យប់មិញ ខ្ញុំបានរកកាស្សែតចម្រៀងដែលជាស្នាដៃកវីយឹម កិច្ចសែ។
ខ្ញុំក៏បានឆ្លៀតស្តាប់នាទីចម្រៀងអត្ថាធិប្បាយរបស់ខ្ញុំដែលបានចាក់ផ្សាយ
ក្នុងឆ្នាំ១៩៩៨តាមរលកអាកាសវិទ្យុបារាំងអន្តរជាតិRFI ( RADIO FRANCE
INTERNATIONALE)
ខ្ញុំក៏បានឆ្លៀតរៀបកាស្សែតចាស់ទាំងអស់នោះដាក់ក្នុងប្រអប់ដែកដើម្បីកាពារ
កុំប្រឡាក់ធូលីនិងបោះចោលកាស្សែតខ្លះដែលមិនត្រូវការ។ ស្រាប់តែបានប្រទះ
ឃើញកាស្សែតចម្រៀងដែលខ្ញុំបានធ្វើអត្ថាធិប្បាយមួយប្រអប់និងដែលបានផ្សាយ
ក្នុងវិទ្យុបារាំងអន្តរជាតិRFI។ ខ្ញុំចាប់ដោយចៃដន្យយកកាស្សែតមួយហើយក៏ស្តាប់
ស្រាប់តែប៉ះចំចម្រៀង១បទដែលខ្ញុំសែនស្រឡាញ់ពេញចិត្តតាំងពីនៅយុវ័យ គឺ
ស្រឡាញ់ទាំងទំនុកច្រៀងនិងស្រឡាញ់ទាំងបទភ្លេង។ ចម្រៀងដ៏ពិរោះនោះមាន
ចំណងជើងថា«ថ្ងៃ១កក្កដា»។ ខ្ញុំចាក់ស្តាប់បណ្តើរពីបីសារ និងកត់ទំនុកច្រៀង
បណ្តើរ ។ ខ្ញុំសូមអញ្ជើញប្រិយមិត្តអ្នកអានបណ្តែតអារម្មណ៍តាមទំនុកច្រៀងដ៏ពិរោះ
នេះដូចតទៅ ៖
១. ថ្ងៃ១កក្កដាគឺថ្ងៃបានជួបភក្ត្រស្ងួន
ជួនជាយប់យន់ដែលមានរស្មីថ្លៃថ្លា
អូូនបានសារសងឆ្លើយឆ្លងវាចាត្រឹមខ្សែនេត្រា
ឱ្យរៀមស្នេហាពន់ពេកកន្លង។
២. ពេលដែលបងបានលួចយកភក្ត្រដ៏ប្រឹមប្រិយ
រៀមគួចហឬទ័យថ្នមបីឥតមានពេលល្ហែ
សម្រស់ដួងចិត្តមើលតែដួងខែ
បញ្ចេញក្តីស្នេហ៍ថាឱ្យរៀមថែស្រីឱ្យគង់។
បន្ទរ ៖ ឬមួយនាងអៀនបានជាមិនហ៊ានពោលនូវពាក្យមេត្រី
ថាចិត្តរៀមស្មោះចំពោះស្រី តើនាងប្រណីបងទេ?
៣. ពេលដែលអូនបានបែរភក្ត្រនេត្រាមកចំ
ពេលនោះអារម្មណ៍រៀមរែងកើតក្តីសៅហ្មង
វិលវល់ក្នុងចិត្តត្បិតកែវនួនល្អងអាសូររៀមផង
ចិត្តបងស្នេហ៍ស្នងតែលើរូបស្រី៕