Category Archives: កវី​និង​អ្នកនិពន្ធនៅ​ប្រទេសជប៉ុន

ក្រោមមេឃពណ៌ខៀវនៅទីក្រុងតូក្យូ និពន្ធដោយប៉ែន​ សេដ្ឋារិន រៀបចំផ្សាយក្នុងវិទ្យុបារាំងអន្តរជាតិRFI ដោយប៉ិច​ សង្វាវ៉ាន

 អស់លោកអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ ខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់នាទីអក្សរសិល្ប៍ខ្មែរដែល

ខ្ញុំប៉ិច សង្វាវ៉ានមានសេចក្តីរីករាយរៀបចំជូនដូចតទៅ៖

ជាអ្នកនិពន្ធម្នាក់ ដោយ​លោកស្រី​ប៉ែន សេដ្ឋារិន

 

PENN SETHតាម​ពិត​ ការងារ​ពិត​ប្រាកដរបស់​ខ្ញុំ​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ទេ​។    ខ្ញុំ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​​ខាងជាតិពន្ធុ​វិទ្យា​​ហើយ​ចំណង់​ចំណូល​ចិត្ត​​ខ្ញុំមាន​ច្រើន​ណាស់​។ ខ្ញុំ​បង្រៀន​ផង​​ខ្ញុំ​ជា​​ម្ចាស់​ភោជនីយដ្ឋាន​ផង​​​ធ្វើ​ការងារ​ជា​អ្នក​បក​ប្រែ​ភាសា​ផង​​ហើយ​ជា​អ្នក​សរសេរ​។​​​​​ ការងារ​ធំ​បំផុត​របស់​ខ្ញុំគឺ​មាតា​។​ មុខ​ងារ​ជា​ភរិយា​ ខ្ញុំ​មិន​បាន​បំពេញ​ប្រហែលជា១៥​ឆ្នាំមុន​ ហើយ​ នៅ​ពេលដែល​ខ្ញុំធ្វើ​សកម្មភាព​អប់រំ​សន្តិភាព​សមានចិត្ត ​ឆ្លង​កាត់​តាម​សមាគម​វប្បធម៌​អាស៊ី​អាគ្នេយ៍​CAPSEA ដែល​បើក​តាំង​ពី​២០​ឆ្នាំមុន​នៅ​ប្រ​ទេស​ជប៉ុន​ និង​១៦​ឆ្នាំ​​មុនជា​មន្ទីរ​ជា​មន្ទីរ​អប់រំ​វិជ្ជាជីវៈ​នារី​ និង​បណ្ណាល័យ​សម្រាប់​កុមារ​នៅ​ប្រទេស​កម្ពុជា​។

បើ​និយាយ​តាម​ភាសា​ជ​ប៉ុន គេ​ថា​យើង ពាក់​ស្បែកជើងផ្ទាត់ពីរ​បី​គូរ​តែ​ម្នាក់​ឯង​។​ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​លំបាក​ទេ គ្រាន់​តែ​គិត​ថា​បើ​ខ្ញុំ​ជា​ខ្មែរ​ម្នាក់​មិន​ខិត​ខំ​ទេ​ ខ្ញុំ​មិនមាន​ឈ្មោះ​ថា​ជា​ប្រជាជន​ខ្មែរ​ទេ ហើយ​ស្អប់​ពាក្យ​ទូល​ផែនដី​តែ​ម្នាក់ឯង​ជាង​គេ​បំផុត​​។​ ដូ​ច្នេះអ្វី​ដែល​ខ្ញុំធ្វើ ហើយ​ធ្វើសព្វថ្ងៃ​នេះ គឺជាកាតព្វកិច្ច​របស់​ខ្ញុំ​ជា​ពលរដ្ខ​ខ្មែរ​និង​ជា​មនុស្ស​ម្នាក់​របស់ពិភពលោក។ នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​ គឺ​មិន​មែនដោយ​សារ​ស្រឡាញ់​មុខងារជាស្មេរទេ តែ​ចង់​ជូន​ជាគំនិត​មួយ​ដល់​បង​ប្អូន​ខ្មែរ​របស់​ខ្ញុំ ហើយ​ចង់​ឱ្យ​ប្រ​ទេស​ខ្ញុំ​មាន​សន្តិភាព មាន​ការ​គោរពពី​ជាតិ​នានា​តែ​ប៉ុណ្ណោះ។ ដូច្នេះ ​បើ​សួរ​ខ្ញុំថា​ តើ​ខ្ញុំ​មាន​ការ​លំបាក​អ្វីខ្លះ​ ខ្ញុំមិន​មានខ្វះទេ​ ជាពិសេសពីដៃគូរ​របស់​ខ្ញុំដែលរស់​នៅ​ជាមួយខ្ញុំ​ដែលដឹងថា ខ្ញុំធ្វើការងារ​គ្រប់បែបយ៉ាងហើយទាមទារឱ្យ​ខ្ញុំធ្វើការងារផ្ទះ​គ្រប់​បែបយ៉ាង​ទៀត។​

នៅ​ប្រទេសជប៉ុនក៏ដូចជានៅប្រទេស​កម្ពុជាដែរនារីភាគច្រើនជាមេផ្ទះ។ បុរសភាគច្រើនចេញទៅ​ធ្វើការយក​លុយ​មកឱ្យភរិយាទុកដាក់។ ដូច្នេះ នារី​ភាគ​ច្រើន​ដែល​រៀប​ការ​ហើយ តែងតែឈប់ធ្វើការងារផងឱ្យប្តី​ចិញ្ចឹមលុះ​ត្រាតែ​មាន​បុត្រដែល ត្រូវការ​ចំណាយ​ច្រើន​ទើបគេទៅធ្វើការបន្តិចបន្តួច។ ឯ​ខ្ញុំវិញ ​ទោះជាមាន​ស្វាមី​ក៏មិនអាច​ពឹង​លើ​កម្លាំងគេ​ដែរ​ ព្រោះយើងកាន់លុយ​រៀងៗខ្លួន​។ បើ​ខ្ញុំ​មិន​ធ្វើការ​ ខ្ញុំ​មិនអាចធ្វើ​សកម្មភាពអ្វី​ទាំងអស់​ដែលខ្ញុំគិត​ថា​​មាន​ប្រយោជន៍​ចំពោះមនុស្ស។ ប៉ុន្តែ​​ ខ្ញុំមាន​ការ​សប្បាយរីករាយនិង ការពេញចិត្ត​នឹង​ការងារ​​របស់​ខ្ញុំជាច្រើន។ ការងារ CAPSEA មាន​ការ​បកប្រែសៀវភៅ​ក្តី​ នាំឱ្យ​មាន​ទំនាក់​ទំនង​ជា​មួយអ្នកអាន។​ ទំនាក់​ទំនង​ខ្លះ​ក៏​មិន​ល្អ​ដែរ​ ប៉ុន្តែមាន​ទំនាក់ទំនងល្អ​ច្រើនជាង​ ហើយការងារ​និពន្ធ​ក្តី​ការងារ​បក​ប្រែ​អត្ថបទ​អក្សរសិល្ប៍ល្អៗពីភាសាបរទេសក្តីសុទ្ធតែជា​វីតាមីនសម្រាប់​ខួរ​ក្បាល ​និង​សតិ​អារម្មណ៍របស់​ខ្ញុំ ​ឱ្យបាន​រីករាយ​មាន​ការ​រំភើប​ហើយ​អាច​ព្យាបាល​សេចក្តី​មួ​ហ្មង​​​​ខាងផ្លូវចិត្តខ្លួនឯងបានច្រើន។

ការងារ​ជា​អ្នក​និពន្ធ​ សព្វថ្ងៃ​ខ្ញុំពុំសូវបានធ្វើទេ ​ព្រោះ​ខ្ញុំ​សប្បាយចិត្តនឹងធ្វើការ​បកប្រែអត្ថបទស្រាវជ្រាវដើម្បីបង្រៀននិស្សិតនៅសកលវិទ្យាល័យ​ហើយការងារនេះធ្វើឱ្យខ្ញុំបានសិក្សាខ្លួនឯងផងមានពេល​សិក្សាជា​មួយ​និស្សិតក្មេងៗផងនិងអាចមានពេលរស់នៅ​ប្រទេស​កម្ពុជាក្នុងរយៈ​ពេល​វែង​ទៀត​​ផង​។

ខ្ញុំគិតថា​ដោយ​សារ​តែ​ស្ថានភាពផ្លូវ​ចិត្ត​ខ្ញុំសព្វថ្ងៃនេះ​ល្អ ហើយ​មានលំនឹងផង ​ខ្ញុំដូច​ជា​លែង​មាន​ចំណង់ចិត្តចង់សរសេរ​ប្រលោមលោក​ប្រឌិត​ត​ទៅ​ទៀត​ហើយ​ ក៏​ប៉ុន្តែ នាអនាគតកាល ខ្ញុំ​ចង់​សរសេរ​បន្ថែម​ពី​រឿង​ពិត​នៃ​មនុស្សធម្មតា។ ​​ខ្ញុំ​តែង​តែ​គោរពអ្នកស្រី ប៉ាល់ វណ្ណារីរក្ស​ដែលមានអាយុ​តិច​ជាង​ខ្ញុំ​ទេ ក៏​ប៉ុន្តែជារៀមច្បង​ឆ្នើមក្នុងការ​សរសេរ​ប្រលោមលោក​ជីវប្រវត្តិ​វីរជនជាច្រើន។

នៅ​ពេល​ដែល​យើង​ជា​ស្មេរ​​ជួប​សំណេះ​សំ​ណាល ឬ​ស្តាប់​ការពិព៌ណនារបស់​មនុស្ស​ណា​ម្នាក់ពី​ជីវិតរបស់គេ​ យើង​មានការ​រំភើបញាប់ញ័រ​ហើយចង់ឱ្យអ្នក​ដទៃ​ដឹង​ពី​អ្នកនោះ​ដែរទើបបាន​ជា​យើង​មាន​កម្លាំងមាន​ថាមពល​នឹង​សរសេរ​។​​​ ខ្ញុំ​មាន​ប្រលោមលោក​បែប​ជីវប្រវត្តិ​នៃ​នារី២-​៣​នាក់ ដែលខ្ញុំ​មាន​បំណង​នឹង​បោះពុម្ព​ផ្សាយ​ប៉ុន្តែជាភាសាជប៉ុន​។​ ខ្ញុំតោងតែបកប្រែ​ជា​​ភាសា​ខ្មែរ​​សិន ​ហើយ​ខ្ញុំជឿ​ថា​គឺជា​ស្នា​ដៃ​​ដែល​អាច​ជាគតិ​ដល់​យុវជន​យុវនារី​ជំនាន់​ក្រោយ​ព្រមទាំងមិត្ត​បរទេស​ដែល​ចង់ដឹង​ពី​ប្រវត្តិ​កម្ពុជា​ពិតៗ​ដែលបាន​ពិសោធពី​ប្រជាជន​ធម្មតា​៕