Daily Archives: ខែវិច្ឆិកា 22, 2019

កម្ពុជា : អំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមត្រូវបានទទួលស្គាល់ជាលើកដំបូង

ឆ្នាំក្រោយ ជួបគ្នានៅភ្នំពេញ ​និពន្ធដោយ​កវី ​គឹម ខូវនី

 

 

 

 

មាត់កង្កែប​ និព​ន្ធ​ដោយ ប៉ិច​ សង្វាវ៉ាន

មិត្តអ្នកអានឃើញ មាត់ និងថ្លង់សំឡេងសត្វកង្កែបនេះ ពេលវាយំ ដើម្បីទាមទារឱ្យមេឃបង្អុរភ្លៀងហើយមែនទេ? «អែប! អែប! អែប!» សំឡេងកង្កែបខ្លាំងគួរឱ្យថ្លង់មែនពេលវាស្រែកយំម្ដងៗ។ រូបរាងកង្កែបក៏មិនល្អ ទំហំប៉ុនបាតដៃកូនក្មេងអាយុ ៤ឆ្នាំសោះ តែសំឡេងកង្កែបខ្លាំងឮដល់ព្រះពិរុណហ្ន៎!។ អ្នកអានចំណាំដូចខ្ញុំដែរមែនទេ កាលណាសត្វកង្កែបបបួលគ្នាយំហើយ ព្រះពិរុណលោកមេត្តាតែងតែមេត្តាបង្អុរភ្លៀងមួយមេពីរមេ ស្រោចស្រពលើព្រះធរណីមិនខានឡើយ។ ខ្ញុំនៅចាំកាលខ្ញុំនៅជាកុមារីម្នាក់ មាតាសម្លាញ់ជាទីគោរពរបស់ខ្ញុំ តែងតែមានប្រសាសន៍ជារឿយៗអំពីស្រីៗដែលចូលចិត្តនិយាយដើមគេពីនេះពីនោះ បែកជាអូរហូរជាស្ទឹងថាជាស្រី «មាត់ដាច ឬមាត់កង្កែប»។​ ស្រីមាត់ដាច ឬស្រីមាត់កង្កែប… ស្រីប្រភេទនេះមិនដែលបិទមាត់លាក់ការសម្ងាត់ណាមួយដែលមិនគួរនិយាយទេ មិនខុសពីសត្វកង្កែបឡើយ។ ពេលខ្លះវានាំគ្នាស្រែកយំយ៉ាងទ្រហឹងគួរឱ្យថ្លង់មិនចង់ឮទេ។ បើយើងហាមវាក៏វាមិនយល់។ វាមិនចេះស្ដាប់ភាសាមនុស្សដូចឆ្កែនិងឆ្មាទេ។

ខ្ញុំលើកយករឿងមួយដែលខ្ញុំបានឮផ្ទាល់ត្រចៀក តាមទូរសព្ទលើតុក្នុងការិយាល័យរបស់ខ្ញុំ។ ជាសំឡេងបុរសម្នាក់ដែលខ្ញុំមិនស្គាល់មុខ មិនស្គាល់ឈ្មោះ និងមិនស្គាល់សំឡេង គ្រាន់តែដឹងថាជាអ្នកស្ដាប់វិទ្យុម្នាក់ប៉ុណ្ណោះ។

-ម៉ាដាម (Madame អស់លោកប្រុសៗទម្លាប់ហៅស្ត្រីមានស្វាមីថា លោកស្រី-អ្នកស្រី ជាពាក្យបារាំង) ខ្ញុំដឹងថាម៉ាដាមជាអ្នកនាំគាត់មកធ្វើការ គួរតែទទួលស្ដាប់អំពើនេះ តែអ្នកស្រីនោះតែងតែនិយាយដើមម៉ាដាមប្រាប់គេឯង…។

-ចា៎… អរគុណលោក បើទោះជាខ្ញុំមិនអាចប្រព្រឹត្តអំពើនេះដូចសហការីរបស់ខ្ញុំ ក៏ខ្ញុំមិនអាចហាមប្រាម ឬបន្ទោសគាត់ក្នុងនាមជាមិត្តដែលធ្លាប់ស្គាល់គ្នាក្នុងវិទ្យាល័យទេ។ ខ្ញុំក៏មិនខឹងដែរ ព្រោះបើ​មាត់គាត់ដាច។ បើជារូបខ្ញុំវិញ ខ្ញុំពិតជាមិនអាចដើរនិយាយដើម អ្នកដែលបានធ្វើអំពើល្អ និងមានគុណ​ចំពោះខ្ញុំទេ។

និយាយចប់ខ្ញុំក៏ស្ងប់អារម្មណ៍ មិនអាក់អន់ចិត្ត ហើយថ្វាយបញ្ហានេះទៅព្រះ ហើយនឹកថា ហេតុអ្វីក៏ម្ចាស់វាចានេះ មិនប្រាថ្នាក់កើតជាតិក្រោយឱ្យមានស្អាតល្អសមសួនជាងជាតិនេះ? បើជារូបខ្ញុំវិញ ពេលណាខ្ញុំប្រទះរឿង ឬឮពាក្យនិយាយដើមខ្ញុំម្ដងៗ ខ្ញុំគិតថា «គួរណាស់គេស្គាល់ខ្លួនគេ មើលឃើញខ្លួនឯងក្នុងកញ្ចក់ ហើយខំប្រព្រឹត្តតែអំពើល្អ ក្រែងលោព្រះលោកប្រទានរូបសម្បត្តិ មុខមាត់ភ្នែកច្រមុះ ឱ្យល្អជាងជាតិបច្ចុប្បន្ននេះ ទើបប្រសើរជាង។ ខ្ជិលខឹង ជឿសុភាសិតខ្មែរយើង «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ គ្មាននរណាម្នាក់អាចខ្ទប់មាត់ជនមាត់ដាចបានឡើយ។ មនុស្សយើងរាល់រូបសុទ្ធតែមានមាតាបិតាអប់រំតាំងពីតូចក្រូចឆ្មារម្ល៉េះ។ កុសលធម៌មិនចាំបាច់យកប្រាក់មួយបាច់ ឬអំណោយមួយការ៉ុងទៅជួយជនខ្វះខាត ឬជនក្រីក្រទេ។ អំពើល្អដោយកាយវាចាចិត្តមិនបាច់ប្រើឬចំណាយប្រាក់កាសឡើយ ហើយទទួលផលល្អក្នុងជាតិនេះតកូនតចៅ…។ ខ្ញុំជឿជាក់ ពីព្រោះអំពើសប្បុរសធម៌របស់មាតាបិតាខ្ញុំគ្រប់យ៉ាង តាំងពីជំនួយប្រាក់កាស ទីកន្លែងក្នុងវីឡា ឬភូមិគ្រឹះឱ្យសាច់ញាតិដែលមកពីខេត្ត ឬជនបទស្នាក់នៅបរិភោគឥតបង់ថ្លៃនោះ បានហុចផលក្នុងជាតិនេះ គឺក្រុមគ្រួសារទាំងមូលរបស់យើង ចំនួន៩៤នាក់ បានគេចផុតពីរបបយង់ឃ្នងខ្មែរក្រហមទាំងអស់គ្នា ហើយបានចេញមកក្នុងនាមជាជនជាតិបារាំងធ្វើមាតុភូមិនិវត្តន៍យ៉ាងងាយ ដោយគ្មានសំបុត្រស្នាមបញ្ជាក់ ព្រោះលិខិតបញ្ជាក់ទាំងអស់ត្រូវបានយើងកម្ទេចចោល គ្មានសល់នៅតាមផ្លូវដើម្បីបំបាត់ដានថាគ្រួសារយើងជាអ្នកអន្ទ្រើស មានឋានៈវណ្ណៈខ្ពស់ និងចេះដឹង ដែលជាទីប្រាថ្នារបស់អង្គការ ដើម្បីសំឡេះចោលឱ្យខ្ទេច។ សូមរង់ចាំអាន «ខ្ញុំជាស្រី» និង «ដំណើរឆ្ពោះទៅរកសន្តិភាពក្នុងដែនឥណ្ឌូចិន» ដែលខ្ញុំនឹងនិពន្ធទុកជូនអ្នកស្នេហាវប្បធម៌ខ្មែរទាំងអស់ដែលចង់ដឹងជីវិតនៃអ្នកស្រឡាញ់អក្សរសាស្ត្រយ៉ាងប្ដូរផ្ដាច់មួយរូប។

សរសេរចប់នៅម៉ុងទីញី ប្រទេសបារាំង

ថ្ងៃទី១០ មេសា ២០១៩

មាត់វៀច និពន្ធដោយ ប៉ិច សង្វាវ៉ាន

ប្រអប់មាត់មនុស្សយើងម្នាក់ៗបញ្ជាក់ពីអត្តចរិតរបស់យើង។ អ្នកដែលកើតមកខ្វះនេះខ្វះនោះ ឬមានលក្ខណៈមិនសមរម្យដូចគេ ខ្មែរយើងតែងតែមានជំនឿ តែងតែនិយាយថា «យើងមិនបានធ្វើបុណ សាងកុសល ពីអតីតជាតិ ឬបច្ចុប្បន្នជាតិ»។ ខ្ញុំបានអានសៀវភៅខ្លះដែលសរសេរភាសាខ្មែរ ឬបរទេស (បារាំង ឬអង់គ្លេស) បានសរសេរអំពីលក្ខណៈប្រអប់មាត់របស់មនុស្សប្រុសស្រី។ ខ្ញុំយល់ស្របថាគេសរសេរត្រូវ។

ខ្ញុំនេះរងកម្មណាស់ ជួបតែមនុស្សស្រីមួយចំនួនរិះគន់មិនសមហេតុផល អាងតែមាត់គ្មានគម្រប ចេះតែព្រួសវាចាអមិត្តតាមតែគំនិតខ្វះវិចារណញ្ញាណ មិនខ្វល់និងគ្មានវិប្បដិសារីលើពាក្យដែលខ្លួនបាននិយាយ។ ថាកូនក្មេងមិនទាន់ដឹងក្ដីចុះ គ្នាមិនទាន់ចេះពិចារណា មនុស្សកញ្ចាស់សក់ពីរពណ៌ទៅហើយ កោតនិយាយស្ដីមិនសមហេតុផល មិនខ្លាចគេវាយតម្លៃបន្ទាបបន្ថោក។

មេម៉ាយម្នាក់ដែលជាភរិយាបញ្ញវន្តម្នាក់ ដែលរស់នៅជាយក្រុងប៉ារីស៍។ តាមពិតខ្ញុំបានជួបស្ត្រីនេះតែពីរដងគត់ គឺនៅផ្ទះខ្ញុំម្ដងនៅពេលយើងអញ្ជើញមកពិសារបាយ និងម្ដងទៀត នៅផ្ទះស្ត្រីនោះដែលដែលអញ្ជើញស្វាមីខ្ញុំ និងខ្ញុំទៅបរិភោគនៅផ្ទះគាត់វិញ។ មិនដឹងជាខ្ញុំបាននិយាយពីអង្កាល់ថា «ខ្ញុំមាននិស្ស័យអាណិត និងចូលចិត្តជួយជនដែលមានជីវភាពទន់ខ្សោយក្រីក្រណាស់។ មេត្តាករុណាធម៌នេះ ជាគំរូប្រពៃដែលខ្ញុំទទួលបានពីអំពើ និងសកម្មភាពភាពរបស់លោកប៉ាចៅ យី ស៊ុម និងលោកម្ដាយ ឌីវណ្ណ ឌីឡូបែស្ស៍ តាំងពីរូបខ្ញុំនៅតូចអាយុ ៩ ឬ ១០ ឆ្នាំម្ល៉េះ។ នៅភ្នំពេញតាំងពីខ្ញុំមានអាយុ ១៣ ឬ ១៤ ឆ្នាំ ខ្ញុំចាប់ផ្ដើមដាក់ទានជាលុយ ជាសម្លៀកបំពាក់ឱ្យជនក្រីក្រដោយហេតុថា ខ្ញុំតែងតែពិចារណាធ្វើការប្រៀបធៀនខ្លួនខ្ញុំ ជាមួយនឹងអ្នកក្រីក្រតោកយ៉ាកដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ ធម្មជាតិស្មោះត្រង់របស់ខ្ញុំ ខ្ញុំតែងតែតំណាលពីសន្ដានចិត្តរបស់ខ្ញុំប្រាប់អ្នកដែលខ្ញុំស្រឡាញ់រាប់អាន រាប់ទាំងសាច់ថ្លៃរបស់ខ្ញុំ។ តាមពិតទៅមិនមែនមនុស្សតិចជាង ១០ ឬ ២០ ទេ ដែលខ្ញុំបាននិយាយពីទឹកចិត្តមេត្តាធម៌របស់ខ្ញុំនេះ។

ស្ត្រីម្នាក់បានលើកយកពាក្យពិតរបស់ខ្ញុំ ថាចូលចិត្តរាប់អានអ្នកក្រីក្រជាងអ្នកមាន ដែលវាយឫកមើលងាយបន្ថោកអ្នកទុរគត ទៅប្រាប់ក្មួយរបស់ស្វាមីខ្ញុំថា «ខ្ញុំចូលចិត្តរាប់អានអ្នកក្រនេះ ព្រោះតែចង់ឱ្យអ្នកទាំងនោះទ្រខ្ញុំ»។ ឱ! ម្ចាស់ថ្លៃអើយ! ខ្ញុំរាប់អានគាត់យ៉ាងស្មោះអស់ពីដួងចិត្ត គ្មានក្នុងគ្មានក្រៅ គ្មានចង់បានការកោតសរសើរពីអ្នកនេះ ឬអ្នកផងឯទៀតទេ ចុះហេតុអ្វីស្ត្រីនេះទិតៀននិយាយដើមខ្ញុំខុសពីសន្ដានចិត្តខ្ញុំទាំងស្រុងដូច្នេះ? ខ្ញុំហួសចិត្ត និងខកចិត្ត ហើយក៏ដកការរាប់អានអស់ពីបេះដូងខ្ញុំ។ ខ្ញុំមិនស្ដាយទេ មនុស្សណាក៏ដោយមិនថាជាបងប្អូន ជាញាតិសន្ដាន ឬជាមិត្ត មនុស្សដែលប៉ិនខាងវាយតម្លៃខ្ញុំមិនសមហេតុផល និងគ្មានមូលដ្ឋានពិតប្រាកដនិងច្បាស់លាស់ ខ្ញុំកាត់ចោលឥតស្រណោះ និងមិនចង់ឃើញស្រមោល ឬដានជើងមនុស្សប្រភេទនេះ។ ខ្ញុំយល់ថា សេពគប់ជនប្រភេទនេះនាំឱ្យខាតពេល ខាតទឹកមាត់ដើម្បីនិយាយគ្នា។

ខឹងពេក ថ្ងៃនេះខ្ញុំនិយាយប្រាប់អ្នកនៅជិតខាងខ្ញុំថា ប្រហែលពីជាតិមុន គាត់មានចរិតចូលចិត្តពេបជ្រាយ ឬនិយាយមិនល្អពីគេហើយ បានជាក្នុងជាតិនេះមាត់គាត់វៀច។ បើគាត់យកគំនិតមកគិតបញ្ហាល្អៗ និងសំខាន់ៗប្រហែលជាត្រូវបានគេគោរព និងកោតសរសើរ ជាជាងគេដៀលជេរ។

បុរសណាបានភរិយាបែបនេះ ច្បាស់ជាយ៉ាប់ហើយ ទោះជាបុរសនោះមានសញ្ញាបត្រខ្ពស់កម្រិតណា​ក៏ដោយ។

ខ្ញុំតែងតែបន់ព្រះរាល់យប់ សូមព្រះអង្គបញ្ចៀសមនុស្សមិនល្អពីខ្ញុំ៕