Category Archives: ទិវានារីអន្តរជាតិ៨មីនា

រូបភាព

៨មិនាទិវាស្រ្តី​ និពន្ធដោយលោក យឹម កិច្ចសែ

Frauentag Yim Guechse

 

កត្តាទាំងបី ​​និពន្ធដោយ​ លោកស្រី ស៊ីម​ ចាន់យ៉ា


ច្រើនសតវត្សរ៍ហើយស្ត្រីខ្មែរSIM CHANYA_224247

រងទុក្ខឥតល្ហែក្នុងសង្គម

សិទ្ធិ(១)ស្រីទន់ទាបមិនសម

ថានៈឧត្តមបានទៅប្រុស។

ស្រីសែនតូចចិត្តហើយតវ៉ា

ច្រើនលើកច្រើនសារមិនស្រួលស្រុះ

ទាមទារឲ្យស្រីនិងបុរស

គ្រប់សិទ្ធិទាំងអស់សុំឲ្យស្មើ។

សិទ្ធិក្នុងសង្គមនិងគ្រួសារ

ប្រកបមុខការងារប្រសើរ

ឋានៈឧត្តមសមគ្រាន់បើ

ស្រីស្នើឲ្យគិតដល់នាងផង។

បញ្ហាទាំងនេះសំខាន់ណាស់

ព្រោះស្រីដេរដាសច្រើនកន្លង

ហុកសិបភាគរយកម្លាំងច្បង

មិនអាចកន្លងរំលងឡើយ។

តែត្រូវស្វែងយល់ពីកត្តា

ធ្វើក្តីប្រាថ្នាឲ្យដល់ត្រើយ

ធ្វើឲ្យចិត្តស្រីបានធូរស្បើយ

តើត្រូវយើងឆ្លើយដាក់លើអ្វី។

កត្តាទីមួយគឺផ្នែកច្បាប់

ត្រូវចែងរ៉ាយរ៉ាប់ពីសិទ្ធិស្រី

ឲ្យស្មោះនិងប្រុសគ្រប់ករណី

ហើយគិតដល់អ្វីតាមភេទផង។

ទីពីរគឺត្រូវរដ្ឋជំរុញ

ព្រោះស្រីធ្លាប់តុញតុះកន្លង

ទម្លាប់សង្គមសង្កត់ចង

ច្រើនពេលកន្លងស្រីមិនក្លា។

បើកសិទ្ធិមួយមុខមិនគ្រប់គ្រាន់

ត្រូវតែបន្ទាន់រុញយ៉ាងណា

ធ្វើឲ្យស្រីហ៊ានចូលសិក្សា

ចូលកាន់មុខការគ្រប់តំណែង។

គឺថាបង្កលក្ខណៈគ្រប់

ឲ្យចិត្តស្រីឈប់ព្រួយចំបែង

ឈប់អៀន ឈប់ស្ទក់ ប្រែខែងរែង

ចូលគ្រប់កន្លែងដែលមានសិទ្ទិ។

កត្តាទីបីសំខាន់ខ្លាំង

គឺស្រីត្រូវច្បាំងក្នុងគំនិត

ច្បាំងនឹងខ្លួនឯងដែលមិនស្បិត

មិនរវល់គិតថាខ្លួនថ្លៃ។

បែរជាគិតថាខ្លួនទន់ទាប

មិនអាចប្រៀបធៀបឬកែឆ្នៃ

ខ្លួនឲ្យចេះដឹងមានតម្លៃ

ដូចភេទដទៃ គឺបុរស។

ម៉្លោះហើយស្រីច្រើននៅទំរន់

ចិត្តស្ពឹកស្រទន់ទន់ទាំងអស់

ច្រើនតែចំនួនគួរស្រណោះ

មិនអាចលោតផ្លោះតាមស្រមៃ។

បើចង់បានសិទ្ធិត្រូវខំប្រឹង

ស្រីអើយចូរដឹងឈប់សង្ស័យ

លើកសមត្ថភាពខ្លួនឲ្យថ្លាថ្លៃ

រៀនសូត្ររាល់ថ្ងៃថ្លាដូចត្បូង។

ដំបូងរៀនចំណេះទូទៅ

រួចហើយកុំនៅប្រញាប់ឈោង

ចាប់បច្ចេកទេសហើយលើកជ្រោង

កែច្នៃដូចត្បូងច្នៃរាល់ថ្ងៃ។

ហើយត្រូវពង្រីកចំណេះដឹង

ឲ្យលាតសន្ធឹងទូលាយក្រៃ

គឺអានកាសែតទស្សនាវដ្តី

សព្វសៀវភៅអ្វីដែលប្រសើរ។

ចូលរួមប្រជុំហើយខំស្តាប់

ត្រងត្រាប់យោបល់ណាគ្រាន់បើ

យកមកអនុវត្តហើយអាចស្មើ

យោបល់ប្រសើរត្រឡប់វិញ។

ត្រង់ណាមិនច្បាស់ត្រូវស្វែងយល់

មិនត្រូវនៅខ្វល់ហើយទោម្នេញ

ចិត្តអៀនចិត្តខ្លាចត្រូវទាត់ចេញ

ទើបនោះហៅពេញសមត្ថភាពស្រី។

សមត្ថភាពគ្រប់គ្រាន់ទើបមានសិទ្ធិ

ចូលរួមគូរគិតរឿងអ្វីៗ

ចូលរួមដោះស្រាយរឿងទឹកដី

មុខងារស្ត្រីប្រែខ្ពង់ខ្ពស់។

ទាំងក្នុងសង្គម ក្នុងគ្រួសារ

ស្រីប្រែថ្លៃថ្លាមានកិត្តិយស

កត្តាទាំងបីប្រែកេរ្តិ៍ឈ្មោះ

ស្រីឲ្យពិរោះខ្ពស់ក្នុងសិទ្ធិ៍៕

ភ្នំពេញ ១៩៩៩

ផ្ការំយោលក្នុងសួនខ្ញំ

ផ្ការំយោលក្នុងសួនខ្ញំ

 

 

 

 

អនុស្សាវរីយ៍នៃសកម្មភាពផ្នែកអក្សរសាស្រ្តខ្មែរនៅកម្ពុជា

 

 

 

CERTIFICAT DE REMERCIEMENT NOU HACH  DU 09-07-2011 114940

 

 

CERTIFICAT SUCCESS MAGAZINE DU 13- 08- 2011_115637

ការលើកឋានៈនារីភេទ ដោយ​ លោក​ស្រី​​បណ្ឌិតសាស្ត្រាចារ្យ សេដ្ឋា ឌុក រ៉ាស៊ី

Sétha_été 2013(ស្រង់ចេញពីព្រឹត្តិប័ត្រ Le Salut Khmer – លេខ៨៥ ​ខែកញ្ញា ឆ្នាំ១៩៩៤) 

សកម្ម​ភាពអន្តរជាតិអំពី​លក្ខណៈ​ស្ត្រីជា​ទូទៅ​

ចាប់តាំង​ពីក្រោយ​ចម្បាំង​លោក​​លោកលើក​ទី​២​មក ប្រមាណ​ជា​ង​៤០ឆ្នាំ​ហើយ អង្គការ​មាន​សមត្ថកិច្ច​នៃ​អង្គការ​សហប្រជាជាតិ អ.ស.ប. បាន​ធ្វើ​ការ​យ៉ាងខ្លាំង​ខ្លា​ដើម្បីដំឡើង​លក្ខណៈ​ស្ត្រី​ក្នុង​វិស័យ​ផ្សេងៗ​និង​បំបាត់​ការ​រើស​អើង (discrimination) ប្រឆាំង​នារីភេទ។ ក្នុង​ឆ្នាំ​១៩៤៩ អង្គការ​បា​នសម្រេច​តាក់​តែង​អនុសញ្ញា​អន្តរជាតិ (convention)​ ដើម្បី​សមភាព​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​នយោបាយ។ អនុសញ្ញា​នេះ​បាន​ទទួល​ការ​ចុះ​ហត្ថលេខា​ និង​ការ​យល់​ព្រម​ពី​មហា​សន្និបាត (ម.ស.) អ.ស.ប. នាថ្ងៃ​ទី២០ ខែ​ធ្នូ​ ឆ្នាំ​១៩៥២។

អនុសញ្ញា​បី​ទៀត ក៏​បាន​ទទួល​ការ​យល់​​ស្រប​សម្រេច​ពី​ អង្គការសហប្រជាជាតិ អ.ស.ប. តាម​កិច្ច​ការ​នៃ​ គណៈ​កម្ម​ការ​អំពីលក្ខណៈ​នារីភេទ (Commission de la condition de la femme)លើ៖

– ​ការ​រើស​យក​សញ្ជាតិ​នៃ​ស្រី​មាន​ប្តី​ (ម.ស. ឆ្នាំ​១៩៥៣)

– អនុសញ្ញា​លើ​ការ​សុខ​ចិត្ត​ព្រម​ក្នុង​អាពាហ៍​ពិពាហ៍ (ម.ស. ឆ្នាំ​១៩៦២)

– ហើយ​ដែល​ភ្ជាប់​នឹង​សំណើ​រឿង​ដដែល​នេះ នា ម.ស. ឆ្នាំ​១៩៦៥ ។

 

ការ​ប្រកាសលើក​ការ​បំបាត់​ភាព​រើស​អើង​ប្រឆាំង​នារីភេទបាន​ទទួល​ការ​យល់​ស្រប​​ពី​ម.ស. ឆ្នាំ​១៩៦៧​ក្នុង​សេចក្តី​សម្រេច​ទី២២៦៣ (résolution 2263, XXII)។ បន្ត​ពី​នេះ​ មាន​អនុ​សញ្ញា​ស្តី​អំពី​ការ​បំបាត់​រាល់​ទម្រង់នៃ​ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ នា​ ម.ស. ឆ្នាំ​១៩៧៩។ ស្រប​នឹង​ន័យ​សមភាព​នឹង​ការ​មិន​រើស​អើស​គណៈ​កម្ម​ការ​អ.ស.ប. សិក្សា​លក្ខណៈ​​នារី​ភេទ​បាន​ធ្វើ​សំណើ​គ្រប់​វិស័យ​ ដូច​ជា​សិទ្ធិ​បង្រៀន​គ្រប់​ជាន់​ថ្នាក់, សិទ្ធិ​ក្នុង​ផ្លូវ​សេដ្ឋកិច្ច​, ការ​ធានា​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​សម្រាប់​ស្ត្រី​មាន​ទាំង​ប្រាក់​ខែ​ ឬ​ប្រាក់​បំណាច់​ស្មើ​គ្នា​នឹង​បុរស (le droit à un salaire égal pour un travail égal), សភាព​ផ្សេងៗ​ក្នុង​ច្បាប់​គ្រួសារ​ ហើយ​នឹង​របៀប​គ្រប់​គ្រង​សម្បត្តិ។

បន្ទាប់​មក ដើម្បីទប់​ទល់​កុំ​ឱ្យ​មាន​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​មាន​ដើម​គំនិត​យ៉ាង​ច្រើន​បាន​កើត​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល (Organisation non gouvernementale ou O.N.G.), ពី​រដ្ឋាភិបាល​នឹង​ពី​សហគម​អន្តរជាតិ។ គណៈ​កម្មការ​ខាង​លក្ខណៈ​នារីភេទ ក៏​មាន​ តួនាទី​​ថ្មី ៖ ជា​អង្គការ​រៀប​ចំ​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ​ពីរ :

១. ទិវា​អន្តរជាតិ​សម្រាប់​ស្ត្រី​

បាន​កើត​ចេញ​ពី​សន្និសីទ​ពិភព​លោក នៅ​ម៉េច​ស៊ីកូ ឆ្នាំ១៩៧៥ ក្នុង​សេចក្តី​សម្រេច​​ទី​៣៥២០ (résolution 3520, xxx)។ រៀង​រាល់​ឆ្នាំ​ គេ​កំណត់​ថា ថ្ងៃ​៨មីនា ជា​ទិវា​អន្តរជាតិ​សម្រាប់​នារីភេទ។

២. ការ​ប្រកាស​គម្រោង​ការណ៍​១០ឆ្នាំ​​សម្រាប់​ស្ត្រី​

      [Proclamation de la Déclaration des Nations Unies pour la femme (1976 – 1985)]

លើ​គោល​ការណ៍​បី៖ សមភាព​ វឌ្ឍនភាព និង​សន្តិភាព (Egalité, Développement et Paix) ។ ទាក់​ទង​នឹង​ «គម្រោង​ការណ៍​១០ឆ្នាំ»នេះ មាន​សន្និសីទ​ពិភព​លោក​៣​ដង​រួច​មក​ហើយ គឺ​សន្និសីទ​នៅ​ម៉េច​ស៊ីកូ ក្នុង​ឆ្នាំ​១៩៧៥ នៅ​កូប៉ិនហាគ (ទី​ក្រុង​ ប្រទេស​ដាណឺម៉ាក់) ក្នុង​ឆ្នាំ​១៩៨០ នៅ​ណា្យរ៉ូប៊ី (ទី​ក្រុង​ ប្រកេន្យា) នាឆ្នាំ​១៩៨៥។

ក្នុង​ឆ្នាំ​ក្រោយ​នេះ សន្និសីទ​ពិភព​លោក​ទី​៤​អំពី​នារីភេទ​ (4ème Conférence Mondiale sur les Femmes) នឹងប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជា​មានិត ក្នុង​ខែ​កញ្ញា​១៩៩៥។

ប្រតិទិន​នៃ​ព្រឹត្តិការណ៍​នោះ​ មាន​ចែក​ជា​ពីរ ៖ សន្និបាត​រវាង​សមាគម​ក្រៅ​រដ្ឋាភិបាល​ (Forum des O.N.G.) ពី​ថ្ងៃ​៣០ សីហា ទៅ​៨ កញ្ញា​ ១៩៩៥ នឹង​សន្និសីទ​ពិភព​លោក​ទី​៤​អំពី​ស្ត្រី​ ពី​ថ្ងៃ​៤ ទៅ​ថ្ងៃ​ ១៥ កញ្ញា​ឆ្នាំ​ដដែល។

១៩៩៣ – ៩៤ នៅ​ក្រុង​នានា​ក្នុង​ពិ​ភព​លោក។ គណៈកម្ម​ការ​ អ.ស.ប. អំពី​លក្ខណៈនារីភេទ ក្នុង​ការ​ប្រជុំ​ទី​៣៨ ឆ្នាំ​១៩៩៤ នេះ​បាន​ចេញ​ជា​គម្រោង​ការណ៍​ដែល​ទុក​ជា​សេចក្តី​ព្រាង​ វេទី១ (Draft Platform for Action) រៀប​រៀង​ដោយ​ លោក​អគ្គ​លេខា​ធិការ (document E/CN6/1994/10) ជាមួយ​នឹង​ការ​សង្កេត​​ពី​គណៈ​កម្ម​ការ​សិក្សា​រឿង​នេះ។

នាទីស្ត្រី​ខ្មែរ

តាម​ទំនៀម​ទម្លាប់​ស្ត្រីខ្មែរ​ មាន​តួនាទី​«ម្យ៉ាង»ក្នុង​ជីវិត​នាង​ ទោះបី​ខាង​ផ្លូវ​ច្បាប់​ខ្លះ ស្ត្រី មាន​សិទ្ធិ​ស្មើបុរស​ក៏​ដោយ​ ដូច​ជា​វិស័យន​យោបាយ សង្គម​កិច្ច​ និង​សេដ្ឋកិច្ច​ ជា​ដើម។

តួនាទី​«ម្យ៉ាង»​នោះ​ គឺ​អ្វី​ខ្លះ​ទៅ​?

–  ក្នុង​វិស័យ​អប់រំ (domaine éducatif)

ជំនាន់​ដើម​ (៥០ – ៦០ ឆ្នាំ​មុននេះ) លើក​លែង​តែ​គ្រួសារ​ពិសេស​ខ្លះ​ចេញ​ ឪពុ​កម្តាយ​ច្រើន​គិត​ដល់​កូន​ប្រុស​មុន។ រីឯ​កូន​ស្រី​វិញ ឬ​មួយ​ មិន​បាច់​រៀន​ទេ ឬ​មួយ រៀន​បន្តិច​បន្តួចបាន​ហើយ។ ដោយ​មិន​បាន​គិត​ឱ្យ​ជ្រៅ​ជ្រះថា បើ​ស្រី​មាន​តម្រិះទៅ​អាច​មាន​ប្រយោជន៍​ដល់​ខ្លួន​ គ្រួសារ​ខ្លួន​នឹង​ដល់​សង្គម ពី​ព្រោះ​បើ​យើង​ឥត​តម្រិះ លំបាក​នឹង​រក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ដែរ ហើយ​លំបាក​ឱ្យ​គេ​ទទួល​ស្គាល់​​តួនាទី​របស់​យើង។ សរុប​សេចក្តី​ទៅ​ ធ្វើ​ដូច្នេះ គឺ​ឱ្យ​ស្រី​នៅ​ក្រោយ​បុរសរហូត​។ ឥឡូវ​នេះ មាន​ការ​ចម្រើន​ខ្លះ​ហើយ ក្នុង​ការអនុវត្ត​សិទ្ធិ​ស្មើ​ភាព​គ្នា​ផ្នែក​អប់រំ​សិក្សា លើក​លែង​តែ​លក្ខណៈ​ទុក្ខរកម្ម​ ដែល​យើង​ចែង​ក្នុង​វគ្គ​ខាង​ក្រោម​បំផុតនៃ​ជំពូក​នេះ។

–      ក្នុង​ជីវភាព​គ្រួសារ​ (vie de famille)

ស្រី​មាន​ប្តី​មាន​កាតព្វ​កិច្ច​៣ធំ​ : ជា​មេផ្ទះ​ ជា​ភរិយា«គ្រប់​លក្ខណ៍» (ល្អ​ឥតខ្ចោះ) ជា​ម្តាយ​ចេះ​អប់រំ​យក​ចិត្ត​ទុក​ដាក់​កូន​ខ្លួន​ ដើម្បី​គ្នា​កសាង​អនាគត​ក្នុង​លក្ខណៈ​ល្អ។

ស្រី​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ក្នុង​សុភមង្គល​គ្រួសារ។ ពាក្យ​ស្លោក​«សំណាប​​យោង​ដី​ ស្រី​យោង​ប្រុស» មិន​មែន​គ្មានន័យ​ទេ ព្រោះ​ស្រី​អាច​យោង​ប្រុស​ឱ្យ​ល្អ​ឬ​អាក្រក់​បាន។ ដោយ​យល់​តួនាទី​ខ្លួន​យ៉ាង​នេះ បា​នជា​ស្រី​មាន​ប្តី​ច្រើន​ខំប្រឹង​ដើម្បី​ឱ្យ​មាន​សំណាង​ល្អ។

ស្រី​នៅ​លី​វ​ច្រើន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​កំណើត​ខ្លួន។

–      ក្នុង​ជីវភាព​មុខ​ងារ​ (vie professionnelle)

តាមការ​សង្កេត​មក​ ស្រី​ខ្មែរបាន​បង្ហាញ​ថ្វី​ដៃ​ខាង​បច្ចេក​ទេស​ និង​ការ​ប៉ិន​ប្រសប់​​គ្រាន់​បើ​ដែរ។ មុខ​ងារ​ក្នុងរដ្ឋ​ការដែល​ចូល​ចិត្ត​ធ្វើ​ច្រើន​ខាង​ក្រសួង​អប់រំ​ បន្ទាប់​មក​នៅ​ក្រសួង​សង្គម​កិច្ច ឬ​សុខាភិបាល ជា​ដើម។ ពេទ្យ ឬ​ឱសថ​ការី កាន់​តែ​​មាន​ច្រើន​ឡើង ខាង​មេធាវី​ ពុំ​សូវ​មាន​ទេ។ រីឯ​មុខ​ងារ​ក្រៅ​រដ្ឋ​ការ​វិញ​ ស្រី​ខ្មែរ​មាន​​តួនាទី​សំខាន់​ក្នុងសេដ្ឋកិច្ច​ ក៏​ប៉ុន្តែ​ជា​មេសហ​គ្រាសធំ​ៗ​ពុំ​សូវ​មាន​ទេ។ រីឯ​ក្នុង​កសិកម្ម​វិញ ដែល​ជា​សកម្មភាព​ធំ​នៅ​ស្រុក​ខ្មែរ​ស្រី​ច្រើន​ជា​អ្នក​ដក​ស្ទូង ច្រូតកាត់ នៅ​តំបន់​ណា​ដែល​មិន​ទាន់​មាន​ម៉ាស៊ីន​នៅឡើយ។ ស្រី​ដែល​ជា​មេផ្ទះ​ ម្ចាស់​ដី​ ច្រើន​ជា​អ្នក​ចាត់​ចែង​ក្នុង​ការ​គ្រប់​គ្រង​សម្បត្តិ​ទ្រព្យ​ មនុស្ស​ម្នា (អ្នក​ដែល​ជួយ​ធ្វើ​ការ​ស្រែ​ ឬ​ធ្វើ​ការ​ផ្ទះ) និង​ចាត់​ចែង​ឱ្យ​កិច្ច​ការ​ទាំង​ឡាយ​ប្រកប​ទៅ​ស្រួល។

ក្នុង​បច្ចុប្បន្ន​នេះ​ដោយ​ជីវភាព​គ្រួសារ​ ស្ត្រី​ខ្មែរ​មាន​សកម្មភាព​​លើស​លុប​ មាន​ការ​ជួយ​ទ្រ​ទ្រង់​គ្រួសារ​ខាង​ផ្លូវ​សម្ភារៈ ស្រី​នៅ​ឯក​ឯង​ទៅ​ជា​មេគ្រួសារ ។ល។

–      ក្នុង​ជីវភាព​សង្គម​អ្នក​ស្រុក​ និង​ នយោបាយ​ (vie civile et politique)

ស្រី​ខ្មែរ​ច្រើន​ធ្វើ​សកម្មភាពក្នុង​ផ្លូវ​មនុស្សធម៌។ រីឯ​ករណី​យកិច្ច​ ក្នុង​ឋានៈ​ជា​បុរីជន​ (citoyen) វិញ​ច្រើន​មិន​សូវ​ចេញ​មុខ​មាត់​នៅ​អឹម​អៀម​ណាស់។

តើ​មាន​ស្រី​ខ្មែរ​ប៉ុន្មាន​នាក់​ជា​ចៅសង្កាត់ ឬ​មេភូមិ ឬ​ក៏​ចៅហ្វាយ​ស្រុក-ខេត្ត​ឬ​ក្រុង? ប៉ុន្មាន​នាក់​ចេញ​មុខ​ការ​ពារ​បរិដ្ឋាន (environnement) ?ប៉ុន្មាននាក់​មាន​ដើម​គំនិត​តាក់​តែង​ច្បាប់​ធំៗសម្រាប់​សង្គម​? ប៉ុន្មាន​នាក់​ជា​វីរជន ក្នុង​ការ​តស៊ូ​មុត​មាំ​ដើម្បី​ប្រយោជន៍​ជាតិ។

–      លក្ខណទុក្ខរកម្ម​នៃ​នារីខ្មែរ​ (vie des femmes martyrisées)

និយាយ​អំពី​លក្ខណៈ​ស្រ្តី​ខ្មែរ​តែង​ជំពាក់​ជំពិនជា​មួយ​ស្ថាន​ភាព​នយោ​បាយ​​​របស់​ស្រុក​ទេស។ ដោយ​ស្រុក​យើង​មាន​សង្គ្រាម​អស់​ពីរ​ទសវត្សរ៍​ មិន​ទាន់​ចប់​ផងនឹង​ដោយ​ស្រុក​ខ្មែរ​ មិន​សូវ​ប្រកាន់​ក្បួន​ប្រជាធិបតេយ្យ​ឱ្យ​ហ្មត់​ចត់​នឹងគ្មាន​នីតិនិយម​នៅឡើយ ការ​រំលោភ​ទៅ​លើ​ស្ត្រី​ភេទ​ មាន​ច្រើន​បែប​យ៉ាងណាស់ មិន​អាច​រ៉ាយ​រ៉ាប់​ជា​ពិស្តារ​ទេ (សូម​អាន​របាយ​ការណ៍របស់​សមាគម​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ ដែល​ធ្វើ​នៅ​ដើម​ឆ្នាំ​១៩៩៤)។

ជា​ត្រួសៗ ក្មេងស្រី​ខ្លះ មិន​បាន​ទៅ​រៀន​ព្រោះ​ជួន​កាល​គ្រួសារ​ក្រី​ក្រ​ពេក​។ ជួន​កាល​កំព្រា​អនាថា។ ខ្លះ​ទៀត​ ធ្វើ​ការ​ហួស​កម្លាំង​ ដើម្បី​គ្រាន់​តែ​មួយ​រស់។ ​ស្ត្រី​ជំទង់​ខ្លះ​ត្រូវ​ចោរ​បង្ខំ​យក​ទៅ​លក់​ខ្លួន​ ធ្វើ​ពេស្យាចារ ឬ​មួយ​សុខ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ព្រោះ​គ្មាន​របរ​ផ្សេងទៀត​ជំនួស។ ឯ​ស្ត្រី​ពេញ​វ័យ​ ដឹង​ក្តី​ ជួន​កាល​ត្រូវ​គេ​បោក ឥត​ប្រណី ដោយ​គ្នា​មិន​សូវ​មាន​ប្រាជ្ញា​ផង តែ​ជា​ពិសេស​ដោយ​គ្មាន​ច្បាប់​ណា​ធានា​អះអាង​ផង។

សព្វ​ថ្ងៃ​នេះ​ស្រុក​ខ្មែរពុំ​ទាន់មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​ដល់​ប្តី​ណា​ធ្វើ​បាប​វាយធាក់​ប្រពន្ធ គ្មាន​ច្បាប់​ណា​បង្ខំ​ឱ្យ​ប្តី​ជួយ​ចិញ្ចឹម​កូន​ពេល​លែង​លះ​គ្នា។

ម្ល៉ោះ​ហើយ​ ស្ត្រី​កម្សត់​ទាំង​នោះ​ ត្រូវ​ទទួល​ទុក្ខរ​កម្ម​ឥត​ប្រណី រក​នរណា​ទី​ពឹង​ពំនាក់​គ្មាន សង្ឃឹម​ទៅ​លើ​សេវា​កម្ម​សាធារណៈ (Service public) គ្មាន​ទេ​នៅ​ស្រុក​ខ្មែរយើង។ មាន​ច្រក​មួយ​ដែរ​គឺ​ទៅប្តឹង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ឬ​ អ.ស.ប. ឱ្យ​ជួយ​ដោះ​ស្រាយ​ តែអង្គការ​ទាំង​អស់​នោះ​ក៏​មាន​កម្រិត​ដែរ​ក្នុង​លទ្ធភាព​របស់​ខ្លួន។

ឧបសគ្គ​នៃ​ការ​ប្រើ​សិទ្ធិ

ទោះ​បី​រដ្ឋ​ទាំងឡាយដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អន្តរ​ជាតិ​ អំពីសមភាព​រវាង​បុរសនិង​នារី ក្នុង​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច​ និង​ន​យោបាយក៏​ដោយ​ ក៏​ការអនុវត្ត​តែង​មាន​ប្រទះ​នូវ​ឧបសគ្គ​នានាដែល​យើង​អាច​កត់​សម្គាល់​ខ្លះៗ​ដូច​ត​ទៅ៖

១. នាទី​សំខាន់ក្នុងគ្រួសារ

     ស្រ្តី​ភាពច្រើន​សុខ​ចិត្ត​ធ្វើ​ពលិកម្ម​ដើម្បី​គ្រួសារ​ គឺ​ទោះ​បី​ខ្លួន​ត្រូវ​ធ្វើ​ការ​ក្រៅ​ច្រើន​ក៏​ដោយ​ ក៏​មិន​ចោល​កិច្ច​ការ​ផ្ទះ​និង​កូន​ខ្លួន​ឡើយ។ ម្ល៉ោះ​ហើយ​ច្រើន​រក​ការងារ​ណា​ដែល​មិន​ស្រូវ​យក​ពេលវេលា​(សម្រាប់គ្រួសារ) អស់ ទោះបី​ខ្លួន​មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​ធ្វើ​ការឯទៀតដែល​សំខាន់​ជាង​ឬ​ដែល​បាន​ប្រាក់​ខែ​ច្រើន​ជាង​ក៏​ដោយ​​។ ដូច្នេះ​ហើយ​បាន​ជា​គេ​និយាយ​ថា ស្រី​ធ្វើ​«Double journée» (ក្នុង​មួយ​ថ្ងៃ​ៗ​កិច្ចការ​ស្មើ​សម្រាប់​ពីរ​ថ្ងៃ) ៖ ណាមួយ​មុខ​របរ​ផង ណាមួយ​កិច្ច​ការរ​ផ្ទះ​ផង ហើយ​បើ​ធ្វើ​នយោបាយ​ថែម​ទៀត​អាច​ទៅជា «Triple journée»តែ​ម្តង​។ ដល់​ឃើញ​ស្រី​មិន​សូវ​កាន់​កាប់​ការ​ធំៗ អ្នក​ខ្លះ​សន្និដ្ឋាន​រហ័ស​ពេក​ថា ដោយមកពី​ស្ត្រី​អន់​ជាងបុរស​ខាង​ប្រាជ្ញា។ សិទ្ធិ​ស្មើ​ភាព​គ្នា​ក៏​មាន​តែ​ក្នុង​ក្រដាសទៅ។

២. ដោយសារ​មាន​បុរេនិច្ឆ័យ (préjugé)​លើ​ភេទ

     បុរេ​និច្ឆ័យ​នេះ ជា​ការ​មិន​ទំនង​ទេ ព្រោះ​គ្មាន​មូល​ដ្ឋាន​មាំ​ទាំឡើយ។ គេ​សំអាង​ទៅ​លើ​ភាព​ទន់​ខ្សោយ​របស់​ស្ត្រី​ភេទ គេ​មិន​បា​នយក​កត្តា​ផ្សេងទៀត​មក​ចូលរួម​ពិចារណា​ផង​ ដូច​ការ​ប៉ិនប្រសប់ ការ​ពុះ​ពារ ការ​អត់​ធ្មត់ ដែល​សរុប​ទៅ​គឺ ​ធន​ធាន​មនុស្ស (ressources humaines)។ ប្រាជ្ញា​ឈ្លាសវៃ​ មិន​មែន​យោង​ទៅ​តាម​ភេទ​គឺ​តាម​គុណ​សម្បត្តិ​មនុស្ស​ម្នាក់ៗ​។ គុណ​សម្បត្តិ​នេះ​ទៀត មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​ទេ គឺអាច​កើត​ឡើង​ដោយ​​ការ​កសាង​តម្រិះវិជ្ជា ហើ​យ​យក​តម្រិះនោះ មក​ប្រើ​ដោយ​ត្រឹមត្រូវ​សម​ស្រប។

៣. ដោយ​ទំនៀម​ទម្លាប់​មិន​ល្អ​

     មិន​ថា​ឡើយ​ក្នុង​សង្គម​ណា ឬ​ប្រទេស​ណា​ឡើយ។ ដូច​ជា​នៅ​ក្នុង​សាសនា​ខ្លះ​ មាន​ទំនៀម​ទម្លាប់​តឹង​តែង​លើ​ស្ត្រី​ខ្លាំង​ណាស់​។ ក្នុង​សង្គម​ខ្មែរ​ ចិត្ត​គំនិត​ខ្លះ​ បាន​ផ្លាស់​ប្តូរ​ដែរ​ តែ​ទុក្ខរកម្ម​នៃ​នារី​ភេទ​មួយ​ចំណោម​មិន​ត្រូវ​ទុក​ឱ្យ​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​ឡើយ។

៤. ដោយសារ​មាន​អនាធិបតេយ្យ​ក្នុង​ស្រុក

     ស្រុក​ខ្មែរ​យើង​ ដូច​ចែង​ក្នុង​វគ្គ​ទុក្ខរកម្ម​ស្រាប់ ការ​គ្រប់​គ្រង​រដ្ឋ​មិន​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ​នៅ​ឡើយ​ ហើយ​មាន​ការ​ខ្វះ​​យុត្តិធម៌​ ក្នុង​សង្គម​ច្រើន​ណាស់ ធ្វើ​ឱ្យ​ម្នាក់​ៗរស់​នៅ​ឯកាអនាថា ទៅ​តាម​យថា​កម្ម។ ស្ត្រី​ភេទ​ក៏​ទទួល​កម្ម​ដ៏​ធ្ងន់​ធ្ងរ​នេះ​ដែរ។

សង្ខេប​សេចក្តី​ទៅ ការ​បំបាត់​ឬ​បន្ថយ​បុរេនិច្ឆ័យ​ និង​ការ​ប្តូរ​ចិត្ត​គំនិត​អប់រំ​ស្មារតី​​ ​អាច​អាច​ធ្វើ​បាន​ តាម​សន្តាន​ចិត្ត​ប្រឹង​ប្រែង​របស់​យើង​ម្នាក់​ៗ​​ តែ​ត្រូវ​ការ​ពេលវេលា​យូរ​ ដែល​ជា​បន្ទាន់​ យើង​ត្រូវ​តែ​ចេះ​ដឹង​ទាំ​ង​អស់​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ដឹង​ខាង​អក្សរ​សាស្ត្រ​ និង​ចេះ​ដឹង​ទូទៅ (culture générale)។ រី​ឯ​អនាធិបតេយ្យ​វិញ ជា​ឧប​សគ្គ​យ៉ាង​ធំ​បំផុត​ ដែល​ត្រូវ​ការ​សុឆន្ទៈ និង​សមត្ថភាព​ពី​អ្នក​ដឹក​នាំ​រដ្ឋ​ផង និងត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ជា​សកម្ម​ពី​បុរី​ជន​ទាំង​អស់​ផង។ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ អ្នក​តូច​តាច​ដែល​ទទួល​រង​គ្រោះ និង​លំបាក​ចិញ្ចឹម​ជីវិត​ខ្លួន​នោះ មិន​អាច​មាន​កម្លាំង​ចិត្ត​ទៅ​ពុះ​ពារ​រឿង​នេះ​បាន​ទេ រីឯ​អ្នក​មាន​អំណាច​វិញ​អ្នក​ខ្លះ​ឥត​រវល់​ អើ​ពើ​ទេ​ ព្រោះ​​យល់​ថា ឱ្យ​តែ​ស្រួល​គឺ​បានហើយ។ នៅ​សល់​តែ​អ្នក​ឯទៀត​ដែល​មាន​កម្លាំង កាយ​និង​ចិត្ត​គ្រប់​គ្រាន់​ មាន​គំនិត​សុចរិត យុត្តិធម៌ មាន​សុឆន្ទៈ​យ៉ាង​ខ្លាំងខ្លា​​ អ្នក​ទាំង​អស់​នេះ ហើយ​​អាច​នឹង​ធ្វើ​អ្វី​ដើម្បី​នឹង​កែសង្គម​ឱ្យ​ប្រសើរ​។ យើង​ម្នាក់​ៗ​មាន​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​សង្គម​ជាតិ ដើម្បី​ឱ្យ​ស្រុក​យើង​ទៅ​ជា​រដ្ឋ​នីតិនិយម ហើយ​ឱ្យ​ប្រជា​ជន​ទៅ​ជា​មនុស្ស​រស់​ក្នុង​សភាព​ថ្លៃ​ថ្នូរ​ និង​ទាន់​សម័យ​ផង៕


par Mme MEAS Sétha

Enseignant-chercheur, Université Paris VI

 

វាយ​បញ្ចូល​ក្នុង​កុំ​ព្យូទ័រ​ដោយ​ លោកស្រី ហង់ វិលវ័ណ្យ

វាយ​អត្តបទ​សម្រាប់​ការ​ផ្សាយ​តាម​បណ្តាញ​អ៊ិនធ័រណិត ​ដោយ ហេង ឧត្ដម

ទិវានារីអន្តរជាតិ៨មីនា៖ កត្តាទាំងបី​ និពន្ធដោយ ស៊ិម ចាន់យ៉ា

image deux ballons dansants@រក្សាសិទ្ធិគ្រប់យ់ាង

រូបរំដួលៈឡឹក ជំនោរ

ច្រើនសតវត្សរ៍ហើយស្រ្តីខ្មែរ

រងទុក្ខឥតល្ហែក្នុងសង្គម

សិទ្ធិ[១]​ស្រីទន់ទាបមិនសមរម្យ

ថានៈឧត្តមបានទៅប្រុស។

***

ស្រីសែនតូចចិត្តហើយតវ៉ា

ច្រើនលើកច្រើនសាមិនស្រួលស្រុះ

ទាមទារឲ្យស្រីនិងបុរស

គ្រប់សិទ្ធិទាំងអស់សុំឲ្យស្មើ។

***

សិទ្ធិក្នុងសង្គមនិងគ្រួសារ

ប្រកបមុខការងារប្រសើរ

ថានៈឧត្តមសមគ្រាន់បើ

ស្រីស្នើឲ្យគិតដល់នាងផង។

***

បញ្ហាទាំងនេះសំខាន់ណាស់

ព្រោះស្រីដេរដាសច្រើនកន្លង

ហុកសិបភាគរយកម្លាំងច្បង

មិនអាចកន្លងរំលងឡើយ។

***

តែត្រូវស្វែងយល់ពីកត្តា

ធ្វើក្តីប្រាថ្នាឲ្យដល់ត្រើយ

ធ្វើឲ្យចិត្តស្រីបានធូរស្បើយ

តើយើងត្រូវឆ្លើយដាក់លើអ្វី។

***

កត្តាទីមួយគឺផ្នែកច្បាប់

ត្រូវចែងរ៉ាយរ៉ាប់ពីសិទ្ធិស្រី

ឲ្យស្មើនិងប្រុសគ្រប់ករណី

ហើយគិតដល់អ្វីតាមភេទផង។

***

ទីពីរគឺត្រូវរដ្ឋជំរុញ

ព្រោះស្រីធ្លាប់តុញតុះកន្លង

ទម្លាប់ សង្គម សង្កត់ចង

ច្រើនពេកកន្លងស្រីមិនក្លា។

***

បើកសិទ្ធិមួយមុខមិនគ្រប់គ្រាន់

ត្រូវតែបន្ទាន់រុញយ៉ាងណា

ធ្វើឲ្យស្រីហ៊ានចូលសិក្សា

ចូលកាន់មុខការគ្រប់ដំណែង។

***

គឺថាបង្កលក្ខណៈគ្រប់

ឲ្យចិត្តស្រីឈប់ព្រួយចំបែង

ឈប់អៀន ឈប់ស្ទក់ ប្រែខែងរែង

ចូលគ្រប់កន្លែងដែលមានសិទ្ធិ។

***

កត្តាទីបីសំខាន់ខ្លាំង

គឺស្រីត្រូវច្បាំងក្នុងគំនិត

ច្បាំងនឹងខ្លួនឯងមិនដែលស្បិត

មិនរវល់គិតថាខ្លួនថ្លៃ។

***

បែរជាគិតថាខ្លួនទន់ទាប

មិនអាចប្រៀបធៀបឫកែច្នៃ

ខ្លួនឲ្យចេះដឹងមានតម្លៃ

ដូចភេទដទៃ​គឺបុរស។

***

ម៉្លោះហើយស្រីច្រើននៅទំរន់

ចិត្តស្ពឹកស្រពន់ទន់ទាំងអស់

ច្រើនតែចំនួនគួរស្រណោះ

មិនអាចលោតផ្លោះតាមស្រមៃ។

***

បើចង់បានសិទ្ធិត្រូវខំប្រឹង

ស្រីអើយចូរដឹងឈប់សង្ស័យ

លើកសមត្ថភាពខ្លួនឲ្យថ្លាថ្លៃ

រៀនសូត្ររាល់ថ្ងៃច្នៃដូចត្បូង។

***

ដំបូងរៀនចំណេះទូទៅ

រួចហើយកុំនៅប្រញាប់ឈោង

ចាប់បច្ចេកទេសហើយលើកជ្រោង

កែច្នៃដូចត្បូងច្នៃរាល់ថ្ងៃ។

***

ហើយត្រូវពង្រីកចំណេះដឹង

ឲ្យលាតសន្ធឹងទូលាយក្រៃ

គឺអានកាសែតទស្សនាវដ្តី

សព្វសៀវភៅអ្វីដែលប្រសើរ។

***

ចូលរួមប្រជុំហើយខំស្តាប់

ត្រងត្រាប់យោបល់ណាគ្រាន់បើ

យកមកអនុវត្តហើយអាចស្នើ

យោបល់ប្រសើរត្រឡប់វិញ។

***

ត្រង់ណាមិនច្បាស់ត្រូវស្វែងយល់

មិនត្រូវនៅខ្វល់ហើយទោម្នេញ

ចិត្តអៀនចិត្តខ្លាចត្រូវទាត់ចេញ

នោះទើបហៅពេញសមត្ថភាពស្រី។

***

សមត្ធភាពគ្រប់គ្រាន់ទើបមានសិទ្ធិ

ចូលរួមគូរគិតរឿងអ្វីៗ

ចូលរួមដោះស្រាយរឿងទឹកដី

មុខងារស្តី្រប្រែខ្ពង់ខ្ពស់។

***

ទាំងក្នុងសង្គម​ ក្នុងគ្រួសារ

ស្រីប្រែថ្លៃថ្លាមានកិត្តិយស

កក្តាទាំងបីប្រែកេរ្តិ៍ឈ្មោះ

ស្រីឲ្យពិរោះខ្ពស់ក្នុងសិទ្ធិ៕

និពន្ធដោយ ស៊ិម ចាន់យ៉ា

UNE PETITE ROSE

[១]​សិទ្ធិ សូមអានថាសិទ្ធិ៍

DSC03963