អ្នកនិទានរឿង LE CONTEUR PUBLIC ដោយលោក គីម ខូវនី

រាត្រីនេះចម្លែកណាស់
ព្រោះកុមារគ្រប់គ្នាប្រញាប់បរិភោគបាយ
រត់ប្រញាយសំដៅទៅផ្ទះមួយកណ្តាលភូមិ
អ្នកម្ចាស់ផ្ទះ ដាក់រានឫស្សីមួយធំ ក្នុងធ្លាខាងមុខផ្ទះ
នៅលើគ្រែនោះ គេឃើញគំនរខ្នើយ គ្រប់ពណ៌៥ឬ៦។

មនុស្សក្មេងចាស់ អង្គុយដំកង់ជុំវិញគ្រែឫស្សី
ចង្កៀងប្រេងកាតពីរ ចងនៅលើមែកឈើទាបជិតទីនោះ
ធូបបីសរសៃបង្ហុយផ្សែងក្រអូបចេញពីបាយសីត្រួត
បន្តិចក្រោយមក តាចាស់ខ្មៅស្រអែមម្នាក់ដើរចូលមក។

គាត់ឡើងលើគ្រែ ហើយលើកដៃបួងសួងអារក្សទេវតា
គាត់រៀបចំប្រាណ បត់ជើងសម្រួលលើកន្ទេលក្រហម
ហើយភ្លាមមក គាត់យកដៃច្រត់ចង្កេះ ហើយសិរិសារ
ដំឡើងទឹកមុខមាំ យ៉ាងឧឡារិក គាត់ចាប់និទានរឿងរាមកេរិ៍្ត។
គាត់ពើងដើមទ្រូង កាលណាគាត់ដើរតួព្រះរាម
គាត់ដូរសំឡេងតូច កាលណាគាត់ធ្វើតួនាងសិតា
គាត់ធ្វើមុខក្រញ៉ូវ កាលណាគាត់ចេញតួក្រុងរាពណ៍
គាត់អេះក្លៀកញិចរិច កាលណាគាត់ថ្លែងតួហនុមាន។
ដល់ពេលព្រះរាមថ្លែងសរ គាត់ចាប់ខ្នើយគ្រវែងគ្រប់ទិស
អ្នកស្តាប់ជួរខាងមុខស្រឡាំងកាំង នាំគ្នាគេចនឹងខ្នើយហោះ
ឯកុមារតូចៗសើចហ៊ោ រត់ដណ្តើមគ្នារើសខ្នើយ
ហើយយកមកដាក់លើគ្រែ ទុកឲ្យតាថ្លែងសរម្តងទៀត។
តានិទានរឿង បិទឆាកភាគទី១ត្រង់កន្លែងជក់សាច់រឿង
ព្រោះព្រះរាមកំពុងលើកទ័ពប្រយុទ្ធក្រុងរាពណ៌នៅក្រុងលង្កា
ពេលជាងអធ្រាត្រហើយ តែខ្ញុំនៅមិនទាន់ចង់ទៅនិទ្រា
ហើយខ្ញុំសន្យាថា ល្ងាចស្អែក ខ្ញុំមករើសកន្លែងមុនគេនៅជិតគ្រែ៕
គីម ខូវនី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s