Daily Archives: ខែវិច្ឆិកា 20, 2019

ភ្លើងប្រចណ្ឌ​​ និពន្ធដោយ ប៉ិច សង្វាវ៉ាន

មិនថាភេទស្រី ឬភេទប្រុស បើជនណាម្នាក់មានចិត្តប្រចណ្ឌស្វាមី ឬភរិយារបស់ខ្លួនហើយ ជនប្រភេទនោះបាត់បង់ទាំងអស់នូវវិចារណញ្ញាញ។ អារម្មណ៍ពួកគេត្រូវភ្លើងប្រចណ្ឌឆេះរោលរាលពេញខួរក្បាល និងដុតរោលពេញបេះដូងដែលអាចធ្វើឱ្យខូតខាត ឬបែកបាក់គ្រួសារក៏មាន។

ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំបានទទួលពាក្យសម្ដីរបស់ស្ត្រីនាក់ដែលធ្វើឱ្យខ្ញុំហួសចិត្ត និងគិតស្មានមិនដល់។ ខ្ញុំពិចារណាថា ចុះហេតុអ្វីបានជាស្ត្រីទាំងនេះ ព្រួសភ្លើងប្រចណ្ឌមកលើខ្ញុំដែលមិនបានប្រព្រឹត្តអំពើថោកទាបលើស្វាមីនារីទាំងនេះឡើយ ​កុំថាឡើយដល់ទៅសម្ដី ឬអាកប្បកិរិយា និងរូបកាយ។

រសៀលថ្ងៃមួយ កាលនោះខ្ញុំមានវ័យ៣០ឆ្នាំ និងមានកូនពីរនាក់ គឺស្រីម្នាក់អាយុ១៧ឆ្នាំ និងកូនប្រុសបន្ទាប់អាយុ១៦ឆ្នាំ​ ទូរសព្ទរោទ៍ឡើង សំឡេងនិងសម្ដីស្រីបញ្ញវន្តម្នាក់បានថ្លែងទាំងកំរោលមកកាន់ខ្ញុំថា៖

-មើលវិក្កយបត្រទូរសព្ទ ឃើញតែផ្ទះនេះដែលប្ដីខ្ញុំបានហៅមកមិនឈប់ឈរ…

ខ្ញុំមិនបាច់គិតច្រើនថាអ្នកដែលខំហៅទូរសព្ទមករករឿងខ្ញុំនេះ ជាអ្នកដែលខ្ញុំមិនស្គាល់ឡើយ។ ខ្ញុំស្គាល់ច្បាស់ណាស់សំឡេងរបស់អតីតមិត្តនារីខ្ញុំដែលបានរួមថ្នាក់រៀនទីបញ្ចប់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ ខ្ញុំក៏បានឆ្លើយទៅវិញយ៉ាងហី និងចិត្តត្រជាក់៖

-ហេតុអ្វីក៏ឯងមិនហាមប្ដីរបស់ខ្លួន ឬសួរដើមហេតុ ហៅទូរសព្ទមកខ្ញុំញឹកញាប់? ខ្ញុំគ្រាន់តែជាអ្នកលើកទូរសព្ទមកស្ដាប់ ខ្ញុំខុសដែរឬ? ធម្មតា មិនថាខ្លួន មិនថាខ្ញុំទេ កាលណាទូរសព្ទក្នុងផ្ទះរោទ៍ហើយ ត្រូវតែលើកស្ដាប់និងឆ្លើយ។ ហេតុអ្វីថាឱ្យខ្ញុំ។ គួរតែសួរប្ដីរបស់ខ្លួនជាមុនសិន ឬក៏ហាមប្ដីខ្លួនទៅ មុននឹងព្រួសកំហឹងលើខ្ញុំ។ សូមបញ្ជាក់ខ្លីថា៖ លោកប្ដីរបស់ខ្លួនទូរសព្ទមកសួរអំពីចំនួនអ្នកចូលរួមក្នុងរាត្រីជប់លៀងរាំកម្សាន្ត ដើម្បីរកកម្រៃមកផ្គត់ផ្គង់សកម្មភាពអក្សរសាស្ត្រ នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ដោយចង់ដឹងថា តើមានភ្ញៀវចូលរួមសមតាមប្រាថ្នាឬទេ? ខ្លួនក៏ដូចខ្ញុំដែរ កាលណាទូរសព្ទក្នុងផ្ទះរោទ៍ ត្រូវតែលើកដើម្បីឆ្លើយជាដរាប។

ប៉ុន្មានថ្ងៃក្រោយមក អ្នកដែលហៅទូរសព្ទមកខ្ញុំច្រើនលើកច្រើនសារនោះ ក៏បានហៅមកទៀត។ ខ្ញុំបាននិយាយតាមត្រង់៖

-សូមលោកឈប់ហៅមកខ្ញុំទៀត។ ភរិយាលោកប្រចណ្ឌលោកជាមួយខ្ញុំមិនសមហេតុផល។ ខ្ញុំឆ្លៀតពេលនេះជម្រាបលោកឱ្យប្រាប់ភរិយាលោកផងថា ខ្ញុំនេះមិនយកប្ដីនរណាទេ។

ខ្ញុំមានប្ដីមានទាំងកូន។ ខ្ញុំជាមនុស្សមានពូជអម្បូរ បើទោះជាខ្ញុំនៅទំនេរឯកា ក៏ខ្ញុំមិនសម្លឹងស្វាមីរបស់ស្ត្រី។​

ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ទាក់ទងគ្រួសារនេះ ហើយក៏មិនដែលនឹកស្ដាយអតីតមិត្តនារីរួមថ្នាក់ម្នាក់នេះទាល់តែសោះ ពីព្រោះខ្ញុំមិនឱ្យនរណាម្នាក់ប្រមាថតម្លៃទឹកចិត្តរបស់ខ្ញុំជាដាច់ខាត។ លើសពីនេះពូជរបស់ខ្ញុំ គ្មាននរណាម្នាក់យកស្វាមី ឬយកភរិយារបស់នរណាឡើយ។ ចាប់តាំងពីពេលនោះមក ខ្ញុំសុខចិត្តហត់នឿយធ្វើការបម្រើសមាគមតែម្នាក់ឯង មិនត្រូវការសមាជិកម្នាក់នេះ ដែលមិនបានជួយខ្ញុំម្ដងណានោះទេ។ មនុស្សខ្លះធ្វើការកាប់គាស់ លីសែងធ្ងន់ៗ គេមិនត្អូញត្អែរមួយម៉ាត់ផង ចុះត្រឹមការចំណាយពេលវេលាដើម្បីសមាគមមួយដែលខ្ញុំស្រឡាញ់អស់ពីដួងចិត្ត ដើម្បីអក្សរសាស្ត្រជាតិ ទោះណាជាមានកិច្ចការច្រើនជាងនេះក៏ខ្ញុំអាចទ្រាំទ្របំពេញកាតព្វកិច្ចខ្ញុំជាអ្នកបង្កើតសមាគមនេះ ប្រៀបបីដូចជាមាតាល្អម្នាក់ដែលបានបង្កើតកូនមកហើយត្រូវតែចិញ្ចឹម និងមើលថែបុត្រីបុត្រា ទោះជាអត់ងងុយ ភ្ញាក់កណ្ដាលយប់អាធ្រាត្រក៏ដោយ៕

សរសេរនៅថ្ងៃទី១០ មេសា ២០១៩