ទន្លេស្រែក​ហៅ L’appel du fleuve ដោយលោក គឹម ខូវ​នី

រាត្រី​លឿន​ទៅ​មុខ​នាឡិកា​វាយ​ម៉ោង​១២អធ្រាត្រ

កុមារពីរឬបីនាក់​ដេញ​ចាប់​ក្រោមចង្កៀងគោម។

ខ្ញុំ​ហៀប​នឹង​ចូល​និទ្រា ស្រាប់តែ​តែ​ខ្ញុំ​ឮ​សូរ​ជើង​ដើរ​យឺតៗ

ប្រៀប​ដូច​អ្នក​ដំណើរ​នោះ​ត្រេច​មក​ពី​ឆ្ងាយ

ហើយ​វិល​វល់​គ្មាន​ញាតិមិត្ត​ជា​ទីពឹង។

លុះ​ស្រមោល​មក​ដល់​ក្រោម​ចង្កៀង

ទើប​ខ្ញុំ​ឃើញ​យាយ​ចាស់​ម្នាក់​យួរ​បង្វិច​តូច​មួយ​

គាត់​ហត់​ណាស់​ ជើង​អូស​ធ្ងន់​លើ​ថ្នល់​កៅស៊ូ

គាត់​បើក​មាត់​ដក​ដង្ហើម​ស្ទើរ​មិន​ដល់​គ្នា

គាត់​បន្ទន់​ជង្គង់​ចុះ​នៅ​មុខ​ប៉ុស្តិ​អ្នក​យាម

ហើយ​សុំ​អនុញ្ញាត​អង្គុយ​សម្រាក​បន្តិច​សិន។

គាត់​លើក​ដៃ​សំពះ​សុំ​ទឹក​បន្តិច

ព្រោះ​តាំង​ពី​ព្រឹក​មក​គ្មាន​ទឹក​ផឹក​តាម​ផ្លូវ​ស្ងួត

គាត់​អង្វរ​សុំ​បាយ​បន្តិច ព្រោះ​គ្មាន​ប្រាក់​ទិញ។

យាយ​ចាស់​និយាយ​ថា ៖

«ចៅអើយ ខ្ញុំ​រត់​ចោ​ល​ផ្ទះ​តាំង​ពី​ព្រឹក

ម្សិល​មិញ ដោយ​គ្រាប់​កាំ​ភ្លើង​ធ្លាក់​ជា​មួយ​សន្សើម​ពេល​ព្រឹក

ឆាប​ឆេះ​ឆួល​អស់​ទៅ​ហើយ។

ពេល​ផ្ទះ​ឆេះ​គ្មាន​អ្នក​ឯណា​ជួយ

ព្រោះ​ប្តី​ស្លាប់​ចោល​យូរ​ឆ្នាំ​មក​ហើយ

សម្បត្តិ​បន្តិច​បន្តួច​រលាយ​ទៅ​ជា​ផ្សែង។

ខ្ញុំ​មាន​កូន​ប្រុស​មួយ​ធ្វើ​ទាហាន​តែ​ស្លាប់​ពី​ឆ្នាំ​ទៅ

ឯដី​ស្រែ​ទុក​ចោល​គ្មាន​អ្នក​ណា​ជួយ​ធ្វើ

គោមួយ​នឹម​ត្រូវ​គ្រាប់​ងាប់​ស្អុយ​ក្រោម​ភ្លៀង​ខ្យល់។

ខ្ញុំ​រត់​ចោល​ផ្ទះ​ឆេះ​មក​ទី​ក្រុង

ដើម្បីរក​ក្មួយ​ស្រី​ម្នាក់​ដែល​ចេញ​ពី​ភូមិ​តាំង​ពី​តូច​

ខ្ញុំ​ខំ​ដើរ​រក​តាំង​ពី​ព្រលឹម តែ​រក​មិន​ឃើញ

ជួប​តែ​ជ​ន​ភៀស​ខ្លួន​រាប់​សែន​នាក់

ដែល​ជ្រក​តាម​របង​ផ្ទះ​គេ ឬ​តាម​វត្ត។

ឥឡូវ​នេះ​ ខ្ញុំ​គ្មាន​នៅ​សល់​អ្វី

ក្រៅ​ពី​ស្រមោល​ដើរ​តាម​ពី​ក្រោយ​ខ្ញុំ។​»

យាយ​ចាស់​និយាយ​រួច​ហើយ​ស្រាយ​បង្វិច​គាត់

ដក​ចេញ​យក​ប្រអប់​ស្លា​ខ្មុក​ពណ៌ខ្មៅ​មួយ

ហើយ​ហូត​យក​ស្លឹក​ម្លូ​មួយ​មក​បៀក​កំបោរ​ក្រហម

ដោយ​ផ្ទាល់​នឹង​ចំណិត​ស្លា​ក្រៀម។

យាយ​ចាស់​ធ្វើ​ឡើង​អង្វើលៗ

ប្រៀប​ដូច​គាត់​ប្រមូល​ជីវិត​គាត់​ដែល​នៅ​សល់

មក​ប្រើ​បញ្ចប់​សម្រាប់​ម្លូរ​មួយ​មាត់​ចុង​ក្រោយ​

ព្រោះ​បន្ទាប់​ពី​ចាក​ចេញ​ពី​ទីនេះ​ទៅ

តើ​វាសនា​រង់​ចាំ​គាត់​របៀប​ណា

យាយ​ចាស់​បិទ​ប្រអប់​ស្លា​ ហើយ​វិច​បង្វិច​ជា​ថ្មី

គាត់​សើច​ដាក់​ទាន​ដល់​អ្នក​យាម

ហើយ​គាត់​ច្រត់​ក្បាល​ជង្គង់​យ៉ាង​ទារុណ

ខំ​ក្រោក​ឡើង​ទាំង​ខ្នង​កោង​ទាំង​ក្បាល​ធ្ងន់

អូស​ជើង​មួយៗ​ដៃ​យួរ​បង្វិច

គាត់​បែរ​ភ័ក្ត្រ​តម្រង់​ទៅស្ពាន​មុនីវង្ស។

ខ្ញុំ​ឮ​ជំហាន​គាត់​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ

សក់​ស្កូវ​គាត់​លេច​អណ្តែត​ក្នុង​រាត្រី។

តើ​ជីដូន​ចាស់​មាន​កម្លាំង​ឆ្លង​ផុត​ស្ពាន​ចុងក្រោយ​នេះ​ឬ​ទេ?

ឬ​មួយ​ក៏​លោត​ចុង​ឲ្យ​ទឹក​ទន្លេ​នាំ​យក​ទៅ

ដើម្បី​បញ្ចប់​ការ​តូច​ចិត្ត​នឹង​វាសនា​ស្រុក​កម្សត់

ហើយ​បិទ​វាំង​នន​លើ​ព្រហ្ម​លិខិត

ដែល​ធ្វើ​ឲ្យ​ជីវិត​ជួប​តែ​នឹង​ការ​ព្រាត់​ប្រាស។

១០ កក្កដា ១៩៧៧

គីម ខូវនី​

Advertisements

One response to “ទន្លេស្រែក​ហៅ L’appel du fleuve ដោយលោក គឹម ខូវ​នី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s