Category Archives: អ្នកចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា

កញ្ចក់​បិសាច និពន្ធដោយ ​សឺង គន្ធរ

រក្សាសិទ្ធិ

 ខ្ញុំបានទទួលរឿងខ្លីនេះពីឯក​ឧត្តម សឺន ​គន្ធរជាយូរឆ្នាំកន្លងមកហើយ​។

 ​ក្នុងរដូវរងាមួយនៅប្រទេសបារាំង ខ្ញុំក៏បានលើកយករឿងនេះមកផ្សាយ

រួចហើយតាមរលកអាកាសវិទ្យុបារាំងអន្តរជាតិRFIជាយូរឆ្នាំមកកន្លងទៅ ។

 ប្រហែលជាកាលណោះ  បងប្អូន និងក្មួយៗព្រមទាំងចៅៗមួយចំនួនមិន

ទាន់បានស្គាល់វិទ្យុបារាំងអន្តរជាតិRFI​ ឬក៏មិនទាន់បានស្តាប់ទើបរឿង

«កញ្ចក់បិសាច»នេះនៅឡើយ ​ទើបខ្ញុំសម្រេចចិត្តលើកយកមកផ្សាយ

ជូនក្នុងគេហទំព័ររបស់ខ្ញុំនេះម្តង ។

សូមជម្រាបដែរថា ឯកឧត្តម សឺន គន្ធរដែលជាអ្នកនិពន្ធរឿង«កញ្ចក់

បិសាច»នេះជាអតីតមិត្តរួមថ្នាក់របស់ខ្ញុំ នៅថ្នាក់ទី២ទំនើបជាតិ«ក»

​(ត្រូវជាថ្នាក់ទី១១បច្ចុប្បន្ននេះ) នៃវិទ្យាល័យព្រះយុគន្ធរក្រុងភ្នំពេញ ក្នុង

ឆ្នាំសិក្សា១៩៦៥ – ១៩៦៦ (Classe de Seconde <A> au Lycée PREAH

YUKANTHOR PHNOM PENH en 1965-1966)

សូមជ្រាបដែរថា គន្ធរជាសិស្សម្នាក់ដែលពូកែខាងមុខវិជ្ជាអក្សរសាស្ត្រ

ខ្មែរណាស់ ហើយគេក៏ជាអ្នកសរសេររឿងភាគដែលបកប្រែពីរឿងចិនក្នុង

សារពត៌មាន «មាតុភូមិ» ដែរ។

សូមជូនរឿង ៖

កញ្ចក់បិសាច

មករា ១៩៨២…

រាត្រី​ងងឹត​សូន្យ​ឈឹង។ ផ្កា​ព្រិល​នៃ​សិសិរ​រដូវ​រសាត់​បោក​បក់ទៅ​លើ​កញ្ចក់​បង្អួច​លាន់​ឮ​ស្រិបៗ។ រំពេច​នោះ​ សំឡេង​ជួង​ព្រះ​វិហារ​លាន់​ឡើង​ឮ​រវើយៗពី​ជ្រលង​ភ្នំ​ឯនាយ​បញ្ជាក់​ឱ្យ​ខ្ញុំ​ដឹង​ថា ម៉ោង​១២​អធ្រាត្រ​ហើយ។

ខ្ញុំ​ដាក់​សៀភៅ​និទាន​អំពី​ការ​សម្លាប់​ផ្តាច់​ពូជ​សាសន៍​នៃ​ពួក​កម្មុយនីស្ត​នៅ​ស្រុក​ខ្មែរ ចុះ​ពី​ដៃ។

ខ្ញុំ​នឹក​ហួស​ចិត្ត​ ដណ្តឹង​សួរ​ខ្លួន​ឯង​ថា៖ ហេតុអ្វី​បាន​ជា​អាន​សៀវភៅ​អ៊ីចឹង? នាំ​ឱ្យ​តែ​ក្ដៅ​ក្រហាយ?

ខ្ញុំ​ងើប​ទៅ​រើសឱស​មួយ​ដុំ​បោះ​ចូល​ទៅ​ក្នុង​ឡរ​កម្តៅ​បន្ទប់​ទទួល​ភ្ញៀវ​ដ៏ធំ​ល្វីង​ល្វើយ​នេះ។ ខ្ញុំ​ដើរ​លបៗ​ទៅ​មើល​បន្ទប់​ដំណេក។

នៅ​លើគ្រែ​ ភរិយា​ខ្ញុំ​គេង​ដណ្តប់​ភួយ​ឱប​កូន​ប្រុស​តូច​ខ្ញុំ​លង់​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ។ ខ្ញុំ​ឈរសម្លឹង​រង្វង់​ភ័ក្រ្ដ​ម្តាយ​និង​កូន​ ដោយ​លួច​ញញឹម​ក្នុង​ដួង​ចិត្ត​។ ទោះ​បី​«នារតី» ភរិយា​ខ្ញុំ​ហត់​នឿយ​ក្នុង​​ការ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ប៉ារីស៍ តាំង​ពី​ព្រឹក​ព្រលឹម​មកក៏​នាង​មិន​ភ្លេច​រៀប​ចំ​គ្រែ​មួយ​ទៀត​យ៉ាង​ស្អាត​សម្រាប់​ជូន​ប្តី​។ ជា​ពិសេស​គឺ​មាន​ទឹក​មួយ​កែវ​នៅ​លើ​តុ​ក្បែរ​ក្បាល​ដំណេក​ប្តី​ជា​ដរាប។

ខ្ញុំ​បិទ​គន្លឹះ​ចង្កៀង​រួច​ចេញទៅ​ដំរេត​លើ​កៅ​អី​វែង​ ឯ​បន្ទប់​ទទួល​ភ្ញៀវ​វិញ​ ដើម្បីអាន​បន្ត​សៀវភៅ​ទៀត​ ព្រោះ​ខ្ញុំ​មិន​ងងុយ​សោះ…។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​ហាក់​ដូច​ជា​ចាប់​ផ្តើម​ឈឺ​ក្បាល​តិចៗ…។ អណ្ដាត​ភ្លើង​ជះ​ពន្លឺ​ចាំង​លើក​ញ្ចក់​មួយ​ផ្ទាំង​ធំ​ដែល​គេ​ព្យួរ​ជាប់​នឹង​ជញ្ជាំង​ចំ​ចុង​ជើង​ខ្ញុំ​។… យប់​យន់​ជ្រៅ​ទៅ​… សៀវភៅ​ហាក់​ដូច​ជា​កាន់​តែធ្ងន់ឡើងៗ​ រីឯ​ត្របក​ភ្នែក​ ខ្ញុំ​ក៏​កាន់​តែទន់​ទៅៗ… ខ្ញុំ​ហាក់​អស់​កម្លាំង​អ្វី​ម្ល៉េះ​ទេ…។ ម្រាម​ដៃ​ដប់​ត្រជាក់​ស្រិប​ដូច​សំរឹទ្ធមក​ប៉ះថ្ពាល់​ខ្ញុំ។ ខ្ញុំ​ភ្ញាក់​ក្រញ៉ាង​ ខំ​បើ​ក​ភ្នែក​ទាំ​ង​ត្រដរ… នៅ​ពី​មុខ​គឺ​«នារតី» សក់​ប៉ះ​កន្ទ្រឺង​ ភ្នែក​ក្រហម​ឆ្អៅ ភ័ក្ត្រ​ស្លេក​ស្លាំង​ដូច​អសុរកាយ។ ដង្ហើម​នាង​ដង្ហក់​ពោល​ដោយ​អួលៗ​ខ្លាំងៗ។

  • បង! រ៉ាឌី កូន​យើង​ស្រាប់​តែ​បាត់​ពី​លើគ្រែ!
  • បាត់កូន!

ខ្ញុំ​ហួស​ចិត្ត ចាប់​ឱប​ភរិយា​អស់​ទំហឹង​ រួច​សួរ​មួយ​ៗថា៖

  • យ៉ាង​ម៉េច​ហ្នឹង? អូន​មមើល៍​ឬអ្វី ?
  • បាត់… កូន… បាត់ រ៉ាឌី…

នារតីពោល​ដោយ​បង្រះ​ចេញពី​រង្វង់​ដៃ​ខ្ញុំ។

  • បាត់​ទៅ​ណា​​កើត​កូនយើង​នោះ? ក្រែង​លោ​វា​រមៀល​ធ្លាក់​ចូល​ក្រោម​គ្រែ?…
  • អត់​ទេ! អូន​រក​អស់​ហើយ ទើប​រត់​មក​ដាស់​បង។​

នាង​ចាប់​ផ្តើម​យំ…។ ខ្ញុំ​ទាញ​ដៃ​ភរិយា​ ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​ទាំង​ស្រងាក​ចិត្ត។ ខ្ញុំ​ហាក់​ដូច​ជា​ចង់​សើច​បន្តិច ចង់​ខឹង​បន្តិច។ ខ្ញុំ​លាត់​ភួយ…. ហើយ​ឱន​មើលក្រោម​គ្រែ​ទាំង​ពីរ… ស្បែក​ជើង​សម្រាប់​ពាក់​នៅ​ផ្ទះ​របស់​កូន​ខ្ញុំ​នៅ​ចុង​គ្រែ​ដដែល​។ ដូច្នេះ​​កូន​ខ្ញុំ​​មិន​គួរ​ទៅណា​ឆ្ងាយ​ឡើយ ព្រោះ​រ៉ាឌី​ទោះ​ជា​ទៅ​ណា​មួយ​ជំហាន​ក៏​ទម្លាប់​ពាក់​ស្បែក​ជើង​ដែរ…។

ខ្ញុំដើរ​ទៅ​បើក​មើល​ក្នុង​ទូចុង​គ្រែ… រួច​ហួស​ទៅ​អើត​មើល​ក្នុង​បន្ទប់​ទឹក​ទៀត… នៅតែ​មិន​ឃើញ​ស្រមោល​កូន។

  • កូន​យើង វាមា​នទៅ​ណា​ឆ្ងាយ​កើត​ នៅតែ​ក្នុង​ផ្ទះ​ហ្នឹង!

ខ្ញុំ​ស្រែក​តិចៗ រួច​នឹក​សន្មតថា ច្បាស់​ជា​កូន​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បាយ​ហើយ។ យើងនាំ​គ្នា​ស្ទុះ​ចេញពី​បន្ទប់​ដំណេក​ឆ្លង​កាត់​បន្ទប់​ទទួល​ភ្ញៀវ​ ហួស​ទៅ​ផ្ទះ​បាយ ខ្ញុំ​បើក​គន្លឹះ​ចង្កៀង​អគ្គីសនី… ផ្ទះ​បាយ​ស្អាត​ធេង​ឥត​ឃើញ​ស្រមោល​បុត្រ​ខ្ញុំ​ឡើយ។ សង្វាក់​បេះ​ដូង​ខ្ញុំចាប់​ផ្តើម​លោត​ញាប់​បន្តិច​ឡើង។ ខ្ញុំដើរ​បើក​ទូក្រឡេក​រុក​រក​កៀន​កោះ​ តាំង​ពីទូទឹកកកឡើង។ ភរិយាខ្ញុំទ្រហោយំ។ បង្អួច​ក្នុង​ផ្ទះ​បិទ​ជិត​ឈឹងទាំង​អស់។ ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មាន​តែ​​សាឡុង​វែង​មួយ​នឹង​កៅ​អី​តូច​ពីរ កញ្ចក់​មួយ​ផ្ទាំង​ធំ​ និង​ឡ​ភ្លើង​កម្តៅ​ប៉ុណ្ណោះ។ ខ្ញុំពិនិត្យ​មើល​គន្លឹះ​ទ្វារ​ធំ​ឃើញ​ចាក់​សោរ​ជាប់​ដដែល​ ដូចនេះ​ រ៉ាឌី​ ច្បាស់​ជា​នៅ​តែ​ក្នុង​ផ្ទះ​ហ្នឹង​ឯង! តើ​នៅ​ឯណ៎ា?

  • ហ៎ា! ក្នុង​បង្គន់!

ភរិយា​ខ្ញុំស្រែក​ភ្លាត់​សំឡេង​មើល​មុខ​ខ្ញុំ រួច​ស្ទុះ​ទៅ​បើក​ទ្វារ​បង្គន់​ខ្វាក។ ខ្ញុំលួច​គយ​គន់​កាយ​វិការ​ភរិយា។ នាង​បែរ​ភ័ក្ត្រ​មក​រក​ខ្ញុំ​ដោយ​គ្រវី​កេសា ហើយ​ទ្រហោ​យំខ្លាំង​មែន​ទែន។

  •  អូន​មាន​បើ​ក​មើល​ក្នុង​ហិបទេ? ព្រោះ​កូន​យើង​វា​ចូល​ចិត្ត​លេង​បិទ​ពួន​ណាស់​។
  • នៅ​ទេបង!

នាង​ឆ្លើយ​ដោយ​លួច​មាន​រស្មីសង្ឃឹម​ឡើងវិញ​។ យើង​នាំ​គ្នា​ត្រឡប់​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​វិញ។ ភរិយាខ្ញុំ​ស្ទុះ​វឹង​ទៅ​បើក​ហិប​ធំ​។

  • យ៉ាង​ម៉េ​ច​ទៅ​អូន?

ខ្ញុំស្រែក​សួរ​ដង្ហក់។

  • អត់​ទេ! ស្អី​ហ្នឹងបង?

ដៃ​ស្រី​ចាប់​ទាញ​ឈើ​មួយ​ដុំ​តូច​ខ្មៅ​ក្រិប​ចេញ​ពី​ក្នុង​ហិប ហុច​មក​ឱ្យ​ខ្ញុំ…។

  • ស្អី​ហ្នឹង?

ខ្ញុំដណ្តឹង​សួរ​ខ្លួន​ឯង រួច​ដាក់​ដុំ​ឈើ​ទៅ​លើ​តុ​ក្បាល​ដំណេក​ ព្រោះ​អារម្មណ៍​ខ្ញុំ​កំពុង​ខ្វាយ​ខ្វល់​។ យើងខ្វល់​រៀង​ខ្លួន…។ ភរិយាខ្ញុំ​យំ​បោក​ខ្លួន​ទៅ​លើ​គ្រែ។ ខ្ញុំទាញ​វាំង​ននរូត​ខ្វាក… នៅ​ខាង​ក្រៅ​ព្រិល​ធ្លាក់​ក្រាស់​ឃ្មឹក…។ ខ្ញុំហាក់​ដូច​ចង់​ស្ទះ​ឈាម​ ខ្ញុំស្រវា​យក​អាវ​រងា​ការពារ​ទឹកកក​មក​ពាក់​ដោយ​ពោល​វាចា​ថ្នម​ៗ​ទៅ​កាន់​នារតី​ថា៖

  • បង​ចេញ​ទៅ​អើត​ខាង​ក្រៅ​មួយ​ជុំ​ផ្ទះ រួច​បើមិន​ឃើញ​កូន​ទេ បង​បើក​ឡាន​ទៅ​ប្ដឹង​រដ្ឋការ!

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ឱន​យក​កូន​សោ​ររថយន្ត​ នារតី​ស្ទុះ​វឹង​មក​ចាប់​ដៃ​ខ្ញុំ​ជាប់​ ដោយ​ស្រែក​តិច​។

  • ឈប់​សិន​បង! ចាំ​ស្តាប់…

យើង​ឮ​សូរ​សំឡេង​អ្វី​មួយ​លាន់​ឡើង​ស្រដៀង​នឹង​សំឡេង​គេ​ហូត​ច្រវ៉ាក់​ដែក​ថ្នមៗ​បើក​ទ្វារ​របង​ផ្ទះ… រួច​សំឡេង​ស្រិប! ស្រិប! ស្រិប! កាន់​តែ​ជិត​ឡើង…

ទ្វារ​បន្ទប់​ដំណេក​របើ​ក​ខ្វាក…!

រ៉ាឌី​ កូន​ប្រុស​ខ្ញុំ​ឈរ​ហ្នឹង​ថ្កល់​នៅ​មាត់ទ្វារ។ ដៃ​ទាំងពីរញី​ត្របក​ភ្នែក ធ្វើ​មុខម្ហិះៗដូច

​ទើ​ប​ភ្ញាក់​ពី​ដំណេក…។

ភរិយា​ខ្ញុំ​ស្ទុះ​ទៅ​ចាប់​ក្រសោប​ឱប​កូន​ដោយ​ក្តី​ត្រេក​អរ​រក​អ្វី​ផ្ទឹម​ពុំ​បាន​ឡើយ… ទឹក​នេត្រា​នាង​រមៀល​ជោក​ថ្ពាល់។ ខ្ញុំ​ដោះ​ក្រវាត់​អាវ​រងា​ទៅ​លើ​ពួក​គេ​ រួច​យក​ដៃ​អង្អែល​សក់​កូន​ថ្នមៗ។

  • កូន​សម្លាញ់​ ប្រាប់​ប៉ាមើល៍ កូន​ទើប​មកពី​ណ៎ា​ហ្នឹង?
  • ប្រាប់ប៉ាម៉ាក់​មក​ថា កូន​មក​ពីណាថ្មើរ​ហ្នឹង?

ភរិយា​ខ្ញុំ​បន្ទរ។

  • មកពី​ដើរ… ​លេង… មាន​ឆេះភ្លើង… ល្អ​មើល​ណាស់… តាឆក់ឆ (សក់ស)​ នាំកូន​ដើរ​លេង…
  • តាសក់​ស​ណ៎ា?

ភរិយាខ្ញុំ​ស្រែក​សួរ​កូន​។

ខ្ញុំទាញ​កូន​មក​ថើប​ថ្មម​បន្លប់ការ​ភ័យ​ខ្លាច​ដោយ​បោះ​វាចា​ថ្នមៗ។

  • កូន​មក​ពី​ដើរ​លេង​ឯណា​កើត​ បើ​ទ្វារ​បង្អួច​បិទអស់​យ៉ាង​នេះ? កូន​ចេញ​តាម​ណា?
  • ប៉ាប៉ា! មែនណ៎ា! កូន​មកពី​ដើរ​លេង​ជាមួយ​តា​ឆក់ឆ… គឺ​គាត់​ជា​អ្នក​ស្រែក​ហៅ​កូន​ទៅ!
  • មកពីណា? តាណា? ប្រយ័ត្ន​ម៉ាក់​វ៉ៃ កុំ​ភវើយ!

រ៉ាដី​ចាប់​ផ្តើម​ពេប។

ខ្ញុំ​លួង​កូន។

  • ប៉ាម៉ាក់​ភ័យ​ព្រោះ​បាត់​កូន​កណ្តាល​អធ្រាត្រ! ប្រាប់​ប៉ា​ឱ្យ​ត្រង់​មក​ តើ​ឯង​ទៅ​ពួន​ឯណា មកពី​ណា តាសក់​ស​នៅ​ឯណា? ឱ្យ​ប៉ា​ទៅ​លេង​ជាមួយ​គាត់​ផង​បា​នឬទេ?

កូន​តូច​ឈរ​គិត​មួយ​សន្ទុះ​ទើប​ពោល​មួយៗ៖

  • តាឆក់ឆ​ហាម​កូន​ថា​កុំ​ឱ្យ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ​ តែកាល​ណា​គេ​ស្គាល់​ទ្វារ​ទៅ​ស្រុក​គាត់ៗ​ខ្លាច​គេ​បិទ​ទ្វារ​នោះ​លែង​ឱ្យ​ចេញ​ចូល​ទៀត… ណ៎ា!

នារតី​ ស្រែ​ក​ដង្ហក់៖

  • កូន​ឯង​ចង់​ត្រូវ​រំពាត់​ឬ​បា​នពុំ​ព្រម​ប្រាប់​ឪពុក​ម្តាយ?

កូន​ប្រុស​ខ្ញុំ​យំង៉ោង ដោយ​ខ្លាច​ម្តាយ​ដាក់​ទារុណកម្ម។

  • អូន​ឯង​កុំ​ធ្វើ​បាប​កូន​។ គ្នា​កំពុងតែ​ភ័យ​។

ខ្ញុំ​ទាញដៃកូន​ចេញ​ទៅ​បន្ទប់​ទទួល​ភ្ញៀវវិញ។

  • កូន​សម្លាញ់​ ប្រាប់​ប៉ា​មក​ទ្វារ​នៅ​ឯណា? ព្រោះ​ប៉ាចង់​ស្គាល់​លោកតា​សក់​ស​នោះ​ដែរ​ណ៎ា!

ខ្ញុំ​បី​កូន​អង្គុយ​លើ​សាឡុង​វែង។

ភ្នែក​រ៉ាឌី​ងាក​ខ្វាក​សម្លឹង​ទៅ​រក​ផ្ទាំង​កញ្ចក់។ រួច​រ៉ាឌី​លើក​ដៃ​ចង្អុល​ត្រង់​ទៅ​ផ្ទាំង​កញ្ចក់​ដោយ​ពោល​យ៉ាង​ម៉ឺង​ម៉ាត់ថា៖

  • ហ្នឹងហើយ​ទ្វារ​ចេញ​ចូល​ទៅ​ស្រុក​លោក​តា​នុះ!
  • អ្ហ៎ា! កញ្ចក់​ហ្នឹង! ចូល​តាម​ណ៎ា!

ខ្ញុំ​ស្ទុះ​ទៅ​ពិនិត្យ​​ផ្ទាំង​កញ្ចក់ខ្ញុំ​ស្ទាប​រាវរកគែ​ម​ជុំ​វិញ​កញ្ចក់ក្រែង​ឃើញ​មាន​គន្លឹះ​ទ្វារ​សម្ងាត់​ដូច​ប្រាសាទ​បុរាណ​ជា​ដើម។ គឺ​ជា​កញ្ចក់មួយ​ផ្ទាំង​ធំ​ដែល​មាន​វ័យ​ចាស់​រាប់​សិប​ឆ្នាំ​មក​ហើយ​ព្រោះ​ឈើ​ដែល​ហុំ​ជុំវិញ​កញ្ចក់នោះ​ឡើង​សម្បុរ​ខ្មៅ​ខ្លីកហើយកន្លែង​ខ្លះ​មាន​ដាច់​មួយ​កង់ៗ។ ខ្ញុំ​នឹក​ឃើញ​ហើយឈើមួយ​ជុំ​តូច​ដែល​ភរិយា​ខ្ញុំ​រក​ឃើញ​ក្នុង​ហិប​គឺ​ឈើ​ហុំ​កញ្ចក់នេះ​សោះ។

អណ្តាត​ភ្លើង​ចាំង​ទៅ​លើ​កញ្ចក់​គួរ​ឱ្យ​ចង់​ស្រៀវ​បន្តិច​ដែរ។

ខ្ញុំ​ថយ​មក​អង្គុយ​ជិត​កូន​វិញ​ រួ​ច​សួរ​ថា៖

  • កូន​ឯង​ចូល​យ៉ាង​ម៉េច​កើត​បើ​កញ្ចក់ជិត​ឈឹង​ហ្នឹងហ៎ា។

រ៉ាឌី​សម្លឹង​មុខ​ខ្ញុំ រួច​សើច​ស្ញេញ ពោល​មួយៗ​ដូច​មនុស្ស​ចាស់៖

  • បើ​ចង់​ចូល​ ទាល់​តែ​យក​រក​ឈើ​ខ្មៅប៉ះ​កន្លែង​ខ្វះ​ទើប​ចូល​បាន ហើយ​ឈើ​មួ​យ​ដុំ​​ចូល​បាន​តែ​ម្តង​ទេ។ កូន​នៅ​សល់​ឈើមួយ​ដុំ​ទៀត​។

ថា​រួច​នាង​តូច​រត់​វឹង​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក ទារ​រក​ឃើញ​ឈើ​ខ្មៅពី​ម្តាយ​។

  • ចាំ​ស្អែក​សឹម​រក កូន​ឯង​មិន​ឃើញ​ម៉ាក់​កំពុងរៀប​ចំ​គ្រែ​គេង​វិញ​ទេ​ឬ​អ្វី?

ដោយ​ខ្ញុំ​ចង់​ដឹង​ការ​ពិត​ខ្លាំង​ពេក! ខ្ញុំ​ក៏​ស្រែក​ប្រាប់​ទៅ​កូន​ថា​ឈើ​ខ្មៅ​នោះ​នៅ​លើ​តុក្បាល​ដំណេក។

រ៉ាឌី​ចេញ​មក​វិញ ដោយ​កាន់​​ឈើ​ខ្មៅ​មួយ​កង់​តូច​។

  • មើ​ល៍​កូន​ឯង​ធ្វើ​ម៉េច​ទៀត​ដើម្បី​ចូល​ទៅ​ជួប​តា​សក់​ស​នោះ! ហ៎ា! ហ៎ា! ខ្ញុំ​អស់​សំណើច​។

រ៉ាឌីឱន​ដាក់​ផ្ទាំង​កំណាត់​ឈើ​ហុំកញ្ចក់…

រំពេច​នោះ​ ហាក់​ដូច​លាន់​សំឡេង​ទ្វារ​ដែក​របើក​ឡើង​ ឬមួយ​ស្នូរ​ច្រវាក់​ដែក​ក៏​មិន​ដឹង​… អណ្តាតភ្លើង​ចាំង​ចែង​ចេញពី​ផ្ទាំង​កញ្ចក់​ ខ្ញុំ​ស្រវាំង​ភ្នែក។​ មួយ​កន្ទុយ​ភ្នែក​ប៉ុណ្ណោះ​ខ្ញុំ​ហាក់​ដូច​ឃើញ​រាង​កាយ​តូច​ច្រឡឹង​របស់រ៉ាឌី​ត្រូវ​កម្លាំង​អ្វី​មួយ​ស្រូប​ចូល​បាត់​ទៅ​ក្នុង​កញ្ចាក់​ព្រម​ពេល​ជាមួយ​នឹង​អណ្តាត​ភ្លើង​ដែល​រលត់​ទៅ​វិញ។

  • រ៉ាឌី​កូន!…

កូន​ខ្ញុំ! ខ្ញុំ​ស្រែក​អស់​ទំហឹង។ ​ខ្ញុំ​ហក់​ស្ទុះ​លោត​ទៅ​តាម​ស្រមោល​កូន…។ ខ្ញុំ​ហាក់​ចងចាំ​ថា ជើង​ខ្ញុំ​ហក់​ទៅ​ធាក់​ផ្ទាំង​កញ្ចក់​ប្រាវ! ប្រាវ…។      

ខ្ញុំ​ភ្ញាក់​ក្រញ៉ាង! ពុទ្ធោ! ខ្ញុំ​យល់​សប្តិ​ទេ​តើ​…. ខ្ញុំ​ខាំ​មាត់​យក​ដៃ​ទះ​មុខ ទើប​ដឹង​ខ្លួន​មែន​ទែនថា ខ្ញុំ​យល់​សប្តិ។ ប៉ុន្តែ ​ជ្រុល​ហើយ ខ្ញុំ​ធាក់​កញ្ចក់បែក​ខ្ចាយ​លើ​ឥដ្ឋ ហើយ​ហាក់​ដូច​ជា​ឈាម​ជើង​បន្តិច​ផង…។

ភរិយា​ខ្ញុំ​ស្ទុះ​ចេញ​ពី​បន្ទប់​ដំណេក​ទាំង​សើ​ងមម៉ើង៖

  • ស្អី​ហ្នឹង​បង! ស្អី!

ខ្ញុំ​អស់​សំណើច​ យក​ដៃ​ច្របាច់​ឈាម។ នារតី​ស្ទុះ​ទៅ​យក​អាកុល​ពី​ផ្ទះ​បាយ​មក​លាង​ជើង​ឱ្យ​ខ្ញុំ។

  • បង​យល់​សប្តិ​សែន​ចម្លែក​អស្ចារ្យ​ថា​កូន​ប្រុស​យើង​ឈ្មោះ​ “រ៉ាឌី​” ពុំ​មែន​ឈ្មោះ​ “រដ្ឋា”​ ដូច​សព្វ​ថ្ងៃ​ឡើយ…

ខ្ញុំ​រ៉ាយ​រាប់​ត្រួសៗ​ឱ្យ​ភរិយា​ស្តាប់​តាំង​ពី​ដើម​ដល់​ចប់។

នារតីគ្រវី​ក្បាល។

  • អូន​មិន​យល់​សោះ ម៉េច​ក៏​បង​ទៅ​ធាក់​កញ្ចក់អស់​ទំហឹង​អ៊ីចឹង?
  • នរណា​ដឹងថា យល់​សប្តិ​ហាក់​ដូច​មែន​ទែន​អ៊ីចឹងហ្ន៎!

ខ្ញុំ​ក្រឡេក​មើល​នាឡិកាដៃ​ឃើញ​ម៉ោង​៤​រំលង​អធ្រាត្រ​ហើយ ក៏​បបួល​ភរិយា​ចូល​គេង​វិញ​ទាំង​ហួស​ចិត្ត។

ខ្ញុំ​អស់​កម្លាំង​ណាស់។ ខ្ញុំ​ដើរ​តាម​ក្រោយ​ភរិយា​ទៅ​បន្ទប់​ដំណេក​។ សំឡេង​ភរិយា​ខ្ញុំ​ស្រែកយ៉ៃ​លាន់​ឡើង​កណ្តាល​យប់​ស្ងាត់ រួច​រាង​កាយ​នាង​រលំ​មក​លើ​ខ្ញុំ​សន្លប់​បាត់​ស្មារតី​​មួយ​រំពេច…។

ខ្ញុំ​ខាំ​មាត់​បែក​ឈាម​ឈឺ​ផ្សា ទើប​ហ៊ាន​ជឿថា ខ្ញុំ​ពុំ​មែន​កំពុង​យល់​សប្តិ​ទៀត​ទេ…។ អស់​រយៈ​ជាង​កន្លះ​ម៉ោង​ក្រោយ​មក​ទើប​តម្រួត​និង​វេជ្ជ​បណ្ឌិត​មក​ដល់។

ខ្ញុំ​ក៏​ចាប់​រ៉ាយ​រាប់​ ហូរហែ​តាំងពី​រឿង​សុបិន​រហូត​ដល់​ពេល​ខ្ញុំ​បបួល​ភរិយា​ចូល​ទៅ​ទទួល​ទាន​ដំណេក​វិញ។

ខ្ញុំ​បញ្ជាក់​ប្រាប់​តម្រួត​ថា​ ពេល​ភរិយា​ខ្ញុំ​ចូល​ដល់​បន្ទប់​ដំណេក​ក៏​ស្រាប់​តែ​​មិន​ឃើញ​ «រដ្ឋា» កូន​តូច​ខ្ញុំ​នៅ​លើ​គ្រែ។ នាង​ក៏​ស្រែក​ឡើង​រួច​ដួល​សន្លប់។ ខ្ញុំ​រក​សព្វ​គ្រប់​អស់​ហើយ​ តាំង​ពី​ក្នុង​ផ្ទះ​ដល់​ក្រៅ​ផ្ទះ និង​ក្នុង​រោង​ឡាន​ទៀត​ ទើប​វាយ​ទូរសព្ទ​ប្តឹង​តម្រួត​ និង​សុំ​ឱ្យ​អញ្ជើញ​វេជ្ជ​បណ្ឌិត​ឱ្យ​ផង។

(ក្នុង​ផ្ទះ​នេះ​មាន​ទូរសព្ទ​មួយ​)…

 

មករា ១៩៨៣ មួយ​ឆ្នាំ​ក្រោយ​មក… ខ្ញុំ​ដឹងថា ខ្ញុំ​ហាក់​ដូច​ជា​ចាស់​ណាស់​ថ្វី​បើ​ខ្ញុំ​ទើប​នឹង​មាន​វ័យ៣៣​ឆ្នាំ​ប៉ុណ្ណោះ។ មួយ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ព្រាត់និរាស​ពី​កូន​ដែល​បាត់​ដំណឹង​សូន្យ​ឈឹង​ និង​នាំ​ភរិយា​អភ័ព្វ​ដោយ​នាង​ត្រូវ​គេ​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ខាង​រោគ​ខួរ​ក្បាល…។

រថយន្ត​នាំ​ខ្ញុំ​មក​ឈប់​នៅ​ចំមុខ​ផ្ទះ​ដែល​មាន​គ្រោះ​ថ្នាក់​ពី​ឆ្នាំ​ទៅ​ កញ្ញា​ Sylvia MOREAU ជា​មិត្ត​នារី​បារាំង​ខ្ញុំ​ ហើយ​ត្រូវ​ជា​ម្ចាស់​ផ្ទះ​ សុខ​ចិត្ត​ជូន​ខ្ញុំ​មក​មើល​ផ្ទះ​នេះ​ម្តង​ទៀត​។ យើង​ធាក់​ទ្វារ​ចូល​ទៅ… ផ្ទះ​ឥត​មនុស្សនៅ​មួយ​ឆ្នាំ​ហើយ “កញ្ចក់​បិសាច” នោះ​បែក​ខ្ទេច​នៅ​សល់​តែ​ឈើ​ហុំ​ជុំ​វិញប៉ុណ្ណោះ​។ មិន​ដឹង​មាន​ហេតុអ្វី​ខ្ញុំ​ចាប់​ដៃ​ Sylvia ច្របាច់​ ហើយ​ឱន​ខ្សិប​ថា «ខ្ញុំ​ចង់​ដុត​ឈើ​ហុំ​កញ្ចាក់​នេះ​ចោល»។ នាង​ញាក់​ស្មា​ ហើយ​សម្រប​ថា ខ្ញុំ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ។

យើង​អង្គុយ​មើល​ភ្លើង​ឆេះ​ក្នុង​ឡ​កម្តៅ…

បន្ទប់​ទួល​ភ្ញៀវ​… Sylvia រ៉ាយ​រ៉ាប់​ថា ជីតា​នាង​បាន​ទិញ​កញ្ចក់​នេះ​ពី​អ្នក​លក់​គ្រឿង​បញ្ចាំ​ ឯ​ចុង​ភូមិ​ ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី គេ​និទាន​ថា ម្ចាស់​កញ្ចក់​នេះ​ កាល​ពី​១០០ឆ្នាំ​មក​ត្រូវ​គេ​យក​ទៅ​ដុត​ទាំង​រស់​ដោយ​ចោទ​ថា គ្រូ​ធ្មប់​អាយ​អំពាយ…។

ខ្ញុំ​នឹក​ឧទ្ទិស​​ក្នុង​ចិត្ត​ បិសាច​ឯង បើ​រលាយ​ឆេះទៅ​ហើយ​ សូម​ឱ្យ​ដំណឹង​កូន​យើង​មក​វិញ​។

ភ្លើង​រលត់​… យើង​នាំ​គ្នា​ទៅ​សំណាក់​នៅ​សណ្ឋាគារ​វិញ​ ព្រោះ​ខ្ញុំ​មិន​អាច​គេង​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។ ព្រឹក​ឡើង​យើង​នាំ​គ្នា​ជិះ​ស្គី​ចុះ​ភ្នំ​ព្រោះ​ខ្ញុំ​តាំង​ចិត្ត​ប្រមូល​យក​កម្លាំង​ចិត្ត​មក​ទប់​ទល់​ទុក្ខ​សោក​ ហើយ​ខ្ញុំ​ជឿថា កម្លាំង​នេះ​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ឈ្នះ​នូវ​អ្វីៗ​ទាំង​អស់​…។ រំពេច​នេះ គេ​ធ្វើ​​សញ្ញា​ឱ្យ​ឈប់…។ ខ្ញុំ​​ឃើញ​តម្រួត​ និង​ទាហាន​ខាង​បង្រ្កាប​ភ្លើង​ (ពន្លត់​អគ្គីភ័យ)ពេញ​ពាស​ មានទាំង​ឆ្កែ​ហិត​ក្លិន​ទៀត។ ខ្ញុំ​ញែក​គេ​ឯង​ចូល​ទៅ​មើល ទោះ​បី Sylvia ពុំ​ចង់​មើល​ក៏​ដោយ…។

  • ពុទ្ធោ!

គេ​កាយ​បាន​ខ្មោច​ក្មេង​ពីរ​ចេញពី​ស្នាម​ជ្រោះ​។ គេ​ថា មិន​ដឹង​ហេតុ​អ្វី​ស្រាប់តែ​ព្រឹក​នេះ​ទទឹករលាយ​លេច​ផុស​ចេញ​ខ្មោច​ក្មេង​ពីរ​នាក់។

ខ្ញុំ​ញ័រ​ខ្លួន​ទទ្រើក… ពិភាល់​អ្វីធ្វើ​ឱ្យ​ខ្ញុំ​ជឿថា ប្រាកដ​ជា​ខ្មោច​ «រដ្ឋា»…។

តាម​សេចក្តី​រាយ​ការណ៍​ពី​តម្រួត​ គឺ​ប្រាដក​ជា​ខ្មោច​កូន​ខ្ញុំ…

គេ​សន្និដ្ឋាន​តាម​សម្លៀក​​បំពាក់…។ រីឯ​ក្មេង​មួយ​ទៀត… ជា​កូន​របស់​អ្នក​មាន​ម្នាក់​ដែល​បាត់​ខ្លួន​កាល​ពីរ​ឆ្នាំ​១៩៨០ ឈ្មោះ​ Antoine de RADIE តាម​ផ្លាក​ដៃ​ដែល​មាន​ឆ្លាក់​ឈ្មោះ។

 

វិច្ឆិកា​ ១​៩៨៣ ភរិយា​ខ្ញុំ​សម្រាល​បាន​បុត្រ​មួយ​យ៉ាង​ស្អាត​។

ខ្ញុំ​ភ្លេច​ជម្រាប​ថា ភរិយា​ខ្ញុំ​បាន​ជា ហើយ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខួរ​ក្បាល​ តាំងពី​រក​​ខ្មោច​កូន​ប្រុស​ឃើញ​មួយ​អាទិត្យ​មក​ម្ល៉េះ​….។

 

សរសេរ​នៅ​ខែ​វិច្ឆិកា ១៩៨៣

សឺង គន្ធរ

កញ្ញា ពៅ​បញ្ញាពេជ្រ ច្រៀងរកជំនួយមនុស្សធម៌

នេះជាការផ្សាយរបស់ RFAវិទ្យុអាស៊ីសេរី ដែលខ្ញុំបានដកស្រង់ចេញពី

KHMEMARA SON

http://www.youtube.com/watch?v=pJ4Yuq6Ky-g