ដំណើរ​គ្មាន​ចប់​នៃ​ការ​យល់​សប្តិ​របស់​ខ្ញុំ Les voyages sans fin de mes rêves ដោយ​ គីម ខូវ​នី

ខ្ញុំ​ស្ទុះ​តម្រង់​ទៅរក​ម្តាយ​ខ្ញុំ​ដែល​អង្គុយ​បត់​ជើង​នៅ​មុខ​ទី​អាសនៈ​ក្បែរ​បង្អួច​ខាង​ត្បូង​ផ្ទះ នៅ​ពី​ក្រោយ​ម្តាយ​ខ្ញុំ ឪពុក​ខ្ញុំ​កាន់ធូប​បី​សរសៃ​និង​ផ្កាមួយ​បាច់​ សម្រាប់​ថ្វាយ​បូជា​ព្រះ ចំណែក​ឯ​ក្មួយ​ស្រី​អង្គុយ​ប្រប​នឹង​ជើង​ម្តាយ​ខ្ញុំ ងាក​ភ័ក្រ្ត​ញញឹម​មក​ទទួល​ខ្ញុំ។ ខ្ញុំខំ​រត់​តម្រង់​ទៅ តែ​ជំហាន​ខ្ញុំ​រង្វើលៗ​ប្រៀប​ដូច​ជា​ព្រះ​ធរណី​លូក​ហត្ថ​ក្តោប​បាត​ជើង​ខ្ញុំ ឱរាខ្ញុំ​បុក​ញ័រ​ ព្រោះ​ខ្ញុំត្រេក​អរ​ឥត​ឧបមា ដោយ​បាន​ឃើញ​ភ័ក្រ្ត​អ្នក​ទាំង​អស់​ជា​ថ្មី។​ ខ្ញុំចូល​ទៅ​ប្រប​ជិត​ឪពុក​ម្តាយ​ខ្ញុំ។ ខ្ញុំ​លត់​ជង្គង់​ចុះ​លុះ​ខ្ញុំ​ស្ទុះ​ស្រវា​ឱប​បាទា​ម្តាយ​ថ្លៃ… ស្រាប់តែ​ក្តោប​បាន​តែ​សំបក​អាវ​និង​សំពត់ទេស​ឯក​ស គ្មាន​ប្រាណ​ម្តាយ​ខ្ញុំ​នៅ​ខាង​ក្នុង។​ ខ្ញុំ​ភ័យ​ ខ្ញុំ​ខ្លាច ខ្ញុំ​ស្រែក​ហៅ​ម៉ែ​ មាន​តែ​ភ្លើង​ទៀន​មុ​ខ​ព្រះ​ពុទ្ធ​បដិមា​ជា​សាក្សី​កង្វល់​ខ្ញុំ។​ ខ្ញុំ​រត់​រក​ឪពុក​ម្តាយ​ខ្ញុំ​​គ្រប់​បន្ទប់​ក្នុង​ផ្ទះ។ ខ្ញុំ​ឃើញ​តែ​គ្រែទទេ គ្មាន​អ្នក​ណា​ឆ្លើយ​នឹង​ខ្ញុំ​វិញ។ ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ ខ្ញុំ​មើល​នាឡិកា​ទើប​តែ​ម៉ោងមួយ​ភ្លឺ។  តើខ្ញុំ​នៅ​ស្រុក​ខ្មែរ​​ឬ​ស្រុក​បារាំង​? ខ្ញុំ​ស្ទុះ​ទៅ​បើក​ថត​តុ ខ្ញុំ​ឃើញ​ឪពុក​ម្តាយ​និង​ក្មួយ​ស្រី​ញញឹម​ស្ងួត​លើ​រូប​ថត​ចាស់​ពណ៌​លឿង​… ឱពុទ្ធោ! ម្តេច​ក៏​ឪពុក​ម្តាយ​ខ្ញុំ​មិន​នាំ​ព្រលឹង​ខ្ញុំ​ក្នុង​យល់​សប្តិ​ទៅ​ជា​មួយ​ផង?

*                  *

*

ថ្ងៃនេះ​ ឪពុក​ខ្ញុំ​ស្លៀក​ខោ​ឡាញ់​ខ្មៅ និង​ពាក់​អាវ​សូត្រ​សដៃ​វែង​មាន​កមូល​ ឯម្តាយ​ខ្ញុំ​ គាត់​ស្លៀក​សំពត់​ហូល​គោម​ធំ ហើយ​ពាក់​អាវ​ជរ​សដៃ​ខ្លី។ ឪពុក​ខ្ញុំ​កាន់ដៃ​ម្តាយ​ខ្ញុំ ចុះ​សន្សឹម​ៗតាម​កាំជណ្តើរ​នៃ​ផ្ទះ​ជីតា​ខ្ញុំ​ក្នុង​ខេត្ត​កណ្តាល​។ សមាជិក​គ្រួសារ​ទាំង​អស់​ បាន​មក​ចូល​ប្រារព្ធ​ធ្វើ​បុណ្យ​គាស់​រំលាយ​សព​ជីតា​ខ្ញុំ​។ ខ្ញុំ​ស្ទុះ​តម្រង់​ទៅ​រក​ឪពុក​ម្តាយ​ខ្ញុំ​ ដើម្បី​យក​ស្បែក​ជើង​ទៅ​ជូន​គាត់​ទៅ​មុខ​កាំ​ជណ្តើរ… ស្រាប់​តែ​ឪពុក​ម្តាយ​ខ្ញុំ​បោះ​ជំហាន​មក ជើង​គាត់​អណ្តែត​លើ​ព្រះ​ធរណី។ ខ្ញុំ​ខំ​រត់​តាម​តែ​តាម​មិន​ទាន់​ ហើយ​ឃើញ​គាត់​ឡើង​ជិះ​កាណូត​មួយ​ពណ៌​ស កាណូត​នោះ​គ្មាន​អ្នក​បើក​បរ​ គ្មាន​អ្នក​ដំណើរ​ឯណា​ក្រៅ​ពី​ឪពុក​ម្តាយ​ខ្ញុំ កាណូត​លឿន​ទៅ​ក្នុង​ដង​ទន្លេ​បាសាក់ គាត់​បែរ​ភ័ក្ត្រ​ញញឹម​មក​រក​ខ្ញុំ ខ្ញុំ​លោត​ទៅ​ក្នុង​ទឹក​ ខ្ញុំ​ហែល តែ​ចម្លែក​ខ្ញុំ​ហែល​គឿង​នៅតែ​មួយ​កន្លែង… ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​​ ខ្ញុំ​មើល​នាឡិកា​ទើប​តែ​ម៉ោង​៣ភ្លឺ។ តើ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ឬ​ស្រុក​បារាំង? ខ្ញុំ​ដង្ហក់​ហត់​ប្រៀប​ដូច​ជា​ខ្ញុំ​ខំ​បម្រះ​ហែល​លើ​គ្រែ​តាម​ព្រលឹង​ឪពុក​ម្តាយ​ខ្ញុំ​… ឱ​ព្រះ​ជា​ម្ចាស់! ម្តេច​ក៏​ឪ​ពុក​ម្តាយ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើង​កាណូត​ជិះ​ទៅ​ជា​មួយ​ផង?

*                  *

*

នៅ​លើ​រាន​ហាល​ហ៊ុំ​ព័ទ្ធ​ដោយ​ផ្កា​រំយោល ធូប​បី​សរសៃ​បង្ហុយ​ផ្សែង​នៅ​មុខ​រាន​ទេវតា​ ម្តាយ​ខ្ញុំអង្គុយបក់​ផ្លិត​ជូន​ឪពុក​ខ្ញុំ។ ចំណែក​ឯ​បង​ប្រុស​ខ្ញុំកំពុង​បង្រៀន​ក្មួយ​ស្រី​ខ្ញុំ។ ខ្ញុំទាញ​ដៃ​នាង​ឡើង​តាម​ជណ្តើរ​ឈើ​ខាង​មុខ​ផ្ទះ ដែល​អម​ដោយ​ផ្កា​ដក​ខឹមនិង​ណា​គ្រី នាង​ញញើត​ខ្លាច​ឪពុក​ម្តាយ​ខ្ញុំ។ នាង​ខំ​លាក់​ខ្លួន​ពី​ខាង​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​ច្រាន​ខ្ញុំឲ្យ​ឡើង​មុន។ លុះ​ខ្ញុំឡើង​ដល់​កាំ​ជណ្តើរ​ខាង​លើ​ ខ្ញុំងាក​ទៅ​រក​នាង​ ដើម្បី​បង្ហាញ​នាង​ទៅឪពុក​ម្តាយ​ខ្ញុំ… ស្រាប់​តែ​បាត់​រូប​នាង​ ហើយ​មាន​តែ​បក្សី​សារិកា​មួយ​ទំ​លើ​ស្មា​ខ្ញុំ ខ្ញុំឆ្ងល់​ ខ្ញុំស្រែក​ហៅ​ឈ្មោះ​នាង។ ខ្ញុំឮសារិកា​ឆ្លើយ​តាម​សំឡេង​ពីរោះ​នាង​មក​វិញ។ នាង​ហើរ​ចេញ​ពី​ស្មា​ខ្ញុំទៅ​ក្នុង​អាកាស​វេហាស៍​ ហើយ​ទៅទំ​លើ​ស្ពាន​ឥន្ធធនូ… ខ្ញុំភ្ញាក់​ដឹង​ខ្លួន​ឡើង ខ្ញុំមើល​នាឡិកា​ទើប​ម៉ោង​២ភ្លឺ តើ​ខ្ញុំនៅស្រុក​ខ្មែរ​ឬ​ស្រុក​បារាំង? ខ្ញុំស្ទាប​ស្មា​ខ្ញុំ ខ្ញុំហាក់​ដូច​ជា​មាន​ស្នាម​ក្រចក​ខ្វាច​ក្រចៅ ប្រៀប​ដូច​ជា​មាន​បក្សី​ទើប​នឹង​ទំលើ​… ឱ! ម្តេច​ក៏​នាង​មិន​យក​ស្លាប​មួយ​គូ​មក​ពាក់​ឲ្យ​ខ្ញុំ ហើយ​យើង​ហើរ​ទៅ​ជួប​ឪពុក​ម្តាយ​ខ្ញុំ?

*                  *

*

ខ្ញុំឃើញសក់​ស្កូវ​ម្តាយ​ខ្ញុំត្រូវ​គេ​កោរ​ធ្លាក់​ទៅលើ​ដី។ នេត្រ​ម្តាយ​ខ្ញុំ​គោក​អស់​ទឹក​ភ្នែក ។គាត់​សម្លឹង​ទៅ​ជើង​មេឃ​មួយ​ពេញ​ដោយ​ទុក្ខ។​ ជើង​មេឃ​ឆ្ងាយ​ដែល​ខ្ញុំទៅ​មិន​ដល់។​ ខ្ញុំត្រកង​បំពេរ​ម្តាយ​ខ្ញុំ ដូច​កាល​ដែល​ម្តាយ​ខ្ញុំបំពេរ​ខ្ញុំនៅ​កុមារ​ ពេល​មាន​ទុក្ខ។​ ខ្ញុំកាន់​ដៃ​ម្តាយ​ខ្ញុំ។ យើង​សម្លឹង​សព​ឪពុក​ខ្ញុំដែល​មាន​សំពត់​រូប​ព្រះ​មួយ​គ្រប​ពីលើ។​ ខ្ញុំស្ទុះ​ទៅ​ឱប​សព​ឪពុក​ខ្ញុំម្តង​ទៀត។ សាច់​គាត់​ប្រែ​ពី​ក្តៅ​ឧណ្ណទៅ​ត្រជាក់​ដូច​ចិត្ត​ខ្ញុំ​កំព្រា… ស្រាប់​តែ​ចេញ​ពី​ទ្រូង​ឪពុក​ខ្ញុំ។ សំឡេង​មួយ​ខ្សោយ​ដែល​មានតែ​ខ្ញុំម្នាក់​ឯង​ឮ៖

«កូន! កូន​កុំ​ចោល​ម្តាយ​កូន​ឲ្យនៅ​ម្នាក់​ឯង​ណា យើង​ជួប​គ្នា​នៅ​ជាតិ​ក្រោយ »។

ខ្ញុំ​ស្រែក​ថា ៖ «ទេ ! សូម​ពុក​រង់ចាំ​ពេល​យើង​ចេញ​ដំណើរ​ទៅទាំង​បី​នាក់ !»។

ខ្ញុំភ្ញាក់​ដឹងខ្លួន​ឡើង ខ្ញុំមើល​នាឡិកា​ទើប​តែ​ម៉ោង​៤ភ្លឺ តើ​ខ្ញុំនៅស្រុក​ខ្មែរ​ឬ​ស្រុក​បារាំង? ខ្ញុំនៅ​បើក​ទូ​ទុក​ខោអាវ ខ្ញុំរើយក​សំពត់​រូប​ព្រះ​ពុទ្ធ​មក​មូរ​ធ្វើ​ជា​ខ្នើយ​កើយ​សម្រក់​ទឹក​ភ្នែក… ឱ! អនុស្សាវរីយ៍ ឱ!​ វិប្បដិសារី ឱ! ដំណើរ​មិន​ចេះចប់​នៃ​យល់​សប្តិ​របស់​ខ្ញុំ៕

វិច្ឆិកា ១៩៩០

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s