Category Archives: វិចារណកថា

សួន​អាល័យ ដោយលោក គ. ខូវនី

 

 

 

ដំណើរ​ជីវិត​សព្វ​ថ្ងៃ មាន​ន័យ​ដូច​យើង​ដើរ​ឆ្លង​កាត់​វាល​ខ្សាច់​មួយ​យ៉ាង​ធំធេង ហើយ​យើង​ងាក​ទៅ​ទិស​ណា​ក៏​ដូចទិសណា យើង​ឃើញ​តែ​វាល​ខ្សាច់​សំប៉ែត​ជាប់​នឹង​ជើង​មេឃ​ខៀវ គ្មាន​ម្លប់​ដើម​ឈើ​នឹង​ត្រពាំង​ទឹក​ត្រជាក់ ដើម្បីជ្រក​ម្លប់​នឹង​បំបាត់​សម្រេក។ បន្ទាប់ពី​ការ​នឿយ​ហត់​ក្នុង​ការ​ងារ​ពេញ​មួយ​ថ្ងៃមក ហើយ​នៅ​ពេល​រាត្រី​ត្រឡប់​មក​កាន់​ទីលំនៅ​វិញ វិញ្ញាណ​យើង​ស្រេក​ឃ្លាន​នូវ​ពត៌មាន​អ្វី ដែល​ផ្តល់​សេចក្តី​សង្ឃឹម​ ឬ​ការ​ធូរ​ស្បើយ​បំបាត់​កង្វល់​។ តែ​ផ្ទុយ​ទៅវិញ ក្នុង​សារពត៌មាន​ ក្នុង​វិទ្យុ និង​ក្នុង​ទូរទស្សន៍ យើងទទួល​តែ​ដំណឹង​អំពី​រឿង​សង្គ្រាម ជាហេតុ​ធ្វើ​ឲ្យ​យើង​ធុញ​ថប់​ហើយ​ភ័យ​ខ្លាច​ដល់​សន្តិ​សុខ​ក្នុង​ពិភពលោក។ ដោយ​ហេតុនេះហើយ បា​នជា​មាន​ជន​ខ្លះ​មួយ​ភាគ​តូច មាន​ការ​តប់​ប្រមល់តឹង​សរសៃ​ខួរ​ក្បាល មាន​បំណង​ចង់​សម្លាប់​ខ្លួន​ ព្រោះ​លែង​មាន​ជំនឿ​និង​សង្ឃឹម​ទៅលើ​អនាគត​ល្អ​នៃ​សកល​លោក។

នៅ​ពេល​នេះហើយ ទើប​យើង​បាន​ដឹង​ច្បាស់​អំពីអត្ថប្រយោជន៍​នៃ​សារពត៌មាន​ខ្មែរ​និង​កម្មវិធី​នៃ​វិទ្យុ​ផ្សាយ​សំឡេង​ខ្មែរ​នៅបរទេស ដែល​ជា​ចំណង​តែ​មួយ​គត់​អាច​ចងភ្ជាប់​អារម្មណ៍ខ្មែរ​ម្នាក់​ដែល​​បែក​ឃ្លាត​​ពីមាតុភូមិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឲ្យ​នៅតែ​នឹក​ទៅ​ដល់​អនុស្សាវរីយ៍​ក្នុង​គ្រា​ប្រទេស​ជាតិ​មាន​សន្តិ​សុខ​។ អនុស្សាវរីយ៍​ទាំង​នេះ ប្រៀប​ដូច​ជាមាគ៌ា​មួយ​ដែល​យើង​ធ្លាប់​ដើរ​ជាមួយ​គ្នា ហើយ​យើង​ប្រទះ​ស្គាល់​ទេសភាព​ភូមិ​ស្រុក​ដែល​យើង​ធ្លាប់​ស្រឡាញ់ ធ្លាប់​ជ្រក​ម្លប់​នៃ​ឪពុក​ម្ដាយ​ជាទីគោរព និង​ធ្លាប់​រក្សា​ដាន​នៃ​សេចក្តី​ស្នេហា​មុន​ដំបូង​របស់​យើង។ ខ្ញុំ​នៅ​ចាំ​ច្បាស់​អំពី​អត្ថបទ​កំណាព្យ​ខ្ញុំ​ខ្លះ ដែល​បាន​ផ្សាយ​តាម​សារពត៌មាន​និង​វិទ្យុជា​ភាសា​ខ្មែរ ហើយ​ដែល​បាន​ញ៉ាំង​ឲ្យ​មាន​ការ​រំជួល​ដល់​មិត្ត​អ្នក​អាន​និង​អ្នក​ស្ដាប់​ខ្លះ។ ខ្ញុំ​ដក​ស្រង់​ឃ្លា​ក្នុង​លិខិត​របស់​មិត្ត​អ្នក​ស្តាប់​ពីរនាក់​ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ ហើយ​ដែល​មាន​ន័យ​ដូចតទៅ។

លិខិត​ទីមួយ៖ «… តាម​ខ្សែ​ពាក្យ​ពេចន៍​មួយ​ម៉ាត់ៗ នាង​ខ្ញុំ​សឹង​តែទប់​ទឹក​ភ្នែក​មិន​បាន បំពង់​កនាង​ខ្ញុំ​អួល​ណែន ទ្រូង​នាង​ខ្ញុំ​ចុក​ចាប់​ពេក​ក្រៃ នាង​ខ្ញុំ​ស្ទើរ​តែ​ទ្រហោយំ​ ដើម្បី​ឲ្យ​បាន​ធូរ​ស្បើយ​ពី​កង្វល់​មួយ​ពេល។ កំណាព្យ​របស់​លោក​នីមួយៗ ធ្វើឲ្យ​ខ្ញុំ​នឹក​ស្រុក នឹក​ទីកន្លែង​ដែល​ធ្លាប់​ស្គាល់ ភ្លឺស្រែ ស្ទឹង​មាន​ជ័យ ក្បាល​ថ្នល់ គីឡូម៉ែត្រ​លេខ៦ បែក​ចាន… កែប បូកគោ កំពង់​សោម ។ល។ នឹក​ដល់​វត្ត​បទុម​វត្តី ដែល​ផ្ទះ​នាង​ខ្ញុំ​សង់​នៅ​ខាង​ត្បូង ហើយ​ដែល​ហៅ​ថា ភូមិ​ត្បូងៗ ដែល​គ្រួសារ​នាងខ្ញុំ​ទាំងអស់​ គឺ​មាន​តាំង​ពីម្ដាយ​មីង​ជិត ម្ដាយ​មីង​ឆ្ងាយ បាន​មក​កកើត​ផ្ទះ​​តាំង​តែ​ពី​ភ្នំពេញ​នៅ​មាន​មនុស្ស​រាប់​រយនាក់​ប៉ុណ្ណោះ។ នៅ​លើ​ផ្លូវ​វត្តបទុម​នេះ ខ្ញុំ​តែង​ឃើញ​ម្ដាយ​នាងខ្ញុំ​ឧស្សាហ៍​ដើរ​កាត់​ទៅសួរ​សុខទុក្ខ​ញាតិ​ជិត​ខាង​ ហើយ​នៅពេល​ព្រលឹម​ស្កុល គាត់​តែង​ដាក់​បាត្រ​ព្រះ​សង្ឃ…។ នឹក​ដល់​រឿង​ម្ដាយ​នាង​ខ្ញុំ​នេះ នាងខ្ញុំ​ទប់​ទឹក​ភ្នែក​មិន​បាន គឺត្រូវ​តែ​ហូរ។ កាលណា​នាង​ខ្ញុំ​អាន​កំណាព្យ​លោកទាំង​អស់ នាង​ខ្ញុំ​ដឹង​ថា លោក​មិន​ខុស​គ្នា​នឹង​នាង​ខ្ញុំ​ប៉ុន្មាន​ទេ គឺ​លោក​ស្រឡាញ់​​ម្ដាយ​លោក​ខ្លាំង​ណាស់។ ចំណែក​នាង​ខ្ញុំ​វិញ ម្ដាយ​ខ្ញុំ គ្រួសារ​ខ្ញុំ​ គឺ​ជា​និមិត្ត​រូប​នៃ​អ្វីៗ ដែល​ជាន័យ​ក្នុង​ជីវិត​រស់​នៅ​របស់​នាង​ខ្ញុំ។ សព្វ​ថ្ងៃ​ នាង​ខ្ញុំ​រស់​នៅ​ក្នុង​អតីត​កាល​ដែល​ពោរ​ពេញ​ទៅ ដោយ​ស្រមោល​ម្ដាយ​ថ្លៃ​របស់​នាង​ខ្ញុំ។ នៅគ្រប់​ពេល​ទាំង​អស់ នាង​ខ្ញុំ​ខំ​នឹក​អនុស្សាវរីយ៍​ទាំង​អស់​មក​រំលឹក​ម្តង​ទៀត ដើម្បី​នាង​ខ្ញុំ​រស់។ ម្ដាយ​នាង​ខ្ញុំ​ជា​ស្រ្តី​គ្រប់​លក្ខណ៍​ ដែល​ទទួល​ការ​ចុក​ចាប់​ក្នុង​ជីវិត​គ្មាន​ពេល​ល្ហែ ប៉ុន្តែតស៊ូ​ក្នុង​ជីវិត​ ដើម្បីកូន ហើយ​ញញឹម​រហូត​សម្រាប់​កូន។ នាង​ខ្ញុំ​នឹក​ឃើញ​នៅពេល​ថ្ងៃ​លិច​ អ្ន​កម្ដាយ​ថ្វាយ​បង្គំ​ព្រះ ស្រែក​ហៅ​កូន​ចៅ​ឲ្យ​អុជ​ធូប​ថ្វាយ​ទេវតា ហើយ​នៅ​ក្នុង​អង្រឹង​លើ​រាន​ហាល អ្នក​ម្ដាយ​អង្គុយ​ចាំ​មើល​ផ្លូវ​កូន​ ដោយ​សៀត​ផ្កា​មួយ​លើ​សក់។… រឿងទាំង​នេះ ដើម្បី​លាត​ត្រដាង​ឲ្យ​លោក​ឃើញថា ម្ដាយ​លោក​និង​ម្តាយ​ខ្ញុំ​ជា​មាតា​ខ្មែរ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ថ្មើរ​នេះ ពេល​នេះ មិន​ដឹង​ជា​សព​ម្ដាយ​នាងខ្ញុំ​ ត្រូវ​គេ​កប់​ទុក​ឯណា​ទេ?… កំណាព្យ​លោក គឺ​ជា​និមិត្ត​រូប​របស់​ខ្មែរ​ម្នាក់​ៗ ដែល​ស្រឡាញ់​ស្រុក ស្រឡាញ់​គ្រួសារ​ ស្រឡាញ់​អតីតកាល សូម​លោកថែរក្សា​ឲ្យ​គង់​វង់​ ឬ​គួរ​តែ​លោក​យក​ទៅចងក្រង បោះពុម្ព​ជា​សៀវភៅ​ផ្សព្វ​ផ្សាយ ដើម្បី​កុំឲ្យ​ខ្មែរ​ភ្លេច​​អតីតកាល​ខ្លួន។

បើ​សិន​ជា​នាង​ខ្ញុំ​​មាន​ទេព​កោសល្ល​ខាង​សរសេរ​ដូច​លោក ម្ល៉េះ​សម​នាង​ខ្ញុំ​នឹង​​ចង​ក្រង​ប្រលោម​លោក​មួយ​ស្តីអំពី គ្រួសារ​របស់​នាង​ខ្ញុំ​ ដែល​ជា​គ្រួសារ​ខ្មែរ​សុទ្ធ​សាធ ពោរ​ពេញ​ទៅ​ដោយ​ការ​ស្រណោះ និង​ការ​ស្រឡាញ់​គ្រប់​បែប​យ៉ាង។… បើ​សិន​ជា​ថ្ងៃ​ណា​មួយ នាង​ខ្ញុំ​មាន​ឱកាស​នឹង​បាន​ជួប​លោក​ផ្ទាល់ នាង​ខ្ញុំ​នឹង​បង្ហាញ​រូប​ថត​ម្ដាយ​នាង​ខ្ញុំ​ជា​ច្រើន​ដែល​នាង​ខ្ញុំ​មាន​ភ័ព្វ​​សំណាង​យក​មក​ភ្ជាប់​នឹងខ្លួន​ និង​សំបុត្រ​គាត់​ចុង​ក្រោយ​ដែល​គាត់ផ្ញើ​មក​ឲ្យ​នាង​ខ្ញុំ។…»

លិខិត​ទីពីរ៖​ «… ពេល​ណា នាង​ខ្ញុំ​ស្តាប់​កំណាព្យ​របស់​លោក នាង​ខ្ញុំ​នឹក​ស្រុក​ខ្មែរ​ណាស់ ព្រម​ទាំង​គ្រួសារ​នាង​ខ្ញុំ ព្រោះ ពេល​លោក​និយាយ​ពី​ទុក្ខ​វេទនា​របស់​រាស្រ្ត​ខ្មែរ​ទាំង​ប៉ុន្មាន​ នាង​ខ្ញុំ​នឹក​ទៅ​ដល់​ឪពុក​និង​ប្អូន​នាង​ខ្ញុំ ដែល​មិន​ដឹង​ទៅទីណា? នាង​ខ្ញុំ​បាន​យក​ឈ្មោះ​ដាក់​កំណាព្យ​លោកថា​ សួនអនុស្សាវរីយ៍ សួនអាល័យ សួនសោកស្ដាយ សួនទឹកភ្នែក។

នាង​ខ្ញុំ​យំ​គ្រប់​ពេល​ដែល​នាង​ខ្ញុំ​ស្តាប់ នៅពេល​ដែល​នាង​ខ្ញុំ​ឮភ្លេង​ដែល​ធ្លាប់​ស្តាប់​នៅ​ពេល​បុណ្យ​ផ្សេងៗ។ ពេល​បុណ្យ​នៅ​ស្រុក​យើង​​ដែល​ជា​ពេល​សប្បាយ​ជាមួយ​គ្រួសារ​ទាំង​អស់។

តែដល់​ពេល​នាង​ខ្ញុំ​បើក​ភ្នែក​មក​វិញ នាង​ខ្ញុំ​ស្តាយ​ពេល​ទាំង​នេះ ព្រោះ ដឹង​ច្បាស់​ថា នាង​ខ្ញុំ​លែង​បាន​ស្គាល់​ បាន​យល់ ពេល​ដ៏​មនោរម្យ​បែប​នេះ​ទៀត​ហើយ…» ។

ខ្ញុំ​តែង​តែ​រំលឹក​លិខិត​ទាំង​ពីរ​នេះ​យ៉ាង​ញឹក​ញាប់​ ហើយ​ចាត់​ទុក​ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​ពីរ​នាក់​ដើរ​កាន់​ដៃ​ខ្ញុំ​ទាំង​សង​ខាង​ក្នុង​ដំណើរ​មនោសញ្ចេតនា​របស់​ខ្ញុំវិល​ត្រឡប់​ទៅ​រក​មាតុភូមិ​វិញ ហើយ​ជា​ជំនួយ​លើក​កម្លាំង​ឆន្ទៈ​របស់​ខ្ញុំ​ក្នុង​ការ​ប្រមូល​អនុស្សាវរីយ៍ផ្សេងៗ នឹងធ្វើ​ការ​ស្រាវជ្រាវ​គ្រប់យ៉ាង ដើម្បី​និពន្ធ​ជាកំណាព្យ​ ជា​វិចារណកថា ជារឿង​ប្រលោម​លោក​ប្រវត្តិ​សាស្រ្ត ជាមួយ​ការលំហែ​អារម្មណ៍​នៃ​មិត្ត​អ្នក​អាន​និង​អ្នក​ស្តាប់ ដែល​រង់​ចាំ​សំឡេង​ដង្ហើម​នៃ​មាតុភូមិ។ បន្ទាប់​ត​ទៅនេះ​ជា​កំណាព្យ​មួយ​ក្នុង​ចំណោម​កំណាព្យ​ជា​ច្រើន​នៃ​សួន​អាល័យ។

ភូមិ​ខ្ញុំ​

រស្មី​អារុណ​លាប​ពណ៌​មាស​លើកំពូល​វិមាន​ឯករាជ្យ

ផ្កាឈូក​រីក​ក្នុង​អាង​ទឹក​ក្រឡឹងព័ទ្ធ​ជុំ​វិញ

ជួង​វត្ត​លង្កាបន្លឺ​សូរ​លើ​ភូមិ​បឹង​កេង​កង

ដើម​ក្ងោក​រលាស់​ មែក​ពេញ​ដោយ​ផ្កា​ពណ៌​អគ្គី។

បុប្ផា​គ្រប់​ពណ៌​ក្រោក​ពី​និទ្រា​លើ​ស្មៅ​បៃ​តង​ខ្លី

បក្សា​បក្សី​ចឹក​ចំណី​លើ​ផ្លូវ​ដីក្រហម

អ្នក​បោស​ផ្លូវ​យោល​អំបោល​យ៉ាង​រង្វើល

អ្នក​ធាក់​ត្រី​ចក្រ​យាន​ធាក់​មួយៗ ពេញ​ងងុយ។

ព្រះ​សង្ឃនិមន្ត​ជា​ខ្សែ​ចេញ​ពី​វត្ត​បទុម​វត្តី

ស្បង់​ពណ៌​លឿង​អណ្តែត​ក្នុង​រស្មី​ពេល​ព្រឹក

ដូន​ចាស់ឱប​ផ្តិល​ប្រាក់​ដាក់​បាត្រ​យក​កុសល

ហត្ថ​ផ្ចង់​លើ​សិរសារ​ ជង្គង់​លុត​លើ​ធរណី។

ភោជនីយដ្ឋាន​បង្ហុយ​ក្លិន​គុយ​ទាវ​គួរ​ឲ្យ​ឃ្លាន

កុមារ​ចាប់​ចេញ​តាមមាគ៌ា​ទៅសាលា

ស្រ្តី​មេផ្ទះ​យួរ​កន្ត្រក​ទៅ​ទិញ​ត្រី​ផ្សារ​កាប់​គោ

ចរាចរណ៍​ផ្តើម​សកម្មភាព​លើ​វិថី​នរោត្តម។

ថ្ងៃ​ត្រង់​មក​ដល់ សុរិយា​ចាំង​ក្តៅ​លើ​សិរសារ

កុមារី​រត់​ប្រជែង​គ្នា​ចេញពី​សាលា​ម៉ាលិកា

ស្រមោល​ដើម​ក្ងោក​រួញ​​ខ្លីជិត​គល់​វា

យាយ​ចាស់​ម្នាក់​រៀប​ចំ​អាំង​ចេក​ជិត​កំផែង​វត្ត​លង្កា។

រសៀល​ម៉ោង​បួន​ជ្រេ​មក​ រស្មីធូរ​កម្តៅ

ព្រះ​សង្ឃ​ច្រើន​អង្គ​និមន្ត​ចេញពី​សាលា​បាលី​ជិត​រដ្ឋ​សភា

ទៅ​ឈាប​នដ្ឋាន​វត្តបទុម ភ្លេង​ខ្លង​ខែក​ស្រែក​រំជួល​

ពុទ្ធោ! មនុស្ស​លោក​ម្នាក់ក្លាយ​ជា​ផ្សែង​ក្នុង​វាយោ។

ព្រះចេតិយ​ធំ​ថ្ពក់​រស្មី​ចុង​ក្រោយ​នៃព្រះ​អាទិត្យ​

គូស្នេហា​កាន់​ដៃ​គ្នា​ អង្គុយ​លេង​លើ​កៅអីថ្មី

ខ្ញុំ​ឆ្លៀត​ឱកាស​​ទៅ​ទិញ​បង្អែម​ខាង​កើត​តូប​ភ្លេង​

ខ្ញុំ​យ​កទៅ​ជូន​ឪពុក​ម្ដាយ​ខ្ញុំ​នៅ​មុន​ពេល​បាយ​ល្ងាច៕

កុម្ភៈ ១៩៩១

គ. ខូវនី

នាង​ប៉ាក់​ព្រលឹង​ខ្មែរ​ដោយ​លោក​ គ. ខូវនី

វិចារណកថា

នាង​ប៉ាក់​ព្រលឹង​ខ្មែរ

នារី​ម្នាក់​អង្គុយ​លើ​គ្រែ ភ្នែក​នាង​សម្លឹងទៅ​មាត់​បង្អួច តែ​នាង​គ្មាន​អារម្មណ៍ទៅ​លើ​រស្មី​អស្ដង្គត​ពណ៌​ក្រហម​ព្រឿង​ដែល​ចាំ​ខ្សោយ​លើ​ធម្ម​ជាតិ​ទេ។ ចំពោះ​នាង​ ប្រៀប​ដូច​ជា​មាន​រាត្រី​មួយ​ក្រាស់​ចូល​មក​ហ៊ុំ​ព័ទ្ធ​ប្រាណ​នាង។ នាង​ហាក់​ដូច​ជា​ស្ថិត​នៅ​លើ​កម្រាស់​ពពក​ទន់​ល្មើយ​គ្មាន​មូល​ដ្ឋាន​អ្វី​ហ្នឹង​ថ្កល់​ដើម្បី​ពឹង​ផ្អែក​លើ។ នាង​អណ្តែត​ក្នុង​បរិយា​កាស​ចម្លែក​មួយ នៅពាក់​កណ្តាលការ​ពិត​ និង​ការ​យល់​សប្តិ។ តើ​មាន​ព្រឹត្ដិការណ៍​អ្វី​ចម្លែក​ណា បាន​មក​រុញ​ច្រាន​នាង​ឲ្យ​ធ្លាក់​នៅ​ក្នុង​ពិភព​ក្រឡាប់​ចាក់​យ៉ាង​នេះ?

ឱ! នៅ​ប្រប​ចុង​ជើង​នាង លិខិត​មួយ​របូត​ចេញពីស្រោម រាយ​ក្រដាស​បួន​ទំព័រ​ពេញ​ដោយ​តួ​អក្សរ​ញឹកល្អិត។ នាង​នៅ​ចាំ​ឃ្លា​នីមួយៗ ពាក្យ​មួយ​ម៉ាត់​ៗ ដែល​សុទ្ធ​សឹង​ជា​ព្រួញ​មក​ចាក់​ដោត​ឱរា​នាង​។ ឱ៊ សម្រែក​ឱរា​ដែល​ឈឺចាប់! បំណាច់​រង់​ចាំ​ជា​ច្រើន​ឆ្នាំ​មកស្រាប់​តែ​លិខិត​មួយ​នេះ នាំ​ដំណឹង​អាក្រក់​ពេល​ល្ងាច​មក​ដល់។ បំណាច់​រង់​ចាំ​រាប់​ពាន់​ថ្ងៃ​ដោយ​សង្ឃឹម​ថា ជីវិត​នៅ​ឆ្ងាយ​ឯណោះ​នៅ​មាន​អណ្តាតភ្លើង​ឆេះ​ព្រឹកៗ​ជានិច្ច ស្រាប់​តែ​លិខិត​មួយ​ឃ្លា​មក​ឆូត​លុប​ឥត​មេត្ដា។ ក្នុង​ពេល​ពេញ​ដោយ​មហា​ទុក្ខ​ដូច​ឥឡូវនេះ នាង​ចង់​ស្រែក​ប្រាប់​ការ​អស់​សង្ឃឹម​នាង ឲ្យ​វាយោ​ទាំង​បួន​ទិស​នាំ​យក​ទៅ​ឯឆ្ងាយ។ នាង​ចង់​ប្រកាស​ប្រាប់​អ្នក​ដទៃ​ថា ពី​ពេល​នេះ​ទៅ គ្មាន​អ្វី​មាន​សំខាន់​សម្រាប់​នាង​ទៀត​ទេ ប្រៀប​ដុច​ជា​កំផែង​សង្ឃឹម​របស់​នាង​រលំ​ទៅ​បន្ត​បន្ទាប់​គ្នា ហើយ​ក្លាយ​ជា​ធូលី។ ឥឡូវ​​ប្រាណ​នាង​ស្រាល​ផែល​ផាល​ ឈរ​មិន​នឹង អង្គុយ​មិន​ស្រួល ផ្ដេក​ប្រាណ​ទៅ​មិន​ស្រណុក។ ស្មារ​តី​នាង​រង្វេង​ក្នុង​បរិយា​កាស​ប្រហាក់​ប្រហែល​ ឬ​ការ​យល់​សប្តិ​មួយ ប្រៀ​ប​ដូច​ជា​ប្រាណ​នាង​បែក​ញែក​ជា​ពី​រ​ផ្នែក​ ប្រាណ​នាង​មួយ​នេះ​កំពុង​យំ ហើយ​ប្រាណ​នាង​មួយ​ទៀត​អង្គុយ​មើល​ហើយ​ចង់​លើក​ដៃ​មកលួង​រំសាយ​ទុក្ខ។ តើ​នាង​ប្រាកដ​ជាក់ថា នាង​ស្ថិត​នៅ​ទី​កន្លែង​ណា​ទេ? តើ​នាង​ឬ​អ្នក​ឯណា​ទៀត​ម្នាក់​កំពុង​និយាយ​តែ​ម្នាក់​ឯង? នាង​នឹក​ស្មាន​ថា ទុក្ខ​សោក​ប្រៀប​ដុច​ជា​ព្រាយ​បិសាច​កំពុង​តែ​ជញ្ជក់​លោហិត​ចេញ​អស់​ពី​ប្រាណ​នាង ធ្វើ​ឲ្យ​នាង​ស្តើង​អា​ច​មើល​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត។ មួយ​រំពេច​នេះ​ នាង​ចង់​បាន​កម្តៅ​បាត​ដៃអ្នក​ណា​ម្នាក់​មក​កម្តៅ​ដៃ​នាង​ដែល​កាន់​តែ​ត្រជាក់។ នាង​ចង់​ឮ​សូរ​អ្នក​ណា​ម្នាក់​ទៀតមកយំ​ជាមួយ​នាង ​ដើម្បី​សម្តែង​ថា គេចង់​រំលែក​ទុក្ខ​នាង​ពិត។ នាង​ចង់​ឲ្យ​​មាន​អ្នក​ណា​ម្នាក់​មករំ​លាយ​ប្រាណ​ធ្វើ​ប្រាណ​តែ​មួយ​ជាមួយ​នាង មាន​មាត់​តែ​មួយ មាន​បេះដូង​តែ​មួយ មាន​សំឡេង​តែ​មួយ ដើម្បី​យល់​ច្បាស់​អំពិ​ទម្ងន់​ទុក្ខ​ក្នុង​ជម្រៅ​ចិត្ត​នាង។ ទឹក​ភ្នែក​ដែល​ហូរ​លើ​ភក្រ្ត​នាង​ នាង​ទប់​មិន​ឈ្នះ ប្រៀប​ដូច​ទឹក​ជំនន់​នៃទន្លេ​មេគង្គ គឺ​ហូត​គ្មាន​បង្ខំ​ពី​ដី​ខ្ពស់​មក​ដី​ទំនាប​លិច​ព្រៃ​ព្រឹក្សា លិច​វាល​ស្រែខ្លី លិច​ដួង​ចិត្ត​នាង។ តើ​ទឹក​ភ្នែក​អាច​នឹង​ហូរ​លាង​បទ​ឧក្រិដ្ឋ​នៃ​ឃាត​កម្ម​លើ​គ្រួសារនាង​​ចេញ​ពី​វិញ្ញាណ​នាង​ឬ​ ? ទេ! ទឹក​ភ្នែក​ពុំ​អាច​ហូរ​លុប​រូបភាព​នៃ​ម្ដាយ​ចាស់​ដេល​គេ​បង្ខំ​ឲ្យ​ដើរ​ទៅ​ធ្វើ​ការ​ទាំង​ភ្នែក​ងងឹត​ ទាំង​ជើងពិការ​ស្ពឹក​ខ្វិន ហើយ​បាត់​បង់​ជីវិត​ដោយ​ជំងឺ​និង​ការ​ហត់​នឿយ។ ទេ! ទឹក​ភ្នែក​ពុំ​អាច​សម្អាត​រូបភាព​នៃ​បង​ប្រុស​និង​កូន​ប្រុស​កូន​ស្រី​មួយ​ចង្កោម​​ដួល​លុត​ជង្គង់​ក្រោម​គ្រាប់​កាំ​ភ្លើង​នៃ​អង្គការ​ខ្មែរ​ក្រហម​។ ទេ! ទឹក​ភ្នែក​ពុំ​អាច​ដុស​លាង​រូប​ភាព​នៃ​ក្មួយ​ស្រី​ជា​មួយ​បុត្រា​អាយុ​៦​ឆ្នាំ​ដែល​ត្រុវ​ខ្មែ​រក្រហម​សម្លាប់​ចោល ដោយ​ហេតុ​យំ​ទាម​ទារបាយ​ឲ្យ​កុន​សម្លាញ់។ ទេ! ទឹក​ភ្នែក​ពុំ​អាច​បំភ្លេច​នូវ​រូប​ភាព​ផ្ទះ​កំណើត​ត្រូវ​គេ​រុះ​រើ​ឲ្យ​រាប​ស្មើ​ដល់​ដី​។ គឺ​ពិត​ណាស់​ទឹក​ភ្នែក​ពុំ​អាចលុប​លាង​រូប​ភាពនៃ​ឃាតកម្ម​ចង្រៃ​ទាំង​អស់នេះ​ទេ ហើយ​ក៏​ពុំ​អាច​ដក​បន្លា​អនុស្សាវរីយ៍​ និង​វិប្បដិសារី​គ្រប់​យ៉ាង​ចេញ​ពី​ឱរា​នាង​ដែរ។ រូប​ភាព​នៃ​ឃាតកម្ម​ទាំង​នេះនឹង​ដេញ​តាម​នាង​ជានិច្ច​ ក្នុង​ពេល​បរិភោគ​ម្ហូប​ឆ្ងាញ់​ ឬ​ក្នុង​ពេល​និទ្រា​ដោយ​ដើរ​ចូល​ក្នុង​យល់​សប្តិ​នាង។ នៅ​ថ្ងៃ​មុខ នាង​នឹង​ហាក់​ដូច​ជា​មាន​ស្រ​មោល​ជា​ច្រើន​ដើរ​តាម​ពី​ក្រោយ​នាង មក​អង្អែល​ស្មា​នាង តែ​ដល់នាងងាក​​មើល​មក​ក្រោយ មាន​តែ​វាយោបក់​ទម្លាក់​សក់​នាង ប្រៀប​ដូច​ជា​ម្រាម​ដៃ​ម្តាយ​នាង​ធ្លាប់​អង្អែល​ថ្នាក់​ថ្នម​នាង ហើយឥឡូវ​មក​កេះ​ហៅ​នាង កុំ​ឲ្យ​នាង​ភ្លេច​។ ភ្លេច? មុន​ជា​ពុំ​ភ្លេច​ លុះ​ត្រា​ដល់​ពេល​នាង​នាំ​អនុស្សាវរីយ៍​ និង​វិប្បដិសារី​ទាំង​នោះ​ជាមួយ​នាង ក្នុង​ផ្នូរ​នាង។ តែ​មុ​ន​នឹង​ជីវិត​នាង​ត្រូវ​ចេញ​ដំណើរ​ពី​លោក​នេះទៅ នាង​ត្រូវ​តែ​បង្ហាញ​ដល់​ខ្លួន​នាង​ជាមុន ហើយ​ដល់​អ្នក​ឯទៀត​ជា​បន្ទាប់ ថា​នាង​មិន​ព្រម​ចុះ​ចាញ់​ដោយ​ស្ងាត់​ស្ងៀម​ហើយ​គ្មាន​ទុក​អ្វី​ជា​ភស្តុតាង​ឡើយ។

នាង​តាំង​ចិត្ត​ថា នាង​សន្និដ្ឋាន​យក​កំផែង​ប្រាសាទ​អង្គរ​ធំ​មក​ធ្វើ​ជា​ឈ្នួត​ក្បាល​រុំ​ជុំ​វិញ​ថ្ងាស​នាង ធ្វើ​ឲ្យ​ឆន្ទះ​នាង​មាន​សភាព​រឹង​ដូច​ដុំ​ថ្ម​ភ្នំ​គូលែន​ដែល​គេ​យក​មក​កសាង​ប្រាសាទ​នានា។ មិន​តែ​ប៉ុណ្ណោះ​ នាង​យក​មនោសញ្ចេតនា​ស្មោះ​ស្មគ្រ​របស់​នាង​ចំពោះ​មាតុភូមិ​មក​ធ្វើ​សំពត់​សម្លៀក​បំពាក់​ការ​ពារ​​នាង ពី​គំនិត​ឈ្លាន​ពាន​នៃ​អារ្យ​ធម៌​បរទេស។ តែ​សំខាន់​ទៅ​ទៀត នាងត្រូវ​រក​មធ្យោបាយ​ណាមួយ ដើម្បី​បញ្ជាក់ថា  ក្នុង​ឋានៈ​នាង​ជា​នារីខ្មែរ​ម្នាក់ នាង​អាច​មាន​ប្រយោជន៍ដល់​ជាតិ។ នាង​ត្រូវ​រក​ឃើញ​នូវ​និមិត្ត​រូបណា​មួយ ដែល​កាល​ណា​នាង​លើក​ខ្ពស់​ឡើង អាច​ឲ្យ​មនុស្ស​ម្នាក់​ៗដែល​មាន​ឈាម​ខ្មែរ​ហូរ​ក្នុង​សរសៃ ឈរ​តម្រង់​ប្រាណ ឬ​ក៏​ជង្គង់​លុត​ចុះ ហើយ​ដៃ​លើក​ប្រណម​លើ​សិរសារ។ ឱ! ​នាង​រក​ឃើញ​ប្រស្នានោះ​ហើយ!

នាង​ដើរ​សំដៅ​ទៅ​ទូរ​ដាក់​ខោ​អាវ​មួយ​ក្នុង​បន្ទប់​នាង។ នាង​រើ​គំនរ​សម្លៀក​បំពាក់ ហើយ​នាង​ទាញ​ចេញ​មក​នូវ​សំពត់​ផាមួង​ពីរ​ មួយ​ពណ៌​ខៀវ មួ​យ​ទៀត​​ពណ៌​ក្រហម ដែល​​ជា​កេរមត៌ក​ពី​ម្ដាយ​នាង​មក។ នាង​លា​សំពត់​ទាំងពីរ​លើ​គ្រែ​នាង​ ហើយ​នាង​ចាប់​កាត់​ជា​បន្ទះ ហើយ​ដេរ​ភ្ជាប់​គ្នា ដោយ​មាន​បន្ទះ​ពណ៌​ខៀវ​អម​សង​ខាង​បន្ទះ​ពណ៌​ក្រហម។

រាត្រី​កាន់​តែ​លឿន​ទៅមុខ តែ នាង​គ្មាន​ចាប់​អារម្មណ៍​ពី​ពេល​វេលា​ ព្រោះបេសកម្ម​នាង​មិន​ទាន់​ចប់។ នៅ​លើ​កណ្តាល​ផ្ទៃ​បន្ទះ​សំពត់​ពណ៌​ក្រហម នាង​ចាប់​ប៉ាក់​គំនូរ​ភ្នំ សមុទ្រ ទន្លេ ស្រែ វត្ត​អារាម ព្រៃ​ព្រឹក្សា និង​ឈ្មោះ​ខេត្ត​ខ្មែរ​ទាំងអស់។ នៅ​ក្នុង​ពេល​ដែល​នាង​កំពុង់​ដេរ​ប៉ាក់​ទេសភាព​មាតុភូមិ​ដែល​នាង​ស្រឡាញ់។ នេត្រានាង​ហាក់​ដូច​ជា​មាន​អណ្តាត​ភ្លើង​តណ្ហា​មួយ​ឆេះ​ភ្លឺ​ក្នុង​ប្រស្រី​ភ្នែក​នាង​។

នាឡិការ​វាយ​ម៉ោង​បី​ភ្លឺ ទើប​នាង​​ប៉ាក់​រូប​ទេស​ភាព​ស្រុក​ខ្មែរ​ហើយ។ បន្ទាប់​មក​ នាង​គូស​រូប​ប្រាសាទ​អង្គរ​វត្ត​កំពូល​បី លើ​ផ្នែក​សាច់​អាវ​ខ្នង នៃ​អាវ​ស​ដៃ​ខ្លី​ចម្រុះ​ជរ​ដែល​នាង​មិន​ដែល​ពាក់ ហើយ​រក្សា​សម្រាប់​ថ្ងៃ​បុណ្យ​ពិសេស​ណា​មួយ។ ឥឡូវ​នេះ​ថ្ងៃ​បុណ្យ​ពិសេស​មក​ដល់​ហើយ នាង​គ្មាន​ស្តាយ​ គ្មាន​ញញើត​នឹង​បូជា​អាវ​ល្អ​នាង​តែ​មួយ ដើម្បី​ឆ្លើយ​តម្រូវ​តាម​សំណូម​ពរ​ចិត្ត​នាង​។ រួច​ហើយនាង​យក​គំនូរ​ប្រាសាទ​អង្គរវត្ត​មក​ដេរ​គ្រប​ពី​លើ​គំនូរ​ប៉ាក់​នៃ​ទេស​ភាព​ស្រុក​ខ្មែរ ប្រៀប​ហាក់​ដូច​ជា​នាង​យក​ប្រទេស​កម្ពុជា​ទាំង​មូល​មក​ដាក់​ក្រោម​ការ​រក្សា​ការពារ​នៃកំផែង​ប្រាសាទ​សិលា​បុរាណ ឬ​មួយ​វិញ​ទៀត ប្រៀប​ហាក់​ដូច​ជា​នាង​ចង់​យក​កំផែង​ប្រាសាទ​អង្គរ​វត្ត​លាត​សន្ធឹង​តាម​ព្រំ​ដែនមាតុភូមិ ស្ទើរ​ដូច​មហា​កំផែង​នៅ​ប្រទេស​ចិន​ដូច្នេះឯង។

នៅ​ទី​បញ្ចប់​ការ​ដេរ​ប៉ាក់​របស់​នាង នាង​បាន​ដក​សក់​វែង​នាង​បី​សរសៃ ហើយ​នាង​នឹក​ឧទ្ទិស​ដល់​គុណឪពុក​ម្តាយ​នាង​និង​គ្រួសារ​ទាំង​មូល​ដែល​បាត់​បង់​ជីវិតដោយ​ខ្លោច​ផ្សា​ជាទី​បំផុត ហើយ​នាង​បួង​សួង​ដល់​ព្រះ​នាម​នៃ​ព្រះ​បាទ​សុរិយា​វរ័្មន​ទី​២ ដែល​បាន​កសាង​ប្រាសាទ​អង្គរវត្ត ហើយ​ទុក​ជា​និមិត្ត​រូប​នៃ​មហា​នគរ។ នាង​យក​សក់​នាង​ទាំង​បី​សរសៃ​ត្របាញ់​ចូល​គ្នា​ជា​ធ្លុង​មួយ ហើយ​ប៉ាក់​បញ្ចូល​ត្រង់​រូប​ខ្លោង​ទ្វារ​កណ្តាល​នៃ​ប្រាសាទ​អង្គរ។ នាង​ប្រកាស​ហៅ​ព្រលឹង​យុទ្ធជន​ខ្មែរគ្រប់​ជំនាន់​ដែល​បាន​បូជា​ជីវិត​ក្នុង​ការពារ​ព្រំ​ដែន​មាតុ​ភូមិ​តាំង​ពី​សម័យ​ហ្វូណន់​ ចេនឡា មក​ទល់​គ្រាបច្ចុប្បន្ន ហើយ​និង​ព្រលឹង​ខ្មែរ​ពីរ​លាន​នាក់​ដែល​បាត់​បង់​ជីវិត​លើ​ទីលាន​ឃាតកម្ម​ខ្មែរ​ក្រហម ឲ្យ​ចូល​មក​តាំង​សណ្ឋិត​នៅ​ក្នុង​ទង់​ជាតិ​នេះ​តាម​ខ្លោង​ទ្វារជ័យ។ នេះ​ជា​ព្រលឹង​រួម​នៃ​ជាតិ​ខ្មែរ។ នៅ​ទិស​ខាង​កើត​ ព្រះ​អារុណ​ចាប់​រះហើយ​បញ្ចូន​កាំ​រស្មី​មុន​ដំបូង​មក​លើ​តួ​ប្រាសាទ​នៃទង់​ជ័យ។ ព្រឹក​ថ្មី​មួយ​ចាប់​ផ្តើម​ចំពោះ​នាង។ នាង​សន្មត​ថា នៅថ្ងៃ​ណាមួ​យ នាង​នឹង​យក​ទង់​ជាតិ​នេះ ទៅចងនៅ​ថែវ​ដែល​ខ្ពស់​បំផុត​នៃ​ប្រាសាទ​អង្គរវត្ត៕

មិថុនា ១៩៨៩

គ.ខូវនី

វិចារណកថា៖សតវត្សរ៍​រស្មី​ដោយ​លោកគ ខូវនី

សតវត្សរ៍​រស្មី


ដោយលោក  គ.ខូវនី

រូបថត៖ ប៉ិច វិរៈសិទ្ធ

រូបថត៖ ប៉ិច វិរៈសិទ្ធ វិចទ័រ

ជាតិ​កំណើត​យើងពី​ដំបូង​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​ជា​លំដាប់​ជុំ​វិញ​ជីវិត​យើង​ បា​នឆ្នៃ​រចនាចរិយា​លក្ខណៈ​របស់​យើង​បច្ចុប្បន្ន​នេះ។ ក្នុង​ដំណើរ​ជីវិត​យើង​មួយ​ជំហានៗ ទោះ​បី​ចំពោះ​រាស្រ្ត​ខ្មែរ​ក្នុង​ស្រុក ឬ​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន​ដែល​និរាស​នៅ​បរទេស​ សុទ្ធ​តែ​មាន​ចំណង់​ទៅ​ជាមួយ​នឹង​សញ្ជាតិ​យើង​ជា​ខ្មែរ ទៅ​សាវតា​នយោបាយ​ប្រទេស​ជាតិ​ដែល​ទទួល​ឥទ្ធិពល​ពី​ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ។ តែ​ក្នុង​ឋានៈ​យើង​ជា​អ្នក​និពន្ធ​ខ្មែរ​ម្នាក់​នៅ​បរទេស​ យើង​ចង់​បម្រះ​ឲ្យ​រួច​​ផុត​ពី​ពុម្ព​អកុសល​ដែល​រឹត​រួត​សតិសម្បជញ្ញៈ​យើង​សព្វ​ថ្ងៃ ដោយយើង​មិន​ព្រម​ចុះ​ចាញ់​ព្រហ្ម​លិខិត​ដែល​យក​ចម្លើយ​ស្រួល​មក​សា​ក​ល្បង​ទាក់​ទាញ​មនោ​សញ្ចេត​នា​យើង​ឲ្យ​កករឹង​គ្មាន​សកម្មភាព​ផ្សព្វ​ផ្សាយ​អក្សរសាស្រ្ត​ខ្មែរ​នៅ​បរទេស។

ក្នុង​ជម្រៅ​អណ្តូង​អនុស្សាវរីយ៍​របស់​យើង យើង​បាន​ដក​ស្រង់​មក​ពិចារណា​នូវ​ព្រឹត្តហេតុ​មួយ​ដែល​ដិត​នៅ​ក្នុង​សតិ​វិញ្ញាណ​របស់​យើង។ យើង​បាន​ចាំ​ថា នៅ​ក្នុង​ពេល​ដែល​យើង​ស្រវា​ឡើង​តាម​កាំ​ជណ្ដើរ​ថ្មី​ទៅ​កាន់​ខឿន​លើ​នៃ​ប្រាសាទ​អង្គរ​វត្ត​ នេត្រា​យើង​សម្លឹង​ទៅ​កំពូល​ទាំង​ប្រាំ។ ជណ្តើរ​មួយ​កាំៗនាំ​យើង​ឲ្យ​កាន់​តែ​ខិត​ជិត​ទៅ​កំពូល​ប្រាសាទ​ ប្រៀប​ដូច​យើង​ដើរ​ចូល​ទៅ​ក្នុង​ជម្រៅ​មេឃា​ដូច្នោះ​ដែរ។ យើង​សម្លឹង​ពិនិត្យ​ផែន​សិលា​មួយ​ដុំ​ៗ​ពាស​ពេញ​ដោយ​ក្បាច់​ភ្ញី​ចម្លាក់ ភ្ជាប់​ទៅ​ដុំ​សិលា​មួយ​ដុំ​ទៀត ហើយ​តភ្ជាប់​ទៅ​ដុំ​សិលា​ផ្សេងៗទៀត ក៏​បាន​ផ្សំ​ឡើង​ជា​តួ​ប្រាសាទ​អង្គរ​វត្ត។ យើង​បាន​ដណ្ដឹង​សួរ​ក្នុង​ចិត្ត​យើង​ថា តើ​មាន​វត្ថុអ្វី​ដែល​ចង​ភ្ជាប់​ផែន​សិលា​ទាំងអស់​នេះ​តាំងពី​ឆ្នាំ​១១៤០ មក​ទល់​គ្រា​ឥឡូវ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​សតវត្សរ៍​ទី​១២ ក្លាយ​ទៅជា​«សតវត្សរ៍​រស្មី» នៃ​រាស្រ្ត​ខ្មែរ​ក្នុង​សម័យ​អង្គរ? តើ​មាន​វត្ថុ​អ្វី​ផ្សេង​ទៀត​ដែល​ចង​ភ្ជាប់​ផ្តុំ​ឆន្ទៈ​ពលរដ្ឋ​អង្គរ​ក្នុង​សម័យ​នោះ? គឺ​មិន​មែន​ត្រឹម​ជំនឿ​នៃ​បណ្ណា​រាស្រ្ត​ខ្មែរ​ទៅ​លើ​ចេស្តា​មហាក្សត្រ​ប៉ុណ្ណោះ​ឡើយ ពី​ព្រោះ​ហួស​ពី​តួអង្គ​មហា​ក្សត្រ​ទៅ​ទៀត រាស្រ្ត​ខ្មែរ​ជឿ​ទៅ​លើ​និមិត្ត​រូប​នៃ​សាមគ្គី​ភាព​ជាតិ​ខ្មែរ​ដែល​មាន​តួ​ប្រាសាទ​អង្គរ​វត្ត​ជា​តំណាង។ បើ​កំពូល​ប្រាសាទ​អង្គរវត្ត​កាន់​តែ​ខ្ពស់​ស្កឹម​ស្កៃ នោះ​ជំនឿ​រាស្រ្ត​ខ្មែរទៅ​លើ​មត៌ក​អារិយ​ធម៌​ខ្មែរ ក៏​កាន់​អណ្តែត​ខ្ពស់​តាម​នោះ​ដែរ។ យើង​មិន​ភ្លេច​ទេ គឺ​នៅ​ក្នុង​សតវត្សរ៍​នោះ​ដែរ ដែល​យើង​បាន​ស្គាល់​អ្នកនិ​ពន្ធ​ខ្មែរ​យ៉ាង​ឆើត​ម្នាក់​ដែល​យើង​តម្កល់​ជាឧទាហរណ៍​ជា​អ្នកនិពន្ធ​ខ្មែរ​ទី​១ គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ឥន្រ្ទទេវី ដែល​បាន​តែង​សុន្ទរកថាមួយ​​ចារឹក​លើ​ផ្ទាំង​សិលា​នៅ​ប្រាសា​ទ​ភិមាន​អាកាស ព្រម​ទាំង​ស្ទាត់​ជំនាញ​ខាង​ទស្សន​វិជ្ជា​ក្នុង​មុខ​ងារ​ជា​សាស្រ្តាចារ្យ​ ហើយ​ហ៊ាន​ជជែក​ពិភាក្សា​ជាមួយ​ពួក​ព្រាហ្ម​ណ៍​ទៀត​ផង។

ដូច្នេះ​ហើយ យើង​ត្រូវ​ហ៊ាន​យល់​សប្តិ​ដោយ​យោង​ទៅ​លើ​អនុស្សាវរីយ៍​ដែល​យើង​បាន​ស្គាល់​ក្នុង​ពេល​ដែល​យើង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត។ ក្នុង​ខណៈ​ណា​ យើង​ខ្វះ​ការ​យល់​សប្តិ​ ពេល​នោះ​យើង​ចុះ​ចាញ់​ចំពោះ​គ្រប់​ឧបសគ្គ​ដែល​យើង​តែង​បាន​ជួប​ប្រទះ​លើ​មាគ៌ា​នៃ​ជីវិត​យើង។ ពី​ការ​ចុះ​ចាញ់​ទី​១ ទៅការ​ចុះ​ចាញ់​ទី​២ យើ​ង​នឹង​ជួប​តែ​ការ​ចុះ​ចាញ់​ជានិច្ច។ កាល​ណា​យើង​ចង់​លើក​យក​រឿង​អារិយ​ធម៌​ខ្មែរ​មក​និយាយ​មាន​អ្នក​ខ្លះ​បក​ប្រែ​ពេបជ្រាយ​ថា យើង​ចង់​លូក​ដៃ​មក​ក្នុង​រឿង​នយោបាយ ពី​ព្រោះ​មិន​ខ្វះ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​មជ្ឈ​ដ្ឋាន​នយោបាយ​ទេ​ដែល​មាន​សមត្ថភាព​ដោះ​ស្រាយ​ក្នុង​ករណី​ការពារ​វប្បធម៌​និង​អារិយធម៌​ខ្មែរ​នេះ។ ដល់​ដូច្នេះ​ទៅ​ អ្វី​ក៏​នយោបាយ ហើយ​បើ​នៅ​ស្ងៀម​ក៏​នយោបាយ​ ឬ​រៀប​ចំ​សមាគម​អ្នកនិពន្ធ​ខ្មែរក៏​នយោបាយ ផ្សាយ​វិទ្យុការពារ​វប្បធម៌​ខ្មែរ​ក៏នយោបាយ​។ ចំពោះយើង​វិញ កាល​ណា​យើង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ដែល​មាន​ន័យ​ជ្រៅ​ក្នុង​ជីវិត​ គឺ​យើង​បាន​រោយ​អំបិល​ឲ្យ​ជីវិត​យើង​មាន​រស​ជាតិ​ប៉ុណ្ណោះ​ ហើយកុំ​ឲ្យ​យើង​មាន​ការ​ខ្មាស​អៀន​ខ្លួន​យើង​នៅ​នាទី​ចុង​ក្រោយ​ក្នុង​តុល្យការ​នៃ​ជីវិត​យើង​ម្នាក់ៗ។ គម្រោង​ការ​នៃ​សមាគមអ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស ដែល​ចាប់​ដំណើរ​រៀប​ចំ​ទស្សនាវដ្តី​ឬប្លក គ្មាន​គោល​បំណង​រកកម្រៃ​ខ្លួន​ឡើយ តែ​យើង​មាន​សេចក្តី​សង្ឃឹម​នឹង​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​ម្នាក់ៗ​ទៅ​ជួប​ប្រទះ​នឹង​បញ្ហា​យ៉ាង​សំខាន់​បំផុត​ដែល​កប់​ជ្រៅ​ក្នុង​សតិ​វិញ្ញាណ​នៃ​បុគ្គលនីមួយៗ​ គឺ​ខ្សែ​ចំណង​ទៅ​ដើម​​កំណើតសញ្ជាតិ​យើង ទៅអតីត​របស់​យើង​ ទៅ​អនាគត​របស់​យើង​ គឺភាសា​ជាតិ គឺ​អក្សរ​សាស្រ្ត​ជាតិ គឺវប្ប​ធម៌​ជាតិ គឺ​អារិយ​ធម៌​ខ្មែរ។ ចំពោះ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ យើង​ពុំ​អាច​ពូត​ផ្តុំ​ឲ្យ​មាន​រូប​រាង​ជា​វត្ថុពិត​ប្រាកដ​ឡើង តែ​ជា​ឫស​គល់​នៃ​អត្ត​សញ្ញាណ​ជាតិ​យើង ហើយ​យើង​មាន​ករណី​ផ្សព្វ​ផ្សាយ​​អត្ថបទ​ផ្សេងៗ​តាម​រយៈ​សារព័ត៌មាន តាម​វិទ្យុ តាម​រឿង​ប្រលោម​លោក តាម​ប្លក និង​ ទស្សនាវដ្តី។ សកម្មភាព​ទាំងអស់​នេះ មិន​មែន​មាន​ន័យថា យើង​មានបំណង​ធ្វើដំណើរ​ទេស​ចរណ៍​ក្នុង​អក្សរ​សាស្រ្ត​ឡើយ។ យើង​ធ្វើ​ឡើង​ដោយគ្មាន​ចាប់​អារម្មណ៍​ចំពោះ​ការ​រិះ​គន់​ពេប​ជ្រាយ​ផ្សេងៗ ហើយ​យើង​គ្មាន​គំនិត​ចង់​ស្រប​នឹង​បំពេញ​ចំណង់​នៃ​មជ្ឈ​ដ្ឋាន​ណា​មួយ​ឡើយ។ យើង​មាន​ការ​ស្មោះ​ត្រង់​ចំពោះ​​មនសិការ​របស់​យើង​ប៉ុណ្ណោះ ហើយ​ទោះ​បី​យើង​រស់​នៅ​លើ​ដី​បរទេស​ក៏ដោយ ក៏​សេចក្តី​សង្ឃឹម​នឹង​ការ​យល់​សប្តិ​របស់​យើង​នៅ​តែ​មាន​ឫសគល់​ចាក់​សំដៅ​ទៅ​គ្រឹះ​នៃ​ប្រាសាទ​អង្គរ​វត្ត​និង​អក្សរ​សិលា​ចារឹក​តាម​ថែវ​ប្រាសាទ​ និង​ស្ដម្ភ​សិលា​នានា​ដែល​ជា​ជ័រ​ជីវិត​របស់​យើង។

ស្ថាន​ភាព​ជីវិត​នៃ​អ្នកនិពន្ធ​ខ្មែរ​សព្វ​ថ្ងៃ​នៅ​បរទេស​ ស្ថិត​នៅ​ក្នុង​ចន្លោះ​ចង្អៀត​ចង្អល់​មួយ​លែង​ឲ្យ​ថយ​ក្រោយ​មិន​រួច​។ តែ​យើង​ក៏​គ្មាន​ការ​អស់​សង្ឃឹម​ដែរ ពីព្រោះ​ការ​អស់​សង្ឃឹម​ជាហេតុ​នាំ​ឲ្យ​យើងបោះ​បង់​រត់​​ចោល​បញ្ហា​ដែល​យើង​ជួប​ប្រទះ​ ហើយ​អាច​បង្ខំ​ឲ្យ​យើង​កែ​ប្រែ​សម្តី​និង​អាកប្ប​កិរិយា​របស់​យើង។ យើង​រិះ​រក​មធ្យោបាយ​​និង​ដោះ​ស្រាយ​បញ្ហានេះ ព្រម​ទាំង​បូក​បញ្ចូល​ការ​យល់​សប្តិ​របស់​យើង​ដែល​នាំ​បន្ថែម​នូវ​សមត្ថភាព​ជំនឿ​របស់​យើង​លើ​ភាព​អចិន្ត្រៃយ៍​នៃ​វប្បធម៌​ខ្មែរ៕

ក.ក.ន. ៖ សូមរង់ចាំអានរឿង«ឆ្ងាយពីវាយោខែកតិ្តក»​ដោយលោក គ. ខូវនីដែលនឹងប្រកាសក្នុងពេលឆាប់ៗនៅក្នុងប្លកនេះ។