Category Archives: ប្រកាស​ដំណឹង​ផ្សេង​ៗ​

យុវអ្នកនិពន្ធខ្មែរពីរនាក់ជាប់ពានរង្វាន់

«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»

12391105_995615017152004_53301983169953577_n

ខ្ញុំ​រំភើបចិត្តជា​ខ្លាំង​ពេលដឹង​ថា កូន​ប្រុស​ធម៌​ពីរ​នាក់របស់​ខ្ញុំ​នៅប្រទេស​​កម្ពុជា បា​នជាប់​ពាន​​រង្វាន់​អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥ នា​ពេល​ថ្មីៗនេះ​ គឺ​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​​ថៃ។

12341055_995614840485355_1113365503336158595_n

គណៈកម្មាធិការ​អ្នកនិពន្ធ​អាស៊ាន The S.E.A. WRITE COMMITTEE ​នៅ​ក្រុងបាងកក រៀបចំ​ពានរង្វាន់ THE ASEAN YOUNG WRITER AWARDS 2015​​ នេះ ​ដោយមាន​ការ​ចូលរួមប្រកួត​ពី​អ្នកនិពន្ធ​វ័យ​​ក្មេង ​ទាំង​១០ប្រទេសរបស់​ ASEAN។ ក្នុង​ការ​ប្រកួត​ស្នាដៃ​កម្រិត​​តំបន់​​លើក​​នេះ គឺ​សមាគម​ PEN CAMBODIA ជា​អ្នកជួយ​​​សម្រប​​សម្រួល​បញ្ចូន​​ស្នាដៃ​​ពី​កម្ពុជា​​ ក្នុង​នោះ មាន​ពីរ​ស្នាដៃ គឺ រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់» របស់ ហេង ឧត្តម និង​រឿង «អាណាចក្រ​ចង្រិត» របស់ ម៉ា ច័ន្ទបញ្ញា។

សូម​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាននីមួយ​ៗបាន​ជាប់​ស្នាដៃ​ចំនួន​ពីរនាក់ គឺ​ផ្នែក​ភាសា​ជាតិម្នាក់ និង​ភាសា​អង់គ្លេស​ម្នាក់។ ប៉ុន្តែ​ជាការ​កត់​កម្គាល់​ ស្នាដៃ​ពី​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី ​ជាប់​តែ​ម្នាក់ៗប៉ុណ្ណោះ គឺផ្នែក​ភាសា​ជាតិរបស់​គេ​។​

 12373156_995614990485340_5431068548068790414_n

12347701_995614657152040_1365180226567945119_n

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បាន​ជាប់​ជ័យលាភី​លេខ​២ ឆ្នាំ​២០១១ ហើយ​ត្រូ​វ​​បកប្រែជាភាសា​អង់គ្លេស ​និង​បោះពុម្ព​​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ ដោយសមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច។ ស្នាដៃនេះ​ត្រូវ​​បោះ​ពុម្ព​លើក​ទី​២ ក្នុង​សៀវភៅ«គ្រប់​យ៉ាង​ដើម្បី​អ្នក​ណា​?​» ​ក្នុង​​ឆ្នាំ​២០១៤​។ ក្រោយ​មកទៀត រឿង«​ខ្ញុំ​រៀនត្រួតថ្នាក់» នាំឲ្យ ហេង ឧត្តម បាន​ជាប់​​ជ័យលាភីអ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥នេះ​។ ​

 11143204_519418218232368_2809119402783079179_n

ខ្ញុំ​បាន​ដឹង​ថា​ ហេង ឧត្តម ​ផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់​ចុង​​ឆ្នាំ២០១៥នេះ បាន​​ជាង​៣០ចំណង​ជើង​។ ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ​ឧត្តម ​រស់​នៅ​ឆ្ងាយពីភាព​កក់ក្តៅ​របស់​​​ឪពុក​ម្តាយ​បង្កើត​ ហើយ​គេ​​ធ្លាប់​បាន​​​រស់នៅក្នុង​​មណ្ឌល​កុមារកំព្រា​​​ ជិត​៧ឆ្នាំ​។ ហេតុនេះហើយ ទើប​គេ​បាន​សុំ​ខ្ញុំ​ជាមាតា​ធម៌។​ ដោយសារ​មនោសញ្ចេតអាណិត​អាសូរ និងមាន​និស្ស័យ​ក្នុង​វិស័យ​តែងនិពន្ធដូចគ្នា​ ខ្ញុំ​និង​ស្វាមី​រីករាយ​នឹង​ធ្វើ​ជា​ម្លប់​របស់​កូន​ឧត្តម​។​

12359870_519736658200524_1085811802528249564_n

12359984_10205467856760429_2343577704290407862_n

សព្វថ្ងៃ ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ​បារាំង​ នៅ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ក្នុង​​រាជធានី​ភ្នំពេញ​ ហើយ​ក៏​កំពុង​ធ្វើការ​ជា​អ្នកសារព័ត៌មានឯករាជ្យ Freelancer ឲ្យ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI khmer ផង​​ដែរ​។

12341319_994954160551423_6628445919988255913_n

12310592_1083180638381318_3008854914425478447_n

ចំណែក ​កូនធម៌ ម៉ា ច័ន្ទបញ្ញា កើត​នៅ​ភ្នំពេញ ហើយ​​​ចាប់​ផ្តើម​តែង​និពន្ធ និង​រៀន​វិជ្ជា​និពន្ធន៍​​នេះ នៅសមាគម​អ្នកនិពន្ធខ្មែរ ដំណាល​នឹង​កូន​ឧត្តម​ដែរ។ បញ្ញា មាន​ទេព​កោសល្យ​​សិល្បៈ​ច្រើ​នយ៉ាងណាស់ ដែលគួរ​ឲ្យ​កោត​សរសើរ។ គេ​ចេះ​តែង​និពន្ធ បទភ្លេង ទំនុក​ច្រៀង រឿង​ខ្លី កំណាព្យ ចេះរាំ ចេះ​ច្រៀង… សព្វបែប​យ៉ាង។​ បញ្ញា​ បាន​ទទួល​ពាន​រង្វាន់​​ក្នុង​ស្រុក​ខាង​តែងនិពន្ធ និងជ័យលាភី​​ចម្រៀងថ្នាក់​ជាតិ​​ ព្រមទាំង​បាន​ឡើង​ឆាក​ជា​ច្រើន​មក​ហើយទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ស្រុក​។ ស្នាដៃរបស់​ ម៉ា ច័ន្ទបញ្ញា គឺរឿង «អាណាចក្រ​ចង្រិត» ដែល​ឈ្នះ​ពានរង្វាន់ពី​សមាគម PEN Cambodia រួច​ម្តង​ហើយ​នា​ពេល​​កន្លងទៅ និង​បាន​ទទួល​រង្វាន់​«អ្នកនិពន្ធវ័យក្មេង​អាស៊ានឆ្នាំ​២០១៥» នេះទៀត។​

12371034_1094625947222556_2147369588296447347_o

គួរ​ឲ្យ​ស្តាយ ដែល​ បញ្ញា ពុំ​បាន​មា​នវត្តមាន​នៅ​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​រាជធានីបាង កក​​នោះ​ទេ ពី​ព្រោះ​គេត្រូវ​ទៅ​សម្តែងសិល្បៈ​ ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​តំណាង​​ឲ្យ​មាតុភូមិ​កម្ពុជា​ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ។​

 12370773_1071376019574261_7079228717038989779_o

ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត ពេល​ឃើញ​កូន​ធម៌​ទាំង​ឡាយ​របស់​ខ្ញុំ​ មាន​ស្នាដៃ​ក្នុង​វិស័យ​តែង​និពន្ធ និង​ផ្តើម​មាន​ការ​ទទួល​ស្គាល់​។​ ពួក​គេ​ទាំង​នោះ​ មាន​ តួយ៉ាង៖

993445_218978318226183_1979154186_n

កូន​ កៅ សីហា មាន​ស្នាដៃ​ច្រើន​ទាំង​រឿង​ខ្លី ប្រលោមលោក និង​ការ​ដឹកនាំ​សម្តែង​នៅផលិត​កម្ម​ល្បីក្នុងប្រទេស​ផង ព្រមទាំង​បាន​ត្រូវ​សមាគមអ្នកនិពន្ធ​​នៅ​ស្រុក​បារាំង អញ្ជើញមកថ្លែងពី​វណ្ណកម្ម​របស់​ខ្លួន នៅ​ប្រទេស​បារាំង​។

10563225_738838792850029_6088685100574694526_n

កូន ណេង កន្និដ្ឋា មាន​ស្នាដៃ​រឿង​ខ្លី និង​មាន​សញ្ចេតនា​ច្រើន​ក្នុង​ផ្នែក​តែងនិពន្ធ ហើយ​ដោយសារតែ​ស្នាដៃ​រឿង​ខ្លី​របស់​នាង ទើប​បាន​ត្រូវ​សមាគម​នៅ​ស្រុក​បារាំង អញ្ជើញ​មក​សាធារណៈរដ្ឋ​បារាំង ដើម្បី​និយាយ​ពីស្នាដៃ​របស់​ខ្លួន​ផង (ជាមួយ​ កៅ សីហា ដែរ)។​

11196244_10153382414948816_6549963029679023187_n

កូន​ សុខ ចាន់ផល ដែល​ទើប​ទទួល​ពានរង្វាន់ THE S.E.A WRITE​ឆ្នាំ​ទៅ​ថ្មីៗនេះ និងជាអ្នកនិពន្ធ​ល្បី​មួយ​រូបនៅ​ក្នុងស្រុក ខាង​ទំនុក​ច្រៀង។

69433_116952868365311_8193808_n

 កូន ឡឹក ជំនោរ បាននិពន្ធរឿងខ្លីល្អៗជាច្រើន។ រឿង«ជាងធ្វើកង់» បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១១ នៃសមាគមអក្សរសិល្ប៍ នូ ហាច និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ប្រទេសបារាំង។

191357 

ខ្ញុំ​ភើប​ត្រេក​អរ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ៗ​ធម៌​ទាំង​អស់​នេះ​កំពុង​តែលេច​ត្រដែតក្នុងវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ ក្នុងមាតុប្រទេសនិងប្រទេសជិតខាង៕

Advertisements

រឿងជំទាវកាកី ដោយ យូ សុភា និង​បទ​វិភាគរបស់​លោក កែវ ឈុន

339309_1887969258715_823647527_o

លោក យូ សុភា ជា​សាស្ត្រាចារ្យអក្សរសិល្ប៍​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នកនិពន្ធវ័យ​ក្មេង​មួយ​រូបដែល​​មាន​ស្នាដៃ​គួរ​ជា​ទី​ចាប់​អារម្មណ៍។ ខ្ញុំ​បាន​ដឹង​ តាមរយៈ​កាសែតនិងទស្សនាវដ្តី​ក្នុង​ស្រុក ដែល​បាន​រាយ​ការណ៍ថា លោក យូ សុភាព ជា​អ្នកនិពន្ធ​ខ្មែរ​ ដែល​ទទួលបានពាន​រង្វាន់​ជ័យលាភី​ច្រើន​ជាង​គេនៅ​កម្ពុជា។ ខ្ញុំ​ពិត​ជា​រីករាយ​ត្រេកអរ​និងសរសើរដោយសុទ្ធចិត្តចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រឹង​របស់​លោកក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។

ខ្ញុំ​បាន​អាន​វណ្ណកម្ម​របស់​លោក​ជា​ច្រើន​កន្លង​មក តាមរយៈ​អំណោយ​ស្នាដៃ​របស់​លោក ដែល​ផ្ញើ​មក​ជូន​ខ្ញុំ​នៅ​ស្រុក​បារាំង និងការ​ជូន​ខ្ញុំ​ដោយ​ផ្ទាល់​ ​ក្នុងគ្រា​ដែល​ខ្ញុំ​ចេញចូល​ក្រុង​ភ្នំពេញក្នុង​មាតុភូមិ​កម្ពុជានារយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ​។

ខ្លឹម​សារ​នៃ​ចំណារ​តាម​រយៈ​វណ្ណកម្ម​របស់អ្នកនិពន្ធ​នីមួយ​ៗ​ ក៏​អាចជា​ផ្នែក​មួយ​នៃ​ការ​ឆ្លុះ​បញ្ចាំង​ដល់​អត្តភាពរបស់​​​ម្ចាស់​ស្នាដៃ​ផង​ដែរ។ ទោះ​យ៉ាងណា​ ការ​ស្គាល់​ជន​ណា​ម្នាក់​ដោយ​សំណេរ ពុំ​គ្រប់​គ្មាន​នោះទេ ព្រោះអក្សរ ភាគ​ច្រើន ​ នរណាៗ​​ក៏​អាច​សរសេរ​បា​នដែរ។ ប៉ុន្តែ ធម្មជាតិ​ចរិត​ពិត​ខាង​ក្រៅ និង ស្នាដៃ​​នៃ​កវីនិពន្ធ អាច​ជា​រឿង​ដោយ​ឡែកមួយ​ទៀត​ ក៏​អាច​ថា​បាន​។

ចំពោះខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទឹក​ដៃ​របស់​លោក យូ សុភា និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទឹក​ដម​នៃ​សំណេរ​របស់លោក ហើយ​ជា​ពិសេស​គឺ​ខ្ញុំ​គោរព​ដល់​ចំណេះ​ចេះ​ដឹង ការ​ដឹង​ខុស​ត្រូវ​ សីលធម៌ គុណ​ធម៌​ សម្តី​សុភាព​រាបសារ​ និងចរិត​រម្យទម​​បញ្ញាវន្ត​រូបនេះ។

គ្រានេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​គេ​ហ​ទំព័រ​បស់ខ្ញុំ​ អាន​បទ​វិភាគ​របស់​ លោក កែវ ឈុន និង​រឿង​ខ្លី​របស់​លោក យូ សុភា ដូច​ខាង​ក្រោម៖

បទវិភាគលើ«រឿងជំទាវកាកី»  

ដោយ កែវ ឈុន

ដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

71746_120124021380918_249770_n

រឿង​ជំទាវ​កាកី ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ តែង​និពន្ធឡើង​ដោយ​សាស្ដ្រា​ចារ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​ឈ្មោះ យូ​​ សុភា​។ នៅ​ក្នុង​សាច់​រឿង ​អ្នកនិពន្ធ​បាន​ឆ្លុះ​បញ្ចាំង​ពី​យុវជន​ម្នាក់​ឈ្មោះ​សុចិត្រ​។ សុចិត្រ​មាន​រូប​រាង​សង្ហា មុខ​ស្រស់ ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​ជា​និសិត្ស​នៃ​មហា​វិទ្យា​ល័យ​ជាន់​ខ្ពស់​។ សុចិត្រ​រើស​បាន​កា​បូប​លុយ​តូច​មួយ មាន​លុយ​ជា​ច្រើន​ដុល្លារ មាន​ចិញ្ចៀន​ពេជ្រ ខ្សែ​ក​មាស​យ៉ាង​មាន​តម្លៃ​ទៀត​ផង នៅ​ក្នុង​កា​បូប​ក៏​មាន​អាស​យដ្ឋាន​នៅ​ក្នុង​នោះ​ដែរ​។

បាន​លុយ​មាស​ពេជ្រ សុចិត្រ​ត្រេក​អរ​ណាស់ យក​លុយ​ទៅឲ្យ​​មីង​ស៊ីចាន់​ជា​ម្ដាយ​ ដែល​កំពុង​ដេក​ឈឺ​រាំ​រៃ នៅ​ក្នុង​ផ្ទះ​ខ្ទម​ដ៏​រខេក​រខាក​មួយ​។ មីង​ស៊ី​ចាន់ ថ្វី​ត្បិត​តែ​គាត់​មាន​សភាព​ក្រី​ក្រ តោក​យ៉ាក​លំបាក​ពិត​មែន ប៉ុន្ដែ​គាត់​ជា​មនុស្ស​ម្នាក់​បរិសុទ្ធ​ទៀង​ត្រង់ ប្រកប​ដោយ​មេត្ដា​ ករុណា​ជា​ពន់​ពេក គាត់​កាន់​សីល​យ៉ាង​ខ្ជាប់​ខ្ជួន ប្រ​ព្រឹត្ដ​អំពើ​សុច​រិត សន្ដោស​ប្រោស​ប្រណី ឥត​ចេះ​ខឹង​នឹង​អ្នក​ណា​ឡើយ មិន​តែ​ប៉ុណ្ណោះ​សោត​គាត់​ចេះ​ថ្លឹង​ថ្លែង​យល់​ដល់​ចិត្ដ​មនុស្ស​គ្រប់​ៗគ្នា​នៅ​ក្នុង​សង្គម ដែល​ចេះ​សោក​ស្ដាយ ចេះ​ឈឺ​ចាប់ មាន​ទុក្ខ​លំបាក​​ដូច​គ្នា​។ មីង​ស៊ីចាន់​ មិន​ព្រម​យក​លុយ​មាស​ប្រាក់​ដែល​សុចិត្រ​រើស​បាន​នោះ​ទេ មីង​​បាន​ឲ្យ​សុចិត្រ​យក​កាបូប​លុយ​នោះ ទៅ​សង​ម្ចាស់​គេ​វិញ​។

សុចិត្រ​យក​កាបូប​ទៅ​ជូន​ម្ចាស់​វិញ​ដល់​ផ្ទះ​។ គឺ​ជា​ផ្ទះ​របស់​លោក​ជំទាវ​ម៉ារី ភរិយា​ឯក​ឧត្ដម​ម្នាក់​។ ជួប​មុខ​សុចិត្រ​ភ្លាម លោក​ជំទាវ​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ដ ស្ទើរ​ទប់​អា​រម្មណ៍​ពុំ​បាន។ លោក​ជំទាវ​សម្តែង​នូវ​សេច​ក្ដី​រាប់​អាន រាក់​ទាក់ យក​ចិត្ដ​ទុក​ដាក់ ចំពោះ​កំ​លោះ​មុខ​ស្រស់​យើង​ជាក្រៃ​ពេក​។

សុចិត្រ​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ជំទាវ​មារី រសាប់​រសល់​វិល​វល់ ខ្វាយ​ខ្វល់​រលឹក​ដល់​កំលោះ​មុខ​ស្រស់​នេះ​ជា​ខ្លាំង ហើយ​ដោយ​ស្វាមី​​ មិន​រវី​រវល់ តែង​ចេញ​ទៅ​រក​សេច​ក្ដី​សុខ​ជា​មួយ​ស្រី​ក្មេង​ៗ ខាង​ក្រៅ​បាត់​ៗ​ផង។ អផ្សុក​ណាស់ អត់​ទ្រាំ​លែង​បាន ជំទាវ​កាកី​ក៏​ធ្វើ​ដំណើរ​ទៅ​រកយុវ​ជន​សុចិត្រ​ដល់​ផ្ទះ​។ ទៅ​ដល់​ផ្ទះ​សុចិត្រ ចំពេល​ដែល​មីង​ស៊ី​ចាន់ បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​។ ជំទាវ​មារី​បាន​ឧបត្ថម្ភ ជួយ​ធ្វើ​ពិធី​​បុណ្យសព​ម្ដាយ​សុចិត្រ​រហូត​ចប់​កម្ម​វិធី ហើយ​ដែល​តាំង​ពី​ពេល​នោះ​មក លោក​ជំទាវ​តែង​តែ​ចេញ​ចូល​ផ្ទះ​កំលោះ​សុចិត្រ​ជា​ញឹក​ញាប់​ឥត​ដាច់​។

ថ្ងៃ​មួយ ខណៈ​ពេល​ដែល​សុចិត្រ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេ បញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ លោក​ជំទាវ​បាន​ឈរ​សម្លឹង​មើល មិន​ប៉ព្រិច​ភ្នែក ទៅ​លើ​បុរស​សង្ហា បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ ធ្វើឱ្យ​បុរស​យើង​មាន​ការ​អៀន​អន់​ជា​ខ្លាំង​។

លោកជំទាវ​កាកី បាន​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង ឱ្យ​កំលោះ​សុចិត្រ​រៀន​យ៉ាង​ចេញ​មុខ រហូត​មាន​ពាក្យ​ចចាម​អារាម​លេច​ឮ​ពាស​ពេញ ធ្វើឲ្យ​​ដឹង​​ឮរហូត​ដល់​ទៅ​ឯក​ឧត្ដម​ជា​ស្វាមី ដែល​ធ្វើ​ឲ្យ​​ឯក​ឧត្ដម​មាន​ការ​ខឹង ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង រហូត​នាំ​បក្ស​ពួក ទៅ​វាយ​ធ្វើ​បាប​កំលោះ សុចិត្រ ឲ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។ លោក​ជំទាវ​ម៉ារី បាន​ខ្នះ​ខ្នែង​ចេញ​ថ្លៃ​ព្យា​បាល​គ្រប់​បែប​យ៉ាង​។ ថ្ងៃ​ក្រោយ​មក មុខ​របួស​របស់​កំលោះ សុចិត្រ​ក៏​បាន​ជា ជា​ធម្ម​តាឡើង​វិញ​។

ថ្ងៃមួយ លោក​ជំទាវ​បាន​ទៅ​រក​សុចិត្រ​ឯ​ផ្ទះ​របស់​គេ​។ ពេល​លោក​ជំទាវ​កំពុង​យំ​ឱប​គ្នា​នឹង​កំលោះ​សុចិត្រ​ដោយ​ក្ដី​សោក​សៅ​រំភើប​ញាប់​ញ័រ យ៉ាង​ខ្លាំង​ក្រៃ​លែង​។ ឯក​ឧត្ដម​ផល្លា​ជា​ស្វាមី​ចូល​មក​ដល់​ក្នុង​ហេតុ​ការណ៍​នេះ ទាញ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​ស្រែក​សន្ធាប់​​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង «មេ​ស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!» កាំ​ភ្លើង​​លាន់​សំឡេង​ផាំង..។

ជំទាវម៉ារីស្ទះយ៉ាងរហ័សទៅរងគ្រប់ជំនួសសុចិត្រ ហើយស្រែកយ៉ាងខ្លាំងថា៖ សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!​។ ឯក​ឧត្ដម​ភ្ញាក់ នឹង​សំរែក​របស់​ភរិយា ហើយ​ភ័យ​ស្លុត​ចិត្ដ​ឥត​ឧបមា​។ គ្រប់​កាំ​ភ្លើង​បាន​រត់​ទៅ​ទម្លុះ​ស្មា​លោក​ជំទាវ ធ្វើឱ្យ​លោក​ជំទាវ ដួស​សន្លប់​បាត​ស្មារ​តី​តែ​ម្តង​។

ដោយ​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​រឿង​ជំទាវ​កាកី យើង​ឃើញ​អ្នក​និពន្ធ​យូសុភា ខ្វល់​ខ្វាយ​អំពី​ឋានៈ វណ្ណៈ​របស់​សង្គម​មនុស្ស​ដែល​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​លំបាក​តោក​យ៉ាក រស់​នៅ​ក្នុង​អំពើ​សុច​រិត​ យុត្ដិ​ធម៌ មិន​លោភ មិន​ចង់​បាន​អ្វី​ដែល​មែន​ជា​របស់​ខ្លួន​ ដូចមីង​ស៊ីចាន់​​​ម្ដាយ​របស់​សុចិត្រ​ជា​ដើម​។ ល្ខោន​ស្នេហា​ដែល​លោក​ជំទាវ​ម៉ារី បាន​សំដែង​ធ្វើ​ជា​ស្និទ្ធ​ស្នាល​ជា​មួយ​កំលោះ​សុចិត្រ​ដែល​មាន​អាយុ​អាច​ធ្វើ​ជា​កូន​បាន ធ្វើ​ឲ្យ​ឯក​ឧត្ដម ស្វាមី​លោក​ជំទាវ ដែល​ចូល​ចិត្ដ​ដើរ​លេង រក​ស្រី​ក្មេងៗ​ក្រៅ​ផ្ទះ វង្វេង​ស្មារ​តី ឈឺ​ចិត្ដ​រហូត​ខ្វះ​សតិ​សម្ប​ជញ្ញៈ ហ៊ាន​ប្រ​ព្រឹត្ដ​នូវ​អំពើ​ឧក្រិដ្ឋ​កម្ម​ទៀត​ផង ហើយ​គឺ​ជា​បទ​សិក្សា​មួយ​ដល់​គូស្វាមី​ភរិយា​ទូ​ទៅ​ឲ្យ​​បាន​ដឹង​ថា ការ​ក្បត់​ចិត្ដ​គ្នា​បែប​នេះ​ វា​មាន​ការ​ឈឺ​ចាប់​ដល់​កម្រិត​ណា​។ ត្រង់​វគ្គ​នេះ អ្នក​និពន្ធ​យូសុភា បាន​លើក​យក​មក​សរ​សេរ​ចំៗ​តែ​ម្តង នៅ​ពេល​ដែល​ដាក់ឲ្យ​​តួ​អង្គ​លោក​ជំទាវ​ម៉ារី​និយាយ​ទៅ​កាន់​ស្វាមី​ថា៖

លោក​បង​ចេះ​មាន​ចិត្ដ និង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយា ទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ​ដែល​ធ្វើ​ជា​កូនរបស់​ខ្លួន​បាន​នោះ​?​។ ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់ អា​ម៉ាស់​យ៉ាង​ណា លោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ ក៏​មាន​បេះ​ដូង​ឈឺ​ចាប់​ដូច​លោក​បង ឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង​។ ទង្វើ​របស់​លោក​បង​ទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រ​ឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។​ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ​!​។

«រឿង​ជំទាវ​កាកី» គឺ​ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ មាន​អត្ថ​រស​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​។ អ្នក​និពន្ធ យូ​សុភា បាន​ប្រើ​វិធី​សាស្រ្ដ​និពន្ធ​យ៉ាង​ប៉ិន​ប្រសប់ មាន​ទេព​កោសល​ខ្ពស់​អស្ចារ្យ គឺ​តែង​បង្កើត​ឈុត​ឆាក​នៃ​សាច់​រឿង ធ្វើ​ឲ្យ​​អ្នក​អាន​ទាំង​ឡាយ អាន​យ៉ាង​ជក់​ចិត្ដ គិត​ថា​កំ​ពុង​តែ​​អាន​ប្រ​លោម​លោក​ដ៏​ធំ វែង​អន្លាយ​មួយ​។ អ្នក​និពន្ធ រហស្ស​នាម​ថា «ជំទាវ​កាកី» ស្ដាប់​ភ្លាម​យើង​វាយ​តម្លៃ​បាន​យ៉ាង​ពិត​ប្រាកដ​ថា វា​ជា​សាច់​រឿង ស្រី​ប្ដូរ​ផ្លាស់ ស្រី​មិន​ស្កប់​នឹង​តណ្ហា ស្រី​មិន​ស្កប់​នឹង​ប្រុស ស្រី​ចើក ស្រី​សាវា ស្រី​ពស់​វែក ស្រី​កាកី ទំនង​នេះ​ឯង ព្រោះ​ថា៖

«រឿង​កាកី» ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា​ក្នុង​អក្សរ​សីល្ប៍​ខ្មែរគ្រប់​ៗ​ជំនាន់។ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន​ក្នុង​សង្គម​អក្សរ​សីល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​ អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្តូរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក អ្នក​ភូមិ​តែង​ដៀល​ជេរ​ថា «មេ​កាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។

ខ្សែ​រឿង ឈុត​ឆាក ការ​សន្ទនា រវាង​តួ​អង្គ​និមួយ​ៗ អ្នក​និពន្ធបាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​ជ្រាល​ជ្រៅ វា​គឺ​ជា​អាថ៌​កំបាំង ដែល​អ្នក​អាន​ស្រមៃ​ដៅ នឹក​គិត​ទៅ​លើ​អត្ថ​ន័យ​មួយ​ផ្សេង​ទៀត។ ស្នេហា​លោក​ជំទាវ​ម៉ារី ដែល​មាន​ចំពោះ​កំលោះ​សុចិត្រ​ដែល​អ្នក​អាន​គិត​ថា ជា​ស្នេហា​ភ្លើត​ភ្លើន​ របស់​នារី​ម្នាក់​ដែល​ត្រូវ​ប្ដី​នាង​មិន​រវី​រវល់ ត្រូវ​អ្នក​និពន្ធ​លាត​ត្រ​ដាង​ពញ្ញាក់​អា​រម្មណ៍​អ្នក​អាន​ឲ្យ​លន្លង់​លន្លោច ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន ធ្វើឲ្យ​​អត្ថ​រស​នៃ​សាច់​រឿង​ទាំង​មូល ពីរោះ​ជាប់​ចិត្ដ នឹក​ស្ងើច​សរ​សើរ​ដល់​អ្នក​និពន្ធ​រក​ទី​បំផុត​គ្មាន​៕

រឿង ជំទាវ​កាកី

រក្សាសិទ្ធិ

Chumteav kakey

ដោយ យូ សុភា

ថ្ងៃ​នេះ​សុចិត្រ ត្រឡប់​ពី​មហា​វិទ្យា​ល័យ​មក​ផ្ទះ​វិញទាំង​ទឹក​មុខ​សប្បាយ​រីក​រាយ​ចម្លែក ខុស​ប្លែក​ពី​ធម្មតា​។ ឃើញ​ដូច្នេះ​មីង​ស៊ី​ចាន់ ដែល​កំពុង​សំរាន​នៅ​លើ​គ្រែ​សួរ​ទៅ​សុចិត្រ​៖

– ថ្ងៃ​នេះ​មើល​ទៅ​កូន​ដូច​ជា​សប្បាយ​រីក​រាយចម្លែក​​ម៉្លេះ មាន​រឿង​អី​កូន​?

សុចិត្រសើចស្រស់៖

– បាទ​ម៉ែ ! ពេល​កូន​ចេញ​ពី​រៀន កូន​រើស​បាន​កា​បូប​យួរ​តូច​មួយ…ក្នុង​កា​បូប​នោះ​មាន​ប្រាក់​ច្រើន​ណាស់​ម៉ែ ហើយ​ថែម​ទាំង​មាន​ខ្សែ​ក និង​ចញ្ចៀន​ពេជ្រ​ទៀត​ផង​!

ថា​រួច​សុចិត្រ ក៏​ប្រ​ញាប់បើក​កា​បូប​របស់​គេរួច​យក​កូន​កា​បូប​តូច​ដ៏​ស្រស់​ស្អាត​មួយ​មក​បង្ហាញអ្នក​មីង​ស៊ី​ចាន់​។ សុចិត្រ​បើក​កា​បូប​យក​ប្រាក់ និង​ខ្សែ​ក ចិញ្ចៀន​ពេជ្រ​មក​បង្ហាញ​ម្ដាយ​។​

– ប្រាក់​រាប់​រយ​ដុល្លារ​ណា​ម៉ែ មើល​ចុះ​ម៉ែ! នេះចិញ្ចៀន និង​ខ្សែក! តម្លៃមិន​ថោកទេ!

សុចិត្រ​ហុច​កាបូប​ប្រាក់ ខ្សែ​ក និង​ចិញ្ចៀន​ទៅឲ្យ​​ម្ដាយ​។ អ្នក​មីង​ទទួល​ពី​កូន​ប្រុស​មក​កាន់ រួច​ពិនិត្យ​មើល…បន្ដិច​មក​ទើប​ពោល​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​មិន​សប្បាយ​ចិត្ដ​៖

– ម្ចាស់​នៃ​ទ្រព្យ​មិន​ដឹង​ជា​គ្នា​ត្រូវ​កើត​ទុក្ខ​ប៉ុណ្ណា​ទេ ពេល​នេះ​កំពុង​តែ​មាន​រឿង​នៅ​ក្នុង​គ្រួសារ​ផង​ក៏​មិន​ដឹង​…

សុចិត្រ ញញឹម​រាង​ស្ងួត​រួច​ទំលាក់​ខ្លួន​ចុះ​អង្គុយ​លើ​គ្រែ​ក្បែរ​ម្ដាយ​ទាំង​ស្រ​ដី៖

– ប្រាក់​នេះ​អាច​យក​ម៉ែ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បាន​ហើយ ទេវ​តា​លោក​ពិត​ជា​ជួយ​ម៉ែ​ហើយ !​

សំដី​កូន​ប្រុស ធ្វើឲ្យ​​មីង​ស៊ី​ចាន់​គ្រវី​ក្បាលរួច​ចាប់​បដិសេធ​៖

– មិន​អាច​ធ្វើ​អីចឹង​បាន​ទេ​កូន​?

សុចិត្រ​បញ្ជាក់​សួរ​ទាំង​បើក​ភ្នែក​ធំៗ

– ហេតុអីមិនបានម៉ែ?

អ្នកមីងស៊ីចាន់ញញឹមស្ងួត

– គ្រួសារ​យើង​ថ្វី​ត្បិត​តែ​ក្រ​ពិត​មែន​ហើយក៏​ ប៉ុន្ដែ​គ្រួសារ​របស់​យើងពុំ​ដែល​ចង់​បាន​នូវ​អ្វី​ដែល​មិន​មែន​កើត​ពី​កម្លាំង​ផ្ទាល់​ខ្លួន​នោះ​ទេ … កូន​យក​វា​ទៅ​ប្រ​គល់ឲ្យ​​ម្ចាស់​គេ​វិញ​ចុះ !អត្ដ​សញ្ញាណ​ប័ណ្ណ​ក៏​មាន​នៅ​ក្នុង​កា​បូប​នេះ​ដែរ​។

– នេះ​មិន​មែន​ជា​ទ្រព្យ​ដែល​យើង​ទៅ​លួច​ឆក់​ប្លន់​ពី​គេ​ឯ​ណា​។ យើង​រើស​បាន​ទេតើ មិន​បាច់​ព្រួយ​ទេ​ម៉ែ!

– កូន​ត្រូវ​តែ​គិតឲ្យ​​បាន​វែង​ឆ្ងាយ​ជាង​​នេះកូន​ត្រូវ​តែ​គិត​ដល់​ម្ចាស់​ទ្រព្យ ប្រ​សិន​បើ​រឿង​នេះត្រូវ​ធ្លាក់​មក​លើ​គ្រួសារ​របស់​យើងៗ​ច្បាស់​ជា​ពិបាក​ស្លាប់​ហើយម៉ែ​មិន​អាច​សោយ​សុខ​លើ​ទុក្ខ​របស់​អ្នក​ដទៃ​បាន​ទេ​។ ធ្វើ​តាម​ម៉ែ​ចុះ​កូនម្ចាស់​ទ្រព្យ​គេ​នឹង​ជ្រះ​ថ្លា​នូវ​អំពើ​បរិសុទ្ធ​នៃ​យើង​។

សុចិត្រកំលោះ​​រាង​សង្ហាមុខ​ស្រស់​ទទួល​បញ្ជា​របស់​ម្ដាយ​ទាំង​អា​ការ​ស្ទាក់​ស្ទើរ​ចិត្ដ​។ ល្ងាច​នេះ សុចិត្រធាក់​កង់​តិច​ៗតាម​ផ្លូវ​តំបន់​ទំនប់​ទួល​គោក​។សុចិត្រ​បញ្ឈប់​កង់​នៅ​ចំ​ពី​មុខ​ផ្ទះ​វិឡាដ៏​ធំស្កឹម​ស្កៃ​មួយ។ គេ​ឈរ​អោប​ដៃ​បន្ដិច ទើប​ដាច់​ចិត្ដ​ចុច​កណ្ដឹង​ហៅ​ម្ចាស់​ផ្ទះ​។ អ្នក​បំរើ​ស្រី​ចំ​ណាស់​ម្នាក់​ចេញ​មក​បើក​ទ្វារឲ្យ​​សុចិត្រ​។ យល់​ពី​បំណង​របស់​សុចិត្រ ហើយ​អ្នក​បំរើ​ក៏​នាំ​មុខ​សុចិត្រទៅ​រក​ម្ចាស់​ស្រី ដែល​កំពុង​អង្គុយ​កើត​ទុក្ខ​នៅ​លើ​ទោង​ចំហៀង​គេ​ហដ្ឋាន​។

– ជំរាបសួរអ្នកមីង!

អ្នក​ស្រី​ញញឹម​ព្រម​ទាំង​សម្លឹង​មុខ​សុចិត្រ​រាង​ភ្លឹក​បន្ដិច ទើប​ស្រដី​តប៖

– ចាស! ក្មួយ​ជា​មិត្ដ​ភក្ដិ និតា កូន​ស្រី​មីង​មែន​ទេ! ?

– បាទ​ទេ ! ខ្ញុំ​ឈ្មោះ​សុចិត្រ… ខ្ញុំ​មក​នេះ​មាន​ការ​សំខាន់គឺ​យក​កា​បូប​មក​ប្រគល់ជូន​​អ្នក​មីង​វិញ​។

សុចិត្រ​យក​កា​បូប​យួរ​ពី​ក្នុង​កា​បូប​ស្ពាយ​របស់​គេ ប្រ​គល់​ទៅជូន​​លោក​ជំទាវ​ម៉ារីរួម​ជា​មួយ​សំដី​៖

– កាបូប​នេះ ខ្ញុំ​រើស​បាន​ក្នុង​បរិ​វេណ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​កាល​ពី​ព្រឹក​មិញ..

លោក​ជំទាវ​ម៉ារី ទទួល​កា​បូប​ពី​សុចិត្រទាំង​សេច​ក្ដី​ត្រេក​អរ​។ លោក​ជំទាវ​ហុច​ប្រាក់​មួយ​ចំនួន​ទៅឲ្យ​​សុចិត្រ តែ​ត្រូវ​សុចិត្របដិ​សេធ​យ៉ាង​ដាច់​អហង្ការ​។ លោក​ជំទាវ​ចោទ​សួរ​៖

– ហេតុ​អ្វីទៅ​ក្មួយ?

– ម៉ែ​ខ្ញុំ​ជា​អ្នក​កាន់​សីល គាត់​មិន​ចង់​បាន​ការ​តប​ស្នង​ទេ។គាត់​ចង់ឲ្យ​​ម្ចាស់​ទ្រព្យ​ទទួល​ទ្រព្យ​វិញ​ដោយ​ក្ដី​ជ្រះ​ថ្លា ម៉ែ​របស់​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​ណាស់​ទៅ​ហើយ។ខ្ញុំ​គិត​ថា​ជំរាប​លា​អ្នក​មីង​ទៅ​សិន​ហើយ​។

– យី ! ម៉េច​ក៏​ប្រញាប់​ម្ល៉េះ​ក្មួយ?

-បាទ ខ្ញុំ​ប្រញាប់ទៅ​ទិញ​ថ្នាំ ​ព្រោះ​ម៉ែ​ខ្ញុំ​កំពុង​ឈឺធ្ងន់​សម្រាក់​នៅ​ផ្ទះ​តែម្នាក់​ឯង។

លោក​ជំទាវ​មាន​ប្រ​សាសន៍​ឃាត់​ដំណើរ​របស់​សុចិត្រ

– ឈប់​សិន​ក្មួយ! បើ​មិន​យល់​ទាស់​ទេ? មីង​សុំ​អា​សយ​ដ្ឋាន​របស់​ក្មួយ​ផង តើ​បាន​ទេ​? ដើម្បីឲ្យ​​មីង​បាន​ស្គាល់​រាប់​អាន​ម្ដាយ​របស់​ក្មួយ​ផង​។

សុចិត្រ​ញញឹម​ចំពោះ​សន្ដាន​ចិត្ដ​មិន​ប្រ​កាន់​រិក​របស់​លោក​ជំទាវកត់​អាស​យដ្ឋានឲ្យ​​លោក​ជំទាវ​ម៉ារី​រួច គេ​ក៏​ប្រ​ញាប់​ចេញ​ទៅ​។ថ្ងៃ​អាទិត្យ​នេះលោក​ជំទាវ​ម៉ារី​បានឲ្យ​​សូហ្វ័រ​ជូន​រថ​យន្ដ​មក​រក​ផ្ទះ​របស់សុចិត្រ​នៅ​ម្ដុំ​វិទ្យា​ល័យ​សាមគ្គី​។លោក​ជំទាវ​ម៉ារី​បញ្ចាឲ្យ​​សូហ្វ័រ​ឈប់​នៅ​ពី​មុខ​ផ្ទះ​តូច​មួយដែល​មាន​ដោត​ទង់​ក្រ​ពើ​នៅ​ពី​មុខ​។ លោក​ជំទាវ​ចុះ​ពីរ​ថយន្ដ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ឃើញ​កំលោះសុចិត្រ​កំពុង​តែ​ក្រាប​យំ​ឱប​សព​ម្ដាយ ឃើញ​វត្ដ​មាន​របស់​លោក​ជំទាវសុចិត្រ​ក៏​ចេញ​មក​រាក់​ទាក់​ដោយ​ក្ដី​គោរព​។ លោក​ជំទាវ​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យ​រហូត​ចប់​សព្វ​គ្រប់  ​រួម​ទាំង​បុណ្យ​សំរាប់​ប្រាំពីរ​ថ្ងៃ​ផង​ដែរ​។

ថ្ងៃ​នេះ សុចិត្រ បាន​រៀប​ចំសំ​អាត​ផ្ទះ​សំបែងឲ្យ​​មាន​របៀប​រៀប​រយ​និង​សណា្តប់​ធ្នាប់​ឡើង​វិញ​។ លោក​ជំទាវ​សម្លឹង​មើល​ទាំង​ចិត្ដ​កំពុង​រិះ​គិតនិង​មិន​ដាក់​ភ្នែក​ទៅ​លើ​បុរស​សង្ហា​សុចិត្រ ដែល​ខណៈ​នេះ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេបញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ។ សុចិត្រ​ឃើញ​លោក​ជំទាវ​សម្លឹង​ដោយ​ក្រសែ​ភ្នែក​ចឡែក​ដូច្នេះ គេ​ហាក់​ដូច​ជា​មាន​អារម្មណ៍​មិន​នឹង​នរ​ក្នុង​ខ្លួនទើប​គេ​ស្រដី​ឡើង​ដើម្បី​សាង​នូវ​បរិយា​កាស​ថ្មី​។

– ខ្ញុំ​បាទ​សូម​អរគុណ​ចំពោះ​លោក​ជំទាវ​ខ្លាំង​ណាស់។ ខ្ញុំ​ពុំ​ដឹង​ជាមាន​អ្វី​តប​ស្នង​សង​គុណ​ដល់​លោកជំទាវ​វិញ​ទេ!

– មិន​ថ្វី​ទេ​ក្មួយ! នេះ​រាប់​ថា ជា​ការ​តប​ស្នង​នូវ​សន្តាន​ចិត្ត​ដ៏ល្អ​របស់​ម្តាយ​ក្មួយ​និង​ក្មួយ​ចុះ។

– ខ្ញុំ​ទើប​តែ​ដឹងនៅ​មុន​ពេល​ដែល​ម្ដាយ​ខ្ញុំ​ជិត​ដាច់​ខ្យល់​ស្លាប់​ទេ​ថា ខ្ញុំ​នេះ​មិន​មែន​ជា​កូន​បង្កើត​របស់​គាត់​ទេ។ គាត់​រើស​ខ្ញុំ​បាន​កាល​នៅ​ថ្ងៃ​រំដោះ​ក្នុង​ឆ្នាំ១៩៧៩កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រ​ហែល​ជា​ពីរ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

បញ្ចាប់​ពំនោល​នេះ កំលោះ​សង្ហា​ដក​ដង្ហើម​ធំ​មួយ​យ៉ាង​វែងសំដែងឲ្យ​​ឃើញ​ច្បាស់​នូវ​សេច​ក្ដី​ព្រួយ​ចំបែង​ចិត្ដ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ជំទាវ​ដែល​កំពុង​សម្លឹង​រូប​អ្នក​មិន​ដាក់​ភ្នែក​។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក លោក​ជំទាវម៉ារី​ឧស្សាហ៍​ចេញ​ចូល​ផ្ទះ​កំលោះ​រូប​ស្រស់​របស់​យើង​មិន​សូវ​ជា​លស់​ពេល​ឡើយ​។ លោក​ជំទាវ​បាន​ផ្គត់​ផ្គង់​ប្រាក់​កាស សំភារ​សិក្សាថែម​ទាំង​ទិញ​ម៉ូតូ​គុប​មួយ​គ្រឿងដើម្បឲ្យ​​គេ​បាន​ជិះ​ទៅ​រៀន​នៅ​សាលា​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ទៀត​ផង។

អំពើ​ល្អ​របស់​លោក​ជំទាវ​ចំពោះ​សុចិត្របាន​កើត​ជា​រឿង​ចចាម​អា​រាម​យ៉ាង​ខ្លាំង ហើយ​រហូត​ដំណឹង​នេះ​បានលេច​ឮដល់​ឯក​ឧត្ដម ផល្លា ដែល​ជា​ស្វាមី​។ យប់​នេះ ​ឯក​ឧត្ដម​កំពុង​តែ​ដំឡើង​សរសៃ​កដាក់​ភរិយា​ទាំង​កែវ​ភ្នែក​ក្រេវ​ក្រោធ។

– ប្រាប់ឲ្យ​​ត្រង់​មក​ថា អា​ក្មេង​ប្រុស​នោះ​ជា​នរ​ណា? ខ្ញុំ​ដឹង​ថា ឯង​ផ្គត់​ផ្គង់​វា​សំបើម​ណាស់!​

– អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅលើ​គេ គឺ​ក្នុង​នាម​ជា​មនុស្ស​ធម៌​ស្រោច​ស្រង់​យុវ​ជន​កំព្រា​ម្នាក់​ ឲ្យ​រួច​ចាក​ផុត​ពី​ភាព​លំបាក​វេ​ទនា​តែ​ប៉ុណ្ណោះ​។

– ចុះ​ក្មេង​កំព្រា​មួយ​គំនរ​គរ​គោក​ម៉េច​ក៏​មិន​ទៅ​ជួយ​ពួក​គេ​ផង​ទៅ​? ឬ​ក៏​ឃើញ​វា​សង្ហា នៅ​ក្មេង ហើយ​ចង់​យក​វា​ធ្វើ​ជា​សហាយ​?

លោក​ជំទាវ​មារី​គ្រវី​ក្បាល​ស្រដី​ទាំង​ហួស​ចិត្ដ​។

– សូម​កុំ​មាន​ប្រ​សាសន៍ឲ្យ​​ខ្ញុំ​ហួស​ហេតុ​ពេក! ក្មេង​នោះ​ខ្ញុំ​អាច​បង្កើត​បាន​ណា​។

ឯក​ឧត្ដម​ផល្លា ញញឹម​បង្កប់​ពិស​ពុល​។

– កុំ​​ឲ្យខ្ញុំ​ចាប់​បាន ប្រយ័ត្នឲ្យ​​មែន​ទែន​ណា កុំ​ផ្ដេស​ផ្ដាសឲ្យ​​សោះ​។

បញ្ចប់​សំដី ឯក​ឧត្ដម​ក៏​ចុះ​ទៅ​ខាង​ក្រោម រួចឲ្យ​​សូហ្វ័រ​បញ្ជា​រថ​យន្ដ ជូន​ទៅ​កន្លែង​ចាស់​ដែល​ជា​ទី​សុខ​សាន្ដ​នៃ​កាមា​រម្មណ៍។

316991_1837568398725_1024751092_n

– ក្មេង​ម្នាក់​នោះ​មាន​របួស​ជា​ស្នា​ដៃ​របស់​បង​តើ​មែន​ទេ​?

ឯក​ឧត្ដម​ឆ្លើយ​ដោយ​ព្រ​ងើយ​កន្ដើយ​។

– ត្រូវ​ហើយ! នេះ​គ្រាន់​តែ​ជា​មេ​រៀន​លើក​ទី​មួយ​ប៉ុណ្ណោះ ថ្ងៃ​ក្រោយ​អាច​នឹង​អស់​ជីវិត​។

-លោកនេះ​អាក្រក់ខ្លាំងណាស់។ យល់តែពី​ចិត្ត​ខ្លួនឯង។ គ្មាន​មេត្តាធម៌​បន្តិច​ណា​សោះ។

ឯក​ឧត្ដម​មិន​ខ្ចី​ឆ្លើយ​តប​ទៀត ព្រោះ​ខ្លាច​ខូច​អា​រម្មណ៍ហើយ​ក៏​ចាក​ចេញ​ទៅ ទុកឲ្យ​​ភរិយា​នៅ​ឈរ​ទួញ​យំ​ឯកា​។ កន្លះ​ខែ​ក្រោយ​មករបួស​សុចិត្រ ក៏​បាន​ជា​សះ​ស្បើយ​ឡើង​វិញក្រោម​ការ​ជួយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពី​លោក​ជំទាវ​ម៉ារី ចំពោះ​រូប​គេ។ ខណៈ​នេះ​លោក​ជំទាវ និង​កំលោះ​សុចិត្រកំពុង​យំ​ឱប​គ្នា​ដោយ​ក្ដី​រំភើប។ឯក​ឧត្ដម​ផល្លា​ក៏​ចូល​មក​ដល់ ហេតុ​ការណ៍​នេះហើយ​ស្រែក​សន្ធាប់​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង។

– មេស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!

បញ្ចប់​សំដី​កំហឹង​នេះ​ភ្លាម ​ឯក​ឧត្ដម​ដក​កាំ​ភ្លើង​ពី​ចង្កេះ​មក​បាញ់​សុចិត្រ តែ​ត្រូវ​លោក​ជំទាវ​ស្ទុះ​យ៉ាង​រហ័ស​មក​រង​គ្រាប់​ជំនួស​សុចិត្រ​រួម​នឹង​សំរែក​។

– សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!…

ឯក​ឧត្ដម​ភ្ញាក់​ចំពោះ​សម្រែក​របស់​ភរិយា រួម​នឹង​គ្រប់​កាំ​ភ្លើងដែល​កំពុង​បៀម​ជាប់​សាច់​ស្មា​ខាង​ស្ដាំ​របស់​លោក​ជំទាវ​ជា​ភរិយា​។ លោក​ជំទាវ ខំ​ទប់​ស្មារតីឲ្យ​​រឹង ហើយ​លាត់​អាវ​របស់​សុចិត្របង្ហាញ​ស្នាម​ខ្មៅ​មួយ​ដ៏​ធំ​នៅ​លើ​ស្មា​ខាង​ស្ដាំ​របស់​សុចិត្រឲ្យ​​ស្វាមី​បាន​ឃើញ​។

– បង​មើល​ខ្នៅ​នេះ​! ហើយ​បង​មើល​មុខ​មាត់​រូប​រាង​របស់​គេ​ទៅគឺ​មិន​ខុស​ពី​បង​នៅ​កំលោះ​ទេ! ម៉្យាង​ទៀត​ឈាម​របស់​សុចិត្រនិង​ឈាម​របស់​បង​ជា​ឈាម​ប្រ​ភេទ​តែ​មួយ​ទៀត​ផង​។

វាចា​បាន​ប៉ុណ្ណេះ ​លោក​ជំទាវ​ក៏​សន្លប់​បាត់​ស្មារតី​ទៅ។ ឯក​ឧត្ដម​ក៏​បញ្ជាឲ្យ​​ពេទ្យ​ប្រញាប់​យក​ភរិ​យា​របស់​លោក​ទៅ​សង្រ្គាះ​ជា​បន្ទាន់​។ មួយ​រយៈ​ក្រោយ​មក​ ​របួស​លោក​ជំទាវ​ម៉ារី​ក៏​បាន​ជា​សះ​ស្បើយ​ដូច​ដើម​វិញ​។ ឯក​ឧត្ដមដើរ​ចូល​មក​ជិត​ឈរ​ក្បែរ​ភរិយា ដែល​ខណៈ​នេះ​លោក​ជំទាវកំពុង​តែ​ឈរ​បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ជាន់​ទី​បី​នៃ​ភូមិ​គ្រឹះ​។ ឯក​ឧត្ដម​មាន​ប្រសាសន៍៖

-ម៉ាក់​វា ឲ្យ​ខ្ញុំ​សូម​ទោស​ផង ព្រោះ​ខ្ញុំ​ដឹងសោះថា សុចិត្រ​ គេ​ជា​កូន​របស់​យើង។

ម៉េច​ក៏​ម៉ាក់​វា​ពុំ​ប្រាប់​ខ្ញុំ​តាំង​ពី​ដំបូងចាំ​បាច់​លាក់​បាំង​រហូត​ធ្វើឲ្យ​​កើត​មាន​រឿង​ដូច្នេះតើ​ធ្វើ​ដូច្នេះ​មាន​ប្រ​យោជន៍​អ្វី​? គឺ​បាន​ត្រឹម​តែ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់ និង​កា​រឈឺ​ចាប់​ប៉ុណ្ណោះ​។

លោក​ជំទាវ​ដក​ដង្ហើម​ធំ​បន្ដិច ទើប​មាន​ប្រ​សាសន៍​ទាំង​កែវ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​។

– អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​នេះគឺ​ជា​គ្រឿង​ដើម្បី​ធ្វើ​ការ​ដក​ពិសោធនិង​វាស់​ស្ទង់​ពី​ដួង​ចិត្ដ​របស់​លោក​បង​មើល​ថា តើ​លោក​បង​ចេះ​មាន​ចិត្ដនិង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយាទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ ដែល​ធ្វើ​ជា​កូន​របស់​ខ្លួន​បាន​​នោះ​?​

មក​ដល់​ត្រឹម​នេះ​ ទឹក​ភ្នែក​លោក​ជំទាវ​ក៏​ចាប់​ស្រក់​មក​ឯង​ៗ ស្ងាត់​បន្ដិច ទើប​លោក​ជំទាវ​បន្ដ​មាន​ប្រ​សាសន៍​ទៀត​ថា៖

– ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់​អា​ម៉ាស់​យ៉ាង​ណាលោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ក៏​មាន​បេះ​ដូង​ឈឺ​ចាប់ ដូច​លោក​បងឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង។ ទង្វើ​របស់​លោក​បងទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ​កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះនោះ ​លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ។

លោក​ជំទាវ យក​កូន​កន្សែង​ជូត​ទឹក​នេត្រា​កំសត់ រួច​ងាក​មុខ​មក​សំលឹង​មុខ​ស្វាមី ទើប​ពោល​បន្ដ៖

– ថ្ងៃ​រំដោះ​ពួក​យើង​រត់​កាត់​គ្រាប់​ផ្លោង គ្រាប់​កាំ​ភ្លើង​រំសេវព្រាត់​ប្រាស់​កូន​គួរឲ្យ​​វេ​ទនា។ ឆ្លង​កាត់​សេច​ក្ដី​លំបាកក្នុង​រយ​ពេល​នេះ យើង​ធ្លាប់​បាន​សច្ចា​ស្បថ​ស្បែ​នឹង​គ្នា​ថា ស៊ូ​រួម​ស្លាប់​រស់​នឹង​គ្នា ស្មោះ​ត្រង់​នឹង​គ្នា​លុះ​អស់​ជីវិត។ មិន​នឹក​ស្មាន​ថា ខ្ញុំ​ត្រូវ​រស់​ដោយ​រកាំ​ចិត្ដ លេប​​ទឹក​ភ្នែកខ្លួន​ឯង​ដោយ​សារ​ខ្វះ​សុភ​មង្គល​ផ្លូវ​ចិត្ដ​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​សោះ?។

ឯក​ឧត្ដម​ដក​ដង្ហើម​ធំ​សំដែង​ការ​ព្រួយ​ចិត្ដ​៖

– ខ្ញុំ​គ្មាន​ពាក្យ​អ្វី​សំរាប់​និយាយ​ក្រៅ​ពី​ការ​សូម​អភ័យ​ទោសពី​ម៉ាក់​វា​នូវ​ទង្វើ​ខុស​ឆ្គង​កន្លង​មក​ ដែល​ខ្ញុំ​បាន​សាង​នោះ​ទេ!ដោយ​សារ​កំ​ហឹង​ខ្ញុំ​ប៊ិស​តែ​នឹង​ធ្វើឲ្យ​​ម៉ាក់​វា​ស្លាប់​ទៅ​ហើយ​។

ខណ​នោះ​ កំលោះ​សុចិត្រ និង នីតា​ជា​ប្អូន​ស្រី​ក៏​ចូល​មក​ដល់ទាំង​ទឹក​មុខ​ញញឹម​មក​កាន់​មាតា​បិតា​ទាំង​ពីរ​ប្រាណ​។ ឯក​ឧត្ដម​ទាញ​កាយ​កូន​ប្រុស​មក​អោប​បញ្ជាក់​នូវ​ចិត្ដ​រំភើប​។ នីតា​និយាយ​ឡើង៖

– កូន​ត្រេក​អរ​ណាស់ ! កាល​បើ​ឃើញ​លោក​ប៉ា អ្នក​ម៉ាក់​ស្រឡាញ់​គ្នាត្រូវ​គ្នា​វិញកូន​ទៅ​រៀន​បាន​ស្ងប់​ចិត្ដ​ហើយ​ហើយ​ក៏​លែង​ឈឺ​នៅ​ថ្នាក់​រៀន​ទៀត​ដែរ​។

10470908_10201376911984530_9165204935483590151_nឯក​ឧត្ដម​អង្អែល​ក្បាល​បុត្រី​ថ្មម​ៗ ហើយ​មាន​ប្រសាសន៍៖

– រឿង​នេះ​ពិត​ជា​ព្រហ្ម​លិខិត​មែន ព្រោះ​តែ​កូន​ឧស្សាហ៍​ឈឺសន្លប់​នៅ​មហា​វិទ្យា​ល័យទើប​ធ្វើឲ្យ​​ម៉ាក់​របស់​កូន​ទៅ​មើល​កូន​ហើយ​ក៏​ត្រូវ​ជុះ​បាត់​កា​បូបដែល​កា​បូប​នោះ​ត្រូវ​ធ្លាក់​លើ​ដៃ​របស់​សុចិត្រ​។

លោក​ជំទាវ​ញញឹម​ទាំង​ស្រដី​៖

– កូន​ៗរបស់​យើង​ធំ​ហើយ!អូន​ចង់ឲ្យ​​ការ​ជួប​ជុំ​នេះ​មាន​ន័យ​រហូត​ត​ទៅដើម្បី​រស់​នៅ​ទទួល​បាន​នូវ​សេច​ក្ដី​ថ្លៃ​ថ្នូរ​ពី​សង្គមដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ផ្ដល់​តម្លៃ​។

ឯក​ឧត្ដម​ទាញ​កាយ​ភរិយា​មក​អោប​ថ្នម​ៗនៅ​ក្រោម​ក្រ​សែ​ភ្នែក​នៃ​បុត្រា​បុត្រី​ដែល​មាន​អត្ថន័យ​រំភើបនិង​ពោរ​ពេញ​ទៅ​ដោយ​សេច​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​មុត​មាំ​ថាសុភ​មង្គល​នៃ​ជីវិត​គ្រួសារ​នេះ នឹង​ស្ថិត​ស្ថេរ​ជា​និច្ច​ត​រៀង​ទៅ​៕

 

ក.ក.ន. ៖ ជា​ចុងក្រោយ ខ្ញុំ​​អរគុណលោកកែវ ឈុនដែលអនុញ្ញាត​ឱ្យខ្ញុំស្រង់ទំព៏័រនេះមកផ្សាយក្នុងគេហទំព័ររបស់ខ្ញុំ និងអរគុណយុវអ្នកនិពន្ធ ហេង ឧត្តម

ផងដែរដែល​បាន​ជួយ​សម្រួល​ដល់​កិច្ច​ការ​ផ្សាយ​នេះ៕

 

 

 

​គួរអាន៖សម្បត្តិមនុស្ស រៀបរៀងដោយ ឯកឧត្តម ឆយ អូន

194052

ក្របខ្នងនៃសៀវភៅសម្បត្តិមនុស្ស

ក្របខ្នងនៃសៀវភៅសម្បត្តិមនុស្ស

ដំណឹងអំពីកំណាព្យ«ខ្លាក្បាល…ដង្កូវ»

ក.ក.ន

191357ទាក់ទងនឹងកំណាព្យ  ដែលការិយាល័យនិពន្ធ

បានទទួល   សូមលោក​«ចាន់ ប្រុស»នៅខេត្ត

ស្វាយរៀងទាក់ទងមកខ្ញុំតាមអ៊ីម៊ែលជាបន្ទាន់

 អរគុណ

សារជូនប្រិយមិត្តអ្នកអាន ដោយ ប៉ិច ​សង្វាវ៉ាន

1 lettreប្រិយមិត្តអ្នកអានជាទីរាប់អាន

ខ្ញុំសូមថ្លែងអំណរគុណមិត្តអ្នកអានទាំងអស់ដែលមានភក្តីភាពចូលអានគេហទំព័ររបស់ខ្ញុំ។  ថ្វីត្បិត

តែក្នុងមួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវមានពេលផ្សាយអត្ថបទញឹកញាប់ដូចពីពេលមុនក្តី។ ខ្ញុំមាន

ភារៈកិច្ចចាំបាច់ រវល់ណាស់។ ខ្ញុំក៏ត្រូវការពេលសម្រាកខ្លះដើម្បីថែទាំសុខភាពដែរ ហើយខ្ញុំត្រូវទុក

ពេលមើលឯកសារចាស់ៗរបស់ខ្ញុំ ដើម្បីសរសេរសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនចំនួន ៣ក្បាល ដែលខ្ញុំ

ប៉ងសរសេរយូរឆ្នាំហើយ។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនទាន់ចាប់ផ្តើមនៅឡើយ។ ដូច្នេះ ក្នុងមួយរយៈ

ពេលនេះ   ខ្ញុំមានពេលត្រឹមតែដកស្រង់វីដេអូពីបណ្តាញ «យូធូប» និង រឿងកំប្លែងខ្លីៗជូនទស្សនា

និង អានបណ្តោះអាសន្នសិន។  ខ្ញុំតែងតែគិតដល់ប្រិយមិត្តជាទីមេត្រីជានិច្ចមិនភ្លេចទេ។ ដរាបណា

ជីវិតខ្ញុំនៅគង់វង់  ដរាបនោះអត្ថបទខ្ញុំនៅតែមានលើគេហទំព័រនេះបន្តទៀត  ទោះបីជាគេហទំព័រខ្ញុំ

មិនទាន់មានសុក្រិតភាពដូចចិត្តខ្ញុំចង់បាននៅឡើយក៏ដោយ។ ពិតមែន តែកិច្ចការហ្នឹងតម្រូវពេល

វេលាខ្ញុំច្រើនក៏ខ្ញុំមិនបោះបង់ចោលកិច្ចការដែលខ្ញុំស្រឡាញ់ជាប់ចិត្តនេះទេ។ ខ្ញុំមានក្តីសង្ឃឹមយ៉ាង

មាំថាប្រិយមិត្តអ្នកអានគ្រប់វ័យច្បាស់ជាយល់ដល់ខ្ញុំមិនខាន៕

បវរកញ្ញាខ្មែរឆ្នាំ២០១៣ប្រចាំប្រទេសបារាំង

ស្រង់ចេញពីYOUTUBE

បវរកញ្ញាខ្មែរឆ្នាំ២០១២ប្រចាំប្រទេសបារាំង

ស្រង់ចេញពីYOUTUBE