម្បត្តិ​មត៌ក​រួម​នៃ​ជាតិ​ខ្មែរក៏​ត្រូវ​ជា​ផ្ទះ​ឪ​ខ្ញុំ​ដែរ។

ធ្នូ ១៩៩០

Advertisements

3 responses to “ផ្ទះ​ឪ LA MAISON DU PERE ដោយលោក គីម ខូវនី

  1. អរគុណអ្នកបង

    Sent from my iPhone

    >

  2. អ្នក​និពន្ធ​បាន​បញ្ចេញ​មនោ​សញ្ចេត​នា​ខ្ពស់ ធ្វើ​អោយ​រូប​ចំលាក់​ឥត​វិញ្ញាណ​កំរើក​ញប់​ញ័រ វង្វេង​លង់​លក់​ក្នុង​សំរស់​របស់​ខ្លួន​បាន មើល​ចុះ​មេឃ​​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខៀវ​ដូច​កិន្នរី​នៃ​ឋាន​ទេវ​លោក ឆ្លុះ​បញ្ចាំង​ដោយ​រស្មី​ពរ​លឿង​ទុំ​នៃ​ព្រះ​អាទិត្យ​រៀប​អស្ដង្កត​។ សម្លេង​ពីរោះ ចេញ​​ពី​​បបូរ​​មាត់​​ញញឹម​​នៃ​ស្ត្រី​ទេព​អប្សរ ធ្វើ​អោយ​ស្ថិត​នៅ​ក្នុង​កាម​រាគ​នៃ​សេច​ក្ដី​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ អាលោះ​អាល័យ​លើក​ដៃ​ស្ទាប​អង្អែល​ប្រាណ​នាង មុន​នឹង​លា​បែក​ចាក​​ទៅ​។

    • ប្រាកដណាស់ ​ចំពោះខ្ញុំ លោក​គីម ខូវនីជាឧត្តមអ្នកនិពន្ធមួយរូបគ្មានពីរក្នុងប្រទេសបារាំងដែលខ្ញុំកោតសរសើរជាទីបំផុត។ អត្ថបទលោកសម្បូណ៍ដោយរូបារម្មណ៍។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s