Daily Archives: ខែវិច្ឆិកា 24, 2019

កវីជូនពរខួបកំណើតខ្ញុំ

មិត្តកវីទាំងពីរ យឹម កិច្ចសែ និង សំ វិជ្ជា តែងតែសរសេរកាព្យទាក់ទងកិច្ចបម្រើអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ ឬដ៏ជាទីស្រឡាញ់របស់ខ្ញុំចាប់តាំងពីយុវវ័យរហូតមកទល់វ័យ​ជរាសព្វថ្ងៃនេះ។
ជា​ពិសេស កវីសំវិជ្ជា ដែលមានទេពកោសល្យផ្នែករចនាប័ណ្ណបានយកចិត្ត​ទុក​ដាក់ក្នុង​ការ​រចនា​ប័ណ្ណ​យ៉ាង​ល្អដ៏​គាប់ចិត្តខ្ញុំ។

សូមមិត្តកវីចំណាននិងចំណាប់ទាំងពីរទទួលការសរសើរនិងអំណរគុណជាអតិបរមាអំពីខ្ញុំដែលជាអ្នកនិពន្ធនិងអតីតអ្នកសារព័ត៌មាននៃវិទ្យុអាស៊ី RADIO ASIEសម្លេងខ្មែររយៈពេល៤ឆ្នាំដោយស្ម័គ្រចិត្តអត់បានទទួលកម្រៃរួមជាមួយស្វាមីខ្ញុំ ប៉ិច ឈុន ថាវរី នាមពិត ឡាំគៀងខាហួង បច្ចុប្បន្ន​អ្នកស្រី ក្លូត ណូឡង់និងលោករស់ សាលី និងចុងក្រោយក្នុងវិទ្យុបារាំង​អន្តរ​ជាតិ RFI ( RADIO FRANCE INTERNATIONALE នៅរដ្ឋធានីប៉ារីស៍ ទី​១៦​ នៃ​ប្រទេសបារាំង រយៈពេល១៨ឆ្នំាកន្លះ មុននឹងសុំចូលនិវត្តន៍មុនពេល​​កំណត់គ្រប់​​អាយុ​ត្រឹម​ត្រូវតាម​ច្បាប់ការងារនៃប្រទេសបារាំង។

ឆ្លៀតឧកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណមិត្តអ្នកស្តាប់ទាំងអស់ដែល​បាន​គាំទ្រនិង​ទទួល​ស្គាល់​ការ​​ងារ​ និងសម្លេងខ្ញុំទាំង​ការផ្សាយព័ត៌មានប្រចាំថ្ងៃនិងផ្នែកវប្បធម៌ខ្មែរ។

សូមផ្ញើការរាប់អាននឹងការលឹកជូនមិតអ្នកស្តាប់ជិតឆ្ងាយដែលខ្ញុំមិនស្គាល់នាមនិងភ័ក្ត្រជាទីគោរពគ្រប់ទិស​ទីទាំងអស់ដែលចាប់សម្លេងនៃការផ្សាយនៃវិទ្យុបារាំងអន្តរជាតិនេះ។

នេះជាប័ណ្ណជូនពរដែលរចនាដោយលោក កែវ ឈុន ក្នុងប្រទេសស្វីស។ ខ្ញុំមាន​ចិត្តរំភើប​ក្រៃ​លែង​​និង​សូមថ្លែងអំណរគុណ​លោក ប្អូន កែវ ឈុន យ៉ាងជ្រាល​ជ្រៅអស់ពីដួង​ចិត្តដែល​បាន​រៀប​ចំ​រចនា​ប័ណ្ណដ៏ល្អនេះ​សម្រាប់​ទិវា​កំណើត​ខ្ញុំគម្រប់​៧៣ឆ្នាំ។

នេះជាអំណោយសំខាន់ដ៏ពិសេសនិងជាតំណាងមិត្តភាពរវាងគ្រួសារយើងទាំងពីរ ទោះបីជាយើងមិន​ទាន់ជួបមុខគ្នាផ្ទាល់នៅឡើយក៏ដោយ។ ប៉ុន្តែ និស្ស័យវប្បធម៌ខ្មែរបានរឹតចំណងមិត្តភាពយើង​ទោះ​​បីជាប្រទេសបារាំងនិងប្រទេសស្វីសនៅឆ្ងាយពីមួយទៅមួយមែន ប៉ុន្តែសន្តានទឹកចិត្ដយើងដែល​ជាអ្នកស្រឡាញ់អក្សរសាស្ត្រអ្រក្សរសិល្យ៍ខ្មែរបានបង្ខិតឱ្យ​យើងនៅជិតគ្នានិង​រឹត​​ចំណង​មិត្តភាពរវាងគ្រួសារយើងទាំងពីរឱ្យវេញធ្លុងមួយជា«ក្រុម​អ្នកអក្សរសាស្ត្រវង់តូច»ដូចដែល​កវីបណ្ឌិត​ យឹម កិច្ចសែ ក្នុងប្រទេសអាល្លឺម៉ង់បានបង្កើត​ពាក្យនេះឡើង។

អរគុណ​កូនធម៌ ឡឹក ជំនោរ ដែល​រចនា​បណ្ណ​ខាងក្រោម​នេះ ហើយ​អរគុណ ហេង ឧត្តម ដែល​ជួយ​រៀបចំ​ប្រកាស​ផ្សាយ​អត្ថបទ​ និងរឿងខ្លីៗ កំណាព្យទាំងឡាយ នៅក្នុង​ឱកាស​ខួប​កំណើត​ខ្ញុំ។

កូន​ក្មួយ​ផ្សេងៗទៀត ក៏បាន​សរសេរ​មកខ្ញុំ​ និងជូន​ពរ​ខ្ញុំ​ជាហូរហែណាស់ដែរ តែ​ខ្ញុំ​ពុំ​ទាន់​អាច​យកមកផ្សាយ​អស់​នៅទីនោះ។ សូម​អរគុណ​ចំពោះសន្តានចិត្ត​ដ៏​ប្រពៃ​របស់​ប្អូន​កូនក្មួយ​និង​មិត្ត​ទាំងអស់​គ្នា។