ទង់ជាតិខ្មែរ
ទង់ជាតិបារាំង
ប្រក្រតិទិន
ខែមិថុនា 2023 អា ច អ ព ព្រ សុ ស 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 អតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិនិងអ្នកនិពន្ធ ប៉ិច សង្វាវ៉ាន
ជ្រើសរើសយកខែ
មតិថ្មីៗ
-
ប្រកាសថ្មីៗ
- អក្សរសិល្ប៍សន្តិភាព រៀបចំដោយ សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង
- ខួបរំឮកកំណើត៧៣ឆ្នាំរបស់ខ្ញុំ
- បណ្ឌិតច្បាប់ ឌុក រ៉ាស៊ី អ្នកនយោបាយខ្មែរជើងចាស់ ទទួលអនិច្ចកម្ម នៅប៉ារីស
- ភូមិគ្រឹះរបស់មាតាបិតាខ្ញុំ
- ក្រោមមេឃពណ៌ខៀវនៃក្រុងតូក្យូ និពន្ធដោយ ប៉ែន សេដ្ឋារិន
- កវីជូនពរខួបកំណើតខ្ញុំ
- កម្ពុជា : អំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមត្រូវបានទទួលស្គាល់ជាលើកដំបូង
- ឆ្នាំក្រោយ ជួបគ្នានៅភ្នំពេញ និពន្ធដោយកវី គឹម ខូវនី
- មាត់កង្កែប និពន្ធដោយ ប៉ិច សង្វាវ៉ាន
- មាត់វៀច និពន្ធដោយ ប៉ិច សង្វាវ៉ាន
- ភ្លើងប្រចណ្ឌ និពន្ធដោយ ប៉ិច សង្វាវ៉ាន
- ថ្ងៃណាជួងវ៉ៃ និពន្ធដោយកវី យឹម កិច្ចសែ
- ម៉ា ឡាពី ដែលខ្ញុំស្គាល់
- បណ្តាំងកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន
- ពរជ័យវិច្ឆិកា ដោយ កវី យឹម កិច្ចសែ
- អក្សរសាស្ត្រខ្មែរចែងចាំងនៅក្រៅស្រុក ដោយ យឹម កិច្ចសែ
- ភ្ញាក់ពីសុបិន
- ទិវាពិភពលោកនៃសំឡេង
- ប៉ែន សេដ្ឋារិន៖ ស្រឡាញ់ជាតិ -គោរពវិន័យ
- បទសម្ភាស ប៉ិច សង្វាវ៉ាន ជាមួយទូរទស្សន៍ CTN ឆ្នាំ២០០៧
- ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា
- ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា
- អក្សរសាស្ត្រខ្មែរចែងចាំងនៅក្រៅស្រុក និពន្ធដោយបណ្ឌិតយឹម កិច្ចសែ រចនារំលេចដោយលោក សំ វិជ្ជា
- នេះឬចិត្តប្រុស?វណ្ណកម្មទី១របស់ខ្ញុំផ្សាយឆ្នាំ១៩៦៨
- បទសម្ភាសន៍កវី អ៊ីវ ហួត អនុប្រធានសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេស
- វិញ្ញាណរូបចម្លាក់
- អនុស្សាវរីយ៍ក្នុងយុវវ័យរបស់ខ្ញុំ
- មរណភាពលោក យូ បូអតីតប្រធានសមាគមអ្នក និពន្ធខ្មែរប្រចាំប្រទេសកម្ពុជា
- វិយោគកថាពិធីឈាបនកិច្ចសពអ្នកនិពន្ធ អ៊ុំ សុផានី
- ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ និងវិភាគដោយបណ្ឌិត វ៉ាន់ឌី កាអុន
- ជួសជុលអង្គរទំនុកច្រៀងនិពន្ធដោយកវី អ៊ីវ ហួត
- “ពេលដែលត្រូវឃ្លាត”
- លោកគ្រូ ប៊ុន ថាន់ និងភរិយាសក់ អៀងព្រមទាំងកូន ប្រុសម៉ុង ហ្វី អនុស្សាវរីយ៍១ក្នុងពេលភៀសខ្លួន ដែល មិនអាចបំភ្លេចបានឡើយនៅភូមិនួនញ៉ាងប្រទេសលាវ
- អក្្សរខ្មែរ ស្រង់ចេញពីល្បែងប្រឡែងពាក្យ ដោយកវីអ៊ីវហួត
- អ្នកគ្រូបណ្តូលចិត្ត ដោយ យឹម កិច្ចសែ
- ឃ្លា កវី អ៊ីវ ហួត
- ទាសាអតីតកាល ដោយ យឹម កិច្ចសែ
- ក្តារស្ពានចាស់ ដោយ យឹម កិច្ចសែ
- លេងពស់ ពស់ចឹក ដោយ យឹម កិច្ចសែ
- រាត្រីសុបិនពណ៌ស្វាយ ដោយ យឹម កិច្ចសែ
- បងរាំ បិទភ្នែក ដោយ យឹម កិច្ចសែ
- រាំវង់ក្នុងពេលរាត្រី ដោយ យឹម កិច្ចសែ
- សំដី ដោយ យឹម កិច្ចសែ
- បើព្រះប្រទាន.. ដោយ យឹម កិច្ចសែ
- គ្មានច្រកចេញ ដោយ យឹម កិច្ចសែ
- អង្គរវត្តទេវដ្ឋាន ដោយកវីបណ្ឌិត យឹម កិច្ចសែ
- ទូន្មានចិត្ត ដោយ យឹម កិច្ចសែ ស្រង់ពី «យុវវ័យមាយា»
- អក្សរសិល្ប៍សន្តិភាព លើកទី៤៖ កំណាព្យ មើលសត្វក្នុងសួន និពន្ធដោយ កវី ហូវ លីឃាង និងស្មូត្រដោយសិល្បករ យឹង យន
- អក្សរសិល្ប៍សន្តិភាពលើកទី៤ ៖សុន្ទរកថាស្វាគមន៍ ដោយ អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
- អក្សរសិល្ប៍សន្តិភាព លើកទី៤ ៖ រូបភាពខ្លះៗនៃកម្មវិធីប្រកាស “ជ័យលាភីពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤”
អត្ថបទកំពូល
- វិយោគកថាពិធីឈាបនកិច្ចសពអ្នកនិពន្ធ អ៊ុំ សុផានី
- ទាសាអតីតកាល ដោយ យឹម កិច្ចសែ
- ជីវប្រវត្តិពិស្តាររបស់ខ្ញុំ
- និទាឃៈរដូវចូលមកដល់ហើយ ដោយ ប៉ិច សង្វាវ៉ាន
- កំណាព្យ ឈ្មោះនានានៃប្រាសាទខ្មែរ ដោយ លោកយឹង ស្រស់
- សំដី ដោយ យឹម កិច្ចសែ
- រាត្រីសុបិនពណ៌ស្វាយ ដោយ យឹម កិច្ចសែ
- ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ និងវិភាគដោយបណ្ឌិត វ៉ាន់ឌី កាអុន
មាតិកាប្លក់
- បទយកការណ៍
- កម្រងជិវិតខ្ញុំ
- កម្រងជីវប្រវត្តិ
- កវី និងអ្នកនិពន្ធនៅប្រទេសបារាំង
- កវីនិងអ្នកនិពន្ធនៅប្រទេសជប៉ុន
- កវីនិពន្ធនៅប្រទេសជប៉ុន
- កវីនិពន្ធនៅប្រទេសអាល្លឺម៉ាញ
- កវីនិពន្ធនៅសហរដ្ឋអាមេរិក
- កិច្ចការរបស់ខ្ញុំនៅវិទ្យុបារាំង Rfi-khmer
- ក្រុមយុវអ្នកនិពន្ឋខ្មែរ
- គំនិតគួរចងចាំ
- ចំណាប់អារម្មណ៍
- ជិវិតការងាររបស់ខ្ញុំផ្នែកវប្បធម៌ខ្មែរក្នុងវិទ្យុបារាំងអន្តរជាតិRFI
- ដំណើរជុំវិញអ្នកនិពន្ឋម្នាក់
- ទស្សនាវដ្តីខ្ញុំ
- ទស្សនៈបុគ្គល – ភាសាបេះដូង
- ទិវាការងារ១ឧសភា
- ទិវានារីអន្តរជាតិ៨មីនា
- ទិវាបុណ្យបិតា
- ទិវាបុណ្យមាតា
- ទិវាពលកម្មអន្តរជាតិ១ឧសភា
- ទំព័រគ្រីស្ទបរិស័ទ
- បទយកការណ៍រូបថត
- បទសម្ភាសន៍
- បទសម្ភាសន៍របស់ខ្ញុំ
- ប្រកាសដំណឹងផ្សេងៗ
- ប្រលោមលោក
- ផ្សេងផ្សេង… ពីនេះពីនោះ…
- ព្រឹត្តិការណ៍ជីវិតខ្ញុំ១ជ្រុង
- ព្រះបាទសម្តេច នរោត្តម សីហនុ
- ព្រះវិហារ «វាលព្រះពរ»
- ព្រះវិហារផ្សាយដំណឹងល្អ
- ភាពយន្ត
- រង្វាន់អក្សរសិល្ប៍នូហាច
- រង្វាន់អក្សរសិល្ប៍«សន្តិភាព»
- របាំ
- រូបថតអនុស្សាវរីយ៍
- រឿងកំប្លែង
- រឿងខ្លី និពន្ធដោយប៉ិច សង្វាវ៉ាន
- រឿងសម្រាប់កុមារ
- លិខិតដែលបានទទួល
- វិចារណកថា
- សិក្ខាសិលា
- សុខភាពនិងអនាម័យ
- សុជីវធម៌
- សួស្តីឆ្នាំថ្មី
- សួស្តីណូអែល
- អក្សរសិល្ប៍
- អត្ថបទសាកល្បង
- អប់រំ
- អ្នកនិពន្ធខ្មែរនៅប្រទេសស្វីស
- អ្នកកវីនិពន្ធក្នុងប្រទេសអាល្លឺម៉ាញ
- អ្នកចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា
- អ្នកនិពន្ធ និង កវីនៅប្រទេសបារាំង
- អ្នកនិពន្ធ និង កវីនៅប្រទេសកម្ពុជា
- អ្នកនិពន្ធ និង កវីក្នុងព្រះរាជាណាចក្រកម្ពុជា
- អ្នកនិពន្ធ និង កវីនៅសហរដ្ឋអាមេរិក
- អ្នកនិពន្ធនៅប្រទេសជប៉ុន
- អ្នកនិពន្ធនៅប្រទេសស្វីស
- អ្នកនិពន្ធនៅសហរដ្ឋអាមេរិក
- អ្នកសារព័ត៌មាននៅប្រទេសបារាំង
- អ្នកស្រាវជ្រាវនៅប្រទេសបារាំង
- Uncategorized
កវី និងអ្នកនិពន្ធ
- កវី ព្រឿង ប្រណីត មរតកកំណាព្យ
- កែវចន្ទបូរណ៌
- ក្រុមយុវជនខ្មែរដើមី្បអភិវឌ្ឍន៍
- ណុល ដារ៉ា
- នភ ផល្លាហង្ស ស្មារតីខ្មែរ
- ប៊ុនចាន់ សុក្រសិរី
- ផ្កាយដុះកន្ទុយ
- ផ្កាយNoVeLs
- ផ្ទះកវី
- សុខ ធូ
- សូយឡូត
- ហ្វី ដែល Fidele
- ឡឹក ជំនោរ
- ឡឹក ជំនោរ (ប៉ាក់កាខ្មែរ Blogspot)
- ឡុងលីណា
- អ្នកនិពន្ធក្របខ័ណ្ឌអាស៊ាន (seawrite)
- C Write រឿងប្រឌិត និងកំណាព្យ
ក្រសួង-ស្ថាប័ន-អង្គការ-សមាគម
- ក្រសួងទេសចរណ៍កម្ពុជា
- ក្រសួងមហាផ្ទៃ កម្ពុជា
- ក្រសួងអប់រំយុវជន និងកីឡា កម្ពុជា
- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.)
- ក្រុមយុវជនខ្មែរដើមី្បអភិវឌ្ឍន៍
- ទីស្តីការគណៈរដ្ឋមន្ត្រី កម្ពុជា
- នភ ផល្លាហង្ស ស្មារតីខ្មែរ
- បណ្តាញពត៌មានវប្បធម៌ខ្មែរ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- មជ្ឈមណ្ឌលឯកសារកម្ពុជា DC-CAM
- រួមគិត រួមធ្វើ រួមសម្រេច
- វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
- វិទ្យាស្ថានពុទ្ធសាសនបារាំងនៅកម្ពុជា (អតីត-CCF)
- សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង
- សមាគមខ្មែរសាកល
- សមាគមសិក្សា PSE
- សមាគមសេរីភាព (Liberty Association)
- សមាគមអក្សរសិល្ប៍នូហាច
- សាលារៀន
- អង្កការគាំទ្រកុមារនិងយុវវ័យ
- អង្គការ ផាន អង្គការផ្ទះរបស់យើង Our Home
- អង្គការរូមធូរីដ Room To Read
- អង្គការដើម្បីភាពញញឹមនៃកុមារ PSE
- For a child's smile
ក្រុមយុវអ្នកនិពន្ធ
ចម្រៀង-Chansons-Song
តុលាការខ្មែរក្រហម
សារព័ត៌មានវិទ្យុ
អ្នកនិយាយភាសាបារាំង
អ្នកប្រើវើតប្រេស
Blogroll
រូបភាពប្រចាំថ្ងៃ
C Write រឿងប្រឌិត និងកំណាព្យ
ទំព័រប្រកាសរបស់ខ្ញុំ
Category Archives: ព្រឹត្តិការណ៍ជីវិតខ្ញុំ១ជ្រុង
នេះឬចិត្តប្រុស?វណ្ណកម្មទី១របស់ខ្ញុំផ្សាយឆ្នាំ១៩៦៨
ខ្ញុំបានចាប់ផ្តើមបម្រើអក្សរសាស្រ្តជាតិយើងតាំងពីឆ្នាំ១៩៦៨ គីតាំងពីក្នុងយុវវ័យម្ល៉េះដោយបានសរសេររឿងពិតមួួយរបស់នារីម្នាក់ដែលរៀនក្នុងវិទ្យាល័យព្រះយុគន្ធរដូចខ្ញុំដែរ តែគេរៀនថ្នាក់ធំជាងខ្ញុំ។ កាលនោះ ខ្បាននិពន្ធរឿង«នេះឬចិត្តប្រុស?»ប្រើរហស្សនាមថា«ព្រហ្ម សុទ្ធធីតា»ចេ្ផញផ្សាយនៅឆ្នាំ១៩៦៨តាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។ ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រូវបានលោកម៉ៅ ប៊ុនថនសុំយកទៅផ្សាយក្នុង«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា លោក«ម៉ា ឡៅពី»បាននិពន្ធចម្រៀង១បទដែលមានចំណងជើងថា«នេះឬចិត្តប្រុស?»ដែលច្រៀងដោយអ្នកស្រិ«សូ សាវឿន»ដែលរស់នៅប្រទេសបារាំងសព្វថ្ងៃនេះ។ខ្ញុំនឹងសរសេរលំអិតក្នុងសៀវភៅជីវប្រវត្តិរបស់ខ្ញុំដែលត្រូវសរសេរឆ្នាំនេះក្រោយពីបានសរសេរចប់រឿងពិតក្នុងរបបប្រល័យពូជសាសន៍ជាមួយប្អូនស្រិខ្ញុំ២នាក់ដោយប្រើនាមត្រកូលផ្ទាល់ខ្លួនគឺ«ព្រហ្ម»ដើម្បីជាមធ្យោបាយរក មិត្តរួមថ្នាក់តាំងពីបថមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ មិត្តនារីនិងមិត្តរួមថ្នាក់ក្នុងអនុវិទ្យាល៏យ វិទ្យាល័យ និង«មហាវិទ្យាល័យនិតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច» មហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្រ្»ព្រមទាំង«មហាវិទ្យាល័យគរុកោសល្យ»ត្រូវបែកគ្នាព្រោះតែសង្គ្រាមនិងការភៀសខ្លួនចេញពីមាតុភូមិកំណើតដើម្បីគេចចេញពីរបបប្រល័ួយពូជសាសន៍។«។ សូមជ្រាបបដេរថា ក្រោយពីរៀបការ ខ្ញុំពាក់ឈ្មោះស្វាមីីទាំងមូលគឺ «ប៉ិច ឈុន»នៅភ្នំពេញ (មិនដុចនៅ ស្រុកបារាំងទេ ស្រី្តដែលរៀបការពាក់នាមត្រកូលស្វាមី គឺ ប៉ិច និងប្រើអត្តនាមរបស់ខ្លួនដដែល«ប៉ិច សង្វាវ៉ាន»គឺឈ្មោះដែលខ្ញុំប្រើរាល់ថ្ងៃ )។
«ក្នុងវិស័យអក្សរសាស្ត្រ ខ្ញុំបាននិពន្ធរឿង«នេះឬចិត្តប្រុស?»ឆ្នាំ១៩៦៨ដោយដាក់រហស្សនាមថា «ព្រហ្ម សុទ្ធធីតា»។ គឺជារឿងរបស់នារី២នាក់ដែលបាននិយាយរឿងពិតរបស់គេប្រាប់ខ្ញុំ ។ ម្នាក់នៅភ្នំពេញនិងម្នាក់
ទៀតនៅព្រៃវែង។
អនុស្សាវរីយ៍១ដែលចាំមិនភ្លេចគឺ កាលនោះ មានអ្នកស្តាប់រឿងប្រលោមលោកដែលជាវណ្ណកដំបូងរបស់ខ្ញុំម្នាក់
បានតែងចម្រៀងខ្ញុំ១បទបន្ទាប់ពីរឿងនេះបានផ្សាយតាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។
ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រុវបានលោក«ម៉ៅ ប៊ុុនថន»សុំយកទៅផ្សាយក្នុង
«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា លោក«ម៉ា ឡៅពី»ក៏បាននិពន្ធចម្រៀង១បទមានចំណងជើងថា«នេះឬចិត្តប្រុស?»។ បទនេះច្រៀងដោយអ្ន្នកស្រីសូ សាវឿន។
កាលនោះ អ្នកស្តាប់របស់ខ្ញុំម្នាក់ឈ្មោះ «ជា ម៉ាក់លីន»បាននិពន្ធបទ «សំណោកយុុវនារីនិពន្ធ»ដើម្បីលើក
ទឹកចិត្តខ្ញុំក្រោយពីបានដឹងថា«មានអ្នកស្តាប់ម្នាក់នៅខេត្តកំពង់ឆ្នាំងឈ្មោះ«ឃ្នុះ ទាំ»បានទិទៀនថា«ខ្ញុំសរសេរ
រឿងពិតរបស់ខ្ញុំហើយបង្អាប់ប្រុសៗ»។ ខ្ញុំតូចចិត្តពេកក៏បាននិយាយជម្រាបអ្នកស្រី«ជា ម៉ាក់លីន»អ្នកស្តាប់ម្នាក់
ដែលសរសើររឿងដែលខ្ញុំនិពន្ធដំបូងនេះ។ អ្នកបង ជាម៉ាក់លីនក៏បាននិពន្ធទំនុកច្រៀង១តាមលំនាំបទ«នេះឬចិត្ត
ប្រុសដាក់ចំណងជើង«សំណោកយុវអ្នកនិពន្ធនារី»។ បទនេះមានទំនុកថា
«គ្រាន់តែខ្ញុំចងក្រងប្រលោមលោក
មតិគគោកពេបជ្រាយជេរស្តី
គិតទៅនារីគ្មានសិទ្ធសេរី
បើចង់ធ្វើល៏អ្វីក៏ខុសទាំងអស់។
ខំរៀនពីតូចរហូតពេញវ័យ
វិជ្ជាថ្លាថ្លៃគ្មានបានការសោះ
សាកល្បងចំណេះប្រែក្លាយជាខុស
គេចោទដាក់ទោសថាខុសក្រិត្យក្រម»
ខ្ញុំនឹងសរសេរលំអិតក្នុងរឿង «ខ្ញុំជាស្រី»ដែលត្រូវនិពន្ធឆ្នាំ២០១៨នេះ។
ផ្ទះអ្នកបងជា ម៉ាក់លីនដែលជាអ្នកនិពន្ធបទនេះ ដើម្បីលើកទឹកចិត្តខ្ញុំ ស្ថិតនៅម្តុំអាគារអាយស្ម័យយានកម្ពូជា។ខ្ញុំសង្ឃឹមថានិងបានទទួលដំណឹងពីអ្នកបង៕
របាំនារីជាជួរ
គឺជារបាំមួួយដែលបានទស្សនាហើយដែលខ្ញុំស្រឡាញ់ជាប់ចិត្ត ចាប់តាំងពីខ្ញុំបាន
ឃើញសិស្សនារីរួមសាលាបុទុមរាជារាំសាកដើម្បីសម្តែងក្នុងពិធីបញ្ចប់ឆ្នំាសិក្សា។
កាលនោះ ខ្ញុុំទើបតែមានវ័យ៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានឈរមើលកុមារីសិស្សរួមសាលា
រាំរបាំ<នារីជាជួរ>ទាំងក្តីរំភើបឥតឧបមា និងទាំងមានអារម្មណ៍ស្តាយសែនស្តាយ
ដែលមិនបានចុះឈ្មោះរាំជាមួយពួកគេ។
គឺចាប់តាំងពីពេលនោះហើយដែលខ្ញុំជាប់ចិត្តស្រឡាញ់សិល្បៈរបាំខ្មែរយើង
រហូតមក….
(ស្រង់ចេញពីរឿង<ខ្ញុំជាស្រី>ជីវិតពិតរបស់ខ្ញុំដែលចាប់ផ្តើមសរសេរហើយ។)
រូបថតថ្មីរបស់ខ្ញុំក្នុងវ័យជរាដែលខុសឆ្ងាយពីរូបសំគាល់គេហទំព័ររបស់ខ្ញុំ
ថតពេលដើរមើលហាងដែលលក់ចុុះថ្លៃកាលពីខែមករាឆ្នាំ២០១៥
ក្នុងក្រុងស៊ែរហ្សីប៉ុងទ័រ CERGY PONTOISE
នៃតំបន់៩៥ DEPARTEMENT 95 ប្រទេសបារាំង
កិច្ចការវិទ្យុផ្នែកវប្បធម៌ខ្មែរ ៖ ខ្ញុំ និង តារាអម្ពរទេវី
ឆ្នាំដែលខ្ញុំបានជួបសម្ភាសន៍
តារា«អម្ពរទេវី»លើកដំបូង
នៅក្រុងស៊្សែរស្សីប្រទេសបារាំង
ក្នុងឆ្នាំ…

ខ្ញុំ អម្ពរទេវី ស្វាមីខ្ញុំ
ប៉ិច ឈុន និង អ្នកស្រី វ៉ាន់នី (រូបខាងឆ្វេង) ជាម្ចាស់ផ្ទះដែលទទួល
អម្ពរទេវី និង ព្រហ្ម ស៊ីវុទ្ធីឲ្យស្នាក់នៅ (រូបថត៖ប៉ិច សង្វាវ៉ាន)
ប៉ុន្មានឆ្នាំក្រោយមក
ជួបសម្ភាសន៍តារាអម្ពរទេវីជាថ្មី
រូបថតខាងក្រោម៖
ក្នុងការិយាល័យនិពន្ធខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ
ក្រោយពេលសម្ភាសន៍តារាអម្ពរទេវី
(រូបថត៖ប៉ិច សង្វាវ៉ាន)
អនុស្សាវរីយ៍ក្នុងរាត្រីមួយ
អម្ពរទេវី
មានឱកាសមកបរិភោគអាហារ
ជាមួយខ្ញុំនិងស្វាមីខ្ញុំនៅផ្ទះយើងក្នុងប្រទេសបារាំង។
២៤ វិច្ឆិកា ២០១៤ ជាថ្ងៃខួបគំរប់៦៧ឆ្នាំរបស់ខ្ញំ
ពេលវេលារំកិលទៅមុខឥតងាកក្រោយឡើយ។
កុមារភាព យុវភាពរបស់ខ្ញុំបានកន្លងផុតទៅយ៉ាងលឿន
ជាងកន្លះសតវត្សរ៍ទៅហើយ។
ជរាភាព
របស់ខ្ញុំកំពុងតែបោះជំហ៊ានទៅមុខឥតបង្អង់ ។
រាល់ថ្ងៃ ខ្ញុំតែងតែសួរខ្លួនឯងថា
តើមុននឹងលាចាកលោកនេះទៅ
ខ្ញុំមានកម្លាំងនឹងបំរើអក្សរសាស្រ្តបានប៉ុន្មានរដូវទៀត
បើអារម្មណ៍និងកម្លាំងខ្ញុំចុះទន់ខ្សោយច្រើនដូច្នេះទៅតាមវ័យជរាទៅហើយ?។
ក្នុងនាមជាអ្នកនិពន្ធ អ្នកអក្សរសាស្ត្រ និង
អ្នកសារព័ត៌មានចូលនិវត្តន៍នៃវិទ្យុបារាំងអន្តជាតិRFIមួយរូប
ខ្ញុំកំពុងតែសរសេរសៀវភៅជីវប្រវត្តិរបស់ខ្ញុំដើម្បីទុកជូនក្មួយៗនិងចៅៗអាន។
ប៉ុន្តែ
តើសៀវភៅជីវប្រវត្តិរបស់ខ្ញុំ
ដែលខ្ញុំទើបតែចាប់ផ្តើមបានបន្តិចនោះ អាចនឹងបញ្ចប់ហើយចេញជារូបរាង
និងបោះពុម្ពផ្សាយទាន់ពេលដែលខ្ញុំនៅមានជីវិតឬទេ?
កំពុងតែខ្វល់រាល់ថ្ងៃ ស្រាប់តែខ្ញុំបានទទួល
ប័ណ្ណជូនពរថ្ងៃកំណើតខ្ញំគម្រប់៦៨ឆ្នាំមួយដ៍ល្អស្អាត។
ក្រោយពីខ្ញុំបាន
អានប័ណ្ណជូនពរថ្ងៃកំណើតរបស់បណ្ឌិត យឺម កិច្ចសែ
អតីតសាស្ត្រចារ្យអក្សរសាស្ត្រខ្មែរមួយរូប និងជាអតីតសាស្ត្រាចារ្យ
អក្សរសាស្ត្រខ្មែររបស់ប្អូនស្រីខ្ញុំ ព្រហ្ម វ៉ាន់មុនី និងភរិយារបស់លោក
ដែលសព្វថ្ងៃនេះរស់នៅក្នុងប្រទេសអាល្លឺម៉ាញ
ដែលប្រកប
ដោយកម្រងពាក្យពេចន៍មិត្តភាពដ៏ក្រអូបចារភ្ជាប់ក្នុងចំណងជើងថា
«ពរជ័យជូនស្រ្តីអក្សរសាស្រ្តនាម សង្វាវ៉ាន» និងអប់ដោយក្លិនកំណាព្យ ជូនពរ
ដ៏ក្រអូប និងពីរោះជាទីពេញចិត្ត
ទាំងអស់នេះ
ជាកម្លាំងទិព្វពិសេសបំផុតដែលជម្រុញឱ្យខ្ញុំប្រឹង
សរសេរបន្តនូវសៀវភៅស្តីពីប្រវត្តិពិតរបស់ខ្ញុំបន្តទៀត។
ខ្ញុំសង្ឃឹមថា
សៀវភៅនេះនឹងអាចសរសេរចប់ជាស្ថាពរ សមតាមសេចក្តីប្រាថ្នា
និងការកំណត់ទុករបស់ខ្ញុំក្នុងឆ្នាំ២០១៥ខាងមុខនេះ៕
អរគុណបណ្ឌិត យឹម កិច្ចសែ កវីឯក
នៅប្រទេសអាល្លឺម៉ាញដែលបានប្រើពេលយ៉ាងច្រើនក្នុងការរៀបចំប័ណ្ណដ៏ល្អនេះ។
អរគុណជាអតិបរមាចំពោះឯកឧត្តម ព្រឿង ប្រណិត
កវីឯកដែលបានទូរស័ព្ទជូនពរខ្ញុំពីខេត្តឧត្តរមានជ័យរៀងរាល់ឆ្នំា
ឆ្នាំនេះ ឯ.ឧ.ក្មួយបានផ្ញើសារដែលមានសេចក្តីទាំងស្រុងថា :
ក្នុងឱកាសកំណើតរបស់អ្នកមីងក្មួយ និងភរិយា សូមគោរពជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារ
សូមទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច
ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែរមាននៅលើលោក៕
ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំ នៅតែនិយាយពាក្យដដែរៗថា «អរគុណអ្នកមីង»
ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអ៊ឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធន៍ជាច្រើន។
ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអ៊ឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធន៍ជាច្រើន។
ថ្ងៃនេះក្មួយកំពុងរង់ចាំឲ្យតែមេឃភ្លឺ នឹងអាលទូរស័ព្ទទៅជូនពរអ្នកមីង។
អំពីក្មួយ
ព្រឿង ប្រណីត
ព្រឿង ប្រណីត
និង
អរគុណជាពិសេសចំពោះ
លោក ហេង ឧត្តម
ផងដែរដែលបានជួយវាយអត្ថបទខាងក្រោមនេះដែលជាកាដូសំខាន់មួយ។
គ្រប់យ៉ាងដែលរៀបរាប់ខាងលើនេះសុទ្ធសឹងជាអំណោយ
ដ៏មានតម្លៃបំផុតចំពោះរូបខ្ញុំ។
សូមអញ្ជើញអាន
ឆ្នាំ១៩៤៦ – ១៩៤៧
ជីវភាពថ្មីនៅរាជធានីភ្នំពេញ
លោក យី ស៊ុម និងភរិយា ឌីវណ្ណ ទិញបានដីមួយដុំនៅភូមិបឹងកេងកង សង្កាត់លេខ៦
ក្រុងភ្នំពេញ។ ដីនោះ មានទំហំប្រហែល៧រយម៉ែត្រការ៉េ។ លោកបានរកជាងឲ្យសង់
ផ្ទះឈើប្រក់ក្បឿងធំទូលាយនៅលើទំហំដីពាក់ណ្តាលខាងក្រោយ។ គេហដ្ឋាននោះ
នោះបែរមុខទៅទិសខាងលិច មានជណ្តើរត្រង់ជាង១០កាំ ។
ក្រោយមក លោកប៉ានិងអ្នកម្តាយបានលើកផ្ទះឈើនេះប្រគេនសម្តេចព្រះគ្រូព្រះចៅ
អធិការកែវ អ៊ូច គង់នៅវត្តបុទុមវតី បើខ្ញុំមិនច្រឡំថានះរបស់ព្រះអង្គទេ ដើម្បីជាកិច្ច
តបស្នងព្រះគុណព្រះអង្គដែលបានទទួលឱ្យលោកប៉ាស្នាក់នៅក្នុងពេលដែលលោក
ប៉ាឡើងពីកម្ពុជាក្រោមមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។ ក្រោយមក លើដី
ដដែលនេះ លោកប៉ាបានរកជាងសង់ជាវិឡាដ៏ស្តុកស្តម្ភមួយពេញលើផ្ទៃដី ទុកតែ
បន្តិចខាងមុខដើម្បីធ្វើសួនច្បារ និងទុកដីនៅកៀនផ្ទះប៉ែកខាងកើត និងខាង
ក្រោយផ្ទះដែលមានទទឹងប្រហែលជាងមួយម៉ែត្រប៉ុណ្ណោះ ។ ភូមិគ្រឺះដ៏មាំនេះ
នៅគង់វង់រហូតដល់សព្វថ្ងៃនេះហើយត្រូវគេយកនៅទទេព្រោះយើងជាម្ចាស់ផ្ទះ
បានរត់គេចភៀសខ្លួនពីរបបយង់ឃ្នងមកនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៧៧។
ក្រោយពីរបបខ្មែរក្រហម អ្នកដែលចូលមកនៅបែងចែកជាល្វែងលក់តគ្នា។
ក្នុងបច្ចុប្បន្នកាលនេះ អតីតវីឡារបស់យើង ដាក់លេខ «២៨២» មិនមែនលេខ
«៣៩» ដូូចពីដើមទេ។
គឺជាភូមិគ្រឹះម៉ូតសាមញ្ញមួយ ដែលស្ថិតលើ«វិថីសម្តេចល្វីឯម ក្នុងសង្កាត់
បឹងកេងកង១ ក្រុងភ្នំពេញ ។ដីដែលសល់ពាក់កណ្តាលខាង
មុខ លោកយ៊ីស៊ុមមានគម្រោងទុកស្ថាបនាផ្ទះបីល្វែងជាន់ផ្ទាល់ដី។ ពីរល្វែង
សម្រាប់ជួល។ មួយល្វែងទៀត គ្រួសារស្នាក់នៅបណ្តោះអាសន្នសិន។ លោក
បានសន្សំប្រាក់ឈ្នួលផ្ទះ ទុកសង់ភូមិគ្រឹះមួយក្នុងអនាគតកាល។
មួយឆ្នាំក្រោយមក គូស្វាមីភរិយានេះបានបុត្រីមួយ។ ទារិកានេះ ចាប់កំណើត
ឃើញពន្លឺព្រះអាទិត្យនៅថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧។
លោកយាយស្បៃរឿងក៏មានវត្តមានក្នុងពេលបុត្រីសម្រាលដែរ។ ការប្រសូតបុត្រក្នុង
ជំនាន់នោះ ប្រព្រឹត្តនៅផ្ទះ។ ពេលចេញពីឧទរមាតា ទារិកាមានសង្វារព័ទ្ធជុំវិញក។
ឆ្មបមានការលំបាកយកសង្វារចេញពីកទារិកាណាស់ ព្រោះបើគេយកមិនស្រួលទេ
អាចបាក់កដ៏ទន់ខ្ចីរបស់ទារិកានេះ។ ដោយសារតែនាងកើតមកមានសង្វារ ទើប
លោកយាយស្បៃរឿងដែលជាជីដូនដាក់ឈ្មោះចៅស្រីច្បងនេះថា«សង្វាវ៉ាន[១]»។
ទារិកាសង្វាវ៉ានមានសក់ច្រើនខ្មៅក្រឹប ។ សាច់ក្រហមរងាលដែលចាស់ៗចំណាំថា
ប្រែសម្បុរជាសនៅពេលធំបន្តិច…………………………………………………………………
សូមស្លេស ( ដកស្រង់ចេញពីសៀវភៅជីវប្រវត្តិរបស់ខ្ញុំ ដែលខ្ញំកំពុងតែសរសេរ ។សៀវភៅនេះគ្រោងចេញផ្សាយឆ្នំា២០១៥ )
*
* *
[១] សង្វារដែលជាអត្តនាមរបស់ខ្ញុំ សរសេរអត់ដាក់ «រ» ទេ។
ចំណែកឯអ្នកដែលបានកើតក្នុងខែវិច្ឆិកានេះដែរ ហើយក៏ជាអ្នកនិពន្ធនិងជាកវី
ខ្មែរយើងដែរមាននាមថា:
លោកស្រីសេដ្ធារិន រស់នៅក្នុងប្រទេសជប៉ុន
និង
បណ្ឌិត យឹមកិច្ច សែ ក្នុងប្រទេសអាល្លឺម៉ាញ
ក.ក.ន
សូមម្ចាស់ប័ណ្ណពីររូបពីររូបជាទីគោរពស្រឡាញ់រាប់អានទាំងពីររូបនិង
អ្នកដែលបានរៀបចំរចនាប័ណ្ណដ៏ល្អស្អាតនេះអនុញ្ញាតការផ្សាយរូបថត
ប័ណ្ណទាំងពីរនេះ ពីររូបជាទីគោរពស្រឡាញ់រាប់អានពីររូប និងលោក
អ្នកអានទាំងអស់ដែលកើតក្នុងខែវិច្ឆិកាដែរ មានសុខភាពល្អមាំមួន និង
ប្រកបដោយសុភមង្គល និង វឌ្ឍនភាពជានិច្ចនិរន្តរ៍៕
រំដួលបុប្ផាអត្តសញ្ញាណជាតិខ្មែរ ដោយ ឡឹក ជំនោរ
បណ្ណដែលបានរៀបចំដ៏ល្អប្រណិតនេះជាស្នាដៃដែលកើតចេញពីដួង
ចិត្តរបស់បញ្ញាវន្ត អ្នកនិពន្ធខ្មែរយើងឡឹក ជំនោរ។
សូមឱ្យសេចក្តីស្រឡាញ់នៅលើបណ្ណនេះ និង ក្លិនក្រអូបនៃបុប្ផា
រំដួលសាយភាយជានិច្ចក្នុងដួងចិត្តមនុស្សលោកទាំងអស់នៅក្នុង
ពិភពលោក ជាពិសេសប្រិយមិត្តទាំងអស់ដែលបានចូលអាននិង
ចូលទស្សនាគេហទំព័រខ្ញុំនេះ។
សូមឱ្យសេចក្តីស្រឡាញ់ និង សន្តិភាពគ្របដណ្តប់លើដួងចិត្ត
មនុស្សជាតិក្នុងទិវានេះ និង គ្រប់ទិវារាត្រី៕
សិលាចាំប្តី បកស្រាយដោយ ទូច ស៊ុននិច
សិលាចាំប្តី បកស្រាយដោយ ទូច ស៊ុននិច
ខ្ញុំ និង ស្វាមីខ្ញុំស្រឡាញ់ ចូលចិត្តបទនេះណាស់។
បទនេះធ្វើឲ្យយើងនឹកឃើញអនុស្សាវរីយ៍ក្នុងរាត្រី
ណូអែលមួយដែលកន្លងទៅកាលពីជាងដប់ឆ្នាំមុន
គឺក្នុងពេលដែលកញ្ញា«ទូច ស៊ុននិច» មកច្រៀងក្នុង
ប្រទេសបារាំង ហើយនាងបានមកបរិភោគអាហារ
រួមគ្នានៅផ្ទះយើងដែលស្ថិតនៅឯទីក្រុង«ម៉ុងទីញី»
ប្រទេសបារាំង។
ខ្ញុំសូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូមួយ
ដែលរំលឹកអំពីពេលដែលកញ្ញា ទូច ស៊ុន និច
ចេញមកច្រៀងក្នុងប្រទេសបារាំង។
http://www.youtube.com/watch?v=aEax1mPkpP8
ដំណើរផ្សងព្រេងនៃគ្រួសារខ្ញុំចេញពីវាលពិឃាត (វគ្គទី២) និពន្ធដោយ ប៉ិច សង្វាវ៉ាន
រក្សាសិទ្ទិគ្រប់យ៉ាង
វគ្គទី២
ថ្ងៃសៅរ៍ ១៨ មេសា ១៩៧៥
ការកៀរប្រជាជនចេញពីក្រុងភ្នំពេញ
ដូចជារៀងរាល់ព្រឹក នាងតាក់ដាំបបរ និងចំអិនម្ហូបពេលព្រឹករួចរៀបដាក់នៅលើតុបាយជាស្រេច ។
នាងតឿនខ្ញុំឲ្យបរិភោគច្រើនដង តែខ្ញុំមិនអាចលេបអ្វីចូលទេប្រៀបដូចជាដេរភ្ជិតមាត់និងក្រពះខ្ញុំ។
ថ្ងៃនេះ ពេលភ្ញាក់បើកភ្នែកកាលណា ក្តីទុក្ខព្រួយ ក្តីកង្វល់ ក្តីបារម្ភ និង ការភ័យខ្លាចបានទន្ទា្រនដួង
ចិត្តខ្ញុំជាថ្មីឥតល្ហែ។ ខ្ញុំហាក់ដូចជាជ្រួលច្របល់ក្នុងចិត្ត ហេលហាល ស្រាលខ្លួនថ្ងើក រកថាមិនត្រូវ
ធ្វើនេះមិនបាន ធ្វើនោះក៏មិនកើត។ ខ្ញុំដើរចុះដើរឡើង ចេញពីបន្ទប់មួយទៅបន្ទប់មួយនៅក្នុងផ្ទះដ៏
ធំទូលាយ និងបិទទ្វារបង្អួចខាងមុខជិត។ យើងហាមគ្នាមិនឲ្យចេញទៅមុខផ្ទះ មិនឲ្យនិយាយខ្លំាង
កុំឲ្យឮសម្លេងចេញទៅខាងក្រៅ ដើម្បីកុំឲ្យពួកខ្មែរក្រហមសង្ស័យថាមានមនុស្សក្នុងផ្ទះនៅឡើយ។
ជណ្តើរនៅខាងក្រៅផ្ទះ ទាល់តែដើរកាត់រានហាលទើបចុះទៅបន្ទប់ខាងក្រោមបាន។ ដូច្នេះបើត្រូវ
ចុះឡើងទាល់តែអើតមើលទៅផ្លូវសិន កាលណាគ្មានមនុស្សដើរកាត់លើវិថីមុខផ្ទះទើបយើងហ៊ាន
ចុះឡើង។ ហេតុតែខ្លាចសេចក្តីស្លាប់។ អីក៏ពិបាកម៉្លេះតាំងពីថ្ងៃ១៧មេសាមក! ចុះហេតុអីក៏របប
កុម្មុយនីស្តខ្មែរនេះបង្ករការភ័យខ្លាច ព្រលឹងនៅចុងសក់តាំងពីថ្ងៃដំបូងដល់ម្លឹង?
ការចង់ដឹងហេតុការណ៍កាលពីយប់មិញក្នុងពេលពួកខ្មែរបដិវត្តន៍ចូលក្នុងផ្ទះយើងពុំអាចឲ្យខ្ញុំទ្រាំត
ទៅទៀតបានទេ។ ខ្ញុំក៏ដាច់ចិត្តចុះទៅបន្ទប់ជាន់ផ្ទាល់ដីដើម្បីស្តាប់រឿងដែលលោកប៉ា អ្នកម្តាយនិង
ប្អូនៗខ្ញុំនៅខាងក្រោមបានជួបប្រទះ។ វិជ្ជីឡា ប្អូនស្រីខ្ញុំបានកត់ទុកក្នុងសៀវភៅកំណត់ហេតុថាយប់
នោះ អ្នកដែលនៅក្នុងបន្ទប់ខាងក្រោមបានពន្លត់ភ្លើងទៀន។ អ្នកខ្លះទាញវាំងននបង្ហើបលបមើល
តាមបង្អួចកញ្ចក់។ អ្នកខ្លះទៀតក្រាបលើកាំជណ្តើរអើតក្បាលតែបន្តិចលបមើល។ ម្នាក់ៗចង់យំភ័យ
ស្វាយមុខអស់ រត់ខ្វែងដៃខ្វែងជើងក្នុងយប់នោះ ព្រោះផ្ទះយើងមានកាំភ្លើងវែងខ្លី និងគ្រាប់កាំភ្លើង
ពេញៗធុង។ ម្នាក់លាក់ឯនេះ ម្នាក់ទៀតលាក់ឯនោះ។ ចំណែកឯលោកប៉ាលួចបង្ហើបទ្វារក្រោយ
បន្តិចល្មមចេញខ្លួន រួចយកកាំភ្លើងទៅកប់ក្នុងដីសួនច្បារខាងកើតផ្ទះ។ កិច្ចការនេះធ្វើហើយស្រេច
បាច់ទាំងរញីរញ័រក្នុងរយៈពេល១០ឫ១៥នាទី។ និយាយពីអ៊ំប្រុសខ្ញុំ ដែលជាអ្នកប្រឈមមុខជួបខ្មែរ
ក្រហមមុនគេរៀបរាប់ព្រឹត្តការណ៍ក្នុងរាត្រីកន្លងទៅថា ៖ «ពេលយោធាខ្មែរក្រហមចូលមកក្នុងផ្ទះ
យើង វាសួរពីឡាន ពីម៉ូតូ ហើយទារសោរឡាន និងសួរមុខងាររបស់ម្ចាស់ផ្ទះ។ តែអ៊ំបានកុហក
ថាយានជំនិះទាំងអស់នេះជារបស់ដែលគេផ្ញើ។ ចំណែកឯម្ចាស់ផ្ទះជាអ្នករកស៊ី»។ ពួកវាជឿក៏នាំ
ចេញទៅវិញ ហើយប្រាប់ឲ្យរៀបឥវ៉ាន់ចេញពីផ្ទះ។ សូមជ្រាបថា អ៊ំប្រុសខ្ញុំជាអ្នកខេត្តស្វាយរៀង។
ពេលច្បាំងគ្នាខ្លាំង គាត់បាននាំក្រុមគ្រួសារទាំងមូលដែលមានទាំងកូនបង្កើត កូនប្រសារនិង ចៅ
តូចៗចំនួនទាំងអស់១៤នាក់ភៀសខ្លួនគេចពីគ្រាប់ផ្លោងមកសុំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិគ្រឹះ
មាតាបិតាខ្ញុំនៅបឹងកេងកង។ លោកប៉ាបានរៀបកន្លែងឲ្យគ្រួសាអ៊ំប្រុសនៅជាន់ផ្ទាល់ដីនៅក្នុងល្វែង
កណ្តាល គឺនៅខាងក្រោយកន្លែងដាក់រថយន្តនិងម៉ូតូ (សូមមើលរូបគំនូរខាងក្រោម)
<ទិដ្ឋភាពភូមិគ្រឹះយើងលេខ៣៩ វិថីល្វីឯម នៅសង្កាត់លេខ៤ ភូមិបឹងកេងកង
ក្រុងភ្នំពេញ នៅមុនភ្នំពេញធ្លាក់ក្នុងការកាន់កាប់របស់ខ្មែរក្រហម។ បច្ចុប្បន្ន
វីឡានេះប្តូរពីសភាពដើមសឹងតែអស់ សូម្បីតែលេខក៏ប្តូរមកលេខ២៥E0-E1។
ឯវិថីដាក់ល្វីឯមដដែល ឬផ្លូវលេខ២៨២ នៅបឹងកេងកងទី១។ វីឡាមាតាបិតាខ្ញុំ
ត្រូវបានគេយកនៅតាំងពីខ្មែរក្រហមបែកខ្ចាត់ខ្ចាយម្ល៉េះ ព្រោះក្រុមគ្រួសារខ្ញុំ
ទាំងមូលបានចេញមកដល់ប្រទេសបារាំងតាំងពីថ្ងៃ២មករា១៩៧៧ ហើយ
វីឡានេះក៏មានម្ចាស់ច្រើនដែលទិញតៗគ្នាដែរ។
(រូបនេះគូរដោយប្អូនស្រីខ្ញុំ ព្រហ្ម វិជ្ជីឡា ហៅ Irène)>
ថ្ងៃនេះ យើងពិគ្រោះគ្នាជាថ្មី ព្រោះយើងដឹងច្បាស់ថាខ្មែរមិនក្រហមបណ្តេញបណ្តាជនភ្នំពេញទាំង
អស់ឲ្យចេញពីផ្ទះ។ សេចក្តីសម្រេចថា«ចេញ ឬ មិនចេញ»ចេះតែប្រទាញប្រទង់ក្នុងគំនិតយើងមិន
ដាច់ស្រេចសោះ។ ម្តាយក្មេកខ្ញុំដែលដឹង និងយល់ច្បាស់អំពី ការអល់អែករារែករបស់យើង ក៏ស្ម័គ្រ
ចិត្តដើរចេញទៅសួរស្ទង់មតិអ្នកជិតខាង។ ចម្លើយម្ចាស់ផ្ទះមួយណាក៏មិនខុសគ្នាទេ គឺគេនិងចេញពី
ផ្ទះក្រោយគេបង្អស់។ យើងបែកចេញពីគ្នាទៅរៀបចំឥវ៉ាន់រៀងខ្លួន។ ម្តាយក្មេកខ្ញុំក៏បានលាទៅផ្ទះ
គាត់នៅឯច្បារអំពៅវិញ។ មុននឹងឃ្លាតទៅ គាត់បានជួយយកប្រហុក ម៉ាំដែលមានក្នុងផ្ទះស្រាប់មក
ញាត់ដាក់ពេញឆ្នាំងនិងក្រឡតូចៗ។ គាត់ផ្តាំថា បើយើងមិនដឹងទៅនៅកន្លែងណាទេនាំគ្នាទៅស្នាក់
នៅផ្ទះគាត់ម្តង ព្រោះផ្ទះគាត់នៅមាត់ទន្លេ យើងមានក្មេងតូចៗត្រូវតែទៅនៅទីណាដែលមានទឹក។
ប្រហែលជាបួនប្រាំថ្ងៃមុន ពេលដែលយោធាខ្មែរក្រហមទន្ទា្រនចូលបាញ់ និងដុតផ្ទះសម្បែងអ្នក
ស្រុកច្បារអំពៅ ម្តាយក្មេកខ្ញុំ និងកូនចៅតូចៗរបស់គាត់ក៏បានរត់មកស្នាក់នៅក្នុងវីឡារបស់លោក
ប៉ាអ្នកម្តាយខ្ញុំដែរ។ ថ្ងៃដែលអង្គការកៀរអ្នកភ្នំពេញចេញពីគេហដ្ឋាននៅថ្ងៃ១៨មេសា១៩៧៥នេះ
ក្រុមគ្រួសារយើងគ្មានគោលដៅទេ ច្បាស់ជាទៅស្នាក់នៅច្បារអំពៅផ្ទះម្តាយក្មេកខ្ញុំម្តងហើយ។
***
ខ្ញុំបានបង្គាប់ឲ្យនាងតាក់រៀបចានឆ្នាំងសមស្លាបព្រា កាំបិត ជ្រុញ និង ម្ហូបក្រៀមក្រោះ និង ប្រាប់
នាងឲ្យដាំទឹកពីរកំសៀវធំៗដើម្បីយកទៅតាមខ្លួនទុកលាយទឹកដៅគោម្សៅឲ្យប្រុសធំកូនទី២របស់
ខ្ញុំផង និងទុកបំបាត់ការស្រេកក្នុងពេលធ្វើដំណើរផង។ ផ្តាំរួចហើយ ខ្ញុំឡើងមកកាន់បន្ទប់ខ្ញុំនៅជាន់
ខាងលើវិញ។ ខ្ញុំយកសម្លៀកបំពាក់កូនទាំងពីរច្រើនជាងគេ មានតាំងពីអាវរងា និងមួកធ្វើពីអំបោះ
ឡែន ជាពិសេសថ្នាំពេទ្យសម្រាប់កូន និង មនុស្សចាស់ជាច្រើនមុខ មានតាំងពីថ្នាំអង់ទីប៊ីយូទិច
(Antibiotique) សំឡី អាល់កុល ថ្នាំក្រហមជាដើម គឺសឹងតែយកអស់ពីក្នុងទូកញ្ចក់ដាក់ថ្នំារបស់
គ្រួសារខ្ញុំ។ ខ្ញុំក៏មិនភ្លេចម្ជុលដេរ អំបោះ កន្តៃ្រ ប្រដាប់កាត់ក្រចកដែរ ។ ស្វាមីខ្ញុំយកខោបារាំងនិង
អាវសឺមីសតែបួនប្រាំបន្លាស់។ ចំណែកខ្លួនខ្ញុំវិញ ខ្ញុំយកតែសារុងជំនំៗពណ៌ស្រគាំៗនិងអាវយឺត
វាលក វាលក្លៀកដែលខ្ញុំចូលចិត្តពាក់នៅផ្ទះ ហើយដាក់ខោបារាំងពីរបី និងអាវដែលអាចពាក់ចេញ
ដើរក្រៅផ្ទះទៅណាមកណាបាន។
ថ្វីត្បិតតែខ្មែរក្រហមបានប្រាប់យើងថា ឲ្យចេញតែពីរបីថ្ងៃ តែហាក់ដូចជាមានអ្វីមកប្រាប់ឲ្យខ្ញុំប្រមូល
យកសញ្ញាប័ត្ររបស់យើងទាំងពីរនាក់ប្តីប្រពន្ធ និងរូបថតខ្នាតតូចៗសម្រាប់អត្តសញ្ញាណប័ណ្ណតាម
ខ្លួនដែរ។ ខ្ញុំគិតថា បើសិនជាដើរហួសឆ្ងាយទៅដល់ប្រទេសជិតខាងណាមួយដោយចៃដន្យហើយ
កាលៈទេសៈតម្រូវឲ្យរកការងារធ្វើ វាងាយស្រួលនឹងមានអ្វីបញ្ជាក់និងបង្ហាញគេដែរ។ ខ្ញុំគ្មានសង្ឃឹម
វិលត្រឡប់មករស់នៅក្នុងភូមិគ្រឹះរបស់យើងវិញឡើយ។ ពិតមែនតែយើងបានរៀបចំឥវ៉ាន់រួចស្រេច
ហើយ តែនៅមានចិត្តមួយថា សុខចិត្តស្លាប់ក្នុងវីឡាដ៏មនោរម្យដែលធ្លាប់ផ្តល់សេចក្តីសុខសាន្តដល់
យើងចុះ។ ខ្ញុំក៏បានវេចខ្ចប់ និងលាក់ទុកមួយកន្លែងនូវគ្រឿងប្រាក់ដ៏មានតម្លៃមនោសញ្ចេតនាទាំង
ប៉ុន្មានដែលមិត្តភក្តិបានធ្វើអំណោយជាចំណងដៃអពាហ៍ពិពាហ៍ស្វាមីខ្ញុំនិងខ្ញុំដែរ។
ចំណែកអ្នកម្តាយនិងប្អូនខ្ញុំបាននាំគ្នាលើកវត្ថុមានតម្លៃមួយចំនួនទៅដាក់ក្នុងបន្ទប់ជាច្រើន រួចចាក់
សោរទ្វារ ។ វីឡាយើងមិនសូវមានដីសល់ច្រើនទេ គឺមានតែសួនច្បារខាងមុខពីរអមសង្ខាងផ្លូវដើរ
ចូលកន្លែងដាក់រថយន្តប៉ុណ្ណោះ ព្រោះលោកប៉ាសង់ផ្ទះធំពេញដី ហេតុនេះហើយបានជាយើងគ្មាន
ដីធំអាចជីកកប់លាក់វត្ថុដ៏មានតម្លៃដូចគេកើតទេ។ ម៉្យាងទៀត យើងជឿស្លុងលើសំដីយោធាខ្មែរ
ក្រហមដែលដើរដេញបណ្តាជនតាមផ្ទះថា «កុំយកឥវ៉ាន់ទៅច្រើនចាក់សោរទុកក្នុងទូទៅ ។ អង្គការ
រក្សាសម្បត្តិបងប្អូនមិនឲ្យបាត់ទេ។ បងប្អូនចេញតែបីថ្ងៃ និងត្រឡប់មកផ្ទះវិញហើយ កាលណាអង្គ
ការរៀបចំរួច»។ យើងបានរៀបបង្វិចឥវ៉ាន់យកមកដាក់ញាត់ពេញរថយន្ត តែមិនដាច់ចិត្តចេញពីផ្ទះ
សោះ។ ចិត្តយើងនៅអាល័យភូមិគ្រឹះយើងណាស់។ ខ្ញុំពរប្រុសធំជាប់នឹងដៃជានិច្ច។ ឱរាខ្ញុំតឹងស្ទើរ
តែប្រេះបែក។ ទឹកមុខយើងក្រៀមស្រពោន រលីងរលោងទឹកភ្នែកទាំងអស់គ្នា។ លោកប៉ាមាន
ប្រសាសន៍យ៉ាងក្រៀមក្រំមកកាន់ពួកយើងជាកូនៗថា៖
– ទៅចុះកូន ទៅឲ្យបានសុខ។ ប៉ានៅចាំផ្ទះយើងជាមួយយាយ និងមីងឯង (មីងថុនប្អូនពៅរបស់
លោកប៉ា) ។
យើងអួលដើមករកនិយាយមិនចេញ។ ព្រះអើយ ! យើងត្រូវចាកចេញពីផ្ទះជាមួយអ្នកម្តាយហើយ
ត្រូវបែកពីលោកប៉ាទៀត។ ទ្រូងខ្ញុំអួលណែននិយាយលែងចេញ។ ម៉ោង៩ប្លាយទៅហើយ យើងមិន
ទាន់ដាច់ចិត្តចេញពីផ្ទះនៅឡើយ។ មិនអស់ចិត្តសោះ ខ្ញុំ វ៉ាន់មុនី និង វិជ្ជីឡា ចេញទៅឈរលើវិថីល្វី
ឯមមុខផ្ទះហើយក្រឡេកមើលទៅគ្រប់ផ្ទះអ្នកជិតនៅទិសខាងលិចនិងទិសខាងកើត ព្រោះចង់ដឹង
តើពួកគេចេញពីផ្ទះអស់ឬនៅ? ក្នុងពេលនោះ ខ្ញុំបានឃើញយោធាខ្មែរក្រហមម្នាក់កំពុងតែឈរនៅ
មុខផ្ទះលោក ទុង ទាងដែលជាមេគយនៅអ្នកលឿង។ ជនអាវខ្មៅខោខ្មៅនោះស្រែកហៅខ្លាំងៗឲ្យ
ម្ចាស់ផ្ទះបើកទ្វារ។ លុះស្រែកហៅច្រើនដង មិនឃើញនរណាចេញមកបើកទ្វារឲ្យ ជននោះក៏លើក
កាំភ្លើងតម្រង់បាញ់ផាំងៗចូលក្នុងផ្ទះលោកមេគយ ហើយតោងរបងផ្ទះឡើងកាច់ប្រដើសឬស្សី
ដែលម្ចាស់ផ្ទះពង្រឹងឡើងឲ្យខ្ពស់ហួសរបងដែកប្រុងផ្លោះចូលក្នុងវីឡាលោកទុង ទាង។ ឃើញវិការ
ដ្ឋាននេះជាក់ស្តែងនឹងភ្នែកក្រឡែតយ៉ាងនេះ ខ្ញុំរឹតតែស្លុតឡើងញ័រដើមទ្រូងចំប្រប់។ ពេលនេះសេច
ក្តីស្លាប់នៅចំពីមុខខ្ញុំហើយ។ ខ្ញុំរត់ឡើងត្រហេបត្រហបទៅលើផ្ទះជាមួយប្អូនស្រី ដើម្បីជម្រាបលោក
ប៉ាតាមដំណើរហេតុដែលទើបនឹងកើតមានឡើង ៖
– នៅមិនបានទេលោកប៉ា ឆាប់ឡើង ខ្លាចវាបាញ់។ វាចូលបាញ់ផ្ទះលោក ទុង ទាងហើយ ។
ជីដូនខ្ញុំស្ទុះឡើងប្រញាប់វេចខ្ចប់ឥវ៉ាន់ ហើយយកមកដាក់ក្នុងឡានភ្លាម។ គ្រាន់តែមួយបង្វិចពីរ
ម្នាក់ ឡានយើងធ្ងន់ឡើងពៀបជិតដល់ដី ព្រោះក្រុមគ្រួសារយើងមានគ្នាដល់ទៅ១៧ (ដប់ប្រាំពីរ
នាក់) ។ នៅនាទីចុងក្រោយនេះ គ្មានអ្នកណាម្នាក់ចង់ឃ្លាតពីផ្ទះទេ។ ទឹកភ្នែកផ្តើមរមៀលចេញពី
កែវភ្នែកយើងគ្រប់គ្នា។ គ្មាននរណាម្នាក់អាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំដើរទៅកៀនខាងកើតផ្ទះ
សម្លឹងមើលដើមចំប៉ាដែលផ្តល់ផ្កាច្រើនចោលក្លិនក្រអូបសាយ។ ផ្កាចំប៉ាដែលខ្ញុំធ្លាប់បេះថ្វាយព្រះ
ចងសក់ និង ដាក់លើខ្នើយ។ ចំប៉ាអើយ! ខ្ញុំខានបេះនិងស្រង់ក្លិនដ៏ក្រអូបរបស់អ្នកទៀតហើយចាប់
ពីថ្ងៃនេះពេលនេះ។ ខ្ញុំត្រឡប់មកមើលដើមជំពូនៅខាងមុខផ្ទះដែលជ្រុះផ្កាសក្បុសលើសួនច្បារ។
ផ្លែជំពូ ស ដែលយើងធ្លាប់ឈោងដៃបេះពីលើរានហាលមុខផ្ទះ។ ស្រណោះណាស់ ! យើងយំ! យំ
ព្រោះត្រូវឃ្លាតពីផ្ទះនៅថ្ងៃ១៨មេសា១៩៧៥នេះហើយ។ ផ្ទះអើយ ! ផ្ទះដ៏ត្រជាក់ត្រជុំ។ផ្ទះធ្លាប់ផ្តល់
សេចក្តីសុខក្សេមក្សាន្ត និងបង្កប់អនុស្សាវរីយ៍រាប់មិនអស់នៃគ្រួសារខ្ញុំ ។ ម្ចាស់អ្នករូបត្រូវតែបង្ខំចិត្ត
ចាកឆ្ងាយពីអ្នកហើយ។
ផ្ទះអើយៗផ្ទះធ្លាប់ជ្រករស
ធ្លាប់ផ្តល់កិត្តិយសសុខសាន្ត
ពីថ្ងៃនេះទៅយើងអស់បាន
យល់ភូមិគ្រឹះស្ថានសែនអាល័យ។
ម្ល៉េះសមធូលីរួមរឹតផ្ទះ
ឬមួយក៏ផ្ទះក្លាយជាអ្វី?
ផ្ទះអើយៗផ្ទះព្រាត់ទីទៃ
ចិត្តអើយអាល័យស្តាយម្ល៉េះណ៎ា។
ផ្ទះឃ្លាតពីម្ចាស់ៗទៅឆ្ងាយ
ស្តាយនេះសែនស្តាយខានរក្សា
ឱ!ដើមជំពូដើមចំប៉ា
ធ្លាប់ចោលគន្ធាក្រអូបសាយ។
ក្រអូបឈ្ងុយឈ្ងប់ជាប់នាសា
ស្រូបក្លិនកាលណាបាត់ហត់នឿយ
ធ្លាប់បេះចងសក់ជារឿយៗ
មិនដែលកន្តើយបេះថ្វាយព្រះ។
ឥឡូវចំប៉ាផ្កាតែឯង
ម្ល៉េះសមអ្នកផ្សេងកាប់ឬបេះ
ឬមួយចំប៉ាក្រៀមក្រោះផ្អេះ
ជនអត់តម្រិះកាប់បំផ្លាញ។
បំផ្លាញផ្ទះជំពូចំប៉ា
ឱ!សែនអនិច្ចាផ្កាសម្លាញ់
ព្រះអើយមើលចុះគេប្រវ័ញ្ញ
បោកប្រាសបណ្តេញម្ចាស់ភូមិដី។
ឲ្យម្ចាស់ខ្ចាត់ព្រាត់ជ្រកនាយអាយ
ជីវភាពរលាយក្នុងមួយថ្ងៃ
ទឹកភ្នែកយើងហូរស្ទើរតែក្ស័យ
ខាំមាត់ឈឺក្រៃទ្រូងអួលផ្សា។
លាហើយ លាហើយ លាទាំងអស់
លាទាំងស្រណោះអនុស្សា
ភ្នំពេញគ្មានសង្ឃឹមវិលរ៉ា
អាល័យម្ល៉េះណាលុះអវសាន។
អនុស្សាវរីយ៍នៅស្រស់ៗ
អាល័យអាឡោះភ្លេចម្តេចបាន
មុនធ្លាប់ជួបជុំញាតិសន្តាន
ឥឡូវព្រាត់បានលានអាល័យ៕
លាហើយភូមិគ្រឹះដែលខ្ញុំនិងប្អូនៗធ្លាប់រស់នៅត្រជាក់ត្រជុំតាំងពីតូចៗ។ បងប្អូនយើងទាំង១២នាក់
ចូលចិត្តនៅតែក្នុងបន្ទប់ក្នុងផ្ទះយើង មិនមានចិត្តចង់ដើរទៅឯណាទេ។ តើអ្នកមានគុណរបស់ខ្ញុំទាំង
ពីរលោកស្តាយយ៉ាងណាដែល ខំសន្សំប្រាក់សាងវីឡាជាច្រើនឆ្នាំទៅតាមសមត្ថភាព ស្រាប់តែនៅ
ថ្ងៃនេះត្រូវនាំកូនចៅទាំងមូលចុះចេញពីផ្ទះទាំងបង្ខំ។ ព្រោះតែចិត្តស្តាយនោះហើយបានជាលោក
ប៉ាសុខចិត្តនៅចាំផ្ទះ មិនភ័យបារម្ភពីជីវិតដែលត្រូវប្រឈមនឹងអង្គការបដិវត្តន៍កម្ពុជាក្រហមឆ្អិនឆ្អៅ
មហាជឿនលឿន មហាលោតផ្លោះ មហាអស្ចារ្យ។
…[ត]
នៅទីបំផុត យើងបង្ខំចិត្តចេញពីផ្ទះនៅវេលាម៉ោង៩។ ក្រុមគ្រួសារអ៊ំស្រីអ៊ំប្រុសក៏រួមដំណើរជាមួយ
ពួកយើងដែរ។ ប្អូនស្រីខ្ញុំព្រហ្ម វិជ្ជីឡាបានសរសេរក្នុងសៀវភៅថា «អ៊ំស្រីខ្ញុំយំច្រើនណាស់ យំអា
ណិតក្មួយៗដែលមិនធ្លាប់ពិបាកកើតមកស្គាល់តែស្រណុក ហើយថា «ក្មួយជិតចេញទៅបរទេសបែរ
ជាត្រូវខកខានទៅវិញ។ អ៊ំងងឹតភ្នែកផង មិនដឹងជាពិបាកយ៉ាងណាទៅ? រថយន្តម៉ាករឺណូកាត់អិល
ពណ៌ផ្ទៃមេឃផ្ទុកឥវ៉ាន់ពេញណែននៅសល់តែល្វែងកៅអីពីរខាងមុខប៉ុណ្ណោះ។ គ្មាននរណាបាន
ជិះឡាន ក្រៅពីប៉ិច ឈុនស្វាមីខ្ញុំដែលជាអ្នកបើក រូបខ្ញុំនិងកូនតូចៗទាំងពីរនាក់គឺស្រីគុជ និង ប្រុស
ធំទេ។ អ្នកឯទៀតដើរនៅជាប់ជិតឡានទាំងអស់គ្នាមិនហ៊ានដើរឆ្ងាយពីគ្នាឡើយខ្លាចវង្វេងបាត់គ្នា។
ចំណែក នាងតាក់អ្នកបម្រើខ្ញុំវិញព្យួរកន្ត្រកចានស្លាបព្រា និង បិលម្រេចនៅដៃកង់រណេងរណោង។
យើងចេញពីវិថីល្វីឯម រួចបត់ស្តាំដើរតាមវិថីហែមចៀវ (អតីតវិថីត្រសក់ផ្អែម បច្ចុប្បន្នកាល វិថីនេះ
ដាក់ឈ្មោះដើមវិញហើយ) ឆ្ពោះទៅទិសខាងត្បូងរួចបត់តាមមហាវិថីព្រះនរោត្តមចុះទីត្បូងជានិច្ច
តាមបណ្តាជននៅភ្នំពេញដែលត្រូវខ្មែរក្រហមជម្លៀស។ នៅក្រោមកំដៅក្តៅហែងនៃព្រះសុរិយា
ក្នុងខែចែត្រ មនុស្សម្នាមីរដេរដាសពេញមួយទីក្រុងភ្នំពេញនាំគ្នាធ្វើដំណើរណែនណាន់តាន់តាប់
ពេញដងវិថី។ ភាគច្រើនៗតែថ្មើរជើងដើរប្រជ្រៀតគ្នាស្ទើរតែងាកខ្លួនមិនរួច។ អ្នកខ្លះទទូរក្រមាឬ
កន្សែងពោះគោ។ ខ្លះពរកូនតូច អ្នកខ្លះទូលបាវឥវ៉ាន់ អ្នកខ្លះរុញរទេះ អ្នកខ្លះរុញគ្រែពេទ្យដែលនៅ
លើនោះមានអ្នកជំងឺដេកព្យួរសេរ៉ូម។ អ្នកជំងឺខ្លះទៀតជើងរបួសមិនទាន់ជារុំបង់ប្រឡាក់ឈាមក្រ
ហមឆ្អៅអង្គុយលើកៅអីពេទ្យដែលមានកង់រុញ។ ស្រ្តីខ្លះទើបតែឆ្លងទន្លេកូនខ្ចីក្រហមរងៀលក៏ត្រូវ
ខ្មែរក្រហមបណ្តេញចេញពីមន្ទីរសម្ភពគ្មានធម៌មេត្តាបន្តិចសោះឡើយ។ ក្នុងពេលនោះ យើងឃើញ
គ្រប់យ៉ាងអស់ហើយ វេទនាភ្នែកនិងខ្លោចផ្សាណាស់ព្រះអើយ! មិនដែលប្រទះទេតាំងពីកើតមក។
លុះមកដល់វិមានរដ្ឋចំការមនដែលជាព្រះរាជដំណាក់ក្នុងសម័យសង្គមរាស្រ្តនិយមនៃរបបរាជានិ
យម នៅពេលជិតថ្ងៃត្រង់ ព្រះសុរិយាកាន់បញ្ចេញសូរសែងក្តៅឡើងៗ។ ចរាចរក៏កាន់តែចង្អៀត
ណែនហើយស្ទះមិនអាចទៅមុខបានត្រូវឈប់ពីរបីដងទម្រាំបានដើររុលទៅមុខកើត។ ពេលនោះ
ស្នូរកាំភ្លើងកាន់តែឮរន្ធើនញ៉ាំងឲ្យយើងព្រឺខ្លាច ព្រោះមិនដឹងជាបាញ់នរណា តែក្រោយមក ទើប
យើងដឹងថា ពួកខ្មែរក្រហមបាញ់ឡើងទៅលើមេឃដើម្បីបង្អើលមនុស្សឲ្យខំធ្វើដំណើរស្រូតទៅមុខ
កុំបង្អង់។ នៅត្រង់ម្តុំនេះ ឡានបន្តគ្នាចង្អៀតស្កេកស្កះ។ មនុស្សដើរបញ្ជៀ្រតគ្នារិលទៅមុខរុញច្រាន
គ្នាពីក្រោយស្ទើរតែដួល។ ក្រុមគ្រួសារខ្ញុំហៅរកគ្នាឲ្យដើរម្តុំគ្នានៅជិតឡានជានិច្ចខ្លាចបែកបាត់គ្នា។
មកដល់ឃ្លាំងអង្ករនៅចំការមន ចរាចរត្រូវស្ទះជាថ្មី។ យើងខំរុញឡានអែបចិញ្ចើមថ្នល់រកម្លប់ដើម
ឈើឲ្យក្មេងៗជ្រក និងដើម្បីសម្រាកបន្តិចឲ្យបាត់ហត់ផង ហើយក៏ឆ្លៀតបរិភោគតែម្តងដើម្បីសន្សំ
កម្លាំងបន្តដំណើរ។ មិនដឹងលោកប៉ាអ្នកម្តាយនិងប្អូនៗខ្ញុំយ៉ាងណាទេ តែចំពោះខ្ញុំៗខំលេបបាយ
ទាំងបង្ខំហាក់បីដូចជាលេបគ្រួសយ៉ាងនោះ។ ខ្មែរក្រហមបានបើកឃ្លាំងអង្ករ យើងឃើញគេសែង
អង្ករពីឃ្លាំងមកដាក់ឡាន។ ឃើញដូច្នោះ លោកប៉ា ស្វាមីខ្ញុំ និងប្អូនប្រុសៗខ្ញុំក៏នាំគ្នាទៅសែងយក
បានបីបាវមកដាក់លើម៉ូតូដែរ។
ក្រោយពីមានកម្លាំងគ្រាន់បើ យើងបន្តដំណើរទៅមុខទៀត។ នៅចំផ្លូវកាច់ឡើងស្ពានមុនីវង្សឆ្លង
ទៅច្បារអំពៅ យើងពិបាកមែនទែន។ច រាចរត្រូវស្ទះជាថ្មីជាច្រើនម៉ោងព្រោះតែមានឡានយោធា
ធំៗ និងឡានផ្ទាល់ខ្លួនម៉ាកម៊ែរសឺដេសរបស់ខ្មែរក្រហមដឹកគ្រួសារនិងឥវ៉ាន់បើកបញ្រ្ចាស់ទិសចូល
មក។
សូមស្លេសសិន នៅមានត
ដំណើរផ្សងព្រេងនៃគ្រួសារខ្ញុំចេញពីវាលពិឃាត(វគ្គទី១) និពន្ធដោយ ប៉ិច សង្វាវ៉ាន
រឿងពិតរបស់ក្រុមគ្រួសារខ្ញុំ
រក្សាសិទ្ធិគ្រប់យ៉ាង
វគ្គទី១
ចូលឆ្នាំថោះ
១៧ មេសា ១៩៧៥
ភ្នំពេញធ្លាក់ក្នុងកណ្តាប់ដៃខ្មែរក្រហម
ស្ថានការណ៍ក្នុងប្រទេសកាន់តែវឹកវរខ្លាំងឡើងៗតាំងពីមុនចូលឆ្នាំថោះម្ល៉េះ។ ពួកខ្មែរ
ក្រហមបានផ្លោងនិងបំផ្ទុះគ្រាប់បែកនៅជាយក្រុងភ្នំពេញកាន់តែញឹកញាប់ឡើង។ ម្តងឭថា
គ្រាប់បែកផ្ទុះនៅក្បែរស្ថានទូតចិន ម្តងនៅផ្សារដើមគរ ម្តងទៀតនៅទួលទំពូង ។ល។ ឯ
ទំនិញសព្វសារពើក៏ឡើងថ្លៃដូចសន្ទុះព្រួញ។អតិផរណា និង អសន្តិសុខស្ទើរតែគ្រប់ទិសទី
បានទាញទម្លាក់ទឹកចិត្តនិងជីវភាពនៃបណ្តាជនភ្នំពេញឲ្យធ្លាក់ទឹកចិត្តនិងស្គាល់ភាពយ៉ាប់
យ៉ឺនស្រឺតៗក្រោមសូន្យ។ ពួកខ្មែរក្រហមបានឃោសនាថា នឹងវាយយកភ្នំពេញឲ្យបានក្នុង
ពេលចូលឆ្នាំថោះ ។ ម៉្លោះហើយ សាលារៀន អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ
មួយចំនួនធំដែលមានជាអាទិ៍ មហាវិទ្យាល័យគរុកោសល្យនៅក្រុងភ្នំពេញត្រូវបានបិទទ្វារ
បណ្តោះអាសន្នតាំងពីមុនថ្ងៃចូលឆ្នាំថ្មីម៉្លេះដោយខ្លាចគ្រាប់រ៉ុក្កែត។ មិនខុសពីអ្នកភ្នំពេញឯ
ទៀតដែរ ក្រុមគ្រួសារខ្ញុំស្គាល់តែក្តីព្រួយបារម្ភជាប្រចាំ។ យើងគិតពីអាយុជីវិតដែលមិនដឹង
ជាត្រូវវិនាសនៅថ្ងៃណា ពេលណា ម៉ោងណា ពីព្រោះសេចក្តីស្លាប់នៅជំហមចាំ លើក្បាល
យើងជាអចិន្ត្រៃយ៍រកតែរំលែកកូនចិត្តតូចមួយឲ្យស្រឡះមិនបានដើម្បីរង់ចាំទទួលទេវតាថ្មី
ដូចក្នុងគ្រាដែលប្រទេសកម្ពុជាមានសន្តិភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ដើម្បីបំពេញកិច្ច
តាមទំនៀមទម្លាប់ដូចរាល់ឆ្នាំ នៅថ្ងៃច័ន្ទ១៤មេសា១៩៧៥ ដែលជាថ្ងៃចូលឆ្នាំថ្មី ខ្ញុំបានជួយ
អ្នកម្តាយខ្ញុំរៀបចំគ្រឿងសក្ការៈ មានធូបទៀន ផ្កាភ្ញី និងផ្លែឈើម្ហូបម្ហានំចំណីទទួលទេវតា
ថ្មី។ នៅថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារខ្ញុំបានអញ្ជើញជីដូនខ្ញុំនៅទួលគោក និងម្តាយ
ក្មេកខ្ញុំនៅច្បារអំពៅមកចូលរួមក្នុងការជប់លៀងបន្តិចបន្តួច ក្នុងភូមិគ្រឹះយើងដែលស្ថិតនៅ
លេខ៣៩ វិថីសម្តេចល្វីឯម ក្នុងសង្កាត់បឹងកេងកង ក្រុងភ្នំពេញ។
***
ពិធីជប់លៀងតូចនេះប្រព្រឹត្តទៅសោះកក្រោះគ្មានចិត្តរីករាយបន្តិចឡើយ។ នៅវេលាថ្ងៃ
ត្រង់ ក្នុងពេលដែលយើងទាំងអស់គ្នាកំពុងតែបរិភោគ រិទ្ធីប្អូនប្រុសខ្ញុំដែលទើបនឹងមកពីដើរ
លេងបាននាំដំណឹងមិនល្អមួយមកប្រាប់យើងទាំងត្រហេបត្រហប ៖
-គ្រាប់បែកផ្ទុះក្នុងក្រសួងការពារជាតិ។ ចរាចរត្រូវបិទពេញ២៤ម៉ោង។ នៅតាមផ្លូវ មនុស្ស
ច្រើនណាស់កំពុងតែនាំគ្នាជញ្ជូនឥវ៉ាន់ចូលមកកណ្តាលក្រុងភ្នំពេញ។ ពួកគេថា ខ្មែរក្រហម
ចូលមកដល់ទួលគោកហើយ។
ដំណឹងនេះធ្វើឲ្យយើងស្លុតចិត្ត តែខ្ញុំមានចិត្តមួយមិនទាន់ជឿសម្តីប្អូនប្រុសខ្ញុំនៅឡើយ។
ខ្ញុំក៏ឆ្លើយ៖
– មែនឬ? មិនជឿទេ ឯងភរ។
– បើអ្នកបងមិនជឿខ្ញុំទេ បើកវិទ្យុស្តាប់ទៅ។ វិទ្យុច្បាស់ជាផ្សាយដំណឹងនេះមិនខាន។ មែន
តាំងពីព្រឹក យើងមិនបានបើកវិទ្យុស្តាប់សោះ ដោយហេតុថាឆ្នាំនេះវិទ្យុជាតិមិនបានរៀបចំ
កម្មវិធីពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរដូចពីឆ្នាំមុនៗទេ។ ខ្ញុំក្រោកចេញទៅយកវិទ្យុថ្មពិល
មកដាក់នៅជិតខ្លួន ហើយនាំគ្នាចាំស្តាប់ព័ត៌មាន។ ភ្លាមនោះ យើងឮវិទ្យុផ្សាយឲ្យដឹងថា៖
«ដោយមានគ្រាប់ផ្លោងធ្លាក់នៅក្រសួងការពារជាតិនិងនៅទួលគោក វិទ្យុជាតិសូមប្រកាសបិទ
ចរាចរ២៤ម៉ោងទល់នឹង២៤ម៉ោង។ សូមបងប្អូនរួមជាតិនៅទួលគោកមេត្តារក្សាសភាពរៀបរយ
កុំជ្រួលច្របល់ ហើយកុំចាកចោលផ្ទះសម្បែងឲ្យសោះ។ ដើម្បីរក្សាសន្តិសុខជូនបងប្អូន ក្រសួង
ការពារជាតិសន្យាតស៊ូការពារបងប្អូនរួមជាតិដរាបដល់នាទីចុងក្រោយ…»។ល។
ខ្ញុំព្រឺក្បាលខ្ញាកឡើងសម្បុរគង្គក់សព្វសាច់ក្រោយពីបានស្តាប់វិទ្យុជាតិការប្រកាសអាសន្ននេះ។
ក្រុមគ្រួសារដែលកំពុងតែបរិភោគធ្លាក់ទឹកមុខគ្រប់គ្នាលែងបរិភោគចូល។ ជីដូនខ្ញុំជ្រួលច្របល់ជាង
គេព្រោះគាត់អញ្ជើញមកផ្ទះយើងតែម្នាក់ឯង មិនបានយកកូនស្រីពៅរបស់គាត់មកជាមួយទេ។ មីង
ថុននៅផ្ទះតែម្នាក់ឯងឯទួលគោក ។ ជីដូនខ្ញុំមានប្រសាសន៍ទៅកាន់ស្វាមីខ្ញុំទាំងទឹកមុខក្រៀមក្រំ។
– ចៅឈុន ចៅបើកឡានជូនយាយទៅយកមីងថុនពីទូលគោកបានទេ?។
– គេបិទផ្លូវអស់ហើយលោកយាយ យើងមិនអាចទៅណាមកណាបានទេ។
ពួកយើងឆ្លើយព្រមគ្នាជម្រាបជីដូន។ជីដូនខ្ញុំអន្ទះសាណាស់មិនបានស្តាប់ចម្លើយពួកយើងទេ។
គាត់ចុះយ៉ាងលឿនទៅខាងក្រោមហើយចូលទៅអង្គុយចាំក្នុងរថយន្តជាស្រេច។ ឃើញដូច្នោះ
ស្វាមីខ្ញុំនិងលោកប៉ាខ្ញុំក៏ដាច់ចិត្តប្រថុយជូនលោកយាយទៅ។ រថយន្តចេញពីផ្ទះតែមួយស្របក់
ក៏បកក្រោយត្រឡប់មកផ្ទះវិញ។ ស្វាមីខ្ញុំបានរៀបរាប់ឲ្យដឹងថា ទៅដល់ផ្សារថ្មីប៉ូលីសប៉េអឹមដែល
នៅឈរយាមព្រោងព្រាតនៅម្តុំផ្សារធំថ្មីបានឃាត់មិនឲ្យរថយន្តបន្តទៅមុខជាដាច់ខាត។
***
ស្អែកឡើង នៅថ្ងៃ១៧មេសា ចរាចរក៏បើកជាធម្មតា។ ម្តងនេះ រិទ្ធីប្អូនប្រុសខ្ញុំជិះម៉ូតូឌុបលោក
យាយទៅយកមីងថុននិងឥវ៉ាន់ខ្លះពីទួលគោកមកផង។ ថ្ងៃនោះ ខ្ញុំក៏បានតឿនស្វាមីខ្ញុំឲ្យទៅ
ធ្វើការដែរ។ ប៉ុន្តែ មួយសន្ទុះធំក្រោយមក ស្វាមីខ្ញុំត្រឡប់មកផ្ទះវិញហើយនិយាយប្រាប់ខ្ញុំតាម
ដំណើរដើមទង៖
– ពីយប់មិញ យើងមិនបានដឹងសោះថាមានភ្លើងឆេះដេប៉ូស្តុកសាំងរបស់ស៊ែលនៅគីឡូលេខ៦។
ក្រុមគ្រួសារនៃបុគ្គលិកស៊ែលជាច្រើននាក់បាននាំគ្នារត់មកស្នាក់នៅពាសពេញការិយាល័យក្នុងទី
ស្នាក់ការក្រុមហ៊ុន។ ប៊ុយរ៉ូបងក៏មានគេនៅពេញដែរ។ អូនដឹងទេ? នៅតាមផ្លូវ បងឃើញបណ្តាជន
ច្រើនណាស់នាំគ្នារត់ចូលមកកណ្តាលក្រុងភ្នំពេញ។ បងសួរគេៗថា ពួកយោធាខ្មែរក្រហមចូលមក
ដល់មន្ទីរពេទ្យកាល់ម៉ែត្រ និង ចូលដល់ម្តុំស្ថានីយ៍វិទ្យុជាតិហើយ។
– ឱ ! ស្រេចហើយបង (ខ្ញុំឆ្លើយទាំងអស់សង្ឃឹម) ពួកខ្មែរក្រហមច្បាស់ជាវាយយកភ្នំពេញបាន
យ៉ាងងាយ។ ហ៊ឺ!ខ្ញុំពិបាកចិត្តណាស់បង។ ជីវិតពួកយើងមិនដឹងយ៉ាងណាយ៉ាងណីទេ។ ខ្ញុំអាណិត
អាណិតតែកូនយើងស្រីគុជ (ឈ្មោះនៅផ្ទះរបស់សង្វានីដា) និង ប្រុសធំ (ឈ្មោះហៅនៅផ្ទះរបស់
សង្វាមុនីរក្ស បច្ចុប្បន្នប្តូរមកបញ្ញាហ្សេរ៉ាល់វិញ) កូនយើងនៅតូចៗណាស់។ ស្រីគុជទើបតែមាន
អាយុ២ឆ្នាំ៤ខែ១០ថ្ងៃ។ ប្រុសធំនៅតូចណាស់។ គ្នាទើបតែមានអាយុបាន១ឆ្នាំ៥ខែ១៣ថ្ងៃប៉ុណ្ណោះ។
យើងមិនគួរបង្កើតគ្នាមកក្នុងពេលប្រទេសយើងមានកលិយុគសោះ។ ម្សិលមិញ ខ្ញុំឮគេថា នៅពេល
ពួកខ្មែរក្រហមចូលមកដល់តាខ្មៅ វាបានកាប់សម្លាប់អ្នកស្រុកអ្នកភូមិសាហាវណាស់។ មើលទៅ
ពួកយើងអ្នកភ្នំពេញច្បាស់ជាត្រូវពួកធ្មិលឥតសាសនានេះធ្វើទារុណកម្មឥតប្រណីឡើយ។ និយាយ
ចប់ ខ្ញុំក្រឡេកមើលទឹកមុខក្រុមគ្រួសារទាំងមូល។ ម្នាក់ៗស្ងៀមស្ងាត់ស្រងូតស្រងាត់ឥតចេញស្តី។
ទឹកមុខក្រៀមស្រពាប់ស្រពោនទាំងអស់គ្នា។ លោកប៉ាខំកម្លាចិត្តខ្លួនឯង។ លោកមានប្រសាសន៍
ទៅកាន់កូនៗ។
– មើលទៅបែបមិនស្រួលទេ។ ពួកឯងនាំគ្នារៀបចំឥវ៉ាន់ទៅ។ ប៉ាដូចជាចង់យកអាថៃ ( ឬ ស្រីមុំ
ឈ្មោះហៅនៅផ្ទះរបស់ព្រហ្ម វ៉ាន់មុនី ដែលត្រូវជាប្អូនស្រីបន្ទាប់ខ្ញុំ) និង ស្រីតូច (ព្រហ្ម វិជ្ជីឡា)
ទៅដាក់ឯស្ថានទូតបារាំង ព្រោះឯងទាំងពីរមានសំបុត្រស្នាមបារំាងមុនគេ។ អ្នកម្តាយខ្ញុំដែល
គ្មានយោបល់តាំងពីមានព្រឹត្តការណ៍នេះក៏មានប្រសាសន៍បន្ថែមថា៖
– កុំភ្លេចយកភួយនិងមុងទៅតាមផង។
មានប្រសាសន៍បណ្តើរ អ្នកម្តាយបើកទូយកកន្ទេលនីឡុងជាច្រើនចេញមកចងជាបង្វិចបណ្តើរ។
ខ្ញុំមិននឹកស្មានថា អ្នកម្តាយបានទិញកន្ទេលនីឡុងទុកបង្ការសោះ។ យើងទាំងអស់គ្នាដែលកំពុង
តែហេងហាងមិនដឹងជាចង់យកអ្វីខ្លះទេ។ ពេលនោះ ខ្ញុំទន់ដៃទន់ជើងហើយមានអារម្មណ៍យ៉ាង
ម៉េចមិនដឹងទេ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាឡើយ។
***
ក្ឌាំង ! ក្ឌាំង ! ស្នូរគ្រាប់បែកដែលលាន់ឮទ្រហ៊ឹងនៅជិតបង្កើយ បានកន្ទ្រាក់អារម្មណ៍យើងឲ្យភ្ញាក់
ស្រឡាំងកាំង។ ខ្ញុំចេញមកខាងក្រៅតែនៅក្នុងរបងផ្ទះហើយអើតមើលទៅផ្លូវមុខផ្ទះយើង។ ជន
ប្រុសស្រីចំនួនបីបួននាក់ជញ្ជូនឥវ៉ាន់ដើរដូចរត់ទ័ព។ ចំណែក ព្រះសង្ឃពីរបីអង្គកាន់វ៉ាលីសនិមន្ត
ប្រញាប់ប្រញាល់លឿនស្លេវហាក់ដូចជាភិតភ័យណាស់។ ខ្ញុំសួរពូម្នាក់។ គាត់ឆ្លើយថា ខ្មែរក្រហម
បានបំផ្ទុះគ្រាប់បែកនៅក្នុងវត្តលង្កាដើម្បីបណ្តេញសង្ឃចេញពីអារាម។ ទន្ទឹមនោះ មានរថយន្ត ម៉ូតូ
និងទោចក្រយានដែលដាក់ទង់ជ័យពណ៌សបើកបរច្រវ៉ាត់ច្រវ៉ែងយ៉ាងលឿន នៅតាមវិថីសម្តេចល្វី
ឯមកាត់មុខផ្ទះខ្ញុំ។ ខ្ញុំចូលមកក្នុងផ្ទះជម្រាបអ្នកម្តាយ។ អ្នកម្តាយបានរកក្រណាត់សមួយដុំធំល្មម
ហុចឲ្យខ្ញុំយកមកចងនៅចំរឹងរបងដែកនៃយ៉រានហាលខាងមុខ ជាន់ខាងលើដើម្បីការពារខ្លួនកុំឲ្យ
ពួកយោធាខ្មែរក្រហម យល់ថាយើងប្រឆាំងខុសគេនៅក្នុងភូមិបឹងកេងកង។ យើងសម្ងំនៅក្នុងផ្ទះ
ស្ងាត់មាត់ច្រៀប ហើយនៅក្រវ៉ែលមិនចេញឆ្ងាយពីវិទ្យុទេដើម្បីចាំស្តាប់ការផ្សាយព័ត៌មានបន្ត។
ចាំបាត់ !ចាំបាត់ ! ស្ងាត់ឈឹងយើងកាន់តែជ្រួលច្របល់ខ្វាយខ្វល់ឡើង។ មួយម៉ោងពីរម៉ោងកន្លង
ផុតទៅ។ ស្ងាត់សូន្យយ៉ាងនេះ បែបមិនស្រួលទេមើលទៅប្រហែលមានការបង្ហូរឈាមក្នុងស្ថានីយ
វិទ្យុជាតិទេដឹង? ចម្ងល់និងការស្មានតែងតែមានក្នុងចិត្តខ្ញុំជានិច្ច។ ម្នាក់ៗមានយោបល់ប្លែកៗ។ ភ្លាម
នោះ វិទ្យុជាតិផ្សាយសម្លេងមួយក្រឡូវៗ មិនមែនសម្លេងពិរោះដែលយើងធ្លាប់ឮរាល់ដងគួរឲ្យចង់
ស្តាប់មុនព្រឹត្តការណ៍គួរឲ្យភ័យខ្លាចនេះទេ។សម្លេងនោះបានថ្លែងប្រកាសម៉ឺងម៉ាត់ៗថា «យើងកង
ប្រដាប់អាវុធកម្ពុជា ប្រកាសយកភ្នំពេញបាន នៅវេលាម៉ោង៩ព្រឹកនៅថ្ងៃ១៧មេសា១៩៧៥
ដោយការវាយសម្រុកមិនមែនដោយការចរចាទេ…»។
ខ្ញុំព្រឺក្បាលឡើងសម្បុរគីង្គក់ ហើយក្រឡកចិត្តនិងខ្វល់ខ្វាយរកពាក្យអ្វីមកប្រដូចមិនបានក្នុងពេល
នោះ។ ចំណែកប្អុនប្រុសខ្ញុំពីរនាក់គឺ ព្រហ្ម រិទ្ធី និង ព្រហ្ម កេណ្ឌីបានចេញពីផ្ទះរត់ទៅមើលទិដ្ឋភាព
កងប្រដាប់អាវុធខ្មែរក្រហម។ ពេលត្រឡប់មកវិញរិទ្ធីបានរៀបរាប់ថា«យោធាខ្មែរក្រហមស្លៀកពាក់
ខោអាវពណ៌ខ្មៅ និងពាក់ស្បែកជើងកង់ឡានខ្មៅដើរចូលក្រុងភ្នំពេញ នៅតាមដងវិថី មុនីវង្សហើយ
ដើរកាត់មុខ«វិទ្យាល័យ១៨មីនា»អតីត«វិទ្យាល័យព្រះយុគន្ធរ»សំដៅឆ្ពោះទៅទិសខាងជើង។
បំពងកយើងស្ទះលែងនឹកឃ្លានបាយទឹកអ្វីទាំងអស់។ នៅទ្រឹងរៀងខ្លួន ស្ងាត់មាត់ឈឹង។ ឯត្រចៀក
ប្រុងស្តាប់ព័ត៌មានតាមវិទ្យុ តែវិទ្យុជាតិមិនបានផ្សាយព័ត៌មានថ្មីទៀតទេ ក្រៅពីចាក់ភ្លេងបូរាណនិង
បទចម្រៀង«បដិវត្តន៍ខ្មែរក្រហម»មហាលោតផ្លោះមហាអស្ចារ្យតែប៉ុណ្ណោះ។ ខ្ញុំរសេះរសោះដៃជើង
ដូចគេចាប់ដកសរសៃសសូង។ កូនទាំងពីរតូចៗមិនទាន់យល់ការណ៍បន្តិចទេ។ ពួកគេមិនហារមាត់
សូម្បីមួយអឺសឡើយ ស្លូតណាស់គួរឲ្យអាណិតនិងស្រឡាញ់ ។ រំលងថ្ងៃត្រង់បន្តិច វិទ្យុជាតិប្រកាស
ព័ត៌មានថ្មីផ្សាយដោយសម្លេងថ្មីចម្លែកមួយទៀត។
-«យើងឧត្តមសេនិយត្រី ម៉ី ស៊ីចនសូមប្រកាសចំពោះនាយទាហាន និងពលទាហានទាំងអស់
នៅក្រុងភ្នំពេញ និងនៅទីរួមខេត្តឲ្យទម្លាក់អាវុធចុះ…»
មួយស្របក់ធំក្រោយមក យើងឮសេចក្តីប្រកាសថ្មីមួយថែមទៀត៖
– «ឧត្តមសេនិយត្រី លន់ ណុន និងសម្តេចសង្ឃបានអញ្ជើញនិងនិមន្តមកកាន់មន្ទីរឃោសនាការ
ហើយ។ យើងសូមអំពាវនាវរដ្ឋមន្រ្តីនិងនាយទាហានទាំងអស់ចូលមកកាន់មន្ទីរឃោសនាការបន្ត
បន្ទាប់គ្នា…»
ប្រហែលជា១០ឬ១៥នាទីម្តង វិទ្យុជាតិចាក់ផ្សាយសេចក្តីថ្លែងអំពាវនាវទាំងពីរខាងលើនេះឆ្លាស់គ្នា
ជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អំពាវនាវហៅឈ្មោះការីវិទ្យុពីរបីរូប និងលោកអ៊ិត សារេត
នាយកទីភ្នាក់ងារព័ត៌មានខ្មែរឲ្យចូលខ្លួនជាប្រញាប់ដែរ។
ក្នុងទិវានោះក្រុមគ្រួសារខ្ញុំទាំងមូលរួមទាំងជីដូននិងម្តាយមីងពៅ ម្តាយក្មេកខ្ញុំ ព្រមទាំងនាងតាក់
អ្នកបម្រើខ្ញុំសម្ងំស្ងាត់ស្ងៀមពួននៅក្នុងផ្ទះដែលបិទទ្វារជិតឈឹង។ យូរៗ ខ្ញុំលបអើតតាមបង្អួចនៅ
ខាងក្រោមមើលទៅ«វិថីល្វីឯម»មុខផ្ទះ។ ស្ងាត់សូន្យដូចនៅទីរហោស្ថាន គ្មានចរាចរដូចពីព្រឹកទេ។
ប៉ុន្តែ តាំងពីព្រឹករហូតដល់យប់ យើងឮសូរស្នូរកាំភ្លើងរប៉េះរប៉ោះឥតដាច់ក្នុងភូមិបឹងកេងកង។ការ
ភិតភ័យដែលបានទន្ទា្រនដួងចិត្តយើងពេញមួយថ្ងៃហាក់ដូចជាអន់ថយទៅវិញខ្លះ។ ប្អូនស្រីៗរបស់
ខ្ញុំពីរបីនាក់និងខ្ញុំបានចេញមកអង្គុយយោលអង្រឹងដែកនៅរានហាលខាងមុខដើម្បីស្រូបយកខ្យល់
អាកាសឲ្យស្រឡះមុខមាត់និងខួរ។ យើងជជែកគ្នាលេងហាក់បីដូចជាគ្មានព្រឹត្តការណ៍អ្វីបានកើត
ឡើងសោះកាលពីព្រឹកមិញ។ រហូតមកទល់ពេលនោះ ស្នូរកាំភ្លើងនៅតែលាន់ឮមិនទាន់ដាច់នៅ
ឡើយ។
ក្នុងរាត្រី១៧មេសានោះ ប្រហែលជាខួរក្បាល និងចិត្តខ្ញុំហត់នឿយដោយការគិតផងភិតភ័យពេក
ផង ខ្ញុំទទួលទានដំណេកលក់ស្កប់ល្អណាស់។ ប៉ុន្តែ ដំណេកដ៏ស្កប់ស្កល់នេះត្រូវបានដាច់ដោយ
មានសម្លេងមនុស្សប្រុសស្រីនិយាយឡូឡានៅចំពីមុខផ្ទះខ្ញុំ។ ជនស្រីប្រុសដែលបានស្រែកនោះ
គ្មាននរណាក្រៅពីជនបដិវត្តន៍ខ្មែរក្រហមទេ។ ខ្ញុំភ្ញាក់ក្រញ៉ាងដាច់ការលង់លក់។ ក្តីតក់ស្លុតបាន
ចូលមកលុកទន្ទ្រានអារម្មណ៍ខ្ញុំជាថ្មី។ ខ្ញុំងាកមើលស្វាមីនិងកូនទាំងពីរដែលកំពុងតែលង់លក់
ស្រួលណាស់។ ខ្ញុំមិនហ៊ានកម្រើកខ្លួនទេ។ ត្រចៀកផ្ទៀងប្រុងស្តាប់ជានិច្ច។ ដើមទ្រូងញ័រចម្រប់។
នារីបដិវត្តន៍ស្រែកជំទាលឡូងៗកោកៗដូចមនុស្សឥតពូជចូលមកក្នុងផ្ទះខ្ញុំទាំងកណ្តាលយប់ស្ងាត់។
ទ្រនិចនាឡិកាចង្អុលម៉ោងជាង១០យប់ទៅហើយ។
– ម្ចាស់ផ្ទះបើកទ្វារ ! ម្ចាស់ផ្ទះបើកទ្វារ ! អ្នកនៅខាងលើចុះមកក្រោមភ្លាម។ បើមិនចុះ ប្រយ័ត្ន
បាញ់!
សំដីកំបុតកំបុយ និងពាក្យថាបាញ់នេះ ញ៉ាំងឲ្យទ្រូងខ្ញុំញ័រចម្រប់។ ខ្ញុំរឹតតែលែងហ៊ានប្រែប្រាណ
បើកតែភ្នែកភ្លឹសៗចាំស្តាប់តទៅទៀត។ សង្វាក់បេះដូងលោតញាប់ខុសពីប្រក្រតី។ នេះជាលើក
ដំបូងក្នុងជីវិត ដែលខ្ញុំទើបតែប្រទះភាពអាសន្ន និងតក់ស្លុតយ៉ាងហ្នឹង។ យប់នេះ គ្មានចរន្តអគ្គីសនី
ទេ។ ជារាត្រីរនោច តែខ្ញុំបានឃើញពន្លឺពិលភ្លឹបភ្លែតៗដែលពួកវាបញ្ចាំងទៅចំហៀងខាងកើតផ្ទះ
ធ្វើឲ្យខ្ញុំកាន់តែភ័យស្ទើរតែជ្រុះបេះដូងដកដង្ហើមលែងដល់គ្នា។ ខ្ញុំប្រញាប់ចុះពីលើពូកលបៗ ទៅផ្លុំ
ពន្លត់ចង្គៀងប្រេងកាត ទើបខ្ញុំដាច់ចិត្តដាស់ស្វាមី។ គេហ៍ស្ទុះឡើងក្រញ៉ាង។យើងនិយាយគ្នាខ្សិបៗ
ហើយស្រវ៉ាចាប់កូនបីម្នាក់មួយ។ យើងឱនចុះក្បែរគ្រែ សសៀរយឺតៗសំដៅទៅបើកទ្វារបន្ទប់ឆ្លង
ចេញទៅកាន់បន្ទប់វ៉ាន់មុនីហៅស្រីមុំប្អូនស្រីខ្ញុំដែលបានភ្ញាក់ហើយកំពុងអង្គុយចាំស្តាប់ព្រឹត្តិការណ៍
ជាស្រេច។ យើងនាំគ្នាចូលទៅបន្ទប់ដែលម្តាយក្មេកខ្ញុំសម្រាន្ត។ម្នាក់ៗមានទឹកមុខស្លេកស្លាំងស្លន់
ស្លោ។ នឹកឃើញតែម្យ៉ាងគត់ ថាជីវិតយើងត្រូវអស់យប់ហ្នឹងហើយ។ ខ្ ញុំបានបញ្ជូនស្វាមីខ្ញុំឲ្យទៅ
ពិគ្រោះជាមួយលោកប៉ាថាតើយើងត្រូវតែចុះទៅខាងក្រោមតាមការគំរាមរបស់ខ្មែរក្រហមឬទេ?
លោកប៉ាបានផ្តាំតាមស្វាមីខ្ញុំថា«នៅស្ងៀម កុំមាត់កុំក និងកុំចេញទៅក្រៅឲ្យសោះ»។ មិនទាន់អស់
ចិត្តស្វាមីខ្ញុំ មុនីប្អុនស្រីខ្ញុំ និងនាងតាក់លបអើតមើលហេតុការណ៍ឲ្យបច្បាស់នឹងភ្នែក។ កូនទាំងពីរ
របស់ខ្ញុំភ្ញាក់ហើយ។ ខ្ញុំបីបំបៅប្រុសធំដែលទើបតែមានអាយុជាងមួយខួប។ ប្រុសធំសម្លឹងមុខខ្ញុំ។
មាត់ចង់ពេបបន្តិច។ ខ្ញុំលួងកូន៖«កុំយំណ៎ាកូនខ្លាចគេបាញ់»។ ប្រុសធំចេះណាស់សម្ងំស្ងៀម។
ចំណែកអ្នកទាំងបីដែលបានចេញទៅឈ្លបការណ៍នោះ ត្រឡប់មកវិញហើយរៀបរាប់ថា៖
– ពួកអ្នកផ្ទះខាងមុខផ្ទះយើងត្រូវពួកបដិវត្តន៍ដេញទាំងយប់យួរចានឆ្នាំងរណេងរណោង។ ពួក
ធ្មិលឲ្យទុកទ្វារផ្ទះបើកចំហធ្លុង។ យើងនៅមិនទាន់អស់ងងុយនៅឡើយ ក៏នាំគ្នាចូលកាន់ដំណេក
បន្តទៀតរៀងៗខ្លួនដក់ជាប់ក្តីព្រួយបារម្ភក្នុងចិត្ត ហើយខ្លាចថ្ងៃស្អែក ថ្ងៃថ្មី ថ្ងៃដែលមិនដឹងថានឹង
មានហេតុការណ៍អ្វីកើតឡើងចំពោះគ្រួសារយើងទៀត?៕
នៅមានត