ខ្ញុំ ប៉ិច សង្វាវ៉ាន និងស្វាមី ប៉ិច ឈុន មានសេចក្តីសោកស្តាយជាពន់ពេល ដែលបានទទួលដំណឹងមរណភាពរបស់លោកពូ ឌុក រ៉ាស៊ី។ លោកជាអតីតសាស្ត្រាចារ្យច្បាប់របស់ស្វាមីខ្ញុំ។ គ្រួសារយើងទាំងពីររាប់អានគ្នាយ៉ាងជិតស្និត និងស្រឡាញ់គ្នាដោយក្តីគោរពយ៉ាងស្មោះស្មើ។ ខ្ញុំរន្ធត់ និងសោកស្តាយ ដែលខ្មែរយើង បានបាត់បង់ បណ្ឌិតច្បាប់និងអ្នកនយោបាយ ដ៏ក្លាហានរូបទៀតដូចលោកពូ ឌុក រ៉ាស៊ី។ ខ្ញុំនិងស្វាមី សូមសម្តែងក្តីគោរពចំពោះវិញ្ញាណក្ខន្ធលោកពូ និងសូមសម្តែងក្តីក្រៀមក្រំ ព្រមទាំងចូលរួមចំណែករំលែកទុក្ខព្រួយជាមួយក្រុមគ្រួសារ និងលោកជំទាវបង ឌុក សេដ្ឋា (បណ្ឌិត មាស សេដ្ឋា) ពីចម្ងាយផង។ សូមវិញ្ញាណក្ខន្ធរបស់លោកពូ សោយសុខគតិភពនៅឋានសួគ៌នៃបរលោក កុំបីឃ្លាងឃ្លាតឡើយ។
ខាងក្រោមនេះ ជាអត្ថបទរបស់ វិទ្យុបារាំងអន្តរជាតិ RFI ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ គួរបញ្ជាក់ថា សពរបស់លោក ឌុក រ៉ាស៊ី បានបូជានៅថ្ងៃចន្ទ ទី៣០ មីនា ២០២០។

បណ្ឌិត ឌុក រ៉ាស៊ី នៅថ្ងៃទី៨មីនា២០២០ ទិវារម្លឹកខួបកំណើត គម្រប់៩៥ឆ្នាំ។ (រូបភាពថតនៅឆ្នាំ២០១៧ ដោយ ហេង ឧត្តម)
បណ្ឌិត ឌុក រ៉ាស៊ី អ្នកនយោបាយខ្មែរជើងចាស់ ទទួលមរណភាព នៅជន្មាយុ ៩៥ឆ្នាំ
ដោយ ហេង ឧត្តម
បណ្ឌិតច្បាប់ លោក ឌុក រ៉ាស៊ី អតីតឯកអគ្គរដ្ឋទូតខ្មែរប្រចាំទីក្រុងឡុងដ៍ បានទទួលមរណភាព ដោយជរាពាធ នៅថ្ងៃពុធ ទី២៥មីនា នៅរដ្ឋធានីប៉ារីស។ លោកគឺជាអ្នកនយោបាយជើងចាស់ មានកិត្តិនាមកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ ជំនាន់នោះ លោកមានតួនាទីជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំងនិងជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៅភ្នំពេញ។ តើព្រឹទ្ធាចារ្យបណ្ឌិតនីតិសាស្ត្ររូបនេះ មានជីវប្រវត្តិ យ៉ាងដូចម្តេចខ្លះ?
«ចេះច្បាប់ គេបោកមិនបាន ធ្វើអ្វីត្រឹមត្រូវ និងដឹងខុសដឹងត្រូវ» នេះជាគំនិតដែលលោក ឌុក រ៉ាស៊ី យល់ឃើញតាំងតែពីក្មេងវ័យម្ល៉េះ។ ឈរលើទស្សនៈនេះហើយ ដែលលោកបានប្រឹងប្រែងបន្តវិជ្ជាវិស័យច្បាប់ រហូតបញ្ចប់ថ្នាក់បណ្ឌិតនីតិសាស្ត្រសាធារណៈ ពីប្រទេសបារាំង នៅឆ្នាំ១៩៥៧។ បណ្ឌិតរូបនេះ ចូលបំពេញការងារ នៅអង្គការសហប្រជាជាតិ ចំនួន២ឆ្នាំ ក្នុងគណៈកម្មការនីតិកម្ម នៅបុរីញូវយក សហរដ្ឋអាមេរិក ហើយបន្ទាប់មកទៀត បម្រើការងារនៅស្ថានទូតខ្មែរនៅប្រទេសថៃ ចំនួន១ឆ្នាំ រួចត្រឡប់ មកធ្វើការនៅក្រសួងការបរទេសវិញ ដល់១៩៦២។
ក្រោយជម្លោះរឿងប្រាសាទព្រះវិហារ លោក ឌុក រ៉ាស៊ី ចាកចេញពីក្រសួងការបរទេស និងផ្តើមប្រលូកជីវិតនយោបាយ ហើយក្លាយជាអ្នកតំណាងរាស្ត្រ។ លោកយល់ថា «ធ្វើជាអ្នកនយោបាយនិងសមាជិកសភា មានសិទ្ធនិយាយស្តីបានច្រើន ទាក់ទងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងអាចបង្រៀនបុរីជនឱ្យក្លាហាន យល់ចេះដឹងពីសិទ្ធរបស់ខ្លួន។» ក្នុងពេលដំណាលគ្នា អ្នកតំណាងរាស្ត្ររូបនេះបានបង្កើតកាសែតជាភាសាបារាំង ឈ្មោះថា Phnom Penh Presse។ នៅលើសង្វៀននយោបាយ លោកមានការខ្វែងគំនិតទស្សនៈនយោបាយមួយចំនួន ជាមួយសម្តេច នរោត្តម សីហនុ រហូតដល់ព្រះអង្គបិទកាសែតភាសាបរទេសទាំងអស់ នៅឆ្នាំ១៩៦៧។ សម្តេច សីហនុ ក៏ធ្លាប់មានបន្ទូលគំរាម តាមវិទ្យុជាតិទៀតផងថា«ចង់បញ្ជូន ឌុក រ៉ាស៊ី ទៅបរលោក»។
នៅសម័យសាធារណរដ្ឋខ្មែរ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យនិងយុត្តិធម៌សង្គម បណ្ឌិត ឌុក រ៉ាស៊ី បាន សរសេររិះគន់ស្ថាបនារបប លន់ នល់ ជារៀងរាល់ថ្ងៃ តាមទំព័រសារព័ត៌មាន។ អត្ថបទវិចារណកថាទាំងនោះ បានធ្វើឱ្យរបបថ្មី ក្តៅស្លឹកត្រចៀកមិនតិចទេ។
មុនពេល ខ្មែរក្រហម លេបត្របាក់រដ្ឋធានីភ្នំពេញ លោក ឌុក រ៉ាស៊ី បានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំចក្រភពអង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។ ចាប់ពីឆ្នាំ១៩៧៥ លោកជាសាស្ត្រាចារ្យនីតិសាស្ត្រ បង្រៀននៅសកលវិទ្យាល័យ Amiens ប្រទេសបារាំង។ ពេលចូលនិវត្តន៍ លោកបង្កើតព្រឹត្តិបត្រ Le Salut Khmer និង បង្កើតសមាគមសិទ្ធមនុស្សឈ្មោះថា «សម្ព័ន្ធខ្មែរការពារសិទ្ធមនុស្សនិងសិទ្ធបុរីជន»។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសរួចមក លោក ឌុក រ៉ាស៊ី បានរៀបចំសន្និសីទនិងសិក្ខាសាសាជាច្រើនដែលទាក់ទងនឹងសិទ្ធ សេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា។ ពេញមួយជីវិតនេះ លោកបាននិពន្ធសៀវភៅ អត្ថបទវិភាគច្បាប់ និងវិចារណកថាជាច្រើន ជាភាសាខ្មែរនិងបារាំង។
សព្វថ្ងៃ ភរិយានិងបុត្រាបុត្រីរបស់លោក ចំនួន៥នាក់ រស់នៅប្រទេសបារាំង។ ភរិយារបស់លោក ឌុក រ៉ាស៊ី គឺលោកស្រីបណ្ឌិត មាស សេដ្ឋា សោកស្តាយ និងរន្ធត់ជាពន់ពេកចំពោះការបាត់បង់ស្វាមី ដែលជាឥស្សរជនមួយរូបរបស់ខ្មែរ។ លោកស្រីបានរម្លឹកប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ពីពាក្យសម្តីរបស់ស្វាមី ដែលតែងតែពោល និងសរសេរថ្លែងជាញឹកញយ គឺ ៖ «Une paix juste et durable ne peut être fondée que sur les Droits, l’Education et la Morale» (សន្តិភាពសង្គម ពិតប្រាកដនិងគង់វង្ស តែងសំអាងទៅលើច្បាប់, ការអប់រំ និងសីលធម៌)៕
វណ្ណកម្មមួយចំនួនរបស់អ្នកនិពន្ធ ឌុក រ៉ាស៊ី
-«វិចារណកថា ឌុក រ៉ាស៊ី» បោះពុម្ពឆ្នាំ២០១៨ ដោយ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ នៅភ្នំពេញ
-«វាសនាខេមរៈបុត្រ» បោះពុម្ពឆ្នាំ២០១២ ដោយបណ្ណាគារអង្គរ នៅភ្នំពេញ
-«វាសនាប្រទេសជាតិ » បោះពុម្ពឆ្នាំ២០១២ ដោយបណ្ណាគារអង្គរ នៅភ្នំពេញ
-«Cambodge, Déclin et résurrection», 2012, Société des Ecrivains, Paris
-«La Question de la Représentation khmère à l’ONU, Droit ou Politique», 1974, ed. PEDONE, Paris
-«Les Frontière de la faute personnelle et de la faute de service dans le droit administratif français», 1963, collection Bibliothèque de droit public, Tome XLIII, Paris