Category Archives: រឿងខ្លី និពន្ធដោយ​ប៉ិច សង្វាវ៉ាន

រឿងខ្លី ៖ វាសនាអភ័ព្វ​ និពន្ធដោយ ប៉ិច​ សង្វាវ៉ាន

វាសនាអភ័ព្វ

និពន្ធដោយ ប៉ិច​ សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

191038

រឿងនេះកើត​ឡើង​ពីការ​ស្រមៃ​ដ៏​សុទ្ធសាទ​របស់​អ្នកនិពន្ធ។ បើ​មាន​នាម ឬ​សកម្មភាព​តួអង្គ​ក្នុង​រឿង​នេះស្រដៀង​ ឬ​ដូចឈ្មោះ​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​អ្នកនាង សូម​មេត្តា​ចាត់​ទុក​ជា​ការ​ចៃ​ដន្យ​មួយ​ទៅចុះ។ អ្នកនិពន្ធ​គ្មា​នចេតនា​នឹង​បញ្ឆិត​បញ្ឆៀង​ដល់​ជន​ណា​ម្នាក់​ឡើង។

សូម​អរគុណ!

សិស្សខ្ញុំ​ទាំង​អស់​កំពុង​តែ​ឈ្ងោកមុខ​ធ្វើ​តែង​សេចក្តី​យ៉ាង​ស្ងាត់​ស្ងៀម​ ស្រាប់​តែ​ពេល​​នោះ​ នារី​ជំទង់​ម្នាក់​ មាន​អាយុ​ប្រមាណ​១២ឆ្នាំ ដើរចូលមកក្នុង​​ថ្នាក់​ខ្ញុំ​ជាមួយ​ស្ត្រី​ចំណាស់​មួយ​រូប។ ស្ត្រីនោះ​ឧទាន​ឡើង​ទម្លុះ​ភាព​ស្ងៀម​ស្ងាត់នៃ​ថ្នាក់​ខ្ញុំ៖

-ជម្រាប​សួរ​អ្នក​គ្រូ លោក​នាយក​វិទ្យាល័យ​បញ្ជា​​ឱ្យ​ខ្ញុំ​ជូន​​ចៅ​ស្រី​មករៀន​នៅ​​ថ្នាក់អ្នក​​គ្រូ។ នាង ​ឈ្មោះ វាសនា ។

ខ្ញុំ​សម្លឹង​ភក្ត្រនាង​វាសនា ចំពេល​ដែលសិស្ស​ថ្មី​នេះ​​លើក​ដៃសំពះ​​ជម្រាបសួរ​ខ្ញុំ​យ៉ាង​​សុភាព​ទន់​ភ្លន់ និង​ដោយ​ទឹក​មុខ​ស្រពោន។

ខ្ញុំ​ទទួល​សិស្ស​ថ្មី ហើយ​​ចាត់ចែង​ឱ្យនាង​អង្គុយនៅ​តុ​មួយ​ពី​មុខតុរបស់​ខ្ញុំ។ រួច​ហើយ​ខ្ញុំ​ហុច​ក្រដាស​មួយ​សន្លឹក​ឱ្យ​វាសនា​បំពេញ​ព័ត៌មាន​ខ្លះ​ដែល​ខ្ញុំ​ចង់​ដឹង​។ នៅពេល​ដែល​វាសនា​ឈ្ងោក​បំពេញ​លិខិត​ព័ត៌មាន​ ខ្ញុំ​ឃើញ​នាង​នៅ​ស្ទាក់​ស្ទើរ​ហាក់​ដូច​ជា​ពិបាក​បំពេញ​សំណួរ​នៅលើ​ក្រដាស​នេះ។

មួយ​ស្របក់​ក្រោយ​មក នាង​វាសនា​​យក​ក្រដាស​ដែល​នាង​បំពេញ​រួច​ហើយ​មក​ហុច​ឱ្យ​ខ្ញុំ។ ពេល​​នោះ​ជា​ពេល​សម្រាក​។ ខ្ញុំហៅ​វាសនា​មក​សួរ​ក្រោយ​ពី​បានដឹង​​ព័ត៌មាន​ដែ​លខ្ញុំ​បាន​អាន​ចប់​ហើយ​។

– វាសនា ម៉េច​បាន​ជាមុ​ខនាង​ក្រៀម​ម្ល៉េះ?

សិស្ស​ថ្មី​នេះ មិន​បាន​ឆ្លើយ​សំណួរ​ខ្ញុំ​ ដើម្បីបំបាត់​ចម្ងល់​ខ្ញុំ។ ខ្ញុំ​ក៏​បន្ថែម​សម្តី​លើក​ទឹ​ក​ចិត្ត​នាង​ឱ្យ​មាន​ការ​កក់​ក្តៅ​។

-នាង​កុំ​ភ័យ​អី។ នាង​ចូល​រៀន​ក្រោយ​គេ​មែន​ តែ​មិត្ត​ភក្តិ​ដែល​អង្គុយ​ក្បែរ​នាង​មិន​មាន​ចិត្ត​កំណាញ់​ទេ។ គេ​មុខ​ជា​ឱ្យ​នាង​ខ្ចី​សៀវភៅ​​មេរៀន​មក​ចម្លង​។ បើ​សិន​ជា​នាងឆ្ងល់​ត្រង់​កន្លែង​ណា ​ខ្ញុំនឹង​ជួយ​ពន្យល់​នាង​បន្ថែម​ នាង​កុំញញើត​សួរ​ខ្ញុំ​ឱ្យ​សោះ។ នេះ​នាម​បណ្ណ​របស់​ខ្ញុំ ដែល​មាន​លេខ​ទូរសព្ទ​ផង។ នាង​យក​ទុក​ចុះ​កុំ​ទើស​ទាល់​អី។

-ច៎ា! អរគុណ​អ្នក​គ្រូ!

-នាង​អាច​ប្រាប់​ខ្ញុំ​បាន​ទេ ហេតុអ្វី​បាន​ជា​នាង​មិនបំ​ពេញ​ឈ្មោះ​និង​មុខ​ងារ​ម្ដាយ​របស់​នាងផង?

-អ្នក​គ្រូ… ខ្ញុំ​សូម​ទោស… ខ្ញុំ​ឥត​មាន… ម្តាយ​ទេ។

ចម្លើយ​នេះ​ញ៉ាំង​ឱ្យ​ខ្ញុំ​ភ្ញាក់​។ ខ្ញុំ​សម្លឹង​មុខ​នាង​យ៉ាង​ពិនិត្យ​ពិច័យ ទើប​សួរ​ថា៖

-បាន​សេចក្តីថា ម្តាយ​នាង​ស្លាប់​ហើយឬ?

-ច៎ា ទេ អ្នកគ្រូ ម្តាយ​ខ្ញុំ​នៅ​រស់។ គាត់​នៅឯ​ប្រទេស​សិង្ហបុរី។ លោកប៉ា​មាន​ប្រសាសន៍​ថា    ម្តាយ​​​​ខ្ញុំ​ជា​តារា​ភាព​យន្ត… តែ​ខ្ញុំ​ពុំ​ដែល​ស្គាល់​មុខ​ម្តាយ​ខ្ញុំ​សោះ។ តាំងពី​តូច​មក ខ្ញុំ​រស់​នៅ​តែ​ជាមួយ​លោកប៉ា​និង ​មេដោះ។ មេ​ដោះ​ខ្ញុំ​​ទើបតែ​ស្លាប់​ចោល​ខ្ញុំ​ប៉ុន្មានថ្ងៃ​នេះ​។ ខ្ញុំ​ស្ដាយ​​គាត់​ណាស់អ្នកគ្រូ ព្រោះ​គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​ខ្ញុំ​ជាង​មាតា​បង្កើត​របស់​ខ្ញុំ​ទៅ​ទៀត។     ផ្ទុ​យ​​ទៅវិញ ម្តាយ​ខ្ញុំ​បង្កើត​ទៅ​ចោល​ទុក​ឱ្យ​ខ្ញុំ​នៅ​កំព្រា​ជាមួយ​លោកប៉ា… អ្នក​គ្រូ​! ជីវិតខ្ញុំ​អភ័ព្វ​ណាស់!

ដោយសារ​ខ្ញុំ​ឮនាង​និយាយ​ទាំងអួល​ដើមក ខ្ញុំ​ក៏​លែង​ហ៊ាន​សួរ​នាងទៀត។

*         *

*

ខ្ញុំចេះ​តែ​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​សិស្ស​ថ្មី​ខ្ញុំ​រៀប​រាប់​ឱ្យ​ខ្ញុំ​ស្តាប់។ ខ្ញុំ​មាន​មនោសញ្ចេតនា​អាណិត​នាង​វាសនា​យ៉ាង​ខ្លោច​ចិត្ត។ ខ្ញុំ​ចេះ​តែ​ស្រមៃឃើញ​រង្វង់​ភក្ត្រ​វាសនា​ដែល​ក្រៀម​ស្រពោន ចេះតែ​ឮ​សម្តី​នាង​ត្អូញត្អែរ​ ហើយ​ហាក់​ឃើញ​កែវ​ភ្នែក​ដែល​មាន​ទុក្ខ​នេះ​គ្រប់​ពេលវេលា​។ ខ្ញុំ​នឹក​អនិច្ចា​ ហើយ​មាន​និស្ស័យ​ចង់​ប្រោស​ប្រណី​ជួយ​នាង​នេះ​ឱ្យ​បាន​​ស្គាល់​ភាព​កក់​ក្តៅ​ខាងផ្លូវ​ចិត្ត។ ខ្ញុំ​ជឿ​ថា នាងវាសនា ជាក្មេង​កំព្រា​ដួង​ចិត្ត​ម្នាក់ដោយ​ខ្វះ​ការ​ថ្នាក់​ថ្នម​ និង​សេចក្តី​ស្នេហា​ពី​មាតា​បង្កើតយ៉ាង​ពិត​ប្រាកដ។

នៅ​ក្នុង​ថ្នាក់ ខ្ញុំ​សម្គាល់​ឃើញ​ វាសនា​ជា​សិស្ស​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​ណាស់​។ នាង​មាន​ឫកពា​សុភាព​រាប​សា​ទន់​ភ្លន់​។ អត្តចរិត​នេះ​បណ្តាល​ឱ្យ​វាសនា​ក្លាយ​ជា​សិស្ស​សំណព្វម្នាក់​របស់​ខ្ញុំ​។ រីឯវាសនា​វិញ នាង​ក៏​ដូច​ជា​មាន​និស្ស័យ​ចំពោះ​ខ្ញុំ​ដែរ​។ ហេតុនេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​នាង​ និង​ខ្ញុំ​មាន​ការ​ជិត​ស្និទ្ធ។

+        +

+

ពេលវេលា​ចេះតែ​កន្លង​ទៅមុខ។ ព្រឹក​ថ្ងៃ​អាទិត្យ​មួយ វាសនា​បា​នមក​លេង​​ខ្ញុំដល់ផ្ទះ។ ខ្ញុំ​ចំណាំ​ឃើញថា គ្រប់​ប្រយោគ​វាចា​ដែល​នាង​និយាយរក​ខ្ញុំ នាង​តែង​រំឭក​ពី​ម្ដាយ​នាង​ជានិច្ច។

-អ្នកគ្រូ! ចិត្តអ្នកគ្រូល្អណាស់! បើ​ខ្ញុំ​​ម្តាយមាន​ចិត្ត​ដូច​អ្នកគ្រូ ខ្ញុំ​ពុំ​ដឹង​ជា​សប្បាយ​​យ៉ាង​ណា​ទេ តែ​ខ្ញុំ​ជា​មនុស្ស​គ្មាន​សំណាង​សោះ។ ខ្ញុំ​ឆ្ងល់​ណាស់​អ្នកគ្រូ តើ​ម្តាយ​ខ្ញុំ នឹក​ខ្ញុំ ដូច​​ខ្ញុំ​នឹកនិង​ត្រូវការ​គាត់​ឬទេ​? តើ​ម៉ាក់ខ្ញុំ​ចង់​ឃើញ​ខ្ញុំ​ ដូច​ខ្ញុំ​អន្ទះសា​ចង់​ឃើញ​គាត់​ដែរ​ឬ​ទេ​?​

-តើអ្នកគ្រូ​ត្រូវ​ឆ្លើយ​យ៉ាង​ណា​ បើ​អ្នកគ្រូ​ពុំ​ទាន់​ធ្លាប់​ធ្វើ​ជា​ម្តាយ​គេ​នៅ​ឡើយ​ តែ​អ្នកគ្រូ​ជឿ​ថា ធម្មតា​ចិត្ត​មាតា​ក្នុង​លោក​តែងតែ​គិត​និង​ស្រឡាញ់​កូន​ណាស់។ មាតាណាក៏​តែង​​មា​ន​កង្វល់​ជា​អចិន្ត្រៃយ៍​ពី​អនាគត​វាសនា​របស់​បុត្រ​ធីតា។ នៅ​ក្នុង​លោក​នេះ មាន​មាតា​​អភ័ព្វ​ច្រើន​ណាស់​ដែល​ខំ​ននាលតស៊ូ​​ជម្នះ​ធម្មជាតិ​បង្ហូរ​ញើស​ដើម្បី​រក​ស៊ី​ចិញ្ចឹម​និង​ផ្តល់​អនាគត​ឱ្យ​បុត្រ​ធីតា​របស់​ខ្លួន​។ អ្នកគ្រូមិន​យល់​ទឹក​ចិត្ត​​មាតា​របស់​នាង​ទេ បើ​គាត់​នៅ​រស់​ គាត់​ត្រូវតែ​ស្វែង​ចង់​ឃើញ​នាង​។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នកគ្រូនឹកថា  ប្រហែល​ម៉ាក់របស់នាង​ស្លាប់​ទៅ​ហើយ​ទេ​ដឹង? តែ​ណ្ហើយ​ចុះ​ ទោះ​ជាយ៉ាងណាក៏​ដោយ​ បើ​ម្តាយ​នាង​នៅ​រស់​ នាងគង់​តែមាន​សំណាង​​ជួប​គាត់​ថ្ងៃ​ណា​មួយមិន​ខាន។ នាង​កុំ​តូច​ចិត្ត​ពេក។​ តាម​ពិត​ នាង​នៅ​មានឪ​ពុក​ម្នាក់​ដែល​ស្រឡាញ់​និងគិត​ដល់​នាង​ណាស់។ ប៉ុណ្ណេះ​ក៏​ចាត់​ជា​ភ័ព្វ​ល្អ​ទៅ​ហើយ​ដែរ បើ​ប្រៀប​ជា​មួយ​ក្មេង​កំព្រា​ដទៃ​ទៀត​ក្នុង​ពិភព​លោក​យើង​នេះ។ កុំ​គិត​ច្រើន​ពេក​ កុំ​បណ្តោយ​ឱ្យ​អារម្មណ៍​រវើ​រវាយ​ផ្តេស​ផ្តាស។ សំខាន់ ត្រូវនាង​ខំ​ផ្ចង់ស្មារតី​ឱ្យ​មូល ​ខំ​រៀន​សូត្រ​ឱ្យ​ពូកែ​ និងវែង​ឆ្ងាយ​ទៅមុខ​ណ៎ា។

ខ្ញុំ​ពោល​លួង​លោមសិស្សនេះ​ទាំង​ខ្លោចផ្សា​។ វាសនា​សម្លឹង​មុខ​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ដ៏​សែន​កម្សត់​ញ៉ាំង​ឱ្យ​ចិត្ត​ខ្ញុំ​កាន់តែ​អាណិត​នាង​ខ្លាំងឡើងៗ​។ ក្រោយ​ពី​សម្លឹង​មុខខ្ញុំ​យ៉ាង​យូរ​ នាង​ក៏​ថ្លែងទៀត​ថា៖

-អ្នកគ្រូ ខ្ញុំ​ចេះតែ​នឹក​ថា ម្តាយ​ខ្ញុំ​មាន​រូប​រាង​ មុខមាត់​ និងសម្តី​ដូចអ្នកគ្រូ​អ៊ីចឹង! តើ​ថ្ងៃ​ណា​ ខ្ញុំ​បាន​ជួប​ម្តាយ​ខ្ញុំ​?

ខ្ញុំ​រឹត​តែ​រន្ធត់​ចិត្ត។ នេះ​ហើយ​ឬ​ទឹក​ចិត្ត​កណ្តែង​កណ្តោច​នៃ​ក្មេង​ដែល​ខ្វះ​សេចក្តី​ស្នេហា​ពី​មាតា​របស់​ខ្លួន។ ខ្ញុំ​ឈរ​ធ្មឹង​ពិចារណា​«តើ​នៅ​ក្នុង​លោក​យើង​នេះ មាន​កុមារ​កំព្រា​ប៉ុន្មា​ននាក់​? តើ​នាងរងា​យ៉ាងណា? នាង​ពុំ​ដែល​ស្គាល់​សេចក្តី​ស្នេហា ខ្វះ​ការ​កក់​ក្តៅ​ខាង​ផ្លូវ​ចិត្ត​ ខ្វះ​ការ​គ្រប់​គ្រង​​ថ្នាក់​ថ្នម​លួង​លោម​ ខ្វះ​ការ​អប់រំ​ពី​មាតា ដែល​នាង​ត្រូវ​ការ​​ចាំ​បាច់បំផុត… ឱ! ក្មេង​កំព្រា​ទាំងឡាយ​ក្នុង​លោក​អើយ!»

ខ្ញុំ​ផ្តោត​នេត្រា​ខ្ញុំ​ទៅ​លើ​រង្វង់​ភក្ត្រ​ដ៏​ក្រៀម​ស្រពោន​នៃ​វាសនា​ម្តងទៀត។ ខ្ញុំ​ហាក់ដូចជា​ឮ​សម្រែក​ដួង​ចិត្ត​សិស្ស​នេះ​យំ​ទួញ​គួរ​ឱ្យ​ខ្លោចផ្សាជា​ពន់​ពេក។ ឱ! ហេតុ​អ្វី​ក៏​ខ្ញុំ​មាន​និស្ស័យ​ចំពោះក្មេង​នេះ​ដល់​ម្លឹង? មនុស្ស​ធម៌​ដែល​ជានិស្ស័យ​កំណើត​របស់​ខ្ញុំ​រីកដាល​ធំឡើងៗ​ជាលំដាប់​ពេញ​បេះ​ដូង​ខ្ញុំ​។ ម្តងៗ ខ្ញុំ​ហាក់​ដូច​ជា​ចង់​ស្គាល់​មាតា​​នាង​វាសនា​ណាស់។ តើ​ជា​នារី​បែបណា​? មាន​មុខ​មាត់ និង​ចិត្ត​គំនិត​ដូច​ម្តេច​បាន​​ជា​ដាច់​ចិត្ត​បោះបង់​ឈាម​ដ៏​ល្អ​របស់​ខ្លួន​ដោយ​គ្មាន​នឹក​នា​សោះ​យ៉ាង​នេះ?។

*         *

*

មួយ​ឆ្នាំ​ក្រោយ​មក​ វាសនាលែង​ជា​សិស្ស​ខ្ញុំ​ទៀត​ហើយ។ នាង​បាន​ឡើង​ថ្នាក់​ទី​៥ទំនើបជាតិ (១) តែ​ខ្ញុំ​នៅតែ​មាន​ចិត្ត​រាប់​អាន​ក្មេង​ស្រី​នេះ​ដូច​ពី​មុន​ដដែល។ ជា​ច្រើន​ដង​ណាស់​មក​ហើយ ដែល​វាសនាតែង​តែទទូច​អញ្ជើញ​ខ្ញុំ​ឱ្យ​ទៅ​លេង​ផ្ទះ​នាង។ តែកន្លងមក ខ្ញុំ​​រក​លេស​ដោះស្រាយ​មិន​ព្រម​ទៅ​ឡើយ។ តាម​ពិត​ទៅ​ ខ្ញុំ​ប្រកាន់​បន្តិច​ផង​ ព្រោះខ្ញុំ​ជា​ស្រីក្រមុំ។ ខ្ញុំ​មិន​ចូល​ចិត្ត​ទៅទីកន្លែង​ណា​ដែល​មាន​ប្រុស​កំលោះ ឬ​បុរសពោះ​ម៉ាយទេ។ ជាពិសេស​ទៅទៀត ខ្ញុំ​ខ្លាច​បិតា​នាង​វាសនាយល់​ច្រឡំ​លើ​ចិត្ត​មេត្តា​ធម៌​ដ៏ស្មោះ​របស់​ខ្ញុំ​ចំពោះ​បុត្រីលោក​ផង។ ប៉ុន្តែ​ មិន​ដឹង​ចៃ​ដន្យ​អ្វី​ នៅថ្ងៃ​មួយ​នោះ រថយន្ត​ខ្ញុំ​ខូច ត្រូវដាក់ឱ្យ​យានដ្ឋានជួសជុល។ ​នៅពេល​ចេញពី​សាលា ខ្ញុំ​ប្រុ​ង​ឡើងជិះ​ត្រី​ចក្រ​យាន​ (ស៊ីក្លូ) ស្រាប់តែ​ វាសនារត់​ចេញ​មក​កាត់ពីមុខ ​ហើយ​ឃាត់​ខ្ញុំ។

-អ្នកគ្រូ ខ្ញុំ​សូម​អញ្ជើញ​អ្នក​គ្រូ​ជិះ​ឡាន​ជាមួយ​ខ្ញុំ​វិញ។

ខ្ញុំ​ហារ​មាត់​​ប្រុងប្រកែក​ ស្រាប់តែ​ខ្ញុំ​ឮ​វាចា​បុរស​ម្នាក់​ពោល​មក​ខ្ញុំ​យ៉ាង​ពិរោះស្រទន់។

-បាទ! សូម​អ្នក​គ្រូ​អញ្ជើញ​ជិះ​ឡាន​ជាមួយ​យើង​វិញ ទាន!

-អ្នក​គ្រូ​ នេះ​លោក​ប៉ា​ខ្ញុំ។

-អូហ៍! ច៎ា! ជម្រាបសួរ​លោក!

-បាទ! ជម្រាប​សួរ​អ្នក​គ្រូ​! បើ​អ្នក​គ្រូ​​មិន​យល់​ទាស់​ទេ ខ្ញុំ​និង​កូនស្រី​សូម​ជូន​អ្នក​គ្រូ​​ទៅ​ផ្ទះ​ម្តង​។

​ខ្ញុំ​ប្រកែក​យ៉ាងណា ក៏​បិតា​និង​បុត្រី​នេះនៅតែ​ទទូច​ហៅ​ខ្ញុំ​ឱ្យ​ជិះ​រថយន្ត​ជាមួយ​ទាល់តែ​បាន​។ ខ្ញុំ​លំបាក​និងរំខាន​ក្នុង​ចិត្ត​ជា​ពន់​ពេក។

មួយ​ស្របក់​បន្ទាប់​មក រថយន្ត​បា​នមក​ដល់​ផ្ទះ​ខ្ញុំ។ ​ជាការគួរសម​ ខ្ញុំ​​អញ្ជើញ​អ្នក​ទាំង​ពីរ​ឡើង​ផ្ទះ​ខ្ញុំ​។ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នាង​វាសនា​ដើរ​មើល​រូបភាព​ផ្សេងៗ​ដែល​តាំង​នៅលើ​ជញ្ជាំង ជាឱកាស​ឱ្យ​បិតា​នាង​ចាប់​ផ្តើម​និយាយ​ឡើង៖

-ថ្ងៃ​នេះ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ស្គាល់​អ្នក​គ្រូ។​ វាសនា​កូន​ស្រី​ខ្ញុំ​ តាំងពី​បាន​ចូលរៀនថ្នាក់​​អ្នក​គ្រូ​​មក ​នាង​ហាក់​ដូច​ជា​មាន​ការ​ប្រែប្រួល​ច្រើន​ ទាំង​ចម្រើន​ក្នុង​ការ​សិក្សា​ ទាំង​រីក​រាយ​ ទាំង​ផ្លូវ​ចិត្ត។ នាង​ឧស្សាហ៍​និយាយសរសើរ​អ្នក​គ្រូ​ប្រាប់​ខ្ញុំ​ញឹក​ញយ​។

-លោកដឹង​ទេ វាសនា​ជា​ក្មេង​ម្នាក់​គួរ​ឱ្យ​អាណិត​ណាស់។ នាង​ថ្លែង​ទុក្ខ​សោក​របស់​នាង​ប្រាប់​ខ្ញុំ​គ្មានចន្លោះទេ។

-បាទ ពិត​មែន​ កូន​នេះ​អភ័ព្វ​ណាស់។ នាង​ព្រាត់​ម្តាយ​តាំង​ពី​អាយុ​មួយ​ឆ្នាំ​។ ចំណែក​ខ្ញុំ​ ជា​អ្នក​កាសែត​តែងតែ​មាន​បេសកកម្ម​ចេញទៅ​ខេត្ត​ញឹក​ញាប់​។ ម្ល៉ោះ​ហើយ កូន​ស្រី​ខ្ញុំ​រស់​នៅ​ជាមួយ​មេដោះ​ច្រើន​ជាងនៅ​ជាមួយ​ខ្ញុំ​។ ឥឡូវ​នាងកាន់តែ​ធំ​ឡើង​ហើយ។ ខ្ញុំ​តែងតែ​គិត​ដល់​អនាគត​នាង​គិតដល់​ពេល​នាង​ពេញ​រូប​រាង​ឡើង។ វាសនា​ទាម​ទារឱ្យ​ខ្ញុំ​រក​មាតា​ដ៏​ល្អ​ម្នាក់​​ឱ្យ​នាង​។ នេះ​ជា​វ័យ​ដែល​នាង​ត្រូវ​ការវត្តមាន​នរណា​ម្នាក់​ដែល​មាន​ភេទ​ដូច​គ្នា​ គ្រាន់នឹង​អាច​ពិភាក្សា​បញ្ហាផ្សេងៗដែល​នាងមិនអាចនិយាយជាមួយខ្ញុំកើត។

ពេល​នោះ វាសនា​ស្ទុះ​សំដៅ​មក​រក​បិតា​នាង​។ ​នាង​ចាប់​ទាញ​ដៃ​បិតា​បណ្តើរ​មក​ឈរ​នៅចំពី​មុខ​កន្លែង​ព្យួរ​រូប​ថត​ខ្ញុំ ហើយនិយាយ៖

-លោកប៉ា មើលនេះ រូប​ថត​អ្នក​គ្រូ​ខ្ញុំ​ស្អាតណាស់ ​មែន​ទេលោកប៉ា? រូប​ថត​អ្នក​គ្រូ​ដូច​រូប​ម៉ាក់​ខ្ញុំ​ឬ​ទេ?

សែន​ហួស​ចិត្ត បិតា​នាង​គ្រវី​ក្បាល​មួយ​ៗ ហើយ​សម្លឹង​មុខ​ខ្ញុំ​យ៉ាងយូរ។ ខ្ញុំ​អៀន​ស្ទើរ​តែ​រត់​ចេញ​ពី​ទីនេះ ហើយ​នឹក​ក្នុង​ចិត្ត​ថា រូប​ខ្ញុំ​ឯណា​អាច​ប្រដូច​ស្មើ​នឹងតារា​ភាព​យន្ត​ដែល​ជាមាតា​នាង​វាសនា​បាន​នោះ?។

*

*         *

(១) ថ្នាក់ទី៨បច្ចុប្បន្ន Classe de Cinquième

នៅមានត…

ថ្ងៃណា? ថ្ងៃណា? និពន្ធដោយ​ ប៉ិច សង្វាវ៉ាន

@រក្សាសិទ្ធិគ្រប់យ៉ាង@

@TOUT DROIT RESERVE@

@ALL RIGHTS RESERVED@

ចាប់​តាំងពី​ឆ្នំា​១៩៦៧ ប្រទេស​កម្ពុជា​លែង​មាន​ឈ្មោះ​ថា ជា​«កោះសន្តិភាព​»ទៀត​ហើយ។ប្រទេសខ្មែរ​បាន​ទទួល​រងគ្រោះ​ដោយ​សារ​​សង្គ្រាមស៊ីវិល។ សង្រ្គា​មគឺ​ជា​ពាក្យ​ដ៏​សែន​កំណាច​ឃោរឃៅ​ ​ដែល​គួរ​ឲ្យ​ខ្លាច ​និងស្អប់​ខ្ពើម​ជា​ទីបំផុត​។ សង្គ្រាម​នាំ​មកនូវ​ការ​ភិត​ភ័យ​តក់​ស្លុត​ ជ្រួល​ច្របល់​ ការ​និ​រាស​ព្រាត់​ប្រាស់​ មរណភាព​ និង​វិនាស​កម្មគ្រប់​បែប​យ៉ាង។

ក្រុង​ភ្នំពេញ​ដែល​ជា​រដ្ឋ​ធានីនៃ​ប្រទេស​កម្ពុជា​ ជាទី​ក្រុង​ដែលធ្លាប់​តែ​មាន​សភាព​រៀប​រយ​ក្សេម​ក្សាន្ត​ និងមាន​​ទេសចរ​ចេញ​ចូល​មិន​សូវ​ដាច់ ក៏​បា​នជួប​ប្រទះ​នឹង​ចលាចល​វឹក​វរ​ខ្លាំង​ឡើងៗ។ គ្រាប់​បែក​ផ្ទុះ​ស្ទើរ​តែ​គ្រប់​កន្លែង។ អនាធិប​តេយ្យ​​កើត​ពេញ​ពាស​ទីក្រុង…។ នៅ​លើ​ទុំព័រសារពត៌មាន​ខ្មែរ​ខ្លះ គេ​តែង​ជួប​ប្រទះ​ជំពូក​អត្ថបទ​ដែល​សរសេរស្តីពី​ការចាប់​ខ្លួន​កូន​ក្រមុំ​គេ​យក​ទៅ​បំផ្លាញ​ព្រហ្មចារីយ៍​ និង​កា​របាត់​ខ្លួន​នៃ​នារី​អភ័ព្វ​ជា​ច្រើន។ ម្ល៉ោះ​ហើយ ទាំង​មាតា​បិតា​របស់​គេ​ ទាំង​មាតា​បិតា​របស់​ខ្ញុំ​ តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ជានិច្ចដល់​បុត្រ​ធី​តា​រ​បស់​ខ្លួន​ស្ទើរ​តែលែង​ចង់​ឲ្យ​កូន​ស្រី​ចេញ​ពី​ផ្ទះ។

គឺ​នៅ​ចុង​ឆ្នាំ​១៩៧១ នាថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ទៅ​ផ្សារ​ជា​មួយ​លោក​ម៉ាក់ និង​ អ្នក​បង​ធំ​របស់​ខ្ញុំ​ ដើម្បី​ទិញ​អីវ៉ាន់ផ្សេងៗ ដូច​ជា​ទិញ​ផ្កា​សម្រាប់​ទុក​ចែក​ជូន​ភ្ញៀវ​នៅថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​អ្នក​បង​ ដែល​​​​ត្រូវ​កំណត់​នៅ​ខែមករា​ ឆ្នាំ១៩៧២។ ពេលយើង​ត្រឡប់​មក​ផ្ទះវិញ​ រថយន្ត​យើង​បាន​បរ​កាត់​កៀន​វិថី​មួយ​ជាប់​នឹង​វិទ្យាល័យព្រះ​ស៊ីសុវត្តិ យើង​បាន​ឃើញ​ទិដ្ឋ​ភាព​ដ៏​ស្លុត​រន្ធត់​មួយ គឺ​បុរស​ម្នាក់​ប្រដាប់​ដោយ​ឯកសណ្ឋានយោធាចុះ​ពី​ឡាន​ហ្សីប​របស់​ខ្លួន​ទៅ​ប្រអូសប្រទាញចាប់​នារីម្នាក់​ដែល​កំពុងតែ​ដើរ​​ម្នាក់​ឯង​បញ្ចូល​ទៅ​ក្នុង​រថយន្ត។ នារីរង​គ្រោះ​នោះ ខំ​ប្រវាយ​ប្រតប់​ការពារ​ខ្លួន​យ៉ាង​ណា​ក៏​ពុំ​ឈ្នះ​ដែរ។ នៅទីបំផុត​ នារី​នោះ​ត្រូវ​ជន​អប្រិយ៍​ចាប់​ដាក់រថយន្ត​ដឹកយក​​ទៅ​បាត់។

ទិដ្ឋភាព​ដ៏​អាស្រូវ​នេះ ញ៉ាំង​ឲ្យ​ខ្ញុំ​ភ័យ​ញ័រ​ចំប្រប់​ដូច​​កូន​សត្វ​ដែល​ខ្វះ​កម្តៅ​គ្រប់​គ្រាន់​របស់​មេ​វា។ ​ដួង​ចិត្ត​ខ្ញុំសែន​ខ្លោច​ផ្សា ​និងអាណិត​អាសូរនារី​អភ័ព្វ ​ដែលកំពុង​ស្ថិត​នៅ​ក្នុង​ក្រញ៉ាំ​​​ដៃបុរស​​ព្រានទុរយស​។

តើ​អនាគត​នាងនឹងក្លាយ​ទៅ​ជា​អ្វី? តើ​ឪពុក​ម្តាយ​របស់​នាង​កើត​ទុក្ខ​យ៉ាងណា​ ក្នុង​ការ​បាត់​ខ្លួន​បុត្រី​របស់​ខ្លួន? ឃើញ​យ៉ាង​ប្រត្យក្សនូវ​ហេតុ​ការណ៍​ដ៏​ថោក​ទាប​នេះ​ ខ្ញុំ​កើត​ក្តី​​វិតក្កឥត​ឧបមា។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ឆាប់​មាន​អារម្មណ៍​​រំភើបញាប់​ញ័រ​ (sensible)  និងជា​មនុស្ស​ម្នាក់​ដែល​​មាន​ចិត្ត​ទោរ​ទន់មេត្តាករុណា​ ម្ល៉ោះ​ហើយ  ​​ព្រឹត្តិការណ៍​ជាក់​ស្តែង​បែប​នេះ ​បណ្តាលឲ្យខួរ​ក្បាល​ខ្ញុំ​គិត​ឥត​ឈប់​ឈរ។ ជា​ពិសេស​ ខ្ញុំ​​អាណិត​នារី​កម្សត់​ម្នាក់​នោះរកពាក្យអ្វីមកប្រដូចមិនបាន។ខ្ញុំគិត​ថា បើ​សិនជាខ្លួន​ខ្ញុំ​ទទួលរង​​គ្រោះ​ដោយ​ប្រការ​ដូច្នេះ​​ តើ​ខ្ញុំ​ត្រូវ​រង​ក្តី​ឈឺចាប់​ប៉ុណ្ណា​ដែរ? គួរ​ឲ្យ​ភ័យ​ខ្លាចណាស់! ឱ! គិត​ទៅគ្រោះ​ថ្នាក់​ គឺ​ជា​ការ​ចៃដន្យ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​អាច​​ស្មាន​ដឹង​មុន​ឡើយ។

រាត្រីនេះ​ ខ្ញុំ​ចូល​កាន់​ដំណេក​ទាំងអារម្មណ៍​​ល្អក់​កករ។ ដួង​ចិត្ត​ក្តៅ​ក្រហាយ​នឹង​អនាធិបតេយ្យ​គ្រប់​យ៉ាង​ដែលកំពុងតែកើតឡើងប្រទេសខ្ញុំ​ដែល​មាន​ច្បាប់​​ដូចជា​ឥត​ច្បាប់…

ដោយ​ឃើញ​ស្ថាន​ការណ៍​កាន់​តែ​វឹក​វរ​ខ្លាំង​ឡើងៗក្នុង​ស្រុក​យើង​ លោក​ប៉ា​ក៏​បាន​សម្រេច​ចិត្ត​បញ្ចូន​បុត្រី​ធីតា​ ដែល​នៅ​លីវ​ទាំង​ប៉ុន្មាន​ជា​បន្ត​បន្ទាប់​គ្នាទៅ​​ប្រទេស​បារាំង។ គឺ​នៅ​តែ​អ្ន​កបង​ស្រីធំ​​របស់​ខ្ញុំ​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​កាល​ពី​ឆ្នាំ​១៩៧២ ដែល​​​ត្រូវ​នៅ​ថែរក្សា​ភូមិ​គ្រឹះ។

នៅ​​ខែកុម្ភៈសីហាឆ្នាំ១៩៧៥ បុរីបង​ប្រុស​របស់​ខ្ញុំ​បាន​ចេញ​ទៅ​ប្រទេស​បារាំង​មុន​គេ​បង្អស់​។ មួយ​ខែ​ក្រោយ​មក ទើប​ដល់​វេនខ្ញុំ។ លោក​ប៉ា​បាន​ផ្ញើ​ខ្ញុំ​ទៅ​ជាមួយ​គ្រួសារ​បារាំង​មួយ​ដែល​មាន​ភរិយា​ខ្មែរនិង​មាន​កូន​តូច​ៗ​ប្រាំមួយ​នាក់​។​ គ្រួសារនេះ​ធ្លាប់​ចេញ​ចូល​ផ្ទះ​ខ្ញុំ​រាល់ពេលេគ្រួសារ​គាត់​មាន​រឿង​រ៉ាវ​ម្តង។ នៅ​ក្នុងខែមីនាឆ្នាំ១៩៧៥ ខ្ញុំ​បាន​ឃ្លាត​ចាកឆ្ងាយ​ពី​គ្រួសារ​ខ្ញុំ​ និង​ពីទីក្រុង​ភ្នំពេញ​ទាំង​អាល័យ​ជា​ទីបំផុត​ជា​មួយ​​គ្រួសារ​​ពូហ្សក«Georges» នេះ។

គឺ​ជា​ការ​ពិបាក​បំផុត​ចំពោះ​រូបខ្ញុំ ព្រោះ​កា​រ​ឃ្លាតឆ្ងាយបែក​ពី​គ្រួសារ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​យើង​ស្ថិត​ក្នុងភ្លើង​​សង្គ្រាម ពុំ​បាន​ធ្វើ​ឲ្យ​អារម្មណ៍ខ្ញុំស្ងប់​ស្ងៀម​សោះ។ ចុះបើ​​ប្រទេស​យើង​ប្រែ​ប្រួល​យ៉ាង​ណា​ទៀត​នោះ តើ​ខ្ញុំ​អាច​មាន​ភ័ព្វ​វាសនា​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុមគ្រួសារ​របស់​ខ្ញុំ​វិញ​ឬ​ទេ?…

*        *

*

មក​ដល់​ប្រទេស​បារាំង​ ​ខ្ញុំ​បាន​មក​ស្នាក់​នៅ​តំបន់៩៥ (Département du Val d’oise) ជា​មួយ​នឹង​គ្រួសារ​ពូហ្សក (Georges)  នាទីក្រុងសាក​សែល (Sarcelles)​។ ខ្ញុំ​ខំ​បន្ទាប​ខ្លួន​ផ្ញើ​ខ្លួន​ជា​មួយ​គេ​ ដោយ​ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​គេ ដូច​ជា​ជួយ​ធ្វើ​ការ​ក្នុង​ផ្ទះ​ និង​ជួយ​មើល​កូន​តូចៗ​របស់​គេ​។ មីង​សារិន ភរិយា​ពូរបស់​​ហ្សក​  កាល​បើ​ឃើញ​ខ្ញុំ​បន្ទាបខ្លួន​បម្រើ​គ្រួសារ​គាត់​ គាត់​ចាប់​ផ្តើម​មើល​ងាយ​ខ្ញុំ​បន្តិច​ម្តងៗ​។ យូរ​ៗទៅ​ សូម្បីតែ​បាយ​ទឹក​ក៏​គាត់​មិន​ដែល​ដណ្តាំ​ស្ល​។ រី​ឯកូន​តូចៗ ក៏​មិន​មិន​រវី​រវល់​និង​ថែ​​ទាំ​ក្រៅ​តែ​ពី​តែង​ខ្លួន​ចេញ​បាត់​ៗ​ពី​ផ្ទះ។ មីង​សារិនមាន​សម្បុរ​ខ្មៅ​គ្រាក់​ មាឌ​ធំ ដូច​ជនជាតិ​អាហ្វ្រិក​។ គាត់និយម​តុប​តែង​កាយ​ដោយប្រើ​សម្លៀក​បំពាក់​ពណ៌​ឆើតៗ​ ហើយ​តែងមុខ​មាត់​ដោយ​ប្រើ​គ្រឿង​សម្អា​ង​ពណ៌​ដុតៗ។ បើ​គេ​គយ​គន់​យូរ​ទៅគួរ​ឲ្យ​ខ្លាច ព្រោះ​វា​មិន​ស៊ី​នឹង​សាច់​មុខ​គាត់​ទាល់​តែ​សោះ។

ចំណែក​ប្តីបារាំង​របស់​គាត់​វិញមានវ័យ​​ចាស់​ជាង​គាត់ជាង​ដប់​ឆ្នាំ។ ពូហ្សកមានមាឌ​ស្គម​កំព្រឹងៗ ដូច​ជា​មនុស្ស​ញៀន​អាភៀន ។ ប៉ុន្តែ  ​គាត់​មិនដែលកឹក​អាភៀន​ទេ តែជា​មនុស្សប្រមឹកស្រាស្រវឹង​អួរ​ទីនួ​គ្មាន​ស្វាង​។

រៀង​រាល់​យប់ ខ្ញុំ​ឮសូរ​តែ​ជម្លោះប្តីប្រពន្ធនេះ​​ជា​អចិន្ត្រៃយ៍។ ​ពូហ្សក​ ​មាន​ជំងឺ​ប្រច័ណ្ឌ​ប្រពន្ធ​គាត់​ ដែល​ចេះ​តែដើរ​បាត់​ៗ​ពី​ផ្ទះ។ ជម្លោះនេះ​បាន​ក្លាយ​ទៅជា​ការ​វាយ​តប់​គ្នា​ជារឿយ​ៗ​​។ មិ​នត្រឹម​តែ​មាន​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​របស់​គាត់​ទេ គឺ​ថែម​ទាំង​រាល​ដាល​មក​ដល់​ខ្ញុំ​ទៀត​។ ជួន​កាល​ គេ​ស្តី​គេថាឲ្យ​ខ្ញុំ​តាម​តែ​អំពើ​ចិត្ត​។ ភាព​អពមង្គល​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​ទ្រ​លែង​បាន​។ ការ​តូចចិត្ត​​ក៏​រឹត​តែ​រីក​រាល​ដាល​ពេញ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​។ ម្យ៉ាង​ទៀត ខ្ញុំ​គ្មានញាតិ​សន្តាន​នៅ​ក្បែរ​ខ្លួន ងាក​ទៅ​កន្លែងណា​ឃើញ​តែ​ជាតិ​សាសន៍​គេ។ ខ្ញុំសង្ឃឹម​លើតែគ្រួសារពូហ្សក​និងមីងសារិនដែល​មក​ពី​ស្រុក​ខ្មែរ​ជាមួយ​គ្នា។ ខ្ញុំ​មិន​នឹងស្មាន​ថា ប្តី​ប្រពន្ធ​នេះ​ មា​នចិត្ត​គំនិត​ប្រែ​ប្រួល​ពីស ​មក​ជា​ខ្មៅ​ដូច្នេះ​សោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ប្រាក់​ដែល​លោក​ប៉ា​ខ្ញុំ​ផ្ញើ​ពី​ភ្នំពេញ​ គាត់ហួងហែង​យក​ទៅ​ទុក​ទាំង​អស់។​​​​ ​គាត់​ពុំ​ចង់​ឲ្យ​ខ្ញុំ​មាន​ប្រាក់​ជាប់​នឹង​ខ្លួន ​ប្រហែល​ជា​គាត់​ខ្លាច​ខ្ញុំ​រត់​ចេញ​ពី​គ្រួសារ​គាត់​ទៅ​រក​បង​បូរីដែលជាបង​ប្រុស​របស់​ខ្ញុំ​នៅស្រាស់បួរ៍(Strasbourg)។ សំបុត្រ​ស្នាម​ផ្សេង​ៗ​របស់​ខ្ញុំ ក៏​គាត់​មិន​រវីរវល់ជួយ​ធ្វើ​ឲ្យ​ខ្ញុំ។

ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ដឹងថា គ្រួសារ​គាត់​បាន​ទទួលអត្តសញ្ញាណ​បណ្ណ​ទាំង​អស់​គ្នា នៅ​តែ​ខ្ញុំ​ម្នាក់​ដែល​គ្មាន​បណ្ណអ្វីសំគាល់ខ្លួ​ននឹង​គេ។ ខ្ញុំ​ដាច់​​ចិត្ត​​សួរ​គាត់​។

–      ពូហ្សក ​កាល​ណា​ពូ​ជូន​ខ្ញុំ​ទៅ​ធ្វើ​សំបុត្រ​ស្នាម?

–      ចាំ​អញ​ជូន​ទៅ (ពូGoerges គាត់​ចេះ​ខ្មែររ​លាយ)

–      កាល​ណា​ពូ​ជូន​ខ្ញុំ​ទៅ? ជាង​បីខែ​ហើយ ដែ​លខ្ញុំ​មក​នៅ​ជាមួយ​ពូ គួរ​តែ​ពូ​អាណិ​ត​ខ្ញុំ​ ​ជូន​ខ្ញុំ​ទៅធ្វើ​ឲ្យ​ស្រេចទៅ។ ​ស្អែក​ពូ​ជូន​ខ្ញុំ​ទៅ​បានទេ?

–      ស្អែក​អញ​រវល់​ណាស់ ចាំ​ថ្ងៃ​ក្រោយ​ទៅ!

–      ពូនិយាយ​ពាក្យ​នេះ​ច្រើន​ដង​ហើយ​ជា​មួយ​ខ្ញុំ​។ ពូ​ប្រាប់​ខ្ញុំ​មក​មើល​ ​ពូ​ចង់​ជួយ​ខ្ញុំ​ ឬ​ពុំ​ចង់? ពូ​ភ្លេច​បណ្តាំ​ប៉ា​ម៉ាក់​ខ្ញុំ​អស់​ហើយ​ឬ? គាត់​ទុក​ចិត្ត​លើ​គ្រួសារ​ពូ​បាន​ជា​គាត់ដាច់ចិត្ត​ផ្ញើ​ខ្ញុំ​មក​ជាមួយ​។ គួរ​ណាស់​តែ​ពូ​អាណិត​គាត់​ ដែល​ផ្ញើ​សេចក្តីទុកចិត្តលើ​ពូ​ទាំង​ស្រុង។ ពូ​ភ្លេច​ហើយ​ឬ​ អំពើ​ល្អ​ដែល​គ្រួសារ​ខ្ញុំ​ធ្លាប់​ធ្វើ​លើ​គ្រួសារ​ពូ​ កាលនៅ​ភ្នំពេញ?

–      កុំ​និយាយ​បូរបាច់​រៀប​រាប់​ច្រើន​ពេក។ ​ស្តាប់​អញ​​បានទេ​ ថាចាំ​អញជូន​ទៅ!

–      ជូន​ទៅ! ជូន​ទៅ! (ខ្ញុំ​ខឹង​ខ្លាំង​ពេក​ទ្រាំ​មិន​ឆ្លើយតប​ទៅ​គាត់​ពុំ​បាន​) ជូន​ទៅ​អង្កាល់? ពូនិយាយ​ពាក្យ​​នេះ​រាប់​រយ​ដង​ហើយ​។ ប្រាប់​ខ្ញុំ​ឲ្យ​ច្បាស់​មក​ តើ​ថ្ងៃណា? ​ថ្ងៃណា?

–      យី! មីកាថា ហ៊ាន​សម្តី​ធំ​ដាក់​អញ​ផង?

​ឮពូហ្សកហៅ​ខ្ញុំ​មីៗ​ដាច់​សាច់ ខ្ញុំ​ស្រក់​ទឹក​ភ្នែកតក់ៗ។ ឱ! ព្រះអើយ! ខ្ញុំ​ពុំ​គួរ​ធ្លាក់​ខ្លួន​ដល់​​ថ្នាក់​នេះ​សោះ។ ខ្ញុំ​សែន​ឈឺ​ចិត្ត។ ខ្ញុំ​ខំខាំ​មាត់​សង្កត់​ចិត្ត​។ ​បេះដូង​ខ្ញុំ​រមួល​ឈឺ​អួល​ពេក​កន្លង​។ បី​ខែ​ប្លាយ​ហើយ​ដែល​គាត់​ធ្វើ​បាប​ខ្ញុំ ទុក​ខ្ញុំ​ដូច​ជា​អ្នក​បម្រើ។ ហេតុ​តែ​ស្រុក​បារាំង​ ជា​ស្រុក​របស់គាត់។ គេ​​មាន​អំណាច​ជិះ​ជាន់​ខ្ញុំ​ស្រេច​នឹង​គេ​នឹក​ឃើញ។ ខ្ញុំ​ពុំ​ដែល​នឹក​ឃើញ​សោះ​ថា ​បារាំង​នេះ​មាន​ចិត្ត​អមនុស្ស​ធម៌​ដូច្នេះ​ឡើយ។ គួរ​ណាស់​តែ​គាត់​នឹក​ឃើញ​ដល់​អតីត​កាល​របស់​គាត់ផង។ អតីតកាល​ដ៏​ក្រ​ខ្សត់​របស់​គាត់ ដែលធ្លាប់​តែ​ពឹង​ពាក់​លើ​គ្រួសា​រខ្ញុំ​។ តាំង​តែ​គេ​បាន​មក​ដល់​ទីនេះ​ជា​ស្រុក​របស់​គេ​ គេ​ក្រអឺត​ក្រទម​ កោង​កាច។ គេ​មើល​មក​ខ្ញុំតូច​សែន​តូច​បី​​ដូច​ជា​សត្វ​ស្រមោច។ ​គេ​ចង់​​ញី​ឈ្លេច​សម្លាប់​ពេល​ណា​ក៏​បាន។ ឱ! សត្វ​មនុស្ស​លោក​អើយ! មនុស្ស​បារាំង​ មនុស្ស​ខ្មែរ​អាក្រក់​អន្យតិរ្ថិយបែប​ហ្នឹង​ឬ? ម្តេច​ក៏​គេ​ឆាប់​ភ្លេចអតីតកាល​របស់​គេ​ម្ល៉េះ? នេះ​ហើយ​ឬ «ដល់​ត្រើយ​​សើយ​គូទ»​នោះ។ មែន​ហើយ​ មនុស្ស​ខ្លះ​ គេ​ស្គាល់​គេ​គោរព​ គេ​រាប់​អាន​យើង តែពេល​ណា​ ​គេ​​ឃើញ​យើង​មាន​ប្រយោជន៍​ចំពោះ​គេ​តែ​ប៉ុណ្ណោះ។ សែន​ឈឺ​ផ្សា ខ្ញុំ​ក៏​ដាច់​ចិត្ត​ថា​ឲ្យ​ពូ​ហ្សក។

–      ពូ! គួរ​ណាស់​​ពូ​​អាណិត​​ខ្ញុំ ​មិនគួរពូ​ភ្លេច​អំពើ​ល្អ​របស់​គ្រួសារ​ខ្ញុំ​អស់​រលីង​យ៉ាង​នេះ​ទេ។​ពូ​នឹក​ឃើញ​ទេ… ​កាល​ពូ​ខ្វះ​ប្រាក់​ ពូ​មក​រកលោកប៉ាអ្នកម្តាយ​ខ្ញុំជានិច្ច។

–      អញ​ថា ឲ្យ​ឈប់​និយាយអញថ្លង់ណាស់ អញកំពុង​ស្រវឹង​ណ៎ា!

–      ​ពូ​ហ៊ាន​ធ្វើ​អី​ខ្ញុំ?

–      អញ​មិន​ខ្លាច​ហង​ទេ!

–      ពូ​ហ៊ាន​ហៅ​ខ្ញុំ ហង ផងឬ? ថោក​ទាប! មនុស្ស​ខ្លា មនុស្ស​ក្រពើ​ មនុស្ស​រមិល​គុណ​គេ!

–      យើស!​ មីសត្វ​នេះ! វាព្រហើន​ណាស់​តើ! វាហ៊ាន​ដៀល​អញ​ផង។ តើ​ហង​អាង​អី? អាង​បុណ្យ​សក្តិ​ឪពុក​ហងឬ? កុំ​ភ្លេច​ថា ហង​ជា​ពង​មាន់​នៅ​ក្នុង​កណ្តាប់​ដៃ​អញ!

–      ឈប់​ហៅ​ខ្ញុំ​ថា ហងៗ! ខ្ញុំ​ពុំ​ដែល​ឮអ្នក​ណា ​ប្រើ​ពាក្យ​ថោក​ទាប​បែបនេះ​ជាមួយខ្ញុំទេ។

–      ដៀល​អញទៀតឬ? អញ​ដាក់​មីនេះ​ឲ្យ​ស្គាល់​ចិត្ត​ម្តង។

ថា​ហើយ ស្រាប់តែ​បារាំង​សំគម​នេះ ស្ទុះ​មក​ទះ​កំភ្លៀង​ខ្ញុំ​ផាច់ៗ។ ខ្ញុំ​ពុំ​ដែល​នឹក​ឃើញថា ពូ​ហ្សក​​ហ៊ាន​ប្រើ​កម្លាំង​បាយ​លើ​ខ្ញុំដូច្នេះ​សោះ។ ខ្ញុំ​ទៅ​ជា​ស្រឡាំង​កាំង ហើយ​ក៏​ខំ​ការពារ​ខ្លួន​ចំពោះ​អំពើ​ឃោរ​​ឃៅ​របស់​ជន​កំណាច​នេះ។ ខ្ញុំស្រែក​យំ​ឥត​អៀន​ខ្មាស។ ទទួល​ពេល​នោះ មីង​សារិន​​បើក​ទ្វារ​ចូល​មក​។​ គាត់ឃើញ​ខ្ញុំ​កំពុង​ទទួល​រង​ទារុណ​កម្មនេះ គាត់​មិន​​បា​នសួរ​នាំ​ដើម​ហេតុឡើយ។ ខ្ញុំ​ស្ទុះ​ទៅ​ជិត​គាត់​ទាំង​ទឹក​ភ្នែក​រហាម។ ខ្ញុំបម្រុង​ហា​មាត់​សុំ​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​។ ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​មីង​សារិន​មាន​​ឈាម​ខ្មែរ​ដូច​ខ្ញុំ  និង​ចេះ​យល់​ដល់​ជម្រៅ​មនោ​សញ្ចេត​​នា​របស់​ជន​សាសន៍​ឯង​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គាត់​បែ​រ​ជា​ច្រាន​ខ្ញុំ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្ញុំ​ដួលស្រុះ​ទៅ​លើ​កម្រាល​ផ្ទះ ថែមទាំងបញ្ចេញ​ពាក្យ​អសុរស​មក​កាន់​ខ្ញុំ​ទៀត៖

–      យើស! នាង​ដ្ឋា​ ខ្ញុំខំទុក​ចិត្ត​ឲ្យ​នៅ​ផ្ទះ​ជាមួយ​ប្តីខ្ញុំ ដឹង​អី​ថា​នាង​ឯង​ហ៊ាន​លូ​ក​ថ្លើម​អញ។

–      មីង! មីង​យល់​ខុស​ហើយ… មីង​ស្តាប់ខ្ញុំពន្យល់​សិន…

–      អញគ្មាន​ត្រូវ​ការ​ស្តាប់​ការ​បូរបាច់​អ្វី​ទាំង​អស់។ អញ​ឃើញ​នឹង​ភ្នែក​វាគ្រប់​គ្រាន់​ហើយ​ចំពោះ​អញ។ អញ​ក្តៅ​ណាស់! អញ​កំពុង​តែចាញ់​បៀ ឥឡូវមក​ប្រទះរឿង​បែប​នេះ​ទៀ​ត?

ខ្ញុំ​សែន​ហួស​ចិត្ត។ ទឹកភ្នែ​កខ្ញុំ​ហូរ​ដូច​ទំនប់​ទឹក​ធ្លាយ។ បំពង់​ក​ខ្ញុំ​អួល​ណែ​ន​ស្ទះ​និយាយ​លែង​បាន​។ ពូ​ហ្សក​កំណាច កាល​បើ​ឮភរិយា​សម្លាញ់​របស់​គាត់​និយាយ​ដូច្នេះ គាត់​នៅស្ងៀម​ឥត​បំភ្លឺ​ការ​ពិត​ឲ្យ​​ភរិយា​ដឹង​សោះ​ឡើយ។ ខ្ញុំ​ដឹងថា បើ​ទោះ​ជា​ខ្ញុំ​ខំតវ៉ា​ត​ទៅ​ទៀត​ ក៏​គ្មាន​បា​នទទួល​យុត្តិធម៌​ដែរ ក្រៅ​ពី​ត្រូវ​គេ​វាយ​ដំ​ធ្វើ​បាប​ទៀត។ ម្ល៉ោះ​ហើយ ខ្ញុំ​សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត គេង​បង្ហូរ​ទឹក​ភ្នែក​រាប់​លាន​តំណក់​ជោក​​ខ្នើយ​ទៅចុះ។

​     នៅទីក្រុងភ្នំ​ពេញ​ឯណោះ​ ប្រហែល​ជា​លោក​ប៉ា​អ្នក​ម៉ាក់​នឹកស្រមៃ​ថា កន្និដ្ឋា​ កូ​ន​ស្រី​របស់​លោក​កំពុង​តែ​បន្ត​ការ​សិក្សា​ទៀ​តហើយ​មើល​ទៅ។ ​ប្រហែល​ជាលោកទាំងពីរ​ស្មាន​ថា ខ្ញុំ​បាន​សុខកាយ​​សប្បាយ​ចិត្ត​ កាល​បើ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេរីភាព និង​សម្បូរណ៍​សប្បាយ​ជឿន​លឿ​ន។ លោក​ពុំ​បា​នដឹង​ថា កន្និដ្ឋា កូន​ស្រី​របស់​លោក​កំពុង​តែ​រង​ទុក្ខ​ខ្លោច​ផ្សា​​ឡើយ​។

–      «ឱ! អ្ន​កមាន​គុណ​ទាំង​ទ្វេហារ​អើយ! កូន​​អាណិត​ខ្លួន​ណាស់​។ កូន​ធ្លាប់​តែ​រស់​ក្នុង​វិឡា​ដ៏​ស្តុក​ស្តម្ភ​ មាន​អ្នក​បម្រើ។ លោក​ប៉ា​អ្ន​កម៉ាក់​ធ្លាប់​តែ​ថ្នាក់​ថ្នម​កូន​មិនដែល​ឲ្យ​អាក់ មិន​ដែល​បណ្តោយ​ឲ្យ​កូន​ប្រទះ​នឹង​ការ​លំបាក​អ្វី​ម្តង​ណាសោះ ក្រៅ​តែ​ពី​ចង់​ឲ្យ​កូន​ខំ​រៀន​សូត្រ​ស្វែង​រក​ចំណេះ​វិជ្ជា​ឲ្យ​បាន​ខ្ពង់​ខ្ពស់​តែ​ប៉ុណ្ណោះ! ឱ! វាយោ​រាត្រី សូម​អ្នក​ជួយ​នាំទុក្ខ​សោក​របស់​ខ្ញុំ​ទៅ​ជម្រាប​អ្នក​មាន​គុណ​របស់​ខ្ញុំ​ឲ្យ​បាន​ដឹងផង​។

*             *

*

ខ្ញុំ​សម្រេច​ចិត្ត​ ឈប់​នៅ​ជ្រក​ក្រោម​ដំបូល​អមនុស្ស​ធម៌​នេះ​ទៀត ទោះ​សំបុត្រ​ស្នាម​ធ្វើ​រួច​មិន​រួច​ ខ្ញុំ​ឈប់​គិត​ហើយ។ ខ្ញុំ​គ្មាន​សង្ឃឹម​លើ​មនុស្សចិត្ត​អន្យតិរ្ថិយ​នេះ​ទៀត​ទេ។ ខ្ញុំ​ឆ្អែត​ចិត្តណាស់​។

ព្រឹកឡើង​ គូស្វាមី​បារាំង​ខ្មែរ​នោះ​នាំ​គ្នាចេញ​ទៅ​បាត់។ សេចក្តី​ឈឺ​ចាប់​ដ៏​ធ្ងន់​នេះ​បាន​បញ្ជា​ឲ្យ​ខ្ញុំ​លួច​ប្រាក់ ពូហ្សក​មីងសារិន ពីរយហ្វ្រង់។ តាំង​ពី​កើត​មក​ៗ​ទល់​អាយុ​ ដប់ប្រាំ​បួន​ឆ្នាំ​ ខ្ញុំ​ពុំ​ដែល​លួច​នរណា​ទេ។ ពេល​ហ្នឹង​វាសនា​ខ្ញុំ​តម្រូវ​ឲ្យខ្ញុំ​ភ្លេច​សីលធម៌ ពីព្រោះ​ខ្ញុំត្រូវការ​ប្រាក់​ ដើម្បីធ្វើ​ដំណើរ​ទៅ​ស្រ្តាស់បួរ៍ ទៅ​នៅជាមួយ​បង​បូរី បង​ប្រុស​បង្កើតរបស់​​ខ្ញុំវិញ។

*        *

*

ប្រាក់ពី​ររយ​ហ្រ្វង់ គឺសាមសិបអឺរ៉ូ ដែល​ខ្ញុំ​បាន​លួច​ពីពូ​ហ្សកនិង​មីង​សារិន​មក ពុំ​ដឹង​ជា​ប្រាក់​នេះ​គ្រប់​គ្រាន់​សម្រាប់ទិញ​សំបុត្រ​រថ​ភ្លើង​ឬ​ទេ?

ការ​ភ្ល័យ​ខ្លាច​កើត​មាន​ជា​ថ្មី នៅ​ក្នុង​ការ​ធ្វើដំណើរ​ពីក្រុងសាកសែលជាយក្រុងប៉ារីសទៅ​ស្រ្តាស់បួរ។ តាំង​ពីខ្ញុំ​មក​ស្នាក់​នៅ​ក្នុង​ប្រទេសបារាំង​ ខ្ញុំ​មិន​ដែល​ដើរ​ទៅ​ណា​មក​ណា​ឆ្ងាយទេ​ ព្រោះតែ​ខ្វះ​ទម្លាប់​។ ​កាល​ខ្ញុំ​រស់​នៅ​ឯ​ទីក្រុង​ភ្នំ​ពេញក៏​ខ្ញុំ​​ពុំ​ធ្លាប់​ដើរ​ទៅទីណា​ឆ្ងាយ​ៗ​តែ​ម្នាក់​ឯង​ដែរ។

ព្រះលោក​តាម​ជួយ​ណែនាំ​ផ្លូវ​ខ្ញុំ។ ខ្ញុំ​បាន​ជួប​បុរសម្នាក់​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ។ ជននេះ​ឃើញ​ខ្ញុំ​ជា​ជន​បរទេស​ហើយមានកាន់​វ៉ាលីស​ធ្ងន់​ផង គាត់​ក៏​ជួយ​យួរ ​ហើយជួយ​ហៅ​ឡាន​តាក់​ស៊ី​ឲ្យ​ជូន​ខ្ញុំ​ទៅ​ស្ថានីយ៍​រថភ្លើងនិង​​ចេញ​ប្រាក់​ថ្លៃ​តាក់​ស៊ី​ឲ្យ​ខ្ញុំ​ផង។

លុះ​មក​ដល់​ស្ថានីយ៍​រថភ្លើង ខ្ញុំចាប់​ផ្តើម​បុក​ពោះ​ភ័យ​ភិបៗ​ម្តង​ទៀត។ ស្រាប់​តែ​គ្រានោះ​ឯង ខ្ញុំបាន​ជួបប្រទះយាយ​ចាស់​​បារាំង​ម្នាក់​ទៀត។ ​គាត់​ត្រូវ​ធ្វើ​ដំណើ​រ​ទៅ​កាន់​ក្រុង​ស្រ្តាស់បួរ៍​ដូច​ខ្ញុំ​ដែរ។ លោកយាយនេះ​យក​ចិត្ត​ទុក​ដាក់ជួយ​យក​អាសា​ខ្ញុំ ហៅខ្ញុំឲ្យ​អង្គុយ​ជាប់​គាត់។ គាត់​បាន​សាក​សួរ​ខ្ញុំ​ ពី​ការធ្វើដំណើររបស់​ខ្ញុំ ពី​សញ្ជាតិ​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ថ្លែងពី​គោល​បំណង​ខ្ញុំ​ទៅ​រក​បង​​ប្រុស​នៅ​ស្រ្តាស់បួរ៍។​ គាត់​បាន​បញ្ចេញ​ទឹក​ចិត្ត​​រាក់​ទាក់​ល្អ​ប្រពៃ​ណាស់​។ ​ខ្ញុំ​ពុំ​បាន​ប្រទះទេ ​តាំង​ពី​ខ្ញុំ​មក​ដល់​ប្រទេស​បារាំង។​ ប៉ុន្តែ ​ហាក់​ដូច​ជា​មាន​អ្វីមួយ​មក​ខ្សិប​ប្រាប់​ខ្ញុំ​ថាឲ្យ «ប្រយ័ត្ន​! ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​ប្រញាប់​ទុក​ចិត្ត​គេ​ពេក »។ ណាមួយ​អំពើអាក្រក់​របស់​ពូ​ហ្សក​និង​មីង​សារិន​ចេះ​តែ​បញ្ចាំង​ក្នុង​អារម្មណ៍​ខ្ញុំ​ បណ្តាល​ឲ្យ​ខ្ញុំ​លែង​ជឿទុក​ចិត្ត​​មនុស្ស​ឯទៀត​ទាំង​អស់។

ខ្ញុំ​​អធិដ្ឋាន​ដល់​ព្រះ​ជា​ម្ចាស់​សូមឲ្យ​លោកជួយ​សង្រ្គោះ​ខ្ញុំ​ និង​បណ្តាល​ឲ្យ​ខ្ញុំ​ជួប​តែ​មនុស្ស​ល្អ​ត្រឹម​ត្រូវ​ មាន​ចិត្ត​ទៀង​ត្រង់​ ចេះ​យល់​ដល់​ទុក្ខ​ធុរៈ​គ្នា​ទៅវិញ​ទៅមក​ និងចេះ​ជួយ​ឈឺឆ្អាល​សន្តោស​គ្នា ដោយ​សូម​ព្រះអង្គ​បង្វៀស​មនុស្ស​អាក្រក់​ទាំង​ឡាយ​ឲ្យ​ចេញ​ឆ្ងាយ​អំពី​ខ្ញុំ។

​ជាតិ​ជា​ស្ត្រី ហើយ​ជាស្ត្រីខ្មែរ​ដែល​​ធ្លាប់​តែបាន​ទទួល​ការ​អប់រំ ​តាម​លក្ខណៈ​ប្រពៃណី​ជាតិ​ លុះ​ដល់​មក​ជ្រក​កោន​ក្នុង​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ ទំនៀម​ទម្លាប់​ របៀប​រស់​នៅ​ និង​ មាន​កម្ពស់​គំនិត​ប្រាជ្ញា​ខុស​អំពី​ខ្មែរ… ចំពោះ​ខ្ញុំ​ គឺ​ជា​កា​រ​ពិបាក​បំផុត ព្រោះនារី​ក្រមុំ​ខ្មែរ មិន​​អាច​ធ្វើ​ដូច​នារីអឺរ៉ុប​បាន​ងាយៗ​ឡើយ។

​ ​ ព្រោះ​តែ​ខ្ញុំពុំ​អាច​ប្តូរ​ឥរិយា​បថ និង​ចិត្ត​គំនិត​ឲ្យ​ដូច​នារី​សាសន៍​គេ​នោះ​ហើយ បាន​ជា​ បណ្តាល​ឲ្យ​ខ្ញុំ​តឹងចិត្ត​ទើស​ទាល់និងលំបាក​គ្រប់ទាំង​អស់។ ដូច​ជា​ក្នុង​ពេល​នេះ ការ​ខំ​សម្រប​ខ្លួន​រៀន​រស់​នៅតាម​លំនាំ​សាសន៍​គេ ញ៉ាំង​ឲ្យ​ខ្ញុំ​មាន​ការ​តឹង​តែង​ខ្វាយ​ខ្វល់​ក្នុង​ដួង​ចិត្ត​គ្រប់​ជំហាន។

*        *

*

ត……

នៅទីបំផុត​ ខ្ញុំ​ក៏​បាន​ដល់​គោល​ដៅ​តាម​សេចក្តី​ប្រាថ្នា។

បង​បូរីនិង​ខ្ញុំ​បាន​មក​ជ្រក​ក្រោម​ដំបូល​ផ្ទះ​ដ៏​ត្រជាក់​ត្រជុំរបស់​លោក​និង​លោក​ស្រី​អាឡារពី​យ៊ែរ ដែល​​ជា​បណ្ឌិត​និតិសាស្ត្រ។ លោកអាឡារ ​បាន​ទៅ​លេង​វិស្សមកាល​នៅក្រុងភ្នំពេញ។ ក្រុមគ្រួសារ​ខ្ញុំ​​ធ្លាប់​បាន​ទទួល​បាយ​ទឹក​ និង​ជូន​ដើរ​ទស្សនា​ទីក្រុង​ និង​ជា​យៗ​ក្រុង​ផង។ គាត់​បាន​ជួយ​ធ្វើ​សំបុត្រ​ស្នាក់​អាស្រ័យ​(Certificat d’hébergement) ធានាយក​បង​ប្រុស​ខ្ញុំ​ឲ្យ​បាន​ចេញ​មក​ប្រទេស​បារាំង​ ហើយ​​ធានា​ធ្វើ​ជា​អ្នក​អាណា​ព្យាបាល​របស់​បង​បូរី។ អ្នក​ទាំង​ពីរ​នេះ​មាន​ចិត្ត​ល្អ​សប្បុរស​ណាស់ ផ្ទុយ​ស្រឡះ​ពី​​ពូ​ហ្សក​ស្រវឹង​ខួប និង​មីង​សារិនស្រីវង់​បៀនេះ ដូច​មេឃ​និង​ដី។ គាត់​បាន​រៀប​បន្ទប់​ឲ្យ​យើង​យ៉ាង​ស្អាតមិងមើលថែ​យើង​ពីរនាក់បងប្អូនយ៉ាង​កក់ក្តៅបំផុត​។

ប្រាក់​ដែល​លោក​ប៉ា​លោក​ម៉ាក់​ខ្ញុំ​ផ្ញើ​ពីភ្នំពេញ​ទាំងប៉ុន្មាន លោក​ទុក​ឲ្យ​យើង​ចាយ​វាយ​និង​ទុក​បង្ការ​ទិញ​​សៀវ​ភៅ​​រៀន​សូត្រទាំងអស់មិនកេងប្រវ័ញ្ញដូចគ្រួសារពូហ្សកមីងសារិនទេ។ បង​បូរី​បាន​បន្ត​ការ​សិក្សា​នៅ​​មហា​វិទ្យាល័យពាណិជ្ជសាស្រ្ត​ជាន់​ខ្ពស់ តាំង​ពី​មក​ដល់​ភ្លាម ​ព្រោះ​ចំពេលបវេសនកាល។ ចំណែក​ខ្ញុំ ​ដោយ​ហួស​ពេល​​ទៅ​ហើយ ខ្ញុំ​ដូច​ជា​ពុំ​ដឹង​គិត​បែប​ណា​ បើ​ខ្ញុំ​មិន​ស្គាល់​ពីជីវភាពប្រទេស​បារាំង​យ៉ាង​ដូច​ម្តេច​ផង​។ ចំណោទ​មួយ​ពាន់​ជំពូក​ចោទ​ពេញ​ខួរ​ក្បាល​ខ្ញុំ។ បើ​រំពឹង​តែលើ​ប្រាក់​ដែល​លោកប៉ា​លោកម៉ាក់​ផ្ញើ​មក​ពីភ្នំពេញក៏​ពុំ​កើត។​ ខ្ញុំ​ត្រូវ​គិត​ដល់​បងប្អូន​​ក្នុង​ស្រុក​​បីនាក់​ ដែល​លោក​ប៉ា​ប្រុង​នឹង​បញ្ចូន​​មក​ទៀត។ ការ​រស់​នៅ​ក្រោម​អាណា​ព្យាបាល​របស់​គេ​ ថ្វី​បើ​គេ​មាន​ចិត្ត​សប្បុរស​អាណិត​មេត្តា​យើង តែខ្ញុំ​និងប​ង​បូរី​​តែង​មា​នការ​ញញើត​ខ្លាច​​​ចិត្ត​គេ​ណាស់​។ ម្ល៉ោះ​ហើយ ខ្ញុំ​គ្មាន​ចិត្ត​នឹងចង់​​រៀន​សូត្រ​បន្ត​​ទេ។ ខ្ញុំ​ចង់​ធ្វើការ​ ដើម្បី​រក​ជួល​ផ្ទះ​នៅ​ពីរ​នាក់​បង​ប្អូន​។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​? ​ខ្ញុំ​ប្រថុយ​ដើរ​រក​គ្រប់​ទី​កន្លែង​តាម​ការណែ​នាំ​របស់​អ្ន​កអាណា​ព្យាបាល​របស់​ខ្ញុំ​។ ខ្ញុំ​ឥត​វាសនា​សោះ​ ព្រោះ​នៅ​ទីណា​ក៏​ដោយ សូម្បី​តែ​កិច្ចការ​កំប៉ិក​កំប៉ុកដូច​ជា​លាង​ចាន​ ឬ​បោស​ជូត ​ក៏​គេ​មិនទទួល​យក​ខ្ញុំ​ដែរ។ ​តើ​ខ្ញុំ​ដែល​ជា​ខ្មែរ​មាន​សង្ឃឹម​​​ប្រជែង​ដណ្តើម​ការ​ងារបាន​​ឬ​ទេ? ​អស់​សង្ឃឹម​ខ្លាំង​ឡើងៗ ណា​ចិត្ត​នឹក​គិត​ទៅ​ដល់​គ្រួសារ​ក្នុង​ប្រទេស​ដែលកំពុង​តែស្ថិត​ក្រោម​ភ្លើង​សង្គ្រាម​ ណា​ខ្វល់​ខ្វាយ​នឹង​ជី​វភាព​ថ្មី​ដែល​ត្រូវប្រឈម​មុខ​តទល់។ ពេល​នោះ​ហើយ​ដែល​ ខ្ញុំ​ចាប់​ផ្តើមស្គាល់ពី​ជីវិត​ខ្លះ គឺពិត​ជា​ពុំ​មែន​ងាយ​ពុំ​មែន​ស្រួល​ ហើយ​សប្បាយសោះ​ឡើយ។ គឺ​​ជា​ជីវិត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​តស៊ូ​សេចក្តី​អំណត់និងព្យាយាម​។ បញ្ហា​រាប់​មិន​អស់​ដែលខ្ញុំ​ត្រូវ​ដោះ​​ស្រាយ។ ​យើង​​ជា​ជន​ភៀស​ខ្លួន​ ពុំ​មែន​រស់​ស្រួល​សប្បាយ​ចិត្ត​​ឡើយ។ កាល​ពី​ដើម​ ឮគេ​មក​បន្ត​វិជ្ជា​នៅ​បរទេស​ ខ្ញុំ​តែង​ស្ងើច​សរសើរ​ វាសនា​របស់​គេ​ដែល​មាន​សំណាង​បាន​មកចេញទៅ​រៀន​ប្រទេស​ក្រៅ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​លាក់​​ការ​ពិត ​​​អួត​អាង​តែកា​រ​សប្បាយ​ ដើម្បីបង្ហាញ​ភាព​ត្រចះ​ត្រចង់ ឲ្យ​អ្នក​ដទៃកោត​ថា ខ្លួនថ្លៃថ្នូរ​បាន​មក​រៀន​ក្នុងប្រទេស​អភិវឌ្ឍន៍។  គេ​នាំ​គ្នា​​លាក់​ការ​ពិត​​​មិន​​និយាយ​ទេ ដើម្បី​លាក់​ក្តីអាម៉ាស់​។ លុះ​ដល់​ប្រទះ​ខ្លួន​ឯង ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ ហើយ​ជឿ​និង​ឃើញ​ច្បាស់ថា ជីវភាព​នៃ​ជន​អន្តោប្រវេសន៍​ជា​ជីវភាព​ដ៏​សែន​លំបាក​វេទនា និងតឹងចិត្ត​ឥត​ល្ហែ។ នេះ​ពុំ​ទាន់​បាន​រាប់​បញ្ចូល​ពី​ការប្រមាថ​មាក់​ងាយ​ពី​ជន​ម្ចាស់​ស្រុក​ខ្លះ​ផង។ ខ្ញុំ​ខំ​ខាំ​មាត់​អត់​ធ្មត់​គ្រប់​ពេល​វេលា ដោយ​​កម្លា​ចិត្ត​ថា ជីវិត​ជា​ការ​តស៊ូ​ ស៊ូ​ដោយ​ខន្តី។ ខន្តី​នេះ​ហើយ​ដែល​អាច​នាំ​ឲ្យ​យើង​ឈ្នះ​​ អាច​នាំ​ឲ្យ​យើង​សម្រេច​បំណង​យើង​បាន​ ទោះយូរ​ឬ​ឆាប់​ក្តី។ ​ឥត​ប្រយោជន៍​នឹង​រៀប​រាប់​ការ​ពិត​ និង​ថ្លែងតម្អួញ​ ឬ​ឈឺចាប់​ទេ ព្រោះ​បើ​ជ្រុល​មាត់​ត្អូញ​ប្រាប់​ជន​ជាតិ​បារាំង​ខ្លះ​នោះ​ នោះរឹតតែ​​ឈឺ​ចាប់​ថែម​ទៀត​ បើ​គេ​ឆ្លើយ​មក​វិញ​ថា «ស្រុក​នេះ​ជា​ស្រុក​បារាំង។ បើ​ចង់​សប្បាយ​ចូរ​អ្នក​ត្រឡប់​ទៅស្រុក​អ្នកឯង​វិញ​ទៅ»។ ខ្ញុំ​ធ្លាប់​បាន​ទទួល​ពាក្យ​នេះ​រួច​ហើយ។

            



 

អ្វី​ក៏​ដោយ​ឲ្យ​តែ​យើងខំ​ស្វះ​ស្វែង​​ចង់បាន​ប្រាកដ​ជា​រក​បាន​ពុំ​ខាន គ្រាន់​តែ​យូរ​ឬឆាប់​តែ​ប៉ុណ្ណោះ។ ក្នុង​លោក​យើង​នេះ ពុំ​មាន​អ្វីមួយ​ធ្លាក់​មក​ឯក​ឯង​ដោយ​មនុស្ស​មិន​បាន​ប្រឹង​ប្រែង​សោះ​ឡើយ ដូច​ពាក្យស្លោក​មួយ​ក្នុង​ស្រីហិតោបទេស​ចែង​ថា «គ្មាន​សត្វម្រឹក​ឯណា​បោល​ចូល​ក្នុង​មាត់​សីហៈ ដែល​កំពុង​ដេក​លក់​នោះ​ទេ» នេះ​ពិត​ជា​ត្រឹម​ត្រូវណាស់។

ខ្ញុំ​ក៏​រក​បាន​ការ​ងារ​កំប៉ិកកំប៉ុក​មួយ គឺជា​អ្នក​ធ្វើ​ការ​ផ្ទះ (employée de maison) ក្នុង​គ្រួសារ​​មួយ​។ មេ​គ្រួសារ​ជា​វេជ្ជបណ្ឌិត​ខាង​កែ​រោគ​ឬ​វិបត្តិ​ខាង​ផ្លូវចិត្ត។ ភរិយា​ជា​សាស្រ្តាចារ្យ​ផ្នែក​​ចិត្ត​សាស្រ្ត។ គ្រួសារ​នេះ​មាន​កូនស្រី​ពី​រនាក់​ ​អាយុ​១០ឆ្នាំ និង​៨ឆ្នាំ។ កិច្ច​ការ​នេះ ប្រសិន​បើ​ប្រាប់​ឲ្យ​ខ្មែរ​យើង​ខ្លះ​ដែល​នៅវាយ​ឫក​ធំ​នៅឡើយ គេ​ច្បាស់ជា​ដៀល​បន្ថោក​បន្ទាប​ខ្ញុំ​ពិត​ប្រាកដ​។ មិន​ខ្វះ​ទេ ខ្មែរ​ខ្លះ​ដែល​កាល​ដើម​ពុំ​ដែល​ស្គាល់​ជីវភាព​រុង​រឿង​ខ្ពង់​ខ្ពស់ លុះ​មក​នៅ​ស្រុក​គេៗខំវាយ​កម្ពស់ កាច់​ឫក ​កាច់​រាង​សឹងតែ​គ្មាន​អ្នក​ណា​ស្មើ ហើយ​តែ​ង​តែ​ប្រមាថមាក់​ងាយ​ការ​ងារ​កំប៉ិកកំប៉ុកបែប​នេះ​ទៅ​វិញ​។

ចំពោះខ្ញុំ បើ​ជីវិត​ថ្មី​តម្រូវ​យ៉ាង​នេះ​ហើយ ខ្ញុំ​ត្រូវ​តែទទួលដោយ​ញញឹម​លាយទឹក​ភ្នែក។ បញ្ហា​ដែល​ធំ គឺ​បញ្ហា​ក្រពះ។ ក្រពះ​ខ្ញុំ​ឃ្លាន ក្រពះ​ខ្ញុំ​ត្រូ​វ​ការ​បាយ​។ ខ្ញុំ​ដាក់​ខ្លួន​ទទួល​គ្រប់​កិច្ច​ការ​ លើក​លែង​តែ​ធ្វើ​ជា​ស្រី​ពេស្យា ឬ​ស្រីបារ​នោះ​ចេញ។

ថ្ងៃ​ដែល​ខ្ញុំ​ចូល​ធ្វើ​ការ​ក្នុង​ផ្ទះ​នោះ​ដំបូង គឺ​ជា​ថ្ងៃ​មួយ​ដែល​លំបាក​បំផុត​ចំពោះខ្ញុំ​។ ថ្វី​បើ​ខ្ញុំស្ម័គ្រ​ចិត្ត​រីក​រាយ​​ទទួល​កិច្ច​ការ​នេះ​ពិត​មែន​ ក៏ប៉ុន្តែ​ផ្លូវ​ចិត្ត​ខ្ញុំ​ពុំ​មែន​ស្រួល​នោះ​ឡើយ។ អតីតកាល​របស់​ខ្ញុំ​បាន​បញ្ជាំង​រស់វវើក​ពេញ​ដួង​អារម្មណ៍ខ្ញុំ។ ​ខ្ញុំធ្លាប់​ជាកូនអ្នកធំនិងមានទ្រព្យសម្បត្តិ​មានអ្នក​បម្រើឆ្វេងស្តាំ។ ឥឡូវ​នេះ ខ្ញុំ​ក្លាយ​ជា​អ្នក​បម្រើ​គេវិញ។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​មក​តក់ៗ។ ខ្ញុំ​យំ​បណ្តើរ​ធ្វើ​ការ​បណ្តើរ។ ខ្ញុំ​នឹក​អាណិត​ខ្លួន​ណាស់។ ពេល​ខ្លះ​ទៀត​ កូន​បារាំង​ម្ចាស់​ផ្ទះ​នេះព្រហើន​កោងកាច​សម្តីធំៗ​ដាក់​ខ្ញុំ។ ខ្ញុំរឹត​តែ​តូច​ចិត្ត​ថែមមួយជាន់ទៀត។ នេះ​ហើយ​ឬ​ជីវិតថ្មីលើទឹកដីបរទេស?

ថ្ងៃ១៧ មេសា ១៩៧៥ ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ខ្មែរក្រហម។ តាំង​ពីនោះ​មក ខ្ញុំ​និង​បង​​បូរី​ដាច់​ការ​ទាក់​ទង​ពី​លោក​ប៉ា​លោកម៉ាក់។ ដូច្នេះ ​ប្រាក់​ដែល​លោក​​ប៉ា​ធ្លាប់​ផ្ញើ​មក​ក៏ត្រូវ​ចប់។  តើ​រំពឹងលើ​​អ្វី? មាន​តែ​កម្លាំង​កាយ​ខ្លួន​ឯង​នេះ​ហើយ​ដែល​ត្រូវ​បញ្ចេញ​ននៀល និង​តស៊ូ​ ដើម្បី​ចិញ្ចឹមជីវិត។ បង​​បូរី​អាណិត​ខ្ញុំ​ណាស់។ បងប្រុសខ្ញុំចង់​ឈប់​រៀន​ ហើយ​រក​ការ​ធ្វើ​វិញ​ ដើម្បី​ឲ្យ​ខ្ញុំ​ឈប់ធ្វើការ​កន្លែង​នេះហើយរក​ការ​​ផ្សេង​ទៀត។

យើង​បាន​ចាក​ចេញ​ពី​បន្ទុក​ លោក-លោក​ស្រី​អាឡារពីយ៊ែរ ហើយ​ដោយ​បាន​នាំ​គ្នា​ពី​រនាក់​បង​ប្អូន​ជួល​បន្ទប់​តូច​ស្អាតមួយ​តម្លៃ​ជាង​ប្រាំ​មួយ​រយ​ហ្វ្រង់ គឺប្រហែលជាងកៅសិបអ៊ឺរ៉ូ។ លោក-លោក​ស្រី​អាឡារពីយ៊ែរ ជួយ​រៀប​ចំបន្ទប់យើង​និង​ផ្តល់សម្ភារៈប្រើប្រាស់ឲ្យ​យើងដូចជា​គ្រែ តុ​សរសេរ​ និង​ទូរសៀវភៅ​ដែល​គាត់​លែង​ប្រើ​។

យប់​ខ្លះ យើង​​បាន​ឃើញ​​ទូរទស្សន៍​បារាំងបញ្ចាំងព្រឹត្តិការណ៍​ស្រុក​ខ្មែរ។ ទឹក​ភ្នែក​យើង​ហូរ​ធ្លាក់​ដោយ​ពុំ​ដឹង​ខ្លួន។ យើងនឹក​ដល់​អ្នក​មាន​គុណ​និង​​បងប្អូន​ទាំង​អស់​ដែល​ពុំ​ដឹង​ជា​វេទនាយ៉ាងណា កាល​បើ​ខ្មែរក្រហម​ដេញ​​ចេញ​ពី​ភូមិគ្រឹះ​ឲ្យ​ចុះ​ទៅធ្វើ​ស្រែ? ឱ! លោក​ប៉ា​អើយ! លោកប៉ា​ជាមានបុណ្យសក្តិ តើខ្មែរក្រហម​ទុក​ជីវិត​​ឬទេ? ពួក​វា​មិ​នទុក​ទេ អ្នក​មាន​ចំណេះ​វិជ្ជា​ឬបុណ្យ​សក្តិ។ តើ​លោក​បង​ថ្លៃ​ខ្ញុំ​ និង​អ្នក​បង​ស្រី​ធំ​វាសនា​អ្នក​ទៅ​ជាងយ៉ាង​ណាដែរ? រីឯ​ប្អូន​ប្រុស​ប្អូន​ស្រី​ និង​អ្នក​ម៉ាក់​ដែល​ជា​អ្នក​ឈឺ​ច្រើន​ផង តើអ្នក​អាច​​មាន​កម្លាំង​គ្រប់​គ្រាន់​ត​ទល់​នឹង​ជីវភាព​លំបាក​វេទនា​អត់ឃ្លាននិង​ទារុណកម្ម​របស់​ពួក​ខ្មែរ​ក្រហម​ដែរ​ឬ​ទេ​?

កូន​នៅ​ឯណេះ​ ទោះបី​ជា​កូន​ធ្វើ​ការ​បម្រើ​គេ​ មើល​កូន​ឲ្យ​គេ​ ដែល​កូន​ពុំ​ធ្លាប់​សោះពីមុន​ ក៏​កូន​រស់នៅ​​ស្រួល​ជាង​អ្នកឆ្ងាយណាស់។ ​កូន​​បរិភោគ​ឆ្អែត។ ​កូនទទួល​ទាន​ដំណេក​ឆ្អែត ​ស្លៀក​ពាក់​​ស្អាតបាត​ត្រឹម​ត្រូវ។ បង​ប្រុស​ខ្ញុំ​ឃើញទឹកមុខ​ខ្ញុំ​​ក្រៀម​ក៏​និយាយ​កម្លា​ចិត្ត​ខ្ញុំ៖

–      កន្និដ្ឋា! កុំ​តូច​ចិត្ត​ពេក មិ​នមែន​មា​នតែ​យើង​ពីរ​នាក់​ទេ​ ដែល​ព្រាត់​ប្រាសគ្រួសារ។ រឿង​នេះ​ជារឿង​របស់​ជន​ជាតិ​ខ្មែរ​មួយ​នគរ។ បង​មិន​យល់​ពី​គំនិត​របស់​ពួក​វា​ទេ។ ណ្ហើយ! គិតថានៅ​សល់​យើង​ពីរ​នាក់​ដែរគ្រាន់​និង​បន្ត​ពូជពង្សវង្សត្រកូល​យើង។ បើ​វាសនា​មាន​ យើង​មុខ​ជា​បា​ន​ជួប​ជុំ​គ្រួសារដ៏ល្អរបស់​យើងឡើង​វិញ។ និយាយ​ពីបញ្ហា​ជីវិត​យើង​សព្វ​ថ្ងៃម្តង បង​អាណិត​ប្អូន​ណាស់។ បង​គិត​ឈប់​រៀន​ហើយៗ​រក​ការធ្វើ​វិញ។ ប​ងខ្លោច​ផ្សា​ណាស់​ដែល​ឃើញ​ប្អូន​ស្រី​ធ្វើ​កា​របម្រើ​គេ​។ បង​ដូច​ជា​មាន​គំនិត​អត្ត​ទត្ថ​បុគ្គល​ពេក​ហើយ​ដែល​គិត​តែ​​ខំ​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​តែ​ខ្លួន​ឯង​ បណ្តោយ​ប្អូន​ឲ្យ​ធ្វើ​ការ​ក្នុង​ផ្ទះ​គេ។ អយុត្តិធម៌​ណាស់ កាល​ណា​បង​គិត​ឃើញ​បញ្ហានេះ  បង​រៀន​មិន​ចូល​ទេ​ណ៎ា​កន្និដ្ឋា។

–      បង​បូរី! សូម​បង​កុំ​គិត​អ៊ីចឹង​ណ៎ា! ខ្លួនខ្ញុំ​ជា​ស្រី ទោះ​បីជាណា​ជា​គ្មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់ក៏​មិន​អី​ដែរ។ បង​ជា​ប្រុស បង​ត្រូវខំ​រៀន​ឲ្យ​បាន​ជ្រៅ​ជ្រះ ​ដើម្បី​កិត្តិយស​គ្រួសារ​។ នៅសល់​តែ​បង​ម្នាក់​គត់​​ដំណាង​ត្រកូលគ្រួសារ​យើង។ អ្នកឯទៀត ពុំ​ដឹងស្លាប់​ឬរស់​? ហេតុនេះ​ ចំពោះ​កន្និដ្ឋា កន្និដ្ឋាមិនតូច​ចិត្ត​ទេ។ កន្និដ្ឋា​សុខ​​ចិត្ត​ទ្រាំ​តស៊ូ​ឲ្យ​បង​រៀន​ទាល់តែ​ចប់​​បាន​សញ្ញា​ប័ត្រ​ស្រុក​គេ​ សឹម​បង​រក​ការ​ធ្វើ។ បង​ធ្វើ​ការ​តែពេល​វិស្សមកាល​ប៉ុណ្ណោះ គ្រប់​គ្រាន់​ហើយ។ យើង​អាច​តស៊ូ​រស់នៅ​របៀប​​ត្បិត​ត្បៀត​បែបនេះ​សិន​ចុះ។ ខ្ញុំ​ចង់​ឲ្យ​បង​បាន​សញ្ញា​ប័ត្រ​ស្រុក​បារាំង​ណ៎ា។

–      តែ​បង​អាណិត​អាដ្ឋា​ឯង​ណាស់ ធ្លាប់​បាន​រៀន​សូត្រ​ដល់​មហាវិទ្យាល័យ​នឹង​គេ​ដែរ ឥឡូវ​បែរ​ជា​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ។ ឯងធ្វើ​ការ​ដូច​ជា​មនុស្ស​អវិជ្ជា ​មិន​ខ្មាស​គេ​ទេឬ?

–      ខ្មាសគេ! ដ្ឋាអត់​ខ្មាស​ទេ ធ្វើ​ម៉េច​បង​អើយ វាសនា​យើង​មិន​ល្អ! ស្រុក​យើងក្រឡាប់ចាក់។ យើង​មក​​ជ្រកកោន​ស្រុក​គេ។​ បើ​យើងនៅ​ប្រកាន់​ចិត្ត​គំនិត​ចាំ​ជ្រើស​រើស​ការងារ​​ឲ្យ​សម​ស្មើ​សមត្ថភាព​នោះ​មិន​ងាយ​ទេ។ នេះ​ហើយ​​ជីវិត​។ ជីវិត​គឺការ​តស៊ូ។ ខ្ញុំ​ចូល​ចិត្ត​ដាក់​ខ្លួន​ជា​ជាង​ពើង​ទ្រូង​តម្កើង​ខ្លួន​ឥត​ខ្មាស​អៀន​ដូច​មនុស្ស​​ខ្លះ។

–      ល្អ​ណាស់ ឯង​ចេះ​យល់​ឃើញ​ដូច្នេះ។ ប៉ុន្តែ​​ កិត្តិយស​របស់ប្អូន​ណ៎ា ក្រែង​គេ​មើល​ងាយ​​។

–      នរណា​​មើលងាយ​ក៏​មើល​ទៅ។ យើង​មិន​អាច​ឃាត់​គំនិត​យោបល់​នរណា​បាន​ឡើយ​ ហើយ​​ក៏​មិន​អាច​បិទ​មាត់​គេ​ដែរ ស្រេច​តែគេ​យល់​ឃើញ​ចុះ។ខ្ញុំ​មិនមែន​ធ្វើកិច្ចការនេះមួយ​ជីវិត​ទេ​បង​។ កាល​ណា​បង​រៀន​ចប់​មាន​ការ​ធ្វើ ខ្ញុំ​​សុំ​រៀន​ម្តង។ ខ្ញុំ​នៅ​មាន​ចិត្ត​ចង់​រៀន​ណាស់​ណ៎ា​​បង។

–      ហ្នឹង​​ហើយ! បង​នឹង​បំពេញ​បំណង​អាដ្ឋា​ឯង​មិន​ឲ្យ​ខក​ចិត្ត​ឡើយ។

តចប់

*        *

*

បង​បូរីនិង​ខ្ញុំ​ រស់​ក្នុង​ស្ទុយ​ឌីយូ (Studio) បន្ទប់តូចមួយ ដូច​លលក​ញី​ឈ្មោល។ យើង​តែ​ងតែ​ទិញ​កាសែត​អាន​ក្រែង​លោមាន​ដំណឹង​ពី​ស្រុក​ខ្មែរ។ នៅ​ទីនេះ​យូរៗ​ទៅ​ បង​បូរី​ក៏​បាន​ស្គាល់និស្សិតខ្មែរ​មួយចំនួននៃ​សកល​វិទ្យា​ល័យ​ផ្សេងៗ។​ អ្នកទាំងនោះ​បា​នចេញ​មក​បន្ត​វិជ្ជាមុនរបបកម្ពុជាប្រជាធិបតេយ្យ។ កា​រ​​ជួប​ស្គាល់​ខ្មែរ​គ្នា​ឯង​ កំចាត់​​ភាព​ត្រម៉ង់​ត្រម៉ោច​បាន​ច្រើន​និងអាច​ញ៉ាំង​ឲ្យ​យើង​ភ្លេច​ទុក្ខ​បាន​មួយ​គ្រា​ៗ ពេលណា​យើង​បាន​ជួប​ជុំ​រួម​បាយ​ទឹក​ជាមួយ​គ្នា​ម្តងៗ។ មិត្តភក្តិ​របស់​បង​បូរី​ក៏​ឧស្សហ៍​នាំ​គ្នា​មក​លេង​ផ្ទះ​យើងដែរ​។ ថ្វី​បើ​ផ្ទះ​យើង​តូច​ចង្អៀត​មែន​ពិត តែ​ចិត្ត​យើង​ពិតជាទូលាយហើយ​រីក​រាយ​ទទួល​មិត្ត​ទាំង​នោះ​ឥត​ធុញ​ទ្រាន់​សោះ​ឡើយ។

     ថ្ងៃ​មួយនោះ ខ្ញុំ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ស្រាប់តែ​មាន​មិត្ត​របស់​បង​បូរីម្នាក់​ឈ្មោះ សាង៉ាមក​លេង។

–      សួស្តី កន្និដ្ឋា សុខសប្បាយ​ទេឬ?

–      ច៎ាៈ សប្បាយ​ទេ។ ចុះ​សាង៉ា​?

–      សុខទុក្ខធម្មតា។ បូរីអត់​នៅ​ទេឬកន្និដ្ឋា?

–      បង​បូរី​មិន​ទាន់​ចូល​ផ្ទះ​នៅ​ឡើយ​ សាង៉ា។

កាល​បើ​ឃើញ​ ខ្ញុំ​មាន​អាការៈ​ច្រាស់​ច្រាល​អង្គុយ​មិន​សុខ សាង៉ា​​សួរ​ខ្ញុំ​ថា៖

–      កន្និដ្ឋាឯង​​ប្រញាប់​ទៅណាឬ?

–      ច៎ាៈ អត់​ទេ! តាម​ពិត​ ខ្ញុំ​រំខាន​បន្តិច​ នៅ​​តែ​ពីរនាក់អ៊ីចឹង។

 ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ប្រាប់​សាង៉ា​ត្រង់​ថា ខ្ញុំ​ទើ​ស​ទាល់​ឡើយ។ សាង៉ា​ក៏​ផ្តើម​និយាយ​ជា​ថ្មី​បន្ទាប់​ពី​នៅ​ស្ងៀម​ប្រហែល​បីនាទី។

–      កន្និដ្ឋា ខ្ញុំ​មាន​រឿង​មួយ​ចង់​ស្នើកន្និដ្ឋា។

ខ្ញុំឥត​ឆ្លើយ​ថា​អ្វីទាំង​អស់ ព្រោះ​អាយុខ្ញុំ​ប៉ុណ្ណេះ​ទៅហើយ ខ្ញុំ​ក៏អាចកាត់​យល់​តម្រុយ​របស់​បុរស​សាង៉ា​​នេះ​ដែរ។ ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​បង​បូរី​ទាំង​អស់ គឺ​មាន​តែ​សាង៉ា​នេះ​ម្នាក់​គត់​ដែល​ប្រើ​ពាក្យ​សម្តី​​កំបុត​កំបុយ​ឆ្គង​ត្រចៀក​ជាង​គេ និង​ជាមនុស្ស​មាត់​ឆៅ​បន្តិច​ផង។ ខ្ញុំ​នៅ​ស្ងៀម សាង៉ានិយាយ​​បន្ត ​​៖

–      តាំង​ពី​បាន​ជួប​ស្កាល់កន្និដ្ឋា ខ្ញុំ​ចេះ​តែ​មាន​បំណង​​ចង់​បានកន្និដ្ឋា​ជា​គូ។ តើកន្និដ្ឋា​ថា​ម៉េច​ដែរ?

–      សាង៉ា ដូចសាង៉ា​ឃើញស្រាប់​ដឹង​ស្រាប់​ហើយ អត់​ពី​ប៉ាម៉ាក់ ខ្ញុំ​មាន​បង​បូរី​ម្នាក់​ជំនួស​អ្នក​មាន​គុណ​របស់​ខ្ញុំ​។ សូម​សាង៉ា​សួរ​ចិត្ត​បង​បូរីខ្ញុំ​ចុះ បើ​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន។

–      នៅ​ស្រុ​កបារាំង​ទៅ​ហើយ រឿង​គូស្រករ​ម៉េច​ក៏​ចាំ​បាច់​សួរ​បង​ប្រុស​? សម្រេច​ខ្លួន​ឯង​មិន​បាន​ទេឬ?

–      ស្រុក​បារាំង​តែ​ស្រុក​ទេ​តើ តែ​ចិត្តគំនិត​ខ្ញុំ​នៅ​តែ​​ខ្មែរ។ ខ្ញុំ​កម្សត់​កម្រ​តែ​ពីរ​នាក់​បង​ប្អូន រឿង​នេះ​ត្រូវ​តែ​ឲ្យ​បងប្រុសខ្ញុំ​ដឹងផង។ ចុះ​មាន​ទៅ​ថោក​ទាប​អី​គ្រាន់​តែ​សាង៉ា​ឯងជម្រាបគាត់ៗជាមិត្ត​ភក្តិ​សាង៉ា​តើ។

–      ទេ! ខ្ញុំ​មិន​សួរ​ទេ។ កន្និដ្ឋា​ឯង​សួរ​ជំនួស​ខ្ញុំ​មិន​បានឬ?

–      បើ​សាង៉ា​​មិន​សួរ​ទេ​ក៏​ហី​ទៅ​ចុះ។ ចំណែក​ខ្ញុំ​ៗ​ក៏​មិន​សួរ​ដែរ។

–      កន្និដ្ឋាឯង​គួរ​តែ​យល់​។ ខ្ញុំ​គោរព​កន្និដ្ឋា​ឯង​ហើយ​បាន​ជា​ខ្ញុំ​ស្នើ​ចិត្ត។ ប្រសិន​បើ​ខ្ញុំ​ជា​មនុស្ស​អាក្រក់ នៅ​ពីរ​នាក់​ស្ងាត់ ​ ខ្ញុំ​ចង់​ចាប់​បង្ខំ​ក៏​បាន​ដែរ។ ខ្ញុំ​ថ្លៃ​ថ្នូរ​អស់​ប៉ុណ្ណឹង​ហើយ។

–      ព្រោះ​តែ​ខ្ញុំ​ទុក​ចិត្ត​ដែរ​បាន​ជាខ្ញុំ​ដាច់​ចិត្ត​នៅ​ក្នុង​បន្ទប់​ស្ងាត់​និយាយ​គ្នា​ជាមួយ​សាង៉ា។ ប្រសិន​បើ​ខ្ញុំ​មើល​ថា សាង៉ាជា​មនុស្ស​ផ្តេស​ផ្តាស​ បង​បូរី​និង​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​រាប់​អាន​សាង៉ា​ឯង​ដែរ។

–      ហ៊ឺះ! ស្រីៗ​ខ្មែរ​ស្រុក​បារាំង​ឥឡូវ​ឡូយ​ណាស់​ហ្ន៎? សូម្បីតែ​ក្រូច​សើច​សោះ​ ក៏​ខំធ្វើ​ជា​ក្រូច​ឆ្មា​រ​ដែរ អាង​តែ​នៅ​ស្រុក​បារាំង​ខ្វះ​ស្រីខ្មែរ។

–      សាង៉ា! សាង៉ា​ឯង​ដូចជា​ព្រហើន​បន្តិច​ហើយណ៎ា កុំយល់ថា​ខ្ញុំ​អនុញ្ញាតិ​ឲ្យ​នៅ​និយាយ​ក្នុង​ផ្ទះ​ខ្ញុំ​ស្ងាត់​តែ​ពីរនាក់​តតួ ហ៊ាន​ប្រមាថ​ខ្ញុំ​​ណ៎ា។ ចាំ​បាច់​ប្រៀបធៀប​ក្រូច​សើច​ ក្រូចឆ្មារ​ស្អី។ ខ្ញុំ​មិន​ដែល​អួត​ខ្លួនថា ខ្ញុំ​ស្អាត​ពីកាលណា។​ ខ្ញុំ​ក៏​មិន​បាន​អង្វរ​សាង៉ា​ឲ្យ​មក​ស្រឡាញ់​ខ្ញុំ​ដែរ។ កុំ​ឃើញ​​បង​ខ្ញុំ​រាក់​ទាក់រាប់​រក​សាង៉ា​ៗឯង​នឹក​ស្មាន​ថា បង​ប្រុស​ខ្ញុំ​បញ្ចុក​បន្សី។ ចំណែកឯ​ខ្លួន​​ខ្ញុំ​ផ្ទាល់​វិញ ខ្ញុំ​សូម​ប្រាប់​ឲ្យ​ច្បាស់ ខ្ញុំ​រាប់​អាន​សាង៉ា​ក៏​ដោយ​សារ​ខ្ញុំ​យល់ឃើញ​ថា​ យើង​ខ្មែរ​ដូច​គ្នា។ ខ្មែរ​ដែល​មាន​មួយ​ចំនួន​តូច​នៅ​ស្រុក​គេត្រូវ​តែ​ចេះ​រួប​រួម​រាប់​រក​គ្នា។ កុំ​ស្មាន​ថា​ ការ​រួសរាយ​រាក់​ទាក់​របស់​ខ្ញុំ​ចំពោះ​សាង៉ា និង​មិត្ត​ឯ​ទៀ​ត​ក្តី​ជា​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួនឲ្យសោះ។ ខ្ញុំ​សូម​ព្រមានជាលើកដំបូងនិងជាលើក​ចុង​ក្រោយ បើ​សាង៉ា​ឯង​មិន​លះ​បង់​ពាក្យ​សម្តី​កោង​កាច​ច្រឡោង​​ខាម និងអាកប្ប​កិរិយា​ជម្លើយ​ដាក់​ខ្ញុំរបៀបនេះ​ទៀត​នោះ សូម​កុំ​ថា ខ្ញុំ​កាច។ សាង៉ា​ឯង​ប្រាកដ​ជា​មិនអាច​ចូល​​ផ្ទះ​នេះទៀត​ទេ។ នេះខ្ញុំ​ប្រាប់​ឲ្យ​ច្បាស់​ទុក​ជាមុន។

ខ្ញុំ​ក្តៅ​ងឿង​ស្លឹក​ត្រចៀក មិន​គួរ​បុរសខ្មែរ​ជម្លើយ​នេះ​ហ៊ាន​ប្រើ​ពាក្យនេះ​ចំពោះ​ខ្ញុំ​សោះ។ ឃើញ​​ខ្ញុំ​ខឹង​ខ្លាំង សាង៉ា​បែរ​ជានិយាយ​អង្វរ​ខ្ញុំ​វិញ​។

–      កុំខឹង​ខ្ញុំ​អី! យី! កាច​ផង ខ្ញុំ​ទើប​តែ​ដឹង។

–      កាចដែរ ជាមួយ​មនុស្ស​ច្រឡើស​បើ​ស​ដូច​សាង៉ា​ឯង។

–      ណ្ហើយ! ខ្ញុំ​លាសិន​ហើយ។ សូម​កុំ​ភ្លេចយក​​រឿង​ខ្ញុំ​ស្នើ​ទៅ​បូរី​ផង។ ខ្ញុំ​សង្ឃឹម​ថា កន្និដ្ឋានឹង​ឆ្លើយ​ឲ្យ​ខ្ញុំដឹង។ ខ្ញុំ​រង់​ចាំ​ទទួល​លិខិត​ពណ៌​ផ្កា​ឈូក​ពីកន្និដ្ឋា​ជា​និច្ច​។ សាយន្ត​សួស្តី!

ខឹង​សាង៉ា​ខ្លាំង​ពេក ខ្ញុំ​បិទ​ទ្វារ​ផ្ទះ​ឮសូរ​ក្ឌាំង​។ ខ្ញុំ​ពុំ​ដែល​ឃើញ បុរសខ្មែរ​អី​កោង​ហើយ​ឈ្លើយ​បែប​នេះ​។ សាង៉ា​នេះ​ឆ្កួត​ទេ​ដឹង​បាន​ជា​គ្មាន​ស្គាល់​ទំនៀមទម្លាប់ប្រពៃណី​​ខ្មែរ? តើ​នរណា​ដែល​ឃើញ​ ដែល​ឮព្រះអើយ! ស្រឡាញ់​ខ្ញុំ​បែរ​ជា​ប្រើ​ខ្ញុំសួរ​បង​ប្រុស​ខ្ញុំ?​ ធ្វើ​មើល​តែ​ខ្ញុំ​សុំ​ស្រឡាញ់​ខ្លួន​មុន​អី​ចេះ។ នៅ​ស្រុក​បារាំង​យូរ​ៗ​ទៅ​ឆ្កួត​អស់។ គ្មាន​ដឹងខ្យល់​អី ​ បែប​ស្មានថា ខ្ញុំ​សម្លឹង​ឃើញ​​សញ្ញាប័ត្រ​វិស្វករ​ស្រុក​បារាំង​ហ្នឹងថា អស្ចារ្យ​ណាស់​ហើយ​យ៉ាង។ ឱ! ប្រហែល​ជា​គេ​នឹកថា ស្រី​ៗ​​ឲ្យ​តែ​ឃើញ​សញ្ញាបត្រ​ធំៗ​ស្រុក​បារាំង​ ក៏ហក់​ទាំង​ភ្នែន​ទៅរក​ហើយ​មើល​ទៅ។ គួរ​ឲ្យ​ស្តាយ​ដែរ បញ្ញាវ័ន្ត​ម្នាក់​ដូច​សាង៉ា មាន​ចំណេះ​ដឹង​ដែរ​ តេពុំ​គួរ​មាន​គំនិត​រាក់​កំផែល​សោះ។ ឬ​មួយ​ក៏​គេ​ឃើញ​ខ្ញុំ​គ្មាន​ឪពុក​ម្តាយ​នៅ​ជិត​បាន​ជា​គេ​ហ៊ាន​ប្រមាថ​មាក់​ងាយ​ខ្ញុំ​របៀប​នេះ? គិត​ឃើញ​សព្វ​បែប​សព្វ​យ៉ាង កំហឹង​ដុត​រោលទ្រូង​ខ្ញុំ​ក៏​កាន់​តែ​ញាប់​ញ័រ​។ ខ្ញុំ​កាន់​តែ​នឹក​តូច​ចិត្ត​។ ទឹក​នេត្រា​ខ្ញុំ​ក៏​ហូរ​មក​តក់ៗ​នឹក​ឃើញ​អស់អតីតកាល។

ឱ! តើ​ហេតុ​អ្វី​ក៏​ខ្ញុំជួប​ប្រទះ​តែ​ជន​ជាតិ​ខ្មែរ​ដូច​គ្នា ហើយ​មា​ន​ចិត្ត​អប្រិយ៍​ដូច្នេះ? តាំង​ពី​តូច​មក ខ្ញុំ​ពុំ​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដាក់​ជន​ណា​ម្នាក់​សោះ។ ខ្ញុំ​តែង​តែ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ​ និងតែង​តែ​ជួយ​ឈឺ​ឆ្អាល​អ្នក​ទន់​ខ្សោយ​។ ចុះ​ហេតុដូចម្តេច​​បាន​ជា​អំពើ​នេះ​មិន​ជួយ​ខ្ញុំ​ឲ្យ​ជួប​តែ​កុសល​ធម៌​និង​មនុស្ស​ល្អ​គួរ​យក​ជា​គ្នា​កើត? លោកប៉ា​អ្នក​ម៉ាក់​អើយ! តើ​កាល​ណា​ឡើយ​ កូន​និង​បង​បូរី​បាន​ជួប​លោក​​​? ថ្ងៃណាទៅ​កូន​បាន​ជួបជុំ​គ្រួសារ​យើង​វិញ និងបាន​រស់​នៅ​ដោយ​សុខ​ក្សេម​ក្សាន្ត​ដូច​កាលពី​​នៅ​ភ្នំពេញ។ កូន​ចង់​ជួប​ស្គាល់​ជីវិត​គ្រួសារឡើង​វិញ។ នៅ​ស្រ្តាស់បួរ៍ មាន​ខ្មែរ​ភៀ​ស​ខ្លួន​មក​ដល់​ខ្លះហើយ​តែ​កូន​គ្មាន​ដំណឹង​ពី​គ្រួសារ​យើង​សោះ។ ប៉ា​ម៉ាក់​! បង​ប្អូន​ទាំង​អស់​ អ្នក​នៅ​ទី​ណា​? ពពក​អើយ! សូម​អ្នក​អាណិត​រូប​ខ្ញុំ​ដែល​រស់​នៅ​កំព្រា​ដូច្នេះ​ផង​។ សូម​អ្នក​អាណិត​ជួយ​ជញ្ជូន​ការ​នឹក​រលឹក​ និង​​​វាចា​ខ្ញុំ​ទៅជម្រាប​ក្រុម​គ្រួសារ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ផង​ថា ខ្ញុំ​រលឹក ថា​ខ្ញុំ​បារម្ភ​ចំពោះសុខ​ភាព​ និង​ជីវិត​នៃ​គ្រួសារ​ខ្ញុំ​ណាស់។ ឱ! ព្រះ​អង្គ​អើយ! សូម​លោក​ជួយ​ឲ្យ​ខ្ញុំ​បាន​ជួប​ជុំ​គ្រួសារ​ខ្ញុំ​វិញ។ សូម​ព្រះ​អង្គ​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​ផង។

អារម្មណ៍​ខ្ញុំ​អណ្តែត​ត្រសែត​តាម​ជំនោរ​ហោះ​ទំ​លើ​​ផ្ទាំង​ពពក​ប្រផេះ​ដែល​អណ្តែត​លឿន​លយ​ពេញ​​ផ្ទៃមេឃា​។ តើ​ពពក​រសាត់​ដល់​ផ្ទៃ​ស្រុក​ខ្មែរ​ឬ​ទេ? សូម​អ្នក​នាំ​ខ្ញុំ​ទៅផង ទៅរក​គ្រួសារ​ខ្ញុំ​ដែល​ពុំ​ដឹង​នៅ​ទីណា។ យើង​គ្មាន​ស្រុក​ភូមិ​ឯណា​ ក្រៅ​ពី​ភ្នំ​ពេញ​ដែ​លជា​ទីក្រុងកំណើត​របស់​យើង។ ចុះ​បើ​គេ​ដេញ​ចេញ​ពី​ភ្នំពេញ​ តើ​គ្រួសារ​ខ្ញុំ​ទៅទីណា? ខ្ញុំ​ស្រមៃ​ឃើញ​ភូមិ​គ្រិះ​ខ្ញុំ​ដែល​នៅឈរ​ជង្គ្រឹង​ព្រោះ​ឥត​ម្ចាស់​។ ខ្ញុំ​ឃើញ​ទ្វារ​បង្អួច​បិទ​ជិត​ឈឹង​ ឃើញ​ធូលី​ក្រាស់​រុំ​ព័ទ្ធ​កញ្ចក់​ទ្វារ​បង្អួច​ និងកម្រាល​ឥដ្ឋ។ ខ្ញុំ​ឃើញ​ដើម​​ជម្ពូ​ជ្រុះ​ផ្កាស្វិត​ក្រៀម​ពាស​ពេញ​សួន​ ព្រោះ​គ្មាន​អ្នក​ថែ។ ខ្ញុំ​ឃើញ​ដើម​ចម្ប៉ា​កាន់​តែ​លូត​ខ្ពស់​ តែ​គ្មាន​ផ្កា​ល្អ​ដូច​ពីមុន​ទេ។ ខ្ញុំ​ឃើញ​រុក្ខជាតិ​ក្នុ​ងសួន​ដុះ​ស៊ុប​ទ្រប់​បាំង​ជិត​ផ្ទះ​អស់។ ខ្ញុំ​ឃើញ​ទ្វារ​របង​ដែក​ខាងមុខ​ផ្ទះ​បិទ​ជិត។ ខ្ញុំ​ដើរ​ឡើង​ទៅជាន់​លើ​ផ្ទះខ្ញុំ​ ងងឹត​សូន្យ​គួរ​ឲ្យ​ភ័យតក់​ស្លុត​។ ពីបន្ទប់​មួយទៅបន្ទប់​មួយ​ ទិដ្ឋភាព​ប្រែប្រួល​អស់។ ក្នុងបន្ទប់​ល្វឹង​ល្វើយ​ ​ទូ​តុ​ដែល​នៅ​សល់​ខ្លះ​បាក់​បែក​អស់។ ខ្ញុំ​ស្ទុះ​ចូល​ក្នុង​បន្ទប់​របស់​ខ្ញុំ​ រើរក​សញ្ញាប័ត្រ​ រើរក​សៀវភៅ​ដែល​ខ្ញុំ​ខំ​សន្សំទុកក្នុងទូសៀវភៅ រើ​រក​ខ្សែអាត់​ដែល​ខ្ញុំ​បាន​ឲ្យ​មិត្ត​ភក្តិ​នៅ​ក្រសួង​ឃោសនា​ការ​ថត​ល្ខោននិយាយ​ឲ្យ​ខ្ញុំ​ជា​ច្រើន​រាប់​មិន​អស់ ។ ខ្ញុំរាវ​រក​រូប​ថត​អនុស្សាវរីយ៍… តែទទេ! ទទេ​ស្អាត​ គ្មាន​សល់​មួយ​សន្លឹក​ណា​ទេ។ តើ​មាន​នៅ​សល់​អ្វី​ទៀត?​គ្រួសារ​ក៏​មិន​ឃើញ​ អីវ៉ាន់​ក្នុ​ងផ្ទះ​ក៏​អស់​រលីង… រូប​ថត​អនុស្សាវរីយ៍​ក៏​រលត់ គឺនៅ​សល់​តែ​ចិត្ត​ដែល​ស្តាយ​តែប៉ុណ្ណោះ…។ ខ្ញុំ​ខ្ទប់​មុខ​ទ្រហោយំ។ តើ​ខ្ញុំ​រស់​នៅ​មាន​ន័យ​អ្វីទៀត? ឱ! កម្ពុជា​មិន​គួរ​អ្នក​ប្រែ​ជា​យ៉ាង​នេះ​សោះ។ ខ្ញុំ​មិន​ចង់​ឃើញ​ខ្មែរ​និង​ខ្មែរ​កាប់​សម្លាប់​គ្នាឯង​ទេ។ ឱ! វប្បធម៌​អារិយធម៌ខ្មែរ​អើយ! តើ​អ្នក​ត្រូវរលាយ​រលត់​អាប់​ឱន​ដូច​ជា​ជីវិតពលរដ្ឋ​​ដែរ​ឬ​យ៉ាង​ណា?

*      *

*

នៅឆ្នាំ ១៩៧៦

ជន​ភៀស​ខ្លួន​មកដល់ស្រ្តាស់បួរ​កាន់​តែច្រើន​ឡើងៗ។ ប៉ុន្តែអ្នក​ទាំង​នោះ​ច្រើន​តែ​ជា​អ្នក​បាត់​ដំបង​ និង​អ្នក​ខេត្ត​ផ្សេងៗ ពុំ​ទាន់​មាន​គ្រួសារ​អ្នក​ភ្នំពេញ​មួយ​សោះ។ ខ្ញុំ​បានស្គាល់​អ្នក​ភៀស​ខ្លួន​ដែល​ទើប​នឹង​មក​ថ្មី​ៗ​ខ្លះ​ដែរ។ បង​ប្អូន​ខ្មែរ​ទាំង​ឡាយ​បា​ននាំ​គ្នា​រៀប​ចំពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដោយ​អង្គាស​​​ប្រាក់​ពី​រយ​ហ្វ្រង់គឺ​ជាង៣០អ៊ឺរ៉ូ​ក្នុង​មួយ​គ្រួសារ​ៗ។ គេ​បាន​យក​ដំណឹ​ងនេះ​មក​ប្រាប់​ខ្ញុំ​ ហើយ​អញ្ជើញ​ខ្ញុំ និង​បង​បូរី​ទៅចូល​រួម​ដែរ។ ខ្ញុំ​ពុំ​ទាន់​ហ៊ាន​ឆ្លើយ​សម្រេច​ភ្លាម​ៗ​ទេ ព្រោះ​ប្រាក់​ពីរ​រយ​ហ្វ្រង់​ចំពោះ​ខ្ញុំ​ច្រើន​ណាស់។ ថ្វីត្បិតតែយើង​មក​រស់​នៅ​ទី​នេះ​មុន​អ្នក​ទាំង​នោះ​មែន​ តែ​ចំនួន​ប្រាក់​ប៉ុណ្ណេះ​ពិត​ជា​ច្រើន​ចំពោះ​ខ្ញុំ។ ជីវភាព​របស់​ខ្ញុំ​និងបងប្រុសខ្ញុំពុំ​អាច​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាយ​វាយ​ឥត​គិត​គូរ​នោះ​ទេ។ ណាមួយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចំពោះ​ខ្ញុំ​ក៏​អស់​ន័យរលីង គឺជា​ការ​កាន់​ទុក្ខធំ​ទៅ​វិញ​ទេ។ ដូច្នេះ​ ខ្ញុំ​ប្រហែល​ជា​មិន​ចំណាយ​ប្រាក់​ពីររយ​ហ្វ្រង់​សម្រាប់​ការ​ជប់លៀងរាំរែក​​សប្បាយតែ​ក្នុង​មួយ​រាត្រី​ដូច្នេះ​កើត​ឡើយ។

គេ​ចេះ​តែ​មក​ទាក់​ទង​ខ្ញុំ​និងបងប្រុសខ្ញុំញឹក​ញាប់​ តែ​ពុំ​ទាន់​បាន​ចម្លើយ​ដាច់​ស្រេច​អំពី​យើង​ស្រាប់​តែក្រោយ​មក​ ​ យើង​ឮថា​ គេ​បែង​ចែក​ជា​បក្ស​ជា​ក្រុម ហើយ​ចោទ​ពួក​និស្សិត​ទាំងឡាយ​ដែល​មក​រៀន​ស្រុកបារាំង​​​មុន​ស្រុក​ធ្លាក់​ ជា​ក្រុម​ឆ្វេង​។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ព្រើត។ ខ្ញុំ​សែន​​ហួស​ចិត្ត នឹង​បង​ប្អូនរួមជាតិខ្មែរយើង​ខ្លះ​មិន​ទាន់​លះ​បង់​គំនិត​ដុះ​ស្នឹម​របស់​ខ្លួន​ ចូល​ចិត្ត​តែ​ចោទ​ប្រកាន់​និងមួល​បង្កាច់​គេ​ឯង​ ថា​អីចេះ​អីចុះ​ដោយ​គ្មាន​មូល​ហេតុជាប្រភព​ជាក់​លាក់។ ​គួរ​ឲ្យ​ស្តាយ​ខ្លាំង​ណាស់។ នេះ​ជា​អំពើ​មួយ​សម្រាប់​បំបែក​បំបាក់​គ្នា​ឯង​ គ្មាន​បាន​ប្រយោជន៍​អ្វី​ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង​មើល​មុន​គ្នា​មិន​ចំ។ ពេល​ដើរ​ជួប​គ្នា​ធ្វើ​មិន​ស្គាល់​គ្នា​គួរ​ឲ្យ​សោក​ស្តាយនិង​ឈឺចាប់​ជា​ពន់​ពេក​។ តើ​ថ្ងៃ​ណា​ ខ្មែរ​ចេះ​រួប​រួម​ស្រឡាញ់​គ្នា? លះបង់​គំនិត​មួល​បង្កាច់​បង្ខូច​នេះ​ចោល​ចេញ​។ ខ្មែរ​អើយ! គួរភ្ញាក់​រលឹក​ហើយ តើ​យើង​នៅ​សល់​ប៉ុន្មាន​ទៀត? ​យើងមាន​គ្នាតិច​ណាស់​នៅ​ស្រុក​គេ​ គួរ​ចេះ​រួម​សាមគ្គី​​ឡើង​ហើយសូម​លះបង់​គំនិត​លាប​ពណ៌​គេ​ឯង​នេះ​ចោល​ទៅ។

*      *

*

នៅ​ក្នុង​ជីវិត​របស់​យើង ជួន​កាល​អ្វីៗ​ដែល​យើង​ទន្ទឹង​រង់​ចាំ​នោះក៏​មិន​ព្រម​មក​ដល់​សោះ។ ផ្ទុយ​​​ទៅវិញ​ អ្វីៗ​ដែល​យើង​ឥត​នឹក​នា ​ឬ​គ្មាន​សង្ឃឹម​ថា​នឹង​មាន​មក​នោះ ​​ស្រាប់​តែ​មក​ដល់​ដោយ​មិន​ចាំ​បាច់​ទន្ទឹង។

ដូច​ជា​ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ទូរលេខ​មួយ​ច្បាប់​ពី​ក្រុង​សាន់ន័​រ (Sannois) ជាយក្រុងប៉ែកខាង

ជើងរដ្ឋធានីប៉ារីស។ ក្នុង​​ទូរលេខ​នោះ​ លោកប៉ា​ខ្ញុំ​បាន​សរសេរថា៖ «គ្រួសារ​យើង​​មក​ដល់

​ប្រទេស​បារាំង​ហើយៗ​សព្វ​ថ្ងៃ​កំពុង​ស្នាក់​នៅ​ក្នុង​ហ្វ័យេ​​សូណា​កូត្រា (Foyer Sonacotra)»។

ដំណឹង​ល្អ​នេះ ញ៉ាំង​ឲ្យ​បេះ​ដូង​ខ្ញុំ​រំភើប​ត្រេក​អរ​ជា​ពន់​ពេក​។ ខ្ញុំ​នៅ​មិន​សុខ​មិន​សាប់។ ខ្ញុំ​លោត​ ខ្ញុំ​សើច​សប្បាយ​តែម្នាក់​ឯង​ប្រៀប​ដូច​ជា​មនុស្ស​វិកល​ចរិត​ ហើ​យក៏​អន្ទះ​សា​យ៉ាង​ខ្លាំង​បន់ឲ្យ​តែ​ដល់​ម៉ោង​​ បង​បូរី​ចេញ​ពី​មហា​វិទ្យាល័យ​នឹង​អាល​បាន​រំលែក​ភាព​សោមនស្សនេះ។ដោយ​សារ​ការ​ទន្ទឹង​ហួស​ពេក ពេលវេលា​ហាក់​ដូច​ជា​មិន​កន្លង​ទៅ​មុខ​សោះ។

ដូច​ធម្មតា​ បង​បូរី​ក៏​បើក​ទ្វារ​ចូល​មក។ ខ្ញុំ​ស្ទះ​ភ្លែត​ទៅរ៉ាយ​រ៉ាប់​ប្រាប់​បង​ប្រុស​ខ្ញុំ​ឥត​បង្អង់​យូរ។ បង​​បូរី​ក៏​ដូច​ខ្ញុំ​ដែរ​ យើង​ទាំង​ពីរ​ឱប​គ្នា​យំ​ដោយ​អំណា​ច​ចិត្ត​ត្រេក​អរ​ហួស​ប្រមាណ​។ យើង​យក​ទូរលេខ​ម​ក​អានម្តង​ទៀត​ស្រាប់​តែ​ឃើញសេចក្តីដែលលោក​ប៉ា​បញ្ជាក់​ថា «មាន​ម្នាក់​ស្លាប់​តែ​មិនបាន​បញ្ជាក់​ឈ្មោះ​អ្ន​កណា​ឡើយ» ។

យើង​ប្រញាប់​ចុះទៅ​ទូរសព្ទ​ទៅ​ហ្វ័យេ​ភ្លាម​។ យើង​បាន​ជួប​លោក​ប៉ា។ យើង​មិន​បាន​និយាយ​អ្វី​ច្រើន​សោះ​ក្រៅតែពី​យំទាំងអស់គ្នា។ លោកប៉ា​ក៏​យំ ​ខ្ញុំ​ក៏​យំ ឮច្បាស់​តែ​ពាក្យ​មួយ​ម៉ាត់ថា «ជុំ​គ្នា​ទាំង​អស់​ស្លាប់​​តែម្នាក់ទេ»។ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា អ្នកដែល​ស្លាប់​នោះ​ជា​អ្នក​ណា​នៅ​ឡើយ។

–      លោកប៉ា ល្ងាច​ថ្ងៃ​សុក្រ​នេះ​កូន​ទាំងពីរនឹងចេញ​ដំណើរ​ពី​ស្រ្តាស់​បួរ៍ទៅ​ហើយ។

ខ្ញុំ​ឮលោក​ប៉ា​ឆ្លើយ​រអាក់​រអួលតាម​ទូរ​សព្ទ​​ថា៖

–      មក​កូន! មក​កូន​ប៉ា​ៗនឹក​កូន​ទាំង​ពីរ​ណាស់។ ព្រះ​​ជួយ… ឲ្យ​យើង​​ជួប​ជុំ​គ្នា… ដូច​នៅ​ភ្នំពេញ​វិញ​ហើយ​កូន… ប៉ា​អរណាស់។ ប៉ានិង​គ្រួសារ​យើង​ចង់​ជួប​ឯង​ទាំង​ពីរនាក់​ណាស់…

 

*******************

 

ថ្ងៃ​សៅរ៍​ជាថ្ងៃ​ដែល​បង​ប្អូន​ខ្មែរ​យើង​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរនៅស្រាស់បួរ៍។

ក្នុងរាត្រី​នេះ​ ប្រាកដ​ជា​គ្មាន​វត្ត​មាន​បង​បូរី​និង​ខ្ញុំ​ឡើយ ព្រោះយើង​ទាំង​ពីរ​នាក់​ត្រូវ​នាំ​គ្នា​ចេញ​​ដំណើរ​មកកាន់ជាយ​ក្រុង​ប៉ារីស៍​តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​ ដើម្បី​មក​ជួប​គ្រួសារយើង​ដែល​សំខាន់និង​​ចាំ​បាច់ជាង​អ្វី​ទាំង​អស់។

បង​បូរី​និង​ខ្ញុំ​បាន​ទៅ​ដល់​ហ្វ័រយេ​ថ្ងៃសុក្រវេលា​ម៉ាងជាង​មួយ​អាធ្រាត្រ​។ យប់​នោះ​យើង​គ្មាន​ងងុយ​គេង​សោះ​។ គ្មាន​អ្វី​ដែល​សប្បាយ​ជាង​គ្រួសារ​ដែល​បាន​ជួប​ជុំ​គ្នា​ឡើយ ប៉ុន្តែ​អវត្ត​មាន​របស់​យើង​ក្នុង​រាត្រី​រាំ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បា​នត្រូវ​ក្រុម​បង​ប្អូន​ខ្មែ​រមួយ​ចំនួន​ចោទ​បង​បូរី​និង​ខ្ញុំ​ថា ជា​ក្រុម​ខ្មែរ​ឆ្វេង​តាម​គំនិត​​រវើរ​វាយ​និង​គ្មាន​ហេតុ​ផល។យើងក៏​មាន​ឈ្មោះ​ដែល​គេ​លាប​ពណ៌ឲ្យ​​ថា ​ខ្មែរក្រហម ធ្វើ​ឲ្យ​យើង​នឹក​ឡើង​សែន​ហួស​ចិត្ត​ ព្រោះ​វា​ជារឿង​ដែល​ហួស​និស្ស័យ​នឹង​ជឿបាន។ យើង​ក៏​បាន​ស្គាល់​ឈ្មោះ​មេ​ដែល​ចោទ​យើង​នោះ​ទៀត​។ យើង​ទុក​ឲ្យ​គេ​និយាយ​តាម​អណ្តាត​អត់​ឆ្អឹង​របស់​គេ​ទៅ​ចុះ។ នៅទីបំផុត​មនុស្ស​នោះ​នឹង​ធ្វើ​ឲ្យ​​អ្នក​ដទៃ​អស់​ជំនឿ​ទៅ​លើ​វា​ចារបស់​ខ្លួន​ ហើយ​វាចា​នោះនឹង​សាប​រលាប​ទៅ​ឯងៗ​និងក្លាយទៅជាជននិងក្លាយទៅជាជនដែលអ្នកផងលែងទុកចិត្តជាជនមិនបានការ៕

 

សរសេរចប់​នៅ​ស្រ្តាស់បូរ៍ ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​១៩៨៣    

កែ​សម្រួល​នៅ​ភ្នំពេញ ថ្ងៃ​ទី២៤ មករា ឆ្នាំ២០១១  

 កែ​សម្រួល​ចុងក្រោយនៅម៉ុងទីញី​ប្រទេស​បារាំង ​ថ្ងៃ១២​ មករា ២០១៣    

រឿងខ្លី ៖ ព្រោះតែអ្នក ភាគទី១ និង ភាគទី២ និពន្ធដោយ ប៉ិច សង្វាវ៉ាន

គំនូរនេះជាអំណោយរបស់សារព័ត៌មាន «នគរធំ»
សម្រាប់រឿងខ្លីរបស់ខ្ញុំដែលបានចុះផ្សាយក្នុង
កាសែតនោះ

រក្សាសិទ្ធិគ្រប់យ៉ាង

ឆ្នាំ​១៩៧៨…

គឺ​ជា​ឆ្នាំ​ដែល​សមាគម​អ្នក​ស្នេហាអរិយធម៌ខ្មែរ​នៃទី​ក្រុង​ស្រ្តាស់​បួរ​រៀប​ចំពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ជា​លើក​ដំបូងបង្អស់។

ចំពោះ​និមល​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ថ្ងៃ​ដ៏ខ្មៅ​ងងឹត​បំផុត ជា​ថ្ងៃ​ដែល​បណ្តាល​ឲ្យ​នាង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជាង​ថ្ងៃ​ណា​ទាំង​អស់។

អតីត​កាល​ដ៏​មហា​សែន​ចុក​ចាប់​ក្នុង​របប​ប៉ុល​ពត​ខ្មែរ​ក្រហម​ប្រល័យ​ពូ​ជ​សាសន៍​លេច​ធ្លោ​ជា​ថ្មី​ក្នុង​អារម្មណ៍​របស់​និមល។ រូប​ភាព​ដ៏​ស្លុត​រន្ធត់​​ទាំង​ប៉ុន្មាន​ ដែល​និមល​​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក បញ្ចាំង​ពេញ​ខួរ​ក្បាល​នាង​ប្រៀប​ដូចជា​ឆាក​ឈុត​ក្នុង​ខ្សែ​ភាព​យន្ត​ជា​បន្ត​បន្ទាប់។

និមល​នឹក​ឃើញ​មេ​កងសារឿន​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​លើ​រូប​លោក​ទិវ័ន ជា​បង​​ថ្លៃ​របស់​នាង។ អាសារឿន​ចិត្ត​កំណាច​ឃោរ​ឃៅ​បាន​វះ​ដើមទ្រូង​លោក​ទីវ័ន​យក​ថ្លើម​មក​ដោត​ចុង​កាំ​បិត​ស្រួច​ ហើយ​លើក​ឡើង​បង្ហាញ​ប្រជាជន​ ដោយ​ស្រែក​អាក្រោស​បរិហារ​កំហុស​លោកទិវ័ន​អំពី​បទ​វិទ្ធង្ស​នា​សេដ្ឋ​កិច្ច​ ព្រោះតែ​លោកទិវ័ន​បាន​លួ​ច​ផ្លែ​ដូង​មួយ​ប៉ុណ្ណោះ។ អំពើ​ទារុណ​កម្ម​ដ៏​សែន​ព្រៃផ្សៃ​នេះ​បញ្ចាំង​ភ្លឹប​ភ្លែត​ក្នុង​អារម្មណ៍​និមល។ និមល​ហាក់​ឃើញ​ឆាក​ដ៏​សែន​រន្ធត់​នោះ​ស្រស់ៗ។ នាង​ឃើញ​រូប​កាយ លោកទិវ័នដែល​ប្រកាច់​ត្រុលៗ ដែលសល់​តែ​ដង្ហើម​ផ្តឹកៗត្រូវ​​មេពេជ្ឈ​ឃាត​សារឿន​​យក​ខ្សែ​ចង​ក​អូ​ស​ទាញ​ច្រើន​ជុំ​គួរ​ឲ្យ​វេទនា​ពន់​ពេក​ក្រៃ។ អ្នក​ស្រី​កល្យាណី​ជា​បង​បង្កើត​របស់​និមល​ដែល​ត្រូវ​ជា​ភរិយា​ លោកទិវ័នឱប​សព​ប្តី ស្រែក​ទ្រហ៊ោ​យំ​ទួញ​ ហើយ​ស្រែក​ជេរ​អង្គ​ការ​លុះ​ត្រា​តែដាច់​ខ្យល់​ស្លាប់ ​ដោយ​ស្នា​​ដៃ​របស់​យោធា​ខ្មែរ​ក្រហម​បាញ់​សម្លាប់។ ​សព​លោកទិវ័ន និង​អ្នក​ស្រី​កល្យាណី​បាន​បន្សល់​ឈាម​មួយតំណក់ គឺ​រូប​កុមារជីវ៉ា​ដែល​កាល​ណោះ​ទើបតែ​មាន​វ័យ​បួន​ឆ្នាំ។ និមល​នឹក​ដល់​មាតា​បិតា​របស់​នាង ដែលបាន​ស្លាប់​ចោល​នាង​ក្នុង​របប​កុម្មុយ​នីស្ត​ខ្មែរ​ក្រហម​អមនុស្ស​ធម៌នេះ​ដែរ ដោយ​សារ​​តែការ​អត់​ឃ្លាន និង​ជំងឺ​ប្រចាំ​កាយ​គ្មាន​ឱសថ​ព្យាបាល។

សព្វ​ថ្ងៃនេះ ក្នុង​គ្រួសារ​នាង នៅសល់​តែ​រូប​នាង​ និង​ជីវ៉ា​ក្មួយ​កម្សត់​របស់​នាង​តែ​ប៉ុណ្ណោះ។ និមល​ចិញ្ចឹម​បីបាច់​ក្មួយ​កំព្រា​ដូច​ជា​មាតា​មួយ​រូប​ពិតៗ។ អ្ន​ក​ផង​តែង​យល់ថា និមល​ជា​ស្រីមេ​ម៉ាយ​មាន​កូន​មួយ។ ប៉ុន្តែ​និមល​មិន​ខ្វល់​ខ្វាយនឹង​ពាក្យ​មនុស្ស​ទាំង​ឡាយ​នោះ​ទេ។  អ្វី​ដែល​សំខាន់​នោះ គឺ​នាង​ចង់​ធ្វើ​បង្គោល​ និង​ជាម្លប់​ដ៏​ត្រជាក់​សម្រាប់​ក្មួយ​កំព្រា​របស់​នាង។

ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៃ​ទី​ក្រុង​ស្រ្តាស់បួរ មាន​តែ​កំលោះ​សុភា​ជា​សង្សារ​ម្នាក់​គត់​ ដែល​បាន​ដឹង​រឿង​ពិតរបស់​នាង​ និង​ជីវ៉ា។ សុភា​បាន​ដឹង​រឿង​នេះ​ច្បាស់​នៅ​ពេល​ដែល​គេ​សុំ​ស្រឡាញ់​និមល​ដំបូង​​។ ចំពោះ​និមល​ សុភា​ជា​មនុស្ស​សំខាន់​តែម្នាក់ដែល ដឹង​រឿង​ពិត​របស់​នាង​គ្រប់​គ្រាន់​ពេក​ណាស់​ទៅ​ហើយ។ អ្នក​ដទៃ​មិន​សំខាន់​អ្វី​សម្រាប់​រូប​នាង​ទេ ព្រោះ​នាង​ដឹង​ច្បាស់​ស្រេច​ថា បើ​គេ​ចូល​ចិត្ត​និយាយ​អាក្រក់​ពី​រូប​នាង នាង​ក៏​មិន​អាច​បិទ​មាត់​គេ​ជិត​​ដែរ។ សុភាសំខាន់​ជាង​នរណាទាំងអស់ ព្រោះ​សុភា​ត្រូវ​រួម​រស់​ជា​មួយ​នឹងនា​ង​ក្នុង​អនាគត​កាល។ បើ​គេ​នៅតែ​ស្រឡាញ់​រូប​នាង ហើយ​មិន​ចាត់​ទុក​រូប​ក្មួយ​កំព្រា​របស់​នាង​ជា​ឧបសគ្គ ​នោះទើប​នាង​ព្រម​ស្ម័គ្រ​ចិត្ត​ និង​រួមរស់​ជាមួយ​សុភា​។ ផ្ទុយ​ទៅ​វិញ នាង​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​ ដើម្បី​ចិញ្ចឹម​ព្យាបាល​ជីវ៉ា​ក្មួយ​កម្សត់​តែ​មួយ​រហូត​ដល់​ជីវ៉ា​រក​អនាគត​ដោយ​ខ្លួន​ឯង​បាន។

និមល​អង្គុយ​ស្តាប់ព្រះសង្ឃ​សូត្រ​ធម៌​ទាំង​ក្រៀម​ក្រំ​។ ភក្រ្ត​នាង​ស្រពោន… នឹក​ឃើញ​អតីត​កាល​ដ៏​មហា​សែន​ខ្លោច​ផ្សា​នេះ ទឹក​ភ្នែក​ពីរ​បី​តំណក់​រមៀល​ចាក​គ្រាប់​ភ្នែក​របស់​នាង។ សុភា​នៅ​អង្គុយ​ជិត​ជាប់​និមល​ឃើញ​អាការៈ​បែប​នេះ ក៏​ខ្សឹប​សួរ​និមល​ ៖

-អូន​មិន​ស្រួល​ខ្លួន​ឬ​និមល?

និមល​ឥ​ត​ចេញ​វាចា។ ស្រី​ងាក​មុ​ខ​សម្លឹង​ភក្រ្ត​បុរស​ជា​សង្សារ​ដោយ​ក្រសែ​ភ្នែក​ក្រៀម​ក្រំ។ សុភា​​និយាយ​ខ្សឹប​ៗ​ដាក់​ត្រចៀកនិមល។

-យើង​មិនបាច់​នៅ​ទីនេះ រហូត​ដល់​ចប់ពិធី​បុណ្យ​ទេ​អូន។ បើ​មិន​ស្រួល​ខ្លួន​ តោះ​ក្រោក​ឡើង យើង​ទៅផ្ទះ​វិញ។

កញ្ញា​និមល​ក្រោក​ឡើង ដឹក​ដៃ​ក្មួយ​ជីវ៉ា​ដើរ​ចេញ​ពី​បន្ទប់​បុណ្យ​តាម​សុភា។

ក្នុង​រថយន្ត​ក្រុង សុភា​នាំ​នាង​និយាយ​មុន។

-អូ​នមាន​រឿង​អ្វី​ប្រាប់​បង​ផង?

-ហ៊ឺ!

និមល​ដក​ដង្ហើម​ធំ​យ៉ាង​វែង​មួយ ទើប​និយាយ​ប្រាប់​សង្សារ​មួយៗ​ថា៖

-ខ្ញុំ​ពិ​បាក​ចិត្ត​ណាស់ថ្ងៃ​នេះ។ ខ្ញុំ​នឹក​ដល់​អ្នក​ម៉ាក់​ លោកប៉ា នឹក​ដល់​អ្នក​បង​កល្យាណី​ និង​បង​ទិវ័នណាស់។ កាល​ណា​ខ្ញុំ​នឹក​ដល់​បង​ទាំង​ពីរ​របស់​ខ្ញុំ ខ្ញុំ​រឹត​តែ​អាណិត​អាសូរ​ក្មួយ​ជីវ៉ា​ខ្លាំង​ឡើង។ ខ្ញុំ​និយាយ​មិន​អស់​សេចក្តី​ទេ បង​សុភា។ ប្រសិន​បើ​បង​នៅក្នុង​ចិត្ត​ខ្ញុំ ទើប​បង​ដឹង​​ថា ខ្ញុំ​ពិបាក​ចិត្ត​ប៉ុណ្ណា?

-កុំ​ព្រួយ​ពេក​អូន​បង​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​ការ​ធ្វើ​ ហើយ​បង​ខំ​សន្សំ​លុយ​ទុក​រៀប​ការ​យើង​ទាំងពីរ​ឆាប់​ៗ​នេះ។ បង​មិន​ទុក​ឲ្យ​អូន​រង់​ចាំ​បង​យូរ​ត​ទៅ​ទៀត​ទេ។ ឱ! ប្រហែល​ជា​អូន​ធុញ​ទ្រាំ​​ចាំ​បង​យូរ​ហើយ​មើល​ទៅ?

-ខ្ញុំ​មិន​ធុញទេ ក្នុង​ការ​រង់​ចាំ​បង ​តែ​អូន​គិត​ថា បើ​យើង​រៀប​ការ​រួច​ យើង​អាច​ធ្វើ​សំបុត្រ​យក​ជីវ៉ា​មក​ធ្វើ​ជា​កូន​របស់​យើង​ពេញ​លក្ខណៈ​ច្បាប់។ ខ្ញុំ​ឮ​វិញ្ញាណ​បង​ស្រី​ខ្ញុំ​តឿន​ផ្តាំ​ខ្ញុំ​​ឲ្យ​ខ្ញុំ​ចិញ្ចឹម​បីបាច់​ជីវ៉ា​ ​ដូច​កូន​ខ្ញុំ​បង្កើត​។ ខ្ញុំ​អាណិត​ក្មួយ​កំព្រា​ខ្ញុំ​ណាស់។ ក្រៅ​ពី​យើង​ គ្នា​គ្មាន​ទី​ពឹង​ទេ។

-អូន​កុំ​ព្រួយ ទ្រាំ​ចាំ​បង​ប៉ុន្មាន​ខែ​ទៀត​ណ៎ា យើង​នឹង​រៀប​ការ​ជា​ប្តី​ប្រពន្ធ។ យើង​នឹង​ធ្វើ​សំបុត្រ​ស្នាម​យក​ជីវ៉ា​ជា​កូន​យើង។ ជីវ៉ា​នឹង​ក្លាយ​ជា​កូន​យើង​ស្របច្បាប់។ បង​នឹង​ជួយ​បំពេញ​បំណង​អូន​មិន​ឲ្យ​អូន​ខក​ចិត្ត!

-ខ្ញុំ​អរគុណ​បង​ណាស់ ដែល​មាន​ចិត្ត​ធម៌។ ខ្ញុំ​អរគុណ​បង​ក្នុង​នាម​គ្រួសារ​អូន​ទាំង​មូល។

និមល​ធូរ​ទ្រូង​ខ្សាក។ ទុក្ខ​អំពល់​ដែល​នៅ​ដក់​ក្នុង​ចិត្ត​របស់​នាង​ទាំង​ប៉ុន្មាន​ហាក់​ដូចជា​រសាយ​បាត់​អស់​ទៅ​។ ពាក្យ​ពេចន៍អះ​អាង​របស់​សុភា​ ញ៉ាំ​ងឲ្យ​ស្រស់​ស្រី​រំភើប​រីក​រាយ​រក​អ្វី​ប្រៀបប្រដូច​ឲ្យ​ស្មើ​ពុំ​បាន​ឡើយ។ និមល​ជា​នារី​ម្នាក់​ដែល​មាន​ចរិយា​ស្ងប់​ស្ងៀម។ នាង​មិន​បាន​បង្ហាញ​អំណរ​នេះ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​អាកប្បកិរិយា​ឡើយ។ ឆោម​ស្រស់​គ្រាន់​តែ​បញ្ចេញ​ស្នាម​ញញឹម​លើ​បបូរ​មាត់​ដ៏​ស្រស់​ប្រឹម​ប្រិយ៍​អស់​ពី​ដួង​ចិត្ត​ប៉ុណ្ណោះ។ និមល​សង្ឃឹម​ទុក​ជា​មុន​ថា ប៉ុន្មាន​ខែ​ទៀត​ជីវ៉ា​ក្មួយ​ប្រុស​កម្សត់​តែ​មួយ​​នាង​លែង​មាន​ឈ្មោះ​ជា​កុមារ​កំព្រា​ទៀត​ហើយ។ ជីវ៉ានឹង​​ក្លាយ​ជា​កូន​នាង​ និង​សុភា។ ​ ​ និមល​គ្មានចិត្តគ្មានចិត្តលោភ​លន់​ប្រាថ្នាសម្បត្តិ​​មហាសាល​​ទេ។ បំណង​ធំបំផុត​របស់នាងមាន​តែ​ម្យ៉ាង​គត់ គឺ​ប្រាថ្នា​ឲ្យ​ជីវ៉ា​មាន​មាតា​បិតា​ហៅ​ថា «ប៉ា-ម៉ាក់» ដូច​កុមារ​ទាំង​ឡាយ។ និមល​ខ្លោច​ផ្សា​ណាស់ កាល​ណា​នាង​ឮជីវ៉ា​ប្រាប់​នាង​ថា មិត្ត​ជីវ៉ា​នៅ​សាលា​មាន​មាតា​បិតា​គ្រប់​ៗ​គ្នា។ ចុះ​ហេតុអ្វី​បាន​ជា​ជីវ៉ា​គ្មាន​ឪពុក​ម្តាយ​ដូច​អស់​កុមារ​ឯ​ទៀត?។ តើ​មាតា​បិតា​របស់គ្នាទៅ​ណា​បាត់​ទៅ​ បាន​ជា​ទុក​ឲ្យ​ជីវ៉ានៅ​ជា​មួយ​ម្តាយ​មីង? ឱ! នេះ​ហើយ​ឬ​ចិត្ត​រងា​នៃ​ក្មេង​កំព្រា​អើយ! ការ​ផ្តល់​ភាព​កក់​ក្តៅ​ពិត​ជា​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ឲ្យ​កុមារ​មាន​លំ​នឹង​ល្អ​ក្នុង​ជីវិត។

​និមល​ផ្តល់ក្តី​ស្រឡាញ់​លាយ​ក្តី​មេត្តា​ដល់​រូប​ជីវ៉ា​កុមារ​កំព្រា។ រូប​នាង​ក៏​កំព្រាដែរ​។ នាង​យល់​ណាស់​ចិត្ត​កូន​កំព្រា។ តើ​កូន​កំព្រា​ខ្វះ​អ្វី​ខ្លះក្នុង​ជីវិត? កូន​កំព្រា​មិន​ខុស​ពី​ចក​ដែល​រសាត់​កណ្តាល​មហា​សាគរ ពុំ​ដឹង​ថ្ងៃ​ណារ​សាត់​ដល់​កោះ​ត្រើយទេ។ នាង​គិត​ថា​រូប​នាង​កំព្រា​មែន តែ​នាង​ធំពេញវ័យ។ នាង​មាន​គំនិត​ចាស់​ទុំ​ចេះ​គិត​គូរ​ពិចារ​ណា អាច​ ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​បាន។ តែជីវ៉ា​នៅតូច​នៅ​ស្ទើរ​ណាស់ អាយុ​ទើប​បាន​៧ឆ្នាំ មិន​ទាន់​អាច​​ទី​ពឹង​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ គឺ​នៅ​អាស្រ័យ​ពឹងពាក់លើ​គេ​​ទាំង​ស្រុង។ បើ​គ្មាន​រូប​នាង​ជា​ទី​ពំនាក់​សម្រាប់​ជីវ៉ា​ទេ ជីវិត​ជីវ៉ា​អាច​ជួប​ប្រទះ​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង ទោះ​បី​នៅ​ស្រុក​បារាំង​សង្គម​បារាំង​មិន​បណ្តោយ​ឲ្យ​កុមារ​កំព្រា​រសាត់​អណ្តែត​អនាថា​ពិត​មែន តែ​និមល​ចង់​ឱប​ក្រសោប​រក្សា​គ្រប់​គ្រង​ក្មួយ​បង្កើត​របស់​នាង​ជំនួស​បង​ស្រី​របស់​នាង។ នាង​មិន​ចង់​ឲ្យជីវ៉ា​ទៅ​អ្នក​ដទៃ​ចិញ្ចឹម​ទេ ទោះ​ជា​អ្នក​នោះ​មាន​ទ្រព្យ​សម្បត្តិ​សម្បូណ៌​ហូរ​ហៀរ​យ៉ាង​ណា​ក៏​ដោយ។

និមល​ងាកមើល​មុខ​ក្មួយ​កម្សត់​។ ទឹក​មុខ​ជីវ៉ាស្លូត​គួរ​ឲ្យ​អាណិត​ពន់​ពេក។ ឫកពា​ជីវ៉ា​​សុភាព​រាប​សា​។ ជីវ៉ា​ជា​ក្មេង​ម្នាក់​ស្តាប់​បង្គាប់​ចាស់​ទុំ។ គេ​និយាយ​ស្តី​មួយៗ​ ហើយ​ចេះ​ថ្លឹង​ថ្លែង ថ្វី​ត្បិត​តែគេ​ទើប​មាន​អាយុ​៧ឆ្នាំ​មែន។ គេ​មិន​ដែល​ប្រព្រឹត្តអំពើ​អ្វី​ធ្វើ​ឲ្យ​ម្តាយ​មីង​ពិបាក​ម្តង​ណា​សោះ​ តែ​ក៏​ពុំ​មែន​ជាកុមារ​ម្នាក់​បណ្តោយ​ឲ្យ​អ្នក​ផង​ជិះ​ជាន់​ញី​ញក់​តាម​ទំនើង​ចិត្ត​ដែរ ពោល​គឺ​ជីវ៉ា​ជា​កុមារ​មាន​ចិត្ត​អង់​អាច​មិន​ចុះ​ចាញ់​អ្វី​ៗ​ ដែល​ជីវ៉ា​យល់​ថា​មិន​ត្រឹម​ត្រូវ​ ខុ​ស​ពី​ការ​ពិត​ជា​ដាច់​ខាត។

និមល​បំពេញ​ភារៈកិច្ច​ជា​មាតាមួយ​​រូប​ ជំនួស​អ្នក​ស្រី​កល្យាណី​ជា​បង​ស្រី​ឥត​ខ្ចោះ​ តាំង​​ពី​ស្រុក​ខ្មែរ​ រហូត​មក​ដល់​ប្រទេស​បារាំង។

ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​រួច និមលនិង​សុភា​គូ​ស្វា​មី​ភរិយា​ថ្មោង​ថ្មី នាំ​ក្មួយ​កំព្រា​មក​នៅ​ផ្ទះ​ជួល​ថ្មី​នៅ​គ្រូ​ណង់​បួរ (Cronenbourg) ។ ផ្ទះ​អាប់​ប៉ាតឺ​ម៉ងដែល​ជួល​នោះ​មាន​បី​បន្ទប់​ អាច​ជា​ទ្រនំ​តូច​មួយ​ផ្តល់​ផា​សុក​ភាព​ដល់ជីវិត​ទាំងបី។

សុភា​រក​ការងារបានហើយ។ គេធ្វើ​ការជា​ជាង​ភ្លើង​ ក្នុង​មន្ទីរ​ពេទ្យ​លី​យោ​ទៃ (Lyautey) ដែល​ជា​មន្ទីរ​ពេទ្យ​យោធា​មួយនៅស្រ្តាស់បួរ។ ចំណែក​និមល​ជាភរិយា​កំពុង​រក​ការងារ ព្រោះ​នាង​ទើប​តែ​បំពេញ​កម្ម​សិក្សា​ចប់​ផ្នែក​គណនេយ្យ។ និមល​មិនទាន់មាន​ការ​ពិសោធ​ន៍ក្នុង​ជំនាញ​ថ្មី​នេះនៅឡើយ។​ នេះ​ជា​បញ្ហា​មួយ​ចោទ​ឡើង​ដែរ។ ការ​នេះ​នាំ​ឲ្យ​និមល​អស់​សង្ឃឹម។ ​​ជា​ជន​ភៀស​ខ្លួន​ នាង​មិនរើសអើងនិង​ប្រកាន់រកតែការងារល្អទេ។ ការ​ងារអ្វី​ក៏​នាងសុខ​ចិត្ត​ធ្វើ​ដែរ លើក​លែង​របរ​ពេស្យា​កម្ម​មួយ​ចេញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នាង​នៅ​មិន​ទាន់​រក​ការ​បាន​នៅ​ឡើយ។ នាង​ខ្លាច​ចិត្ត​សុភា​ណាស់ ព្រោះ​នាង​មាន​បន្ទុក​ចិញ្ចឹម​ក្មួយ​កំព្រា​។ ប្រាក់​ជំនួយ​រដ្ឋ​បារាំង​ជួយ​ខ្លះ​មែន​ តែ​នាង​មិន​ត្រូវ​រំពឹង​លើ​ប្រាក់នេះ​ទេ ត្រូវ​តែ​ស្វះ​ស្វែង​រក​ការ​ងារ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង។ នាង​មិន​ចង់​ឲ្យ​គេ​យល់ថា នាង​ជា​មនុស្ស​បញ្ញើ​ក្អែក ជា​មនុស្ស​ខ្ជិល​ច្រអូស ដេក​រង់​ចាំ​ប្រាក់​ជំនួយ​រដ្ឋ​ចិញ្ចឹម​នោះ​ទេ។ ណាមួយ​និមល​ជា​មនុស្ស​គិត​គូរ​វែង​ឆ្ងាយ​ណាស់។ ​នាង​ជា​មនុស្សប្រុង​ប្រយ័ត្ន​​បំផុត។​ នាងមិន​ចូល​ចិត្ត​បណ្តោយ​ជីវិត​ឲ្យរសាត់ទៅតាម​យថា​កម្ម​ឡើយ។ នាង​យល់​ថា​ បើ​នាង​មិន​ប្រឹង​ជួយ​ខ្លួន​ឯង​ទេ តើ​នរណា​ជួយ​នាង​រួច​? ​ទោះ​ជា​មាន​ថ្ងៃ​ខ្លះ នាង​មាន​ជំនឿ​ផ្តេក​ផ្តួល​លើព្រះ​អាទិទេព​ក៏​នាង​គិត​ថា ទាល់​តែ​នាង​ខំប្រឹង​ខ្លួន​ឯង​ណាស់​ដែរ ទើប​ព្រះ​អាច​ជួយ​សម្រេច​បាន។ សុភា​សិត​ស្រី​ហិ​តោទេស​មួយ​ថែង​ថា «គ្មាន​សត្វ​ម្រឹគ​ណា​បោល​​ចូ​ល​ក្នុង​មាត់​សីហៈ​ដែល​កំពុង​ដេក​លក់​នោះ​ទេ» គឺ​បាន​ន័យ​ថា បើ​សត្វ​ម្រឹគ​គិត​តែ​ពី​ដេក​មិន​ក្រោក​រក​អាហារ​សោះ គ្មាន​សត្វ​ម្រឹគ​ណា​មួយ​បោល​ចូល​ក្នុង​មាត់​សត្វ​ដែល​​កំពុងដេក​បិទ​មាត់ជិត​នោះ​ទេ។

យ៉ាង​ណា​មិញក្នុង​លោក​យើង​នេះគ្មាន​អ្វី​ទៀត​ទាត់​ឡើយ។

ថ្ងៃ​មួយ​ នៅ​ពេល​ដែល​និមល​ត្រឡប់​មក​ពី​ភ្នាក់​ងារ​ជាតិ​ការងារ​ដែល​ពាក្យ​បារាំង​ហៅ​កាត់​ថា  Pôle Emploi និមល​រួស​រាន់​រៀប​ចំ​ធ្វើ​ម្ហូប​អាហារ​ថ្ងៃ​ត្រង់​ ព្រោះ​ប្តី​ និង​ក្មួយ​ត្រឡប់​ចូល​ផ្ទះ​បរិភោគ​អាហារ។ លោក​សុភា​បោះ​ជំហាន​ស្រាលៗ​មក​ជិត​និមល​ រួច​ទម្លាក់​កាសែត​ចុះ​នៅ​លើ​តុ ហើយ​ស្រវា​ឱប​ភរិយា​ពី​ខាង​ក្រោយ​បញ្ចេញ​វា​ចា​​ថា៖

-​ឲ្យ​​បង​សុំ​ថ្នាក់​ថ្នម​បន្តិច​សិន​បាន​ទេ។

និមល​រើ​បម្រះ។ នាង​ហាក់​ធុញ​ទ្រាន់​ស្វាមី ​ដែល​ចូល​ចិត្ត​រំខាន។ នាង​ក៏ថ្លែង​វាចា​បែប​សោះ​អង្គើយ​៖

-មិន​ដឹង​ថា​ស្អីទេ បង​សុភា​ចូល​ចិត្ត​ឆាឆៅ​អូន​ណាស់។ អូន​ខ្លាច​ធ្វើ​បាយ​ទឹក​មិន​ទាន់​។ ជីវ៉ា​មក​​ដល់​ឥឡូវ​ហើយ វា​មុខ​ជា​ឃ្លាន។

សុភា​ថ្លោះ​ទឹក​មុខ​ភ្លាម។ គេ​នឹក​អន់​ចិត្ត​មួយ​រំពេច ក៏​ឆ្លើយ​ទៅ​ភរិយា​វិញ។

-កាល​នៅសង្សារ អូន​ប្រកាន់​ខ្លួន​ប៉ះ​មិន​បាន។ ឥឡូវ​ យើងរៀប​ការ​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​ហើយ​ក៏អូន​នៅដដែល។ អូន​ឯង​រឹង​រូស​ណាស់។ នេះ​មក​ពី​អូន​ឯង​មិន​ស្រឡាញ់​បង។

-បើ​អូ​ន​មិន​ស្រឡាញ់​បង​ អូន​រៀប​ការ​ជាមួយ​បង​ធ្វើ​អ្វី?

-អូន​រៀប​ការ​ជាមួយ​បង​ ព្រោះ​តែ​អូន​ចង់​ឲ្យ​ជីវ៉ា មាន​ឪពុក​ដូច​អូន​ធ្លាប់​ប្រាប់​បង។

-ត្រូវ​ហើយ អូន​មាន​គំនិត​អីចឹង​មែន ប៉ុន្តែបងគួរ​តែ​យល់​ឲ្យវែង​ឆ្ងាយ​ជាងនេះ។ អូន​ពិត​ជា​ចង់​​បាន«បិតា»ម្នាក់​ឲ្យ​ជីវ៉ា​ហៅ​មែន​ តែបើ​អូន​គ្មាន​​ចិត្ត​ស្រឡាញ់​បង​បន្តិច​សោះ ​អូនមិន​​រៀប​ការ​​ជាមួយ​បង​ពេញ​ច្បាប់​ឲ្យ​ជាប់​ចំណង​ទេ? ម៉េច​បាន​ជាបង​គិត​ថា ​អូន​មិន​ស្រឡាញ់​បង​?

-អូន​ស្រឡាញ់​បង​តិច​ជាង​ស្រឡាញ់​ជីវ៉ា។ អូន​គិត​ជីវ៉ា​ច្រើន​ជាង​គិត​បង។

-បង​ច្រណែន​មែន​ទេ? ម៉េច​បាន​ជាបង​មាន​ចិត្ត​អីចឹង?

-តាំង​ពី​យើង​រៀប​ការ ពេលណា​បង​ចង់​ស្និទ្ធ​ស្នាល​ជាមួយ​អូន​ម្តងៗ បង​តែង​តែ​ឃើញ​រូបជីវ៉ា នៅ​ពាំងរា​រាំង​កណ្តាល​រូប​យើង​ទាំងពីរជានិច្ច។ ជីវិត​ប្តី​ប្រពន្ធ​យើង​មិនធម្មតា ដូច​ជា​មាន​​របង​រា​រាំង​ឃា​ឃាំង​យើង​ទាំង​ពីរ​ដែលធ្វើ​ឲ្យ​បង​ទើស​ទាល់​ណាស់។

-បង​ដុះ​គំនិត​នេះ​ពេញ​ខួរ​ក្បាល​ ធ្វើ​ម្តេច​អូន​ប្តូរ​គំនិត​បង​កើត។ បង​យល់​ខុស​ទាំង​អស់… ហ៊ឺ! អូន​សែន​ហួស​ចិត្ត ខក​ចិត្ត​ណាស់ ដឹង​ថា បង​ច្រណែន​ជីវ៉ា។ គ្នា​គ្មាន​យល់​អ្វី​សោះ​ក្រៅ​ពី​សុំ​ក្តី​ស្រឡាញ់​ពី​យើង​ និង​រំពឹង​លើ​យើង​ទាំង​ស្រុង ហើយ​ទុក​យើង​ជា​ឪពុក​ម្តាយ។

សុភា​គាំង​វាចា។ គេដើរ​ចេញ​ពី​ផ្ទះ​បាយ​ទៅ​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ធ្វើ​ព្រងើយ។ រំពេច​នោះ ជីវ៉ា​បើក​ទ្វារ​ចូល​ក្នុង​ផ្ទះ។ កុមារកម្សត់​លើកដៃ​ជម្រាប​សួរ​តាម​ទម្លាប់​ប្រក្រតី​ ដែល​និមល​បាន​ប្រដៅ។ នេះជាកាយវិការដែលនាង​ធ្លាប់​បាន​ប្រព្រឹត្ត​ជា​មួយ​មាតាបិតា​របស់​នាង កាល​នាង​នៅ​កុមារី។

-ជម្រាប​សួរ​ប៉ាប៉ា ជីវ៉ា​មក​ពីសាលា​រៀន​ហើយ។

លោក​សុភា​ដែល​កំពុង​ទោមនស្ស​ទោម្នេញ​ ធ្វើ​ឬក​មិន​ឮ​កុមារ​ជីវ៉ានិយាយ។ លោក​​អង្គុយ​អាន​កា​សែតធ្វើ​ព្រងើយ។ លោក​តាម​មើល​ជីវ៉ា​ដើរ​ចូល​ផ្ទះ​បាយ​ទាំង​គ្នាន់​ខ្នាញ់។ក្នុង​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់គ្រួសារ​នេះបរិភោគ​ទាំង​ក្រៀម​ក្រោះ គឺ​មាន​តែ​ជីវ៉ា​ម្នាក់​ដែល​បរិភោគ​ឆ្ងាញ់​ជាង​គេ។ ជីវ៉ា​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់។ ​ជីវិត​​កុមារ​កំព្រា​នេះ ​ដូច​ជា​រី​ក​ថ្លា​ជាង​ពី​មុន​ច្រើន។ ជីវ៉ា​សប្បាយ​ចិត្ត​ណាស់ ដែ​លម្តាយ​មីង និង​ឪពុក​មា​ស្រឡាញ់​ខ្លួន​ខ្លាំង ​ហើយ​​យល់​ព្រម​​អនុញ្ញាតឲ្យ​ជីវ៉ា​ហៅ​ថា «ប៉ាប៉ា ​ម៉ា​ម៉ង់»។

លុះ​ស្វាមី​ និង​ជីវ៉ា​ចេញ​ទៅធ្វើ​ការ​ និង​ទៅ​សាលា​រៀនអស់ទៅ​ និមល​នៅ​ផ្ទះ​ម្នាក់​ឯង។ នាងនឹក​ឃើញ​វាចា​ស្វាមី​ឡើង​វិញ។ នាង​គិត​ថា ស្វាមី​របស់​នាង​មិន​ស្រឡាញ់​ជីវ៉ា​ដូច​ដែល​នាង​ធ្លាប់​សង្ឃឹម​ និង​ជឿ​ជាក់​សោះ។ និមល​នឹក​តូច​ចិត្ត​ណាស់។ ទឹក​ភ្នែក​ស្រក់​មក​តក់ៗ។ នាង​ចង់​ឲ្យ​ស្វាមី​យល់​ចិត្ត​នាង​ឲ្យ​ច្បាស់​ថា សេចក្តី​ស្នេហា​របស់​នាង​ចំពោះ​រូប​ស្វាមី​ឥត​ប្រែ​ប្រួល​បន្តិចឡើយ។ ជីវ៉ា​គ្មាន​ដឹង​អ្វី​ទេ។ ​វត្តមាន​របស់​ជីវ៉ា​ក្នុង​ផ្ទះ​នេះពុំ​មែន​ជា​ឧបសគ្គ​ជា​ដាច់​ខាត​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍របស់​នាង និង​ស្វាមី ដែល​ជា​បុរស​តែ​មួយ​គត់​​ប្រចាំ​ជីវិត​របស់​នាង។

**********

ភាគទី២

ថ្ងៃនេះ លោក​សុភា គិត​គូរ​ការ​ចំណាយ​សព្វ​សារពើ​ដែល​កត់​លើ​គល់​សន្លឹក​មូល​ប្ប​ទាន​ប័ត្រ។ លោក​​រអ៊ូរទាំ​ថា៖

-ស្បែក​ជើង​ជីវ៉ា​២០អ៊ឺរូ ខោជីវ៉ា​១៣​អ៊ឺរូ ល្បែង​ជីវ៉ា​២៥​អ៊ឺរូ ​សរុប ទាំង​អស់​៥៨ អ៊ឺរូ​ សម្រាប់​តែជីវ៉ា​ម្នាក់​ឯង​។ ឱ! ព្រះ​អើយ​! ប្រាក់​ខែ​របស់​បង​តែម្នាក់ បើ​អូន​ចាយ​ឥត​សំ​ចៃ​យ៉ាង​ហ្នឹង ​ធ្វើ​ម៉េច​​ទៅ?

-បង​សុភា ក្មេង​ឆាប់​ធំ​ណាស់ ខោអាវនិងស្បែកជើងចង្អៀត​អស់​ហើយ។

-ចុះល្បែង? ល្បែង​នៅ​មាន​គគោក អូន​ទិញ​ថ្មី​ទៀត។ ២០​អ៊ឺរូ​ឯលិច ២០​អ៊ឺរូ​ឯកើត​ ថ្លៃ​ឈ្នួល​ផ្ទះ​ផង​ ថ្លៃភ្លើង​ផង ទូរស័ព្ទផង ថ្លៃធានា​រ៉ាប់​រង​រថយន្ត ម្ហូប​អាហារ​សព្វគ្រប់​ បង​រែក​ឯណា​រួច។ អូន​ដឹង​ស្រាប់​ហើយ ឈ្នួល​ផ្ទះ​យើង​ថ្លៃ…។

-បង​មាន​​ចិត្ត​ចង្អៀត​ចង្អល់​ណាស់។ បង​ស្តាយ​ប្រាក់​បន្តិច​បន្តួច​ប៉ុណ្ណឹង​ តើ​អូន​រំពឹង​លើបង​ម្តេច​បាន? ណ្ហើយ​ចុះ! ចាំ​អូន​មាន​ប្រាក់​ខែ អូន​សង​បង​វិញ… អូន​មិន​នឹក​ស្មាន​ថា បង​គិតគូរ​ត្រឹម​ចំណាយ​ប៉ុណ្ណឹង។

-តែនេះ មិន​មែន​ជាការ​ចំណាយ​ផ្ទាល់ខ្លួនអូន​​ទេ?

-មិន​មែន​សម្រាប់​​ផ្ទាល់ខ្លួនអូន​​មែន​ តែ​សម្រាប់​ជីវ៉ា​ក៏​ដូច​ជា​សម្រាប់​អូន​ដែរ។ ជីវ៉ា​ជា​ក្មួយ​​អូន។ ចិញ្ចឹម​វា​មិន​មែន​មាន​ត្រឹម​បាយ​ទឹក​ប៉ុណ្ណោះ​ទេ។ វា​ត្រូវ​ការ​ស្លៀក​ពាក់​ដូច​យើង​អីចឹង​ដែរ។ តាំង​ពី​យើង​រៀប​ការ​មក អូ​នមិន​ដែលចា​យវាយ​លុយ​បង​ខ្ជះ​ខ្ជាយ​ម្តង​ណា​ទេ តែ​នេះជា​ការ​ចំណាយ​ចាំ​បាច់ និងម្តងម្កាល…

-ហ៊ឹ! និយាយប៉ះ​ជីវ៉ា​បន្តិច​មិន​បាន​ទេ​ អូន​ឯង​ការ​ពារ​ភ្លាម។

ជីវ៉ា​មិន​បាន​ដឹង​ឮ​ពី​ទំនាស់​រវាង​មាតា​បិតា​ចិញ្ចឹម​ទេ ព្រោះ​ជីវ៉ា​នៅលេង​ក្នុង​បន្ទប់​ដំណេកផ្ទាល់។ កុមាររត់​វឹង​ចេញ​ពី​បន្ទប់​មក​អង្គុយ​នៅចំ​កណ្តាល​និមល​ និង​លោក​សុភា ប្រកបដោយ​ទឹក​​មុខ​ញញឹម​ញញែម។ ជីវ៉ា​ចាប់​​ដៃ​បិតា​ចិញ្ចឹម​បបួល​ឲ្យ​ល្បែងថ្មី​ជាមួយខ្លួន។ លោក​​សុភា​ដែល​កំពុង​តែ​គ្នាន់​ខ្នាញ់​កុមារ​តូច​នេះ​ស្រាប់ ក៏រលាស់​ដៃ​ចេញ ហើយ​​បណ្តេញ​ជីវ៉ា​ឲ្យ​ចេញ​ឆ្ងាយ។

-ចេញ!​ ទៅ​លេង​ឯណា​ឯណី​ឲ្យ​ឆ្ងាយ​ពី​មុខ​ពីមាត់​អញ​ទៅ។ កុំ​រំខាន​អញៗ​ធុញ​ទ្រាន់​ណាស់!

ជីវ៉ា​ធ្លាក់​ទឹក​មុខ​ចង់​យំ កាល​បើ​បាន​ឮ​សំដីគ្រោត​គ្រាត​របស់​បិតា​ចិញ្ចឹមលើកទីមួយ។ កុមារកំព្រាច្រម៉ក់​រត់​ចេញវឹង​ចូល​​ក្នុង​បន្ទប់​ពួន​យំ​ហាក់​ដូច​ជា​តូច​ចិត្ត​ខ្លាំងណាស់។  និមល​ច្រឡោត​ភ្លាម ហើយ​បន្ទោស​ស្វាមី។

–  ជីវ៉ា​ស្រឡាញ់​បង​ណាស់ បង​ដឹង​ទេ? បង​កំពុងតែ​ធ្វើ​ឲ្យ​ក្មេង​ខូច​ទឹកចិត្ត។ អូន​ស្តាយ​ណាស់ ដែល​បាន​រៀប​ការ​ជាមួយ​បង ព្រោះតែ​អូ​នយល់​ថា បងជា​មនុស្ស​ចិត្ត​ល្អ។ បង​មិន​មែន​ជា​សុភា​របស់​អូន​ដូច​ពី​មុន​ទេ។ បើ​អូន​ដឹង​ថា បង​ចិត្ត​ចង្អៀត​ចង្អល់​បែប​ហ្នឹង អូន​មិន​ត្រូវ​ការ​បង​ទេ។

-បង​ក៏អីចឹង​ដែរ។ បង​មិន​ស្មាន​ថា សេចក្តី​ស្នេហា​របស់​យើង​កាន់​តែ​ក្រៀម​ស្វិត​ទៅ​ៗ ព្រោះ​តែ​មាន​ជីវ៉ា​ជា​ឧបសគ្គ។

-ឧបសគ្គ? បង​ថា ជីវ៉ា​ជា​ឧបសគ្គ? ជីវ៉ា​មិន​មែន​ជា​ឧបសគ្គ​ដូច​បង​យល់​ឃើញ​ទេ។ វា​គ្មាន​​ដឹង​អី​ទេ?

-វា​ពិត​ជា​ឧប​សគ្គ។ វា​នៅ​រារាំង​ពាំង​កណ្តាល​យើង​គ្រប់​ពេល​វេលាគ្រប់​សកម្មភាព​ទាំង​អស់​។​

-មិន​ពិត​ទេ បង​សុភា ម៉េច​ក៏​បង​យល់​ខុសអីចឹង?

និមល​អន់​ចិត្ត​ស្វាមី​ ដែល​រក​រឿង​នាង​ហើយ​យក​ជីវ៉ា​មក​ធ្វើ​ជា​មូល​ហេតុ។ នាង​នឹក​ថា នាង​ខំ​ស្រឡាញ់​រូប​គេ​ គ្មាន​គិត​អ្វីទាំង​អស់។ នេះ​ព្រោះ​តែ​នាង​ទុកចិត្ត ហើយ​ជឿជាក់​ថា គេ​ចេះ​ផ្គាប់​ចិត្ត​នាង​ឲ្យ​នាង​​សប្បាយ​រីក​រាយមានសេចក្តីសុខ។ គេ​ចេះ​ផ្តល់​អ្វីៗ​ដែល​នាង​ចូល​ចិត្ត​។ ជាពិសេស​ គេ​មាន​ចិត្ត​ធម៌​អាណិត​ស្រឡាញ់​ជីវ៉ា​ដូច​នាង​ដែរ។ នាង​មិន​នឹក​ស្មាន​ម្តងណាសោះថា ចិត្ត​គេ​ខ្វះមេត្តា​ធម៌ចំពោះ​កុមារ​ជីវ៉ា​ ​ក្មួយ​កំព្រា​កម្សត់​របស់នាងយ៉ាង​នេះ​សោះ។ គេ​ភ្លេច​ពាក្យ​សន្យា​របស់​គេ​មុន​ថ្ងៃ​រៀប​ការ​អស់ហើយ។គេ​ធ្វើ​ឲ្យ​នាង​ខឹង។គេ​ធ្វើ​ឲ្យ​នាង​យំ ធ្វើ​ឲ្យ​ទ្រូង​នាង​ចង្អៀត​រាល់​ថ្ងៃ។ គេ​បង្ក​រឿងរក​លេស​ស្អប់​ជីវ៉ា ដែ​លគ្នា​គ្មាន​បាន​ប្រព្រឹត្ត​អំពើ​អ្វី​ឆ្គាំ​ឆ្គង​ ក្រៅ​ពី​ទុក​គេ​ជា​បិតា​ម្នាក់។ តើ​ឲ្យ​និមល​បោះ​បង់​ចោល​ជីវ៉ា​ ​ ដើម្បី​បំពេញ​ចិត្ត​ស្វាមី​ ដែល​ធ្វើ​ជា​មិន​យល់​ចិត្ត​នាង​សោះ​យ៉ាង​នេះម្តេច​កើត។ ទេ! ទោះ​បី​ជា​ស្រឡាញ់​ស្វាមី​យ៉ាង​ណា នាង​​និមល​ពិត​ជា​មិន​អាច​លះ​បង់​ជីវ៉ា​កំព្រា ទៅ​ឲ្យ​មនុស្ស​ចិត្ត​ធម៌​ណា​ម្នាក់ជួយ​ចិញ្ចឹម​ព្យាបាលជំនួស​នាង​បាន​ជា​ដាច់​ខាត។

និមល​អាក់​អន់​ចិត្ត រក​ហាមាត់​ចេញ​ស្តី​ជាមួយ​ស្វាមី​មិន​បាន។ និមល​ខឹង​ស្វាមី​  មិន​ខ្ចី​មើល​មុខ​មើល​មាត់​ស្វាមី​ មិ​នរួម​តុ​បាយ​ជាមួយ​ដូច​សព្វ​ដង។ នាង​ដឹង​ដែរថា នេះ​ជាគុណ​វិបត្តិ​មួយ​របស់​នាង។ កាល​ណា​ខឹង​ហើយ​គឺ​អាក្រក់​ណាស់។ ខុស​ពី​សុភា​ដែល​ខឹង​ហើយរញ៉ិករញ៉ុកជាមួយនាងភ្លាម។

**********

          ថ្ងៃ​មួយ​ ជីវ៉ា​ត្រឡប់​ពីសាលា​រៀន​វិញ​។ កុមារមាន​ទឹក​មុខ​ស្រមេម​ស្រមាម​ដាម​ស្នាម​ជាំ​ជិត​មាត់។ កុមារ​តូច​យំ​​ឈឺ​ស្នាម​របួស​ផង​ភ័យ​ផង​ ដោយ​ឃើញ​ឈាម​ហូរ។ និមល​ឃើញ​ភ្លាម​តក់​ស្លុត​ណាស់​។ នាងស្ទុះ​រក​សំឡី​ដាក់​អាល់កុល​មក​ជូត​សម្អាត​ស្នាម​របួស​ឲ្យ​ក្មួយ​ហើយសួរ​ថា៖

-ថី​បាន​ជា​បែក​ម៉ាត់​ចេញ​ឈាម​អីចឹង​ជីវ៉ា។ អ្នក​ណា​ធ្វើ​អី​ឯង?

ជីវ៉ា​មិន​តប​ឆ្លើយ​ទេ ។គេ​យំ​កាន់​តែខ្លាំង​ឡើង​ៗ​ហាក់​ដូច​ជា​ខឹង​ខ្លាំង​ណាស់។ និមល​សង្ខើញ​ដេញ​ដោល​សួរ​ទៀត។

-វាថី? អ្នក​ណា​វាយ​ឯង​បែក​មាត់ ម៉េច​ក៏​មិន​ឆ្លើយ?

ជីវ៉ា​មិន​ព្រម​ឆ្លើយ​ ពុំ​ដឹង​ជា​​គេគិត​ឃើញ​ដូច​ម្តេ​ច​បាន​ជា​រឹង​រូស​ មិន​ព្រម​ឆ្លើយ​​ប្រាប់​ការ​ពិត​​​។ ការ​យំ​យែក​របស់​ជីវ៉ា​ធ្វើ​ឲ្យ​ថ្លង់​រំខាន​លោក​សុភា​នៅ​ក្នុង​បន្ទប់។ លោក​​សុភា​ចេញ​ពី​ក្នុង​បន្ទប់​បញ្ចេញ​ទឹក​មុខ​មាំ។ គេ​ស្ទុះ​ចាប់​ស្មា​ជីវ៉ា​អង្រួន​ពីរ​បី​ដង​ហើយ​​ស្រែកគំហក​ឲ្យ​ជីវ៉ា។

-ក្បាលរឹង​ម្ល៉េះ! ម៉េច​មិន​ឆ្លើយ នៅ​ទួញ​ឡែៗ ថ្លង់​ណាស់សឹងតែបែកក្រដាសត្រចៀក។ មើល​ចុះ​ មុខ​វា​ស្រមាម​ប៉ាក។ ឯងបង្ក​ហេតុ​ជា​មួយ​នរណា​? មាន​រឿង​អី​ជាមួយ​អ្នក​ណា​អ្ហៈ​ជីវ៉ា?

ពាក្យ​សម្លុត​របស់​លោក​សុភា​ធ្វើ​ឲ្យ​ជីវ៉ា​រឹត​តែ​រួញ​ខ្លួន​ភិត​ភ័យ​ ហើយ​តក់​ស្លុត​លើស​ដើម។ ជីវ៉ា​កាន់​តែ​លែង​ហ៊ាន​និយាយ​ការ​ពិត​ ព្រោះ​គិត​ឃើញ​ថា បើ​គេ​ដឹង​គេ​មុខ​ជា​ខឹង​ថែម។

-ជីវ៉ាប្រាប់​ឲ្យ​ត្រង់។ ឯង​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា? នៅសាលា​មាន​រឿង​អ្វី?

-បាទ!

-ឆ្លើយ «បាទ» មួយ​ម៉ាត់​មិន​គ្រប់​គ្រាន់​ទេ។ រឿង​អី… និយាយ​ភ្លាម លោក​សុភា​គំហក។

-និយាយ​ទៅ​ជីវ៉ា ម៉ាក់ និង​ប៉ា​ចាំ​ស្តាប់​ចង់​ដឹង​យូរ​ហើយ។

នាងនិមល​​ជំរុញ​។ ជីវ៉ា​អេះ​អុញ ខំ​ខាំ​មាត់​ឈប់​យំ។ មួយ​ស្របក់​ក្រោយ​មក ទើបជីវ៉ា​និយាយ​តិចៗទាំង​ញញើត​ញញើម​ ៖

-ពួកម៉ាកជីវ៉ា​ទាំងអស់​គ្នា​ថា ប៉ាប៉ា​ចិត្ត​អាក្រក់ ប៉ាប៉ា​កាច។​ប៉ាប៉ា​អត់​ស្រឡាញ់​ជីវ៉ាទេ ។ ពួកវាថា ជីវ៉ា​មិន​មែន​ជា​កូន​បង្កើត​របស់​ប៉ាប៉ា…

ចម្លើយ​របស់​ជីវ៉ា​ធ្វើ​ឲ្យ​លោក​សុភា​កាន់​តែ​ងឿង​ឆ្ងល់។ លោក​សម្រួលចិត្តបន្ទន់​វាចា​សួរ​ជីវ៉ា​។

-គ្រាន់តែ​ប៉ុណ្ណឹង​ ម៉េច​ក៏​ដល់​ថ្នាក់​បែក​មាត់​ចេញ​ឈាម?

-បាទ! ប៉ាប៉ា ​ជីវ៉ា​បាន​ប្រកែក​ថា ប៉ាប៉ា​ចិត្ត​ល្អ​មិន​មែន​ចិត្ត​អាក្រក់​ដូច​ពាក្យ​ពួក​វាថា​ទេ។ ពួក​វា​នៅ​តែ​រឹង​និយាយ​ពាក្យ​ដដែល​ៗ។ ជីវ៉ា​ហាម​យ៉ាង​ណា​វា​មិន​ព្រម​ស្តាប់។ ជីវ៉ា​ខឹង​ខ្លាំង​ពេក​ក៏​ទះ​ពួក​វា​មួយ​ដៃ​ម្នាក់។ ប៉ាប៉ា​ ជីវ៉ា​ម្នាក់​ឯង​ត​តាំង​ជា​មួយ​ពួក​វា​មិន​ឈ្នះ។ ពួក​វា​ពួត​ដៃ​គ្នា​ព្រួត​វា​យ​ជីវ៉ា​ម្នាក់​មួយ​ដៃ​ៗ​វិញ។ ជីវ៉ា​ខឹង​វា​យ​កូន​បារាំង។ ប៉ាប៉ា! ​កុំ​ខឹងជីវ៉ា​ណា។ ជីវ៉ា​អត់​ចង់​វាយ​កូន​បារាំង​ទេ តែ​ជីវ៉ា​ខឹង​ណាស់ក… ទ្រាំ​មិន​បាន…។

និយាយ​រួច​ភ្លាម ជីវ៉ា​ស្ទុះ​ទៅ​ឱប​លោក​សុភា​ ហើយ​និយាយ​អង្វរ​លន់​តួ​គួរ​ឲ្យ​មេត្តា​អ្វី​ម្ល៉េះ!។

-ប៉ាប៉ា! ជីវ៉ាខុស​ហើយ! ជីវ៉ា​សូម​ទោស​ណ៎ា។ ប៉ាប៉ា! អត់​ទោស​ឲ្យ​ជីវ៉ា​ផង​ណ៎ា។

សម្តី​របស់​កុមារ​ជីវ៉ា​បណ្តាល​ឲ្យ​លោក​សុភា​រន្ធត់​ចិត្ត​អាណិត​កូន​ចិញ្ចឹម​ជា​ពន់​ពេក។ លោក​ខ្លោច​​ចិត្ត​អាណិត​ជីវ៉ា ប្រវា​ទាញ​ប្រាណ​ដ៏​តូច​របស់​ជីវ៉ា​មក​ឱប​យ៉ាង​ណែន​ដោយ​ក្តី​ករុណា​អស់​ពី​​ជម្រៅ​ដួង​​ចិត្ត ហើយ​ពោល​លួង​លោម​កូន៖

-ពុទ្ធោ​អើយ! ជីវ៉ា​កូន​ប៉ា។ កូន​រង​គ្រោះ​បែក​មាត់ពក​មុខ​​ដោយសារ​តែ​កូន​ជួយ​ការពារ​ប៉ា កុំ​ឲ្យ​គូ​កន​យល់​ខុស​មក​លើប៉ា។ កូន​ល្អ​ណាស់។ កូន​ពិ​ត​ជា​ស្រឡាញ់​ប៉ា​​មែន។ ប៉ា​ទេ ដែល​ខុស​ ដែល​អាក្រក់​សម​ឲ្យមិត្ត​រួម​ថ្នាក់​កូន​ដៀល​ប៉ា និង សម​តាម​ពាក្យ​ម៉ាក់​កូន​ថា​ឲ្យ​ប៉ា​មែន។ កូន​ស្រឡាញ់​ប៉ា​ប៉ុណ្ណា?

-បាទ! កូន​ស្រឡាញ់​ប៉ាប៉ា និង​ម៉ាម៉ង់​ស្មើ​គ្នា ស្រឡាញ់​ខ្លាំង​ដូច​គ្នា។

និមល​សែន​រំភើប​ កាល​បើ​បាន​ឮ​ពាក្យ​ជីវ៉ា និង​ស្វាមី​របស់​នាង​ បញ្ចេញ​សេចក្តី​ស្រឡាញ់​ប្រាប់​គ្នា​ទៅវិញ​ទៅ​

មក។ ជា​ពិសេស​នាង​បាន​ដឹង​ថា ស្វាមី​របស់​នាង​ស្រឡាញ់​ជីវ៉ា​ដូច​នាង​ដែរ។     នៅ​ទី​ណា​ក៏​ដោយ​ឲ្យ​តែ​​មានសេចក្តី​ស្រឡាញ់​ និង​ការ​សន្តោស​គ្នា​ទៅវិញ​ទៅមក ព្រមទាំងការជម្រុះ​ចិត្ត​ច្រណែន​និន្ទា​ឲ្យ​ចេញ​ពី​សន្តានចិត្ត​ សេចក្តី​សុខ​ប្រាកដ​ជា​កើត​មាន ដូច​នៅ​ទីនេះ​ក្នុង​ផ្ទះ​របស់​និមល​ សុភា និង​ជីវ៉ា​នេះ។ ​សេចក្តី​សុខ​សាន្ត និង​សន្តិភាព​ចាំង​រស្មី​ចិញ្ចែង​ឡើងវិញហើយចាប់ពីនាទីនេះទៅ។ និមល​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ។ នាង​គេច​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​ ដើម្បី​ពួន​យំបង្ហូរ​ឲ្យ​អស់​ទឹក​ភ្នែក​សោកា​ដែល​នៅ​ត្រាំ​ត្រែងក្នុង​ដួង​ចិត្ត​របស់​នាង តាំង​ពី​មាន​ទំនាស់​រវាង​រូប​នាង និង​លោក​សុភា​ជា​ស្វាមី​មក។

មួយ​ស្របក់​ក្រោយ​មក លោក​សុភា​យល់​ការណ៍ ក៏ដើរ​តាម​ភរិយា ហើយ​ពោល​ពាក្យ​លួង​លោម​ភរិយា​យ៉ាង​ផ្អែម​ល្ហែម៖

-និមល​មាស​បង! បង​ខុស​ហើយ។ បង​បាន​ធ្វើ​ឲ្យ​អូន​ពិបាក​ចិត្ត​ច្រើន​ណាស់។ អត់​ទោស​ឲ្យ​បង​ផង​ណ៎ា​អូន។ អ្វី​ៗ​ទាំង​អស់​កន្លង​មក បណ្តាល​មក​ពី​ចិត្ត​ចម្កួត​របស់​បង​។ នេះ​មក​ពី​បង​ស្រឡាញ់​អូន​ពេក។ បង​ចង់​ឲ្យ​អូន​នៅជិត​បង​រាល់​ពេល​វេលា។ បងចង់​បីបម​ថ្នាក់​ថ្នម​អូន​ឲ្យ​អស់​ពី​ដួង​ចិត្ត​ ទើប​បង​មាន​គំនិត​ខ្មៅមួយ​យល់​ឃើញ​ថា បើ​នៅផ្ទះនេះ ​មាន​តែ​យើង​ពីរនាក់​ នោះ​សេចក្តី​ស្រឡាញ់​មិន​​រំលែក​បែង​ចែកទៅអ្នក​ណា​ទៀតទេ។ បង​មាន​ចិត្ត​បុគ្គល​និយម ​(អត្ត​ទត្ថ​បុគ្គល​) ពេក​ហើយ​។ បងគិតមិនដល់ថា បើ​បង​មិន​ចូល​ចិត្ត​ជីវ៉ា​បាន​សេចក្តី​ថា បង​មិន​បាន​បំពេញ​ចិត្ត​ភរិយា​សម្លាញ់របស់​បងទេ។ ជីវ៉ា និង​អូន​ស្រឡាញ់​​បង​ពិត​មែន​ បង​យល់​ហើយ។ ការ​ច្រណែន​ធ្វើ​ឲ្យ​យើង​គិត​ខ្លី។ ការ​ច្រណែន​ជា​ពូជ​របស់​ពៀរ​នៅក្នុង​លោក។ ណ្ហើយ​ចុះ! យើង​បំភ្លេច​រឿង​រ៉ាវ​មិន​ល្អ​នេះ​ចោល​ទៅ។ ពីថ្ងៃ​នេះទៅ បង​តាំង​ខ្លួន​ជា​បិតា​ដ៏​ល្អ​ដូច​​បិតា​បង្កើត​របស់​ជីវ៉ា និង​ជា​ស្វាមី​ដ៏​វិសេស​ម្នាក់​របស់​អូន។

និយាយ​រួច​ លោក​សុភា​ថើប​ទឹក​ភ្នែក​ភរិយា​ដែលដក់នៅ​លើ​ផែន​ថ្ពាល់​មិន​ទាន់​ស្ងួត​អស់។ លោក​លើក​កាយ​ដ៏​ស្រឡូន​របស់​ភរិយា​មក​ឱប​រឹត​យ៉ាង​ណែន​។ និមល​សែន​រំភើប​ជា​ពន់​ពេក។ ស្រស់​​​ស្រី​ញញឹម​ទាំង​ទឹក​ភ្នែក​សើម​លើ​ថ្ពាល់ ហើយ​និយាយ​តប​ទៅ​ស្វាមី​ម្ចាស់​ជីវិត​វិញ។

-អូន​អរណាស់​ ​ដឹង​ថា បង​យល់​ចិត្ត​អូន​ និង​ចិត្ត​ជីវ៉ា។ ទោះ​បី​ជា​អូន​មាន​ជីវ៉ា អូន​នៅតែ​ស្រឡាញ់​បង​ជា​និច្ច។ អូន​មិន​មែន​ស្រឡាញ់​ជីវ៉ា​ជាង​បង​ម្តង​ណាទេ។ អូន​អាណិត​ជីវ៉ា​ណាស់ ហើយ​អូន​មាន​ភារៈ​ចិញ្ចឹម​បី​បាច់​ជីវ៉ា។ ក្នុង​វង្ស​ត្រកូល​របស់​អូន​ នៅ​សល់​តែរូប​អូន​ និង​ជីវ៉ា​ប៉ុណ្ណោះ។ រូប​ជីវ៉ា​តែ​ម្នាក់​អាច​ធ្វើ​ឲ្យ​ចិត្ត​កំព្រា​រងា​របស់​អូន​បាន​កក់​ក្តៅ អាច​បំបាត់​ការ​នឹក​រលឹក​ អ្នក​មាន​គុណ​របស់​អូន​ទាំង​ទ្វេ និង​បង​ស្រី​របស់​អូន​ដែរ។ តាំង​ពីអាយុ​៤ឆ្នាំ​​ជីវ៉ា​នៅ​ជា​មួយ​អូន​ជានិច្ច។ គ្នា​គិត​ថា អូន​ជា​ម្តាយ​របស់​គ្នា ថ្វី​បើ​អូន​មិន​បាន​បង្កើត​រូប​គ្នា​មែន។

-​បង​យល់​ហើយ បង​ដឹង​ទាំង​អស់។ បង​សរសើរ​អូ​នណាស់ ដែល​បាន​បំពេញ​ និង​កំពុង​បំពេញ​កាតព្វ​កិច្ច​ជា​អាណា​ព្យាបាល​ដ៏​ល្អ​បំផុត និង​សុខ​ចិត្ត​ទទួល​ពាក្យ​គ្រោត​គ្រាត​ចំអក​រិះ​គន់គ្រប់​បែប​យ៉ាង​ពី​សង្គម។  ឃើញ​ដូច្នេះ ​ហើយ​បាន​ជាបង​តាម​ស្រឡាញ់​អូន​សុំ​អូន​រៀប​ការ​ជាមួយ​អូន។ បាន​សេចក្តី​ថា យើង​មាន​ចិត្ត​ដូច​គ្នា តែ​សេចក្តី​ស្នេហា​ដ៏​លើស​លប់​លើ​រូប​អូន​ប្រទាញ​​បង​ឲ្យ​គិតខុស​ទៅវិញ។ ខុស​មក​ពី​ច្រណែន​មិន​សម​ហេតុ​សម​ផល។ កំហុស​នេះ​អាច​សម្លាប់​ស្នេហ៍​យើង​បាន បើ​គ្មាន​គ្រោះ​ថ្នាក់​របស់​ជីវ៉ា​ទេ។

-យើង​បិទ​ទំព័រ​ចាស់ ដែល​ប្រឡាក់​ស្នាម​ក្រវេម​ក្រវាម​នោះ​ចោល​ទៅ។ ចាប់​ពី​នាទីនេះ​ទៅ យើង​ទាំង​បី​នាក់​យល់​ចិត្ត​គ្នា​ច្បាស់​លាស់​ហើយ។ នេះ​ហើយ​ជា​គ្រឹះ​នៃ​សុភមង្គល​របស់​គ្រួសារ​យើង។    គ្មាន​មនុស្ស​ចិត្ត​បាប​ចិត្ត​នរក​ណា​មក​បំផ្លាញ​សុភមង្គលគ្រួសារយើងបាន​ឡើយ​ មែន​ទេ​បង?

-មែន​ហើយ​អូន​! បង​សុំ​តែ​ម្យ៉ាង​គត់​ គឺ​សូម​ឲ្យ​អូន​ស្រឡាញ់​បង​ដូច​កាល​យើង​នៅជា​សង្សារ​អីចឹង​ណ៎ា។

-សង្សារ​បាន​ត្រឹម​ចិត្តប៉ុណ្ណោះ អូន​ស្រឡាញ់​បង​ម្លឹង។ ប្តី​ប្រពន្ធ​បាន​ដល់​កាយ​រឹត​តែ​ស្រឡាញ់​ខ្លាំង​ថែម​ទៀត​មិន​ថា​អីចឹង​ឬបង?

ទឹក​ភ្នែក​ពី​រ​ដំណក់​ ជា​ទឹក​ភ្នែក​សុភមង្គល​បាន​រមៀល​ធ្លាក់​ពី​នេត្រា​របស់​គូ​ស្វាមី​ភរិយានេះ ហាក់​បី​​ដូច​ជា​ហូរ​មក​ជម្រះ​ក្តី​មន្ទិល​ និង​ក្តី​សៅ​ហ្មង​ទាំង​ប៉ុន្មាន​គ្មាន​សល់​សូម្បី​ប៉ុន​ល្អង​ធូលី។ រីឯ​កុមារ​ជីវ៉ា​វិញ​ក៏​មាន​ចិត្ត​ស្ងប់​ឡើង​វិញ មិន​បារម្ភ​ទៀត​ទេ​ទៅ​លើ​អំពើ​របស់​គេ​ដែល​បា​នវាយ​កូន​បារាំង ព្រោះ​តែ​មិន​អាច​ទ្រាំ​ខឹង​និងការពារបិតាធម៌ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក្តី ម៉ាក់​ប៉ាចិញ្ចឹម​របស់​គេ​បាន​អភ័យ​ទោស​ឲ្យ​គេ​ហើយ។

និមល​ចូល​​ក្នុង​បន្ទប់​ជីវ៉ា​ ហើយ​ពន្យល់​ណែ​នាំ​អប់​រំ​ដោយ​​សម្តី​ពីរោះ​ពិសា​ថា៖

-ជីវ៉ា! កូន​ម៉ាក់ ម៉ាក់ និង​ប៉ា​របស់​កូន​ពេញ​ចិត្ត​ និង​រំភើប​ចិត្តណាស់ អំពី​ការ​ដែល​កូន​បាន​ការ​ពារ​ប៉ាប៉ា​មិន​ឲ្យ​អ្នក​ដទៃ​មើល​ងាយ។ នេះ​ជា​អំពើ​ល្អ​មួយ​ដែល​កូន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​។​ ប៉ុន្តែ ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ កូន​ខំ​រៀន​ហាត់​ចិត្ត និង​ទម្លាប់​ចិត្ត​សន្តោស​ប្រណី​អត់​ឱន​ឲ្យ​គេ​ណ៎ា​។ កូន​កុំ​វាយ​កូន​បារាំង​ ឬ​មិត្ត​រួម​ថ្នាក់​ ឬក៏​អ្នក​ណា​ផ្សេងទៀត ខ្លាច​គេ​វាយបកតប​មក​វិញ​នាំ​ឲ្យ​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ…។

ជីវ៉ា​ស្តាប់​ម្តាយ​មីង​បង្កើត ដែល​ជា​ម្តាយ​ចិញ្ចឹម​របស់​ខ្លួន ដោយ​ក្រសែ​ភ្នែក​ស្រទន់ ហើយ​ងក់​ក្បាល​ស្រប​តាម​ពាក្យ​អ្នក​ម្តាយ។ និមល​ជា​ម្តាយ​ចិញ្ចឹម​ឱន​ថើប​ថ្ងាស​កូន​មួយ​ខ្សឺត ហើយ​បិទ​ភ្លើង​បន្ទប់​ទុក​ឲ្យ​ជីវ៉ា​គេង។

ជីវ៉ា​ធ្មេច​ភ្នែក​សម្ងំ​គេង បំភ្លេច​រឿង​មិន​ល្អ​ពី​ថ្ងៃ ហើយ​សន្មតតាំង​ចិត្ត​ថា​ខំ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​កាន់​តែ​ល្អ ដើម្បីឲ្យ​មាតា​បិតា​ និង​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ពេញ​ចិត្ត​ និង​សរសើរ​ថែម​ទៀត​ផង៕

សរសេរចប់នៅសាន់ន័រថ្ងៃទី២២ខែសីហាឆ្នាំ១៩៨៥

កែសម្រួលនៅម៉ុងទីញីប្រទេសបារាំងថ្ងៃទី១៩កុម្ភៈ២០០៣

កែសម្រួលជា​ថ្មីនៅម៉ុងទីញីប្រទេសបារាំងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១២

បទវិភាគដោយ​លោក​កែវ ឈុន លើរឿង ខ្យល់សមុទ្រ និពន្ធដោយ ប៉ិច សង្វាវ៉ាន

«ខ្យល់សមុទ្រ» ខ្យល់ គឺ​ជា​សភាវៈ​បក់​រំជួល​នៃ​អាកាស ធ្វើ​ឲ្យ​កំរើក​ យោល​យោគ​ទៅ​តាម​កម្លាំង​ខ្សោយ ឬ​ខ្លាំង ​ទៅ​តាម​ចរន្ដ​សម្ពៀត​អាកាស​នោះ ។  សមុទ្រ គឺ​ជា​ទី​វាល​ទឹក ធំ​ធេង​ជ្រាល​ជ្រៅ​ល្ហល្ហេវ​លន្លឹម​បាត់​ត្រើយ ធ្វើ​ខ្យល់​អាច​បក់​បោក​មក​ដោយ​សេរី ហើយ​នាំ​មក​នូវ​សម្ពៀត​អាកាស​ត្រជាក់​បរិសុទ្ធ ដែល​មនុស្ស​សត្វ​នានា អាច​ស្រូប​ដក​ដង្ហើម​យក​ភាព​បរិសុទ្ធ​នេះ បាត់​ក្ដី​កង្វល់ បាត់​ក្ដី​នឿយ​ហត់​ផ្សេងៗ ភ្លឺ​ថ្លា​គំនិត រីក​រាយ​សប្បាយ​​បាន​យ៉ាង​ល្អ។ អ្នក​និពន្ធ​ ដែល​មាន​មាន​ចិត្ដ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សង្គម បញ្ហា​អក្សរ​សាស្ដ្រ ទំនៀម​ទម្លាប់ ដែល​ជា​តម្លៃ​ជាតិ​ខ្លួន​ ហើយ​តែង​និពន្ធ សរសេរ​ពី​ទឹក​ចិត្ដ​របស់​ប្រជាជន​ពិតៗ ក្នុង​សម័យ​ដែល​ខ្លួន​រស់​នៅ ឲ្យ​មើល​ឃើញ​ពី​កំហុស ​ពីការ​រីក​ចំរើន ឬ​ការ​ចុះ​ឱន​ថយ​ទាំង​ឡាយ​ ហើយ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ នៅ​ទី​នេះ​អ្នក​និពន្ធឲ្យ​ឈ្មោះ​រឿង​ថា «រឿងខ្យល់សមុទ្រ» គឺ​ជា​រឿង​មួយ​ដែល​អ្នក​និពន្ធ​និទាន​អំពី​ពន្លក​ស្នេហា​ដ៏​បរិសុទ្ធ​ ដូច​ខ្យល់​សមុទ្រ ​ដែល​បាន​បក់​បោក​មក​បបោស​អង្វែល កំលោះ​ឧត្ដម និង នាង​ក្រមុំ​ទេវី​វណ្ណឲ្យ​លង់​លក់​លើ​តេន​សយនា​ស្នេហ៍ដ៏​សែន​សុខ សែន​សប្បាយ​រក​អ្វី​ប្រៀប​ពុំ​បាន។

នៅ​ក្នុង​រឿង​ស្នេហា ដ៏​សុខ​សាន្ដ​នេះ ​អ្នក​និពន្ធ​បាន​សរសេរ​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​សីល​ធម៌​សង្គម ​សីលធម៌​ស្នេហា វប្បធម៌ អក្សរ​សាស្ត្រ ដោយ​ត្រង់​ៗ​តែ​ម្តង ហើយ​ដែល​ធ្វើ​ឲ្យ​សាច់​រឿង​មាន​អត្ថ​រស​ពិរោះ​ជក់​ចិត្ដ​យ៉ាង​ខ្លាំង​តែ​ម្តង ព្រោះថា ប្រជា​ជន​យើង អរិយ​ធម៌ វប្ប​ធម៌​ជាតិ​យើង ដែល​បាន​តស៊ូ​ទប់​ទល់​ នឹង ការ​ឈ្លាន​ពាន​ឥត​ឈប់​ឈរ អំពី​អ្នក​ជិត​ខាងគ្មាន​សប្បុរស​ធម៌ តាំង​ពី​ច្រើន​សតវត្ស​រ៍រួច​មក​ហើយ តែ​មិន​ព្រម​ចុះ​ចាញ់ ​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ញ៉ម នឹង វាស​នា​អភ័ព្ទ​របស់​ខ្លួន​នោះ  នេះ​ជា​វាសនា​ដ៏​ឧត្ដុង្គ​ឧត្ដម​ខ្លាំង​ណាស់​ចំពោះ​យើង​ជា​ខ្មែរ​គ្រប់ៗ​គ្នា។ អត្ថរស​ដ៏​សំខាន់ៗ​ពីរ​យ៉ាង ដែល​យើង​អាច​ទាញ​ចេញ​ពី​សាច់​រឿង​ទុក​ជា​គ្រឿង​សិក្សា​រៀន​សូត្រ​គឺ:
 
«ស្នេហាបរិសុទ្ធ» ស្នេហា​វា​ជា​បាតុ​ភូត​ម្យ៉ាង​ដែល​អាច​កើត​ឡើង​គ្រប់​ពេល​វេលា គ្មាន​ឋានៈ វណ្ណៈ ឬ​អាច​ហាម​បាន​អ្វី​ទាំង​អស់។ នៅ​ក្នុង​សម័យ​ចាស់​បូរាណ ទំនៀម​ទម្លាប់​ហាក់​តឹង​តែង​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ស្នេហា  ហើយ​ថែម​ទាំង​ត្រូវ​បែង​ចែក​វណ្ណៈ ឋានៈ មាស​ប្រាក់ កិត្ដិយស​ទៀត​ផង។ នៅ​ក្នុង​រឿង​ប្រាសាទ​នាង​នាង​ខ្មៅ នាង​ខ្មៅ​មាន​ស្នេហា  ស្រឡាញ់​ជា​មួយ​បុរស​ក្រី​ក្រ​ម្នាក់ ត្រូវ​បិតា​នាង ដាក់​ទោស​ប្រហារ​ជីវិត។ ស្នេហា​ទុំ​ទាវ​ត្រូវ​បែក​បាក់គ្នា​រហូត​ក្ស័យ​ជីវិត ព្រោះ​ម្ដាយ​នាង​ទាវ​លោភ​លន់ ចង់​បាន​កិត្ដិយស លុយ​កាក់​មាស​ប្រាក់​យ៉ាង​ច្រើន​ហួស​ហេតុ​ពេក។ ស្នេហា​ព្រោះ​តែ​ការ​យល់​ច្រឡំ​ចិត្ដ​គ្នា ដែល​កើត​ចេញ​មក​ពី​កត្ដា​ជា​ច្រើន​យ៉ាង ដូច​ជា​កត្ដា​​ស្នេហា​ជាតិ​ជា​ដើម ដូច​ស្នេហា​ទីឃាវុធ នឹង​នាង​ក្រមុំ​សៀម​ចន្ទមណី ក្នុង​រឿង​មាលា​ដួង​ចិត្ដ បណ្ដាល​ឲ្យ​គូស្នេហ៍​វិះ​តែ​បែក​បាក់​គ្នា​ទាំង​ស្រុង​តែ​ម្ដង។​ ប៉ុន្ដែ​សេចក្ដី​ស្នេហា​បរិសុទ្ធ របស់​នាង​ត្រចើល​ដោះ​ក្រាល នឹង ចៅ​ព្រាន​ប្រមាញ់​វឹង​សុង ជា​ស្នេហា​ផ្អែម​ត្រជាក់​កើត​ចេញ​ពី​ក្ដី​ស្រឡាញ់​ស្មោះ​ឥត​ងាក​រេ បើ​ទោះ​ជា​មាន​មាស​ប្រាក់​លុយ​កាក់ កិត្ដិ​យស ​រហូត​ព្រះ​មហាក្សត្រ ​គ្រប់គ្រង​​ផែន​ដី​ក៏​ដោយ ក៏​តាដុង យាយ​ជ័យ​មិន​ឈ្លក់​វង្វេង​លោភ​លន់ នឹង ទ្រព្យ​សម្បត្ដិ លើក​កូន​ស្រី​ឲ្យ​ទៅ​ព្រះ​មហា​ក្សត្រ ដែល​តាម​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង​នោះ​ទេ។ យាយ​តា យល់​ចិត្ដ​កូន​ស្រី​យ៉ាង​ច្បាស់ ហើយ​សុខ​ចិត្ដ​ពង្រត់​កូន​ស្រី ​គឺ​នាង​ត្រចើល​ដោះ​ក្រាល ឲ្យ​បាន​រៀប​ការ​ជា​មួយ​គូស្នេហ៍​របស់​នាង​ គឺ​ចៅ​ព្រាន​ប្រមាញ់​វឹងសុង​ដោយ​សុទ្ធ​ចិត្ដ​វិញ។  ​ យ៉ាង​ណា​មិញ ភាព​កក់​ក្ដៅ​ក្នុង​ផ្លូវ​ចិត្ដ​នៃ​គូស្នេហ៍​ក្នុង​រឿង ​«ខ្យស់​សមុទ្រ» គឺ​ជា​ជោគ​ជ័យ​យ៉ាង ធំ​ធេង​ រវាង​កំលោះ ​ឧត្ដម និង នាង​ក្រមុំ​ទេវីវណ្ណ ដែល​មាន​ភាព​ជឿ​ជាក់ ​ពិត​ប្រាកដ​ ​នៅ​ក្នុង​ផ្លូវ​ចិត្ដ​រៀងៗ​ខ្លួន​ ឥត​ងាក​រេ​ តាំង​ពី​ស្នេហា​គេ​ទាំង​ពីរ​ប៉ិច​ពន្លក រហូត​បាន​រៀប​ការ ជា​ស្វាមី​ភរិយា មាន​បុត្រី រួម​សុខ​រួម​ទុក្ខ នឹងគ្នា​ជា​រៀង​រហូត គឺ​ជា​ស្នេហា​ផ្អែម​ត្រជាក់ នៃ​ស្ថាន​សួគ៌​លោកិយ​តែ​ម្តង។

«វប្បធម៌ អរិយធម៌ អក្សរ​សាស្រ្ដ ភាសា» នៅ​ក្នុង​សម័យ​អតីត​កាល ចាស់​ៗបូរាណ​ខ្មែរ​យើង​ហាក់​ពុំ​សូវ​យក​ចិត្ដ​ទុក​ដាក់ ក្នុង​រឿង​សិក្សា​រៀន​សូត្រ​អក្សរ​ឲ្យ​បាន​ច្រើន​គ្នា​នោះ​ទេ ហើយ​ជា​ពិសេស វិបត្ដិ​នេះ​បាន​ធ្លាក់​ទៅ​លើ​កូន​ស្រីៗ​តែ​ម្តង។ ឳពុក​ម្ដាយ​ខ្លះ​មិន​ឲ្យ​កូន​ស្រី​ទៅ​រៀន​ទេ ព្រោះ​ខ្លាច​កូន​ស្រី​រៀន​ចេះ​ទៅ  អាច​មាន​ទំនាក់​ទំនង​ស្នេហា​ភ្លើត​ភ្លើនជាមួយ​បុរសៗ ធ្វើ​ឲ្យ​អាប់​យស​អាប់​កេរ្ដិ៍​ឈ្មោះ​វង្ស​ត្រកូល​ខ្លួន​នៅ​ក្នុង​សង្គម។ វិបត្តិនេះ​វា​មិន​មែន​ត្រឹម​តែ​មិន​ឲ្យ​តម្លៃ ទៅ​លើ​ការ​រៀន​សូត្រ​អក្សរ​លេខ​ទេ ប៉ុន្ដែ​ចាស់ៗ​បូរាណ​ខ្មែរ​យើង​ក៏​មិន​ឲ្យ​តម្លៃទៅ​លើ សិល្បៈ តួ​សម្ដែង ច្រៀង​រាំ រឿង​ប្រលោម​លោក​ រឿង​និទាន​បែប​មាន​ស្នេហា ជា​ដើម​ផង​ដែរ។ ការ​យល់​ច្រឡំ​បែប​នេះ​វា​សឹង​តែ​ក្លាយ​ជា​ទំនៀម​ទម្លាប់ ហើយ​ដុះ​រីក​ជាប់​នៅ​ក្នុង​សន្ដាន​ចិត្ដ​ខ្មែរ​ស្ទើរ​គ្រប់ៗ​គ្នា​ទាំង​អស់​តែម្តង​។ នៅ​ក្នុង​រឿង«ខ្យល់​សមុទ្រ» អ្នក​និពន្ធ​ដាក់​តួ​អង្គ​និមួយ​ៗ សុទ្ធ​តែ​ជា​អ្នក​សិល្បៈ មាន​ទឹក​ចិត្ដ​ស្រឡាញ់​ វប្បធម៌ អរិយ​ធម៌​ខ្មែរ​យ៉ាងស្វិត​ស្វាញ ស្អិត​រមួត​តែ​ម្ដង។ តាំង​ពី​កុមារី​បុប្ផារដ្ឋ​អ្នក​សិល្បៈ​សម្ដែង  ពូកុសល ចូល​ចិត្ដ​តាំង​ក្បាច់​ចម្លាក់​ខ្មែរ​លំអ​នៅ​ក្នុង​ផ្ទះ នាង​ទេវីវណ្ណ ចូល​ចិត្ដ​ភាសាខ្មែរ អាន​រឿង​អាន​អក្សរ​សាស្ដ្រ​ខ្មែរ​ ឧត្ដម​អ្នក​និពន្ធ ​អ្នកស្រី​កល្យាណី​អ្នក​ផ្ដើម​គំនិត​ដ៏​ឆ្នើម​ក្នុង​ការ​បង្កើត​ទស្សនាវដ្ដី​ខ្មែរ បោះ​ពុម្ព​សៀវ​ភៅ​ខ្មែរ​ជា​ដើម។ ក្នុង​ន័យ​នៃ​សាច់​រឿង​ទាំង​អស់​នេះ​ធ្វើឲ្យ​អ្នក​អាន​រំភើប​ញាប់​ញ័រ​តាម​សាច់​រឿង​ជា​អនេក ព្រោះ​អ្នក​និពន្ធ​បាន​ប្រើ​វិធី​សាស្ដ្រ​តែង​និពន្ធដ៏​ឆ្នើម​ម្យ៉ាង​ ក្នុង​ការ​ដាស់​សតិ​សម្ប​ជញ្ញៈ​អ្នក​អាន​ឲ្យ​ភ្ញាក់​រលឹក​ឡើង ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​ភាព​ព្រងើយ​កន្ដើយ ​និង ជួយ​លើក​ស្ទួយ សីល​ធម៌ វប្ប​ធម៌ ភាសា អក្សរ​សាស្ដ្រ​ខ្មែរ ឲ្យ​រីក​ចម្រើន​លូត​លាស់​យ៉ាង​ពិត​ប្រាកដ៕

ក.ក.ន.

ហេតុអ្វីបានជាខ្ញុំ អ្នកនិពន្ធរឿង “ខ្យល់សមុទ្រ” នឹង រឿងខ្លីៗទាំងប៉ុន្មានដែលបាន

ប្រកាសសក្នុងប្លក់នេះ តែងតែលើកយកបទវិភាគរបស់លោក កែវ ឈុន មកចុះ

ផ្សាយនៅលើទំព័រប្លក់ខ្ញុំនេះមិនដែលខាន?     នេះព្រោះតែ  ខ្ញុំមិនអាចធ្វើព្រងើយ

កន្តើយហើយលាក់ទុកអត្ថបទដ៏ល្អនេះ មិនចែករំលែកអ្វីៗទាំងអស់ដែលខ្ញុំបាន

ទទួលជូនក្មួយៗ   និងប្រិយមិត្តអ្នកអានដ៏មានភក្តីភាពរបស់ខ្ញុំឡើយ។  

ប្រិយអ្នកអានដ៏មានភក្តីភាព និងមានឧត្តមគតិមួយរូបដូចលោក កែវ ឈុន មិន

មែនគ្រាន់តែអាន ដើម្បីកំសាន្តអារម្មណ៍ រួចបិទកុំព្យូទ័រទេ  តែ​លោកបានអានយ៉ាង

យកចិត្តទុកដាក់បំផុត។   លោកយល់ច្បាស់អំពីអត្ថន័យនៃរឿង «ខ្យល់​សមុទ្រ»

គ្រប់ចំណុចគ្មានចន្លោះត្រង់ណាឡើយ។

ជាពិសេស បទវិភាគដ៏មានខ្លឹមសារនេះរបស់លោក កែវ ឈុន គឺជាវិភាគទានដ៏

ថ្លៃថ្លាក្នុងកិច្ចរួមចំណែកដ៏សំខាន់មួយ និងជាជំនួយដ៏កម្រ​សម្រាប់ទុកជាប្រយោជន៍

ដល់ក្មួយៗអ្នកសិក្សាអក្សរសាស្ត្រដំបូង ដែលរៀនវិភាគអត្ថបទអក្សរសិល្ប៍ខ្មែរ។

 

ដោយសុទ្ធចិត្តពីចម្ងាយ ខ្ញុំសូមថ្លែងអំណរគុណលោកជាអតិបរមា និងសូម

គោរពសរសើរលោក កែវ ឈុនដោយសុទ្ធចិត្ត ដែលមានចំណេះដឹងជ្រៅជ្រះ

ក្នុងវិស័យវប្បធម៌ខ្មែរយើង៕

អ្នកនិពន្ធ ប៉ិច ​សង្វាវ៉ាន

អ្នកសារព័ត៌មានចូលនិវត្តន៍នៃវិទ្យុបារាំងអន្តរជាតិRFI

ប្រធានស្ថាបនឹក ស.អ.ខ.ប.

ក្នុងពេលខ្ញុំសម្ភាសលោកគង់ណៃ
អ្នកចម្រៀងចាប៉ីនៃប្រទេសកម្ពុជា

រឿងខ្លី ៖ ខ្យល់សមុទ្រ ភាគទី៤ (ភាគបញ្ចប់) និពន្ធដោយ ប៉ិច សង្វាវ៉ាន

អំណោយពីសារព័ត៌មាន នគរធំ នៅសរអា
រក្សាសិទ្ធិ ដោយ​ប៉ិច​ សង្វាវ៉ាន

ចំណង​ស្នេហា​រវាង​ខ្ញុំ​និង​អូន​ទេវីវណ្ណកាន់តែ​មាំ​ឡើង​មួយ​ថ្ងៃ​បន្តិច​ៗ​។ សេចក្តី​ស្នេហា​របស់​យើងចម្រើន​ធំធាត់​លូត​លាស់​​រហ័ស​ទៅ​បាន​អាស្រ័យ​មក​ពី​យើង​មាន​សន្តាន​ចិត្ត និង​គោល​បំណង​… ពោល​​ឲ្យ​ចំ​គឺ​ឧត្តម​គតិ​ដូច​គ្នា​ច្រើន។

រដូវ​នីមួយ​ៗ​​កន្លង​ផុត​ទៅ​…

រដូវ​រងា​ចូល​មកហើយ។ ថ្ងៃ​អពាហ៍​ពិពាហ៍​របស់​យើង​ដែល​យើង​ទាំង​ពីរ​សន្មតជា​ «មហាទិវា» ​បោះជំហ៊ានមក​ដល់។

ទេវីវណ្ណ តែ​ង​កាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នាង​ផ្ទាស់​ប្តូរ​គ្រឿង​សម្លៀក​បំពាក់​ទៅតាម​ពិធី​នី​មួយ​ៗ។ ទេវីស្រី​ស្លៀកពាក់ឈុត​របៀប​ណា​ក៏​សម​ទាំង​អស់។ ជា​ពិសេស​នៅ​ពេល​សំពះផ្ទឹម​សែន​ចង​ដៃ អូន​ទេវីវណ្ណ​ប្រដាប់​ដោយ​គ្រឿង​បូរាណ។ ទេវី​រឹតតែស្រស់ស្អាតក្នុងឈុតបូរាណពណ៌​មាស​ចាំ​ងចិញ្ចាច សមម៉្លេះ​នឹង​​ដង​ខ្លួន​ស្តើង​ ខ្ពស់​មិន​ខ្ពស់ ទាប​មិន​ទាប។ កេសា​បួង​​​ភ្នួងម៉ូដអង់​គ្លេស លម្អដោយ​បុប្ផា​ស្រស់​លើក​សម្រស់រង្វង់​ភក្ត្រ​រាង​ពង​ក្រពើ​សាច់ម៉ដ្ឋ​ខៃដែលត្រូវ​​​​គ្រឿង​សំអាងបន្ថែម។ ទេវីវណ្ណបណ្តូល​ចិត្ត​ខ្ញុំ​​ប្រែ​ក្លាយ​ ​ជា​ទេពធីតា​​ពិត​ប្រាកដ​ក្នុង​ទិវា​នោះ​ ។

នៅ​លើ​កម្រាល​ពណ៌​មាស យើង​អង្គុយ​ផ្ទឹម​កៀក​កិត​ជិត​គ្នា​រង់​ចាំ​មាតា​បិតា​ និង​ញាតិ​មិត្ត​ចង​ដៃ​ជូន​ពរ​ជ័យ​សេរី​មង្គល​ជា​បន្ត​បន្ទាប់​គ្នា។ អ្នក​ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ឲ្យ​ពរ ៖

–      កូន​ទាំង​ពីរ​​រក្សា​ និង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​ ​ខាំ​​ចេក​របូត​ ខាំ​ពោត​របេះរៀង​ៗ​ខ្លួន​ណ៎ាកូនណ៎ា។

ចំណែក​លោកពូ​កុសល​ ​នៅ​ឯ​ទីក្រុង​នីស​ក៏​បានអញ្ជើញ​ចូល​រួម​ដែរ។ លោក​ពូ​មាន​ប្រ​សាសន៍​​​​​ ៖

–      ពូសប្បាយ​ចិត្ត​ណាស់ ដែល​ក្មួយ​ឧត្តម​ និង​ក្មួយ​ស្រី​ទេវីវណ្ណ​មានចិត្ត​ស្មគ្រស្មោះ​ចំពោះ​គ្នា​និង​គ្នា ហើយ​​រៀប​ការតាម​គន្លង​ប្រពៃ​ណី​ខ្មែរ​យើង។ សូម​ឲ្យ​ក្មួយប្រុស​ស្រី​​មាន​សេរី​សួស្តី​ សុភមង្គល​ សុខ​ក្សេម​ក្សាន្ត ​ត្រជាក់​ត្រជុំ​ដូច​ទឹក​អប់​បំពង់​ខ្ចី​ ។

អ្នក​មីង​ភរិយា​លោក​ពូ​កុសលដែលអង្គុយទន្ទឹមស្វាមី​ឲ្យ​ពរយើង​បន្ត៖​

–      អ្នក​មីង សូម​ឲ្យ​ក្មួយ​សម្លាញ់​ទាំង​ពីរ​ចេះ​ស្រឡាញ់ ​ចេះ​អត់​ឱន​គ្នា។ បើ​ប្តី​ខឹង​ឲ្យ​ប្រពន្ធ​ខំ​អត់។ បើ​ប្តី​ខ្សត់​ឲ្យ​ប្រពន្ធ​ខំ​រក។ ​ទៅ​ណាមក​ណា​​មានគេស្រឡាញ់​រាប់​​អាន​យក​ជា​គ្នាជានិច្ច។​ សូម​ឲ្យ​ក្មួយ​មាន​ជោគ​ជ័យគ្រប់ជំហ៊ានជីវិត ​ឈ្នះ​អស់​មារសត្រូវ​គ្រប់​ទិស​ទី​ ​សម្បូរណ៍​ទ្រព្យ​សម្បត្តិ​ហូរ​ហៀណ៎ា!។

ខ្ញុំ​និង​អូន​ទេវី​ ​ឆ្លើយ​ទទួល​ព្រម​គ្នា ៖

–      សាធុ! សាធុ!

ភ្ញៀវ​ទាំង​ឡាយ​​​បាចស្រទាប់ផ្កា​កូលាបដែលប្រើ​ជំនួស​ផ្កា​ស្លា​​លើ​យើង​ទាំង​ពីរ​នាក់។ ​​ខណៈនោះ ចិន្តា​​​ខ្ញុំ​រំភើប​​ស្រាល​ឥត​ឧបមា។

ខ្ញុំ​លួច​សម្លឹង​មើល​អូន​ទេវីវណ្ណ។ ស្រី​ស្អាត​សែន​ស្អាតម៉្លេះទេ!។​ ​ចិត្ត​ខ្ញុំ​ជ្រួល​ច្របល់​ចង់​ស្ទុះ​ទៅ​​លួង​លោម​ថ្នាក់​ថ្នម​មួយ​រំពេច។

មង្គល​ការ​របស់​យើង​បាន​ចប់​សព្វ​គ្រប់​ដោយពិធី​ជប់​លៀង​​ក្នុងភោជនីយដ្ឋាន។

រាត្រី​នោះ​ឯង​ជា​រាត្រី​សុភមង្គល​របស់​យើង។

នៅក្នុង​បន្ទប់​ដំណេក​រ​បស់​អូន​ទេវី ដែល​រៀបចំ​យ៉ាងមានរបៀប​​រៀប​រយ​គួរ​ឲ្យទាក់​ភ្នែកនិងចិត្ត​ បេះ​ដូង​ខ្ញុំ​ញាប់​ញ័រ​រំភើប។ ​ ​ខ្លួន​ខ្ញុំហាក់​បី​ដូច​ជា​កំពុង​ស្ថិត​ក្នុងឋាន​​សួគ៌ា​ល័យ។

នៅ​​ពីមុខ​ទូ​សំអាង ភរិយាខ្ញុំ​អង្គុយដក​ផ្កា​ចេញពីសក់នាង ហើយ​ចាប់​រុះភ្នួង​សក់​ចេញ។ ខ្ញុំ​ឈរ​ពី​ក្រោយ​ខ្នង​ភរិយា​ ​ដាក់​ដៃ​លើ​ស្មា​កន្និដ្ឋា​ទាំង​ចិត្ត​ស្រឡាញ់​ខ្នាញ់​ស្ទើរ​លេប។

–      កុំអាល​រុះ​សក់​ចេញ​ ទុក​អីចឹង​សិន​ហើយ​។ មាសស្នេហ៍​បង​ល្អ​អ្វី​ម៉្លេះ​ទេ! ល្អដូច​ជា​រាជនី​ក្នុង​រឿង​ព្រេង​និទាន​។

ធីតា​សើច​បញ្ចេញ​ធ្មេញ​សស្គុស​រៀប​ស្មើ​ត្រឹម​។ កាល​ណានាង​សើច នាង​រឹត​តែ​ល្អ។ ទេវី​យក​ដៃ​ស្តាំ​អង្អែល​​ខ្នង​ដៃ​ខ្ញុំ​ថើៗ ហើ​យពោ​ល​ពាក្យ​យ៉ាង​ពីរោះ ៖

–      បង​ចូល​ចិត្ត​បញ្ចោរ​អូន​ម្ល៉េះទេ។

ខ្ញុំ​លើកបី​កាយ​ស្រី​បង្វិល​មួយ​ជុំ​យ៉ាង​ថ្នម​ៗ ហើយដាក់​លើ​សយនា។

–      ទេវី​មាស​បង! យើង​មាន​សេរីភាព​ពេញ​លេញ​ហើយអូន។ យើង​ជា​ភរិយា​ស្វាមី​ពេញ​លក្ខណៈ​ច្បាប់​ហើយ។ ចាប់​តាំងពី​ថ្ងៃ​នេះ​តទៅ គ្មាន​អ្វីជាឧបសគ្គធ្វើ​ឲ្យ​យើង​បារម្ភ​​ទៀត​ទេ។

ខ្ញុំ​​និទានសុបិន​​ខ្ញុំ​ជាមួយ​ទេវីវណ្ណ​នៅ​មាត់​សមុទ្រ​ទីក្រុង​​ NICE ឲ្យ​នាង​ស្តាប់។​ កែវ​​​​ពិសី​ស្រី​ឆោម​យង់បិទនេត្រា​ស្តាប់​ខ្ញុំ​និទាន​ការ​យល់​សប្តិ​ដោយ​ញញឹម​ពេញចិត្ត។ នាង​រឹត​តែ​ជឿ​លើ​សេចក្តី​ស្នេហា​ដ៏​មុះ​មុត​របស់​ខ្ញុំ​លើរូប​នាង។ ស្រីងើបពីពូកហើយស្រវា​ឱប.ក​ខ្ញុំ រួច​និយាយពាក្យផ្អែមល្ហែមថា ៖

–      បង​ឧត្តម! ម្ចាស់​ជីវិត​អូន​តែ​មួយ…

គ្រាប់​ព្រិល​​សាច​តាម​កម្លាំង​វាយោ​ប៉ះ​កញ្ចក់​បង្អួច​លាន់​ឮ​ប្រស់ៗ។ សត្តនិករ​ទូទៅ​និទ្រា​លក់​អស់​ទៅ​ហើយ។

តើ​នឹង​មាន​រាត្រី​​ណា ​ដែល​ត្រកាល​ស្មើ​នឹង​រាត្រី​ចន្ទ​ទឹក​ឃ្មុំ ​ដែល​ជា​រាត្រី​សុភមង្គល​របស់​យើង​នោះ​​? ខ្ញុំ​​ច្រៀងច​ម្រៀង​ បទ​«ទ្រព្យគាប់ចិន្តា»​ ​របស់​លោក​ស៊ីន ស៊ី​​សា​មុត

រហ៊ឹមៗ​បំពេរ​ឆោម​ពិសី​ភរិយា​ថ្មោង​ថ្មី​ថ្លៃ​វរលក្ខណ៍​របស់ខ្ញុំ​ ដែល​មាន​ទំនុក​ច្រៀងដូចតទៅ៖

«បើ​សិន​អូន​ឲ្យ​របស់​អ្វី​ប្រគល់​មក​បង

ស្រស់​ពៅ​នួន​ល្អង​បង​សូម​ទទួល​តែ​មួយ​ប៉ុណ្ណោះ

ទោះ​អូន​ឲ្យ​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់

ក៏​បង​ទទួល​ដោយស្មោះ​

តែ​បង​ទទួល​យក​តែ​មួយ​ប៉ុណ្ណោះ​ជាទ្រព្យ​គាប់​ចិន្តា​ប្រចាំ​ជីវិត

ស្លាប់​រស់​មិន​គិត​រក្សា​ឲ្យ​គង់ ​គឺ​ស្នេហា​ដែល​អូន​ប្រគល់​ទុក​ឲ្យប្រុសបង។

អ្វី​ក្រៅ​ពីនោះ​ដែល​ពៅ​ស្រី​ស្រស់​ឲ្យ​ប្រុស​បង​ដែរ

ពេញចិត្ត​ទាំងអស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ធ្លាប់​តែត្រកង

ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ខែ​ច្រើន​ថ្ងៃ​កន្លង

បង​ក៏​នៅ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រឡាស់​ផ្លាស់​ពី​ស្នេហ៍ៗ​យើង​ទេ​អូន

រឿង​រ៉ាវ​អភ័ព្វ​អណ្តែត​ចោល​តាម​ក្បូន​ ចោល​ឱឆ្ងាយ​រ៉ាយ​រ៉ាប់​

ជាថ្មី​រឿង​ស្រី​និង​បង។» 

ទេវីវណ្ណ​ស្ថិត​ក្នុង​រង្វង់​ហត្ថា​ខ្ញុំ​យ៉ាង​សែន​សុខ។

 

*               *

*

ភរិយាបណ្តូលចិត្ត​ខ្ញុំ​បា​ន​ចាក​ចេញពី​គេហដ្ឋានមាតាបិតា​នាង​នៅ​អាកហ្សង់​ទើយARGENTEUIL មក​តាម​ខ្ញុំ​នៅ​ទីក្រុង​បារីស រដ្ឋធានីនៃប្រទេសបារាំង។

ផ្ទះ​ខ្ញុំមិន​សូវ​មាន​របៀប​រៀប​រយ​ប៉ុន្មានទេ តែត្រូវ​ទេវីវណ្ណ​រៀប​ចំ​តាក់​តែង​ឲ្យ​មាន​សណ្តាប់​ធ្នាប់​គាប់​ភ្នែក​ប្រកប​​ដោយ​ផាសុកភាព។ ផាសុកភាពដ៏មនោរម្យក្នុងផ្ទះនិង

លក្ខណៈស្រ្តីមេផ្ទះដ៏ល្អដែរបស់ភរិយាខ្ញុំជាធ្នាក់ទាក់ចិត្តខ្ញុំមិនចង់ចេញទៅណាទេ គឺចង់តែនៅជិតភរិយាបណ្តូលចិត្តខ្ញុំឥតនឿយណាយ។

នៅ​ក្នុង​បន្ទប់​ដំណេក​របស់​ខ្ញុំ ទេវី​វណ្ណភ្ញាក់​ផ្អើល​ ​នៅពេល​ឃើញ​ផ្ទាំង​គំនូរ​រូប​នាង​អង្គុយ​​លើ​ដុំ​សិលា​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ខ្ញុំ​បានគូរ​រចនា​ឡើងទៅ​តាមទំហំ​ក្តី​ស្នេហ៍​ និង​ទំហំ​ក្តី​នឹក​រលឹក​របស់​ខ្ញុំ​ចំពោះ​រូប​នាង។  កល្យាណីស្ទុះ​ឱប​.ក​ខ្ញុំ​ ហើយ​ឧទាន​ទាំង​រំភើប​រីក​រាយ​ ៖

–      បង​ជាវិចិត្រ​ករ​ផង​ហ្ន! ម្តេច​ក៏​បង​មិន​ប្រាប់​ឲ្យ​អូន​ដឹង​ពី​មុន?។ បងលា​ក់​អូ​នរឿងមួយទៀត ​នេះ​នែ៎​ ស្អីហ្នឹង​បង?

ស្រី​លើក​សំណុំ​ក្រដាស​ច្រើន​ដុំ​បង្ហាញ​ខ្ញុំ​។ ​គ្មាន​អ្វីក្រៅ​ពី​សំណុំ​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ​ឡើយ។

–      បង​មិន​ត្រឹម​តែ​ជា​វិចិត្រករ​ប៉ុណ្ណោះ​ទេ បង​ជា​អ្នក​និពន្ធ​ទៀតផង។ អូន​សប្បាយ​ចិត្ត​ណាស់។ ប្តី​សម្លាញ់ អូន​រឹត​​តែ​ស្រឡាញ់​បង​ទ្វេឡើង។

យើង​ឱប​រឹត​គ្នា​យ៉ាងណែន​ហាក់​បី​ដូច​ជា​ចង់​ឲ្យ​រូប​កាយ​យើង​ទាំង​ពីរ​អង្គារលាយ​ចូល​គ្នា​តែ​មួយ​គត់​​។

ចាប់​តាំងពី​ថ្ងៃ​នោះមក ទេវីវណ្ណ​បា​នស្វះ​ស្វែង​រក​ជាវ​សៀវភៅ​ខ្មែរដែល​មាន​នៅ​សេស​សល់​​​​ខ្លះ ​ហើយ​ដែល​បានបោះ​ពុម្ព​ផ្សាយ​លក់​ជា​ថ្មី​នៅក្រុង​បារីស​មកដំកល់​ទុកប្រចាំ​បណ្ណាល័យ​គ្រួសារ ព្រម​ទំាង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ភក្តិ​នាង​ឲ្យ​គេ​ដឹង​ និង​​យក​ចិត្ត​ទុក​ដាក់​ផង។ ជាពិសេស​ នាង​​ជួយជ្រោមជ្រែង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង​ក្នុង​ការ​ផ្សាយ​លក់​ទស្សនាវដ្តី​ និង​សៀវភៅខ្មែរ​ផ្សេងៗ ថែម​ទាំង​ជួយ​ជាវ​ទុកធ្វើ​អំណោយ​អនុស្សាវរីយ៍ជូនចំពោះ​បង​ប្អូន​ញាតិ​មិត្ត​ ដើម្បី​ជួយ​ការ​ពារ​លើក​តម្កើង​ ទ្រទ្រង់​អក្សរ​សាស្ត្រ​ជាតិ​ជាតិយើង​ឲ្យ​ងើប​ស្គាល់​ពន្លឺ និង​ចម្រើន​ឡើង​វិញ។

មិន​តែប៉ុណ្ណោះ ឧត្តមភរិយា​សម្លាញ់​តែ​មួយ​របស់​ខ្ញុំ​​ឆ្លៀត​ពេល​ទំនេរ​​ នៅ​ចុង​សប្តាហ៍​ចែក​ចាយ​​ចំណេះ​ស្តួច​ស្តើង​ខាង​ផ្នែក​សិល្បៈ​របាំ​ខ្មែរ​ដោ​យបង្ហាត់​បុត្រ​ធីតា​ខ្មែរយើង​ ដើម្បី​​បំផុស​បំផុល​ព្រលឹង​ខ្មែរឲ្យ​រស់​រវើក​ឡើងវិញ និងដើម្បី​ទាក់​ទាញ​ចិត្ត​បរទេស​ឲ្យ​ជួយ​ឈឺ​ឆ្អាល ​​ជួយ​ការ​ពារ​វប្ប​ធម៌​អារ្យ​ធម៌​ខ្មែរ​ក្នុង​គ្រាដែលជនជាតិខ្មែ​មួយចំនួនវេទនា​ចិត្តព្រាត់​ស្រុក​ទេសមកជ្រកកោនស្រុកបារាំងនេះ។

នៅទីណា​ក៏​ដោយ​ ឲ្យ​តែ​មាន​ខ្មែរ​ដែល​មាន​ឧត្តម​គតិ​និងស្មារតីជា​តិនិយម ភរិយា​ខ្ញុំ​តែង​តែ​ស្មគ្រ​ចិត្ត​ជួយ​ចូកជួយ​​​ចែវជួយ​ជា​កម្លាំង​ ជាគំនិត​ទៅ​តាមសមត្ថភាពរបស់​នាង​ពុំ​ដែលរុញរាឬ​អាក់​ខាន​ទេ។ បើ​​គេ​រាប់​រក​នាង ត្រូវ​ការ​ពឹង​ពាក់​នាង​ៗ​ក៏​រាប់​រក​ នឹង​ជួយ​គេ​ស្មោះ​អស់​ពី​ដួង​ចិត្តវិញត​ឥត​ខ្លាច​នឿយ​ហត់បន្តិចឡើយ​​។

ប៉ុន្តែ​ ផ្ទុយ​ទៅវិញ នាង​ស្អប់ខ្ពើម​បំផុត​មនុស្ស​ខ្មែរ​ ឬ ជន​បរទេស​ណា​ដែល​រាក់ទាក់រាប់រក​នាង​ដើម្បីស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នាង​តែ​ង​តែចៀ​​ស​ចេញ​ឆ្ងាយ​ពី​ក្រុម​ជន​ប្រភេទ​នេះ ឬជំពូក​ជន​ ​ដែល​មាន​បំណង​ចង់​ទាក់​ទាញ​ចិត្ត​គំនិត​នាង​ឲ្យ​ភ្លេច​ដើម​កំណើត​ខ្មែរ​ ហើ​យយក​នាង​ជាឈ្នាន់ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួននិងមហិច្ឆតា​របស់​ពួកគេ។

ថ្ងៃ​មួយ ​ភរិយា​និយាយ​​មក​កាន់​ខ្ញុំយ៉ាងម៉ត់ចត់។

–      បង! ឱកាស​ល្អ​មក​ដល់​ហើយ។ អូន​សូម​រួម​ចំណែក ​ ​សូម​គាំទ្រ​សកម្ម​ភាព​​បង​ និង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង។ អូន​ត្រៀម​ខ្លួន​ចាំ​ជួយ​បង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់។ បង​ដឹង​ទេ? អូន​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​យើង​ណាស់។ កាល​អូន​ជាប់​ក្នុង​របប​កុម្មុយ​នីស​ខ្មែរ​ក្រហម​នៅឃុំ​ត្រើយ​ស្លា ​​ស្រុកកោះធំ​ អូន​បាន​ឃើញ​ពួកខ្មែរក្រហម​ប្រមូល​សៀវភៅ​​ដុត​ចោល​ទាំង​គំនរៗ។ កាល​​​ណោះ ​អូនឈឺចាប់អួលផ្សារណាស់ ស្រក់​ទឹក​ភ្នែក​តក់​ៗ ​ព្រោះអូនស្តាយ​សៀវភៅ​ទាំង​នោះ​ពេក។ អូននឹកថា ពពួកជន នខ្វាក់ទាំងនេះឥតស្គាល់តម្លៃសៀវភៅទេ។ វាហែកវចនានុក្រមបារាំងខ្មែរយកទៅមូរបារីជក់ គួរឲ្យក្តៅក្រហាយណាស់។ ​ក្នុងអតីតកាល ពីមួយ​ជំនាន់​ទៅ​មួយ​​ជំនាន់​ ពេល​ដែល​ប្រទេស​យើងផ្លាស់​ប្តូរ​របប​នយោបាយ​ម្តងៗ ស្រុក​យើង​ធ្លាក់​ចុះ​ដុន​ដាប។ សៀវភៅ គម្ពីរ ឯកសារ​នានា​ត្រូវ​គេ​ដុត​បំផ្លាញចោលខ្ទេចខ្ទីរ​អស់​ ឬបើពុំនោះទេ​ក៏​ត្រូវ​សត្រូវ​ជិង​ខាង​​ចូល​លុក​លុយ​ក្នុង​ប្រទេស​យើង ​រួចនាំ​គ្នា​ដឹក​ជញ្ជូន​ឯកសារផ្សេងៗយក​ទៅទុក​ក្នុង​ប្រទេស​គេ​អស់​រលីង។ វប្បធម៌​អក្សរ​សាស្រ្ត​ខ្មែរ​ត្រូវ​អាប់​ឱន​អស់​រស្មី​បន្តិច​ម្តង​ៗ។ ហេតុនេះ សូម​បង​ខំ​សរសេរ​ទៅ ទោះ​ជាសរសេរពីអ្វីឬ​រឿង​អ្វី​ក៏​ដោយ គ្រាន់​នឹង​ចងសំណេរទាំងនោះទុក​ជា​ទំព័រ​សាក្សី​នៃ​ជីវិត​ខ្មែរ ទោះ​បី​ជាបងមិនទាន់​បាន​បោះ​ពុម្ព​ភ្លាម​ៗ​ក៏​ដោយ​។

–       ត្រូវ​ហើ​យទេវីវណ្ណអូន! បងពេញចិត្តសម្តីអូនណាស់ បង​ក៏​យល់​ដូច​អូន​ដែរ។ ក្នុង​រយៈ​ពេល​ដែល​ខ្មែរយើង​និរាស​ស្រុកមកជ្រកកោនលើទឺកដីបរទេសនេះ យើង​ត្រូវ​សរសេរ​អត្ថបទ​ផ្សេង​ៗ​ទោះ​ជា​រឿង​ប្រលោម​លោក​ក្តី ​កំណាព្យ​ក្តី​ រឿងពិតក្នុងរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ ដើម្បី​បោះ​គោល​ព្រលឹង​​​​ខ្មែរ​ដែល​កាន់​ទុក្ខ​សោក។ បើ​សិនជាថ្ងៃល្អ​ណា​មួយ​​មក​ដល់​ យើង​នឹង​ប្រមូល​អត្ថបទ​ផ្សេង​ៗមក​ចង​ក្រង​ឡើង​ ដើម្បី​​ចង​ភ្ជាប់​ទំព័រ​អក្សរសាស្ត្រខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៧៥ ត​ទៅ​អនា​គត​។ បើ​មិន​ដូច្នោះ​ទេ អក្សរ​សាស្ត្រ​​យើង​ នឹង​មាន​ប្រហោង​ខ្មៅ​មួយយ៉ាងធំ​ដែល​កូន​ចៅ​យើង​មិនដឹងមិន​យល់នៅ​ថ្ងៃ​ក្រោយឡើយ។

–      ​ក្នុង​បច្ចុប្បន្ន​កាល​នេះ អូន​សោក​ស្តាយ​ណាស់ កាល​ណាដឹងថា​ សារពត៌​មាន​ខ្មែរ និង​ព្រឹត្តិបត្រ​ខ្មែរមួយចំនួន​បញ្ឈប់​សកម្មភាព​ម្តង​មួយ​ៗ​ដោយ​ ​បញ្ហាកង្វះ​ថវិកា ដោយហេតុថា​​ពុំ​សូវ​មាន​អ្នក​​ជា​វ​អាន។ តើ​អក្សរសាស្ត្រ​ខ្មែរ​នឹង​ទៅជា​យ៉ាង​ណា​ក្នុង​អនាគតកាល?

–      ​ព្រោះ​តែ​បង​មា​នចិត្ត​អួល​ផ្សា​ដូច​អូន​ហើយ ទើប​បាន​ជា​បង​ចេះ​តែ​ខំ​ឆ្លៀត​ពេលទំនេរពីការងារចិញ្ចឹមជីវិត​បន្ត​សកម្មភាព​អក្សរសាស្រ្ត​ខ្មែរ​ និង​ខំ​ជម្នះ​ឧបសគ្គ​គ្រប់​​បែប​យ៉ាង​ជាមួយ​អ្នក​បង​កល្យាណី​ ដើម្បី​បង្កើត​ស្នា​ដៃ​ថ្មីៗ។ បង​លួច​ផ្សង​និងសន្សំក្តី​សង្ឃឹម​លាក់​ទុក​ក្នុង​ចិត្ត​ថា បើ​បងប្អូន​ខ្មែរចូល​ចិត្តស្តាប់​ភាសាខ្មែរ​តា​ម​វិទ្យុអាស៊ី (RADIO ASIE) និង វិទ្យុ​បារាំងអន្តរជាតRFI (RADIO FRANCE INTERNATIONALE) បង​ប្អូន​ទាំង​នោះ​មិន​កំណាញ់​ចំណាយ​ប្រាក់​កាស​បន្តិច​បន្តួចដើម្បីជួយ​ជាវ​លើក​ទឹក​ចិត្ត​អ្នក​ធ្វើសកម្មភាពអក្សរសាស្ត្រ​ ឬ​អ្នក​និពន្ធ​នោះ​ទេ។ តើ​អូន​ជឿ​ដូច​បង​ខ្លះ​​ទេ​អូន?

–      ច៎ាះ! អូន​ជឿទៀត​ថា បង​​ប្អូន​ខ្មែរដែល​ហ៊ាន​ចំណាយ​លុយ​ទិញ​សំបុត្រ​រាំ​លេង ​ស្តាប់​ភ្លេង​កំសាន្តសប្បាយ​តែ​មួយ​រាត្រី​ គេក៏​ប្រហែល​មិន​ស្តាយប្រាក់​ជួយ​ជាវសៀវភៅ​ខ្មែរមួយដែល​គេ​អាច​រក្សា​ទុក​មួយ​ជីវិត​នោះ​ដែរ។ អូន​យល់ថា ​គេ​នាំ​គ្នា​ជួយ​លើកទឹកចិត្ត​អ្នក​ចម្រៀង​ឲ្យ​រស់​បាន គេ​គួរតែ​ជួយចូក​ចែវ​អ្នក​និពន្ធ​ឲ្យ​មាន​កម្លាំងបម្រើ​អក្សរសាស្ត្រ​ជាតិ​ផងដែរ។ អក្សរ​សាស្ត្រ​ និង​សិល្បៈ​​ជា​មែក​ធាង​នៃ​វប្បធម៌ជាតិយើង។ ​វប្បធម៌ជាព្រលឹងជាតិមែនទេបង?

ពេល​វេលា​ចេះតែ​ដើរ​លឿន​ទៅមុ​ខឥត​រង់​ចាំ​យើង​រាល់​គ្នាឡើយ។ អូនទេវីវណ្ណ ​និង​ខ្ញុំ​មិនបណ្តោយ​ឲ្យ​ពេល​វេលារសាត់​ចោល​យើង​ឥត​ប្រយោជន៍​ទេ។ យើង​តែង​តែខំ​ឆ្លៀត​ពេល​ ​បម្រើ​អក្សរ​សាស្រ្ត​និង​សិល្បៈ​ខ្មែរ​ដោយ​​រីករាយ​សុទ្ធ​ចិត្ត ទោះ​បី​ជា​មិនបាន​ទទួល​កម្រៃក៏​ដោយ​។  យើង​ចង់​រក្សា​ទំនៀម​ទម្លា​ប់​ វប្បធម៌​ អក្សរ​សាស្ត្រ​ និង​ជួយ​ថែ​ឫសកែវខ្មែរ​ឲ្យ​រឹង​មាំ​ឡើង​​ជា​ស្ថាពរ។

បើ​ទោះ​ណា​សកម្មភាព​របស់​យើង​បា​ន​ត្រូវ​ជន​មួយ​ក្តាប់​តូច​យក​ជើង​រាទឹក បង្ខូច​បង្កាច់ ពេប​ជ្រាយ​និន្ទាឈ្នានីស​ ជាន់​ពន្លិច​យើង​ ឬលាបពណ៌​យើង​ទៅ​តាម​គំនិត​រវើរវាយ​របស់ពួក​គេ ​ក៏​យើង​ខំ​ខាំ​មាត់​សង្កត់​ចិត្ត​ឥត​តូចចិត្ត​សោះ។ យើង​គិត​ថា ក្នុង​ជីវិត​ យើង​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិចឡើយ។

មិន​យូរ​ប៉ុន្មាន អ្ន​កដែល​បាន​យល់​ខុស​លើ​រូប​យើង ​មុខ​ជា​​ភ្ញាក់​រលឹកនិងខ្មាសខ្លួនឯងមិន​ខាន។ សំខាន់​បំផុត​  ឲ្យ​តែ​យើង​មាន​ជំហរ​នឹងនរ​ត្រង់​ផ្លូវ​ល្អ យើង​ច្បាស់​ជា​ទទួល​បាន​ជោគជ័យ​​ពិត​ប្រាកដនៅថ្ងៃណាមួយ។ ឧត្តម​គតិ​របស់​យើង​ គឺខិត​ខំ​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ដួង​ព្រលឹង​ ពូជ​អម្បូរ​ខ្មែរ​ ថែ​រក្សា​កេរ្តិ៍​មរតក​ដ៏​ឆ្នើម​របស់​ដូន​តា​យើង​ឲ្យ​ស្ថិត​ស្ថេរ​ជា​ស្ថាពរ​…។

ក្នុងពេល​​អួរ​អាប់និងហត់នឿយ​ម្តងៗ ខ្ញុំ​ចាប់​ហ្គីតា​មក​ដេញ​លេង​ជា​បទភ្លេង​ផ្សេងៗ​ មាន«បទខ្យល់សមុទ្រ» និង​«​បទទ្រព្យគាប់ចិន្តា» ដែល​បកស្រាយដោយ ​លោក ស៊ីន ស៊ីសាមុត ​តារាចម្រៀងឯកខ្មែរយើង ដែលគេប្រសិទ្ធនាមជូនថាអធិរាជសម្លេងមាស។ ខ្ញុំដេញហ្គីតាផងច្រៀង​បំពេរ​ទេវីម្ចាស់ជិវិតខ្ញុំផងដើម្បី​រំឮក​អនុស្សាវីរីយ៍​ដ៏ត្រកាលរបស់យើង​នៅក្រុង NICE ។ ទេវី​វណ្ណចូលចិត្ត​ស្តាប់តន្រ្តីនិងចម្រៀងខ្មែរណាស់។ ធីតាតែង​តែ​ច្រៀង​លេង​ជាមួយ​ខ្ញុំ។ នេះ​ហើយ​ជាពេល​សម្រាក​​របស់យើង​។ ចិត្ត​យើង​ទាំង​ពីរ​ដូចគ្នា។​ សូមចុចស្តាប់និងទស្សនាបទទាំងនេះលើខ្សែដំណខាងក្រោម៖

ខ្យល់សមុទ្រ រៀបរៀងដោយ​កុលាបស៖ http://www.youtube.com/watch?v=lXs7fTc1ZJI

 

 

(ដកស្រង់ចេញពីផលិតកម្មផ្កាយព្រឹក)

*             *

*

កន្លង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​និង​ទេវីវណ្ណបាន​បុត្រី​មួយ​រូប​ដែលយើងដាក់នាមឲ្យ​ថា ខេមរាវតី។

សព្វ​ថ្ងៃ ខេមរាវតី កូន​ស្រី​បណ្តូល​ចិត្ត​របស់​យើង អាយុ​ប្រាំ​បី​ឆ្នាំ​ហើយ។ ​វតី​មាន​នេត្រា​ធំៗ ។ សម្បុរ​​​នាង​ស្រអែម។ ទម្រង់​មុខ​មាត់​របស់​នាង​កាត់មក​រក​ខ្ញុំ។ ប៉ុន្តែ ​ចរិយា​ឫក​ពា ​កាត់​រក​ទេវី​វណ្ណ​ជា​មាតា។ បុត្រីយើង​មា​នចរិយាសុភាព​ស្រគត់​ស្រគំ ។ នាង​ចូល​ចិត្ត​អាន​សៀវភៅ​ដូច​​​មាតា​ដែរ។

នៅ​សាលា​រៀន វតីរៀន​ពូកែ។ ជាសិស្សដ៏​ជាទីពេញចិត្ត​របស់លោកគ្រូអ្នកគ្រូ​។ ​ ​អ្នកគ្រូ និង​មាតា​នៃសិស្ស​ខ្លះ​ ​ចង់​ស្គាល់​យើងដែល​ជា​មាតា​បិតារបស់ខេមរាវតី។  ​ឪពុ​ក

ម្តាយកូន​​បារាំង​ម្នាក់​បាន​មក​ដល់​ទីលំនៅ​យើង​ ហើយ​សុំអនុញ្ញាត​ ​នាំ​យក​ខេម​រាវតី​​ទៅ​លេង​ផ្ទះ​គេ​រាល់​រសៀល​ថ្ងៃពុធ​ក្នុង​គោល​បំណង​ចង់​ឲ្យ​បុត្រី​របស់​គេ​យក​តម្រាប់​តាម​ខេមរាវតី។

នៅផ្ទះ ទេវីវណ្ណ​និង​ខ្ញុំ​និយាយ​តែ​ភាសា​ខ្មែរ​ជាមួយ​បុត្រី​សម្លាញ់។ ចំណែកខេមរា​វតីវិញ នាង​និយាយ​តែ​ភាសា​ខ្មែរដែលជាភាសា​កំណើតរបស់​យើង​​ពីរោះ។ យើង​​រីក​រាយ​ឥត​ឧបមា។

សរុប​សេចក្តីទៅ អ្វីៗ​ដែល​យើង​បានត្រួស​ត្រាយ និង​ខំ​បូ​ជា​ពលិកម្ម​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំកន្លងមក​ ក្លាយជា​គំរូសម្រាប់​បុត្រី​របស់​យើង។ ខេមរាវតី​ជ្រួត​ជ្រាប​ស្មារតី​ជាតិបន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​ ដូច​ជា​ចូល​ចិត្ត​អ្វីៗ​ដែល​ជា​លក្ខណៈ​ខ្មែរ​ពេញ​ក្រអៅ​បេះ​ដូងនាង។

យើង​សង្ឃឹមយ៉ាង​មុត​មាំ​​ថា ក្នុងអនាគតកាល ខេមរាវតី ​បុត្រី​បណ្តូលបណ្តាច់ដែលជាដួង​ព្រលឹង​របស់​យើង​នឹង​​ចេះ​ស្រឡាញ់​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ជាតិ និង​ជួយ​ថែ​ពន្លឺ​ចង្កៀងវប្បធម៌​អារ្យ​ធម៌​ខ្មែរ​មិន​ឲ្យ​រលត់​ឡើយ៕

 

ស្ត្រាស់បួរ ថ្ងៃទី ២១ សីហា ១៩៨៣

កែសម្រួលឡើងវិញ នៅ

ម៉ុងទីញីឡេគ័រម៉េយ​ ប្រទេសបារាំងនៅ ថ្ងៃ ខែសីហា ឆ្នាំ២០១២

 

 

រឿងខ្លី ៖ ខ្យល់សមុទ្រ ភាគទី៣​ និពន្ធដោយ ប៉ិច ​សង្វាវ៉ាន

ក្រុងនីសពេលរាត្រី (NICE BY NIGHT)

យើង​បាន​នាំ​គ្នា​ទៅលេង​ម៉ូណាកូ ម៉ុង​តេកាឡូ (MONTÉ  CARLO) រួច​បង្ហួស​ចូលទៅ​​ក្នុង​ប្រទេស​​អ៊ីតា​លី​ទៀត។

ទេសភាព​នៅ​ទីនោះ​ ​ស្រដៀង​​ទេសភាព​នៅ​ទីក្រុង​នីស​ដែរ គឺ​សម្បូរណ៌​ដើម​ដូង​ និង​ដើម​ត្នោតណាស់។ មាន​តែ​ទេសភាពបែបនេះ​ទេ ដែល​អាច​បណ្តាល​ឲ្យ​ដួង​ចិត្ត​ខ្ញុំ​ត្រេក​ត្រអាល​រីក​រាយ​។

——————————————————————————————————–

យើងត្រឡប់​មក​ទីក្រុង​នីសវិញ​ហើយ។ នីស​នៅ​តែ​ជា​ទីក្រុងមួយ​ដែ​ល​មាន​ន័យបំផុត​ចំពោះ​ខ្ញុំ​ដដែល។

នៅឆ្នេរ​មាត់​សមុទ្រ ត្រង់​វិថី​«ការ​ដើរ​កម្សាន្ត​នៃ​ជន​ជាតិ​អង់​គ្លេស» ទេវីវណ្ណ​ និង​ខ្ញុំ​បាន​ណាត់​ជួប​គ្នា​ជា​ថ្មី។ ឆ្នេរសមុទ្រ​នីស​ពុំ​មែន​ជា​ឆ្នេរ​ខ្សាច់​ដូច​ជា​សមុទ្រ​ដទៃ​ទៀត​ទេ គឺ​ជា​ឆ្នេរ​គ្រួស។

យើង​កាន់​ដៃគ្នា​រត់​លេង​លើ​គ្រាប់​គ្រួស​រដិប​រដុប​យ៉ាង​សប្បាយ​រីក​រាយ។ ក្នុង​វេលា​ដ៏​វិសេស​នេះ ខ្ញុំ​នឹក​តែ​ម្យ៉ាងគត់​​ គឺ​នៅ​ក្នុង​លោក​នេះ​មាន​តែ​អូន​ទេវី​ និង​ខ្ញុំ​ពីរនាក់​ ។ យើង​បាន​ប្រើ​សេរីភាព​របស់​យើង​ឥត​ទើស​ទាល់​។

–      ទេវីអូន! ​នៅ​ជិតអូន បង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ​។

–      ច៎ាះ អូន​ក៏អីចឹង​ដែរ​បង​ឧត្តម​។ អុះ យី!…

ទេវីវណ្ណ​ភ្លាត់​មាត់ នាង​ដើរ​ជំពប់​ជើង​​រៀប​នឹង​ដួល​ទាំង​ជំហរ។ ខ្ញុំ​ស្រវា​ចាប់​កាយ​ស្រី​ជាប់​ ហើយ​​ឱប​ផ្ទាប់​នឹង​ផែន​ឱរា​របស់​ខ្ញុំ។ កែវ​ភ្នែក​​យើងទាំង​ពីរ​ត្របាញ់​រក​គ្នា​ ប្រៀប​ដូចជា​ត្រូវ​ចរន្ត​អគ្គី​សនីឆក់​​ដូច្នោះ។ ​ចរន្ត​​ស្នេហា​ភ្លឺ​ផ្លេក​ចេញពី​កែវភ្នែកដូចត្រូវ​មេដែកស្រូប​រក​គ្នា ​ធ្វើ​ឲ្យ​ទ្រូង​ខ្ញុំ​ស្រើប​ស្រាល​លោត​ញាប់​ខុស​ពី​ធម្មតា​​។ ស្រស់​ពិសី​អៀនដាក់​ភ្នែក​ចុះ​សម្លឹង​ទៅលើគ្រួស។ ខ្ញុំលូក​ដៃ​អង្អែល​ខ្នង​នាង​​ថ្នមៗ ហើយ​ស្រ​ដី​ ៖

–      មាស​ស្នេហ៍​បង! អូន​ខឹង​នឹង​បង​ឱបអូនមែនទេ?

ស្រស់​ពន្លក​នៅ​ស្ងៀម​ឥត​វាចាមួយម៉ាត់ឡើយ។ ខ្ញុំ​ទាញ​កេសា​ស្រី​ថ្នមៗមក​ដាក់​កើយ​លើ​ស្មា​ខ្ញុំ។ ខ្ញុំ​ងាក​ថើប​សក់​ស្រី​ថើៗ។ ​ពៅឆោម​ស្រស់សម្ងំ​ស្ងៀម​ក្នុង​រង្វង់ហត្ថា​ខ្ញុំ​។ ចរណៃ​បិទ​ភ្នែ​កប្រឹមៗ​យ៉ាង​សែន​សុខ។ ខ្ញុំ​ថ្លែងវាចា​ផ្អែម​ល្ហែម​ខ្សឹបៗ​ដាក់​ត្រចៀក​នាងុំ

–      ពៅ​ពន្លក បង​ស្រឡាញ់​អូន​ម្ល៉េះ​ទេ!។ អូ​នស្រឡាញ់​បង​ដែរ​ឬទេ? ឆ្លើយ​ប្រាប់​បង​មក​ ឲ្យ​បង​អស់​ចិត្ត​ណ៎ា។ បើ​អូន​មិន​ឆ្លើយ​ទេ​ បង​មិន​ព្រម​លែងកាយ​អូន​ទេ។ បង​នៅ​តែ​ឱប​អូន​រហូត​ដល់​យប់​អធ្រាត្រ ដល់​ព្រឹក​ ឱប​រហូត មិន​ព្រម​លែង​ឲ្យ​អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ…

ឮវាចា​នេះ​កាលណា ទេវីវណ្ណខំ​បម្រះ​ចេញពីរង្វង់ហត្ថា​ទាំងទ្វេ​របស់​ខ្ញុំ​។ នាង​រត់​ចេញ​ពី​ខ្ញុំ​ទៅ។ ប្រហែលជា​នាង​អៀន​ឬខឹង​បា​នជា​នាង​មិន​និយាយ​រក​ខ្ញុំ។

ទេវីដើរ​ទៅអង្គុយ​លើ​ដុំ​សិលា​មួយ​​បែរខ្នង​​ឲ្យ​ខ្ញុំ​។ ខ្ញុំ​ដើរ​លបៗ​ទៅតាម​ក្រោយ ហើយ​លប​ទៅអង្គុយ​ជិត​នាង​ ។ ឆោម​យង់​កំពុង​គិត​បណ្តែ​ត​អារម្មណ៍ទៅឆ្ងាយ។ ម្ល៉ោះ​ហើយ​ នាង​ពុំ​បាន​ដឹង​​ថា ខ្ញុំ​នៅ​អង្គុយជិ​តនាង​ទេ។ ​នាង​ដក​ដង្ហើម​ធំ​ម្តងៗ។ បេះដូង​ខ្ញុំ​ញាប់​ញ័រ​ដដែល​។ អារម្មណ៍ខ្ញុំ​ច្របូក​ច្របល់​ ​ ​សែន​ភ័យ សែន​អរ សែន​ព្រួយ សែន​រន្ធត់​ សែន​ស្រឡាញ់… ! ! !។ ឱ!  តើ​បេះដូង​ទេវី​មាន​សភាព​នេះដូច​ខ្ញុំ​ដែរ​ឬ​ទេ?

ទេវីវណ្ណ​នៅ​តែ​មិន​ដឹង​ថា ខ្ញុំ​អង្គុយ​ជិត​នាង។ ស្រស់​កន្និដ្ឋា​អង្គុយ​មើលទឹក​សមុទ្រ​ពណ៌​ខៀវ​ខ្ចី​ដែល​កំពុង​តែ​បោក​ខ្លួន​មក​ផ្ទប់​នឹង​ផ្ទាំង​សិលា​ឮសូរ​គ្រាំៗ។ ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ឲ្យ​ស្រី​ខឹង​ទៀត​ឡើយ។ នេត្រា​​​ខ្ញុំ​​សម្លឹង​ទៅ​​ត្រើយសមុទ្រ​ម្ខាង​ដែលនៅ​ជាប់​នឹង​ភ្នំ​វែង​គួរ​ឲ្យ​គយ​គន់។ ពេលនោះ ដួង​អារម្មណ៍​របស់​ខ្ញុំ​ហាក់​បី​ដូច​ជា​កំពុង​តែ​អណ្តែត​ត្រសែត​លើ​វេហាស៍។ ខ្ញុំ​ហាក់​ដូច​ជា​ស្រមៃ​ឃើញ ទេវី​ស្រី​ស្នេហ៍​និង​ខ្ញុំ​កាន់​ដៃ​គ្នាកៀក​កើយ​លើ​នភាល័យ។ រំពេច​នោះ​ ឥន្ទ្រី​មាស​មួយ​ដែល​តែង​លំអ​ទៅ​ដោយ​ផ្កា​ភ្ញី​ចម្រុះ​ពណ៌​យ៉ាង​ល្អ​ហើរ​សំដៅ​មក​រក​យើង​ទាំង​ពីរ​ ហើយ​បន្ទាប​ខ្លួន​ចុះ​ក្បែរ​រូប​យើង។ យើង​ក៏​នាំ​គ្នា​ឡើង​ទៅ​អង្គុយ​លើ​ឥន្ទ្រី​កាម​ទេព​ប្រកៀក​ប្រ​កើយ​ថ្នាក់​ថ្នម​គ្នាគ្មាន​ជិន​ណាយ​។

នៅ​លើ​នភាល័យ ព្រះទិនករ​មូល​ក្រឡង់​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​កំពុង​បន្ទាបខ្លួន​សន្សឹម​ៗ​យាង​ចូល​​​ក្រឡា​ព្រះ​​បន្ទំ​ឯ​នាយ​សមុទ្រ។ ផ្ទៃ​មេឃ​ចោល​រស្មី​ក្រហម​ព្រឿងៗ​គ្របដណ្តប់​លើ​ទេសភាព​ទូទៅ និង​សត្តនិករ​ទាំង​ពួង។ នៅលើ​ផ្ទៃ​ជលសា ស្រមោល​ព្រះអាទិត្យ​រៀប​អស្តង្គត​ជះ​ពន្លឺ​ព្រាតៗ​លើ​ដុំ​រលក​ដែល​​កំពុង​តែ​កញ្ជ្រោល​បក់​បោក​ទៅមក​តាម​កម្លាំង​រុញ​ច្រាន​នៃ​ព្រះ​វាយោ។ ខ្យល់​សមុទ្រ​បក់​មក​ត្រ​សៀក​​ៗ​អង្អែល​រូប​កាយ​យើង​ទាំង​ពីរ​ឲ្យ​រងា​ស្រៀវ​ស្រើប​ពេក​កន្លង។ ជល​សារ​ឥត​ខ្ជិល​នឹង​នាំ​រលក​តូច​ធំ​ៗ​មក​វា​យបោក​ខ្លួន​លើគែម​ថ្ម​ដា​ បង្ករ​ជា​ឥន្ត្រី​ធម្ម​ជាតិ​ដ៏​មនោរម្យ។ ខ្ញុំ​ហាក់​ស្រមៃ​ឮ​សំនៀង​មាស​របស់​លោក​ ស៊ីន ស៊ីសាមុត អធិរាជសម្លេងមានដែលអតីត​​តារា​​ចម្រៀង​ឯក​ខ្មែរ​យើង​ដែល​បានបាត់បង់ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​​សាសន៍​ខ្មែរក្រហម ច្រៀងបទ «ខ្យល់សមុទ្រ» រវើយៗ​យ៉ាង​ពីរោះ​រណ្តំ​ដាក់​សោតា​ទាំង​គូ​របស់​ខ្ញុំ​​ចាប់​ពីត្រង់វគ្គ​បន្ទរ (Refrain) រហូតដល់​ចប់​ថា៖

«រងា​ដិត​ដល់​ខ្យល់​សមុទ្រ

ឲ្យ​ខ្ញុំ​រន្ធត់​ទ្រូង​ញាប់​ញ័រ

ព្រឺព្រួច​ថ្ងួច​នឹក​ស្រស់​បវរ

លម្អ​សមុទ្រ​ផុត​និស្ស័យ។

ទោះ​ល្អយ៉ាង​ណាក៏​នៅ​មិន​ធួន​ស្ងួន​វិសុទ្ធ

ទោះខ្យល់​សមុទ្រ​ទេព​សយុត​និង​ចន្ទ​ថ្លៃ

ឥតផ្ទឹម​សម្រស់​ស្រស់​ចរណៃ

ថ្លើម​ថ្លៃ​ឲ្យ​ភ្លេច​ដូច​ម្តេច​បាន។»

 ប្រាកដ​មែន! ចំពោះ​រូប​ខ្ញុំ សម្រស់​សមុទ្រ​ក្រុងនីសល្អ​មែន!​ តែ​នៅ​តែ​ល្អ​ចាញ់​សម្រស់​ទេវីវណ្ណ​របស់​ខ្ញុំ​ ​ មិនខុសពីទំនុកចម្រៀង​នេះទេ។

នៅ​​ឆ្នេរ​សមុទ្រ​  មនុស្ស​ម្នា​ទាំង​ឡាយ​​នាំ​គ្នា​ចាក​ចេញ​ពីទីសំដិល​កាយ​ត្រឡប់​​​​ទៅ​គេហដ្ឋាន​វិញ​អស់។ ​នៅ​​សល់​តែ​ខ្ញុំ​និង​ទេវីវណ្ណពីរ​នាក់​គត់។

ព្រះ​អាទិត្យ​​អស្តង្គតទៅហើយ។ ​​ទេវីវណ្ណងើប​ឈរ​ឡើង​ លើក​ដៃ​ជ្រង​សក់ រួច​ងាក​ខ្លួន​បែរ​ក្រោយ ស្រាប់​តែ​ឆោមស្រស់ភ្ញាក់​ព្រើត ​ដោយ​ប្រទះ​ឃើញ​រូប​ខ្ញុំ​នៅក្បែរ​នាង​បង្កើយ។ ពិសីអៀន​ដាក់​មុខ​ចុះ។ ខ្ញុំ​លួង​លោម​​អង្វរ​ដោយ​វាចា​ស្រទន់​។

–      អភ័យ​ទោស​បង​ផង​ណ៎ា​បណ្តូល​ចិត្ត។ ការ​ជ្រុល​ជ្រួសាលើ​ស​ហួស​លើ​អូន​អម្បាញ់​មិញនេះ​ បណ្តាល​មក​​ពីបង​ស្រឡាញ់​អូន​ខ្លាំង​ពេក។ បង​គ្មាន​បំណង​អាក្រក់​បំពារ​បំពាន​លើ​រូបកាយ​ដ៏​បវរ​របស់អូន​ទេ។ ​​សូមអូន​មេត្តា​ចាត់​ទុក​ជា​ការថ្លោះ​ធ្លោយ​ដោយ​អចេតនា​របស់​​បង​ទៅ​ចុះ។ ​ពី​នាទី​នេះ​ទៅ បង​សន្យា មិន​ធ្វើ​ឲ្យទេវី​ថ្នាក់​ថ្នល់ស្រពន់​ចិត្ត​ទៀត​ទេ។ បង​សូម​គោរព​អូន​ទេវីវណ្ណ​ជា​នារី​ខ្មែរ​គំរូ​ម្នាក់។

–      ច៎ាះ! អូន​ចង់​ធ្វើ​ជា​នារី​គំរូ​សម្រាប់​បុប្ផា​រដ្ឋ​ប្អូន​ស្រី​របស់​អូន។ អូន​អរគុណបង​​ដែល​​បាន​យល់​ពី​សន្តាន​ចិត្ត​អូន។

–      ទេវីវណ្ណ​អូន! ឮពាក្យនេះ​កាលណា បង​រឹត​តែ​ស្រឡាញ់​អូន​ខ្លាំង​ឡើង​ ។ ចុះ​អូន​វិញ​ អូន​មានចិត្ត​អាណិត​ស្រឡាញ់​បង​ខ្លះ​ៗ​ទេ​?

–      ​បងមានមនោសញ្ចេតនា​បែប​ណា​ចំពោះ​អូន​ៗ​ក៏​មាន​មនោសញ្ចេតនា​បែប​នោះ​ចំពោះ​បង​វិញ​ដែរ។

យើង​សម្លឹង​ភក្រ្ត​គ្នា​យ៉ាង​យូរ។ ទ្រាំ​មិន​បាន ខ្ញុំ​ក៏​និយាយ​ដោយ​ស្មោះ​ស​រអស់​ពី​ដួង​ចិត្ត។

–      ​ភ្នែកស្រទន់ល្អ​​អ្វី​ម្ល៉េះ​ទេ! កែវភ្នែក​អូន​​ថ្លាយង់​បញ្ចេញ​រស្មី​ពណ្ណរាយ​ មាន​ទឹក​ដម​ស្នេហ៍​ធ្វើ​ឲ្យ​បងស្លុត​រន្ធត់​កាយ​អស់​ហើយ។

–      កុំ​បញ្ជោរ​អូន​ពេក។ ភ្នែក​បង​ក៏​ល្អ​ដែរ។ ពេល​បង​សម្លឹង​ចំអូន​ម្តងៗ ​អូន​អៀន​បង​ណាស់។ បង​ឧត្តម! តើ​វាសនា​ឬ​ដែល​នាំ​ឲ្យ​យើង​បាន​ជួប​គ្នា​នៅទីនេះ?

–      ប្រាកដ​ណាស់​ពៅ​ពិសី! បង​មិន​ដែល​នឹក​ថា បង​មាន​​វាសនា​បាន​ទទួល​ការ​ប្រោស​ប្រណី​ពី​អូន​យ៉ាងនេះ​សោះ។

និយាយ​រួច​យើង​ស្រវា​ឱប​រឹត​កាយ​គ្នា​យ៉ាង​ណែន។ ខ្ញុំ​ស្រង់​ក្លិន​ដ៏​ក្រអូប​របស់​អូន​ទេវីវណ្ណ​ឥត​ជិន​ណាយ​ឡើយ។ ខ្ញុំ​​ផ្តេក​កាយ​ស្រី​ដាក់​លើ​ផ្ទាំង​សិលា។ ស្រស់​ជីវ៉ា​បិទ​នេត្រា​ព្រឹម​ៗ។ ខ្ញុំ​ឱន​ភក្រ្តា​​ផ្ទាប់​ភក្រ្ត​ស្រី​ហើយ​ស្រដី​ខ្សឹប​ៗ​ដាក់​ត្រចៀក​នាង​៖

–      ម្ចាស់​ស្នេហ៍​បង! បង​ស្រឡាញ់​អូន​ណាស់!

ទេវីលើក​ម្រាម​ដៃ​ដ៏​តូច​ឆ្មារ​របស់​នាង​មក​ខ្ទប់​បបូរមាត់​ខ្ញុំ​ហើយ​មាន​វាចាឃាត់ខ្ញុំ។

–      យើង​ជា​កូន​ខ្មែរ! ត្រូវ​រក្សា​សេចក្តី​ស្នេហា​របស់​យើង​ឲ្យ​ស្ថិត​ក្នុង​របង​ប្រពៃ​ណី។ អូន​ក៏​ស្រឡាញ់​បង​ណាស់​ដែរ។

——————————————————————————————————–

ឱ! ខ្ញុំ​យល់​សប្តិ​ទេ​តើ! អារម្មណ៍​ខ្ញុំ​វិល​វល់​អស់​ហើយ​ដោយ​សារ​តែ​លួច​គួច​ស្នេហ៍​ទេវីវណ្ណ ទេពធីតារបស់ខ្ញុំ។

ឱ! ​ទេវីអើយ! សេចក្តី​ស្នេហា​របស់​បង​​ចំពោះ​អូន​មាន​ទំហំ​ធំធេង​ណាស់។ រូប​កាយ​ចរណៃ​ស្ថិត​ក្នុង​វិញ្ញាណ​បង​គ្រប់​វិនាទី។ តើ​ថ្លៃ​មាន​នឹក​បង​ខ្លះ​ដូច​ប​ង​នឹក​អូន​ឬ​ទេ?

ឱ! ទីក្រុង​នីសអើយ! អ្នក​បាន​ផ្តល់​សេចក្តី​សង្ឃឹម​​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន។ អ្នក​ជួយ​ផ្គល់​ឲ្យ​វិស្សម​កាល​​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ណាស់។

ឱ! សមុទ្រ​ខៀវ​អើយ! ខ្ញុំ​មិន​ភ្លេច​ទិដ្ឋភាព​ដ៏​ប្រណិត​របស់​អ្នក​ទេ។

*               *

*

ខ្ញុំ​ត្រឡប់​ពីទីក្រុង​នីស​វិញ​ដោយ​ស្ពាយ​យក​មក​ជា​មួយ​នូវ​អនុស្សាវរីយ៍​ត្រកាលៗ​ដែល​មិន​អាច​បំភ្លេច​បាន​។

ខ្ញុំ​​ចូល​ធ្វើ​ការ​វិញ​ហើយ។ ចិត្ត​គំនិត​ខ្ញុំ​ទាំង​មូល​បាញ់​ឆ្ពោះ​ទៅលើ​ទេវីវណ្ណ​ឥត​រសាយ​ឡើយ​។ ចិត្ត​ខ្ញុំ​ហេល​ហាល​ដូច​ជា​ខ្វះ​លំនឹង​អ្វី​មួយ។

រៀង​រាល់​រាត្រី ដើម្បីបំបាត់​នូវក្តី​នឹក​រលឹកចំពោះរូប​ឆោម​ពិសី​ស្រី​ទេវីវណ្ណ​ ខ្ញុំ​ឆ្លៀត​គូរ​រូប​អូន​ទេវី​ទៅ​តាម​​​ការ​​ស្រមៃ​របស់​ខ្ញុំ គឺ​រូប​នាង​អង្គុយ​លើ​ផ្ទាំង​សិលា​មួយ​ដុំ​នៅ​មាត់​សមុទ្រ។ ឱ! ចិត្តឥត​អ្វី​ចង! ចិត្ត​ខ្ញុំ​រវើរវាយ​ឥត​ព្រំ​ដែន​ទៅរក​ទេវី​ដែល​នាង​មិន​ទាន់​ដឹង​ខ្លួន​សោះថាខ្ញុំស្រឡាញ់នាង។ មិន​ថា​ពេល​ព្រលឹម​ ឬ​ ពេល​ព្រលប់ មិន​ថា​យប់ ​ឬ ​ថ្ងៃ​ឡើយ ខ្ញុំ​​នឹក​​នាង​ឥត​ល្ហែ។ បេះ​ដូង​ខ្ញុំ​ស្រែក​ដង្ហោយ​រក​ទេវី​គ្រប់​ពេល​វេលា​ទាំង​អស់។ នេះ​ហើយ​ឬអនុភាព​នៃ​សេចក្តីស្នេហា?

នឹក​នាងខ្លាំង​ពេក ខ្ញុំ​​​ទូរសព្ទ​ទៅ​​នាង។ ខ្ញុំ​ហៅ​ទៅ​ម្តង​ណា​ក៏​បុប្ផា​រដ្ឋ​លើក​ទូរសព្ទ​ដែរ។ បុប្ផារដ្ឋ​ចេះ​មែន នៅក្មេង​សោះ​ចេះ​ការពារ​បង​ស្រី​ដល់​ម្លឹង។ វាចា​ច្រែតៗរបស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​សែន​ខ្នាញ់​។ បុប្ផា​រដ្ឋ​សម្តី​បា​នណាស់។ ខ្ញុំ​ឆ្លៀត​និយាយ​លេង​ជាមួយ​បុប្ផា​បន្តិច។

–      បង​ខាន​ឃើញ​បុប្ផា​យូរ​ហើយ ​បែប​កាន់​តែ​ស្អាត​សម្បើម​ណាស់។ ​សម្តីច្រែតៗ​គ្មាន​ប្តូរបន្តិច​សោះ។ ចិត្ត​​​កាច​ហាក់​​នៅ​តែ​កាច តែ​ចិត្ត​ល្អ​ហាក់​នៅ​តែ​ល្អ។ បង​នឹក​បុប្ផា​និង​គ្រួសារ​ទាំង​អស់​គ្នា​ណាស់​។ តើ​បុប្ផា​នឹក​មក​បង​ខ្លះទេ?

–      អត់​នឹកទេ។

–     អូយ! ស្លាប់​បង​ហើយ! ណ្ហើយ! ​ទោះ​ជា​បុប្ផា​ស្អប់​បង​ម្តេចម្តា​ក៏បង​នៅតែ​​ចង់​ជួប​ ចង់​និយាយ​លេង​ជាមួយ​បុប្ផាជានិច្ច។

–      ——– (ស្ងាត់)

–      មែន​ណ៎ា! បង​ថា​មែន​ណ៎ា! បុប្ផា​ឯងនេះ​នៅ​ក្មេង​ណាស់… អៃយូយ! ចាក់​បារាំង​ឲ្យ​រូ​តែម្តង​ហ្ន៎! ឱ! បើ​ឲ្យ​នៅ​ជា​មួយ​បារាំង​តែ​មួយ​ខែ​ច្បាស់​ជា​ភ្លេច​ខ្មែរ​ខ្ទេច។ ​ធំឡើង​កុំ​ធ្វើ​ឫកដូចនារី​​បារាំង​ពេក​ណ៎ា ប្រយ័ត្ន​ខាត ហាសហាស…។ ណ្ហើយ! កុំខឹង​ បង​និយាយ​លេង​ទេ។ បង​សុំជួប​អ្នក​បង​ទេវី​របស់​បុប្ផា​ផង​ណ៎ា។

          ខ្ញុំ​រង់​ចាំ​បន្តិច​ ស្រាប់​តែ​ទេវីវណ្ណ​ឆ្លើយ​ពីចុង​ទូរសព្ទ​ម្ខាង​មក​។ ខ្ញុំ​បុក​ពោះ​ភឹបៗ។ បេះ​ដូង​ខ្ញុំ​ចាប់​ផ្តើម​លោក​ខុស​ចង្វាក់។ ខ្ញុំ​ខំ​រៀប​ពាក្យសម្តី​និយាយ​ពន្ល​យ​ពី​ចិត្តខ្ញុំ​ឲ្យ​ទេវី​ដឹងពីអារម្មណ៍ខ្ញុំ។

–      អាឡូ! អ្នកនាងទេវីវណ្ណ? អ្នក​នាង​សុខសប្បាយ​ធម្មតា​ទេ​ឬ?  បាទ! ខ្ញុំ​សុខសប្បាយ​ទេ។ ប៉ុន្តែ​ចិត្ត​ខ្ញុំ​​ចេះ​តែ​ហោះ​ហើរចោល​រាង​កាយ​ខ្ញុំ​ទៅ​អាក​ហ្សង់​ទើយ(Argenteuil) មិន​ទំនេរ​សោះ។ អូហ៍! អ្នក​នាង​ឮខ្ញុំ​សើច​ ​ស្មាន​តែ​ខ្ញុំ​មិន​ចេះ​កើត​ទុក្ខ​ឬ?  បាទ! មាន​តែ​ព្រះ​ទេ​​ដឹង​ចិត្ត​ខ្ញុំ…។ លាក់​បាំងអី​អ្នក​នាង​ទេវី! អនុស្សាវរីយ៍​ដ៏​ត្រកាល​របស់​ខ្ញុំ​ជាមួយ​នឹង​គ្រួសារ​របស់​ទេវី​មិន​អាច​ឲ្យ​ខ្ញុំ​បំភ្លេច​បាន​មួយ​វិនាទី​ណា​សោះ។ ចុះ​​ចិត្ត​ទេវី​វិញ​យ៉ាងណា​ដែរ?

–      ——————————————————————————————————–

–      ខ្ញុំ​សុំ​ទៅ​លេង​ផ្ទះ​ទេវី​ផង​បា​នឬទេ? បើ​អ្នក​នាង​អនុញ្ញាត ​ខ្ញុំ​ត្រេក​អរ​ណាស់។ ខ្ញុំ​សុំ​ទៅ​លេង​ថ្ងៃ​សៅរ៍​នេះ​ហើយណ៎ា! បាទ! ថ្ងៃ​សៅរ៍​នេះ​ជួប​គ្នា…

ស្រាប់​តែខ្ញុំឮបុប្ផានិយាយ​​រក​ខ្ញុំ​វិញ​ម្តង។ ខ្ញុំ​ឮបុប្ផា​និយាយ​ថា ចង់​និយាយ​ជាមួយ​ខ្ញុំ​វិញ។ មុន​នឹង​លា​នាង ​ខ្ញុំ​ក៏​និយាយថា៖

–      បុប្ផាជួយ​ថើប​រិទ្ធ​និង​រក្ស​ជំនួស​បង​ផងណ៎ា ហើយ​កុំ​ភ្លេច​ថ្នម​ចិត្ត​អ្នកបង​ទេវី​របស់​បុប្ផា​ជំនួស​បង​​ផង​ដែរ។ បង​សូម​ថើប​លា​ទាំង​អស់​គ្នា​ពី​ចម្ងាយ​សិន​ហើយ​ណ៎ា… ជឹប! ជឹប! ជឹប! (ខ្ញុំ​ធ្វើ​សំឡេង​ថើបបែប​បរទេស​ផ្ញើ​តាម​ទូរសព្ទ)។

បុប្ផា​សើច​ក្អាក​ក្អាយ​ក្នុង​ទូរសព្ទ​ កាល​បើ​ស្តាប់​ឮ​ខ្ញុំ​លេង​ដាក់​នាង​ដូច្នេះ។

រាត្រី​នេះ ខ្ញុំ​គេង​ញញឹម​តែ​ម្នាក់​ឯង ញញឹម​ដោយ​លួច​សង្ឃឹម​​ក្នុង​ដួង​ចិត្ត។ខ្ញុំ​រង់​ចាំ​ថ្ងៃ​សៅរ៍​ទាំង​អន្ទះសាក្រៃ​លែង។

*             *

*

រសៀល​ថ្ងៃ​សៅរ៍វេលា​ម៉ោង​ពីរគត់​ ខ្ញុំ​បាន​ទៅ​ដល់​គេហដ្ឋាន​របស់ទេវីវណ្ណ។ បុប្ផា​រដ្ឋ​ចេញ​មក​បើក​ទ្វារទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់​ញញឹម​ញញែម។

នាង​ស្លៀក​រ៉ូប​យ៉ាងស្អាត​អស់​ពីចិត្ត។ នាង​និយាយ​រក​ខ្ញុំ​យ៉ាង​ម្ញិក​ម្ញក់៖

–      ជម្រាប​សួរ​ពូ!

–      សួស្តីបុប្ផា! ថ្ងៃ​នេះ​តែង​តួ​ស្អាត​បាត​ណាស់ ​រៀប​ចំ​ចេញ​ទៅ​ណា​?

–      ខ្ញុំ​ត្រូវ​ទៅថត​កុនណ៎ា​ពូ!

–      បុប្ផា​នៅ​តែហៅ​បង​ថា «ពូ» អីចឹង​មួយ​ជាតិ​ហើយ​មើ​ល​ទៅ?

–      ​បុប្ផា​មិន​ដឹងហៅ​ថា ម៉េច​សម​ទេ បើ​បុប្ផា​ធ្លាប់​មាត់​អីចឹង​ទៅហើយ!

–      បុប្ផា​ទៅ​ថតកុន​ខ្មែរ​ ឬ​កុន​បារាំង?

–      កុន​ខ្មែរ

–      អូហ៍! កុន​ខ្មែរ​រឿង​អី?

–      ច៎ាះ! រឿង HORIZON

–      រឿង HORIZON ប្រែ​ថា ជើងមេឃ ហ្នឹងឬ?

–      ខ្ញុំ​អត់​ដឹង​ទេ ស្រេច​តែ​ពូ​ប្រែ​ម៉េច​ប្រែ​ទៅ​ឲ្យ​តែ​ស្រួល​ស្តាប់។

និយាយ​ដល់​ត្រឹម​ណេះ ទេវីវណ្ណក៏​ចេញ​មក​ទទួល​ខ្ញុំ​។ បន្ទាប់​ពី​សម្តែង​គាវរកិច្ច​ចំពោះ​គ្នា​និង​គ្នា​រួច នាង​ទេវីវណ្ណបញ្ជាក់៖

–      ច៎ាះ បុប្ផា​រដ្ឋ​ត្រូវ​ទៅ​ថត​កុន​មែន។ គឺថត​រឿង ជើងមេឃថ្មី។ នាង​ដើរ​តួ​ជា​កូន​សិស្ស​ណា៎លោក។

–      អីចឹង​ផង! តើ​នាង​ត្រូវ​ទៅ​ថត​កន្លែង​ណាដែរ?

–      ច៎ាះ នៅCEDORECK ​ប៉ារីសសង្កាត់ទី៥ ប៉ុន្តែ​កាល​ដែល​លោក​ទូរសព្ទ​សុំ​ណាត់​មក​ផ្ទះ​ខ្ញុំ​ៗ​ភ្លេច​ជម្រាប​លោកឲ្យ​ឈឹង​។

–      មិន​ទាស់​ខុស​អ្វី​ទេបាទ។ បើ​អ្នក​នាង​ចង់​ទៅ​មើលបុប្ផា ខ្ញុំ​ធានា​ជូន ។ ខ្ញុំក៏​ចង់​ទៅ​មើល​គេ​ថត​កុ​នដែរ។ ខ្ញុំ​ឮ​គេ​និយាយ​ដែរ តែ​ខ្ញុំ​មិន​ជឿសោះ។

–      ច៎ាះ! ជួន​កាល​ពាក្យ​ចចាម​អារាម​ខ្លះ​ជា​ពាក្យ​ប្រឌិត​គ្មាន​ការ​ពិត​ទេ។ តែ​រឿង​ថត​កុន​នេះ​ជា​រឿង​ពិត​មែន។

–      បើ​អ្នក​នាង​ពិត​ជា​ចង់​អញ្ជើញ​ទៅ​មើល​គេ​មែន ខ្ញុំ​រីក​រាយ​នឹង​ជូនអ្នក​នាង​​ស្មោះអស់ពីដួងចិត្ត។

–      ច៎ាះ! ក្រែង​រំខាន​ដល់​លោក​ទេ​ដឹង?

–      បាទទេ! ឥត​រំខានសោះ។

–      បុប្ផា​ថត​តែ​ម្តង​នេះទៀត​ចប់​ហើយ។ ខ្ញុំ​សូមទៅប្តូរ​សម្លៀក​បំពាក់​សិន​… អញ្ជើញ​អង្គុយ​លេង​ជាមួយ​បុប្ផា​មួយ​ភ្លែត​សិន​ណ៎ា​លោក។

——————————————————————————————————–

លុះ​ទៅ​ដល់មជ្ឈមណ្ឌលស្រាវជ្រាវអរិយធម៌ខ្មែរ CEDORECK ខ្ញុំ​បាន​ឃើញ​មនុស្សម្នា​ប្រមាណ​ជា​ម្ភៃ​នាក់។ ​ក្នុង​នោះ​មាន​ក្មេងៗ​ប្រហែល​ជា​ង​ដប់​នាក់​ផង។ ខ្ញុំ​និង​ទេវីវណ្ណ​ទៅ​ឈរ​ចាំ​ក្នុង​ទីធ្លា​ខាង​ក្រៅ។ បុប្ផា​ត្រូវ​​គេ​ហៅ​ឲ្យ​ចូល​ទៅ​ខាង​ក្នុង​បន្ទប់​បណ្ណាល័យ​ដែល​គេ​យក​មក​ធ្វើ​ជា​ថ្នាក់​រៀន សម្រាប់​ថត​កុន​រឿង ជើងមេឃថ្មី និពន្ធដោយប៉ិច ​សង្វាវ៉ានហើយ ដឹកនាំដោយលោកឡុង ឡេវ  ហៅឡុង ដារា។

ប្រហែល​ជា​ង​មួយ​ម៉ោង​ក្រោយ​មក ការ​ថត​ភាពយន្ត​ក៏​បាន​ចប់​រួច​រាល់។ ខ្ញុំ​ឃើញកុមារាកុមារី​ដើរ​ចេញ​ពី​ក្នុង​បន្ទប់​មក​ព្រូ។ បុប្ផា​ក៏​ចេញ​មក​ជាមួយ​គេ​ដែរ នាង​ដើរ​លោតៗ​សើច​ញញឹម​ញញែម​ដាក់​ខ្ញុំ​ និង​បង​ស្រី​នាង  រួច​ក៏​ស្រដី​ឡើង​ថា៖

–      ខ្ញុំ​ចង់​ណែ​នាំ​ពូ​និង​អ្នក​បង​ទេវីវណ្ណ​ឲ្យ​ស្គាល់​អ្នក​គ្រូ​របស់​ខ្ញុំ​ម្តង។ នុះ អ្នក​គ្រូ​ខ្ញុំ​ដើរ​ចេញ​មក​ហើយ​។

ខ្ញុំខំ​សម្លឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​នារី​ម្នាក់​ដែល​ដើរ​តម្រង់​មក។ ​អ្នកគ្រូរបស់បុប្ផា ខ្ញុំ​ស្គាល់​ច្បាស់​គឺ​អ្នក​​បង​កល្យាណី​ទេ​តើ។ ខ្ញុំ​ក៏​ដើរ​ទៅ​ជិត​ ហើយ​ឧទាន​ទាំង​ភ្ញាក់​ផ្អើលថា៖

–      អ្នក​​បង​កល្យាណី​! ជម្រាប​សួរ! ខ្ញុំ​មើលសឹង​តែ​មិន​ស្គាល់។ អ្នក​បង​ស្គម​ច្រើន​ណាស់។ អ្នក​បងឈឺ​អី​ហ្នឹង?

–      ខ្ញុំ​គ្មានជំងឺ​​ធ្ងន់​ទេ។ ខ្ញុំ​គេង​មិន​លក់ និង​ចេះ​តែ​អស់​កម្លាំង​ល្ហិត​ល្ហៃ។ ចាស់​ទុំ​ហើយ កម្លាំង​មិន​​ខ្លាំង​ក្លា​ដូច​ពី​ក្មេង​ទេ។ ប៉ុន្មាន​ខែ​ហើយមែនទេ យើងហាក់​ដូច​ជា​ដាច់​ទំនាក់ទំនង​​ឈឹង។ ខ្ញុំ​ហៅ​ទូរសព្ទ​ទៅ​លេង​បាន​ជួ​ប​អ្នកមីង។ គាត់​មាន​ប្រសាសន៍​ថា ឧត្តម​រវល់​ខ្លាំង​ណាស់ ហើយ​បាន​ប្តូរ​ផ្លាស់ពេល​ម៉ោង​ធ្វើ​ការ​ទៀត​ផង។ ឧត្តម​មក​ទីនេះ​ធ្វើ​អ្វី​ដែរ?

–      បាទ! ខ្ញុំ​មក​តាម​មើល​បុប្ផា​រដ្ឋ​ថត​កុន។ នាង​ត្រូវ​ជា​ប្អូន​បង្កើត​របស់​អ្នក​នាង​ទេវីវណ្ណ។ យី! គិត​ទៅ​គ្រាន់​តែ​បាត់​ដំណឹង​ពីគ្នា​ប៉ុន្មាន​ខែ​សោះ ស្រាប់តែ​អ្នក​បង​ក្លាយ​ជាចាងហ្វាង​កុន​ទៅ​ហើយ។

–      ទេ! ខ្ញុំ​មិន​មែន​ជា​ថៅ​កែ​កុន​ទេ។ មិត្តភក្តិ​សុំ​ឲ្យ​ជួយ​ក៏​ជួយ​ចូក​ជួយ​ចែវ​គេ​ខ្លះ​ទៅណ៎ា!

–      ហេតុតែអ្នក​បង​ទំនេរ ​ធ្វើ​អ្វីក៏បានទាំង​អស់។

–      បើ​និយាយ​ពី​រឿង​ទំនេរ​នោះ អ្នក​ណា​ក៏​ដូច​ជា​អ្នកណា​ដែរ គ្មាន​ទំនេរ​ទេ។ ​តែខ្ញុំ​ចេះ​តែ​ឆ្លៀត​ឈ្លក​រក​ពេល​ទៅ។ ណាមួយ ​ខ្ញុំ​ក៏​មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​តាំង​តែពី​ក្មេង​មក​ផង។ ម្ល៉ោះ​ហើយ​ក៏រួម​សាមគ្គិ​ពួត​ដៃ​គ្នា​បន្តិចម្នាក់​ៗ​។ បើ​ធ្វើ​អ្វី​បាន​ក៏​ចេះ​តែនាំ​គ្នា​ធ្វើ​អីចឹង​ទៅ។ ​ដល់​ពេ​ល​នេះ​ទៅហើយ បើ​រវល់​តែ​គេង​ចាំ​មើល​បំណាំ​គ្នា​ក៏​វា​មិនកើត​ដែរ​ណ៎ា ដូច​ឧត្តម​ស្គាល់​ចិត្ត​ខ្ញុំ​ស្រាប់​ហើយ​។ ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​នយោបាយ​មាន​បក្ស​មាន​ពួក​នឹង​គេទេ ។ ខ្ញុំក៏​ឆ្លៀត​បម្រើ​វប្បធម៌​ខ្លះ​ៗ ឲ្យ​បាន​ស្ងប់​ចិត្ ត​ស្ងប់​អារម្មណ៍​បំណាច់​មាន​ចិត្ត​ស្រឡាញ់​ស្រាប់​ទៅហើយ។

–      ខ្ញុំ​សូម​គាំទ្រ​គោលគំនិត​អ្នក​បង​ទាំង​ស្រុង។

–      ចំណែក​ខ្ញុំ​​ក៏​អីចឹង​ដែរ​។ (ទេវីវណ្ណបន្ថែម)។

–      ច៎ាះ! អរគុណ! ខ្ញុំ​ក៏​សូម​សរសើរ​អូន​ដែល​បានអនុញ្ញាត​ឲ្យ​បុប្ផា​រដ្ឋ​​ចូល​រួម​ថត​កុន​នឹង​គេ។ ខ្មែរ​យើង​ខ្លះ​ទៅ​ប្រកាន់​ណាស់។ គេ​នៅ​តែ​យល់​ថា អ្នក​ណា​ចូលក្នុ​ង​រង្វង់​សិល្បៈ​​សុទ្ធ​តែ​ជា​មនុស្ស​ថោក​ទាប​ដោយ​បន្ថោកបន្ទាប​តម្លៃ​គ្នា​សម្បើម​ណាស់។

–      ទាំង​នេះបណ្តាល​មក​ពីសិល្បករ​យើង​ខ្លះ​ខ្វះ​សេចក្តី​ថ្លៃថ្នូរ ហើយមានខ្សែ​ជីវិ​ត​មិន​ល្អ ប្រឡូក​ប្រឡាក​គ្នា​មិន​ចេះ​រក្សា​តម្លៃខ្លួន​ឯង​ ទើប​អូសទាញ​ឲ្យ​សិល្បៈ​ខ្មែរដែលខ្លួនបម្រើឲ្យគ្មាន​តម្លៃ​។ នេះ​បើ​តាម​ការ​សង្កេត​ខ្លះ​របស់​ខ្ញុំ។

          ខ្ញុំ​ស្តាប់​ឮ​យោបល់​របស់​ទេវីវណ្ណ​យ៉ាង​ពេញ​ចិត្ត​។ ​ជា​ឱកាស​អាច​ឲ្យ​ខ្ញុំ​បាន​ស្គាល​ចិត្ត​គំនិត​របស់​នាង​មួយ​កម្រិត​ទៀត។ អ្នក​បង​កល្យាណី​មាន​ប្រសាសន៍​បបួលយើង។

–      បើ​មិន​ប្រញាប់​ទេ​ ខ្ញុំ​ចង់​អញ្ជើញ​ឧត្តម និង​អូន​….

–      ច៎ាះ!​ ខ្ញុំឈ្មោះ​ទេវីវណ្ណ (ទេវីនិយាយ​កាត់​ដើម្បី​ជម្រាប​ឈ្មោះ​នាង​ទៅ​អ្នក​បង​កល្យាណី)។

–      ខ្ញុំ​ចង់​អញ្ជើញ​ អូន​ទេវីវណ្ណ បុប្ផា​រដ្ឋ និង​ ឧត្តម​ទៅ​ភោជនីយដ្ឋាន ព្រោះ ខ្ញុំ​មាន​រឿង​មួយ​ចង់​ជជែក​ពីគ្រោះ​ពិភាក្សា​ជាមួយ​ឧត្តម​ចាំបាច់។ តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ណា​ដែរ​?។

 –    ខ្ញុំ​មិន​ហ៊ានសម្រេច​ទេ​។ នេះ​អាស្រ័យ​ទៅ​លើទេវីវណ្ណ​ទាំង​ស្រុង។ ខ្ញុំ​លួច​មើល​មុខ​ទេវី​វណ្ណ​ឃើញ​​នាង​មាន​ទឹក​មុខ​បែប​រា​រែក​បន្តិច។ នេះជា​ការ​ធម្មតា​ទេ ព្រោះ​នាង​មិន​ធ្លាប់​ដើរ​ជាមួយ​ខ្ញុំដែលនាងទើបនឹងស្គាល់​។ នាង​​​ត្រូវ​តែ​​ទើស​ទាល់​ ថ្វីត្បិតតែយើងបានដើរកំសាន្តម្តងគត់នៅក្នុងពេលវិស្សមកាលក្នុងពេលជួបស្គាល់គ្នានីក្រុងនីស។

–      យ៉ាង​ម៉េច​អូន​ទេវីវណ្ណ? យល់​ព្រម​ទេ? (អ្នក​បង​កល្យាណី​សួរ​បញ្ជាក់)

–      ​អីចឹង​ យើង​ទៅ​ជាមួយ​អ្នក​គ្រូខ្ញុំ​​តែម្តង​ទៅ​អ្នក​បង!

បុប្ផា​ជំរុញ​បងស្រី​នាង ទើប​ទេវីវណ្ណ​​យល់​ព្រម​តាមសំណើ​របស់​អ្នក​បង​កល្យាណី​។

យើង​នាំ​គ្នា​ឆ្ពោះ​ទៅ​រក​ភោជនីយដ្ឋានMY THO ដែលស្ថិត​នៅ​លេខ​១៨ ​ផ្លូវ​Flatters បារីស៍​ទី​៥ ។ភោជនីយដ្ឋាននេះ​ធ្វើ​មី​គោគ​ពិសេស​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ខុស​ប្លែក​ពី​ភោជនីយដ្ឋាន​នានា។

នៅពេល​យើង​រង់​ចាំ​ម្ហូប​ដែល​យើង​បញ្ជា​ អ្នក​បង​កល្យាណី​​រ៉ាយ​រ៉ាប់​ប្រាប់​យើង​ពី​គោល​បំណង​របស់អ្នកបង​ដែល​ចង់​បង្កើត​ទស្សនាវដ្តី​ខ្មែរ​ និង​បោះពុម្ព​ផ្សាយ​សៀវ​ភៅ​ផ្សេង​ៗ​ ដែលមាន​ជា​អាទិ៍សៀវ​ភៅ​​ប្រលោម​លោក​ខ្មែរ​ជា​ដើម​ អ្នក​បង​បញ្ជាក់​ថា៖

–      នេះ​ជា​ការមួយ​ពិបាក​ខ្លាំង​ណាស់​។ បើ​ឧត្តម​ឯង​មិន​ជួយ​ខ្ញុំ​នោះ ខ្ញុំ​ប្រាកដ​ជា​ធ្វើ​មិន​ចេញ​ទេ។ បើ​មាន​អត្ថបទ​ហើយ តោង​យើង​រក​មនុស្ស​វាយ​អក្សរនិង​​ធ្វើ​ការ​ផ្សាយ​​លក់​ទៀត។ ខ្ញុំ​មិន​ដឹង ​ខ្មែរ​យើង​សព្វ​ថ្ងៃ​មាន​ចំណូល​ចិត្ត​អាន​សៀវភៅ​ខ្មែរឬ​ទេ?

–      រឿង​នេះ​ពិបាក​ដឹង​មុន​ណាស់។ យើង​ប្រថុយ​សាក​មើល​ទើប​ដឹង​ច្បាស់។ បើ​អ្នក​បង​មាន​គោល​បំណង​មុត​មាំ​ហើយ ខ្ញុំ​សន្យា​​ជួយ​ពុះ​ពារ​កិច្ច​កា​នេះ​លុះ​ត្រាតែ បាន​សម្រេច​រូប​រាង​ពិត​ប្រាកដ។

–      ខ្មែរ​យើង​ចូល​ចិត្ត​ស្តាប់​វិទ្យុ​សំឡេង​ខ្មែរ។  ខ្ញុំ​សង្ឃឹម​ថា គេច្បាស់​ជា​ចូល​ចិត្ត​អាន​អក្សរ​ខ្មែរ​ឡើង​វិញ​ដែរ។ បើ​សិន​ជា​ដូច​ការ​ស្រមៃ​របស់​ខ្ញុំ​មែន នោះ​អក្សរសាស្រ្ត​ខ្មែរ​យើង​នឹង​បានងើបត្រដែត​​ឡើង​វិញ​មិន​ខាន​។

–      បើ​អក្សរ​សាស្ត្រ​ខ្មែរ​ចម្រើន អ្នក​និពន្ធ​ខ្មែរ​ក៏​មាន​សង្ឃឹម​ដែរ​មែន​ទេ​អ្នក​បង?

–      មែន​ហើយ​ឧត្តម!

–      ចំណែក ទេវីវណ្ណខ្ញុំ​វិញ​ក៏​សូម​សន្យា​ជួយ​កម្លាំង​អ្នក​បង​ទៅតាម​លទ្ធភាព​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​បង​មា​នការ​អ្វី​ ទោះ​តូច​ក្តី​ធំ​ក្តី​ សូមកុំ​ញញើត​ពឹង​រក​ខ្ញុំ​ឲ្យ​សោះ។

–      ខ្ញុំ​អរគុណ​ និង​រំភើប​ចំពោះ​សន្តាន​ចិត្ត​ដ៏​វិសេសរបស់​​អូន​ទេវីវណ្ណណាស់។ ទាំងអស់​នេះ​ពិត​ជា​កម្លាំង​ក្រៅ​ជួយ​ជំរុញ​ឲ្យ​គោល​ដៅ​របស់​ខ្ញុំ​ក្នុង​ផ្នែក​អក្សរ​សាស្ត្រ​ឈាន​ទៅ​រក​ជើង​មេឃ​ថ្មី​នៃក្តី​សង្ឃឹម​ថ្មី​យ៉ាង​ជាក់​ច្បាស់។

យើង​មើល​មុខ​គ្នា​ដោយ​បញ្ចេញ​រស្មី​សង្ឃឹម​តាម​រយៈភាសា​នៃ​កែ​វភ្នែក។ បុប្ផារដ្ឋ​មិន​សូវ​​យល់​ពី​ការ​ពិភាក្សា​​របស់​យើង​ទេ។ នាង​​នៅ​ក្មេង​ណាស់​មិន​ទាន់​មាន​សមត្ថភាព​យល់ការ​នេះ​បាន​ឡើយ​​។ ប៉ុន្តែ​ខ្ញុំ​លួច​ប​ណ្តុះ​សេចក្តីសង្ឃឹម​នៅ​ក្នុងចិត្ត​ខ្ញុំថា ទេវីវណ្ណ​និង​បង្ហាញ​គំរូ​នេះ​ដល់​ប្អូ​នស្រី​នាង​មួយ​ថ្ងៃ​បន្តិច​ៗ​​។

អ្នក​បម្រើ​ក្នុងភោជនី​យដ្ឋាន​បាន​លើ​ចាន​ម្ហូប​យក​មក​ដាក់​ឲ្យ​យើង​ល្មម។ ក្លិន​ម្ហូប​ឈ្ងុយ​ឈ្ងប់​ហុយ​ផ្សែង​ទ្រលោម​នាំ​ឲ្យ​យើង​ស្រក់​ទឹក​មាត់។ យើង​នាំ​គ្នា​បរិភោគ​យ៉ាង​ស្ងៀម​ស្ងាត់។ ខ្ញុំ​លួច​ចោល​ភ្នែក​​សម្លឹង​មើល​ទេវីវណ្ណ​ដែល​កំពុង​បរិភោគ​យ៉ាង​សូភាព​រាបសារ​ញ៉ាំង​ឲ្យ​ហឫទ័យ​ខ្ញុំ​រឹត​តែ​គួច​ស្នេហ៍​មួយ​កម្រិត​ទៀត​ ពីព្រោះ​ឧត្តម​គតិ​របស់​នាង​ដែល​ខ្ញុំ​បាន​ស្គាល់​តាម​រយៈ​ការ​ឆ្លើយ​ឆ្លងជាមួយ​អ្នក​បង​កល្យាណី​រឹត​តែ​ចងចិត្ត​ខ្ញុំ​ឲ្យ​ប៉ងប្រាថ្នា​លើ​រូប​ឆោម​ពិសី​ឥត​ព្រំ​ដែន។

រាត្រី​នោះ​ឯង ខ្ញុំ​ចេះ​តែ​នឹកឃើញ​ឡើង​វិញ​នូវ​វាចា​ដ៏ទន់​ផ្អែម​ពីរោះ​របស់​ទេវីវណ្ណ​ដែល​ឆ្លើយ​ឆ្លង​ជា​មួយ​​អ្នក​បង​លក្យាណី​។ គំនិត​គាំទ្រ​​គោល​បំណង​របស់​អ្នក​បង​កល្យាណី​នេះ​ស​ឲ្យ​ខ្ញុំ​យល់​ឧត្តមគតិ​របស់​ទេវីវណ្ណ។ នាង​និយាយ​ចេញ​មក​ទាំង​ប៉ុន្មាន​ទៅ​តាម​សន្ទុះ​ចិត្តពិត​របស់​នាង​ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ម្នាក់។ នាង​ពុំ​ដែល​ដឹង​សោះ​ថា ខ្ញុំ​ជា​អ្នក​និពន្ធ​ដ៏​សំគម​មួយ​រូបទេ។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ខ្ញុំ​ថា «អ្នកនិពន្ធ​សំគម» ព្រោះ​អ្នក​និពន្ធ​ខ្មែរ​គ្មាន​សង្ឃឹម​នឹង​ទាញ​យក​ផល​កម្រៃ​ពី​សៀវភៅ​របស់​ខ្លួន​យក​មក​ចិញ្ចឹម​ជីវិត​ដូច​ជា​អ្នក​និពន្ធ​សាសន៍​គេ​ទេ។ នេះ​មក​ពីសៀវភៅ​ខ្មែរ​ខ្វះ​ខ្មែរអ្នកជួយ​អាន​ ឬ​ជួយ​ជាវ។ ការ​ព្រងើយ​កន្តើយ​ និងការ​មិន​ចូល​ចិត្ត​អាន​នៃ​ជន​ជាតិ​យើង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​យើងធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

នៅមានត…

រឿងខ្លី ៖​ខ្យល់សមុទ្រ ភាគទី២ និពន្ធដោយ ប៉ិច ​សង្វាវ៉ាន

មើលពីភូមិគ្រឹះមួយទៅសមុទ្រនៃក្រុងនីស

ខ្ញុំ​បាន​ទូរសព្ទ​ទៅ​លោក​ពូកុសល​ដែលត្រូវ​ជា​មិត្ត​សម្លាញ់​របស់​មាតាបិតា​ខ្ញុំ។ តាម​ស្តាប់​សម្តី​លោកពូ​កុស​ល​ក្នុង​ទូរសព្ទ​ ខ្ញុំ​អាច​សន្និដ្ឋាន​​ថា ​លោក​ជា​មនុស្ស​រួស​រាយ​រាក់​រាក់​ទាក់​មិន​​ខុស​ពី​ប្រសាសន៍​ម្តាយ​ខ្ញុំ​ទេ។ គ្រាន់​តែបាន​ដឹងថា ខ្ញុំត្រូវ​ជា​កូន​របស់​មិត្ត​ភក្តិ​លោក​ភ្លាម លោកពូ​កុសលក៏​ហៅ​ខ្ញុំ​ឲ្យ​ទៅ​លេង​ផ្ទះ​លោក​ភ្លាម​ដែរ។ មិន​បង្អង់​យូរ​ ខ្ញុំ​​រៀប​ចំ​ខ្លួន​ចេញ​ទៅ​គេហដ្ឋាន​លោកពូ​កុសល​ក្នុង​គ្រា​នោះ​ឯង។

ប្រហែល​ជា​ម្ភៃ​នាទី​ក្រោយមក​ ខ្ញុំ​ក៏​បា​នមក​ដល់​គេហដ្ឋាន​លោក​ពូ​កុសល។ គឺ​ជា​ភូមិគ្រឹះ​មធ្យមមួយ​ដែល​មាន​សួន​ច្បារ​លំអ​​ដោយ​ផ្កា​កូលាប​ ផ្កា​ចេក​ទេស និង​ផ្កា​ស្បៃ​រឿង​ចម្រុះ​ពណ៌​គ្នា​គួរ​ឲ្យចង់​​គយ​​គន់។

ខ្ញុំ​ឈរ​រេរា​បន្តិច​នៅមុខ​ផ្ទះ​ទម្រាំ​ដាច់​ចិត្ត​ចុច​កណ្តឹង​ ស្រាប់​តែ​លេច​បុរសម្នាក់​មាន​ចំណាស់​ប្រហែល៦៩ឆ្នាំ រាង​ស្គម ​ទឹក​មុខស្លូតបូតតែមានអំណាច​​ដើរ​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​សំដៅ​មក​រក​ខ្ញុំ។ លោក​មានប្រសាសន៍សួរ​ខ្ញុំ​ ដោយ​ញញឹម ៖

–      ក្មួយ ​ ចិត្ត ឧត្តម មែនទេ?

–      បាទ! ខ្ញុំ​បាទ​ហ្នឹង​ហើយ ​ជម្រាប​សួរ​លោកពូ!

ខ្ញុំ​ឆ្លើយ​ទាំង​ឱន​លំទោន​គោរព​គេហជន។ លោកពូ​កុសល​លើក​ដៃ​ស្តាំ​មក​កៀក​ស្មា​ខ្ញុំ ហើយ​បណ្តើរ​ចូល​​​ទៅ​ក្នុង​លំនៅ​របស់​លោក​ទំនង​ដូច​ជារីក​រាយ​ខ្លាំង​ណាស់នៅពេលជួបខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្តនិងរំភើប​ កាលបើ​បាន​ទទួល​​ការ​រាប់​អាន​យ៉ាង​កក់​ក្តៅ​នេះ។ លោកពូកុសល​បាន​នាំ​ខ្ញុំ​មក​កាន់​បន្ទប់​ទទួល​ភ្ញៀវ​ដែល​តុប​តែង​ឡើង​ជា​របៀប​ខ្មែរ​យើង។ ​ខ្ញុំឃើញតាំង​វត្ថុ​តូច​ៗ​គួរ​ឲ្យ​ចាប់​ចិត្ត ​ដូច​ជា​ក្រុម​ភ្លេង​បូរាណ​ខ្មែរ រូប​ល្ខោនរាំ រូបអប្សរា រូប​នាង​សុវណ្ណ​មច្ឆា​ដែល​ធ្វើ​អំពី​ស្ពាន់​ ឬពី​សំរឹទ្ធ ​ព្រះ​កេស​លោក​កេស្វរៈ​ ​រលើប​រលោង​ជា​ដើម។ ឃើញ​ខ្ញុំ​ហាក់​ដូច​ជា​ចាប់​អារម្មណ៍ នឹង​គ្រឿង​ចម្លាក់​ទាំង​អស់​នេះ លោក​ពូ​កុសល​មាន​ប្រសាសន៍​ថា៖

–      ខ្ញុំ​​នៅ​សល់​តែ​វត្ថុ​បន្តិច​បន្តួច​នេះ​ប៉ុណ្ណោះ គ្រាន់​ទុក​ជា​កេរ្តិ៍​ដំណែល​​វប្ប​ធម៌​ខ្មែរ​យើង។ កាលខ្ញុំ​ចេញ​ពី​ស្រុក​​ខ្មែរ ​ខ្ញុំ​មាន​គំនិត​យក​វត្ថុ​ទាំងនេះ​មក​តាម​ខ្លះ​។ ពេល​ទៅ​លេង​ស្រុក​យើង​ម្តងៗ ជើង​ណា​ក៏​ដូច​ជា​ជើង​ណា​ ខ្ញុំ​តែង​តែ​ទិញ​​គ្រឿង​ប្រាក់​ទាំង​នេះយក​មក​មិន​ដែ​លខានទេ​ ដូច​ជា​ ​ប្រអប់​ស្លា​ ក្រញ៉ម​បារី ស្លាប​ព្រាសម​ កាំ​បិត​ប្រាក់ ដប​ទឹក​អប់​ស្រោប​ប្រាក់​ដែល​ក្មួយ​ឃើញតាំង​នៅ​ក្នុង​ទូ​កញ្ចក់​នេះ ។

–      លោក​ពូ! ខ្ញុំមិន​ដែល​ឃើញ​ផ្ទះ​ខ្មែរ​យើង​ណា​​​មាន​គ្រឿង​អស់​ទាំង​នេះ​ច្រើន​ម្លឹង​ទេ។ ខ្ញុំ​បាទ​ចូល​ចិត្ត​ការ​តុប​តែង​ផ្ទះ​របៀប​ខ្មែរ​ដូច​ផ្ទះ​លោក​ពូ​ណាស់។

–      តើ​ម៉ាក់​ក្មួយ​សុខ​សប្បាយ​ជា​ធម្មតា​ទេ​ឬ? ម្តេច​ក៏​ក្មួយ​មិន​នាំ​គាត់​មក​លេង​ខ្ញុំ​ផង។

–      បាទ! ម៉ាក់​ពុំ​សូវ​ស្រួល​ខ្លួន។ ម៉ាក់​ខ្ញុំ​ផ្តាំជម្រាបលោកពូថា ​នឹក​លោកពូ​ខ្លាំង​ណាស់ ហើយ​ស្តាយ​​មិន​បាន​មក​ជា​មួយ​ក្មួយ​ក្នុង​ពេល​នេះ។

លោក​ពូ​កុសល​​មានប្រសាសន៍ដំណាល​ពី​ខ្មោច​លោក​ប៉ាខ្ញុំ​ដែល​បាន​ស្លាប់​ក្នុង​របប​ប៉ុល​ពត​ ទាំង​រលីង​រលោង​ទឹក​ភ្នែក។ លោកពូបាន​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​ពី​ដើម​ឲ្យ​ខ្ញុំ​ស្តាប់​យ៉ាង​ជក់​ចិត្ត​។ គាត់​សរសើរ​លោក​ប៉ាប្រាប់ខ្ញុំ​៖

–      ប៉ារបស់​ក្មួយ ​ជា​មនុស្ស​សុចរិត​ទៀត​ត្រង់​ណាស់ មិន​គួរ​ត្រូវ​ពួក​ទមិឡឥត​សាសនា​សម្លាប់​គ្មាន​រើស​មុខ​​សោះ។

–      បាទ! លោក​ប៉ា​ស្លាប់ ព្រោះ​​មាន​អ្នក​ជិត​ខាង​​ប្តឹង​អង្គការ​ថា លោក​ប៉ា​ជា​អ្នក​អន្ទ្រើស​មាន​បុណ្យ​មាន​សក្តិ!

–      ហ៊ឹះ! ពូស្អប់​ណាស់ អាមនុស្ស​ពូកែ​អេប​អប ​រណេប​រណប​យក​គាប់​យក​គួរ​ខុស​ទំនង​បែប​បទ​របៀប​នេះ។ ​ពួក​មនុស្ស​ប្រភេទ​នេះ​មិន​ចោល​របៀបហ្នឹង​សោះ។ ​ក្នុង​សភាព​វេទនា​អត់​ឃ្លាន​គ្មាន​លិទ្ធម៉្លឹង​​ហើយ​​នៅ​មិន​ចោល​ទម្លាប់​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម​នេះសោះ​។  និយាយអ៊ីចឹង ក្មួយ​អាយុ​ប៉ុន្មាន? ទំនង​មិន​ទាន់​មាន​គ្រួសារ​ទេ​មើល​ទៅ។

–      បាទ! ខ្ញុំ​បាទ​អាយុ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ​ហើយ​លោកពូ។ ខ្ញុំ​បាទ​នៅ​លីវ​​។

–      ម៉ាក់វា ក្មួយ​ឧត្តម​ កូនលោក​ចិត្តវិទ្យា និង​អ្នក​ស្រី​កេសរ មក​ពី​បារីស​មក​លេង​យើង​ណ៎ា។

លោក​ពូ​កុសល​មានប្រសាសន៍​ទៅ​កាន់​ស្ត្រីចំណាស់​ម្នាក់​ដែល​កំពុងតែដើរ​ចេញ​ពី​ក្នុង​បន្ទប់​ផ្សេង​មក​ នៅនឹង​ដៃ​​កាន់​ថាសដាក់​កែវ​ទឹក​ក្រូច​​ផង។ លោកពូ​ណែនាំ​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​ ៖

–      នេះ​ជា​ប្រពន្ធ​​ពូ​ណ៎ា​ក្មួយ​ឧត្តម។

ខ្ញុំ​ក្រោក​ឈរ​ឡើង​ដោយ​ឱន​លំទោន លើក​ដៃ​ផ្គុំ​ប្រណម្យ​ទាំងញញឹម។

–      ខ្ញុំ​បាទសូម​ក្រាបប្រណិប័តន៍លោក​មីង។

–      ច៎ា! លើក​ដៃ​ថ្វាយ​ព្រះ។  ថ្ងៃនេះ ​ក្តៅ​ខ្លាំង​ណាស់ ​បែប​ស្រេក​ទឹក​ហើយ! អញ្ជើញ​ពិសារ​ទឹក​ក្រូច​បន្តិច​សិន​ទៅ​ក្មួយ។

–      បាទ! អរគុណលោកមីង!

–      យប់​នេះ ក្មួយ​ឧត្តម​នៅ​ញ៉ាំបាយ​រួមគ្នា​ជាមួយ​គ្រួសា​រអ្នកមីង​ណ៎ា។ អ្នកមីង​ក៏មាន​ក្មួយៗ​មក​ពីបារីស៍មក​លេង​ដែរ។ បើ​បាន​ស្គាល់រាប់អាន​គ្នា​តែ​ម្តង​ក៏​ល្អ​ដែរ។

–      បាទ! ខ្ញុំ​បាទ​ ​រំខាន​លោក​មីង​ទេ​ដឹង!

–      ទេ! ទេ! គ្មានរំខាន​អី​ទេ។

រំពេច​នោះ ស្រាប់តែ​លេច​មនុស្ស​ចំនួន​ប្រាំ​នាក់​ទៀត​ដើរ​ចូល​មក​។ ម្ចាស់​ថ្លៃ​អើយ! បេះ​ដូង​ខ្ញុំ​លោត​ឌឹប​ឌាក់ៗ។ ខ្ញុំ​លើកដៃ​ញី​ភ្នែក​​ ហាក់បី​ដូចជា​មិន​ជឿ​ភ្នែ​ក​ខ្លួន​ឯង​ កាល​បើ​ឃើញ​នៅក្នុង​ចំណោម​ជន​ទាំង​ប្រាំ​នាក់​នោះ ខ្ញុំ​បាន​ស្គាល់​មនុស្ស​បួន​នាក់​ស្រេច​ទៅហើយ។ លោក​ពូ​កុសល​ចាប់ផ្តើម​ណែ​នាំ​បង្ហាញ​ឲ្យ​ស្គាល់​គ្នា​។ ទេវីវណ្ណឈរ​អៀនប្រៀន​ជិត​នាងបុប្ជា។ លោក​ស្រី​​ភរិយា​លោក​ពូកុសល ចង្អុលទៅ​បុរស​ស្ត្រី​ពីររូប​ដែល​មាន​វ័យ​​ប្រហែល​​ហាសិប​ឆ្នាំ ហើយ​មាន​ប្រសាសន៍​ថា៖

–      ​លោក​ សម្បត្តិ ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោកមីង។ ​ កូលាប​ ត្រូវជា​ប្រពន្ធលោក​សម្បត្តិ។ អ្នក​ទាំង​ពីរ​ជា​ឪពុកម្តាយ​របស់​ក្មេងៗ​ទាំង​បួន​នាក់​នេះ​ ។

–      ខ្ញុំ​បាទ ជម្រាប​សួរ​លោក​ពូ អ្នកមីង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ស្គាល់​លោក​ពូ ​អ្នក​មីង​។

​ខ្ញុំ​និយាយ​ចប់​ ​លោក​មីង​ដែល​ជាគេហស្សាមិកាងាក​ទៅ​រក​លោក​ និង​លោកស្រី​សម្បត្តិ​ រួច​​មាន​ប្រសាសន៍​៖

–      ប្អូន​សម្បត្តិ​ និ​ង​អូន​កូលាប នេះ​ក្មួយ​ ​ ឧត្តម។ គេ​ត្រូវ​ជា​កូនរបស់លោក​ និង​លោក​ស្រី​ចិត្ត​ វិទ្យា ​នៅ​ក្បែរ​ផ្ទះ​យើ​ង​ឯ​ជ្រោយ​ចង្វារ សង្កាត់​លេខ​៧​ នោះ​ណ៎ា ​នឹក​ឃើញ​ឬ​ទេ?

–      ច៎ាៈ! នឹក​ឃើញ​អ្នក​​បង។ យី! អ្នក​បង​កេសរ​ និង​លោក​វិទ្យា បាន​កូន​ធំ​ប៉ុណ្ណេះ​ទៅ​ហើយ (វាចា​​លោកស្រី​កូលាប)។

–      មែន​ហើយ! ពេល​វេលា​កន្លង​ទៅ​រហ័ស​ណាស់។ ម្នាក់​ៗ​មាន​កូន​ក្រមុំ​កូនកំលោះ​អស់​ទៅហើយ​។ ឯណា​មិន​ឃើញទេវីវណ្ណ បុប្ជា​រដ្ឋ និរក្ស ​និរិទ្ធ ចេញ​មក​សាឡុង​បន្តិ​ច​មក​ក្មួយ។

–      ច៎ាៈ! ម៉ាក់​អ៊ំ!

ខ្ញុំ​ឮសំឡេង​ដ៏ពីរោះ​របស់​ទេវីវណ្ណ​ឆ្លើយ​ពី​ខាង​ក្នុង​បន្ទប់នៅ​​ក្បែរ​នោះ​។ ​នាង​​ដើរ​ចេញ​មក​ជា​មួយ​​​ប្អូន​ៗ​ទាំង​បី​នាក់។

ឱ! ទេវតា​អើយ! ខ្ញុំ​ពុំ​ដែ​លនឹក​ស្មា​នថា ​មក​ជួបទេវីវណ្ណនៅ​កន្លែងនេះ​សោះ។ ខ្ញុំ​ខំ​ប្រកាន់​​​ឥរិយាបថ​​ដូច​ជា​មិន​ធ្លាប់​ស្គាល់​គ្នា។ លោក​ស្រី​ភរិយា​លោក​កុសល​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​ និង​អ្នក​ទាំងបួន​។

–      គួរតែ ​ក្មួយ​ឧត្តម​ ក្មួយទេវីវណ្ណ​ បុប្ជារដ្ឋ ​និរិទ្ធ  និងនិរក្ស ចេះ​រាប់​អាន​គ្នា​ឡើង​។ យើងមាន​​ស្រុកកំណើត​ជា​មួយ​គ្នា​ទាំង​អស់​។ គិត​ទៅ​ផែន​ដី​នេះ​មូល​ហើយ​តូច​មែន​ វិលចុះ​វិល​ឡើង​បាន​ជួប​គ្នា​វិញ​ដដែល​។ គួរ​ឲ្យ​អស្ចារ្យ​ណាស់​មែន​ទេ?

ឮពាក្យ​ថា ​អស្ចារ្យ​ នារី​ជំទង់​ដែល​មាន​នាម​ថា​ បុប្ជារដ្ឋ​ បញ្ចេញ​វាចាត្រង់ៗ​ឥត​លាក់​លៀម៖

–      ម៉ាក់​អ៊ំ! ពួក​ខ្ញុំ​ទាំង​បួន​នាក់​បាន​ស្គាល់លោក​ពូ​ឧត្តម​នៅ​មាត់​សមុទ្រ​មុ​នប៉ាអ៊ំ​ម៉ាក់​អ៊ំ​ទៅទៀត។ បើ​មិន​ជឿ​បុប្ជា​ទេ ​ម៉ាក់​អ៊ំ​សួរ​អ្នក​បង​ទេវីចុះ  ​មែន​ទេ​អ្នក​បង​ទេវី? មែន​ទេ លោក​ពូ​ឧត្តម? អ្នក​បង​ទេវី​អៀន​ហើយ​ម៉ាក់​អ៊ំ…

វាចា​ដ៏​ក្លៀវក្លា និង​ឫកពា​ម្ញិក​ម្ញក់​របស់​បុប្ជា​រដ្ឋ​បាន​បណ្តាល​ឲ្យអ្នក​ទាំង​អស់​ផ្ទុះ​សំណើច​គិល​។ ខ្ញុំ​លួច​ចោល​កន្ទុយ​ភ្នែក​ទៅប៉ះ​ចំ​ខ្សែ​នេត្រា​ដ៏​ស្រទន់​របស់​កញ្ញា​​ទេវីវណ្ណ​ទាំង​ដើម​ទ្រូវ​ញ័រ​ចំប្រប់។ ទេវី​រឹត​​តែអៀន កាលបើ​ប្រទះ​​ខ្សែភ្នែក​ខ្ញុំ។ ស្រស់ស្រីពន្លកប្រញាប់​ដក​ខ្លួន​ចេញពី​បន្ទប់​ទទួល​ភ្ញៀវ​បាត់​ទៅ។

ចំណែកកុមារ​និរក្ស និង​និរិទ្ធ ​នាំ​គ្នា​ចេញ​ទៅលេង​ក្នុង​សួន​ច្បារ​។ ខ្ញុំ​ក៏​ដើរ​ចេញ​តាម​កុមារ​ទាំង​ពីរ​ដែរ។ យើង​នាំ​គ្នា​អង្គុយ​លើជើង​ម៉ា​ក្នុង​សួន​ច្បារ​កៀន​ភូមិគ្រិះ។ វាយោ​បក់​មក​ត្រសៀកៗ​ផាត់​គន្ធ​ពិដោរ​​ក្រអូបឈ្ងុយឈ្ងប់​​នៃផ្កា​កូលាប​​មក​ប៉ះ​នាសា​ខ្ញុំ។ អារម្មណ៍​​ខ្ញុំ​ហោះ​ហើរ​ទៅឆ្ងាយ​ចាក​ចោល​រាង​កាយ​​​ខ្ញុំ​ម្តងៗ តែសំណើច​ក្អាក​ក្អាយ​របស់​និរក្ស​ និង​និរិទ្ធ​បា​នកន្ទ្រាក់​ប្រមូល​អារម្មណ៍​រវើរវាយ​របស់​ខ្ញុំ​ឲ្យ​រត់​ចូល​រាង​កាយ​​ខ្ញុំ​វិញ។ ខ្ញុំ​ក្រឡេក​ឃើញ​នាង​បុប្ជារដ្ឋ​អង្គុយ​យោ​ល​អង្រឹង​ធ្វើ​ព្រងើយ​។ នាង​សម្លឹង​មើល​​ខ្ញុំ​ ​បញ្ចេញ​ស្នាម​ញញឹម​ពព្រាយ​យ៉ាង​ស្រស់​ ។ ខ្ញុំ​បក់​ដៃ​ហៅ​បុប្ជា​មក​ជិត ​ហើយ​និយាយ​លេង​ស្ទង់​ចិត្ត​បុប្ជា។

–      បុប្ផា ស្អប់​បង​ណាស់​ទៅឬ? អម្បាញ់​មិញ ដាក់​បង​កំពិត​មុខ​រ​ក​តែ​ឆ្លើយ​មិន​ទាន់។

–      មក​ពី​ខ្ញុំ​ខ្នាញ់​ពេក។ ​នៅ​មាត់​សមុទ្រ ពូ​និយាយ​លេង​ជាមួយ​​អ្នក​បង​ទេវី​រាប់​ម៉ោង។ ពូ​ឯង​​​នេះខូច​​ណាស់។ ជួប​គេ​នៅ​ផ្ទះ​ប៉ាអ៊ំ ពូ​ធ្វើ​ឫ​ក​​មិនស្គាល់​ ហើយ​ខំ​ធ្វើ​ឫក​ពា​សូភាព​​រម្យ​ទម…

–      ​មក​ពី​បង​អរ​ពេក។ បង​មិន​នឹក​ស្មានថា ​មក​ជួ​ប​បុប្ផា​និងទេវីវណ្ណនៅទីនេះ​ឯណា។ បើ​មិន​ជឿ​ យក​ដៃស្ទាប​ដើម​ទ្រូង​បងទៅមើល ​នៅ​ភ័យ​នៅ​​ញ័រ​មិន​ទាន់​បាត់​នៅ​ឡើយ។

–      ​ប៉ុណ្ណឹង​ក៏​ភ័យ​ដែរ។ ខ្ញុំ​មិន​យល់​សោះ។

–      បុប្ផា​មិន​ទាន់​យល់ មក​ពី​បុប្ផា​នៅ​ក្មេង​ពេក។ ​ធំ​បន្តិច​ទៀត​ ​ច្បាស់​ជា​យល់​ឯង មិន​ចាំ​បាច់​អ្នក​ណាពន្យល់ទេ។ បង​សូម​អង្វរ​បុប្ផា ​​ឈប់​ហៅ​បង​ថា «ពូ» អីចឹង​ទៀត​ទៅ ចាស់​បង​អស់​ហើយ។ បង​នៅកំលោះ​ចែស មិន​ទាន់​មាន​ប្រពន្ធ​កូន​ទេណ៎ា!

លុះដឹង​ថា ខ្ញុំ​នៅ​កំលោះ បុប្ផា​ក៏​ដើរ​ក្រឡឹង​ខ្ញុំ​មួយ​ជុំ។

–      ម៉េច ដើរ​ត្រួត​ និងសង្កេតមើល​បង​អស់​ចិត្ត​​ឬ​នៅ? បុប្ផា! បង​សួរ​មួយ​បាន​ទេ?

–      សួរ​រឿង​អី​ ពូ?

–      អ្នក​បង​ទេវីវណ្ណរបស់បុប្ផា​មាន​គូ​ឬនៅ?

–      ចុះ​ពូ​ចង់​ដឹង​អីច្រើន​ម្ល៉េះ? មាន​គូ​ឬ​ក៏​គ្មាន​ ​ទើស​អីពូទៅ?

–      យី! កុំ​និយាយ​ខ្លាំងៗ​ពេក តិ​ច​លោ​ឮទៅ​ដល់​ក្នុង។ បង​ចង់​ដឹង​ខ្លាំង​ណាស់ ខំៗ​ដាច់​ខ្យល់​ស្លាប់​ឥឡូវ​ហើយ!

–      បើ​ពូ​ចង់​ដឹង​ពេក! ពូ​ទៅ​សួរ​អ្នក​បង​ទេវី​ខ្លួន​ឯង​ទៅ​ ទើប​ដឹង​ច្បាស់។ ខ្ញុំ​ក៏មិនដឹងដូចពូដែរ។

នាង​និយាយធ្វើ​ឫ​ក​ពា​ម្ញិកម្ញក់​ទៅ​តាម​លក្ខណៈ​ចរិត​ធម្មជាតិ​របស់​នាង។ ​ឃើញ​កាល​ណា ​គួរឲ្យ​​ខ្នាញ់​ណាស់ ចង់​តែ​ចាប់​ថើប​ ទាស់​តែ​បុប្ផា​ធំ​បន្តិច កុំ​អី​ខ្ញុំ​ចាប់​ក្រញិច​ឲ្យ​សមចិត្ត​ខ្នាញ់។

បុប្ផារដ្ឋ និងទេវីវណ្ណជាប​ងប្អូន​បង្កើត​មែន តែមានអត្តៈ​ចរិត​ខុសពីគ្នា​ស្រឡះ​។ បុប្ផា​មាន​ឫ​ក​ពា​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ប្រឡែង​ជាមួយ​។ រីឯទេវីវណ្ណ​វិញ នាង​មាន​ឫក​ពា​ស្រគត់​ស្រគុំ​ថ្លៃ​ថ្នូរ​ណាស់។ មិន​តែប៉ុណ្ណោះ​ នាង​បាន​សម្តី​រួស​រាយ​រាក់​ទាក់។ ទឹក​មុខនាងមាន​ធ្នាក់​​ទាក់​ចិត្តអ្នក​ផង​ឲ្យ​ចូល​ចិត្ត​ស្រឡាញ់រាប់អាន និង​ចង់​ពិភាក្សា​សារសង​ជាមួយ។ សម្តី​ម៉ឹង​ម៉ាត់តែ​មាន​ខ្លឹម​សារ។ ចរិយា​គត់​មត់​គួរ​ឲ្យ​គោរព​ និង​​សរសើរ។ នារី​ដែល​មាន​លក្ខណៈ បែប​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​បាន​ជាគូរួម​ជីវិត។

ចំណែក​និរក្ស និង​និរិទ្ធ​វិញ ក៏​ជា​ក្មេងគួរ​ឲ្យ​ស្រឡាញ់​ណាស់​ដែរ។ សរុបសេចក្តីទៅ សមាជិក​ទាំង​អស់​នៃ​គ្រួសារ​ទេវីវណ្ណ សុទ្ធ​សឹង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់ចូល​ចិត្ត​។​

–      ពូ! ស្អែក​ពួក​ខ្ញុំ​ទៅលេង ម៉ូណាកូ (MONACO)។ នៅ​ម៉ូណា​កូ មា​នហ្សាដាំង​ អិច​សូទិច (Jardin extique) មាន​កាស៊ីណូ។ ពូ​ចង់​ទៅ​លេង​កាស៊ីណូ​ទេ? (កុមារ​ឈ្មោះ​រិទ្ធ​និយាយ​រក​ខ្ញុំ)

–      ទេ! ពូ​មិន​ចូល​ចិត្ត​លេង​ល្បែង​ទេ។

–      ម៉េច​អីចឹង​ពូ?

–      ព្រោះ​ល្បែង​តែ​ងនាំ​ឲ្យ​វិនាស។ កាលណា​យើងលេង យើងត្រូវ​តែដាក់​លុយ។ ពេល​លេង​ តែង​មាន​ចាញ់ និងឈ្នះ​ជាធម្មតា។ កាលណា​ចាញ់​យើង​អស់​ប្រាក់​រលីង។ ដល់​អស់​ប្រាក់​ចាយ​ក៏​តាំង​ដើរ​ខ្ចី​គេ។ កាលណា​ជំពាក់​គេ​ៗ​មើល​ងាយ​យើង!

–      ចុះ​បើ​ឈ្នះ គេ​បា​នលុយ​ច្រើន​មែ​នទេ?

–      កាលណា​ឈ្នះ​បា​នលុយ​ច្រើនមែន តែ​ចាញ់​ច្រើន​ជាងឈ្នះ កុំ​លេង​វិញ​ល្អ​ជាង!

–      អូ! បើ​អីចឹង កុំ​លេង​ល្បែង​ប្រសើរ​ជាង​មែន​ទេ​ពូ?

–      ហ្នឹងហើយ! រិទ្ធ​ប្រាប់​ពូ​បាន​ទេ? អ្នកបង​ទេវីកាចឬ​ស្លូត?

–      កាច!

–      ដែល​វា​យរិទ្ធ​ទេ?

–      ថី​មិន​ដែល!

–      ថី​បាន​ជា​អ្នក​បង​ទេវីវាយ?

–      មក​ពី​រិទ្ធ​ចេះតែ​ពង្រាយ​ពេញ​ផ្ទះ។ អ្នក​បង​ទេវី​រៀប​មិន​ឈ្នះ។ អ្នក​បង​ខឹង​ក៏​វាយ​រិទ្ធ​ខ្លះ​ទៅ…

–      អូ! អីចឹង?

–      ពូ! ​ពូ​នៅ​ឯណា?

–      ពូ​នៅ​បារីស៍។ ចុះរិទ្ធ​នៅ​ឯណា​ដែរ?

–      រិទ្ធ​នៅ​អាក​ហ្សង់​ទើយ (Argenteuil)

–      រិទ្ធ​និង​ពូ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ទេ។ អាក​ហ្សង់​ទើយ ជាជាយក្រុងប៉ារីសប៉ែកខាងជើងឆៀងខាងលិច។ ប៉ារីសជារដ្ឋធានីនៃប្រទេសបារាំង ក្មួយរិទ្ធដឹងទេ?

–      អត់ដឹងផង។

*               *

*

នេះ​គឺ​ជា​ចំណារ​ព្រហ្មលិខិត​ ដែល​បាន​កម្រិត​វាសនា​ខ្ញុំ​ឲ្យ​ជួប​ស្គាល់​គ្រួសារ​កញ្ញាទេវីវណ្ណ ហើយ​ថែម​ទាំង​បាន​រួម​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​​នាង​​ទៀត។ ខ្ញុំ​ធ្លាប់​តែ​ដើរ​ម្នាក់​ឯង​ ដល់​បាន​​ដើរ​ជាមួយ​គ្រួសារ​នាង ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ខុស​ពី​ធម្មតា​រក​ថ្លា​ថ្លែង​ពុំត្រូវ។ ជាពិសេស នៅ​​ជិត​នារី​ម្នាក់​ដែល​ស្រស់​ទាំង​រូបកាយ ស្រស់​ទាំង​ចិត្ត​គំនិត​បែបនេះ ខ្ញុំ​ស្លាប់​ចិត្ត​ស្តូក​តែ​ម្តង។ ខ្ញុំ​ពុំ​ចង់​ឲ្យ​ឱកាស​ដ៏​ប្រសើរ​នេះ​កន្លង​ផុត​ទាល់តែ​សោះ។

 

នៅមានត…