Daily Archives: ខែតុលា 31, 2019

រូបភាព

ថ្ងៃណាជួងវ៉ៃ និពន្ធដោយកវី យឹម កិច្ចសែ

ម៉ា ឡាពី ដែល​ខ្ញុំ​ស្គាល់

ខ្ញុំនៅចាំមិនភ្លេច​ នៅឆ្នាំ១៩៦៨ លោក ម៉ា ឡៅពី​ បាននិពន្ធចម្រៀង១បទមានចំណងជើងថា​«នេះឬចិត្តប្រុស?» ច្រៀងដោយអ្នកចម្រៀង«សូ​ សាវឿន»​ដែលក្នុងជំនាន់នោះ។ លោក ម៉ា ឡៅពី បានដាក់រហស្សនាមជូនអ្នកស្រីសូ សាវឿប​ថា«អ្នកចម្រៀងសម្លេងរៃកណ្តឹង»។

សូមជម្រាបថា រឿង«នេះឬចិត្តប្រុស?គឺ ជារឿងប្រលោមលោកទី១ដែលខ្ញុំបាននិពន្ធក្នុងឆ្នាំ​១៩៦៨ ក្រោយពីខ្ញុំបានស្តាប់ការនិយាយរឿងពិតរបស់កញ្ញា​ម្នាក់ដែល​ក្នុង​ជំនាន់​នោះ ​គេ​រៀន​ថ្នាក់ខ្ពស់ជាងខ្ញុំ១ថ្នាក់ ឬ២ថ្នាក់។​​ ក្នុងជំនាន់ អ្នកខ្លះបានដាក់រហស្សនាមឱ្យកញ្ញានោះថា​«បុប្ផា​វិទ្យាល័យ​ព្រះយុគន្ធរ»។ គេស្លៀកពាក់ខុសពីខ្ញុំនិងប្លែកខុសគេ។ ចំណែកខ្ញុំវិញ ខ្ញុំស្លៀកពាក់របៀប​បារាំងគឺស្លៀកសំពត់ហ្សីបប៉ោង និង ដាក់អាវដែលត្រូវពណ៌នឹងសំពត់តាមរបៀបយុវតី​វ័យ​១៥​ឆ្នាំ។

ក្នុងពេលដែលខ្ញុំបានជួបកញ្ញារូបស្អាតនេះ ដោយចៃដន្យ ក្នុងផ្ទះមិត្តរួមថ្នាក់ម្នាក់ នៅពេលដែល​ខ្ញុំបាន​ទៅជាលេងលើកដំបូង។  គេ​រៀនថ្នាក់ខ្ពស់ជាងខ្ញុំ ២ថ្នាក់។ នៅពេលដែលគេបានឃើញខ្ញុំ គេបាននិយាយរឿងពិតផ្ទាល់ខ្លួនប្រាប់ខ្ញុំ ក្រោយពីបានសរសើររូបសម្បត្តិខ្ញុំ។ ពេលនោះ ខ្ញុំចាប់អារម្មណ៍និងគិតថារឿងនេះជាមេរៀនសម្រាប់ខ្ញុំនិងសម្រាប់យុវនារីទូទៅ ទើបខ្ញុំបាននិពន្ធផ្សាយ​ក្នុង​កាសែត «កោះសន្តិភាព» ដែលមានលោក ជូ ថានី ជាចាងហ្វាង។ លោក ម៉ៅ ប៊ុនថន នាយការិយាល័យ​នៃវិទ្យុជាតិភ្នំពេញបានអានរឿងនេះ​ ក៏បានស្នើសុំដើម្បីផ្សាយជា«ភាគៗក្នុងនាទីភាគនិទាននៃរឿង​ប្រលោមលោក ក្នុងវិទ្យុជាតិភ្នំពេញឆ្នាំ១៩៦៨​ ថែមទាំងត្រូវបានលោក «ម៉ា ឡៅពី» និពន្ធចម្រៀង១បទ​ដាក់អមសាច់រឿងផង។ នេះជាកិត្តិយសទី១របស់ខ្ញុំក្នុងវិស័យអក្សរ​សា​ស្ត្រខ្មែរ ដោយកាលនោះ ខ្ញុំមិន​បានបញ្ចេញ​ឈ្មោះពិត «ព្រហ្ម សង្វាវ៉ាន»ទេ គឺខ្ញុំបានដាក់រហ័ស្សនាមផ្សេងគឺ «ព្រហ្ម សុទ្ធធីតា»​ដែលជាឈ្មោះសម្រាប់ប្រើសរសេរប្រលោម​លោក​ផ្សាយដើម្បីកុំឱ្យលោកប៉ាជ្រាបនិងស្តីបន្ទោស​ព្រោះលោកមិនចង់ឱ្យខ្ញុំរវល់ការអ្វីទេក្រៅពីខំសិក្សាតែ១មុខគត់ដើម្បី​យក​សញ្ញាប័ត្រខ្ពង់ខ្ពស់។

អ្នកស្រីសូ សាវឿន រស់នៅក្នុងប្រទេសបារាំងសព្វថ្ងៃនេះដូចខ្ញុំដែរ។​ នៅបារាំង ខ្ញុំក៏បាន​យក​ចម្រៀងនេះមកច្រៀងខ្លួនឯងឡើងវិញ ទោះបីសម្លេងរបស់ខ្ញុំមិនពីរោះដូចជាអ្នកចម្រៀងវិជ្ជាជីវៈ​​ក៏ដោយ ប៉ុន្តែខ្ញុំចង់រក្សាទុកជាមរតកសិល្បៈ​ខ្មែរ និងទុកជាអនុស្សាវរីយ៍នៃរឿង​ប្រលោមលោក​ទី​១​របស់ខ្ញុំ​

ខ្ញុំសូមជម្រាបដែរ ខ្ញុំនឹងសរសេរលំអិតក្នុងរឿង​«ខ្ញុំជាស្រី»ដែលជារឿងពិតនៃជីវិតផ្ទាល់របស់ខ្ញុំ។ខ្ញុំប៉ង​សរសេររឿងនេះយូរឆ្នាំហើយ ប៉ុន្តែពេលវេលាចេះតែអូសបន្លាយជិត១០ឆ្នាំហើយ។​ ខ្ញុំតាំងចិត្តថា​ត្រូវតែសរសេរឆ្នាំនេះ។ សូមបញ្ជាក់ដែរថា​ អ្នកដែលមានវ័យស្របាលខ្ញុំនិងរស់នៅក្នុងជំនាន់ខ្ញុំ ប្រាកដជានៅចាំលោក «ម៉ា​ ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ»ដ៏ពីរោះគ្មានពីរ គ្មានគូប្រៀប​ផ្ទឹម ក្នុងពិធីធំៗ ដូចជា ក្នុងព្រះរាជទស្សន​កិច្ចនៃព្រះបាទសម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ក្នុងពេលព្រះអង្គយាងទៅសម្ពោធ​សមទ្ធិផលជាតិនានា​ ក្នុងសម័យសង្គមរាស្រ្តនិយម និង​ក្នុងពិធីបុណ្យឯករាជ្យជាតិ ក្នុងសមាជជាតិដែល​តែងតែមានការប្រគំបទភ្លេងសម័យទំនើបចម្រុះក្នុងពេលរាត្រី។ល។ លោក ម៉ា ឡៅពី មានទេពកោសល្យពិសេសគ្មានពីរឡើយ។

ខាងក្រោមនេះ ខ្ញុំសូមជូនទំនុកចម្រៀងបទ«នេះឬចិត្តប្រុស?»ដែលច្រៀងដោយអ្នកស្រី សូ ​សាវឿន។ អ្នកស្រីជាអ្នកចម្រៀងសំនៀងរៃកណ្តឹងដែលរស់នៅក្នុងប្រទេសបារាំង។ អ្នកស្រីជាភរិយារបស់លោក ដួង ឆៃលី។

ខាងក្រោម នេះគឺបទ««នេះឬចិត្តប្រុស?»

ខំគេចពីជុងចូលក្នុងអន្ទាក់  គេចពីច្រវាក់ធ្លាក់ក្នុង​រណ្តៅ

មើលឃើញថាសចាប់បានមកខ្មៅ ត្រជាក់ជាក្តៅ សើចក្លាយជាយំ។

ងងឹតថាភ្លឺនេះឬចិត្តប្រុស? ហ៊ានដាក់កំហុសទម្លាក់លើខ្ញុំ

ភ្លេចសំពះផ្ទឹមលើកម្រាលព្រំ ចុះចោលទ្រនំទៅដើរផ្ទាល់ដី។

នេះឬចិត្តប្រុសកាត់ទោសប្រពន្ធ? ពោលពាក្យរិះគន់គ្មានគិតប្រណី

ជេរថែមទៀតមកកំសាកស្វាមី ឱបថើបស្រីថ្មីឱ្យអស់ចិត្តទៅ។

ចម្រៀងក្អួតឈាមនាងព្រាហ្មកេសរ ប្រពន្ធចិត្តល្អជូនពរប្តីខ្លៅ

អូនរង់ចាំបងឱបក្តីសោកសៅ អស់កម្មឈាមខ្មៅសឹមបងវិលវិញ៕

សូមជម្រាបបញ្ជាក់ដែរថា ​ខ្ញុំបានយករឿងនេះមកផ្សាយឡើងវិញ តាមរលកអាកាស៩៥.៦ FM នៃវិទ្យុអាស៊ីសម្លេងខ្មែរ ដែល​ឋិត​វិថី LOUIS BRAILLE 75012 PARIS ដែលខ្ញុំ ប៉ិច សង្វាវ៉ាននឹងស្វាមីខ្ញុំលោក ប៉ិច ឈុន រួមជាមួយលោក រស់ សាលី អ្នកស្រី ណូឡង់ក្លូត នាមដើម ឡាំគៀង ខាហួង​ ដែលបានស័្មគ្រចិត្តបម្រើវិទ្យុសម្លេងខ្មែរ ៩៥FM នៅប៉ារីសទី១២ ប្រទេសបារាំង រៀងរាល់រាត្រីព្រហស្បតិ៍ ដោយធ្វើការឥតកម្រៃ ដើម្បីលើកស្ទួយអក្សរសាស្រ្តអក្សរសិល្ប៍ និង សិល្បៈខ្មែរ ដែលខ្ញុំស្រឡាញ់ចូលចិត្តតាំងពីយុវវ័យ។  យើងទាំង៤នាក់បានបម្រើវិទ្យុនេះរយៈ​ពេល៤ឆ្នាំ ពីម៉ោង១០​យប់ ដល់ម៉ោង១២អធ្រាត្រ។

ក្នុងរយៈពេលនោះ ខ្ញុំបាននិពន្ធល្ខោននិយាយជាច្រើនរឿង និងបានសម្តែង​បន្តផ្ទាល់ជាមួយក្រុមខ្ញុំទាំង៤នាក់ដែលបានរៀបរាប់នាមខាងលើ។ កាលនោះ កូនពៅរបស់យើង មានវ័យ៨ឆ្នាំ។ កូនស្រីច្បងរបស់ខ្ញុំ​ ជាអ្នក​នៅ​ចាំ​មើលប្អូន។

ក្រោយមកក្នុងខែមីនាឆ្នាំ១៩៩៣ លោក ប៉ែន វ៉ាណូ ដែលជាអ្នកនិយាយផ្សាយព័ត៌មានក្នុងវិទ្យុអាស៊ីបានអានសាព័ត៌មាន LE MONDE ផ្សាយដំណឹងជ្រើសរើសបុគ្គលិ ដែលចេះភាសាបារំាងនិងខ្មែរ bilingue ច្បាស់លាស់សម្រាប់ការផ្សាយផ្នែកភាសាខ្មែរនៃវិទ្យុបារាំងអន្តរជាតិ RADIO FRANCE INTERNATIONALE (RFI) ដែលមានទីស្នាក់ការនៅរដ្ឋ​ធានី ប៉ារីស៍ ខ្ញុំក៏បានដាក់ពាក្យប្រឡងហើយក៏បានជាប់ចូលធ្វើការជាអ្នកសារព័ត៌មានផ្នែកការផ្សាយភាសាខ្មែរក្នុងវិទ្យុបារាំងអន្តរជាតិ RFI  នៅ​ PARIS ទី16ème នៅ​ Maison de la Radio។

ក្រៅពីការផ្សាយព័ត៌មាន ខ្ញុំបានកាន់និងរៀបចំនាទី១ចំនួនគឺ នាទីវប្បធម៌ខ្មែរ ដែលមាន «នាទីអក្សរសិល្ប៍ខ្មែរ​ »« នាទីចម្រៀងទំនើបចម្រុះខ្មែរ»  «នាទីជួបសិល្បករខ្មែរក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា» «នាទីលិខិតអ្នកស្តាប់»។ ខ្ញុំបានធ្វើការក្នុងវិទ្យុបារាំងអន្តរ​តិរយៈ១៨ឆ្នាំ៦ខែ​ ខ្ញុំបាន​សុំចូលនិវត្តន៍មុនគ្រប់អាយុដែលកំណត់មុន១ឆ្នាំ​ ដើម្បីទុកពេល​អាន​សៀវភៅ​ទាំងភាសា​ខ្មែរ​ និងបារាំង រាប់រយក្បាល ដែលនៅឈរសំកុកចាំខ្ញុំទាំងក្រៀមក្រំ២ឬ៣ទសវត្សរ៍មកហើយក្នុងសៀវភៅ​នៃបណ្ណាល័យគ្រួសារ រង់ចាំពេលខ្ញុំលើកយកមកកាន់អានច្រើនឆ្នាំណាស់ហើយ។ ខ្ញុំកាត់តាមលោកប៉ាដែលចូលចិត្តអានតាំងពីយុវវ័យអាយុ១៣ឬ១៤ឆ្នាំ ដោយសារតែខ្ញុំបានឃើញសៀវភៅបារាំងជាច្រើន។

លោកប៉ាអានតែសៀវភៅបារាំង។  គឺក្នុងពេលរៀបចំផ្ទះវីឡាយើង នៅភ្នំពេញ នោះហើយដែលខ្ញុំបានប្រទះឃើញសៀវភៅលោកប៉ាដ៏ច្រើន។ ខ្ញុំក៏បានរៀបចំស្រួលបួល ហើយរើសសៀវភៅពេញចិត្តអានមុនគេ។ ចាប់ផ្តើមចូលចិត្តស្រឡាញ់សៀវភៅ និងរើសសៀវភៅដែលពេញចិត្តអានមុនគេ។ ជំនាន់ខ្ញុំគេបង្រៀនភាសាបារាំងតាំងពីថ្នាក់ដំបូង។

លម្អិតក្នុងកម្រងជីវិតខ្ញុំ​ដែលមានចំណងជើងថា«ខ្ញុំជាស្រី»។ ការនិពន្ធក៏ជាចំណូលចិត្តដ៏ធំបំផុត​១ ​ទៀត​របស់ខ្ញុំណាស់ដែរ។ កូនយើងទាំង៤នាក់កាត់រកខ្ញុំដែលជាមាតាដែរ។ ខ្ញុំបានទិញសៀវភៅ​ជាច្រើនសម្រាប់វ័យពួកគេឱ្យពួកគេអានតាំងពីគេនៅរៀនបឋមសិក្សា។ ពួកគេចូលចិត្តអានណាស់តាំងពីពួកគេនៅតូចៗ។ ខ្ញុំមិនសូវទិញល្បែងលេងសម្រាប់កុមារនិងកុមារីឱ្យពួកគេទេ ក្រៅ​ពីល្បែង​ដែលបង្កើនប្រាជ្ញា។ «អានច្រើនចម្រើនគំនិតនិងមានវោហា»

បណ្តាំងកវីស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន

ខ្ញុំចូលចិត្តស្តាប់បទ«ស្ទឹង​សង្កែ»របស់លោកគង់ ប៊ុន​ឈឿនណាស់។ រាល់ដង ក្នុងពេលដែលខ្ញុំចុះទៅធ្វើម្ហូបនិងបរិភោគអាហារហើយនិងរៀបចំទុកដាក់ ខ្ញុំតែងតែចាក់ចម្រៀងនេះស្តាប់ជានិច្ច។ ក្នុងពេលនោះ ចម្រៀងនេះបានបណ្តាលឱ្យខ្ញុំនឹកសង្វេគលោកកវីគង់ ប៊ុនឈឿនហើយ ថែមទាំងកោតសរសើរលោក ស៊ីន ស៊ីសាមុតដែលបានច្រៀងបកស្រាយ​ចម្រៀងនេះយ៉ាងពិរោះលន្លង់លន្លោចធ្វើឱ្យរលះរលួយថ្លើមប្រម៉ាត់៕

រូបភាព

ពរជ័យវិច្ឆិកា ដោយ​ កវី យឹម កិច្ចសែ

កាលពី១៥ឆ្នាំមុន មានសាច់មានឈាម មានទម្ងន់៤២គីឡូកន្លះហើយនៅធ្វើការផង។ បើកឡានទៅដាក់GARE ហើយជិះរទេះភ្លើងRER C។ ដល់ពេលចូលនិវត្តិន៍ មានពេលគ្រប់គ្រាន់តែកិច្ចការក្នុងផ្ទះធ្វើមិនអស់មិនហើយ។ នេះជាម្ចាស់ខ្លួនឯង បម្រើខ្លួនឯង។ យូរៗ ត្អូញឱ្យលោកប្តីស្តាប់ម្តង ថា នេះជាម្ចាស់ខ្លួនឯង ប្រសិនជាអ្នកបម្រើគេវិញ​ច្បាស់ជាសុំលាឈប់ហើយ។ សព្វថ្ងៃនេះ គ្មានពេលសម្រាក ណាចង់មើលនិងសរសេរសៀវភៅ ។ ឱ ខ្លួនខ្ញុំអើយ! ហត់នឿយជាងតួអង្គនាងសូភាពក្នុងរឿង«ជើងមេឃថ្មី»ដែល​ខ្ញុំបាននិពន្ធទៅទៀត។ សព្វថ្ងៃនេះ ខ្ញុំគ្មានពេលសម្រាកឱ្យសមជាមនុស្សចាស់ទេ។ ណាចង់អាននិងសរសេរសៀវភៅ។ ណាហ្វេសប៊ុក។ ណាចង់អាននិងឆ្លើយឆ្លងសារញាតិមិត្ត។ មិនដែលគិតសោះថាក្នុងជីវិតនេះ ខ្ញុំរវល់អីក៏រវល់ម្ល៉េះព្រះអើយ! នឿយអីក៏នឿយម៉្លេះ! សឹងតែមិនហ៊ានឆ្លុះកញ្ចក់ទៅហើយ។ឱ ! ជរាភាព ណ្ហើយចុះ សុំតែសុខភាពនិងកម្លាំងពលំដើម្បីសរសេរសៀវភៅដែលខ្ញុំប៉ងសរសេរតាំងពីឆ្នាំ២០១០។

វិច្ឆិកា២០១៩ មកដល់ហើយ! ខ្ញុំមិនត្រូវការអ្វីទៀតទេក្នុងជាតិនេះ ក្រៅពីចង់ទុកស្នាដៃជូនអនុជនជំនាន់ក្រោយបំណាច់កើតមកព្រះចារឱ្យខ្ញុំស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ជាតិ៕


រូបភាព

អក្សរសាស្ត្រខ្មែរចែងចាំងនៅ​ក្រៅស្រុក ដោយ យឹម កិច្ចសែ