ខ្ញុំសូមយកកិច្ចការរបស់ខ្ញុំកាលពីពេលដែលខ្ញុំបំពេញការងារនៅវិទ្យុបារាំងអន្តរជាតិ Rfi មកចុះផ្សាយ ដើម្បីជាការសន្សំស្នាដៃរបស់ខ្ញុំឡើងវិញ និងជាការផ្សាយដល់អ្នកស្តាប់អ្នកអានទាំងឡាយ ដែលខកខានមិនបានស្តាប់វេលាផ្សាយកាលមុន។ ការផ្សាយឡើងវិញគ្រានេះ ខ្ញុំគ្មានចេតនាផ្សេងក្រៅពីចង់លើកស្ទូយសិល្បៈវប្បធម៌អក្សរសាស្ត្រអក្សរសិល្ប៍ជាតិខ្មែរយើងនោះទេ។

កំណាព្យស្នេហ៍មាស និពន្ធដោយលោកគង្គ ប៊ុនឈឿន
នៅឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូប បានចេញផ្សាយសៀវភៅមួយដាក់ចំណងជើងថា កំណាព្យស្នេហ៍មាស។ កំណាព្យស្នេហ៍មាស ជាកំណត់ហេតុស្នាដៃ ឬជាកម្រងវណ្ណកម្មទាំងអស់របស់លោកគង្គ ប៊ុនឈឿន តាំងពីលោកបានចាប់ដងប៉ាកកាប្រឡូកក្នុងជីវិតទឹកខ្មៅ ពីទស្សវត្សរ៍១៩៥០មក ដូចជា ប្រលោមលោក កំណាព្យ បទភ្លេង ទំនុកច្រៀង និងរឿងភាពយន្តវីដេអូជាដើម ។
ប្រវត្តិបទចម្រៀងអ្នកនិពន្ធជើងចាស់ គង្គ ប៊ុនឈឿន
សូមចុចខាងក្រោម ដើម្បីស្តាប់ (ភាគទី១) ៖ http://mfi.re/listen/cytawh2mt2no5ko/KONGBUNCHHOEUN_07_11_04.mp3
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលនៅវិទ្យុបារាំងអន្តរជាតិ Rfi ពីថ្ងៃទី 13/09/2009
បំណងរបស់លោក គង្គ ប៊ុនឈឿន ក្នុងការសរសេរសៀវភៅនេះ មាន៣ចំណុចគឺ៖
ទី១- លោកចង់រក្សាទុកផ្នត់គំនិតរបស់លោក ដែលជាផលចំណែកនៃការត្រិះរិះពិចារណាមួយ។
ទី២- លោកចង់ឲ្យអ្នកអានដឹងពិតប្រាកដថា ពេលដែលលោករស់នៅ លោកបានធ្វើអ្វីខ្លះ?
ទី៣- លោកចង់បញ្ជាក់ប្រាប់មជ្ឈដ្ឋានមួយចំនួនដែលបានយកស្នាដៃរបស់លោកទៅ ប្រើប្រាស់ជាផ្លូវជំនួញ ដោយមិនគោរពសិទ្ធិរបស់លោកជាអ្នកនិពន្ធដើមបន្តិចបន្តួចសោះ។
តាំងឆ្នាំ១៩៦៣ រហូតមកដល់ខែមេសាឆ្នាំ១៩៧៥ លោក គង្គ ប៊ុនឈឿន និពន្ឋទំនុកច្រៀង និងបទភ្លេង បានជាងពីររយបទ។
ដោយ ចេះភ្លេងខ្លះៗ និងចេះកាន់ឧបករណ៍តន្រី្ត ដូចជា វីយូឡុង និងហ្គីតាច្បាស់លាស់ លោកគង្គ ប៊ុនឈឿន តែងតែបង្ហូរមនោសញ្ចេតនាតាមមន្តស្នេហ៍នៃតន្តី្រ និងតាមរសជាតិកំណាព្យទំនុកច្រៀង លុះត្រាតែក្លាយទៅជាទម្លាប់។
តាំងពីនៅក្មេង លោក គង្គ ប៊ុនឈឿន ពេញចិត្តអ្នកចម្រៀង ស៊ីន ស៊ីសាមុត និងអ្នកនិពន្ឋ អ្នកបទភ្លេងទំនុកច្រៀង ពៅ ស៊ីផូ ណាស់។ អ្វីៗដែលលោក គង្គ ប៊ុនឈឿន បានឮក្នងសម័យ ជារសជាតិស្រោចស្រប់បេះដូងលោកឲ្យដុះពន្លកមនោសញ្ចតនាកំណាព្យ ទំនុកច្រៀងកាន់តែខ្លាំងឡើងៗគ្មានស្រកស្រុត។
គេចំណាំឃើញថា ចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ច្រើនតែរៀបរាប់ពីខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់លោក និង ឆ្លុះបញ្ចាំងពីសេចក្តីស្នេហារបស់លោកក្នុងយុវវ័យ ជាអាទិ៍បទស្ពានឈើអភ័ព្វ ។ ស្ពានឈើអភ័ព្វដែលសព្វថ្ងៃនេះ គេនាំគ្នាប្តូរដាក់ថាភូមិវត្តកំផែង ខុសពីចំណងជើងដើមគួរឲ្យស្តាយ។ លោក គង្គ ប៊ុនឈឿន បញ្ជាក់ពីមូលហេតុដែលបានជំរុញឲ្យលោកនិពន្ធបទ ស្ពានឈើអភ័ព្វ និង ជំនួបចុងក្រោយរបស់លោកជាមួយលោក ស៊ីន ស៊ីសាមុត៕

ប្រវត្តិបទភ្លេង និងទំនុកច្រៀង
កំណាព្យស្នេហ៍មាស និពន្ធដោយលោក គង្គ ប៊ុនឈឿន
សូមចុចខាងក្រោម ដើម្បីស្តាប់ (ភាគទី២) ៖ http://mfi.re/listen/oewaj623edpzo9j/KONG_BUN_CHHOEURN01_23-08-09.mp3
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលនៅវិទ្យុបារាំងអន្តរជាតិ Rfi ពីថ្ងៃទី 30/08/2009
កំណាព្យ ស្នេហ៍មាស ជាកម្រង បទភ្លេងទំនុកច្រៀងដែលចេញមកពីកំណាព្យ។ កំណាព្យ ដែលលោក គង្គ ប៊ុនឈឿន បាននិពន្ធ មានអត្ថន័យទោរទន់ទៅរករឿងបេះដូង ច្រើនជាងរឿងដទៃទៀត។
អ្នកដែលមានរឿងបេះដូង ពេលណាយំក៏ច្រៀង សប្បាយក៏ច្រៀង ខឹងសម្បារមួរម៉ៅក្រេវក្រោធក៏ច្រៀងដែរ។ ដូច្នេះ ចំពោះលោក គង្គ ប៊ុនឈឿន ចម្រៀង ឬ កំណាព្យស្នេហ៍មាសគ្មានអ្វីឃ្លាតឆ្ងាយពីគ្នាឡើយ។
បទភ្លេង និងទំនុកច្រៀងរបស់លោក គង្គ ប៊ុនឈឿន សុទ្ធតែមានអាយុច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅតែមានប្រជាប្រីយភាពរហូតមកដល់សព្វថ្ងៃនេះ ។
សូមអញ្ជើញលោក លោកស្រី នាងកញ្ញាស្តាប់ចម្រៀង៣បទ របស់លោក គង្គ ប៊ុនឈឿន ដែលបកស្រាយដោយលោកស៊ីនស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ឋា។
អ្នកខ្លះបានយកចម្រៀងរបស់លោកទៅដាក់ក្នុងខ្សែ ភាពយន្ត ឬខ្សែវីដេអូ ជាចម្រៀងកាយវិការ ការ៉ាអូខេចេញលក់ព្រោងព្រាត ឥតគិតដល់លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធដើមបន្តិចបន្តួចឡើយ សូម្បីតែដែលដឹងហើយក៏នៅបំពានដែរ។ ជនឱកាសនិយមមួយចំនួនទាំងនោះ ប្រឹងបឹតជញ្ជក់ញើសឈាមអ្នកនិពន្ធ និងសិល្បករដែលមានគំនិតច្នៃប្រឌិតដើម្បីបម្រើផលប្រយោជន៍វប្បធម៌ជាតិ ឲ្យបាក់ទឹកចិត្តស្ទើរតែអស់ឆន្ទៈបម្រើការងារដ៏អភ័ព្វនេះរលីង។
នៅក្នុងផែនកាណ៍១០ឆ្នាំរបស់ពិភពលោកខាងវិស័យវប្បធម៌ គេបានបែងចែកចំណុច វិជ្ជមាន៤យ៉ាងច្បាស់លាស់ថា ៖
១- ត្រូវដាក់វប្បធម៌ក្នុងបេះដូងនៃការអភិវឌ្ឍ
២- ពង្រឹង និងធ្វើឲ្យអត្តសញ្ញាណជាតិមានភាពសម្បូណ៌បែប
៣- ធ្វើឲ្យការងារវប្បធម៌ ទៅជាការងាររបស់មនុស្សគ្រប់គ្នា
៤- ជំរុញវិស័យវប្បធម៌ ឆ្ពោះទៅកាន់សាមគ្គីភាពអន្តរជាតិ
លោក គង្គ ប៊ុនឈឿន សូមឲ្យសៀវភៅនេះបានទៅជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ ជាពិសេសជាមរតកដ៏មានតម្លៃសម្រាប់គ្រួសាររបស់លោកផ្ទាល់។
តាមរយៈឯកសារវប្បធម៌ដ៏ល្អនេះ ខ្ញុំសូមឧទ្ទិស និងចែករំលែកនាទី ដែលខ្ញុំបានរៀបចំឡើងដោយពឹងផ្អែកលើសៀវភៅកំណាព្យស្នេហ៍មាសរបស់ លោក គង្គ ប៊ុនឈឿន នេះជូនប្រីយមិត្តអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិRFI។
ខ្ញុំ ប៉ិច សង្វាវ៉ាន សូមអញ្ជើញលោក លោកស្រី នាងកញ្ញាស្តាប់ចម្រៀង៣បទដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ធា៕