លិខិត​ពីនាង​កង្រី Lettre d’une princesse morte ដោយ លោកគីម ខូវ​នី​

ជីវិត​យើង​ប្រៀប​ដូច​ជា​ដុំ​ពេជ្រ​ទាំង​គ្រាប់​ដែល​មាន​មួយ​ម៉ឺន​ជ្រុង ហើយ​ជ្រុង​ខ្លះ​មាន​ចាំង​ឆ្លុះ​រស្មី​ស្រស់​ពណ្ណរាយ​​ ឯជ្រុង​ខ្លះ​ទៀត​ស្ថិត​ក្នុង​ស្រមោល​ខ្មៅ។ អនុស្សាវរីយ៍​ក្នុង​ជីវិត​យើង​ ក៏​មាន​ន័យ​ដូច​ដុំ​ពេជ្រ​ដែរ​។ អនុស្សាវរីយ៍ខ្លះ​បាន​គូស​ឆូត​ជីវិត​យើងប្រៀបដូច​ជា​គេ​ឆ្លាក់​ឆ្នៃ​លើ​ផ្ទាំង​សីលា​ ដើម្បី​ឲ្យ​​យើង​រក្សា​ក្នុង​អណ្តូង​ឱរា​យើង ហើយ​យើង​កកាយ​យក​មក​រម្លឹក​ជាថ្មី​វិញ ទៅ​តាម​ពណ៌​នៃ​មនោសញ្ចេតនា​យើង​ ក្នុង​កាលៈទេសៈនីមួយ​ៗ​។ ជីវិត​ខ្ញុំ​ក៏​ពេញ​ដោយ​ជ្រុង​រស្មី​និង​ជ្រុង​ស្រមោល​ខ្មែរ​ដែរ។ មាន​អនុស្សាវរីយ៍ខ្លះ ខ្ញុំ​មិន​សូវ​ចូល​ចិត្តលើក​យក​មក​រម្លឹកឲ្យ​រស់​ជាថ្មី​ទេ ហើយ​ខ្ញុំ​ចាត់ទុក​ដូច​ជា​ការយ​ល់​សប្តិ​អាក្រក់​ដែល​ត្រូវ​ចប់​ពេល​អរុណ​រះ​ឡើង​ ព្រោះ​ជា​រឿង​រត់​ចោល​ផ្ទះ​កំណើត​ ជា​រឿង​បែក​ឃ្លាត​គ្រួសារ​ នៅឯ​មាតុភូមិ ជារឿង​លាន​មរណៈ។ រឿង​វិនាសកម្ម​ទាំង​នេះ ក្លាយ​ទៅ​ជា​សម្បត្តិ​រួម​នៃ​រាស្ត្រ​ខ្មែរ​ម្នាក់ៗ ដែល​បាន​ឈឺចាប់​ក្នុង​សាច់​ឈាម​ផ្ទាល់​ខ្លួន​ដោយ​បាន​បាត់​បង់​សមាជិក​គ្រួសារ​ដូច​ខ្ញុំ​ដែរ។

          ក្នុង​ចំណោម​ជ្រុង​រស្មី​នៃ​ក្នុង​ជីវិត​ខ្ញុំ​នៅ​លើ​ដី​បរទេស​ មាន​រឿង​មួយ​នោះ​ដែល​គ្មាន​ន័យ​ធំ​ដុំ​ដល់​អ្នក​ឯទៀត តែ​មាន​សារៈ​សំខាន់​សម្រាប់​ខ្ញុំ​។ រឿង​នោះ​មាន​ដំណើរ​ដូច​តទៅ៖

«ថ្ងៃមួយ​នោះ ក្នុង​សួន​ច្បារ​ធំ​មួយ​ចំកណ្តាល​ក្រុង​ប៉ារីស៍ នារីម្នាក់​អង្គុយ​លើ​កៅ​អី​ថ្មមួយ​ក្បែរ​ខ្ញុំ ក្រោម​ចំហាយ​ថ្នម​មុន​ដំបូង​នៃ​ព្រះ​សុរិយា​នៅ​ដើម​រដូវ​ផ្ការីក។ សត្វ​ព្រាប​ទាំង​ហ្វូង ហើរ​ចុះ​ក្បែរ​គុម្ព​ផ្កា​ដើម្បីស្វែង​រក​ចំណី​។ សត្វ​ព្រាប​មួយ​គូ​នោះ​យំ​រហឹម ចែចង់​គ្នា​នៅ​ចំពី​មុខ​យើង​ ជាហេតុ​ឲ្យ​នាង​ញញឹម​ ហើយ​ស្រវា​ចាប់​កាន់​ដៃ​ខ្ញុំ។ នាង​បោះ​ចំណិត​នំប៉័ង​ក្បែរ​ជើង​នាង​។ សត្វព្រាប និង​សត្វ​ចាប​ចូល​មក​ចឹក​ដណ្តើម​គ្នា។ ខ្ញុំ​បេះ​ចំណិត​នំប៉័ង​ដាក់​លើ​បាត​ដៃ សត្វ​ចាបតូច​មួយ ហើរ​មក​ឆាប​យក​ចំណិត​នំប៉័ង​នោះ​ភ្លាម។ នាង​ក៏​ធ្វើ​តាម​ខ្ញុំ ហើយ​សត្វ​ចាប​ដដែល​ក៏​ហើរ​ចុះ​មក​លើ​បាត​ដៃ​នាង​ មួយ​វិនាទី​ដើម្បី​ចឹក​យក​ចំណិត​នំប៉័ង​។ នាង​ញញឹម​មក​រក​ខ្ញុំ​។ ខ្ញុំ​សម្លឹង​មើល​រស្មី​ព្រះ​សុរិយា​អង្អែល​សក់​ខ្មៅ​វែង​ដែល​ធ្លាក់​លើ​ស្មា​នាង។ ខ្ញុំ​លើក​ដៃ​ទៅ​អង្អែល​ភ័ក្ត្រ​នាង​ដែល​នៅ​ជាប់​ស្នាម​ស្រពោន​បន្ទាប់​ពី​មរណភាព​នៃ​មាតា​នាង​ពីប៉ុន្មាន​អាទិត្យ​មុន​នេះដោយ​ជំងឺ​មហារីក។ ខ្ញុំ​ស្ទាប​ភ័ក្ត្រ​នាង​ ប្រៀប​ដូច​ជា​​ខ្ញុំ​ចង់​បញ្ជាក់​ខ្លួន​ខ្ញុំ​​ថា តើ​រូប​នាង​ពិត​ឬ​ដែល​នៅ​ក្បែរ​ខ្ញុំ​? មួយ​ភ្លែត​នោះ ខ្ញុំ​មាន​ការ​រំភើប​ ប្រៀប​ដូច​ជា​ស្ថាន​សួគ៌ ដែល​ខ្ញុំ​មិន​ជឿស្រាប់​តែ​ឧប្បត្តិក​ផុស​ឡើង​ចំពី​មុខ​ខ្ញុំ​។ មួយ​ឆ្នាំ​ មុន​ពេល​ដែល​ខ្ញុំ​បាន​ស្គាល់​នាង មាន​មនោសញ្ចេតនា​ចម្លែក​មួយ​បាន​ផ្តួច​ផ្តើម​ក្នុង​ឱរា​ខ្ញុំ។ ​ការស្រមៃ​ប្រែ​ក្លាយ​បន្តិច​ម្តង​ៗ​ពី​ការ​រវើរវាយ​ទៅ​ជា​ការ​ជាក់​ស្តែង​ក្នុង​ចិត្ត​ខ្ញុំថា នាង​នឹង​ខ្ញុំ​ត្រូវ​ជួប​គ្នា​ក្នុង​ឱកាស​ណា​មួយ​ដែល​យើង​គ្មាន​បាន​គ្រោង​ទុក​ជា​មុន។ រូប​សម្រស់​របស់​នាង​ក្នុង​ពេល​នេះ ឆ្លើយ​ត្រូវ​នឹង​សម្រស់​ក្នុង​ការ​ស្រមៃ​របស់​ខ្ញុំ​។ វិញ្ញាណ​ខ្ញុំ​បាន​ឆ្លាក់​ឆ្នៃ​ទុក​ជា​មុន​ស្រេច​នូវ​រូប​នារី​ម្នាក់​ដែល​មាន​ភ័ក្ត្រ​មូល​ទ្រវែង​បន្តិច មាន​ថ្ពាល់​រំលេច​ដោយ​ខួច​ពីរ​ ហើយ​សក់​ខ្មៅ​វែង​លើ​ស្មា។ កាលណា​ខ្ញុំ​សម្លឹង​មើល​នាង ខ្ញុំ​នឹក​ឡើង​ថា សុភមង្គល​ក្នុង​រយៈ​មួយ​នាទី​ឬ​មួយ​ម៉ោង​ក្រោម​រស្មី​ដំបូង​នៃ​សុរិយា​នា​ដើម​រដូវ​ផ្ការីក ពុំ​អាច​នឹង​​មក​លក់​ប្តូរ​ជាមួយ​មាស​មួយ​លាន​តម្លឹង​បាន​ឡើយ ព្រោះ​នេះ​ជា​សម្បត្តិ​ទ្រព្យ​តែ​មួយ​របស់​ខ្ញុំ។ ខ្ញុំ​នឹក​ភ្នក​ទៅ​រឿង​នាង​កង្រី​និង​ឫទ្ធីសែន ដែល​ស្នេហា​ធំ​ធេង​មាន​ការ​ចប់​ក្នុង​កាលៈទេសៈ​យ៉ាង​ឃោឃៅ​មួយ​។ នៅ​ពេលខ្ញុំ​នឹកមក​ដល់​រឿង​នាង​កង្រី​និង​ឫទ្ធីសែន​កាលណា ខ្ញុំ​ញញឹម​ស្ងួត​ដោយ​មិន​ដឹង​ខ្លួន។ នាង​ឆ្ងល់​ហើយ​សួរ​ខ្ញុំ​ពី​ដើម​ហេតុ​នៃ​ការ​ញញឹម​ចម្លែក​នេះ។ ខ្ញុំ​ឆ្លើយ​ប្រាប់​នាង​ថា ខ្ញុំ​បាន​ប្រដូច​មនោសញ្ចេតនា​យើង​ទាំង​ពីរ​ទៅ​នឹង​រឿង​នាង​កង្រី​និង​ឫទ្ធីសែន​ ហើយ​ខ្ញុំ​ខ្មាស់អៀន​ក្នុង​ចិត្ត​ខ្ញុំ​​ដែល​មាន​អំនួត​ហ៊ាន​យក​រឿង​ខ្ញុំ​និង​នាងទៅ​លើ​កម្ពស់​ស្មើ​នឹង​រឿង​ព្រេង​បុរាណ។ មួយ​វិញ​ទៀត​ខ្ញុំ​សុំ​ទោស​នាង​ជាមុន ខ្ញុំ​ក៏​មិន​ចង់​ប្រដូច​រូប​នាង​ទៅ​នឹង​នាង​កង្រី​ដែល​មាន​កំណើត​ជា​យក្សា តែ​ខ្ញុំ​ចង់​លើក​យក​ចំណុច​ស្នេហា​យ៉ាង​ទុរគត​របស់​យើង​មក​និយាយ​។ ខ្ញុំ​ប្រាប់​ពី​ចម្ងល់​របស់​ខ្ញុំ ព្រោះ​តាំង​ពី​កុមារ​មក ខ្ញុំ​បាន​រៀន​ដល់​ត្រឹម​វគ្គ​ត្រង់​នាង​កង្រី​បែក​ពី​ឫទ្ធីសែន​ ហើយ​បោក​សម្លាប់​ខ្លួន​នៅ​មាត់​ទន្លេ។ ហេតុនេះ​ហើយ​ខ្ញុំ​ចង់​ប្រឌិត​រឿង​នេះ​តទៅ​ទៀត​ដោយ​នឹក​ស្រមៃ​ថា មុន​ពេល​នាង​កង្រី​បោក​សម្លាប់​ខ្លួន​ទៅ នាង​កង្រី​បាន​សរសេរ​លិខិត​មួយ​ទុក​ឲ្យ​ឫទ្ធីសែន​។ នាង​ក៏​សុំ​ឲ្យ​ខ្ញុំ​រៀប​ចំ​ជា​កំណាព្យ​មួយ តាម​របៀប​កំណាព្យ​ច្រើន​ទៀត​ដែល​ខ្ញុំ​ធ្លាប់​អាន​ឲ្យ​នាង​ស្តាប់។ លិខិត​ត​ទៅនេះ ជាលិខិត​ប្រឌិត​ឡើង ហាក់​ប្រៀប​ដូច​ជា​មត៌ក​មួយ​អំពី​នាង​កង្រី​ ដែល​តម្កល់​ទុក​ជា​ច្រើន​សត​វត្ស​រ៍មក​ហើយ​សម្រាប់​ឫទ្ធី​សែន​ជាស្វាមី​នាង​ និង​គ្រប់​អង្គ​ឫទ្ធីសែន​ទាំង​អស់​ដែល​រាស្ត្រ​ខ្មែរ​រង់​ចាំ​ជា​យូរ​មក​ហើយ ដើម្បី​ស្រោច​ស្រង់​មាតុភូមិ​ពី​សមុទ្រ​ទុក្ខ​សព្វ​ថ្ងៃ​នេះ។ អតីត​ដើរ​មក​ជួបបច្ចុប្បន្នៗ​រង់​ចាំ​អតីត ខ្ញុំ​ស្តាប់​សំឡេង​សតិ​សម្បជញ្ញៈរបស់​ខ្ញុំ​ដូច​តទៅ។ ពី​មាត់​ទន្លេ​កំពង់​ឆ្នាំង​ដែល​នាង​ដួល​ស្លាប់​ នាង​កង្រី​បាន​ទុក​លិខិត​ចុង​ក្រោយ​មួយ​ឲ្យ​ឫទ្ធីសែន ៖

«ព្រះ​អង្គ​ជា​ទី​គោរព​និង​ស្នេហា

ឱព្រះ​អង្គ​! កុំ​ភ្លេច​ទឹក​ភ្នែក​ខ្ញុំ​ហូរ​លាយ​ជា​មួយ​នឹង​ទឹក​ទន្លេទឹក​ភ្នែក​ខ្ញុំ​ហូរ​លើ​

ឈាម​ជាតិ​ខ្មែរ​ដែល​ក្សិណក្ស័យ​រាប់​លាន​នាក់​ដោយ​សត្រូវ​ក្នុង​និង​ក្រៅ

ទឹក​ភ្នែក​ខ្ញុំ​ហូរ ដើម្បី​បញ្ជាក់​ស្នេហាស្មោះស្ម័គ្រ​របស់​ខ្ញុំ​ចំពោះ​ព្រះ​អង្គ។

ទោះ​បី​ប្រាណ​ខ្ញុំ​បាន​ឱន​លំទោន​បូជា​ចំពោះ​ព្រះអង្គ​គ្រប់​ពេល​វេលា​

តែ​ហត្ថខ្ញុំ​​នៅ​លើក​ ដើម្បី​កាន់​ដាវ​ការពារ​ព្រះ​អង្គ​ពី​ខ្មាំង​សត្រូវ

ខ្ញុំ​សូម​ព្រះ​អង្គ​ស្តាប់​សម្រែក​ខ្ញុំ​ដែល​បម្រះ​ចេញមក​ពី​ជម្រៅសាវតា

ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​រាស្ត្រ​ខ្មែរ​បោះ​បង់​ឈ្មោះខ្ញុំ​ក្នុង​អណ្តូង​បំភ្លេច​។

ខ្ញុំ​ទទួល​យក​ទាំង​អស់​ចំពោះ​ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ​ដែល​ព្រាត់​ប្រាស់​

ខ្ញុំ​ដឹង​ជាក់​ថា ព្រះ​អង្គ​មិន​បាន​ក្បត់​ជាតិ​ខ្មែរ​និង​ទឹក​ដី​ខ្មែរ​ឡើយ​

ខ្ញុំត្រូវ​តែ​ការពារកេរ្តិ៍​ឈ្មោះ​ព្រះអង្គ​ចំពោះ​ការ​រិះ​គន់​គ្រប់​យ៉ាង

ព្រោះ​ព្រះ​អង្គ​ជា​និមិត្ត​រូប​នៃ​ព្រលឹង​ខ្មែរ​ក្នុង​ជល​សារ​ពេល​ដោយ​ព្យុះ

​នយោបាយ។

ព្រះ​អង្គ​ត្រូវ​តែ​ពេញ​ព្រះ​ទ័យ​នឹង​រាស្ត្រខ្មែរ​តូច​តាច​តាម​ស្រែ​ចម្ការ​ដែល​

ត្រូវ​គោរព​ព្រះអង្គ។ រាស្ត្រ​កំព្រា​ទាំង​នេះ​អាច​ក្លាយ​ជា​កង​ទ័ព​ក្លាហា​ន​

ដើម្បី​ការពារ​មាតុភូមិ ​តែ​ខ្ញុំ​សូម​ព្រះ​អង្គ​កុំ​រក្សា​នៅ​លើ​ភ័ក្ត្រ​ព្រះ​អង្គ​នូវ​ស្នាម

​របួស​នៃ​ហិង្សា គួរ​តែ​ព្រះ​អង្គ​បាច​សាច​កំហឹង​ទាំង​នេះ​ក្នុង​វាយោ​ ហើយ

​ជា​បន្លា​ដោត​ព្រះ​ទ័យ​រៀង​រាល់​ថ្ងៃ។

ព្រះ​អង្គ​ឮឬ​ទេ? សម្រែក​ក្នុង​រាត្រី​ដែល​រាស្ត្រ​ខ្មែរ​ក្នុង​មាតុភូមិ​ស្រែក​ហៅ​ព្រះ​អង្គ

ព្រះ​អង្គឮ​ឬទេ? សំឡេង​ធម៌​ខ្សឹបៗ​ដូច​សំឡេង​វាយោ​ក្នុង​ស្លឹក​ដើម​ពោធិ

ឱដើម​ពោធិ! ដែល​ចោល​ម្លប់​ត្រឈៃក្បែរ​ព្រះ​វិហារ​ក្នុង​ស្រុក​ខ្មែរ។

តើ​អ្នក​ណា​ហើយ​អាច​ដាច់​ចិត្ត​ទៅ​កាប់​រំលំដើម​ពោធិ ហើយ​បោះ​ព្រះ​ពុទ្ធ​រូប​ទៅ​ក្នុង​

ត្រពាំង។

រដូង​ភ្លៀង​នឹង​បុណ្យ​ភ្ជុំ​មក​ដល់​ទឹក​ភ្លៀង ទឹក​ភ្លៀង​ហូរ​លាង​ព្រះ​ធរណី​ពី​សំណៅ

​ឈាម​ខ្មែរឈាម​ខ្មែរ​ដែល​ក្លាយ​បន្តិច​ម្តងៗ ជា​ទន្លេ​ជា​ដើម​ត្នោត ជា​ដី​ស្រែ ជា​

ទេសភាព​តាំ​ង​ពីខ្ញុំ​ឃ្លាត​ព្រះ​អង្គ​នៅ​មាត់​ទន្លេ​ ខ្ញុំ​ខំ​រត់​រក​វាសនា​ខ្ញុំ​ច្រើន​ជីវិត

តែ​វាសនា​ពិត​ប្រាកដ​របស់​ខ្ញុំ​ បាន​ចង្អុល​ផ្លូវ​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។

ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ព្រះ​ទ័យ​ ខ្ញុំ​ខ្វេះ​យក​ឱរា​ខ្ញុំ​ដាក់​ជើង​ពាន​ថ្វាយ​ព្រះ​អង្គ

ខ្ញុំ​ដាក់​ខ្លួន​ជា​ទាសា​ព្រះ​អង្គ ខ្ញុំ​ក្លាយ​ជា​ស្រមោល​តាម​គ្រប់​ជំហាន ខ្ញុំ​សរសេរ

​លើ​សិលា​ចារឹក រក្សា​ព្រះ​នាម​ក្នុង​សាវតារ​ខ្មែរ ខ្ញុំ​ក្លាយ​ខ្លួន​ជា​វល្លិព័ទ្ធ​ជុំ​សិលា​

ប្រាសាទ​កុំ​ឲ្យ​បែក​បាក់​កណ្តាល​ព្រៃ។

ខ្ញុំ​ថ្វាយ​ជីវិត​ខ្ញុំ​ ដើម្បី​ខ្ញុំ​ចង់​ឃើញ​ព្រះ​ភ័ក្រ្ត​ព្រះ​អង្គ​រីក​ជា​ថ្មី ទោះ​បី​ខ្ញុំ​ស្លាប់​ទៅ

ខ្ញុំ​នៅតែ​តាមចងពៀរ​ជាមួយ​ឃាតករ​នៃ​រាស្ត្រ​ខ្មែរ។

នៅ​មុខឃាតករ ខ្ញុំ​មាន​តែ​ក្រចក​ជា​អាវុធ​ ក្រចក​ក្លាយ​ជា​ព្រួញ

នៅ​មុខឃាតករ ខ្ញុំ​យក​ប្រាណ​ខ្ញុំ​ជា​ខែល​ ការ​ពារ​តាម​ចាស់​យាយ​ចាស់​ដួល​

លើ​ផ្លូវ

នៅ​មុខឃាតករ ខ្ញុំ​​កេណ្ឌ​កង​ទ័ព​ព្រាយ​បិសាច ទេវតា ព្រះ​ឥន្ទ​ព្រះ​ព្រហ្ម

នៅ​មុខឃាតករ ខ្ញុំ​រម្លឹក​នៅ​គ្រប់​ចូល​ឆ្នាំ​ខ្មែរ​ ពី​មេសា​ខ្មៅ​១៩៧៥។

ទោះ​បី​ប្រជា​រាស្ត្រ​ខ្មែរ​ត្រូវ​ខ្ចាត់​ខ្ចាយ​ពី​ផ្ទះ​សម្បែង​ ហើយ​រសាត់​ទៅ​ព្រំ​ដែន​

ទោះ​បី​រាស្ត្រ​ទាំង​នោះ​គ្មាន​សំឡេង​ស្រែក​ហៅ​សតិសម្បជញ្ញៈ​សាកល​លោក

តែ​សំឡេង​ព្រះ​អង្គ​ជា​ស្គរ​ធំ​ទូង​ពេញ​ព្រៃ​ កាត់​វាល ឆ្លង​សមុទ្រ

សំឡេង​ស្គរ​ជា​សង្ឃឹម ដែល​ព្រះ​អង្គ​ផ្តល់​ដល់​រាស្ត្រ​ ដែល​ពេល​ខ្លះ​ជង្គង់​ទន់។

ថ្ងៃ​មួយ​មក​ដល់​ រាស្ត្រខ្មែរ​ដែល​គេ​សម្រាត​កិត្តិយស​ ហ៊ាន​ងើប​ក្បាល ​ដៃ​ជ្រង​សក់

ថ្ងៃ​មួយ​មក​ដល់​ សំឡេងព្រះ​អង្គ​ដក​សេចក្តី​ខ្លាច​ចេញ​ពី​ឱរា​ខ្មែរ

ថ្ងៃ​មួយ​មក​ដល់​ សំឡេង​ព្រះ​អង្គ​វាយ​បំបាក់​ច្រវាក់​ដែក​ ដែល​ចង​រឹត​សេរីភាព

ថ្ងៃ​មួយ​មក​ដល់​ រាស្ត្រ​ខ្មែរ​ចាប់​ចាក់​គ្រឹះ លើក​សសរ ប្រក់​ដំបូង​ប្រាសាទ​ថ្មី។

ថ្ងៃ​នោះ បដិមា​ព្រះ​ពុទ្ធ​រូប​ត្រូវ​រាស្ត្រ​ខ្មែរ​ហែ​មក​អភិសេក​ទុក​ជា​សក្ការៈ​បូជា

ថ្ងៃ​នោះ ទឹកស្ទឹង​ច្រៀង​ជា​ថ្មី​នូវ​ទំនុក​ស្ទឹង​សៀម​រាប ឬ​ កូលាបបាត់​ដំបង

ថ្ងៃ​នោះ ស្រែចម្ការ​ត្រូវ​រាស្ត្រ​ភ្ជួរ​រាស់សាប​ព្រួស​យក​ផ្លែ​ផ្កា​ជា​ថ្មី

ថ្ងៃ​នោះ កំពូល​ប្រាសាទ​អង្គរ​វត្ត​អណ្តែត​ខ្ពស់​ក្នុង​មេឃា​ កម្ពុជា​រស់។

ពេល​នោះ វាយោបក់​ឡើង​ហើយ​នាំ​សំឡេង​ព្រះ​អង្គ​មក​ដាស់​សតិ​ខ្មែរ

​គេ​នាំ​គ្នា​សួរ​ថា តើ​វាយោ​ជា​សំឡេង​ព្រះអង្គ ឬ​មួយ​ព្រះ​អង្គ​ជា​វាយោ​

ពេល​នោះ​ឯង​ ដី​ខ្មែរ ទឹក​ខ្មែរ មេឃ​ខ្មែរ មាន​ឈ្មោះ​តែ​មួយ​ គឺ​មហានគរ​

ហើយ​ទើប​ព្រះ​អង្គ​នឹក​ឃើញ​ថា នាង​កង្រី​មិន​ដែល​ឈប់​ស្នេហា​ឫទ្ធី​សែន

​មួយ​នាទី​ឡើយ៕

ពី​ត្រើយ​ម្ខាង​នៃ​ជីវិត

នាង​កង្រី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s