នៅថ្ងៃដែលខ្ញុំបានទទួលសារអ្នកគ្រូ ស៊ិម ចាន់យ៉ា ដែលសរសេរប្រាប់ខ្ញុំក្នុងហ្វេសប៊ូក ថា «សុផានីឈឺធ្ងន់ និង សុំឱ្យអធិស្ឋានឱ្យសុផានី» ខ្ញុំក៏បានអធិស្ឋានភ្លាម ប៉ុន្តែ ខ្ញុំអធិស្ឋានបានតែម្តងគត់ មិនអស់ចិត្ត អន្ទះសាពេកក៏ឡើងមកបើកមើលសារអ្នកបង ចាន់យ៉ា ជាថ្មី ស្រាប់តែពុទ្ធោអើយ! សារនោះបានសរសេរផ្តល់ដំណឹងមកខ្ញុំថា «សុផានីបានចូលមរណភាពទៅហើយ» ព្រះអើយ! ខ្ញុំសឹងតែគាំងបេះដូង ។
ក្បាលខ្ញំឡើងក្តៅ ហើយខ្ញុំដឹងថាសរសៃឈាមខ្ញុំកំពុងតែហូរ ។ ខ្ញុំមិនដែលប្រទះហេតុការណ៍គួរឱ្យភ័យដូច្នេះក្នុងសិរសាខ្ញំឡើយ។ ខ្ញុំក៏អធិស្ឋានសុំព្រះអង្គសង្គ្រោះខ្ញុំក្នុងពេលនោះ ហើយក៏ចូលទៅសម្រាកលើពូក និងយកប្រដាប់ស្ទង់ឈាមមកវាស់មើល។ ឈាមខ្ញុំឡើងដល់ទៅជាង១៦។ នេះគឺមកពីការតក់ស្លុតនិងសោកស្តាយបំផុត ព្រោះខ្ញុំមិនដែលនឹកគិតសោះថា មិត្តនារីសម្លាញ់របស់ខ្ញុំ អ៊ុំ សុផានី ចាកលោកនេះរហ័សដល់ម្លឹង… អនិច្ចំ រូបំ អនត្តា…៕
សូមអញ្ជើញអានសំណេរខ្លីរបស់ ហេង ឧត្តម ដែលបានចូលរួមផ្ទាល់ក្នុងឱកាសដ៏សោកសៅរន្ធត់និងក្រៀមក្រំនោះ ដែលខ្ញុំបានស្នើសុំអត្ថបទជាពិសេសសម្រាប់គេហទំព័ររបស់ខ្ញុំ។ អរគុណឧត្តម។
សូមបញ្ជាក់ថា តាមពិតឧត្តមនៅសិក្សាក្នុងប្រទេសបារាំងឯណេះ។ ក្នុងពេលវិស្សមកាលនេះ យុវនិស្សិតនេះ ទៅភ្នំពេញក៏ជួនចំព្រឹត្តការណ៍ដ៏រន្ធត់នេះ។ ខ្ញុំសូមឧទ្ទិសអត្ថបទខាងក្រោមនេះជូនវិញ្ញាណខ័ន្តមិត្តសម្លាញ់ខ្ញុំ អ៊ុំ សុផានី៕

អ្នកនិពន្ធ អ៊ុំ សុផានី កំពុងកាន់ចែករំលែកបទពិសោធនៅក្នុងវេទិកាប្រកាសពានរង្វាន់អក្សរសិល្ប៍សន្តិភាព នៅភ្នំពេញ ឆ្នាំ២០១៨
xxxxxx
លោកស្រី អ៊ុំ សុផានី បានទទួលអនិច្ចកម្ម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ វេលាម៉ោង៩.៣៧ នាទីព្រឹក នៅរាជធានីភ្នំពេញ។ មច្ចុរាជបានផ្តាច់ជីវិតរបស់អ្នកនិពន្ធខ្មែររូបនេះ ឱ្យឃ្លាតឆ្ងាយស្នាមញញឹមរបស់ឧត្តមស្វាមី កូនចៅ ញាតិមិត្តរួមអាជីព សិស្ស និងជនរួមជាតិខ្មែរ។
សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង (AEKE) បានបាត់បង់ដ៏ធំ នូវអតីតជ័យលាភីរង្វាន់កិត្តិយសរង្វាន់សន្តិភាព មួយរូបដ៏ឆ្នើម។ លោកស្រី អ៊ុំ សុផានី បានទទួលកិតិ្តយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍សន្តិភាពនេះ តាមរយៈវណ្ណកម្ម«លោហិតតែមួយ» និង«អ្នកណាជាម្តាយខ្ញុំុ?» នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០។
មជ្ឈដ្ឋានអ្នកអក្សរសាស្ត្របានបាត់បង់អ្នកនិពន្ធដ៏ឆ្នើមដ៏គួរឲ្យសោកស្តាយជាទីបំផុត។
ក្នុងនាមខ្ញុំ ជាប្រធានសមាគម ខ្ញុំមានក្តីសោកស្តាយនិងក្រៀមក្រំជាពន់ពេក ស្ទើរតែរកអ្វីនឹងថ្លែងពុំបាន នៅគ្រាដែលបានបាត់បង់មិត្តភក្តិជាស្រឡាញ់ មិត្តដែលយល់ចិត្ត និងជាអ្នករួមអាជីពតែងនិពន្ធដ៏មោះមុត។
ខ្ញុំសោកស្តាយដែលពុំអាចនឹងចូលរួមបុណ្យសព ដែលការជូនដំណើរមិត្តនៅក្នុងដំណើរចុងក្រោយបំផុតនេះ។ ប៉ុន្តែ ពាក្យសម្តី សូរសព្ទចម្រៀង និងអនុវស្សាវរីយ៍របស់ សុផានី នៅតែឮរងំក្នុងត្រចៀករបស់ខ្ញុំ។ អ្នកនិពន្ធ សុផានី ដ៏ក្លាហាន នៅតែញញឹមស្រស់ចំពោះមុខខ្ញុំ ហើយគឺនៅថ្មីៗនៅឡើយ។
សូមវិញ្ញាណក្ខន្ធមិត្ត បានទៅសោយសុខ!!

ការជួបជុំគ្នានៅគេហដ្ឋានរបស់ អ៊ុំ សុផានី។ ពីពេលនេះទៅ ការជួបជុំដ៏សប្បាយរីករាយបែបនេះ គ្មានទៀតទេ សុផានី អើយ!! អាណិតមិត្តណាស់!

អ៊ុំ សុផានី ខ្ញុំបុិច សង្វាវ៉ាន ទឹង សុខា និង ស៊ិម ចាន់យ៉ា ក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ជុំគ្នា នៅភោនីយដ្ឋានមួយ នៅភ្នំពេញ។