កកន៖
ខ្ញុំសូមចែករំលែកជូនប្រិយមិត្តអ្នកអាននូវស្នាដៃមួយ
របស់លោក គ ខូវនី។ លោកជាអតីតសាស្ត្រចារ្យរបស់
ស្វាមីខ្ញុំនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៃទីក្រុងភ្នំពេញ
ក្នុងទស្សវត្សរ៍៦០។
ខ្ញុំស្រឡាញ់និងចូលចិត្តអានស្នាដៃរបស់លោកណាស់ ។
ក្នុងពេលអានអត្ថបទ ឬកំណាព្យនិងរឿងប្រលោមលោក
របស់លោកម្តងៗខ្ញុំតែងតែរំជួលចិត្តជាខ្លាំង។
សម្រាប់ខ្ញុំ លោកជាអ្នកនិពន្ធឯកដែលបានប្រើ
ពាក្យពេចន៍ទន់តែខ្លាំង។
វិធីសាស្រ្តនៃការនិពន្ធរបស់លោកក៏ខុសប្លែកពីអ្នកនិពន្ធឯទៀត។
នេះជាសម្រស់ទឹកដៃថ្មីនៃអក្សរសិល្ប៍ខ្មែរនៅបរទេស។
សូមជូនរឿង
ឆ្ងាយពីវាយោខែកត្តឹក
ភាគទី១
ព្រលឹងចេញដំណើរ
រក្សាសិទ្ធិគ្រប់យ៉ាង
ថ្ងៃទី៩ មេសា ឆ្នាំ១៩៧២
ចំហាយក្តៅនៃព្រះអាទិត្យហូរឆ្លាក់មកពីលំហមេឃា។ ព្រះសង្ឃមួយអង្គនិមន្តចេញពីវត្តលង្កាតាមខ្លោងទ្វារទិសខាងលិច ហើយសំដៅទៅកាន់ផ្ទះមួយក្នុងភូមិបឹងកេងកង។ ផ្ទះយើងប្រក់ក្បឿងក្រហមមួយខ្នងបំពួនខ្លួនក្នុងចំណោមទុក្ខជាតិផ្សេងៗដែលដុះបំព្រងក្រោមធាតុអាកាសក្តៅនៃខែចែត្រ។ ដើមក្រូចសើចពីរដើមនិងដើមស្លាដុះក្បែររបងខាងកើតផ្ទះ ឯដើមជម្ពូដុះអែបនឹងដើមទឹកដោះគោជិតអណ្ដូងទឹក។ នៅជិតនោះ ដើមស្លឹកគ្រៃ ជីរអង្កាម និងម្ទេសច្រើនគុម្ពដុំប្រញាយគ្នាជិតដើមចំប៉ីនិងដើមទទឹម។ អង្រឹងក្រចៅមួយចងនៅចន្លោះ ដើមដូងមួយគូ ក្បែរមាត់ទ្វាររបងអំពីឈើលាបពណ៌បៃតង ហើយដែលមានដើមផ្កាក្ងោកក្រហមដុះអមទាំងសងខាង។ នៅខាងលិចផ្ទះ ប្របនឹងបន្ទប់ទឹក ដើមត្របែកដុះទន្ទឹមគ្នានិងដើមចេកច្រើនដើម។ ដើមននោងដែលមានផ្កាពណ៌លឿង វាឡើងគ្របពីលើតំបូលរោងចង្ក្រានបាយខាងជើងផ្ទះ។ ដើមម្លិះមួយគុម្ពធំដុះក្បែរពាងទឹកមួយធំ ក្រោមបង្អួចខាងត្បួងផ្ទះ។ ដើមផ្ការំយោលដុះហ៊ុំព័ទ្ធរានហាលដែលមានតាំងរានទេវតា។ ព្រះសង្ឃនិមន្តឡើងតាមជណ្តើរដែលអមដោយដើមផ្កាណាគ្រី។
នៅមានជណ្តើរមានតាំងផើងប្រទាលក្អែប និងក្រពើ។ ស្រ្តីចាស់ម្នាក់ស្ទុះចេញមកលើរានហាលហើយលុតជង្គង់និមន្តព្រះសង្ឃចូលទៅក្នុងផ្ទះធំ។ ក្នុងពេលនោះ នាឡិកាប៉ោលដែលព្យួរលើជញ្ជាំងឈើ ចាប់វាយម៉ោង១២ថ្ងៃត្រង់។ ស្នូរម៉ោងដែលធ្លាក់មកពីនាឡិកា មានសណ្ឋានដូចជាគ្រប់ពេលវេលាដែលរាយជាចំណាំនៅលើមាគ៌ាជីវិតចុងក្រោយនៃបុរសចាស់ម្នាក់ដែលស្ថិតក្នុងហត្ថានៃកូនប្រុសដេលក្រសោបប្រាណឪពុកយ៉ាងតឹងហាក់ដូចជាចង់ឃាត់កុំឲ្យដង្ហើមខ្សោយរបស់ឪពុកខ្លួនរបូតចេញទៅ។ ស្ត្រីចាស់អង្គុយបត់ជើងក្បែរក្តារងឿដែលមានក្រាលកន្ទេលក្រហមសម្រាប់ព្រះសង្ឃគង់លើ។ នៅក្បែរបង្អួចខាងកើតផ្ទះ មានតាំងទីអាសនៈតម្កល់ព្រះពុទ្ធរូប ព្រមទាំងថូផ្កា និងជើងពានដាក់ធូបនិងទាន។ ស្ដ្រីចាស់ដែលមានសក់ស្កូវសកាត់ជ្រងខ្លី កំពុងជូតទឹកភ្នែកដែលស្រក់នឹងកូនកន្សែងពណ៌ក្រហមតូចមួយ។ កូនប្រុសលូកហត្ថាចាប់ដៃម្តាយ ហើយបែរភក្រ្តទៅរកឪពុកខ្លួនវិញ ព្រមទាំងឱននិយាយក្បែរត្រចៀកឪពុកថា៖
– «ពុក! ម៉ែនិងកូនត្រូវការពុកណាស់… ពុក! កុំទុកឲ្យយើងកំព្រា…»
បរិយាកាសពេញដោយការទុក្ខសោកមួយយ៉ាងធំ កំពុងគ្របសង្កត់លើអារម្មណ៍របស់មនុស្សគ្រប់គ្នាដែលអង្គុយបត់ជើងជុំវិញបុរសចាស់។ ដើមទ្រូងគាត់ហើបឡើងជាចុងក្រោយបំផុត។ គាត់ខំបើកភ្នែកឡើង ដើម្បីសម្លឹងភក្ត្រភរិយាចាស់និងកូនប្រុស។ រួចមក គាត់បែរភក្រ្តទៅរកទិអាសនៈតម្កល់ព្រះពុទ្ធរូប ដែលគាត់ធ្លាប់បានថ្វាយបង្ខំជាមួយភរិយារាល់រាត្រីមុនពេលចូលនិទ្រា ។
បន្ទាប់មក ត្របកភ្នែកគាត់បិទសន្សឹមៗលើកែវភ្នែកកាត់ ហាក់ប្រៀបដូចជាវាំងននមួយធ្លាក់បិទឆាកល្ខោនជីវិតដែលគ្មានទុកអ្វីគួរឲ្យស្រណោះឡើយ ក្រៅពីអនុស្សាវរីយ៍នៃគ្រួសារផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលបានតស៊ូយ៉ាងអត់ធ្មត់ជាមួយគ្នាក្នុងការខំបន្តុបដុំថ្មសុភមង្គលមួយដុំហើយមួយដុំទៀតរាល់ថ្ងៃ។ ព្រឹត្តិការណ៍ប្រទេសជាតិជាកញ្ចក់ឆ្លុះបង្ហាញមហិច្ឆិតាភូតភរគ្មានខ្មាសអៀននៃអ្នកនយោបាយខ្លះ ដែលធ្វើឲ្យដំណើរជីវិតធម្មតាបានជួបប្រទះតែនឹង
ធាតុក្លែងក្លាយ គ្មានសច្ចៈធម៌ គ្មានឧត្ដមគតិ គ្មានយុត្តិធម៌ ហើយមាននៅសល់ តែការខកចិត្តប៉ុណ្ណោះ។ កូនប្រុសដាក់ត្រចៀកប្របលើដើមទ្រូងឪពុក ហើយផ្ទៀងស្តាប់ដង្ហើមដែលធូររសាយទៅបន្តិចម្តងៗ ដូចតំណក់ទឹកចុងក្រោយដែលស្រកចេញពីក្អម។ កូនប្រុសងាកភក្រ្តមើលម្តាយខ្លួនទាំងអស់សង្ឃឹម ដោយគ្មានសមត្ថភាពស្រវាចាប់ ឬរវៃសរសៃជីវិតឪពុកខ្លួនឲ្យវិលមកវិញ។ កូនប្រុសដាក់មាត់ផ្អឹបនឹងត្រចៀកឪពុកហើយខ្សឹបថា៖
– «ពុទ្ធោ!… ពុក… ពុទ្ធោ…»
ភ្លាមមក សំឡេងខ្សាវមួយផុសចេញពីដើមទ្រូងឪពុក អណ្តែតឡើងតាមបំពង់ក ហើយ របូតចេញពីបបូរមាត់ស្លាំង ហាក់ប្រៀបដូចជាបក្សីមួយបើកស្លាបហើរចេញពីសំបកប្រាណដែលជាស្រទាប់បុផ្ផាណា តាមកាំរស្មីណា តាមតំណក់
សន្សើមណា តាមស្ពានមាសស្ពានប្រាក់ណា? តើត្រូវទូងជួងមាសឬស្គរសំរឹទ្ធិណា ដើម្បីប្រកាសហៅព្រលឹងឪពុកឲ្យវិលវិញហើយបន្តជីវភាពធម្មតាជាមួយម្តាយចាស់? បរិយាកាសជុំវិញមានសភាពស្រពាប់ស្រពោន ហើយគេគ្មានឮអ្វី
ក្រៅពីស្នូរយំខ្សឹកខ្សួលនៃម្តាយចាស់ និងសំឡេងធម្មដែលព្រះសង្ឃកំពុងសូត្រ។
នៅតាមមាត់បង្អួចខាងកើតផ្ទះបក្សីមួយគូប្រកួតចម្រៀងគ្នាលើធាងស្លា។ ជីវិតតែងតែពេញដោយភាពផ្ទុយគ្នាយ៉ាងនេះខាងម្ខាងស្នូរយំ ខាងម្ខាងទៀតស្នូរចម្រៀង គឺទុក្ខនិងសុខ ធម៌និងអធម៌ សប្បុរសនិងអសប្បុរស យុត្តិធម៌និងអយុត្តិធម៌…។
កូនប្រុសដែលកំពុងឪបសពនៃឪពុកចាស់នោះ គឺនិស្ស័យ។
ក្នុងពេលនេះ មានសនោសញ្ចេតនាដូចជាប្រាណខ្លួនបែកភាគជាពីរ។
មួយផ្នែកនេះដកខ្លួនទៅអង្គុយបត់ជើងក្បែរសពឪពុក ហើយកំពុងជូតទឹកភ្នែកម្តាយចាស់។ មួយផ្នែកទៀតតាំងខ្លួនដូចជាភ្ញៀវ ហើយអង្គុយមើលសកម្មភាពជុំវិញ ដោយឆ្ងល់នឹងទំហំនៃសេចក្តីទុក្ខព្រួយដែលសាយសព្វពេញតួផ្ទះ។ និស្ស័យប្រមូលផ្តុំស្មារតីមកវិញ ហើយបែរប្រាណទៅរកម្តាយចាស់និស្ស័យអញ្ជើញម្តាយមកជួយរៀបចំសព ហើយលើហត្ថាទាំងពីររបស់ឪពុកមកផ្គុំប្រណមលើដើមទ្រូងគាត់។
បន្ទាប់មក ម្តាយនិស្ស័យក្រោកឡើងទៅចាក់សោទូឈើទ្វារកញ្ចក់មួយ ហើយរើយកផាហ៊ុមសូត្រពណ៌សមួយមកគ្របពីលើសព្វស្វាមី។ បងប្រុសនិស្ស័យចេញទៅអង្គុយយំលើកាំជណ្តើរខាងមុខរានហាល ចំណែកឯបងប្អូនមីងមានិងក្មួយប្រុសស្រីទាំងប៉ុន្មាននាំគ្នាយំខ្សឹកខ្សួលពេញផ្ទះធំ។ ព្រះសង្ឃបញ្ជាឲ្យរៀបចំទីអាសនៈបូជាផ្កា ធូប ទាន ដល់ព្រះពុទ្ធរូប ព្រមទាំងឲ្យចងពិតាមួយលើជញ្ជាំងក្បែរសព។
ដំណឹងមរណៈភាពនៃឪពុកនិស្ស័យបានសាយភាយឆ្លងកាត់ពីផ្ទះមួយក្នុងភូមិបឹងកេងកង សង្កាត់វត្តលង្កា។
បន្តបន្ទាប់គ្នា អ្នកផ្ទះជិតខាងកាន់ធូបទាន អង្ករ ឬប្រាក់កាសមកចូលបុណ្យសពក្នុងនាមសាមគ្គីធម៌និងការជួយរំលែកទុក្ខជាមួយគ្រួសារនិស្ស័យ។
និស្ស័យបានផ្តល់ដំណឹងមរណៈភាពនេះដល់ទីក្រសួងធ្វើការ និងទីចាត់ការនៃមហាវិទ្យាល័យដែលខ្លួនជាសាស្រ្តាចារ្យ ដើម្បីសុំឈប់សម្រាកក្នុងឱកាសរៀបចំពិធិបូជាសពឪពុក។
ទីផ្ទះដែលធ្លាប់តែមានបរិយាកាសស្ងប់ស្ងាត់ ដោយគ្មានឮសូរអ្វីក្រៅពីស្នូរអង្រឹងយោលក្រោមដើមដូង ឬស្នូរត្បាល់បុកស្លានៅពេលម្តាយនិស្ស័យបានបរិភោគបាយថ្ងៃត្រង់រួច ឥឡូវនេះស្រាប់តែមានសកម្មភាពមមាញឹកពេញដោយសំឡេងអ៊ូអរទាំងលើផ្ទះ និងទាំងខាងក្រោមផ្ទះ។ កូនក្មួយទាំងប៉ុន្មានដែលធ្លាប់បានទទួលការទំនុកបម្រុងពីគ្រួសារនិស្ស័យ បានមកដល់ផ្ទះសព ហើយចូលទៅអុជធូបគោរពសព។ និស្ស័យបានបញ្ជាឲ្យគេបង្ហូតទង់មរណៈនៅលើមាត់ទ្វាររបងផ្ទះ ព្រមទាំងឲ្យសង់ជម្រកក្នុងទីធ្លាខាងមុខផ្ទះសម្រាប់ទទួលភ្ញៀវ។
និស្ស័យមិនប្រទះឃើញម្តាយចាស់ក្នុងចំណោមមនុស្សទាំងឡាយដែលកំពុងរៀបចំផ្ទះ ដើម្បីនឹងតម្កល់សពទេ។
បន្ទាប់ពីបានដើររកម្តាយអស់ចំនួនច្រើននាទីមកស្រាប់តែនិស្ស័យឮស្នូរយំក្នុងបន្ទប់មួយ។
និស្ស័យឃើញម្តាយចាស់អង្គុយយំលើគ្រែតំណេក ហើយកំពុងរៀបចំខ្នើយនិងផាហ៊ុម តាមរបៀបដែលគាត់បានធ្វើសពដងនៅពេលរាត្រី បន្ទាប់ពីបានថ្វាយបង្គំព្រះរួចជាមួយឪពុកនិស្ស័យ។ និស្ស័យដើរចូលទៅជិតម្តាយ
ហើយទាញដៃម្តាយមកក្តោបទាំងសែនអាណិត។ និស្ស័យពិនិត្យមើលសក់ស្កូវសរបស់ម្តាយ ហើយនឹកទៅអំពីចម្ងាយមាគ៌ាជីវិតដែលម្តាយចាស់បានត្រេចលើជាមួយឪពុកចាស់ តាំងពីពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាមក។
ម្តាយនិស្ស័យងើបភក្រ្តមើលនិស្ស័យ ទាំងភ្នែកក្រហមដោយបានយំយូរ។ ក្នុងពេលនេះ ម្តាយនិស្ស័យហាក់ដូចជា មានមហាសមុទ្រខ្មៅធំមួយក្នុងដើមទ្រូង ដែលកំពុងត្របាក់លេបផេះ លេបមិនរួច ខ្ជាក់មិនកើត។
សតិអារម្មណ៍រវើរវាយ គ្មានធាតុរឹង គ្មានជំហរ ផតទន់ជ្រាយ ហើយរង់ចាំយកស្នាមនៃការវាយលុកអំពិទុក្ខនិងអនុស្សាវរីយ៍គ្រប់យ៉ាង។ ម្តាយនិស្ស័យលើកម្រាលដៃចង្អុលទៅរូបថតធំពីរដែលព្យួរលើមាត់ទ្វារនៃផ្ទះធំ។
រូបថតទាំងពីរនេះ មានទំហមនីមួយៗ ១ម៉ែត្រ គុណ ០.៥០ម៉ែត្រ។ នេះជារូបថតនៃឪពុកម្ដាយនិស្ស័យ ដែលគាត់បានថតនៅពេលបន្ទាប់ពីអាពាហ៍ពិពាហ៍រួច។ រូបខាងឆ្វេង គឺរូបម្តាយនិស្ស័យដែលមានសក់ខ្មៅរលើប កាត់ខ្លីលើកញ្ជឹងក។
គាត់ពាក់ទុំហ៊ូមួយគូ និងខ្សែកមួយដែលធ្លាក់លើដើមទ្រូង។ ចំណែកឯរូបថតខាងស្តាំ គឺរូបថតឪពុកនិស្ស័យដែលពាក់អាវកុត។
និស្ស័យធ្លាប់បានឃើញរូបថតទាំងពីរនេះតាំងតែពីតូចមក។ នៅពេលដែលនិស្ស័យបានឃ្លាតពីស្រុកកំណើត ដើម្បីទៅបន្តវិជ្ជាឯបរទេស គ្រប់ពេលវេលាដែលនិស្ស័យនឹកមកផ្ទះទៅភូមិបឹងកេងកង គឺរូបថតទាំងពីរនេះអណ្តែតចេញមកជាតំណាងអនុស្សាវរីយ៍គ្រប់យ៉ាងដែលមានចំណងជាមួយផ្ទះឈើនេះ។
នៅពេលថ្ងៃទីមួយនៃការវិលត្រឡប់ពីបរទេសវិញ បន្ទាប់ពីបានទៅសំពះគោរពឪពុកម្តាយរួចហើយ និស្ស័យប្រញាប់ប្រញាល់ទៅមើលរូបថតទាំងពីរ ហាក់ប្រៀបដូចជាចង់សាកសួរសុខទុក្ខ និងព្រឹត្តិការណ៍គ្រប់យ៉ាងដែលបានកកើតមកក្នុងចន្លោះពេលដែលនិស្ស័យជាប់សិក្សាឆ្ងាយពីមាតុភូមិ។ ទោះបីក្នុងពេលយល់សប្តិក៏ដោយ ព្រលឹងនិស្ស័យតែងតែវិលមកសារសងជាមួយនឹងរូបថតទាំងពីរ ដែលនិស្ស័យប្រដូចទៅនឹងរូបថតទាំងពីរ ដែលនិស្ស័យប្រដូចនឹងអ្នកតាឬទេវតារក្សាផ្ទះ។
នៅចំកណ្តាលផ្ទះធំ មានតាំងមឈូសសពឪពុកនិស្ស័យ។ កម្រងនិងបាច់ផ្កាគ្រប់យ៉ាងបានត្រូវមិត្តភក្តិ សហការីក្នុងក្រសួងធ្វើការនិងប្រតិភូនិស្សិតមហាវិទ្យាល័យ បានយកមកដាក់អមជុំវិញមឈូស។ ដូនជីបីនាក់កំពុងតែស្មូតកំដរសព។
និស្ស័យបានស្នើសុំម្តាយយកសំពត់ហូលចាស់មួយមកគ្របពីលើមឈូស។ សំពត់ហូលនេះមានន័យសំខាន់ណាស់ចំពោះម្តាយនិស្ស័យ គឺជានិមិត្តរូបនៃបន្ទាត់ជីវិតប្រកបដោយសីលធម៌នៃស្វាមីតាំងតែពីកសាងជីវិតជាមួយគ្នាមក
ដោយសំពត់ហូលនេះត្រូវបានឪពុកនិស្ស័យស្លៀកក្នុងពេលបំបួសនាគកាលពីកុមារក្នុងវត្តភូមិក្រាំងស្លា ស្រុកព្រៃកប្បាសខេត្តតាកែវ ដើម្បីសងគុណឪពុកម្តាយ។ ឥឡូវនេះ និស្ស័យយកសំពត់ហូលនេះមកគ្របពីមឈូសឪពុក ក្នុងន័យជាសញ្ញាឬទង់សីលធម៌ ដើម្បីកំដរនិងដង្ហែរជំហានចុងក្រោយនៃសំបកប្រាណឪពុកក្នុងលោកនេះដែលពោរពេញដោយមហិច្ចតាគ្មានព្រំដែន។
ក្នុងរាត្រីទីពីរនៃការតម្កល់សព កូនប្រុសច្បងបងប្រុសនិស្ស័យដែលនិទ្រាដូចសមាជិកគ្រួសារឯទៀតៗជុំវិញមឈូសក្នុងកណ្តាលផ្ទះធំ បានយកយល់សប្តិឃើញឪពុកនិស្ស័យដែលពិនិត្យមើលមនុស្សទាំងអស់ដែលកំពុងនិទ្រា។
គាត់សម្តែងទឹកមុខអាណិតចំពោះភរិយាចាស់ដែលសម្រាកនៅចុងជើងមឈូស ហើយដែលនៅតែមមើយំអណ្ដឺតអណ្ដកក្នុងពេលនិទ្រា។ រួចមក ឪពុកនិស្ស័យឱនស្ទាបក្បាលនិស្ស័យយ៉ាងថ្នម។
នៅពេលព្រឹកស្អែកឡើង ក្មួយប្រុសនិស្ស័យលើកយករឿងយល់សប្តិរបស់ខ្លួនពីរាត្រីកន្លងទៅ មកពណ៌នាប្រាប់សមាជិកគ្រួសារទាំងអស់ ដែលជាហេតុបណ្តាលឲ្យម្ដាយនិស្ស័យសម្រក់ទឹកភ្នែកជាថ្មី ហើយសម្តែងការសោកស្តាយដោយព្រលឹងស្វាមីចាស់មិនថ្ពក់នាំព្រលឹងរបស់គាត់ទៅជាមួយគ្នាក្នុងពេលនោះទៅ។
បន្ទាប់ពីបានតម្កល់សពអស់រវាងបីថ្ងៃមក ពិធីដង្ហែសពត្រូវប្រព្រឹត្តឡើងនៅពេលម៉ោងពីររសៀល។
ភ្លេងខ្លងខែងបានបន្លឺបទគ្រលួច ជាសញ្ញាកំដរពិធីរំកិលមឈូសចេញពីផ្ទះធំមកតាមរានហាល រួចចុះតាមជណ្តើរ
ខាងមុខផ្ទះ ដែលអមដោយដើមផ្កាណាគ្រី។ និស្ស័យនិងសមាជិកគ្រួសារឯទៀតដែលមានសម្លៀកបំពាក់ស ហើយដែលពាក់
ប៉ានដៃខ្មៅជាសញ្ញាកាន់ទុក្ខ បានលើមឈូសតម្កល់លើរថយន្តមួយពណ៌ស និងតុបតែងដោយកម្រងផ្កា។
ក្បួនដង្ហែដែលមានគណៈប្រតិភូនិស្ស័យមហាវិទ្យាល័យនាំពីមុខ បានចេញដំណើរយ៉ាងយឹត យ៉ាងស្រណោះពីផ្ទះឈើហ៊ុំព័ទ្ធដោយរុក្ខជាតិស្រស់បំព្រង។ និស្ស័យងាកភក្រ្តមើលផ្ទះកំណើត ហើយហាក់ប្រៀបដូចជាឮសម្រែកយំលេចចេញមកពីជញ្ជាំង ទ្វារ បង្អួចផ្ទះ ពីគ្រប់ដើមឈើនិងដើមផ្កានៃសួនច្បារ ពីធុងយោងទឹកលើមាត់អណ្តូង ពីរានទេវតានៅរានហាលពីអាសនៈតម្កល់ព្រះពុទ្ធរូប ពីអង្រឹងក្រោមដើមដូង ពីផ្លិតផ្តៅលើក្តារងឿ ពីរូបថតនៃឪពុកម្តាយដែលព្យួរលើខ្លោងទ្វារផ្ទះដែលរួមគ្នាស្រែកដង្ហោយហៅឲ្យព្រលឹងឪពុកនិស្ស័យវិលមកវិញ៖
- «ព្រលឹង ! ម្តេចក៏ទៅចោលសំបកប្រាណ
ម្តេចក៏ដើរផ្សងព្រេងក្នុងឋានឆ្ងាយ
ម្តេចក៏ទុកឲ្យភរិយាចាស់អង្គុយយំតែម្នាក់ឯង
ម្តេចក៏បោះបង់ចោលយើងគ្មានមេត្តា ?
ឱ ព្រលឹង ! សូមអញ្ជើញត្រឡប់មកវិញ
នេះម្ហូបឈ្ងុយឆ្ងាញ់និងទឹកត្រជាក់ត្រាំផ្កា
នេះគ្រែ ពូក ខ្នើយ ផាហ៊ុមសូត្រទន់ល្មើយ
នេះអង្រឹង នេះផ្លិត នេះជើងពានដាក់ផ្កាថ្វាយបង្គំព្រះ !
ឱ ព្រលឹងវិលវិញ !»
នៅពេលក្បួនដង្ហែសពបានចាកចេញផុតពីទ្វាររបងផ្ទះ និស្ស័យយល់ថា ចាប់តាំងពីថ្ងៃនេះទៅ ម្តាយចាស់នឹងក្លាយទៅជាមេម៉ាយ មេម៉ាយស្វាមីចាស់ មេម៉ាយសង្ឃឹម មេម៉ាយចំណង់រស់នៅ មេម៉ាយសភមង្គល មេម៉ាយអនាគត ហើយ
ជីវិតដែលនៅសល់ នឹងត្រូវសង្ខេបមកត្រឹមការរង់ចាំប៉ុណ្ណោះ រង់ចាំព្រឹកមួយថ្មីបន្ទាប់ពីរាត្រីខ្មៅវែង រង់ចាំព្រឹកខានស្អែកបន្ទាប់ពីព្រឹកស្អែក រង់ចាំរដូវភ្លៀងបន្ទាប់ពីរដូវប្រាំង រង់ចាំមិនចំជាការរង់ចាំ ពីព្រោះអ្វីៗដែលស្ថិតនៅជុំវិញ ទោះបីជាសម្តីសារសងបទចម្រៀង សុន្ទរកថានយោបាយ សុទ្ធសឹងមានរសជាតិក្លែងក្លាយ គ្មានអត្ថន័យ សែនឆ្ងាយពីពិតប្រាកដនៃសេចក្តីទុក្ខសោកដែលកំពុងទន្រ្ទានក្នុងឱរា។
បទភ្លេងខ្លងខែកអូសណ្តោងក្បួនដង្ហែសពតាមមហាវិថីនរោត្ដមដោយឆ្លងកាត់មុខអាគារសង្កាត់លេខ៦រួចបត់ជុំវិញវិមានឯករាជ ហើយកាត់តាមមុខវត្ដលង្កា មុននឹងបត់មកទិសខាងត្បូងតាមបណ្តោយរបងវត្តលង្កាដើម្បីចូលទៅក្នុងបច្ឆា។ និស្ស័យនិងសមាជិកគ្រួសារលើកមឈូសពីលើរថយន្តដង្ហែ ហើយដើរទក្សិណកន្លែងបូជាសពចំនួនបីដង មុននឹងលើមឈូសតម្កល់លើគំនរឧសដែលបានរៀបចំជាមុនស្រេច។ បន្ទាប់មក និស្ស័យបាននិមន្តព្រះសង្ឃច្រើនអង្គមកចម្រើនធម្មសង្សុកូល ហើយប្រគេនគ្រឿងទេយ្យទាន ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធនៃឪពុកខ្លួន។ រួចមក និស្ស័យអញ្ជើញភ្ញៀវទៅដាក់បាច់ផ្កា និងផ្កាខ្លឹមចន្ទ្រលើមឈូសសពជាសញ្ញានៃការគោរពចុងក្រោយបំផុត។
លោកអាចារ្យម្នាក់យកទានមួយដើមដែលម្តាយនិស្ស័យបានអុជឡើង មកប្រគល់ឲ្យនិស្ស័យ។ ពេលដែលត្រូវបែកគ្នាមកដល់ហើយ ពីព្រោះបន្តិចទៀត មនុស្សម្នាក់ដែលមានសំបកប្រាណនិងសាច់ឈាម មានភរិយា មានកូនចៅ មានសាវតាផ្ទាល់ខ្លួន នឹងប្រែរូបទៅជាគំនរផេះអានាមិក ហើយគ្មានទុកដានអ្វីក្នុងលោកនេះក្រៅពីរូបថតព្យួរលើជញ្ជាំងផ្ទះ និងសម្លៀកបំពាក់បត់ជាផ្នត់ទុកក្នុងទូប៉ុណ្ណោះ។ ភ្លេងខ្លងខែងថ្ពក់ហៅអារម្មណ៍និស្ស័យឲ្យបោះជំហានទៅមុខ។ និស្ស័យហាក់ស្ថិតនៅក្នុងការយល់សប្តិអាក្រក់មួយដោយបោះជំហានដូចមនុស្សមមើ ទៅកាន់មឈូសឪពុកខ្លួន ដែលរង់ចាំអំណោយភ្លើង។ ហេតុម្តេចក៏ពេលវេលាមិនកករឹងក្នុងពេលនេះភ្លាម ហើយផ្អាកជីពចរនៃជីវិតសត្វលោកមួយរយៈទម្រាំនិស្ស័យនិយាយលាឪពុកខ្លួនឲ្យអស់ចិត្តសិន មុននឹងដាច់ចិត្តយកភ្លើងទានទៅដាក់ក្រោមគំនរឧស។ និស្ស័យឈរពីមុខមឈូស ហើយចង់ស្រែកហៅឪពុកខ្លួនឲ្យក្រោកឡើង។
និស្ស័យនិយាយក្នុងចិត្តថា៖
«ឱ ! ពុក ! សូមពុកឈប់សម្រាន្ត ហើយក្រោកចេញមកខាងក្រៅ ពីព្រោះម៉ែកំពុងតែយំតែម្នាក់ឯងឯណោះ។
ខ្ញុំសូមពុកទុកឲ្យខ្ញុំដើរចូលទៅក្នុងមឈូសជំនួសពុកវិញ ដោយខ្ញុំមិនចង់ឲ្យម៉ែរស់នៅតែឯកឯងគ្មានពុកថ្វាយបង្គំព្រះជាមួយគ្នារាល់ពេលល្ងាច គ្មានពុកដើម្បីផ្គាប់គ្រប់ពេលដួសម្ហូបសម្ហដាក់ចានពុក។
ពុក ! ជីវិតរបស់កូនមកទល់នឹងពេលនេះ គ្មានអតីតកាលគួរឲ្យសោកស្តាយ គ្មានអនាគតគួរឲ្យសង្ឃឹម។ ចំពោះពុកវិញអនុស្សាវរីយ៍គ្រប់យ៉ាងជាមួយម៉ែបានក្លាយទៅជាកំណប់មត៌កសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយ។ ពុកឮខ្ញុំហៅពុកទេ ?…
ភ្លេងខ្លងខែកទទូចហៅសតិអារម្មណ៍របស់និស្ស័យឲ្យវិលមករកការពិតវិញ។ និស្ស័យប្រមូលស្មារតីឡើងវិញ ហើយលុតជង្គង់ចុះនៅពីមុខមឈូស។ និស្ស័យងាកមើលភក្រ្តម្ដាយ ហើយយកភ្លើងទានទៅដាក់ប្របនឹងគំនរឱស
ដែលចាប់ផ្តើមឆេះឡើងបន្តិចម្តងៗ។ និស្ស័យដោះយករូបថតឪពុកដែលនៅពីមុខមឈូស ហើយយកមកឱបលើដើមទ្រូង ហាក់ប្រៀបដូចមិនចង់ឲ្យអណ្តាតភ្លើងមកដណ្តើមឆក់យកអនុស្សាវរីយ៍នេះ។ និស្ស័យនិយាយតិចៗឡើងថា៖
«ពុក ! ម៉ែព្រមនិងកូនចៅទាំងអស់ សូមពុកអញ្ជើញទៅឲ្យបានសុខសាន្តលុះដល់ត្រើយព្រះនិពាន្ត…»
ផ្សែងសហុយខ្មួលត្របាញ់ឡើងទៅលើ ហើយរបូតចេញតាមកំពូលទីបច្ចា។ ក្នុងខណៈនោះនិស្ស័យហាក់ដូចជាឃើញ សត្វលលកសមួយទទះស្លាបហើរចេញពីសំណុំផ្សែង ហើយកាត់តម្រង់ទៅក្នុងលំហមេឃខៀវធំធេង។
ឱ ! ព្រលឹងចេញដំណើរទៅហើយ… ក្នុងពេលនេះ ផ្ទៃមេឃលើទីវត្តលង្កាក្លាយទៅជាវាំងននយ៉ាងធំមួយដែលទទួលការបញ្ជាំងអនុស្សាវរីយ៍គ្រប់យ៉ាង តាំងតែពីនិស្ស័យនៅជាកុមារមក។ អតីតកាលដើរចូលមកហើយ.. ។
+
+ +
រាត្រីអំពិលអំពែក
ពពកពណ៌មាស ពណ៌ប្រាក់ រលាយបាត់រូបបន្តិចម្តងៗនៅទិសខាងលិច។ អស្តង្គតគ្មានបន្សល់ទុកអ្វីក្រៅពីជើងមេឃក្រហមដែលប្រែក្លាយទៅជាស្បៃខ្មៅមកគ្រប់ដណ្តប់លើរាជធានីភ្នំពេញ។ ព្រះចន្ទពេញបូណ៌មីអណ្តែងខ្ពស់ដូចថាសមាសក្នុងមេឃថ្លាគ្មានពពក ដែលលម្អដោយដែកគោលពេជ្រនៃតារា។
ពេលកាន់តែខិតជិតអាធ្រាត្រទៅហើយ និស្ស័យអង្គុយក្បែរមាត់អណ្ដូងទឹក ហើយបណ្ដែតអារម្មណ៍ឲ្យរត់តាមសកម្មភាពនៃធម្មជាតិដែលព័ទ្ធជុំវិញប្រាណ។ នាសានិស្ស័យដកស្រង់គន្ធាលាយឡំគ្នានៃផ្កាម្លិះ ផ្កាណាគ្រី និងផ្កាកូលាប។ នៅក្បែរគុម្ពដើមស្លឹកគ្រៃ សត្វចង្រិតប្រកួតចម្រៀងគ្នា។ សន្សើមធ្លាក់រោយរាយ ហាក់ប្រៀបដូចដង្ហើមត្រជាក់នៃរាត្រីដែលធ្វើឲ្យអង្គកាយព្រឺរងា។ សត្វជ្រឹងហើរទាំងហ្វូងទៅកាន់ចម្ការដើមមៀននៅតាខ្មៅ។អំពិលអំពែកមួយហើរទក្សិណដើមផ្ការំយោល រួចហើយមកក្រឡឹងជុំវិញនិស្ស័យ ដែលលូកហត្ថទៅចាប់យ៉ាងថ្នមដាក់លើបាតដៃ។ អំពិលអំពែករារែកមួយវិនាទី មុននឹងហើរយ៉ាងយឺតឆ្ពោះទៅទិសខាងលិច។ ក្រសែភ្នែកនិស្ស័យខំតាមដានចំណុចរស្មីភ្លិបភ្លែតដែលអណ្តែតឆ្ងាយទៅ។
តែនិស្ស័យសង្កេតឃើញអំពិលអំពែកចុះទំលើស្រមោលខ្មៅមួយដែលត្រេចកាត់តាមរបងកន្ធុំធេតក្បែរអណ្ដូងទឹក។ ស្រមោលខ្មៅមានដំណើរទន់ភ្លន់ឆ្ពោះមកនិស្ស័យ។ នៅពេលនោះ រស្មីព្រះចន្រ្ទចាំងទៅលើស្រមោលនោះដែលបង្ហាញភក្រ្តនាងសុណ្ណាវី។ នាងដើរមកជិត ហើយដាក់ប្រាណអង្គុយចុះលើគែមមាត់អណ្តូងទឹក។ អណ្តូងទឹកនឹងថ្កល់ឆ្លុះរូបឆោមនាងទន្ទឹមនឹងរង់ព្រះចន្ទ្រ។ ពីផ្ទះស្មៀនឈាងគ្រូភ្លេងមហោរីសំឡេងខ្លុយមួយបន្លឺបទតម្អូញមួយគួរឲ្យរំជួលចិត្ត។ ធម្មជាតិជុំវិញនិស្ស័យនិងនាងសុវណ្ណាវីមានសភាពស្ងៀមស្ងាត់ ដូចជាខំទប់ដង្ហើមដើម្បីរង់ចាំស្តាប់ការសន្ទនាដែលត្រូវចាប់ផ្តើមឡើងរវាងអ្នកទាំងពីរ។
នេះជារាត្រីចុងក្រោយបំផុត ដែលនិស្ស័យនិងនាងសុវណ្ណាវី ត្រូវសម្រេចអំពីវាសនារបស់ខ្លួន។ ពាក្យមួយម៉ាត់ៗដែលត្រូវបញ្ចេ្មកក្នុងពេលនេះ មានតម្លៃលើនឹងកម្រងផ្កា ឬដុំអគ្គីដែលអាចឆាបឆេះសេចក្តីសង្ឃឹម
ឲ្យហ្មត់ខៃទៅជាផេះ។ ក្នុងគ្រានេះ អ្វីៗសុទ្ធតែមានន័យ បញ្ចេញវាចាក៏មានន័យ ការនៅស្ងៀមក៏មានន័យ។ នាងសុវណ្ណាវីជាអ្នកស្នើសុំជួបនិស្ស័យក្នុងរាត្រីនេះ ដើម្បីបញ្ជាក់ប្រាប់និស្ស័យអំពីសេចក្តីសម្រេចចិត្តរបស់នាង ទោះបីសេចក្តីសម្រេចចិត្តនេះប្រឆាំងនឹងមនោសញ្ចេតនាពិតប្រាកដនិងសេចក្តីប្រាថ្នារបស់នាងក៏ដោយ។ នាងពុំអាចស្ថិតក្នុងភាពអព្យាក្រិតឡើយ ហើយបិទភ្នែកអង្កុញវិញ្ញាណនាងដូចខ្យងលាក់ខ្លួនក្នុងសំបក។
នេត្រានាងត្រូវតែបើកមើល មើលហើយកត់ចាំក្នុងវិញ្ញានាងអំពីរាត្រីពិសេសនេះ។ នៅចំកណ្តាលមេឃ នាងសង្កេតឃើញព្រះចន្ទ្រពេញបូណ៌មី ហើយនៅចំពីមុខនាងគឺរូបនិស្ស័យដែលជាប្រភពនៃបញ្ហាក្នុងជីវិតនាងដែល
ទើបនឹងរីកក្រពុំ។ ដោយនាងបានយល់ថា យប់នេះជាឱកាសតែមួយគត់ហើយចុងក្រោយបំផុតដែលនាងអាចឃើញភក្រ្តនិស្ស័យនិងពោលពាក្យស្នេហានិងផ្តំាលា នាងក៏សម្រេចចិត្តមកជួបនិស្ស័យ ដើម្បីរង់ចាំស្តាប់ពាក្យសម្តីរបស់និស្ស័យ ហើយឆ្លើយតបវិញ។
កាលពីមុននេះបន្តិច នាងមានបំណងនៅស្ងៀមមិនបញ្ចេញវាចាអ្វីឡើយ ដោយនាងចង់សំចៃពេលវេលាដែលរួញជាលំដាប់ចំពោះនាទីដែលត្រូវបែកគ្នា។ ដូច្នេះនាងត្រូវបើត្រចៀកនិងឱរានាង ដើម្បីត្រងយកសម្តីដែលនឹងត្រូវរបូតចេញពីបបូរមាត់និស្ស័យ។ នាងពុំអាចបដិសេធចំពោះការពិតមួយដែល
មិនអាចចៀសផុត គឺនៅពេលព្រឹកស្អែកនេះ និស្ស័យនឹងត្រូវឃ្លាតពីនាងយ៉ាងទៀងប្រាកដ ប្រាកដដូចព្រះអាទិត្យរះឡើងរាល់ព្រឹកនិងលិចទៅវិញនៅរាល់ពេលអស្ដង្គត។ ថ្ងៃស្អែកនេះ ជាថ្ងៃប្រជុំពេលវេលាទាំងអស់ក្នុងជីវិតនាង ហាក់ប្រៀបដូចជាដង្កាប់មួយមកគាបសង្ខេបអតីតកាល បច្ចុប្បន្ន និងអនាគត ជីវិតនាងដែលទើបនឹងមានពន្លកត្រួយក្រពុំព្រហ្មចារីយ ត្រូវនិស្ស័យក្តិចនាំយកទៅជាមួយ ហើយទុកឲ្យនាងអង្គុយទល់មុខនឹងសភាពទ័លច្រកប៉ុណ្ណោះ។ តើរូបឆោមលោមពណ៌របស់នាងមានសារៈសំខាន់អ្វី បើគ្មានភ្នែកនិស្ស័យជាកសិណសាក្សី? ទោះបីនាងអុជធូបទៀនឬថ្វាយភ្លេងមហោរីនិងកម្រងផ្កា ក៏ផ្សែងធូបទៀន ឬបទភ្លេងនិងគន្ធារសាត់និងរោយស្រពោនទៅជាស្វ័យប្រវត្តិ ពីព្រោះនិស្ស័យហើយនិងនាងត្រូវដើរបែកផ្លូវគ្នាដោយគេចមិនផុត។ បើនាងអាចទាញយកឧទាហរណ៍ណាមួយមកប្រដូចនឹងស្ថានការណ៍របស់នាងក្នុងពេលនេះ គឺហាក់ប្រៀបដូចគេសរសេររៀបរាប់អំពីជីវិតរបស់នាងដោយទឹកខ្មៅនៅលើសន្លឹកក្រដាសផ្តិតដៃលស្រូបទឹកខ្មៅឲ្យស្ងួតភ្លាម
ពីតួអក្សរមួយទៅតួអក្សរមួយ គ្មានទុកចន្លោះឱកាសឲ្យគន្ធាជីវិតរបស់នាងផ្សព្វផ្សាយដល់ចុងទំព័រស្នេហា។
ក្នុងខណៈនេះ អ្វីៗមានសភាពប្រឆាំងគ្នា មនោសញ្ចេតនាប្រឆាំនឹងសតិសម្បជញ្ញៈ តណ្ហាប្រឆាំងនឹងការត្រិះរិះពិចារណា សេចក្តីស្នេហាប្រឆាំងនឹងប្រពៃណី។ តែនាងដឹងថា ក្នុងនាទីនេះ ប្រាណនាងមានស្ថានភាពសមស្របនឹងចិន្តានាង ហើយចិន្តានាងឆ្លើយស្របនឹងបរិយាកាសទិព្វនៃរាត្រីនេះ។ តើសេចក្តីស្នេហាពិតប្រាកដត្រូវការឮសូរបទចម្រៀងតែមួយ និយាយភាសាដូចគ្នា ហើយមានចង្វាក់ដង្ហើបស្មើគ្នាឬ? នៅក្នុងពេលដែលនាងកំពុងស្ថិតនៅក្នុងការសញ្ជប់សញ្ជឹង នាងឮសំឡេងមួយហៅឈ្មោះនាង៖
– សុណ្ណាវី! បងស្មានថាអូនមិនមកជួបបងក្នុងយប់ចុងក្រោយនេះទេ…
នាងសុវណ្ណាវីប្រមូលអារម្មណ៍ ហើយឆ្លើយទៅវិញថា៖
– បងនិស្ស័យ! អូនត្រូវតែមកជួបបង ដើម្បីបញ្ជាក់ជម្រៅដួងចិត្តរបស់អូនចំពោះបង ហើយនិងនិយាយលាបងក្នុងយប់
ចុងក្រោយនេះ ពីព្រោះចាប់តាំងពីពេលព្រឹកស្អែកទៅ អូនលែងបានឃើញរូបបងទៀតហើយ។ អូនទើបនឹងចូលក្នុងវ័យជំទង់ស្រាប់តែចិត្តអូនស្គាល់ការជ្រួលច្របល់ជាលើកទីមួយ ពីព្រោះបងនិងដោយសារបង។ តែបងត្រូវឃ្លាតពីអូនទៅហើយ…
និស្ស័យទាញប្រាណនាងសុវណ្ណាវីមកជិត។ រស្មីព្រះចន្ទ្រាចាំងថ្លាមកលើភក្ត្រនាង។ និស្ស័យឃើញទឹកភ្នែកហូរដក់លើគែមភ្នែកនាងដូចជាដុំពេជ្រពីរគ្រាប់។ និស្ស័យយកម្រាមដៃផ្តិចជូតទឹកភ្នែកចេញពីភក្រ្តក្មេងពេញសោភ័ណ។
និស្ស័យនិយាយទៅកាន់នាងសុវណ្ណាវីថា៖
– អូន! បងឥតមានចិត្តក្បត់នឹងអូនឡើយ គឺតាំងពីដំបូងឡើង បងមិនដែលបានលាក់រឿងបងត្រូវទៅបន្តវិជ្ជានៅបរទេសទេ។ នៅពេលបងរៀនចប់ បងនឹងត្រឡប់មកស្រុកកំណើតវិញ ហើយបើសិនជាអូននៅតែស៊ូរង់ចាំបង…។
នាងសុវណ្ណាវីលើកម្រាមដៃនាងដាក់ថ្នមទៅលើបបូរមាត់និស្ស័យ ដើម្បីកុំឲ្យបញ្ចេញវាចាតទៅទៀត ហើយនាងស្រដីឡើងថា៖
– បង! អូនសុំចិត្ដបងកុំឲ្យបងស្បថឬសន្យាចំពោះអនាគតរបស់យើងទាំងពីរ ពីព្រោះពីពេលយប់នេះទៅរហូតដល់
ពេលបងរៀនចប់ ហើយត្រឡប់មកស្រុកវិញ គឺរាប់ពាន់ថ្ងៃរាប់ពាន់យប់នឹងកន្លងទៅ។ តើបងចង់ឲ្យអូនសម្រក់ទឹកភ្នែក
ក្នុងការរង់ចាំបងឬ? នៅពេលនេះ បងឈេនៅពីមុខអូន ភ្នែកអូនឃើញបង នេះគឺជាការពិត។ ក្នុងគ្រានេះ អូននិយាយថា
អូនស្រឡាញ់បង នេះគឺជាការពិត។ តែ… រាប់ពាន់ថ្ងៃរាប់ពាន់យប់ឆ្ងាយពីគ្នា ឆ្ងាយដូចផែនដីពីឋានព្រះចន្ទ្រ
ហើយបើយើងមានតែការសង្ឃឹមទៅលើព្រេងវាសនាប៉ុណ្ណោះដើម្បីដឹកដៃយើងឲ្យជួបគ្នា នេះគឺជាការយល់សប្តិ។ អូនសុំសម្រួលចិត្តបងយ៉ាងខ្លីថា អូនពិតជាស្រឡាញ់បង តែអូនមិនហាមាត់ឃាត់បងទេ ពីព្រោះធ្វើយ៉ាងនេះមានន័យថា អូនបំបាក់អនាគតរបស់បង ដោយយកសេចក្តីស្នេហាមកធ្វើជានុយទាក់ទាញបងឲ្យក្រាញនៅក្បែរអូន។ បើអូនឃាត់ទប់បង មុនជាអូនក្លាយទៅជាដើមហេតុនៃការឈ្លោះប្រកែកគ្នាមិនចេះចប់ទៅថ្ងៃមុខ ពីព្រោះឥឡូវនេះអូនមានវ័យក្មេងហើយនិងរូបឆោមស្រស់ ដើម្បីបំផុសសេចក្តីស្នេហាក្នុងចិត្តបង តែដល់ពេលវេលាមកកោសលុបសម្ផស្សទៅ នោះបងនឹងចាប់ផ្តើមមានការរកាំចំពោះឱកាសខកខានដោយមិនបានដាច់ចិត្តទៅបន្តការសិក្សាស្វែងរកវិជ្ជាខ្ពង់ខ្ពស់នៅបរទេស។ ដល់ដូច្នេះទៅ ជីវិតរបស់យើងក្នុងពេលនោះនឹងក្លាយទៅជានរក ដោយមានការឈ្លោះប្រកែកគ្នារៀងរាល់ថ្ងៃ ដើម្បីទម្លាក់កំហុសលើគ្នាទៅវិញទៅមក។ បង! បងបានសុំឲ្យអូនរង់ចាំបងត្រឡប់មកវិញ តែអូនសុំបងកុំរត់តាមពេលវេលា ពីព្រោះគ្មាននរណាជាម្ចាស់ពេលវេលាទេ។ អូនសុំបងឆ្លៀតឱកាសនៃពេលយប់ដ៏សែនខ្លីនេះ ដើម្បីទុកឲ្យអូនបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់អូនចំពោះរូបបង។
…. យូរក្រោយមក នាងក្រោកចេញពី អង្រឹង ដោយដកថយផែនឱរាក្រពុំណែនរបស់នាងពីដើម្បីទ្រូងនិស្ស័យ។ នាងដើរឃ្លាតចេញពីនិស្ស័យដោយគ្មានក្រឡេកមើលក្រោយ ពីព្រោះនាងចង់រក្សារូបភាពនិស្ស័យជាប់ជានិច្ចក្នុងឱរានាង មេរូបភាពនៃពេលទិព្វដែលនិស្ស័យបានផ្តិតស្នាមលើប្រាណនាង។ នៅទិសខាងលិច នាងសុវណ្ណាវីសង្កេតឃើញអាចម៌ផ្កាមួយឆូតមេឃក្នុងចន្លោះមួយដង្ហើម។ នាងប្រដូចបាតុភូតនេះទៅនឹងជីវិតមនុស្សលោក ដែលកើតមកហើយស្លាប់ទៅវិញ គ្មានទុកខដានអ្វីជាយូរអង្វែង ក្រៅពីឆ្នូតរហ័សយ៉ាងខ្លីក្នុងមេឃវដ្ដសង្សារ។ ជីវិតជាការយល់សប្តិ រូបឆោមស្រស់ជាការយល់សប្តិ សេចក្តីស្នេហាជាការយល់សប្តិ សម្បថឬពាក្យសន្យាជាការយល់សប្តិ អ្វីៗសុទ្ធសឹងជាការឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយទៀត ប្រៀបដូចជាក្រមួនត្រូវកម្តៅប្រែរូបពីពុម្ពមួយទៅពុម្ពមួយទៀតតាមការវិវត្តមិនចេះចប់។
នាងត្រឡប់ទៅផ្ទះនាងវិញ ហើយនាងផ្តេកប្រាណលើគ្រែក្នុងបន្ទប់នាង។ តារាងចាប់រលត់បាត់ម្តងមួយៗក្នុងមេឃា តែនាងនៅតែនិទ្រាមិនលក់។ បន្ទាប់មក នៅក្នុងដំណេកលក់ស្រាលរបស់នាង នាងយល់សប្តិឃើញនិស្ស័យអុំទូកតូចមួយក្នុងដងស្ទឹង ហើយនៅក្បាលទូនោះ មានចង្កៀងតូចមួយបំភ្លឺ។ នាងស្រែកហៅនិស្ស័យពីមាត់ស្ទឹង តែនិស្ស័យមិនឮនាងហៅ ហើយនៅតែអុំទៅមុខ។ នាងរត់តាមនិស្ស័យលើមាត់ស្ទឹង ដើម្បីឲ្យទាន់ស្មើទូកនិស្ស័យ។ តែដល់នាងសម្លឹងមើលទៅភក្រ្តអ្នកអុំ ស្រាប់តែនាងឃើញរូបនាងទៅវិញជាអ្នកអុំ នាងស្រវាំងភ្នែកមើលអ្វីលែងឃើញ នាងឈប់អុំ ហើយបណ្តោយឲ្យអូនអណ្តែតតាមខ្សែទឹក។ ទូកអណ្ដែតទៅ… អណ្តែតទៅ… ស្រាប់តែទៅគឿងនៅមាត់ច្រាំង… នៃក្រុងកំពង់ឆ្នាំង។ នៅលើមាត់ច្រាំង នាងឃើញនិស្ស័យហុចដៃឲ្យនាងចាប់ ដើម្បីក្រោកចេញពីទូក។ នាងស្រែកឡើងថា៖
– បងនិស្ស័យ! បងនិស្ស័យ! បងនិស្ស័យ!
បងនិស្ស័យ! ។ ឱគឺនាងទេតើដែលកំពុងស្រែកហៅឈ្មោះនិស្ស័យ។ តាមស្លាបព្រិសបង្អួចនៃបន្ទប់នាង ព្រះអារុណចាំងរស្មីព្រឿងចូលមក។ នេះជាព្រឹកទីមួយ ក្នុងចំនួនព្រឹករាប់ពាន់ ដែលនាងត្រូវរស់នៅគ្មាននិស្ស័យ គ្មានជីវ្ហាចំពោះអនាគត។
+
+ +
តាំងតែនិស្ស័យបានត្រឡប់មកពីមាតុភូមិ វិញ បន្ទាប់ពីបានបំពេញកិច្ចការខ្លួនឯងរៀងរាល់ថ្ងៃក្នុងក្រសួងរដ្ឋ ហើយនិងជាសាស្រ្តាចារ្យក្នុងមហាវិទ្យាល័យមក និស្ស័យបានឆ្លៀតពេលទំនេរបន្តិចបន្តួចដើម្បីស៊ើបរកពត៌មានពីនាងសុណ្ណាវី។
ច្រើនខែបានកន្លងទៅ ទើបមានមិត្តភក្តិនិស្ស័យម្នាក់ដែលធ្វើការក្នុងក្រសួងអប់រំជាតិ បានឲ្យពត៌មានមានដល់និស្ស័យថា នាងសុណ្ណាវីកំពុងបំពេញមុខងារជាគ្រូបង្រៀននៅក្រុងកំពង់ឆ្នាំង បន្ទាប់ពីនាងបានផ្លាស់ពីក្រុងឧត្ដុង្គទៅ។
នៅថ្ងៃមួយនោះ និស្ស័យត្រូវបានក្រសួងចាត់ឲ្យទៅបំពេញបេសកកម្មនៅក្រុងកំពង់ឆ្នាំង។ក្រោយពីបានបញ្ចប់ ការប្រជុំជាមួយនឹង ក្រសួងមួយក្នុងក្រុងកំពង់ឆ្នាំង និស្ស័យក៏ឆ្លៀតឱកាសទៅកាន់សាលារៀនដែលមិត្តភក្តិម្នាក់បានឲ្យអាស័យដ្ឋាន។ និស្ស័យបានបញ្ឈប់រថយន្តនៅក្រោមម្លប់ដើមឈើមួយដើម ដើម្បីរង់ចាំពេលសិស្សចេញពីសាលារៀន។
ប្រហែលកន្លះម៉ោងក្រោយមក កុមារាកុមារីរត់ប្រញាយគ្នាចេញពីថ្នាក់រៀន។ ច្រើននាទីបានកន្លងទៅទើបនិស្ស័យឃើញបុគ្គលិកគ្រូច្រើននាក់ចេញមកតាមមាត់ទ្វារសាលា។ រូបភាពនៃស្រ្តីក្មេងម្នាក់បានអណ្តែតផុសចេញពីក្នុងចំណោមមនុស្សទាំងអស់នោះ។ នាងស្លៀកសំពត់ពណ៌បៃតងខ្ចី។ សក់ខ្មៅវែងធ្លាក់មកលើស្មា។ ដៃម្ខាង នាងយួរសម្ពៀតដែលដាក់សៀវភៅបង្រៀន ហើយដៃម្ខាងទៀតកាន់តាំងយូ។ នាងនិយាយលាគ្រូបង្រៀនឯទៀត ហើយនាងដើរបត់មកកាន់ទីកន្លែងដែលនិស្ស័យឈររង់ចាំ។
លុះនាងដើរមកដល់ប្រមាណបីម៉ែត្រពីរថយន្តនិស្ស័យស្រាប់តែនាងមានសណ្ឋានដូចជាកករឹងនៅមួយកន្លែង ហើយសម្ពៀតជ្រុះពីដៃនាង។ អ្វីដែលជាប្រភពនៃការកង្វល់នឹងការយល់សប្តិរាប់ពាន់រាត្រី ឥឡូវនេះបានផ្តុំជារូបរាងនៅចំពីមុខនាង។ អតីតកាលមកលងប្រឡែងលេងជាមួយនឹងបច្ចុប្បន្នកាលទេឬ? តើព្រហ្មលិខិតនៅចង់តែមកផ្សះផ្សាម្លប់និងរស្មីទៀតឬ? តើគ្រប់ជំហានក្នុងជីវិតនាង ត្រូវតែវិលមកជួបនឹងអ្នកបង្កបង្កើតរាត្រីនៃអំពិលអំពែកកាលពីបីច្រើនឆ្នាំមុនឬ? នាងចង់យកម្រាមដៃជូតទឹកភ្នែកនាង ដើម្បីរំលាយរូបភាពដែលឈរខាងមុខនាង ហាក់ប្រៀបដូចជាការយល់សប្តិមួយដែលរលាយបាត់នៅពេលព្រឹកឡើង។ តែកំណប់ស្នេហាដែលលាក់ខ្លួនក្នុងឱរានាងជាយូរមកហើយ បានរស់កម្រើកជាថ្មី ហើយបានវាយបំបែកទ្រុងឱរានាង ដើម្បីបង្ខំនាងឲ្យពោលពាក្យស្នេហាដែលនាងហ៊ានត្រឹមតែទន្ទេញស្ងៀមស្ងាត់ក្នុងជម្រៅរាត្រី។ ឱរានាងបានព្យួរសេចក្តីសង្ឃឹមនិងការរង់ចាំឱកាសនេះតាំងពីរាត្រីចុងក្រោយនៅក្នុងអង្រឹងក្រោមដើមដូងក្នុងសួនច្បារ
ខាងមុខផ្ទះនិស្ស័យម្ល៉េះ តែសតិសម្បជញ្ញៈនាងបានប្រឆាំងនឹងសំឡេងឱរានាង ហើយបានរុញច្រានមនោសញ្ចេតនានឹកស្រណោះរបស់នាងចំពោះនិស្ស័យ។ ក្នុងវិនាទីនេះ តើសន្ទុះទឹកចិត្តឬវិចារណញ្ញាណរបស់នាងជាអ្នកឈ្នះ?
សេចក្តីស្នេហាជាអ្នកនិយាយជួសនាង៖
-បងនិស្ស័យឬ? អូនបានរង់ចាំបងជាយូរមកហើយ…
និស្ស័យបោះជំហានបំពេញចន្លោះរវាងអតីតនិងបច្ចុប្បន្ន ហើយស្ទុះទៅចាប់ហត្ថានាងសុណ្ណាវីដែលឥឡូវនេះ
ក្លាយជាកញ្ញាម្នាក់ពេញសម្ផស្សដែលចាំងឆ្លុះដូចគ្រាប់ពេជ្រមួយលានជ្រុង។
និស្ស័យនិយាយទៅកាន់នាងសុណ្ណាវីថា៖
-សុណ្ណាវីអូន! បងបានតាមរកអូនជាយូរមកហើយ ទម្រាំបានដំណឹងថា អូនមកធ្វើគ្រូបង្រៀនក្នុងក្រុងកំពង់ឆ្នាំងនេះ។ តើអូនបានសុខទុក្ខយ៉ាងណាទៅ?
នាងសុណ្ណាវីមិនទាន់ឆ្លើយតបទៅនិស្ស័យភ្លាមវិញទេ ។នាងយកម្រាមដៃនាងទៅស្ទាបអង្អែលភក្រ្តនិស្ស័យ
ដើម្បីបញ្ជាក់ប្រាប់ភ្នែកនាងថា បុរសដែលឈរនៅពីមុខនាងក្នុងពេលនេះ មិនមែនជាការយល់សប្តិទេ។
ក្នុងរយៈពេលដ៏ខ្លីនេះ នាងភ្លេចវត្តមាននៃមនុស្សទាំងឡាយដែលនៅជុំវិញនាង។ នាងភ្លេចចរាចរតាមវិថី នាងភ្លេចចម្រៀងបក្សាបក្សីលើមែកឈើ ពីព្រោះអារម្មណ៍របស់នាងបានប្រមូលផ្តុំមកលើរូបនិស្ស័យតែម្នាក់ ហាក់ប្រៀបដូចមកទល់នឹងពេលនេះ ទូកជីវិតនាងរង់ចាំវាយោនិស្ស័យបក់បំប៉ោងក្តោងឲ្យលឿនទៅមុខប៉ុណ្ណោះ។
និស្ស័យដឹកដៃនាងឡើងរថយន្ត ហើយស្នើសុំឲ្យនាងបង្ហាញទេសភាពនៃក្រុងកំពង់ឆ្នាំងតាមវិថីនានា។ មួយស្របក់ធំក្រោយមក រថយន្តបានបរទៅដល់មាត់ទន្លេដែលជាទីផែនៃក្រុងកំពង់ឆ្នាំង។
សកម្មភាពមមាញឹកបានបង្ហាញដល់និស្ស័យអំពីសារៈសំខាន់នៃកំពង់ផែនេះដែលជាចំណុចនៃការដឹកជញ្ជូនទំនិញផ្សេងៗហើយជាពិសេស គឺឆ្នាំង ចង្ក្រាន ក្អម និងវត្ថុជាច្រើនទៀតធ្វើអំពីដីឥដ្ឋដែលផ្ទុកក្នុងទូកធំៗ សម្រាប់នាំយកទៅទីប្រជុំជនទាំងឡាយតាមមាត់ទឹក ដូចជាទីក្រុងភ្នំពេញដែលទូកទាំងនោះមកសំចតនៅមុខវត្តឧណ្ណាលោម មុខរូបបដិមាព្រះគម្លង់។
និស្ស័យនិងនាងសុណ្ណាវីចុះពីរថយន្ត ហើយកាន់ដៃគ្នាដើរមើលផ្ទះផ្សារតាមបណ្តោយមាត់ទន្លេ។ អស្ដង្គតចាប់រាយរស្មីក្រហមព្រឿងលើធម្មជាតិ។ ទឹកទន្លេប្រែពណ៌ហើយចម្លងតាមពណ៌មេឃា។ ចំណែកឯភ្នំនាងកង្រីបណ្តែតស្រមោលប្រផេះខាងត្រើយម្ខាង។ នាងសុណ្ណាវីលើកដៃចង្អុលភ្នំនាងកង្រី ហើយនាងនិយាយឡើងថា៖
-បង! មុននឹងបងបានស្កាត់មករកអូនក្នុងថ្ងៃនេះ ជីវិតអូនរៀងរាល់ថ្ងៃមកទល់នឹងពេលនេះ មានសណ្ឋានប្រហាក់ប្រហែលគ្នានឹងភ្នំនាងកង្រីនេះ គឺស្ថិតក្នុងការរង់ចាំ… រង់ចាំ… ស្ទើររហូតដេកដួលលើផែនដី។ អូនពុំអាចរកពាក្យណាឲ្យសមល្មមនឹងពន្យល់ប្រាប់បងអំពីការខ្វះបងឡើយ។ ក្នុងពេលនេះដែលអូនកំពុងក្តាប់ដៃបងជាប់ អូននឹកទៅការយល់សប្តិរបស់អូនកាលពីរច្រើនឆ្នាំមុន គឺក្នុងយប់ដែលយើងបានជួបគ្នាក្នុងអង្រឹងក្នុងសួនច្បារខាងមុខផ្ទះបង មុននឹងបងឃ្លាតចេញពីស្រុកកំណើតនៅពេលព្រឹកស្អែកឡើង។ ក្នុងយប់នេះ អូនបានយល់សប្តិឃើញអូនបានជិះទូកតូចមួយ
ដែលអណ្តែតមកដល់មាត់ច្រាំងនៃក្រុងកំពង់ឆ្នាំងនេះ។ នៅពេលនោះបងបានហុចដៃទាញអូនឲ្យក្រោកចេញពីទូក។ ឥឡូវនេះ ការយល់សប្តិប្រែក្លាយទៅជាការពិត។ និស្ស័យទាញប្រាណនាងមកអែបជិត ហើយស្រង់គន្ធាក្រអូបដែលសាយចេញពីសក់និងប្រាណនាងអ្នកទាំងពីរបណ្តែតអារម្មណ៍ក្នុងមេឃពណ៌លឿងទុំនៃពេលព្រលប់ដែលធ្លាក់មកលើមាត់ទន្លេនៃក្រុងកំពង់ឆ្នាំង។ មួយស្របក់ក្រោយមក និស្ស័យដឹកដៃនាងឡើងរថយន្ត ហើយបរសំដៅទៅកាន់ភោជនីយដ្ឋាននៃសណ្ឋាគារ «បង់ហ្កាឡូ»ដើម្បីអញ្ជើញនាងបរិភោគបាយពេលល្ងាចជាមួយគ្នា។ក្នុងពេលបរិភោគបាយ និស្ស័យនិងនាងសុណ្ណាវីគ្មានបានពោលពាក្យអ្វីទេ ពីព្រោះអ្នកទាំងពីររវល់តែសម្លឹងគ្នាទៅវិញទៅមក ដើម្បីបំបាត់សម្រេកនៃការនឹករឮកគ្នាទៅវិញទៅមកអស់កម្លុងជាច្រើនឆ្នាំ។ និស្ស័យនិងនាងសុណ្ណាវីបានបែកពីគ្នាក្នុងវ័យជំទង់។ ឥឡូវនេះបានជួបគ្នាជាថ្មីវិញក្នុងឋានៈជាបុរសនិងស្ត្រី។ម្នាក់ៗ
ពេញរូបរាង ពេញវិចារណញ្ញាណ ពេញតណ្ហា។ បន្ទាប់ពីបានបរិភោគបាយរួច នាងសុណ្ណាវីបានស្នើសុំឲ្យនិស្ស័យជូននាងត្រឡប់ទៅផ្ទះនាង។រថយន្តបានបរតាមវិថីនានា មុននឹងទៅឈប់នៅមុខផ្ទះឈើប្រក់ក្បឿងតូចមួយដែលមានរបងស៊ីម៉ង់ត៍លាបពណ៌លឿងឃាំងពីខាងមុខ។
ក្នុងសួនច្បារតូចមួយខាងមុខផ្ទះ មានដាំផ្កាស្បៃរឿង ផ្កាកូឡាប ផ្កាក្រវាន់ និងផ្កាម្លិះ ក្បែរពាងទឹកធំមួយដែលសម្រាប់ត្រងទឹកភ្លៀងខាងត្បូងផ្ទះ។ នាងសុណ្ណាវីដឹកដៃនិស្ស័យឡើងទៅលើផ្ទះ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ មានកៅអីផ្តៅធំបួនដែលមានកំណល់ពូកប្រកបដោយរូបផ្កាធំៗ និងតុទាបមួយបួនជ្រុងដែលមានតម្កល់ផ្តិលប្រាក់មួយដែលលម្អដោយផ្កាឈូកក្រពុំ។ វាំងននពណ៌សចម្រុះដោយក្បាច់ផ្កាតូចៗពណ៌លឿងខ្ចី ទម្លាក់ជាយអមគែមបង្អួច។ នៅជ្រុងម្ខាងនៃបន្ទប់នោះ មានតាំងទីអាសនៈ
មួយតូច ដើម្បីតម្កល់ព្រះពុទ្ធរូបមួយអង្គអំពីថ្លើមថ្មនៃខេត្តពោធិសត្វ ហើយដែលមានកម្រងផ្កាម្លិះដាក់តាំងថ្វាយលើជើងពាន់ប្រាក់តូចមួយ។ នៅលើជញ្ជាំងម្ខាង មានព្យួររូបស្ត្រីទេពអប្សរដែលផ្តិតចម្លងតាមរូបក្បាច់ចម្លាក់នៃប្រាសាទអង្គរវត្ត។ វត្ថុទាំងប៉ុន្មានក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះនាង មានការរៀបចំដោយភាពសមរម្យគ្មានខុសឆ្គង គ្មានចេតនាបង្អួតឆើតឆាយ គ្មានការរចនាម្ញិកម្ញក់។ និស្ស័យមានមនោសញ្ចេតនាដូចជាបានដើរមកដល់ទីជម្រកសុខដុមរម្យនាមួយ ដែលខ្លួនបានស្វែងរកជាយូរមកហើយ។
នាងសុណ្ណាវីអញ្ជើញនិស្ស័យឲ្យអង្គុយសម្រាកប្រាណក្នុងកៅអីផ្តៅមួយដែលនាងរៀបចំពូកកល់ខ្នងជូននិស្ស័យ។ រួចហើយ នាងដើរចូលទៅក្នុងបន្ទប់បាយ ហើយកាន់ផ្តិលទឹកប្រាក់តូចមួយពេញដោយទឹកត្រជាក់ដែលមានបណ្តែតផ្កាម្លិះពីរឬបី ព្រមទាំងកែវទឹកមួយមួយដាក់លើតុទាបពីមុខនិស្ស័យ។ នាងចាក់ទឹកបំពេញកែវ ហើយនាងលើកហុចទាំងដៃទាំងពីរមកនិស្ស័យទាំងញញឹម។ បន្ទាប់មក នាងចូលទៅក្នុងបន្ទប់ដំណេក ហើយចេញមកវិញដោយកាន់សារុងមួយមកឲ្យនិស្ស័យ។
នាងអញ្ជើញនិស្ស័យឲ្យផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់នាង ដើម្បីងូតទឹកជម្រះកាយពីការហត់នឿយពីពេលថ្ងៃ។ នាងស្នើសុំឲ្យនិស្ស័យស្នាក់នៅក្នុងផ្ទះនាងក្នុងរាត្រីនេះ រហូតដល់ថ្ងៃរសៀលនៃថ្ងៃអាទិត្យ មុននឹងត្រឡប់ទៅក្រុងភ្នំពេញវិញ។ ពោលរួចហើយ នាងវិលទៅក្នុងបន្ទប់នាងវិញ។
មួយសន្ទុះក្រោយមក នាងត្រឡប់មកក្នុងបន្ទប់ទទួលភ្ញៀវវិញ។ និស្ស័យងើបភក្រ្តឡើង ហើយប្រទះឃើញ… ទេពធីតាម្នាក់ឈរញញឹមពីខាងមុខ។ នាងសុណ្ណាវីស្លៀកសារុងចោមពុង ហើយសក់នាងខ្ទាស់ឡើងលើ ដែលជាហេតុបញ្ចេញសម្ផស្សនៃករមូលស្តើង និងដើមទ្រូងក្រពុំណែន។ និស្ស័យក្រោកឡើងពីកៅអី ហើយដើរចូលទៅ
ក្នុងបន្ទប់នាង ដើម្បីផ្លាស់សម្លៀកបំពាក់។ នាងសុណ្ណាវីនិងនិស្ស័យដើរចុះកាំជណ្តើរទៅកាន់ពាងទឹកក្រោមបង្អួចខាងត្បួងផ្ទះ។
នាងយកផ្ដិលស្ពាន់មួយមកដងទឹកស្រោចនិស្ស័យ ហើយយកសាប៊ូក្រអូបមួយដុំមកដុសប្រាណនិស្ស័យ។នៅពេលនោះ រស្មីស្បើយនៃព្រះចន្ទ្រាចាំងស្រោច
លើធម្មជាតិ។គន្ធានៃផ្កាម្លិះដែលដុះនៅក្បែរនោះ អណ្ដែតមកហ៊ុំព័ទ្ធអ្នកទាំងពីរ។
នាងសុណ្ណាវីនិយាយទៅកាន់និស្ស័យថា៖
-តើបងបានសង្កេតឃើញអ្វីជាពិសេសនៅទីកន្លែងនេះឬទេ?
និស្ស័យបង្វិលប្រាណជុំវិញ ហើយឆ្លើយឡើងថា៖
-ទេ! បងមិនឃើញមានអ្វីប្លែកទេ ក្រៅតែពីបងបានមកងូតទឹកជាលើកដំបូងជាមួយអូន… នាងសុណ្ណាវីញញឹម ហើយលើកម្រាមដៃចង្អុលពាងទឹក ដើមផ្កាម្លិះ និងបង្អួចខាងត្បូងផ្ទះ។ នាងពោលឡើងថា៖
-កាលយើងមានផ្ទះនៅជិតគ្នាភូមិបឹងកេងកង អូនបានសង្កេតឃើញឪពុកបងបានប្រើកូនក្មួយឲ្យត្រងទឹកភ្លៀងដាក់ក្នុងពាងមួយក្រោមទរក្បែរបង្អួចខាងត្បួងផ្ទះបង ហើយនៅជិតពាងទឹកនោះ មានផ្កាម្លិះមួយដើមដែលម្តាយបងបានបេះមកក្រងជាភួងដើម្បីដាក់ថ្វាយព្រះនៅពេលល្ងាច។ ដោយហេតុនេះហើយ បានជាអូនរៀបចំផ្ទះអូនឲ្យមានសណ្ឋានស្រដៀងផ្ទះបង ដើម្បីជាសញ្ញា ជាដាន ជាផ្លូវស្រមៃទៅរកបងដែលបាននៅឆ្ងាយពីអូន គឺរៀបចំយ៉ាងណាឲ្យផ្ទះអូនក្លាយទៅជាផ្ទះបង…
និស្ស័យមានសេចក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះការពន្យល់របស់នាងសុណ្ណាវី ហើយទាញភក្រ្តដែលជោគដោយតំណក់ទឹក មកថើបយ៉ាងថ្នម។ បន្ទាប់មក និស្ស័យនិងនាងសុណ្ណាវីផ្លាស់សារុងថ្មី ហើយដើរឡើងទៅលើផ្ទះ។ អ្នកទាំងពីរអង្គុយជជែកគ្នាក្នុងបន្ទប់ទទួលភ្ញៀវរហូតដល់ពេលជិតអធ្រាត្រ ទើបនាងសុណ្ណាវីសម្រេចចិត្តក្រោកពីកៅអី ហើយដឹកដៃនិស្ស័យចូលទៅក្នុងបន្ទប់នាង។ ទូដាក់ខោអាវមួយស្ថិតជាប់នឹងជញ្ជាំងខាងស្តាំគ្រែដំណេក។ នៅខាងជញ្ជាំងខាងឆ្វេង មានតុមួយដាក់ក្បែរមាត់បង្អួចហើយនៅលើតុនោះ មានតាំងថូមួយពេញដោយផ្កាកូលាប។ នៅលើតុទាបក្បែរក្បាលគ្រែដំណេក នាងសុណ្ណាវីមានតាំងរូបថតនៃឪពុកម្តាយនាង។ លើគ្រែដំណេកមានកម្រាលមួយដែលមានគំនូរផ្កាធំៗ
ស្របដូចគ្នានឹងភិនភាគនៃវាំងននបង្អួចដែលបើកចំហទៅក្នុងរាត្រីពេញដោយគន្ធា។ រស្មីថ្លានៃព្រះចន្ទ្រាចាំងចូលមកក្នុងបន្ទប់។នាងពន្លត់ចង្កៀង ហើយទាញកម្រាលគ្រែចេញ។ រួចហើយ នាងផ្តេកប្រាណទៅលើកម្រាលពូកស។ សារុងរបូតសន្សឹមៗចេញពីដងប្រាណនាង។ និស្ស័យដើរចូលទៅជិតគ្រែ ហើយនិយាយទៅកាន់នាងសុណ្ណាវីថា៖
-អូន! ឥឡូវនេះ បងឃើញអ្វីដែលហៅថាសម្ផស្សកិន្នរ…
នាងសុណ្ណាវី ឆ្លើយឡើងថា៖
«បង! កិន្នរដែលបងឃើញពីមុខបងនេះ ជាកិន្នរដោះស្លាប។ តាំងពីយប់ចុងក្រោយក្នុងអង្រឹងក្នុងសួនច្បារនៃផ្ទះបង
កាលពីច្រើនឆ្នាំមុន អូនបានស្គាល់រសជាតិនៃរង្វង់ដៃបងជាលើកដំបូង តែព្រឹកស្អែកឡើង ហើយរាប់ពាន់ព្រឹកបន្ទាប់មក
អូនខ្វះរូបបង។ អូនបានសន្យាក្នុងចិត្តអូនថា អូនដោះស្លាប ហើយមិនហោះហើរទៅរកឋានថ្មី ឬទៅតាមរកបងទេ នៅពេលណាបងត្រឡប់មកស្រុកវិញ។ ដោយបងបានទៅចោលអូន ត្រូវតែបងស្វះស្វែងតាមរកអូនវិញ។ យប់នេះជាយប់
របស់អូន យប់ដែលបងជំពាក់អូន។ អូនសុំឲ្យបងសងពេលស្នេហាខកខាន ដោយអស់កំឡុងជាច្រើនឆ្នាំ។ បងបានបណ្ដោយឲ្យអូនអង្គុយម្នាក់ឯងទល់មុននឹងស្រមោលអូន។ រាប់ខែរាប់ឆ្នាំបានកន្លងទៅ មេឃជីវិតអូនកាន់តែទាប
កាន់តែធ្ងន់។បង! ឥឡូវនេះ អូនសុំបងធ្វើការយល់សប្តិរបស់អូនឲ្យក្លាយទៅជាការពិត…
និស្ស័យបន្ទាបប្រាណទៅលើគ្រែ។ នាងសុណ្ណាវីបើករង្វង់ហត្ថទទួលនិស្ស័យ។ ក្នុងរយៈមួយនាទី និស្ស័យមានវិប្បដិសារីដោយបានចាកចោលនាងសុណ្ណាវីអស់ជាច្រើនឆ្នាំ តែពេលនេះជាឱកាសនាំនាងលើមាគ៌ាមួយពេញដោយមួយពាន់ស្រមៃ មួយពាន់សង្ឃឹម។ និស្ស័យស្រាយសំណុំសក់នាងសុណ្ណាវីដែលធ្លាក់រាយលើខ្នើយ។និស្ស័យយកហត្ថបង្អូសតាមរង្វង់ចិញ្ចើមនាងសុណ្ណាវីរួច
តាមគែមបបូរមាត់ តាមបណ្តោយកញ្ជឹងកនិងលើសម្ផស្សក្រពុំនៃផែនឱរានាង។ ផ្កាកូលាបមួយទងដែលនាងបានក្តាប់កាន់
ក្នុងដៃនាង របូតចេញពីបាតដៃនាង ហើយធ្លាក់ពង្រាយស្រទាប់លើកម្រាលក្តារនៃបន្ទប់។ ក្នុងពេលនេះ ព្រះអាទិត្យ ព្រះចន្ទ្រ
និងតារា រលាយចូលគ្នាគ្មានអ្វីជាទីដៅ ហាក់ប្រៀបដូចជាប្រាណអ្នកទាំងពីរអណ្តែតគ្មានកោះត្រើយ ឆ្លងកាត់
ទ្វារមាស ទ្វារប្រាក់ ទ្វារពេជ្រច្រើនជាន់ ច្រើនត្រួត ច្រើនពណ៌។
+
+ +
ភាគទី៨
ឆ្ងាយពីវាយោខែកត្តិក
ពេលវេលាដែលបានកន្លងទៅបានទុកស្នាមច្រេះដុះស្នឹមលើច្រាំងជីវិតរបស់និស្ស័យ ហើយបើធ្វើបញ្ជីតុល្យការសរុបទៅនិស្ស័យយល់ថា ថាសជញ្ជីងទុក្ខសោកមានទម្ងន់ធ្ងន់ជាងថាសជញ្ជីងសុភមង្គល។
ចាប់តាំងពីឆ្នាំ១៩៦០ ដែលនិស្ស័យបានត្រឡប់ពីសិក្សាពីបរទេសវិញ ការយល់សប្តិទៅលើស្ថានភាពរុងរឿងនិងសន្តិភាពនៃមាតុភូមិ មានសណ្ឋានដូចជាផ្កាដែលជ្រុះស្រទាប់ស្វិតស្រពោនម្តងមួយៗ។
ពេលវេលាដូចជាមានការតក្កហលអន្ទះសារត់កាន់តែលឿនឡើងៗហើយសណ្តោងមកជាមួយនូវក្បូនទុក្ខនិងសុខ។ មួយអាទិត្យ មួយខែកន្លងទៅ និស្ស័យបានសង្កេតឃើញផ្នត់ជ្រីវជ្រួញកើនចំនួន លើភក្រ្ត នៃឪពុកម្ដាយខ្លួន។
ចំណែកឯសក់គាត់កាន់តែស ។ខ្នងកាន់តែកោងហើយភ្នែកកាន់តែងងឹតតែភក្រ្តគាត់នៅតែរីកញញឹមជានិច្ចនៅគ្រប់ពេលដែលគាត់ ឃើញនិស្ស័យ។ និស្ស័យដឹងច្បាស់ថា ជីវិតក្នុងលោកនេះ មិនបណ្តោយឲ្យមនុស្សម្នាក់ៗរស់ក្នុងភាពមនោរម្យស្ងប់ស្ងៀមបានយូរអង្វែងទេគឺមិនយូរមិនឆាប់នឹងមកទារពន្ធទឹកភ្នែក និងបំណុលនៃការព្រាត់ប្រាស់។ម្ដងមួយៗដូចគេទម្លាក់រាយដុំគ្រួសលើមាត់មាគ៌ានៃវដ្ដសង្សារដើម្បីទុកជាសញ្ញាចំណាំ។ និស្ស័យរាប់ចំនួនសមាជិកគ្រួសារដែលបានចាកឋានលោកនេះទៅហើយខំនឹករំឮកភក្រ្តនិងសំឡេងដែលធ្លាប់ឃើញនិងធ្លាប់ឮ ហើយដែលគ្មាននៅសល់អ្វីក្រៅពីអនុស្សាវរីយ៍ដែលកូនចៅនៅរស់ តែងតែបាននិយមលើកយកមកនិយាយនៅឱកាសជួសជុំគ្រួសារម្តងៗហើយជាពិសេសនៅពេលភ្ជុំបិណ្ឌ។
ដូច្នេះហើយជីដូនជីតាទាំងសងខាងម្តាយនិស្ស័យបានទទួលមរណៈភាពបន្តបន្ទាប់គ្នា។ ក្នុងពេលនោះនិស្ស័យមានមនោសញ្ចេតនាដូចជាផ្ទះមួយដែលគ្រឹះចាប់រញ្ជួយញ័រ ហើយធ្វើឲ្យតួផ្ទះទាំងមូលរង្គើរ។
បុគ្គលម្នាក់ៗត្រូវការឫសដែលមានជីដូនជីតាជាតំណាងដើម្បីដុះលូតលាស់បែកមែកផ្កា។ មិនតែប៉ុណ្ណោះជីដូនជីតាជាអ្នករក្សាប្រពៃណីដែលចែកបន្តជាមត៌កតកូនចៅ។ និស្ស័យនៅចាំពុំភ្លេចទេកាលពេលនៅកុមារនិស្ស័យធ្លាប់បានទៅអង្គុយស្តាប់រឿងព្រេងនិទានដែលជីតាខាងម្តាយនិស្ស័យធ្លាប់បាននិទានទៅពេលព្រលប់រួចពេលបាយល្ងាច។ ជីតានិស្ស័យបានបញ្ជាឲ្យកូនចៅសែងរានឫស្សីដាក់នៅក្នុងទីធ្លាខាងមុខផ្ទះហើយឲ្យគេអុជចង្គៀងប្រេងកាតដាក់នៅមុខរានទេវតា។ គាត់ឡើងអង្គុយលើកន្ទេលផ្តៅដែលក្រាលលើរានឫស្សី ហើយចាប់និទានរឿងព្រេងនិងរឿងសាវតាផ្សេងៗដែលទាក់ទងនឹងភូមិស្រុក។ ក្នុងខណៈនោះ កុមារនិស្ស័យស្ថិតនៅក្នុងបរិយាកាសទិព្វមួយហាក់ប្រៀបដូចជាប្រាណនឹងព្រលឹងរបស់និស្ស័យរលាយចូលជាធ្លុងមួយនិងធម្មជាតិជុំវិញ។ អារម្មណ៍របស់និស្ស័យផ្លាស់ប្តូរសភាព និងទ្រង់ទ្រាយទៅជាព្រះចន្ទ្រដែលកំពុងរះខ្ពស់លើចម្ការអំពៅ ឬទៅជារលកពណ៌ប្រាក់ដែលអណ្តែតរណ្ដំគ្នាសន្សឹមៗតាមដងទន្លេបាសាក់ទៅឯឆ្ងាយ ឬទៅជាវាយោដែលបក់អង្អែលចុងដើមគគីរខាងមុខវត្ត ហើយវិលត្រឡប់មកស្តាប់ដំណើររឿងនិទានរបស់ជីតាជាថ្មី។ជីតានិស្ស័យដេលធ្លាប់បានរៀនធម៌កាលពីពេលកុមារ ត្រូវបានអ្នកភូមិមកសុំចាក់គម្ពីរ ដើម្បីសាកសួរអំពីរឿងរកគូដណ្តឹង រឿងបាត់គោ ឬពីស្ថានភាពជំងឺ។ល។ ក្នុងពេលហ្នឹង ជីតានិស្ស័យបានរៀបចំរានទេវតាដោយមានថ្វាយធូបទានផ្កា។ បន្ទាប់មក នៅលើកន្ទេលដែលក្រាលនៅមុខរានទេវតា មានការធ្វើពិធីចាក់គម្ពីរ ហើយនិងការបកស្រាយតាមលំនាំព្រឹត្ដិការណ៍ផ្សេងៗ។ អនុស្សាវរីយ៍ទាំងនេះ បានដិតជាប់ក្នុងសតិវិញ្ញាណរបស់និស្ស័យជានិច្ច។
តែពេលវេលាដែលកន្លងទៅគ្មានប្រណីបានមកប្រឡេះយកជីវិតជីដូនជីតាទៅម្តងមួយៗ។ លុះដល់ពេលនិស្ស័យមានវ័យជំទង់ មរណៈភាពបានបើកទំព័រជីវិតជាថ្មី។ ម្តងនេះ គឺមីងមាខាងឪពុកនិងខាងម្តាយនៅស្រុកព្រៃកប្បាសនិងស្រុកកោះធំ ដែលបានរលាយរូបពីភពផែនដី។
និស្ស័យមានការស្រណោះស្តាយដោយមិនបានឆ្លៀតឱកាសមកលេងស្រុកភូមិកំណើតខាងឪពុកនិងខាងម្តាយឲ្យបានញឹកញាប់និងសមតាំងចំណងសាច់ញាតិលោហិត។ កាលពីជីដូនជីតានៅមានជីវិតនៅឡើយ និស្ស័យនឹកស្មានថា
ពេលវេលាមានលំហធំទូលាយ ហើយអត់ធ្មត់រង់ចាំនិស្ស័យមានឱកាស។ តែឱកាសគឺជាលេស ជាឱកាសរង់ចាំឱកាសមួយទៀត។ ដល់ដូច្នេះទៅ ពីឱកាសខកខានមួយទៅឱកាសខកខានមួយទៀត ជីវិតមនុស្សម្នាក់ៗបានដើរទៅដល់ទីចុងចប់ទៅហើយ។ដល់សរុបទៅ ជីវិតច្រើនតែជាឱកាសខកខាន ដោយខ្វះឆន្ទៈ ខ្វះចំណង់ ខ្វះសេចក្តីក្លាហាន ខ្វះការស្រមៃ។
បន្ថែមពីការបាត់បង់សមាជិកគ្រួសារម្តងមួយៗ ដោយអាយុចាស់ ដោយជំងឺឬដោយគ្រោះថ្នាក់ផ្សេងៗ ម្តងនេះការព្រាត់ឃ្លាតបានទាក់ទងនិងមនុស្សដែលរស់ជុំវិញនិស្ស័យក្នុងមជ្ឈដ្ឋាននៃក្រសួងធ្វើការឬនៃមហាវិទ្យាល័យ។
ក្នុងចន្លោះឆ្នាំ១៩៦០ដល់១៩៧០ និស្ស័យដូចបុគ្គលិករាជការផ្សេងៗទៀត បានត្រូវទៅធ្វើការហត្ថកម្មមួយដងមួយកាលតាមទីជនបទ។ និស្ស័យបានដឹងច្បាស់ថា ការហត្ថកម្មទាំងនេះពុំបានផ្តល់លទ្ធផលអ្វីជាសំខាន់ទេ ហើយមិនតែប៉ុណ្ណោះនៅពេលខ្លះទៀត កសិករម្ចាស់ស្រែបានត្រូវធ្វើការស្ទូងស្រូវជាថ្មីវិញតាមពីក្រោយកិច្ចការដែលហត្ថករខ្លះបានធ្វើ។ តែទោះយ៉ាងណាក៏ដោយ នេះជាឱកាសតែមួយដែលបាននាំបុគ្គលិករដ្ឋនិងជនមកពីទីក្រុងឲ្យបានស្គាល់ដោយធ្វើការផ្ទាល់ដោយដៃឯងនូវភាពដ៏នឿយលំបាកនៃកិច្ចការដែលប្រជាកសិករត្រូវបំពេញក្រោយភ្លៀង ខ្យល់ និង ចំហាយក្តៅ ដើម្បីរស់ទាំងវេទនាពីព្រោះកម្រៃដែលទាញមកពីការលក់ផលិតផល មិនសមនឹងចំណាយកម្លាំងធ្វើផលិតកម្ម។ និស្ស័យយល់ថាមានតែនយោបាយអភិវឌ្ឍន៍ជនបទយ៉ាងពិតប្រាកដទេ ដែលអាចជាកត្តាបង្រួញគម្លាតរវាងជីវភាពនៃបណ្ដាជនតាមទីជនបទនិងប្រជាជនតាមទីប្រជុំជន។មួយវិញទៀត ការទៅធ្វើការហត្ថកម្មតាមទីជនបទបានអនុញ្ញាឲ្យដកឃ្លាមួយរយៈពីសម្ពាធន៍នៃបញ្ហារដ្ឋបាលគ្រប់យ៉ាងក្នុងក្រសួង។ មិនត្រឹមប៉ុណ្ណឹង ក្នុងពេលសម្រាកដើម្បីបរិភោគបាយថ្ងៃត្រង់ក្រោមដើមត្នោតឬដើមក្រសាំង និស្ស័យបានឱកាសនិយាយសន្ទនាជាមួយមិត្តភក្តិពីក្រសួងដទៃៗអំពីបញ្ហាវគ្រប់យ៉ាងក្នុងឆាកជីវិតទូទៅ និងបញ្ហាប្រទេសជាតិដែលស្ថានកាណ៍បានប្រែប្រួលគួរឲ្យចាប់អារម្មណ៍យ៉ាងក្រៃលែង។ តែការជជែកគ្នាច្រើនតែវិលមកជុំវិញរឿងពុករលួយដែលស៊ីរូងសង្គមខ្មែរ ហើយជាពិសេសអំពីបញ្ហា«ចេតនាកម្ម»និង «ចេតនាកុសល» ។ ចេតនាកម្ម គឺក្នុងន័យថាពុករលួយទាំងនោះគ្មានវិប្បដិសារីក្នុងការកំហែងបំភ័យចម្រាញ់ទាញកម្រៃផ្ទាល់ខ្លួនគ្រប់ស្ថានការណ៍ ទោះបីជនទាំងនោះបានដឹង ច្បាស់ជាមុន ថា អំពើនេះជាបទទុច្ចរិត។ ចេតនាកុសលគឺក្នុងន័យគេធ្វើបុណ្យទានដើម្បីទទួលមគ្គផលមកវិញ។ បើដូច្នេះទៅ គេធ្វើអំពើកម្មដោយចេតនា។ រួចហើយគេយកកម្រៃដែលបានមកអំពីកម្ម ទៅកសាងកុសលដោយចេតនា ដើម្បីលុបលាងផាត់សងអំពើកម្មរបស់គេវិញ។
តើគេផាត់សងតាមរបៀបណា ក្នុងខណៈណា? នៅមច្ចុរាជឬ? ចំពោះសំណួរដែលគ្មានចម្លើយក្នុងជាតិនេះ ពីព្រោះវប្បធម៌
គ្មានទោសពៃរ៍ គេក៏ឆ្លៀតឱកាសត្រេកត្រអាលជាមួយនឹងភោគទ្រព្យដែលបានមកពីចេតនាកម្មសិន ដោយមានភូមិគ្រឹះមានរថយន្តធំភ្លឺរលើបមានមិត្តភក្តិក្នុងមជ្ឈដ្ឋានអ្នកកាន់អំណាច មានឈ្មោះដំបូងមុនគេលើបញ្ជីនៃអ្នកផ្តើមបុណ្យកឋិនឬបុណ្យផ្កា។ ដល់សរុបទៅ ចេតនាកុសលរបស់និស្ស័យ ដោយគ្មានចេតនាកម្មជួយជាកំសួលបានស្ថិតត្រឹមក្នុងស្ថានភាពនៃការធ្វើអធិដ្ឋានប៉ុណ្ណោះក្នុងពេលចូលបច្ច័យ១០រៀល ឬ២០រៀលម្តងៗ។
នៅមានត