
*ពីឆ្វេងទៅស្តាំ ៖ អ៊ុំ សុផានី * ស៊ិម ចាន់យ៉ា* ប៉ិច សង្វាវ៉ាន * ទឺងសុខា (ថតក្នុងឆ្នាំ២០១១នៅភ្នំពេញ)
កវីស្រីខ្មែរ
បទប្រាំពីរព្យាង្គ
@រក្សាសិទ្ធិគ្រប់យ៉ាង
ស្រីខ្មែរមិនអន់មានប្រាជ្ញា | ចំណេះក្លៀវក្លាមិនចាញ់ប្រុស |
កវីនិពន្ធចិត្តសន្ដោស | អភ័យអត់ទោសចិត្តមាតា ។ |
ទ្រង់ព្រះនាងឥន្ទ្រទេវី | ក្សត្រីសម្ភីរៀនសាស្ត្រា |
បាលី សំស្ក្រឹត សិលាចារ | ប្រាសាទ([១])កត់ត្រាទុករៀបរៀង ។ |
អ្នកស្រីសិទ្ធិ កវីថ្វីមាត់ | រៀនចេះចាំស្ទាត់កាព្យចម្រៀង |
ដេញកាព្យផ្ទាល់មាត់ជាសូរសៀង | ហើយជាអ្នកច្រៀងក្នុងហ្លួងវាំង ។ |
សង្វាវ៉ាន([២]) ព្រហ្ម–សុទ្ធធីតា | ឈ្មោះតែមួយណានៅបារាំង |
ស្នាដៃល្អឆើតពីរោះខ្លាំង | សមរភូមិតាំងស្លាបប៉ាកកា ។ |
ពាន់-ភួងបុប្ផា, ប៉ុល–ពិសី | រឿងល្ខោននិយាយ កុនអស្ចារ្យ |
ប៉ែន–សេដ្ឋារិន, ស៊ឹម–ចាន់យ៉ា | យឹម–មូនីឡា, ម៉ៅ–សំណាង ។ |
ទឹង-សុខា, អ៊ុំ–សុផានី | កវីនារីចាប់ផ្ដើមសាង |
តាក់តែងនិពន្ធដោយសំអាង | កំណត់ហេតុតាងរាល់ថ្ងៃខែ ។ |
អ្នកគ្រូ នន់, កែវ–ច័ន្ទបូរណ៍ | ទឹកខ្មៅហៀរហូរដល់ស្រុកខ្មែរ |
ទោះនៅស្រុកគេមិនចោលដែរ | ប្រឹងខិតខំថែ គិតរិះរេ ។ |
អ្នកគ្រូ ប៉ាល់–វណ្ណារីរក្ស | ស៊ុយ–ហៀង ជាក់លាក់អ្នកសរសេរ |
តស៊ូទម្រាំក្លាយជាស្មេរ | មិនតិចឆ្នាំទេទើបបានថ្កើង ។ |
ដោយសារកវីជំនាន់មុន | តាក់តែងទុកទុន([៣]) លើកតម្កើង |
អក្សរសាស្ត្រ វប្បធម៌ឱ្យខ្ពស់ឡើង | ច្នេះជនខ្មែរយើងត្រូវរក្សា ។ |
យុវកវីនិពន្ធថ្មី([៤]) | ក៏មានស្ត្រីខ្លាំងផងណា |
និមល, រចនា, កន្និដ្ឋា | ខិតខំអស្ចារ្យខាងសរសេរ។ |
បក្សីស, សំណាង, លីម ផាន់ណា | សន្តិភាព ប្រឹងចារទុកជាកេរ |
ស្រីខ្មែរមិនភ្លេចប្រហែសទេ | ប្រឹងប្រែងខំថែខ្មែរបុរី ។ |
ស្រីខ្មែរជាន់ក្រោយខំបន្ត | វប្បធម៌បវរល្អប្រពៃ |
កវីខ្ញុំសូមប្រោសប្រណី | សូមបញ្ចប់ខ្លីតែត្រឹមនេះ ។ |
បើមានខុសឆ្គងកាព្យយ៉ាងណា | អស់លោកមេត្តាជួយរេរិះ |
តម្រែតម្រង់ប្រាប់ឱ្យចេះ | ដ្បិតអីចំណេះកវីក្មេង ៕ |
ដោយ ហេង–ឧត្តម |
[១] ប្រាសាទភិមានអាកាស
[២] លោកស្រី ប៉ិច សង្វាវ៉ាន អតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា និងជាប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេស[AEKE. Association des Ecrivains Khmers à l’Etranger, France] ប្រចាំប្រទេសបារាំង។
[៣] ទុនជីវិត ទុនវប្បធម៌ ទុនពិសោធន៍ ទុនចំណេះដឹង…
[៤] កវីអ្នកនិពន្ធនារីជំនាន់ថ្មី៖ ប៊ុន ចាន់និមល, ម៉េង សិរីរចនា, អ៊ឹម រចនា, នួន ពេជ្រស៊ូដេនី ហៅបក្សីស, ចាន់ សំណាង, ស៊ិន ធារី, លឹម ផាន់ណា, លឹម សន្តិភាព, កែម លីហៀង, ហ៊ីង ស្រីរ័ត្ន, ឡុង លីណា, ភូ ចរិយា… និងមានកវីអ្នកនិពន្ធនារីខ្មែរជាច្រើនរូបទៀត ទាំងជើងចាស់ និងសម័យថ្មី ដែលយើងខ្ញុំពុំអាចលើកឈ្មោះមកបង្ហាញអស់នៅទីនេះ។