Category Archives: អប់រំ

រឿងជំទាវកាកី ដោយ យូ សុភា និង​បទ​វិភាគរបស់​លោក កែវ ឈុន

339309_1887969258715_823647527_o

លោក យូ សុភា ជា​សាស្ត្រាចារ្យអក្សរសិល្ប៍​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នកនិពន្ធវ័យ​ក្មេង​មួយ​រូបដែល​​មាន​ស្នាដៃ​គួរ​ជា​ទី​ចាប់​អារម្មណ៍។ ខ្ញុំ​បាន​ដឹង​ តាមរយៈ​កាសែតនិងទស្សនាវដ្តី​ក្នុង​ស្រុក ដែល​បាន​រាយ​ការណ៍ថា លោក យូ សុភាព ជា​អ្នកនិពន្ធ​ខ្មែរ​ ដែល​ទទួលបានពាន​រង្វាន់​ជ័យលាភី​ច្រើន​ជាង​គេនៅ​កម្ពុជា។ ខ្ញុំ​ពិត​ជា​រីករាយ​ត្រេកអរ​និងសរសើរដោយសុទ្ធចិត្តចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រឹង​របស់​លោកក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។

ខ្ញុំ​បាន​អាន​វណ្ណកម្ម​របស់​លោក​ជា​ច្រើន​កន្លង​មក តាមរយៈ​អំណោយ​ស្នាដៃ​របស់​លោក ដែល​ផ្ញើ​មក​ជូន​ខ្ញុំ​នៅ​ស្រុក​បារាំង និងការ​ជូន​ខ្ញុំ​ដោយ​ផ្ទាល់​ ​ក្នុងគ្រា​ដែល​ខ្ញុំ​ចេញចូល​ក្រុង​ភ្នំពេញក្នុង​មាតុភូមិ​កម្ពុជានារយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ​។

ខ្លឹម​សារ​នៃ​ចំណារ​តាម​រយៈ​វណ្ណកម្ម​របស់អ្នកនិពន្ធ​នីមួយ​ៗ​ ក៏​អាចជា​ផ្នែក​មួយ​នៃ​ការ​ឆ្លុះ​បញ្ចាំង​ដល់​អត្តភាពរបស់​​​ម្ចាស់​ស្នាដៃ​ផង​ដែរ។ ទោះ​យ៉ាងណា​ ការ​ស្គាល់​ជន​ណា​ម្នាក់​ដោយ​សំណេរ ពុំ​គ្រប់​គ្មាន​នោះទេ ព្រោះអក្សរ ភាគ​ច្រើន ​ នរណាៗ​​ក៏​អាច​សរសេរ​បា​នដែរ។ ប៉ុន្តែ ធម្មជាតិ​ចរិត​ពិត​ខាង​ក្រៅ និង ស្នាដៃ​​នៃ​កវីនិពន្ធ អាច​ជា​រឿង​ដោយ​ឡែកមួយ​ទៀត​ ក៏​អាច​ថា​បាន​។

ចំពោះខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទឹក​ដៃ​របស់​លោក យូ សុភា និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទឹក​ដម​នៃ​សំណេរ​របស់លោក ហើយ​ជា​ពិសេស​គឺ​ខ្ញុំ​គោរព​ដល់​ចំណេះ​ចេះ​ដឹង ការ​ដឹង​ខុស​ត្រូវ​ សីលធម៌ គុណ​ធម៌​ សម្តី​សុភាព​រាបសារ​ និងចរិត​រម្យទម​​បញ្ញាវន្ត​រូបនេះ។

គ្រានេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​គេ​ហ​ទំព័រ​បស់ខ្ញុំ​ អាន​បទ​វិភាគ​របស់​ លោក កែវ ឈុន និង​រឿង​ខ្លី​របស់​លោក យូ សុភា ដូច​ខាង​ក្រោម៖

បទវិភាគលើ«រឿងជំទាវកាកី»  

ដោយ កែវ ឈុន

ដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

71746_120124021380918_249770_n

រឿង​ជំទាវ​កាកី ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ តែង​និពន្ធឡើង​ដោយ​សាស្ដ្រា​ចារ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​ឈ្មោះ យូ​​ សុភា​។ នៅ​ក្នុង​សាច់​រឿង ​អ្នកនិពន្ធ​បាន​ឆ្លុះ​បញ្ចាំង​ពី​យុវជន​ម្នាក់​ឈ្មោះ​សុចិត្រ​។ សុចិត្រ​មាន​រូប​រាង​សង្ហា មុខ​ស្រស់ ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​ជា​និសិត្ស​នៃ​មហា​វិទ្យា​ល័យ​ជាន់​ខ្ពស់​។ សុចិត្រ​រើស​បាន​កា​បូប​លុយ​តូច​មួយ មាន​លុយ​ជា​ច្រើន​ដុល្លារ មាន​ចិញ្ចៀន​ពេជ្រ ខ្សែ​ក​មាស​យ៉ាង​មាន​តម្លៃ​ទៀត​ផង នៅ​ក្នុង​កា​បូប​ក៏​មាន​អាស​យដ្ឋាន​នៅ​ក្នុង​នោះ​ដែរ​។

បាន​លុយ​មាស​ពេជ្រ សុចិត្រ​ត្រេក​អរ​ណាស់ យក​លុយ​ទៅឲ្យ​​មីង​ស៊ីចាន់​ជា​ម្ដាយ​ ដែល​កំពុង​ដេក​ឈឺ​រាំ​រៃ នៅ​ក្នុង​ផ្ទះ​ខ្ទម​ដ៏​រខេក​រខាក​មួយ​។ មីង​ស៊ី​ចាន់ ថ្វី​ត្បិត​តែ​គាត់​មាន​សភាព​ក្រី​ក្រ តោក​យ៉ាក​លំបាក​ពិត​មែន ប៉ុន្ដែ​គាត់​ជា​មនុស្ស​ម្នាក់​បរិសុទ្ធ​ទៀង​ត្រង់ ប្រកប​ដោយ​មេត្ដា​ ករុណា​ជា​ពន់​ពេក គាត់​កាន់​សីល​យ៉ាង​ខ្ជាប់​ខ្ជួន ប្រ​ព្រឹត្ដ​អំពើ​សុច​រិត សន្ដោស​ប្រោស​ប្រណី ឥត​ចេះ​ខឹង​នឹង​អ្នក​ណា​ឡើយ មិន​តែ​ប៉ុណ្ណោះ​សោត​គាត់​ចេះ​ថ្លឹង​ថ្លែង​យល់​ដល់​ចិត្ដ​មនុស្ស​គ្រប់​ៗគ្នា​នៅ​ក្នុង​សង្គម ដែល​ចេះ​សោក​ស្ដាយ ចេះ​ឈឺ​ចាប់ មាន​ទុក្ខ​លំបាក​​ដូច​គ្នា​។ មីង​ស៊ីចាន់​ មិន​ព្រម​យក​លុយ​មាស​ប្រាក់​ដែល​សុចិត្រ​រើស​បាន​នោះ​ទេ មីង​​បាន​ឲ្យ​សុចិត្រ​យក​កាបូប​លុយ​នោះ ទៅ​សង​ម្ចាស់​គេ​វិញ​។

សុចិត្រ​យក​កាបូប​ទៅ​ជូន​ម្ចាស់​វិញ​ដល់​ផ្ទះ​។ គឺ​ជា​ផ្ទះ​របស់​លោក​ជំទាវ​ម៉ារី ភរិយា​ឯក​ឧត្ដម​ម្នាក់​។ ជួប​មុខ​សុចិត្រ​ភ្លាម លោក​ជំទាវ​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ដ ស្ទើរ​ទប់​អា​រម្មណ៍​ពុំ​បាន។ លោក​ជំទាវ​សម្តែង​នូវ​សេច​ក្ដី​រាប់​អាន រាក់​ទាក់ យក​ចិត្ដ​ទុក​ដាក់ ចំពោះ​កំ​លោះ​មុខ​ស្រស់​យើង​ជាក្រៃ​ពេក​។

សុចិត្រ​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ជំទាវ​មារី រសាប់​រសល់​វិល​វល់ ខ្វាយ​ខ្វល់​រលឹក​ដល់​កំលោះ​មុខ​ស្រស់​នេះ​ជា​ខ្លាំង ហើយ​ដោយ​ស្វាមី​​ មិន​រវី​រវល់ តែង​ចេញ​ទៅ​រក​សេច​ក្ដី​សុខ​ជា​មួយ​ស្រី​ក្មេង​ៗ ខាង​ក្រៅ​បាត់​ៗ​ផង។ អផ្សុក​ណាស់ អត់​ទ្រាំ​លែង​បាន ជំទាវ​កាកី​ក៏​ធ្វើ​ដំណើរ​ទៅ​រកយុវ​ជន​សុចិត្រ​ដល់​ផ្ទះ​។ ទៅ​ដល់​ផ្ទះ​សុចិត្រ ចំពេល​ដែល​មីង​ស៊ី​ចាន់ បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​។ ជំទាវ​មារី​បាន​ឧបត្ថម្ភ ជួយ​ធ្វើ​ពិធី​​បុណ្យសព​ម្ដាយ​សុចិត្រ​រហូត​ចប់​កម្ម​វិធី ហើយ​ដែល​តាំង​ពី​ពេល​នោះ​មក លោក​ជំទាវ​តែង​តែ​ចេញ​ចូល​ផ្ទះ​កំលោះ​សុចិត្រ​ជា​ញឹក​ញាប់​ឥត​ដាច់​។

ថ្ងៃ​មួយ ខណៈ​ពេល​ដែល​សុចិត្រ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេ បញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ លោក​ជំទាវ​បាន​ឈរ​សម្លឹង​មើល មិន​ប៉ព្រិច​ភ្នែក ទៅ​លើ​បុរស​សង្ហា បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ ធ្វើឱ្យ​បុរស​យើង​មាន​ការ​អៀន​អន់​ជា​ខ្លាំង​។

លោកជំទាវ​កាកី បាន​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង ឱ្យ​កំលោះ​សុចិត្រ​រៀន​យ៉ាង​ចេញ​មុខ រហូត​មាន​ពាក្យ​ចចាម​អារាម​លេច​ឮ​ពាស​ពេញ ធ្វើឲ្យ​​ដឹង​​ឮរហូត​ដល់​ទៅ​ឯក​ឧត្ដម​ជា​ស្វាមី ដែល​ធ្វើ​ឲ្យ​​ឯក​ឧត្ដម​មាន​ការ​ខឹង ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង រហូត​នាំ​បក្ស​ពួក ទៅ​វាយ​ធ្វើ​បាប​កំលោះ សុចិត្រ ឲ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។ លោក​ជំទាវ​ម៉ារី បាន​ខ្នះ​ខ្នែង​ចេញ​ថ្លៃ​ព្យា​បាល​គ្រប់​បែប​យ៉ាង​។ ថ្ងៃ​ក្រោយ​មក មុខ​របួស​របស់​កំលោះ សុចិត្រ​ក៏​បាន​ជា ជា​ធម្ម​តាឡើង​វិញ​។

ថ្ងៃមួយ លោក​ជំទាវ​បាន​ទៅ​រក​សុចិត្រ​ឯ​ផ្ទះ​របស់​គេ​។ ពេល​លោក​ជំទាវ​កំពុង​យំ​ឱប​គ្នា​នឹង​កំលោះ​សុចិត្រ​ដោយ​ក្ដី​សោក​សៅ​រំភើប​ញាប់​ញ័រ យ៉ាង​ខ្លាំង​ក្រៃ​លែង​។ ឯក​ឧត្ដម​ផល្លា​ជា​ស្វាមី​ចូល​មក​ដល់​ក្នុង​ហេតុ​ការណ៍​នេះ ទាញ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​ស្រែក​សន្ធាប់​​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង «មេ​ស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!» កាំ​ភ្លើង​​លាន់​សំឡេង​ផាំង..។

ជំទាវម៉ារីស្ទះយ៉ាងរហ័សទៅរងគ្រប់ជំនួសសុចិត្រ ហើយស្រែកយ៉ាងខ្លាំងថា៖ សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!​។ ឯក​ឧត្ដម​ភ្ញាក់ នឹង​សំរែក​របស់​ភរិយា ហើយ​ភ័យ​ស្លុត​ចិត្ដ​ឥត​ឧបមា​។ គ្រប់​កាំ​ភ្លើង​បាន​រត់​ទៅ​ទម្លុះ​ស្មា​លោក​ជំទាវ ធ្វើឱ្យ​លោក​ជំទាវ ដួស​សន្លប់​បាត​ស្មារ​តី​តែ​ម្តង​។

ដោយ​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​រឿង​ជំទាវ​កាកី យើង​ឃើញ​អ្នក​និពន្ធ​យូសុភា ខ្វល់​ខ្វាយ​អំពី​ឋានៈ វណ្ណៈ​របស់​សង្គម​មនុស្ស​ដែល​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​លំបាក​តោក​យ៉ាក រស់​នៅ​ក្នុង​អំពើ​សុច​រិត​ យុត្ដិ​ធម៌ មិន​លោភ មិន​ចង់​បាន​អ្វី​ដែល​មែន​ជា​របស់​ខ្លួន​ ដូចមីង​ស៊ីចាន់​​​ម្ដាយ​របស់​សុចិត្រ​ជា​ដើម​។ ល្ខោន​ស្នេហា​ដែល​លោក​ជំទាវ​ម៉ារី បាន​សំដែង​ធ្វើ​ជា​ស្និទ្ធ​ស្នាល​ជា​មួយ​កំលោះ​សុចិត្រ​ដែល​មាន​អាយុ​អាច​ធ្វើ​ជា​កូន​បាន ធ្វើ​ឲ្យ​ឯក​ឧត្ដម ស្វាមី​លោក​ជំទាវ ដែល​ចូល​ចិត្ដ​ដើរ​លេង រក​ស្រី​ក្មេងៗ​ក្រៅ​ផ្ទះ វង្វេង​ស្មារ​តី ឈឺ​ចិត្ដ​រហូត​ខ្វះ​សតិ​សម្ប​ជញ្ញៈ ហ៊ាន​ប្រ​ព្រឹត្ដ​នូវ​អំពើ​ឧក្រិដ្ឋ​កម្ម​ទៀត​ផង ហើយ​គឺ​ជា​បទ​សិក្សា​មួយ​ដល់​គូស្វាមី​ភរិយា​ទូ​ទៅ​ឲ្យ​​បាន​ដឹង​ថា ការ​ក្បត់​ចិត្ដ​គ្នា​បែប​នេះ​ វា​មាន​ការ​ឈឺ​ចាប់​ដល់​កម្រិត​ណា​។ ត្រង់​វគ្គ​នេះ អ្នក​និពន្ធ​យូសុភា បាន​លើក​យក​មក​សរ​សេរ​ចំៗ​តែ​ម្តង នៅ​ពេល​ដែល​ដាក់ឲ្យ​​តួ​អង្គ​លោក​ជំទាវ​ម៉ារី​និយាយ​ទៅ​កាន់​ស្វាមី​ថា៖

លោក​បង​ចេះ​មាន​ចិត្ដ និង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយា ទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ​ដែល​ធ្វើ​ជា​កូនរបស់​ខ្លួន​បាន​នោះ​?​។ ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់ អា​ម៉ាស់​យ៉ាង​ណា លោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ ក៏​មាន​បេះ​ដូង​ឈឺ​ចាប់​ដូច​លោក​បង ឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង​។ ទង្វើ​របស់​លោក​បង​ទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រ​ឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។​ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ​!​។

«រឿង​ជំទាវ​កាកី» គឺ​ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ មាន​អត្ថ​រស​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​។ អ្នក​និពន្ធ យូ​សុភា បាន​ប្រើ​វិធី​សាស្រ្ដ​និពន្ធ​យ៉ាង​ប៉ិន​ប្រសប់ មាន​ទេព​កោសល​ខ្ពស់​អស្ចារ្យ គឺ​តែង​បង្កើត​ឈុត​ឆាក​នៃ​សាច់​រឿង ធ្វើ​ឲ្យ​​អ្នក​អាន​ទាំង​ឡាយ អាន​យ៉ាង​ជក់​ចិត្ដ គិត​ថា​កំ​ពុង​តែ​​អាន​ប្រ​លោម​លោក​ដ៏​ធំ វែង​អន្លាយ​មួយ​។ អ្នក​និពន្ធ រហស្ស​នាម​ថា «ជំទាវ​កាកី» ស្ដាប់​ភ្លាម​យើង​វាយ​តម្លៃ​បាន​យ៉ាង​ពិត​ប្រាកដ​ថា វា​ជា​សាច់​រឿង ស្រី​ប្ដូរ​ផ្លាស់ ស្រី​មិន​ស្កប់​នឹង​តណ្ហា ស្រី​មិន​ស្កប់​នឹង​ប្រុស ស្រី​ចើក ស្រី​សាវា ស្រី​ពស់​វែក ស្រី​កាកី ទំនង​នេះ​ឯង ព្រោះ​ថា៖

«រឿង​កាកី» ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា​ក្នុង​អក្សរ​សីល្ប៍​ខ្មែរគ្រប់​ៗ​ជំនាន់។ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន​ក្នុង​សង្គម​អក្សរ​សីល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​ អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្តូរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក អ្នក​ភូមិ​តែង​ដៀល​ជេរ​ថា «មេ​កាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។

ខ្សែ​រឿង ឈុត​ឆាក ការ​សន្ទនា រវាង​តួ​អង្គ​និមួយ​ៗ អ្នក​និពន្ធបាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​ជ្រាល​ជ្រៅ វា​គឺ​ជា​អាថ៌​កំបាំង ដែល​អ្នក​អាន​ស្រមៃ​ដៅ នឹក​គិត​ទៅ​លើ​អត្ថ​ន័យ​មួយ​ផ្សេង​ទៀត។ ស្នេហា​លោក​ជំទាវ​ម៉ារី ដែល​មាន​ចំពោះ​កំលោះ​សុចិត្រ​ដែល​អ្នក​អាន​គិត​ថា ជា​ស្នេហា​ភ្លើត​ភ្លើន​ របស់​នារី​ម្នាក់​ដែល​ត្រូវ​ប្ដី​នាង​មិន​រវី​រវល់ ត្រូវ​អ្នក​និពន្ធ​លាត​ត្រ​ដាង​ពញ្ញាក់​អា​រម្មណ៍​អ្នក​អាន​ឲ្យ​លន្លង់​លន្លោច ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន ធ្វើឲ្យ​​អត្ថ​រស​នៃ​សាច់​រឿង​ទាំង​មូល ពីរោះ​ជាប់​ចិត្ដ នឹក​ស្ងើច​សរ​សើរ​ដល់​អ្នក​និពន្ធ​រក​ទី​បំផុត​គ្មាន​៕

រឿង ជំទាវ​កាកី

រក្សាសិទ្ធិ

Chumteav kakey

ដោយ យូ សុភា

ថ្ងៃ​នេះ​សុចិត្រ ត្រឡប់​ពី​មហា​វិទ្យា​ល័យ​មក​ផ្ទះ​វិញទាំង​ទឹក​មុខ​សប្បាយ​រីក​រាយ​ចម្លែក ខុស​ប្លែក​ពី​ធម្មតា​។ ឃើញ​ដូច្នេះ​មីង​ស៊ី​ចាន់ ដែល​កំពុង​សំរាន​នៅ​លើ​គ្រែ​សួរ​ទៅ​សុចិត្រ​៖

– ថ្ងៃ​នេះ​មើល​ទៅ​កូន​ដូច​ជា​សប្បាយ​រីក​រាយចម្លែក​​ម៉្លេះ មាន​រឿង​អី​កូន​?

សុចិត្រសើចស្រស់៖

– បាទ​ម៉ែ ! ពេល​កូន​ចេញ​ពី​រៀន កូន​រើស​បាន​កា​បូប​យួរ​តូច​មួយ…ក្នុង​កា​បូប​នោះ​មាន​ប្រាក់​ច្រើន​ណាស់​ម៉ែ ហើយ​ថែម​ទាំង​មាន​ខ្សែ​ក និង​ចញ្ចៀន​ពេជ្រ​ទៀត​ផង​!

ថា​រួច​សុចិត្រ ក៏​ប្រ​ញាប់បើក​កា​បូប​របស់​គេរួច​យក​កូន​កា​បូប​តូច​ដ៏​ស្រស់​ស្អាត​មួយ​មក​បង្ហាញអ្នក​មីង​ស៊ី​ចាន់​។ សុចិត្រ​បើក​កា​បូប​យក​ប្រាក់ និង​ខ្សែ​ក ចិញ្ចៀន​ពេជ្រ​មក​បង្ហាញ​ម្ដាយ​។​

– ប្រាក់​រាប់​រយ​ដុល្លារ​ណា​ម៉ែ មើល​ចុះ​ម៉ែ! នេះចិញ្ចៀន និង​ខ្សែក! តម្លៃមិន​ថោកទេ!

សុចិត្រ​ហុច​កាបូប​ប្រាក់ ខ្សែ​ក និង​ចិញ្ចៀន​ទៅឲ្យ​​ម្ដាយ​។ អ្នក​មីង​ទទួល​ពី​កូន​ប្រុស​មក​កាន់ រួច​ពិនិត្យ​មើល…បន្ដិច​មក​ទើប​ពោល​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​មិន​សប្បាយ​ចិត្ដ​៖

– ម្ចាស់​នៃ​ទ្រព្យ​មិន​ដឹង​ជា​គ្នា​ត្រូវ​កើត​ទុក្ខ​ប៉ុណ្ណា​ទេ ពេល​នេះ​កំពុង​តែ​មាន​រឿង​នៅ​ក្នុង​គ្រួសារ​ផង​ក៏​មិន​ដឹង​…

សុចិត្រ ញញឹម​រាង​ស្ងួត​រួច​ទំលាក់​ខ្លួន​ចុះ​អង្គុយ​លើ​គ្រែ​ក្បែរ​ម្ដាយ​ទាំង​ស្រ​ដី៖

– ប្រាក់​នេះ​អាច​យក​ម៉ែ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បាន​ហើយ ទេវ​តា​លោក​ពិត​ជា​ជួយ​ម៉ែ​ហើយ !​

សំដី​កូន​ប្រុស ធ្វើឲ្យ​​មីង​ស៊ី​ចាន់​គ្រវី​ក្បាលរួច​ចាប់​បដិសេធ​៖

– មិន​អាច​ធ្វើ​អីចឹង​បាន​ទេ​កូន​?

សុចិត្រ​បញ្ជាក់​សួរ​ទាំង​បើក​ភ្នែក​ធំៗ

– ហេតុអីមិនបានម៉ែ?

អ្នកមីងស៊ីចាន់ញញឹមស្ងួត

– គ្រួសារ​យើង​ថ្វី​ត្បិត​តែ​ក្រ​ពិត​មែន​ហើយក៏​ ប៉ុន្ដែ​គ្រួសារ​របស់​យើងពុំ​ដែល​ចង់​បាន​នូវ​អ្វី​ដែល​មិន​មែន​កើត​ពី​កម្លាំង​ផ្ទាល់​ខ្លួន​នោះ​ទេ … កូន​យក​វា​ទៅ​ប្រ​គល់ឲ្យ​​ម្ចាស់​គេ​វិញ​ចុះ !អត្ដ​សញ្ញាណ​ប័ណ្ណ​ក៏​មាន​នៅ​ក្នុង​កា​បូប​នេះ​ដែរ​។

– នេះ​មិន​មែន​ជា​ទ្រព្យ​ដែល​យើង​ទៅ​លួច​ឆក់​ប្លន់​ពី​គេ​ឯ​ណា​។ យើង​រើស​បាន​ទេតើ មិន​បាច់​ព្រួយ​ទេ​ម៉ែ!

– កូន​ត្រូវ​តែ​គិតឲ្យ​​បាន​វែង​ឆ្ងាយ​ជាង​​នេះកូន​ត្រូវ​តែ​គិត​ដល់​ម្ចាស់​ទ្រព្យ ប្រ​សិន​បើ​រឿង​នេះត្រូវ​ធ្លាក់​មក​លើ​គ្រួសារ​របស់​យើងៗ​ច្បាស់​ជា​ពិបាក​ស្លាប់​ហើយម៉ែ​មិន​អាច​សោយ​សុខ​លើ​ទុក្ខ​របស់​អ្នក​ដទៃ​បាន​ទេ​។ ធ្វើ​តាម​ម៉ែ​ចុះ​កូនម្ចាស់​ទ្រព្យ​គេ​នឹង​ជ្រះ​ថ្លា​នូវ​អំពើ​បរិសុទ្ធ​នៃ​យើង​។

សុចិត្រកំលោះ​​រាង​សង្ហាមុខ​ស្រស់​ទទួល​បញ្ជា​របស់​ម្ដាយ​ទាំង​អា​ការ​ស្ទាក់​ស្ទើរ​ចិត្ដ​។ ល្ងាច​នេះ សុចិត្រធាក់​កង់​តិច​ៗតាម​ផ្លូវ​តំបន់​ទំនប់​ទួល​គោក​។សុចិត្រ​បញ្ឈប់​កង់​នៅ​ចំ​ពី​មុខ​ផ្ទះ​វិឡាដ៏​ធំស្កឹម​ស្កៃ​មួយ។ គេ​ឈរ​អោប​ដៃ​បន្ដិច ទើប​ដាច់​ចិត្ដ​ចុច​កណ្ដឹង​ហៅ​ម្ចាស់​ផ្ទះ​។ អ្នក​បំរើ​ស្រី​ចំ​ណាស់​ម្នាក់​ចេញ​មក​បើក​ទ្វារឲ្យ​​សុចិត្រ​។ យល់​ពី​បំណង​របស់​សុចិត្រ ហើយ​អ្នក​បំរើ​ក៏​នាំ​មុខ​សុចិត្រទៅ​រក​ម្ចាស់​ស្រី ដែល​កំពុង​អង្គុយ​កើត​ទុក្ខ​នៅ​លើ​ទោង​ចំហៀង​គេ​ហដ្ឋាន​។

– ជំរាបសួរអ្នកមីង!

អ្នក​ស្រី​ញញឹម​ព្រម​ទាំង​សម្លឹង​មុខ​សុចិត្រ​រាង​ភ្លឹក​បន្ដិច ទើប​ស្រដី​តប៖

– ចាស! ក្មួយ​ជា​មិត្ដ​ភក្ដិ និតា កូន​ស្រី​មីង​មែន​ទេ! ?

– បាទ​ទេ ! ខ្ញុំ​ឈ្មោះ​សុចិត្រ… ខ្ញុំ​មក​នេះ​មាន​ការ​សំខាន់គឺ​យក​កា​បូប​មក​ប្រគល់ជូន​​អ្នក​មីង​វិញ​។

សុចិត្រ​យក​កា​បូប​យួរ​ពី​ក្នុង​កា​បូប​ស្ពាយ​របស់​គេ ប្រ​គល់​ទៅជូន​​លោក​ជំទាវ​ម៉ារីរួម​ជា​មួយ​សំដី​៖

– កាបូប​នេះ ខ្ញុំ​រើស​បាន​ក្នុង​បរិ​វេណ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​កាល​ពី​ព្រឹក​មិញ..

លោក​ជំទាវ​ម៉ារី ទទួល​កា​បូប​ពី​សុចិត្រទាំង​សេច​ក្ដី​ត្រេក​អរ​។ លោក​ជំទាវ​ហុច​ប្រាក់​មួយ​ចំនួន​ទៅឲ្យ​​សុចិត្រ តែ​ត្រូវ​សុចិត្របដិ​សេធ​យ៉ាង​ដាច់​អហង្ការ​។ លោក​ជំទាវ​ចោទ​សួរ​៖

– ហេតុ​អ្វីទៅ​ក្មួយ?

– ម៉ែ​ខ្ញុំ​ជា​អ្នក​កាន់​សីល គាត់​មិន​ចង់​បាន​ការ​តប​ស្នង​ទេ។គាត់​ចង់ឲ្យ​​ម្ចាស់​ទ្រព្យ​ទទួល​ទ្រព្យ​វិញ​ដោយ​ក្ដី​ជ្រះ​ថ្លា ម៉ែ​របស់​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​ណាស់​ទៅ​ហើយ។ខ្ញុំ​គិត​ថា​ជំរាប​លា​អ្នក​មីង​ទៅ​សិន​ហើយ​។

– យី ! ម៉េច​ក៏​ប្រញាប់​ម្ល៉េះ​ក្មួយ?

-បាទ ខ្ញុំ​ប្រញាប់ទៅ​ទិញ​ថ្នាំ ​ព្រោះ​ម៉ែ​ខ្ញុំ​កំពុង​ឈឺធ្ងន់​សម្រាក់​នៅ​ផ្ទះ​តែម្នាក់​ឯង។

លោក​ជំទាវ​មាន​ប្រ​សាសន៍​ឃាត់​ដំណើរ​របស់​សុចិត្រ

– ឈប់​សិន​ក្មួយ! បើ​មិន​យល់​ទាស់​ទេ? មីង​សុំ​អា​សយ​ដ្ឋាន​របស់​ក្មួយ​ផង តើ​បាន​ទេ​? ដើម្បីឲ្យ​​មីង​បាន​ស្គាល់​រាប់​អាន​ម្ដាយ​របស់​ក្មួយ​ផង​។

សុចិត្រ​ញញឹម​ចំពោះ​សន្ដាន​ចិត្ដ​មិន​ប្រ​កាន់​រិក​របស់​លោក​ជំទាវកត់​អាស​យដ្ឋានឲ្យ​​លោក​ជំទាវ​ម៉ារី​រួច គេ​ក៏​ប្រ​ញាប់​ចេញ​ទៅ​។ថ្ងៃ​អាទិត្យ​នេះលោក​ជំទាវ​ម៉ារី​បានឲ្យ​​សូហ្វ័រ​ជូន​រថ​យន្ដ​មក​រក​ផ្ទះ​របស់សុចិត្រ​នៅ​ម្ដុំ​វិទ្យា​ល័យ​សាមគ្គី​។លោក​ជំទាវ​ម៉ារី​បញ្ចាឲ្យ​​សូហ្វ័រ​ឈប់​នៅ​ពី​មុខ​ផ្ទះ​តូច​មួយដែល​មាន​ដោត​ទង់​ក្រ​ពើ​នៅ​ពី​មុខ​។ លោក​ជំទាវ​ចុះ​ពីរ​ថយន្ដ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ឃើញ​កំលោះសុចិត្រ​កំពុង​តែ​ក្រាប​យំ​ឱប​សព​ម្ដាយ ឃើញ​វត្ដ​មាន​របស់​លោក​ជំទាវសុចិត្រ​ក៏​ចេញ​មក​រាក់​ទាក់​ដោយ​ក្ដី​គោរព​។ លោក​ជំទាវ​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យ​រហូត​ចប់​សព្វ​គ្រប់  ​រួម​ទាំង​បុណ្យ​សំរាប់​ប្រាំពីរ​ថ្ងៃ​ផង​ដែរ​។

ថ្ងៃ​នេះ សុចិត្រ បាន​រៀប​ចំសំ​អាត​ផ្ទះ​សំបែងឲ្យ​​មាន​របៀប​រៀប​រយ​និង​សណា្តប់​ធ្នាប់​ឡើង​វិញ​។ លោក​ជំទាវ​សម្លឹង​មើល​ទាំង​ចិត្ដ​កំពុង​រិះ​គិតនិង​មិន​ដាក់​ភ្នែក​ទៅ​លើ​បុរស​សង្ហា​សុចិត្រ ដែល​ខណៈ​នេះ​កំពុង​ដោះ​អាវ​លែង​ខ្លួន​ទទេបញ្ចេញ​សាច់​ដ៏​ខ្ចី​ល្ហក់​របស់​គេ។ សុចិត្រ​ឃើញ​លោក​ជំទាវ​សម្លឹង​ដោយ​ក្រសែ​ភ្នែក​ចឡែក​ដូច្នេះ គេ​ហាក់​ដូច​ជា​មាន​អារម្មណ៍​មិន​នឹង​នរ​ក្នុង​ខ្លួនទើប​គេ​ស្រដី​ឡើង​ដើម្បី​សាង​នូវ​បរិយា​កាស​ថ្មី​។

– ខ្ញុំ​បាទ​សូម​អរគុណ​ចំពោះ​លោក​ជំទាវ​ខ្លាំង​ណាស់។ ខ្ញុំ​ពុំ​ដឹង​ជាមាន​អ្វី​តប​ស្នង​សង​គុណ​ដល់​លោកជំទាវ​វិញ​ទេ!

– មិន​ថ្វី​ទេ​ក្មួយ! នេះ​រាប់​ថា ជា​ការ​តប​ស្នង​នូវ​សន្តាន​ចិត្ត​ដ៏ល្អ​របស់​ម្តាយ​ក្មួយ​និង​ក្មួយ​ចុះ។

– ខ្ញុំ​ទើប​តែ​ដឹងនៅ​មុន​ពេល​ដែល​ម្ដាយ​ខ្ញុំ​ជិត​ដាច់​ខ្យល់​ស្លាប់​ទេ​ថា ខ្ញុំ​នេះ​មិន​មែន​ជា​កូន​បង្កើត​របស់​គាត់​ទេ។ គាត់​រើស​ខ្ញុំ​បាន​កាល​នៅ​ថ្ងៃ​រំដោះ​ក្នុង​ឆ្នាំ១៩៧៩កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រ​ហែល​ជា​ពីរ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

បញ្ចាប់​ពំនោល​នេះ កំលោះ​សង្ហា​ដក​ដង្ហើម​ធំ​មួយ​យ៉ាង​វែងសំដែងឲ្យ​​ឃើញ​ច្បាស់​នូវ​សេច​ក្ដី​ព្រួយ​ចំបែង​ចិត្ដ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ជំទាវ​ដែល​កំពុង​សម្លឹង​រូប​អ្នក​មិន​ដាក់​ភ្នែក​។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក លោក​ជំទាវម៉ារី​ឧស្សាហ៍​ចេញ​ចូល​ផ្ទះ​កំលោះ​រូប​ស្រស់​របស់​យើង​មិន​សូវ​ជា​លស់​ពេល​ឡើយ​។ លោក​ជំទាវ​បាន​ផ្គត់​ផ្គង់​ប្រាក់​កាស សំភារ​សិក្សាថែម​ទាំង​ទិញ​ម៉ូតូ​គុប​មួយ​គ្រឿងដើម្បឲ្យ​​គេ​បាន​ជិះ​ទៅ​រៀន​នៅ​សាលា​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ទៀត​ផង។

អំពើ​ល្អ​របស់​លោក​ជំទាវ​ចំពោះ​សុចិត្របាន​កើត​ជា​រឿង​ចចាម​អា​រាម​យ៉ាង​ខ្លាំង ហើយ​រហូត​ដំណឹង​នេះ​បានលេច​ឮដល់​ឯក​ឧត្ដម ផល្លា ដែល​ជា​ស្វាមី​។ យប់​នេះ ​ឯក​ឧត្ដម​កំពុង​តែ​ដំឡើង​សរសៃ​កដាក់​ភរិយា​ទាំង​កែវ​ភ្នែក​ក្រេវ​ក្រោធ។

– ប្រាប់ឲ្យ​​ត្រង់​មក​ថា អា​ក្មេង​ប្រុស​នោះ​ជា​នរ​ណា? ខ្ញុំ​ដឹង​ថា ឯង​ផ្គត់​ផ្គង់​វា​សំបើម​ណាស់!​

– អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅលើ​គេ គឺ​ក្នុង​នាម​ជា​មនុស្ស​ធម៌​ស្រោច​ស្រង់​យុវ​ជន​កំព្រា​ម្នាក់​ ឲ្យ​រួច​ចាក​ផុត​ពី​ភាព​លំបាក​វេ​ទនា​តែ​ប៉ុណ្ណោះ​។

– ចុះ​ក្មេង​កំព្រា​មួយ​គំនរ​គរ​គោក​ម៉េច​ក៏​មិន​ទៅ​ជួយ​ពួក​គេ​ផង​ទៅ​? ឬ​ក៏​ឃើញ​វា​សង្ហា នៅ​ក្មេង ហើយ​ចង់​យក​វា​ធ្វើ​ជា​សហាយ​?

លោក​ជំទាវ​មារី​គ្រវី​ក្បាល​ស្រដី​ទាំង​ហួស​ចិត្ដ​។

– សូម​កុំ​មាន​ប្រ​សាសន៍ឲ្យ​​ខ្ញុំ​ហួស​ហេតុ​ពេក! ក្មេង​នោះ​ខ្ញុំ​អាច​បង្កើត​បាន​ណា​។

ឯក​ឧត្ដម​ផល្លា ញញឹម​បង្កប់​ពិស​ពុល​។

– កុំ​​ឲ្យខ្ញុំ​ចាប់​បាន ប្រយ័ត្នឲ្យ​​មែន​ទែន​ណា កុំ​ផ្ដេស​ផ្ដាសឲ្យ​​សោះ​។

បញ្ចប់​សំដី ឯក​ឧត្ដម​ក៏​ចុះ​ទៅ​ខាង​ក្រោម រួចឲ្យ​​សូហ្វ័រ​បញ្ជា​រថ​យន្ដ ជូន​ទៅ​កន្លែង​ចាស់​ដែល​ជា​ទី​សុខ​សាន្ដ​នៃ​កាមា​រម្មណ៍។

316991_1837568398725_1024751092_n

– ក្មេង​ម្នាក់​នោះ​មាន​របួស​ជា​ស្នា​ដៃ​របស់​បង​តើ​មែន​ទេ​?

ឯក​ឧត្ដម​ឆ្លើយ​ដោយ​ព្រ​ងើយ​កន្ដើយ​។

– ត្រូវ​ហើយ! នេះ​គ្រាន់​តែ​ជា​មេ​រៀន​លើក​ទី​មួយ​ប៉ុណ្ណោះ ថ្ងៃ​ក្រោយ​អាច​នឹង​អស់​ជីវិត​។

-លោកនេះ​អាក្រក់ខ្លាំងណាស់។ យល់តែពី​ចិត្ត​ខ្លួនឯង។ គ្មាន​មេត្តាធម៌​បន្តិច​ណា​សោះ។

ឯក​ឧត្ដម​មិន​ខ្ចី​ឆ្លើយ​តប​ទៀត ព្រោះ​ខ្លាច​ខូច​អា​រម្មណ៍ហើយ​ក៏​ចាក​ចេញ​ទៅ ទុកឲ្យ​​ភរិយា​នៅ​ឈរ​ទួញ​យំ​ឯកា​។ កន្លះ​ខែ​ក្រោយ​មករបួស​សុចិត្រ ក៏​បាន​ជា​សះ​ស្បើយ​ឡើង​វិញក្រោម​ការ​ជួយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពី​លោក​ជំទាវ​ម៉ារី ចំពោះ​រូប​គេ។ ខណៈ​នេះ​លោក​ជំទាវ និង​កំលោះ​សុចិត្រកំពុង​យំ​ឱប​គ្នា​ដោយ​ក្ដី​រំភើប។ឯក​ឧត្ដម​ផល្លា​ក៏​ចូល​មក​ដល់ ហេតុ​ការណ៍​នេះហើយ​ស្រែក​សន្ធាប់​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង។

– មេស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!

បញ្ចប់​សំដី​កំហឹង​នេះ​ភ្លាម ​ឯក​ឧត្ដម​ដក​កាំ​ភ្លើង​ពី​ចង្កេះ​មក​បាញ់​សុចិត្រ តែ​ត្រូវ​លោក​ជំទាវ​ស្ទុះ​យ៉ាង​រហ័ស​មក​រង​គ្រាប់​ជំនួស​សុចិត្រ​រួម​នឹង​សំរែក​។

– សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!…

ឯក​ឧត្ដម​ភ្ញាក់​ចំពោះ​សម្រែក​របស់​ភរិយា រួម​នឹង​គ្រប់​កាំ​ភ្លើងដែល​កំពុង​បៀម​ជាប់​សាច់​ស្មា​ខាង​ស្ដាំ​របស់​លោក​ជំទាវ​ជា​ភរិយា​។ លោក​ជំទាវ ខំ​ទប់​ស្មារតីឲ្យ​​រឹង ហើយ​លាត់​អាវ​របស់​សុចិត្របង្ហាញ​ស្នាម​ខ្មៅ​មួយ​ដ៏​ធំ​នៅ​លើ​ស្មា​ខាង​ស្ដាំ​របស់​សុចិត្រឲ្យ​​ស្វាមី​បាន​ឃើញ​។

– បង​មើល​ខ្នៅ​នេះ​! ហើយ​បង​មើល​មុខ​មាត់​រូប​រាង​របស់​គេ​ទៅគឺ​មិន​ខុស​ពី​បង​នៅ​កំលោះ​ទេ! ម៉្យាង​ទៀត​ឈាម​របស់​សុចិត្រនិង​ឈាម​របស់​បង​ជា​ឈាម​ប្រ​ភេទ​តែ​មួយ​ទៀត​ផង​។

វាចា​បាន​ប៉ុណ្ណេះ ​លោក​ជំទាវ​ក៏​សន្លប់​បាត់​ស្មារតី​ទៅ។ ឯក​ឧត្ដម​ក៏​បញ្ជាឲ្យ​​ពេទ្យ​ប្រញាប់​យក​ភរិ​យា​របស់​លោក​ទៅ​សង្រ្គាះ​ជា​បន្ទាន់​។ មួយ​រយៈ​ក្រោយ​មក​ ​របួស​លោក​ជំទាវ​ម៉ារី​ក៏​បាន​ជា​សះ​ស្បើយ​ដូច​ដើម​វិញ​។ ឯក​ឧត្ដមដើរ​ចូល​មក​ជិត​ឈរ​ក្បែរ​ភរិយា ដែល​ខណៈ​នេះ​លោក​ជំទាវកំពុង​តែ​ឈរ​បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ជាន់​ទី​បី​នៃ​ភូមិ​គ្រឹះ​។ ឯក​ឧត្ដម​មាន​ប្រសាសន៍៖

-ម៉ាក់​វា ឲ្យ​ខ្ញុំ​សូម​ទោស​ផង ព្រោះ​ខ្ញុំ​ដឹងសោះថា សុចិត្រ​ គេ​ជា​កូន​របស់​យើង។

ម៉េច​ក៏​ម៉ាក់​វា​ពុំ​ប្រាប់​ខ្ញុំ​តាំង​ពី​ដំបូងចាំ​បាច់​លាក់​បាំង​រហូត​ធ្វើឲ្យ​​កើត​មាន​រឿង​ដូច្នេះតើ​ធ្វើ​ដូច្នេះ​មាន​ប្រ​យោជន៍​អ្វី​? គឺ​បាន​ត្រឹម​តែ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់ និង​កា​រឈឺ​ចាប់​ប៉ុណ្ណោះ​។

លោក​ជំទាវ​ដក​ដង្ហើម​ធំ​បន្ដិច ទើប​មាន​ប្រ​សាសន៍​ទាំង​កែវ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​។

– អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​នេះគឺ​ជា​គ្រឿង​ដើម្បី​ធ្វើ​ការ​ដក​ពិសោធនិង​វាស់​ស្ទង់​ពី​ដួង​ចិត្ដ​របស់​លោក​បង​មើល​ថា តើ​លោក​បង​ចេះ​មាន​ចិត្ដនិង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយាទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ ដែល​ធ្វើ​ជា​កូន​របស់​ខ្លួន​បាន​​នោះ​?​

មក​ដល់​ត្រឹម​នេះ​ ទឹក​ភ្នែក​លោក​ជំទាវ​ក៏​ចាប់​ស្រក់​មក​ឯង​ៗ ស្ងាត់​បន្ដិច ទើប​លោក​ជំទាវ​បន្ដ​មាន​ប្រ​សាសន៍​ទៀត​ថា៖

– ឆ្លង​កាត់​នូវ​ការ​ពិសោធន៍​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់​អា​ម៉ាស់​យ៉ាង​ណាលោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ក៏​មាន​បេះ​ដូង​ឈឺ​ចាប់ ដូច​លោក​បងឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង។ ទង្វើ​របស់​លោក​បងទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ​កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះនោះ ​លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ។

លោក​ជំទាវ យក​កូន​កន្សែង​ជូត​ទឹក​នេត្រា​កំសត់ រួច​ងាក​មុខ​មក​សំលឹង​មុខ​ស្វាមី ទើប​ពោល​បន្ដ៖

– ថ្ងៃ​រំដោះ​ពួក​យើង​រត់​កាត់​គ្រាប់​ផ្លោង គ្រាប់​កាំ​ភ្លើង​រំសេវព្រាត់​ប្រាស់​កូន​គួរឲ្យ​​វេ​ទនា។ ឆ្លង​កាត់​សេច​ក្ដី​លំបាកក្នុង​រយ​ពេល​នេះ យើង​ធ្លាប់​បាន​សច្ចា​ស្បថ​ស្បែ​នឹង​គ្នា​ថា ស៊ូ​រួម​ស្លាប់​រស់​នឹង​គ្នា ស្មោះ​ត្រង់​នឹង​គ្នា​លុះ​អស់​ជីវិត។ មិន​នឹក​ស្មាន​ថា ខ្ញុំ​ត្រូវ​រស់​ដោយ​រកាំ​ចិត្ដ លេប​​ទឹក​ភ្នែកខ្លួន​ឯង​ដោយ​សារ​ខ្វះ​សុភ​មង្គល​ផ្លូវ​ចិត្ដ​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​សោះ?។

ឯក​ឧត្ដម​ដក​ដង្ហើម​ធំ​សំដែង​ការ​ព្រួយ​ចិត្ដ​៖

– ខ្ញុំ​គ្មាន​ពាក្យ​អ្វី​សំរាប់​និយាយ​ក្រៅ​ពី​ការ​សូម​អភ័យ​ទោសពី​ម៉ាក់​វា​នូវ​ទង្វើ​ខុស​ឆ្គង​កន្លង​មក​ ដែល​ខ្ញុំ​បាន​សាង​នោះ​ទេ!ដោយ​សារ​កំ​ហឹង​ខ្ញុំ​ប៊ិស​តែ​នឹង​ធ្វើឲ្យ​​ម៉ាក់​វា​ស្លាប់​ទៅ​ហើយ​។

ខណ​នោះ​ កំលោះ​សុចិត្រ និង នីតា​ជា​ប្អូន​ស្រី​ក៏​ចូល​មក​ដល់ទាំង​ទឹក​មុខ​ញញឹម​មក​កាន់​មាតា​បិតា​ទាំង​ពីរ​ប្រាណ​។ ឯក​ឧត្ដម​ទាញ​កាយ​កូន​ប្រុស​មក​អោប​បញ្ជាក់​នូវ​ចិត្ដ​រំភើប​។ នីតា​និយាយ​ឡើង៖

– កូន​ត្រេក​អរ​ណាស់ ! កាល​បើ​ឃើញ​លោក​ប៉ា អ្នក​ម៉ាក់​ស្រឡាញ់​គ្នាត្រូវ​គ្នា​វិញកូន​ទៅ​រៀន​បាន​ស្ងប់​ចិត្ដ​ហើយ​ហើយ​ក៏​លែង​ឈឺ​នៅ​ថ្នាក់​រៀន​ទៀត​ដែរ​។

10470908_10201376911984530_9165204935483590151_nឯក​ឧត្ដម​អង្អែល​ក្បាល​បុត្រី​ថ្មម​ៗ ហើយ​មាន​ប្រសាសន៍៖

– រឿង​នេះ​ពិត​ជា​ព្រហ្ម​លិខិត​មែន ព្រោះ​តែ​កូន​ឧស្សាហ៍​ឈឺសន្លប់​នៅ​មហា​វិទ្យា​ល័យទើប​ធ្វើឲ្យ​​ម៉ាក់​របស់​កូន​ទៅ​មើល​កូន​ហើយ​ក៏​ត្រូវ​ជុះ​បាត់​កា​បូបដែល​កា​បូប​នោះ​ត្រូវ​ធ្លាក់​លើ​ដៃ​របស់​សុចិត្រ​។

លោក​ជំទាវ​ញញឹម​ទាំង​ស្រដី​៖

– កូន​ៗរបស់​យើង​ធំ​ហើយ!អូន​ចង់ឲ្យ​​ការ​ជួប​ជុំ​នេះ​មាន​ន័យ​រហូត​ត​ទៅដើម្បី​រស់​នៅ​ទទួល​បាន​នូវ​សេច​ក្ដី​ថ្លៃ​ថ្នូរ​ពី​សង្គមដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ផ្ដល់​តម្លៃ​។

ឯក​ឧត្ដម​ទាញ​កាយ​ភរិយា​មក​អោប​ថ្នម​ៗនៅ​ក្រោម​ក្រ​សែ​ភ្នែក​នៃ​បុត្រា​បុត្រី​ដែល​មាន​អត្ថន័យ​រំភើបនិង​ពោរ​ពេញ​ទៅ​ដោយ​សេច​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​មុត​មាំ​ថាសុភ​មង្គល​នៃ​ជីវិត​គ្រួសារ​នេះ នឹង​ស្ថិត​ស្ថេរ​ជា​និច្ច​ត​រៀង​ទៅ​៕

 

ក.ក.ន. ៖ ជា​ចុងក្រោយ ខ្ញុំ​​អរគុណលោកកែវ ឈុនដែលអនុញ្ញាត​ឱ្យខ្ញុំស្រង់ទំព៏័រនេះមកផ្សាយក្នុងគេហទំព័ររបស់ខ្ញុំ និងអរគុណយុវអ្នកនិពន្ធ ហេង ឧត្តម

ផងដែរដែល​បាន​ជួយ​សម្រួល​ដល់​កិច្ច​ការ​ផ្សាយ​នេះ៕

 

 

 

ជ្រុងមួយ​នៃ​សុជីវធម៌​ក្នុង​ការ​និយាយ​ស្តី ដោយ លោកស្រី ស៊ឹម ចាន់យ៉ា

លោកស្រី ស៊ឹម ចាន់​យ៉ា

លោកស្រី ស៊ឹម ចាន់​យ៉ា

ក្នុង​​​​​​សង្គម ទំនាក់​ទំនង​រវាង​មនុស្ស​ម្នាក់​និង​មនុស្ស​ម្នាក់​អាច​ប្រព្រឹត្ត​ទៅ​ល្អប្រសើរ​បាន​ លុះត្រា​តែ​គិត​ដល់​សុជីវធម៌។ ​​សុជីវធម៌មាន​នៅ​លើ​គ្រប់​ផ្នែក ​ដូច​ជា ​ទឹកមុខ កាយ​វិការ ពាក្យ​សម្តី។ យើង​លើក​ឧទាហរណ៍​មួយ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្តី។ អ្នក​និយាយ​គួរ​ដាក់​ខ្លួន​ឱ្យ​ទាប​ជាង​អ្នក​ដែល​ខ្លួន​កំពុង​និយាយ​ទៅកាន់ ជា​ពិសេស​មនុស្ស​ដែល​មាន​វ័យ​ច្រើន​ជាង​ខ្លួន ឬ​មហា​ជន​កុះករ។

អ្នក​«ខ» ​ឱ្យ​ផ្កា​ដល់​អ្នក​«ក»។ អ្នក​«ក»គួរ​និយាយ​ថា៖ «អរគុណ​ដែល​អ្នក​ឱ្យ​ផ្កា​នេះ​ដល់​ខ្ញុំ» តែ​បើ​អ្នក​«ក»ឱ្យ​ផ្កាដល់​អ្នក​«ខ»​វិញ អ្នក​«ក»ប្រើ​ពាក្យ​ «ឱ្យ» និង «ជូន» ក្នុង​ករណី​ទាំង​ពីរ​នេះ គឺ​ដើម្បី​បន្ទាប់​ខ្លួន​ឱ្យ​ទាប​ជាង​អ្នក​«ខ» ដែល​ជា​គូ​សន្ទនា។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​«ក» និយាយ​ថា ៖ «អរគុណ​ដែល​អ្នក​ជូន​ផ្កា​នេះដល់​ខ្ញុំ» និង «ខ្ញុំ​សូម​ឱ្យ​ផ្កា​នេះ​ដល់​អ្នក» នោះ​មាន​ន័យថា អ្នក​«ក» លើក​ខ្លួន​ឯង​ខ្ពស់​ជាង​អ្នក​«ខ» ដែល​ជា​គូសន្ទនា​ហើយ។ ពេល​នោះ អ្នក​«ក» មាន​ឈ្មោះ​ថា​ជា​អ្នក​ខ្វះ​សុជីវធម៌។

គួរ​ឱ្យ​សោក​ស្តាយ​ដែល​មនុស្ស​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ចេតនាក្តី អ​ចេតនាក្តី ពុំ​បាន​គិត​ដល់​សុជីវធម៌​ទេ។ ឃើញ​ដូច្នេះ ទើប​ខ្ញុំ​តែង​រឿង​ខ្លី​ «ឆាក​កំប្លែង​កញ្ញា​សោភ័ណ»នេះឡើង ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​ជន​ជាតិ​ខ្មែរ​យើង​ឱ្យ​គិត​ដល់​បញ្ហាសុជីវធម៌​នេះឡើង​វិញ។

សូម​ចុច​ទីនេះ​រឿង​ខ្លី​ «ឆាក​កំប្លែង​កញ្ញា​សោភ័ណ» ដើម្បី​អាន​។

2

គំនិតគួរចងចាំ ដកស្រង់ ដោយប៉ិច ​សង្វាវ៉ាន ពី ១០០​គាថា

អ្នកបរិបូណ៍ដោយគុណសម្បត្តិ ជាគ្រឿងប្រដាប់

ជាអ្នកអាចនាំមកនូវប្រយោជន៍ដល់មនុស្សទាំងពួងបាន​

តែបើមិនប្រព្រឺត្តយកប្រយោជន៍នោះឲ្យបានដល់ខ្លួននិងអ្នកដទៃទេ

អ្នកនោះឯងនឹងបានឈ្មោះថា ​បណ្ឌិតដូចម្តេចបាន?

 

***********************************************************

 

ដែលជាមិត្តល្អតែមាត់

 មិត្តណាដែលប៉ិននិយាយប្រចុបប្រចែង

 អែមអបចាក់បណ្តោយមិនឲ្យទាស់

មិត្តណាដែលជាសម្លាញ់នាំឲ្យវិនាស

 អ្នកមានប្រាជ្ញា កាលបានស្តាប់មិត្តទាំងបួនប្រភេទនោះថាមិន

មែនជាមិត្ត​ហើយត្រូវវៀរឲ្យឆ្ងាយពីមិត្តបែបនោះ

ដូចជាអ្នកដំណើរដែលចៀសវាងផ្លូវប្រកបដោយភ័យ៕

 

បទវិភាគលើរឿងស្រមោលស្នហ៍ ដោយ​លោក ​កែវ ឈុន

រឿង «ស្រមោលស្នេហ៍» គឺជារឿងមួយដែលអ្នកនិពន្ធ បានលាតត្រដាងអំពីសង្គមរបៀបរបបរស់នៅបែបបញ្ចឹមប្រទេស។ សំណាងតួអង្គដ៏សំខាន់មួយដែលចូលចិត្ដដើរលេងរាំរាជ តាមក្លិបតាមបារ សប្បាយឥតឈប់ឈរហើយធ្លាក់ខ្លួនចូលទៅក្នុងសេចក្ដីស្នេហ៍ ពុះកញ្ជ្រោលជាច្រើនលើកច្រើនសារ។

ដំបូង សំណាងបានចាប់ចិត្ដស្នេហាទៅលើនាងប៉ាទីនយ៉ា អង់ស្សេឡា នារីកូនកាត់ អេស្បាញ៉ុល សៀម នាងមិនមែនជានារីក្រមុំទេ នាងមានអាយុបង សំណាងដល់ទៅជិត ១០ឆ្នាំឯណោះ ហើយថែមទាំងមានប្ដីទៅហើយទៀតផង។ ស្នេហាពុះកញ្ជ្រោលរោលរាល ឃើញភ្លាមស្រឡាញ់ភ្លាម មិនអាចអត់ទ្រាំបាន គេទាំងពីរនាក់បានរួមរក្សស្នេហាគ្នាឡើងស្ថានសួគ៌លោកិយ ទាំងសំណាងខ្លួនឯង មានការស្រពិចស្រពិលថា នារីកូនកាត់សៀមដ៏ស៊ីវិល័យ ក្នុងរឿងស្នេហាមិនចាញ់នារីអឺរ៉ុបមួយនេះ គ្រាន់តែចង់សាកល្បងភ្លក្សរសជាតិស្នេហ៍ ជាមួយប្រុសក្មេងតែប៉ុណ្ណោះក៏ដោយ តែសំណាងស្រឡាញ់នាងយ៉ាងប្ដូរផ្ដាច់។

នៅពេលដែលនាងប៉ាទីនយ៉ាត្រឡប់ទៅបាងកកវិញ សំណាងបានទៅទាក់ទងស្រឡាញ់គ្នាជាមួយនាង អង់រីយ៉ែត នាងមានប្ដី ថែមទាំងមានកូនមួយទៀតផង។ សេចក្ដីស្នេហារបស់សំណាងម្ដងនេះ ជាសេចក្ដីស្នេហាដែលកើតដោយក្ដីមនោសញ្ចេតនាអាណិតអាសូរចំពោះនាង អង់រីយ៉ែត ដែលប្ដីនាងជាអ្នកប្រមឹក ធ្វើបាបជិះជាន់ ប្រើអំពើហឹង្សាលើនាងគ្រប់ពេលវេលា។ ទំនាក់ទំនងស្នេហាយ៉ាងជិតស្និតស្អិតរមួត សំណាង និង នាងអង់រីយ៉ែតបានរួមរស់នៅជាមួយគ្នាដោយគ្មានអ្វីរំខានឡើយ។ ស្នេហាដ៏ទាន់សម័យ ដែលសង្គមខ្មែរយើងពុំទាន់អាចទទួលយកបានមួយនេះ គឺនាងអង់រីយ៉ែត ត្រូវបែងចែកសេចក្ដីស្នេហាទៅលើមនុស្សដល់ទៅ ៣នាក់ គីប្ដី កូនប្រុស និង សំណាងគូកំណាន់ជាទីស្រឡាញ់របស់នាង។ ឯសំណាងវិញ ចង់ហួងហែងទាមទាសេចក្តីស្នេហានេះតែម្នាក់ឯង ដោយតវ៉ាឲ្យនាងអង់រីយ៉ែត ត្រូវតែលែងលះជាមួយប្ដីកំណាចរបស់នាងឲ្យដាច់ស្រឡះតែម្ដងទៅ។

នៅពេលដែលរង់ចាំការលែងលះប្ដីរបស់នាងអង់រីយ៉ែតមិនទាន់ដាច់ស្រេច ហើយចេះតែអូសបន្លាយពេលវេលាយូរទៅៗ សំណាងក៏ហាក់រសាយចិត្ដ គេត្រឡប់មកនៅបារីសវិញ ហើយបានទាក់ទងស្នេហាជាមួយនារីខ្មែរម្នាក់ គឺនាងតារាវី ។ នាងជានារីខ្មែរម្នាក់ ប្រកាន់ទំនៀមទម្លាប់ខ្មែរ ឥតភ្លើតភ្លើតទៅតាមសង្គមជឿនលឿនបរទេសឡើយ។ នាងមានអំណោយទានគួរឲ្យស្រឡាញ់ជាពន់ពេកណាស់។ សំណាងបានស្ដីដណ្ដឹងរៀបការជាឧត្ដមភរិយាដោយសុខសាន្ដ។

រឿង «ស្រមោលស្នេហ៍» មានន័យឥទ្ធិពលយ៉ាងខ្លាំងទៅលើស្នេហា

យ៉ាងស៊ីជម្រៅដែលអ្នកនិពន្ធបានទាញយកមកបង្ហាញថា៖
ស្នេហាលាក់កំបាំងលឿនរហ័សរបស់សំណាង មិនបានធ្វើឲ្យសំណាងស្វែងរកសេចក្ដីសុខបានឡើយ។ នាងប៉ាទីនយ៉ា ត្រឡប់ទៅរូមរស់ជាមួយប្ដីនាងឯបាងកកវិញបាត់ទៅ ហើយយូរៗម្ដងស្រមោលស្នេហ៍នេះចូលមកលងសំណាងឲ្យឆ្កួតវង្វេងយ៉ាងគួរអនិច្ចា។ ស្នេហាសម័យទំនើបរបៀបអ៊ឺរ៉ុប អាមេរិក របស់អង់រីយ៉ែត ដែលគេអះអាងថា ជាស្នេហាធម្មតាមិនប្រកាន់ ហើយបើទោះបីជាស្នេហានេះកើតមកពីក្ដីស្រឡាញ់បរិសុទ្ធចិត្ដ លាយលំទៅដោយមនោសញ្ចេតនាអាណិតអាសូរគ្នាយ៉ាងណាក៏ដោយ ក៏សេចក្ដីស្នេហានេះ គ្រាន់តែជាស្រមោលស្នេហ៍ ដែលចូលមកលងពួកគេឲ្យស្ថិតនៅក្នុងវិប្បដិសារី យ៉ាងគួរឲ្យអណោចអធម្ម អន្លង់អន្លោចយ៉ាងក្រៃលែង ។ នាងអង់រីយ៉ែតហាក់ដូចជាត្រូវទទួលរងកម្ម បាត់បង់សេចក្ដីស្នេហានេះច្រើនជាងគេ គឺបាត់បង់ប្ដី បាត់បង់ប្រុសកំណាន់ចិត្ដជាទីស្នេហា ពោលគឺនាងបាត់លំនឹងជីវិត សឹងតែទាំងអស់តែម្ដង។ សំណាងនឹកសោកស្ដាយពីទង្វើស្នេហា ភ្លើតភ្លើនរបស់គេ ជាមួយនាងប៉ាទីនយ៉ាផង ហើយស្លុងស្លុតចិត្ដយ៉ាងខ្លាំង ចំពោះនាងអង់រីយ៉ែតជាទីដ៏សែនស្រឡាញ់ផង ធ្វើឲ្យគេធ្លាក់ចូលក្នុងចង្កូមបិសាច គឺស្រមោលស្នេហ៍ ដែលតាមលងគេគ្មានពេលស្រាកស្រាន្ត។ នាងតារាវី បរិសុទ្ធចិត្ដ បរិសុទ្ធស្នេហ៍ នាងទទួលបានសុភមង្គលក្នុងរឿងស្នេហា តែនាងក៏រកាំរំខានក្នុងចិត្ដមិនតិចដែរ ដោយនាងនឹកអាណិតអង់រីយ៉ែត ដែលជាស្រីដូចគ្នា ដូចវាចារបស់អ្នកនិពន្ធលើកសរសេរក្នុងវគ្គនេះថា «មនុស្សស្រីទូទៅ ទោះជាសាសន៍ណាក៏ដូចសាសន៍ណាដែរ តែងមានមនោសញ្ចេតនាទន់ជ្រាយនៅចំពោះហេតុការណ៍អាក្រក់ដែលធ្លាក់មកលើខ្លួន ជាពិសេសក្នុងបញ្ហាស្នេហា។ »

ស្រមោលស្នេហ៍ ដែលតាមលង សំណាង ប៉ាទីនយ៉ា អង់រីយ៉ែត មានអត្ថរសយ៉ាងធំធេង ឬថាជាដំណើរនាំផ្លូវសម្រាប់យុវជន យុវតីគ្រប់រូបឲ្យប្រុងប្រៀបស្មារតី ឲ្យមានសតិបញ្ញា ឲ្យគិតពិចារណាគ្រប់ជ្រុងជ្រោយថា បើទោះបីជា សេចក្ដីស្នេហា ជាបាតុភូតធម្មជាតិកើតឡើងសម្រាប់មនុស្សសត្វប្រុសស្រីមិនអាចទប់បាន ហើយគេមិនចាំបាច់ត្រូវការស្វែងរកស្នេហាដាច់ខាត ស្នេហាបរិសុទ្ធ ដូចស្នេហានាងប៉ាទីនយ៉ា ឬ ស្នេហាសំណាងចំពោះនាងអង់រីយ៉ែត ដែលម្នាក់ៗសុទ្ធតែមានវ័យខុសគ្នា មានប្ដី មានកូន យ៉ាងណាក៏ដោយ ក៏គេមិនត្រូវមើលស្រាលក្នុងសេចក្ដីស្នេហានេះបានឡើយ ព្រោះថា បើស្នេហានេះបាត់បង់ទៅវិញកាលណា វាគឺជាស្ថាននរកលោកិយតែម្ដង។ ស្នេហានាងកាកី ផ្លាស់ប្ដូរពីប្រុសមួយទៅប្រុសមួយ ត្រូវគេកាត់ទោសប្រហារជីវិតបង់ អសោចកេរ្ដិ៍រហូតសព្វថ្ងៃទៀត។ ព្រះរាមដែលមើលងាយសេចក្ដីស្នេហារបស់នាងសិតា ក៏ត្រូវទោសទណ្ទកម្មបាត់បង់នាងសិតា យ៉ាងគ្មានថ្ងៃត្រឡប់វិលវិញឡើយ។

យល់ដឹងអំពីច្បាប់រក្សាសិទិ្ធអ្នកនិពន្ធ

តើអ្នកនិពន្ធស្នាដៃទទួលបានការ

ការពារបែបណាខ្លះ?

ដើម្បីជ្រាបច្បាស់

សូមអញ្ជើញលោកអ្នកកវីនិពន្ធអាននិងស្តាប់

តាមរយៈតំណខាងក្រោម

ដែលដកស្រង់ចេញពីគេហទំព័រ

នៃវិទ្យុបារាំងអន្តរជាតិRFI

សូមចុចលើតំណខាងក្រោម៖

http://www.khmer.rfi.fr/copyright-law

កុមារ​និង​កុមព្យូទ័រ

រូបថត ព្រហ្ម ប៉ាស្កាល់

ខ្ញុំសូមថតរូបលោកអ៊ំប្រុសស្រី លោកពូ អ្នកមីង

ដែលបានចូលក្នុងទីនេះទុកជាអនុស្សាវរីយ៍។

ខ្ញុំឈ្មោះ ប៉ាស្កាល់(PASCAL) ព្រហ្ម អាយុ៥ឆ្នាំ។

អ្នកគ្រូខ្ញុំ  ម៉ាម៉ង់ ប៉ាប៉ាខ្ញុំ និង  ម៉ាក់អ៊ំ ប៉ាអ៊ំ

លោកតា លោកយាយខ្ញុំថាខ្ញុំជាក្មេងឆ្លាតនិងចេះគិតណាស់។

ខ្ញុំចូលចិត្តចង់ធ្វើអ្វីៗខ្លួនឯងព្រោះខ្ញុំធំហើយមិនចង់ឲ្យប៉ាប៉ាម៉ាម់ង់ខ្ញុំ

ហត់នឿយតាមបម្រើខ្ញុំច្រើនទេ។ ខ្ញុំតែងតែចង់ចេះចង់ដឹងនិងតែងតែលួចសង្កេតមើល

កាលណាម៉ាម់ង់ខ្ញុំកំពុងប្រើអ័រឌីណាទ័រម្តង។ 

ប៉ុន្តែ ម៉ាក់អ៊ំ និង អ្នកបងគជ់ ជាបងជីដូនមួយខ្ញុំថា

 ដល់ខ្ញុំធំ ហើយនៅតែលេងអ័រឌីណាទ័រច្រើន មិនល្អទេ ខ្ញុំគ្មានពេលរៀន។

នៅក្នុងអ័រឌីណាទ័រអាចនឹងមានរឿង ឬ រូបអីមិនល្អនាំឲ្យខ្ញុំធ្វើផ្តេសផ្តាស ខូចខ្លួន។

ខ្ញុំក៏ចូលចិត្តលេង iPaid ដែរ។ អ្នកបងរ៉ានីបានឲ្យខ្ញុំខ្ចី iPaidលេង។ 

ម៉ាម៉ង់ខ្ញុំប្រាប់ខ្ញុំឲ្យចេះនិយាយថា អរគុណ និង ចេះលើកដៃសំពះ។

ខ្ញុំនឹកអ្នកបងរ៉ានី។ ខ្ញុំស្រឡាញ់អ្នកបងរ៉ានី។ អ្នកបងរានីថា នៅទីនេះសប្បាយចិត្ត។

ខ្ញុំក៏ថាដែរ។ ខ្ញុំតែងតែទារមកលេងទីនេះ។

ថតថ្ងៃ២២កុម្ភះ២០១២

កំណត់ចំណាំ៖

ម៉ាម៉ង់ Maman ជាពាក្យបារាំងខ្មែរថា ម៉ាក់ អ្នកម៉ាក់ អ្នកម្តាយ ម៉ែ។

អ័រឌីណាទ័រ Ordinateur ជាពាក្យបារាំងប្រែជាភាសាអង់គ្លេសថា កុមព្យូទ័រ

ទស្សនៈមួយជ្រុងអំពីថ្ងៃបុណ្យសង្សារ

ជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ

ឬថ្ងៃដែលយុវជនភាគច្រើននិយមហៅថា ថ្ងៃបុណ្យសង្សារ បានកាន់តែជ្រៀតចូលមកក្នុងសង្គមខ្មែរយ៉ាង

គំហុកស្ទើរតែរិះរកវិធានការមានប្រសិទ្ធភាពណាមួយមកទប់ស្កាត់សឹងតែពុំទាន់។ បើទោះបីជាគេខំប្រឹង

ហៅឈ្មោះ ថ្ងៃ១៤ខែកុម្ភៈ ថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬទិវានៃសេចក្តីស្រឡាញ់យ៉ាងណាក៏ដោយ

ក៏យុវជនកម្ពុជាចំនួនច្រើននាពេលបច្ចុប្បន្ន បានផ្តល់អត្ថន័យយ៉ាងស្វ័យប្រវត្តិចំពោះថ្ងៃនេះថាជាថ្ងៃ

នៃពិធីបុណ្យសង្សារ ហើយដែលពួកគេបានគិតទៅដល់ការកសាងស្នេហាល្អូកល្អើន អនុស្សាវរីយ៍

ផ្អែមល្ហែម ពិសេសគឺសេចក្តីសប្បាយរីករាយនឹងការរួមភេទ។

             បើយើងតាមដានឲ្យមែនទែនទៅ ថ្ងៃនៃក្តីស្រឡាញ់១៤កុម្ភៈនេះជា ថ្ងៃបុណ្យ Valentine’s day

ឬភាសាបារាំងហៅថា la Saint-Valentin គឺជាប្រពៃណីគ្រិស្តសាសនា និងក្រុមរ៉ូម៉ាំង។ តាមប្រវត្តិដើម

នៃថ្ងៃ១៤កុម្ភៈនេះ គឺជាទិវាឧទ្ទិសរំលឹកដល់មរណភាពរបស់បុព្វជិតម្នាក់ឈ្មោះ វ៉ាឡែនថាញ

Valentine ដែលបានស្លាប់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២៧០នៃគ្រិស្តសករាជនៅក្រុងរ៉ូម

ដោយហេតុតែបុព្វជិតរូបនេះ បានជួយរៀបចំផ្សំផ្គុំអាពាហ៍ពិពាហ៍ឲ្យគូស្នេហ៍លាក់កំបាំង។

អំពើនេះជាការប្រឆាំងជំទាស់ទៅនឹងបញ្ជារបស់ស្តេចក្លូឌ្យៀស ទីII ដែលមានរាជបញ្ជាថា

បុរសគ្មានប្រពន្ធអាចធ្វើចម្បាំងពូកែជាងបុរសមានប្រពន្ធនិងគ្រួសារ ទ្រង់ក៏ចេញច្បាប់ហាម

មិនឲ្យយុវជនរៀបការ។ គ្រានោះស្តេចក្លូឌ្យៀសក៏បញ្ជាឲ្យសេនាជនចាប់បុព្វជិត Valentine

ទៅសម្លាប់ចោល។

            ដោយសារប្រវត្តិព្រឹត្តិការណ៍ថ្ងៃ១៤កុម្ភៈនេះ មានជាប់ទាក់ទិននឹងការមានៈតស៊ូដើម្បី

ឲ្យគូស្នេហ៍សម្រេចបំណងស្នេហាយ៉ាងដូច្នេះហើយ ទើបឥទ្ធិពលនៃថ្ងៃនេះ បានសាយភាយទូ

ទាំងពិភពលោក ហើយក៏ហូរចូលមកសង្គមកម្ពុជាយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ នារយៈកាល

ចុងក្រោយនេះ។

តាមការរំជើបរំជួលរបស់យុវជននៅថ្ងៃ Valentine’s day ឬថ្ងៃបុណ្យសង្សារ ដែលជា

វប្បធម៌បរទេសនេះ គឺការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឥទ្ធិពលបរទេសមួយចំនួនទៀត

ដែលយុវជនខ្មែរបានទទួលយកដោយមិនដឹងពីអត្ថន័យរបស់ពិធីទាំងនោះឲ្យបាន

ច្បាស់លាស់។ ជាក់ស្តែង Valentine’s day នាសតវត្សរ៍ទី១៩ ក្នុងថ្ងៃ១៤ខែកុម្ភៈ នៅ

ប្រទេសអឺរ៉ុបប្រារព្ធពិធីនេះជាទម្លាប់ដោយជូនប័ណ្ណជូនពរចំពោះគ្នាទៅវិញទៅមក

ហើយក្រោយមកគេនិយមជូនផ្កាកុលាប ស្ករសូកូឡា ដែលនិមិត្តសញ្ញាថ្ងៃបុណ្យនៃ

សេចក្ដីស្រឡាញ់ គឺរូបបេះដូង និងរូបបុត្តអាទិទេពស្នេហា ដែលមានកាន់ព្រួញនិង

បេះដូង។ មិនតែប៉ុណ្ណោះគេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ

ដូចជា រូបបេះដូង ឬរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរកាព្យ ឬពាក្យ

ពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដីស្នេហាដែលគេមានចំពោះអ្នកទទួល។

ចំពោះចលនាប្រារព្ធពិធីនេះក្នុងសង្គមកម្ពុជាវិញ បន្ថែមលើសកម្មភាពខាងលើនេះ

ភាគច្រើនជាយុវជនខ្មែរបានជូនកាដូពិសេសមួយទៀត គឺជាកាដូសេចក្តីស្នេហារាង

កាយ។ ព្រឹត្តការណ៍ជាទូទៅក្នុងនៅថ្ងៃទី១៤ខែកម្ភៈ យុវបុរសនិងយុវនារីខ្មែរមួយ

ចំនួនបានពពាក់ពពូនគ្នាអបអរសាទរយ៉ាងគគ្រឹកគគ្រេងតាំងពីព្រឹកព្រលឹមរហូត

ដល់យប់អធ្រាត្រ។ ពេលមានពិធីបុណ្យសង្សារម្ដងៗ ពេលព្រឹកពួកគេបានស្វែង

រកទិញផ្កាកុលាប កាដូវត្ថុអនុស្សាវរីយ៍ កាតជូនពរ ដើម្បីជូនមនុស្សពិសេសរបស់ខ្លួន។

បន្ទាប់មកពួកគេច្រើនឌុបគ្នាដើរលេងកម្សាន្តនៅតំបន់កម្សាន្តនានា និងនៅតែគជ់ជា

ដើម។ ចំណែកពេលយប់វិញ គេសង្កេតឃើញថា ផ្ទះសំណាក់និងសណ្ឋាគារបានត្រូវ

ជាប់រវល់ស្ទើរគ្រប់បន្ទប់ ជួនកាលគ្មានសល់បន្ទប់ណាមួយឡើយ។ ផ្កានិងទំនិញ

អនុស្សាវរីយ៍លក់ដាច់ស្ទើរគ្មានសល់ ហើយនៅពេលជិតពាក់កណ្តាលអធ្រាត្រទៀត

សោត តម្លៃផ្កាកុលាកក៏កាន់តែឡើងថ្លៃថែមទៀត។

និយាយជារួមយប់ថ្ងៃ១៤កុម្ភៈ ជារាត្រីទឹកឃ្មុំមួយដ៏សំខាន់សម្រាប់គូស្នេហ៍ភ្លើតភ្លើន

ដែលត្រូវប្តូរស្នេហារាងកាយដោយប្រគល់ខ្លួនប្រាណឲ្យគ្នាទៅវិញទៅមក។ តែទោះជា

យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញមាននារីវ័យក្មេងមួយចំនួនលួចសម្រក់ទឹកភ្នែកតែ

ម្នាក់ឯងកណ្តាលរាត្រី ដោយសារតែពួកគេចង់បង្ហាញនូវភក្ដីភាពជាមួយនឹងគូសង្សារ

របស់ខ្លួនក្នុងថ្ងៃ១៤កុម្ភៈ។ តាមរយៈការប្រារព្ធពិធីនេះកន្លងមក យើងឃើញមានយុវនារី

ខ្មែរមួយចំនួនបានបាត់បង់ព្រហ្មចរិយ ដោយសារតែការចាញ់បោកពាក្យលួងលោម

របស់ប្រុសស្នេហ៍ ឬដោយស្មគ្រចិត្តនិងអារម្មណ៍ស្រើបស្រាលខ្លួនឯងក្តី ក៏លទ្ធផលភាគ

ច្រើននៃទីបំផុតត្រូវបង្ហូរទឹកភ្នែកជូតក្បាលជង្គង់ជាញឹកញយ។ ទោះបីការរួមភេទសេព

សន្ថវៈនោះដោយស្មគ្រចិត្ត និង ជាសិទ្ធិរបស់បុគ្គលក្នុងទំនាក់ទំនងផ្លូវភេទក៏ដោយ ក៏ទិវា

 Valentine’s day មិនត្រូវយកថ្ងៃនេះ ជាថ្ងៃសម្រាប់ការប្តូរខ្លួនប្តូរប្រាណនោះទេ ព្រោះវាធ្វើឲ្យ

ប៉ះពាល់ប្រពៃណីជាតិយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ប៉ះពាល់ដល់សុខភាព សុវត្ថិភាព និង

សណ្តាប់ធ្នាប់សង្គមទៀតផង។ តាមរយៈការរួមរ័កក្នុងថ្ងៃ  Valentine’s day នេះទៀតសោត

យុវជនអាចនឹងប្រឈមមុខបញ្ហាច្រើនទាំងខ្លួននៅវ័យក្មេងខ្ចី ដូចជា ជំងឺឆ្លងតាមផ្លូវភេទ

ជំងឺអេដស៍ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ដោយមិនបានប្រើស្រោមអនាម័យ

ជាដើម។

អាស្រ័យហេតុនេះ គេគួរតែត្រូវមានវិធានការទប់ស្កាត់សមស្របចំពោះចរន្តភ្លើតភ្លើនរបស់

យុវជនក្នុងសង្គមខ្មែរ។ ព្រោះអ្វី? ព្រោះយុវជនជាធនធានយ៉ាងចម្បងក្នុងការស្តារនាវាកម្ពុជា

នាពេលបច្ចុប្បន្ននិងអនាគត។ ចុះបើយុវជនខ្មែរចាប់ផ្តើមយល់ខុស ប្រព្រឹត្តអំពើមិន

គប្បី បំផ្លាញ់ខ្លួនឯង បង្កឲ្យខូចប្រពៃណីវប្បធម៌ និងបង្កើតអស្ថិរភាពសង្គមយ៉ាងដូច្នេះ?

ឬនិយាយម្យ៉ាងថា ចុះបើទំពាំងរបស់យើងចាប់ផ្តើមស្អុយរលួយតាំងតែពីប៉ុណ្ណឹងទៅហើយ

តើយើងរំពឹងបានឫស្សីរឹងមាំល្អយ៉ាងដូចម្តេចកើត? បែរមកវិធានការរាំងខ្ទប់វិញ កន្លងមក

គេបានត្រឹមតែប្តូរឈ្មោះ ថ្ងៃValentine’s day ឬថ្ងៃបុណ្យសង្សារ មកថ្ងៃនៃសេចក្តីស្រឡាញ់

និងអប់រំផ្សព្វផ្សាយតាមសាលា ឬតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតែប៉ុណ្ណោះ តែប្រការ

នេះក៏មិនអាចកែប្រែអត្ថន័យដែលយល់ឃើញក្នុងខួរក្បាលយុវជនបានដែរ ប្រការសំខាន់

ត្រូវបណ្តុះការយល់ឃើញត្រូវ (សម្មាទិដ្ឋិ) ដែលជាចំណុចកំពូលនៃការកំណត់សកម្មភាព

នោះទៅវិញទេ។ ហេតុដូច្នេះ យុវជនខ្លួនឯងផ្ទាល់      ពិសេសគឺយុវនារីមិនគួរបណ្តែត

បណ្តោយខ្លួនឲ្យបាត់បង់ភាពបរិសុទ្ធ ដោយសារតែផ្កាកុលាប កាដូពាក្យជូនពរផ្អែមល្ហែម

 ឬការលួងលោមពីបុរស ហើយព្រមប្រគល់ខ្លួនប្រាណឲ្យគូស្នេហ៍ដោយមិនបានគិតឲ្យ

គ្រប់ជ្រុងជ្រោយក្នុងថ្ងៃបុណ្យ Valentine’s day នេះនោះទេ ព្រោះការគិតមិនបានវែងឆ្ងាយ

នេះ អាចនឹងបណ្តាលឲ្យមានវិប្បដិសារភាពអស់មួយជីវិត។

ចំណែកក្រុមគ្រួសារ គួរតែតាមដានសកម្មភាពរបស់បុត្តធីតាឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ

ព្យាយាមអប់រំពន្យល់ណែនាំ ផ្តល់ភាពជាគំរូ និងភាពកក់ក្តៅដល់ពួកគេ ព្រមទាំង

បង្កលក្ខណៈស្និទ្ធស្នាលក្នុងគ្រួសារឲ្យបានច្រើន។ ឯមិត្តភក្តិវិញ គួរតែកុំអូសទាញមិត្ត

ទៅប្រព្រឹត្តភ្លើតភ្លើននឹងទិវាវប្បធម៌បរទេសដូច្នេះ ជំនួសមកវិញនូវបបួលណែនាំគ្នា

ទៅរៀនសូត្រ ឬជួបជុំគ្នាញ៉ាំចំណីអាហារសប្បាយតិចតួចជាលក្ខណៈមិត្តភាព។

នៅសាលារៀនដាច់ខាតត្រូវចាត់វិធានការតឹងរឹង ត្រួតពិនិត្យបញ្ជីវត្តមាន ឬដាក់

ការប្រឡង ព្រមទាំងជំរុញឳ្យមានការអប់រំស្តីពីទិវា១៤កុម្ភៈនេះឲ្យបានទូលំទូលាយ។

ម្យ៉ាងវិញទៀត សាលារៀននិងស្ថាប័នពាក់ព័ន្ធទាំងឡាយ គួរតែលើកទឹកចិត្តផ្តល់រង្វាន់

ឲ្យសិស្សានុសិស្ស និងយុវជនទូទៅបញ្ចេញមតិ សរសេរកំណាព្យនិងអត្ថបទអប់រំពីថ្ងៃនេះ។

អាជ្ញាធរត្រូវចុះត្រួតពិនិត្យសណ្ឋាគារ ផ្ទះសំណាក់ និងតូបហាងអាជីវកម្មផ្សេងៗ ដែលជាកន្លែង

កត្តាជំរុញឲ្យយុវជនប្រព្រឹត្តអំពើផ្តេសផ្តាស។ អ្នកធ្វើអាវជីកម្មទាំងឡាយ អ្នកលក់ផ្កា លក់វត្ថុ

អនុស្សាវរីយ៍ គួរកុំឆ្លៀតឱកាសកេងចំណេញលើគំនររូបភាពសប្បាយរបស់យុវជននេះ ព្រោះនេះ

ជាផ្ទាំងរូបភាពនៃសេចក្តីមហន្តរាយរបស់អនាគតប្រទេសជាតិទៅវិញទេ។ដោយឡែកទូរទស្សន៍

វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវតែផលិតកម្មវិធី និងផ្សព្វផ្សាយការអប់រំឲ្យយុវជនមានការត្រិះរិះ

ពិចារណាត្រូវ ហើយកុំឲ្យមានឲ្យសោះនូវបទចម្រៀងណាមួយដែលលើកទឹកចិត្តឲ្យយុវវ័យសម័យ

ថ្មីយល់ខុសថា ថ្ងៃ Valentine’s Day  ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលជាថ្ងៃដែលត្រូវតែបូជាខ្លួន

ប្រាណដើម្បីសង្សារនោះឡើយ។

មនុស្សគ្រប់រូប ពិសេសយុវជនគួរចងចាំដែរថា ការឲ្យតម្លៃថ្ងៃណាមួយថាជាថ្ងៃពិសេសឬសំខាន់

នោះ គឺជាការកំណត់ឲ្យតម្លៃរបស់បុគ្គលទេ តែជាកត្តាសច្ចភាពនៃស្នេហានិងសេចក្តីស្រឡាញ់

គឺមានគ្រប់ពេលវេលា គ្រប់ទិវារាត្រីទាំងអស់ និងសម្រាប់មនុស្សទូទៅគ្រប់គ្នាលើពិភពលោក៕

ដោយ ហេង ឧត្តម

សូមអានអត្ថបទពាក់ព័ន្ធពីទិវា១៤កុម្ភៈនេះបន្ថែមក្នុងទស្សនាវដ្តីខ្ញុំ

©រក្សាសិទ្ធិដោយ ~ទស្សនាវដ្តីខ្ញុំ~ ឆ្នាំទី២ លេខ៤ ខែកុម្ភៈ ឆ្នាំ២០១២

©រក្សាសិទ្ធិដោយ ~ទស្សនាវដ្តីខ្ញុំ~ ឆ្នាំទី២ លេខ៤ ខែកុម្ភៈ ឆ្នាំ២០១២

សូមអានអត្ថបទពាក់ព័ន្ធពីទិវា១៤កុម្ភៈនេះបន្ថែមក្នុងទស្សនាវដ្តីខ្ញុំ៖

បុណ្យសង្សារ ឬបុណ្យនៃសេចក្តីស្រឡាញ់ p.26-27

©រក្សាសិទ្ធិដោយ ~ទស្សនាវដ្តីខ្ញុំ~ ឆ្នាំទី២ លេខ៤ ខែកុម្ភៈ ឆ្នាំ២០១២

សូមអានអត្ថបទពាក់ព័ន្ធពីទិវា១៤កុម្ភៈនេះបន្ថែមក្នុងទស្សនាវដ្តីខ្ញុំ

ទិវាវ៉ាលិនថាញ (Valentine’s Day) p.30

គុណធម៌៤ ជាព្រហ្មវិហារធម៌

 មាន​មេត្តា​ ករុណា​ មុទិតា ឧបេក្ខា

ផ្ការំដួល (​រូបថត៖​ឡឹក​ជំនោរ)​

មេត្តា   គឺ សេចក្តីស្រឡាញ់ដោយស្មោះត្រង់ ស្មើភាពជាទូទៅឥតរើសមុខឥតប្រកាន់បក្សពួក។

ករុណា គឺ​សេចក្តីអាណិតអាសូរ  និង ជួយយកអាសាអ្នកទុគ៌ត អ្នកមានទុក្ខវេទនាទាំងឡាយ។

មុទិតា  គឺ​សេចក្តីត្រេកអរតាមអ្នកដែលមានសេចក្តីសុខប្រកបដោយបិតិស្មោះសរ។

ឧបេក្ខា គឺការតាំងចិត្តជាកណ្តាលស្មើ មិនញាប់ញ័រ និងលោកធម៌ទាំង៨ប្រការមិន

លំអៀងដោយអគតិទាំង៤ គឺ ឆន្ទាគតិភយាគតិ ទោសោគតិ មោហោគតិ៕

ប្រមូលរៀបរៀងដោយ ជ័យ វរិន្ទ ហៅ ព្រហ្ម មេត្តា

និងដកស្រង់ចេញពីសៀវភៅ​ <សច្ចធម៌ និង គតិបណ្ឌិត>

រូបថត ៖ ឡឹក ជំនោរ

រូបផ្កាទាំងពីរគ្រាន់តែលម្អទំព័រនេះប៉ុណ្ណោះ​​ ឥតទាក់ទងនឹងអត្ថបទខាងលើទេ។