Category Archives: រឿង​ខ្លី​

ជូនចំពោះវិញ្ញាណក័្ខន្ធអ្នកម្តាយរបស់ខ្ញុំ

 

12417776_575554442599051_8905217034784134680_n

អ្នកម្តាយឬ អ្នកម៉ាក់ឬ ម៉ាម៉ង់ហៅតាមភាសាបារាំង Mamanជាទីគោរព

និងស្រឡាញ់!

កូនស្រីច្បងរបស់ម៉ាម៉ង់ថ្ងៃនេះ មានឱកាសសរសេរពីម៉ាម៉ង់ដោយសូមយកថ្ងៃ៨មីនា

ដែលជាទិវាសិទ្ធនារីពិភពលោកនេះដើម្បីឱទ្ទិសជូនម៉ាម៉ង់តែមួយ ទោះបីម៉ាម៉ង់មិន

មែនជាវិរៈនារីដែលបានបំពេញភារៈកិច្ចជូនជាតិក៏ដោយ ប៉ុន្តែម៉ាម៉ង់របស់កូនបាន

ពរពោះរយៈពេល៩ខែ និងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែទាំកូនៗ ព្រមទាំងមានភារៈ

កិច្ចជាស្ត្រីមេផ្ទះដ៏ធំធេងណាស់ និងជាមាតាដ៏ល្អពិសេសណាស់សម្រាប់បុត្រីបុត្រា

ទាំងដប់ពីរ (១២) រូប។

ពិតណាស់ គេអាចវាស់ជម្រៅមហាសាគរ និងអាចស្ទង់សីតុណ្ហភាពក្នុងលោកបាន

ប៉ុន្តែគេមិនអាចវាស់និងស្ទង់ទំហំនៃសេចក្តីស្រឡាញ់របស់អ្នកម្តាយចំពោះកូនៗ

ទាំងអស់របស់អ្នកម្តាយដ៏មានគុណបានឡើយ។ សេចក្តីស្រឡាញ់របស់ម៉ាម៉ង់ចំពោះ

កូនមានទំហំធំធេងនិងមានជម្រៅជ្រៅជាមហាសាគរទៅទៀត។

រាល់គ្រាដែលអ្នកផងសរសើរថា កូនមានចរិតទន់ភ្លន់ គួរសមគោរពចាស់ទុំ និងមិន

ប្រកាន់ឬកពារឆ្មើងឆ្មៃ និយាយស្តីដោយប្រើពាក្យគួរសមចំពោះជនានុជនទួទៅ

មិនថាញាតិមិត្តសាច់បង្កើតនិងសាច់ថ្លៃដោយមិនរើសមុខ និងមិនរើសឋានៈយស

សក្តិ ទ្រព្យធន ឬក៏សរសើរថា កូនមានសណ្តាប់ធ្នាប់ប្រសប់រៀបចំទុកដាក់ចេះតុប

តែងផ្ទះចេះដេរប៉ះសម្លៀកបំពាក់ និងប៉ាក់ព្រមទាំងចេះធ្វើម្ហូបអាហារល្អៗខ្លះ

សម្រាប់គ្រួសារ ព្រមទាំងសម្រាប់ទទួលភ្ញៀវ ក្នុងពេលបុណ្យទាន។ល។

ការយល់និងដឹងកិច្ចការទាំងអស់និងការសរសើរពីអ្នកផងទាំងឡាយ តែងតែ

បណ្តាលឱ្យកូននឹកដល់ម៉ាម៉ង់តែ១គត់របស់កូន ពីព្រោះកូនបានចំណេះទាំង

នេះកូនបានមកពីអ្នកម្តាយ។ អ្នកម្តាយជាស្រី្តមេផ្ទះដែលមានសណ្តាប់ធ្នាប់

ណាស់។ សម្លៀកបំពាក់និងគ្រឿងអលង្ការសម្រាប់ប្រើនៅផ្ទះនិងចេញទៅ

ខាងក្រៅនិងសម្រាប់បុណ្យទានផ្សេងពីគ្នាមិនច្របូកច្របល់លាយឡំឡើយ។

បើយើងទាំងពីរមានលក្ខណៈប្លែកពីគ្នា គឺប្លែកត្រង់ម៉ាម៉ង់ជាអ្នកយឺត ឯកូនជា

អ្នករហ័សរហួនតែប៉ុណ្ណោះ។ នេះជាការបរិយាយសង្ខេប តែកូនមានសង្ឃឹម

ថា និងមានការរៀបរាប់ពិស្តារនៅ ក្នុងរឿង«ខ្ញុំជាស្រី»ដែលជារឿងរ៉ាវទាក់

ទងនឹងខ្សែជីវិតពិតរបស់កូន។ ការស្តាយខ្លាំងបំផុតរបស់កូន គឺការគ្មាន

ឱកាសបានសរសេររឿងរ៉ាវទាំងនេះក្នុងពេលដែលម៉ាម៉ង់របស់កូននៅមាន

ជីវិត។ កូនបានឃើញ MAMAN ជាញឹកញយតែក្នុងសុបិនតែប៉ុណ្ណោះ៕

យុវអ្នកនិពន្ធខ្មែរពីរនាក់ជាប់ពានរង្វាន់

«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»

12391105_995615017152004_53301983169953577_n

ខ្ញុំ​រំភើបចិត្តជា​ខ្លាំង​ពេលដឹង​ថា កូន​ប្រុស​ធម៌​ពីរ​នាក់របស់​ខ្ញុំ​នៅប្រទេស​​កម្ពុជា បា​នជាប់​ពាន​​រង្វាន់​អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥ នា​ពេល​ថ្មីៗនេះ​ គឺ​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​​ថៃ។

12341055_995614840485355_1113365503336158595_n

គណៈកម្មាធិការ​អ្នកនិពន្ធ​អាស៊ាន The S.E.A. WRITE COMMITTEE ​នៅ​ក្រុងបាងកក រៀបចំ​ពានរង្វាន់ THE ASEAN YOUNG WRITER AWARDS 2015​​ នេះ ​ដោយមាន​ការ​ចូលរួមប្រកួត​ពី​អ្នកនិពន្ធ​វ័យ​​ក្មេង ​ទាំង​១០ប្រទេសរបស់​ ASEAN។ ក្នុង​ការ​ប្រកួត​ស្នាដៃ​កម្រិត​​តំបន់​​លើក​​នេះ គឺ​សមាគម​ PEN CAMBODIA ជា​អ្នកជួយ​​​សម្រប​​សម្រួល​បញ្ចូន​​ស្នាដៃ​​ពី​កម្ពុជា​​ ក្នុង​នោះ មាន​ពីរ​ស្នាដៃ គឺ រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់» របស់ ហេង ឧត្តម និង​រឿង «អាណាចក្រ​ចង្រិត» របស់ ម៉ា ច័ន្ទបញ្ញា។

សូម​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាននីមួយ​ៗបាន​ជាប់​ស្នាដៃ​ចំនួន​ពីរនាក់ គឺ​ផ្នែក​ភាសា​ជាតិម្នាក់ និង​ភាសា​អង់គ្លេស​ម្នាក់។ ប៉ុន្តែ​ជាការ​កត់​កម្គាល់​ ស្នាដៃ​ពី​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី ​ជាប់​តែ​ម្នាក់ៗប៉ុណ្ណោះ គឺផ្នែក​ភាសា​ជាតិរបស់​គេ​។​

 12373156_995614990485340_5431068548068790414_n

12347701_995614657152040_1365180226567945119_n

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បាន​ជាប់​ជ័យលាភី​លេខ​២ ឆ្នាំ​២០១១ ហើយ​ត្រូ​វ​​បកប្រែជាភាសា​អង់គ្លេស ​និង​បោះពុម្ព​​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ ដោយសមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច។ ស្នាដៃនេះ​ត្រូវ​​បោះ​ពុម្ព​លើក​ទី​២ ក្នុង​សៀវភៅ«គ្រប់​យ៉ាង​ដើម្បី​អ្នក​ណា​?​» ​ក្នុង​​ឆ្នាំ​២០១៤​។ ក្រោយ​មកទៀត រឿង«​ខ្ញុំ​រៀនត្រួតថ្នាក់» នាំឲ្យ ហេង ឧត្តម បាន​ជាប់​​ជ័យលាភីអ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥នេះ​។ ​

 11143204_519418218232368_2809119402783079179_n

ខ្ញុំ​បាន​ដឹង​ថា​ ហេង ឧត្តម ​ផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់​ចុង​​ឆ្នាំ២០១៥នេះ បាន​​ជាង​៣០ចំណង​ជើង​។ ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ​ឧត្តម ​រស់​នៅ​ឆ្ងាយពីភាព​កក់ក្តៅ​របស់​​​ឪពុក​ម្តាយ​បង្កើត​ ហើយ​គេ​​ធ្លាប់​បាន​​​រស់នៅក្នុង​​មណ្ឌល​កុមារកំព្រា​​​ ជិត​៧ឆ្នាំ​។ ហេតុនេះហើយ ទើប​គេ​បាន​សុំ​ខ្ញុំ​ជាមាតា​ធម៌។​ ដោយសារ​មនោសញ្ចេតអាណិត​អាសូរ និងមាន​និស្ស័យ​ក្នុង​វិស័យ​តែងនិពន្ធដូចគ្នា​ ខ្ញុំ​និង​ស្វាមី​រីករាយ​នឹង​ធ្វើ​ជា​ម្លប់​របស់​កូន​ឧត្តម​។​

12359870_519736658200524_1085811802528249564_n

12359984_10205467856760429_2343577704290407862_n

សព្វថ្ងៃ ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ​បារាំង​ នៅ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ក្នុង​​រាជធានី​ភ្នំពេញ​ ហើយ​ក៏​កំពុង​ធ្វើការ​ជា​អ្នកសារព័ត៌មានឯករាជ្យ Freelancer ឲ្យ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI khmer ផង​​ដែរ​។

12341319_994954160551423_6628445919988255913_n

12310592_1083180638381318_3008854914425478447_n

ចំណែក ​កូនធម៌ ម៉ា ច័ន្ទបញ្ញា កើត​នៅ​ភ្នំពេញ ហើយ​​​ចាប់​ផ្តើម​តែង​និពន្ធ និង​រៀន​វិជ្ជា​និពន្ធន៍​​នេះ នៅសមាគម​អ្នកនិពន្ធខ្មែរ ដំណាល​នឹង​កូន​ឧត្តម​ដែរ។ បញ្ញា មាន​ទេព​កោសល្យ​​សិល្បៈ​ច្រើ​នយ៉ាងណាស់ ដែលគួរ​ឲ្យ​កោត​សរសើរ។ គេ​ចេះ​តែង​និពន្ធ បទភ្លេង ទំនុក​ច្រៀង រឿង​ខ្លី កំណាព្យ ចេះរាំ ចេះ​ច្រៀង… សព្វបែប​យ៉ាង។​ បញ្ញា​ បាន​ទទួល​ពាន​រង្វាន់​​ក្នុង​ស្រុក​ខាង​តែងនិពន្ធ និងជ័យលាភី​​ចម្រៀងថ្នាក់​ជាតិ​​ ព្រមទាំង​បាន​ឡើង​ឆាក​ជា​ច្រើន​មក​ហើយទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ស្រុក​។ ស្នាដៃរបស់​ ម៉ា ច័ន្ទបញ្ញា គឺរឿង «អាណាចក្រ​ចង្រិត» ដែល​ឈ្នះ​ពានរង្វាន់ពី​សមាគម PEN Cambodia រួច​ម្តង​ហើយ​នា​ពេល​​កន្លងទៅ និង​បាន​ទទួល​រង្វាន់​«អ្នកនិពន្ធវ័យក្មេង​អាស៊ានឆ្នាំ​២០១៥» នេះទៀត។​

12371034_1094625947222556_2147369588296447347_o

គួរ​ឲ្យ​ស្តាយ ដែល​ បញ្ញា ពុំ​បាន​មា​នវត្តមាន​នៅ​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​រាជធានីបាង កក​​នោះ​ទេ ពី​ព្រោះ​គេត្រូវ​ទៅ​សម្តែងសិល្បៈ​ ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​តំណាង​​ឲ្យ​មាតុភូមិ​កម្ពុជា​ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ។​

 12370773_1071376019574261_7079228717038989779_o

ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត ពេល​ឃើញ​កូន​ធម៌​ទាំង​ឡាយ​របស់​ខ្ញុំ​ មាន​ស្នាដៃ​ក្នុង​វិស័យ​តែង​និពន្ធ និង​ផ្តើម​មាន​ការ​ទទួល​ស្គាល់​។​ ពួក​គេ​ទាំង​នោះ​ មាន​ តួយ៉ាង៖

993445_218978318226183_1979154186_n

កូន​ កៅ សីហា មាន​ស្នាដៃ​ច្រើន​ទាំង​រឿង​ខ្លី ប្រលោមលោក និង​ការ​ដឹកនាំ​សម្តែង​នៅផលិត​កម្ម​ល្បីក្នុងប្រទេស​ផង ព្រមទាំង​បាន​ត្រូវ​សមាគមអ្នកនិពន្ធ​​នៅ​ស្រុក​បារាំង អញ្ជើញមកថ្លែងពី​វណ្ណកម្ម​របស់​ខ្លួន នៅ​ប្រទេស​បារាំង​។

10563225_738838792850029_6088685100574694526_n

កូន ណេង កន្និដ្ឋា មាន​ស្នាដៃ​រឿង​ខ្លី និង​មាន​សញ្ចេតនា​ច្រើន​ក្នុង​ផ្នែក​តែងនិពន្ធ ហើយ​ដោយសារតែ​ស្នាដៃ​រឿង​ខ្លី​របស់​នាង ទើប​បាន​ត្រូវ​សមាគម​នៅ​ស្រុក​បារាំង អញ្ជើញ​មក​សាធារណៈរដ្ឋ​បារាំង ដើម្បី​និយាយ​ពីស្នាដៃ​របស់​ខ្លួន​ផង (ជាមួយ​ កៅ សីហា ដែរ)។​

11196244_10153382414948816_6549963029679023187_n

កូន​ សុខ ចាន់ផល ដែល​ទើប​ទទួល​ពានរង្វាន់ THE S.E.A WRITE​ឆ្នាំ​ទៅ​ថ្មីៗនេះ និងជាអ្នកនិពន្ធ​ល្បី​មួយ​រូបនៅ​ក្នុងស្រុក ខាង​ទំនុក​ច្រៀង។

69433_116952868365311_8193808_n

 កូន ឡឹក ជំនោរ បាននិពន្ធរឿងខ្លីល្អៗជាច្រើន។ រឿង«ជាងធ្វើកង់» បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១១ នៃសមាគមអក្សរសិល្ប៍ នូ ហាច និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ប្រទេសបារាំង។

191357 

ខ្ញុំ​ភើប​ត្រេក​អរ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ៗ​ធម៌​ទាំង​អស់​នេះ​កំពុង​តែលេច​ត្រដែតក្នុងវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ ក្នុងមាតុប្រទេសនិងប្រទេសជិតខាង៕

កញ្ចក់​បិសាច និពន្ធដោយ ​សឺង គន្ធរ

រក្សាសិទ្ធិ

 ខ្ញុំបានទទួលរឿងខ្លីនេះពីឯក​ឧត្តម សឺន ​គន្ធរជាយូរឆ្នាំកន្លងមកហើយ​។

 ​ក្នុងរដូវរងាមួយនៅប្រទេសបារាំង ខ្ញុំក៏បានលើកយករឿងនេះមកផ្សាយ

រួចហើយតាមរលកអាកាសវិទ្យុបារាំងអន្តរជាតិRFIជាយូរឆ្នាំមកកន្លងទៅ ។

 ប្រហែលជាកាលណោះ  បងប្អូន និងក្មួយៗព្រមទាំងចៅៗមួយចំនួនមិន

ទាន់បានស្គាល់វិទ្យុបារាំងអន្តរជាតិRFI​ ឬក៏មិនទាន់បានស្តាប់ទើបរឿង

«កញ្ចក់បិសាច»នេះនៅឡើយ ​ទើបខ្ញុំសម្រេចចិត្តលើកយកមកផ្សាយ

ជូនក្នុងគេហទំព័ររបស់ខ្ញុំនេះម្តង ។

សូមជម្រាបដែរថា ឯកឧត្តម សឺន គន្ធរដែលជាអ្នកនិពន្ធរឿង«កញ្ចក់

បិសាច»នេះជាអតីតមិត្តរួមថ្នាក់របស់ខ្ញុំ នៅថ្នាក់ទី២ទំនើបជាតិ«ក»

​(ត្រូវជាថ្នាក់ទី១១បច្ចុប្បន្ននេះ) នៃវិទ្យាល័យព្រះយុគន្ធរក្រុងភ្នំពេញ ក្នុង

ឆ្នាំសិក្សា១៩៦៥ – ១៩៦៦ (Classe de Seconde <A> au Lycée PREAH

YUKANTHOR PHNOM PENH en 1965-1966)

សូមជ្រាបដែរថា គន្ធរជាសិស្សម្នាក់ដែលពូកែខាងមុខវិជ្ជាអក្សរសាស្ត្រ

ខ្មែរណាស់ ហើយគេក៏ជាអ្នកសរសេររឿងភាគដែលបកប្រែពីរឿងចិនក្នុង

សារពត៌មាន «មាតុភូមិ» ដែរ។

សូមជូនរឿង ៖

កញ្ចក់បិសាច

មករា ១៩៨២…

រាត្រី​ងងឹត​សូន្យ​ឈឹង។ ផ្កា​ព្រិល​នៃ​សិសិរ​រដូវ​រសាត់​បោក​បក់ទៅ​លើ​កញ្ចក់​បង្អួច​លាន់​ឮ​ស្រិបៗ។ រំពេច​នោះ​ សំឡេង​ជួង​ព្រះ​វិហារ​លាន់​ឡើង​ឮ​រវើយៗពី​ជ្រលង​ភ្នំ​ឯនាយ​បញ្ជាក់​ឱ្យ​ខ្ញុំ​ដឹង​ថា ម៉ោង​១២​អធ្រាត្រ​ហើយ។

ខ្ញុំ​ដាក់​សៀភៅ​និទាន​អំពី​ការ​សម្លាប់​ផ្តាច់​ពូជ​សាសន៍​នៃ​ពួក​កម្មុយនីស្ត​នៅ​ស្រុក​ខ្មែរ ចុះ​ពី​ដៃ។

ខ្ញុំ​នឹក​ហួស​ចិត្ត​ ដណ្តឹង​សួរ​ខ្លួន​ឯង​ថា៖ ហេតុអ្វី​បាន​ជា​អាន​សៀវភៅ​អ៊ីចឹង? នាំ​ឱ្យ​តែ​ក្ដៅ​ក្រហាយ?

ខ្ញុំ​ងើប​ទៅ​រើសឱស​មួយ​ដុំ​បោះ​ចូល​ទៅ​ក្នុង​ឡរ​កម្តៅ​បន្ទប់​ទទួល​ភ្ញៀវ​ដ៏ធំ​ល្វីង​ល្វើយ​នេះ។ ខ្ញុំ​ដើរ​លបៗ​ទៅ​មើល​បន្ទប់​ដំណេក។

នៅ​លើគ្រែ​ ភរិយា​ខ្ញុំ​គេង​ដណ្តប់​ភួយ​ឱប​កូន​ប្រុស​តូច​ខ្ញុំ​លង់​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ។ ខ្ញុំ​ឈរសម្លឹង​រង្វង់​ភ័ក្រ្ដ​ម្តាយ​និង​កូន​ ដោយ​លួច​ញញឹម​ក្នុង​ដួង​ចិត្ត​។ ទោះ​បី​«នារតី» ភរិយា​ខ្ញុំ​ហត់​នឿយ​ក្នុង​​ការ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ប៉ារីស៍ តាំង​ពី​ព្រឹក​ព្រលឹម​មកក៏​នាង​មិន​ភ្លេច​រៀប​ចំ​គ្រែ​មួយ​ទៀត​យ៉ាង​ស្អាត​សម្រាប់​ជូន​ប្តី​។ ជា​ពិសេស​គឺ​មាន​ទឹក​មួយ​កែវ​នៅ​លើ​តុ​ក្បែរ​ក្បាល​ដំណេក​ប្តី​ជា​ដរាប។

ខ្ញុំ​បិទ​គន្លឹះ​ចង្កៀង​រួច​ចេញទៅ​ដំរេត​លើ​កៅ​អី​វែង​ ឯ​បន្ទប់​ទទួល​ភ្ញៀវ​វិញ​ ដើម្បីអាន​បន្ត​សៀវភៅ​ទៀត​ ព្រោះ​ខ្ញុំ​មិន​ងងុយ​សោះ…។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​ហាក់​ដូច​ជា​ចាប់​ផ្តើម​ឈឺ​ក្បាល​តិចៗ…។ អណ្ដាត​ភ្លើង​ជះ​ពន្លឺ​ចាំង​លើក​ញ្ចក់​មួយ​ផ្ទាំង​ធំ​ដែល​គេ​ព្យួរ​ជាប់​នឹង​ជញ្ជាំង​ចំ​ចុង​ជើង​ខ្ញុំ​។… យប់​យន់​ជ្រៅ​ទៅ​… សៀវភៅ​ហាក់​ដូច​ជា​កាន់​តែធ្ងន់ឡើងៗ​ រីឯ​ត្របក​ភ្នែក​ ខ្ញុំ​ក៏​កាន់​តែទន់​ទៅៗ… ខ្ញុំ​ហាក់​អស់​កម្លាំង​អ្វី​ម្ល៉េះ​ទេ…។ ម្រាម​ដៃ​ដប់​ត្រជាក់​ស្រិប​ដូច​សំរឹទ្ធមក​ប៉ះថ្ពាល់​ខ្ញុំ។ ខ្ញុំ​ភ្ញាក់​ក្រញ៉ាង​ ខំ​បើ​ក​ភ្នែក​ទាំ​ង​ត្រដរ… នៅ​ពី​មុខ​គឺ​«នារតី» សក់​ប៉ះ​កន្ទ្រឺង​ ភ្នែក​ក្រហម​ឆ្អៅ ភ័ក្ត្រ​ស្លេក​ស្លាំង​ដូច​អសុរកាយ។ ដង្ហើម​នាង​ដង្ហក់​ពោល​ដោយ​អួលៗ​ខ្លាំងៗ។

  • បង! រ៉ាឌី កូន​យើង​ស្រាប់​តែ​បាត់​ពី​លើគ្រែ!
  • បាត់កូន!

ខ្ញុំ​ហួស​ចិត្ត ចាប់​ឱប​ភរិយា​អស់​ទំហឹង​ រួច​សួរ​មួយ​ៗថា៖

  • យ៉ាង​ម៉េច​ហ្នឹង? អូន​មមើល៍​ឬអ្វី ?
  • បាត់… កូន… បាត់ រ៉ាឌី…

នារតីពោល​ដោយ​បង្រះ​ចេញពី​រង្វង់​ដៃ​ខ្ញុំ។

  • បាត់​ទៅ​ណា​​កើត​កូនយើង​នោះ? ក្រែង​លោ​វា​រមៀល​ធ្លាក់​ចូល​ក្រោម​គ្រែ?…
  • អត់​ទេ! អូន​រក​អស់​ហើយ ទើប​រត់​មក​ដាស់​បង។​

នាង​ចាប់​ផ្តើម​យំ…។ ខ្ញុំ​ទាញ​ដៃ​ភរិយា​ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​ទាំង​ស្រងាក​ចិត្ត។ ខ្ញុំ​ហាក់​ដូច​ជា​ចង់​សើច​បន្តិច ចង់​ខឹង​បន្តិច។ ខ្ញុំ​លាត់​ភួយ…. ហើយ​ឱន​មើលក្រោម​គ្រែ​ទាំង​ពីរ… ស្បែក​ជើង​សម្រាប់​ពាក់​នៅ​ផ្ទះ​របស់​កូន​ខ្ញុំ​នៅ​ចុង​គ្រែ​ដដែល​។ ដូច្នេះ​​កូន​ខ្ញុំ​​មិន​គួរ​ទៅណា​ឆ្ងាយ​ឡើយ ព្រោះ​រ៉ាឌី​ទោះ​ជា​ទៅ​ណា​មួយ​ជំហាន​ក៏​ទម្លាប់​ពាក់​ស្បែក​ជើង​ដែរ…។

ខ្ញុំដើរ​ទៅ​បើក​មើល​ក្នុង​ទូចុង​គ្រែ… រួច​ហួស​ទៅ​អើត​មើល​ក្នុង​បន្ទប់​ទឹក​ទៀត… នៅតែ​មិន​ឃើញ​ស្រមោល​កូន។

  • កូន​យើង វាមា​នទៅ​ណា​ឆ្ងាយ​កើត​ នៅតែ​ក្នុង​ផ្ទះ​ហ្នឹង!

ខ្ញុំ​ស្រែក​តិចៗ រួច​នឹក​សន្មតថា ច្បាស់​ជា​កូន​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បាយ​ហើយ។ យើងនាំ​គ្នា​ស្ទុះ​ចេញពី​បន្ទប់​ដំណេក​ឆ្លង​កាត់​បន្ទប់​ទទួល​ភ្ញៀវ​ ហួស​ទៅ​ផ្ទះ​បាយ ខ្ញុំ​បើក​គន្លឹះ​ចង្កៀង​អគ្គីសនី… ផ្ទះ​បាយ​ស្អាត​ធេង​ឥត​ឃើញ​ស្រមោល​បុត្រ​ខ្ញុំ​ឡើយ។ សង្វាក់​បេះ​ដូង​ខ្ញុំចាប់​ផ្តើម​លោត​ញាប់​បន្តិច​ឡើង។ ខ្ញុំដើរ​បើក​ទូក្រឡេក​រុក​រក​កៀន​កោះ​ តាំង​ពីទូទឹកកកឡើង។ ភរិយាខ្ញុំទ្រហោយំ។ បង្អួច​ក្នុង​ផ្ទះ​បិទ​ជិត​ឈឹងទាំង​អស់។ ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មាន​តែ​​សាឡុង​វែង​មួយ​នឹង​កៅ​អី​តូច​ពីរ កញ្ចក់​មួយ​ផ្ទាំង​ធំ​ និង​ឡ​ភ្លើង​កម្តៅ​ប៉ុណ្ណោះ។ ខ្ញុំពិនិត្យ​មើល​គន្លឹះ​ទ្វារ​ធំ​ឃើញ​ចាក់​សោរ​ជាប់​ដដែល​ ដូចនេះ​ រ៉ាឌី​ ច្បាស់​ជា​នៅ​តែ​ក្នុង​ផ្ទះ​ហ្នឹង​ឯង! តើ​នៅ​ឯណ៎ា?

  • ហ៎ា! ក្នុង​បង្គន់!

ភរិយា​ខ្ញុំស្រែក​ភ្លាត់​សំឡេង​មើល​មុខ​ខ្ញុំ រួច​ស្ទុះ​ទៅ​បើក​ទ្វារ​បង្គន់​ខ្វាក។ ខ្ញុំលួច​គយ​គន់​កាយ​វិការ​ភរិយា។ នាង​បែរ​ភ័ក្ត្រ​មក​រក​ខ្ញុំ​ដោយ​គ្រវី​កេសា ហើយ​ទ្រហោ​យំខ្លាំង​មែន​ទែន។

  •  អូន​មាន​បើ​ក​មើល​ក្នុង​ហិបទេ? ព្រោះ​កូន​យើង​វា​ចូល​ចិត្ត​លេង​បិទ​ពួន​ណាស់​។
  • នៅ​ទេបង!

នាង​ឆ្លើយ​ដោយ​លួច​មាន​រស្មីសង្ឃឹម​ឡើងវិញ​។ យើង​នាំ​គ្នា​ត្រឡប់​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​វិញ។ ភរិយាខ្ញុំ​ស្ទុះ​វឹង​ទៅ​បើក​ហិប​ធំ​។

  • យ៉ាង​ម៉េ​ច​ទៅ​អូន?

ខ្ញុំស្រែក​សួរ​ដង្ហក់។

  • អត់​ទេ! ស្អី​ហ្នឹងបង?

ដៃ​ស្រី​ចាប់​ទាញ​ឈើ​មួយ​ដុំ​តូច​ខ្មៅ​ក្រិប​ចេញ​ពី​ក្នុង​ហិប ហុច​មក​ឱ្យ​ខ្ញុំ…។

  • ស្អី​ហ្នឹង?

ខ្ញុំដណ្តឹង​សួរ​ខ្លួន​ឯង រួច​ដាក់​ដុំ​ឈើ​ទៅ​លើ​តុ​ក្បាល​ដំណេក​ ព្រោះ​អារម្មណ៍​ខ្ញុំ​កំពុង​ខ្វាយ​ខ្វល់​។ យើងខ្វល់​រៀង​ខ្លួន…។ ភរិយាខ្ញុំ​យំ​បោក​ខ្លួន​ទៅ​លើ​គ្រែ។ ខ្ញុំទាញ​វាំង​ននរូត​ខ្វាក… នៅ​ខាង​ក្រៅ​ព្រិល​ធ្លាក់​ក្រាស់​ឃ្មឹក…។ ខ្ញុំហាក់​ដូច​ចង់​ស្ទះ​ឈាម​ ខ្ញុំស្រវា​យក​អាវ​រងា​ការពារ​ទឹកកក​មក​ពាក់​ដោយ​ពោល​វាចា​ថ្នម​ៗ​ទៅ​កាន់​នារតី​ថា៖

  • បង​ចេញ​ទៅ​អើត​ខាង​ក្រៅ​មួយ​ជុំ​ផ្ទះ រួច​បើមិន​ឃើញ​កូន​ទេ បង​បើក​ឡាន​ទៅ​ប្ដឹង​រដ្ឋការ!

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ឱន​យក​កូន​សោ​ររថយន្ត​ នារតី​ស្ទុះ​វឹង​មក​ចាប់​ដៃ​ខ្ញុំ​ជាប់​ ដោយ​ស្រែក​តិច​។

  • ឈប់​សិន​បង! ចាំ​ស្តាប់…

យើង​ឮ​សូរ​សំឡេង​អ្វី​មួយ​លាន់​ឡើង​ស្រដៀង​នឹង​សំឡេង​គេ​ហូត​ច្រវ៉ាក់​ដែក​ថ្នមៗ​បើក​ទ្វារ​របង​ផ្ទះ… រួច​សំឡេង​ស្រិប! ស្រិប! ស្រិប! កាន់​តែ​ជិត​ឡើង…

ទ្វារ​បន្ទប់​ដំណេក​របើ​ក​ខ្វាក…!

រ៉ាឌី​ កូន​ប្រុស​ខ្ញុំ​ឈរ​ហ្នឹង​ថ្កល់​នៅ​មាត់ទ្វារ។ ដៃ​ទាំងពីរញី​ត្របក​ភ្នែក ធ្វើ​មុខម្ហិះៗដូច

​ទើ​ប​ភ្ញាក់​ពី​ដំណេក…។

ភរិយា​ខ្ញុំ​ស្ទុះ​ទៅ​ចាប់​ក្រសោប​ឱប​កូន​ដោយ​ក្តី​ត្រេក​អរ​រក​អ្វី​ផ្ទឹម​ពុំ​បាន​ឡើយ… ទឹក​នេត្រា​នាង​រមៀល​ជោក​ថ្ពាល់។ ខ្ញុំ​ដោះ​ក្រវាត់​អាវ​រងា​ទៅ​លើ​ពួក​គេ​ រួច​យក​ដៃ​អង្អែល​សក់​កូន​ថ្នមៗ។

  • កូន​សម្លាញ់​ ប្រាប់​ប៉ាមើល៍ កូន​ទើប​មកពី​ណ៎ា​ហ្នឹង?
  • ប្រាប់ប៉ាម៉ាក់​មក​ថា កូន​មក​ពីណាថ្មើរ​ហ្នឹង?

ភរិយា​ខ្ញុំ​បន្ទរ។

  • មកពី​ដើរ… ​លេង… មាន​ឆេះភ្លើង… ល្អ​មើល​ណាស់… តាឆក់ឆ (សក់ស)​ នាំកូន​ដើរ​លេង…
  • តាសក់​ស​ណ៎ា?

ភរិយាខ្ញុំ​ស្រែក​សួរ​កូន​។

ខ្ញុំទាញ​កូន​មក​ថើប​ថ្មម​បន្លប់ការ​ភ័យ​ខ្លាច​ដោយ​បោះ​វាចា​ថ្នមៗ។

  • កូន​មក​ពី​ដើរ​លេង​ឯណា​កើត​ បើ​ទ្វារ​បង្អួច​បិទអស់​យ៉ាង​នេះ? កូន​ចេញ​តាម​ណា?
  • ប៉ាប៉ា! មែនណ៎ា! កូន​មកពី​ដើរ​លេង​ជាមួយ​តា​ឆក់ឆ… គឺ​គាត់​ជា​អ្នក​ស្រែក​ហៅ​កូន​ទៅ!
  • មកពីណា? តាណា? ប្រយ័ត្ន​ម៉ាក់​វ៉ៃ កុំ​ភវើយ!

រ៉ាដី​ចាប់​ផ្តើម​ពេប។

ខ្ញុំ​លួង​កូន។

  • ប៉ាម៉ាក់​ភ័យ​ព្រោះ​បាត់​កូន​កណ្តាល​អធ្រាត្រ! ប្រាប់​ប៉ា​ឱ្យ​ត្រង់​មក​ តើ​ឯង​ទៅ​ពួន​ឯណា មកពី​ណា តាសក់​ស​នៅ​ឯណា? ឱ្យ​ប៉ា​ទៅ​លេង​ជាមួយ​គាត់​ផង​បា​នឬទេ?

កូន​តូច​ឈរ​គិត​មួយ​សន្ទុះ​ទើប​ពោល​មួយៗ៖

  • តាឆក់ឆ​ហាម​កូន​ថា​កុំ​ឱ្យ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ​ តែកាល​ណា​គេ​ស្គាល់​ទ្វារ​ទៅ​ស្រុក​គាត់ៗ​ខ្លាច​គេ​បិទ​ទ្វារ​នោះ​លែង​ឱ្យ​ចេញ​ចូល​ទៀត… ណ៎ា!

នារតី​ ស្រែ​ក​ដង្ហក់៖

  • កូន​ឯង​ចង់​ត្រូវ​រំពាត់​ឬ​បា​នពុំ​ព្រម​ប្រាប់​ឪពុក​ម្តាយ?

កូន​ប្រុស​ខ្ញុំ​យំង៉ោង ដោយ​ខ្លាច​ម្តាយ​ដាក់​ទារុណកម្ម។

  • អូន​ឯង​កុំ​ធ្វើ​បាប​កូន​។ គ្នា​កំពុងតែ​ភ័យ​។

ខ្ញុំ​ទាញដៃកូន​ចេញ​ទៅ​បន្ទប់​ទទួល​ភ្ញៀវវិញ។

  • កូន​សម្លាញ់​ ប្រាប់​ប៉ា​មក​ទ្វារ​នៅ​ឯណា? ព្រោះ​ប៉ាចង់​ស្គាល់​លោកតា​សក់​ស​នោះ​ដែរ​ណ៎ា!

ខ្ញុំ​បី​កូន​អង្គុយ​លើ​សាឡុង​វែង។

ភ្នែក​រ៉ាឌី​ងាក​ខ្វាក​សម្លឹង​ទៅ​រក​ផ្ទាំង​កញ្ចក់។ រួច​រ៉ាឌី​លើក​ដៃ​ចង្អុល​ត្រង់​ទៅ​ផ្ទាំង​កញ្ចក់​ដោយ​ពោល​យ៉ាង​ម៉ឺង​ម៉ាត់ថា៖

  • ហ្នឹងហើយ​ទ្វារ​ចេញ​ចូល​ទៅ​ស្រុក​លោក​តា​នុះ!
  • អ្ហ៎ា! កញ្ចក់​ហ្នឹង! ចូល​តាម​ណ៎ា!

ខ្ញុំ​ស្ទុះ​ទៅ​ពិនិត្យ​​ផ្ទាំង​កញ្ចក់ខ្ញុំ​ស្ទាប​រាវរកគែ​ម​ជុំ​វិញ​កញ្ចក់ក្រែង​ឃើញ​មាន​គន្លឹះ​ទ្វារ​សម្ងាត់​ដូច​ប្រាសាទ​បុរាណ​ជា​ដើម។ គឺ​ជា​កញ្ចក់មួយ​ផ្ទាំង​ធំ​ដែល​មាន​វ័យ​ចាស់​រាប់​សិប​ឆ្នាំ​មក​ហើយ​ព្រោះ​ឈើ​ដែល​ហុំ​ជុំវិញ​កញ្ចក់នោះ​ឡើង​សម្បុរ​ខ្មៅ​ខ្លីកហើយកន្លែង​ខ្លះ​មាន​ដាច់​មួយ​កង់ៗ។ ខ្ញុំ​នឹក​ឃើញ​ហើយឈើមួយ​ជុំ​តូច​ដែល​ភរិយា​ខ្ញុំ​រក​ឃើញ​ក្នុង​ហិប​គឺ​ឈើ​ហុំ​កញ្ចក់នេះ​សោះ។

អណ្តាត​ភ្លើង​ចាំង​ទៅ​លើ​កញ្ចក់​គួរ​ឱ្យ​ចង់​ស្រៀវ​បន្តិច​ដែរ។

ខ្ញុំ​ថយ​មក​អង្គុយ​ជិត​កូន​វិញ​ រួ​ច​សួរ​ថា៖

  • កូន​ឯង​ចូល​យ៉ាង​ម៉េច​កើត​បើ​កញ្ចក់ជិត​ឈឹង​ហ្នឹងហ៎ា។

រ៉ាឌី​សម្លឹង​មុខ​ខ្ញុំ រួច​សើច​ស្ញេញ ពោល​មួយៗ​ដូច​មនុស្ស​ចាស់៖

  • បើ​ចង់​ចូល​ ទាល់​តែ​យក​រក​ឈើ​ខ្មៅប៉ះ​កន្លែង​ខ្វះ​ទើប​ចូល​បាន ហើយ​ឈើ​មួ​យ​ដុំ​​ចូល​បាន​តែ​ម្តង​ទេ។ កូន​នៅ​សល់​ឈើមួយ​ដុំ​ទៀត​។

ថា​រួច​នាង​តូច​រត់​វឹង​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក ទារ​រក​ឃើញ​ឈើ​ខ្មៅពី​ម្តាយ​។

  • ចាំ​ស្អែក​សឹម​រក កូន​ឯង​មិន​ឃើញ​ម៉ាក់​កំពុងរៀប​ចំ​គ្រែ​គេង​វិញ​ទេ​ឬ​អ្វី?

ដោយ​ខ្ញុំ​ចង់​ដឹង​ការ​ពិត​ខ្លាំង​ពេក! ខ្ញុំ​ក៏​ស្រែក​ប្រាប់​ទៅ​កូន​ថា​ឈើ​ខ្មៅ​នោះ​នៅ​លើ​តុក្បាល​ដំណេក។

រ៉ាឌី​ចេញ​មក​វិញ ដោយ​កាន់​​ឈើ​ខ្មៅ​មួយ​កង់​តូច​។

  • មើ​ល៍​កូន​ឯង​ធ្វើ​ម៉េច​ទៀត​ដើម្បី​ចូល​ទៅ​ជួប​តា​សក់​ស​នោះ! ហ៎ា! ហ៎ា! ខ្ញុំ​អស់​សំណើច​។

រ៉ាឌីឱន​ដាក់​ផ្ទាំង​កំណាត់​ឈើ​ហុំកញ្ចក់…

រំពេច​នោះ​ ហាក់​ដូច​លាន់​សំឡេង​ទ្វារ​ដែក​របើក​ឡើង​ ឬមួយ​ស្នូរ​ច្រវាក់​ដែក​ក៏​មិន​ដឹង​… អណ្តាតភ្លើង​ចាំង​ចែង​ចេញពី​ផ្ទាំង​កញ្ចក់​ ខ្ញុំ​ស្រវាំង​ភ្នែក។​ មួយ​កន្ទុយ​ភ្នែក​ប៉ុណ្ណោះ​ខ្ញុំ​ហាក់​ដូច​ឃើញ​រាង​កាយ​តូច​ច្រឡឹង​របស់រ៉ាឌី​ត្រូវ​កម្លាំង​អ្វី​មួយ​ស្រូប​ចូល​បាត់​ទៅ​ក្នុង​កញ្ចាក់​ព្រម​ពេល​ជាមួយ​នឹង​អណ្តាត​ភ្លើង​ដែល​រលត់​ទៅ​វិញ។

  • រ៉ាឌី​កូន!…

កូន​ខ្ញុំ! ខ្ញុំ​ស្រែក​អស់​ទំហឹង។ ​ខ្ញុំ​ហក់​ស្ទុះ​លោត​ទៅ​តាម​ស្រមោល​កូន…។ ខ្ញុំ​ហាក់​ចងចាំ​ថា ជើង​ខ្ញុំ​ហក់​ទៅ​ធាក់​ផ្ទាំង​កញ្ចក់​ប្រាវ! ប្រាវ…។      

ខ្ញុំ​ភ្ញាក់​ក្រញ៉ាង! ពុទ្ធោ! ខ្ញុំ​យល់​សប្តិ​ទេ​តើ​…. ខ្ញុំ​ខាំ​មាត់​យក​ដៃ​ទះ​មុខ ទើប​ដឹង​ខ្លួន​មែន​ទែនថា ខ្ញុំ​យល់​សប្តិ។ ប៉ុន្តែ ​ជ្រុល​ហើយ ខ្ញុំ​ធាក់​កញ្ចក់បែក​ខ្ចាយ​លើ​ឥដ្ឋ ហើយ​ហាក់​ដូច​ជា​ឈាម​ជើង​បន្តិច​ផង…។

ភរិយា​ខ្ញុំ​ស្ទុះ​ចេញ​ពី​បន្ទប់​ដំណេក​ទាំង​សើ​ងមម៉ើង៖

  • ស្អី​ហ្នឹង​បង! ស្អី!

ខ្ញុំ​អស់​សំណើច​ យក​ដៃ​ច្របាច់​ឈាម។ នារតី​ស្ទុះ​ទៅ​យក​អាកុល​ពី​ផ្ទះ​បាយ​មក​លាង​ជើង​ឱ្យ​ខ្ញុំ។

  • បង​យល់​សប្តិ​សែន​ចម្លែក​អស្ចារ្យ​ថា​កូន​ប្រុស​យើង​ឈ្មោះ​ “រ៉ាឌី​” ពុំ​មែន​ឈ្មោះ​ “រដ្ឋា”​ ដូច​សព្វ​ថ្ងៃ​ឡើយ…

ខ្ញុំ​រ៉ាយ​រាប់​ត្រួសៗ​ឱ្យ​ភរិយា​ស្តាប់​តាំង​ពី​ដើម​ដល់​ចប់។

នារតីគ្រវី​ក្បាល។

  • អូន​មិន​យល់​សោះ ម៉េច​ក៏​បង​ទៅ​ធាក់​កញ្ចក់អស់​ទំហឹង​អ៊ីចឹង?
  • នរណា​ដឹងថា យល់​សប្តិ​ហាក់​ដូច​មែន​ទែន​អ៊ីចឹងហ្ន៎!

ខ្ញុំ​ក្រឡេក​មើល​នាឡិកាដៃ​ឃើញ​ម៉ោង​៤​រំលង​អធ្រាត្រ​ហើយ ក៏​បបួល​ភរិយា​ចូល​គេង​វិញ​ទាំង​ហួស​ចិត្ត។

ខ្ញុំ​អស់​កម្លាំង​ណាស់។ ខ្ញុំ​ដើរ​តាម​ក្រោយ​ភរិយា​ទៅ​បន្ទប់​ដំណេក​។ សំឡេង​ភរិយា​ខ្ញុំ​ស្រែកយ៉ៃ​លាន់​ឡើង​កណ្តាល​យប់​ស្ងាត់ រួច​រាង​កាយ​នាង​រលំ​មក​លើ​ខ្ញុំ​សន្លប់​បាត់​ស្មារតី​​មួយ​រំពេច…។

ខ្ញុំ​ខាំ​មាត់​បែក​ឈាម​ឈឺ​ផ្សា ទើប​ហ៊ាន​ជឿថា ខ្ញុំ​ពុំ​មែន​កំពុង​យល់​សប្តិ​ទៀត​ទេ…។ អស់​រយៈ​ជាង​កន្លះ​ម៉ោង​ក្រោយ​មក​ទើប​តម្រួត​និង​វេជ្ជ​បណ្ឌិត​មក​ដល់។

ខ្ញុំ​ក៏​ចាប់​រ៉ាយ​រាប់​ ហូរហែ​តាំងពី​រឿង​សុបិន​រហូត​ដល់​ពេល​ខ្ញុំ​បបួល​ភរិយា​ចូល​ទៅ​ទទួល​ទាន​ដំណេក​វិញ។

ខ្ញុំ​បញ្ជាក់​ប្រាប់​តម្រួត​ថា​ ពេល​ភរិយា​ខ្ញុំ​ចូល​ដល់​បន្ទប់​ដំណេក​ក៏​ស្រាប់​តែ​​មិន​ឃើញ​ «រដ្ឋា» កូន​តូច​ខ្ញុំ​នៅ​លើ​គ្រែ។ នាង​ក៏​ស្រែក​ឡើង​រួច​ដួល​សន្លប់។ ខ្ញុំ​រក​សព្វ​គ្រប់​អស់​ហើយ​ តាំង​ពី​ក្នុង​ផ្ទះ​ដល់​ក្រៅ​ផ្ទះ និង​ក្នុង​រោង​ឡាន​ទៀត​ ទើប​វាយ​ទូរសព្ទ​ប្តឹង​តម្រួត​ និង​សុំ​ឱ្យ​អញ្ជើញ​វេជ្ជ​បណ្ឌិត​ឱ្យ​ផង។

(ក្នុង​ផ្ទះ​នេះ​មាន​ទូរសព្ទ​មួយ​)…

 

មករា ១៩៨៣ មួយ​ឆ្នាំ​ក្រោយ​មក… ខ្ញុំ​ដឹងថា ខ្ញុំ​ហាក់​ដូច​ជា​ចាស់​ណាស់​ថ្វី​បើ​ខ្ញុំ​ទើប​នឹង​មាន​វ័យ៣៣​ឆ្នាំ​ប៉ុណ្ណោះ។ មួយ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ព្រាត់និរាស​ពី​កូន​ដែល​បាត់​ដំណឹង​សូន្យ​ឈឹង​ និង​នាំ​ភរិយា​អភ័ព្វ​ដោយ​នាង​ត្រូវ​គេ​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ខាង​រោគ​ខួរ​ក្បាល…។

រថយន្ត​នាំ​ខ្ញុំ​មក​ឈប់​នៅ​ចំមុខ​ផ្ទះ​ដែល​មាន​គ្រោះ​ថ្នាក់​ពី​ឆ្នាំ​ទៅ​ កញ្ញា​ Sylvia MOREAU ជា​មិត្ត​នារី​បារាំង​ខ្ញុំ​ ហើយ​ត្រូវ​ជា​ម្ចាស់​ផ្ទះ​ សុខ​ចិត្ត​ជូន​ខ្ញុំ​មក​មើល​ផ្ទះ​នេះ​ម្តង​ទៀត​។ យើង​ធាក់​ទ្វារ​ចូល​ទៅ… ផ្ទះ​ឥត​មនុស្សនៅ​មួយ​ឆ្នាំ​ហើយ “កញ្ចក់​បិសាច” នោះ​បែក​ខ្ទេច​នៅ​សល់​តែ​ឈើ​ហុំ​ជុំ​វិញប៉ុណ្ណោះ​។ មិន​ដឹង​មាន​ហេតុអ្វី​ខ្ញុំ​ចាប់​ដៃ​ Sylvia ច្របាច់​ ហើយ​ឱន​ខ្សិប​ថា «ខ្ញុំ​ចង់​ដុត​ឈើ​ហុំ​កញ្ចាក់​នេះ​ចោល»។ នាង​ញាក់​ស្មា​ ហើយ​សម្រប​ថា ខ្ញុំ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ។

យើង​អង្គុយ​មើល​ភ្លើង​ឆេះ​ក្នុង​ឡ​កម្តៅ…

បន្ទប់​ទួល​ភ្ញៀវ​… Sylvia រ៉ាយ​រ៉ាប់​ថា ជីតា​នាង​បាន​ទិញ​កញ្ចក់​នេះ​ពី​អ្នក​លក់​គ្រឿង​បញ្ចាំ​ ឯ​ចុង​ភូមិ​ ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី គេ​និទាន​ថា ម្ចាស់​កញ្ចក់​នេះ​ កាល​ពី​១០០ឆ្នាំ​មក​ត្រូវ​គេ​យក​ទៅ​ដុត​ទាំង​រស់​ដោយ​ចោទ​ថា គ្រូ​ធ្មប់​អាយ​អំពាយ…។

ខ្ញុំ​នឹក​ឧទ្ទិស​​ក្នុង​ចិត្ត​ បិសាច​ឯង បើ​រលាយ​ឆេះទៅ​ហើយ​ សូម​ឱ្យ​ដំណឹង​កូន​យើង​មក​វិញ​។

ភ្លើង​រលត់​… យើង​នាំ​គ្នា​ទៅ​សំណាក់​នៅ​សណ្ឋាគារ​វិញ​ ព្រោះ​ខ្ញុំ​មិន​អាច​គេង​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។ ព្រឹក​ឡើង​យើង​នាំ​គ្នា​ជិះ​ស្គី​ចុះ​ភ្នំ​ព្រោះ​ខ្ញុំ​តាំង​ចិត្ត​ប្រមូល​យក​កម្លាំង​ចិត្ត​មក​ទប់​ទល់​ទុក្ខ​សោក​ ហើយ​ខ្ញុំ​ជឿថា កម្លាំង​នេះ​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ឈ្នះ​នូវ​អ្វីៗ​ទាំង​អស់​…។ រំពេច​នេះ គេ​ធ្វើ​​សញ្ញា​ឱ្យ​ឈប់…។ ខ្ញុំ​​ឃើញ​តម្រួត​ និង​ទាហាន​ខាង​បង្រ្កាប​ភ្លើង​ (ពន្លត់​អគ្គីភ័យ)ពេញ​ពាស​ មានទាំង​ឆ្កែ​ហិត​ក្លិន​ទៀត។ ខ្ញុំ​ញែក​គេ​ឯង​ចូល​ទៅ​មើល ទោះ​បី Sylvia ពុំ​ចង់​មើល​ក៏​ដោយ…។

  • ពុទ្ធោ!

គេ​កាយ​បាន​ខ្មោច​ក្មេង​ពីរ​ចេញពី​ស្នាម​ជ្រោះ​។ គេ​ថា មិន​ដឹង​ហេតុ​អ្វី​ស្រាប់តែ​ព្រឹក​នេះ​ទទឹករលាយ​លេច​ផុស​ចេញ​ខ្មោច​ក្មេង​ពីរ​នាក់។

ខ្ញុំ​ញ័រ​ខ្លួន​ទទ្រើក… ពិភាល់​អ្វីធ្វើ​ឱ្យ​ខ្ញុំ​ជឿថា ប្រាកដ​ជា​ខ្មោច​ «រដ្ឋា»…។

តាម​សេចក្តី​រាយ​ការណ៍​ពី​តម្រួត​ គឺ​ប្រាដក​ជា​ខ្មោច​កូន​ខ្ញុំ…

គេ​សន្និដ្ឋាន​តាម​សម្លៀក​​បំពាក់…។ រីឯ​ក្មេង​មួយ​ទៀត… ជា​កូន​របស់​អ្នក​មាន​ម្នាក់​ដែល​បាត់​ខ្លួន​កាល​ពីរ​ឆ្នាំ​១៩៨០ ឈ្មោះ​ Antoine de RADIE តាម​ផ្លាក​ដៃ​ដែល​មាន​ឆ្លាក់​ឈ្មោះ។

 

វិច្ឆិកា​ ១​៩៨៣ ភរិយា​ខ្ញុំ​សម្រាល​បាន​បុត្រ​មួយ​យ៉ាង​ស្អាត​។

ខ្ញុំ​ភ្លេច​ជម្រាប​ថា ភរិយា​ខ្ញុំ​បាន​ជា ហើយ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខួរ​ក្បាល​ តាំងពី​រក​​ខ្មោច​កូន​ប្រុស​ឃើញ​មួយ​អាទិត្យ​មក​ម្ល៉េះ​….។

 

សរសេរ​នៅ​ខែ​វិច្ឆិកា ១៩៨៣

សឺង គន្ធរ

រឿងជំទាវកាកី ដោយ យូ សុភា និង​បទ​វិភាគរបស់​លោក កែវ ឈុន

339309_1887969258715_823647527_o

លោក យូ សុភា ជា​សាស្ត្រាចារ្យអក្សរសិល្ប៍​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នកនិពន្ធវ័យ​ក្មេង​មួយ​រូបដែល​​មាន​ស្នាដៃ​គួរ​ជា​ទី​ចាប់​អារម្មណ៍។ ខ្ញុំ​បាន​ដឹង​ តាមរយៈ​កាសែតនិងទស្សនាវដ្តី​ក្នុង​ស្រុក ដែល​បាន​រាយ​ការណ៍ថា លោក យូ សុភាព ជា​អ្នកនិពន្ធ​ខ្មែរ​ ដែល​ទទួលបានពាន​រង្វាន់​ជ័យលាភី​ច្រើន​ជាង​គេនៅ​កម្ពុជា។ ខ្ញុំ​ពិត​ជា​រីករាយ​ត្រេកអរ​និងសរសើរដោយសុទ្ធចិត្តចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រឹង​របស់​លោកក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។

ខ្ញុំ​បាន​អាន​វណ្ណកម្ម​របស់​លោក​ជា​ច្រើន​កន្លង​មក តាមរយៈ​អំណោយ​ស្នាដៃ​របស់​លោក ដែល​ផ្ញើ​មក​ជូន​ខ្ញុំ​នៅ​ស្រុក​បារាំង និងការ​ជូន​ខ្ញុំ​ដោយ​ផ្ទាល់​ ​ក្នុងគ្រា​ដែល​ខ្ញុំ​ចេញចូល​ក្រុង​ភ្នំពេញក្នុង​មាតុភូមិ​កម្ពុជានារយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ​។

ខ្លឹម​សារ​នៃ​ចំណារ​តាម​រយៈ​វណ្ណកម្ម​របស់អ្នកនិពន្ធ​នីមួយ​ៗ​ ក៏​អាចជា​ផ្នែក​មួយ​នៃ​ការ​ឆ្លុះ​បញ្ចាំង​ដល់​អត្តភាពរបស់​​​ម្ចាស់​ស្នាដៃ​ផង​ដែរ។ ទោះ​យ៉ាងណា​ ការ​ស្គាល់​ជន​ណា​ម្នាក់​ដោយ​សំណេរ ពុំ​គ្រប់​គ្មាន​នោះទេ ព្រោះអក្សរ ភាគ​ច្រើន ​ នរណាៗ​​ក៏​អាច​សរសេរ​បា​នដែរ។ ប៉ុន្តែ ធម្មជាតិ​ចរិត​ពិត​ខាង​ក្រៅ និង ស្នាដៃ​​នៃ​កវីនិពន្ធ អាច​ជា​រឿង​ដោយ​ឡែកមួយ​ទៀត​ ក៏​អាច​ថា​បាន​។

ចំពោះខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទឹក​ដៃ​របស់​លោក យូ សុភា និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទឹក​ដម​នៃ​សំណេរ​របស់លោក ហើយ​ជា​ពិសេស​គឺ​ខ្ញុំ​គោរព​ដល់​ចំណេះ​ចេះ​ដឹង ការ​ដឹង​ខុស​ត្រូវ​ សីលធម៌ គុណ​ធម៌​ សម្តី​សុភាព​រាបសារ​ និងចរិត​រម្យទម​​បញ្ញាវន្ត​រូបនេះ។

គ្រានេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​គេ​ហ​ទំព័រ​បស់ខ្ញុំ​ អាន​បទ​វិភាគ​របស់​ លោក កែវ ឈុន និង​រឿង​ខ្លី​របស់​លោក យូ សុភា ដូច​ខាង​ក្រោម៖

បទវិភាគលើ«រឿងជំទាវកាកី»  

ដោយ កែវ ឈុន

ដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

71746_120124021380918_249770_n

រឿង​ជំទាវ​កាកី ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ តែង​និពន្ធឡើង​ដោយ​សាស្ដ្រា​ចារ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​ឈ្មោះ យូ​​ សុភា​។ នៅ​ក្នុង​សាច់​រឿង ​អ្នកនិពន្ធ​បាន​ឆ្លុះ​បញ្ចាំង​ពី​យុវជន​ម្នាក់​ឈ្មោះ​សុចិត្រ​។ សុចិត្រ​មាន​រូប​រាង​សង្ហា មុខ​ស្រស់ ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​ជា​និសិត្ស​នៃ​មហា​វិទ្យា​ល័យ​ជាន់​ខ្ពស់​។ សុចិត្រ​រើស​បាន​កា​បូប​លុយ​តូច​មួយ មាន​លុយ​ជា​ច្រើន​ដុល្លារ មាន​ចិញ្ចៀន​ពេជ្រ ខ្សែ​ក​មាស​យ៉ាង​មាន​តម្លៃ​ទៀត​ផង នៅ​ក្នុង​កា​បូប​ក៏​មាន​អាស​យដ្ឋាន​នៅ​ក្នុង​នោះ​ដែរ​។

បាន​លុយ​មាស​ពេជ្រ សុចិត្រ​ត្រេក​អរ​ណាស់ យក​លុយ​ទៅឲ្យ​​មីង​ស៊ីចាន់​ជា​ម្ដាយ​ ដែល​កំពុង​ដេក​ឈឺ​រាំ​រៃ នៅ​ក្នុង​ផ្ទះ​ខ្ទម​ដ៏​រខេក​រខាក​មួយ​។ មីង​ស៊ី​ចាន់ ថ្វី​ត្បិត​តែ​គាត់​មាន​សភាព​ក្រី​ក្រ តោក​យ៉ាក​លំបាក​ពិត​មែន ប៉ុន្ដែ​គាត់​ជា​មនុស្ស​ម្នាក់​បរិសុទ្ធ​ទៀង​ត្រង់ ប្រកប​ដោយ​មេត្ដា​ ករុណា​ជា​ពន់​ពេក គាត់​កាន់​សីល​យ៉ាង​ខ្ជាប់​ខ្ជួន ប្រ​ព្រឹត្ដ​អំពើ​សុច​រិត សន្ដោស​ប្រោស​ប្រណី ឥត​ចេះ​ខឹង​នឹង​អ្នក​ណា​ឡើយ មិន​តែ​ប៉ុណ្ណោះ​សោត​គាត់​ចេះ​ថ្លឹង​ថ្លែង​យល់​ដល់​ចិត្ដ​មនុស្ស​គ្រប់​ៗគ្នា​នៅ​ក្នុង​សង្គម ដែល​ចេះ​សោក​ស្ដាយ ចេះ​ឈឺ​ចាប់ មាន​ទុក្ខ​លំបាក​​ដូច​គ្នា​។ មីង​ស៊ីចាន់​ មិន​ព្រម​យក​លុយ​មាស​ប្រាក់​ដែល​សុចិត្រ​រើស​បាន​នោះ​ទេ មីង​​បាន​ឲ្យ​សុចិត្រ​យក​កាបូប​លុយ​នោះ ទៅ​សង​ម្ចាស់​គេ​វិញ​។

សុចិត្រ​យក​កាបូប​ទៅ​ជូន​ម្ចាស់​វិញ​ដល់​ផ្ទះ​។ គឺ​ជា​ផ្ទះ​របស់​លោក​ជំទាវ​ម៉ារី ភរិយា​ឯក​ឧត្ដម​ម្នាក់​។ ជួប​មុខ​សុចិត្រ​ភ្លាម លោក​ជំទាវ​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ដ ស្ទើរ​ទប់​អា​រម្មណ៍​ពុំ​បាន។ លោក​ជំទាវ​សម្តែង​នូវ​សេច​ក្ដី​រាប់​អាន រាក់​ទាក់ យក​ចិត្ដ​ទុក​ដាក់ ចំពោះ​កំ​លោះ​មុខ​ស្រស់​យើង​ជាក្រៃ​ពេក​។

សុចិត្រ​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ជំទាវ​មារី រសាប់​រសល់​វិល​វល់ ខ្វាយ​ខ្វល់​រលឹក​ដល់​កំលោះ​មុខ​ស្រស់​នេះ​ជា​ខ្លាំង ហើយ​ដោយ​ស្វាមី​​ មិន​រវី​រវល់ តែង​ចេញ​ទៅ​រក​សេច​ក្ដី​សុខ​ជា​មួយ​ស្រី​ក្មេង​ៗ ខាង​ក្រៅ​បាត់​ៗ​ផង។ អផ្សុក​ណាស់ អត់​ទ្រាំ​លែង​បាន ជំទាវ​កាកី​ក៏​ធ្វើ​ដំណើរ​ទៅ​រកយុវ​ជន​សុចិត្រ​ដល់​ផ្ទះ​។ ទៅ​ដល់​ផ្ទះ​សុចិត្រ ចំពេល​ដែល​មីង​ស៊ី​ចាន់ បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​។ ជំទាវ​មារី​បាន​ឧបត្ថម្ភ ជួយ​ធ្វើ​ពិធី​​បុណ្យសព​ម្ដាយ​សុចិត្រ​រហូត​ចប់​កម្ម​វិធី ហើយ​ដែល​តាំង​ពី​ពេល​នោះ​មក លោក​ជំទាវ​តែង​តែ​ចេញ​ចូល​ផ្ទះ​កំលោះ​សុចិត្រ​ជា​ញឹក​ញាប់​ឥត​ដាច់​។

ថ្ងៃ​មួយ ខណៈ​ពេល​ដែល​សុចិត្រ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេ បញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ លោក​ជំទាវ​បាន​ឈរ​សម្លឹង​មើល មិន​ប៉ព្រិច​ភ្នែក ទៅ​លើ​បុរស​សង្ហា បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ ធ្វើឱ្យ​បុរស​យើង​មាន​ការ​អៀន​អន់​ជា​ខ្លាំង​។

លោកជំទាវ​កាកី បាន​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង ឱ្យ​កំលោះ​សុចិត្រ​រៀន​យ៉ាង​ចេញ​មុខ រហូត​មាន​ពាក្យ​ចចាម​អារាម​លេច​ឮ​ពាស​ពេញ ធ្វើឲ្យ​​ដឹង​​ឮរហូត​ដល់​ទៅ​ឯក​ឧត្ដម​ជា​ស្វាមី ដែល​ធ្វើ​ឲ្យ​​ឯក​ឧត្ដម​មាន​ការ​ខឹង ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង រហូត​នាំ​បក្ស​ពួក ទៅ​វាយ​ធ្វើ​បាប​កំលោះ សុចិត្រ ឲ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។ លោក​ជំទាវ​ម៉ារី បាន​ខ្នះ​ខ្នែង​ចេញ​ថ្លៃ​ព្យា​បាល​គ្រប់​បែប​យ៉ាង​។ ថ្ងៃ​ក្រោយ​មក មុខ​របួស​របស់​កំលោះ សុចិត្រ​ក៏​បាន​ជា ជា​ធម្ម​តាឡើង​វិញ​។

ថ្ងៃមួយ លោក​ជំទាវ​បាន​ទៅ​រក​សុចិត្រ​ឯ​ផ្ទះ​របស់​គេ​។ ពេល​លោក​ជំទាវ​កំពុង​យំ​ឱប​គ្នា​នឹង​កំលោះ​សុចិត្រ​ដោយ​ក្ដី​សោក​សៅ​រំភើប​ញាប់​ញ័រ យ៉ាង​ខ្លាំង​ក្រៃ​លែង​។ ឯក​ឧត្ដម​ផល្លា​ជា​ស្វាមី​ចូល​មក​ដល់​ក្នុង​ហេតុ​ការណ៍​នេះ ទាញ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​ស្រែក​សន្ធាប់​​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង «មេ​ស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!» កាំ​ភ្លើង​​លាន់​សំឡេង​ផាំង..។

ជំទាវម៉ារីស្ទះយ៉ាងរហ័សទៅរងគ្រប់ជំនួសសុចិត្រ ហើយស្រែកយ៉ាងខ្លាំងថា៖ សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!​។ ឯក​ឧត្ដម​ភ្ញាក់ នឹង​សំរែក​របស់​ភរិយា ហើយ​ភ័យ​ស្លុត​ចិត្ដ​ឥត​ឧបមា​។ គ្រប់​កាំ​ភ្លើង​បាន​រត់​ទៅ​ទម្លុះ​ស្មា​លោក​ជំទាវ ធ្វើឱ្យ​លោក​ជំទាវ ដួស​សន្លប់​បាត​ស្មារ​តី​តែ​ម្តង​។

ដោយ​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​រឿង​ជំទាវ​កាកី យើង​ឃើញ​អ្នក​និពន្ធ​យូសុភា ខ្វល់​ខ្វាយ​អំពី​ឋានៈ វណ្ណៈ​របស់​សង្គម​មនុស្ស​ដែល​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​លំបាក​តោក​យ៉ាក រស់​នៅ​ក្នុង​អំពើ​សុច​រិត​ យុត្ដិ​ធម៌ មិន​លោភ មិន​ចង់​បាន​អ្វី​ដែល​មែន​ជា​របស់​ខ្លួន​ ដូចមីង​ស៊ីចាន់​​​ម្ដាយ​របស់​សុចិត្រ​ជា​ដើម​។ ល្ខោន​ស្នេហា​ដែល​លោក​ជំទាវ​ម៉ារី បាន​សំដែង​ធ្វើ​ជា​ស្និទ្ធ​ស្នាល​ជា​មួយ​កំលោះ​សុចិត្រ​ដែល​មាន​អាយុ​អាច​ធ្វើ​ជា​កូន​បាន ធ្វើ​ឲ្យ​ឯក​ឧត្ដម ស្វាមី​លោក​ជំទាវ ដែល​ចូល​ចិត្ដ​ដើរ​លេង រក​ស្រី​ក្មេងៗ​ក្រៅ​ផ្ទះ វង្វេង​ស្មារ​តី ឈឺ​ចិត្ដ​រហូត​ខ្វះ​សតិ​សម្ប​ជញ្ញៈ ហ៊ាន​ប្រ​ព្រឹត្ដ​នូវ​អំពើ​ឧក្រិដ្ឋ​កម្ម​ទៀត​ផង ហើយ​គឺ​ជា​បទ​សិក្សា​មួយ​ដល់​គូស្វាមី​ភរិយា​ទូ​ទៅ​ឲ្យ​​បាន​ដឹង​ថា ការ​ក្បត់​ចិត្ដ​គ្នា​បែប​នេះ​ វា​មាន​ការ​ឈឺ​ចាប់​ដល់​កម្រិត​ណា​។ ត្រង់​វគ្គ​នេះ អ្នក​និពន្ធ​យូសុភា បាន​លើក​យក​មក​សរ​សេរ​ចំៗ​តែ​ម្តង នៅ​ពេល​ដែល​ដាក់ឲ្យ​​តួ​អង្គ​លោក​ជំទាវ​ម៉ារី​និយាយ​ទៅ​កាន់​ស្វាមី​ថា៖

លោក​បង​ចេះ​មាន​ចិត្ដ និង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយា ទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ​ដែល​ធ្វើ​ជា​កូនរបស់​ខ្លួន​បាន​នោះ​?​។ ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់ អា​ម៉ាស់​យ៉ាង​ណា លោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ ក៏​មាន​បេះ​ដូង​ឈឺ​ចាប់​ដូច​លោក​បង ឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង​។ ទង្វើ​របស់​លោក​បង​ទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រ​ឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។​ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ​!​។

«រឿង​ជំទាវ​កាកី» គឺ​ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ មាន​អត្ថ​រស​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​។ អ្នក​និពន្ធ យូ​សុភា បាន​ប្រើ​វិធី​សាស្រ្ដ​និពន្ធ​យ៉ាង​ប៉ិន​ប្រសប់ មាន​ទេព​កោសល​ខ្ពស់​អស្ចារ្យ គឺ​តែង​បង្កើត​ឈុត​ឆាក​នៃ​សាច់​រឿង ធ្វើ​ឲ្យ​​អ្នក​អាន​ទាំង​ឡាយ អាន​យ៉ាង​ជក់​ចិត្ដ គិត​ថា​កំ​ពុង​តែ​​អាន​ប្រ​លោម​លោក​ដ៏​ធំ វែង​អន្លាយ​មួយ​។ អ្នក​និពន្ធ រហស្ស​នាម​ថា «ជំទាវ​កាកី» ស្ដាប់​ភ្លាម​យើង​វាយ​តម្លៃ​បាន​យ៉ាង​ពិត​ប្រាកដ​ថា វា​ជា​សាច់​រឿង ស្រី​ប្ដូរ​ផ្លាស់ ស្រី​មិន​ស្កប់​នឹង​តណ្ហា ស្រី​មិន​ស្កប់​នឹង​ប្រុស ស្រី​ចើក ស្រី​សាវា ស្រី​ពស់​វែក ស្រី​កាកី ទំនង​នេះ​ឯង ព្រោះ​ថា៖

«រឿង​កាកី» ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា​ក្នុង​អក្សរ​សីល្ប៍​ខ្មែរគ្រប់​ៗ​ជំនាន់។ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន​ក្នុង​សង្គម​អក្សរ​សីល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​ អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្តូរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក អ្នក​ភូមិ​តែង​ដៀល​ជេរ​ថា «មេ​កាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។

ខ្សែ​រឿង ឈុត​ឆាក ការ​សន្ទនា រវាង​តួ​អង្គ​និមួយ​ៗ អ្នក​និពន្ធបាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​ជ្រាល​ជ្រៅ វា​គឺ​ជា​អាថ៌​កំបាំង ដែល​អ្នក​អាន​ស្រមៃ​ដៅ នឹក​គិត​ទៅ​លើ​អត្ថ​ន័យ​មួយ​ផ្សេង​ទៀត។ ស្នេហា​លោក​ជំទាវ​ម៉ារី ដែល​មាន​ចំពោះ​កំលោះ​សុចិត្រ​ដែល​អ្នក​អាន​គិត​ថា ជា​ស្នេហា​ភ្លើត​ភ្លើន​ របស់​នារី​ម្នាក់​ដែល​ត្រូវ​ប្ដី​នាង​មិន​រវី​រវល់ ត្រូវ​អ្នក​និពន្ធ​លាត​ត្រ​ដាង​ពញ្ញាក់​អា​រម្មណ៍​អ្នក​អាន​ឲ្យ​លន្លង់​លន្លោច ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន ធ្វើឲ្យ​​អត្ថ​រស​នៃ​សាច់​រឿង​ទាំង​មូល ពីរោះ​ជាប់​ចិត្ដ នឹក​ស្ងើច​សរ​សើរ​ដល់​អ្នក​និពន្ធ​រក​ទី​បំផុត​គ្មាន​៕

រឿង ជំទាវ​កាកី

រក្សាសិទ្ធិ

Chumteav kakey

ដោយ យូ សុភា

ថ្ងៃ​នេះ​សុចិត្រ ត្រឡប់​ពី​មហា​វិទ្យា​ល័យ​មក​ផ្ទះ​វិញទាំង​ទឹក​មុខ​សប្បាយ​រីក​រាយ​ចម្លែក ខុស​ប្លែក​ពី​ធម្មតា​។ ឃើញ​ដូច្នេះ​មីង​ស៊ី​ចាន់ ដែល​កំពុង​សំរាន​នៅ​លើ​គ្រែ​សួរ​ទៅ​សុចិត្រ​៖

– ថ្ងៃ​នេះ​មើល​ទៅ​កូន​ដូច​ជា​សប្បាយ​រីក​រាយចម្លែក​​ម៉្លេះ មាន​រឿង​អី​កូន​?

សុចិត្រសើចស្រស់៖

– បាទ​ម៉ែ ! ពេល​កូន​ចេញ​ពី​រៀន កូន​រើស​បាន​កា​បូប​យួរ​តូច​មួយ…ក្នុង​កា​បូប​នោះ​មាន​ប្រាក់​ច្រើន​ណាស់​ម៉ែ ហើយ​ថែម​ទាំង​មាន​ខ្សែ​ក និង​ចញ្ចៀន​ពេជ្រ​ទៀត​ផង​!

ថា​រួច​សុចិត្រ ក៏​ប្រ​ញាប់បើក​កា​បូប​របស់​គេរួច​យក​កូន​កា​បូប​តូច​ដ៏​ស្រស់​ស្អាត​មួយ​មក​បង្ហាញអ្នក​មីង​ស៊ី​ចាន់​។ សុចិត្រ​បើក​កា​បូប​យក​ប្រាក់ និង​ខ្សែ​ក ចិញ្ចៀន​ពេជ្រ​មក​បង្ហាញ​ម្ដាយ​។​

– ប្រាក់​រាប់​រយ​ដុល្លារ​ណា​ម៉ែ មើល​ចុះ​ម៉ែ! នេះចិញ្ចៀន និង​ខ្សែក! តម្លៃមិន​ថោកទេ!

សុចិត្រ​ហុច​កាបូប​ប្រាក់ ខ្សែ​ក និង​ចិញ្ចៀន​ទៅឲ្យ​​ម្ដាយ​។ អ្នក​មីង​ទទួល​ពី​កូន​ប្រុស​មក​កាន់ រួច​ពិនិត្យ​មើល…បន្ដិច​មក​ទើប​ពោល​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​មិន​សប្បាយ​ចិត្ដ​៖

– ម្ចាស់​នៃ​ទ្រព្យ​មិន​ដឹង​ជា​គ្នា​ត្រូវ​កើត​ទុក្ខ​ប៉ុណ្ណា​ទេ ពេល​នេះ​កំពុង​តែ​មាន​រឿង​នៅ​ក្នុង​គ្រួសារ​ផង​ក៏​មិន​ដឹង​…

សុចិត្រ ញញឹម​រាង​ស្ងួត​រួច​ទំលាក់​ខ្លួន​ចុះ​អង្គុយ​លើ​គ្រែ​ក្បែរ​ម្ដាយ​ទាំង​ស្រ​ដី៖

– ប្រាក់​នេះ​អាច​យក​ម៉ែ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បាន​ហើយ ទេវ​តា​លោក​ពិត​ជា​ជួយ​ម៉ែ​ហើយ !​

សំដី​កូន​ប្រុស ធ្វើឲ្យ​​មីង​ស៊ី​ចាន់​គ្រវី​ក្បាលរួច​ចាប់​បដិសេធ​៖

– មិន​អាច​ធ្វើ​អីចឹង​បាន​ទេ​កូន​?

សុចិត្រ​បញ្ជាក់​សួរ​ទាំង​បើក​ភ្នែក​ធំៗ

– ហេតុអីមិនបានម៉ែ?

អ្នកមីងស៊ីចាន់ញញឹមស្ងួត

– គ្រួសារ​យើង​ថ្វី​ត្បិត​តែ​ក្រ​ពិត​មែន​ហើយក៏​ ប៉ុន្ដែ​គ្រួសារ​របស់​យើងពុំ​ដែល​ចង់​បាន​នូវ​អ្វី​ដែល​មិន​មែន​កើត​ពី​កម្លាំង​ផ្ទាល់​ខ្លួន​នោះ​ទេ … កូន​យក​វា​ទៅ​ប្រ​គល់ឲ្យ​​ម្ចាស់​គេ​វិញ​ចុះ !អត្ដ​សញ្ញាណ​ប័ណ្ណ​ក៏​មាន​នៅ​ក្នុង​កា​បូប​នេះ​ដែរ​។

– នេះ​មិន​មែន​ជា​ទ្រព្យ​ដែល​យើង​ទៅ​លួច​ឆក់​ប្លន់​ពី​គេ​ឯ​ណា​។ យើង​រើស​បាន​ទេតើ មិន​បាច់​ព្រួយ​ទេ​ម៉ែ!

– កូន​ត្រូវ​តែ​គិតឲ្យ​​បាន​វែង​ឆ្ងាយ​ជាង​​នេះកូន​ត្រូវ​តែ​គិត​ដល់​ម្ចាស់​ទ្រព្យ ប្រ​សិន​បើ​រឿង​នេះត្រូវ​ធ្លាក់​មក​លើ​គ្រួសារ​របស់​យើងៗ​ច្បាស់​ជា​ពិបាក​ស្លាប់​ហើយម៉ែ​មិន​អាច​សោយ​សុខ​លើ​ទុក្ខ​របស់​អ្នក​ដទៃ​បាន​ទេ​។ ធ្វើ​តាម​ម៉ែ​ចុះ​កូនម្ចាស់​ទ្រព្យ​គេ​នឹង​ជ្រះ​ថ្លា​នូវ​អំពើ​បរិសុទ្ធ​នៃ​យើង​។

សុចិត្រកំលោះ​​រាង​សង្ហាមុខ​ស្រស់​ទទួល​បញ្ជា​របស់​ម្ដាយ​ទាំង​អា​ការ​ស្ទាក់​ស្ទើរ​ចិត្ដ​។ ល្ងាច​នេះ សុចិត្រធាក់​កង់​តិច​ៗតាម​ផ្លូវ​តំបន់​ទំនប់​ទួល​គោក​។សុចិត្រ​បញ្ឈប់​កង់​នៅ​ចំ​ពី​មុខ​ផ្ទះ​វិឡាដ៏​ធំស្កឹម​ស្កៃ​មួយ។ គេ​ឈរ​អោប​ដៃ​បន្ដិច ទើប​ដាច់​ចិត្ដ​ចុច​កណ្ដឹង​ហៅ​ម្ចាស់​ផ្ទះ​។ អ្នក​បំរើ​ស្រី​ចំ​ណាស់​ម្នាក់​ចេញ​មក​បើក​ទ្វារឲ្យ​​សុចិត្រ​។ យល់​ពី​បំណង​របស់​សុចិត្រ ហើយ​អ្នក​បំរើ​ក៏​នាំ​មុខ​សុចិត្រទៅ​រក​ម្ចាស់​ស្រី ដែល​កំពុង​អង្គុយ​កើត​ទុក្ខ​នៅ​លើ​ទោង​ចំហៀង​គេ​ហដ្ឋាន​។

– ជំរាបសួរអ្នកមីង!

អ្នក​ស្រី​ញញឹម​ព្រម​ទាំង​សម្លឹង​មុខ​សុចិត្រ​រាង​ភ្លឹក​បន្ដិច ទើប​ស្រដី​តប៖

– ចាស! ក្មួយ​ជា​មិត្ដ​ភក្ដិ និតា កូន​ស្រី​មីង​មែន​ទេ! ?

– បាទ​ទេ ! ខ្ញុំ​ឈ្មោះ​សុចិត្រ… ខ្ញុំ​មក​នេះ​មាន​ការ​សំខាន់គឺ​យក​កា​បូប​មក​ប្រគល់ជូន​​អ្នក​មីង​វិញ​។

សុចិត្រ​យក​កា​បូប​យួរ​ពី​ក្នុង​កា​បូប​ស្ពាយ​របស់​គេ ប្រ​គល់​ទៅជូន​​លោក​ជំទាវ​ម៉ារីរួម​ជា​មួយ​សំដី​៖

– កាបូប​នេះ ខ្ញុំ​រើស​បាន​ក្នុង​បរិ​វេណ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​កាល​ពី​ព្រឹក​មិញ..

លោក​ជំទាវ​ម៉ារី ទទួល​កា​បូប​ពី​សុចិត្រទាំង​សេច​ក្ដី​ត្រេក​អរ​។ លោក​ជំទាវ​ហុច​ប្រាក់​មួយ​ចំនួន​ទៅឲ្យ​​សុចិត្រ តែ​ត្រូវ​សុចិត្របដិ​សេធ​យ៉ាង​ដាច់​អហង្ការ​។ លោក​ជំទាវ​ចោទ​សួរ​៖

– ហេតុ​អ្វីទៅ​ក្មួយ?

– ម៉ែ​ខ្ញុំ​ជា​អ្នក​កាន់​សីល គាត់​មិន​ចង់​បាន​ការ​តប​ស្នង​ទេ។គាត់​ចង់ឲ្យ​​ម្ចាស់​ទ្រព្យ​ទទួល​ទ្រព្យ​វិញ​ដោយ​ក្ដី​ជ្រះ​ថ្លា ម៉ែ​របស់​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​ណាស់​ទៅ​ហើយ។ខ្ញុំ​គិត​ថា​ជំរាប​លា​អ្នក​មីង​ទៅ​សិន​ហើយ​។

– យី ! ម៉េច​ក៏​ប្រញាប់​ម្ល៉េះ​ក្មួយ?

-បាទ ខ្ញុំ​ប្រញាប់ទៅ​ទិញ​ថ្នាំ ​ព្រោះ​ម៉ែ​ខ្ញុំ​កំពុង​ឈឺធ្ងន់​សម្រាក់​នៅ​ផ្ទះ​តែម្នាក់​ឯង។

លោក​ជំទាវ​មាន​ប្រ​សាសន៍​ឃាត់​ដំណើរ​របស់​សុចិត្រ

– ឈប់​សិន​ក្មួយ! បើ​មិន​យល់​ទាស់​ទេ? មីង​សុំ​អា​សយ​ដ្ឋាន​របស់​ក្មួយ​ផង តើ​បាន​ទេ​? ដើម្បីឲ្យ​​មីង​បាន​ស្គាល់​រាប់​អាន​ម្ដាយ​របស់​ក្មួយ​ផង​។

សុចិត្រ​ញញឹម​ចំពោះ​សន្ដាន​ចិត្ដ​មិន​ប្រ​កាន់​រិក​របស់​លោក​ជំទាវកត់​អាស​យដ្ឋានឲ្យ​​លោក​ជំទាវ​ម៉ារី​រួច គេ​ក៏​ប្រ​ញាប់​ចេញ​ទៅ​។ថ្ងៃ​អាទិត្យ​នេះលោក​ជំទាវ​ម៉ារី​បានឲ្យ​​សូហ្វ័រ​ជូន​រថ​យន្ដ​មក​រក​ផ្ទះ​របស់សុចិត្រ​នៅ​ម្ដុំ​វិទ្យា​ល័យ​សាមគ្គី​។លោក​ជំទាវ​ម៉ារី​បញ្ចាឲ្យ​​សូហ្វ័រ​ឈប់​នៅ​ពី​មុខ​ផ្ទះ​តូច​មួយដែល​មាន​ដោត​ទង់​ក្រ​ពើ​នៅ​ពី​មុខ​។ លោក​ជំទាវ​ចុះ​ពីរ​ថយន្ដ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ឃើញ​កំលោះសុចិត្រ​កំពុង​តែ​ក្រាប​យំ​ឱប​សព​ម្ដាយ ឃើញ​វត្ដ​មាន​របស់​លោក​ជំទាវសុចិត្រ​ក៏​ចេញ​មក​រាក់​ទាក់​ដោយ​ក្ដី​គោរព​។ លោក​ជំទាវ​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យ​រហូត​ចប់​សព្វ​គ្រប់  ​រួម​ទាំង​បុណ្យ​សំរាប់​ប្រាំពីរ​ថ្ងៃ​ផង​ដែរ​។

ថ្ងៃ​នេះ សុចិត្រ បាន​រៀប​ចំសំ​អាត​ផ្ទះ​សំបែងឲ្យ​​មាន​របៀប​រៀប​រយ​និង​សណា្តប់​ធ្នាប់​ឡើង​វិញ​។ លោក​ជំទាវ​សម្លឹង​មើល​ទាំង​ចិត្ដ​កំពុង​រិះ​គិតនិង​មិន​ដាក់​ភ្នែក​ទៅ​លើ​បុរស​សង្ហា​សុចិត្រ ដែល​ខណៈ​នេះ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេបញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ។ សុចិត្រ​ឃើញ​លោក​ជំទាវ​សម្លឹង​ដោយ​ក្រសែ​ភ្នែក​ចឡែក​ដូច្នេះ គេ​ហាក់​ដូច​ជា​មាន​អារម្មណ៍​មិន​នឹង​នរ​ក្នុង​ខ្លួនទើប​គេ​ស្រដី​ឡើង​ដើម្បី​សាង​នូវ​បរិយា​កាស​ថ្មី​។

– ខ្ញុំ​បាទ​សូម​អរគុណ​ចំពោះ​លោក​ជំទាវ​ខ្លាំង​ណាស់។ ខ្ញុំ​ពុំ​ដឹង​ជាមាន​អ្វី​តប​ស្នង​សង​គុណ​ដល់​លោកជំទាវ​វិញ​ទេ!

– មិន​ថ្វី​ទេ​ក្មួយ! នេះ​រាប់​ថា ជា​ការ​តប​ស្នង​នូវ​សន្តាន​ចិត្ត​ដ៏ល្អ​របស់​ម្តាយ​ក្មួយ​និង​ក្មួយ​ចុះ។

– ខ្ញុំ​ទើប​តែ​ដឹងនៅ​មុន​ពេល​ដែល​ម្ដាយ​ខ្ញុំ​ជិត​ដាច់​ខ្យល់​ស្លាប់​ទេ​ថា ខ្ញុំ​នេះ​មិន​មែន​ជា​កូន​បង្កើត​របស់​គាត់​ទេ។ គាត់​រើស​ខ្ញុំ​បាន​កាល​នៅ​ថ្ងៃ​រំដោះ​ក្នុង​ឆ្នាំ១៩៧៩កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រ​ហែល​ជា​ពីរ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

បញ្ចាប់​ពំនោល​នេះ កំលោះ​សង្ហា​ដក​ដង្ហើម​ធំ​មួយ​យ៉ាង​វែងសំដែងឲ្យ​​ឃើញ​ច្បាស់​នូវ​សេច​ក្ដី​ព្រួយ​ចំបែង​ចិត្ដ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ជំទាវ​ដែល​កំពុង​សម្លឹង​រូប​អ្នក​មិន​ដាក់​ភ្នែក​។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក លោក​ជំទាវម៉ារី​ឧស្សាហ៍​ចេញ​ចូល​ផ្ទះ​កំលោះ​រូប​ស្រស់​របស់​យើង​មិន​សូវ​ជា​លស់​ពេល​ឡើយ​។ លោក​ជំទាវ​បាន​ផ្គត់​ផ្គង់​ប្រាក់​កាស សំភារ​សិក្សាថែម​ទាំង​ទិញ​ម៉ូតូ​គុប​មួយ​គ្រឿងដើម្បឲ្យ​​គេ​បាន​ជិះ​ទៅ​រៀន​នៅ​សាលា​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ទៀត​ផង។

អំពើ​ល្អ​របស់​លោក​ជំទាវ​ចំពោះ​សុចិត្របាន​កើត​ជា​រឿង​ចចាម​អា​រាម​យ៉ាង​ខ្លាំង ហើយ​រហូត​ដំណឹង​នេះ​បានលេច​ឮដល់​ឯក​ឧត្ដម ផល្លា ដែល​ជា​ស្វាមី​។ យប់​នេះ ​ឯក​ឧត្ដម​កំពុង​តែ​ដំឡើង​សរសៃ​កដាក់​ភរិយា​ទាំង​កែវ​ភ្នែក​ក្រេវ​ក្រោធ។

– ប្រាប់ឲ្យ​​ត្រង់​មក​ថា អា​ក្មេង​ប្រុស​នោះ​ជា​នរ​ណា? ខ្ញុំ​ដឹង​ថា ឯង​ផ្គត់​ផ្គង់​វា​សំបើម​ណាស់!​

– អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅលើ​គេ គឺ​ក្នុង​នាម​ជា​មនុស្ស​ធម៌​ស្រោច​ស្រង់​យុវ​ជន​កំព្រា​ម្នាក់​ ឲ្យ​រួច​ចាក​ផុត​ពី​ភាព​លំបាក​វេ​ទនា​តែ​ប៉ុណ្ណោះ​។

– ចុះ​ក្មេង​កំព្រា​មួយ​គំនរ​គរ​គោក​ម៉េច​ក៏​មិន​ទៅ​ជួយ​ពួក​គេ​ផង​ទៅ​? ឬ​ក៏​ឃើញ​វា​សង្ហា នៅ​ក្មេង ហើយ​ចង់​យក​វា​ធ្វើ​ជា​សហាយ​?

លោក​ជំទាវ​មារី​គ្រវី​ក្បាល​ស្រដី​ទាំង​ហួស​ចិត្ដ​។

– សូម​កុំ​មាន​ប្រ​សាសន៍ឲ្យ​​ខ្ញុំ​ហួស​ហេតុ​ពេក! ក្មេង​នោះ​ខ្ញុំ​អាច​បង្កើត​បាន​ណា​។

ឯក​ឧត្ដម​ផល្លា ញញឹម​បង្កប់​ពិស​ពុល​។

– កុំ​​ឲ្យខ្ញុំ​ចាប់​បាន ប្រយ័ត្នឲ្យ​​មែន​ទែន​ណា កុំ​ផ្ដេស​ផ្ដាសឲ្យ​​សោះ​។

បញ្ចប់​សំដី ឯក​ឧត្ដម​ក៏​ចុះ​ទៅ​ខាង​ក្រោម រួចឲ្យ​​សូហ្វ័រ​បញ្ជា​រថ​យន្ដ ជូន​ទៅ​កន្លែង​ចាស់​ដែល​ជា​ទី​សុខ​សាន្ដ​នៃ​កាមា​រម្មណ៍។

316991_1837568398725_1024751092_n

– ក្មេង​ម្នាក់​នោះ​មាន​របួស​ជា​ស្នា​ដៃ​របស់​បង​តើ​មែន​ទេ​?

ឯក​ឧត្ដម​ឆ្លើយ​ដោយ​ព្រ​ងើយ​កន្ដើយ​។

– ត្រូវ​ហើយ! នេះ​គ្រាន់​តែ​ជា​មេ​រៀន​លើក​ទី​មួយ​ប៉ុណ្ណោះ ថ្ងៃ​ក្រោយ​អាច​នឹង​អស់​ជីវិត​។

-លោកនេះ​អាក្រក់ខ្លាំងណាស់។ យល់តែពី​ចិត្ត​ខ្លួនឯង។ គ្មាន​មេត្តាធម៌​បន្តិច​ណា​សោះ។

ឯក​ឧត្ដម​មិន​ខ្ចី​ឆ្លើយ​តប​ទៀត ព្រោះ​ខ្លាច​ខូច​អា​រម្មណ៍ហើយ​ក៏​ចាក​ចេញ​ទៅ ទុកឲ្យ​​ភរិយា​នៅ​ឈរ​ទួញ​យំ​ឯកា​។ កន្លះ​ខែ​ក្រោយ​មករបួស​សុចិត្រ ក៏​បាន​ជា​សះ​ស្បើយ​ឡើង​វិញក្រោម​ការ​ជួយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពី​លោក​ជំទាវ​ម៉ារី ចំពោះ​រូប​គេ។ ខណៈ​នេះ​លោក​ជំទាវ និង​កំលោះ​សុចិត្រកំពុង​យំ​ឱប​គ្នា​ដោយ​ក្ដី​រំភើប។ឯក​ឧត្ដម​ផល្លា​ក៏​ចូល​មក​ដល់ ហេតុ​ការណ៍​នេះហើយ​ស្រែក​សន្ធាប់​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង។

– មេស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!

បញ្ចប់​សំដី​កំហឹង​នេះ​ភ្លាម ​ឯក​ឧត្ដម​ដក​កាំ​ភ្លើង​ពី​ចង្កេះ​មក​បាញ់​សុចិត្រ តែ​ត្រូវ​លោក​ជំទាវ​ស្ទុះ​យ៉ាង​រហ័ស​មក​រង​គ្រាប់​ជំនួស​សុចិត្រ​រួម​នឹង​សំរែក​។

– សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!…

ឯក​ឧត្ដម​ភ្ញាក់​ចំពោះ​សម្រែក​របស់​ភរិយា រួម​នឹង​គ្រប់​កាំ​ភ្លើងដែល​កំពុង​បៀម​ជាប់​សាច់​ស្មា​ខាង​ស្ដាំ​របស់​លោក​ជំទាវ​ជា​ភរិយា​។ លោក​ជំទាវ ខំ​ទប់​ស្មារតីឲ្យ​​រឹង ហើយ​លាត់​អាវ​របស់​សុចិត្របង្ហាញ​ស្នាម​ខ្មៅ​មួយ​ដ៏​ធំ​នៅ​លើ​ស្មា​ខាង​ស្ដាំ​របស់​សុចិត្រឲ្យ​​ស្វាមី​បាន​ឃើញ​។

– បង​មើល​ខ្នៅ​នេះ​! ហើយ​បង​មើល​មុខ​មាត់​រូប​រាង​របស់​គេ​ទៅគឺ​មិន​ខុស​ពី​បង​នៅ​កំលោះ​ទេ! ម៉្យាង​ទៀត​ឈាម​របស់​សុចិត្រនិង​ឈាម​របស់​បង​ជា​ឈាម​ប្រ​ភេទ​តែ​មួយ​ទៀត​ផង​។

វាចា​បាន​ប៉ុណ្ណេះ ​លោក​ជំទាវ​ក៏​សន្លប់​បាត់​ស្មារតី​ទៅ។ ឯក​ឧត្ដម​ក៏​បញ្ជាឲ្យ​​ពេទ្យ​ប្រញាប់​យក​ភរិ​យា​របស់​លោក​ទៅ​សង្រ្គាះ​ជា​បន្ទាន់​។ មួយ​រយៈ​ក្រោយ​មក​ ​របួស​លោក​ជំទាវ​ម៉ារី​ក៏​បាន​ជា​សះ​ស្បើយ​ដូច​ដើម​វិញ​។ ឯក​ឧត្ដមដើរ​ចូល​មក​ជិត​ឈរ​ក្បែរ​ភរិយា ដែល​ខណៈ​នេះ​លោក​ជំទាវកំពុង​តែ​ឈរ​បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ជាន់​ទី​បី​នៃ​ភូមិ​គ្រឹះ​។ ឯក​ឧត្ដម​មាន​ប្រសាសន៍៖

-ម៉ាក់​វា ឲ្យ​ខ្ញុំ​សូម​ទោស​ផង ព្រោះ​ខ្ញុំ​ដឹងសោះថា សុចិត្រ​ គេ​ជា​កូន​របស់​យើង។

ម៉េច​ក៏​ម៉ាក់​វា​ពុំ​ប្រាប់​ខ្ញុំ​តាំង​ពី​ដំបូងចាំ​បាច់​លាក់​បាំង​រហូត​ធ្វើឲ្យ​​កើត​មាន​រឿង​ដូច្នេះតើ​ធ្វើ​ដូច្នេះ​មាន​ប្រ​យោជន៍​អ្វី​? គឺ​បាន​ត្រឹម​តែ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់ និង​កា​រឈឺ​ចាប់​ប៉ុណ្ណោះ​។

លោក​ជំទាវ​ដក​ដង្ហើម​ធំ​បន្ដិច ទើប​មាន​ប្រ​សាសន៍​ទាំង​កែវ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​។

– អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​នេះគឺ​ជា​គ្រឿង​ដើម្បី​ធ្វើ​ការ​ដក​ពិសោធនិង​វាស់​ស្ទង់​ពី​ដួង​ចិត្ដ​របស់​លោក​បង​មើល​ថា តើ​លោក​បង​ចេះ​មាន​ចិត្ដនិង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយាទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ ដែល​ធ្វើ​ជា​កូន​របស់​ខ្លួន​បាន​​នោះ​?​

មក​ដល់​ត្រឹម​នេះ​ ទឹក​ភ្នែក​លោក​ជំទាវ​ក៏​ចាប់​ស្រក់​មក​ឯង​ៗ ស្ងាត់​បន្ដិច ទើប​លោក​ជំទាវ​បន្ដ​មាន​ប្រ​សាសន៍​ទៀត​ថា៖

– ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់​អា​ម៉ាស់​យ៉ាង​ណាលោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ក៏​មាន​បេះ​ដូង​ឈឺ​ចាប់ ដូច​លោក​បងឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង។ ទង្វើ​របស់​លោក​បងទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ​កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះនោះ ​លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ។

លោក​ជំទាវ យក​កូន​កន្សែង​ជូត​ទឹក​នេត្រា​កំសត់ រួច​ងាក​មុខ​មក​សំលឹង​មុខ​ស្វាមី ទើប​ពោល​បន្ដ៖

– ថ្ងៃ​រំដោះ​ពួក​យើង​រត់​កាត់​គ្រាប់​ផ្លោង គ្រាប់​កាំ​ភ្លើង​រំសេវព្រាត់​ប្រាស់​កូន​គួរឲ្យ​​វេ​ទនា។ ឆ្លង​កាត់​សេច​ក្ដី​លំបាកក្នុង​រយ​ពេល​នេះ យើង​ធ្លាប់​បាន​សច្ចា​ស្បថ​ស្បែ​នឹង​គ្នា​ថា ស៊ូ​រួម​ស្លាប់​រស់​នឹង​គ្នា ស្មោះ​ត្រង់​នឹង​គ្នា​លុះ​អស់​ជីវិត។ មិន​នឹក​ស្មាន​ថា ខ្ញុំ​ត្រូវ​រស់​ដោយ​រកាំ​ចិត្ដ លេប​​ទឹក​ភ្នែកខ្លួន​ឯង​ដោយ​សារ​ខ្វះ​សុភ​មង្គល​ផ្លូវ​ចិត្ដ​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​សោះ?។

ឯក​ឧត្ដម​ដក​ដង្ហើម​ធំ​សំដែង​ការ​ព្រួយ​ចិត្ដ​៖

– ខ្ញុំ​គ្មាន​ពាក្យ​អ្វី​សំរាប់​និយាយ​ក្រៅ​ពី​ការ​សូម​អភ័យ​ទោសពី​ម៉ាក់​វា​នូវ​ទង្វើ​ខុស​ឆ្គង​កន្លង​មក​ ដែល​ខ្ញុំ​បាន​សាង​នោះ​ទេ!ដោយ​សារ​កំ​ហឹង​ខ្ញុំ​ប៊ិស​តែ​នឹង​ធ្វើឲ្យ​​ម៉ាក់​វា​ស្លាប់​ទៅ​ហើយ​។

ខណ​នោះ​ កំលោះ​សុចិត្រ និង នីតា​ជា​ប្អូន​ស្រី​ក៏​ចូល​មក​ដល់ទាំង​ទឹក​មុខ​ញញឹម​មក​កាន់​មាតា​បិតា​ទាំង​ពីរ​ប្រាណ​។ ឯក​ឧត្ដម​ទាញ​កាយ​កូន​ប្រុស​មក​អោប​បញ្ជាក់​នូវ​ចិត្ដ​រំភើប​។ នីតា​និយាយ​ឡើង៖

– កូន​ត្រេក​អរ​ណាស់ ! កាល​បើ​ឃើញ​លោក​ប៉ា អ្នក​ម៉ាក់​ស្រឡាញ់​គ្នាត្រូវ​គ្នា​វិញកូន​ទៅ​រៀន​បាន​ស្ងប់​ចិត្ដ​ហើយ​ហើយ​ក៏​លែង​ឈឺ​នៅ​ថ្នាក់​រៀន​ទៀត​ដែរ​។

10470908_10201376911984530_9165204935483590151_nឯក​ឧត្ដម​អង្អែល​ក្បាល​បុត្រី​ថ្មម​ៗ ហើយ​មាន​ប្រសាសន៍៖

– រឿង​នេះ​ពិត​ជា​ព្រហ្ម​លិខិត​មែន ព្រោះ​តែ​កូន​ឧស្សាហ៍​ឈឺសន្លប់​នៅ​មហា​វិទ្យា​ល័យទើប​ធ្វើឲ្យ​​ម៉ាក់​របស់​កូន​ទៅ​មើល​កូន​ហើយ​ក៏​ត្រូវ​ជុះ​បាត់​កា​បូបដែល​កា​បូប​នោះ​ត្រូវ​ធ្លាក់​លើ​ដៃ​របស់​សុចិត្រ​។

លោក​ជំទាវ​ញញឹម​ទាំង​ស្រដី​៖

– កូន​ៗរបស់​យើង​ធំ​ហើយ!អូន​ចង់ឲ្យ​​ការ​ជួប​ជុំ​នេះ​មាន​ន័យ​រហូត​ត​ទៅដើម្បី​រស់​នៅ​ទទួល​បាន​នូវ​សេច​ក្ដី​ថ្លៃ​ថ្នូរ​ពី​សង្គមដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ផ្ដល់​តម្លៃ​។

ឯក​ឧត្ដម​ទាញ​កាយ​ភរិយា​មក​អោប​ថ្នម​ៗនៅ​ក្រោម​ក្រ​សែ​ភ្នែក​នៃ​បុត្រា​បុត្រី​ដែល​មាន​អត្ថន័យ​រំភើបនិង​ពោរ​ពេញ​ទៅ​ដោយ​សេច​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​មុត​មាំ​ថាសុភ​មង្គល​នៃ​ជីវិត​គ្រួសារ​នេះ នឹង​ស្ថិត​ស្ថេរ​ជា​និច្ច​ត​រៀង​ទៅ​៕

 

ក.ក.ន. ៖ ជា​ចុងក្រោយ ខ្ញុំ​​អរគុណលោកកែវ ឈុនដែលអនុញ្ញាត​ឱ្យខ្ញុំស្រង់ទំព៏័រនេះមកផ្សាយក្នុងគេហទំព័ររបស់ខ្ញុំ និងអរគុណយុវអ្នកនិពន្ធ ហេង ឧត្តម

ផងដែរដែល​បាន​ជួយ​សម្រួល​ដល់​កិច្ច​ការ​ផ្សាយ​នេះ៕

 

 

 

អវត្តមាន និពន្ធ​ដោយ​លោក គឹម ខូវនី

រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ

ក្នុង​នាទី​ដំបូង​ដែល​ខ្ញុំ​ឈរ​មុខ​របង​ដី​ភូមិ​ផ្ទះ​កំណើត

បន្ទាប់ពី​បាន​ឃ្លា​តចំនួនជាង​ម្ភៃ​ឆ្នាំ​ពីមាតុភូមិ

រុក្ខ​ជាតិ​ទាំង​ឡាយ​ដែល​បា​នជា​សាក្សី​ខ្ញុំ​ក្នុង​យុវវ័យ

ស្រែក​រំលឹក​អនុស្សាវរីយ៍​តាម​គ្រប់​មែកធាង គ្រប់​ស្លឹក គ្រប់​ស្រទាប់​បុប្ផា

​រុក្ខជាតិ​ស្រែក​ជំនួស​ឱរា​ខ្ញុំ​ដែល​សឹក​​រិច​ដោយ​ខែ​ឆ្នាំ​កន្លងទៅ

ជំនួស​ឱរា​ខ្ញុំ​ដែល​រង់ចាំ ដែល​ងឿង​ឆ្ងល់ ដែល​សង្ស័យ។

ផ្កាក្ងោក 

មើល​ចុះ​ផ្កាក្ងោក​នៅតែ​បង្ហាញ​សម្រស់​ពណ៌​ក្រហម​លើ​របង

ឯផ្លែ​ដូង​ខ្ចីលាក់​ខ្លួន​ពួន​សម្ងំ​ក្នុង​កញ្ចុំ​កម្រាស់​ស្លឹក​ស៊ុប​ទ្រុប

រុក្ខជាតិ​ទាំង​ឡាយ​និយាយ​មក​រក​ខ្ញុំ ដូច​ជា​ទៅ​កាន់​មិត្ត​ចាស់​ម្នាក់

ហើយ​សុំ​កុំ​​ឱ្យ​ខ្ញុំ​ឈប់​ហៅ​ឈ្មោះ​អនុស្សាវរីយ៍​ម្តង​មួយ​ៗ​គ្រប់​រាត្រី។

 

ក្តៅ​ដូចព្រះ​អាទិត្យ​ក្តៅ​នៃ​ខែ​ចែត្រ​គ្មាន​វាយោ

ក្នុង​សេចក្តី​សង្ឃឹម​រង់ចាំ​ភ្លៀង​ធ្លាក់​ ធ្វើ​ឱ្យ​ប្រាណ​និង​ឱរា​ជោក​ត្រជាក់

តើ​ខ្ញុំ​នៅ​តែ​ឈរ​សម្លឹង​មើល​វិមាន​អ្នក​ដទៃ​ឈរ​សំញ៉ែង​ជួស​ផ្ទះ​កំណើត​ខ្ញុំ

ឬ​មួយ​ខ្ញុំ​ចេញពី​ទីនេះ​ទៅ ហើយ​បិទ​ទ្វារ​ឱរា​ខ្ញុំ​ជា​និរន្តរ៍?

 

តើ​នៅ​សល់​ទ្វារ​ប៉ុន្មាន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​បិទ

ទ្វារ​ស្រមៃ​ ទ្វារយល់សប្តិ​​ ទ្វារអារម្មណ៍ ទ្វារកត្តញ្ញូ​តាធម៌​ចំពោះ​ឪពុក​ម្តាយ​ខ្ញុំ?

នៅ​ក្នុង​ជម្រៅ​នៃ​សតិ​សម្បជញ្ញៈរបស់​ខ្ញុំ

ជើង​ធូប​នៅ​តែបង្ហុយ​ផ្សែង​ ទៀន​នៅ​តែ​ឆេះ

ជួង​វត្តនៅ​តែ​​បន្លឺ​ស្នូ សំឡេង​ព្រះ​ធម៌​នៅ​តែ​ឮ​រម្ងំ​មុខ​ព្រះ​បដិមា

ខ្វះ​តែ​វត្តមាន​ឪពុក​ខ្ញុំ​ ម្តាយ​ខ្ញុំ​ បងប្រុស​ខ្ញុំ ក្មួយ​ប្រុស​ស្រី។

 

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មួយ​ទៀត​ចូល​មក​ដល់​

តែ​ពេលវេលា​មិន​បាន​លប់​ពេល​វេលា

វាយោ​ខែ​ឆ្នាំ​បក់​មក គ្រាន់តែ​ខាត់​សិលា​ប្រាសាទ​ឱ្យ​រលោង

រៀង​រាល់​រាត្រី​ ខ្ញុំ​អង្គុយ​លើ​មាត់​ច្រាំង​វិប្បដិសារី។

 

ពេលវេលា​មិន​ចំជា​ពេល​វេលា

តែ​ក្នុងស្នូល​នៃ​ពេល​វេលា មាន​អនន្តភាព​

អតីតនិយាយ​មក​រក​បច្ចុប្បន្នភាព​ តើ​បច្ចុប្បន្ន​មាន​អ្វី​ឆ្លើយ​ទៅវិញ?

ខាង​ចុង​ផែន​ដូច​មាន​តែ​ជល​សា​រ​ល្វឹង​ល្វើយ

ខាង​ចុង​ជលសារ មានតែ​លំហ​មេឃ​ល្ហ​ល្ហេវ

លំហ​មេឃ​ពេញ​ដោយ​អវត្តមាន​ឪពុក​ម្តាយ​ខ្ញុំ។

 

ភក្រ្ត​ដែល​ធ្លាប់​គោរព​ ដើរ​ឆ្លង​កាត់​ព្រំ​ដែ​ន​រដូវ​ខែ​ឆ្នាំ

ហើយ​បង្វិល​​បច្ចុប្បន្នឱ្យ​ក្លាយ​ទៅ​ជាកញ្ចក់​នៃ​អតីត​កាល​

សំណើច​និង​សម្តី​ដែល​ធ្លាប់​ឮ​ ខ្ញុំ​ឮ​ដោយ​មិន​ចាំបាច់​ផ្ទៀង​ត្រចៀក​ស្តាប់

ព្រោះ​ខ្ញុំ​នៅ​ចាំ​ជានិច្ច​បែបបទ​ទំនង​ពាក្យ​សាសង។

 

រូបថត​លោក​គឹម ខូវនី

រូបថត​លោក​គឹម ខូវនី

 

ជីវិត​របស់​ខ្ញុំ​សរុប​មក​ត្រឹម​សម័យ​ពីរ​ដាច់​ពីគ្នា

សម័យ​ដែល​ឪពុក​ម្តាយ​ខ្ញុំ​ផ្គុំ​សំឡេង​គ្នា​ថ្វាយ​បង្គំ​ព្រះ​ពេល​ល្ងាច

ហើយ​និង​សម័យ​មួយ​ទៀត​ ដែល​កៅ​អី​ផ្តៅ​ពី​រ​ទំនេរ​គ្មាន​ឪពុក​ម្តាយ​

មរណៈ​ជា​គូ​នឹង​កង្វះ​   កង្វះ​ជា​គូ​នឹង​វិប្បដិសារី

អវត្តមាន​ជា​ទឹក​ជ្រោះ​សោក​ស្តាយ​ដែល​កកេរ​ច្រាំង​ជីវិត។

 

ខ្ញុំយក​ភក្ត្រ​ឪពុ​កម្តាយ​ខ្ញុំ​ទៅ​បិទ​លើ​គ្រប់​ទេសកាល​ជុំវិញ​ខ្ញុំ

​ខ្ញុំផ្តិត​រូប​គាត់​លើ​ព្រះ​ចន្ទ​ លើ​ព្រះ​សុរិយា លើ​ហ្វូង​តារា

លើ​ដំណក់​សន្សើម លើ​គ្រប់​ទឹកភ្លៀង​ លើ​ស្រទាប់​បុប្ផា

លើ​សំណាប​ខ្ចី លើ​ប្រាង្គ​ចេតិយ លើ​មេឃ​អស្តង្គត។

 

ខ្ញុំឆ្លុះ​ឃើញ​ភក្ត្រ​ខ្ញុំប្តូរ​សភាព​រៀង​រាល់​ថ្ងៃ​ក្នុង​កញ្ចក់​ជីវិត

ខ្ញុំចង់​ឃើញ​សច្ចៈ តែ​អ្វី​ៗ​ជា​ស្រមោល​មក​បន្លំ

ខ្ញុំ​ស្មាន​ថា ពេលវេលា​ដែល​បាន​កន្លង​ទៅ​ បាន​ដឹក​ដៃ​អនុស្សាវរីយ៍​ទៅជាមួយ​

តែ​ពេលឆ្នាំថ្មី​ចូល​មកដល់​ ឱរា​ខ្ញុំ​ស្រាប់តែ​ធ្ងន់​ជាង​សព្វ​ដង។

 

មួយ​ថ្ងៃ​បូក​នឹង​មួយ​ថ្ងៃ ទុក​បន្សល់​តែ​ការ​ស្រណោះ

ព្រោះតែ​ការ​សោក​ស្តាយ​ឪពុក​ម្តាយ ដី​ភូមិ ផ្ទះ​កំណើត

បាន​ជា​ញឹក​ញាប់ ភ្នែក​ខ្ញុំ​ពុំ​សូវ​មាន​ពេល​ស្ងួត

បន្ទាប់បាន​ឃ្លាត​ពី​មាតុភូមិ​ ដែល​បាន​ក្លាយ​ជា​លា​ន​មរណៈ

ខ្ញុំគ្មាន​សល់​អ្វី​ក្រៅ​ពី​រើស​ប្រមូល​ដី​មុខ​ផ្ទះ​បា​នមួយ​ក្តាប់

ហើយ​ដាក់​ក្នុង​ហៅប៉ៅ​មុននឹង​ឃ្លាត​ពី​មាតុភូមិ

ក្នុង​នាម​នៃគ្រួសារ​ខ្ញុំ​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​រណ្តៅ​រួម

គ្រប់​ពេល​ចូល​ឆ្នាំខ្មែរ​​ថ្មី​ មាន​ពណ៌​ខ្មៅ​នៃ​មេសា​៧៥៕

មេសា ២០០២

 191357

ក.ក.ន.

 វាយអត្ថបទយួនីកូតកាលពីថ្ងៃ២៥ធ្នូ២០១៣ ដោយ

និស្សិត ហេង ឧត្តម​។

សូមបញ្ជាក់ថា អត្ថបទរបស់លោក គឹម ខូវនីខាងលើនេះបានផ្សាយតាមរលកអាកាស

វិទ្យុបារាំង RADIO FRANCE  និង វិទ្យុអាស៊ី RADIO ASIE សម្លេងខ្មែរ ក្នុងរដ្ឋធានី

បារីសនៃ ប្រទេសបារាំង នាអំឡុងទសវត្សរ៍៧០ ​និងទសវត្សរ៍៨០៕

 

រឿង ព្រហ្មលិខិត វគ្គទី៨​ និពន្ធដោយទី ធាវី

វគ្គទី៨

កម្មនាងចិន្តា

ប្រហែលជាមួយម៉ោងគត់ ចិន្តាមិនបាននៅរេរ៉ក្នុងផ្សារយូរទេ។ តាមធម្មតា​

នាង​បាន​ចំណាយ​​ពេលយ៉ាងហោចណាស់ក៏ជាងមួយម៉ោងដែរក្នុងការដើរ

ទិញនេះទិញនោះ ជាពិសេសគឺ​ទិញគ្រឿងស្លស្លុកធ្វើម្ហូបបំពេញចិត្តប្តី។​ ថ្ងៃ

នេះនាង​រួសរាន់​ត្រឡប់​មកផ្ទះវិញ​ខុស​ពីសព្វមួយដង  ព្រោះនាងខ្វល់ខ្វាយ

ពីសុខទុក្ខរបស់ប្តី។ នាងបានទិញសម្ភារៈ​សង្គ្រោះបន្ទាន់​មួយចំនួនផងដែរ

មានប្រេងកូឡា ប្រេងខ្យល់ ថ្នាំរាគ ថ្នាំឈឺក្បាល និងវិលមុខជាដើមសម្រាប់

ការមិនស្រួលខ្លួនរបស់ស្វាមី។

– ពូៗ ឈប់ត្រឹមហ្នឹងហើយ!

នាង ចិន្តាបញ្ឈប់ពូស៊ីក្លូ​ រួចហុចប្រាក់ថ្លៃជិះតាមទម្លាប់ ហើយរួសរាន់​ប្រញាប់

ចុះ​ដើរ​សំដៅ​ទៅខ្ទម​កំសត់ក្នុងដីឡូត៍របស់ខ្លួន។

ខណៈឃើញទ្វារផ្ទះចាក់សោរបិទ។ នាងគ្រវីក្បាល ដកដង្ហើមធំលាន់មាត់​

– យី! បង​នេះ​មិនស្រួលហើយនៅទៅធ្វើការទៀត មិនខំ​សំរាក​ទេ!

ថាហើយ​នាង​ក៏ទាញ​យកកូន​សោរ​ពីក្នុងកន្ត្រកម្ហូបរួចចាក់សោរចូលផ្ទះ។

ក្រោយពីនាងបានយកគ្រឿង​ស្លស្លុកនៅក្នុងកន្ត្រកព៌ណ​ខៀវកញ្ចាស់ដែល​

ទើប​យូរចុះពី​ស៊ីក្លូ​​​ទៅទុក​ក្នុង​ផ្ទះ​បាយហើយ នាងប្រះខ្លួនគេងលើពូកមួយ

ស្របក់ធំ យក​ដៃស្ទាបពោះ រួចពោលពាក្យក្នុងចិត្តម្នាក់ឯង។

– បងសំឡាញ់! តើបងមាន​ដឹងទេ​ថា​យើង​នឹងមានកូនមួយទៀតហើយ។ អូន

មានទម្ងន់​៣ខែហើយបង។ អូននឹងធ្វើបងឱ្យបង​រំភើប​ចិត្ត​ពេល​ដែល​បងនឹង

ឃើញ​ពោះ​អូន​ធំ​ជាង​នេះ។

គិតហើយ  នាងក៏ងើបទៅចាក់ទឹកផឹក។

ក្រដាសស្អីនេះ! មាណវីអភ័ព្វឆ្ងល់យ៉ាងខ្លាំងក៏ទាញយកមកអាន។

…………………………………………………

ភ្នំពេញ ថ្ងៃ ទី​១២​ មេសា ឆ្នាំ២០១២

ចិន្តាប្រពន្ធសម្លាញ់!

បងមិនចង់សួរនាំអូនទេ! តែបងគិតថា អូនធ្វើនេះត្រូវហើយ គឺត្រូវទៅនឹង

គំនិត ដែលអូនគិតថា ប្តីម្នាក់នេះ អូនបានតស៊ូយ៉ាងលំបាក តែលទ្ធផល

វានៅតែលំបាកដូចសព្វថ្ងៃនេះ។ បងក៏ដឹងថា តាមពិត អូនគឺជានារីម្នាក់

នោះសោះ ដែលសុខណាក់បានសម្លឹងឃើញ ហើយគេធ្លាប់ប្រាប់បងជា

រឿយៗកាលពីតូចមកនោះ។ ពេលនេះ បងដឹងច្បាស់ហើយ​ថា ​បង​គ្រាន់

​តែជាស្ពានចម្លង​អូនឱ្យបានជួបគេតែប៉ុណ្ណោះ។ ជួនពរ​អូនឱ្យ​​បាន​ជួប​គេ

​ពេញ​មុខ។ វាមិនអីទេ ព្រោះគេជាអ្នកមាន។ គេអាចមានប្រពន្ធពីរក៏បាន

ដែរ។ តាមចិត្តអូនចុះ។ បងលាអូនហើយ បងនិងកូនមួយនេះលាអូនអស់

មួយជីវិតពីថ្ងៃនេះទៅ!។

ពីម្ចាស់ស្នេហ៍ពង្រាត់របស់អូន!

…………………………………………………………..

អានសំបុត្រចប់ ចិន្តាអភ័ព្វ​វិលមុខ​ដួលក្នុង​សភាព​ជោគជាំ​លើផ្ទៃ​មុខ

​ដោយ​​​ជលនេត្រ។ សំបុត្រ​បានជ្រុះធ្លាក់​ពីក្នុងដៃរបស់នាងដោយ​ហើរ

ចេញ​ឆ្ងាយ​​​​ទៅ​ជើង​​​តុ​ម្ខាង ប្រៀបដូចចិត្តហោះ​ហើររបស់សុខណាក់

ក្នុងដំណើរជិវិត មិនដឹងទៅខាងណា។ នៅក្នុងពេលនេះ​នាង​កំពុងតែ​

រងគ្រោះ​ក្លាយខ្លួនដូចនាងបដាចាគួរឱ្យអាណិតជាពន់ពេក។

នៅមានត….

 

ព្រហ្មលិខិត ភាគ៧ ដោយ ទី ធាវី

          @រក្សាសិទ្ធិដោយអ្នកនិពន្ធ

ល្ងាចបានមកដល់ ព្រះសូរិយាបានបន្ទាបខ្លួនលាភព​ផែន​ដីហាក់​បី​ដូច

ជាសែន​ស្រណោះ​​ណាស់។ ក្នុងផ្ទះតូចកំសត់លើដីឡូត៍ដ៏ធំល្វឹងល្វើយ

សុខណាក់​បានត្រឡប់មកពី ​ពីហាងលក់រថយន្តដែលខ្លួនធ្វើការដូច

សព្វមួយដង។ គេមកដល់ផ្ទះហើយ។​ មុននេះ ​បុប្ផាប្រពន្ធ​សុខឃឹម​

ក៏បាន​យកសំណាង​កូនប្រុស​របស់​គេ​​មក​ផ្ទះ​វិញ​ហើយ​ដែរ។ ចំណែក

ឯនាងចិន្តាកំពុងតែដាំបាយធ្វើម្ហូបទុកជូនប្តីពិសារ។

សុខណាក់ ​អស់​កំលាំ​ង ល្ហិត​ល្ហៃដៃជើងកំពុងតែ​គេងលើពូក​ជាមួយ​កូន

​ប្រុស​បន្ទាប់​ ពីងូត​ទឹករួចដើម្បីរង់ចាំចិន្តារៀបបាយទឹក។ មាណព​រូបនេះ

​រសេះរសោះ​ប្រែខ្លួន​ចុះ​ឡើងដែល​ជា​អភូតបុព្វ​មិនធ្លាប់មាន។ មួយរំពេច

​នោះ  ​ ស្រាប់តែ​នាយ​​ក្រឡេកភ្នែកប្រទះ​ឃើញ​របស់​អ្វីម៉្យាងនៅកន្លៀត

ពូក។ គេយកដៃ​ស្ទាបរួច​យក​វា​ចេញ​ពីកៀនពូកនោះ ​ទើប​យល់​ច្បាស់​ថា

​ជា​ កាបូបលុយមានដោយក្រដាសប្រាក់ដុល្លារ និងលុយរៀលដែលនាយ

មិនធ្លាប់ឃើញពីមុន។

លាកាបូប​ឡើង សុខ ណាក់ក៏បានឃើញកូនរូបថតមួយសន្លឹកថតគ្នាពីរ

នាក់ ដែលសុខ ណាក់

ស្គាល់​ច្បាស់​ថា​ជារូបថតរបស់ប្រពន្ធខ្លួននិងសុឃីមកាលពីក្មេងៗ។ មិន

បង្អង់ សុខណាក់​បាន​ក្រឡាប់រូបនោះឡើងឃើញមានសំណេរជាអក្ខរា

លើនៅខ្នងរូបថតនោះថា៖ ចិន្តា​ម្ចាស់​ចិត្តបង។ វាគួរឱ្យចម្លែកណាស់

សុខ ណាក់គិតម្តងហើយម្តងទៀតក្នុងអារម្មណ៍មិនប្រក្រតីថា«ហេតុអ្វី

បានជាកាបូបនេះមកនៅទីនេះ?» ។អ្វីដែលមិនមែនចៃដន្យធ្វើឱ្យនាយ

រំជួលចិត្តយ៉ាងខ្លាំងនោះ គឺពេលឃើញមានស្រោមអនាម័យនៅក្នុង

កាបូបនេះ។

“ឱពុទ្ធោអើយ! ហេតុអ្វី​បាន​ជាប្រពន្ធ​របស់​ខ្ញុំ​លួច​ផិតក្បត់ខ្ញុំបែបនេះ?”

សំណួរ​លាយ​ឡំនិងទឹកភ្នែកហូរក្នុងគំនិតមិនល្អចាប់ផ្តើមកើតមាន

ឡើង។

នាងចិន្តាជាភរិយាដ៏កម្រនិងស្មោះស្ម័គ្រភក្តីប្តីបំផុតកំពុងរងគ្រោះ

ដោយពុំបានដឹងអ្វីសោះ​ចេញពីគំនិតប្តី។ ការគិតដោយខ្វះការ

ពិចារណាជាអាវុធសម្លាប់​មនុស្ស​ម្នាក់​ដោយ​សាហាវ​បំផុត។ សុខ

ណាក់នៅតែគិតថា​ ប្រពន្ធរបស់ខ្លួន​លួចផិតក្បត់​ជាមួយសុខ ​ឃីម​

ជាមិត្ត​ស្និទស្នាល​ទីបំផុតម្នាក់នេះដោយភ្ជាប់រឿងដែលបានស្រមៃ

ទៅដល់ពាក្យសំដីដែលសុខ ឃីម ធ្លាប់​ប្រាប់នាយកាលនៅពីក្មេង

នោះថា «សំឡាញ់! តើឯងដឹង​ទេថា ​គ្នាស្រឡាញ់​នរណា​ក្នុង​

ណោម​ មិត្តស្រីដែលរៀនក្នុងថ្នាក់របស់យើង។ គ្នាបានសម្លឹងឃើញ

ហើយ គ្នា​ធំឡើង​គ្នាយក​នាង​ធ្វើ​ប្រពន្ធហើយវើយ»។

​គ្មានអ្វី​អាចមក​កែប្រែ​ផ្ទាំងសិលាយ៉ាងរឹងនៃ​ការ​គិតដ៏គម្រក់នេះទេ។

សុខ ណាក់ក៏ប្រញាប់លាក់កាបូបនោះទុកមិនឱ្យប្រពន្ធដឹងឡើយ។

អ្នកឈឺណាស់ឈឺស្ទើរតែក្អួតឈាម។  តាមពិតប្រពន្ធខ្ញុំគឺជាក្មេងស្រី

ម្នាក់នោះហើយដែលសុខ ឃីមបាននិយាយប្រាប់។ បុរសខំជួតទឹក

ភ្នែក មិនឱ្យប្រពន្ធសង្ស័យពីការគិតខុសនេះទេ។ ពេញមួយយប់សុខ

ណាក់ មិនបានធ្មេចភ្នែកគេងមួយស្រឡេតឡើយ។ រីឯ​នាង​ចិន្តាហាក់

មិនចាប់អារម្មណ៍លើការណ៍ចម្លែករបស់ប្តីឡើយ។ យប់នោះ​ដែរផែន

ការ​នាំពង្រ​ត់​កូន​ប្រុសចេញពីផ្ទះ ដែលបានចេញជាគម្រោងដ៏លាមក​

និងបានមកស​ន្ថិត​ក្នុងខួរ​ក្បាល​មាណព​ដ៏ល្ងីល្ងើម្នាក់នេះ។

ស្អែកឡើង នាយមិនរួសរាន់ទៅធ្វើការដូចសព្វមួយដងទេ។ នៅម៉ោង

​ប្រហែល​៨ព្រឹក នាងចិន្តាជាប្រពន្ធក៏ចេញទៅផ្សារដោយពោលពាក្យ

យ៉ាងទន់ភ្លន់ទៅកាន់ប្តីថា៖

–  បង ថ្ងៃនេះបើបងមិនស្រួលមិនចាំបាច់ទៅធ្វើការទេ!​ ចាំ​អូន​ទូរស័ព្ទ​

ទៅប្រាប់បង​ឃីមឱ្យ។

ពាក្យនេះប្រៀបបីដូចដុំភ្លើងដែលយកមកឆូលក្នុងគំនរចំបើងដែល

កំពុងហាលយ៉ាងស្ងួត ឬប្រៀបដូចជាភ្លើងឆូលប្រេងសាំងដុតរោល

ក្នុងដួងចិត្តសុខណាក់កាន់តែខ្លាំងឡើង។ ចិន្តាលាប្តីទៅផ្សារ៖

– អូនទៅផ្សារហើយ បងនៅផ្ទះជួយមើលកូនផង!”​ ថារួច​នាង​ក៏​ចេញ

​បាត់ទៅ។

ការគិតម្នាក់ឯងដោយមិនពិគ្រោះជាអ្នកដ៏ទៃមិនប្រាកដថា

ត្រូវនោះទេ។ ចូរកុំគិតខ្លីដូចជាមនុស្សដែលមិនបានរៀនសូត្រគ្មាន

ចំណេះដឹង។ ការគិត​តែពីអវិជ្ជមាន​មក​លើ​​ នរណាម្នាក់ជាទង្វើថោក

ទាបបំផុតក្នុងសង្គមមនុស្ស។ ពេលវេលាបានផ្តល់ឱ្យនាយ បុរស

គំនិតខ្លី សុខ ណាក់ កាន់តែ​ធ្លាក់​ក្នុងពិភព​ងងឹតក្នុងពេល​ដែល​ចិន្តា

​ចេញ​ទៅ​ផ្សារបាត់។ ភ្លាមនោះនាយ​ក៏ប្រញាប់ស្លៀក​ពាក់ ហើយដឹក

ដៃ​សំណាង​ជាកូនប្រុស​ចាកចេញ​ទៅ​ដោយទុកសំបុត្រមួយលើតុ។​

នៅមានត…