Category Archives: ប្រលោមលោក

ក្រោមមេឃពណ៌ខៀវនៅទីក្រុងតូក្យូ និពន្ធដោយប៉ែន​ សេដ្ឋារិន រៀបចំផ្សាយក្នុងវិទ្យុបារាំងអន្តរជាតិRFI ដោយប៉ិច​ សង្វាវ៉ាន

 អស់លោកអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ ខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់នាទីអក្សរសិល្ប៍ខ្មែរដែល

ខ្ញុំប៉ិច សង្វាវ៉ានមានសេចក្តីរីករាយរៀបចំជូនដូចតទៅ៖

យុវអ្នកនិពន្ធខ្មែរពីរនាក់ជាប់ពានរង្វាន់

«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»

12391105_995615017152004_53301983169953577_n

ខ្ញុំ​រំភើបចិត្តជា​ខ្លាំង​ពេលដឹង​ថា កូន​ប្រុស​ធម៌​ពីរ​នាក់របស់​ខ្ញុំ​នៅប្រទេស​​កម្ពុជា បា​នជាប់​ពាន​​រង្វាន់​អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥ នា​ពេល​ថ្មីៗនេះ​ គឺ​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​​ថៃ។

12341055_995614840485355_1113365503336158595_n

គណៈកម្មាធិការ​អ្នកនិពន្ធ​អាស៊ាន The S.E.A. WRITE COMMITTEE ​នៅ​ក្រុងបាងកក រៀបចំ​ពានរង្វាន់ THE ASEAN YOUNG WRITER AWARDS 2015​​ នេះ ​ដោយមាន​ការ​ចូលរួមប្រកួត​ពី​អ្នកនិពន្ធ​វ័យ​​ក្មេង ​ទាំង​១០ប្រទេសរបស់​ ASEAN។ ក្នុង​ការ​ប្រកួត​ស្នាដៃ​កម្រិត​​តំបន់​​លើក​​នេះ គឺ​សមាគម​ PEN CAMBODIA ជា​អ្នកជួយ​​​សម្រប​​សម្រួល​បញ្ចូន​​ស្នាដៃ​​ពី​កម្ពុជា​​ ក្នុង​នោះ មាន​ពីរ​ស្នាដៃ គឺ រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់» របស់ ហេង ឧត្តម និង​រឿង «អាណាចក្រ​ចង្រិត» របស់ ម៉ា ច័ន្ទបញ្ញា។

សូម​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាននីមួយ​ៗបាន​ជាប់​ស្នាដៃ​ចំនួន​ពីរនាក់ គឺ​ផ្នែក​ភាសា​ជាតិម្នាក់ និង​ភាសា​អង់គ្លេស​ម្នាក់។ ប៉ុន្តែ​ជាការ​កត់​កម្គាល់​ ស្នាដៃ​ពី​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី ​ជាប់​តែ​ម្នាក់ៗប៉ុណ្ណោះ គឺផ្នែក​ភាសា​ជាតិរបស់​គេ​។​

 12373156_995614990485340_5431068548068790414_n

12347701_995614657152040_1365180226567945119_n

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បាន​ជាប់​ជ័យលាភី​លេខ​២ ឆ្នាំ​២០១១ ហើយ​ត្រូ​វ​​បកប្រែជាភាសា​អង់គ្លេស ​និង​បោះពុម្ព​​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ ដោយសមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច។ ស្នាដៃនេះ​ត្រូវ​​បោះ​ពុម្ព​លើក​ទី​២ ក្នុង​សៀវភៅ«គ្រប់​យ៉ាង​ដើម្បី​អ្នក​ណា​?​» ​ក្នុង​​ឆ្នាំ​២០១៤​។ ក្រោយ​មកទៀត រឿង«​ខ្ញុំ​រៀនត្រួតថ្នាក់» នាំឲ្យ ហេង ឧត្តម បាន​ជាប់​​ជ័យលាភីអ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥នេះ​។ ​

 11143204_519418218232368_2809119402783079179_n

ខ្ញុំ​បាន​ដឹង​ថា​ ហេង ឧត្តម ​ផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់​ចុង​​ឆ្នាំ២០១៥នេះ បាន​​ជាង​៣០ចំណង​ជើង​។ ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ​ឧត្តម ​រស់​នៅ​ឆ្ងាយពីភាព​កក់ក្តៅ​របស់​​​ឪពុក​ម្តាយ​បង្កើត​ ហើយ​គេ​​ធ្លាប់​បាន​​​រស់នៅក្នុង​​មណ្ឌល​កុមារកំព្រា​​​ ជិត​៧ឆ្នាំ​។ ហេតុនេះហើយ ទើប​គេ​បាន​សុំ​ខ្ញុំ​ជាមាតា​ធម៌។​ ដោយសារ​មនោសញ្ចេតអាណិត​អាសូរ និងមាន​និស្ស័យ​ក្នុង​វិស័យ​តែងនិពន្ធដូចគ្នា​ ខ្ញុំ​និង​ស្វាមី​រីករាយ​នឹង​ធ្វើ​ជា​ម្លប់​របស់​កូន​ឧត្តម​។​

12359870_519736658200524_1085811802528249564_n

12359984_10205467856760429_2343577704290407862_n

សព្វថ្ងៃ ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ​បារាំង​ នៅ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ក្នុង​​រាជធានី​ភ្នំពេញ​ ហើយ​ក៏​កំពុង​ធ្វើការ​ជា​អ្នកសារព័ត៌មានឯករាជ្យ Freelancer ឲ្យ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI khmer ផង​​ដែរ​។

12341319_994954160551423_6628445919988255913_n

12310592_1083180638381318_3008854914425478447_n

ចំណែក ​កូនធម៌ ម៉ា ច័ន្ទបញ្ញា កើត​នៅ​ភ្នំពេញ ហើយ​​​ចាប់​ផ្តើម​តែង​និពន្ធ និង​រៀន​វិជ្ជា​និពន្ធន៍​​នេះ នៅសមាគម​អ្នកនិពន្ធខ្មែរ ដំណាល​នឹង​កូន​ឧត្តម​ដែរ។ បញ្ញា មាន​ទេព​កោសល្យ​​សិល្បៈ​ច្រើ​នយ៉ាងណាស់ ដែលគួរ​ឲ្យ​កោត​សរសើរ។ គេ​ចេះ​តែង​និពន្ធ បទភ្លេង ទំនុក​ច្រៀង រឿង​ខ្លី កំណាព្យ ចេះរាំ ចេះ​ច្រៀង… សព្វបែប​យ៉ាង។​ បញ្ញា​ បាន​ទទួល​ពាន​រង្វាន់​​ក្នុង​ស្រុក​ខាង​តែងនិពន្ធ និងជ័យលាភី​​ចម្រៀងថ្នាក់​ជាតិ​​ ព្រមទាំង​បាន​ឡើង​ឆាក​ជា​ច្រើន​មក​ហើយទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ស្រុក​។ ស្នាដៃរបស់​ ម៉ា ច័ន្ទបញ្ញា គឺរឿង «អាណាចក្រ​ចង្រិត» ដែល​ឈ្នះ​ពានរង្វាន់ពី​សមាគម PEN Cambodia រួច​ម្តង​ហើយ​នា​ពេល​​កន្លងទៅ និង​បាន​ទទួល​រង្វាន់​«អ្នកនិពន្ធវ័យក្មេង​អាស៊ានឆ្នាំ​២០១៥» នេះទៀត។​

12371034_1094625947222556_2147369588296447347_o

គួរ​ឲ្យ​ស្តាយ ដែល​ បញ្ញា ពុំ​បាន​មា​នវត្តមាន​នៅ​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​រាជធានីបាង កក​​នោះ​ទេ ពី​ព្រោះ​គេត្រូវ​ទៅ​សម្តែងសិល្បៈ​ ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​តំណាង​​ឲ្យ​មាតុភូមិ​កម្ពុជា​ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ។​

 12370773_1071376019574261_7079228717038989779_o

ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត ពេល​ឃើញ​កូន​ធម៌​ទាំង​ឡាយ​របស់​ខ្ញុំ​ មាន​ស្នាដៃ​ក្នុង​វិស័យ​តែង​និពន្ធ និង​ផ្តើម​មាន​ការ​ទទួល​ស្គាល់​។​ ពួក​គេ​ទាំង​នោះ​ មាន​ តួយ៉ាង៖

993445_218978318226183_1979154186_n

កូន​ កៅ សីហា មាន​ស្នាដៃ​ច្រើន​ទាំង​រឿង​ខ្លី ប្រលោមលោក និង​ការ​ដឹកនាំ​សម្តែង​នៅផលិត​កម្ម​ល្បីក្នុងប្រទេស​ផង ព្រមទាំង​បាន​ត្រូវ​សមាគមអ្នកនិពន្ធ​​នៅ​ស្រុក​បារាំង អញ្ជើញមកថ្លែងពី​វណ្ណកម្ម​របស់​ខ្លួន នៅ​ប្រទេស​បារាំង​។

10563225_738838792850029_6088685100574694526_n

កូន ណេង កន្និដ្ឋា មាន​ស្នាដៃ​រឿង​ខ្លី និង​មាន​សញ្ចេតនា​ច្រើន​ក្នុង​ផ្នែក​តែងនិពន្ធ ហើយ​ដោយសារតែ​ស្នាដៃ​រឿង​ខ្លី​របស់​នាង ទើប​បាន​ត្រូវ​សមាគម​នៅ​ស្រុក​បារាំង អញ្ជើញ​មក​សាធារណៈរដ្ឋ​បារាំង ដើម្បី​និយាយ​ពីស្នាដៃ​របស់​ខ្លួន​ផង (ជាមួយ​ កៅ សីហា ដែរ)។​

11196244_10153382414948816_6549963029679023187_n

កូន​ សុខ ចាន់ផល ដែល​ទើប​ទទួល​ពានរង្វាន់ THE S.E.A WRITE​ឆ្នាំ​ទៅ​ថ្មីៗនេះ និងជាអ្នកនិពន្ធ​ល្បី​មួយ​រូបនៅ​ក្នុងស្រុក ខាង​ទំនុក​ច្រៀង។

69433_116952868365311_8193808_n

 កូន ឡឹក ជំនោរ បាននិពន្ធរឿងខ្លីល្អៗជាច្រើន។ រឿង«ជាងធ្វើកង់» បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១១ នៃសមាគមអក្សរសិល្ប៍ នូ ហាច និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ប្រទេសបារាំង។

191357 

ខ្ញុំ​ភើប​ត្រេក​អរ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ៗ​ធម៌​ទាំង​អស់​នេះ​កំពុង​តែលេច​ត្រដែតក្នុងវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ ក្នុងមាតុប្រទេសនិងប្រទេសជិតខាង៕

​ប្រលោមលោក និង ភាពយន្តរឿង ជើងមេឃថ្មី និពន្ធដោយ ប៉ិច​ សង្វាវ៉ាន ដឹកនាំដោយ ផលិតករ ឡុង តារា

ក្របប្រលោមលោក ចេញផ្សាយនៅប្រទេសបារាំង ឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

គ្មានគ្រួសារ គ្មានមិត្តភក្តិ គ្មានបង្អែកនៅក្នុងលោកដ៏ធំធេងអយុត្តិធម៌នេះ នាងសូភាព

ត្រូវតែខំបង្អោនខ្លួនគោរពតាមបញ្ជាដ៏តឹងរ៉ឹងរបស់លោកស្រីផានី ញ៉ាំងឲ្យសង្វាក់ជីវិត

ឯកោរបស់នាងជួបប្រទះតែការលំបាកយ៉ាងក្រៃលែង។

បើទោះបីជាមានបុរសម្នាក់ឈ្មោះ «ជំនោរ» ដែលជាជនកំព្រាដូចនាងដែរ ខំតាម

ស្រឡាញ់ និងតាមស្តីដណ្តឹងនាងយ៉ាងណាក្តី ក៏លោកស្រីផានីនារីដែលមានចិត្តមារ

ធ្លាប់តែកេងប្រវ័ញ្ញលើជីវិតអភ័ព្វរបស់នាងនោះបានប្រើគ្រប់ស្នៀតមធ្យោបាយ កម្ចាត់

កម្ចាយសេចក្តីសេ្នហានេះឲ្យប្រេះឆា លុះត្រាតែបានឈ្នះទៅតាមឧបាយកលដ៏ខ្មៅ

ងងឹតរបស់ខ្លួន។

ចុះបើដល់ម្លឹងទៅហើយ តើនាងសូភាពស៊ូទ្រាំរស់នៅក្នុងជីវិតគ្រោតគ្រាតគ្មានច្រក

ចេញ គ្មានន័យនេះតទៅទៀតឬទេ? ខំគេចពីជង់ ចូលទ្រុងអន្ទាក់ គេចពីឧបសគ្គមក

ជួបឧបសគ្គ…  តើការស្រេកឃ្លានចង់ស្គាល់សេរីភាពរបស់នារីខ្មែរម្នាក់ ដូចយ៉ាងនាង

សូភាពដែលធ្លាប់តែស្គាល់ និង ទទួលការអប់រំតាមលក្ខណៈប្រពៃណីខ្មែរ និងជានារី

អវិជ្ជាឆោតល្ងង់ស្លូតត្រង់នោះ អាចឲ្យនាងរកឃើញដំណោះស្រាយថ្មីណាមួយដែល

ប្រសើរ សម្រាប់ប្រឈមមុខតទល់ នឹងជីវភាពថ្មីនៅលើទឹកដីប្រទេសបារាំងដែរឬទេ?

តើព្រហ្មលិខិតបានអូសទាញនិងជំរុញនាងឲ្យខំតស៊ូក្រោមផ្ទៃមេឃថ្មីឆ្ពោះទៅរកជើង

មេឃថ្មី ដែលពោរពេញដោយសុភមង្គលដូចជាការស្រមៃចង់បានរបស់នាងដែរឬទេ?

នេះជាខ្សែជីវិត របស់នារីខ្មែរភៀសខ្លួនមួយរូប នៅលើទឹកដីថ្មី ក្រោមមេឃថ្មី ។

២៣ឆ្នាំ ក្រោយពីរឿងនេះបានផ្សាយ

ខ្ញុំមានចិត្តរីករាយជូនបទយកការណ៍រូបថត។

ព្រហ្ម ដួង អារមនី ជាអតីតបវរកញ្ញានៃសារព៏ត៌មាន<នគរធំ>ដែលផ្សាយនៅសរអា ។ នាងជា តារាឯកនៃខ្សែភាពយន្តរឿង <ជើងមេឃថ្មី> ដែលថតនៅប្រទេសបារាំងឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ឆាកផ្សេងៗក្នុងខ្សែភាពយន្តរឿង <ជើងមេឃថ្មី>របស់ផលិតករ ឡុង តារា

ជីវ័ន សម្តែងដោយលោក ប៉ិច ឈុន * នាងសុភាព សម្តែងដោយ ដួង អារមនី (រុបថត៖ ប៉ិច សង្វាវ៉ាន)

សិសិររដូវកន្លងផុតទៅហើយ និទាឃៈរដូវក៏មកដល់។ ដួងចិត្តដ៏ក្រៀមក្រោះស្វិត

ស្រពោន… ជីវិតដែលធ្លាប់តែអណ្តែតត្រសែតគ្មានគោលដៅ អ្វីៗដែលខ្មៅងងឹត

ដិតដាមជាប់ក្នុងបេះដូងកំព្រារបស់សូភាពក៏ប្រែក្លាយទៅជាពណ៌ស៊ីជម្ពូ រីកស្រស់

ថ្លាបីដូចជាស្លឹករុក្ខជាតិនានាដែលខំលូតលាស់បញ្ចេញត្រួយខ្ចីល្វក់ ឬបីដូចជា

បុប្ផាគ្រប់បែបដែល កំពុងរីកបញ្ចេញលម្អបង្អួតគ្នាពេញសួនច្បារ និងនៅក្នុងស្មៅ

ភ្នំនានាទាំងឡាយដែរ។

លោកជីវ័នបាននាំនាងសូភាពនិងរតនៈទៅដើរកម្សាន្តនៅលើភ្នំមួយដែលមាន

រុក្ខជាតិធំៗចោលម្លប់ត្រឈឹងត្រឈៃ។

ជីវិតទាំងបីដកដង្ហើមស្រូបយកខ្យល់ល្អបរិសុទ្ធដាក់ពេញសួត។ ទឹកមុខនាងសូភាព

ស្រស់ថ្លាខុសពីធម្មតា។ សប្បាយរីករាយជាងគេបង្អស់ដោយសារតែនាងទើបនឹង

រកបង្អែកជីវិតបាន។ នាងនឹកឃើញ«បទបូរីជូឡុង»ដែលច្រៀងដោយនាង ហួយ

មាស ត្រង់ឃ្លាទីពីរ ដែលមានសេចក្តីថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត

ជួបម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃា នាពេលស្រទុំម្លប់ឈើធំៗ ស្លុតស្លុង

កាមា»  ហើយនាងក៏ច្រៀងលេងរហ៊ឺមៗយ៉ាងសប្បាយរកអ្វីប្រដូចមិនបាន ប្រៀប

បីដូចជាកំពុងតែស្ថិតក្នុងសុបិននៅសួគ៌ាល័យ។

រតនៈរត់ទៅលេងឆ្ងាយពីបិតានាងសូភាព ដូចជាទុកឱកាសនេះឲ្យអ្នកទាំងពីរឲ្យឱប

រឹតប្រកៀកប្រកើយគ្នាទៅតាមចំណង់តណ្ហានៃសត្វលោក។ សេចក្តីស្នេហានា

កណ្តាលធម្មជាតិដ៏ស្រស់បំព្រង់នេះញ៉ាំងឲ្យចិត្តលោកជីវ័ន និងនាងសូភាពភ្លើត

ភ្លើនឥតព្រំដែន។ លោកគេងកើយភ្លៅនាង ស្តាប់នាងនិយាយរៀបរាប់ពីខ្សែជីវិត

ផ្សងព្រេងរបស់នាងឲ្យស្តាប់។ លោកទាញដៃសង្សារមកដាក់លើទ្រូង ហើយ

អង្អែលថើៗដោយក្តីស្រឡាញ់ និងក្តីករុណាឥតព្រំដែន។

រតនៈបេះបានផ្កាព្រៃមួយបាច់ធំ ហើយរត់មករកជីវិតទាំងពីរដោយអំណរ។ គេស្ទុះ

ងើបឡើងអង្គុយទន្ទឹមគ្នាទាំងទឹកមុខញញឹមពព្រាយ។

-ប៉ា! ម៉ាក់! នេះផ្កាដែលរតនៈបេះពីក្នុងស្មៅមកជូន។

-និយាយរួច រតនៈហុចផ្កាទៅ។ លោកជីវ័នលូកដៃស្តាំ នាងសូភាពលូកដៃឆ្វេងទៅ

ទទួលបាច់ផ្កាព្រមគ្នា ធ្វើឲ្យរតនៈសប្បាយរីករាយលោតទះដៃប្រាវៗ រួចអង្គុយ

ចុះឱបអ្នកទាំងពីរទាំងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ យល់ចិត្តបិតារបស់គេៗក៏រត់

ទៅលេងឆ្ងាយពីទីនោះទៀតទៅ។

សូភាពសែនរំភើបជាពន្លឹក កាលបើបានឮរតនៈហៅនាងថា «ម៉ាក់!»។ នាងក៏សួរ

លោកជីវ័នដោយងឿងឆ្ងល់។

-បងបង្គាប់រតនៈឲ្យហៅខ្ញុំថា «ម៉ាក់»មែនទេ?

-ទេ! បងមិនបានបង្គាប់វាទេ។ រតនៈស្រឡាញ់ចូលចិត្តអូនតាំងពីឃើញអូន ប្រហែល

មកពីសេចក្តីស្រឡាញ់នេះហើយដែលបណ្តាលឲ្យវាហៅអូនថា«ម៉ាក់»ដោយ

ចិត្តវាណ៎ា។ កូននេះចេះណាស់! និស្ស័យជាមួយរតនៈនេះហើយដែលបានផ្សារ

ភ្ជាប់វាសនាអូន និងបងណ៎ា។

-ឱ! សូភាពមាសបងអើយ! បងអរគុណវាសនាណាស់ដែលនាំឲ្យយើងបានជួបគ្នា។

-បងសម្លាញ់! គឺអូនទេដែលត្រូវអរគុណព្រហ្មលិខិតដែលបានកម្រិតវាសនាអូនឲ្យ

មកជួបបង ហើយបានរូបបងអាណិតដល់ជីវិតឥតខ្លឹមសាររបស់អូននោះណ៎ា…

-ម្ចាស់ចិត្តបងអើយ!

-បងជីវ័នម្ចាស់ចិត្តអូនអើយ! សូមបងអាណិតអូនឲ្យច្រើន ហើយសូមបងជួយ

បណ្តុះបណ្តាល រូបអូនឲ្យបានក្លាយជាមនុស្សគ្រាន់បើម្នាក់នឹងគេផងណ៎ាបង។

-កុំព្រួយឲ្យសោះអូនសម្លាញ់! បងនឹងខិតខំយ៉ាងណាឲ្យសូភាពរបស់បងក្លាយ

ជាស្ត្រីខ្មែរម្នាក់ដ៏មានខ្លឹមសារក្នុងសង្គម…

-អរគុណបងណាស់! អូនស្តាយណាស់ ព្រោះតែឪពុកម្តាយអូនក្រីក្របានជាអូន

មិនបានរៀនសូត្រនឹងគេ។ អូនល្ងង់ណាស់បង។ អូនឥតចេះអ្វីទេ។

-មិនទាន់ហួសពេលទេអូន។ កាលណាបើយើងមានបំណងអ្វីមួយច្បាស់លាស់

យើងនឹងបានសម្រេចជាមិនខានដូចសុភាសិតបារាំងមួយបានចែងថា៖ បើយើងចង់

គឺយើងអាចធ្វើបាន

-អូនគ្មានប្រាថ្នាអ្វីក្រៅពីចង់ចេះអាន ចង់ចេះសរសេរអក្សរជាតិយើងឲ្យបានឆ្អិន

ឲ្យសក្តិសមជាកូនខ្មែរម្នាក់ កុំឲ្យគេដៀលថា អូនជាខ្មែរមិនចេះអក្សរសាស្ត្រឯង។

-ប្រសើរណាស់អូន គួរណាស់តែយើងនាំគ្នាលើកស្ទួយភាសាជាតិយើង ដោយខិត

ខំសម្រួចរៀងរាល់ថ្ងៃ។ ភាសាដែលយើងទាំងអស់គ្នាចេះស្រាប់ពីកំណើតមក មិន

គួរយើងនាំគ្នាលប់បំបាត់ចោល ហើយបំភ្លេចនោះទេ។ យើងត្រូវតែដឹងថាភាសា

រលត់ ជាតិរលាយ។ បើសិនជាខ្មែរនាំគ្នាព្រងើយកន្តើយប្រមាថមាក់ងាយភាសាជាតិ

យើង តើបរទេសឯណា គេមកជួយឈឺឆ្អាលជំនួសយើងនោះណ៎ាអូន!

-ច៎ាះបង!

-រឿងនេះបងបានគិតជាយូរមកហើយ។ មុនជួបអូន រតនៈរបស់បងមិនសូវចូលចិត្ត

និយាយភាសាខ្មែរទេ។ នេះមកពីបងបានដាក់រតនៈឲ្យស្រីបារាំងបីបាច់រក្សា។ ដល់

ត្រឡប់មកផ្ទះវិញ វាមិនព្រមនិយាយខ្មែរទាល់តែសោះ។ បងក៏ចេះតែបណ្តោយតាម

កូនទៅ។ សំណាងល្អ បានជួបអូន ស្រាប់តែរតនៈចូលចិត្តនិយាយភាសាយើងវិញ។

-រតនៈនិយាយខ្មែរជាមួយអូនតាំងពីជួបអូនថ្ងៃដំបូងម្ល៉េះ!

-នេះជាការចម្លែកមួយចំពោះរូបវាណ៎ាអូន! បងគិតថា…

-គិតយ៉ាងម៉េចដែរបង?

-បងគិតថា នាំអូន និងរតនៈទៅចុះឈ្មោះរៀនអក្សរខ្មែរ។

-អូហ៍! មែនឬបង? នៅឯណា?

-មានសមាគមខ្មែរមួយបង្រៀនអក្សរខ្មែរឥតយកកម្រៃអីទេ។ ទីនោះនៅមិនឆ្ងាយពី

ផ្ទះយើងប៉ុន្មានឡើយ។ គេបង្រៀនតែថ្ងៃអាទិត្យ។ អូនព្រមទៅរៀនទេ?

-ច៎ាះ អូនព្រម… អូនព្រមដោយរីករាយណ៎ាបង! អូននឹងខិតខំព្យាយាមរៀនឲ្យឆាប់

ចេះ យ៉ាងហោចណាស់គ្រាន់នឹងអាចមើលសៀវភៅប្រលោមលោកខ្មែរយើងខ្លះ។

បងមានសៀវភៅខ្មែរច្រើនណាស់។ តើបងបានសៀវភៅទាំងនោះពីណា?

-បងបានទិញនៅបារីស។ បងឮថានៅសហរដ្ឋអាមេរិក និងនៅប្រទេសយើង គេ

បោះពុម្ពផ្សាយប្រលោមលោក និងសៀវភៅផ្សេងៗជាភាសាជាតិយើងច្រើនណាស់។

បងសង្ឃឹមថា ពីថ្ងៃនេះទៅអក្សរសាស្ត្រយើងនឹងងើបលូតលាស់បន្តិចម្តងៗឡើងវិញ

មិនខាន។

នាងសុភាព និង លោកជីវ័ន ក្នុងឈុតមួយនៃខ្សែភាពយន្តរឿង ជើងមេឃថ្មី (រូបថត៖ ប៉ិច សង្វាវ៉ាន)

អត្ថបទស្រង់ចេញពីប្រលោមលោកដែលទាក់ទងនឹងឈុតខាងលើនេះ៖

-អូនគ្មានរឿងអ្វីទេ ក្រៅពីចង់ដឹងថា បងស្រឡាញ់អូនឬទេ?

-ពុទ្ធោអើយ! ម៉េចអូនសួរបងអីចឹង? នរណានិយាយដើមបងឬ? (សួររួច គេ

ក៏ថើបកេសាស្រីថើៗ)។

សូភាពខំញញឹម ហើយតបវិញ៖

-បងរអៀសខ្លួនឬ? ហ្នឹងច្បាស់ជាមាននាយ មានអាយឯណាទៀតហើយ?

ជីវ័នប្រវាឱបស្រីយ៉ាងណែន ហើយបង្ហូរវាចាស្មោះអស់ពីដួងចិត្ត។

-ច្រើនឆ្នាំកន្លងមកហើយ បងមិនដែលមានចិត្តប៉ងប្រាថ្នានារីណាម្នាក់សោះ។

ទើបតែពេលថ្មីៗនេះ បេះដូងបងរំភើបញាប់ញ័រស្រឡាញ់ពេញចិត្តអូនភាពរបស់

បងអស់ពីថ្លើមប្រមាត់។ ប៉ុន្តែ បង…

និយាយមកដល់ត្រឹមនេះ លោកជីវ័នហាក់ដូចជានឹកឃើញរឿងអ្វីមួយដែលញ៉ាំង

ឲ្យដួងចិត្តស្រយុត ហើយតានតឹងមួយរំពេច។ លោកងាកមើលឆ្វេងស្តាំ រួចក៏ស្រដី

សួរនាងសុភាព។

-រតនៈទៅណាហើយអូន?

-រតនៈចូលគេងហើយបង។

-គួរឲ្យអាណិតរតនៈណាស់ វាសនាវាពុំដឹងជាត្រូវប្រែទៅជាយ៉ាងណាទេ បើអត់ពី

បងទៅ?

-បងចង់ទៅណាចោលអូន និងរតនៈឬ?

-បើបងនៅរស់ បងសូមស្បថសច្ចាថា បងមិនទៅណាចោលអូនទេ។  ភាព! អូន

ស្រឡាញ់រតនៈទេអូន?

-យី! ម៉េចក៏បងសួរអូនអីចឹង? កូនរបស់បង ក៏ដូចជាកូនរបស់អូនដែរ។ តើអូនមាន

អាកប្បកិរិយាណាមួយដែលបង្ហាញថា អូនមិនស្រឡាញ់រតនៈ?

-ទេអត់ទេ! បងសួរ មកពីបងគិតច្រើនពេក!…

ដើម្បីកុំឲ្យស្រីស្នេហ៍កើតក្តីសង្ស័យ ជីវ័នក៏បន្លប់និយាយរឿងផ្សេងៗ។ ភ្លាមនោះ

ជីវ័នចាប់ក្អកស្ទើរតែស្ទះដង្ហើម។ សូភាពភ័យណាស់ ខំរឹតទ្រូងប្រុសកល្យាណទាំង

ក្តីស្រឡាញ់ លាយនឹងក្តីករុណាឥតព្រំដែន។

រូបថត៖ ប៉ិច សង្វាវ៉ាន

+        +

   +


យើងទុកឲ្យនាងសូភាពកើតទុក្ខខ្លោចផ្សាម្នាក់ឯងមួយរយៈសិនចុះ។ យើងក្រឡេក

ទៅមើលជំនោរម្តង។

 រំលងមកជាងមួយឆ្នាំហើយ គឺតាំងពីសូភាពរត់ចេញពីស្ត្រាស់បួរ យុវកំលោះនេះ

មិនទាន់ដាច់ចិត្តរកភរិយានៅឡើយ។

ថ្ងៃនេះ គេត្រេកអរខ្លាំងណាស់ ក្រោយពីបានទទួលដំណឹងពីឪពុកមាគេថា សូភាព

រស់នៅGolbey អេពីណាល់។ បន្ទាប់ពីបានអាស័យដ្ឋានរបស់នាងសូភាពភ្លាម គេក៏

រូតរះទៅរកនាងដល់ទីលំនៅឯអេពីណាល់ និងនាំដំណឹងល្អមួយទៅប្រាប់សូភាព

ផងដែរ។  សូភាពអង្គុយស្តាប់ជំនោររៀបរាប់យ៉ាងយកចិត្តទុកដាក់។

-ភាព! ដូចខ្ញុំបានស្មានពីមុនមែន ថាភាពគ្មានឈឺអីទេ។ ពាក្យថា ភាពកើតជំងឺ

«មហារីក»នោះ ជាពាក្យប្រឌិតរបស់លោកស្រីផានីតែប៉ុណ្ណោះ។ ខ្ញុំអរណាស់

ដឹងថាភាពនៅទីនេះ។ លោកមាខ្ញុំក៏អរណាស់ដែរ។ គាត់បានតឿនខ្ញុំឲ្យមករកភាព

ភ្លាម។ មិនតែប៉ុណ្ណោះ គាត់ចង់ឲ្យយើងទាំងពីររៀបការផង។ ចំពោះខ្ញុំ ចិត្តខ្ញុំគ្មានប្រែ

ប្រួលបន្តិចសោះ សូមភាពជឿចិត្តខ្ញុំចុះ។

សូភាពហៅជំនោរថា «ពូៗ» ដដែល។ នាងក៏ថ្លែងទាំងសោកស្តាយប្រាប់អ្នកកំលោះ

វិញ។

-សូមពូបំភ្លេចខ្ញុំចុះ។ ខ្ញុំមិនមែននៅក្រមុំដូចពីមុនទេ។ ខ្ញុំជាស្រីមេម៉ាយ មានទាំងកូន

ទៀតផង មិនសក្តិសមនឹងរូបពូដែលនៅកំលោះនោះទេ។ គួរណាស់តែ ពូរកនារីក្រមុំ

វ័យក្មេងខ្ចី ទើបសក្តិសមនឹងពូណ៎ា ពូជំនោរ។

-ទោះក្រមុំ ឬមេម៉ាយ ខ្ញុំនៅតែស្រឡាញ់ភាពគ្មានប្រែប្រួល។ ស្នេហាពិតពុំគិតឋានៈ

វណ្ណៈ ឬគិតដល់វ័យខុសគ្នាទេ។ សូមភាពកុំប្រកាន់ចិត្តរឹងរូសពេក អាណិតខ្ញុំផង។

-ខ្ញុំអាណិតពូជំនោរណាស់។ ធ្វើម៉េចទៅ បើជាតិនេះបានជាហួសទៅហើយ ចាំជាតិ

ក្រោយចុះពូជំនោរ សូមពូកុំអាក់អន់ចិត្តនឹងខ្ញុំអី។ អភ័យទោសឲ្យខ្ញុំផងណ៎ាពូណ៎ា។

-ហ៊ឺ! គួរភាពផ្តល់សេចក្តីសង្ឃឹមឲ្យខ្ញុំខ្លះផង។ មិនគួរ ចិត្តភាពដាច់ដល់ម្លឹងសោះ។

ណ្ហើយចុះ សូមភាពនៅឲ្យបានសុខណ៎ា។ ខ្ញុំសូមលាភាពសិនហើយ…

សូភាពតាមមើលដំណើររបស់ជំនោរទាំងឱរាតានតឹងស្ទើរតែប្រេះធ្លាយ។ បានសេចក្តី

ថា នាងអាណិតជំនោរខ្លោចចិត្ត ដែលខំតស៊ូស្រឡាញ់នាងទេ។ ប៉ុន្តែ នាងបានតាំងចិត្ត

ថា នាងមិនយកប្តីទៀតទេ ទើបនាងត្រូវតែឆ្លើយទៅជំនោរវិញយ៉ាងនេះ…។ នាងនឹក

ថា គ្មានបុរសណាម្នាក់អាចជំនួសរូបបងជីវ័នរបស់នាងបានឡើយ។ ក្រៅពីជីវ័នដែល

ចេះស្រឡាញ់ថ្នាក់ថ្នមចិត្តនាង ចេះយោគយល់ ចេះបំពេញចិត្តនាង ហើយ និងចេះ

តម្កើងនាងនោះ នាងគ្មានទំនុកចិត្តលើបុរសណាទាំងអស់ ទោះជាជំនោរក៏ដោយ។

នាងតែងតែធ្លាប់ឮគេនិយាយច្រើនណាស់អំពីរឿងប្រុសធ្វើឫកធំ។ ប្រុសដែលមិន

ចោលរបៀបជិះជាន់ភរិយាទុកដូចជាទាសី។ ប្រុសខិលខូចដើរចោលផ្ទះសម្បែង

មានស្រីញីតាមទំនើងចិត្តល្មោភស្នេហ៍ ឬក៏ធ្វើបាបប្រពន្ធ ហៅមិត្តភក្តិមកជប់លៀង

ឲ្យប្រពន្ធដុតដៃដុតជើងបម្រើភ្ញៀវមិនឈប់ឈរ… ទើបសូភាពសូមស្មារលា បញ្ចប់

រឿងស្នេហាតែត្រឹមហ្នឹងចុះ។

ជំនោរទៅរកនាងសុភាពដល់ផ្ទះ(ជំនោរ សម្តែងដោយ លោក សុខ កុសល)  (សុភាព សម្តែងដោយ ដួង អារមនី) (រុបថត៖ ប៉ិច សង្វាវ៉ាន)

+        +

   +

ខ្សែភាពយន្ត ជើងមេឃថ្មី បានបញ្ចាំងលើកដំបូងបង្អស់

នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ១៩៨៩

ក្នុងសាល ឡាក្លេហ្វ ក្រុងប៉ារីស សង្កាត់ទី៥។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងថ្ងៃបញ្ចាំង។

ទិដ្ឋភាពនៅក្នុងសាលបញ្ចាំងរឿងជើងមេឃថ្មីលើកដំំបូងបង្អស់ (រុបថត ប៉ិចសង្វាវ៉ាន)

អ្នកស្រី វិរៈតារា អតីតតារាភាពយន្តខ្មែពាក់អាវពណ៌ផ្កាម់ោងដប់ (រូបថត ប៉ិច សង្វាវ៉ាន)

ការបង្ហាញតួសំខាន់ៗនៃភាពយន្តរឿង

ជើងមេឃថ្មី

                             

                               សមាសភាពនៃអ្នកសម្តែងតួក្នុងរឿង<ជើងមេឃថ្មី >           

                              *  លោក ឈរ ហ៊រ ឃៀង សម្តែងតួ ស្វាមីអ្នកស្រីផានី

                              *  អ្នកស្រី (ភ្លេចឈ្មោះ)           សម្តែងតួ អ្នកស្រី ផានី

                              *  លោក ម៉ម ណារុំ               សម្តែងតួ ឪពុកមាជំនោរ

                              *  លោក សុខ កុសល                        សម្តែងតួ ជំនោរ

                              * លោក ប៉ិច ឈុន                                សម្តែងតួ ជីវ័ន

                              * កុមារី ណារា ម៉ារីណា                       សម្តែងតួ រតនា 

                              * ព្រហ្ម ដួងអារមនី                    សម្តែងតួ នាងសុភាព

សូមបញ្ជាក់ថា រឿងជើងមេឃថ្មីបានបញ្ចាំងម្តង

ទៀតជាលើកទី២នៅថ្ងៃសៅរ៍ ២៦មករា ១៩៩១

នៅក្រុងវិឡឺប៉ាំងជាយក្រុងប៉ារីស។ ទស្សនិកជន

ខ្មែរបានអញ្ជើញមកទស្សនាកុះករពេញសាល

ពីព្រោះ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ

បំផ្លិចបំផ្លាញវប្បធម៌ នេះជាលើកទីមួយដែល

សហគមន៍ខ្មែរក្នុងប្រទេសបារាំងបានទស្សនា

ខ្សែភាពយន្តខ្មែរដែលថតលើកទីមួយនៅអ៊ឺរ៉ុប

ដែលមានខ្នាត ១៦មីល្លីម៉ែត្រ បញ្ចាំងលើផ្ទាំង

សំពត់សរ។


ក្រោយមកទៀត ក្នុងខែកក្កដា ឆ្នាំ២០០៧ នៅ

ភ្នំពេញ រឿង ជើងមេឃថ្មី ត្រូវបានសហព័ន្ធ

អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាជ្រើសរើសយកទៅ

ផ្សាយក្នុងកម្មវិធីសៀវភៅល្អៗតាមទូរទស្សន៍ជាតិ

កម្ពុជា (ទ.ទ.ក.) ដោយមានរូបខ្ញុំចូលរួមធ្វើ

អន្តរាគមន៍ តាមសេចក្តីអញ្ជើញរបស់លោកស្រី

អ្នកនិពន្ធប៉ាល់ វណ្ណារីរក្ស ដើម្បីឆ្លើយសំណួរដេញ

ដោលរបស់និស្សិតមួយក្រុម។

ភ្នំពេញ កក្កដា ២០០៧ (រូបថត ប៉ិចសង្វាវ៉ាន) ៖ លោក ជា សំណាង ជាពិធីករ ក្នុងកម្មវិធីសៀវភៅល្អៗ និង ខ្ញុំ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជាដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា (រូបថត៖ប៉ិច សង្វាវ៉ាន)

ភ្នំពេញកក្កដា២០០៧៖ ខ្ញុំជាមួយក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងនិស្សិតក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិច សង្វាវ៉ាន)

ភ្នំពេញ កក្កដា ២០០៧ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា៖ក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងខ្ញុំ ក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិចសង្វាវ៉ាន)


ខ្លែងឯកអើយ!ថ្ងៃណាអ្នកច្រៀងឡើងវិញ និពន្ធដោយ លោកជា ហួ

ផ្សាយឡើងវិញ

ចំណាប់អារម្មណ៍របស់ខ្ញុំ ប៉ិច សង្វាវ៉ាន

ក្រោយពីបានសរសេរសៀវភៅជាភាសា បារាំងមួយដែលមានចំណងជើងថា«QUATRE ANS avec les KHMERS ROUGES»ផ្យាយចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយ EDITION CHOUឆ្នាំ២០០៧នៅទីក្រុងប៉ារីសសង្កាត់ទី២ លោកហួ ជាបានបកប្រែរឿងនេះជាភាសាខ្មែរហើយដាក់ចំណងជើងថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»។

«ខ្លែងឯកអើយ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»ជារឿងពិតរបស់អ្នកនិពន្ធដែលជាបញ្ញាជន មួយរូប ប្រកបដោយស្មារតីស្នេហាជាតិនិងចង់រួមចំណែកជួយកសាងប្រទេសជាតិឲ្យ បានរីកចម្រើន មានសមភាពមានយុត្តិធម៌បំបាត់អំពើពុករលួយក្នុងសង្គម…។ល។

ការឃោសនាបោកប្រាសដ៏ប៉ិន ប្រសប់របស់ពួកខ្មែរក្រហមនៅឯបរទេសបានប្រទាញបណ្ឌិតជាហួឲ្យជឿ ស្លុងលង់តាមហើយលោកបានធ្វើពលិកម្មលះបង់ចោលសេចក្តីសុខ ផាសុខភាពផ្ទាល់ខ្លួន និងសញ្ញាប័ត្រខ្ពងខ្ពស់ ព្រមទាំងកិតិ្តយស…..ហើយបានសុខចិត្តធ្វើមាតុភូមិនិវត្តន៍ទៅរស់ នៅជាប្រជាជនបដិវត្តិន៍ដ៏សាមញ្ញបម្រើអង្គការខ្មែរក្រហម។

ផ្ទុយទៅវិញ សេចក្តីសង្ឃឹមថាមប្រើប្រទេសជាតិរបស់លោកបានរលាយខ្សុលដូចផ្សែង ក្នុងលំហវេហាស៍ល្វឹងល្វើយឥតកោះត្រើយ ហើយ ផ្តល់តែភាពល្វីងជូរចត់ពេញបេះដូងថ្លើមប្រម៉ាត់ពុំអាចថ្លាថ្លែង បរិយាយឲ្យស្មើបានឡើយទោះបីជាជាភាសាខ្មែរយើងសម្បូណ៍វាក្យស័ព្ទ និងគុណនាមយ៉ាងណាក៏ដោយ។

ជាអតីតអ្នកសារព័ត៌មាននៃ វិទ្យុបារាំងអន្តរជាតិRFI( RADIO FRANCE INTERNATIONALE) ខ្ញុំបានអានសៀវភៅជាច្រើនដើម្បីយកមកវិភាគផ្សាយក្នុងវិទ្យុ។ ក្នុងចំណោមសៀវភៅដ៏ច្រើនដែលខ្ញុំបានអានអស់រយៈពេល១៨ឆ្នាំនេះ ខ្ញុំក៏បានអានសៀវភៅដែលសរសេររឿងពិតក្នុងរបបខ្មែរក្រហមដ៏សាហាវ នេះមិនតិចដែរ ប៉ុន្តែខ្ញុំនៅពុំទាន់បានប្រទះសៀវភៅណាមួយនៅឡើយដែលសរសេរពី ជីវិតជាជនបដិវត្តន៍ពិតដែលបានរស់នៅប្រឡូកក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនិងបានឃើញការពិតផ្ទាល់ភ្នែក។ គ្រប់មនោសញ្ចេតនានិងអារម្មណ៍សកលរបស់មនុស្សបានលាតត្រដាងទាំងអស់ តាមរយៈពាក្យពេចន៍ឃ្លាប្រយោគខ្លឹមៗ៖ ពីរោះ ឈឺផ្សា ក្តៅក្រហាយ រន្ធត់ តានតឹង និងធូរស្រាលតាមរយៈការប្រែសម្រួលដ៏ល្អធ្វើឲ្យអ្នកអានស្រួលមើល ស្រួលយល់និងមិនធុញ។ខ្ញុំសូមបញ្ជាក់បន្ថែមថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ» ជាសៀវភៅមួយដែលធ្វើឲ្យខ្ញុំអានយ៉ាងជក់ស្ទើរតែមិនចង់សម្រាក បន្តិចសោះឡើយ។

ដូចលោក ហួ ជាជាអ្នកនិពន្ធបានសរសេរក្នុងអារម្ភកថា៖ រឿងរ៉ាវដែលពណ៌នាក្នុង«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»ជារឿងរ៉ាវពិតដែលបានកើតឡើងនៅក្នុងសម័យខ្មៅ ងងឹតមួយនៃប្រវត្តិសាស្ត្រជាតិខ្មែរ។ គឺជាសម័យដែលបំផ្លាញជីវិតមនុស្សអស់ជិតមួយភាគបីនៃប្រជាជន កម្ពុជាទាំងមូល។

«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»

គឺជាសៀភៅដែលឆ្លុះបញ្ចាំងសម័យកម្ពុជាប្រជាធិបតេយ្យ

ដែលបានសាបព្រោះវិនាសកម្មធំធេងធ្វើឲ្យប្រជាជនខ្មែរខ្លាចបាក់ស្បាត។

សៀវភៅនេះតម្លៃជាប្រវត្តិសាស្ត្រ

ដែលយុវជនយុវនារីខ្មែរនិងប្រជាជនខ្មែរគួរតែជាវអានខានមិនបាន។

ខ្លែងឯកអើយ!

ថ្ងៃណា អ្នកច្រៀងឡើងវិញ

និពន្ធដោយលោក ជា ហួ

[…]

តើសល់អ្វីខ្លះពីកុមារភាពរបស់ខ្ញុំ?

កាល នៅប្រទេសបារាំង ឆ្ងាយពីមាតុភូមិ យើងតែងមានក្តីនឹករលឹករឿយៗមកដល់ស្រុកកំណើត-នឹកដី-នឹកស្រែ ដែលធ្លាប់រស់នៅ នឹកឪពុកម្តាយ-នឹកក្រុមគ្រួសារញាតិផៅសន្តាន-នឹកគ្រប់អនុស្សារីយ៍។ កាន់តែនឹក កាន់តែស្រឡាញ់ស្រុកទេសថែមទៀត! ដោយហេតុតែស្រឡាញ់ស្រុក យើងក៏ស្រមៃចង់ឲ្យប្រទេសក្លាយទៅជាប្រទេសជឿនលឿនទំនើបដូចគេ ស្រមៃចង់ឃើញប្រជាជនខ្មែររស់នៅសម្បូណ៌សប្បាយ មានសុភមង្គល រស់នៅដោយសុវត្ថិភាពក្នុងសង្គមស្អាតស្អំមួយ ដែលគ្មានអំពើពុករលួយ គ្មានការជិះជាន់ គ្មានការគាបសង្កត់ពីសំណាក់អ្នកកាន់អំណាច គ្មានអយុត្តិធម៌សង្គម។ តែការស្រមៃអស់ទាំងនេះ ពេលនោះ គ្រាន់តែជាស្រមោលដែលអន្ទោលនៅក្នុងសតិអារម្មណ៍ម្តងម្យាមតែ ប៉ុណ្ណោះ។ តែសភាពការណ៍ជាក់ស្តែងរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០ បានដាស់សតិអារម្មណ៍យើងគ្រប់គ្នាឲ្យភ្ញាក់ ឲ្យចេះនឹកគិតដល់រឿងស្រុកទេសដល់វាសនាប្រទេស វាសនាប្រជាជន។ ខ្ញុំក៏ដូចជាមិត្តខ្ញុំទាំងអស់ យើងយល់ថា មានតែផ្លូវបដិវត្តន៍មួយទេ ដែលអាចស្តារសភាពការណ៍នេះឡើងបាន អាចសាងសង្គមខ្មែរមួយ គ្មានអំពើពុករលួយ គ្មានអយុត្តិធម៌សង្គម។ ឯកសារទ្រឹស្តី-ពត៌មាននានា ដែលយើងបានទទួល បានអាននៅពេលនោះ សុទ្ធតែពោលសរសើរពីបដិវត្តន៍ ពីវីរភាពប្រជាជននៅតំបន់រំដោះ ដែលចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ សស្រាក់សស្រាំ កសាងសង្គមខ្មែរថ្មីស្អាតស្អំមួយ ដែលកំពុងរីកត្រចះត្រចង់លើដែនកម្ពុជា។ ពត៌មានឥតខ្ចោះអស់ទាំងនេះ ត្រូវនឹងចំណូលចិត្ត ដែលយើងប៉ងពីមុនមកផង ធ្វើឲ្យយើងវង្វេងស្មារតី ជឿស្លុបទាំងស្រុងទៅលើពាក្យឃោសនា សម្តីបោកប្រាសភូតកុហក ប្រជាភិថុតនៃពួកខ្មែរក្រហមដោយមិនដឹងខ្លួន។ ក្បាលម៉ាស៊ីនឃោសនាអកុសល បោកប្រាសនេះបានសន្តំសតិអារម្មណ៍យើង ដែលសុទ្ធតែជាបញ្ញាជន ឲ្យភ្លេចអ្វីៗទាំងអស់ ភ្លេចគិត ភ្លេចគូរ ភ្លេចត្រិះរិះ ភ្លេចពិចារណា ភ្លេចមើលវែងឆ្ងាយ ចាំតែជឿគេ។ យើងបណ្តាលឲ្យគេដឹកក្បាលទៅឆ្វេង ទៅស្តាំយ៉ាងស្រួល ឥតប្រកែក។ យើងសុខចិត្តលះបង់គ្រប់ក្តីសប្បាយនៃយុវភាព យើងលេងហ៊ានដើរលេងរហេតរហូត លេងហ៊ានទៅមើលកុន លែងហ៊ានច្រៀងចម្រៀងមនោសញ្ចេតនា ដែលធ្លាប់ស្រឡាញ់ នេះចំជា «ភ្លើសែនភ្លើ!» នេះជាកំហុសមួយយ៉ាងធំរបស់យុវភាពរបស់ខ្ញុំ ជាដំបៅធំមួយ ដក់ជាប់នៅក្នុងទ្រូងខ្ញុំរហូតមកដល់សព្វថ្ងៃទោះជាពេលវេលាបាន កន្លងមករាប់សិបឆ្នាំក៏ដោយ ក៏នៅមិនទាន់ជាសះជិតមុខដែរ។ វិប្បដិសារីដ៏មហិមានេះដិតជាប់ជានិច្ចក្នុងផ្នត់គំនិតខ្ញុំ ធ្វើឲ្យយើងនឹកស្តាយជាអតិបរមាដល់យុវវ័យដ៏ផូរផងរបស់យើងគ្រប់ៗ គ្នា។ សូមសកម្មជនទាំងអស់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំចេះតែជឿតាមគេ ដោយខ្វះការពិចារណាយ៉ាងនេះ! យើងមានឧត្តមគតិ វាល្អប្រពៃឧត្តុង្គឧត្តមណាស់ តែយើងក៏កុំភ្លេចមើលឆ្វេង មើលស្តាំផង កុំចេះតែជឿគេ ងងឹតងងល់ បណ្តាលឲ្យគេដឹកចុះនរកដោយមិនដឹងខ្លួននោះ!

ចេញ ពីព្រៃភ្លាម ខ្ញុំធេងធោងល្ហិតល្ហៃតែលតោល អារម្មណ៍ទ្រុឌទ្រោមវិលវល់ ហាក់ដូចជាបាត់អ្វីៗទាំងអស់ពីក្នុងខ្លួន មើលជុំវិញខ្លួនឃើញតែខ្មៅងងឹត។ មែនខ្ញុំបាត់មោទនភាព បាត់ក្តីសង្ឃឹម បាត់ក្តីប្រាថ្នា បាត់ភាពហ៊ឹកហាក់ បាត់ក្តីក្លាហានអស់រលីង។ អ្វីៗដែលខ្ញុំចង់បាន ដែលខ្ញុំប៉ងពីមុនត្រូវរលាយបាត់រូប។ ខ្ញុំខ្វល់សព្វខ្ញុំខ្វល់គ្រប់ ខ្វល់ព្រោះមិនដឹងថា ឪពុកម្តាយគ្រួសារមានសុខទុក្ខយ៉ាងណា ខ្វល់ព្រោះស្តាយស្រុកមិនគួរធ្លាក់ដល់កម្រិតហ្នឹង។ ខ្ញុំមានស្ថានភាពដូចជាជនវិកលចរិតម្នាក់ ខ្ញុំខ្លាចសព្វខ្លាចគ្រប់ ខ្លាចមនុស្ស ខ្លាចមនុស្ស ខ្លាចសង្គម។ ខ្ញុំដែលជាមនុស្សធ្លាប់តែរួសរាយ ចូលចិត្តសប្បាយលេងសើច ខ្ញុំក្លាយទៅជាមនុស្សទុទិដ្ឋិនិយមស្អប់មនុស្ស ស្អប់សង្គម ស្អប់នយោបាយ ស្អប់អ្នកធ្វើនយោបាយ។ ខ្ញុំក្លាយទៅជាមនុស្សឯកោ ធ្លាក់លុងទៅក្នុងរណ្តៅអស់សង្ឃឹមមួយជ្រៅសែនជ្រៅ។ ពីដើមខ្ញុំធ្លាប់បើកឡានលឿនល្លេវៗ តាមមហាវិថីនានានៅក្រុងប៉ារីស ឥឡូវខ្ញុំក្លាយទៅជាមនុស្សខ្លាចឡាន ខ្លាចចង្កូតឡាន ខ្លាចដូចឈ្លូសចូលស្រុក។

ខ្ញុំ មិនបន្ទោសខ្លួន ហើយមិនស្តាយទេនូវមាតុភូមិវត្តន៍របស់ខ្ញុំ នាដើមឆ្នាំ១៩៦៧ ព្រោះខ្ញុំបានធ្វើទៅតាមឧត្តមគតិ ទៅតាមមនោសញ្ចេតនារបស់ខ្ញុំ ព្រោះខ្ញុំចង់យកចំណេះចេះដឹង ទៅបម្រើ និងជួយកសាងស្រុក។ តែខ្ញុំខឹងចិត្ត នឹកស្តាយជាទីបំផុតដោយចាញ់ឧបាយកលខ្មៅក្រខ្វក់បោកប្រាសឧត្បាត របស់ខ្មែរក្រហម។

អស់រយៈពេលយូរណាស់ ទម្រាំខ្មែរមានស្ថានភាពនឹងនរធម្មតាដូចពីដើម។

ដប់ ឆ្នាំក្រោយមក ខ្ញុំមានសំណាងបានត្រឡប់ទៅលេងភូមិកំណើតរបស់ខ្ញុំ។ ខ្ញុំមានក្តីរំភើបក្តុបក្តួលក្នុងចិត្តជាខ្លាំង ព្រោះស្តាយអាណិតស្រុក ដែលពីដើមធ្លាប់តែសម្បូណ៌សប្បាយ ឥឡូវប្រែជាស្រពោន វេទនាតោកយ៉ាក។ ខ្ទមតូចៗ កណ្តេចកណ្តោចដុះរហង់តាមដងផ្លូវជាតិ ដែលដាច់ក្រហេងក្រហូងដោយអន្លើៗទៅហើយ  ធ្វើឲ្យខ្ញុំនឹកទៅដល់អត្ថបទរបស់អ្នកនិពន្ធចិនដ៏ឆ្នើមម្នាក់ ឈ្មោះ «លូស៊ីន» ដែលបានពណ៌នារៀបរាប់ពីសន្តានចិត្តគាត់ នៅពេលបានឃើញទិដ្ឋភាពនៃភូមិកំណើតដូនតាជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញទៅអស់រយៈ២០ឆ្នាំមក។ ចំណែកឯខ្លួនខ្ញុំវិញ ក៏មិនខុសពីចំណាប់អារម្មណ៍របស់គាត់ដែរ ខ្ញុំភ្ញាក់ស្លុតចិត្តជាខ្លាំង ព្រោះខ្ញុំមើលភូមិកំណើតលែងស្គាល់។ ភូមិដែលពីដើមធ្លាប់ស្អាតស្អំសប្បាយរីករាយ ឥឡូវក្លាយទៅជាក្រៀមក្រំ ស្វិតស្រពោន គ្មានព្រលឹង។ ភូមិខ្ញុំប្លែកខុសពីមុនឆ្ងាយណាស់ គេបានប្រែរូបទៅជាភូមិដីក្រហម ក្រហមទាំងផ្ទះ ក្រហមទាំងដើមឈើនៅសងខាងផ្លូវ ព្រោះថ្នល់ដែលធ្លាប់ចាក់ថ្មក្រាលកៅស៊ូរលោងស្រិល ឥឡូវក្លាយទៅជាថ្នល់ចាក់ដីក្រហមហុយទ្រលោម។ ហួសចិត្ត! យើងហាមាត់និយាយលែងរួច!

រីឯ បងប្អូនគ្រួសារមិត្តភក្តិវិញ មួយចំនួនធំ ត្រូវបាត់បង់ជីវិតក្នុងសម័យក្រហមអស់ទៅហើយ ឯអ្នកដែលនៅសល់វិញ ខ្លះស្គមស្គាំង ខ្លះជ្រុះធ្មេញស្ទើរអស់ពីមាត់។ រួមផ្សំនឹងជីវភាពដុនដាបលំបាកវេទនាផង គេរស់ទាំងបារម្ភ ទាំងភិតភ័យ ទាំងអស់សង្ឃឹមផង គេក៏ក្លាយទៅជាមនុស្សចាស់ជាងអាយុ យើងមើលលែងចង់ស្គាល់។

ឱ! ខ្លែងឯកអើយ! ខំកាត់ពីនាយដល់អាយ សង្ឃឹមថា នឹងបានស្តាប់អ្នកជាថ្មីម្តងទៀត តែអនិច្ចា! មិនបានឮសំនៀងអ្នកទេ បែរទៅជាឮសំឡេងខ្សឹកខ្សួល-អួលទឹកភ្នែក រៀបរាប់អំពីទុក្ខសោក រៀបរាប់ពីទុក្ខសោក ពីការព្រាត់ប្រាសលំបាកវេទនាទៅវិញ! ខ្ញុំនិយាយលែងចេញ…

ឆ្នាំ ១៩៧៩ បន្ទាប់ពីរបបកម្ពុជារលំរលាយទៅ ប្រជាជនមួយចំនួនផុសផុលនាំគ្នារាំច្រៀង នាំគ្នាស្រែកហូរកញ្ជៀវ គេសើចព្រោះជីវិតនៅគង់វង់ នឹងមានសេរីភាពឡើងវិញ! គេខំនាំគ្នារាំច្រៀងៗ ដើម្បីបំភ្លេចទុក្ខ! ដើម្បីរម្ងាប់ក្តីអស់សង្ឃឹម! ម្នាក់ៗអស់រលីងពីខ្លួន អស់ម៉ែអស់ឪ-អស់បងអស់ប្អូន-អស់លុយ-អស់ផ្ទះសម្បែង។ ប្រទេសខ្មែរដែលធ្លាប់តែសម្បូណ៌ ឥឡូវគេក្លាយទៅជាប្រទេសក្រជាងគេនៅក្នុងសកលលោកអ្វីៗក៏គ្មាន! អ្វីៗក៏អស់! គ្មានមធ្យោបាយផលិត! គ្មានថវិកា!

ពី សង្គម «បុរេប្រវិត្តសាស្រ្ត» មក «សម័យទំនើប» វាខុសគ្នាឆ្ងាយណាស់ហៅមិនឮ! ពី«ចបកាប់-រទេះគោមកសម័យកុំព្យូទ័រ» យើងត្រូវឆ្លងជ្រោះជ្រលងមួយជ្រៅសែនជ្រៅឆ្ងាយសន្លឹម។ បើយើងហ៊ានលោកផ្លោះឲ្យទៅតាមទាន់គេភ្លាមៗ ដោយមិនឈរលើសមត្ថភាពផ្ទាល់របស់យើងទេ យើងប្រាកដជាជួបប្រទះនឹងបញ្ហាសង្គមមួយធំមហិមា ពិបាកដោះស្រាយ ជំពាក់គេវ័ណ្ឌកដោយខានមិនបាន ហើយប្រជាជនមួយចំនួនធំនឹងត្រូវធ្លាក់ទៅក្នុងទុគ៌តភាព មិនងាយនឹងស្តារ! រីឯសាមគ្គីភាព ភាតរភាព ក៏កាន់តែវិនាសហោចទៅៗប្រគល់តំណែងទៅឲ្យ«អធិរាជដុល្លារ»មកគ្រប់ គ្រងដណ្តប់លើសង្គមខ្មែរ ជំនួសវិញ!

នេះហើយដែល«របបកម្ពុជាប្រជាធិបតេយ្យមហាអស្ចារ្យ» បានបន្សល់ទុកឲ្យខ្មែរយើង៖

-យើងខូចខាត បាត់បង់អស់ ! អស់ស្រុក អស់ស្រែ! អស់ជីវិត!

-យើងទាំងអស់គ្នាបាត់មោទនភាព ! បាត់ក្តីសង្ឃឹម! បាត់សុភមង្គល!

-ប្រជាជនបាត់សុវត្ថិភាព! បាត់សម្រស់! បាត់ក្តីសប្បាយក្នុងជីវិត!

– ប្រជាជនបាត់ព្រលឹង! បាត់កិត្តិយស! បាត់ភាពថ្កុំថ្កើង!

ឱ! ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!

[…]

ដក ស្រង់ ទំព័រទី៣២៦ ដល់៣៣១, ពីសៀវភៅ «ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!» របស់អ្នកនិពន្ធ ជា ហួ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ឆ្នាំ២០១១ ។

ព្រលានយន្តហោះអន្តរជាតិក្រុងបាងកក

ថ្ងៃទី២៣កក្កដា១៩៧៩វេលាម៉ោង៩យប់!

ពិត មែនតែយប់យន់បន្តិចទៅហើយក្តីអំពូលអគ្គីសនីនៅតែជះពន្លឺភ្លឹ ចិញ្ចាចឥតថយថាមពលឡើយ។សភាពអ៊ូអរនៃបុគ្គលិកផងអ្នកលក់ដូរផង រួមជាមួយអ្នកដំណើរដែលដើរខ្វាត់ខ្វែងចុះឡើងព្រោងព្រាតធ្វើឲ្យ បរិយាកាសនៃរាត្រីកាលនារដូវវស្សានេះរិតតែស្អុះស្អាប់មួយកំរិត ថែមឡើងទៀត។

ដោយឡែក នៅឯជ្រុងម្ខាងណោះជនមួយក្រុមប្រមាណពីររយរូបហាក់ដូចជាមិនអើ ពើឬរីករាយនឹងទិដ្ឋភាពខាងលើនេះទេ។ ទឹកមុខស្រពាប់ស្រពោនក្រៀមក្រោះរបស់គេបញ្ជាក់ឲ្យដឹងថា គេមានបង្កប់នូវទុក្ខមួយយ៉ាងធំនៅក្នុងខ្លួន។

នេះ ហើយជនភៀសខ្លួនខ្មែរដែលទើបនឹងរើបំរះងើបចេញរួចពីរណ្តៅនរក ក្រហម» ហើយមានសំណាងបានត្រូវគេជ្រើសរើសឲ្យទៅនៅជ្រកកោនឯប្រទេសទីបី។ ក្រុមនេះនៅឆ្ងាយដាច់ពីគេពីឯង ខ្លះឈរ  ខ្លះអង្គុយលើកៅអី ខ្លះទៀតអង្គុយចោងហោង ឱបបង្វេច

ទន្ទឹង រង់ចាំពេលគេហៅឈ្មោះឡើងយន្តហោះ។ យើងគ្មានរបស់អ្វីយកទៅឲ្យគេត្រួតពិនិត្យដូចអ្នកដំណើរឯទៀតៗទេ ព្រោះក្នុងខ្លួនយើងម្នាក់ៗ វាអស់រលីងទៅហើយ សល់តែកូនសម្ពាធតូចមួយប៉ុណ្ណោះ។ តាមការពិតគ្មានរបស់អ្វីធំដុំមានតម្លៃនៅក្នុងនោះទេ តែវាជាកម្មសិទ្ធិដ៏ថ្លៃថ្លាមិនអាចកាត់តម្លៃបាន ជាកម្មសិទ្ធិដែលយើងខំរក្សាទុកយូរមកហើយ ជាកម្មសិទ្ធិដែលធ្លាប់កំសត់កម្រជាមូយគ្នាតាំងពីក្នុងព្រៃមក ម្លេះ។

ពីរបីថ្ងៃ មុននេះ ក្រុមកាកបាទក្រហមនិងអង្គការមនុស្សធម៌អន្តរជាតិបាននាំយក សំលៀកបំពាក់ខ្លះចាស់ខ្លះថ្មីមកចែកឲ្យយើងព្រោះថា អាវខ្មៅចាស់ៗដែលពោរពេញទៅដោយបំណះនិងពុកដោយអន្លើៗទៅហើយនោះ មិនគួរបើជាមើលទេ។ បានស្លៀកពាក់ខោអាវថ្មីភ្លាម យើងក៏បានប្រែក្លាយទៅជាមនុស្សម្នាដូចពីដើមច្រឡំនឹងគេនឹងឯង ដែរ។

ពេលដែលខ្ញុំ លើកយកសំលៀកបំពាក់អស់ទាំងនេះមកពាក់ជាលើកដំបូង ខ្ញុំស្លុតចិត្តអួលដើមកនិយាយលែងចេញ។ ខ្ញុំខ្មាសខ្លូនឯង ! ខ្មាសអ្វីៗគ្រប់សព្វ ! ខ្មាសធម្មជាតិ ! ខ្មាសព្រហ្មលិខិត ! ។ ខ្ញុំអាសូរខ្លួនមិនគួរណាធ្លាក់ខ្លួនដល់កម្រិតនេះសោះ។ ! ពីបញ្ញាជនប្រកបដោយអនាគតត្រចះត្រចង់ ខ្មែរក្រហមបានធ្វើខ្លួនខ្ញុំឲ្យក្លាយទៅជាអ្នកសុំទាន។! ខ្ញុំសុំទានគេមិនត្រឹមតែខោអាវ ខ្ញុំសុំរហូតដល់ដីគេនៅ! សុំមេឃគេជ្រក!

…ព្រោះតែចង់រស់!

តើ នរណាអាចប៉ាន់ប្រមាណបាន? ប៉ុន្មានឆ្នាំថ្មីៗមុននេះសោះ ខ្ញុំចងក្រវាត់ក ពាក់អាវធំដើរលេងយ៉ាងរំភើយនៅតាមដងមហាវិថី«Champs-Elysées»នា ក្រុងប៉ារីស។ ឥឡូវសល់អី? ខ្ញុំអស់រលីង! អស់ទាំងខោ អស់ទាំងកិត្តិយស ! អស់ទាំងមោទនភាពរបស់ខ្ញុំ! មិនតែប៉ុណ្ណោះ ខ្ញុំត្រូវឃ្លាតពីមាតុភូមិជាទីស្នេហា ! ព្រាត់បា្រសឪពុកម្តាយជា ទីស្រឡាញ់ ព្រាត់ក្រុមគ្រួសារញាតិផៅសន្តាន ! ព្រាត់សព្វព្រាត់គ្រប់ !

ឱ! បដិវត្តន៏អធនអើយ!ស្មានមិនដល់សោះថាអ្នកសាហាវដូច្នេះ! អ្នកសាហាវជាងព្រហ្មលិខិតទៅទៀត!

ក្នុង ចំណោមពួកយើង ពុំសូវមានបញ្ញាជនទេ។ ភាគច្រើនៗតែ ពូមីងចាស់ៗ មីងមេម៉ាយដែលមានកូនច្រើននិងកុមារកំព្រាមួយចំនួនមកពីជនបទ។ កុមារខ្លះស្រែកយំទារចំណី។ តើឲ្យម្តាយទៅរកឯណាបាន បើគ្មានមួយរៀលក្នុងហោប៉ៅផង? គឺមានតែទឹកមាត់សំរាប់លេបនិងកែវភ្នែកមួយគូសម្លឹងភ្លៀកៗទៅលើ នំនែកផ្លែឈើដែលគេតាំងនៅ លើរានតែប៉ុណ្ណោះ។ មីងខ្លះបំបៅកូន ខ្លះទៀតអង្គុយឱបបង្វេច ហាក់ ដូចជាខ្លាចបាត់បង់នូវកម្មសិទ្ធិដ៏ថ្លៃថ្លានេះ។ ខ្លះទៀតឈរធ្មឹងដូចរូប ចម្លាក់ ទាល់តែឮស្នូរដកដង្ហើមធំយូរៗម្តង ទើបដឹងថាគេនៅរស់រានមាន ជីវិតនៅឡើយ ។ ចក្ខុគេទាំងគូ ស្ងួតស្រពោនក្រៀមក្រោះ គឺជាចក្ខុដែលលែងមានទឹកភ្នែកហូរមកទៀតព្រោះវាបានបង្ហូរច្រើន ជ្រុលទៅហើយក្នុងមួយរយៈកាលកន្លងទៅនេះ។ អ្នកខ្លះទៀតខំឈរសម្លឹងរកមើល នឹកសង្ឃឹមក្នុងចិត្តថា ក្រែងបានវិលមកជួបគ្នាវិញ ខ្លះប្តី ខ្លះប្រពន្ធ ខ្លះកូនចៅ ដែលបានព្រាត់ប្រាស ពុំដឹងទៅដល់ទីណា ពុំដឹងជាស្លាប់ ឬនៅមានជីវិត។ យុវជនខ្លះខំនិយាយបន្លប់កំប្លែងលេងសើចដែរ តែ សំណើចរបស់គេ ទោះជាខំប្រឹងយ៉ាងណាក៏ដោយ ក៏នៅតែបង្កប់នូវ ភាពសោកសៅជៀសមិនផុត។ តើឲ្យគេបំភ្លេចម្តេចបាន បើសោកនាដកម្មដ៏ជូរចត់ ពោរពេញទៅដោយអំពើព្រៃផ្សៃអមនុស្សធម៌ស្ថិតនៅថ្មីៗនេះសោះ? ដោយសារតែកំហឹងនៅក្តៅងំក្នុងចិត្តពេកទៅ អ្នកខ្លះហ៊ានរហូតដល់ស្បថថា «ឈប់ជាន់ដីខ្មែរទៀតហើយ» ។ គេហ៊ានពោលដូច្នេះ ព្រោះគេឆ្អែតចិត្ត ព្រោះជីវិតរបស់គេលែងមានន័យដូចមុនទៀតហើយអ្វីៗបាត់អស់ បាត់ស្រុក-បាត់ស្រែ-បាត់ម៉ែ-បាត់ឪ-បាត់ផៅសន្តាន សល់តែសំបកខ្លួន រស់នៅតែលតោលឯកោម្នាក់ឯងក្នុងវដ្តសង្សារ…

ថ្វី ត្បិតតែយើងដឹងច្បាស់ថា យើងមានសិទ្ធិចេញទៅនៅប្រទេស ទីបី ហើយគេឈប់បញ្ជូនយើងឲ្យទៅនៅក្នុងព្រៃទៀតហើយក្តីក៏យើងនៅតែមាន ក្តីបារម្ភជាប់មិនដាច់។ យើងមិនដឹងថាតើអនាគតរបស់យើងនឹងវិវត្តន៏ទៅយ៉ាងណា ? តើយើងអាចទ្រាំទ្ររស់នៅស្រុកគេបានឬទេ បើយើងមិនចេះភាសានិងមិនស្គាល់ទំនៀមទំលាប់គេផង ? តើយើង អាចមានភ័ព្វ បានវិលមកជួបជុំគ្រួសារមកជាន់ទឹកដីកំណើតសាជាថ្មី ម្តងទៀតឬទេ ?

គឺសុទ្ធតែសំណួរដែលយើងមិនអាចដោះស្រាយបាន!

ជាសំណួរដែលធ្វើឲ្យយើងរិតតែចំបែងចិត្ត!

ដូច ជាពូម្នាក់ ក្រោយពីបានទៅដល់ស្រុកគេមួយរយៈមកបានពោលប្រាប់ខ្ញុំថា៖ « …ក្មួយអើយ ! មកដល់ស្រុកគេនេះ ពូក្លាយខ្លួនទៅ ជាមនុស្ស ថ្លង់-គ-ខ្វាក់ ទៅហើយ។ ថ្លង់ព្រោះគេនិយាយមក យើងស្តាប់ គេមិនបាន គ ព្រោះនិយាយទៅគេៗមិនយល់ ខ្វាក់ ព្រោះមើលមិន យល់ មិនដឹងគេសរសេរថាដូចម្តេច…

អូ៎ ! នុ៎ះហ្ន៎ ជនភៀសខ្លួនខ្មែរ !

ខ្ញុំ ចាំខ្ញុំចាំមិនភ្លេចទេនូវក្រសែភ្នែករាប់សិបដែលផ្តោតមកលើ ពួកយើង ដោយអាការៈភ្ញាក់ផង ឆ្ងល់ផង អាសូរផង។ ខ្ញុំមិនហ៊ានសម្លឹងមើលទៅគេវិញទេ។ ខ្ញុំឱនក្បាល ទម្លាក់មុខចុះ ! មែន ខ្ញុំឱនក្បាល ! ខ្ញុំឱនក្បាល ព្រោះខ្ញុំខ្មាស ! ខ្មាសព្រោះធ្លាក់ខ្លួនទៅជាជនភៀសខ្លួនគ្មានទីជម្រក ខ្មាសព្រោះសុំមេឃគេជ្រក ! ដប់ឆ្នាំមុន ខ្ញុំធ្លាប់បានធ្វើដំណើរទៅ ទ្វីបអឺរ៉ុបម្តងរួចមកហើយ តែកាលណោះ ខ្ញុំទៅ ដោយមានទិសដៅ ច្បាស់លាស់ ខ្ញុំទៅក្នុងនាមជានិស្សិតដែលបានទទួលអាហារូបករណ៏ ពី រដ្ឋាភិបាលបារាំង ឲ្យទៅបន្តវិជ្ជានៅប្រទេសគេ។ តែអនិច្ចា ! ពេលនេះ ខ្ញុំឃ្លាតពីមាតុភូមិ ក្នុងថានៈ ជាជនភៀសខ្លួន។ ខ្ញុំចាកចោលស្រុកទេស ចាកគ្រួសារលើកនេះ ទាំងបង្ខំចិត្ត ទាំងទឹកភ្នែក ទាំងទុក្ខសោកសៅ ដើម្បីរត់ជៀសឲ្យផុតពី«ក្រញាំមច្ចុរាជក្រហម»ឃោរឃៅដែលតែងតែគំរាម កំហែងជីវិតជាប្រចាំ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅនេះនៅក្នុង ព្រៃ ។

ខ្ញុំ ចាកចេញទាំងអស់សង្ឈឹម ព្រោះមិនដឹងថ្ងៃណាបានវិលមក ជួបជុំវង្សត្រកូល មិនដឹងថ្ងៃណាបានវិលមកជាន់ដីកំណើតជាថ្មីម្តង ទៀត។ គឺគិតដល់រឿងអស់ទាំងនេះហើយ ដែលធ្វើឲ្យខ្ញុំកាន់តែលំបាក ក្នុងចិត្តទ្វេឡើងទៀត។

ម៉ោង ១២ អាធ្រាត ជាពេលដែលត្រូវចេញដំណើរ។ រថយន្តពីរ គ្រឿងធំៗ បានមកដឹកជញ្ជូនពួកយើង យកទៅដល់ជណ្តើរយន្តហោះ តែម្តង។ គឹយន្តហោះដែលរដ្ឋាភិបាលស្វីសជួលជាពិសេស សម្រាប់មក យកយើងទៅនៅស្រុកគេ។ បងប្អូនយើងមួយចំនួនធំ គ្នាមិនដែលបាន ដឹង មិនដែលបានស្គាល់ប្រទេសនេះទេ។ មួយភាគតូច គ្រាន់តែដឹងថា ប្រទេសនេះស្ថិតនៅទ្វីបអឺរ៉ុប ជាប្រទេសមួយដែលមានឈ្មោះល្បីខាង ផលិតនាឡិកាថ្លៃៗ មានគុណភាពល្អប្រណិតតែប៉ុណ្ណោះ។

ខ្ញុំ អង្គុយនៅជួរមុខគេ ជាមួយកុមារកំព្រាបីរូប អាយុ ៧-៩ នឹង ១១ឆ្នាំ។ គេបានមកដល់ទីនេះ គឺដោយសារតែបានមាមីងរបស់គេជួយ ទំនុកបំរុង។ ខ្ញុំបានស្គាល់គ្រួសារនេះ នៅក្នុងជំរំមួយនាព្រំដែនខ្មែរ-ថៃ។

ពេល ដែលយើងរកកន្លែងអង្គុយបានគ្រប់ៗគ្នាមក នារីដែលជា បុគ្គលិកយន្តហោះបានហុចមីក្រូមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំជួយបកប្រែ ពន្យល់ពីវិធានការណ៏មួយចំនួនដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខនៅ

លើយន្តហោះ។

ក្រោយ ដែលយន្តហោះបើកបានមួយរយៈមក ពហុនិចារក៏ចាប់ ចែកភោជនាហារជូនភ្ញៀវ។ តែម្ហូបរបស់គេប្លែកពីម្ហូបយើងឆ្ងាយណាស់ កុមារទាំងបី គ្នាហូបមិនសូវបានទេ ទោះជាក្រពះឃ្លានយ៉ាងណាក្តី។ មុន នឹងឡើងមក ខ្ញុំបានប្រាប់ពួកគេថា «បើឃើញពូធ្វើដូចម្តេច ឯងត្រូវធ្វើ តាមពូ »។ នៅពេលខ្ញុំទាញខ្សែក្រវាត់មកចងចង្កេះ គេក៏នាំគ្នាចងចង្កេះ ដែរ។ ខ្ញុំចាប់កាន់សមស្លាបព្រា គេក៏ធ្វើតាមបានដោយគ្មានបញ្ហា ។ តែ នៅពេលខ្ញុំហូប «ហ្រ្វូមាស» គេទាំងអស់គ្នាធ្វើមុខជូរ ព្រោះហ្រ្វូម៉ាស (fromage) ជាម្ហូបម៉្យាង ដែលផ្សំឡើងពីទឹកដោះគោ មានក្លិនប្រហាក់ប្រហែលនឹងប្រហុកខ្មែរដែរ។ គេគ្រវីក្បាលតតាត់ ហើយនាំគ្នាហុចមកឲ្យខ្ញុំទាំងអស់។ បីបួនឆ្នាំកន្លងមកហើយដែលខ្ញុំខានបានហូប ខ្ញុំខំទំពារវា ថ្នមៗ ដើម្បីក្រេបរសជាតិដ៏ឈ្ងុយ ប្រៀបដូចដែលយើងខានបានហូប ប្រហុកយូរថ្ងៃមកហើយដូច្នេះដែរ។ ភ្លាមនោះ ពហុនិចារបានជូនស្រា ទំពាំងបាយជូរមួយកែវថែមមកទៀត។ ពិតមែនតែខ្ញុំជាអ្នកមិនសូវនិយមស្រា តែដល់អត់យូរមកហើយ មួយក្រេបដំបូង វាជះក្លិនក្រអូប សាយពេញក្រអូមមាត់។ ខ្ញុំហាក់ដូចជាមានអារម្មណ៏ អណ្តែតអណ្តូង មួយរកថាមិនត្រូវ។ គឺនៅពេលនោះហើយ ដែលអារម្មណ៍ខ្ញុំនឹកទៅដល់ស្រាទំពាំងបាយជូរ មានតម្លៃបួនដបដែលខ្ញុំបានទៅទិញផ្ទាល់ ដល់ទី កន្លែងផលិត ឯភូមិ Beaunes (Bourgogne) ហើយដែលខ្ញុំយកទៅជូន គ្រួសារបារាំងមួយដែលបានរាប់អានខ្ញុំដូចជាកូនចៅគាត់ដែរ នៅពេល ខ្ញុំទៅជម្រាបលាគាត់ត្រឡប់មកស្រុកវិញ ក្រោយពីបានបញ្ចប់ការសិក្សា រួចមកនៅឆ្នាំ១៩៧៥។ ពេលនោះ ប៉ាប៉ា «ប៊ីណា» បានពោលឡើងថា៖ «ស្រាដ៏មានតម្លៃនេះ យើងមិនទាន់បើកហូបទេ យើងយកវាទៅទុកក្នុង cave (បន្ទប់ក្រោមដី) សិន ចាំឯងត្រឡប់មកលើកទីពីរ សឹមយើងគោះ កែវជាមួយគ្នា» ។ ខ្ញុំអស់សំណើច ហើយឆ្លើយទៅគាត់វិញថា ខ្ញុំប្រហែលជាគ្មានសំណាងបានត្រឡប់មកជាលើកទីពីរទៀតទេ ព្រោះម៉្យាងស្រុក យើងទាំងពីរគ្មានទំនាក់ទំនងការទូតជាមួយគ្នា ហើយម៉្យាងទៀត នៅ ក្នុងសង្គមថ្មី គេមិនបណ្តោយឲ្យយើងដើរលេងរហេតរហូតដូចប្រទេស សេរីទេ។

តែនរណាអាចប៉ាន់ប្រមាណបានថា សភាពការណ៍វាវិវត្តន៏ទៅ

លឿនយ៉ាងដូច្នេះ ? ៥ ឆ្នាំក្រោយមក ខ្ញុំបានទៅលេងនឹងគាត់ម្តងទៀត តែអនិច្ចា គាត់បានចែកឋានទៅហើយ ដោយជរាពាធ។

នៅ លើយន្តហោះដែលកំពុងបោះពួយលឿនស្លេវ ឆ្ពោះទៅមុខ នឹកដល់រឿងនេះឡើង ខ្សែជីវិតរបស់ខ្ញុំ ក៏បានលេចត្រដែតប្រដេញគ្នា ធ្លាយធ្លោហូរចេញ ជាប់គ្នារដឹកនៅក្នុងអារម្មណ៍របស់ខ្ញុំលាយឡំនឹង ដុំពពកធំៗដែលកំពុងតែរសាត់ឆ្ងាយទៅៗ លើដែននភាល័យដ៏ធំល្វឹងល្វើយកាត់លំហមេឃាខៀវស្រងាត់ មេឃានៃសុភមង្គលថ្មី ! មេឃានៃ សេរីភាពថ្មី !   មេឃានៃក្តីសង្ឃឹមថ្មី ! …

របភាព៖ជា ហួ

រឿងខ្លី៖​ស្ដាយពាក្យមួយម៉ាត់ និពន្ធដោយ ប៉ិច សង្វាវ៉ាន


រក្សាសិទ្ធិគ្រប់យ៉ាង


 

            តាមពិត ខ្ញុំរវល់ខ្លាំងណាស់ស្ទើរតែរកពេលទំនេរមិនបាន ត្បិតបន្ថែមលើមុខងាររបស់ខ្ញុំ ខ្ញុំត្រូវសរសេរការសែតផង ជួយធ្វើការសមាគមអ្នកនិពន្ធខ្មែរផង និងត្រូវរៀនយកបរិញ្ញាបត្រអក្សរ សាស្រ្តថែមទៀតផង។ ប៉ុន្តែ ខ្ញុំសុខចិត្តចំណាយពេលពីរម៉ោង ក្នុងមួយអាទិត្យ ដើម្បីជួយបង្រៀនភាសា ខ្មែរដល់និរក្សនោះ ពីព្រោះតែខ្ញុំមានចិត្តទោរទន់អាណិតលោករដ្ឋាបិតារបស់និរក្ស ដែលបានអង្វរនិងចង់ បានខ្ញុំឲ្យជួយណែនាំបង្រៀនបន្ថែមដល់បុត្រលោកដែលធ្លាប់តែរៀនភាសាបារាំង។ ម៉្យាងទៀត ក្នុងនាម ជាសាស្រ្តាចារ្យផ្ទាល់របស់និរក្ស ខ្ញុំមានការពិបាកចិត្តក្រៃលែង កាលបើឃើញនិរក្សអន់ខ្សោយយ៉ាងខ្លាំង ផ្នែកមុខវិជ្ជាខ្មែរនេះ។ ម៉្យាងទៀត ខ្ញុំមានបំណងចង់ជួយយឹតយោងសិស្សនេះ ឲ្យបានចម្រើនប្រហាក់ ប្រហែលសិស្សដទៃទៀតផង។       

      បីខែកន្លងទៅ ខ្ញុំតែងតែឆ្លៀតលៃលកពេលវេលាទៅបង្រៀននិរក្សដល់ផ្ទះ។ កាលពីមុន លោករដ្ឋានិងភរិយាតែងតែរួសរាយទទួលខ្ញុំយ៉ាងរាក់ទាក់ជាទីបំផុត។ ទើបតែរយៈពេលចុងក្រោយនេះ បរិយាកាសនៅក្នុងផ្ទះលោករដ្ឋាមានការប្រែប្រួលយ៉ាងខ្លាំង។ ខ្ញុំសង្កេតឃើញថា រាល់ពេលដែលខ្ញុំទៅ បង្រៀននិរក្ស  ខ្ញុំពុំដែលឃើញភរិយាលោករដ្ឋាចេញមកគួរសមដាក់ខ្ញុំ ដូចពីពេលមុនៗទៀតឡើយ។ ប្រសិនបើយើងបានជួបគ្នាដោយចៃដន្យម្ដងៗវិញ ភរិយាលោករដ្ឋាបានបញ្ចេញអាកប្បកិរិយាព្រងើយ កន្តើយសោះអង្គើយចំពោះខ្ញុំ។ ខ្ញុំប្លែកនឹងអំពើនេះយ៉ាងខ្លាំង តែខ្ញុំមិនដែលប្រកាន់ខឹងនឹងលោកស្រី វីយោឡាភរិយាលោករដ្ឋាឬក៏យកបញ្ហានេះជាធំឡើយ។ ខ្ញុំមិនចង់ឲ្យមានការប្រេះឆា។     

        ព្រឹកថ្ងៃអាទិត្យមួយ នៅពេលខ្ញុំដើរទៅដល់មាត់ទ្វារសាឡុងផ្ទះលោករដ្ឋា បម្រុងនឹង ចូលទៅដូចប្រក្រតី ខ្ញុំត្រូវបញ្ឈប់ជំហានខ្ញុំង៉ក់ ពីព្រោះខ្ញុំឮសូរស្វាមីភរិយាលោករដ្ឋាប្រកែកគ្នាយ៉ាងខ្លាំង។

– អូនវីយូឡា! អូនប្រញាប់ទៅណាទៀតហើយ? ជួយរៀបចំសាឡុងឲ្យមានរបៀបរៀបរយបន្តិចមើល ខ្មាសអ្នកគ្រូចិន្តា! គាត់អញ្ជើញមកដល់ឥឡូវហើយ។

-ស្អី? អ្នកគ្រូចិន្តាហ្នឹងជាភ្ញៀវកិត្តិយសអីរបស់ខ្ញុំ? គាត់់ជាភ្ញៀវបងឯង! សូមអញ្ជើញបងឯង រៀបចំ ទទួលគាត់ទៅ! ខ្ញុំគ្មានកម្លាំងចិត្ត ទទួលមនុស្សរបៀបនោះទៀតទេ ! (អ្នកស្រីរដ្ឋាស្រែកគំហកបញ្ជួស ឲ្យស្វាមីទាំងខ្នាន់ខ្នាញ់)។

– យី! ម៉េចក៏អូនឯងនិយាយអីចឹង? អ្នកគ្រូចិន្តា ជាអ្នកមានគុណលើនិរក្សកូនយើងណា កុំចូលចិត្ត នាំរឿង! បងមិនចូលចិត្តទេ។

– មិនចូលចិត្ត? ហ៊ឹះ! ត្រូវហើយព្រោះខ្ញុំវាចាស់។ អ្នកគ្រូចិន្តា ទើបបងឯងចូលចិត្ត។ ខ្ញុំមិនចង់និយាយ ទេ ជួបគ្នារាល់អាទិត្យហើយ មិនអស់ចិត្តទៀត! ហ៊ានសរសេរសំបុត្រ ឆ្លើយឆ្លងគ្នាផង។ ស្អី! មានការអី សម្បើមម៉្លេះ? ខ្ញុំអត់ទ្រាំយូរហើយណា! ខ្ញុំប្រាប់ឲ្យដឹង ខ្ញុំខ្ពើមមិនចង់ឃើញ ស្រមោលនាងចិន្តានេះទៀតទេ ទើបបានជាខ្ញុំយកលេសដើរចេញពីផ្ទះនេះ នៅពេលដែលនាងស្រីចិន្តានេះមកបង្រៀនអានិរក្ស។ខ្ញុំមិនអាច ទ្រាំនៅមើលឆាកល្ខោនផ្អែមត្រជាក់របស់បងឯងបានទេ! -. ឆាកល្ខោន? ស្អីជាឆាកល្ខោន? កុំនិយាយប៉ះពាល់ដល់អ្នកគ្រូចិន្តាណាប្រយ័ត្ន… លោកស្រីឆ្លើយកាត់ប្រយោគស្វាមីរកតែលោករដ្ឋាបញ្ចប់វាចាមិនបាន។

– យើស កាន់ជើងផង! ខ្ញុំគ្មានខ្លាចអ្នកណាទាំងអស់។ កាលណាខ្ញុំមើលឃើញមិនសមរម្យ ខ្ញុំមានសិទ្ធិ នឹងនិយាយ និងប្រចណ្ឌអីចឹង។ ខ្ញុំជាប្រពន្ធបងឯងពេញច្បាប់។ បើខ្ញុំមិនពេញចិត្តត្រង់ណា ខ្ញុំត្រូវតែនិយាយ ត្រង់ហ្នឹង។

– បងមិនបំបិទសិទ្ធិរបស់អូនទេ! តែអូនឯងនិយាយខុស។ បងមិនចង់ឲ្យអូនឯងយកការយល់សប្តិនេះមក ធ្វើជារឿងពិតទេ។ បើអូនមិនស្គាល់អ្នកគ្រូចិន្តាច្បាស់ ចាំស្តាប់បងពន្យល់។

-ត្រូវហើយ! ខ្ញុំម៉េចនឹងស្គាល់! គឺបងឯងទេតើទើបស្គាល់ៗ ហ៊ឹះ! ខ្ញុំមិនចង់បង្ហើយទេ។ -. អ្នកគ្រូចិន្តា ជាស្រ្តីខ្មែរមួយរូបដែល… ភរិយាលោករដ្ឋាឆ្លើយកាត់ផូងតាមចរិតកាចឆ្នាស់ឆ្នើមរបស់អ្នកស្រី៖

– ស្រីខ្មែរ! ត្រូវហើយ…

– ថាកុំនិយាយកាត់បង! ស្ដាប់បងនិយាយសិន។ ស្រីខ្មែរដែលមានឧត្តមគតិដូចអ្នកគ្រូចិន្តា តើអូនស្មានថា នាងជាស្រីដាច់ដាបមកស្រឡាញ់ប្តីអូនឯងឬ? អូនកុំចូលចិត្តគិតរឿងមិនសមហេតុសមផលយ៉ាងនេះ! អូនឯង កើតរោគប្រចណ្ឌហើយ។

– នរណាទុកចិត្តបាន ពេលជួបគ្នាម្តងៗ លោកអើយ! ឃើញតែពីញញឹមពព្រាយដាក់គ្នា ត្រូវគ្នាណាស់។ ក្តៅត្រង់ដែលដឹងថាឯងមិនចេះអក្សរខ្មែរដែរ ម៉េចក៏មិនសរសេរអក្សរជាអក្សរបារាំង ឬ អង់គ្លេសអីមក។ ហួសចិត្តណាស់ព្រះអើយ!

– អូហ៍! ចេះហួសចិត្តផង! ស្រែកឲ្យខ្លាំងជាងនេះទៀតទៅឲ្យគេឯងឮផង ថាអូនឯងជាជនជាតិខ្មែរដែលមិនចេះ អក្សរខ្មែរ ហើយនិយមតែភាសា និងអក្សរបរទេស អួតថា ខ្លួនគ្រាន់បើ។ បងប្រាប់យូរហើយឲ្យខំរៀនអក្សរ សាស្ត្រជាតិ កុំអាងតែចេះអក្សរ និងភាសាគេនោះ តែអូនមិនព្រមទេ សុខចិត្តទុកពេលដេកគិតរឿងប្រចណ្ឌទៅ វិញ។ ទើបតែឥឡួវ ដល់ពេលអូនចង់អានសំបុត្រអ្នកគ្រូចិន្តា ទើបដឹងខ្លួនឬ? នេះហើយលទ្ធផលនៃការប្រមាថ អក្សរសាស្ត្រជាតិឯង។ ឥឡូវ បើអូននៅតែមិនទុកចិត្តបងដែលអានឲ្យអូនស្តាប់នោះ ណេះសំបុត្រ យកសំបុត្រ ទាំងអស់នេះទៅឲ្យសូហ្វ័រឡាន ឬអានិរក្សកូនយើង វាអានជូនស្ដាប់ឲ្យអស់ហឫទ័យទៅ! អាណិតកុំតែយកភ្លើង មកដុតបង ប្រយ័ត្នបងក្តៅ តិចថាបងមិនប្រាប់មុន។ បងធុញទ្រាន់ណាស់  ចូលចិត្តតែនាំរឿងឥតប្រយោជន៍។

– បើក្តៅតើធ្វើអីខ្ញុំមើល! អញ្ជើញធ្វើទៅលោកប្តី តែខ្ញុំបញ្ជាក់់ឲ្យច្បាស់ បើអ្នកគ្រូចិន្តាសំណព្វ បងនៅតែមកផ្ទះ នេះទៀត ខ្ញុំត្រូវតែចុះចេញ។ ដឹងចិត្តខ្ញុំស្រាប់ហើយ បើខ្ញុំស្អប់អ្នកណា ស្រមោល ឬដានជើងអ្នកហ្នឹងក៏មិនចង់ ឃើញដែរ កុំថាឡើយដល់ជួប ឬឃើញមុខគ្នានោះ!

– ខុសហើយវីយួឡាអូន! អូនធ្វើនេះមិនត្រឹមតែមានឈ្មោះជាមនុស្សដែលមិនដឹងខុសត្រូវទេ គឺអូនជាមនុស្សខ្វះសុជីវធម៌ចំពោះអ្នកគ្រូចិន្តា ដែលជាអ្នកប្រព្រឹត្តអំពើល្អចំពោះគ្រួសារយើង។ ហេតុអីក៏អូនមិនពិចារណាឱ្យបានដិតដល់? អូនគួរតែយល់ថាព្រោះតែគេស្រឡាញ់រាប់អានយើង ទើបបានជាគេស៊ូបូជាពេលវេលា ដ៏មានតម្លៃ របស់គេមកជួយបង្រៀនកូនយើង ដោយឥតយកកម្រៃ និងគិតចង់បានប្រយោជន៍អំពីយើងវិញ។ ចុះបើយើងត្រូវជួលគេ តើអូនដឹងទេ? យើងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?។ អូនត្រូវតែគិតឲ្យបានវែងឆ្ងាយ មិនគួរអូនខឹង ឬស្អប់គេ ដែលមិនដឹងខ្លូនថា គេធ្វើអ្វីខុសមកលើអូនផង!។

-បើជួលគេបង្រៀននិរក្សបែបវាស្រួលជាងហើយប្រហែលគ្មានរឿងរ៉ាវអីផង! (លោកស្រីឆ្លើយធ្វើហី)

– មានរឿងរ៉ាវ ឬគ្មានរឿងរ៉ាវ វាអាស្រ័យមកពីយើងម្នាក់ៗ។ បើយើងចង់មានរឿង ដោយចេះតែនាំគ្នាបង្កហេតុសន្សំរឿងមិនសមហេតុផលនោះ រឿងរ៉ាវចេះតែកើតមានហើយ។ ផ្ទុយទៅវិញ បើយើងម្នាក់ៗ មានសតិសម្បជញ្ញៈ ចេះគិតគូរដោះស្រាយពិចារណាឲ្យបានដិតដល់និងវែងឆ្ងាយ ចេះអត់ឱន សន្តោសអធ្យាស្រ័យ  ចេះយល់ចេះគោរពខ្លាចចិត្តគ្នាទៅវិញទៅមកនោះ រឿងរ៉ាវវាមុខជាមិនអាចកើតមានឡើងជាដាច់ខាត។ ដូចពេលនេះ អូនដឹងទេ អូនកំពុងតែសន្សំរឿងហើយ គឺរឿងដែលគ្មានន័យគ្មានមូលដ្ឋានច្បាស់លាស់បន្តិចសោះ។ ម៉្យាងទៀត បើអូនចង់និយាយពីការជួលគេមកបង្រៀននិរក្សវិញ ការនោះវាជាការងាយបំផុត តែវាអស់ប្រាក់កាសហើយ ក៏មិនប្រាកដថា នឹងបានលទ្ធផលយ៉ាងណាផង។ អូនគួរតែយល់ហើយថា អ្នកគ្រូចិន្តាជាគ្រូផ្ទាល់របស់កូនយើង។  គាត់អាចដឹងពីចំណុច និងកម្រិតវិជ្ជារបស់កូននិរក្ស ហើយក្នុងនាមជាមនុស្សរាប់អានគ្នា អ្នកគ្រូចិន្តាប្រកែកដាច់ខាត មិនព្រមទទួលយកប្រាក់យើងដាច់ខាត។ នេះបញ្ជាក់ឱ្យឃើញថា គេមិនមែនយកប្រាក់ជាធំជាងមិត្តភាពនោះទេ។ ដូច្នេះគួរតែអូនស្គាល់ និងយល់ចិត្តដ៏ប្រពៃរបស់គេផង ។ បើអូនមិនគោរពគេក៏ហីទៅចុះ  គួរណាស់តែអូនសប្បាយរីករាយនឹងអំពើល្អរបស់គេមកលើកូនយើង និងរូបយើង។ អូនមិនគួរយកអំពើល្អរបស់គេមកជាន់ឈ្លីនឹងជើងដូច្នេះសោះ។ បងស្ដាយណាស់!

– តែខ្ញុំមិនសប្បាយចិត្តនឹងអ្នកគ្រូចិន្តា ដែលចូលចិត្តសរសេរសំបុត្រមកបង!

– អូននៅតែទន្ទេញដដែលៗ ពីរឿងសំបុត្រ។ និយាយចុះ និយាយឡើងវាធ្លាក់មកដល់រឿងមិនទុកចិត្តគ្នាតែប៉ុណ្ណោះ។ សូម្បីតែបងដែលជាប្តីអូន  ក៏អូនលែងទុកចិត្តដែរ មែនទេ?។ អូនមិនមែនមិនដឹងថា ប្រុស និងស្រី ដែលសរសេរសំបុត្រឆ្លើយឆ្លងគ្នាមិនមែនសុទ្ធតែរឿងស្នេហានោះទេ។ ប៉ុន្តែ ដល់អូនដុះគំនិតប្រចណ្ឌ អូនទៅជាមើលសឃើញថាខ្មៅអស់។ បងនៅតែការពារអ្នកគ្រូចិន្តាជានិច្ច។ អូនគិតមើលចុះ រាល់ពេលដែលគេខំមកបង្រៀនកូនយើង គេមិនដែលឃើញមេផ្ទះចេញមកជួបរាក់ទាក់ស្វាគមន៍គេសោះ។ បើសិនជាគេមានការអ្វីចង់និយាយប្រាប់យើងពីរឿងកូនយើង ស្រីគេ ស្រីអូនក៏គង់តែទើសទាស់ដែរ ដែលនៅជជែកគ្នាតែពីរនាក់ស្ងាត់ជាមួយបងនោះ។ តើនរណាឡើយដែលនៅហ៊ានជជែក ជាមួយប្តីគេតែពីរនាក់តតួ ដោយគ្មានវត្តមានរបស់ភរិយាគេនោះ?។ បងពុំចង់ពន្យល់អូនឲ្យវែងឆ្ងាយទៀតទេ។  បងសូមអង្វរអូន មុននឹងប្រចណ្ឌ ចូរអូនសង្កេតមើលឲ្យច្បាស់សិន។ ជាពិសេស អូនត្រូវសង្កេតមើលឫកពាររបស់បង  និងរបស់នារីណាដែលអូនគួរតែប្រចណ្ឌផង។ តើឫកស្រីណាប្រភេទណាដែលអូនគួរប្រចណ្ឌនោះ?។

– ព្រោះតែខ្ញុំឃើញហើយបានហ៊ានថា!

ជម្លោះនេះមិនរំលងពីត្រចៀកខ្ញុំឡើយ។ ខ្ញុំខឹងញ័រសព្វសាច់ ។  ខ្ញុំតូចចិត្តណាស់នឹងការដែលគេយល់ខុសមកលើខ្ញុំ។ ខ្ញុំទន់អស់ដៃជើងស្ទើរតែដួលនៅមាត់ទ្វារផ្ទះលោករដ្ឋា តែខ្ញុំខំទប់ស្មារតី ខ្ទប់មុខយំ ហើយរត់ចេញយ៉ាងលឿន ពីផ្ទះចង្រៃនេះទៅកាន់រថយន្តខ្ញុំ។ អំណាចនៃក្តីកំហឹងនេះ ធ្វើឲ្យខ្ញុំ ទន់អស់ខ្លួនប្រាណ ស្ទើរតែបើករថយន្តត្រឡប់មកផ្ទះវិញមិនកើត។

រាត្រីនោះ ខ្ញុំស្រៀវស្រាញក្តៅផង រងាផង រកកលចង់គ្រុន មកពីខ្ញុំខឹងខ្លាំងពេក។ ខ្ញុំមួម៉ៅក្តៅក្រហាយនឹងការរវើរវាយ និងការយល់ខុសទាំងស្រុងរបស់ភរិយាលោករដ្ឋាមកលើរូបខ្ញុំ។ ខ្ញុំឈឺក្បាលខ្លាំងឡើងៗស្ទើរតែប្រេះបែក ព្រោះខ្ញុំគិត។ ខ្ញុំដណ្តឹងសួរខ្លួនឯងថា តើខ្ញុំបានបង្ហាញឫកពារឬពាក្យ សម្តីបែបណាដែលអាចឲ្យគេយល់ច្រឡំថា ខ្ញុំស្រឡាញ់ប្តីគេនោះ។ ពុទ្ធោអើយ! តើខ្ញុំជាស្រីថោកទាបបែបហ្នឹងឬ? ទៅមិនរួចទេ។ ទឹកភ្នែកខ្ញុំហូរធ្លាក់មកដូចទំនប់ទឹកធ្លាយ។ ខ្ញុំឈឺចិត្តខ្លាំង! ខ្ញុំខឹងណាស់ នឹងការប្រមាថកាតទានមកលើឈ្មោះខ្ញុំ និងការវាយបន្ថោកតម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ខ្ញុំ ស្តាយ…ស្តាយចិត្តខ្ញុំដែលស្រឡាញ់រាប់អានគ្រួសារនេះ។ ព្រោះតែការរាប់អាននេះហើយ ដែលធ្វើឱ្យខ្ញុំបូជាពេលអស់រយៈជាច្រើនខែដើម្បីជួយនិរក្សកូនសិស្សកំសោយរបស់ខ្ញុំ។  គ្រប់កាយវិការនឹងពាក្យសម្តីរបស់ខ្ញុំចំពោះលោករដ្ឋា គឺជាពាក្យស្មោះត្រង់ក្នុងនាមមិត្តភាពត្រង់ទៅត្រង់មកពិតឥតក្លែងបន្លំ។ខ្ញុំរាប់អានលោក មកពីខ្ញុំយល់ថា លោកជាមនុស្សសុភាពស្លូតបូតថ្លៃថ្នូរម្នាក់ នឹងមានអំណោយទានគួរឱ្យរាប់អានប៉ុណ្ណោះ។ ក្នុងមួយជាតិនេះ ខ្ញុំមិនដែលមានកូនចិត្តសូម្បីប៉ុនសរសៃសក់ប៉ងប្រាថ្នាស្វាមីរបស់នារីណាសោះឡើយ។ ឱ!ម្ចាស់ថ្លៃអើយ! ហេតុអីក៏ភរិយាលោករដ្ឋា ទៅជាមានគំនិតបែបនេះកើត? លោកស្រីបណ្ដោយឲ្យភ្លើងប្រចណ្ឌ ដុតរោលរាលដួងចិត្តលោកស្រី ឲ្យលែងដឹងខុសត្រូវអស់។ ឬមួយក៏មកពីលោកស្រីមានគំនិតបែបអឺរ៉ុបពេក ហើយនឹកថាស្រីខ្មែរមានគំនិតហោះហើរដូចនេះ ឬក៏មកពីលោកស្រី ធ្លាប់លួចស្រឡាញ់ប្តីគេ បានជានឹកថាខ្ញុំមានចិត្តផ្តេសផ្តាសបែបនេះ? ។ ស្តាយណាស់! ស្តាយព្រោះ លោកស្រីមិនស្គាល់ពូជពង្សវង្សត្រកូលគ្រួសារខ្ញុំ។ ប៉ុន្តែ ចុះលោករដ្ឋា? លោកស្គាល់ក្រុមគ្រួសារខ្ញុំ និងស្គាល់សន្តានចិត្តខ្ញ្ញុំច្រើនជាងភរិយារបស់លោក ហេតុអីក៏លោកមិនពន្យល់ណែនាំភរិយាលោកឲ្យចេះស្គាល់តម្លៃស្រីខ្ញុំខ្លះផង?។ ស្តាយពេក ស្តាយចិត្តដែលប្រព្រឹត្តអំពើល្អគ្មានគិតប្រាក់ពីគ្រួសារលោកសោះ! ស្ដាយត្រង់ខំបូជាពលិកម្ម ពេលវេលាដ៏មហាសែនមានតម្លៃដើម្បីនិរក្ស! ។ ផ្ទុយទៅវិញ លទ្ធផលដែលខ្ញុំបានទទួល គឺភាពល្វីងជូរចត់ គ្រោតគ្រាតដែលកើតចេញពីការប្រមាថមាក់ងាយ។ នេះហើយឬការសងគុណរបស់គេចំពោះខ្ញុំ? ឱ! ទេវតា សូមលោកបើកព្រះនេត្រទតចុះ!។

នាឡិកាវាយម៉ោងបីភ្លឺទៅហើយ។ គេនៅឮសូរសំឡេងខ្ញុំយំទួញលាយនឹងសំឡេងខ្យល់ថ្ងូរដែលជាសម្រែកនៃការឈឺចិត្ត ការខឹង ការតូចចិត្ត ការខកចិត្ត…។ ខ្ញុំយំៗ ៗគ្មានឈប់ឈរ។ ក្បាលខ្ញុំ ឈឺណែនស្ទើរផ្ទុះបែក… ព្រោះតែការគិត។ ។ ដើមទ្រូងខ្ញុំឈឺអួលផ្សាក្រៃលែងព្រោះតែការខឹងហួសពេក…

តាំងពីថ្ងៃនោះមក ទោះជាខ្ញុំអាណិតស្រឡាញ់ចង់ជួយយឹតយោងនិរក្សយ៉ាងណាក្តី ក៏ខ្ញុំសម្រេចចិត្តយ៉ាងដាច់អហង្ការថា ខ្ញុំឈប់ទៅបង្រៀននិរក្សទៀត។ ត្បិតពលិកម្មរបស់ខ្ញុំ ជាពលិកម្មឥតន័យ។ ខ្ញុំមិនចង់ឮ មិនចង់ប្រទះភាពអាស្រូវនេះទៀតឡើយ។ ខ្ញុំឆ្អែតនឹងមនុស្សពេកដោយសាររឿងនេះ។ ខ្ញុំឈប់រាក់ទាក់គួរសម នឹងបុរសណាទាំងអស់ ពីព្រោះខ្ញុំខ្លាចប្រទះរឿងដ៏គួរឲ្យចុកចាប់នេះដូចមុនទៀត។ កាលបើឃើញអាកប្បកិរិយាចម្លែករបស់ខ្ញុំ មិត្តដ៏ល្អៗរបស់ខ្ញុំទាំងប៉ុន្មាននាំគ្នាឆ្ងល់គ្រប់ៗគ្នា។ តាំងពីជួបរឿងនោះមក អារម្មណ៍ខ្ញុំអាប់អួរជាច្រើន ។ខ្ញុំផ្អាកការសរសេរកាសែត។ ខ្ញុំផ្អាកសកម្មភាពជាច្រើនក្នុងសមាគម ហើយពុំដែលបានកាន់សៀវភៅសិក្សាសោះ ព្រោះតែខ្ញុំមិនអាចបំភ្លេចរឿងដ៏អាស្រូវនេះបានឆាប់។ ជាពិសេស  រឿងដែលប៉ះពាល់ដល់តម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ក្នុងមួយជីវិតខ្ញុំៗទើបតែប្រទះជាលើកដំបូង។

មួយឆ្នាំក្រោយមក ខ្ញុំក៏បានរៀបការជាមួយនឹងបងវិសុទ្ធជាសង្សាររបស់ខ្ញុំ។ បងវិសុទ្ធជាវេជ្ជបណ្ឌិតឯកទេសផ្នែកខាងសម្រាលកូន និងរោគស្រ្តី។ ក្នុងពិធីអាពាហ៍ពិពាហ៍បស់យើង ខ្ញុំបានអញ្ជើញមិត្តភក្តិទាំងអស់ លើកលែងតែគ្រួសារលោករដ្ឋាមួយចេញ។ ធម្មតា កែវដែលប្រេះស្រាំ ពុំអាចផ្សាឬបិទភ្ជាប់វិញបានយ៉ាងណា។ យ៉ាងណាមិញ ចិត្តខ្ញុំក៏យ៉ាងនោះដែរ។

ក្រោយពីរៀបការរួច ខ្ញុំក៏បន្តនាទីជាអ្នកបម្រើអក្សរសាស្រ្តតទៅទៀត។ ខ្ញុំផ្តល់អត្ថបទនានា ដល់កាសែត និងវិទ្យុជាតិឥតខកខានឡើយ ព្រមទាំងចាប់ផ្ដើមរាប់អាន មិត្តភក្តិទាំងអស់គ្នា និងមិត្តថ្មីៗ ទៀត។ អ្នកខ្លះមានស្វាមីនិងភរិយាជាជនបរទេសផង។ ប៉ុន្តែ ខ្ញុំមិនដែលប្រទះរឿងអាស្រូវដូចអតីតកាលទៀតឡើយ។ មើលទៅ ប្រហែលមកពីភរិយាលោករដ្ឋាម្នាក់ទេដែលហួងហែងសិទ្ធិប្តី និងចង់ដឹងនិងឆ្ងល់គ្រប់រឿងហួសហេតុពេក ព្រមទាំងខ្វះការពិចារណាគិតគូរដិតដល់។

យូរៗម្ដងពេលទំនេរ ខ្ញុំតែងតែទៅអើតកន្លែងពិនិត្យជំងឺរបស់ស្វាមីខ្ញុំ។ ខ្ញុំបានជួបលោកស្រីរដ្ឋាម្ដង កាលគាត់មកសម្រាលកូននៅមន្ទីរពេទ្យរបស់ស្វាមីខ្ញុំ។ លោកស្រីចង់សារភាពពីការស្ដាយគំនិត របស់លោកស្រីដែលបាន

យល់ខុសមកលើរូបខ្ញុំតែខ្ញុំមិនចង់ស្តាប់ មិនចង់ឮរឿងអពមង្គលនេះជាថ្មីម្តងទៀតទេ។ ខ្ញុំបន្លប់គាត់ឱ្យនិយាយរឿងផ្សេងវិញ ហើយតែងព្យាយាមបង្គាប់ចិត្តខ្ញុំឱ្យខំរាប់អាន លោកស្រីរដ្ឋាបន្តិចម្តងៗឱ្យបានដូចពីមុន។

ប៉ុន្តែ ខ្ញុំពុំដឹងថាចិត្តខ្ញុំអាចប្រែប្រួលបានឆាប់ឬយ៉ាង ងណានោះឡើយ។ចំណែកឯភរិយា លោករដ្ឋាវិញក៏ព្យាយាមចង់សារភាពប្រាប់ខ្ញុំពីការស្តាយ…ស្ដាយពាក្យមួយម៉ាត់ដ៏ឆ្គាំឆ្គងរបស់លោកស្រីចំពោះខ្ញុំផងដែរ។

ប៉ុន្តែ កាលៈទេសៈ ពុំទាន់អនុញ្ញាតឲ្យខ្ញុំចង់ស្តាប់វាចាសោកស្តាយរបស់ភរិយាលោករដ្ឋាឡើយ…៕

 

សរសេរចប់នៅស្ត្រាស់បួរថ្ងៃ ២៥ មករា ១៩៨១

កែសម្រួលនៅម៉ុងទីញីឡេគ័រម៉េយប្រទេសបារាំងនៅថ្ងៃ១៣ធ្នូ២០១១

កកន៖


រឿង ស្តាយពាក្យមួយម៉ាត់ បានចុះផ្សាយ៖

– ក្នុងព្រឹត្តប័ត្រ កូនខ្មែរ លេខ៦ ខែមិថុនា ឆ្នាំ១៩៨៣ នៃមជ្ឈមណ្ឌលឯកសារនិងស្រាវជ្រាវអារិយធម៌ខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង។

– ទស្សនាវដ្តីខ្ញុំ ឆ្នាំទី២ លេខ៣ ខែមករា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕


 

គួរអានរឿងមិត្តភាពមួយ​ ដោយ​ ស៊ឹម​ ចាន់យ៉ា

រូបថត​៖ប៉ិច​សង្វាវ៉ាន

ចាប់តាំងពីពេលជួបគ្នានៅបណ្ណាល័យមក យុវបុរសដែននិងយុវតីរំដួលបានចាប់អារម្មណ៍

លើគ្នាទៅវិញទៅមក​ហើយផ្តើមរាប់អានគ្នា។

អារម្មណ៍និងចំណង់ចំណូលចិត្តដូចគ្នាធ្វើឲ្យគេក្លាយទៅជាមិត្ត។

មិនយូរប៉ុន្មាន អារម្មណ៍អ្នកទាំងពីរបានរអិលបន្តិចម្តងៗដោយមិនដឹងខ្លួនផុតពីព្រំដែន

មិត្តភាពចូលទៅកាន់ព្រំដែនអារម្មណ៍មួយទៀត​ គឺក្តីស្នេហ៍ដ៏ជ្រាលជ្រៅ។

ប៉ុន្តែស្នេហានេះនឹងអាចសម្រេចបានលុះត្រា​តែមិនប៉ះពារទៅលើក្តីសុខអ្នកដទៃ

ដែលអ្នកទាំងពីរចាត់ទុកថាជាអំពើខ្វះគុណធម៌។

តើគេត្រូវលះបង់ស្នេហាដើម្បីគុណធម៌​ ឬលះបង់គុណធម៌ដើម្បីស្នេហា?

ម៉្យាងទៀត តើការអានសៀវភៅនិងការសរសេរដែលជាចំណង់ចំណូលចិត្តដូចគ្នា

របស់មិត្តទាំងពីរអាចជួយពួកគេបានដូចម្តេចខ្លះ?

គឺជាប្រវត្តិនៃមិត្តភាពដ៏ល្អត្រចះត្រចង់មួយ។

កកន៖​

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកនិពន្ធ

ស៊ឹម ​ចាន់យ៉ាដែលបានអ្វើអំណោយសៀវភៅរឿង<មិត្តភាពមួយ>ចំនួន៣០ក្បាលឲ្យខ្ញុំ។

ខ្ញុំដំកល់ទុកសៀវភៅទាំងនេះជាប្រយោជន៍សមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

​អរគុណចំពោះសន្តានចិត្តដ៏សប្បុរសនេះ៕

ឆ្ងាយពីវាយោខែកត្តឹក ដោយ​លោកគ.​ខូវនី

ដំណើរជុំវិញអ្នកនិពន្ធម្នាក់​<តនិងចប់>៖

រក្សាសិទ្ធិគ្រប់យ៉ាង


ម្ដាយនិស្ស័យបានបញ្ជាឲ្យកូនចៅរៀបចំក្តារងឿខាងក្រោមផ្ទះធ្វើជា
ជម្រកសម្រាប់រាត្រី ខ្លះ ដែលគ្រាប់រ៉ុក្កែតបន្លឺស្នូរមរណៈតាមជាយក្រុង
ភ្នំពេញ។ នៅរាល់ព្រឹកថ្ងៃសីលនិស្ស័យបានសង្កេតឃើញទាំងសេចក្តី
អាណិតនិងការគោរព ម្ដាយចាស់អង្គុយតែម្នាក់ឯងល់កន្ទេលក្រហម
លើកដៃទាំងពីរប្រណម្យដើម្បីសមាទានសីល នៅពីមុខព្រះភក្រ្ដព្រះ
សង្ឃមួយអង្គនៃវត្ដលង្កាដែលស្ម័គ្រព្រះទ័យនិមន្តតាំងពីព្រលឹមម៉ោង
ប្រាំពីរព្រឹកមកប្រទាន     សីលរាល់ថ្ងៃសីល តាំងតែពីឪពុកនិស្ស័យ
នៅមានជីវិតម្ល៉េះ។
តែឥឡូវនេះ និស្ស័យ លែងបានឃើញរូបភាព និងលែងឮសំឡេងទាំងគូ
សូត្រធម៌រងំស្មើគ្នា ក្រាបបង្ខំឱនសិរសាព្រមគ្នាដល់កន្ទេល។ ក្នុងពេល
ម្ដាយចាស់កំពុងផ្ចង់ស្មារតីស្តាប់ព្រះធម៌  កាំរស្មីព្រះសុរិយានាពេលព្រឹក
បានចាំងឆ្លុះតាមធាងស្លានិងបង្អួចខាងកើតផ្ទះមកលើភក្រ្តម្ដាយពេញ
ដោយផ្នត់ជ្រួញ ហើយនិងលើសក់ស្កូវសកាត់ជ្រង់ខ្លី ។ នៅមុខរូបភាពនៃ
ម្ដាយចាស់កំពុងសមាទានសីលនិស្ស័យធ្វើអធិដ្ឋានសូមព្រះមេត្ដាផ្តល់
សេចក្តីសុខនិងសេចក្តីស្ងប់ដល់ម្ដាយក្នុងរយៈខ្លីនៃចុងជីវិតមួយដែលបាក់
ជើងម្ខាង តាំងពីឪពុកនិស្ស័យបានចូលមរណៈភាពក្នុងខែមេសា១៩៧២
មក ។
រូបភាពមួយទៀតដែលនិស្ស័យជាប់ក្នុងឱរា គឺពេលព្រះសង្ឃនិមន្ដមក
បិណ្ឌបាត្រចង្ហាន់ក្នុងភូមិបឹងកេងកងរាល់ពេលព្រឹកពីម៉ោង១០ទៅ១០
 កន្លះ ។  នៅពេលពណ៌លឿងទុំនៃស្បង់ចីពរនិងឆ័ត្រលេចឆ្លុះឡើងនៅ
មុខទ្វាររបងផ្ទះពណ៌បៃតង នេះជាសញ្ញាឲ្យឪពុកម្ដាយនិស្ស័យប្រញាប់
ប្រញាល់យកផ្ដិលបាយចេញទៅដាក់បាត្រព្រះសង្ឃ។ ឪពុកនិស្ស័យលុត
ជង្គង់យកចានស្រាក់ពីព្រះហត្ថព្រះសង្ឃ ដើម្បីយកទៅដាក់ម្ហូបសម្ល
រួចហើយត្រឡប់មកប្រគេនព្រះសង្ឃវិញ ។ ក្នុងពេលដែលឪពុកម្ដាយ
និស្ស័យលើកហត្ថទាំងពីរស្តាប់ព្រះសង្ឃប្រទានពរ ភក្ត្រគាត់មានភាព
ស្រឡះថ្លា ប្រៀបដូចផ្ទៃទឹកត្រពាំងមួយដែលស្ងប់គ្មានរលក ហើយលម្អ
ដោយផ្កាឈូកដែលរីកស្រស់បំព្រង ដើម្បីទទួលរស្មីមុនដំបូងនៃព្រះ
អារុណ។អនុស្សាវរីយ៍មួយទៀតដែលមិនព្រមរសាយពីវិញ្ញាណរបស់
និស្ស័យ គឺនៅពេលល្ងាចដែលព្រះអាទិត្យបន្ធូរកម្ដៅ ឪពុកនិស្ស័យ
ចេញមកដកស្មៅនិងស្រោចផ្កាក្នុងធ្លាខាងមុខផ្ទះ។
ចំណែកឯម្ដាយនិស្ស័យវិញ គាត់អង្គុយដេរប៉ាក់ក្នុងអង្រឹងក្រោមដើម
ដូង។ ក្មួយស្រីវណ្ណាវីជួយរៀបចំចម្អិនអាហារក្នុងរោងចង្រ្កានបាយខាង
កើតផ្ទះដែលមានដើមននោងវារឡើងនិងព្យួរផ្លែតាមជញ្ជាំងនិងលើ
ដំបូល។ គ្រប់ពេលដែលនិស្ស័យត្រឡប់ពីមហាវិទ្យាល័យវិញនៅពេល
ល្ងាច ហើយបន្ទាប់ពីបានឆ្លៀតទៅទិញចំណីបង្អែមនៅមុខវត្តបទុមវត្តីមក
ឆ្កែទាំងពីរបោលមកទទួលហើយព្រុះ និងប្រឡែងដេញខាំកែងនិស្ស័យ
នៅពេលដើរចេញពីរថយន្ត។ និស្ស័យទាញកៅអីផ្តៅមកដាក់អង្គុយជិត
អង្រឹងម្ដាយ។ ឯក្មួយស្រីវណ្ណារីឆ្លៀតឱកាសមកអង្គុយស្តាប់ការសន្ទនា
រវាងនិស្ស័យនិងឪពុកម្តាយខ្លួន។ នេះជាពេលសែនមនោរម្យក្រោមមេឃ
អស្ដង្គតលើភូមិបឹងកេងកង។

(២) កកន៖ សូមអានរឿងប្រលោមលោក ៖ «បក្សីក្នុងសួនអាល័យ»

                                          ++++++++++++

…ថ្ងៃមួយនោះនៅចុងឆ្នាំ១៩៧៤ នៅពេលត្រឡប់ពីមហាវិទ្យាល័យ
វិញនៅពេលល្ងាចនិស្ស័យយកចំណីបង្អែមទៅជូនម្ដាយដូចសព្វដង។
 តែភក្រ្តនិស្ស័យមានសភាពក្រៀមក្រមខុសធម្មតា។ ម្ដាយនិស្ស័យ
សង្កេតឃើញដូច្នោះ ក៏ទាញដៃនិស្ស័យឲ្យចូលមកអង្គុយជិតដើម្បី
លើកទឹកចិត្តកូនឲ្យនិយាយប្រាប់ហេតុកង្វល់។ និស្ស័យមានការស្ទាក់
ស្ទើរជាយ៉ាងខ្លាំងទម្រាំដាច់ចិត្តនិយាយប្រាប់ម្ដាយថា ក្រសួងបាន
តម្រូវឲ្យនិស្ស័យចេញទៅបំពេញកម្មសិក្សាបច្ចេកទេសចំនួនមួយ
រយៈនៅបរទេស។
ចំពោះដំណឹងនៃការឃ្លាតព្រាត់នេះ ម្ដាយនិស្ស័យសង្កត់ចិត្តមិន
ឲ្យស្រែកយំនៅចំមុខនិស្ស័យ ហើយនិយាយលួងលោមនិស្ស័យ
ឡើងថា៖
-និស្ស័យកូន! ចូរកូនកុំព្រួយចិត្តពីព្រោះម៉ែ ណាកូនណា! ម៉ែកាន់
តែចាស់ហើយ! ពេលវេលាទៀតក៏ពុំបង្អាក់រង់ចាំម៉ែច្រើនឆ្នាំទៅ
មុខឡើយ។ ជីវិតម៉ែដើរមកដល់ជិតទីចុងចប់ទៅហើយ ហាក់ដូច
ជាថ្ងៃគងភ្នំ ហើយបន្តិចទៀតនឹងលិចបាត់…
ម្ដាយនិស្ស័យលើកដៃហាក់កុំឲ្យនិស្ស័យបង្ហូរទឹកភ្នែក ហើយមាន
វាចាតទៅទៀតថា៖
-ម៉ែបានរង់ចាំពេលនេះជាយូរហើយ ពីព្រោះនៅថ្ងៃណាមួយ
យើងត្រូវតែបែកគ្នា។ ដោយហេតុនេះហើយ ម៉ែបានប្រុងប្រៀប
ចិត្តគំនិតជាមុនស្រេច។
និស្ស័យនិយាយសួរឡើងថា៖
-ម៉ែ! ម្តេចក៏ម៉ែបានដឹងជាមុនថា ខ្ញុំត្រូវឃ្លាតពីម៉ែម្តងទៀត
ដូច្នេះ ពីព្រោះខ្ញុំបានបែកពីម៉ែនិងពុកម្តងពីមុនទៅហើយ កាល
ខ្ញុំបានទៅបន្តវិជ្ជានៅស្រុកបារាំង?
ម្ដាយនិស្ស័យញញឹមស្ងួត ហើយឆ្លើយឡើងថា ៖
-តើកូនចាំឬទេកាលពីខែកក្កដាឆ្នាំ១៩៧២ អំពីការទស្សន៍ទាយ
នៃតួបញ្ចូលស្រីម្នាក់នៅក្រុងតាខ្មៅ ដែលបានប្រាប់ថា កូនត្រូវ
ចាកចេញពីស្រុកកំណើតម្តងទៀត?
និស្ស័យនិយាយសម្របឡើងថា៖
-ឱ! ខ្ញុំនឹកឃើញហើយ កាលនោះខ្ញុំបានជូនម៉ែទៅក្រុងតាខ្មៅ
ដើម្បីសួរតួបញ្ចូលរូប ហើយម៉ែបានឮសំឡេងពុកដែលបានស្លាប់
ទៅហើយ និយាយមករកម៉ែ តែខ្ញុំនៅតែមិនអស់ចិត្ត ហើយនៅមាន
ការងឿងឆ្ងល់មកទល់សព្វថ្ងៃនេះ…ម្ដាយនិស្ស័យឆ្លើយកាត់ឡើងថា៖
-និស្ស័យ! កូនពុំអាចរកការពន្យល់និងចម្លើយចំពោះគ្រប់រឿងហេតុ
ដែលកូនបានឃើញនិងឮទេ។ ជីវិតមានសណ្ឋានដូចពេជ្រមួយម៉ឺន
ជ្រុង កូនអាចឃើញតែជ្រុងខ្លះៗទេ ឯជ្រុងផ្សេងៗទៀត ស្ថិតនៅក្នុង
អាថ៌កំបាំង។ មួយវិញទៀត តើកូនអាចក្តាប់យកខ្យល់មកបង្ហាញ
ឲ្យម៉ែឃើញឬទេ? តែទោះយ៉ាងណាក៏ដោយ តាំងតែពីម៉ែបានឮ
ពុកកូននិយាយមករកម៉ែតាមតួរូបបញ្ចូលមក ទុក្ខរបស់ម្ដាយបាន
រសាយទៅមួយចំណែកធំ ហើយក្នុងពេលឥឡូវនេះទៀត កូន
បានប្រាប់ម៉ែថា កូននឹងត្រូវឃ្លាតពីម៉ែម្តងទៀត ដូចតាមការ
ទស្សន៍ទាយមែន។
លុះបានពោលរួចហើយ ម្តាយនិស្ស័យក្រោកឡើង ហើយទៅ
ចាក់សោទូឈើយកកញ្ចប់មួយមកប្រគល់ឲ្យនិស្ស័យ។
និស្ស័យទទួលយក ហើយស្រាយក្រដាសដែលរុំព័ទ្ធ។ និស្ស័យ
ប្រទះឃើញអកកំបោរតូចមួយអំពីសំរឹទ្ធ សំពត់ហូលដែលមាន
ក្បាច់បុរាណមួយនិងក្រដាសឯកសារមួយដែលបត់ជាច្រើនផ្នត់។
ម្ដាយនិស្ស័យស្រដីឡើងថា៖
-នេះជាមត៌កដែលម៉ែចែកឲ្យកូន។ កូនឃើញឬទេ? ក្នុងមួយ
ជាតិនេះ
 ពុកនិងម៉ែបានសន្សំបានប៉ុណ្ណឹងសម្រាប់កូន។ ម៉ែបាន
ប្រុងប្រៀបកញ្ចប់នេះតាំងពីម៉ែបានត្រឡប់មកពីសួរតួបញ្ចូល
រូបនៅតាខ្មៅមកម្ល៉េះ ពីព្រោះបានដឹងជាមុនស្រេច នៅថ្ងៃណា
មួយកូននឹងមកប្រាប់ម៉ែ
ថា កូននឹងត្រូវឃ្លាតពីម៉ែជាថ្មី។ ដោយហេតុនេះហើយ ម៉ែបាន
រៀបចំស្មារតីឲ្យមាំតាំងពីច្រើនខែច្រើនថ្ងែមក មិនតម្អូញ មិនយំ
នៅពីមុខកូនទេ នៅពេលណាកូនមកផ្តល់ដំណឹងដ៏ទុក្ខព្រួយ
នេះដល់ម៉ែ។ ដូច្នេះនៅពេលនេះ បើម៉ែមិនតម្អូញ មិនយំទេ ចូរ
កូនកុំសោកស្តាយ កុំយំជួសម៉ែ។ ទោះបីភ្នែកម៉ែចង់ជួយត្រេកអរ
ជាមួយកូន ដោយកូនអាចបណ្ដុះបណ្ដាលចំណេះវិជ្ជាឲ្យរឹតតែ
ប្រសើរឡើង។ ហេតុដូច្នេះ ចូរកូនកុំមានការព្រួយដោយកូនទុក
ម៉ែឲ្យនៅតែម្នាក់ឯង គឺម៉ែទេតើដែលភ័យខ្លាចក្រែងកូនមិន
បានរស់សុខស្រួលនៅស្រុកគេ។ ម៉ែដឹងច្បាស់ថា កូននឹកមកម៉ែ
រាប់ម៉ឺនដងក្នុងមួយថ្ងៃៗ។ តែកូនកុំភ្លេចថា ម៉ែស្ថិតនៅក្បែរកូន
ជានិច្ច ពីព្រោះកូនពាក់បន្តោងរូបព្រះដែលឆ្លាក់អំពីធ្មេញម៉ែ។
បើកូនផ្ទៀងត្រចៀកស្តាប់ក្នុងពេលយប់ស្ងាត់នៅគ្រប់ពេល
ណាដែលកូននឹកមកម៉ែ នោះកូននឹងឮសំឡេងម៉ែឆ្លងកាត់
សមុទ្រមករកកូន ពីព្រោះព្រលឹងម៉ែ ទោះបីម៉ែរស់ឬស្លាប់
មុខជាមកជ្រកក្នុងចិត្តកូនតាមគ្រប់ទីកន្លែងកូនរស់នៅ។
និស្ស័យ! ម៉ែស្តាយណាស់ក្នុងជាតិនេះ ដោយពុកនិងម៉ែគ្មាន
ទ្រព្យសម្បត្តិអ្វីជាស្ដុកស្ដម្ភទុកចែកឲ្យកូនជាមត៌ក។ ពុកកូន
មិនដែលបានលើកថាសនំនិងផ្លែឈើតាមរដូវយកទៅផ្គាប់
ចៅហ្វាយនាយតាមទ្វារមុខឬជណ្ដើរក្រោយទេ ដើម្បីសុំ
បុណ្យសក្ដិឬលាភផលផ្សេងៗ។ ដូច្នេះហើយ អ្វីដែលពុកនិង
ម៉ែមានមកទល់នឹងពេលនេះ គឺបានមកពីការសន្សំនិងការ
អត់ធ្មត់។ នៅក្នុងកញ្ចប់នេះ ដូចកូនឃើញស្រាប់ ម៉ែបានដាក់
អកកំបោរពីសំរឹទ្ធមួយដើម្បីរំឮកពេលដែលកូននៅពីតូច
ហើយបានជួយបៀកម្លូស្លាឲ្យម៉ែ និងសំពត់ហូលបុរាណមួយ
ដែលពុកកូនបានស្លៀកនៅពេលបំបួសនាគសងគុណឪពុក
ម្ដាយនៅស្រុកព្រៃកប្បាស ហើយដែលម៉ែបានយកមកគ្រប
មឈូសពុកកូន។ ឯក្រដាសនេះជាប្លង់ផ្ទះយើងសព្វថ្ងៃដែលម៉ែ
សុំឲ្យកូនរក្សាទុកជាមត៌កសម្រាប់កូននិងបងប្រុសកូនតរៀងទៅ…
និស្ស័យទប់ទឹកភ្នែកមិនឈ្នះ ហើយនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មានមត៌កមួយទៀតដែលម៉ែនិងពុកបានផ្តល់ឲ្យកូន ហើយ
ដែលមានតម្លៃឥតគណនា ព្រមទាំងគ្មានអ្នកឯណាអាចមកលួច
ប្លន់បាន…
ម្ដាយនិស្ស័យសួរឡើងថា៖
-ចុះស្អីទៅមត៌កដ៏មានតម្លៃនោះ?
និស្ស័យឆ្លើយបញ្ជាក់ទៅវិញថា៖
-គឺភាសាកំណើតណាម៉ែ! ភាសាដែលម៉ែបានច្រៀងបំពេរកូន
តាំងពីតូចមក ភាសាដែលចងខ្ញុំភ្ជាប់ទៅនឹងស្រុកកំណើតទៅ
ផ្ទះសម្បែង ទៅពុកទៅម៉ែ ទៅជីដូនជីតា…ម្ដាយនិស្ស័យញញឹម
ពេញចិត្តចំពោះចម្លើយរបស់កូន។ គាត់បែរប្រាណទៅរកទី
អាសនៈហើយអុជធូបបីសរសៃថ្វាយព្រះពុទ្ធរូប។ គាត់ថ្វាយបង្គំ
បីដង ហើយចាប់សូត្រធម៌ដោយពោលតិចៗ។
និស្ស័យសម្លឹងភក្រ្តម្ដាយដែលអណ្តែតភ្លឺថ្លាក្នុងភាពងងឹតព្រាងៗ
នៃពេលព្រលប់ដែលទន្ទ្រានចូលមក ហើយនាំគន្ធាគ្រប់យ៉ាងពី
ក្នុងសួនច្បារខាងមុខផ្ទះ ជាពិសេសក្លិនផ្កាណាគ្រីដែលអមដង
ជណ្តើរឈើឡើងមករាលហាល។
និស្ស័យពិចារណាអំពីចំណងកតញ្ញូធម៌ដែលចងភ្ជាប់ទៅឪពុក
ម្ដាយខ្លួន ហើយនិយាយក្នុងជម្រៅដួងចិត្តខ្លួនថា៖
-ខ្ញុំពិនិត្យរកទំហំ ឬទម្ងន់ពាក្យមួយម៉ាត់ៗ ហើយនឹងខ្សែចំណង
ពាក្យនីមួយៗក្នុងទម្រង់ឃ្លា ដើម្បីចងជាឃ្លាពីរោះសម្រាប់បំពេរ
លួងចិត្ត
ខ្លោចផ្សារបស់ម៉ែ។ តែខ្ញុំដឹងជាក់ថា ទោះបីខ្ញុំហ៊ុំព័ទ្ធឃ្លាសម្តី
ខ្ញុំនឹងកម្រងផ្កាមួយពាន់គន្ធា ក៏ឃ្លានេះមិនពីរោះមិនបានផ្តល់
ការសង្ឃឹមអ្វីឡើយ គឺស្ថិតនៅជាវត្ថុធាតុគ្មានកម្តៅ គ្មានភាព
ទន់ល្មើយដូចសំឡី គ្មានលក្ខណៈផ្អែមដូចទឹកឃ្មុំ មិនល្អស្មើ
ដូចពាក្យសម្តីសាមញ្ញធម្មតាដែលពុកធ្លាប់បាននិយាយជាមួយ
ម៉ែឡើយ ដែលជាឃ្លាប្រគុំឡើងដូចបទតន្ត្រីដែលពាក្យមួយ
ម៉ាត់ៗដើរតួជាស្គរធំ សម្ភោរ រនាតឯក គង ដែលគោះ វាយ ផ្លុំ
ផ្សំគ្នាឡើងជាបទបំពេរពេញដោយសេចក្តីទុកចិត្តនិងសេចក្តី
ស្រឡាញ់ដែលពុកមានចំពោះម៉ែចាប់តាំងពីបានកាន់ដៃគ្នា
ជាង៥០ឆ្នាំមកហើយ។ជួលកាល ខ្ញុំបានប្រទះឃើញពុកសម្លឹង
ភក្រ្តម៉ែ  ហើយម៉ែញញឹមតាមមកវិញ។ ខ្ញុំបានយល់ភ្លាមថា
 ក្នុងពេលនោះ ទោះបីខ្ញុំពោលពាក្យមួយពាន់ឃ្លាមកជំនួស
 ក៏គ្មានន័យពីរោះស្មើឡើយ។ កាលពីខ្ញុំនៅតូច ខ្ញុំគ្រាន់តែបង្ខិត
ប្រាណខ្ញុំទៅអង្គុយលើភ្លៅម៉ែដែលយកដៃមកព័ទ្ធជុំវិញខ្ញុំ ពេល
នោះខ្ញុំហាក់នៅក្នុងសម្បុកនៃឋានសួគ៌មួយគ្មានអ្វីផ្ទឹមស្មើ។ ខ្ញុំ
ដាក់ក្បាលខ្ញុំផ្ទាប់នឹងទ្រូងម៉ែ ហើយខ្ញុំឮសំឡេងម៉ែខ្ទររំពង
មកបំពេរ មកលួង មកថ្នាក់ថ្នម ហាក់ដូចជាចំហាយក្តៅឧណ្ហៗ
មួយមកស្អំប្រាណនិងវិញ្ញាណខ្ញុំឲ្យអណ្តែតលើពពកមនោ
សញ្ចេតនាមួយដែលមានតែម្តាយទេដែលចេះធ្វើសម្រាប់កូន។
 តាមចន្លោះបង្អួចនៃរង្វង់ដៃម៉ែ ខ្ញុំបានឃើញសកលលោកដូចជា
ឆាកល្ខោនមួយពេញដោយពួកយក្សដែលប្រកាប់ប្រចាក់គ្នាគ្មាន
ឈប់ឈរ គ្មានឈុតសន្តិភាពឲ្យបានយូរអង្វែងឡើយ។  ស្ទើររៀង
រាល់ល្ងាច ខ្ញុំបានជាសាក្សីនៃចំណងស្នេហារវាងពុកនិងម៉ែ នៅ
ពេលដែលពុកនិងម៉ែចេញមកអុជធូបថ្វាយទេវតានៅលើរានហាល
ដែលហ៊ុំព័ទ្ធដោយផ្ការំយោល ហើយបន្ទាប់មកនាំគ្នានិយាយរំឮក
អំពីអនុស្សាវរីយ៍គ្រប់យ៉ាងដែលទាក់ទងនឹងភូមិកំណើតក្នុងស្រុក
ព្រៃកប្បាសនិងស្រុកកោះធំ។ ក្នុងពេលខ្លះទៀត នៅក្នុងរដូវភ្លៀង
ស្នូររន្ធត់នៃផ្គរលាន់និងរន្ទះធ្វើឲ្យខ្ញុំភ័យរត់ឡើងទៅលើផ្ទះ ហើយ
ទៅពួនក្នុងរង្វង់ដៃម៉ែដែលទាញផាហ៊ុមមកដណ្តប់ជាមួយខ្ញុំ
 ព្រមទាំងឱនភក្ត្រញញឹមមករកខ្ញុំ។ ឱ! ភក្ត្រថ្លៃ ដែលគ្មានអ្វីមក
ជំនួសបាន ហើយបានមកឆ្លាក់ឆ្នៃក្នុងវិញ្ញាណខ្ញុំជាប់ជានិច្ច ព្រម
ទាំងបានឆ្លងកាត់ពេលវេលាទុក្ខនិងសុខនិងតាមច្រកភ្នំពលិកម្មនិង
ករណី រហូតតាមដានខ្ញុំឃើញនៅពេលដែលខ្ញុំបានឃ្លាតពីមាតុភូមិ
ជាលើកទីមួយ ដើម្បីបន្តការសិក្សានៅបរទេស។ ភក្រ្តញញឹមរបស់
ម៉ែបានជ្រាបចូលទៅក្នុងការយល់សប្តិរបស់ខ្ញុំ ដែលបានធ្វើឲ្យ
ព្រលឹងខ្ញុំអររំភើប ហើយលើកដៃស្រវាស្ទាបភក្រ្តម៉ែតែព្រលឹមមក
ដល់បន្សល់ទុកតែការស្រណោះ។
ក្នុងពេលដែលខ្ញុំបានស្នាក់នៅបរទេសអស់រយៈច្រើនឆ្នាំ ឱរាខ្ញុំតែង
បុកញ័រឥតប្រៀបបាននៅគ្រប់ពេលណាដែលខ្ញុំបានទទួលសំបុត្រ
ពីស្រុកកំណើត។ នៅពេលដែលអ្នកចែកសំបុត្រហុចលិខិតមកឲ្យខ្ញុំ
ខ្ញុំទទួលយកទាំងបារម្ភ។ ខ្ញុំយកសំបុត្រទៅតម្កល់ទុកលើតុក្បែរក្បាល
គ្រែដំណេកអស់ចំនួនជាច្រើនម៉ោង។  ក្នុងពេលរាត្រីមុនចូលនិទ្រា
ខ្ញុំអង្គុយសម្លឹងសំបុត្រអស់ច្រើននាទី ដោយចិត្តស្ទាក់ស្ទើរមិនហ៊ាន
លូកដៃទៅយកលិខិតនោះមកហែកមើល ហើយប្រទះរឿងអាក្រក់។
បន្ទាប់ពីបានហែកលិខិតមក ភ្នែកខ្ញុំរត់ច្រាស់ចុះច្រាស់ឡើងពេញផ្ទៃ
ទំព័រ ហើយច្របាច់ពាក្យមួយម៉ាត់ៗ ដើម្បីបំបែងរែងយកធាតុអត្ថន័យ
មកបំពេញសម្រេកនៃការនឹកស្រណោះអនុស្សាវរីយគ្រប់យ៉ាងដែល
ដូចជាខ្សែសូត្រដែលនៅតែចងខ្ញុំទៅម៉ែនិងពុក ដោយឆ្លងកាត់វាល
ភ្នំ ព្រែក ស្ទឹង និងសមុទ្រសាគរ។ លុះខ្ញុំបានអានចប់ ហើយគ្មានប្រទះ
ឃើញដំណឹងអ្វីគួរឲ្យបារម្ភ ទើបចិត្តខ្ញុំបានធូរស្រាល។ តែនៅថ្ងៃស្អែក
 ឡើងឱរាខ្ញុំចាប់តានតឹងជាថ្មីក្នុងការរង់ចាំលិខិតមួយទៀតពីមាតុភូមិ។
ជួនកាលទៀត នៅពេលព្រលឹមឡើងបន្ទាប់ភ្ញាក់ពីដំណេក ខ្ញុំមាន
ការបារម្ភខ្លាចក្រែងក្នុងពេលដែលខ្ញុំកំពុងនិទ្រាលក់ ការយល់សប្តិ
  របស់ខ្ញុំបានបោសសំអាតវិញ្ញាណខ្ញុំនូវពាក្យ ឬឃ្លាខ្លះ ដែលខ្ញុំតែង
បានពោលសម្រាប់ពុកនិងម៉ែ ឬក៏ធ្វើឲ្យពាក្យនោះហួតរីង ឬកំព្រា
  តែម្នាក់ឯង។ តែការបារម្ភរបស់ខ្ញុំគ្មានលក្ខណៈសមរម្យទេ គឺគ្រាន់
  តែជាការប្រឌិតឬការស្រមើស្រមៃប៉ុណ្ណោះ ពីព្រោះភាសាទាំងនោះ
  ជាភាសាដែលម៉ែចែកជាមត៌កឲ្យខ្ញុំតាំងតែពីខ្ញុំនៅជាទារកក្នុងអង្រឹង
 ហើយដែលម៉ែបានច្រៀងបំពេរខ្ញុំ។ នៅគ្រប់ពេលដែលភ្ញាក់ពីនិទ្រា
ឡើង ភាសាកំណើតរត់មករកវិញ្ញាណខ្ញុំជាថ្មី រត់មកស្ថិតលើអណ្ដាត
ខ្ញុំ ហើយធ្វើឲ្យអណ្ដាតនោះរលាស់រញ្ជួយបន្លឺពាក្យគោរព ពាក្យកតញ្ញូ
 ពាក្យកំណាព្យ ពាក្យចម្រៀង ពាក្យឈឺចាប់ ពាក្យខ្សឹបលួងលោម
ពាក្យផ្លុំពន្លត់សេចក្តីទុក្ខព្រួយ ពាក្យស្នេហា។ ក្នុងរយៈពេលដែលខ្ញុំបាន
ឃ្លាតពីមាតុភូមិ ភាសាកំណើតបានក្លាយជាមិត្តជិតស្និទ្ធដែលស្ថិតនៅ
ក្បែរខ្ញុំជានិច្ច ហើយជាស្ពានចម្លងវិញ្ញាណខ្ញុំទៅមាតុភូមិ និងទៅរក
ពុកនិងម៉ែ ព្រមទាំងគ្រួសារទាំងអស់។ ដោយប្រាណខ្ញុំ និងសតិ
អារម្មណ៍ខ្ញុំបានជ្រលក់ក្នុងទឹកខ្មៅនៃភាសាកំណើត បានជាខ្ញុំអាចចូល
ជ្រកក្រោមម្លប់ភាសាកំណើតដែលជាឱសថមកលាប មកព្យាបាល
គ្រប់ពេលវេលា ដែលខ្ញុំមានការនឿយណាយ ក្នុងការហែលច្រាស់
ខ្សែទឹកឆ្ងាយពីមាតុភូមិ ពីពុកនិងម៉ែជាទីស្រឡាញ់និងទីគោរព។
 ជាការពិតណាស់ គ្រប់ពេលដែលខ្ញុំបានឃ្លាតពីម៉ែ ទោះបីកាលនៅ
វ័យកុមារ ឬពេលពេញវ័យក៏ហើយក្តី ទោះបីក្នុងរយៈមួយម៉ោង មួយ
ខែ ឬច្រើនឆ្នាំ មានសំឡេងមួយរំពងឡើងជាលំដាប់ ហើយមកធ្វើជា
កំផែងមួយមកព័ទ្ធជុំវិញអារម្មណ៍ខ្ញុំ ហើយដល់ខ្ញុំផ្ទៀងត្រចៀកស្តាប់
ទៅ ក៏ក្លាយជាសំឡេងម៉ែដែលធ្លាប់បានច្រៀងបំពេរខ្ញុំកាលពីតូច។
ក្នុងឱកាសខ្លះទៀត ភាសាកំណើតមានរូបរាងជាភក្ត្រម៉ែ ជា
ប្រាណម៉ែ ជាដង្ហើមម៉ែ ហើយមកអង្គុយក្បែរខ្ញុំ មកឲ្យខ្ញុំដំបូន្មាន
ខ្ញុំក្នុងគ្រប់ពេលដែលខ្ញុំត្រូវធ្វើការវិភាគឬត្រិះរិះ។ ម៉ែជាភាសា
ភាសាជាម៉ែ ជាខ្លឹមជីវិតរបស់ខ្ញុំ។
កាលណាខ្ញុំកកាយក្នុងសតិសម្បជញ្ញៈរបស់ខ្ញុំ ដើម្បីរាវរកពាក្យ
ឬឃ្លាណាមួយដែលខ្ញុំបានឮតាំងពីកុមាររហូតដល់ពេញវ័យ
 ពាក្យដែលអណ្តែតលេចចេញមកភ្លាម គឺ«និស្ស័យកូនមាស
ម្ដាយ !»។ ឱ ! ពាក្យដុំមាស ដុំពេជ្រ ពាក្យដែលធ្វើឲ្យខ្ញុំលុតជង្គង់
សម្រក់ទឹកភ្នែកក្នុងពេលឥឡូវនេះ ពីព្រោះជាពាក្យដែលខ្ញុំនឹង
លែងបានឮក្នុងពេលបន្តិចទៀតនេះ ដោយខ្ញុំនឹងត្រូវឃ្លាត
ពីម៉ែជាថ្មីម្តងទៀត។ តែពាក្យនេះនៅតែរំពងក្នុងអារម្មណ៍និង
ក្នុងយល់សប្តិរបស់ខ្ញុំរហូតដល់ជីវិតចុងចប់។ ពាក្យសម្តីរបស់ពុក
និងម៉ែដែលធ្លាប់បានទូន្មានខ្ញុំមានសណ្ឋានដូចប្រាសាទសីលធម៌
មួយដែលបន្តុបលើសតិសម្បជញ្ញៈខ្ញុំជានិច្ច។
ម៉ែ! ពុកបានចាកឋានចោលម៉ែតាំងពីខែមេសា១៩៧២ ឥឡូវនេះ
ខ្ញុំត្រូវចាកចេញពីស្រុកកំណើតទុកឲ្យម៉ែនៅតែម្នាក់ឯង…
នៅពេលនោះ ម្ដាយនិស្ស័យបានថ្វាយបង្គំព្រះចប់ ហើយងាក
ភក្ដ្រញញឹមមករកនិស្ស័យ រួចពោលយ៉ាងខ្លីថា៖
-និស្ស័យ! កូនមាសម្ដាយ!
និស្ស័យក្រាបសិរិសាប្របបាទជើងម្ដាយ ទឹកភ្នែកនៅបង្កើយ។
នៅខាងក្រៅផ្ទះ វាយោខែកត្ដិកចាប់បកពីទិសខាងជើង។

                                 ++++++++++++++++

នៅក្នុងប្រាង្គចេតិយដែលដាក់តម្កល់ធាតុឪពុកនិស្ស័យក្នុងវត្ដ
ជម្ពូវ័ន និស្ស័យយកដៃស្ទាបដំណក់ក្រមួនទៀន និងសំណល់
ផេះនៃធូប ដែលបានទុកដាន បន្ទាប់ពីនិស្ស័យនិងម្ដាយបានអុជ
បូជាក្នុងពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធនៃឪពុកនិស្ស័យ។ និស្ស័យ
នឹកអាណិតម្ដាយចាស់ដែលបានខិតខំឲ្យកូនចៅជូនមកកាន់
វត្តជម្ពូវ័ន ទោះបីជើងស្ពឹកដើរពិបាក ហើយភ្នែកងងឹតស្ទើរមើលផ្លូវ
មិនឃើញតែនៅមានស្មារតីរឹងមាំមកគោរពវិញ្ញាណក្ខន្ធស្វាមីចាស់
ដែលបានកសាងជីវិតជាមួយគ្នាជាង៥០ឆ្នាំមកហើយ។
និស្ស័យទាញក្រដាសមួយសំណុំពេញពីហោប៉ៅ ហើយគូសឈើ
គូស។ អណ្តាតភ្លើងចាប់ឆាបឆេះសន្លឹកក្រដាសបន្តបន្ទាប់គ្នា។
និស្ស័យនិយាយតែម្នាក់ឯងថា៖
-នេះរូបខ្ញុំកាលពីនៅតូច នេះរូបកាលប្រឡងជាប់ចូលវិទ្យាល័យ
ស៊ីសុវត្តិ។ នេះរូបកាលពេលអាហារូបករណ៍បងប្រុសខ្ញុំ។ នេះរូបពុក
និងម៉ែកាន់ដៃគ្នាឡើងភ្នំឧត្ដុង្គ។ នេះរូបពុកនិងម៉ែក្នុងពេលធ្វើបុណ្យ
បូជាសពជីតាខ្ញុំនៅស្រុកកោះធំ។ នេះរូបពុកនិងម៉ែពរចៅតារាវុធ
នៅមាត់ជណ្តើរផ្ទះនៅបឹងកេងកង ។ឥឡូវនេះខ្ញុំដុតបូជាដើម្បីកំដរ
វិញ្ញាណក្ខន្ធពុកទៅបរលោក… ពុក! តើនៅពេលណា ស្រុកយើង
បានសុខសប្បាយ?
សំណល់ផេះនៃរូបថតទាំងប៉ុន្មាន ធ្លាក់រាយប៉ាយក្បែរជើងនិស្ស័យ។
និស្ស័យដើរចេញទៅខាងក្រៅចេតិយ។ មួយរំពេចនោះ ចរន្តវាយោ
មួយបក់តាមមាត់ទ្វារចេតិយ ហើយបក់ផាយផាត់សំណល់ផេះអស់
រលីង ហាក់ប្រៀបដូចជាគួចបញ្ជូនទៅឋានណាមួយដែលនិស្ស័យ
មើលមិនឃើញ តែនិស្ស័យស្មានថា ពិតជាឋានដែលឪពុកនិស្ស័យ
កំពុងសម្លឹងមើលមកនិស្ស័យដែលឱរាពេញដោយសេចក្តីកង្វល់។
និស្ស័យបើកភ្នែកមើលធម្មជាតិជុំវិញប្រាណ។ និស្ស័យប្រទះឃើញ
ដើមស្រូវពណ៌បៃតងខ្ចីដុះលូតលាស់ក្រោមរស្មីព្រះអាទិត្យ ពពកស
អណ្តែតបន្តបន្ទុយគ្នា ។សត្វមេអំបៅគ្រប់ពណ៌ហើរក្រឡឹងដើម
ក្រសាំង។ បក្សីហើរខ្ពស់ក្នុងមេឃា។ និស្ស័យចង់ទទះហត្ថហើរដូច
បក្សី តែជើងធ្ងន់ស្អិតជាប់ផែនដី។ ឱផែនដីជាទីស្រឡាញ់!
ជីវិតជាអ្វី? និស្ស័យនឹកប្រដូចដំណើរជីវិតទៅនឹងតំណក់ទឹក
សន្សើមមួយគ្រាប់ដែលរបូតចេញពីតំណក់ទឹកសន្សើមមួយ
គ្រាប់ទៀត ក្នុងភាពឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយទៀតក្នុងដង
ទន្លេវដ្ដសង្សារ។ និស្ស័យរស់ក្នុងទំហំពេលវេលា ហើយវិវិត្ត
ទៅជាមួយនឹងពេលដែលបានកន្លងទៅ ដោយសង្ឃឹមថា ពេល
វេលាអនុញ្ញាតឲ្យជីវិតនិស្ស័យមានដំណើរបន្តិចទៅមុខទៀត
 ក្នុងភាពគ្រប់ទឹកមួយតំណក់ដែលរអិលឃ្លេងឃ្លោងលើស្លឹក
ផ្កាឈូកនៃយថាកម្ម។
តើទល់នឹងមួយ ជីវិតរបស់និស្ស័យមានទម្ងន់ជាងជីវិតនៃក្មេង
កំព្រាដែលរស់លើគំនរសំរាមនៅស្ទឹងមានជ័យឬ? តើព្រលឹង
របស់ឯកឧត្តមមានខ្លឹមសារជាងព្រលឹងរបស់និស្ស័យចំពោះ
មុខមរណៈភាពឬ? តើការយល់សប្តិរបស់ម្ដាយនិស្ស័យមិនល្អ
បរិសុទ្ធស្មើនឹងការយល់សប្តិរបស់ជំទាវឬក្សត្រីទាំងនោះឬ?
 នៅពេលចុងក្រោយបំផុតដែលព្រលឹងយើងរបូតចេញទៅ
 សំបកប្រាណយើងមានតម្លៃស្មើនឹងសំបកក្អមមួយប៉ុណ្ណោះ
 ទោះបីមានថ្ពក់មហាសញ្ញាបត្រ ឬគ្រឿងឥស្សរិយយស
រណេងរណោងទៅជាមួយក្តី។ នៅខាងចុងជីវិតមរណៈភាព
កិនកន្សោមមោទនភាព កិត្យានុភាព និងមហិច្ឆិតារបស់មនុស្ស
លោកគ្រប់រូបឲ្យរាបស្មើ។ ឧត្តមគតិទាំងប៉ុន្មានដែលនិស្ស័យបាន
ស្រមើស្រមៃស្វែងរកក្នុងពេលយុវវ័យ ឥឡូវនេះរលាយទៅជា
មួយនឹងពេលវេលាដែលកន្លងទៅ។ អ្វីៗដែលនិស្ស័យមានជំនឿ
ទៅលើ មិនមានភាពស្របគ្នានឹងអ្វីៗដែលភ្នែកនិស្ស័យបាន
សង្កេតឃើញ។ ព្រឹត្តិការណ៍នយោបាយទាំងប៉ុន្មាន ច្រើនតែមាន
សភាពលក្ខណៈផ្ទុយឬក្បត់នឹងពាក្យសន្យា។
 ក្នុងពេលនេះ មាននៅសល់តែសេចក្តីស្នេហានិងការគោរពឪពុក
ម្តាយប៉ុណ្ណោះ ដែលសង្កេតយ៉ាងពិតប្រាកដលើដួងចិត្ត ហើយនិង
វាយោខែកត្ដឹកដែលបក់យ៉ាងទៀតទាត់រាល់រដូវរំហើយ។
ប៉ុន្តែ បន្តិចទៀត និស្ស័យនឹងត្រូវឃ្លាតឆ្ងាយពីម្ដាយចាស់ ពីស្រុក
កំណើត ពីបងប្រុស ពីក្មួយប្រុសស្រី ពីចេតិយឪពុក…សែនឆ្ងាយ
ពីវាយោខែកត្តឹកលើភូមិបឹងកេងកង។
នៅពេលនិស្ស័យកំពុងសញ្ជប់សញ្ជឹងអំពីអត្ថន័យពិតប្រាកដនៃ
ឆាកជីវិតរបស់ខ្លួន ម្ដាយនិស្ស័យដើរសន្សឹមៗចូលមកជិត ហើយ
ដាក់ហត្ថស្គមដែលមានស្បែកជ្រីវជ្រួញមកលើស្មានិស្ស័យយ៉ាង
ថ្នម។ គាត់សម្លឹងមើលភក្រ្តនិស្ស័យទាំងស្រឡាញ់និងអាណិត
ដោយយល់អំពីការជ្រួលច្របល់ដែលកំពុងអង្រួនច្របាច់គ្រប់
សរសៃដួងវិញ្ញាណរបស់កូន។ គាត់និយាយឡើងថា ៖
-និស្ស័យ! ពេលកាន់តែល្ងាចទៅហើយ ចូរយើងទៅលាធាតុ
ឪពុកកូនម្តងទៀតមុននឹងត្រឡប់ទៅផ្ទះវិញ ពីព្រោះម៉ែមាននៅ
សល់តែយប់នេះទៀតទេដែលម៉ែអាចឃើញកូននៅពីមុខម៉ែ
 ហើយអាចនិយាយឆ្លើយឆ្លងគ្នាជាមួយកូនមុននឹងកូនឃ្លាតពី
ម៉ែនៅពេលព្រឹកស្អែកឡើង…
និស្ស័យបែរភក្ត្ររកម្ដាយ ហើយដឹកដៃម្ដាយដើរសន្សឹមៗទៅ
កាន់ប្រាង្គចេតិយដោយមានបងប្រុសនិងក្មួយស្រីជូនដំណើរពី
ខាងក្រោយ។ ម្នាក់ៗក្នុងពេលនេះ មានអារម្មណ៍ស្រងូតស្រងាត់
ហាក់ប្រៀបដូចជាមានអ្វីមកហែកឱរា ហើយបង្កើតជាចន្លោះអូរ
មួយ ដែលការទុក្ខព្រួយហូរចូលមកទប់មិនឈ្នះ។
នៅពេលឡើងរថយន្ត ដើម្បីចាកចេញពីវត្តជម្ពូវ័នមកកាន់ទីក្រុង
ភ្នំពេញវិញ និស្ស័យនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មុននឹងយើងត្រឡប់ទៅកាន់ផ្ទះយើងឯបឹងកេងកងវិញ កូន
សូមឆៀងចូលទៅកាន់វត្តបទុមវត្តីបន្តិចសិន ដើម្បីអុជធូបលា
សុណ្ណាវី..
ម្ដាយនិស្ស័យឆ្លើយសម្របឡើងថា៖
-ត្រូវហើយកូន! សុណ្ណាវីបានរង់ចាំអស់ចំនួនជាច្រើនឆ្នាំហើយ
បានស្រឡាញ់កូនណាស់។ ហេតុដូច្នេះ កូនមិនត្រូវចាកចេញ
ពីស្រុកយើងទៅ ដោយមិនបានទៅលាសុណ្ណាវីទេ។ ចំពោះម៉ែ
វិញ កូនកុំព្រួយចិត្តខ្លាំងពេក ពីព្រោះម៉ែមានចៅវណ្ណារី និង
 សុមាលី (៣) ដែលជាក្មួយស្រីម៉ែ ហើយដែលបានភៀសខ្លួនពី
ស្រុកកោះធំមកជ្រកនៅជាមួយម៉ែនឹងជួយថែទាំម៉ែជួសកូន
ហើយ…
ក្នុងរាត្រីនោះ និស្ស័យនិទ្រាមិនលក់ទេដោយក្តារក្រាលជញ្ជាំង
 ផ្លានផ្ទោងនៃផ្ទះឈើបន្លឺស្នូរសង្កៀតលានខ្សឹបខ្សៀវហាក់ប្រៀប
ដូចជាព្រលឹងជីដូនជីតាមីងមាទាំងប៉ុន្មាននាំគ្នាពពាក់ពពូនមក
បន្ទោសនិស្ស័យដែលបណ្តោយឲ្យម្ចាស់ចាស់រស់ម្នាក់ឯង។
ចំណែកឯសត្វតុកកែក៏មិនព្រមនៅស្ងៀម ហើយមកកំដរអារម្មណ៍
និស្ស័យរហូតហួសពេលអធ្រាត្រ។ ទ្រាំពុំបាន និស្ស័យក៏ក្រោកមក
អង្គុយក្បែរគ្រែដំណេកម្ដាយរហូតដល់រស្មីព្រាងនៃព្រះអារុណ។
នៅពេលព្រឹកឡើង ម្ដាយនិស្ស័យរក្សាភក្រ្តញញឹម ដើម្បីសម្រួល
ការចេញដំណើររបស់កូន និងកុំឲ្យកូនមានទាក់ទាញជំហាន។
តែនៅពេលដែលនិស្ស័យចាកចេញផុតពីទ្វាររបងផ្ទះ ការញញឹម
បានប្រែក្លាយភ្លាមជាទឹកភ្នែក ហើយនៅក្នុងពេលនោះ ម្ដាយ
និស្ស័យចង់ស្រែកហៅកូនឲ្យបង្អង់ដំណើរមួយវិនាទីសិន ដើម្បី
ឃើញមុខកូនម្តងទៀត។ ចម្លែកណាស់! និស្ស័យហាក់ដូចជាឮ
សំឡេងអង្វរសម្ងាត់របស់ម្ដាយ ហើយក៏ត្រឡប់ជំហានមកដាក់
ក្បាលកើយលើភ្លៅម្ដាយ ហើយលូកយកកូនកន្សែងក្រហមពី
ហោប៉ៅម្ដាយមកជូតទឹកភ្នែកឲ្យម្ដាយដែលហូរទប់ពុំឈ្នះ។
ពាក្យដែលជាដុំមាសដែលនិស្ស័យបានឮចុងក្រោយបំផុត
ពីម្ដាយក្នុងជាតិនេះ គឺ៖
-កូនមាសម្ដាយ…
ប៉ុន្មានខែក្រោយមក ថ្ងៃទី១៧មេសា១៩៧៥ ប្រកាសយុគលាន
មរណៈ។ តាំងពីពេលនោះមក និស្ស័យបានជួបឪពុកម្ដាយ
បងប្រុស និងក្មួយប្រុសស្រី តែក្នុងការយល់សប្តិប៉ុណ្ណោះ ហើយ
នៅក្នុងរាត្រីខ្លះនៃព្រះចន្រ្ទពេញបូណ៌មី និស្ស័យស្រមៃឃើញផ្កា
កុលាបមួយទងរបូតចេញពីបាតដៃនាងសុវណ្ណាវី ហើយធ្លាក់
ពង្រាយស្រទាប់ក្នុងចរន្តវាយោខែកត្ដិក។

សរសេរចប់ ខែវិច្ឆិកា (កត្តិក) ឆ្នាំ២០០៤
         គ. ខូវនី

(៣) ៖ សូមអានរឿងប្រលោមលោក «ព្រះអាទិត្យខ្មៅនៃអតីត»

កកន៖ប្រិយមិត្តអ្នកអានជាទីមេត្រី

រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដែលលោកអ្នកនាងកញ្ញាបានអាននៅ

ទីនេះ​គ្រាន់តែជាការដកស្រង់វគ្គខ្លះៗតែប៉ុណ្ណោះ។ សំណៅដើមរឿងនេះ

សរសេរអក្សរដៃនិងវែងណាស់មិនអាចផ្សាយជូនទាំងស្រុងបានឡើយ។ 

 ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូដែលជាអ្នកនិពន្ធជាទីគោរព​ដ៏ខ្ពង់ខ្ពស់

ដែលបានផ្តល់រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដើម្បីឲ្យខ្ញុំចែករំលែកជូន

អ្នកអានប្លក់របស់ខ្ញុំ ។

ប៉ិច​ សង្វាវ៉ាន