រឿងនាងពីរដណ្ដប់
តាមការនិទាន
រឿងពុទ្ធិសែន នាងកង្រី ជារឿងព្រេងនិទាន ដែលចាស់ៗនិយាយនិទានប្រាប់កូនចៅតៗឱ្យឈ្មោះមួយទៀតហៅថា រឿងនាងពីរដណ្ដប់។ នាងពីរដណ្ដប់ជាបុត្រីសេដ្ឋីមួយ ដែលធ្លាក់ខ្លួនក្រ រកអាហារមកចិញ្ចឹមជីវិតទៀតលែងបាន ហើយបានដាច់ចិត្ដបររទេះ យកកូនទាំង ១២នាក់ទៅបំបរបង់ចោលនៅកណ្ដាលព្រៃជ្រៅ។
នាងទាំង១២ នាក់ត្រូវបានយក្ខីនីឈ្មោះសន្ធមាររើសយកទៅចិញ្ចឹមទុកក្នុងល្អាង រូងភ្នំមួយ។ ពេលដណ្ដាំបាយ នាងពៅបានជាត់ទឹកបាយចូលទៅក្នុងរន្ធស្ដេចកណ្ដុរ សមួយ។ ស្ដេចកណ្ដុរសរចេញពីរូង ហើយប្រាប់ថា នេះជារូងរបស់យក្ខីនីឈ្មោះសន្ធមារ ហើយបានជួយនាំពង្រត់នាងពីរដណ្ដប់ចេញតាមរូងរបស់ខ្លួនចេញផុតពីរូងយក្ខិនីនោះទៅ។
ក្រោយពីបានរត់គេចផុតរូងយក្ខិនី នាងពីរដណ្ដប់ដែលមានរូបសម្ផស្សស្រស់ស្អាតដូចទេពអប្សរ ត្រូវបានស្ដចនៃនគរ អិន្ធបទបុរី ជ្រើសតាំងឱ្យធ្វើស្នំទាំងអស់គ្នា។ ដំណឹងនេះបានទៅ យក្ខិនីសន្ធមារ។ សន្ធមារក៏ដំណែងខ្លួនជានារីក្រមុំម្នាក់យ៉ាងស្អាតល្អដាច់គេ ដែលជាទីស្ញប់ស្ញែងដល់រាស្ដ្រប្រជាគ្រប់គ្នានៅក្នុងនគរ។ មិនយូរប៉ុន្មានដំណឹងនេះបានលឺទៅដល់ស្ដេច ព្រះរាជាបានបញ្ជាអោយគេនាំនារីក្រមុំនោះទៅថ្វាយព្រះអង្គ ហើយដោយឈ្លក់វង្វេងនឹងសំរស់ដ៏ល្អអស្ចារ្យរបស់នាង។ ព្រះរាជាបានតែងតាំងនាងជាអគ្គមហេសី ហើយសុខចិត្ដធ្វើអ្វីៗទាំងអស់តាមនាង។ នាងសន្ធមារ អគ្គមហេសីសក្លែងកាយ ពុតធ្វើជាឈឺ បានបញ្ជាឱ្យគេខ្វះយកគ្រាប់ភ្នែកនាងបងៗ ១១នាក់ទាំងសង្ខាង ហើយ នាងពៅខ្វះយកម្ខាង ធ្វើជាថ្នាំព្យាបាលរោគ ហើយបញ្ជាឱ្យគេនាំនាងទាំង ១២ទៅឃុំបង្អត់អាហារក្នុងអណ្ដូងមួយតែម្ដង។ ដោយអត់ឃ្លានពេក ពេលប្រសូត្របុត្រមកនាងបងៗ ទាំង១១ នាក់បានហែកកូន យកសាច់ស៊ីជាចំណីអាហារអស់គ្មានសល់ ឯនាងពៅបានលាក់ ចិញ្ចឹមកូនទុកឱ្យឈ្មោះថា រិទ្ធិសែន។
ពេលធំដឹងក្ដីរិទ្ធិសែនតែងចេញពីអណ្ដូងទៅលេងជាមួយក្មេងអ្នកស្រុកហើយតែងតែលេងឈ្នះគេទាំងអស់។ ភាពល្បីល្បាញនេះក៏បានលេចលឺទៅដល់ស្ដេច ហើយដែលនៅទីបំផុតព្រះអង្គបានដឹងថា ជាព្រះរាជបុត្ររបស់ព្រះអង្គ។ នាងយក្ខស្រីកិច្ចកលសន្ធមារ ក៏រកលេសកិច្ចកលម្ដងទៀតដើម្បីបញ្ជូនរិទ្ធិសែនទៅនគរឱ្យនាង កង្រីកូនស្រីរបស់ខ្លួនសំលាប់រិទ្ធិសែនចោលតែម្ដង។ នៅក្នុងសំបុត្រដែលបញ្ជាឱ្យរិទ្ធិសែនជិះសេះយកទៅថ្វាយដល់នាងកង្រី សន្ធមារសរសេរដាក់ថា បើដល់ថ្ងៃ ឱ្យស៊ីទាំងថ្ងៃ បើដល់យប់ឱ្យស៊ីទាំងយប់។ នៅពេលទៅដល់ពាក់កណ្ដាលផ្លូវឈប់សំរាកផ្ទំលក់ សំបុត្រនេះត្រូវបានតាឥសីលួចកែសេចក្ដីសរសេរជាថ្មីថា «បើដល់ថ្ងៃឱ្យរៀបការទាំងថ្ងៃ បើដល់យប់ឱ្យរៀបការទាំងយប់វិញ។
ទៅដល់នគរយក្ខសន្ធមារ នាងកង្រីកូនកូនក្រមុំយក្ខ បានរៀបការជាមួយពុទ្ធិសែន ហើយស្រឡាញ់គ្នាយ៉ាងខ្លាំងទៀតផង។ ដោយសេចក្ដីស្រឡាញ់ស្មោះស្មគ្រយ៉ាងប្ដូរផ្ដាច់ជាមួយស្វាមី។ នាងកង្រីបានថ្វាយវត្ថុទិព្វ និង កន្លែងទុកគ្រាប់ភ្នែកម្ដាយ និង ម្ដាយធំទាំង ១១នាក់ឱ្យព្រះស្វាមីបានជ្រាប។ ពេលរាត្រីយប់ស្ងាត់ ពុទ្ធិសែនបានលួចស្រាយភ្នួងសក់ដែលចងភ្ជាប់គ្នាជាមួយកង្រីរាល់ពេលផ្ទំ ហើយចូលទៅលួចយកវត្ថុទិព្វ និង កែវភ្នែកទាំងអស់ជិះសេះរត់ចោលនាងកង្រីបាត់ទៅ។ នាងកង្រីបានរត់ទៅតាមស្វាមី តែត្រូវរិទ្ធិសែនបាចវត្ថុទិព្វក្លាយជាភ្នំ៧ជាន់ខ័ណ្ឌដោយទន្លេមិនឱ្យនាងទៅតាមព្រះស្វាមីទាន់ឡើយ។ នាងកង្រីឈឺចិត្ដ ហើយដួលបោកក្បាលនឹងថ្មភ្នំអស់ព្រះជន្មពេលនោះទៅ។ ពុទ្ធិសែនបានធ្វើដំណើរមកដល់នគរ ហើយយកគ្រាប់ភ្នែក ព្យាបាលឱ្យម្ដាយ និង ម្ដាយធំទាំង១១នាក់បានជាសះស្បើយវិញ ហើយបានត្រឡប់ទៅរកនាងកង្រីវិញ តែអនិច្ចានាងបានបាត់បង់ជីវិតទៅហើយ។
រឿងភ្នំនាងកង្រី នៅខេត្ដកំពង់ឆ្នាំង
ប្រជុំរឿងព្រេងភាគ៥
នៅឃុំពង្រ ស្រុករលៀបៀរ ខេត្ដកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខ សណ្ដូកខ្លួន។ នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំ វិញនោះដែរ តែប្លែកជាងគេនៅត្រង់ចង្កេះភ្នំនោះមានម្អមដុះច្រើនណែនតាន់តាប់ អ្នកស្រុកនៅជុំវិញភ្នំនោះ។ គេមិនបរិភោគម្អមនោះទេ ព្រោះគេលឺចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមយោនី នាងកង្រីយក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មតថា ម្អមនោះជារោមយោនីនៃនាងកង្រីនោះឯង។ មិនតែប៉ុណ្ណោះនៅលើភ្នំនោះ មានត្បាល់ថ្មមួយធំ តាំងពីបុរាណមកមិនដឹងជានរណាសាងទេ។ ពួកអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ (នេះជាជំនឿអ្នកស្រុកដែលមានមកតាំងពីបុរាណកាល)។
រឿងនាងកង្រីមានសេចក្ដីសង្ខេបដូចតទៅនេះ៖ កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូន បាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់ប្រពន្ធមានកូន១២នាក់សុទ្ធតែស្រី។ លុះបានកូនហើយសេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្ររកអាហារចិញ្ចឹមកូន គ្មានក៏បររទេះដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ។
ក្រោយពីឳពុកប្រោសចោល កូនទាំង១២នាក់ ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយ ជានគរយក្សស្រីឈ្មោះនាងសន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី។ នាងសន្ធមារបានឃើញនាងទាំង១២នាក់ ក៏ដំណែងខ្លួនជាមនុស្សស្រីនាំយកនាងទាំងនោះទៅទុកក្នុងប្រាសាទរបស់ខ្លួនឱ្យបំរើនាងកង្រីជាកូន។
កាលនាង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមារជាយក្ខិនីហើយ ក៏នាំគ្នារត់ចេញ។ នាងសរបានតាមទៅរកឃើញនាងទាំង១២បានជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏ដំណែងខ្លួនជាស្រីក្រមុំបានធ្វើជាមហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារពុតធ្វើជាឈឺធ្ងន់ ញុះញង់ពេទ្យឱ្យទូលព្រះបាទរថសិទ្ធិ ឱ្យឆ្កៀលភ្នែកនាង១២នាក់ យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឱ្យយកនាងទាំង១២នាក់ ដែលកំពុងមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នា បង្អាត់អាហារ ហើយឱ្យយកគ្រាប់ភ្នែកនាងទាំង១២នាក់ ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួនឱ្យនាងកង្រីជាកូនខ្លួនថែរក្សា។
បណ្ដានាងទាំង១២នាក់នោះ នាងបង១១នាក់ត្រូវគេឆ្កៀលភ្នែកទាំងសង្ខាង ឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាង ដោយមកពីជាតិមុន នាងពៅឆ្កៀលភ្នែកត្រីតែម្ខាងដែរ។ នាងទាំង១២ដែលមានគភ៌នោះ នាងពៅបានព្រះពោធិសត្វមកចាប់ផ្ទៃ។ វេលាបងៗកើតកូនមកភ្លាមគេក៏ហែកកូនចែកសាច់គ្នាស៊ីអស់។ ចំណែកនាងពៅកើតកូនមកអោយឈ្មោះថា «ពុទ្ធសែន» ហើយលាក់ទុកមិនឱ្យបងៗដឹងទេ។
ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសុគន្ធមារដឹងថាជាកូននាងទី១២ ក៏ប្រើឱ្យជិះសេះនាំសំបុត្រទៅឱ្យនាងកង្រីដោយដាក់សេចក្ដីថា «បើពុទ្ធិសែនមកដល់យប់ឱ្យស៊ីទាំងយប់ ដល់ថ្ងៃឱ្យស៊ី ទាំងថ្ងៃ»។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃ មហាឥស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ មហាឥស្សីបើកសំបុត្រនោះមើលយល់ន័យសេចក្ដីហើយ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា «បើពុទ្ធិសែនដល់យប់ឱ្យរៀបការទាំងយប់ បើដល់ថ្ងៃឱ្យរៀបការទាំងថ្ងៃ»។ ពេលដែលពុទ្ធិសែនទៅដល់នគរយក្ស នាងកង្រីបានឃើញសំបុត្រ ក៏រៀបការជាមួយពុទ្ធិសែនភ្លាម។ ព្រះពុទ្ធិសែនបានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោក និង អំពីថ្នាំសំរាប់ដាក់ភ្នែកឱ្យជា ហើយនឹងថ្នាំសំរាប់បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបានក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអធ្រាត្រ។ នាងកង្រីបានធ្វើដំណើររត់តាមពុទ្ធិសែន តែនាងតាមមិនទាន់សោះ នាងក៏កើតទុក្ខយំសោកបោកខ្លួនស្លាប់នៅកណ្ដាលព្រៃ។ រូបកាយនាងក៏ក្លាយទៅជាភ្នំមួយដែលអ្នកស្រុកហៅថា «ភ្នំនាងកង្រី»។ ពុទ្ធិសែនក៏មកដល់នគរវិញដោយសុវត្ដិភាព ទ្រង់ដាក់ថ្នាំកែភ្នែកមាតា និង មាតាធំទាំងអស់ឱ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារទៅ ទ្រង់បានសោ យរាជ្យជំនួសបីតា ជាសុខក្សេមក្សាន្ដរហូតដល់ទ្រង់ចូលព្រះទីវង្គត។
ឯកសារជាច្រើននិយាយត្រូវគ្នាថា ខ្មោចនាងកង្រីដែលស្លាប់នៅមាត់ទឹកនោះ កើតបានជាភ្នំកង្រី ហើយថានៅជិតភ្នំកង្រីមានភូមិពីរ ឈ្មោះ«ភូមិកំពង់ហៅ»មួយ និង«ភូមិកំពង់លែង»មួយ។ ភូមិកំពុងហៅ ជាទីដែលនាងកង្រីស្រែកហៅព្រះពុទ្ធិសែន។ ភូមិកំពុងលែងជាទីដែលព្រះពុទ្ធិសែនលែងត្រូវការនាងកង្រី៕
http://www.khmer-kulturzentrum.ch/…/Prengnitean/Nitean05/16…