ប្រអប់មាត់មនុស្សយើងម្នាក់ៗបញ្ជាក់ពីអត្តចរិតរបស់យើង។ អ្នកដែលកើតមកខ្វះនេះខ្វះនោះ ឬមានលក្ខណៈមិនសមរម្យដូចគេ ខ្មែរយើងតែងតែមានជំនឿ តែងតែនិយាយថា «យើងមិនបានធ្វើបុណ សាងកុសល ពីអតីតជាតិ ឬបច្ចុប្បន្នជាតិ»។ ខ្ញុំបានអានសៀវភៅខ្លះដែលសរសេរភាសាខ្មែរ ឬបរទេស (បារាំង ឬអង់គ្លេស) បានសរសេរអំពីលក្ខណៈប្រអប់មាត់របស់មនុស្សប្រុសស្រី។ ខ្ញុំយល់ស្របថាគេសរសេរត្រូវ។
ខ្ញុំនេះរងកម្មណាស់ ជួបតែមនុស្សស្រីមួយចំនួនរិះគន់មិនសមហេតុផល អាងតែមាត់គ្មានគម្រប ចេះតែព្រួសវាចាអមិត្តតាមតែគំនិតខ្វះវិចារណញ្ញាណ មិនខ្វល់និងគ្មានវិប្បដិសារីលើពាក្យដែលខ្លួនបាននិយាយ។ ថាកូនក្មេងមិនទាន់ដឹងក្ដីចុះ គ្នាមិនទាន់ចេះពិចារណា មនុស្សកញ្ចាស់សក់ពីរពណ៌ទៅហើយ កោតនិយាយស្ដីមិនសមហេតុផល មិនខ្លាចគេវាយតម្លៃបន្ទាបបន្ថោក។
មេម៉ាយម្នាក់ដែលជាភរិយាបញ្ញវន្តម្នាក់ ដែលរស់នៅជាយក្រុងប៉ារីស៍។ តាមពិតខ្ញុំបានជួបស្ត្រីនេះតែពីរដងគត់ គឺនៅផ្ទះខ្ញុំម្ដងនៅពេលយើងអញ្ជើញមកពិសារបាយ និងម្ដងទៀត នៅផ្ទះស្ត្រីនោះដែលដែលអញ្ជើញស្វាមីខ្ញុំ និងខ្ញុំទៅបរិភោគនៅផ្ទះគាត់វិញ។ មិនដឹងជាខ្ញុំបាននិយាយពីអង្កាល់ថា «ខ្ញុំមាននិស្ស័យអាណិត និងចូលចិត្តជួយជនដែលមានជីវភាពទន់ខ្សោយក្រីក្រណាស់។ មេត្តាករុណាធម៌នេះ ជាគំរូប្រពៃដែលខ្ញុំទទួលបានពីអំពើ និងសកម្មភាពភាពរបស់លោកប៉ាចៅ យី ស៊ុម និងលោកម្ដាយ ឌីវណ្ណ ឌីឡូបែស្ស៍ តាំងពីរូបខ្ញុំនៅតូចអាយុ ៩ ឬ ១០ ឆ្នាំម្ល៉េះ។ នៅភ្នំពេញតាំងពីខ្ញុំមានអាយុ ១៣ ឬ ១៤ ឆ្នាំ ខ្ញុំចាប់ផ្ដើមដាក់ទានជាលុយ ជាសម្លៀកបំពាក់ឱ្យជនក្រីក្រដោយហេតុថា ខ្ញុំតែងតែពិចារណាធ្វើការប្រៀបធៀនខ្លួនខ្ញុំ ជាមួយនឹងអ្នកក្រីក្រតោកយ៉ាកដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ ធម្មជាតិស្មោះត្រង់របស់ខ្ញុំ ខ្ញុំតែងតែតំណាលពីសន្ដានចិត្តរបស់ខ្ញុំប្រាប់អ្នកដែលខ្ញុំស្រឡាញ់រាប់អាន រាប់ទាំងសាច់ថ្លៃរបស់ខ្ញុំ។ តាមពិតទៅមិនមែនមនុស្សតិចជាង ១០ ឬ ២០ ទេ ដែលខ្ញុំបាននិយាយពីទឹកចិត្តមេត្តាធម៌របស់ខ្ញុំនេះ។
ស្ត្រីម្នាក់បានលើកយកពាក្យពិតរបស់ខ្ញុំ ថាចូលចិត្តរាប់អានអ្នកក្រីក្រជាងអ្នកមាន ដែលវាយឫកមើលងាយបន្ថោកអ្នកទុរគត ទៅប្រាប់ក្មួយរបស់ស្វាមីខ្ញុំថា «ខ្ញុំចូលចិត្តរាប់អានអ្នកក្រនេះ ព្រោះតែចង់ឱ្យអ្នកទាំងនោះទ្រខ្ញុំ»។ ឱ! ម្ចាស់ថ្លៃអើយ! ខ្ញុំរាប់អានគាត់យ៉ាងស្មោះអស់ពីដួងចិត្ត គ្មានក្នុងគ្មានក្រៅ គ្មានចង់បានការកោតសរសើរពីអ្នកនេះ ឬអ្នកផងឯទៀតទេ ចុះហេតុអ្វីស្ត្រីនេះទិតៀននិយាយដើមខ្ញុំខុសពីសន្ដានចិត្តខ្ញុំទាំងស្រុងដូច្នេះ? ខ្ញុំហួសចិត្ត និងខកចិត្ត ហើយក៏ដកការរាប់អានអស់ពីបេះដូងខ្ញុំ។ ខ្ញុំមិនស្ដាយទេ មនុស្សណាក៏ដោយមិនថាជាបងប្អូន ជាញាតិសន្ដាន ឬជាមិត្ត មនុស្សដែលប៉ិនខាងវាយតម្លៃខ្ញុំមិនសមហេតុផល និងគ្មានមូលដ្ឋានពិតប្រាកដនិងច្បាស់លាស់ ខ្ញុំកាត់ចោលឥតស្រណោះ និងមិនចង់ឃើញស្រមោល ឬដានជើងមនុស្សប្រភេទនេះ។ ខ្ញុំយល់ថា សេពគប់ជនប្រភេទនេះនាំឱ្យខាតពេល ខាតទឹកមាត់ដើម្បីនិយាយគ្នា។
ខឹងពេក ថ្ងៃនេះខ្ញុំនិយាយប្រាប់អ្នកនៅជិតខាងខ្ញុំថា ប្រហែលពីជាតិមុន គាត់មានចរិតចូលចិត្តពេបជ្រាយ ឬនិយាយមិនល្អពីគេហើយ បានជាក្នុងជាតិនេះមាត់គាត់វៀច។ បើគាត់យកគំនិតមកគិតបញ្ហាល្អៗ និងសំខាន់ៗប្រហែលជាត្រូវបានគេគោរព និងកោតសរសើរ ជាជាងគេដៀលជេរ។
បុរសណាបានភរិយាបែបនេះ ច្បាស់ជាយ៉ាប់ហើយ ទោះជាបុរសនោះមានសញ្ញាបត្រខ្ពស់កម្រិតណាក៏ដោយ។
ខ្ញុំតែងតែបន់ព្រះរាល់យប់ សូមព្រះអង្គបញ្ចៀសមនុស្សមិនល្អពីខ្ញុំ៕