ខ្ញុំនៅចាំមិនភ្លេច នៅឆ្នាំ១៩៦៨ លោក ម៉ា ឡៅពី បាននិពន្ធចម្រៀង១បទមានចំណងជើងថា«នេះឬចិត្តប្រុស?» ច្រៀងដោយអ្នកចម្រៀង«សូ សាវឿន»ដែលក្នុងជំនាន់នោះ។ លោក ម៉ា ឡៅពី បានដាក់រហស្សនាមជូនអ្នកស្រីសូ សាវឿបថា«អ្នកចម្រៀងសម្លេងរៃកណ្តឹង»។
សូមជម្រាបថា រឿង«នេះឬចិត្តប្រុស?គឺ ជារឿងប្រលោមលោកទី១ដែលខ្ញុំបាននិពន្ធក្នុងឆ្នាំ១៩៦៨ ក្រោយពីខ្ញុំបានស្តាប់ការនិយាយរឿងពិតរបស់កញ្ញាម្នាក់ដែលក្នុងជំនាន់នោះ គេរៀនថ្នាក់ខ្ពស់ជាងខ្ញុំ១ថ្នាក់ ឬ២ថ្នាក់។ ក្នុងជំនាន់ អ្នកខ្លះបានដាក់រហស្សនាមឱ្យកញ្ញានោះថា«បុប្ផាវិទ្យាល័យព្រះយុគន្ធរ»។ គេស្លៀកពាក់ខុសពីខ្ញុំនិងប្លែកខុសគេ។ ចំណែកខ្ញុំវិញ ខ្ញុំស្លៀកពាក់របៀបបារាំងគឺស្លៀកសំពត់ហ្សីបប៉ោង និង ដាក់អាវដែលត្រូវពណ៌នឹងសំពត់តាមរបៀបយុវតីវ័យ១៥ឆ្នាំ។
ក្នុងពេលដែលខ្ញុំបានជួបកញ្ញារូបស្អាតនេះ ដោយចៃដន្យ ក្នុងផ្ទះមិត្តរួមថ្នាក់ម្នាក់ នៅពេលដែលខ្ញុំបានទៅជាលេងលើកដំបូង។ គេរៀនថ្នាក់ខ្ពស់ជាងខ្ញុំ ២ថ្នាក់។ នៅពេលដែលគេបានឃើញខ្ញុំ គេបាននិយាយរឿងពិតផ្ទាល់ខ្លួនប្រាប់ខ្ញុំ ក្រោយពីបានសរសើររូបសម្បត្តិខ្ញុំ។ ពេលនោះ ខ្ញុំចាប់អារម្មណ៍និងគិតថារឿងនេះជាមេរៀនសម្រាប់ខ្ញុំនិងសម្រាប់យុវនារីទូទៅ ទើបខ្ញុំបាននិពន្ធផ្សាយក្នុងកាសែត «កោះសន្តិភាព» ដែលមានលោក ជូ ថានី ជាចាងហ្វាង។ លោក ម៉ៅ ប៊ុនថន នាយការិយាល័យនៃវិទ្យុជាតិភ្នំពេញបានអានរឿងនេះ ក៏បានស្នើសុំដើម្បីផ្សាយជា«ភាគៗក្នុងនាទីភាគនិទាននៃរឿងប្រលោមលោក ក្នុងវិទ្យុជាតិភ្នំពេញឆ្នាំ១៩៦៨ ថែមទាំងត្រូវបានលោក «ម៉ា ឡៅពី» និពន្ធចម្រៀង១បទដាក់អមសាច់រឿងផង។ នេះជាកិត្តិយសទី១របស់ខ្ញុំក្នុងវិស័យអក្សរសាស្ត្រខ្មែរ ដោយកាលនោះ ខ្ញុំមិនបានបញ្ចេញឈ្មោះពិត «ព្រហ្ម សង្វាវ៉ាន»ទេ គឺខ្ញុំបានដាក់រហ័ស្សនាមផ្សេងគឺ «ព្រហ្ម សុទ្ធធីតា»ដែលជាឈ្មោះសម្រាប់ប្រើសរសេរប្រលោមលោកផ្សាយដើម្បីកុំឱ្យលោកប៉ាជ្រាបនិងស្តីបន្ទោសព្រោះលោកមិនចង់ឱ្យខ្ញុំរវល់ការអ្វីទេក្រៅពីខំសិក្សាតែ១មុខគត់ដើម្បីយកសញ្ញាប័ត្រខ្ពង់ខ្ពស់។
អ្នកស្រីសូ សាវឿន រស់នៅក្នុងប្រទេសបារាំងសព្វថ្ងៃនេះដូចខ្ញុំដែរ។ នៅបារាំង ខ្ញុំក៏បានយកចម្រៀងនេះមកច្រៀងខ្លួនឯងឡើងវិញ ទោះបីសម្លេងរបស់ខ្ញុំមិនពីរោះដូចជាអ្នកចម្រៀងវិជ្ជាជីវៈក៏ដោយ ប៉ុន្តែខ្ញុំចង់រក្សាទុកជាមរតកសិល្បៈខ្មែរ និងទុកជាអនុស្សាវរីយ៍នៃរឿងប្រលោមលោកទី១របស់ខ្ញុំ។
ខ្ញុំសូមជម្រាបដែរ ខ្ញុំនឹងសរសេរលំអិតក្នុងរឿង«ខ្ញុំជាស្រី»ដែលជារឿងពិតនៃជីវិតផ្ទាល់របស់ខ្ញុំ។ខ្ញុំប៉ងសរសេររឿងនេះយូរឆ្នាំហើយ ប៉ុន្តែពេលវេលាចេះតែអូសបន្លាយជិត១០ឆ្នាំហើយ។ ខ្ញុំតាំងចិត្តថាត្រូវតែសរសេរឆ្នាំនេះ។ សូមបញ្ជាក់ដែរថា អ្នកដែលមានវ័យស្របាលខ្ញុំនិងរស់នៅក្នុងជំនាន់ខ្ញុំ ប្រាកដជានៅចាំលោក «ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ»ដ៏ពីរោះគ្មានពីរ គ្មានគូប្រៀបផ្ទឹម ក្នុងពិធីធំៗ ដូចជា ក្នុងព្រះរាជទស្សនកិច្ចនៃព្រះបាទសម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ក្នុងពេលព្រះអង្គយាងទៅសម្ពោធសមទ្ធិផលជាតិនានា ក្នុងសម័យសង្គមរាស្រ្តនិយម និងក្នុងពិធីបុណ្យឯករាជ្យជាតិ ក្នុងសមាជជាតិដែលតែងតែមានការប្រគំបទភ្លេងសម័យទំនើបចម្រុះក្នុងពេលរាត្រី។ល។ លោក ម៉ា ឡៅពី មានទេពកោសល្យពិសេសគ្មានពីរឡើយ។
ខាងក្រោមនេះ ខ្ញុំសូមជូនទំនុកចម្រៀងបទ«នេះឬចិត្តប្រុស?»ដែលច្រៀងដោយអ្នកស្រី សូ សាវឿន។ អ្នកស្រីជាអ្នកចម្រៀងសំនៀងរៃកណ្តឹងដែលរស់នៅក្នុងប្រទេសបារាំង។ អ្នកស្រីជាភរិយារបស់លោក ដួង ឆៃលី។
ខាងក្រោម នេះគឺបទ««នេះឬចិត្តប្រុស?»
ខំគេចពីជុងចូលក្នុងអន្ទាក់ គេចពីច្រវាក់ធ្លាក់ក្នុងរណ្តៅ
មើលឃើញថាសចាប់បានមកខ្មៅ ត្រជាក់ជាក្តៅ សើចក្លាយជាយំ។
ងងឹតថាភ្លឺនេះឬចិត្តប្រុស? ហ៊ានដាក់កំហុសទម្លាក់លើខ្ញុំ
ភ្លេចសំពះផ្ទឹមលើកម្រាលព្រំ ចុះចោលទ្រនំទៅដើរផ្ទាល់ដី។
នេះឬចិត្តប្រុសកាត់ទោសប្រពន្ធ? ពោលពាក្យរិះគន់គ្មានគិតប្រណី
ជេរថែមទៀតមកកំសាកស្វាមី ឱបថើបស្រីថ្មីឱ្យអស់ចិត្តទៅ។
ចម្រៀងក្អួតឈាមនាងព្រាហ្មកេសរ ប្រពន្ធចិត្តល្អជូនពរប្តីខ្លៅ
អូនរង់ចាំបងឱបក្តីសោកសៅ អស់កម្មឈាមខ្មៅសឹមបងវិលវិញ៕
សូមជម្រាបបញ្ជាក់ដែរថា ខ្ញុំបានយករឿងនេះមកផ្សាយឡើងវិញ តាមរលកអាកាស៩៥.៦ FM នៃវិទ្យុអាស៊ីសម្លេងខ្មែរ ដែលឋិតវិថី LOUIS BRAILLE 75012 PARIS ដែលខ្ញុំ ប៉ិច សង្វាវ៉ាននឹងស្វាមីខ្ញុំលោក ប៉ិច ឈុន រួមជាមួយលោក រស់ សាលី អ្នកស្រី ណូឡង់ក្លូត នាមដើម ឡាំគៀង ខាហួង ដែលបានស័្មគ្រចិត្តបម្រើវិទ្យុសម្លេងខ្មែរ ៩៥FM នៅប៉ារីសទី១២ ប្រទេសបារាំង រៀងរាល់រាត្រីព្រហស្បតិ៍ ដោយធ្វើការឥតកម្រៃ ដើម្បីលើកស្ទួយអក្សរសាស្រ្តអក្សរសិល្ប៍ និង សិល្បៈខ្មែរ ដែលខ្ញុំស្រឡាញ់ចូលចិត្តតាំងពីយុវវ័យ។ យើងទាំង៤នាក់បានបម្រើវិទ្យុនេះរយៈពេល៤ឆ្នាំ ពីម៉ោង១០យប់ ដល់ម៉ោង១២អធ្រាត្រ។
ក្នុងរយៈពេលនោះ ខ្ញុំបាននិពន្ធល្ខោននិយាយជាច្រើនរឿង និងបានសម្តែងបន្តផ្ទាល់ជាមួយក្រុមខ្ញុំទាំង៤នាក់ដែលបានរៀបរាប់នាមខាងលើ។ កាលនោះ កូនពៅរបស់យើង មានវ័យ៨ឆ្នាំ។ កូនស្រីច្បងរបស់ខ្ញុំ ជាអ្នកនៅចាំមើលប្អូន។
ក្រោយមកក្នុងខែមីនាឆ្នាំ១៩៩៣ លោក ប៉ែន វ៉ាណូ ដែលជាអ្នកនិយាយផ្សាយព័ត៌មានក្នុងវិទ្យុអាស៊ីបានអានសាព័ត៌មាន LE MONDE ផ្សាយដំណឹងជ្រើសរើសបុគ្គលិ ដែលចេះភាសាបារំាងនិងខ្មែរ bilingue ច្បាស់លាស់សម្រាប់ការផ្សាយផ្នែកភាសាខ្មែរនៃវិទ្យុបារាំងអន្តរជាតិ RADIO FRANCE INTERNATIONALE (RFI) ដែលមានទីស្នាក់ការនៅរដ្ឋធានី ប៉ារីស៍ ខ្ញុំក៏បានដាក់ពាក្យប្រឡងហើយក៏បានជាប់ចូលធ្វើការជាអ្នកសារព័ត៌មានផ្នែកការផ្សាយភាសាខ្មែរក្នុងវិទ្យុបារាំងអន្តរជាតិ RFI នៅ PARIS ទី16ème នៅ Maison de la Radio។
ក្រៅពីការផ្សាយព័ត៌មាន ខ្ញុំបានកាន់និងរៀបចំនាទី១ចំនួនគឺ នាទីវប្បធម៌ខ្មែរ ដែលមាន «នាទីអក្សរសិល្ប៍ខ្មែរ »« នាទីចម្រៀងទំនើបចម្រុះខ្មែរ» «នាទីជួបសិល្បករខ្មែរក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា» «នាទីលិខិតអ្នកស្តាប់»។ ខ្ញុំបានធ្វើការក្នុងវិទ្យុបារាំងអន្តរតិរយៈ១៨ឆ្នាំ៦ខែ ខ្ញុំបានសុំចូលនិវត្តន៍មុនគ្រប់អាយុដែលកំណត់មុន១ឆ្នាំ ដើម្បីទុកពេលអានសៀវភៅទាំងភាសាខ្មែរ និងបារាំង រាប់រយក្បាល ដែលនៅឈរសំកុកចាំខ្ញុំទាំងក្រៀមក្រំ២ឬ៣ទសវត្សរ៍មកហើយក្នុងសៀវភៅនៃបណ្ណាល័យគ្រួសារ រង់ចាំពេលខ្ញុំលើកយកមកកាន់អានច្រើនឆ្នាំណាស់ហើយ។ ខ្ញុំកាត់តាមលោកប៉ាដែលចូលចិត្តអានតាំងពីយុវវ័យអាយុ១៣ឬ១៤ឆ្នាំ ដោយសារតែខ្ញុំបានឃើញសៀវភៅបារាំងជាច្រើន។
លោកប៉ាអានតែសៀវភៅបារាំង។ គឺក្នុងពេលរៀបចំផ្ទះវីឡាយើង នៅភ្នំពេញ នោះហើយដែលខ្ញុំបានប្រទះឃើញសៀវភៅលោកប៉ាដ៏ច្រើន។ ខ្ញុំក៏បានរៀបចំស្រួលបួល ហើយរើសសៀវភៅពេញចិត្តអានមុនគេ។ ចាប់ផ្តើមចូលចិត្តស្រឡាញ់សៀវភៅ និងរើសសៀវភៅដែលពេញចិត្តអានមុនគេ។ ជំនាន់ខ្ញុំគេបង្រៀនភាសាបារាំងតាំងពីថ្នាក់ដំបូង។
លម្អិតក្នុងកម្រងជីវិតខ្ញុំដែលមានចំណងជើងថា«ខ្ញុំជាស្រី»។ ការនិពន្ធក៏ជាចំណូលចិត្តដ៏ធំបំផុត១ ទៀតរបស់ខ្ញុំណាស់ដែរ។ កូនយើងទាំង៤នាក់កាត់រកខ្ញុំដែលជាមាតាដែរ។ ខ្ញុំបានទិញសៀវភៅជាច្រើនសម្រាប់វ័យពួកគេឱ្យពួកគេអានតាំងពីគេនៅរៀនបឋមសិក្សា។ ពួកគេចូលចិត្តអានណាស់តាំងពីពួកគេនៅតូចៗ។ ខ្ញុំមិនសូវទិញល្បែងលេងសម្រាប់កុមារនិងកុមារីឱ្យពួកគេទេ ក្រៅពីល្បែងដែលបង្កើនប្រាជ្ញា។ «អានច្រើនចម្រើនគំនិតនិងមានវោហា»៕
គាត់ជាកវីសេកមាស។ រង់ចាំអានរឿងរបស់អ្នកគ្រូ។ ❤
អ្នកគ្រូនឺងចាប់សរសេរឆ្នាំនេះហើយ ពីព្រោះអ្នកគ្រូបានលើកថ្ងៃខែឆ្នាំដើម្បីសរសេរ១០ឆ្នាំមកហើយ។ កាលណាសរសេរចប់ អ្នកគ្រូនឺងប្រគល់ឱ្យសមាគមសៀវភៅខ្មែរនៅភ្នំពេញបោះពុម្ពផ្សាយនៅទីនោះ ហើងប្រាកដណាស់ថាមានលក់នៅទីនោះមិនខានប្រសិនបើក្មួយរស់នៅទីនោះ។ ក្មួយអាចទាក់ទងសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញ។ ចំណែកឯអ្នកមីងវិញ អ្នកមីងប្រហែលជាយកមួយចំនួនសម្រាប់មាគម
អ្នកនិពន្ធខ្មែរនៅបរទេសរបស់អ្នកមីងសម្រាប់អ្នកនៅអឺរុប អាមេរិកដែលមានសាច់ញាតិនិងមិត្តភក្តិរស់នៅ ជាពិសេសនិងប្រទេសបារាំងជាប្រទេសទី២
របស់អ្នកមីងដែលអ្នកមីងនិងក្រុមគ្រូសារជាច្រើនរស់នៅជាងកន្លះសតវត្សទៅហើយណាក្មួយ៕
អ្នកគ្រូតាំងចិត្តថាសរសេរឆ្នាំនេះហើយ មិនតិចទេត៉ាងតិច ប្រហែលជាដប់ដែរទាន់នៅពេលដែលមិនភ្លេចភ្លាំង ព្រោះអ្នកគ្រូចេះតែមានការរវល់មមាញឹកមិនចេះចប់សោះ តាំងពីសុំចូលនិវត្តិន៍មុនដល់អាយុតាមច្បាប់កាលពីឆ្នំា២០១០មក អ្នកគ្រូបានអូសបន្លាយពេល៩ឆ្នាំចោលទទេ ព្រោះតែកិច្ចកាផ្ទះ ដើរកំសាន្តផងទៅមើលលកូនដែលរស់នៅឆ្ងាយៗផង ទទួលមិត្តភក្ត្រដែលមកពីឆ្ងាយខ្លះផងនិងឆ្លៀតតអានខ្លះផង ថែសួនច្បារផង ចូលមើលនិងឆ្លើយឆ្លងក្នុងហ្វេសប៊ូកផង និយាយទូរស័ព្ទជាមួយប្អូននិងកូនៗផង គឺគ្មានពេលទំនេរសោះ។ ហ៊ឺ ហត់ណាស់ មិនដឹងជាអ្នកដទៃ ដូចអញ្ចឹងដែរឬអត់ទេ? គិតខ្លួនឯងថាមានសំណាងក៏ដូចជាអត់សំណាង។ អ្នកគ្រូចាំពាក្យចាស់ៗថាចេះច្រើនវាពិបាក(ធ្វើម្ហូប ដេរប៉ាស់ដេរប៉ាក់ ដាំផ្កា ដែសួន ទទួលមិត្តភក្ត្រ បងប្អូន និងកូនបង្កើត និង កូនធម៌) ។ លើសពីនេះ ក្នុងផ្ទះ អ្នកគ្រូចេះតែទើសភ្នែកមិនអាចដើររំលងបានទេ។ កាលនៅក្មេង អ្នកគ្រូតែងតែចាស់មានប្រសាសន៍ថា«ចេះច្រើនវាពិបាក» គីពិតជាត្រូវមែន៕