ប្រវត្តិនៃវាលព្រះពរ
វាលព្រះពរជាដីមួយដុំទំហំសាមសិបហិតតារ នៅស្រុកមៃកិន រដ្ឋជ័រជា ដែលលោកបណ្ឌិតស៊ាង យ៊ីវ
និងភរិយា បានថ្វាយដល់ព្រះជាម្ចាស់ គឺដល់ប្រិយសម្ព័ន្ធបាព្វទីស្ទខ្មែរ នៅស.រ.អា កាលពីវិស្សមកាល
គ.ស. ២០០៥ សំរាប់ធ្វើជាមជ្ឈមណ្ឌលប្រជុំផង និងជាសារមន្ទីរផងនៅក្នុងអនាគតកាល។ គោល
បំណងរបស់លោកបណ្ឌិតនិងគ្រួសារ គឺចង់ទុកដីជាកេរមរតកដល់កូនចៅជំនាន់ក្រោយ ជាពិសេស
ពូជអំបូរខ្មែរ ឲ្យបានប្រើប្រាស់ទីកន្លែងនេះផង និងដឹងឮនិងចងចាំពីប្រវត្តិបិតាមាតាជីដូនជីតារបស់
ខ្លួនផង គឺជាពិសេសពីប្រវ័ត្ត ដែលព្រះជាម្ចាស់បានទុកជីវិតគេមិនឲ្យវិនាសនៅក្នុងវាលពិឃាដ តែឲ្យ
បានរួចខ្លួន ជាពិសេសគឺបានទទួលសេចក្តីសង្គ្រោះនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ ដោយសារ
ព្រះលោហិតដ៏ថ្លៃថ្លារបស់ព្រះអង្គដែលបានខ្ចាយនៅលើឈើឆ្កាង។ ដូច្នេះហើយ បានជាវាលព្រះពរ
មានបវចនបទថា៖ពីវាលពិឃាដ … ទៅ«វាលព្រះពរ»។ ឯព្រះពរនេះ គឺមិនមែនគ្រាន់តែមានន័យថា
បានរួចពីស្លាប់ បានមករស់នៅសុខស្រួលក្នុងដែនដីសេរីសុខសាន្តសព្វថ្ងៃនេះទេ គឺមានន័យពេញ
លេញថា ពួកគេនឹងបានទៅបរលោកសុខសាន្ត គឺឋានសួគ៌បរមសុខ ជាទីដែលព្រះយេស៊ូទ្រង់គង់
នៅ និងរង់ចាំទទួលកូនគ្រប់រូបរបស់ព្រះអង្គ។
ការសាងសង់ដើម្បីធ្វើជាមណ្ឌលប្រជុំ បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ឯទុនចំណាយសំរាប់ការកាប់
ឆ្ការឆាយសំអាតពង្រាបដីនិងស្ថាបនាសាងសង់នោះ គឺមកពីប្រាក់ដង្វាយ ដែលអ្នកគ្រីស្ទានទាំង
ឡាយបានស្ម័គ្រចិត្តដាក់បន្តៗមក។ ម្យ៉ាងទៀត អ្នកដែលដាក់ដង្វាយជាប្រាក់នោះ ក៏ស្ម័គ្រចិត្ត
ចំណាយពេលវេលាជាច្រើន កម្លាំងញើស បច្ចេកទេសសាងសង់ ចំណេះផ្សេងៗ គំនិតប្រាជ្ញា និង
ទេពកោសល្យ ដាក់បញ្ចូលគ្នាក្នុងគំរោងការណ៍នេះ ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ទោះបី
ប្រាក់ចំណាយ និងតម្លៃដីបូកសារុបទៅមានត្រឹមតែប្រមាណ២៥ហ្មឺនដុល្លារ តែដោយសារការសាង
សង់ដែលស្ទើរតែធ្វើឡើងដោយកម្លាំងញើសអ្នកស្ម័គ្រចិត្តសឹងតែ១០០% មជ្ឈមណ្ឌលនេះមានតម្លៃ
ខ្ទង់មួយលានដុល្លារហើយ។
អង្គការវាលព្រះពរគ្រប់គ្រងដោយគណកម្មការដឹកនាំមួយដែលមានសមាជិក៥រូប ដែលមានលោក
បណ្ឌិតស៊ាង យីវជាប្រធាន។ អង្គការនេះមានសមាជិកជាខ្មែរផង និងជាជនជាតិផ្សេងទៀតផង ទាំង
អស់ប្រមាណជាងមួយពាន់នាក់។ សមាជិកមួយចំនួន គឺប្រមាណ ៣០០នាក់ តែងតែធ្វើដំណើរមក
រួមប្រជុំមហាសន្និបាតជាទៀងទាត់រៀងរាល់ឆ្នាំ។ លើសពីនេះ សមាជិកក្រុមជំនុំដែលនៅរដ្ឋជ័រជា
ឬនៅជិតរដ្ឋជ័រជា តែងតែមកជួបជុំគ្នា ពេលមានសិក្ខាសាលា ឬការហ្វឹកហ្វឺនផ្សេងៗ ឬការសាង
សង់តូចធំនៅវាលព្រះពរជាញឹកញាប់។
នៅបច្ចុប្បន្ននេះ វាលព្រះពរបានក្លាយទៅជាដែនដីមួយ ដែលខ្មែរជាច្រើនរួបមានអារម្មណ៍រាប់ថាជា
ចំណិតស្រុកភូមិតូចមួយរបស់ខ្លួន ដែលរំលឹកឲ្យឃើញមាតុភូមិ ពេលណាដែលជួបជុំគ្នារបរិភោគ
ម្ហូបខ្មែរ ផ្អកប្រហុកទឹកគ្រឿងកកូរប្រហើរ បេះផ្លែទន្លាប់នៅចំការ ជជែកគ្នាលេងដោយភាសាជាតិ
លេងល្បែងប្រជាប្រិយសប្បាយក្អាកក្អាយជាមួយគ្នានៅទីវាលខាងក្រៅ ឬក៏រំលឹករំលែករឿងដើម
រឿងកំប្លែង រឿងកំសត់ស្រក់ហៀរហូរទឹកភ្នែក នៅអែបព្រៃព្រឹក្សា ក្រោមពន្លឺច័ន្ទ្រា ពេលយប់
អាធ្រាត្រ។
ប៉ុន្តែ យើងដឹងដោយជាក់ថា យើងច្បាស់ជានឹងមិនបែកគ្នាទៀតទេ ទោះបីបែកគ្នា ក៍លាគ្នាតែមួយ
រយៈពេលប៉ុណ្ណោះ រួចហើយយើងនឹងជួបគ្នាវិញជាប្រាកដ នៅក្នុងនគរសុខសាន្ត រុងរឿងពិសិដ្ឋដែល
គ្មានទុក្ខ គ្មានទឹកភ្នែក គ្មានរោគាឈឺថ្កាត់ នៃព្រះអាទិករព្រះអម្ចាស់យេស៊ូគ្រីស្ទ៕
សូមអញ្ជើញទស្សនាវីដេអូ«អភិវឌ្ឍន៍នៃវាលព្រះពរ DEVELOPMENT OF BLESSING FIELD»
ដោយចុចលើខ្សែដំណខាងក្រោម៕
http://www.youtube.com/watch?v=nd6AQJyC2_c
BLESSING FIELD FOUNDATION
P.O BOX 1306
JONESBORO , CA 237
U.S.A.