ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ និង​វិភាគដោយបណ្ឌិត វ៉ាន់ឌី កាអុន

ថត​ក្រ​ប​ដោយ ឃុត សុខឿន

ថត​ក្រ​ប​ដោយ ឃុត សុខឿន

បណ្ឌិត វ៉ាន់ឌី កាអុន បានវិភាគពីវណ្ណកម្មកំណាព្យ «ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ» ហើយ​បាន​ផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI កាល​ពី​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្នុង​នាទី​អក្សរសិល្ប៍​ខ្មែរ។

នៅក្នុងអក្សសិល្ប៍ខ្មែរគេឃើញមានពាក្យប្រៀបប្រដៅម្យ៉ាងដែលហៅថា ច្បាប់ស្រី។ អ្នកប្រាជ្ញបណ្ឌិតខ្មែរ ហាក់បី​ដូច​ជា​យក​ចិត្ដ​ទុក​ដាក់​​អំពី​ការ​អប់​រំ​ស្ដ្រី​ភេទ​នេះ​យ៉ាង​ខ្លាំង​ក្លា។ ព្រះ​មហា​ក្សត្រ​ខ្មែរ​ពីរ​អង្គ​គឺ ព្រះ​រាជ​សម្ភារ និង​ព្រះ​បាទ​សម្ដេច​ហារីរៈ​រាមា​រិស្ស​រា​ធិប​តេយ្យ​ព្រះ​អង្គ​ឌួង​ ក៏​ហាក់​បី​ដូច​ផ្ដល់​សារ​សំខាន់​ពិសេស​ទៅ​អោយ​ដល់​ការ​អប់​រំ​នេះ​ដែរ។ នេះ​ជា​ការ​ធម្មតា​ទេ​ ព្រោះ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិប​​តេយ្យ គឺ​ស្រី​មាន​តួនា​ទី​ដឹក​នាំ​ដ៏​សំខាន់ បើ​ស្ដ្រី​មាន​ឥរិយា​បថ​បែប​ណា គ្រួសារ​និង​សង្គម​ទាំង​មូល​ក៏​មាន​លក្ខណៈ​បែប​នោះ​ដែរ។ ក៏​ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ផង​ដែរ​ថា ពាក្យ​ទូន្មាន​ទាំង​ឡាយ​នោះ យក​ចិត្ដ​ទុក​ដាក់​ជា​ពិសេស​អំពី​ទំនាក់​ទំនង​រវាង​ប្ដី​និង​ប្រពន្ធ​។

នៅថ្ងៃអាទិត្យនេះខ្ញុំសូមលើក​ឡើង​អំពី​ច្បាប់​ស្រី របស់​បណ្ឌិត​ម៉ឺន ម៉ៃ ដែល​ត្រូវ​គេ​បញ្ចូល​មក​ក្នុង​កម្ម​វិធី​សិក្សា​អក្សរ​សាស្ដ្រ​ខ្មែរ​នៅ​តាម​សាលា​រៀន​។ ក្រៅ​ពី​ប្រៀន​ប្រ​ដៅ​ស្រី​ជា​ភិរិយា អោយ​គោរព​ប្ដី​គ្រប់​ប្រការ បណ្ឌិត​ម៉ឺន​ម៉ៃ​បាន​លើក​ឡើង​អំពី​ប្រភព​នៃ​ការ​សៅ​ហ្មង​ ៣​យ៉ាង ដែល​លោក​​ហៅ​ថា​ភ្នក់​ភ្លើង​ទាំង​បី គឺ​១ យក​រឿង​មិន​ល្អ​ពី​ក្រៅ មក​ដុត​អោយ​ឆេះ​សន្ធោស​ន្ធៅ​នៅ​ក្នុង​ផ្ទះ រឺ​ក៏​យក​រឿង​ខាង​ក្នុង​ផ្ទះ​ទៅ​អុច​បង្កាត់​អោយ​ឆេះ​នៅ​ខាង​ក្រៅ។ ​ប្រភព​រឿង​សៅ​ហ្មង​ទី​ពីរ​គឺ ការ​ប្រើ​ពាក្យ​ពេចន៍ មិន​គួរ​គប្បី​ចំពោះ​មាតា​បិតា និង​ការ​មិន​រវល់​ញិក​ញ៉ុក ក្នុង​ការ​ផ្គាប់​ចំណី​អាហារ​ដល់​ឪពុក​ម្ដាយ និង​ប្ដី ។ អំពើ​សៅ​ហ្មង​ទី៣ កើត​ចេញ​មក​ពី​ការ​រួម​រក្ស​ជា​មួយ​ប្ដី គឺ​មិន​ត្រូវ​ធ្វើ​អ្វី​អោយ​ស្វាមី​អាក់​អន់​ស្រពន់​ចិត្ដ​ឡើយ​។

ដោយ​អនុ​វត្ដ​ពាក្យ​ទូន្មាន​ជា​មូល​ដ្ឋាន​ទាំង​ឡាយ​នេះ សង្គម​បូរាណ​ខ្មែរ​មាន​លក្ខណ​ដ៏ល្អ​ប្រពៃ រី​ឯ​បុរស​វិញ​តាម​រយ​ច្បាប់​ប្រុស​របស់​បណ្ឌិ​ម៉ៃ​ដដែល ក៏​ត្រូវ​ប្រកាន់​ឥរិ​យាបថ​អោយ​បាន​សម​សួន​ដែរ ទើប​រក​ភាពសុខ​ក្សេម​ក្សាន្ដ​នៅ​ក្នុង​គ្រួសារ​បាន​។

យ៉ាង​ណា​មិញ​រឿង​រាវ​សៅ​ហ្មង​ទាំង​ឡាយ​ដែល​កើត​ឡើង​ក្នុង​គ្រួសារ ក៏​កើត​ឡើង​បណ្ដាល​មក​ពី​ការ​មិន​គោរព​ក្រិត​ក្រម​ទាំង​ឡាយ​នោះ​ដែរ​។ រី​ឯ​បញ្ហា​ដែល​ចោទ​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​សំនួរ​ដែល​ថា ហេតុ​ដូចម្ដេច​បាន​ជា​ប្រពន្ធ​ត្រូវ​គោរព​ផ្គាប់​ផ្គុន​ប្ដី​ដល់​ថ្នាក់​នេះ បើ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សេរី​ភាព រឺ​ឥស្សរ​ភាព​រៀង​ៗ ខ្លួន​នោះ​។

តាម​ការ​ពិត​បណ្ឌិត​ម៉ឺន​ម៉ៃ​ចង់​និយាយ​អំពី​ក្បួន​ចិត្ដ​សាស្ដ្រ​តែ​ប៉ុណ្ណោះ គឺ​អំពី​អាថិ៍​កំបាំង​ដែល​ជា​កត្ដានៃ​ទំនាក់​ទំនង​ល្អរ​វាង​ប្ដី​និង​ប្រពន្ធ ហើយ​ដែល​ជា​មូល​ដ្ឋាន​នៃ​វប្បធម៌ និង​អរិយ​ធម៌​ខ្មែរ។ តាម​ការ​ពិត​ផ្ទុយ​ពី​មតិ​ទូ​ទៅ សង្គម​ខ្មែរ​ជា​សង្គម​ដែល​ស្រ្ដី​ជា​អ្នក​ដឹក​នាំ និង​ចាត់​ចែង​កិច្ច​ការ​គ្រប់​សារ​ពើ។ ទោះ​បី​មាន​ការ​កៀប​សង្កត់ ផ្ចាញ់​ផ្ចាល​ពី​សំណាក់​ចរន្ដ​បិតា​ធិប​តេយ្យ​ ដែល​មក​ពី​ចិន និង​ឥណ្ឌៀ​ក្ដី ហើយ​ទោះ​បី​មាន​ឥទ្ធិ​ពល​ផ្សេង​ៗ​ទៀត​មក​ពី​អ៊ឺរ៉ុប​ក្ដី​ ក៏​សង្គម​ខ្មែរ​ នៅ​តែ​ស្ថិត​នៅ​ជា​​សង្គម​មាតា​ធិប​តេយ្យ​ដដែល។ ស្ដ្រី​ដែល​ជា​ប្រពន្ធ រឺ​មាតា​ នៅ​តែ​ស្ថិត​នៅ​ជា​អ្នក​សំរេច​ចុង​ក្រោយ​បង្អស់​ដដែល​ជា​ដដែល។ រី​ឯ​ច្បាប់​ក្បួន​របស់​ម៉ឺន​ម៉ៃ មាន​គោល​ដៅ​ពីរ​ផ្ទុយ​គ្នា​ជា​មូល​ដ្ឋាន គឺ​ផ្ដល់​ទៅ​អោយ​ស្រ្ដី​ជា​ភរិយា នូវ​លទ្ធ​ភាព រឺ​អំណាច​ចិត្ដ​សាស្ដ្រ​គ្រប់​គ្រាន់​ សំរាប់​គ្រប់​គ្រង​គ្រួសារ​ផង ហើយ​ធ្វើ​ការ​គៀប​សង្កត់​ទៅ​លើ​ឥស្សរ​ភាព​របស់​ស្ត្រី​ផង​ដែ។រ ហើយ​នេះ​មិន​ខុស​ប៉ុន្មាន​ពី​ក្បួន​នយោ​បាយ​សំរាប់​គ្រប់​គ្រង​ប្រ​ទេស​នោះ​ទេ។ ម៉ឺន​ម៉ៃ​ បាន​បង្ហាញ​អោយ​ឃើញ​ជា​អាទិ​ថា អំណាច​របស់​ស្រ្ដី​ទៅ​លើ​បុរស គឺ​ការ​តំរូវ​ចិត្ដ​បុរស​គ្រប់​បែប​យ៉ាង គឺ​ថា​បុរស​មិន​អាច​ចាប់​ចិត្ដ​ទៅ​លើ​អ្នក​ណា​ទៀត​បាន​ឡើយ។ បើ​ប្រពន្ធ​ប្រកាន់​ខ្ជាប់​នូវ គោល​ការណ៍​ទាំង​អម្យាល​មាណ​នោះ ជា​ពិសេស​នៅ​ក្នុង​ការ​រួម​រក្ស​ស្នេហា។ ដូច្នេះ​ឃើញ​ថា គោល​ការណ៍​ទាំង​នោះ ជា​ការ​បង្កើត​នូវ​សម្ផស្ស​មួយ​ដ៏​ខ្លាំង​ខ្លា សំរាប់​នារី​ខ្មែរ​។

នៅ​ក្នុង​វប្ប​ធម៌​អរិយ​ធម៌​ខ្មែរ​សុទ្ធ​សាទ ចរន្ដ​ចរិយា​មាយាទ​ទន់​ភ្លន់​ ជា​សោភណ្ឌ​សាស្ដ្រ​មួយ​ប្រ​ភេទ​ដែល​ទាក់​ទាញ​អារម្មណ៍​អ្នក​ផង​ទាំង​ពួង។ ប៉ុន្ដែ​ក៏​ជា​អាវុធ​មួយ​ដ៏ស្រួច​ស្រាវ​ផង​ដែរ នៅ​ក្នុង​ករណី​ដែល​គេ​យក​ទៅ​ប្រើ​សំរាប់​គោល​ដៅ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​កសាង​សុភ​មង្គល​ក្នុង​គ្រួសារ។ ពាក្យ​ខ្មែរ​តែង​ពោល​ថា ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ រឺ ទឹក​ត្រ​ជាក់ ត្រី​កុម​​ជា​ដើម។​ ទាំង​នេះ​តាម​ការ​ពិត​ទៅ​សុទ្ធ​តែ​ជា​ក្បួន​ចិត្ដ​សាស្ដ្រ​សំរាប់​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s