វិបត្តិផ្លូវចិត្ត
និពន្ធដោយ លោក ឌឺនី វ៉ា
@ រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ

បុព្វយោគរបស់លោកឌឺនី វ៉ា
សព្វថ្ងៃនេះមានជំងឺច្រើនបានកើតមានបន្តបន្ទាប់ ដែលបណ្តាលឲ្យមនុស្សភាគច្រើនមានសេចក្តី
បារម្ភជាខ្លាំង។ រោគទាំងប៉ុន្មានដែលយើងតែងតែឮនោះជារោគខាងផ្លូវកាយរបស់យើង។ ប៉ុន្តែមាន
ជំងឺមួយបែបទៀតសំខាន់ខ្លាំង និងគួរឲ្យយើងចាប់អារម្មណ៍ គឺរោគធ្លាក់ទឹកចិត្តអស់សង្ឃឹមខ្លាំង
( La dépression) ដែលជារោគ«វិបត្តិខាងផ្លូវចិត្ត»។ ជំងឺនេះបណ្តាលឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់
ហើយក៏ជាជំងឺឆ្លងដែរ។ ជំងឺអាក្រក់នេះបានសម្លាប់មនុស្សជាច្រើន ដោយអំពើអត្តឃាតកម្ម (Le
suicide) ដែលបានបំបែកគ្រួសារជាច្រើន រវាងប្តីប្រពន្ធ ឪពុកម្តាយនិងកូន និងញាតិមិត្តឯទៀត ។
ជំងឺនេះអាចបំផ្លាញសុភមង្គលនៃជីវិតរបស់សាមីខ្លួននិងគ្រួសារដោយងាយបំផុត និង តែងតែ
បណ្តាលឲ្យកាយមានជំងឺដែរ។ គ្មាននរណាម្នាក់អាចជៀសផុតពីផលវិបាកដែលបណ្តាលមកពី
ជំងឺនេះបានទេ ដរាបណាយើងមានជីវិតរស់នៅក្នុងលោកនេះ។ ដ្បិតជំងឺនេះ មិនខុសពីរោគគ្រុន
ផ្តាសាយដែលមិនរើសមុខបុគ្គលណាម្នាក់គ្រប់សញ្ជាតិ គ្រប់វណ្ណៈ គ្រប់ស្ថានភាពមនុស្សឡើយ។
ពោលគឺគ្រប់រូប និងគ្រប់ជំនាន់មនុស្សតែងតែជួបប្រទះម្តងម្កាល ដោយឆ្លងកាត់មួយរយៈពេលខ្លី
ឫយូរខែឆ្នាំរហូតដល់ទទួលលទ្ធផលល្វីងជូរចត់បំផុតដូចបានរៀបរាប់ខាងលើជាស្រេច។ គួរឲ្យ
ស្តាយថ្វីត្បិតតែសេចក្តីអាក្រក់នេះមានភាពកាចសាហាវ ដែលអាចបណ្តាលឲ្យវិនាសអន្តរាយ
ដល់អ្នកដែលបានជួបប្រទះ ឬកំពុងតែឆ្លងកាត់តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការ
នេះទេ ឬមិនស្គាល់ថាជារោគមួយដែលត្រូវព្យាបាលទេ ។ ជាពិសេសចំណោមបងប្អូនខ្មែរយើង
ប្រហែលជាគ្មានសៀវភៅដែលពន្យល់ពីបញ្ហានេះផង ឬក៏មានដែរតែគេមិនរវល់ចង់ដឹងនិងចង់
អាន។
ខ្ញុំសូមអរគុណព្រះជាអម្ចាស់យេស៊ូគ្រីស្ទ ដែលបានអនុញ្ញាតឲ្យខ្ញុំទៅសិក្សាព្រះគម្ពីរនៅវិជ្ជាស្ថាន
ព្រះគម្ពីរដើម្បីឲ្យបានស្គាល់ព្រះអង្គកាន់តែច្បាស់ថែមទៀត ហើយដោយសារការសិក្សានោះ ខ្ញុំក៏
បានពើបប្រទះនូវមុខវិជ្ជាមួយ ដែលបង្ហាញនូវសេចក្តីអាថ៌កំបាំងនេះ និងដែលធ្វើខ្ញុំចាប់អារម្មណ៍
ជាខ្លាំងដ្បិតបានជួយរូបខ្ញុំជាច្រើន ហើយម្យ៉ាងទៀត ខ្ញុំបានសង្កេតឃើញថា សព្វថ្ងៃនេះ រោគនេះ
បាននិងកំពុងរាលដាលយ៉ាងខ្លាំងមិនតែខាងក្រៅព្រះវិហារទេ គឺរាលដាលនៅក្នុងពួកជំនុំជាច្រើន
នាក់ផងដែរ។
ដោយយល់ឃើញថា ជាការមានប្រយោជន៍ឲ្យបងប្អូនរួមជំនឿទាំងអស់ និងបងប្អូនគ្រប់គ្នាបាន
ស្គាល់លក្ខណៈរបស់រោគនេះ និងរបៀបការពារខ្លួនដែរ បានជាខ្ញុំសម្រេចចិត្តសរសេរបរិយាយ
អំពីបញ្ហានេះឡើង។ ជាដំបូង យើងរៀនសម្គាល់រោគនេះ។ បន្ទាប់មកយើងរកមូលហេតុដែល
បណ្តាលឡើង។ នៅចុងក្រោយបង្អស់ យើងនិយាយពីការធ្វើដូចម្តេចដើម្បីការពារខ្លួនឬព្យាបាល
ខ្លួនឲ្យបានរួច។
សូមព្រះអង្គប្រទានពរឲ្យការអានរបស់បងប្អូនមានប្រយោជន៍ជាច្រើន ដូចជារូបខ្ញុំផ្ទាល់ដែរ។
ក្នុងការសរសេរនេះ ខ្ញុំលាយបញ្ចូលនូវសេចក្តីបង្រៀនក្នុងសៀវភៅខ្លះដែលខ្ញុំបានអាន។ ហេតុ
ដូចនេះ ខ្ញុំសូមប្រើភាសារដើមខ្លះដើម្បីស្រួលយល់ជាងពាក្យខ្មែរ៕

លក្ខណៈរបស់ជំងឺ Symptôme
សេចក្តីហិនវិនាសដែលបណ្តាលឡើងដោយរោគនេះ ដូចបានរៀបរាប់មកហើយ បង្ហាញឱ្យឃើញថា ជំងឺនេះពិតជាពោរពេញដោយគ្រោះថ្នាក់ ហើយឆ្លងផង។
ឧទាហរណ៍ពីគ្រួសារមួយដែលស្ថិតនៅក្នុងភាពគួរឱ្យអាណោចណាស់៖ ស្ត្រីម្នាក់កំពុងយំអណ្តឺតអណ្តកយ៉ាងយូរ ដោយក្រាបមុខនៅលើតុមួយនៅកណ្តាលផ្ទះ រីឯនៅជ្រុងផ្ទះបុរសជាប្តីឈរដោយស្ងៀមស្ងាត់ ដោយដោយមានចិត្តក្រៀមក្រំដែរ នៅជិតមាត់ទ្វារ កូនគាត់ទាំងបីកំពុងឈរដោយស្រងូតស្រងាត់សម្លឹងមើលមកភាពដ៏កម្សត់នេះ។ ជំងឺរបស់ស្ត្រីនេះបាននាំមកនូវសេចក្តីទុក្ខសោកដល់គ្រួសារ ហើយបានឆ្លងដល់ប្តីនិងកូនផង។
រោគនេះ អាចបង្ហាញរូបរាងរបស់វាតាមសណ្ឋានផ្សេងៗ យើងមិនអាចនឹងរៀបរាប់ឱ្យបានគ្រប់ទាំងអស់បានទេ តែយើងអាចលើកយកខ្លះៗដែលតែងតែជួបប្រទះជារឿយៗមកធ្វើជាទីសម្គាល់ ៖
១- មានបញ្ហាក្នុងការទទួលទានដំណេក
ដោយរោគនេះ ខ្លះគេងច្រើនជ្រុលហើយភ្ញាក់ឡើងអស់កម្លាំងភ្លាម តែម្តងដោយមិនទាន់បានធ្វើអ្វីសោះ។ ផ្ទុយពីនេះវិញ ខ្លះគេងមិនបានសោះ ឬបានតែបន្តិចហើយភ្ញាក់ឡើងដោយមិនអាចគេងលក់វិញសោះតែម្តង។ លោកវេជ្ជបណ្ឌិតព្យាបាលរោគវិបត្តិផ្លូវចិត្តម្នាក់ (Psychiatre) បានសម្តែងថា មនុស្សពេញវ័យត្រូវការគេងប្រាំបីម៉ោង ក្មេងត្រូវការប្រាំបួនម៉ោងទៅដប់ម៉ោង ទារកត្រូវការច្រើនជាងទៅទៀត ចំណែកវ័យចាស់ជរាវិញ ត្រូវការតែប្រាំពីរឬប្រាំមួយម៉ោងប៉ុណ្ណោះ។
២- អស់កម្លាំងជាញឹកញាប់ ខ្ជិលក្នុងចិត្តជានិច្ច មិនចង់ធ្វើអ្វីសោះ។
៣- មិនឃ្លានចំណី អ្នកដែលអស់សង្ឈឹមខ្លាំងអាចមិនឃ្លានចំណីជាច្រើនថ្ងៃ ដោយមិនទទួលទានអ្វីសោះ។
៤- បាត់តម្រេកតណ្ហា ពិសេសចំពោះស្រ្តី ឬជួនកាលធ្វើឱ្យបាត់រដូវ«ការមកខែថ្ងៃ»របស់ស្ត្រីផង។
៥- លែងរវល់នឹងការតុបតែងឬសម្អាតខ្លួន ខុសពីទម្លាប់ដែលធ្លាប់តែធ្វើពីមុន។ មនុស្សម្នាក់ដែលធ្លាប់តែតែតុបតែងខ្លួនស្អាតបាត តែពេលមានជំងឺអស់សង្ឃឹមនេះ (La dépression) លែងរវល់ពីរូបកាយខ្លួនតែម្តង។
៦- បង្កើតប្រតិកម្មផ្សេងៗក្នុងរូបកាយ៖ ធ្វើអ្វីបន្តិចឆាប់ហត់ ឈឺចុកចាប់កន្លែងផ្សេងៗ ច្រើនឈឺក្បាល (Migraine) វិលមុខ បេះដូងដើរមិនស្មើចង្វាក់ ទល់លាមក ការបញ្ចេញញើសជាញឹកញាប់ រលាកក្រពះ អន់ស្មារតី។
៧- ធុញទ្រាន់នឹងមនុស្ស អាចធុញទ្រាន់នឹងប្តី ឬ ប្រពន្ធខ្លួន កូនរបស់ខ្លួន និងខ្លួនឯង រួចមកដល់មនុស្សទាំងអស់។
៨- មានភាពស្រពាប់ស្រពោន ចេះតែពិបាកចិត្ត ទោះជាពេលខ្លះបានស្ថិតនៅក្នុងភាពគួរឱ្យសប្បាយក៏ដោយ។
៩- ចេះតែបណ្តាលឱ្យចង់ស្រែកយំ។
១០- ចេះតែមានការទំនាស់ចិត្តដែលនាំឱ្យរហ័សខឹង ហើយចេះតែត្អូញត្អែរ ឆាប់ប្រកាន់ ឬអន់ចិត្តនឹងពា្យសម្តី ឬអាកប្បកិរិយារបស់គេ។
១១- ចេះតែភ័យបារម្ភ ភ័យខ្លាច ខ្វល់ខ្វាយ។
១២- មានអារម្មណ៍ថា ខ្លួនជាមនុស្សឥតប្រយោជន៍ ធ្វើអ្វីក៏មិនកើត នាំឱ្យគិតថា រស់នៅឥតន័យ។
បន្ទាប់ទៅនេះ ខ្ញុំនឹងរៀបរាប់អំពីមនុស្សពីរនាក់ដែលកំពុងតែមានរោគអស់សង្ឃឹមនេះ៖
បុរសម្នាក់ជាមេគ្រួសារបានដួលដោយការខំប្រឹងហួសកម្លាំង(surmenage)គ្រូពេទ្យដែលមើលជំងឺគាត់បានចេញបង្គាប់ឱ្យគាត់ឈប់សម្រាកនៅក្នុងមន្ទីរសម្រាកណាមួយតាមតែគាត់ជ្រើសរើស។ ប៉ុន្តែ ពេលដែលគាត់ជួបគ្រូគង្វាលម្នាក់ គាត់បានត្អូញត្អែរយ៉ាងដូច្នេះថាដប់ប្រាំបីខែហើយដែលខ្ញុំបានសម្រាកនៅទីនេះតាមដែលគ្រូពេទ្យបានបង្គាប់មក។ ខ្ញុំបានទទួលការសម្រាកស្ងៀមស្ងាត់ ចំណីអាហារយ៉ាងល្អ ការបម្រើឆ្វេងស្តាំយ៉ាងគាប់ចិត្ត តែទោះជាយ៉ាងនេះក៏ដោយ ខ្ញុំនៅតែអស់កម្លាំងរលីងដូចពីមុន ដូចថ្ងៃដែលទើបតែចូលមក ឥតឃើញស្រួលបន្តិចសោះនៅតែហេវហត់ឥតមានកម្លាំង គ្មានកម្លាំងចិត្តសោះ គ្មានសេចក្តីសង្ឃឹមសោះ។
ដោយស្តាប់នូវការរ៉ាយរាប់នេះ តើយើងនឹងថា ជាជំងឺអស់កម្លាំងធម្មតាឬ? ពិតជារោគអស់កម្លាំងខាងផ្លូវចិត្តដែលបណ្តាលមិនឱ្យគាត់មានកម្លាំងខាងផ្លូវកាយ។
លោកអេលីយ៉ា ជាអ្នកបម្រើព្រះមួយដ៏ពេញដោយព្រះចេស្តា ព្រោះបានធ្វើការអស្ចារ្យជាច្រើន បានប្រោសមនុស្សឈឺឲ្យបានជា អធិស្ឋានឱ្យរាំងភ្លៀង អធិស្ឋានឱ្យធ្លាក់ពីលើមេឃ ប៉ុន្តែគាត់ក៏បានជួបប្រទះនូវរោគនេះដែរ។ លោកត្អូញត្អែរ សូមព្រះអង្គដកជីវិតគាត់នឹងបានគេងជ្រុលរហូតមិនគិតពីម្ហូបចំណីសោះ។
ហេតុដែលបណ្តាលឱ្យរោគអស់សង្ឃឹមនេះកើតឡើងគឺដោយ៖
១- រស់នៅជីវិតមួយដែលស្រួលពេកអាចនាំឱ្យមានជំងឺនេះ ព្រោះមិនសូវមានអ្វី្វធ្វើ នាំឱ្យមានអារម្មណ៍ថា រស់នៅដោយឥតប្រយោជន៍។
២- ការបាក់កម្លាំង ដោយធ្វើការហួសកម្លាំង (Le surmenage)។
៣- ការប្តូរវ័យ ៖ ចូលវ័យជំទង់ ចូលវ័យចាស់ ការអស់រដូវ (ឈប់មកថ្ងៃខែរបស់ស្ត្រី La ménopause)។
៤- កំណើតរបស់កូន ដែលយើងមិនចង់បាន។
៥- ការខកចិត្ត ការរស់នៅយើងតែងជួបប្រទះនូវការខកចិត្ត។ បើការខកចិត្តនេះមិនបានសម្រួលឱ្យចិត្តបានស្រួលវិញទេ នោះវាអាចនាំឱ្យធ្លាក់ដល់រោគអស់សង្ឃឹមនេះ។
៦- មិនពេញចិត្តនឹងខ្លួនឯង (រូបរាង ឬពណ៌សម្បុររបស់ខ្លួន) និងចេះតែមិនស្កប់ចិត្តនឹងរបស់ទ្រព្យដែលខ្លួនមាន។
៧- ការប្រៀបផ្ទឹមខុសច្រើនដង តែងតែធ្វើការប្រៀបផ្ទឹមខុស គឺយើងយកចំណុចខ្សោយរបស់យើងទៅប្រៀបនឹងចំណុចខ្លាំងរបស់អ្នកដទៃ។ ការនេះនាំឱ្យមានការតូចចិត្តខ្លួនឯង។
៨- មានអារម្មណ៍ថា ជាប់ចំណងក្នុងស្ថានភាពមួយដែលពិបាកទ្រាំទ្រឬជាប់ចំណងនឹងអ្នកណាម្នាក់ដែលយើងពិបាកទ្រាំទ្រ។ ឧទាហរណ៍៖ កូនច្រើន កើតមួយឆ្នាំមួយបន្តបន្ទាប់គ្នា នាំឱ្យមានការរវល់ជាច្រើន ហើយរំខានដល់ការចិញ្ចឹមជីវិត។ ម្តាយដែលចង់ចេញទៅធ្វើការខាងក្រៅ មិនអាចនឹងធ្វើបានព្រោះតែកូន នាំឱ្យមានអារម្មណ៍ថាជាជាប់ចំណង ។ល។
ការមានអារម្មណ៍ជាប់ចំណងនេះ មិនគ្រាន់តែជាហេតុអាចបណ្តាលឱ្យមានរោគអស់សង្ឃឹមទេ វាក៏អាចបណ្តាលឱ្យមានការលែងលះគ្នាដែរ។ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ធមិនចង់បានកូន ស្រាប់តែមានផ្ទៃពោះ ដូច្នេះនាំឱ្យចោទប្រកាន់គ្នាទៅវិញទៅមក។
១០- ការប្រកាន់ជាប់នៅក្នុងចិត្តនូវកំហឹង គំនុំ ភាពល្វីងជូរចត់នឹងព្រឹត្តិការណ៍ណាមួយ ដោយដឹងខ្លួន ឬមិនដឹងខ្លួន (Le conscient ou le subconscient)។ ឧទាហរណ៍ បុរសម្នាក់បានចងគំនុំនឹងឪពុករបស់ខ្លួនតាំងតែពីក្មេងមកម្ល៉េះ គំនុំនោះនៅតែជាប់នៅក្នុងចិត្តរបស់គាត់។ ការនេះនាំឱ្យគាត់រស់នៅមិនស្រួលសោះ ទាល់តែថ្ងៃមួយគាត់បានទៅជួបនឹងគ្រូខាងចិត្តសាស្ត្រ (psychologue) ដែលបានវែកញែកឃើញសេចក្តីពិតនេះ គាត់ក៏បានសម្រេចចិត្តលែងប្រកាន់ទោសដល់ឪពុក ចាប់ពីពេលនោះគាត់ក៏មានចិត្តស្រឡះវិញដែរ។
១១- ស្ថានភាពខ្លះដែលជំរុញឱ្យមានរោគនេះ ដូចជាការទទួលមរណភាពរបស់អ្នកណាម្នាក់ដែលជាទីស្រឡាញ់ខ្លាំង ការលែងលះគ្នា ទំនាស់ ក្នុងគ្រួសារ ឬនៅកន្លែងធ្វើការ ត្រូវជាប់មានទោស ការខ្វះខាត សំឡេងខ្លាំងពេកជារៀងរាល់ថ្ងៃ (គឺចំពោះអ្នករស់នៅក្នុងក្រុងធំៗ ឬអ្នករស់តាមមហាវិថីធំៗដែលមានសំឡេងរថយន្តនិងមនុស្សច្រើន)។
តែមានអ្នកខាងចិត្តសាស្ត្រ (psychologue) ម្នាក់ ដែលធ្វើជាគ្រូគង្វាលផង គាត់បានពន្យល់ថា ទោះជាហេតុជាច្រើននេះដែលអាចបណ្តាលឱ្យកើតរោគអស់សង្ឃឹមនេះក៏ដោយ គឺមានហេតុមួយទៀតដែលគ្រោះថ្នាក់ជាងគេ ហើយបណ្តាលជំងឺនេះពិតប្រាកដ គឺការត្អូញត្អែរនឹងអាណិតខ្លួន (La pitié de soi)។
ឧទាហរណ៍៖ ការខ្វះខាត+ ការត្អូញត្អែរនិងកម្សត់ខ្លួន+ រោគអស់សង្ឃឹម+ ឈឺរ៉ាំរ៉ៃយូរ+ ការត្អូញត្អែរនឹងអាណិតខ្លួន+រោគអស់សង្ឃឹម។
តនិងចប់
តើធ្វើដូចម្តេចដើម្បីអាចនឹងយកជ័យជម្នះលើរោគនេះ?
ពិតមែនតែជំងឺនេះជាសាកល ដែលគ្រប់គ្នាតែងជួបប្រទះ ប៉ុន្តែ ជាការចាំបាច់ទេ គឺយើងអាចជ្រៀសវាងកុំឱ្យធ្ងន់ធ្ងរបានដោយការបង្ការខ្លួនជាមុន ឬត្រូវរំដោះខ្លួនឱ្យបានរួច ដ្បិតព្រះអម្ចាស់របស់យើងសព្វព្រះហឫទ័យឱ្យយើងអរសប្បាយជានិច្ច មានសង្ឃឹមជានិច្ច និងអរព្រះគុណទ្រង់ជានិច្ច។
សូមអានព្រះបន្ទូលទ្រង់៖
«ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច… ចូរអរសប្បាយឡើង» ភីលីព៤.៤។
«ចូរអរសប្បាយជានិច្ច» «ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់» ១ថេស្សាឡូនិច៥.១៦,១៨។
«ចូរអរសប្បាយដោយមានសង្ឃឹម…» រ៉ូម១២.១២
«ឥឡូវនេះ សូមព្រះនៃសេចក្តីសង្ឃឹម ប្រទានឱ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរ និង
ពេញដោយសេចក្តីសុខសាន្តដោយសារសេចក្តីជំនឿ ប្រយោជន៍ឱ្យបានសេចក្តីសង្ឃឹមបរិបូរណ៍
ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ» រ៉ូម១៥.១៣
ប៉ុន្តែជំងឺនេះធ្វើឱ្យយើងព្រួយ ខ្លាំងហើយអស់សង្ឃឹមខ្លាំង នាំឱ្យមានតែការត្អូញត្អែរ ភាពស្រពាប់ស្រពោន អាប់អួរ និងរហូតដល់មានចិត្តចោទប្រកាន់ព្រះផង ការនេះបង្ហាញថាជាកិច្ចការរបស់អារក្សសាតាំងជាខ្លាំងសត្រូវដែល បានធ្វើយ៉ាងដូច្នេះ។ ហេតុនេះសំខាន់ណាស់ឱ្យយើងបានស្គាល់របៀបយកជ័យជម្នះលើរោគនេះ ដើម្បីរំដោះខ្លួនឱ្យបានរួច ឬជាការចងចាំដើម្បីបង្ការខ្លួនជាមុន។
១- ព្រះយេស៊ូមានព្រះចេស្តាដ៏លើសលុបអាចប្រោសឱ្យជាបាន ហើយពិតជាទ្រង់សព្វព្រះទ័យនឹងប្រោសឱ្យកូនទ្រង់ជា ដ្បិតមិនមែនជាព្រះហឫទ័យព្រះអង្គឱ្យយើងព្រួយហើយអស់សង្ឃឹមនិង ត្អូញត្អែរទេ ដូចយើងបានឃើញក្នុងបទគម្ពីរខាងលើនេះរួចហើយ។ ដូចនេះជាដំបូងបងប្អូនដែលមានជំងឺនេះត្រូវមានចិត្តចង់ធ្វើតាម ព្រះហឫទ័យ គឺចង់ជាពីជំងឺនេះពិតប្រាកដ ត្រូវតែសម្រេចដោយអស់ពីចិត្ត។ ឧទាហរណ៍ សេចក្តីសង្គ្រោះរបស់ព្រះសម្រាប់មនុស្សគ្រប់រូប តែដើម្បីឱ្យបានរួចពីអំពើបាប បុគ្គលនីមួយៗត្រូវតែសម្រេចចិត្តពិតប្រាកដហើយមកទទួលយក។
ថាចង់បានរួច ហើយទូលដល់ទ្រង់ភ្លាម ពីពេលនេះតែម្តងដោយថា បាទ ឬចាស ខ្ញុំចង់ជា។ ជាការសំខាន់ណាស់ត្បិតចង់ធ្វើតាមព្រះហឫទ័យព្រះ ហើយសម្រាប់សុខភាពរបស់បងប្អូនផ្ទាល់និងគ្រួសាររបស់បងប្អូន។ ដូច្នេះសូមឆ្លើយនឹងព្រះអង្គដោយឥតរួញរា សូមអានពីសេចក្តីបង្រៀននេះ។ «កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុង គ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនិងគំនិតរបស់ អ្នករាល់គ្នាក្នុងព្រះគ្រីស្តយេស៊ូ» ភីលីព៤.៦-៧។
បើបានសម្រេចចិត្តហើយ សូមសម្រួមចិត្តដោយស្ងៀមស្ងាត់នៅចំពោះព្រះអង្គក្នុងពេលនេះ សូមខំសម្អាតអារម្មណ៍ពីអ្វីៗផ្សេងហើយគិតតែពីព្រះយេស៊ូមួយ ប៉ុណ្ណោះ ព្រះអង្គទ្រង់ជ្រាបពីចិត្តរបស់បងប្អូនថា បងប្អូនកំពុងតែចង់សូមព្រះអង្គប្រោសឱ្យបានជា ព្រះអង្គកំពុងរង់ចាំស្តាប់និងជួយតាមបំណងដ៏ល្អរបស់បងប្អូន ដូចនេះសូមទូលថា៖ សូមអរគុណព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះនៃសេចក្តីសុខសាន្ត ជាព្រះនៃសេចក្តីសង្ឃឹម ព្រះអង្គសព្វព្រះទ័យឱ្យទូលបង្គំសប្បាយជានិច្ច មានសង្ឃឹមជានិច្ចហើយអរព្រះគុណព្រះអង្គជានិច្ចតែអារក្ស ជាខ្មាំងសត្រូវបាននាំឱ្យទូលបង្គំព្រួយ ខ្វល់ខ្វាយ អស់សង្ឃឹម។ ឥឡូវនេះទូលបង្គំចង់សូមទ្រង់អត់ទោសឱ្យទូលបង្គំ ដែលបានរក្សាជំងឺនេះក្នុងចិត្តជាយូរមកហើយ ហើយទួលបង្គំចង់រួចពីសេចក្តីអាក្រក់នេះចាប់ពីពេលនេះទៅហើយ ទូលបង្គំសូមប្រគល់ថ្វាយដល់ទ្រង់នូវសេចក្តីនឹកខ្លាច នឹកព្រួយចិត្តខ្លាំងពីអនាគតរបស់ទូលបង្គំ ពីស្ថានភាពរបស់ទូលបង្គំសព្វថ្ងៃ ពីការលំបាកដែលទូលបង្គំកំពុងតែឆ្លងកាត់ទៅក្នុងព្រះហស្ថទ្រង់ សូមអរព្រះគុណព្រះអង្គដែលទ្រង់ស្រឡាញ់ទូលបង្គំ ទ្រង់មានព្រះចេស្តាអាចជួយទូលបង្គំឱ្យរួចបាន ហើយទ្រង់សព្វព្រះទ័យឱ្យទូលបង្គំបានជាពីជំងឺនេះ សូមព្រះអង្គដាក់នូវសេចក្តីអំណរនិងសេចក្តីសុខសាន្តនិងសេចក្តី អរព្រះគុណទ្រង់ជានិច្ចនៅក្នុងចិត្តរបស់ទូលបង្គំចាប់ពីពេលនេះត ទៅ។ អាម៉ែន។
ឥឡូវនេះ ដែលបងប្អូនបានប្រគល់បន្ទុកដ៏ធ្ងន់នេះដល់ទ្រង់ហើយ កុំឱ្យសង្ស័យ ឬបារម្ភថា តើជាហើយឬនៅ កុំឱ្យចេះតែសម្លឹងមើលជំងឺរបស់ខ្លួន តែសូមសម្លឹងមើលព្រះយេស៊ូគ្រីស្តវិញ គឺពីព្រះអង្គជានិច្ចហើយអរគុណព្រះអង្គពីការល្អៗដែលទ្រង់បាន ធ្វើ។
បើសិនជាសេចក្តីខ្វល់ខ្វាយចង់មកទៀត បដិសេធវាភ្លាម ទូលថ្វាយទៅទ្រង់ទៀតភ្លាម បើវាចង់ត្រឡប់មកទៀត ធ្វើទៀត ហើយធ្វើទៀត បដិសេធវាហើយទូលដល់ទ្រង់។ កុំឱ្យអស់សង្ឃឹមឡើងដោយចាំថា អារក្សសាតាំងវាត្រូវតែចាញ់អំណាចព្រះ ហើយគ្មានការអ្វីដែលទ្រង់ធ្វើមិនបាននោះឡើយ គ្រាន់តែពេលខ្លះអារក្សវាចង់មកលមើលទៀតក្រែងយើងបើកឱកាសឱ្យវា ធ្វើទុក្ខយើងទៀត។ ដូច្នេះដើម្បីជ័យជម្នះពិតប្រាកដត្រូវតែតតាំងនឹងវាជានិច្ច បដិសេធនឹងការល្បងលរបស់វាជានិច្ច។
សូមអានសេចក្តីដាស់តឿន «ចូរឱ្យ ដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា។ វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវាដោយមានចិត្តជឿមាំមួន…» ១ពេត្រុស៥.៨-៩។
«ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នា» យ៉ាកុប៤.៧។
បន្ទាប់មកត្រូវរស់នៅជិតស្និតនឹង ព្រះអង្គជានិច្ច ដោយការអធិស្ឋាន អានព្រះគម្ពីរ ខំព្យាយាមទៅប្រជុំថ្វាយបង្ខំព្រះរាល់ថ្ងៃអាទិត្យ និងការប្រកបជាមួយបងប្អូនអ្នកជឿព្រះយេស៊ូដូចគ្នា។
២- ត្រូវសម្អាតចិត្ត៖
ក្នុងចិត្តរបស់មនុស្សមានផ្ទុកនូវ របស់ល្អ និងរបស់មិនល្អជាច្រើន ជារឿងថ្មីៗ ឬជារឿងយូរខែឆ្នាំមកហើយ ដោយដឹងខ្លួន ឬដោយមិនដឹងខ្លួន (Le conscient ou le subconscient) មានដូចជាគំនុំ កំហឹង វិប្បដិសារៈ ចំពោះឪពុកម្តាយ សាច់ញាតិ ឬមនុស្សឯទៀត ឬក៏ចំពោះព្រឹត្តិការណ៍ណាមួយ។ ស្ត្រីម្នាក់បានកត់សម្គាល់ឃើញថា ឪពុកម្តាយគាត់បានស្រឡាញ់ថ្នាក់ថ្នមប្អូនប្រុសគាត់ជាជាង ហើយប្អូនគាត់បានទទួលនូវការផ្គាប់ចិត្តជានិច្ច ចំណែកឯគាត់វិញគ្មានសោះ ដូច្នេះបណ្តាលឱ្យគាត់មានគំនុំលាយនឹងកំហឹង និងការនឹកអាភ័យខ្លួន តាំងតែពីក្មេងមក រហូតដល់ពេញវ័យ គំនិតនេះបានរំខានជីវិតការរស់នៅរបស់គាត់ជាខ្លាំង ទាល់តែថ្ងៃមួយគាត់បានយល់ព្រមអត់ទោសឱ្យឪពុកម្តាយគាត់ ទើបគាត់បានរួចពីចំណងនៃការលំបាកចិត្តដែរ។ មានឃ្លាមួយបាននិយាយថា «លើកលែងទោស ឬវិនាស» បានន័យថា បើយើងមិនអត់ទោសហើយជម្រះការមិនល្អនេះចេញពីក្នុងចិត្តយើងទេ ការនោះនឹងបំផ្លាញយើងវិញ គឺខាងផ្លូវចិត្ត បន្ទាប់មករូបភាពនិងជីវិត ឬជំនឿរបស់យើង។
សូមអានគម្ពីរ អេភេសូជំពូក ៤.៣១ បានបង្រៀនយ៉ាងល្អណាស់ «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ»។
៣- អំពីកំហឹង កុំបណ្តោយឱ្យចេះតែខឹង ដូចខគម្ពីរខាងលើនេះបានបង្គាប់មកស្រាប់។ ការខឹងឆេវឆាវច្រើនបណ្តាលឱ្យមិនស្រួលខ្លាំងដល់សរសៃក្បាល (les nerfs vasculaires de la tête)។ ផ្ទុយទៅវិញ ការញញឹមនាំសេចក្តីល្អដល់សរសៃ។ គេបានកត់សម្គាល់ឃើញថា៖ មានជំងឺខ្លះដូចជាការឈឺក្បាល មិនឃ្លានអាហារ ការញ័របេះដូង ដែលបណ្តាលមកពីកំហឹង អាចជាវិញភ្លាមដោយសារតែការញញឹម។ ដូចការការញញឹមមានប្រយោជន៍ណាស់ ហើយជាការព្យាបាលមួយដែលស្រួល និងមិនបាច់ចំណាយប្រាក់ផង។
៤- ចូរគិតពិចារណាតែអ្វីដែលពិត ល្អ ដែលនាំឱ្យចិត្តរីករាយឡើង (La pensée positive) ដែលនាំឱ្យមានចិត្តអរព្រះគុណព្រះ ត្រូវខំជម្រះគំនិតណាដែលនាំឱ្យភ័យខ្លាច ខ្វល់ខ្វាយអាប់អួរគំនិត (La pensée négative) កុំចេះតែលើកយកបញ្ហាមិនល្អ ឬទាល់គំនិតមកគិតលោកសាវកពេត្រុសអាចដើរលើទឹកបាន ដោយគ្មានគ្រោះថ្នាក់សោះពេលដែលគាត់សម្លឹងមើលតែព្រះយេស៊ូដោយ ជំនឿ ជាការអស្ចារ្យណាស់ ប៉ុន្តែនៅពេលដែលគាត់សម្លឹងមើលខ្យល់ព្យុះ ហើយមានចិត្តភ័យខ្លាច ដោយការភ័យខ្លាចនេះគាត់ត្រូវលិចលង់ភ្លាម។ យើងក៏ដូច្នេះដែរ ត្រូវដើរដោយជំនឿ ភ្នែកសម្លឹងមើលតែព្រះយេស៊ូ នោះព្រះចេស្តារបស់ទ្រង់នឹងទ្រយើងឱ្យដើរលើសេចក្តីទុក្ខវេទនា របស់យើងបាន បើយើងងាកចេញពីទ្រង់ទៅរកមើលតែបញ្ហាហើយភ័យខ្លាចវិញនោះប្រាកដ ជាលិចលង់ជាមិនខាន លិចលង់ខាងផ្លូវចិត្ត ផ្លូវកាយ និងព្រលឹងវិញ្ញាណផង។
សូមស្តាប់ព្រះបន្ទល់ព្រះ «… ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ» ភីលីព៤.៨។
ដូចនេះ ផ្ទុយពីការគិតតែពីការលំបាក ខ្វល់ខ្វាយ ភ័យខ្លាច ដែលនាំឱ្យត្អូញត្អែរ និងនឹកកម្សត់ខ្លួន បណ្តាលឱ្យកើតរោគអស់សង្ឃឹម ត្រូវគិតតែអ្វីដែលល្អៗវិញ ដូចខគម្ពីរអម្បាញ់មិញបានបង្គាប់ហើយ។ យើងអាចគិតពីការល្អៗដែលទ្រង់បានធ្វើ យើងអាចអរគុណព្រះអង្គពីទេសភាពដ៏ល្អដែលយើងបានឃើញ អរគុណព្រះអង្គពីប្តីឬប្រពន្ធដ៏ល្អ អរគុណព្រះអង្គពីកូនរបស់យើង ពីគ្រប់ទាំងអ្វីៗដែលយើងមាននៅផ្ទះ ពីការព្រះអង្គផ្គត់ផ្គង់យើង ពីការងារដែលយើងធ្វើ ពីសុខភាព ពីការដែលទ្រង់បានឆ្លើយនឹងសេចក្តីអធិស្ឋាន អរគុណព្រះដែលបានប្រទានឱ្យយើងមានស្ថានភាពល្អជាងកាលមុនជឿព្រះ អង្គ។ ព្រះបានប្រទានឱ្យយើងបានយល់ច្បាស់ជាងមុន ពីសេចក្តីស្រឡាញ់របស់ទ្រង់ អរគុណព្រះអង្គទ្រង់យាងត្រឡប់មកវិញ ពីព្រះបន្ទូលព្រះអង្គដែលជួយបង្រៀន ជួយកម្សាន្តចិត្តជួយឱ្យមានសង្ឃឹម អរគុណព្រះអង្គពីសេចក្តីស្រឡាញ់រាប់អានដ៏ល្អរបស់បងប្អូនយើង អរគុណព្រះអង្គពីការលំបាកដែលយើងកំពុងតែជួបប្រទះដោយដឹងថាព្រះ អង្គស្រឡាញ់យើង ហើយមានអ្វីមួយដែលទ្រង់ចង់បង្រៀន ឬជួយយើងតាមរយៈការលំបាក (លោកសាវកប៉ូលបានសាសន៍ថា «ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងយ៉ាងចំណានវិញ» ១កូវិន១២.១០ សូមពិចារណាឱ្យយល់ន័យចុះ) ។ល។ យើងអាចជម្រះគំនិតមិនល្អដោយគំនិតល្អៗ ដូចយើងអាចកម្ចាត់សេចក្តីងងឹតដោយពន្លឺ។ ពិតមែនតែគំនិតមិនល្អចេះតែមកជារឿយៗ ការសំខាន់គឺយើងកុំទទួលរាក់ទាក់វាឱ្យសោះ គឺត្រូវបដិសេធវិញ។ មានឃ្លាមួយយ៉ាងល្អដែលយើងគួរចង់ចាំ«ខ្ញុំមិនអាចហាមសត្វហើរលើ អាកាសឱ្យហោះហើររំលងក្បាលខ្ញុំទេ ប៉ុន្តែខ្ញុំអាចប្រយ័ត្នកុំឱ្យវាធ្វើសំបុកលើក្បាលខ្ញុំ» ចំពោះគំនិតមិនល្អក៏យ៉ាងដូច្នេះដែរ យើងអាចប្រយ័ត្នកុំឱ្យវាធ្វើសំបុកនៅក្នុងចិត្តយើង។ ទស្សនវិទូម្នាក់បានប្រៀបផ្ទឹមព្រឹត្តការណ៍ជីវិតយើងទៅនឹងថូទឹក ជំនាន់ដើមមួយ ដែលមានដៃពីរសម្រាប់គេកាន់ប្រើប្រាស់ គាត់ថា កាលណាថូនោះបាក់ដៃម្ខាង គំនិតយើងបានបង្គាប់ឱ្យកាន់ដៃម្ខាងទៀតដែលនៅល្អ ដើម្បីកុំឱ្យមុតដៃ។ ការនេះប្រៀបបាននឹងព្រឹត្តការណ៍នៃជីវិតយើងដែរ មានខាងធ្ងន់ធ្ងរ ដូចជាខាងបាក់របស់ថូ ប៉ុន្តែមានខាងល្អដែលសម្រាប់កាន់ដៃ ដូច្នេះចូរចាប់កាន់ខាងល្អទៅ កុំចេះតែទៅស្ទាប់ខាងបាក់នាំឱ្យមុតដៃថែមទៀត។
៥- និយាយប្រាស្រ័យជាមួយបងប្អូនឯទៀត ការនេះជាការសំខាន់ណាស់ ព្រោះអ្នកនៅឯកឯងអាចបណ្តាលឱ្យមានជំងឺអស់សង្ឃឹមនេះ។ ដូច្នេះជាការចាំបាច់ណាស់ឱ្យបងប្អូនខំព្យាយាមទៅវិហារប្រជុំ ដើម្បីថ្វាយបង្គំព្រះ និងនិយាយប្រកបជាមួយបងប្អូនឯទៀត។ ពេលជួបជុំគ្នា សូមព្រះវិញ្ញាណបរិសុទ្ធជាមួយឱ្យគ្រប់គ្នានិយាយតែពាក្យល្អៗ ដើម្បីជាការកម្សាន្តចិត្តគ្នា លើកទឹកចិត្ត ការសរសើរ ដាស់តឿនដោយទន់ភ្លន់ អ្នកដែលមានវិបត្តិផ្លូវចិត្តត្រូវរកគ្រូកង្វាល ឬអ្នកដែលយើងទុកចិត្តបាន គឺអ្នកដែលមានភាពចាស់ទុំខាងជំនឿ ដើម្បីថ្លែងប្រាប់ និងជួយរំលែកទុក្ខ។
ជំងឺនេះមានបីសណ្ឋាន
ទីមួយ៖ បន្តិចបន្តួច
ទីពីរ៖ ធ្ងន់ធ្ងរ គួរព្យាបាលភ្លាម
ទីបី៖ ធ្ងន់ធ្ងរខ្លាំង ត្រូវរកគ្រូពេទ្យដែលមានសមត្ថភាពខាងព្យាបាលជំងឺនេះ ពិសេសគ្រូពេទ្យដែលជឿព្រះ។
៦- ត្រូវមានគម្រោងការណ៍ជានិច្ច កុំនៅទំនេរ គឺធ្វើគម្រោងធ្វើអ្វីមួយ ហើយខំសម្រេចតាមការគ្រោងទុកនោះ បើបានសម្រេចហើយបង្កើតថ្មីទៀត រួចគ្រោងថ្មីទៀត តែត្រូវប្រកាន់ចិត្តមួយដែលត្រឹមត្រូវគឺថា បើធ្វើទៅជាឃើញថា គម្រោងរបស់យើងពិបាកពេក ត្រូវប្តូរថ្មីទៀតដោយឥតខឹងឬតូចចិត្តឡើយ។ ពិសេសត្រូវគិតពីគម្រោងណាដែលធ្វើឱ្យមានប្រយោជន៍ដល់អ្នកដទៃ ជួយអ្នកដទៃ ការនេះសំខាន់ណាស់សម្រាប់សុខភាពខាងផ្លូវចិត្ត (ឱ្យបានពរជាងទទួល!) ។
សូមព្រះអង្គប្រទានព្រះពរដល់បងប្អូន ដ៏លើសលុប ដែលបានអានសេចក្តីអធិប្បាយនេះ ហើយធ្វើតាមដូចខ្លួនខ្ញុំផ្ទាល់បានទទួលដែរ។
*** ខ្ញុំសូមបញ្ជាក់ថា បើបងប្អូនចង់បានជ្រាប់កាន់តែច្បាស់ទៀតនោះមានសៀវភៅជាច្រើនដែល សរសេរជាភាសាបារាំង ពីបញ្ហានេះ សរសេរដោយចិត្តវិទូ psychologue ឬ psychiatre គ្រីស្ទាន ដែលមានការបកស្រាយ និងណែនាំយ៉ាងល្អបំផុត។ បើពិបាករក សូមទាក់ទងលោកឌឺនី វ៉ា។ លោកជាគ្រូគង្វាលនៃព្រះវិហ៊ារខ្មែរនៅក្រុងប្រ៊ីសួរម៉ានក្នុងប្រទេសបារាំង។
Denis VA
Eglise Evangélique Cambodgienne
1 Rue de la Passerelle
94360 BRY SUR MARNE
FRANCE