Category Archives: អ្នកនិពន្ធនៅប្រទេសជប៉ុន

ក្រោមមេឃពណ៌ខៀវនៅទីក្រុងតូក្យូ និពន្ធដោយប៉ែន​ សេដ្ឋារិន រៀបចំផ្សាយក្នុងវិទ្យុបារាំងអន្តរជាតិRFI ដោយប៉ិច​ សង្វាវ៉ាន

 អស់លោកអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ ខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់នាទីអក្សរសិល្ប៍ខ្មែរដែល

ខ្ញុំប៉ិច សង្វាវ៉ានមានសេចក្តីរីករាយរៀបចំជូនដូចតទៅ៖

​២៤​ វិច្ឆិកា ២០១៤ ជាថ្ងៃខួបគំរប់៦៧ឆ្នាំរបស់ខ្ញំ

ពេល​វេលារំកិលទៅមុខឥតងាកក្រោយឡើយ។

កុមារភាព យុវភាពរបស់ខ្ញុំបានកន្លងផុតទៅយ៉ាងលឿន

ជាងកន្លះសតវត្សរ៍ទៅហើយ។

ជរាភាព

របស់ខ្ញុំកំពុងតែបោះជំហ៊ានទៅមុខឥតបង្អង់ ។

រាល់ថ្ងៃ ខ្ញុំតែងតែសួរខ្លួនឯងថា

តើមុននឹងលាចាកលោកនេះទៅ

ខ្ញុំមានកម្លាំងនឹងបំរើអក្សរសាស្រ្តបានប៉ុន្មានរដូវទៀត

បើអារម្មណ៍និងកម្លាំងខ្ញុំចុះទន់ខ្សោយច្រើនដូច្នេះទៅតាមវ័យជរាទៅហើយ?។

ក្នុងនាមជាអ្នកនិពន្ធ អ្នកអក្សរសាស្ត្រ និង

អ្នកសារព័ត៌មានចូលនិវត្តន៍នៃវិទ្យុបារាំងអន្តជាតិRFIមួយរូប

ខ្ញុំកំពុងតែសរសេរសៀវភៅជីវប្រវត្តិរបស់ខ្ញុំដើម្បីទុកជូនក្មួយៗនិងចៅៗអាន

ប៉ុន្តែ

តើសៀវភៅជីវប្រវត្តិរបស់ខ្ញុំ

ដែលខ្ញុំទើបតែចាប់ផ្តើមបានបន្តិចនោះ អាចនឹងបញ្ចប់ហើយចេញជារូបរាង

និងបោះពុម្ពផ្សាយទាន់ពេលដែលខ្ញុំនៅមានជីវិតឬទេ?

កំពុងតែខ្វល់រាល់ថ្ងៃ ស្រាប់តែខ្ញុំបានទទួល

ប័ណ្ណជូនពរថ្ងៃកំណើតខ្ញំគម្រប់៦៨ឆ្នាំមួយដ៍ល្អស្អាត។

ក្រោយពីខ្ញុំបាន

អានប័ណ្ណជូនពរថ្ងៃកំណើតរបស់បណ្ឌិត យឺម កិច្ចសែ 

អតីតសាស្ត្រចារ្យអក្សរសាស្ត្រខ្មែរមួយរូប និងជាអតីតសាស្ត្រាចារ្យ

អក្សរសាស្ត្រខ្មែររបស់ប្អូនស្រីខ្ញុំ​  ព្រហ្ម វ៉ាន់មុនី និងភរិយារបស់លោក

ដែលសព្វថ្ងៃនេះរស់នៅក្នុងប្រទេសអាល្លឺម៉ាញ

ដែលប្រកប

ដោយកម្រងពាក្យពេចន៍មិត្តភាពដ៏ក្រអូបចារភ្ជាប់ក្នុងចំណងជើងថា​

«ពរជ័យជូនស្រ្តីអក្សរសាស្រ្តនាម សង្វាវ៉ាន» និងអប់ដោយក្លិនកំណាព្យ ជូនពរ

ដ៏ក្រអូប និងពីរោះជាទីពេញចិត្ត

ទាំងអស់នេះ

ជាកម្លាំងទិព្វពិសេសបំផុតដែលជម្រុញឱ្យខ្ញុំប្រឹង

សរសេរបន្តនូវសៀវភៅ​ស្តីពីប្រវត្តិពិតរបស់ខ្ញុំបន្តទៀត។

ខ្ញុំសង្ឃឹមថា

សៀវភៅនេះនឹងអាចសរសេរចប់ជាស្ថាពរ សមតាមសេចក្តីប្រាថ្នា

និងការកំណត់ទុករបស់ខ្ញុំក្នុងឆ្នាំ២០១៥​ខាងមុខនេះ៕

ខួបគំរប់៦៨ឆ្នាំរបស់ខ្ញំ

ខួបគំរប់៦៨ឆ្នាំរបស់ខ្ញំ

អរគុណបណ្ឌិត យឹម កិច្ចសែ កវីឯក

នៅប្រទេសអាល្លឺម៉ាញដែលបានប្រើពេលយ៉ាងច្រើនក្នុងការរៀបចំប័ណ្ណដ៏ល្អនេះ។

អរគុណជាអតិបរមាចំពោះឯកឧត្តម ព្រឿង ប្រណិត

កវីឯកដែលបានទូរស័ព្ទជូនពរខ្ញុំពីខេត្តឧត្តរមានជ័យរៀងរាល់ឆ្នំា

ឆ្នាំនេះ ឯ.ឧ.ក្មួយបានផ្ញើសារដែលមានសេចក្តីទាំងស្រុងថា :
 
ក្នុងឱកាសកំណើតរបស់អ្នកមីងក្មួយ និងភរិយា សូមគោរពជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារ
សូមទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច
ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែរមាននៅលើលោក៕
ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំ នៅតែនិយាយពាក្យដដែរៗថា «អរគុណអ្នកមីង»
ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអ៊ឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធន៍ជាច្រើន។

ថ្ងៃនេះក្មួយកំពុងរង់ចាំឲ្យតែមេឃភ្លឺ នឹងអាលទូរស័ព្ទទៅជូនពរអ្នកមីង។

អំពីក្មួយ
ព្រឿង ប្រណីត

និង

អរគុណជាពិសេសចំពោះ

លោក ហេង ឧត្តម

ផងដែរដែលបានជួយវាយអត្ថបទខាងក្រោមនេះដែលជាកាដូសំខាន់មួយ។

គ្រប់យ៉ាងដែលរៀបរាប់ខាងលើនេះសុទ្ធសឹងជាអំណោយ

ដ៏មានតម្លៃបំផុតចំពោះរូបខ្ញុំ។

សូមអញ្ជើញអាន

ឆ្នាំ​១៩៤៦ – ១៩៤៧

ជីវភាព​ថ្មី​នៅរាជ​ធានីភ្នំពេញ

លោក យី ស៊ុម និងភរិយា ឌីវណ្ណ  ទិញ​បាន​ដី​មួយ​ដុំ​នៅ​ភូមិ​បឹង​កេង​កង​ សង្កាត់​លេខ​៦​

ក្រុង​ភ្នំ​ពេញ។ ដីនោះ មាន​ទំហំ​ប្រហែល​៧រយ​ម៉ែត្រ​ការ៉េ។ លោក​បាន​រក​ជាង​ឲ្យ​សង់​

ផ្ទះឈើប្រក់​ក្បឿង​ធំ​ទូលាយ​នៅ​លើ​ទំហំ​ដី​ពាក់​ណ្តាល​ខាង​ក្រោយ។ គេហដ្ឋាននោះ​

នោះ​បែរ​មុខ​ទៅ​ទិស​ខាង​លិច មាន​ជណ្តើរត្រង់​ជាង១០កាំ ។

ក្រោយមក លោកប៉ានិងអ្នកម្តាយបានលើកផ្ទះឈើនេះប្រគេនសម្តេចព្រះគ្រូព្រះចៅ

អធិការកែវ អ៊ូច ​គង់នៅវត្តបុទុមវតី  បើខ្ញុំមិនច្រឡំថានះរបស់ព្រះអង្គទេ ដើម្បីជាកិច្ច

តបស្នងព្រះគុណព្រះអង្គដែលបានទទួលឱ្យលោកប៉ាស្នាក់នៅក្នុងពេលដែលលោក

ប៉ាឡើងពីកម្ពុជាក្រោមមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។ ក្រោយមក លើដី

ដដែលនេះ លោកប៉ាបានរកជាងសង់ជាវិឡាដ៏ស្តុកស្តម្ភមួយពេញលើផ្ទៃដី ទុកតែ

បន្តិចខាងមុខដើម្បីធ្វើសួនច្បារ​  និងទុកដីនៅកៀនផ្ទះប៉ែកខាងកើត ​និងខាង

ក្រោយផ្ទះដែលមានទទឹងប្រហែលជាងមួយម៉ែត្រប៉ុណ្ណោះ ។ ភូមិគ្រឺះដ៏មាំនេះ

នៅគង់វង់រហូតដល់សព្វថ្ងៃនេះ​ហើយត្រូវគេយកនៅទទេព្រោះយើងជាម្ចាស់ផ្ទះ

បានរត់គេចភៀសខ្លួនពីរបបយង់ឃ្នងមកនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៧៧។

ក្រោយពីរបបខ្មែរក្រហម  អ្នកដែលចូលមកនៅបែងចែកជាល្វែងលក់តគ្នា។

ក្នុងបច្ចុប្បន្នកាលនេះ អតីតវីឡារបស់យើង ដាក់លេខ «២៨២» មិនមែនលេខ

«៣៩» ដូូចពីដើមទេ។

គឺជាភូមិគ្រឹះម៉ូតសាមញ្ញមួយ ដែលស្ថិតលើ​«វិថីសម្តេចល្វីឯម ក្នុងសង្កាត់

បឹងកេងកង១ ក្រុងភ្នំពេញ ។ដីដែល​​សល់​ពាក់​កណ្តាលខាង

​មុខ លោកយ៊ីស៊ុម​មាន​គម្រោង​ទុក​ស្ថាបនា​ផ្ទះ​បី​ល្វែង​ជាន់​ផ្ទាល់​ដី។ ពីរ​ល្វែង

​សម្រាប់​ជួល។ មួយ​ល្វែង​ទៀត​ គ្រួសារស្នាក់​​នៅបណ្តោះអាសន្នសិន។ លោក

បាន​សន្សំប្រាក់​ឈ្នួល​ផ្ទះ​ ​ទុក​សង់ភូមិ​គ្រឹះ​មួយ​ក្នុង​អនាគត​កាល។

មួយ​ឆ្នាំ​ក្រោយ​មក គូ​ស្វាមី​ភរិយា​នេះបាន​បុត្រី​មួយ​។ ទារិកា​នេះ​ ចាប់​កំណើត

​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​នៅថ្ងៃច័ន្ទ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧។

លោក​យាយ​ស្បៃ​រឿង​ក៏​មាន​វត្តមានក្នុង​ពេល​បុត្រី​សម្រាលដែរ។​ ការ​ប្រសូត​បុត្រ​ក្នុង​

ជំនាន់​នោះ ប្រព្រឹត្ត​នៅ​ផ្ទះ។  ពេលចេញពីឧទរមាតា ទារិកា​មាន​សង្វារព័ទ្ធ​ជុំវិញ​ក។ ​

ឆ្មប​មាន​ការ​លំបាកយក​សង្វារ​ចេញ​ពី​កទារិកាណាស់ ព្រោះបើគេយក​​មិន​ស្រួលទេ​​

អាច​បាក់​ក​ដ៏​ទន់​ខ្ចី​របស់​ទារិកានេះ។ ដោយសារតែនាង​កើត​មក​មាន​សង្វារ​ ទើប

​លោក​យាយស្បៃ​រឿងដែលជាជីដូនដាក់​ឈ្មោះ​ចៅស្រី​ច្បងនេះថា«សង្វាវ៉ាន[១]»​។

ទារិកា​សង្វាវ៉ានមាន​សក់​ច្រើន​ខ្មៅ​ក្រឹប ។ សាច់​ក្រហម​រងាល​ដែល​ចាស់ៗ​ចំណាំ​ថា

ប្រែ​សម្បុរ​ជា​ស​នៅពេល​ធំបន្តិច…………………………………………………………………

សូមស្លេស ( ដកស្រង់ចេញពីសៀវភៅជីវប្រវត្តិរបស់​ខ្ញុំ ដែលខ្ញំកំពុងតែសរសេរ ។សៀវភៅនេះគ្រោងចេញផ្សាយឆ្នំា២០១៥  )

*

*         *

[១] សង្វារដែលជាអត្តនាមរបស់​ខ្ញុំ សរសេរអត់ដាក់ «រ» ទេ។

ចំណែកឯអ្នកដែលបានកើតក្នុងខែវិច្ឆិកានេះដែរ ហើយក៏ជាអ្នកនិពន្ធនិងជាកវី

ខ្មែរយើងដែរមាននាមថា:

លោកស្រីសេដ្ធារិន រស់នៅក្នុងប្រទេសជប៉ុន

Por Chey Choun Neang Seus Srei Vei Hok Sep

និង

បណ្ឌិត យឹមកិច្ច សែ ក្នុងប្រទេសអាល្លឺម៉ាញ

Happy 68th Birthday

​ក.ក.ន

សូមម្ចាស់ប័ណ្ណពីររូប​ពីររូបជាទីគោរពស្រឡាញ់រាប់អានទាំងពីររូបនិង

អ្នកដែលបានរៀបចំរចនាប័ណ្ណដ៏ល្អស្អាតនេះអនុញ្ញាតការផ្សាយរូបថត

ប័ណ្ណទាំងពីរនេះ ពីររូបជាទីគោរពស្រឡាញ់រាប់អានពីររូប និងលោក

អ្នកអានទាំងអស់ដែលកើតក្នុងខែវិច្ឆិកាដែរ មានសុខភាពល្អមាំមួន និង

ប្រកបដោយសុភមង្គល និង វឌ្ឍនភាពជានិច្ចនិរន្តរ៍៕

ជីវិតរបស់ហ្វឹគឹហ្សាវ៉ា យូគិជី ប្រែសម្រួលដោយ ប៉ែន សេដ្ឋារិន

បន្ត​ការ​អាន

អ្នកនិពន្ធ កវី​ស្រី​ខ្មែរ ដោយ​ ហេង ឧត្តម

ពីឆ្វេងទៅស្តាំ៖​ អ៊ុំ សុផានី* ស៊ិម ចាន់យ៉ា ប៉ិច ​សង្វាវ៉ាន*ទឺង​សុខា

*ពីឆ្វេងទៅស្តាំ ៖​ អ៊ុំ សុផានី * ស៊ិម ចាន់យ៉ា*  ប៉ិច ​សង្វាវ៉ាន * ទឺង​សុខា (ថតក្នុងឆ្នាំ២០១១​នៅភ្នំពេញ)

កវី​ស្រី​ខ្មែរ  

បទប្រាំពីរព្យាង្គ

@រក្សាសិទ្ធិគ្រប់យ៉ាង

ស្រី​ខ្មែរ​មិន​អន់​មាន​ប្រាជ្ញា ចំណេះ​ក្លៀវក្លា​មិន​ចាញ់​ប្រុស
កវី​និពន្ធ​ចិត្ត​សន្ដោស អភ័យ​អត់​ទោស​ចិត្ត​មាតា ។
ទ្រង់​ព្រះនាងឥន្ទ្រទេវី ក្សត្រី​សម្ភី​រៀន​សាស្ត្រា
បាលី សំស្ក្រឹត សិលាចារ ប្រាសាទ​([១])កត់​ត្រា​ទុក​រៀបរៀង ។
អ្នក​ស្រីសិទ្ធិ កវី​ថ្វី​មាត់ រៀន​ចេះ​ចាំ​ស្ទាត់​កាព្យ​ចម្រៀង
ដេញ​កាព្យ​ផ្ទាល់​មាត់​ជា​សូរ​សៀង ហើយ​ជា​អ្នក​ច្រៀង​ក្នុង​ហ្លួង​វាំង ។
សង្វាវ៉ាន([២]ព្រហ្មសុទ្ធធីតា ឈ្មោះ​តែ​មួយ​ណា​នៅ​បារាំង
ស្នាដៃ​ល្អ​ឆើត​ពីរោះ​ខ្លាំង សមរភូមិ​តាំង​ស្លាប​ប៉ាកកា ។
ពាន់-ភួងបុប្ផា, ប៉ុលពិសី រឿង​ល្ខោន​និយាយ កុន​អស្ចារ្យ
ប៉ែនសេដ្ឋារិន, ស៊ឹមចាន់យ៉ា យឹមមូនីឡា, ម៉ៅសំណាង
ទឹង-សុខា, អ៊ុំសុផានី កវី​នារី​ចាប់​ផ្ដើម​សាង
តាក់តែង​និពន្ធ​ដោយ​សំអាង           កំណត់​ហេតុ​តាង​រាល់​ថ្ងៃ​ខែ ។
អ្នក​គ្រូ នន់, កែវច័ន្ទបូរណ៍ ទឹក​ខ្មៅ​ហៀរហូរ​ដល់​ស្រុក​ខ្មែរ
ទោះ​នៅ​ស្រុក​គេ​មិន​ចោល​ដែរ ប្រឹង​ខិត​ខំ​ថែ គិត​​រិះ​រេ ។
អ្នក​គ្រូ​ ប៉ាល់វណ្ណារីរក្ស ស៊ុយហៀង ​ជាក់​លាក់​អ្នក​សរសេរ
តស៊ូ​ទម្រាំក្លាយ​ជា​ស្មេរ មិន​តិច​ឆ្នាំ​ទេ​ទើប​បាន​ថ្កើង ។
ដោយ​សារ​កវី​ជំនាន់​មុន តាក់​តែង​ទុក​ទុន([៣]) ​លើក​តម្កើង
អក្សរសាស្ត្រ វប្បធម៌​ឱ្យ​ខ្ពស់​ឡើង ច្នេះ​ជន​ខ្មែរ​យើង​ត្រូវ​រក្សា ។
យុវកវីនិពន្ធ​ថ្មី([៤]) ក៏​មានស្ត្រី​ខ្លាំង​ផង​ណា
និមល, រចនា, កន្និដ្ឋា ខិត​ខំ​អស្ចារ្យ​ខាង​សរសេរ។
បក្សីស, សំណាង, លីម ផាន់ណា សន្តិភាព​ ប្រឹង​ចារ​ទុក​ជា​កេរ
ស្រី​ខ្មែរ​មិន​ភ្លេច​ប្រហែសទេ ប្រឹង​ប្រែង​ខំ​ថែ​ខ្មែរ​បុរី ។
ស្រី​ខ្មែរ​ជាន់​ក្រោយ​ខំ​បន្ត វប្បធម៌​បវរ​ល្អ​ប្រពៃ
កវី​ខ្ញុំ​សូម​ប្រោស​ប្រណី សូម​បញ្ចប់​ខ្លី​តែ​ត្រឹម​នេះ ។
បើ​មាន​ខុស​ឆ្គង​កាព្យ​យ៉ាង​ណា អស់​លោក​មេត្តា​ជួយ​រេរិះ
តម្រែ​តម្រង់​ប្រាប់​ឱ្យ​​ចេះ ដ្បិត​អី​ចំណេះ​កវី​ក្មេង ៕
ដោយ ហេងឧត្តម

[១] ប្រាសាទ​ភិមាន​អាកាស

[២] លោក​ស្រី ប៉ិច សង្វាវ៉ាន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា​ និង​ជា​ប្រធាន​ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅបរទេស[AEKE. Association des Ecrivains Khmers à l’Etranger, France] ​ប្រចាំ​ប្រទេស​បារាំង។

[៣] ទុន​ជីវិត ទុន​វប្បធម៌ ទុន​ពិសោធន៍ ទុន​ចំណេះ​ដឹង…

[៤] កវីអ្នកនិពន្ធនារីជំនាន់​ថ្មី៖ ប៊ុន ចាន់និមល, ម៉េង សិរីរចនា, អ៊ឹម រចនា, នួន ពេជ្រស៊ូដេនី ហៅបក្សីស, ចាន់ សំណាង, ស៊ិន ធារី,​ លឹម ផាន់​ណា, ​លឹម សន្តិភាព, កែម លីហៀង, ហ៊ីង ស្រីរ័ត្ន, ឡុង លីណា, ភូ ចរិយា… និង​មាន​កវីអ្នកនិពន្ធនារីខ្មែរជា​ច្រើន​រូប​ទៀត ទាំង​ជើង​ចាស់ និង​សម័យ​ថ្មី​ ដែលយើង​ខ្ញុំ​​ពុំ​អាច​លើក​ឈ្មោះ​មក​បង្ហាញ​អស់​នៅទីនេះ។

ជើងមេឃថ្មី និពន្ធដោយលោកស្រី ប៉ែន សេដ្ឋារិន

ពីឆ្វេងទៅស្តាំ ៖ ប៉ែន សេដ្ឋារិន និងខ្ញុំ ឆ្នាំ២០១១ នាទីក្រុងភ្នំពេញ ក្នុងថ្ងៃសិក្ខាសាលា ជេនឌ័រ និង អក្សរសិល្ប៍ ( រូបថត ៖ប៉ិច សង្វាវ៉ាន )

បឋមបទ

ខ្ញុំមករស់នៅស្រុកជប៉ុនក្នុងនាមជានិស្សិតដែលរដ្ឋជប៉ុនអញ្ជើញឱ្យមករៀនតាំងពីអាយុ១៨ឆ្នាំ ហើយត្រូវយកចំណេះវិជ្ជាដែលបានក្រេបជញ្ជក់ហើយទៅបម្រើប្រជាជាតិជាកំហិត។ នៅក្នុងខួរក្បាលខ្ញុំដែលនៅទន់នៅឡើយខ្ញុំតែងតែគិតថា ខ្ញុំមានកាតព្វកិច្ច នឹងជួយកសាងប្រទេសកម្ពុជាដោយសុទ្ធចិត្ដ ដើម្បីឱ្យមាតុប្រទេសបានរីកចម្រើនជាអារ្យប្រទេសពិតៗ។ ប៉ុន្ដែសុបិននិមិត្ដរបស់ខ្ញុំបានរលត់រលាយដោយសារតែការប្រែ ប្រួលមិនឈប់ឈរនៃសា្ថនភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

ខ្ញុំតែងតែរង់ចាំឱកាសដែលហុចឱ្យខ្ញុំទៅបម្រើមាតុប្រទេសរបស់ខ្ញុំវិញ ទោះជាក្នុងប្រការណាមួយក៏ដោយ។ នៅប្រទេសមួយដែលឆ្ងាយពីមាតុប្រទេសនេះ ខ្ញុំតែងតែទទួលការពឹងពាក់ឱ្យបកប្រែភាសាពីជនជាតិខ្មែរដែលមានបញ្ហាក្នុងការរស់នៅៗ ប្រទេសជប៉ុនហើយដែលមិនមានលទ្ធភាពអាចបង់តម្លៃបកប្រែនិងជួនកាលពីសា្ថន ទូតខ្មែរនៅប្រទេសជប៉ុន ហើយមានទំនុកទុកចិត្ដពីអ្នកទាំងអស់ជានិច្ចជាកាល។ ខ្ញុំបានជួបខ្មែរជាច្រើនហើយយើងតែងតែរាប់អានគ្នាមានទំនុកទុកចិត្ដលើគ្នាទៅវិញទៅមក ដូចជាបងប្អូនគ្នា។ ម្នាក់ៗតែងតែមកលេងនៅការិយាល័យរបស់ខ្ញុំជុំៗ។ ខ្ញុំដឹងថានៅពេលដែលយើងនៅឆ្ងាយពីមាតុប្រទេស យើងមានការត្រម៉ង់ត្រមោច ទាំងចិត្ដទាំងកាយ ហើយយើងត្រូវការជួបជុំបំភ្លេចទុក្ខ ឬក៏ចង់ដឹងនូវសភាពពិតនៃសង្គមដែលយើងរស់នៅពីព្រោះយើងមានការបារម្ភចំពោះច្បាប់ទម្លាប់នៃប្រទេស គេដែលខុសពីយើង។ ខ្ញុំតែងតែ និយាយពន្យល់ហើយដោះស្រាយជាមួយគ្នានូវបញ្ហា ដែលមិនសូវជាមានទំនាក់ទំនងនឹងបញ្ហារដ្ឋាបាលប៉ុន្មាន។ ដោយខ្ញុំមិនដែលបាន សា្គល់ជំនាន់ ប៉ុល ពត ជួនកាលបងប្អូនយើងលើកយករឿងកម្សត់ដែលគេម្នាក់ៗបានជួបប្រទះនៅជំនាន់ ប៉ុល ពត ហើយសរសើរខ្ញុំដែលមិនបានសា្គល់អាពតដូចគេ។ ខ្ញុំតែងតែកត់ត្រាទុកនូវរឿងរ៉ាវ ផ្សេងៗទុកទាំងអស់។ រឿងដែលមនុស្សយើងជួបប្រទះទោះជាមានករណីដូចគ្នាក៏ដោយ ក៏មានពេល ខ្លះមានកំហុសគ្នាដោយកន្លែងខ្លះហើយជួនកាលយើងអាចដោះស្រាយបានដោយសារតែការខិតខំការព្យាយាម។ ក៏ប៉ុន្ដែនៅពេលដែលខ្ញុំសា្ដប់រឿងដែលអារីយ៉ាឡារ៉ាត់រៀបរាប់ប្រាប់ ខ្ញុំមិនអាចទប់ចិត្ដមិនឱ្យរំជួលបានឡើយ។ វាសនារបស់នាង ហាក់ដូចជាត្រូវកំណត់ ដោយយើងម្នាក់ៗដែលនាងមកពិគ្រោះ។ ទោះបីនាងខិតខំប្រឹងប្រែងយ៉ាងណាក្ដី បើយើងមិនរវីរវល់នឹងនាង ជីវិតនាងនឹងត្រូវក្រឡះពីសទៅខ្មៅបាន។ ខ្ញុំសម្រេចចិត្តសរសេររឿងនាងទុកជាកំណត់ហេតុមួយដែលជាផលវិបាកនៃមនោគមវិជ្ជានិងសង្គ្រាម។ យើងបានសា្គល់គ្នាដោយសារសា្ថនទូតខ្មែរតូក្យូ ដែលទូរសព្ទមកពឹងពាក់ឱ្យខ្ញុំជួយធ្វើសម្ភាសជាមួយនឹងនាងដើម្បីឱ្យដឹងថា តើនាងពិតជាជនជាតិខ្មែរមែន ឬមិនមែន។ សា្ថនទូតខ្មែរក៏បានឱ្យបុគ្គលិកពីរបីនាក់សម្ភាសជាមួយនាងស្រេចបាច់ហើយដែរ តែគេត្រូវការការបញ្ជាក់ពីអ្នកមានបទពិសោធ និងអ្នកចេះដឹងខាងសង្គមវិជ្ជាផងក៏មិនដឹងទើបបាន ជាគេឱ្យលេខទូរសព្ទនាងមកខ្ញុំ។ ដោយខ្ញុំចេះភាសាថៃបន្ដិចបន្ដួចខ្ញុំបាននិយាយសាកសួរ អារីយ៉ាឡារ៉ាត់ ឱ្យរៀបរាប់ពីជីវប្រវត្ដិរបស់នាង។ អារីយ៉ាបាន និយាយប្រាប់ខ្ញុំជាភាសាថៃហើយ ជួនកាលនឹកឃើញភាសាខ្មែរមួយម៉ាត់ៗ ហើយបានអនុញ្ញាតឱ្យខ្ញុំសរសេរជាសៀវភៅ ដើម្បីឱ្យគេឯងបានដឹងពីរឿងរបស់នាង ក្រែងអាចជាគំនិតមួយ។

                អ្នកនិពន្ធ

ដើម្បីអាន សូមចុចលើបន្ទាត់ខាងក្រោម

Short Story of Ariya

រក្សាសិទ្ធិគ្រប់យ៉ាង